បណ្ណសារ | 4:58 ល្ងាច

ឋានចម្លែក​ ដោយ​លោកស្រីស៊ឹម ចាន់យ៉ា

7 កុម្ភៈ

ដកស្រង់ចេញពីសៀវភៅកំណាព្យនិងចម្រៀង​​

<ឱផ្កាពណ៌ស្វាយ>

ដែលជាការផ្សាយរបស់អ្នកនិពន្ធ

រក្សាសិទ្ធិ

ថតថ្ងៃ៥កុម្ភៈ២០១២ក្នុងសួនខាងមុខផ្ទះខ្ញុំ(រូបថត ប៉ិច សង្វាវ៉ាន)

ព្រិលអើយអ្នកសល្អដូចពេជ្រ

ព្រះឥន្រ្ទឥតភ្លេចបាចសព្វឋាន

លើដីលើមែកផ្ទះថ្នល់ឡាន

ឃើញហើយហាក់បានដល់ឋានថ្មី។

គឺឋានពណ៌សល្អចម្លែក

ហាក់ដូចជាមេឃធ្លាក់ដល់ដី

ហាក់ដូចសមុទ្រម្សៅសំឡី

គ្របលើផែនដីឲ្យប្រែប្លែក៕

លោកស្រីស៊ឹម ចាន់យ៉ាសរសេរកំណាព្យនេះនៅ

ស្ថានីយ៍រថភ្លើងណង់ស៊ី (Nancyប្រទេសបារាំង)១៦/១២/៩៩

សួនច្បារខាងមុខផ្ទះខ្ញុំថ្ងៃ៥កុម្ភៈ២០១២( រូបថត៖ប៉ិច សង្វាវ៉ាន)

សួនច្បារខាងមុខផ្ទះខ្ញុំគ្របដណ្តប់ដោយព្រិលនៅថ្ងៃ៥កុម្ភៈ២០១២ (រូបថត៖ប៉ិច សង្វាវ៉ាន)

កកន៖

រូបថតពីរសន្លឹកនេះឥតទាក់ទងនឹងពេលនិងទីកន្លែងដែលកវីសរសេរកំណាព្យនេះទេ។​

ខ្ញុំគ្រាន់តែយករូបពីរសន្លឹកនេះមកលំអទំព័រកំណាព្យនេះតែប៉ុណ្ណោះ។ 

ថ្ងៃ៥កុម្ភៈជាថ្ងៃទី១ដែលព្រិលចាប់ធ្លាក់មកគ្របដណ្តប់ក្រុងខ្ញុំក្នុងរដូវរងាឆ្នាំ២០១២នេះ។

គួរអានរឿងទិវារាត្រី និពន្ធដោយ​សុខ ធូ

7 កុម្ភៈ

ចំណាប់​អារម្មណ៍

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ក្នុង​រយៈ​ពេល​ដែល​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស

ធ្វើសហការណ៍​ជា​មួយ​សមាគមអក្សរសិល្ប៍​នូហាច​ដើម្បី​ទ្រទ្រង់​លើក​ដំកើង​

អក្សរសាស្ត្រ​ជាតិ​យើង​ ខ្ញុំ​មានឱកាស​អាន​រឿង​ខ្លី​ជា​ច្រើន​ ។ ក្នុង​ចំណោម​រឿង​ខ្លី​ៗ​

ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​អាន​ ខ្ញុំ​ចូល​ចិត្ត​និង​សរសើរ ​រឿង​ដែលនិពន្ធ​ដោយ​លោក​សុខ ធូ

ដូច​ជា​រឿង «​ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​ – ​មួយជីវិត​នេះ​ – ​រាត្រី​រនោច​ និង​រឿង​ «​ចង់​ឡើង​ធ្វើ​ធំ​» ​(រង្វាន់

អក្សរសិល្ប៍​នៃសមាគម​អក្សរសិល្ប៍​នូ​ហាច​ចំណាត់​ថ្នាក់​លេខ​១​នៅ​ឆ្នាំ​២០១០​)​។ ​រឿងដ៏

មានខ្លឹម​សារទាំងនេះឆ្លុះ​បញ្ចាំងពី​តថភាពសង្គម​ និង​បញ្ជា្របការ​អប់​រំ​។

លោក​សុខ​ធូ​ទើបតែបានផ្សាយរឿង​«​ទិវា​រាត្រី» ដែល​ជា​ប្រលោមលោក​ខ្នាត​វែង​ជា

លើក​ដំបូង​ ។ រឿង«ទិវារាត្រី» លាតត្រដាង​បង្ហាញ​អំពី​សេចក្តី​ស្នេហា​រវាង​និស្សិតពីររូប គឺ​​

កញ្ញាទិវា​និង​កំលោះរាត្រី។​យុវតីនិងយុវជននេះមាន​ថានៈ​ខុស​គ្នា​។ អ្នកទាំងពីររៀននៅ

សាកល​វិទ្យាល័យ​ភ្នំពេញ​។

សេចក្តី​ស្នេហា​នេះ​បានផ្តើម​លេច​ពន្លក​ឡើងពេញថ្នាលបេះដូង​ដោយ​សារ​តែ​ជម្លោះ។

ជម្លោះដែល​ផ្ទុះឡើង ព្រោះ​តែការ​យល់​ច្រឡំ​។​ ប៉ុន្តែ​ ជម្លោះនេះ​លាយ​ឡំ​ដោយ​សេចក្តី​

មេត្តាហើយ​​បាន​កប់​យ៉ាង​ជ្រៅ​ក្នុង​ជម្រៅ​បេះដូង​នាង​ទិវា​។

ទំនាស់​ធំ​មួយ​ទៀត គឺ​ជម្លោះ​ពី​អតីតកាល​របស់​អ្នក​មាន​គុណ​ទាំង​សង​ខាង​។​ រងើក​ភ្លើង​ចាស់​

នេះ​ចាប់​បង្កាត់​ជា​ថ្មីហើយ​ក្លាយ​ទៅជា​ឧបសគ្គ​ថ្មី​មួយជាន់​ទៀតឆាបឆួល​សេចក្តី​ស្នេហា​របស់​

កំលោះ​ក្រមុំមួយ​គូ​នេះ​។ សូមអញ្ជើញតាមដាននិងសូម​ក្រេប​រស​ជាតិ​ទឹក​ដៃ​ថ្មីនៃអ្នកនិពន្ធ

សុខ​ ធូ​ក្នុងរឿងទិវារាត្រី

និពន្ធដោយសុខ ធូចេញផ្សាយដោយ ចង្រ្កាន

សូមទាក់ទងលោក​សុខ ធូ

​០១៥ ៧៣ ៧៨ ៧៩

thoucampos@yahoo.com

រូបថត៖ សុខ ធូ

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers