តពីរឿង ឈ្មោះចម្លែក
អ្នកស្រីអ្នកកត់ឈ្មោះជនដែលមកឲ្យគ្រូពេទ្យពិនិត្យជំងឺឥតបង់ថ្លៃសង្កេតឃើញថា ថ្ងៃនេះដូចជាប្លែក ព្រោះមានមនុស្សឈ្មោះចម្លែកមួយចំនួនគួរឲ្យកត់សំគាល់។ អ្នកស្រី
គិតក្នុងចិត្តថាមិនដឹងជា អ្នកមានឈ្មោះចម្លែកទាំងនេះ មានជំងឺចម្លែកដែរឬទេ?។ លោក
គ្រូពេទ្យអើយលោកគ្រូពេទ្យ ថ្ងៃនេះដល់ហើយ!!!។ អ្នកជំងឺក៏ច្រើនជាងពីម្សិល។
កត់ឈ្មោះចប់សព្វគ្រប់ហើយ អ្នកស្រីក៏ចូលទៅជួយលោកគ្រូពេទ្យនៅក្នុងកាណូតម្តង
ដើម្បីកុំឲ្យលោកគ្រូពេទ្យពិបាកចេញមកហៅអ្នកជំងឺខ្លួនឯង។អ្នកស្រីកាន់ក្រដាស់មួយ
សន្លឹកហៅឈ្មោះតាមលេខរៀងថា៖
– មីគាវ
ម្ចាស់ឈ្មោះនេះមិនបានឮគេហៅឈ្មោះខ្លួនទេ ព្រោះកំពុងតែជជែកគ្នាជាមួយជនម្នាក់ឆ្ការដៃ
ឆ្ការជើង។ ជននោះញញឹម ងក់ក្បាលផ្ងក់ៗលែងទៅណាតែម្តង។
– ឮខ្ញុំហៅឈ្មោះទេ? នរណាគេស៊ី មី គាវ លើកដៃឡើង (អ្នកស្រីស្រែកខ្លាំងៗ)។
– អូហ៍ ! ចាស ខ្ញុំ ! ខ្ញុំនេះហើយ។
អ្នកជំងឺដែលនៅឈរចាំម្តុំនេះក៏នាំគ្នាលើកដៃតាមនាងមីគាវច្រូងច្រាងឡើងព្រមៗគ្នានិងស្រែក
ទ្រហ៊ឹងអ៊ឺងអាប់។ នាងស៊ី មី គាវក៏ដើរចូលទៅឲ្យគ្រូពេទ្យពិនិត្យរោគក្នុងកាណូត រួចចេញមកវិញ។
បុរសអ្នកលក់ក៏ហុចគាវមួយចានឲ្យនាង។ អ្នកឯទៀតក៏សុទ្ធតែកាន់ចានមីនិងគាវមួយចានម្នាក់
ដែរ។អ្នកស្រីហៅឈ្មោះបន្ត។ គ្មាននរណាម្នាក់ចូលមកតាមឈ្មោះសោះព្រោះរវល់តែបរិភោគញាប់
មាត់ដូចឆ្កែអេះ។អ្នកស្រីក្តៅចិត្តពេកក៏ស្រែកជំទាលឡូងៗថាៈ
-នែ ពួកអ្នកឯងគ្រប់គ្នា មកមើលជំងឺឬមកស៊ីស្អីនៅកន្លែងនេះអ្ហះ? គ្មានសណ្តាប់ធ្នាប់បន្តិច
សោះ។ លោកគ្រូពេទ្យគ្មានពេលចាំទេណា។ស្រាប់តែអ្នកជំងឺឆ្លើយព្រមគ្នាឡើង។
– មុននេះ អ្នកស្រីជាអ្នកសួរថា ”នរណាគេស៊ី មី គាវឲ្យលើកដៃឡើង”។ ពួកខ្ញុំគិតថា លោក
គ្រូពេទ្យស្រុកបារាំងចិត្តល្អណាស់។ លោកអញ្ជើញមកពីនាយដល់អាយដើម្បីជួយព្យាបាល
ជំងឺអ្នកក្រីក្រដូចពួកខ្ញុំមិនគិតកម្រៃហើយមានសប្បុរសធម៌បាវមីគាវទៀត។ ពួកខ្ញុំឈរចាំយូរ
ពេក ហើយកំពុងតែឃ្លានស្រាប់ផងក៏ហៅមីឬ គាវម្នាក់១ចានហូបទៅ។
- អូយ! ងាប់អញហើយ ! ថ្ងៃនេះថ្ងៃអី?។
– បាទ ថ្ងៃអាទិត្យ។
អ្នកជំងឺម្នាក់ឆ្លើយភ្លាម ស្មានតែអ្នកស្រីនេះសួរត្រង់ៗ។ អ្នកស្រីឆ្លើយ៖
– ថ្ងៃអាទិត្យស្អី !!! ថ្ងៃរញ៉េរញ៉ៃមិនថា!!!
អ្នកស្រីហួសចិត្តស្រែករកព្រះបណ្តើរ គក់ដើមទ្រូងបណ្តើរ តែគេមិនបានឮស្នូរខ្ទរលាន់ឡើង
ដូចយើងគក់ទ្រូងនៅប្រាសាទគក់ទ្រូងទេ។
– មី សដល់វេនឲ្យពេទ្យពិនិត្យ ចូលភ្លាមទៅកុំនៅកាច់រាងច្រើនពេក។
អ្នកស្រីកំពុងតែល្វីងមុខស្រាប់ក៏រអ៊ូរទាំប៉ាតណាប៉ាតណីថា ”មួយទៀតហើយ អស់ពីមី គាវ ដល់មី ស”។ នែនាងសនិងនាងគាវទៅផ្ទះវិញ កុំភ្លេចសួរពុកម៉ែនាងឯង ម៉េចចាំបាច់ដាក់ពាក្យមីពីមុខឈ្មោះកូន?។ ចាំអ្នកមាននិងអ្នកធំណាគេមើលងាយទាន់ បើគ្រាន់តែកើតង៉ាឡើង ពុកម៉ែនាងឯងហៅ<មី ហង ង៉ែង>ស្រេចទៅហើយ គឺមើលងាយកូនខ្លួនឯងដាច់សាច់មុនគេ។
– ឈប់នាងស៊ី មីគាវកុំអាលទៅ មកណេះ និយាយគ្នាបន្តិចសិន។
– ចាស នៅឯណេះតើ។ ខ្ញុំមានជំងឺធ្ងន់អ្ហ៊ែ?
– ម៉េចមិនសួរលោកគ្រូពេទ្យ? សួរខ្ញុំ ខ្ញុំដឹងអី?
– ខ្ញុំមានកើតអេដស៍ទេ?
– យី នាងនេះមិនចេះស្តាប់ភាសាខ្មែរទេអ្ហី? ថាមិនដឹងគឺមិនដឹង។ កុំនាំរឿងមកបន្លប់។ នែ ដឹងទេនាង ព្រោះតែឈ្មោះ នាងស៊ី មីគាវឯងពិសេសខុសគេបានជាមានរឿងឆ្កួតៗហ្នឹងកើតឡើង ។ ឈ្មោះនេះនាំរឿង…
– រឿងនេះមកពីអ្នកស្រី។ អ្នកស្រីប្រើឃ្លាប្រយោគមិនចំល្អ ឲ្យគេស្តាប់ច្រឡំ។ អ្នកស្រីសួរថា<នរណាគេស៊ីមីគាវ?>។ បើសួរថា <នរណាឈ្មោះស៊ី មីគាវ> នោះគ្មាននរណាយល់ច្រឡំទេ។
– អូហ៍! ខ្ញុំបានសួរអ្នកទាំងអស់គ្នាអ៊ីចឹងមែន?
– ចាស មែន ខ្ញុំហ៊ានស្បថដល់ណាដល់ណីក៏ហ៊ាន។
– ហ៊ានលោតចូលទឹកទន្លេទេ?
– ទេ! មិនហ៊ានទេខ្លាចស្លាប់ អត់ចេះហែលទឹកផង។
– យកជាការមិនបាន មិនខ្ចីជឿ។ នាងឯងចោទខ្ញុំតែផ្តាស។
- វាចាខ្ញុំពិតជាបានការ (នាងស៊ី មីគាវបញ្ជាក់យ៉ាងម៉ឺងម៉ាត់)
– មិនបានការ !! មិនបានការ !! មិនបានការ !!
– បានការ !! បានការ !! បានការ !! អូសច្រឡំមាត់ ខ្ញុំមិនទាន់រៀបការបានម្តងផង។ អ្នកស្រី ខ្ញុំហ៊ានស្បថឲ្យរន្ទះបាញ់ខ្ញុំ បើខ្ញុំចោទអ្នកស្រី។ តែបើអ្នកស្រីបានមានប្រសាសន៍ច្រឡំសុំឲ្យរន្ទះបាញ់ចំលលាដ៍ក្បាលអ្នកស្រីវិញ សុខចិត្តទេ។ ខ្ញុំត្រង់ម៉្លឹងហើយមិនចេះមួលបង្កាច់ទេហើយមិនខ្លាចស្បថ។
– veryយ៉ាប់ !!! ហត់ណាស់អញ !!! ក្រុមនេះជាក្រុមយ៉ាប់មែន!
អ្នកស្រីរអ៊ូបន្ត៖
– ឈ្មោះល្អៗពេញមួយនគរពេញមួយផែនដីមិនរើសដាក់ឲ្យកូនទេ។ មិនបានអីដាក់ថា សុវណ្ណថា វ៉ាលីណយ ដូចក្នុងរឿងកំប្លែងឡាក់ស៊ីងជុយដែលនិពន្ធដោយលោក ឈរ ហ៊រ ឃៀងទៅ គ្រាន់វាពិរោះស្តាប់
បន្តិច ឬក៏យកឈ្មោះតារាខ្មែរល្អឬតារាចិនៗតាមទូរទស្សន៍ក៏បានដែរ។ នែ នាងនេះ សងលុយថ្លៃមីគាវដែលគេទាំងអស់គ្នាបានទទួលទានហើយ រួចកុំភ្លេចទៅដូរឈ្មោះចេញទៅ កុំឲ្យចង្រៃដល់គេឯង។
– ចង្រៃដល់គេឯង? ពុទ្ធោ! ពុទ្ធោ! ដូរឈ្មោះ? ដូរម៉េចកើតទៅព្រះអើយ! oh! my God!
-ម៉ាយក្រហត ម៉ាយក្រហូងស្អីទៀតហើយនាងនេះ! អារឿងដូរឈ្មោះ វាមិនពិបាក មានគេប្តូរសំបុត្រកំណើតបានគគោក ឲ្យតែមានលុយនៅស្រុកយើង ចង់ជួលខ្មោចរាំឲ្យមើលក៏បានដែរ ៕ចប់៕








មតិយោបល់ថ្មីៗ