តពីរឿង ឈ្មោះចម្លែក
អ្នកស្រីអ្នកកត់ឈ្មោះជនដែលមកឲ្យគ្រូពេទ្យពិនិត្យជំងឺឥតបង់ថ្លៃសង្កេតឃើញថា ថ្ងៃនេះដូចជាប្លែក ព្រោះមានមនុស្សឈ្មោះចម្លែកមួយចំនួនគួរឲ្យកត់សំគាល់។ អ្នកស្រី
គិតក្នុងចិត្តថាមិនដឹងជា អ្នកមានឈ្មោះចម្លែកទាំងនេះ មានជំងឺចម្លែកដែរឬទេ?។ លោក
គ្រូពេទ្យអើយលោកគ្រូពេទ្យ ថ្ងៃនេះដល់ហើយ!!!។ អ្នកជំងឺក៏ច្រើនជាងពីម្សិល។
កត់ឈ្មោះចប់សព្វគ្រប់ហើយ អ្នកស្រីក៏ចូលទៅជួយលោកគ្រូពេទ្យនៅក្នុងកាណូតម្តង
ដើម្បីកុំឲ្យលោកគ្រូពេទ្យពិបាកចេញមកហៅអ្នកជំងឺខ្លួនឯង។អ្នកស្រីកាន់ក្រដាស់មួយ
សន្លឹកហៅឈ្មោះតាមលេខរៀងថា៖
– មីគាវ
ម្ចាស់ឈ្មោះនេះមិនបានឮគេហៅឈ្មោះខ្លួនទេ ព្រោះកំពុងតែជជែកគ្នាជាមួយជនម្នាក់ឆ្ការដៃ
ឆ្ការជើង។ ជននោះញញឹម ងក់ក្បាលផ្ងក់ៗលែងទៅណាតែម្តង។
– ឮខ្ញុំហៅឈ្មោះទេ? នរណាគេស៊ី មី គាវ លើកដៃឡើង (អ្នកស្រីស្រែកខ្លាំងៗ)។
– អូហ៍ ! ចាស ខ្ញុំ ! ខ្ញុំនេះហើយ។
អ្នកជំងឺដែលនៅឈរចាំម្តុំនេះក៏នាំគ្នាលើកដៃតាមនាងមីគាវច្រូងច្រាងឡើងព្រមៗគ្នានិងស្រែក
ទ្រហ៊ឹងអ៊ឺងអាប់។ នាងស៊ី មី គាវក៏ដើរចូលទៅឲ្យគ្រូពេទ្យពិនិត្យរោគក្នុងកាណូត រួចចេញមកវិញ។
បុរសអ្នកលក់ក៏ហុចគាវមួយចានឲ្យនាង។ អ្នកឯទៀតក៏សុទ្ធតែកាន់ចានមីនិងគាវមួយចានម្នាក់
ដែរ។អ្នកស្រីហៅឈ្មោះបន្ត។ គ្មាននរណាម្នាក់ចូលមកតាមឈ្មោះសោះព្រោះរវល់តែបរិភោគញាប់
មាត់ដូចឆ្កែអេះ។អ្នកស្រីក្តៅចិត្តពេកក៏ស្រែកជំទាលឡូងៗថាៈ
-នែ ពួកអ្នកឯងគ្រប់គ្នា មកមើលជំងឺឬមកស៊ីស្អីនៅកន្លែងនេះអ្ហះ? គ្មានសណ្តាប់ធ្នាប់បន្តិច
សោះ។ លោកគ្រូពេទ្យគ្មានពេលចាំទេណា។ស្រាប់តែអ្នកជំងឺឆ្លើយព្រមគ្នាឡើង។
– មុននេះ អ្នកស្រីជាអ្នកសួរថា ”នរណាគេស៊ី មី គាវឲ្យលើកដៃឡើង”។ ពួកខ្ញុំគិតថា លោក
គ្រូពេទ្យស្រុកបារាំងចិត្តល្អណាស់។ លោកអញ្ជើញមកពីនាយដល់អាយដើម្បីជួយព្យាបាល
ជំងឺអ្នកក្រីក្រដូចពួកខ្ញុំមិនគិតកម្រៃហើយមានសប្បុរសធម៌បាវមីគាវទៀត។ ពួកខ្ញុំឈរចាំយូរ
ពេក ហើយកំពុងតែឃ្លានស្រាប់ផងក៏ហៅមីឬ គាវម្នាក់១ចានហូបទៅ។
- អូយ! ងាប់អញហើយ ! ថ្ងៃនេះថ្ងៃអី?។
– បាទ ថ្ងៃអាទិត្យ។
អ្នកជំងឺម្នាក់ឆ្លើយភ្លាម ស្មានតែអ្នកស្រីនេះសួរត្រង់ៗ។ អ្នកស្រីឆ្លើយ៖
– ថ្ងៃអាទិត្យស្អី !!! ថ្ងៃរញ៉េរញ៉ៃមិនថា!!!
អ្នកស្រីហួសចិត្តស្រែករកព្រះបណ្តើរ គក់ដើមទ្រូងបណ្តើរ តែគេមិនបានឮស្នូរខ្ទរលាន់ឡើង
ដូចយើងគក់ទ្រូងនៅប្រាសាទគក់ទ្រូងទេ។
– មី សដល់វេនឲ្យពេទ្យពិនិត្យ ចូលភ្លាមទៅកុំនៅកាច់រាងច្រើនពេក។
អ្នកស្រីកំពុងតែល្វីងមុខស្រាប់ក៏រអ៊ូរទាំប៉ាតណាប៉ាតណីថា ”មួយទៀតហើយ អស់ពីមី គាវ ដល់មី ស”។ នែនាងសនិងនាងគាវទៅផ្ទះវិញ កុំភ្លេចសួរពុកម៉ែនាងឯង ម៉េចចាំបាច់ដាក់ពាក្យមីពីមុខឈ្មោះកូន?។ ចាំអ្នកមាននិងអ្នកធំណាគេមើលងាយទាន់ បើគ្រាន់តែកើតង៉ាឡើង ពុកម៉ែនាងឯងហៅ<មី ហង ង៉ែង>ស្រេចទៅហើយ គឺមើលងាយកូនខ្លួនឯងដាច់សាច់មុនគេ។
– ឈប់នាងស៊ី មីគាវកុំអាលទៅ មកណេះ និយាយគ្នាបន្តិចសិន។
– ចាស នៅឯណេះតើ។ ខ្ញុំមានជំងឺធ្ងន់អ្ហ៊ែ?
– ម៉េចមិនសួរលោកគ្រូពេទ្យ? សួរខ្ញុំ ខ្ញុំដឹងអី?
– ខ្ញុំមានកើតអេដស៍ទេ?
– យី នាងនេះមិនចេះស្តាប់ភាសាខ្មែរទេអ្ហី? ថាមិនដឹងគឺមិនដឹង។ កុំនាំរឿងមកបន្លប់។ នែ ដឹងទេនាង ព្រោះតែឈ្មោះ នាងស៊ី មីគាវឯងពិសេសខុសគេបានជាមានរឿងឆ្កួតៗហ្នឹងកើតឡើង ។ ឈ្មោះនេះនាំរឿង…
– រឿងនេះមកពីអ្នកស្រី។ អ្នកស្រីប្រើឃ្លាប្រយោគមិនចំល្អ ឲ្យគេស្តាប់ច្រឡំ។ អ្នកស្រីសួរថា<នរណាគេស៊ីមីគាវ?>។ បើសួរថា <នរណាឈ្មោះស៊ី មីគាវ> នោះគ្មាននរណាយល់ច្រឡំទេ។
– អូហ៍! ខ្ញុំបានសួរអ្នកទាំងអស់គ្នាអ៊ីចឹងមែន?
– ចាស មែន ខ្ញុំហ៊ានស្បថដល់ណាដល់ណីក៏ហ៊ាន។
– ហ៊ានលោតចូលទឹកទន្លេទេ?
– ទេ! មិនហ៊ានទេខ្លាចស្លាប់ អត់ចេះហែលទឹកផង។
– យកជាការមិនបាន មិនខ្ចីជឿ។ នាងឯងចោទខ្ញុំតែផ្តាស។
- វាចាខ្ញុំពិតជាបានការ (នាងស៊ី មីគាវបញ្ជាក់យ៉ាងម៉ឺងម៉ាត់)
– មិនបានការ !! មិនបានការ !! មិនបានការ !!
– បានការ !! បានការ !! បានការ !! អូសច្រឡំមាត់ ខ្ញុំមិនទាន់រៀបការបានម្តងផង។ អ្នកស្រី ខ្ញុំហ៊ានស្បថឲ្យរន្ទះបាញ់ខ្ញុំ បើខ្ញុំចោទអ្នកស្រី។ តែបើអ្នកស្រីបានមានប្រសាសន៍ច្រឡំសុំឲ្យរន្ទះបាញ់ចំលលាដ៍ក្បាលអ្នកស្រីវិញ សុខចិត្តទេ។ ខ្ញុំត្រង់ម៉្លឹងហើយមិនចេះមួលបង្កាច់ទេហើយមិនខ្លាចស្បថ។
– veryយ៉ាប់ !!! ហត់ណាស់អញ !!! ក្រុមនេះជាក្រុមយ៉ាប់មែន!
អ្នកស្រីរអ៊ូបន្ត៖
– ឈ្មោះល្អៗពេញមួយនគរពេញមួយផែនដីមិនរើសដាក់ឲ្យកូនទេ។ មិនបានអីដាក់ថា សុវណ្ណថា វ៉ាលីណយ ដូចក្នុងរឿងកំប្លែងឡាក់ស៊ីងជុយដែលនិពន្ធដោយលោក ឈរ ហ៊រ ឃៀងទៅ គ្រាន់វាពិរោះស្តាប់
បន្តិច ឬក៏យកឈ្មោះតារាខ្មែរល្អឬតារាចិនៗតាមទូរទស្សន៍ក៏បានដែរ។ នែ នាងនេះ សងលុយថ្លៃមីគាវដែលគេទាំងអស់គ្នាបានទទួលទានហើយ រួចកុំភ្លេចទៅដូរឈ្មោះចេញទៅ កុំឲ្យចង្រៃដល់គេឯង។
– ចង្រៃដល់គេឯង? ពុទ្ធោ! ពុទ្ធោ! ដូរឈ្មោះ? ដូរម៉េចកើតទៅព្រះអើយ! oh! my God!
-ម៉ាយក្រហត ម៉ាយក្រហូងស្អីទៀតហើយនាងនេះ! អារឿងដូរឈ្មោះ វាមិនពិបាក មានគេប្តូរសំបុត្រកំណើតបានគគោក ឲ្យតែមានលុយនៅស្រុកយើង ចង់ជួលខ្មោចរាំឲ្យមើលក៏បានដែរ ៕ចប់៕








គួរឲ្យចង់សើចត្រង់ពាក្យថា ” អ្នកស្រីស្រែកជំទាល “……………
មែនហ្នឹងខ្មោចងាប់មួយគំនរ មិនយកឈ្មោះខ្មោចណាមួយមកដាក់ឲ្យកូនទេ ។តួយ៉ាងដូចតាញ៉ាំងអញ្ចឹង មានកូនដល់ទៅ៦នាក់ ។កូនប្រុស២ កូនស្រី៣ ។
១ –អាយួន ២–អាយ៉ាង ៣–មីគាង ៤–មីកាង ៥–កាប៉ក់ ៦–កាពិន ។
ស្ដាប់ទៅដូចភ្លេងរនាដ …………….
រឿង «មី ស៊ីគាវ» ជារឿងកំប្លែងខ្លី ហើយមានន័យ ដ៏ជ្រាលជ្រៅ ទាក់ទង នឹង ការរស់ក្នុងសង្គមខ្មែរយើង។ រឿងនេះ ទាក់ទងយ៉ាងស៊ីជំរៅ នៅក្នុងប្រពៃណីទំនៀមទំលាប់ និង ដួងព្រលឹងកូនខ្មែរគ្រប់សម័យកាលមកហើយ។
ការរស់នៅរបស់ប្រជាជននៅតាមជនបទនានា ខ្វះមុខខ្វះសព្វ ហើយជាពិសេសគឺខ្វះថ្នាំពេទ្យព្យាបាលជម្ងឺផ្សេងៗ ធ្វើអោយប្រជាជនទាំងនោះ ដាក់ជំនឿទៅលើខ្មោចព្រាយបីសាច ចេះកាច់ ចេះធ្វើឲ្យមនុស្សឈឺ ឬ ជាបាន យ៉ាងសក្ដិសិទ្ធទៀតផង អបិយជំនឿទាំងនេះ បានដិតជាប់ក្នុងអារម្មណ៍ប្រជាជនខ្មែរជារហូតមក ក្នុងជំនឿទាំងនោះយើងសង្កេតឃើញតាំងពីការដាក់ឈ្មោះកូនចៅឡើងទៅ ពេលកូនកើតមក គេមិនហាន សរសើរថាកូននោះស្រស់ស្អាត និង មិនហានដាក់ឈ្មោះកូនចៅនោះឲ្យពិរោះ ល្អស្ដាប់នោះទេ ព្រោះខ្លាចខ្មោចលឺ ហើយស្រឡាញ់ បៀតបៀនចង់បានយកទៅ ហើយធ្វើឲ្យកូនចៅនោះមិនសុខសប្បាយឡើយ។
អញ្ចឹងហើយបានជាការដាក់ឈ្មោះកូនចៅខ្មែរយើងដែលជួនស្ដាប់ទៅវាដូចជាមានការភ្ញាក់ផ្អើលមែន ទែន ដូចជាឈ្មោះ «អាជ្រឹង អាជ្រុំ អាជ្រក់ អាជា មីកត្រប់ មីក្អុក » ជាដើម ក៏មិនមែនមានតែជនជាតិខ្មែរនោះទេ ជនជាតិចិន ក៏ដិតជាប់ក្នុងជំនឿនេះយ៉ាងជ្រាលជ្រៅផងដែរ ដូចជាហៅឈ្មោះកូនថា «អាកៅ =អាឆ្កែ អាឡៅកាវ=អាស្វា អាទឺសៃ=អាអាចម៍ជ្រូក អាទឺមួយ=មីអូនជ្រូក » ជាដើមអញ្ចឹងដែរ។
ជនជាតិថៃ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដូចជនជាតិខ្មែរដែរ គេមានមេដឹកនាំប្រកាន់ «ទ្រឹស្ដីជាតិនិយម (une doctrine nationale)» ដ៏ខ្លាំងពូកែម្នាក់ ឈ្មោះហ្លួងពលត្រីវិចិត្រវាទកាន ក្នុងឆ្នាំ ១៩៣២ វិចិត្រវាទកាន កាន់ការក្នុងក្រសួងការបរទេស មានមុខនាទីជានាយកក្នុងក្រសួង វិចិត្រសិល្បៈ តាមរយៈ បទភ្លេង រឿងល្ខោន និង ក្នុងឋានៈខ្លួនជាអ្នកកាសែតផង វិចិត្រវាទកាន បានផ្សព្វផ្សាយនូវទ្រឹស្ដីជាតិនិយមថៃបានយ៉ាងឆាប់រហ័ស ។
ទ្រឹស្ដីជាតិនិយមនេះ ត្រូវបាន អនុវត្ដន៍យ៉ាងពេញទំហ៊ឹង ដោយហ្លួងចមពល ភិបុលសង្រ្គាម ដែលក្នុងពេលនោះលោកជានាយករដ្ឋមន្ត្រី។ ហ្លួងភិបុលសង្រ្គាមបានកែប្ដូរឈ្មោះប្រទេសសយាម ជា ប្រទេសថៃ ទាមទាទឹកដីឥណ្ឌូចិនពីបារាំង ប្រកាសឲ្យអនុវត្ដន៍ជាតិថៃនិយម ឲ្យប្រជាជនផ្លាស់ប្ដូររបៀបស្លៀកពាក់បែបបូរាណ(ឈប់ឲ្យស្លៀកសំពត់ចងក្បិន ស្ដ្រីឲ្យស្លៀសំពត់) ឲ្យឈប់បរិភោគស្លាម្លូ ដាក់ឈ្មោះប្រុសៗ ឲ្យមានលក្ខណៈសំដែងភាពរឹងប៉ឹងខ្លាំងពូកែ ដាក់ឈ្មោះស្រីៗ -
ឲ្យសំដែងពីភាពទន់ភ្លន់ផ្អែមពិរោះ ជាដើម។
អញ្ចឹងហើយបានជាយើងឃើញជនជាតិថៃច្រើនមានឈ្មោះពិរោះស្ដាប់ជាងខ្មែរយើង តែបើទោះជាយ៉ាងណាក៏ដោយ ក៏អប្រិយជំនឿ នូវតែដក់ជាប់នៅក្នុងដួងព្រលឹងជនជាតិនេះ យ៉ាងច្រើនឥតគណនាដែរ។
ជនជាតិខ្មែរក្ដី ចិនក្ដី ថៃក្ដី សុទ្ធតែមានជំនឿ ទៅលើទ្រឹស្ដីព្រះពុទ្ធសាសនា យ៉ាងមុតមាំ ហើយប្រសិនបើយើងចេះយកព្រះពុទ្ធសាសនា ដែលពោរពេញទៅដោយសីលធម៌ មេត្ដាករុណាធម៌ សន្ដោសប្រោសប្រណី និង ការដែលប្រដៅអោយចេះដុសខាត់ទៅរកវិជ្ជា និង ការកាសាង.., មកធ្វើជាមូលដ្ឋាន កសាងការរស់នៅឲ្យបានត្រឹមត្រូវពិតប្រាកដនោះ ប្រជាពលរដ្ឋខ្មែរ នឹង បានជួបនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរុងចំរើនជាមិនខាន។ ព្រះពុទ្ធព្រះបរមគ្រូ ទ្រង់ត្រាស់ជាអាទិថា អ្វីៗទាំងអស់សុទ្ធតែចេញមកអំពីចិត្ដ និង គំនិត។ បើចិត្ដគំនិតមិនស្អាតស្អំ អ្វីៗទាំងនោះ នឹងនាំមកនូវវិបត្ដិ និង ក្ដីវិនាសជាមិនខាន។ តែបើចិត្ដគំនិតស្អាតស្អំ ល្អបរិសុទ្ធស្មោះត្រង់ គ្មានគំនិតអាក្រក់វៀចវេរ អ្វីៗដែលកើតចេញមកទាំងប៉ុន្មានក៏ល្អប្រសើរគ្មានសៅហ្មងដែរ។
សូមស្វាគមន៍ បាត់លោកយូរ ស្មានតែលោកឈប់ចូលអានប្លក់ខ្ញុំហើយ។
អរគុណលោកណាស់ដែលបានបញ្ចេញយោបល់យ៉ាងល្អ។
ខ្ញុំមានទម្លាប់ កាលណាខ្ញុំស្រឡាញ់យោបល់ល្អៗច្រើនតែយកមកផ្សាយដើម្បីចែករំលែក។
ខ្ញុំពិតជាទប់សំណើចមិនបាន នៅពេលអានរឿងនេះ។
ចាស អរគុណលោកច្រើនហើយក៏រីករាយណាស់ដែលអាចនិទានរឿងឲ្យគេសើច។
ខ្ញុំតែងតែ ចូលអានក្នុងប្លុករបស់លោកស្រីជារឿយៗ ជានិច្ច។
សូមអរគុណច្រើនណាស់ ចំពោះការពេញចិត្ដ និង លើកមតិរបស់ខ្ញុំទៅចុះចែកជូនប្រិយមិត្ដអានបន្ដ។