ចាប់តាំងពីពេលជួបគ្នានៅបណ្ណាល័យមក យុវបុរសដែននិងយុវតីរំដួលបានចាប់អារម្មណ៍
លើគ្នាទៅវិញទៅមកហើយផ្តើមរាប់អានគ្នា។
អារម្មណ៍និងចំណង់ចំណូលចិត្តដូចគ្នាធ្វើឲ្យគេក្លាយទៅជាមិត្ត។
មិនយូរប៉ុន្មាន អារម្មណ៍អ្នកទាំងពីរបានរអិលបន្តិចម្តងៗដោយមិនដឹងខ្លួនផុតពីព្រំដែន
មិត្តភាពចូលទៅកាន់ព្រំដែនអារម្មណ៍មួយទៀត គឺក្តីស្នេហ៍ដ៏ជ្រាលជ្រៅ។
ប៉ុន្តែស្នេហានេះនឹងអាចសម្រេចបានលុះត្រាតែមិនប៉ះពារទៅលើក្តីសុខអ្នកដទៃ
ដែលអ្នកទាំងពីរចាត់ទុកថាជាអំពើខ្វះគុណធម៌។
តើគេត្រូវលះបង់ស្នេហាដើម្បីគុណធម៌ ឬលះបង់គុណធម៌ដើម្បីស្នេហា?
ម៉្យាងទៀត តើការអានសៀវភៅនិងការសរសេរដែលជាចំណង់ចំណូលចិត្តដូចគ្នា
របស់មិត្តទាំងពីរអាចជួយពួកគេបានដូចម្តេចខ្លះ?
គឺជាប្រវត្តិនៃមិត្តភាពដ៏ល្អត្រចះត្រចង់មួយ។
កកន៖
ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកនិពន្ធ
ស៊ឹម ចាន់យ៉ាដែលបានអ្វើអំណោយសៀវភៅរឿង<មិត្តភាពមួយ>ចំនួន៣០ក្បាលឲ្យខ្ញុំ។
ខ្ញុំដំកល់ទុកសៀវភៅទាំងនេះជាប្រយោជន៍សមាគមអ្នកនិពន្ធខ្មែរនៅបរទេស។
អរគុណចំពោះសន្តានចិត្តដ៏សប្បុរសនេះ៕










សូមគោរពជម្រាបសួរលោកអ៊ំ,
លោកអ៊ំទាំងពីរសុខសប្បាយឬទេ? ក្មួយសុខទុក្ខធម្មតា ក្មួយហើយទើបតែបញ្ចប់ទស្សនកិច្ចស្រាវជ្រាវមួយនៅសុរិន្ទ្រជាមួយអ្នកគ្រូ ប៉ែន សេដ្ឋារិន។
ចំពោះរឿង “មិត្តភាពមួយ” ក្មួយបានអានចប់យូរហើយ ហើយមានសេចក្តីមូហ្មងអ្វីមិនដឹង ដែលខ្ញុំខ្លួនឯងគិតមិនដល់ពីអ្វីដែលអ្នកនិពន្ធគាត់សរសេរ មុនដំបូងគិតថា បែបនេះតែចប់រឿងបែរជាបែបនោះ។ ពិតជាមានទេពកោសល្យមែន គាត់បានទាញទម្លាក់អារម្មណ៍អ្នកអាន មិនចាញ់អ្នកនិពន្ធជំនាន់មុនប៉ុន្មានទេ។
គួរឱ្យអាណិតអ្នកគ្រូក្នុងសាច់រឿងនោះដល់ហើយ បើគាត់ជាមនុស្សម្នាក់ដែលមានពិតនៅក្រៅសាច់រឿងមែន ខ្ញុំចង់ជួបគាត់ចង់ឃើញចិត្តមេត្តា និងការស្រឡាញ់មិត្តភាពដូចគាត់នេះណាស់!
សូមអរគុណចំពោះការចែករំលែករបស់លោកអ៊ំចំពោះសាច់ប្រលោមលោកដ៏ប្រសើរនេះ។
ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់,
ពីក្មួយ ជំនោរ