រក្សាសិទ្ធិ
- លោកឡាណាកូនមិនត្រឹមតែមានដីនិងផ្ទះធំប៉ុណ្ណោះទេ ថែមទាំងស្អាតហើយរៀបរយទៀត។
មួយថ្ងៃៗអ្នកបំរើបោសជូតៗគ្មានសំរាមមួយទងទេ។
ពាក្យនេះម៉ែខ្ញុំប្រាប់ខ្ញុំប្រហែល៥០ដងហើយតាំងពីថ្ងៃដែលលោកឡា បុរសពោះម៉ាយ កូនបីមក
ស្តីដណ្តឹងខ្ញុំ ហើយម៉ែក៏ពេញចិត្តដែរនោះ។គាត់ចេះតែនិយាយពីផ្ទះលោកឡានេះមកពីដឹងថាខ្ញុំ
ជាមនុស្សចូលចិត្តភាពស្អាតនឹងរៀបរយ។ ថ្ងៃនេះ ម៉ែខ្ញុំសប្បាយចិត្តលើសសព្វដង ដោយលោកឡា
អញ្ជើញគាត់នឹងហៅខ្ញុំឲ្យទៅលេងផ្ទះរបស់លោក។ឡានយ៉ាងស្អាតរត់រអិលលើផ្លូវ។ ម្តាយខ្ញុំទឹក
មុខញញឹមពព្រាយ អង្គុយ ពីក្រោយអ្នកបើកបរដែលលោកឡាបញ្ជូនមកឲ្យទទួលពួកយើង។
បន្តិចក្រោយមក ស្រាប់តែគាត់ប្រែទឹកមុខមិនស្រួល។ ម៉ែខ្ញុំពុលឡានហើយ។ ខ្ញុំសុំឲ្យឡាន
ឈប់ដើម្បីទិញចំណីមានអំពៅសណ្តែកដីស្ងោរជាដើមជូនគាត់។ ពិសារបានបន្តិច គាត់ក៏
ស្រួលខ្លួនឡើងវិញតែមានបញ្ហាមួយកើតឡើងគឺមិនដឹងបោះកាកអំពៅនិងសំបកសណ្តែក
ដីចោលឯណា។ គាត់ចង់បើកកញ្ចក់ឡានតែមិនហ៊ានព្រោះឡានបើកលឿនពេក។
ឃើញដូច្នេះអ្នកបើកបរងាកមកជម្រាបគាត់៖
-មីងទុកសំបកចោលនៅជើងហ្នឹងចុះ !
ខ្ញុំដូចជាមិនស្រួលចិត្តសោះ ពេលឮដូច្នេះ។ ពេលនោះជាសំណាងល្អខ្ញុំរកបានថង់មួយ។
- កុំអីម៉ែ ! ចោលក្នុងថង់នេះមក!
អ្នកបើកឡានលោកឡា ងាកមកសើច៖
-ចោលឯណាក៏បានដែរអ្នកនាង ! ព្រោះគង់តែខ្ញុំបោសចេញដដែលៗហ្នឹង! ថ្ងៃណាក៏ខ្ញុំត្រូវតែបោសសំរាមចេញពីឡានដែរ !
ឥឡូវ ឡានបរមកដល់ផ្ទះលោកឡាហើយ។ នៅពីមុខផ្ទះវីឡាដ៏ធំមួយមានសួនច្បារ
ដាំស្មៅនិងផ្កាស្អាតភ្លឹងដូចពាក្យម្តាយខ្ញុំថាមែន។ ផ្ទះក៏ស្អាតរៀបរយគ្មានឃើញសំរាម
មួយទងសោះ។ ខ្ញុំពេញចិត្តស្តូក រឹតតែពេញចិត្តទៀតនោះគឺធុងសំរាមដាក់ត្រង់នេះមួយ
ត្រង់នោះមួយ។ លោកឡាចេញមកទទួលម្តាយខ្ញុំនិងខ្ញុំ រួចនាំទៅកាន់តុបាយតែម្តង
ព្រោះពេលនោះជាពេលថ្ងៃត្រង់ទៅហើយ។ ខ្ញុំមិនចាប់អារម្មណ៍អ្វីនិងលោកឡានោះទេ
ទោះបីជាអ្នកកំពុងតាមស្តីដណ្តឹងខ្ញុំក៏ដោយ ខ្ញុំជាប់ចិត្តតែនឹងភាពស្អាតរៀបរយរបស់ផ្ទះ
គាត់ប៉ុណ្ណោះ។
ប្រហែលជាយល់ចិត្តខ្ញុំ លោកឡាប្រាប់ថា៖
- ខ្ញុំជួលមនុស្សដល់ទៅបីនាក់ឯណោះសំរាប់ថែ បោសសំអាតសួន និងផ្ទះ។ នេះមិនទាន់គិត
ពូសែមអ្នកបើកបរដែលត្រូវមើលថែនិងសំអាតឡានរាល់ថ្ងៃផង។ មួយថ្ងៃៗគេធ្វើពលកម្មបែក
ញើសហូរញើសឥតឈប់ដៃទេ!
ខ្ញុំគិតថាម្ល៉ឹងៗតើទើបផ្ទះគេស្អាតណាស់ហើយក៏សួរថា៖
-លោកប្រហែលជាចំណាយលុយជួលពួកគាត់ច្រើនណាស់ហើយមើលទៅ។
លោកឡាញញឹមទំនងពេញចិត្តនឹងសំណួរខ្ញុំ។
-បាទ ច្រើនគួរសមដែរព្រោះខ្ញុំគិតថាពលកម្មនេះចាំបាច់ណាស់។ បើគ្មានទេ ផ្ទះនិងឡាន
ខ្ញុំមិនដឹងជាក្រខ្វក់យ៉ាងណាទេ។
រំពេចនោះ ឡានបាននាំកូនៗលោកឡាមកពីសាលា។ ពួកគេមានវ័យជំទង់ៗហើយ។
ក្រោយពីជំរាបសួរម្តាយខ្ញុំនិងខ្ញុំតាមការណែនាំរបស់លោកឡាហើយ ពួកគេស្រាប់
តែគ្រវាត់កាតាបសៀវភៅព្រូសប្រាស់ទៅលើកៅអីសាឡុង កំរាលឥដ្ឋការូ លើទូ
តាមតែនឹកឃើញ រួចគេនាំ គ្នាចូលតុបាយស្រ។ ផ្ទះបាត់របៀបរៀបរយមួយរំពេច។
ពេលនោះស្រីបំរើចេញមកប្រមូលសម្ភារៈរៀនអំបាញ់មិញយកទៅទុកធ្វើឲ្យទីនេះបានស្អាត
ឡើងវិញ។ ខ្ញុំឈរស្រឡាំងកាំងតាមមើលសកម្មភាពទាំងនេះ។
លោកឡាដើរមកជិតខ្ញុំនិយាយថា៖
-អ្នកនាងកុំឆ្ងល់អីក្មេងៗវាតែអញ្ចឹងហើយ។ ខ្ញុំធ្លាប់ប្រាប់វាដែរ តែវាមិនស្តាប់ ខ្ញុំមិនដឹងធ្វើ
យ៉ាងម៉េចទៀត។
-ទៅខ្វល់ធ្វើអ្វី យើងមានលុយជួលគេ បានស្អាតវិញភ្លាមតើ។ ម្តាយខ្ញុំបន្ទរ។
ខ្ញុំមិនមាត់នឹកក្នុងចិត្ត ថាតើនេះជាពលកម្មស្អីទៅ ? រួចខួរក្បាលខ្ញុំដូចជាស្ទះនឹកអ្វីលែងចេញ។
ឥឡូវដល់ពេលបាយហើយ។អ្នកបំរើបីនាក់ចេញមកលើកបាយលើកម្ហូប។ ទាំងអស់គ្នាញ៉ាំ
បាយ។ពេលនោះ ខ្ញុំភ្លឹកស្មារតីម្តងទៀត។ ក្មេងៗញ៉ាំបណ្តើរចោលឆ្អឹងបន្លែនិងអ្វីៗដែលគេ
មិនត្រូវការលើតុក្រោមតុ ក្រោមកៅអីពាសពេញ។ ខ្ញុំមើលទៅកន្លែងនេះជាកន្លែងហូបបាយ
របស់មនុស្សអនាធិបតេយ្យដូចដែលខ្ញុំធ្លាប់ឃើញនៅកន្លែងមួយចំនួន។ លោកឡាណែនាំ
បន្តិចបន្តួច ។កូនៗមិនធ្វើតាមលោកក៏ស្ងៀម។ពេលបាយរួច អ្នកបំរើចេញមកប្រមូលឆ្អឹង
និងសំរាម ហើយរៀបកន្លែងនោះបានស្អាតដូចដើម គឺពេលនោះហើយដែលខ្ញុំយល់សំដីអ្នក
បើកឡាននិយាយពីព្រឹកមិញ។ ខ្ញុំមានអារម្មណ៍ដូចជាឈឺក្បាលហើយភាន់ភាំង។ ឃើញដូច្នេះ
លោកឡាប្រាប់ឲ្យខ្ញុំនិងម្តាយខ្ញុំសំរាកនៅក្នុងបន្ទប់មួយក្បែរបន្ទប់កូនៗរបស់គាត់។ ម៉ែខ្ញុំបិទ
ភ្នែកធ្វើព្រងើយតែខ្ញុំមិនអាចបិទទាំងភ្នែក មិនអាចបិទទាំងអារម្មណ៍។
ខ្ញុំឮសូរគេជជែកគ្នាទ្រហឹងអឺងអាប់ ហើយសូរមាត់ដូចជាញ៉ាំអីផង។ ខ្ញុំអើតមើលតាមបង្អួច
ឃើញសំបកនំ សំបកពោត កាកអំពៅហើរចេញព្រោងព្រាតពីបង្អួច។ សំបកខ្លះធ្លាក់ក្បែរធុង
សំរាមខ្លះទើរលើមាត់ធុងសំរាមមួយដែលនៅពីក្រោមបង្អួច។ ខ្ញុំលែងសូវឆ្ងល់ហើយតែទប់
មាត់មិនឲ្យរអ៊ូម្នាក់ឯងមិនបាន៖
-ធុងសំរាមទុកសំរាប់លំអទេដឹង !
ប្រហែលជាកន្លះម៉ោងក្រោយមកផ្ទះប្រែជាស្ងាត់វិញ។ ក្មេងៗទៅរៀនអស់ ឯលោកឡាក៏ទៅ
ធ្វើការដែរ។ ប៉ុន្តែ មួយស្របក់ក្រោយមក សំឡេងអ៊ូអរលាន់ឡើងវិញ គឺសំឡេងបោសផ្ទះ។
ខ្ញុំអើតមើលទៅឃើញអ្នកបំរើកំពុងញាប់ដៃញាប់ជើងប្រមូលសំរាមដែលនៅរាយប៉ាយដាក់
ក្នុងធុងសំរាម។ រួចហើយពួកគេនាំគ្នាទៅអង្គុយសំរាកក្រោមដើមឈើមួយក្នុងសួន។ ខ្ញុំក៏ដើរ
ទៅជួបពួកគេ។
-ពួកបងៗហត់ណាស់ហើយមែនទេ?
-ចាសមិនអីទេអ្នកនាង ! ធ្វើតែបែបនេះរាល់ថ្ងៃទៅហើយ !
-ចុះលោកឡា គិតថាទុកឲ្យកូនលោកធ្វើបែបហ្នឹងរហូតទៅឬ?
នារីម្នាក់រាងចំណាស់ជាងគេលាន់មាត់ថា៖
-ដំបូង ខ្ញុំឃើញគាត់ពន្យល់ដែរ តែលុះកូនៗមិនស្តាប់ក៏មិនឃើញធ្វើអ្វីទៀត ដូចជាដាក់ពិន័យ
ឬទណ្ឌកម្មអ្វីទេ គិតតែពីរកអ្នកបោសផ្ទះបន្ថែម។
-ចុះបងយល់ថាពលកម្មហ្នឹងយ៉ាងម៉េចដែរ?
នារីម្នាក់ទៀតងាកមើលឆ្វេងស្តាំមុននឹងនិយាយ៖
-ខ្ញុំគិតថាជាពលកម្មឡប់ តែខ្ញុំមិនខ្វល់ទេ ឡប់ក៏ធ្វើដែរឲ្យតែបានលុយ !!
ខ្ញុំត្រឡប់មកបន្ទប់វិញ រៀបចំឥវ៉ាន់ដាស់ម៉ែ ៖
-ម៉ែប្រញ៉ាប់ឡើងទៅផ្ទះយើងវិញ។ នៅយូរទៀតប្រាកដជាឡប់ជាមួយពលកម្មឡប់ ឬអ្នកជួល
ឡប់មិនខាន៕
កកន៖
រឿងពលកម្មឡប់ ដកស្រង់ពីសៀវភៅ<ឆាកកំប្លែងកញ្ញាសោភ័ណ>។
អរគុណអ្នកបង ចាន់យ៉ាដែលបានអនុញ្ញាតឲ្យខ្ញុំស្រង់រឿងហ្នឹងមកផ្សាយក្នុងទីនេះ។
លោកស្រីស៊ឹម ចាន់យ៉ាបាននិពន្ធរឿង<ផ្កាយនៅតែភ្លឺ> រង្វាន់អក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ៣
<ឈប់យំទៅអប្សារាកំសត់> <ឆាកកំប្លែងកញ្ញាសោភ័ណ>ដែលជាកម្រងរឿងខ្លីៗមួយចំនួន
រឿង<មិត្តភាពមួយ>
សៀវភៅកំណាព្យ និងចម្រៀង<ឱ!ផ្កាពណ៌ស្វាយ>ដែលសុទ្ធសឹង
តែមានឧត្តមគតិនិងមានប្រយោជន៍ដល់សង្គម។
លោកស្រីស៊ឹម ចាន់យ៉ា ជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញ
និងជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។
លោកស្រីបានសិក្សាកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកអក្សរសាស្ត្រ
និងជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។
លោកស្រីបានអានច្រើនគួរសម
បានទទួលការអប់រំនិងមានទម្លាប់រស់នៅក្នុងសង្គមគ្រួសារនិងសង្គមមិត្តភក្តិ
ដែលលោកស្រីស៊ឹម ចាន់យ៉ាវាយតម្លៃថាពោរពេញទៅដោយសីលធម៌ និងមនុស្សធម៌។
សង្គមបរិយាកាសបច្ចុប្បន្នមានអ្វីៗដែលជំរុញឲ្យលោកស្រីចេះតែគិត
ទោះជាលោកស្រីព្យាយាមបង្រ្កាបអារម្មណ៍ឲ្យឈប់គិតឈប់ខ្វាយខ្វល់
នៅចំពោះមុខរាល់អំពើណាដែលលោកស្រីយល់ថាខុសឆ្គងរហូតដល់ជួនកាលចង់
ធ្វើខ្លួនឲ្យឥតវិញ្ញាណដូចដុំថ្ម ក៏ពុំបានផលល្អធ្វើឲ្យលោកស្រីរស់នៅក្នុងជីវិត
ដ៏អាក្រក់មួយគឺឈឺចាប់ នឿយណាយ និងអស់សង្ឃឹម។
លោកស្រីមានគំនិតថ្មីដែលសង្ឃឹមថាអាចជួយរំលែកការឈឺចាប់បានខ្លះដោយគិតថា
ជាការឥតប្រយោជន៍សោះដែលទុកអារម្មណ៍ផុសផុលទាំងនេះក្នុងទ្រូងតែម្នាក់ឯង
គួរតែយកវាចេញមកក្រៅប្រើប្រាស់ឲ្យបានជាប្រយោជន៍សង្គម។
លោកស្រីយល់ថា ក្នុងលោកនេះគង់មានអ្នកដែលមានអារម្មណ៍ដូចលោកស្រីមិនលែង។
ប្រាកដណាស់គឺមានខ្ញុំនេះម្នាក់ដែរ ។
ខ្ញុំពេញចិត្ត អត្ថបទនិពន្ធរបស់លោកស្រីទាំងអស់
ព្រោះការត្រិះរិះពិចារណា ការវិភាគ ទស្សនៈយល់ឃើញក៏មិនខុសពីចិត្តខ្ញុំដែរ។
កែវភ្នែករបស់យើងសម្លឹងមើលទៅទិសតែមួយគឺប្រយោជន៍រួម។
អ្វីៗដែលយើងឃើញនិងទើសចិត្តមិនអាចឲ្យយើងរំលង
និងមិនអាចបង្អាក់យើងមិនឲ្យលើកយកមកសរសេរឡើយ៕













មតិយោបល់ថ្មីៗ