បណ្ណសារ | 10:32 ល្ងាច

ល្បែងស្នេហ៍ចិត្តឯង-ផ្ទះចិនផ្ទះខ្មែរ ​ដោយ​លឹម ​ចំរើន

6 កុម្ភៈ

ល្បែងស្នេហ៍ចិត្តឯង

(បទកាកគតិ)

១    .   មាត់ខ្ញុំសប្បាយ     ចិត្តខ្ញុំនិងកាយ    ហាក់ស្រពោនស្វិត
            ដូចមេឃស្រឡះ    ប្រែផ្លាស់ងងឹត    ពពកខ្មៅជិត
            ពន្លឺមិនឆ្ងាយ។
២    .   មាត់បន្លប់ចិត្ត    បំភាន់ការពិត    ទ្រាំស៊ីដូចបាយ
            ទំពាទុក្ខព្រួយ    រលួយក្នុងកាយ  ទោះស្អុយមិនឆ្ងាយ
            ចិត្តកាយគ្រាំគ្រា។
៣    .  នាមប្រពន្ធប្តី    គ្រួសារឥតន័យ        ដូចកម្មផ្តន្ទា
            រឹងរូសមានៈ      យកឈ្នះចាញ់គ្នា    កូនចៅវេទនា
            មិនដឹងហេតុផល។
៤    .    ល្បែងស្នេហ៍ចិត្តឯង    ម៉ែឪឥតក្រែង            ពិតព្រួយសោកសល់
            គ្មានលេសអ្វីអាង          កម្មសាងផ្តល់ផល    ទ្រាំលេបកង្វល់
            ដើម្បីបុត្រភ្ងា៕

នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ (ម៉ោងៈ ២១.៣៥ នាទី)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០​ ៧៣០ ០៨៣

ផ្ទះចិនផ្ទះខ្មែរ
(បទកាកគតិ)
    ១.    ផ្ទះចិនផ្ទះខ្មែរ         ខ្ញុំកូនអ្នកស្រែ                       ក្បែរផ្ទះអ្នកមាន
             ចិនគេសម្បូណ៍      ទ្រព្យចូលច្រើនលាន        ស្រូវស្រែរុករាន
             ច្រើនរាប់ហិចតា។
    ២.    ចៅចិនគំនិត               សក់មួយជ្រៀកល្អិត       គិតសព្វក្រឡា
            ទិញចូលលក់ចេញ    ចំណេញអស្ចារ្យ              ចិនគេឧស្សាហ៍
            បញ្ញាជាងខ្ញុំ។
    ៣.   ហេតុអ្វីខ្ញុំក្រ                 ព្រោះខ្ញុំមិនល្អ                    រកតិចចាយធំ
            បងប្អូនខ្ញុំច្រើន            ក្រវើនខ្ជិលផ្តុំ                      ប្រាថ្នាសុខុម
            មិនប្រឹងស្ទុះស្ទា។
    ៤.   មិនសូវស្វះស្វែង        មិនខ្មាស់គេឯង               ចិនផ្ទះជាប់គ្នា
             ខ្ញុំយំគេសើច               សំណើចនិន្ទា                   ដៀលត្មេះពូជធារ
            គ្រួសារឆោតល្ងង់។
    ៥.   ពេលណាខ្ញុំភ្ញាក់?      គ្រួសារឈប់ធ្លាក់            ផុតទុក្ខអន្លុង
            សមុទ្រទឹកភ្នែក          យំយែកជាប់ជុង             ឈប់ធ្វើកុកល្ងង់
            ប្រឹងប្រែងដូចគេ។
    ៦.   ខ្ញុំសូមសច្ចា                 ក្នុងនាមខេមរា                 មិនខុសទៀតទេ
            សាមគ្គីសាមគ្គា           ស្រុះគ្នាឥតរេ                    ឈប់ឲ្យចិនជេរ
            ដៀលពូជខ្ញុំទៀត។    
    នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១២ (ម៉ោងៈ ១៧.៣៥ នាទី)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០​ ៧៣០ ០៨៣

ដើម្បីជាតិ! អូននៅខាងក្រោយ!​ ដោយ​ស្វាយ​ លី​ម៉េង

6 កុម្ភៈ

ស្វាយ លីម៉េងពាក់អាវសនិងមិត្ត (កក្កដា២០១១)

ដើម្បីជាតិ!

បទផ្កាឈូករីក (ពាក្យប្រាំបួន )

ដើម្បីជាតិ កូនប្រណម្យ ក្រាបសិរសី
ដើម្បីជាតិ ក្បាលដល់ដី លាពុកម៉ែ
ដើម្បីជាតិ មីងពូអ៊ំ ក្មូយខានក្បែរ
ដើម្បីជាតិ ជួយមើលថែ ពុកម៉ែផង។
ដើម្បីជាតិ មិត្តទាំងឡាយ គ្នាលាហើយ
ដើម្បីជាតិ កុំកន្តើយ នាំសៅហ្មង
ដើម្បីជាតិ យើងមិនត្រូវ មើលរំលង
ដើម្បីជាតិ ឱកាសម្តង មួយជីវិត ។

ដើម្បីជាតិ  ស្ម័គ្រទាហាន ចិត្តប្តេជ្ញា
ដើម្បីជាតិ ស្ម័គ្ររក្សា គ្មានភ័យភិត
ដើម្បីជាតិ  ស្ម័គ្រលត់ដំ ដោយខំខិត
ដើម្បីជាតិ  ស្ម័គ្រស៊ូពិត មិនរអា។

ដើម្បីជាតិ  ទោះឃ្លាតកាយ ពីពុកម៉ែ
ដើម្បីជាតិ  ទោះខានស្នេហ៍ គូសង្សារ
ដើម្បីជាតិ  លោកទាំងពីរ កុំសង្កា
ដើម្បីជាតិ  ថ្លៃជីវ៉ា អូនប្រណី ។
ដើម្បីជាតិ  និងប្រជា រឹតបានសុខ
ដើម្បីជាតិ  កាយសម្រុក កុំក្រែងអ្វី
ដើម្បីជាតិ  កំទេចខ្មាំង ចិត្តអប្រិយ
ដើម្បីជាតិ  មានសិរី សុខទ្វេទៀត៕

           

អូននៅខាងក្រោយ!

បទផ្កាឈូករីក (ពាក្យប្រាំពីរ)

ដោយ​ស្វាយ​ លី​ម៉េង

អូននៅមើលផ្ទះបីបមកូន     

 អូនមិនខ្ចីត្អូញមិនវាចា

អូនរែកអូនពុនក្នុងគ្រួសារ 

អូនថែមាតាបិតាក្មេក។

អូនឃ្លាតពីបងខានរួមសុខ  

អូនមិនក្តួលក្តុកចេញសម្លេង

អូនឈឺផ្សារមែនមិនសង្រេង  

 អូនមិនវង្វេងក្នុងទុក្ខា។

អូនដាំដំណាំផ្សាំដើមឈើ 

 អូនកាប់រុះរើរុករានឆ្ការ

អូនស្រោចដាក់ជីឲ្យវាផ្កា 

 អូនបេះផល្លាផ្ញើជូនបង។

អូនតែងប្រណម្យផ្គុំហត្ថា

អូនសូត្រធម៌អាថ៌ឧទ្ទិសផង

អូនតែងបន់ស្រន់ឲ្យស្នេហ៍ស្នង  

អូននឹកប្រុសបងប្តីសម្លាញ់។

អូនជូនកូនយើងទៅសាលា  

អូនចង់ប្រាប់ថាវាគួរក្នាញ់

អូនតែងប្រាប់វាកុំចុះចាញ់ 

 អូនកូនស្រឡាញ់ងារប្រុសថ្លៃ ។

អូនមានស្វាមីជាទាហាន 

អូនមានប្តីហ៊ានពេញតម្លៃ

អូនមានប្រុសបងមិនខ្លាចក្ស័យ

អូនមិនសំចៃកម្លាំងទេ។

អូនចង់ប្រាប់បងតាមអក្ខរា  

អូនមិនរអានិងរួញរេ

អូននៅខាងក្រោយជួយគ្រប់ពេល

 អូនសូមបំពេរបទមានជ័យ៕

រក្សាសិទ្ធិ

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers