បណ្ណសារ | ខែមករា, 2012

កំប្លែង៖នេះបានចំជាប្រពន្ធមែន៖សុ ភក្តី

31 មករា

មួយថ្ងៃបាន ៤​ tickets ពីប៉ូលីស

រក្សាសិទ្ធិ

មានប្ដីប្រពន្ធមួយគូមានឡានជំនុំមួយ ។ ថ្ងៃមួយប្ដី​ចង់ដឹកប្រពន្ធដើរលេង​តាម

FREEWAY  ។  ទើបនឹងបើកបាន​ប្រហែល ២០​នាទី  ស្រាប់តែប៉ូលីស​ ចរាចរ

បញ្ជាឲ្យឈប់ ប្ដីក៏ចាប់សួរ ប៉ូលីស។

ប្ដី ៖ តើខ្ញុំមានកំហុសអី ?
ប៉ូលីស ៖ តើលោកមានដឹងថាលោកបើកលើសកំរិតល្បឿនទេ ? ( exceed the speed limit )
ប្ដី ៖ ទេ លោក  ខ្ញុំបើកតាមល្បឿនដែលច្បាប់កំរិតឲ្យតើ  ។
ប្រពន្ធ ៖ កុំជឿ​លោក​ ប៉ូលីស  គាត់បើកលឿនតែអញ្ចឹង  តាំងពីបានឡានហ្នឹងមក ។
ប៉ូលីស៖ ​ អូខេ​,  នេះ​ ticket   ល្មើសនឹងកំរិតល្បឿន  ។
មួយភ្លែតក្រោយមកប៉ូលីសរកឃើញកំហុស១​ទៀត ។

ប៉ូលីស៖ ហេតុអីក៏មិនពាក់ខ្សែក្រវាត់សុវត្តិភាព​​( safety belt )
ប្ដី៖ ខ្ញុំពាក់តើលោក  ខ្ញុំទើបនឹងដោះចេញមុនហ្នឹងបន្តិច​ ។
ប្រពន្ធ ៖​ គាត់ភូតទេ​លោក ប៉ូលីស។  គាត់មិនដែលពាក់ខ្សែក្រវាត់​ហ្នុងទេ។
ប៉ូលីស ៖ អូខេ  នេះ​ticket ​ល្មើស​នឹងច្បាប់​ខ្សែក្រវាត់  (safety belt law violation )
ប៉ូលីសដើរ​មកខាងក្រោយឡានស្រាប់តែនិយាយថា​៖

- ឡានហ្នឹង ភ្លើងខាងក្រោយឆេះតែខាងស្ដាំ  ម៉េចបានប្រហែសអញ្ចឹង ?​
ប្ដី ៖ Hmm…ប្រហែលទើបនឹងដាច់ហើយលោក​ ពីព្រោះខ្ញុំទើបនឹង​ check មើលមុន​ហ្នឹងបន្តិចសោះ ។
ប្រពន្៖ មិនមែនទេលោក  ប៉ូលីស តាមពិតភ្លើងហ្នឹងដាច់ជិត២​អាទិត្យហើយ ។
ប៉ូលីស ៖ ok, នេះ ticket ល្មើសច្បាប់ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
ដល់ដំណាក់ហ្នឹងប្ដីចាប់ខឹងឆេវនឹងប្រពន្ធ  គាត់ក៏ស្រែកគំហ៊កឲ្យប្រពន្ធ ស្រាប់តែប៉ូលីសឮ។

ប៉ូលីស ៖ ប្ដីលោកស្រីគាត់និយាយតែរបៀបហ្នឹងជាមួយលោកស្រីឬ ?
ប្រពន្ធ : ចាស​ទេ   គាត់និយាយរបៀបហ្នឹងតែពេលគាត់​ស្រវឹង   ។
ប៉ូលីស​ ៖ អូហូ  គាត់ស្រវឹងស្រាតើ។ នេះ ​​​​យក​ ticket មួយទៀតទៅ។​ ផឹកស្រាហើយបើកឡាន​( DUI)= Driving under influence ល្មើសនឹងច្បាប់ចរាចរ​ ៕

កំប្លែង៖ស្ដាយខ្លួនព្រោះបានប្រពន្ធខុស​ដោយ​សុ​ ភក្តី

31 មករា

 

មានបុរសម្នាក់យកកម្រងផ្កាទៅដាក់លើផ្នូរម្ដាយរបស់គាត់ដែលទើបនឹងទទួល

អនិច្ចកម្មថ្មីៗ។ ពេលនោះ ស្រាប់តែគាត់ចាប់អារម្មណ៏​យ៉ាងខ្លាំងទៅលើ​បុសរម្នាក់

ទៀត​ដែលកំពុងតែ​ និយាយយ៉ាងខ្លាំងៗទៅកាន់ផ្នូរខ្មោចដែលនៅក្បែរនោះថា

- ហេតុអ្វី  ហេតុអ្វី​ក៏អ្នកឯងឆាប់ងាប់ម៉្លេះ?​​”

បុរសទី១ ​៖ សុំទោស  ខ្ញុំមិនដែលឃើញអ្នកណាសោកសៅ​នៅទីនេះដូចលោកអ៊ីចឹងទេ?។​

-តើ​អ្នកដែលនៅក្នុងផ្នូរហ្នឹង  ត្រូវជាប្រពន្ធ ឬ​ក៏ម្ដាយរបស់លោក  ​?
បុរសទី២​៖​ ទេ!​  ទេ!  មិនមែនទេ  គាត់ត្រូវជាប្ដីទី១​របស់ប្រពន្ធខ្ញុំ ៕

កំប្លែងពីនយោបាយ​ដោយ​សុ ភក្តី

31 មករា

បើពួកស្បែកស​គ្មានការងារធ្វើ   ពួកស្បែកសរហៅថា   ” វិបត្តិសេដ្ឋកិច្ច​”
បើពួកសាសន៍ខ្មៅអត់ការងារធ្វើ  ពួកស្បែកស​ហៅគ្នាថា “បញ្ហាសង្គម”

ពលកម្មឡប់​ និពន្ធដោយលោកស្រីស៊ឹម ចាន់យ៉ា

30 មករា

ថតនៅភ្នំពេញឆ្នាំ២០១១

រក្សាសិទ្ធិ

- លោកឡាណាកូនមិនត្រឹមតែមានដីនិងផ្ទះធំប៉ុណ្ណោះទេ ថែមទាំងស្អាតហើយរៀបរយទៀត។

មួយថ្ងៃៗអ្នកបំរើបោសជូតៗគ្មានសំរាមមួយទងទេ។

ពាក្យនេះម៉ែខ្ញុំប្រាប់ខ្ញុំប្រហែល៥០ដងហើយតាំងពីថ្ងៃដែលលោកឡា បុរសពោះម៉ាយ កូនបីមក

ស្តីដណ្តឹងខ្ញុំ ហើយម៉ែក៏ពេញចិត្តដែរនោះ។គាត់ចេះតែនិយាយពីផ្ទះលោកឡានេះមកពីដឹងថាខ្ញុំ

ជាមនុស្សចូលចិត្តភាពស្អាតនឹងរៀបរយ។ ថ្ងៃនេះ ម៉ែខ្ញុំសប្បាយចិត្តលើសសព្វដង ដោយលោកឡា

អញ្ជើញគាត់នឹងហៅខ្ញុំឲ្យទៅលេងផ្ទះរបស់លោក។ឡានយ៉ាងស្អាតរត់រអិលលើផ្លូវ។ ម្តាយខ្ញុំទឹក

មុខញញឹមពព្រាយ អង្គុយ ពីក្រោយអ្នកបើកបរដែលលោកឡាបញ្ជូនមកឲ្យទទួលពួកយើង។

បន្តិចក្រោយមក ស្រាប់តែគាត់ប្រែទឹកមុខមិនស្រួល។ ម៉ែខ្ញុំពុលឡានហើយ។ ខ្ញុំសុំឲ្យឡាន

ឈប់ដើម្បីទិញចំណីមានអំពៅសណ្តែកដីស្ងោរជាដើមជូនគាត់។ ពិសារបានបន្តិច គាត់ក៏

ស្រួលខ្លួនឡើងវិញតែមានបញ្ហាមួយកើតឡើងគឺមិនដឹងបោះកាកអំពៅនិងសំបកសណ្តែក

ដីចោលឯណា។ គាត់ចង់បើកកញ្ចក់ឡានតែមិនហ៊ានព្រោះឡានបើកលឿនពេក។

ឃើញដូច្នេះអ្នកបើកបរងាកមកជម្រាបគាត់៖

-មីងទុកសំបកចោលនៅជើងហ្នឹងចុះ !  

ខ្ញុំដូចជាមិនស្រួលចិត្តសោះ ពេលឮដូច្នេះ។ ពេលនោះជាសំណាងល្អខ្ញុំរកបានថង់មួយ។

- កុំអីម៉ែ ! ចោលក្នុងថង់នេះមក!

អ្នកបើកឡានលោកឡា ងាកមកសើច៖

-ចោលឯណាក៏បានដែរអ្នកនាង ! ព្រោះគង់តែខ្ញុំបោសចេញដដែលៗហ្នឹង! ថ្ងៃណាក៏ខ្ញុំត្រូវតែបោសសំរាមចេញពីឡានដែរ !

ឥឡូវ ឡានបរមកដល់ផ្ទះលោកឡាហើយ។ នៅពីមុខផ្ទះវីឡាដ៏ធំមួយមានសួនច្បារ

ដាំស្មៅនិងផ្កាស្អាតភ្លឹងដូចពាក្យម្តាយខ្ញុំថាមែន។ ផ្ទះក៏ស្អាតរៀបរយគ្មានឃើញសំរាម

មួយទងសោះ។ ខ្ញុំពេញចិត្តស្តូក រឹតតែពេញចិត្តទៀតនោះគឺធុងសំរាមដាក់ត្រង់នេះមួយ

ត្រង់នោះមួយ។ លោកឡាចេញមកទទួលម្តាយខ្ញុំនិងខ្ញុំ រួចនាំទៅកាន់តុបាយតែម្តង

ព្រោះពេលនោះជាពេលថ្ងៃត្រង់ទៅហើយ។ ខ្ញុំមិនចាប់អារម្មណ៍អ្វីនិងលោកឡានោះទេ

ទោះបីជាអ្នកកំពុងតាមស្តីដណ្តឹងខ្ញុំក៏ដោយ  ខ្ញុំជាប់ចិត្តតែនឹងភាពស្អាតរៀបរយរបស់ផ្ទះ

គាត់ប៉ុណ្ណោះ។

ប្រហែលជាយល់ចិត្តខ្ញុំ លោកឡាប្រាប់ថា៖

- ខ្ញុំជួលមនុស្សដល់ទៅបីនាក់ឯណោះសំរាប់ថែ បោសសំអាតសួន និងផ្ទះ។ នេះមិនទាន់គិត

ពូសែមអ្នកបើកបរដែលត្រូវមើលថែនិងសំអាតឡានរាល់ថ្ងៃផង។  មួយថ្ងៃៗគេធ្វើពលកម្មបែក

ញើសហូរញើសឥតឈប់ដៃទេ!

ខ្ញុំគិតថាម្ល៉ឹងៗតើទើបផ្ទះគេស្អាតណាស់ហើយក៏សួរថា៖
-លោកប្រហែលជាចំណាយលុយជួលពួកគាត់ច្រើនណាស់ហើយមើលទៅ

លោកឡាញញឹមទំនងពេញចិត្តនឹងសំណួរខ្ញុំ។
-បាទ ច្រើនគួរសមដែរព្រោះខ្ញុំគិតថាពលកម្មនេះចាំបាច់ណាស់។ បើគ្មានទេ ផ្ទះនិងឡាន

ខ្ញុំមិនដឹងជាក្រខ្វក់យ៉ាងណាទេ។

រំពេចនោះ ឡានបាននាំកូនៗលោកឡាមកពីសាលា។ ពួកគេមានវ័យជំទង់ៗហើយ។

ក្រោយពីជំរាបសួរម្តាយខ្ញុំនិងខ្ញុំតាមការណែនាំរបស់លោកឡាហើយ ពួកគេស្រាប់

តែគ្រវាត់កាតាបសៀវភៅព្រូសប្រាស់ទៅលើកៅអីសាឡុង កំរាលឥដ្ឋការូ លើទូ

តាមតែនឹកឃើញ រួចគេនាំ គ្នាចូលតុបាយស្រ។ ផ្ទះបាត់របៀបរៀបរយមួយរំពេច។

ពេលនោះស្រីបំរើចេញមកប្រមូលសម្ភារៈរៀនអំបាញ់មិញយកទៅទុកធ្វើឲ្យទីនេះបានស្អាត

ឡើងវិញ។ ខ្ញុំឈរស្រឡាំងកាំងតាមមើលសកម្មភាពទាំងនេះ។

លោកឡាដើរមកជិតខ្ញុំនិយាយថា៖
-អ្នកនាងកុំឆ្ងល់អីក្មេងៗវាតែអញ្ចឹងហើយ។  ខ្ញុំធ្លាប់ប្រាប់វាដែរ  តែវាមិនស្តាប់ ខ្ញុំមិនដឹងធ្វើ

យ៉ាងម៉េចទៀត។

-ទៅខ្វល់ធ្វើអ្វី យើងមានលុយជួលគេ បានស្អាតវិញភ្លាមតើ។ ម្តាយខ្ញុំបន្ទរ។

ខ្ញុំមិនមាត់នឹកក្នុងចិត្ត ថាតើនេះជាពលកម្មស្អីទៅ ? រួចខួរក្បាលខ្ញុំដូចជាស្ទះនឹកអ្វីលែងចេញ។

ឥឡូវដល់ពេលបាយហើយ។អ្នកបំរើបីនាក់ចេញមកលើកបាយលើកម្ហូប។  ទាំងអស់គ្នាញ៉ាំ

បាយ។ពេលនោះ ខ្ញុំភ្លឹកស្មារតីម្តងទៀត។ ក្មេងៗញ៉ាំបណ្តើរចោលឆ្អឹងបន្លែនិងអ្វីៗដែលគេ

មិនត្រូវការលើតុក្រោមតុ ក្រោមកៅអីពាសពេញ។ ខ្ញុំមើលទៅកន្លែងនេះជាកន្លែងហូបបាយ

របស់មនុស្សអនាធិបតេយ្យដូចដែលខ្ញុំធ្លាប់ឃើញនៅកន្លែងមួយចំនួន។ លោកឡាណែនាំ

បន្តិចបន្តួច ។កូនៗមិនធ្វើតាមលោកក៏ស្ងៀម។ពេលបាយរួច អ្នកបំរើចេញមកប្រមូលឆ្អឹង

និងសំរាម ហើយរៀបកន្លែងនោះបានស្អាតដូចដើម គឺពេលនោះហើយដែលខ្ញុំយល់សំដីអ្នក

បើកឡាននិយាយពីព្រឹកមិញ។ ខ្ញុំមានអារម្មណ៍ដូចជាឈឺក្បាលហើយភាន់ភាំង។ ឃើញដូច្នេះ

លោកឡាប្រាប់ឲ្យខ្ញុំនិងម្តាយខ្ញុំសំរាកនៅក្នុងបន្ទប់មួយក្បែរបន្ទប់កូនៗរបស់គាត់។ ម៉ែខ្ញុំបិទ

ភ្នែកធ្វើព្រងើយតែខ្ញុំមិនអាចបិទទាំងភ្នែក មិនអាចបិទទាំងអារម្មណ៍។

ខ្ញុំឮសូរគេជជែកគ្នាទ្រហឹងអឺងអាប់ ហើយសូរមាត់ដូចជាញ៉ាំអីផង។ ខ្ញុំអើតមើលតាមបង្អួច

ឃើញសំបកនំ សំបកពោត កាកអំពៅហើរចេញព្រោងព្រាតពីបង្អួច។ សំបកខ្លះធ្លាក់ក្បែរធុង

សំរាមខ្លះទើរលើមាត់ធុងសំរាមមួយដែលនៅពីក្រោមបង្អួច។  ខ្ញុំលែងសូវឆ្ងល់ហើយតែទប់

មាត់មិនឲ្យរអ៊ូម្នាក់ឯងមិនបាន៖

 -ធុងសំរាមទុកសំរាប់លំអទេដឹង !

ប្រហែលជាកន្លះម៉ោងក្រោយមកផ្ទះប្រែជាស្ងាត់វិញ។ ក្មេងៗទៅរៀនអស់ ឯលោកឡាក៏ទៅ

ធ្វើការដែរ។  ប៉ុន្តែ មួយស្របក់ក្រោយមក សំឡេងអ៊ូអរលាន់ឡើងវិញ គឺសំឡេងបោសផ្ទះ។

ខ្ញុំអើតមើលទៅឃើញអ្នកបំរើកំពុងញាប់ដៃញាប់ជើងប្រមូលសំរាមដែលនៅរាយប៉ាយដាក់

ក្នុងធុងសំរាម។ រួចហើយពួកគេនាំគ្នាទៅអង្គុយសំរាកក្រោមដើមឈើមួយក្នុងសួន។ ខ្ញុំក៏ដើរ

ទៅជួបពួកគេ។

-ពួកបងៗហត់ណាស់ហើយមែនទេ?
-ចាសមិនអីទេអ្នកនាង !  ធ្វើតែបែបនេះរាល់ថ្ងៃទៅហើយ !
-ចុះលោកឡា គិតថាទុកឲ្យកូនលោកធ្វើបែបហ្នឹងរហូតទៅឬ?

នារីម្នាក់រាងចំណាស់ជាងគេលាន់មាត់ថា៖

-ដំបូង ខ្ញុំឃើញគាត់ពន្យល់ដែរ  តែលុះកូនៗមិនស្តាប់ក៏មិនឃើញធ្វើអ្វីទៀត ដូចជាដាក់ពិន័យ

ឬទណ្ឌកម្មអ្វីទេ គិតតែពីរកអ្នកបោសផ្ទះបន្ថែម។
-ចុះបងយល់ថាពលកម្មហ្នឹងយ៉ាងម៉េចដែរ?

នារីម្នាក់ទៀតងាកមើលឆ្វេងស្តាំមុននឹងនិយាយ៖

-ខ្ញុំគិតថាជាពលកម្មឡប់  តែខ្ញុំមិនខ្វល់ទេ ឡប់ក៏ធ្វើដែរឲ្យតែបានលុយ !!

ខ្ញុំត្រឡប់មកបន្ទប់វិញ រៀបចំឥវ៉ាន់ដាស់ម៉ែ ៖

-ម៉ែប្រញ៉ាប់ឡើងទៅផ្ទះយើងវិញ។ នៅយូរទៀតប្រាកដជាឡប់ជាមួយពលកម្មឡប់  ឬអ្នកជួល

ឡប់មិនខាន៕

កកន៖

រឿងពលកម្មឡប់ ដកស្រង់ពីសៀវភៅ<ឆាកកំប្លែងកញ្ញាសោភ័ណ>។

អរគុណអ្នកបង ចាន់យ៉ាដែលបានអនុញ្ញាតឲ្យខ្ញុំស្រង់រឿងហ្នឹងមកផ្សាយក្នុងទីនេះ។

លោកស្រីស៊ឹម ចាន់យ៉ាបាននិពន្ធរឿង<ផ្កាយនៅតែភ្លឺ> រង្វាន់អក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ៣

<ឈប់យំទៅអប្សារាកំសត់>  <ឆាកកំប្លែងកញ្ញាសោភ័ណ>ដែលជាកម្រងរឿងខ្លីៗមួយចំនួន

រឿង<មិត្តភាពមួយ>

សៀវភៅកំណាព្យ និងចម្រៀង<ឱ!ផ្កាពណ៌ស្វាយ>ដែលសុទ្ធសឹង

តែមានឧត្តមគតិនិងមានប្រយោជន៍ដល់សង្គម។

លោកស្រីស៊ឹម ចាន់យ៉ា ជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញ

និងជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

លោកស្រីបានសិក្សាកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកអក្សរសាស្ត្រ

និងជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។

លោកស្រីបានអានច្រើនគួរសម

បានទទួលការអប់រំនិងមានទម្លាប់រស់នៅក្នុងសង្គមគ្រួសារនិងសង្គមមិត្តភក្តិ

ដែលលោកស្រីស៊ឹម ចាន់យ៉ាវាយតម្លៃថាពោរពេញទៅដោយសីលធម៌ និងមនុស្សធម៌។

សង្គមបរិយាកាសបច្ចុប្បន្នមានអ្វីៗដែលជំរុញឲ្យលោកស្រីចេះតែគិត

ទោះជាលោកស្រីព្យាយាមបង្រ្កាបអារម្មណ៍ឲ្យឈប់គិតឈប់ខ្វាយខ្វល់

នៅចំពោះមុខរាល់អំពើណាដែលលោកស្រីយល់ថាខុសឆ្គងរហូតដល់ជួនកាលចង់

ធ្វើខ្លួនឲ្យឥតវិញ្ញាណដូចដុំថ្ម ក៏ពុំបានផលល្អធ្វើឲ្យលោកស្រីរស់នៅក្នុងជីវិត

ដ៏អាក្រក់មួយគឺឈឺចាប់ នឿយណាយ និងអស់សង្ឃឹម។

លោកស្រីមានគំនិតថ្មីដែលសង្ឃឹមថាអាចជួយរំលែកការឈឺចាប់បានខ្លះដោយគិតថា

ជាការឥតប្រយោជន៍សោះដែលទុកអារម្មណ៍ផុសផុលទាំងនេះក្នុងទ្រូងតែម្នាក់ឯង

គួរតែយកវាចេញមកក្រៅប្រើប្រាស់ឲ្យបានជាប្រយោជន៍សង្គម។

លោកស្រីយល់ថា ក្នុងលោកនេះគង់មានអ្នកដែលមានអារម្មណ៍ដូចលោកស្រីមិនលែង។ 

ប្រាកដណាស់គឺមានខ្ញុំនេះម្នាក់ដែរ ។

ខ្ញុំពេញចិត្ត អត្ថបទនិពន្ធរបស់លោកស្រីទាំងអស់ 

ព្រោះការត្រិះរិះពិចារណា ការវិភាគ ទស្សនៈយល់ឃើញក៏មិនខុសពីចិត្តខ្ញុំដែរ។

កែវភ្នែករបស់យើងសម្លឹងមើលទៅទិសតែមួយគឺប្រយោជន៍រួម។

អ្វីៗដែលយើងឃើញនិងទើសចិត្តមិនអាចឲ្យយើងរំលង

និងមិនអាចបង្អាក់យើងមិនឲ្យលើកយកមកសរសេរឡើយ៕

អនុស្សាវរីយ៍មិត្តភាពរវាងអ្នកបងស៊ឹម ចាន់យ៉ានិងខ្ញុំ(ថតឆ្នាំ២០១១នៅភ្នំពេញ)

ថតឆ្នាំ២០១១ ៖ មិត្តនារីរួមប៉ាកាដែលមានវ័យស្រប៉ាលគ្នា ក្រោយពេលចេញពីហាងថតរូប។ នៅខាងឆ្វេង៖ អ៊ុំ សុផានី នៅកណ្តាលគឺខ្ញុំសង្វាវ៉ាន & ទឹង សុខា(មិត្តសម្លាញ់រួមមហាវិទ្យាល័យគរុកោសល្យ និងមហាវិទ្យាល័យអក្សរសាស្ត្រ មនុស្សសាស្ត្រ) អ្នកបងស៊ឹម ចាន់យ៉ានៅខាងស្តាំ

រូបផ្ការំដួល៖អំណោយលោកឡឹក ជំនោរ

ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖ ទី ធាវី​ ៖ ហួសពេលហើយអូន

29 មករា

រក្សាសិទ្ធិ

រូបថតលោកទី ធាវី

គ្រាន់តែពាក្យមួយឃ្លាបកស្រាយប្រាប់ខ្ញុំពីហេតុផលរបស់នាងក៏ខ្ញុំអស់ចិត្តដែរ។

តែផ្ទុយទៅវិញ នាងបែរជាហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញប្រាប់ខ្ញុំថា

នាងមិនព្រមទទួលយករូបខ្ញុំទុកក្នុងចិត្តនាងឡើយ។ មិនតែប៉ុណ្ណោះ ជារឿយៗ

រាល់ពេលដែលខ្ញុំសុំស្នេហ៍

និងក្តីអាណិតអាសូរពីនាង ខ្ញុំតែងទទួលបានមកវិញនូវការផ្គូរផ្គងជាមួយ ឆវី។

ឆវី ជានារីម្នាក់ដែលខ្ញុំមិនពេញចិត្តទាល់តែសោះ។ នេះជាចរិតអធ្មិៈ

មានៈរបស់អូនសុឃឿន។ ប៉ុន្តែ ដោយការនឿយណាយក្នុងចិត្ត ក៏ដូចជា

ការចង់ឈ្នះចិត្តអូនសុឃឿនផងនោះ នៅនឹងមុខនាងតែម្តងខ្ញុំក៏ចុចទូរសព្ទ័ទៅរកឆវី។

ខណៈនោះ អូនសុឃឿន បែរជាញញឹមថែមទាំងជំរុញរូបខ្ញុំ ឲ្យឆាប់ចូលស្តីដណ្តឹងឆវី

ទៀតផង។ ការណ៍នេះ បានស្តែងចេញពីសុឃឿន នាំឲ្យខ្ញុំយល់ថា នៅក្នុងបេះដូង

អូនសុឃឿនពិតជាគ្មានរូបខ្ញុំ សូម្បីបន្តិចឡើយ។

ខ្ញុំមិនតូចចិត្តអ្វីទេ។ តែផ្ទុយទៅវិញ បែរជាកាន់តែ ធ្វើឲ្យខ្ញុំ មានភាពរឹងមាំខ្លាំងឡើងៗ

ក្នុងទំនាក់ទំនងរវាងខ្ញុំ និង ឆវី។ ទីបំផុតរូបខ្ញុំ ឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ជាមួយឆវី។

នៅថ្ងៃចូលរោង សំឡេងភ្លេងការខ្ញុំបានប្រគុំពីផ្ទះខាងស្រី លាន់ឮ

នៅមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់អូនសុឃឿននិងខ្ញុំឡើយ។

ព្រលឹមស្រាងៗរូបខ្ញុំ បានរៀបរយខ្លួនប្រាណហើយ ក៏រូតរះទៅ ផ្ទះខាងស្រីដើម្បី

ស្លៀកពាក់ជា កូនកំលោះ។

ពុទ្ធោអើយ! នៅពេលនោះ ខ្ញុំឃើញអូន សុឃឿន យំឡើងហើមភ្នែក ។

នាងអង្គុយជ្រប់ នៅមុខកាំជណ្តើរផ្លូវចុះ។“
– តើសុឃឿន មានរឿងអ្វី? ហេតុអ្វីបានជាអូនយំ?”។ ខ្ញុំ សួរនាង ដោយចម្លែកក្នុងចិត្ត ។

នាងបានរៀបរាប់ដោយសំឡេង

អួលអាក់ ពីអនុស្សាវរីយ៍រវាងខ្ញុំនិង នាង បានលាន់ឮឡើងពីបបូរមាត់

និងអារម្មណ៍ពិតរបស់នាង ដែលខ្ញុំនឹកស្មានមិនដល់សោះថា សុឃឿន

នៅចង់ចាំវាបានយ៉ាងច្បាស់។ គ្រាន់តែ បានឮដូច្នេះភ្លាម

ខ្ញុំភ្ងាក់ខ្លួនព្រើត ដូចទើបងើបពីស្វាងស្រាអ៊ីចឹងព្រោះខ្ញុំមិននឹកស្មានថាការស្រឡាញ់

និងភាពស្មោះត្រង់របស់ខ្ញុំទើបតែដឹងលទ្ធផលឈ្នះនៅពេលនេះសោះ។

នាងធ្លាប់តែគ្រវីក្បាលជារឿយៗនោះ។

ឱ ! ចិត្តស្រី អើយ! ហេតុអ្វីក៏ពិបាកយល់ម៉្លេះ? ទោះជានាង ខំអង្វរខ្ញុំប៉ុណ្ណា

ក៏ភ្លេងការខ្ញុំ មិនអាចបញ្ឈប់បានឡើយ។

ហួសពេលហើយអូន ជាសំដីក្នុងចិត្តរបស់ខ្ញុំ”។

ពិធីជប់លៀងភោជនាហារមង្គលការរបស់ខ្ញុំបានបញ្ចប់នៅម៉ោងប្រហែល១០យប់។

ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងភ្ញៀវញាតិមិត្តមួយចំនួនទៀតបានឡើងឡាន

ត្រឡប់ពីភោជនីយដ្ឋានមេគង្គសំដៅមកផ្ទះខាងស្រីវិញ។
យប់នោះ គឺ ជាយប់ទីមួយ ដែលខ្ញុំ មិនអាចត្រឡប់មក កន្លែងស្នាក់នៅរបស់ក្មួយស្រី

នឹងអូនសុឃឿនបានទៀតទេ។

រូបថតលោកទី ធាវី

យប់នោះហើយជាយប់ដែលខ្ញុំនឹកឃើញ

អនុស្សាវរីយ៍ទាំងអស់រវាងខ្ញុំនិងអូនសុឃឿន។ ជាពិសេស គឺនឹកឃើញពី

ប្រវត្តិដើមនៃការផ្តើមស្រឡាញ់និងងប់ងុលលើអូនសុឃឿន។ខ្ញុំនឹកឃើញ

ចម្រៀងមួយបទមានចំណងជើងថា<ឱប ប្តី នឹក ដល់ សង្សារ>។

ចំណែក ខ្ញុំ វិញ ឱប ប្រពន្ធ នឹក ដល់ សុឃឿន ។

មិត្ត អ្នក អាន ជា ទី គោរព ! ខាងក្រោមនេះគឺជាប្រវត្តិស្នេហ៍ហួសពេលហើយ

រវាងខ្ញុំនឹងអូនសុឃឿន។ សុឃឿនជានារីជនបទម្នាក់។ ខ្ញុំជាគ្រូបឋមសិក្សានៅជនបទ។

គ្រានោះ ខ្ញុំបានបង្រៀនថ្នាក់ទី៥ នៅបឋមសិក្សាចុងកោះសូទិនខាងត្បូង ភូមិទី៩

ស្រុកកោះសូទិនខេត្តកំពង់ចាម។ ជាចៃដន្យ ក្នុងរាត្រីមួយ ខ្ញុំបានជួបអូនសុឃឿន

ក្នុងពិធីរាំរែក នៃអាពាហ៍ពិពាហ៍ក្បែរភូមិរបស់ខ្ញុំ។ ឃើញភ្លាមស្រឡាញ់ភ្លែត

Love at the first sight វាជានិស្ស័យរបស់បុរស។ មួយពព្រិចភ្នែកនោះ អូនសុឃឿន

បានក្លាយជាតារាល្អឯកមួយដួង ដែលរះយ៉ាងត្រចះត្រចង់ក្នុងបេះដូងខ្ញុំ។

ខ្ញុំសម្លឹងមើលនាងមិនដាក់ភ្នែក ព្រោះអូនសុឃឿនមានភក្ត្រាញញឹមពព្រាយ

សំដីសំដៅរួសរាយរាក់ទាក់បំផុត។ នាងមានកម្ពស់ទំនងជា១៦៨សង់ទីម៉ែត្រ។

មើលទៅដូចជាតួឯកកុនថៃឈ្មោះ មី កាត អញ្ចឹង។

ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ បំផុត ចំពោះនាង គឺថានាងពុំសូវពូកែរាំ

ដូចជាមិត្តភក្តិរបស់នាងទេ។ នាងមានកាយវិការរឹងដូចជាមិនធ្លាប់រាំអ៊ីចឹង។

នាងបានរាំម្តងៗលុះណាតែមិត្តភក្តិចាប់បង្ខំ។ ពេលនាងបានរាំ មើលទៅគួរឲ្យ

អស់សំណើចណាស់ សូម្បីចង្វាក់រាំវង់ដ៏ងាយបំផុតក៏នាងពុំសូវចេះដែរ។

ប្រិយមិត្តដឹងទេ រាត្រីនោះហើយគឺជារាត្រីទី១នៃសេចក្តីសេ្នហាដំបូងរបស់ខ្ញុំ។

ស្នេហានេះ ជាសេ្នហាដ៏សែនចម្លែកព្រោះខ្ញុំគឺជាអ្នកឆ្កួតតែម្នាក់ឯងប៉ុណ្ណោះ។

ចំណែកឯនាងវិញពុំដឹងពីស្នេហ៍លួចលាក់ របស់ខ្ញុំឡើយ។

នាងដឹងតែពីការខំប្រឹងរៀនសូត្រ។ 

ជារៀងរាល់ពេលទោះជាពេលយប់ ឬពេលថ្ងៃ

ខ្ញុំតែងតែបិទភ្នែកស្រមៃ ទៅរកអូនសុឃឿនជានិច្ច។ មានពេលខ្លះ ខ្ញុំសប្បាយចិត្ត។

មានពេលខ្លះ ខ្ញុំអស់សង្ឈឹម ព្រោះខ្ញុំដឹងថា គ្រួសារនាងមានឋានៈខ្ពស់ជាងខ្ញុំ។អ្វីដែល

ខ្ញុំអស់សង្ឃឹមកាន់តែខ្លាំងនោះគឺពិតជាការខ្វះមធ្យោបាយឬឱកាសបញ្ជូនសារ

ពីសេចក្តីសារភាពផ្លូវចិត្តថាខ្ញុំស្រឡាញ់នាង។ ប៉ុន្តែ សំណាងមួយ

បានមកដល់មាត់ទ្វារនៃជីវិតរបស់ខ្ញុំ គឺថាអូនសុឃឿនតាមពិតនាងជាមិត្តភក្តិ

ស្និទ្ធស្នាលជាមួយ វ៉ាន់ថា ក្មួយស្រីខ្ញុំសោះ។

នៅថ្នាក់ទី១១នៃវិទ្យាល័យជីហែ បវេសនកាលឆ្នាំថ្មីបានចាប់ផ្តើម។ ដោយដឹងតាមរយៈ

វ៉ាន់ ថា ថាខ្ញុំពូកែឆ្លាក់សៀវភៅបានល្អបំផុតនោះ អូនសុឃឿន ក៏បានផ្ញើសៀវភៅ

តាមក្មួយស្រីមកឲ្យខ្ញុំជួយឆ្លាក់។ រកឱសពិតជាប្រទះឈើងាប់មែន។

ពេលនោះ ដោយដឹងថាជាសៀវភៅរបស់អូនសុឃឿនអ្នកដែលខ្ញុំស្រឡាញ់បំផុតនោះ ខ្ញុំបានព្យាយាមបញ្ចេញអស់ទេពកោសល្យប្រឹតប្រៀងរចនាយ៉ាងល្អមែនទែន។

កន្លងមកខ្ញុំមិនធ្លាប់ឆ្លាក់សៀវភៅផ្ចិតផ្ចង់បែបនេះឡើយ។ពេលនោះហើយ ខ្ញុំក៏មានឱកាសសារភាពត្រង់ៗតាមរយៈកូនសំបុត្រមួយកប់ក្នុងសៀវភៅរបស់នាង។

ខ្ញុំសរសេរថា៖ <អូន សុឃឿន! ខណៈដែលអូនកំពុងអានសំបុត្រនេះ បងដឹងថា

អូនប្រាកដជា មានអារម្មណ៍មិនជាក់លាក់ក្នុងប្រការណាមួយមិនខាន ហើយប្រាកដ

ជាម៉ៃមកលើបងថា ជាបុរសបែបណាក៏មិនដឹង តែបងសុំទោសអូនពីចម្ងាយ។ បងសែនស្តាយណាស់ដែលបងបានជួបមុខអូនតែម្តងគត់.។…លាក់បាំងអ្វី បងលួច

ស្រឡាញ់អូន សុឃឿនជាយូរមកហើយ។ តាមរយៈកូនអក្ខរានេះ បងសុំចិត្ត

អូនសុឃឿនតែម៉្យាងគត់ គឺសុំកុំជេរតិះដៀលបងអីបើសិនជាអូនមិនអាចទទួលយក

បងបានទេ>។

មួយសប្តាហ៍ក្រោយមក បន្ទាប់ពីខ្ញុំបានបញ្ជូនសៀវភៅទៅឲ្យអូនសុឃឿនវិញ

ខ្ញុំក៏មិនដឹងថានាងមានអារម្មណ៍ប្រតិកម្ម ចំពោះខ្ញុំបែបណាដែរ។

នៅល្ងាចថ្ងៃចុងសប្តាហ៍ ព្រះសុរិយាបានប្រែព៌ណទៅ

ជាក្រហមឆ្អិនឆ្អៅ ហើយមើលទៅហាក់បីជារីកមាឌបន្តិចមុនចូលក្រឡាបន្ទំ។

រូបថតលោកទី ធាវី

ចំណែកខ្ញុំវិញហាក់មានអារម្មណ៍ចម្លែកខុសពីធម្មតា។ ពុទ្ធោអើយ! គ្រាន់តែក្មួយស្រីខ្ញុំ

មកដល់ភ្លាម ខ្ញុំបានទទួលរងទាំងប៉ី ទាំងទ្រ ដោយការស្តីបន្ទោសមិនបង្អង់ដៃពី

ក្មួយស្រីខ្ញុំ។ ជាពិសេសជាងនេះទៅទៀត អូនសុឃឿនថែមទាំងផ្តាំផ្ញើពាក្យសំដី

មិនពិរោះពិសារមកកាន់ខ្ញុំទៀតផង។ សំដីទាំងអស់របស់នាង ខ្ញុំនៅចាំមិនភ្លេចទេ។ វាជាសំដីមើលងាយមើលថោកចំពោះអ្នកដែលនាងមិនពេញចិត្ត។ ទោះជា

យ៉ាងណាក៏ដោយ ចិត្តស្រឡាញ់ពោរពេញដោយភាពអាធ្យាស្រ័យបាននាំខ្ញុំ

ទៅរកការមិនអាចចុះចាញ់ប្រតិកម្មរបស់នាងបានឡើយ។ មិនតែប៉ុណ្ណោះ

ខ្ញុំនៅតែឆ្លាក់រូបនាងរក្សាទុកក្នុងប្រអប់បេះដូងខ្ញុំជាធម្មតា ហើយសង្ឃឹមថា

ថ្ងៃណាមួយ ខ្ញុំនឹងមានឱកាសបង្ហាញថាខ្ញុំពិតជាមនុស្សល្អសំរាប់នាង។

ពីរឆ្នាំបានកន្លងផុតទៅ ខ្ញុំមិនដែលបានទាក់ទងជាមួយអូនសុឃឿនឡើយ

ព្រោះខ្ញុំបានចប់កិច្ចសន្យាបង្រៀននិងបានត្រឡប់មករកការងារធ្វើនៅ

ទីក្រុងភ្នំពេញវិញ។ ភ្នំពេញមិនមែនជាកន្លែងចម្លែកសំរាប់រូបខ្ញុំទេព្រោះ

ខ្ញុំធ្លាប់បានរស់នៅក្នុងពេលរៀននៅវិទ្យាល័យរួចហើយ។ ប៉ុន្តែការរស់នៅទីនេះ

ក៏មិនមែនជាការងាយស្រួលដែរ។ នៅទីនេះខ្ញុំបានស្នាក់នៅ

ជាមួយសុភាជាមិត្តដ៏ល្អកម្ររកបានរបស់ខ្ញុំក្នុងវត្តស្វាយពពែកុដ្ឋិលេខ២។

ជារៀងរាល់ថ្ងៃ សុភា បានឲ្យកង់ខ្ញុំខ្ចីជិះទៅបង្រៀន។ខ្ញុំបានទៅបង្រៀន

នៅមជ្ឃមណ្ឌលភាសាអង្គរាជនៅម្តុំផ្សារឌុយម៉ិច។ ការបង្រៀននៅទីនោះ

ខ្ញុំបានទទួលប្រាក់កម្រៃគួរសម។ ក្រោយមកខ្ញុំអាចទិញម៉ូតូបានជិះ។

ដោយមើលឃើញពីការព្យាយាមរបស់ខ្ញុំហើយក៏ជាភ័ព្វវាសនានៃខ្ញុំ

សាលាក៏បានជ្រើសតាំងរូបខ្ញុំឲ្យធ្វើជានាយកគ្រប់គ្រងនៅសាខាទី៣។

ស្របពេលជាមួយគ្នានោះសំណាងថ្មីរបស់ខ្ញុំមួយទៀត ក៏បានមកដល់ផងដែរ

ដូចពាក្យគេថា “គូព្រេងមិនព្រាត់មែន”។ នៅល្ងាចនោះខ្ញុំ បានទទួល

សំបុត្រមួយច្បាប់ពីវ៉ាន់ ថាក្មួយស្រី ។ន័យក្នុងសំបុត្រនោះសូមឲ្យខ្ញុំជួយរក

កន្លែងស្នាក់នៅ និងការងារធ្វើសំរាប់នាងនិងសុឃឿនមិត្តរបស់នាងផង

ព្រោះអ្នកទាំងពីរបានប្រឡងជាប់បាក់ឌុបហើយ។ ក្តីស្រឡាញ់ ដែលបាន

លាក់ទុកជាយូរមកហើយរបស់ខ្ញុំបានពុះកញ្ជ្រោលឡើង

មួយរំពេចហើយបានកួចចេញ ជាចំណង់ចង់រស់ក្បែរអូនសុឃឿន។

ម៉្យាងទៀតខ្ញុំចង់យកឈ្នះចិត្តស្រីម្នាក់នេះឲ្យខាងតែបានដោយគិតថា

ខ្ញុំនឹងខំធ្វើជាមនុស្សល្អដើម្បីសម្លាប់ចិត្តនាង។ អំពើល្អរបស់ខ្ញុំ

ដំបូងផ្តើមចេញ ដោយការជួយជ្រោមជ្រែង

អូនសុឃឿន ឲ្យបានធ្វើជាគ្រូមេតេយ្យ។ អូនសុឃឿន ពុំសូវចេះភាសាអង់គ្លេសទេ។

ដូចនេះ ខ្ញុំត្រូវជួយបង្រៀនអង់គ្លេស ក៏ដូចជាជួយបង្រៀនរបៀបបង្រៀនដល់សុឃឿន

ជារៀងរាល់យប់គ្មានថ្ងៃសម្រាកឡើយ។ ពេលនោះខ្ញុំលែងបានទៅនៅវត្តទៀតហើយ។

ផ្ទុយទៅវិញខ្ញុំ ត្រូវរាប់រងចំពោះនាងទាំងការស្នាក់នៅក៏ដូចជាការហូបចុក។

តែខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំហាក់បីដូច ជាមេគ្រួសារមួយ ដែលមានសមាជិកបីនាក់

គឺខ្ញុំ ក្មួយស្រីខ្ញុំ និងអូនសុឃឿន។

យើងទាំងបីនាក់ បានជួលផ្ទះនៅជាមួយគ្នាពីពេលនោះមក។

នៅរាត្រីមួយយើង បានឈរមើលមេឃ មើលផ្កាយ លើដំបូលសាលា

នៅម្តុំក្បាលមាន់ចែ ដែលជាផ្ទះយើងស្នាក់នៅ។ ខ្ញុំនិយាយទៅកាន់

អូនសុឃឿនថា៖
– សុឃឿន តើ អូន នឹក ផ្ទះ ទេ ? តើ អូនចង់រស់នៅបែបនេះ រហូត ទេ ?

បងគិតថា ចង់ចូលស្តីដណ្តឹងអូន។ តើអូនយល់យ៉ាងណាដែរ?។

សុឃឿន គ្រវីក្បាល។ គេថា ស្នេហាកើតចេញពីមិត្តភាព។ តើ មិត្តភាពសុឃឿន

នឹងខ្ញុំអាចកើតចេញជាស្នេហាបានទេ? ។

ប្រិយមិត្តដឹងទេថា ខ្ញុំព្យាយាមស្និទ្ធស្នាលជាមួយនាង។ ខ្ញុំទុកចិត្តលើនាង។

ខ្ញុំបានប្រគល់លុយទាំងអស់ ដែលជាចំណូលសាលាទៅឲ្យនាងគ្រប់គ្រង។

នោះបានត្រឹមតែការឈឺចាប់ប៉ុណ្ណោះ។ មានម្តងនោះ ខ្ញុំសាកល្បង

កៀកកើយនាង។ តែសុឃឿនបានខាំសាច់ខ្ញុំឡើងជាំខ្ទេចខ្ទីអស់។

ខ្ញុំអស់សង្ឃឹមជាមួយសុឃឿនខ្លាំងណាស់។ នៅថ្ងៃបុណ្យសង្សារ

ខ្ញុំបានជូនអាវយឺតដល់នាង។ តែនាងយកទៅឲ្យអ្នកផ្សេង។

ខ្ញុំមិនយល់ចិត្តនាងទេ។ ចុះនៅថ្ងៃ

ដែលខ្ញុំរៀបការ ហេតុអ្វីបានជានាងយំ? បើអ្វីៗវាហួសពេលទៅហើយ៕

រូបថតលោកទី ធាវី

ដើម្បីឲ្យប្រិយមិត្តអ្នកអានស្គាល់អ្នកនិពន្ធរឿងនេះ សូមអាន

ជីវប្រវត្តិសង្ខេបនៃអ្នកនិពន្ធ

រូបថត ៖ ទី ធាវី

ទី ធាវី
ថ្ងៃខែឆ្នាំកំណើតៈ ១៤ មករា ១៩៧៥

កុមារភាព

ខ្ញុំជាក្មេងមានឪពុកម្តាយរស់នៅបែកពីគ្នាដោយមូលហេតុជីវិត។ ខ្ញុំមានទី

កំណើតពិតគឺស្ថិតនៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកសូទិន ខេត្តកំពង់ចាម និង

ជាទីស្នាមដានជីវិតដែលព្រហ្មលិខិតបានកម្រិតឲ្យរូបខ្ញុំនេះបានកើតក្នុងត្រកូល

នៃគ្រួសារកសិករមួយ។ ខ្ញុំមានឪពុកឈ្មោះទី គិន និងម្តាយឈ្មោះអេង ឡន។

ខ្ញុំមានបងប្រុសម្នាក់ និងបងប្អូនស្រី៥នាក់។ ក្នុងវ័យកុមារភាពខ្ញុំគឺជាក្មេងវត្ត

ដ៏អភ័ព្វម្នាក់នៅភូមិកំណើតមួយនោះ។

ការសិក្សា

ក្រោយពីប្រឡងជាប់ឌីប្លូមក្នុងឆ្នាំ១៩៨៩ ខ្ញុំបាទ បានមកសិក្សាបំពេញវិជ្ជា

ពេលយប់នៅសាលាទូលទំពូងក្រុងភ្នំពេញ។

ក្រោយមកខ្ញុំ បានប្តូរមកសាលាចតុមុខក្រោយព្រះបរមរាជវាំងវិញ។

ក្នុងពេលរយៈសិក្សា ខ្ញុំបានឆ្លងកាត់រសជាតិជីវិតរាប់មិនអស់ និងធ្លាប់ធ្វើជាជាងទង

ជាងជួសជុលរថយន្ត និងកម្មករ សំណង់ ដើម្បីរកប្រាក់សំរាប់ការសិក្សារៀនសូត្រ។

គ្រានោះ ខ្ញុំបានស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៩៣ ខ្ញុំបាទបាន

ទទួលសញ្ញាបត្រ័កម្មករជំនាញជួសជុលរថយន្តពីមជ្ឈមណ្ឌលបណ្តុះបណ្តាល

បច្ចេកទេសនិងវិជ្ជាជីវៈព្រះកុសមៈទឹកថ្លា។ ក្នុងឆ្នាំ២០០៤ ខ្ញុំបាទបានទទួល

Certificate in TEFL1 ពីសាកលវិទ្យាល័យ Chichester College

ប្រទេសអង់គ្លេស។

រូបថត ៖ ទី ធាវី

ក្នុងឆ្នាំ២០០៦ ខ្ញុំបាទបានបញ្ចប់បរិញ្ញាបត្រអប់រំផ្នែក

អក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យ

បៀលប្រាយក្រុងភ្នំពេញ ហើយបានទទួលបរិញ្ញាបត្រ័អប់រំនោះនៅក្នុងឆ្នាំ២០០៩។

រូបថត ៖ ទី ធាវី

ជីវិតការងារ

ខ្ញុំធ្លាប់ជាមន្ត្រីរាជការនៃក្រសួងសាធារណៈការនិងដឹងជញ្ជូន នៅអង្គភាព

សាធារណៈ ការរាជធានី ក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩៣ដល់១៩៩៥ ដែលមាន ឋានៈ ជាមន្ត្រីផែនការបច្ចេកទេសប្រចាំការសំរាប់រោងជាងជុលជួលរថយន្តឲ្យអង្គភាព

ស្ពាននិងថ្នល់។ ក្នុងឆ្នាំ១៩៩៦ដល់១៩៩៨ ខ្ញុំជាគ្រូកិច្ចសន្យាបង្រៀនថ្នាក់ទី៥

នៅបឋមសិក្សាចុងកោះសូទិនត្បូង ខេត្តកំពង់ចាមក្នុងទឹកដីកំណើតរបស់ខ្ញុំ។

ពីឆ្នាំ១៩៩៨ដល់២០០៦ ខ្ញុំធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសនិង ជាប្រធានគ្រូ

ជានាយគ្រប់គ្រង នៅសាសាឯកជនមួយចំនួននៅទីក្រុងភ្នំពេញ។

ឆ្នាំ២០០៤ ខ្ញុំជាអ្នកគ្រប់គ្រងផលិតកម្មមួយ ដែលគ្រានោះខ្ញុំ បានសរសេរ

បទចំរៀងជាច្រើនបទ។ ក្នុងឆ្នាំ២០០៦ ដោយធុញទ្រាន់នឹងការងារបង្រៀនពេក

ខ្ញុំក៏បានផ្លាស់ធ្វើជាអ្នកសរសេរនិងយកព៌តមានឲ្យទស្សនាវដ្តី ថាមពល

អាថ៌កំបាំង មហាអង្គរ និង ពិភពជីវិត។ 

នៅចុងឆ្នាំ២០០៦ ខ្ញុំបានបង្កើត និងធ្វើជានាយកប្រតិបត្តិអង្គការមួយឈ្មោះ

អង្គការខ្មែរដើម្បីសុភាពនិងសិល្បៈ។ ប៉ុន្តែ ៣ខែក្រោយមក ខ្ញុំក៏បានសម្រេចចិត្ត

លាលែងពីមុខដំណែងនាយកនៃអង្គការមួយនេះ ហើយប្តូរមកបង្រៀនភាសា

អង់គ្លេសដល់ក្មេងៗកំព្រា និងយុវជនកំព្រា ឲ្យអង្គការក្នុងស្រុកមួយឈ្មោះ

មណ្ឌលពន្លឺអនាគតកុមារនៅចោមចៅ ជាយក្រុងភ្នំពេញ។

រូបថតលោកទី ធាវី

ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ធ្វើការជាប្រធានគ្រួបណ្តុះបណ្តាល

ភាសាអង់គ្លេសជំនាញ សំរាប់គំរោងសហគមន៍អេកូទេសចរណ៍របស់អង្គការ

អន្តរជាតិការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃមួយ ឈ្មោះ

អង្គការសម្ពន្ធមិត្ត សត្វព្រៃ។ ការងារបន្ថែមពេលទំនេរខ្ញុំ ធ្លាប់ធ្វើជា

Freelance guide ឲ្យក្រុមហ៊ុន អេស៊ីធី, ស្តារអាស៊ី និងវ៉ើលផប។ខ្ញុំក៏ធ្លាប់ធ្វើ

Prospective Consultantឲ្យអង្គការ Family Health International និង

ជាគ្រូមគ្គុទេសក៏ទេសចរណ៍ឲ្យអង្គការ ការអប់រំស្តីពីរស់នៅជាមួយបរិស្ថាន

(Live and Lead Environmental Education)។​ សព្វថ្ងៃនេះ ខ្ញុំបាទជាមន្ត្រី

អភិវឌ្ឍន៍មុខជំនួញសហគមន៍អេកូទេសចរណ៍។

រូបថតលោកទី ធាវី


ដើមចមនៃការក្លាយជាអ្នកនិពន្ធ

ដោយក្នុងវ័យកុមារភាព ខ្ញុំជាក្មេងវត្តម្នាក់ ហើយតែងបានដើរតាម

ព្រះចៅអធិការវត្តនិមន្តទៅទេសនានៅតាមពិធីបុណ្យផ្សេងៗនៅផ្ទះអ្នកស្រុក។

នៅគ្រានោះ ខ្ញុំតែងបានស្តាប់ព្រះសង្ឈអង្គនោះនិទានរឿងជាច្រើន

ដែលទាក់ទងក្នុងពិធីបុណ្យ។ ជាពិសេស ដោយខ្ញុំបាទ ធ្លាប់បានឆ្លងកាត់

រសជាតិជីវិតម៉ឺនសែនទម្ងន់ក្នុងគន្លងផ្លូវនៃដំណើរជីវិតនេះ

ដែលបានជួបនូវព្រឹត្តិការណ៍សង្គមផង និងទង្វើរបស់មនុស្សក្នុងសង្គមផង

ខ្ញុំក៏តែងកំណត់សួរខ្លួនឯងថាតើ សង្គមឬព្រហ្មលិខិតជាអ្នកកម្រិតជីវិតខ្ញុំនេះ?  នេះជាមូលហេតុខ្ញុំដែលស្រមៃចង់ធ្វើជាអ្នកនិពន្ធហើយប្រមូលព្រឹត្តការណ៍

សង្គមនិងជីវិតដែលខ្ញុំបានជួបទាំងនោះមករៀបរាប់និងឆ្លុះបញ្ចាំងតាមទស្សនៈ

បង្កប់ន័យអប់រំក្នុងសំណេររបស់ខ្ញុំនៅថ្ងៃណាមួយ។ ទីបំផុតខ្ញុំបាទបានចូលជា

សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ២០០៦។

ស្នាដៃក្នុងវិស័យសិល្បៈ

ក្នុងអំឡុងធ្វើការជាអ្នកសរសេរទស្សនាវដ្តីក្នុងស្រុកនោះ ខ្ញុំបាទបានសរសេរ

នូវព័ត៌មានជាច្រើនដែលទាក់ទងនិងសង្គមជីវិតរួមទាំងអត្ថបទបកប្រែផងដែរ។

ដោយឡែកសំរាប់ផលិតកម្មភាពយន្តវិញ ខ្ញុំបានចូលរួមដឹកនាំ ជាអ្នកផលិតករដឹកនាំ

និងកាត់តវិដេអូមួយខ្សែគឺរឿងស្នេហ៍យុវវ័យ។ ក្រៅពីនេះខ្ញុំបានសរសរចម្រៀង

ជាច្រីនបទរួមមានបទ៖ ព្រាត់អ្វីអាល័យ, ចំលើយស្នេហ៍កម្ម,

កោរសក់លាស្នេហ៍, ខ្ទមស្លឹកបាត់ស្រី, រាត្រីស្នេហ៍ចន្ទ, សូមដៀលប្រុសព្រាន,

ឈឺចាប់ព្រោះអូន, ហោរាប្រហារស្នេហ៍, អូនកុំមានថ្មី, ឃើញមុខនាំតែអាល័យ,

ចិត្តស្រីដីកោះ, លាងចិត្តមិនជ្រះ,ឆ្ងល់, ឃើញមុខនាំតែអាល័យ,ថ្ងៃពិសេស

និងបទថ្មីៗនេះមួយចំនួនដែលមិនទាន់ថតនៅឡើយរួមមាន៖ រឿងជីវិត,

អរគុណទេវតា,ផឹកស្រាបំភ្លេចចន្ទ្រ, នៅចាំ…,មេអំបៅគឺអូន!, ទេសចរណ៍ត្រពាំងរូង,

ដងស្ទឹងអារ៉ែង។ល។ ក្រៅពីនេះក្នុងជីវិតការងារបច្ចុប្បន្ន ខ្ញុំបានសរសេរនិង

កំពុងសរសេរ រឿងជាច្រើនដែលទាក់ទងប្រវត្តិតំបន់ និងប្រវត្តិរុក្ខជាតិ, ជំនឿ ទំនៀមទំលាប់និងវប្បធ៌មអ្នកស្រុកនៅតាមតំបន់ព្រៃភ្នំក្រវ៉ាញជាដើម។ រឿង

ទាំងអស់នេះ ប្រើប្រាស់ផ្លូវការជាភាសាអង់គ្លេសសំរាប់សហគមន៍អេកូទេសចរណ៍។

បន្ថែមលើនេះទៀតខ្ញុំបាទបានផលិតវិដេអូមួយចំនួន មានដូចជា៖ វិដេអូអប់រំស្តីពី

ទេសចរណ៍ និងអ្នកផ្តល់សេវាកម្ម, វិដេអូប្រវត្តិគម្រោងសហគមន៍អេកូ

ទេសចរណ៍នៅជីផាត,វិដេអូពិធីអ៊ុំទូកនៅជីផាត, វិដេអូស្តីពី មឈូសនិងពាង

បុរាណនៅភ្នំប៉ែលគួរត្រូវថែរក្សា និងកំពុងផលិតវិដេអូជាច្រើនទៀត។

ក្រៅពីនេះគឺប្រលោមលោកព្រហ្មលិខិត,មិត្តភាពមួយ, និងទស្សនៈអប់រំ

ដើម្បីឈ្នះល្បែងជីវិត ព្រមទាំងវចនានុក្រម Software អង់គ្លេស-ខ្មែរ៕

ឆ្វេង៖ លោក កៅ សីហា លោក ទី ធាវីនៅខាងស្តាំ (រូបថត៖ទី ធាវី)

កំប្លែង៖ឈ្មោះចម្លែកដោយប៉ិច សង្វាវ៉ាន

25 មករា

ជនមួយចំនួនបាននាំគ្នាទៅចុះឈ្មោះដើម្បីទទួលការព្យាបាលរោគឥតគិតថ្លៃដែលរៀបចំ
ដោយគ្រូពេទ្យស្ម័គ្រចិត្តសញ្ជាតិបារាំងដើមកំណើតខ្មែរនៅតាមនាវាចល័តមួយតាមដង

ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ដល់វេនយុវជនម្នាក់ដែលឈរមុខគេ។ ស្ត្រីអ្នកកត់ឈ្មោះសួរយុវជននោះថាៈ
- ក្មួយឯងឈ្មោះអី?
- បាទអ្នកមីង ខ្ញុំឈ្មោះឧត្តម។
- ចុះនាមត្រកូល?
- នាមត្រកូលខ្ញុំបាទ ឯក
- ចម្លែកម្ល៉េះ! ឯងឈ្មោះ ឯក ឧត្តមមែនអ្ហ៊ែ?។
- បាទមែន អ្នកមីង។
- ចង់ធ្វើអីថ្ងៃក្រោយ?
 - មិនទាន់ដឹងដែរ។
- ឈ្មោះឯក ឧត្តម ចង់ធ្វើ ឯកឧត្តមនឹងគេទេ?
យុវជននេះលើកដៃអេះក្បាល បញ្ចេញទឹកមុខបែបស្ទាក់ស្ទើរហើយក៏ឆ្លើយថា :
- ចង់តិចៗដែរ តែគ្មានទុយយោ
- ខ្វះអី ទុយយោ នៅហាងលក់គ្រឿងសំណង់ផ្លូវត្រសក់ផ្អែមមានគគោគ ចង់បានប៉ុន្មានម៉ែត្រក៏គេលក់ឲ្យមិនថ្លៃប៉ុន្មានទេ។

និយាយរួច ស្ត្រីនោះហៅអ្នកបន្ទាប់ឲ្យចូលមកទៀត។


- ចាស ជម្រាបសួរអ៊ី។

ឭពាក្យអ៊ី អ្នកស្រីកត់ឈ្មោះដូចជាឡើងកំដៅខ្លួនក្តៅភាយៗ។
- នាងឯងចិនឬ?
- ចាសទេ ខ្មុតសែ ពិតជាខ្មែរសុទ្ឋ មើលតែសម្បុរខ្ញុំដឹងហើយ។

- បើខ្មែរ ម៉េចមិនក៏មិននិយមប្រើពាក្យខ្មែរ ក្រែងស្រុកនេះស្រុកខ្មែរអ្ហី? ។
- ចាស ពាក្យចែ អ៊ី អាស្សាម អាមួយ អាហ៊ា អាចឹក ជាពាក្យពេញនិយមសព្វថ្ងៃនេះ។

- អ្នកណាថា?
- ចាស ខ្ញុំថា ថាតាមការសង្កេត និងតាមត្រចៀកខ្ញុំឮច្បាស់។ 

- យីស ខាតពេលច្រើនណាស់! ខ្ជិលតស៊ូមតិ។

- ប្រញាប់ប្រាប់ឈ្មោះមក ឈ្មោះអី?
- ឈ្មោះ នាងទាវ
- អ៊ីចឹងនាមត្រកូលនាងមែនទេ?
- ចាសមិនមែនទេ។ នាមត្រកូលនាងខ្ញុំ គឺទុំទៅវិញ។ ឈ្មោះហៅពេញលេញ គឺកញ្ញា ទុំ ទាវ

– ឈ្មោះចម្លែកមួយទៀតហើយ។
- ពុកម៉ែនាងឯងកើតស្រុកណា ខេត្តណា?
 -ពុកមិនដឹងកើតនៅស្រុកណាទេ ខ្ញុំចាំតែស្រុកម៉ែ។ ម៉ែខ្ញុំកើតនៅត្បូងឃ្មុំ ខេត្តកំពង់ចាម។
 - ត្រូវម៉ាច់ ច្បាស់ជាទុំទាវចាប់ជាតិហើយបានជានៅអាល័យឈ្មោះនេះ។
- មិនដឹងដែរ ។ ខ្ញុំគ្រាន់តែដឹងថា ម៉ែពុកខ្ញុំចូលចិត្តមើលរឿងទុំទាវណាស់។
- ច្បាស់ជាពុកនាងឯងស្រឡាញ់ពេញចិត្តតួនាងទាវដែលសម្តែងដោយ

នាងដាញ់ម៉ូនីកាហើយបានជាដាក់ឈ្មោះឲ្យនាងឯងថាទាវ
- អ្នកអ៊ី ពូកែស្មានដល់ហើយ។
- នែ ចេះពាក្យអ្នកអ៊ីនេះពីសាលាណា មិនដែលឭតាំងពីកើតមក។ រួចយ៉ាងម៉េចក៏នាំគ្នាស្រឡាញ់ពាក្យអ៊ី

នេះម៉្លេះ? គេនិយាយថា អ្នកមីង មិនមែន អ្នកអ៊ីទេ ​ឮឫនៅនាងទុំទាវ? ចម្លែកណាស់ នាងឯងនេះ ខុសគេ

តាំងពីឈ្មោះ តាំងពីសំដីសំដៅ …តាំងពីស្អីៗខ្លះទេ
- អូហ៍ ខ្ញុំនេះខុសគេ? ពុទ្ធោ ពុទ្ធំ! ឈ្មោះខ្ញុំខ្មែរ​ មុខខ្ញុំក៏ខ្មែរ សម្បុរខ្ញុំក៏ខ្មែរទៀត អ្នកមី
- អើ ខ្មែរទាំងអស់ទាស់តែមិនចេះស្រឡាញ់លក្ខណៈខ្មែរ​ មិនចូលចិត្តប្រើពាក្យខ្មែរ។​ 

ដឹងទេ? ចូលចិត្តយកពាក្យគេមកប្រើ គឺបានសេចក្តីថា​នាង​ឯង​កំពុងតែមើលងាយខ្លួនឯងហើយ។

- សូមលាសិនហើយចាស។

- ឈប់សិន  នាងទុំទាវ នាងហៅខ្ញុំថាមីផង! កុំព្រហើន

 កុំឃើញខ្ញុំនិយាយលេងឡើងចាង។ ចេញទៅ! ហត់ណាស់!​ស្រីឡប់ៗ។

មើល៍ តើមាននរណាឈ្មោះប្លែកទៀតទេ? លើកដៃឡើង។
អ្នកឈរចាំលើកដៃព្រាត ហើយស្រែកលាន់ថាខ្ញុំៗៗៗ។
អ្នកកត់ឈ្មោះនិយាយបង្អាក់សម្លេងហើយថា :
- ត្រូវគោរពវេនមុនក្រោយ៕ ចប់៕

កាដូទឹកភ្នែក ដោយព្រហ្ម កន្និដ្ឋា

25 មករា

កន្និដ្ឋាថតពេលបុណ្យណូអែលឆ្នាំ២០០៩ (រូបថត៖ប៉ិច សង្វាវ៉ាន)

ប្អូនថ្លៃ ៖ អ្នកបង ខ្ញុំយករឿងកុននេះមកជូនអ្នកបងមើល។ ហ៊ឺ! អ្នកបងអើយអ្នកបង !
តាំងពីណូអែលមក ខ្ញុំស្គាល់តែទឹកភ្នែក។ មុននឹងចូលគេងក៏ទឹកភ្នែក។ ពេលព្រលឹម បើកភ្នែកឡើងកាលណាក៏ទឹកភ្នែក។
បងថ្លៃ ៖ រួចចុះមានរឿងអីទៀតហើយបានជាយំស្រែកដល់ម្លឹង?
ប្អូនថ្លៃ ៖ ចាស! រឿងអី រឿងបេះដូងព្រហ្មលិខិត វាកម្រិតមកអ៊ីចឹង
បងថ្លៃ ៖ បេះដូងព្រហ្មលិខិត ?
ប្អូនថ្លៃ ៖ ចាស រឿងកុនកូរ៉េ កាដូណូអែលដែលខ្ញុំបានទទួល។ រឿងកុនដែលខ្ញុំយក
មកជូនអ្នកបងមើលនោះអី។ វាពិតជាកាដូទឹកភ្នែកមែន!
បងថ្លៃ ៖ ហាស! ហាស! ហា! ម្ចាស់ថ្លៃ! អ៊ីចឹងទេអ្ហី ! ឯងខំតែភ័យ ស្មានតែមានរឿងរ៉ាវ
អីនៅក្នុងគ្រួសារធ្វើឲ្យហូរទឹកភ្នែកមិនចេះចប់៕

ចំប៉ាមាសពេជ្រ​និងចំប៉ាពេជ្រ ដោយអ្នកនិពន្ធទឹកភ្នែក

25 មករា

ថ្ងៃមួយ ខ្ញុំបានសរសេរសារអេឡិចត្រូនិចទៅលេងប្អូនធម៌ម្នាក់នៅអាមេរិក​ថា ក្នុងផ្ទះខ្ញុំមានមនុស្ស៣នាក់គឺប្អូនប្រុសខ្ញុំនិងកូនប្រុសទាំងពីរ។

ដែលមិនសូវហារមាត់និយាយស្តីសោះ កោតមិនចេះតឹងទ្រូង បើបិទមាត់ជិតម្លឹងៗ។​

សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ប្រហែលជាខ្លាចធ្លាក់ ចំប៉ាមាស ហើយមើលទៅ?។

ស្រាប់តែប្អូនធម៌ខ្ញុំឆ្លើយមកវិញថា ប្អូនថ្លៃអ្នកបងក៏ដូចគ្នាដែរ មកពីធ្វើការវិញធ្វើបាយបន្តិចបន្តួចហើយចូលទៅប្រឡែងលេង

ជាមួយកូនបន្តិចក៏ស្ងៀមបិទមាត់ជិត ប្រហែលជាខ្លាចជ្រុះ ចំប៉ាពេជ្រ ហើយក៏មិនដឹង?។ ​តាមពិតរឿងនេះ វាមិនមែនជារឿងកំប្លែងទេ​

ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាពាក្យនេះ ចំប៉ាមាសនិងចំប៉ាពេជ្រ នេះបានបណ្តាលឲ្យខ្ញុំអស់សំណើចសឹងតែរឹងពោះម្លឹងៗ?​

នៅថ្ងៃស្អែកឡើង ខ្ញុំត្រូវនៅក្នុងស៊្ទុយឌីយ៊ោមួយម៉ោង។  ប្រសិនបើខ្ញុំ នឹកឃើញរឿងចំប៉ាមាស និង ចំប៉ាពេជ្រនេះហើយផ្ទុះសំណើច

ដូចកាលពីយប់ ម្ល៉េះសមមិនដឹងជាមានមាត់ឯណាមកនិយាយសូមទោសអ្នកស្តាប់កើត។ គ្រោះធំដល់ហើយពេលនោះ។ គិតទៅការផ្សាយផ្ទាល់មិនស្រួលទេណា។​

រឿងមួយទៀត។ ម្តងនោះ សហការីខ្ញុំម្នាក់កំពុងតែនិយាយផ្សាយស្រាប់តែឈាមហូរពីច្រមុះមកគុកៗប្រឡាក់អាវសរគាត់។ ​ខ្ញុំស្រឡាំងកាំង ព្រោះទើបតែប្រទះជាលើកដំបូងក្នុងជីវិតការងារ ។​ ទោះជាចង់ហារនិយាយជាមួយសហការីខ្ញុំក៏និយាយមិនកើត ព្រោះពេលនោះ មីក្រូកំពុងតែបើក ។ បើនិយាយច្បាស់ជាឮដល់អ្នកស្តាប់។​

ម៉្លោះហើយ ខ្ញុំគិតតែខំនិយាយភាសាគរធ្វើដៃជាសញ្ញាឲ្យគាត់ឈប់អានអត្ថបទផ្សាយទៅ តែគាត់លើកដៃមកខ្ញុំវិញ មិនដឹងជាចង់ថាស្អីទេហើយចេះតែផ្សាយតទៅទៀត។ ឈាមក៏ចេះតែហូរពីច្រមុះមកតក់ៗមិនដាច់សោះ។ ចុះស៊យអីគាត់ថ្ងៃនេះ?

នៅរឿងមួយទៀត ។ ថ្ងៃមួយនោះ មិនដឹងជាឆ្នាំណាទេ នៅចាំតែថ្ងៃចូលឆ្នាំថ្មី​​ ស្រាប់តែសន្តិសុខនៅជាន់ក្រោម ទូរស័ព្ទមកប្រាប់ថាមានភ្ញៀវម្នាក់ចង់ជួបដើម្បីយកកាដូមកជូនតែមួយភ្លែត។​ អ្នកស្តាប់នេះចិត្តល្អដល់ហើយ​ ។ ប៉ុន្តែ នរណាដឹងថាគាត់ចិត្តល្អមែនទែនឫចិត្តល្អលេងៗ។  យី ពូកែលៃមែនតែម្តង យកកាដូមកឲ្យមុនម៉ោងផ្សាយតែប្រាំនាទី។ កំពុងតែផ្អើលពីរឿងភេរវកម្មបំផ្ទុះគ្រាប់បែកតាមរថភ្លើងផង ក៏ឆ្លើយប្រាប់សន្តិសុខវិញថា យើងមិនអនុញ្ញាតឲ្យឡើងមកទេ ព្រោះភ្ញៀវនេះមិនបានណាត់ទុកជាមុន​  ខ្លាចមានគេមករ៉ៅឆានរំខានការងារ។ ​​សន្តិសុខយល់ស្របគំនិតខ្ញុំ។ ឱ! មិនដឹងជាអ្នកចិត្តល្អដែលមិនដឹងជាមកពីណាពីណីនេះពិតជាមានសន្តានចិត្តល្អមែនឫក៏….

មិនដឹងជាគាត់ខកចិត្តយ៉ាងណាយ៉ាងណីទេហ្ន? ។​ ប៉ុន្តែ នេះជាមេរៀនមួយសម្រាប់គាត់ដែរ។ គាត់គួរតែចេះច្បាប់សុជីវធម៌ មិនមែននឹកចង់មកក៏មកភ្លាមដូចចង់ទៅផ្សារ និងទៅហាងលក់ទំនិញ ឬក៏ទៅប្រែសណីយ៍ផ្ញើសំបុត្រទេ។

រឿងទាំងអស់នេះចាត់ទុកជារឿងប្រភេទអីអីទៅហ្ន?

រឿង​កំប្លែង៖បើឆាប់ខឹងកុំលេងអុកដោយ​សុ ភក្តី

24 មករា

 

ប្រហែល២ថ្ងៃមកហើយមីង ស៊ឹមសង្កេតឃើញ តាប៉ុកអាយុ៧៣ឆ្នាំមកលេងអុកជាមួយពូហ៊ឹម ។ តាប៉ុកជាអ្នកពូកែលេងគួរសម។ចំណែកពូហ៊ឹមមិនសូវជាចំណាប់ទេ  ប៉ុន្តែឆាប់ខឹង។ ពេលពូហ៊ឹមកំពុងតែគិត។
តាប៉ុក ៖ ផាច់ស៊ីត្រី
តាប៉ុក ៖ ផាច់ស៊ីត្រីទៀត
តាប៉ុក ៖ អូហ៍!  ស៊ីនាង
តាប៉ុក ៖ ធ្វើអីប៉ុកកើត​ ហាហាហាហា
ឮពាក្យឌឺដងរបស់តាប៉ុកឥតឈប់   មីងស៊ឹមដែលអង្គុយក្បែរនោះនឹកក្នុងចិត្តថា   ” បែបមិនយូរទេ   ពីព្រោះពូហ៊ឹមកំពុងក្ដាប់ដៃខាំធ្មេញ  ដូចជាខឹងខ្លាំងណាស់ ” ។ មែន ! ទ្រាំមិនបាន មែន! ។ ខឹងនឹងតាប៉ុកដាក់ផ្លែឲ្យខ្លាំងពេក ពូហ៊ឹមក៏លើកកូនចក្រត្រង់សេះ
មកជល់ក្បាលតាប៉ុកលាន់សូរផាច់ចេញឈាម  ។   
ពូហ៊ឹម ៖ ស៊ីអ្ហែងស៊ី !
បន្ទាប់មក គាត់ក៏យកក្ដារអុកក្រវាត់ចោលខ្ទេច ។

ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖​ស្វាយ​ លី​ម៉េង៖គ្រប់យ៉ាងដើម្បីអ្នកណា

15 មករា



រង្វាន់អក្សរសិល្ប៍ឆ្នាំ២០១១ចំណាត់ថ្នាក់លេខ៣ស្ទួន

រក្សាសិទ្ធិ

ស្វាយ ​លី​ម៉េង(ពាក់អាវ​សរ)បានទទួលប័ណ្ណកិត្តយសពីលោកយី ឆេងអ៊ួ (ហៅប៉េង)នៅថ្ងៃ៩ខែកក្កដា២០១១ 

ខ្ញុំ និងស្វាយ លីម៉េងក្នុងសិក្ខាសាលាថ្ងៃ៩កក្កដា២០១១

ចរាចររាល់ថ្ងៃកកស្ទះខ្លាំងណាស់ បើសិនជាខ្ញុំគ្មានម៉ូតូទំនើប រថយន្តទំនើប ខ្ញុំប្រាកដជាពិបាកហើយ។ ម៉្យាងទៀត បើសិនជាខ្ញុំគ្មានរបស់ទាន់សម័យទាំងអស់នោះ ពួកម៉ាករបស់ខ្ញុំក៏ប្រាកដជាមិនរាប់អានខ្ញុំដែរ។
    ខ្ញុំជាសិស្សវិទ្យាល័យមួយរូប ហើយខ្ញុំក៏ជាPLAY BOYដ៏ទាក់ទាញម្នាក់ផងដែរ។ ស្រីៗជាច្រើនរួមប្រជែងគ្នាដណ្តើមបេះដួងរបស់ខ្ញុំ។ ដើម្បីជាការតបស្នង ខ្ញុំតែងតែចំណាយពេលបរិច្ឆាគបេះដូងសម្រាប់ពួកនាងម្នាក់ៗអស់រយៈពេលពីរខែ។  
    ឆ្នាំថ្មី របស់ថ្មី អ្វីៗក៏ថ្មីទាំងអស់។ ខ្ញុំសុំប៉ា និងម៉ាក់ប្តូរម៉ូតូម៉ាកថ្មី។ គាត់ទាំងពីរមិនបានប្រកែកជាមួយខ្ញុំនោះទេ ព្រោះខ្ញុំជាកូនពៅ។ខ្ញុំមានបងស្រីម្នាក់ និងបងប្រុសម្នាក់។ ម៉្យាងទៀត តម្លៃត្រឹមម៉ូតូមួយគ្រឿងវាគ្មានអ្វីជាបញ្ហាសម្រាប់គ្រួសាររបស់ខ្ញុំទេ។ ខ្ញុំជាអ្នកទៅរើសដោយខ្លួនឯង។ អូហូ! ម៉ូតូថ្មី របស់ខ្ញុំធានាថាពិតជាឡូយ និងដំបូងគេនាសម័យកាលនេះ ហើយគ្មាននរណាបានជិះមុនខ្ញុំនោះទេ។ ម៉ូតូនោះមានភ្ជាប់កញ្ចក់មួយគូ។ លើសពីនេះទៀត អ្នកលក់ចិត្តល្អបានថែមមួកការពារសុវត្ថិភាពឲ្យខ្ញុំមួយទៀតផង។ ខ្ញុំគិតសព្វៗទៅ ខ្លួនខ្ញុំហាក់ដូចជាមានសំណាងខ្លាំងណាស់ ព្រោះនៅពេលណា ដែលខ្ញុំត្រូវការរបស់អ្វីមួយ ខ្ញុំតែងតែទទួលបានវាជានិច្ច ។ ពេលខ្លះ ខ្ញុំក៏គិតថាចង់ជិះឡាននឹងគេដែរ ប៉ុន្តែ ចាំដល់ពេលរៀនមហាវិទ្យាល័យសិនទើបកាន់តែឡូយជាងនេះ។
    ខ្ញុំបានយកម៉ូតូមកម្តុំផ្សារអូរឫស្សីដើម្បីបន្ថែមសម្រស់របស់វាឲ្យកាន់តែឡូយដូចជារូបខ្ញុំដែរ។ ខ្ញុំដាក់កាំបន្ទះឲ្យវា។ ខ្ញុំបិទតែមបន្ថែមទៀត។ ខ្ញុំដាក់ភ្លើងលម្អនិងគ្រឿងបរិក្ខារផេ្សងទៀតដែលទំនើបបំផុតនាសម័យកាលចុងក្រោយនេះ។ បន្ទាប់ពីនោះ ខ្ញុំបានជិះឆ្វែលជុំវិញសាលារៀនរបស់ខ្ញុំយ៉ាងរីក រាយ។ មិត្តខ្ញុំម្នាក់ណាក៏សរសើរខ្ញុំគ្រប់ៗគ្នា។ ខ្ញុំដឹងថា បន្ទាប់ពីឃើញម៉ូតូរបស់ខ្ញុំ ពួកវាប្រាកដជាទៅរំអុកប៉ា និងម៉ាក់របស់វាឲ្យទិញឲ្យដែរហើយមើលទៅ…….?
    នៅថ្ងៃនេះគឺដូចជាទម្លាប់ធម្មតា ពួកយើងជិះម៉ូតូប្រជែងគ្នាត្រសងពេញដងផ្លូវ។ ពួកយើងមិនពាក់មួកសុវត្ថិភាពទេ ព្រោះវាធ្វើឲ្យខូចម៉ូតសក់PLAY BOY របស់ពួកយើង ហើយកញ្ចក់ម៉ូតូក៏គ្មានដែរ។ ខ្ញុំគិតថា វាដូចជាសម្រែខ្លាំងណាស់។ ប៉ា និងម៉ាក់តែងតែដាស់តឿនខ្ញុំជារឿយៗ ហើយបងប្រុសវិញក៏ស្តីឲ្យខ្ញុំយ៉ាងខ្លាំងដែរអំពីរឿងពាក់មួកសុវត្ថិភាពនេះ។ លើសពីនេះទៀត មួកសុវត្ថិភាពក៏ជាសត្រូវរបស់ម៉ូតូខ្ញុំដែរ។ សត្រូវធំបំផុតរបស់ខ្ញុំ គឺពួកប៉ូលីសដែលចាំផាកពិន័យមនុស្សដែលមិនគោរពច្បាប់ដូចជា រូបខ្ញុំ។ ឯរឿងបន្តទៀតនោះ គឺភ្លើងស្តុបតែម្តង។ ចាំមើលណា៎ ថ្ងៃណាមួយខ្ញុំនឹងលួចចោលភ្លើងស្តុបនោះឲ្យបែកខ្ទេចម្តង។ ពួកយើងកំពុងជិះម៉ូតូភ្លេចខ្លួនស្រាប់តែសម្លេងកញ្ជែឮសូរជ្រែតៗនៅពីមុខពួកយើង
-    អីយ៉ាស់! ជាប់កប៉ូលីសហើយពួកយើង វ៉ើយនាំគ្នាបត់ចូលតាមច្រកតូចវិញ!
នេះជាសំដីរបស់ខ្ញុំបញ្ជាមិត្តរបស់ខ្ញុំឲ្យបត់ទៅតាមផ្លូវតូចវិញម្តង។ ប្រាំនាទីក្រោយមក ពួកយើងក៏បានមកដល់ទីដែលយើងបានណាត់ជួបស្រីស្នេហ៍យ៉ាងរីករាយ។ ជាទូទៅពួកយើងតែងតែ ជួបប្រទះនូវហេតុការណ៍នេះជានិច្ច ហើយវាបានក្លាយទៅជាទម្លាប់ដែល ធ្វើឲ្យសប្បាយថែមទៀតផង បើទោះបីជាខ្ញុំដឹងថា វាជាការល្មើសច្បាប់ចរាចរក៏ដោយ។
ពេលវេលាដើរយឺតណាស់សម្រាប់ការរង់ចាំ។ ប៉ុន្តែ  វាដើរលឿនណាស់សម្រាប់ការសប្បាយ
របស់ខ្ញុំ។ ម៉ោងប្រហែលជាប្រាំបីយប់  ខ្ញុំកំពុងឌុបម៉ាក់នៅលើផ្លូវមួយ។ បរិយាកាសនាពេលរាត្រី
លើដងវិថីហាក់ដូចជារយាលច្រើន មើលទៅវាដូចជាបានសម្រាកខ្លះហើយពីការនឿយហត់នៅពេលថ្ងៃ។
 ភ្លើងបំភ្លឺផ្លូវមានពន្លឺភ្លឺព្រឹមៗ។ ចំណែកឯលោកភ្លើងស្តុបក៏មិនទាន់បានសម្រាកទៀត។ ខ្ញុំគិតថា វាល្មមដល់ពេលដែលលោកភ្លើងស្តុបសម្រាកហើយ ព្រោះថាមិនសូវមានម៉ូតូ និងឡានចង្អៀតគ្នា
ទៀតឯណា។ ដោយសារតែគំនិតបែបនេះហើយ ទើបខ្ញុំបានបន្ថែមល្បឿនទៅមុខទៀត បើទោះបីជា
មិនទាន់ដល់ភ្លើងអនុញ្ញាតឲ្យខ្ញុំទៅក៏ដោយ។ រឿងមិនគួរកើតបានកើតមានឡើង។ ដោយសារតែខ្ញុំ សម្លេងដ៏រន្ឋត់មួយបានបន្លឺឡើងពេញដងផ្លូវ។ ខ្ញុំភ័យមែនទែន  ភ័យនឹងខ្លូនឯង ភ័យនឹងម៉ាក់ដែលនៅ
ពីក្រោយខ្ញុំ ភ័យនឹងម៉ូតូថ្មីរបស់ខ្ញុំ និង ភ័យជាមួយនឹងកំហុសដែលខ្ញុំបានបង្កឡើង។
-    នុះ! គឺអាមួយម៉ូតូថ្មីនោះជាអ្នកបើកបុកគេ!
-    នុះ! គឺអាស្ទាវមួយនោះជាអ្នកខុស!
-    នុះ! គឺអាទំនើងមិនគោរពច្បាប់ចរាចរមួយនោះជាអ្នកខុស! ពេលនេះសមមុខវាហើយ….
-    មែនហ្នឹង! ប៉ុន្តែអាណិតតែអ៊ំស្រីម្នាក់នេះ និងក្មេងតូចមួយនោះទេ បាត់មាត់សន្លប់ឈឹងតែម្តង!   តោះ!ទៅជួយគ្រាហ៍គាត់យកមកចូលក្នុងសិនមក…….!
ទាំងអស់នេះគឺជាសម្លេងមនុស្សដែលកំពុងរោមមើលហេតុការណ៍គ្រោះថ្នាក់របស់ខ្ញុំ។ មួយម៉ាត់ណាក៏ជាកំហុសរបស់ខ្ញុំដែរ។ តើខ្ញុំពិតជាខុសមែនឫ?
ខ្ញុំមានរបួសក្បាលចេញឈាមតិចៗ។ អ្នករបួសពីរនាក់ប្តីប្រពន្ឋគឺគ្រាន់តែរបួសសើស្បែក
ប៉ុណ្ណោះ ព្រោះតែពួកគាត់មានមួកការពារសុវត្ថិភាព។ អ្នករបួសធ្ងន់មានតែម៉ាក់របស់ខ្ញុំ និង កូនតូច
របស់ពីរនាក់ប្តីប្រពន្ឋនោះប៉ុណ្ណោះដែលសន្លប់បាត់មាត់ដូចគ្នា។ ខ្ញុំប្រញាប់ទូរស័ព្ទជម្រាបលោកប៉ា បងប្រុសនិងបងស្រីឲ្យបានដឹងពីរឿងនេះ ហើយខ្ញុំក៏មិនភ្លេចប្រាប់
មិត្តភក្តិរបស់ខ្ញុំដែរ។ ប៉ាបានទូរស័ព្ទហៅឡានពេទ្យយ៉ាងប្រញាប់។ គាត់មានអារម្មណ៍តក់ស្លុតណាស់នៅពេលឃើញម៉ាក់ក្នុងសភាពបែប នេះ។ ប៉ូលីសវាស់វែង ដើម្បីពិនិត្យរកអ្នកបង្កហេតុ។ ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងច្បាស់ណាស់ថាជារូបខ្ញុំ។ ខ្ញុំមិនគោរពភ្លើងសញ្ញាចរាចរ។ ខ្ញុំគ្មានពាក់មួកការពារសុវត្ថិភាព។ ខ្ញុំគ្មានដាក់កញ្ចក់នឹងម៉ូតូ។ ខ្ញុំបើកម៉ូតូលើសល្បឿនកំណត់របស់ច្បាប់។ ខ្ញុំជាអ្នកមិនគោរពច្បាប់។
ឡានពេទ្យមកដល់ មិត្តភក្តិរបស់ខ្ញុំក៏មកដល់ដែរ។ ប៉ា និងបងស្រីជាអ្នកជូនម៉ាក់ទៅពេទ្យ ។ កូនតូច និងម្តាយរបស់វាក៏ទៅពេទ្យជាមូយនឹងម៉ាក់ដែរ។ ឥឡូវនៅសល់តែខ្ញុំ បងប្រុសរបស់ខ្ញុំ ឪពុករបស់ក្មេងតូច មិត្តភក្តិរបស់ខ្ញុំ និងអ្នកដែលត្រូវទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ប៉ុណ្ណោះ។ របូសរបស់ខ្ញុំ នៅតែមានឈាមហូរមកតិចៗ តែបានសង្សាររបស់ខ្ញុំជាអ្នកជូតឈាមឲ្យជានិច្ច។ ខ្ញុំមានអារម្មណ៍ថា ស្អប់ខ្លូនឯងខ្លាំងណាស់។ តើម៉ាក់ និងក្មេងតូចនោះនឹងទៅជាយ៉ាងណា?
រឿងអកុសលបានកើតឡើង។ វាបានបន្សល់ទុកនូវវិប្បដិសារីសម្រាប់ខ្ញុំ។ ខ្ញុំអង្គុយក្បែរអ្នកម៉ាក់រហូត។ ពេទ្យនិយាយថា ម៉ាក់អាចសន្លប់យូរ។ ប៉ុន្តែមានដំណឹងល្អមួយសម្រាប់ខ្ញុំ។ ក្មេងម្នាក់នោះមិនមានបញ្ហាអីធំដុំនោះទេ ហើយបងប្រុសក៏បានដោះស្រាយរឿងគ្រោះថ្នាក់ចរាចរ
បានចប់សព្វគ្រប់ហើយដែរ។ នៅអង្គុយក្បែរខ្ញុំពេលនេះគឺមានតែបងប្រុស និងម៉ាក់ដែលកំពុងតែ
សម្រាកនៅលើគ្រែក្នុងមន្ទីរ ពេទ្យប៉ុណ្ណោះ។ ខ្ញុំបន់ស្រន់នៅក្នុងចិត្ត សូមកុំឲ្យម៉ាក់មានរឿងអាក្រក់មួយទៀតកើតឡើងធ្វើអី។ ខ្ញុំកាន់ដៃ របស់ម៉ាក់យ៉ាងជាប់។ ម្តេចក៏គាត់បិទភ្នែកយូរម្ល៉េះ? ហេតុអីក៏ម៉ាក់មិនព្រមបើកភ្នែកឡើងមើលមុខកូនអ៊ីចឹង? ម្តងបន្តិចៗ កម្លាំងរបស់ខ្ញុំចាប់ផ្តើមចុះខ្សោយ។ ត្របកភ្នែករបស់ខ្ញុំកាន់តែទម្លាក់មកគ្របមិនឲ្យខ្ញុំបានឃើញអ្វីជាបន្តទៀតទេ។ ខ្ញុំបិទភ្នែកកាន់តែជិត ហើយឈាមរបស់ខ្ញុំក៏ចេះតែប្រជែងគ្នាជាមួយទឹកភ្នែកមួយតក់ៗរបស់ក្មេងដូចជារូបខ្ញុំដែរ។ តើខ្ញុំជាកូនល្អឫទេ? តើខ្ញុំជាសិស្សល្អឫទេ? ហើយតើខ្ញុំជាពលរដ្ឋល្អឫទេ? បញ្ចប់សំណួរនេះ ខ្ញុំលែងបានឃើញមុខរបស់ម៉ាក់តទៅទៀតហើយ។ ខ្ញុំមិនចង់ឃ្លាតពីគាត់ទេ! សូមកុំយកម៉ាក់ខ្ញុំទៅណាអី….!
អារុណរៀងរះលើមេឃា ដួងចន្រ្ទាក៏និន្រ្ទាចាកលោកិយនេះហើយ។ សន្សើមពេលព្រលឹមពិតជាត្រជាក់ខ្លាំងណាស់។ ប៉ុន្តែវាជាសញ្ញានៃការចាប់ផ្តើមជាថ្មី។ ព្រលឹមថ្ងៃថ្មី អ្វីៗក៏ចាប់ផ្តើមថ្មីដែរ។ ម៉ាក់កំពុងបញ្ចុកបបរឲ្យខ្ញុំញ៉ាំ។ ចំណែកឯសង្សាររបស់ខ្ញុំកំពុងតែចិតផ្លែឈើទុកឲ្យខ្ញុំញ៉ាំដែរ។ នៅពេលនេះ ខ្ញុំបានឃើញលោកប៉ា បងប្រុស បងស្រី និងមិត្តភក្តិរបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារដែលខ្ញុំបានបុកកាលពីថ្ងៃមុន។ គាត់ក៏មានទិញផ្លែឈើ និងទឹកដោះគោឆៅយកមកផ្ញើខ្ញុំដែរ។ ពួកគាត់មិននឹកស្មាន ថា អ្នករងគ្រោះធ្ងន់ធ្ងរគឺជារូបខ្ញុំទៅវិញ។ មនុស្សមានសន្តានចិត្តបែបនេះពិតជាពិបាករកណាស់។ គាត់មិនខឹងនឹងខ្ញុំដែលបង្កបញ្ហាដល់ក្រុមគ្រួសាររបស់គាត់ ហើយបែរជាយកចិត្តទុកដាក់ជាមួយខ្ញុំទៅ វិញ។ ចប់ពីម៉ាក់បញ្ចុកខ្ញុំរួចហើយ គឺជាវេនក្មេងតូចកាលពីថ្ងៃនោះ។ វាកាន់ទឹកដោះគោឆៅមកឲ្យខ្ញុំ រួចវានិយាយឲ្យកម្លាំងចិត្តមកខ្ញុំថា ៖
-    ពូ! ត្រូវខំញ៉ាំឲ្យបានច្រើនទើបឆាប់ជា ហើយពូកុំបើកម៉ូតូលឿនៗទៀត ប្រយ័ត្នគ្រោះថ្នាក់ទៀតណា៎
វានិយាយរួចខ្ញុំសង្កេតឃើញថា អ្នកទាំងអស់គ្នាប្រាកដជាលួចសើចក្នុងចិត្ត។ ទាំងអស់គ្នាប្រហែលជាគិតថា ក្មេងម្នាក់នេះឆ្លាត និងចេះដឹងច្រើនជាងខ្ញុំផងមើលទៅ។ ចំណែកខ្ញុំក៏មានអារម្មណ៍សប្បាយជាមួយក្មេងនេះដែរ។ ខ្ញុំបានទទួលយកពីដៃវាដោយក្តីពេញចិត្ត។ ម្នាក់ៗបានផ្តល់កម្លាំងចិត្តឲ្យខ្ញុំយ៉ាងច្រើន។គ្មានអ្វីសំខាន់ជាងការអត់ឧន និងការផ្តល់អធ្យាស្រ័យ
ឲ្យគ្នាទៅវិញទៅមកនោះទេ ហើយក៏គ្មានអ្វីប្រសើរជាងការធ្វើខុសហើយចេះកែខ្លួនមកវិញដែរ។
អស់រយៈពេលមួយសប្តាហ៍ខ្ញុំបានត្រឡប់មកផ្ទះវិញ។ ក្បាលរបស់ខ្ញុំនៅឈឺតិចៗ ប៉ុន្តែខ្ញុំហាក់ មានកម្លាំងច្រើនមកវិញ។ ខ្ញុំបានសន្លប់នៅពេលដែលខ្ញុំកំពុងតែអង្គុយមើលម៉ាក់នៅក្នុងមន្ទីរពេទ្យ ហើយប្រហែលជាពីរម៉ោងក្រោយមក ម៉ាក់ក៏បានដឹងខ្លួនឡើងវិញ។ ឥឡូវនេះគាត់មិនអីទេ។ តាមពិត គាត់ស្លុតនឹងព្រឹត្តិការណ៍នោះ ហើយដោយសារគាត់មានវ័យចំណាស់បន្តិចផងទើបវាក្លាយទៅជាបែប នេះ។ ក្រោយព្រឹត្តិការណ៍នេះ ខ្ញុំដូចជាកើតម្តងទៀតអ៊ីចឹង។ ខ្ញុំសប្បាយចិត្តព្រោះគ្មាននរណាម្នាក់រងគ្រោះដោយសារខ្ញុំទេ។ នៅពេលនេះ ខ្ញុំយល់ហើយថា តើនរណាជាអ្នកធ្វើបាបខ្ញុំ ហើយតើនរណាជាអ្នកធ្វើឲ្យខ្ញុំមានសេចក្តីសុខ។ គ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើបាបខ្លួនឯង។ ខ្ញុំដឹងថា ខ្ញុំមានសំណាងខ្លាំងណាស់។ ប៉ុន្តែហេតុអ្វីក៏ខ្ញុំមិនព្រមឲ្យសំណាងនោះផ្តល់សេចក្តីសុខ និងអនាគតមួយដ៏ត្រចះត្រចង់វិញទៅ..?សង្គមបង្កើតច្បាប់គឺចង់ឲ្យមនុស្សល្អ និងរស់នៅជាមួយគ្នាពោរពេញទៅដោយសេចក្តីសុខ ។ម៉ាក់ប្រាប់ខ្ញុំក៏ចង់ឲ្យខ្ញុំមានសេចក្តីសុខដែរ។ ខ្ញុំចង់ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ សម្រាប់សង្គមរបស់ខ្ញុំ។ ខ្ញុំចង់រស់នៅក្នុងសុភមង្គល សីលធម៌ និងការគោរពច្បាប់។
ថ្ងៃច័ន្ទ ម៉ោងប្រាំល្ងាច ពួកម៉ាកខ្ញុំ និងខ្ញុំចេញពីរៀនគ្រប់ៗគ្នា។ ពួកយើងជិះម៉ូតូដដែល។ ប៉ុន្តែម៉ូតូរបស់ខ្ញុំគឺជាម៉ូតូថ្មីមួយគ្រឿងទៀត។ ពួកយើងទាំងអស់គ្នាពាក់មួកការពារសុវត្ថិភាពយ៉ាង
ត្រឹមត្រូវ ហើយមានកញ្ចក់មួយគូសម្រាប់ពួកយើងមើលទៅខាងក្រោយនៅពេលដែលពួកយើងបត់។ ពួកយើងឈប់នៅពេលភ្លើងក្រហម។ ពួកយើងត្រៀមចេញដំណើរនៅពេលឃើញភ្លើងលឿង ហើយពួកយើងនឹងចេញដំណើរនៅពេលឃើញភ្លើងខៀវ។ ទាំងនេះគឺជាវិន័យថ្មី និងទម្លាប់ថ្មីសម្រាប់ពួកយើង។ ម្នាក់ៗមិនភ្លេច ហើយក៏មិនល្មើសទៀតដែរ។ ម៉ូតូPLAY BOY ពីមុនគឺគ្មានទេ។នេះជាហេតុផលដែលម៉ាក់ទិញម៉ូតូថ្មីនេះឲ្យខ្ញុំ។​​ ឥឡូវនេះ គឺមានតែម៉ូតូយុវសិស្សសង្ហាមួយក្រុមប្រចាំវិទ្យាល័យនេះតែប៉ុណ្ណោះ។
ចរាចរកំពុងមមាញឹកស្របទៅតាមការវិវឌ្ឍន៍របស់សង្គម។ យានយន្តគ្រប់ប្រភេទកំពុងបរតាមភ្លើងសញ្ញាចរាចរដែលបានអនុញ្ញាត។ គ្មានរូបភាពបើកគេចប៉ូលីសទៀតឡើយ។ ខ្ញុំដឹងថា ខ្ញុំជាមនុស្សចុងក្រោយគេដែលទើបតែគោរពច្បាប់ចរាចរហើយ។ ម្យ៉ាងទៀត ខ្ញុំមិនមែនជាបច្ចាមិត្តរបស់ប៉ូលីសទៀតនោះទេ។​ លោកប៉ូលីសក៏លែងលំបាកដើម្បីសេចក្តីសុខរបស់ខ្ញុំទៀតដែរ។
រាត្រីនេះម៉ោងប្រាំបីយប់ ម៉ាក់នៅពីក្រោយខ្ញុំ តែពេលនេះខ្ញុំបានជូនម៉ាក់ទៅដល់ផ្ទះដោយសុវត្ថិភាព។ ក្រុមគ្រួសាររបស់ខ្ញុំកំពុងបរិភោគបាយយ៉ាងមានសេចក្តីសុខ។ នេះគឺជាសេចក្តីសុខរបស់ខ្ញុំរបស់ក្រុមគ្រួសារខ្ញុំ និងរបស់សង្គមខ្ញុំ…៕

ជីរប្រវត្តិសង្ខេបរបស់ខ្ញុំ

ខ្ញុំបាទឈ្មោះ ស្វាយ លីម៉េង  កើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ១៩៩០ នៅខេត្តកំពង់ចាម។ ប៉ុន្តែ ដោយសារបញ្ហាជីវភាព ខ្ញុំបាទបានផ្លាស់ទីលំនៅទៅរស់នៅខេត្តប៉ៃលិននៅឆ្នាំ១៩៩៧។ ខ្ញុំបាទមានបងប្អូន៣នាក់។ ប្រុស២នាក់ និងស្រីម្នាក់។ ឪពុកជាកសិករ។ ម្តាយខ្ញុំបាទក៏ជាកសិករ។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំបាទបញ្ចប់សាកលវិទ្យាល័យផ្នែកច្បាប់ ។

ខ្ញុំបាទធ្លាប់បានទៅចូលរួមសិក្ខាសាលាជាមួយអង្គការ Room to read ស្តីពីការសរសេររឿងកុមារា គូររូប ព្រមទាំង យេនឌ័រ​។

កាលពីចុងឆ្នាំ២០១០ ខ្ញុំបាទបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍​នៃការនិពន្ធរឿងប្រលោមលោកខ្លីវែងដែលរៀបចំដោយសមាគមអក្សរសិល្ប៍នូ​ហាចនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ៕

ស្វាយ លី​ម៉េងរូបទី២ខាងស្តាំ ជួរមុខ
តាមដាន

Get every new post delivered to your Inbox.

Join 25 other followers