រក្សាសិទ្ធិ
នៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅហួតហែងក្នុងរដូវប្រាំង ស្ត្រីម្នាក់ដែលមានផ្ទៃពោះជិត
គ្រប់ខែទៅហើយនោះ កំពុងតែទូលលៀសដើរលក់តាមភូមិត្រុកៗ ជាមួយ
ក្មេងម្នាក់មានអាយុប្រមាណជា១០ឆ្នាំ នោះគឺរូបខ្ញុំនិងម្ដាយខ្ញុំ ដែលខណៈនោះគាត់កំពុងតែស្រែពពាយនាយរកអ្នកទិញដោយអាការៈហេវហត់ស្ទើរសោះខ្យល់
រកកលដួលម្ដងៗ។ ម្ដាយខ្ញុំគាត់ខំប្រឹងទប់ស្មារតីឲ្យរឹងមាំ គាត់ខំបោះជំហានទៅ
មុខមួយៗ ប្រៀបដូចជាសត្វខ្យងសោកដែលខំអូសស្នូកកាត់រដូវប្រាំងដ៏សែនក្ដៅ
ហួតហែងមិនខុស…..សំនៀងពពាយនាយរបស់ម្ដាយខ្ញុំ ឮសូរល្វើយៗគួរឲ្យអាណិត
ពេកក្រៃ ដើរកើតក្នុងភូមិគ្រប់ច្រកល្ហក ក្នុងសង្កាត់ទន្លេបាសាក់ ដែលសភាព
បែបនេះគឺជាប្រក្រតីរបស់ម្ដាយខ្ញុំទៅហើយ។ រីឯខែភ្លៀងម្ដាយខ្ញុំ ប្ដូរមុខរបរដើរលក់
បន្លែតាមផ្ទះវិញម្ដង ឆ្លាស់វេនគ្នាតាមរដូវ។ រីឯភាពក្រីក្រលំបាកវេទនានៅតែតាម
ជាប់នឹងគ្រួសាររបស់ខ្ញុំជានិច្ច ដែលម្ដាយខ្ញុំផ្ទាល់គឺជាអ្នកទទួលនូវអម្រែកគ្រួសារ
នេះធ្ងន់ខ្លាំងជាងគេ។ ឮគ្រួសារខ្ញុំគឺជាជនដែលបានជម្លៀសមកពីតំបន់ជាយ
ដែនក្នុងខែត្រព្រះវិហារ ដែលពេលនោះប្រទេសកម្ពុជា កំពុងមានវិបត្តិដោយសារ
សង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯង ហើយសព្វថ្ងៃនេះ គ្រួសារខ្ញុំបានមករស់នៅតាម
ដងទន្លេក្នុងសង្កាត់ ទន្លេបាសាក់។ គ្រួសារខ្ញុំមានសមាជិកទាំងអស់ចំនួន បួននាក់
គឺឪពុកម្ដាយរបស់ខ្ញុំ និងបងស្រីខ្ញុំអាយុ១៦ឆ្នាំ។
ឪពុករបស់ខ្ញុំ គឺជាជនពិការភ្នែកទាំងសងខាង ដោយសារតែគាត់ជាទាហាន
ក្នុងសម័យរដ្ឋកម្ពុជា ពេលនោះគាត់ត្រូវអំបែងគ្រាប់បែកខ្ទាតចូលភ្នែក ពិការ
រហូតមក។ សង្គ្រាមបានបំផ្លាញកែវភ្នែកឪពុករបស់ខ្ញុំ ក៏ដូចជាបំផ្លាញនូវមេ
គ្រួសារដែលជាទីពំនាក់របស់ប្រពន្ធកូន ធ្វើឲ្យពួកយើងរស់នៅយ៉ាងលំបាក
វេទនាជាទីបំផុត ហើយអន្លូងទារុណកម្មនេះត្រូវធ្លាក់មកលើម្ដាយខ្ញុំដែលមាននាម
ជាភរិយាយុទ្ធជនពលីក្នុងសមរភូមិបង្ហូរឈាមខ្មែរគ្នាឯង។ ឪពុករបស់ខ្ញុំមានជំងឺ
រលាកក្រពះធ្ងន់ខ្លាំង ដែលជាហេតុធ្វើឲ្យគាត់ចេះតែ មួម៉ៅក្នុងចិត្តជាប្រចាំ
ព្រោះតែគាត់ពិបាកក្នុងខ្លួន។ ថ្ងៃនេះទម្រាំលក់លៀសអស់ ម៉ោងជាង៥ល្ងាចទៅ
ហើយ។ មកដល់ផ្ទះ ម្ដាយខ្ញុំ និងខ្ញុំប្រញាប់ប្រញាល់ចាក់អង្ករចេញពីថង់ចូលឆ្នាំង
ដាក់ដាំបាយ។ ពេលបងស្រីត្រឡប់មកពីសាលារៀនវិញ គាត់ក៏រៀបចំរៀបបាយ
ទឹកហូបជុំគ្នា។ ម្ហូបដ៏ពិសេសប្រចាំត្រកូលនៃគ្រួសារខ្ញុំគឺ ប្រហុកចំហុយ។
សភាពនៃជំងឺរបស់ឪពុកខ្ញុំកាន់តែធ្ងន់ខ្លាំងឡើង ណាពិបាកចិត្តរឿងជីវភាព
ចំណីគ្មានវីតាមីន…សង្គម និងមជ្ឈដ្ឋានខាងក្រៅពេលគេជួបសុខ មានសន្តិភាព
គេបំភ្លេចយុទ្ធជនដែលធ្លាប់បានបូជាសាច់ឈាមជូនផែនដី ឥតមានស្ដាយ
ស្រណោះបន្តិចណាសោះ។ ពួកយើងនាំគ្នាទទួលទានអាហារទាំងស្ងប់ស្ងាត់។
ម្ដាយខ្ញុំលេបបាយទាំងទឹកភ្នែក ព្រោះអាណិតប្ដី និងកូនៗដែលត្រូវមកទទួលរងនូវទណ្ឌកម្មលោកីយ៍នេះយ៉ាងពេញទំហឹង។ ពេលបាយរួច ខ្ញុំដឹកដៃពុកទៅគ្រែសម្រាន្ត។
ពុកសម្រាន្តយកដៃគងថ្ងាស សម្លឹងគិតទៅឆ្ងាយតាមមាត់បង្អួច កែវភ្នែកពោរ
ពេញទៅដោយក្ដីទុកព្រួយមួយសែនជំពូក។ បងស្រីខ្ញុំលាងចានបណ្ដើរ និយាយ
មកកាន់ម្ដាយខ្ញុំបណ្ដើរ។
– ម៉ែ! ខ្ញុំអាណិតពុកម៉ែខ្លាំងណាស់! ខ្ញុំគិតសុំម៉ែឈប់រៀន ចង់មករកស៊ីលក់ដូរ
ជួយសម្រាលការលំបាករបស់ម៉ែបានខ្លះ!
ម្ដាយរបស់ខ្ញុំបើកភ្នែកធំៗ។
– ថាម៉េច! ឯងចង់ឈប់រៀន? ឯងចង់ល្ងង់ខ្លៅណាស់មែនទេ? ហ៊ឹះ! ល្ងង់ខ្លៅដែល
ត្រូវគេមើលងាយ! ល្ងង់ខ្លៅដែលត្រូវមកលំបាកវេទនាដូចជាម៉ែនេះឬ? តើឯងឈប់
រៀនឯងសម្លាប់ម៉ែទៅ? ព្រោះយើងលំបាកសព្វថ្ងៃ ក៏ព្រោះតែសេចក្ដីល្ងង់ខ្លៅ
រៀនមិនបានឆ្ងាយនោះហើយ។
បងស្រីខ្ញុំព្យាយាមនិយាយសម្រួលចិត្តម្ដាយខ្ញុំ។
– ម៉ែ! រវាងចំណេះវិជ្ជា និងភាពល្ងង់ខ្លៅ គ្មាននរណាម្នាក់ជ្រើសរើសភាពល្ងង់ខ្លៅ
នោះទេ ក៏ប៉ុន្តែបើវាដល់ដំណាក់កាលមួយហើយនោះ នោះគឺជាពេលវេលាដែល
ត្រូវបង្ខំចិត្តជ្រើសរើសយកភាពល្ងង់ខ្លៅដើម្បីជីវភាពគ្រួសារដែរ! ម៉ែក៏ជិតគ្រប់
ខែឆ្លងទន្លេទៀត។ តើគ្រួសារយើងត្រូវធ្វើយ៉ាងណាទើបប្រសើរ?
ម្ដាយរបស់ខ្ញុំគក់ទ្រូងយំ។
– សូមឯងយល់ពីចិត្តរបស់ម៉ែឲ្យជ្រៅជាងនេះទៀត! ឯងកុំព្រួយ អ្វីដែលម៉ែតស៊ូរាល់
ថ្ងៃនេះ គឺដើម្បីពួកឯងបានរៀនសូត្រមានអនាគតល្អ…..ម៉ែឆ្លងទន្លេបានមួយអាទិត្យ
ម៉ែអាចចេញរកស៊ីដូចដើម។
– ម៉ែមិនខ្លាចទាស់សរសៃទេឬ?
ម៉ែខ្ញុំញញឹមស្ងួត រួចយកខ្នងដៃជូតទឹកភ្នែក។
– ជីវិតម៉ែទម្លាប់នឹងសភាពបែបនេះហើយ! តាំងពីពុកឯងពិការថ្មីៗ ណាកូនខ្ចីត្រូវ
មើលថែ ណាថែប្ដី តែម៉ែនៅទ្រាំបានក្រោកឈរឡើង រកប្រាក់ចិញ្ចឹមគ្រួសារបាន
គង់វង្សជីវិតរហូតដល់សព្វថ្ងៃនេះ បានយល់នូវស្រុកសុខសប្បាយ តែគ្រួសារយើង
បែរជាអភ័ព្វទៅវិញ?
បងស្រីរបស់ខ្ញុំ ក៏យំតាមម្ដាយរបស់ខ្ញុំ រីឯរូបខ្ញុំក៏អួលដើមក
ទៅតាមអត្ថន័យ នៃជីវិតរបស់ម្ដាយខ្ញុំផងដែរ។ ថ្ងៃយប់ ផ្លាស់វេនគ្នាមិនដាច់
បង្កើតជាវដ្តសង្សារ មហាខ្លោចផ្សា មហាស្រណោះ។ ពេលវេលាកន្លងទៅឥតមាន
បន្សល់ទុកនូវស្លាកស្នាមអ្វីទេ តែពេលវេលាបានខាំទំពារនូវអាយុជីវិតរបស់មនុស្ស
ឲ្យកាន់តែខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។
យប់នេះគឺជាគម្រប់ពេលដែលម៉ែរបស់ខ្ញុំត្រូវឆ្លងទន្លេហើយ។ អ៊ំប្រុសម្នាក់ដែល
ជាអ្នករត់ស៊ីក្លូ មានទីលំនៅក្បែរផ្ទះខ្ញុំ បានស្ម័គ្រចិត្តជួយដឹកម្ដាយខ្ញុំ បងស្រីខ្ញុំ និងរូប
ខ្ញុំឆ្ពោះទៅមន្ទីរពេទ្យ។ ថ្មើរនេះម៉ោងប្រមាណជា ៩យប់ មេឃរកកលភ្លៀង ខ្យល់
បកមកវូៗ រងាឆ្អឹងខ្នង។ បន្តិចមកស៊ីក្លូក៏បានមកដល់មន្ទីរពេទ្យមួយ។ ម្ដាយខ្ញុំធ្លាក់
ឈាមច្រើនណាស់។ ខ្ញុំ និងបងស្រីនាំគ្នាគ្រាហ៍គាត់ដើរសំដៅទៅរកកន្លែងសម្ភព។
ពេលទៅដល់ពីមុខបន្ទប់សម្ភព ខ្ញុំបានទៅអង្វរអ្នកគ្រូពេទ្យម្នាក់ដែលទើបតែចេញ
មកពីខាងក្នុង។
– អ្នកគ្រូពេទ្យ ជួយម៉ែខ្ញុំផង! ម៉ែខ្ញុំធ្លាក់ឈាមច្រើនណាស់! ជិតកើតឥឡូវហើយ!
ជួយម៉ែខ្ញុំផង!
អ្នកគ្រូពេទ្យងាកសម្លឹងមុខខ្ញុំ រួចសម្លឹងហួសទៅរកម្ដាយខ្ញុំ ដែលកំពុងអង្គុយលើ
កៅអីឈាមជោកសំពត់ ដែលបងស្រីរបស់ខ្ញុំកំពុងអង្គុយទប់គាត់។ យល់នូវរូប
រាងមុខមាត់ សំលៀកបំពាក់របស់ម្ដាយខ្ញុំ អ្នកគ្រូពេទ្យអាចវាស់ស្មានបានថា
ម៉ែខ្ញុំជាអ្នកក្រ រហាមមិនខាន ទើបគាត់ងាកមកសួរខ្ញុំ៖
– ឯងមានលុយទេ?»
– អត់មានទេ!
អ្នកគ្រូពេទ្យគ្រវីក្បាលរួចប្រញាប់ចាកចេញទៅ។ បងស្រីខ្ញុំ និងខ្ញុំបានរត់ទៅអង្វរ
អ្នកគ្រូពេទ្យជាច្រើនដង តែគាត់នៅតែមិនព្រមដដែល បងស្រីរបស់ខ្ញុំបានលុតជង្គង់ចុះ
លើកដៃសំពះបាតជើងអ្នកគ្រូពេទ្យទាំងដៃញ័រទទ្រើក ក្បាលបងស្រីខ្ញុំពោបលើជើងអ្នកគ្រូពេទ្យ។។
សក់បងស្រីខ្ញុំឡើងកន្ទ្រើង គាត់ងើបមុខឡើងរួចវាចាអង្វរអ្នកគ្រូពេទ្យជាថ្មីទាំងទឹកភ្នែករហាម។
– សូមអ្នកគ្រូពេទ្យជួយម៉ែខ្ញុំផង! ម៉ែខ្ញុំទ្រាំមិនបានទេ ណាអ្នកគ្រូពេទ្យណា! ម៉ែខ្ញុំស្លាប់ឥឡូវហើយ! ឱ! អ្នកគ្រូពេទ្យ!
ខ្ញុំក៏លត់ជង្គង់ជិតបងស្រីខ្ញុំដែរ ប៉ុន្តែអ្នកគ្រូពេទ្យគេចចេញធ្វើហី ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។ បងស្រី និងខ្ញុំរត់មកយំឱបម៉ែដោយរន្ធត់ចិត្ត។
បងប្អូនដែលជាសាច់ញាតិគ្រួសារអ្នកឆ្លងទន្លេដទៃនៅទីនោះដែរ បានចោលក្រសែភ្នែកអាណិតអាសូរចំពោះគ្រួសាររបស់ខ្ញុំគ្រប់គ្នា។ អ៊ំស្រីចំណាស់ម្នាក់បានផ្ដើមគំនិតរៃលុយគ្នាបន្តិចបន្តួចមកឲ្យបងស្រីខ្ញុំ។ បងស្រីខ្ញុំលើកដៃទទួលប្រាក់ទាំងញ័រទទ្រើក តែប្រាក់នេះចំនួនខ្ទង់មិនអាចគ្រប់ការសម្រាលកូននៅទីនេះបានឡើយ។
ទីបំផុត អ៊ំស៊ីក្លូក៏សម្រេចចិត្តដឹកម្ដាយរបស់ខ្ញុំត្រលប់មកផ្ទះវិញ តែ ម៉ែរបស់ខ្ញុំត្រូវដាច់ខ្យល់ទាំងពាក់កណ្ដាលផ្លូវ។ បងប្អូនខ្ញុំមានការរន្ធត់ចិត្តយ៉ាងខ្លាំង ម្ដាយខ្ញុំស្លាប់ព្រោះតែលោកប្រាក់ដែលមនុស្សពេញមួយផែនដីបានបូជាវាជាងអ្វីៗទាំងអស់! ស្លាប់ព្រោះតែមនុស្សចិត្តខ្មៅ គ្មានបេះដូង គ្មានធម៌មេត្តា ខ្វះការថ្លឹងថ្លែង ខ្វះមេត្តាធម៌ ឧបមាថាបើរឿងនេះមកជួបលើបងប្អូនអ្នក ម្ដាយអ្នក ឬក៏ញាតិមិត្តអ្នក តើអ្នករន្ធត់ចិត្តឬទេ? ពេលនេះម្ដាយរបស់ខ្ញុំអស់បាននៅឃើញពិភពលោកដ៏ខ្មៅកខ្វក់នេះទៀតហើយ ។មច្ចុរាជបានដង្ហែព្រលឹងម្ដាយរបស់ខ្ញុំទៅជាមួយនឹងកូនក្នុងផ្ទៃ គួរឲ្យអនិច្ចាយ៉ាងពន់ប្រមាណ។
ពុកខ្ញុំ បងស្រី ខ្ញុំ រួមទាំងអ្នកភូមិផងរបងជាមួយ បានរៀបចំចាត់ចែង ធ្វើបុណ្យសពរបស់ម្ដាយខ្ញុំ ទៅតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណ។ ថ្ងៃបូជាម្ដាយខ្ញុំ ពុកខ្ញុំនិយាយជាចុងក្រោយ មុនពេលដែលខ្ញុំឆួលភ្លើងរំលាយសពម្ដាយខ្ញុំ។
– ម៉ែវា! កន្លងមកឯងលំបាកវេទនាណាស់! ខ្ញុំជាប្ដីដែលគ្មានសមត្ថភាពមើលថែ ពួកឯងឲ្យបានល្អ…..ដោយសារតែខ្ញុំពិការ! ក្ដីវេទនា ដែលឯងខំតស៊ូកន្លងមក គឺបូជាចំពោះជាតិ
ដ៏ឥតន័យនេះ។ គេមានសន្តិភាព គេសោយសុខ ហើយឯងត្រូវស្លាប់លើគំនរសុខរបស់ពួកនាយ
ទុនទាំងនោះ…..លទ្ធផលនេះអយុត្តិធម៌ណាស់សម្រាប់គ្រួសារយើង ជាពិសេសគឺឯង! សូមព្រលឹងឯងទៅកាន់សុគតិភពចុះ! កុំយល់ស្ថានមនុស្ស ថ្លើមខ្មៅទៀតឲ្យសោះ។
បងស្រីរបស់ខ្ញុំ យំសោកបោកខ្លួនដូចសត្វអកព្រាត់គូ ព្រោះស្រណោះម្ដាយស្លាប់ស្រស់ៗ នៅលើ
រង្វង់ដៃទាំងទ្វេ គួរឲ្យអនិច្ចាចិត្ត។
ពីថ្ងៃនេះទៅ ខ្ញុំគ្មានអ្វីជាទីពឹងទៀតទេ។ តើជីវិតកូនកំព្រាម្ដាយ ឪពុកពិការដូចជារូបខ្ញុំ
ត្រូវបន្តជីវិតរបស់បានដោយរបៀបណា? ហើយត្រូវចាប់ផ្ដើមចេញពីត្រង់ណា ចំណុចណាទៅមុន
ទើបប្រសើរ? បើសង្គមនេះងាកទៅខាងណាក៏គេ ស្រាស់សុទ្ធបន្លាស្រួចច្រូងច្រាង ចូលទៅមិនបាន
យ៉ាងនេះនោះ!
ឱ! អនាគតចំណេះវិជ្ជា ដែលម្ដាយធ្លាប់រំពឹងនឹកគិតចង់បាននោះ កាលៈទេសៈនេះពិតជាមិនអាច
ធ្វើទៅបានទេ ព្រោះកើតជាមនុស្ស ត្រូវការមុនគេគឺចំណីអាហារ បើទោះជាតស៊ូរៀនមួយលានដង ក៏មិនអាចយកឈ្នះជាមួយនឹងការស្រេកឃ្លានរបស់ក្រពះបានដែរ។ ដូច្នេះមធ្យោបាយដែលល្អ ឬផ្លូវដែលត្រូវរស់គឺមានតែឈប់រៀន ជាស្វ័យប្រវត្តិ។ កាតាបដែលម៉ែខំសន្សំលុយទិញឲ្យស្ពាយទៅរៀន ពេលនេះលែងបានស្ពាយទៀតហើយត្រូវស្ពាយការុងសជំនួសវិញម្ដង…..ពីរនាក់បងប្អូនត្រូវបង្ខំចិត្ត
លើកដៃលាចាកដំបូលសាលា ដើរផ្សងវាសនារើសអេតចាយយកទៅលក់បានប្រាក់ទិញអង្ករដាំបាយ
ចិញ្ចឹមឪពុក ដែលសង្គមគេបោះបង់ចោលមិនខ្ចីនឹកនា។
ក្រសែភ្នែកនៃជនទូទៅហាក់ដូចជាមើលមកពួកខ្ញុំ ក្នុងផ្លូវមនល្អជានិច្ច ព្រោះតែរូបរាងរបស់ខ្ញុំ ក៏ដូចជា
បងស្រីខ្ញុំ ឬកុមារឯទៀតដែលមានជីវិតដូចខ្ញុំ គឺមានសំលៀកបំពាក់មិនសមភ្នែកមើល មុខមាត់ប្រឡាក់ស្រមកគួរឲ្យខ្ពើមរអើម មិនចង់ចូលជិតដែលគេតែងហៅថា ក្មេងអនាថាគ្មានម៉ែ ឪ
ប្រដែប្រដៅ។ ម្ដាយខ្ញុំថ្វីត្បិតតែក្រ ក៏ប៉ុន្តែគាត់ស្អប់ពាក្យតិះដៀលអសុរសទាំងនេះណាស់។ ដូច្នេះហើយទើបគាត់ខំតស៊ូឲ្យកូនបានរៀនសូត្រ មិនចងឲ្យកូនល្ងង់ខ្លៅ ដើរចូលជាមួយក្មេងមិនល្អ
នាំស្អុយឈ្មោះ។ ប៉ុន្តែពេលនេះខ្ញុំនិងបងស្រីបានដើរដល់ចំណុចនេះយ៉ាងច្បាស់ក្រឡែតហើយនៅ
នែបនិត្យយ៉ាងស្និទ្ធស្នាលជាមួយក្មេងរើសអេតចាយដូចគ្នាជាច្រើន។
ថ្ងៃមួយបងស្រីខ្ញុំ និងខ្ញុំ បានដើររើសអេតចាយដល់ម្ដុំពេទ្យអង្គឌួង។ នៅលើចិញ្ចើមផ្លូវទល់មុខក្លោង
ទ្វារមន្ទីរពេទ្យ ខ្ញុំឃើញមនុស្សប្រាំនាក់ ឬប្រាំមួយនាក់កំពុងអង្គុយទាំងទឹកមុខស្លេកស្លាំង។
ខ្ញុំបានដើរចូលទៅសួរពួកគេ។
– បង! ខ្ញុំសុំចូលទៅរើសអេតចាយ ខាងក្នុងពេទ្យបានទេ?
បងប្រុសម្នាក់ឆ្លើយឡើង៖
-បងមិនដឹងទេ! ព្រោះមកជាអ្នកមកលក់ឈាម ឯងចង់ដឹងទៅសួរសន្តិសុខទៅ។
ខ្ញុំភ្ញាក់ព្រើតនូវចម្លើយរបស់គាត់។
– ថាម៉េចបង មានគេទិញឈាមដែរ?
– ហើយឯងមិនដឹងទេអី? ឯងនៅក្មេងណាស់ កុំចង់ដឹងអី!
ខ្ញុំគ្មានពាក្យអ្វីសម្រាប់និយាយតទៅទៀតទេ បងស្រីខ្ញុំដែលកំពុងឈរស្ដាប់ដែរនោះ ក៏ប្រញាប់អូសដៃខ្ញុំចាកចេញពីទីនោះ។
កន្លងប្រហែលជារយៈពេលមួយសប្ដាហ៍ក្រោយមក ម៉ោងប្រមាណជា ១១ថ្ងៃត្រង់ បងស្រីខ្ញុំត្រឡប់
មកផ្ទះភ្លាម ស្រាប់តែគាត់ងងឹតមុខរកកលដួល ខ្ញុំបានទជួយទប់គាត់ទាន់ពេល ខ្ញុំក្រឡេកឃើញលុយនៅនឹងដៃបងស្រីខ្ញុំ ច្រើនដែលខ្ញុំមិនធ្លាប់ឃើញពីមុន ខ្ញុំក៏ប្រញាប់សួរ៖
– បងឯងបានលុយមកពីណាច្រើនម្ល៉េះ? បងឯងលួចគេទេដឹង?
– អត់ទេ គឺបងរើសបាន។
– ខ្ញុំមិនជឿទេ! មើលទៅបងឯងស្លេកស្លាំងណាស់! ប្រហែលជាគេដេញចាប់ហើយបានជាភ័យម្ល៉េះ!
– អត់ទេ! ឥឡូវបងប្រាប់ឯង តែឯងលាក់កុំឲ្យពុកដឹងណា គឺបងលក់ឈាម! គ្រូពេទ្យគេមិនព្រមយក
ឈាមបងទេ ព្រោះបងនៅក្មេងពេក ប៉ុន្តែបងបានសំពះលន់តួអង្វរ រហូតគាត់យល់ព្រម។ ឯងកុំប្រាប់
ពុកឲ្យសោះណា! កុំឲ្យពុកពិបាកចិត្ត។
ប៉ុន្តែជាការឥតប្រយោជន៍ ខ្ញុំចោលភ្នែកមើលទៅឃើញពុក គាត់កំពុងឈរស្ដាប់បងប្អូនយើងសន្ទនាគ្នា មិនដឹងជាតាំងពីថ្មើរណា។។ ពុកដើរចេញទៅក្រៅវិញ ទាំងរាវពពើម ហើយខ្ញុំឃើញគាត់យកដៃជូតទឹកភ្នែក
ខ្លួនឯង ដែលធ្វើឲ្យខ្ញុំរឹតតែក្ដុកក្ដួលចិត្តទ្វេឡើង ជាពិសេសចំពោះពលីកម្មផ្ទាល់របស់បងស្រីខ្ញុំ។
ហេតុផលដែលបងស្រីខ្ញុំដាច់ចិត្តទៅលក់ឈាមនោះ ព្រោះតែគ្មានអង្ករមួយគ្រាប់ ប្រហុកក៏អស់ ហើយថ្នាំខ្មែរដែលពុកពិសារាល់ថ្ងៃក៏អស់ បើរំពឹងទៅលើមុខរបររើសអេតចាយ ដែលមួយថ្ងៃរកបានតែ
១០០០រៀល ទៅ ២០០០រៀល គឺប្រាកដជាមិនអាចគ្រប់គ្រាន់ហូបចុកឡើយ។ ជាពិសេសបើមិនបាន
ទិញថ្នាំឲ្យពុកពិសាទេ ជំងឺរបស់គាត់ច្បាស់ជារួមរឹតតែខ្លាំង ព្រោះសព្វថ្ងៃគាត់បានធូរស្រាលក៏ព្រោះ
តែថ្នាំខ្មែរនោះដែរ។
មួយថ្ងៃៗពួកខ្ញុំដើរកាយសំរាម តាមផ្សារ តាមសំយាបផ្ទះ សាលារៀន ចិញ្ចើមថ្នល់ ឲ្យតត្រុក បើកាយទៅប្រទះឃើញបាយម្ហូបចំណីនៅល្អគ្រាន់បើ ពួកយើងយកមកហូបភ្លាម ដោយមិនគិតច្រើន
ឡើយ ហើយពេលខ្លះពួកយើងកើតរោគ ក្អួត និងរាគរូសផងដែរដោយសារចំណីខ្វះអនាម័យទាំងនោះ។
ទោះបីជាពួកខ្ញុំ ខំរើសអេតចាយយកលុយមកទិញអង្ករទិញថ្នាំឲ្យពុកយ៉ាងណាក្ដី ក៏ជំងឺពុកខ្ញុំនៅតែមិនព្រមជាសះស្បើយសោះ។ កម្លាំងរបស់ពូកក៏កាន់តែខ្សោយទៅៗ ម្យ៉ាងមកពីពុកមិនដែលបានពិសាចំណីអាហារដែលមានវីតាមីនជំនួយដល់រាងកាយ។
យប់នេះ ពុករបស់ខ្ញុំបានហៅបងប្អូនខ្ញុំទាំងពីរមកឲ្យគក់ច្របាច់ឲ្យគាត់។ ពុកបានរៀបរាប់ពីខ្សែជីវិត
កម្សត់តស៊ូ របស់គាត់ឲ្យពួកខ្ញុំស្ដាប់ ជាពិសេសក្នុងគ្រាដែលគាត់ធ្វើជាទាហាននៅជាយដែន មក
ដល់ត្រង់ចំណុចនេះ ពុកយកដៃជូតទឹកភ្នែក រួចដកដង្ហើមធំ។
– ស្រុកយើងឥឡូវមិនដឹងជាទំនើបយ៉ាងណាទេ! ស្ដាយដែលពុកមើលមិនឃើញសោះ!
ខ្ញុំឆ្លើយសំនួររបស់ពុក។
-ស្រុកយើងឥឡូវទំនើបណាស់ពុក! មានឡានល្អៗ ផ្ទះថ្មធំៗ បើបពុកបានឃើញច្បាស់ជាសរសើរដែរហើយ។
ពុករបស់ខ្ញុំញញឹមក្នុងអត្ថន័យរិះគិតជ្រៅ ដែលពួកខ្ញុំជាកូនមិនអាចយល់បាន។ ពុកមានប្រសាសន៍បន្ត៖
– មានមិត្តរួមអាវុធរបស់ពុកមិនតិចទេ ដែលត្រូវបាត់បង់ជីវិតក្នុងសមរភូមិដែលរូបពុកផ្ទាល់ធ្លាប់បាន
កាន់កញ្ចប់ធាតុមិត្តទាំងនោះ យកទៅប្រគល់ឲ្យប្រពន្ធកូន របស់ពួកគេ…..ពុកវេទនាចិត្តខ្លាំងណាស់! ពុកស្អប់ណាស់សង្គមសង្គ្រាម…..ហើយពួកកូនៗ ក៏ត្រូវលើកដៃទទួលនូវអំណោយជីវិតនេះទាំង
អយុត្តិធម៌បំផុត ដែលវ័យរបស់កូនសព្វថ្ងៃនេះ ជាវ័យដែលស្ថិតនៅក្នុងសាលារៀនសិក្សាក្រេបជញ្ជក់
ចំណេះវិជ្ជា ដើម្បីអនាគតខ្លួន និងសង្គមជាតិ តែកូនបែរជាបាត់បង់នូវឱកាសនេះមកចិញ្ចឹមឪពុកទាំង
ខ្លួននៅក្មេង…..
បងស្រីរបស់ខ្ញុំ ស្រដីបន្លប់នូវភាពសោយសោករបស់ពុក។
– ពុក! កុំគិតច្រើនពេក! ពុកប្រញាប់សម្រាន្តទៅ ពេលភ្ញាក់ឡើងនឹងមានកម្លាំង។
យប់នេះខ្ញុំចូលដេកទាំងអារម្មណ៍វិលវល់ គិតថាតើថ្ងៃស្អែកខ្ញុំអាចរើសអេតចាយលក់បានច្រើនឬអត់? រកលុយទិញថ្នាំឲ្យពុកបានទេ?
ម៉ោងប្រមាណជា៥ភ្លឺ បងស្រីខ្ញុំចាប់ផ្ដើមបង្កាត់ភ្លើងដាំបបរឲ្យពុក។ ខ្ញុំក៏សម្ងំដេកបន្តរហូតដល់ម៉ោង
៦ជាង ខ្ញុំឮសម្លេងមីងម៉ែអាភាពនៅជិតផ្ទះខ្ញុំស្រែកហៅបងស្រី។
– សុខា! អើយសុខា! ឯងទៅរើសអេតចាយហើយនៅ? បើមិនទាន់ទៅទេ ចេញមកជួបមីងមួយភ្លែតមក។
– ចាស មីង! ខ្ញុំកំពុងរៀបចំបបរឲ្យពុកពិសា មីងចូលមក!
តាមពិតមីងម៉ែអាភាពនៅក្បែរផ្ទះខ្ញុំនេះ។ គាត់បានហៅបងស្រីខ្ញុំឲ្យទៅស៊ីឈ្នួលបម្រើនៅផ្ទះគេនៅ
ម្ដុំបឹងកេងកង ដោយគេផ្ដល់ប្រាក់ខែក្នុងមួយខែ៦ម៉ឺនរៀល ហើយឲ្យហូបបាយ ទឹកព្រឹកល្ងាច
លុះពេលយប់ត្រឡប់មកផ្ទះខ្លួនឯងវិញ។
ពុក និងបងស្រីអរបីដូចជាត្រូវលេខឆ្នោតរង្វាន់ពិសេសអ៊ីចឹង ហើយមីងម៉ែអាភាពសុំកាត់ប្រាក់ខែ
ខែដំបូងចំនួន ៣ម៉ឺនរៀលសម្រាប់ថ្លៃរត់ការ។
តាំងពីថ្ងៃដែលបងស្រីខ្ញុំទៅធ្វើការ ជាអ្នកបម្រើនៅតាមផ្ទះគេមក ខ្ញុំចាប់ផ្ដើមដើររើសអេតចាយតែ
ម្នាក់ឯង យ៉ាងត្រមង់ត្រមោចខ្លោចផ្សាចិត្តពេកក្រៃ។ ពេលថ្ងៃត្រង់ខ្ញុំប្រញាប់មករៀបចំបាយទឹកជូន
ពុកពិសារ ថ្ងៃដើររើសអេតចាយបន្ត។
ថ្ងៃមួយខ្ញុំបានដើររើសអេតចាយ តាមរបងសាលារៀន។ ខ្ញុំរើសឪឡឹកដែលគេបោះចោលមួយមកហែកស៊ីដើម្បីបំបាត់ភាពស្រេកទឹក…..ខ្ញុំក្រឡេកឃើញ
មិត្តភក្តិរបស់ខ្ញុំកំពុងរត់លេងយ៉ាងសប្បាយ នៅក្នុងទីធ្លាសាលារៀន។ ខ្ញុំឈរញញឹម សប្បាយចិត្ត ខ្ញុំចង់ចូលរៀនវិញណាស់! ប៉ុន្តែខ្ញុំត្រូវស្រងាកចិត្តវិញភ្លាម នៅពេលដែលស្រមៃឃើញរូបពុករបស់ខ្ញុំដែលកំពុងសម្រាន្តនៅលើគ្រែរង់ចាំរូបខ្ញុំត្រឡប់ទៅ
មើលថែគាត់។
មិត្តភក្តិខ្លះឃើញខ្ញុំកំពុងកាយសំរាម ពួកគេសើចចំអកពេបជ្រាយ ធ្វើមុខធ្វើមាត់ដាក់ខ្ញុំថែមទាំង
យកដុំថ្មមកគប់ខ្ញុំធ្វើជាល្បែងកម្សាន្តទៀតផង។ អ្នកគ្រូរបស់ខ្ញុំសួរខ្ញុំពីខាងក្នុង។
– បញ្ញា! ហេតុអ្វីឯងឈប់យូរម្ល៉េះ?
ខ្ញុំមិនអាចឆ្លើយបានទេ។ ខ្ញុំក៏រត់ចេញពីទីនោះទាំងចិត្តខ្លាចអ្នកគ្រូផង និងតូចចិត្តខ្លួនឯងផង។
ល្ងាចនេះពេលដែលខ្ញុំកំពុងស្ពាយស្បោងអេតចាយដើរមកដល់មុខវាំងត្រង់ព្រះអង្គដងកើ។ ខ្ញុំភ្ញាក់ព្រើតព្រោះតែខ្ញុំឃើញយ៉ាងច្បាស់ឥតមានច្រឡំនោះទេគឺ ពុកខ្ញុំកំពុងតែអង្គុយលើកដៃ
សំពះសុំទានគេ។ ពេលនោះគាត់ស្លៀកពាក់ជាយុទ្ធជន។ ខោអាវនេះគាត់រក្សាទុកជាកេររហូត
មកសព្វថ្ងៃ។ ខ្ញុំស្ទុះទៅរកពុកទាំងស្រដីថា៖
-ពុក! ហេតុអីក៏ពុកមកទីនេះបាន?
ពុកខ្ញុំភ្ញាក់ព្រើតនឹងសំនួររបស់ខ្ញុំ
– បញ្ញាមែនទេ?
– បាទពុក!
– គឺពុកឲ្យអាភាពជូនពុកមក!
– ពុក! ម៉េចក៏ពុកមកសុំទានគេអ៊ីចឹង?
ពុកខ្ញុំមិនទាន់ឆ្លើយសំនួររបស់ខ្ញុំភ្លាមៗទេ គាត់ក្រោកឈរ ខ្ញុំជួយទប់គាត់…..ពុកដើរទៅមុខមួយៗ ដោយខ្ញុំជាអ្នកដឹកដៃ។
– មកពីពុក អាណិតកូនខ្លាំងពេក។
– តែបងស្រីមិនចង់ឲ្យពុកសុំទានគេទេ!
ពុកខ្ញុំដកដង្ហើមធំ ទាំងវាចាក្រៀមក្រំ។
– កូននៅក្មេង មិនទាន់ធ្វើជាឪពុករបស់គេ កូនពិតជាពុំទាន់យល់ទេ! ពុកគិតថាពុកជិះជាន់
កម្លាំងពួកឯងពេកហើយ។
ពុកខ្ញុំនិយាយរហូត លុះត្រាមកដល់ផ្ទះ ទើបពុកចូលទៅទម្រេតនៅលើគ្រែ ហើយខ្ញុំក៏ទៅទិញ
អង្ករយកមកដាំបាយ។
ថ្ងៃមួយពេលដែលខ្ញុំត្រលប់មកពីរើសអេតចាយវិញ ខ្ញុំមានការតក់ស្លុតក្នុងចិតឥតឧបមា ព្រោះខ្ញុំឃើញអណ្ដាតភ្លើងក្រហមច្រាល និងផ្សែងខ្មៅខ្មួលខ្មាញ់ពេញផ្ទៃមេឃ មនុស្សម្នា
ផ្អើលឆោឡោ ឆ្លេឆ្លា ដូចមាន់រកពង។ ខ្ញុំនឹកដល់ឪពុករបស់ខ្ញុំ តើពេលនេះគាត់កំពុងនៅឯណា? តើគាត់មានសុវត្ថិភាពដែរឬទេ? ឬមួយក៏ពុកនៅក្នុងខ្ទមនោះ?…..ខ្ញុំរត់យ៉ាងលឿនដោយគ្រវាត់ ស្បោងរើសអេតចាយនោះចោល ដោយឥតមានស្ដាយស្រណោះអ្វីទាំងអស់។ ខ្ញុំរត់មកដល់ទី
ភ្លើងឆេះ…..ពុទ្ធោ! ព្រះអគ្គីបានលេបត្របាក់ខ្ទមរបស់ខ្ញុំបាត់ហើយ! តើពុកខ្ញុំនៅឯណា? សំនួរនេះអ្នកគ្រប់គ្នាឆ្លើយថាមិនដឹង ព្រោះរវល់តែគិតព្រះអាយុរៀងៗខ្លួន។ ខ្ញុំទន់ជង្គង់ដួលចុះទៅដី។
– ពុក! ពុកពិតជាស្លាប់ក្នុងភ្លើងនេះហើយ! ពុក! ពុក! អភ័ព្វណាស់! ហេតុអីក៏ជីវិតពុកស្លាប់វេទនាម្ល៉េះ?
បងស្រីខ្ញុំរត់មកដល់ទាំងត្រហេបត្រហប តក់ស្លុតឥតឧបមា។ ទាំងពីរនាក់បងប្អូនខ្ញុំយំឱបគ្នា។
– បញ្ញា! ពីថ្ងៃនេះតទៅ យើងគ្មាននៅសល់អីទៀតទេ។ ផ្ទះ សំលៀកបំពាក់ របស់របរ ក៏ឆេះអស់គ្មានសល់ ហើយយើងបាត់បង់ពុកម្នាក់ទៀត ពីថ្ងៃនេះទៅយើងរស់នៅតែពីរនាក់បងប្អូន ជាកូនកំព្រាហើយ។
– បង! តើឲ្យខ្ញុំទៅនៅជាមួយអ្នកណាគេ?
– បងមិនដឹងទេ! បងពិបាកចិត្តណាស់។
ចាប់តាំងពីពុកស្លាប់ទៅ បងស្រីក៏ផ្ញើជីវិតនៅលើផ្ទះស៊ីឈ្នួលនោះជាអចិន្ត្រៃយ៍។ ប៉ុន្តែ ត្រូវកាត់ប្រាក់ខែ
ពីរម៉ឺនរៀលក្នុងមួយខែៗ។ ម្ចាស់ផ្ទះនោះប្រើកម្លាំងបងស្រីខ្ញុំគ្មានក្ដីអាណិតអាសូរបន្តិចណាទាល់
តែសោះ ប្រៀបបីដូចជាទាសករដាច់ថ្លៃរបស់ពួកគេយ៉ាងអ៊ីចឹង…..គេឲ្យបងស្រីខ្ញុំហូបអាហារដែល
សល់ពីគេ ដែលចំណីទាំងនោះប្រៀបមិនស្មើចំណីដែលសត្វតិរច្ឆានមាន ឆ្កែ ឆ្មា វាស៊ីផង។ កន្លែង
ដំណេកបងស្រីខ្ញុំគឺ បន្ទប់ចាស់មួយជាប់នឹងចង្ក្រានបាយ ហប់អ័ព្ទអួរគ្មានសិរីសួស្ដីបន្តិចណាសោះ។
ចំណែករូបខ្ញុំវិញ ក្លាយទៅជាក្មេងអនាថាយ៉ាងពេញទំហឹង ។ ពេលយប់មកដល់ ខ្ញុំដេកតាមសំយាប
ផ្សារ សំយាបផ្ទះគេ ដោយយកស្បោងអេតចាយធ្វើជាខ្នើយកើយ យកមេឃធ្វើជាដំបូល ព្រះចន្ទ
និងផ្កាយធ្វើជាអំពូល។ សភាពបែបនេះប្រព្រឹត្តិទៅដដែលៗ ធ្វើឲ្យខ្ញុំកើតក្ដីធុញថប់ជាខ្លាំង។
ពេលវេលាកន្លងផុតទៅយ៉ាងតឹងតែងបំផុត សម្រាប់រូបខ្ញុំ។ ៦ឆ្នាំកន្លងផុតទៅក៏ពិតមែន តែជីវិតរបស់ខ្ញុំនៅតែលំបាកវេទនាដដែល ប៉ុន្តែអ្វីដែលប្លែកសម្រាប់រូបខ្ញុំនោះ គឺពេលនេះខ្ញុំក្លាយទៅជាយុវជនដែលសេពគប់ជាមួយពួកជក់គ្រឿងញៀន មានជក់ម៉ា ហិតកាវ
ផងដែរ ហើយរូបខ្ញុំក៏កំពុងលង់ខ្លួនយ៉ាងងប់ងុលជាមួយថ្នាំញៀនអស់នោះដែរ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំមិនបានជួបមុខ ឬបានដំណឹងពីបងស្រីរបស់ខ្ញុំទាល់តែសោះ ។ ខ្ញុំបានព្យាយាមទៅរកគាត់នៅផ្ទះ ដែលគាត់ធ្លាប់ស៊ីឈ្នួលនោះជាច្រើនលើក ។ ប៉ុន្តែម្ចាស់ផ្ទះប្រាប់
ថាបងស្រីខ្ញុំ ឈប់នៅទីនោះហើយ។
ខ្ញុំដូចជាមិនជឿឡើយថា ហេតុអ្វីបានបងស្រីខ្ញុំឈប់នៅ? តើគាត់ទៅនៅទីណាវិញ? បើគាត់គ្មាននរណាជាទីពឹងឡើយសោះនោះ ហើយម៉េចក៏គាត់មិនមករកខ្ញុំ?
ខ្ញុំកាន់តែគិត កាន់តែស្មុគស្មាញ។ ដើម្បីកាត់ភាពសាញ ខ្ញុំបានចូលខ្លួនក្នុងក្រុមបងធំយ៉ាងស៊ប់។ ពួកគេបានយកខ្ញុំទៅនៅជាមួយពួកគេ ដោយប្រគល់តួនាទីឲ្យខ្ញុំជាអ្នកចែកចាយថ្នាំ
ញៀនប្រភេទយ៉ាម៉ា ព្រមទាំងជាអ្នកហៅម៉ូយឲ្យស្រីលក់ខ្លួននៅម្ដុំបៀលឌីញទៀតផង។
រូបរាងកាយខ្ញុំចេះតែប្រែប្រួល និងចុះខ្សោយជាលំដាប់ ដោយសារឥទ្ធិពលនៃថ្នាំញៀន។ ម្យ៉ាង
សម្រាកពុំបានគ្រប់គ្រាន់ ដោយពេលយប់ត្រូវឈររកម៉ូយឲ្យស្រីលក់ខ្លួន។ ការប្រកបមុខរបរបែបនេះធ្វើឡើងទាំងភ្នែកនៅកញ្ចឹងក ដោយខ្លាចកម្លាំងប៉ូលិសចុះមកធ្វើការ
បោសសម្អាត។ ទោះបីជាខ្ញុំរវល់នឹងការប្រកបមុខរបរនេះយ៉ាងណា ក៏ខ្ញុំមិនភ្លេចស៊ើបសួររកបង
ស្រីរបស់ខ្ញុំដែរ តែនៅតែស្ងាត់បាត់សូន្យឈឹងដដែល។
មានយប់មួយនោះ ពេលដែលខ្ញុំកំពុងទាក់ទងម៉ូយឲ្យស្រីលក់ខ្លួន ស្រាប់តែរថយន្តរបស់ប៉ូលិស បានមកដល់ហើយបញ្ចេញសកម្មភាពរហ័សដូចព្រួញ ធ្វើឲ្យខ្ញុំចង់រត់គេចខ្លួនក៏មិនបាន។ ទីបំផុតខ្ញុំក៏ត្រូវប៉ូលិសអូសឡើងឡានយ៉ាងសង្ហា។ នៅលើឡាននោះ មានយុវជន យុវនារី
ជាច្រើននាក់។
ក្នុងចំណោមនារីទាំងឡាយ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលកំពុង
អង្គុយស្ងប់ស្ងៀម ទឹកមុខ និងកែវភ្នែកដិតដាមទៅដោយ ទុក្ខព្រួយមួយរយជំពូក។ ខ្ញុំដូចជាប្រហែលមុខស្រីនោះជាខ្លាំង។ ខ្ញុំនឹកក្នុងចិត្តអស់មួយសន្ទុះទើបដាច់ចិត្តស្រែកហៅ។
– បងសុខា! បងសុខា!
ឮសម្ដីរបស់ខ្ញុំ បងស្រីប្រញាប់ងាកមកសម្លឹងខ្ញុំ បន្តិចទើបឧទាន៖
-អូ! បញ្ញា! បងនឹកអូនឯងណាស់! ហេតុអីក៏អូនឯងនៅទីនេះដែរ? តើអូន…..
ខ្ញុំប្រញាប់និយាយកាត់សម្ដីបងស្រីរបស់ខ្ញុំ។
– បងមិនបាច់សួរខ្ញុំទេ! ជីវិតពួកយើងនេះគ្មានផ្លូវសម្រាប់ជ្រើសរើសទេ! គ្មាននរណាគេជួយ
យើងបានទេ គឺមានតែយើងជួយខ្លួនឯង ទើបអាចរស់បាន…..ចុះបងបាត់ទៅណា? ម៉េចក៏បង
ចាកចេញពីផ្ទះនោះ?
សំនួររបស់ខ្ញុំតម្រូវឲ្យបងស្រីខ្ញុំស្រក់ទឹកភ្នែកជោកផែនថ្ពាល់ទាំងសងខាង។ បងស្រីខ្ញុំបញ្ជាក់យ៉ាងឈឺចាប់ពន់ប្រមាណថា កាលដែលរូបគាត់ធ្លាក់ខ្លួនក្លាយទៅជាស្រី
ពេស្យានេះ ដោយសារតែម្ចាស់ផ្ទះបានចាប់រំលោភគាត់ រួចយកគាត់ទៅលក់ឲ្យផ្ទះបន
មួយនៅកោះកុង។ បន្ទាប់មក គេយកគាត់មកធ្វើជាស្រីខូចនៅភ្នំពេញបន្តមកដល់សព្វថ្ងៃនេះ។
ស្ដាប់រួចខ្ញុំសែនឈឺចាប់ឥតគណនា ចំពោះពួកអ្នកមានដែលចូលចិត្តមើលងាយ ជិះជាន់
រំលោភបំពានលើជីវិតអ្នកក្រ គ្មានសេចក្ដីមេត្តាបន្តិចសោះ។
តើអ្នកក្រគ្មានតម្លៃទេឬ? ឬក៏មានជីវិតដើម្បីរង់ចាំទទួលការជិះជាន់ ពីសំណាក់ពួកអ្នកមាន
តែម្យ៉ាង?
បងប្អូនខ្ញុំបានត្រឹមតែយំឱបគ្នា ដោយក្ដីឈឺចាប់តែប៉ុណ្ណោះ។ មកដល់សាលាខណ្ឌ ប៉ូលិសបានឃុំខ្លួនពួកយើងដើម្បីរង់ចាំការអប់រំ។
ខ្ញុំដកដង្ហើមធំ សម្លឹងទៅមុខណារ៉ាជាមិត្តរបស់ខ្ញុំ ទាំងក្រៀមក្រំ។ ណារ៉ាចាប់សួរ៖
– រឿងរបស់ឯងកម្សត់ណាស់! ហើយក៏មិនខុសពីរឿងរបស់ខ្ញុំប៉ុន្មានទេ។ ខ្ញុំអាណិតបងស្រី
របស់ឯងណាស់ ឥឡូវគាត់យ៉ាងម៉េចទៅហើយ?
ខ្ញុំឆ្លើយទាំងក្រៀមក្រំ៖
-បងស្រីខ្ញុំមានផ្ទុកមេរោគអេដស៍! ពេលនេះគាត់កំពុងរៀនវិជ្ជាកាត់ដេរនៅអង្គការសង្គ្រោះ
ស្ត្រី។
-តើខ្ញុំអាចទៅជួបគាត់បានទេ? បញ្ញាឯងមានធ្លាប់ទៅសួរសុខទុក្ខគាត់ដែរឬអត់?
-មិនធ្លាប់ផង!ព្រោះដូចណារ៉ាឯងបានដឹងស្រាប់ហើយថា អង្គការយើងមិនងាយចេញទៅ
ក្រៅបានងាយៗទេ។
មួយអាទិត្យក្រោយមកខ្ញុំ និងណារ៉ាបានសុំច្បាប់ពីអង្គការ១ថ្ងៃដើម្បីបានទៅសួរសុខទុក្ខ
បងស្រីខ្ញុំ។ ពេលមកដល់អង្គការរបស់បងស្រីខ្ញុំពួកខ្ញុំមិនបានជួបគាត់ទេ។ ពួកខ្ញុំត្រូវទៅសាកសួរប្រធានអង្គការពីដំណឹងរបស់គាត់។ លោកប្រធានអង្គការបានប្រាប់ថា បងស្រីរបស់ខ្ញុំបានទទួលមរណភាពជាង១ខែមកហើយ។ ឮដំណឹងនេះភ្លាមខ្ញុំធ្លាក់ថ្លើមក្តុក! ភាពអស់សង្ឈឹមបានរត់មកជ្រកក្នុងរាងកាយរបស់ខ្ញុំមួយរំពេច។ ទឹកភ្នែកបានរមៀលមកដោយឯកឯង ព្រោះខ្ញុំនឹកសង្វេគដល់ការឈឺចាប់ និងទុក្ខវេទនារបស់គាត់ដែលរែកពន់តែម្នាក់ឯង
កន្លងមកដោយសារការជិះជាន់របស់ពួកអ្នកមាន និងការដាក់បន្ទុករបស់ព្រហ្មលិខិត។
សំលាញ់ណារ៉ាបានលួងលោមខ្ញុំ ហើយប្រាប់ឲ្យខ្ញុំកាត់ចិត្ត ព្រោះអ្វីៗវាបានកន្លងនិងរសាត់ចេញពីឆាកជីវិតនៃសំណល់សង្គមបាត់អស់ហើយ។ ខ្ញុំបានតាំងស្មារតីសម្រួលអារម្មណ៍ ហើយធ្វើដំណើរទៅកាន់វត្ត ដែលទុកដាក់ធាតុរបស់បងស្រីខ្ញុំ និងម្តាយរបស់ខ្ញុំដើម្បីសុំខមាលទោសពីពួកគាត់។
ចាប់ពីថ្ងៃនេះតទៅ ខ្ញុំត្រូវចាប់ផ្តើមអ្វីៗគ្រប់បែបយ៉ាងពីបាតដៃទទេនេះ ដើម្បីជីវិតកំព្រាក្បាលមួយតែឯងនេះឈានទៅរកក្តីស្រមៃកាលពីកុមារ និងឲ្យដូចអ្វីដែលលោកអ្នកមានគុណទាំង២របស់ខ្ញុំរំពឹងទុកកាលពីកាលគាត់នៅរស់។ អនាគតរបស់ខ្ញុំបានភ្លឺស្វាងដោយសារការជួយទំនុកបំរុងពីអង្គការទាំងស្រុង។ ខ្ញុំនិងណារ៉ាបានប្រែក្លាយមកជាមនុស្សល្អ ហើយខិតខំរកស៊ីជាមួយគ្នាជារៀងរហូតមក៕
រឿង សំណល់ជីវិតដ៏មានខ្លឹមសារនេះត្រូវបានគ្រឹះស្ថានអ្នកនិពន្ធបរទេស
នៅប្រទេសបារាំងសម្រាំងជ្រើសរើសយកមកប្រែជាភាសាបារាំងហើយផ្សាយរួម
ជាមួយអ្នកនិពន្ធខ្មែររៀមច្បងល្បីឈ្មោះនិងអ្នកនិពន្ធបរទេសមួយចំនួន
ក្នុងសៀវភៅមួយដែលមានចំណងជើងថា
<ភ្នំពេញ ព័រតូរីកូ>លេខ១៥<Phnom Penh/ Porto Rico >n°15 meet។
សៀវភៅនេះផ្សាយពីរភាសាគឺបារាំងនិងខ្មែរ។
យុវអ្នកនិពន្ធខ្មែរពីររូបនៃរាជាណាចក្រកម្ពុជាគឺ
អ្នកនិពន្ធកៅ សីហា អ្នកនិពន្ធរឿងសំណល់ជីវិត
និងកញ្ញាណេង កន្និដ្ឋា
ដែលមានឈ្មោះក្នុងបញ្ជីសម្រាំងស្នាដៃត្រូវបាទទួលសេចក្តីអញ្ជើញចូលរួម
ក្នុងទិវាជំនួបរវាងអ្នកនិពន្ធអន្តរជាតិ។ជំនួបនេះបានរៀបចំប្រព្រឹត្តទៅ
នៅក្រុងសាំងណាហ៊្សែរក្នុងប្រទេសបារាំង កាលពីថ្ងៃ១៧ដល់២០វិច្ឆិកា២០១១។
ខ្ញុំផ្ទាល់និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសអបអរសាទរឱឡារឹកចំពោះជោគជ័យរបស់អ្នកទាំងពីរ។
នេះក៏ជាការលើកទឹកចិត្តអ្នកនិពន្ធទាំងឡាយថា
អក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរយើងក៏មានមុខមាត់នឹងគេលើឆាកអន្តរជាតិដែរ។
សូមអញ្ជើញទស្សនាយុវអ្នកនិពន្ធទាំងពីរក្នុងកម្មវិធីវប្បធម៌
នៃទូរទស្សន៍ជាតិកម្ពុជាតាមរយៈតំណខាងក្រោមនេះ
http://www.youtube.com/watch?feature=player_embedded&v=SBBAOZUyXmw#!














មតិយោបល់ថ្មីៗ