ប្រិយមិត្តអ្នកអានជាទីមេត្រី
ដំណើរជុំវិញអ្នកនិពន្ធម្នាក់សូមជូនមួយទំព័រថ្មីទៀត ដោយលើកយករឿងខ្លីដែល
និពន្ធដោយលោកកៅ សីហាមានចំណងជើងថា«ទូកមួយ»។ រឿងនេះបានទទួល
រង្វាន់អក្សរសិល្ប៍នៃសមាគមអក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០៦។
នៅឆ្នាំ២០០៦ដដែល រឿងនេះត្រូវបានចុះផ្សាយក្នុងសៀវភៅ
សមូហកម្មអក្សរសិល្ប៍ នូ ហាចលេខ៣ ។
យ៉ាងណាមិញទស្សនាវដ្តីប្រជាប្រិយ និងទស្សនាវដ្តីអាថ៌កំបាំង
នឹងកាសែតកោះសន្តិភាពក្នុងប្រទេសកម្ពុជាក៏បានយក
រឿង«ទូកមួយទៅចុះផ្សាយដែរ។
បន្ទាប់មកទៀត នៅឆ្នាំ២០០៧ រឿង«ទូកមួយ»ក៏ត្រូវបាននិសិត្សអក្សរសាស្រ្តខ្មែរ
នាទីក្រុងភ្នំពេញយកទៅធ្វើការសិក្សាវិភាគ និងវាយតម្លៃ។
ចំណែកខ្ញុំ កាលពីឆ្នាំ២០០៨ដោយយល់ឃើញថា រឿង«ទូកមួយ»
ដ៏ល្បីនេះមានខ្លឹមសារស៊ីជម្រៅ
ខ្ញុំក៏បានលើកយករឿងនេះមកផ្សាយតាមរលកសម្លេង
វិទ្យុបារាំងអន្តរជាតិ RFIដោយមានអន្តរាគមន៍ផ្ទាល់
ពីអ្នកនិពន្ធ កៅសីហា។
លុះដល់ឆ្នាំ២០០៩ សមាគមអក្សរសិល្ប៍នូហាចបានបកប្រែ
រឿង«ទូកមួយ»នេះជាភាសាអង់គ្លេស។
ក្រោយមក នៅ់ឆ្នាំ២០១១ សមាគមអ្នកនិពន្ឋពិភពលោក
ចាប់អារម្មណ៍ហើយបានយករឿង«ទូកមួយ»ទៅបកប្រែជាភាសាបារាំង។
ខ្ញុំសូមអញ្ជើញប្រិយមិត្តអានរឿង
ទូកមួយ
និពន្ធដោយលោកកៅ សីហា
A BOAT
By KAO Seiha

(រូបថត៖ លោក កៅ សីហា)
ខណៈនេះ ព្រះអាទិត្យរំកិលខ្លួនបន្តិចម្ដងៗ ចាកចេញពីលោកិយ ជះស្រមោលពណ៌លឿងឆ្អិនឆ្អៅ ស្ថិតនៅឯជើងមេឃម្ខាង បីដូចដុំភ្លើង ចាំងឆ្លុះស្រមោលលើផ្ទៃទឹកសមុទ្រ ដ៏ល្ហល្ហេវ សត្វរំពេទាំងហ្វូងៗ ហោះហើរសំដៅទៅទ្រនំខ្លួនយ៉ាងប្រញាប់ប្រញាល់។
នៅឯច្រាំង គ្រួសារពូសឿនកំពុងតែញាប់ដៃញាប់ជើង រៀបចំប្រដាប់ប្រដាដាក់ទូក ដើម្បីចេញនេសាទយប់នេះ។
ក្រុមគ្រួសារនេះ រស់នៅលើទូកជាប្រចាំ។ មុខរបរនេសាទធ្វើឲ្យពួកគាត់រួចផុតពីភាពអត់ឃ្លាន ទោះបីប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
ទូកពូសឿនមានលក្ខណៈល្អឯក ជាទូកបុរាណតំណពីដូនតារបស់គាត់។ ទូកទាំងមូលច្នៃពីឈើប្រណីត អមដោយក្បាច់ចម្លាក់រូបនាគ គ្រុឌយ៉ាងវិចិត្រ និងបានកែច្នៃទូកនេះដោយបំពាក់ម៉ាស៊ីនបន្ថែម ដើម្បីសម្រួលដល់ការនេសាទ… អ្នកបានឃើញ ប្រាកដជាស្រឡាញ់ចង់បានជាកម្មសិទ្ធិ។ មានជនបរទេសមិនតិចនាក់ទេ ដែលប៉ងទិញ តែម្ចាស់ទូកមិនព្រមលក់។
ពេលចេញនេសាទមកដល់។ ពូសឿន និងកូនប្រុសទាំងពីរ រុញក្បាលទូកចេញពីច្រាំង ឯប្រពន្ធគាត់ និងកូនស្រីពៅ រៀបចំទុកឥវ៉ាន់យ៉ាងញាប់ដៃញាប់ជើង។
ពូសឿន ជាបុរសដែលមានមាឌមាំក្រអាញ សក់រួញអង្គាដី ក្បាលឆក ចិញ្ចើមក្រាស់ បបូរមាត់ស្ដើង ចិត្តដាច់ ហើយឆេវឆាវ… គាត់មានចរិតម៉ឺងម៉ាត់ និងអត្តនោម័តិ ពុំស្ដាប់យោបល់ប្រពន្ធកូនឡើយ ហើយតែងប្រើអំណាចជាមេគ្រួសារ សម្រេចកិច្ចការផ្សេងៗ…
- អារឿន! យកច្រវាឲ្យពុក ហើយបញ្ឆេះម៉ាស៊ីនផង (ពូសឿនប្រាប់ទៅកូន)
សារឿន ហុចច្រវាឲ្យឪពុកខ្លួន។ ពូសឿនបានច្រវា ចែវបទក្បាលទូកយ៉ាងប៉ិនប្រសប់ដោយគាត់រស់នៅលើទូកនេះ មានបទពិសោធន៍តាំងពីតូច…
សំឡេងម៉ាស៊ីនទូករោទ៍… ទូកលឿនលយទៅមុខបន្តិចម្ដងៗ កាត់រលកធំតូចឆ្ពោះទៅទិសដៅ។
កំពុងនេសាទ ផ្ទៃមេឃចាប់ងងឹត ពពកខ្មៅមីរដេរដាស រកមើលអ្វីមិនយល់ សូម្បីហ្វូងផ្កាយ និងព្រះចន្ទក៏ប្រាប់ស្រមោលដែរ។ មីងសាតរៀបចំបាយទឹក ហៅប្ដី និងកូនៗបរិភោគ។ ពូសឿនរៀបចំប្រដាប់ប្រដានេសាទទុកដាក់ ហើយគាត់ចុះមកអង្គុយពែនភ្នែន ក្នុងវង់បាយជាមួយប្រពន្ធកូន។
រាត្រីនេះ ខ្យល់បក់ខ្លាំងខុសពីធម្មតា ពូសឿនសម្លឹងទៅខាងក្រៅពិនិត្យ រំពេចនោះ គាត់សម្ដែងទឹកមុខព្រួយបារម្ភ។ មិនទាន់ទាំងបានប៉ុន្មានផង ភ្លៀងបង្អុរមកជាមួយសន្ធឹកខ្យល់បោកបក់គួរឲ្យព្រឺព្រួច។ សូររលាកគ្រាំៗ រុញច្រានទូកឲ្យរសាត់ឆ្ងាយពីគោលដៅ។ ចង្កៀងម៉ាំងសាំងបានរលត់ ធ្វើឲ្យផ្ទៃទឹកងងឹតសូន្យឈឹង។
ស្មារតីពូសឿននៅរឹងមាំជាងគេ គាត់អង្គុយលើក្បាលទូកសង្កេតស្ថានការណ៍។ ឯកូនប្រុសទាំងពីរនៅចុងទូកម្ខាង កាច់បត់បែនទប់ទូក។ មីងសាត និងកូនស្រីតក់ស្លុត គិតតែពីអង្គុយបន់ស្រន់…
កម្លាំងទឹករលក បោកមិនឈប់សោះ! ទឹកសាចចូលទូក។ មីងសាត និងស្រីពៅឈប់បន់ស្រន់ ប្រវេប្រវានាំគ្នាដងទឹកចេញយ៉ាងញាប់ដៃ ឯទូកកំពុងឃ្លេងឃ្លោង ម្ដងទៅឆ្វេង ម្ដងទៅស្ដាំ តែលតោលតាមតែរលក និងខ្យល់បក់គួរឲ្យបារម្ភ។
ភ្លៀង ខ្យល់ស្ងប់បន្តិចហើយ។ អ្នកនៅក្នុងទូកអស់កង្វល់មួយគ្រា។ តែទាំងអស់គ្នាមិនដឹងថាកំពុងស្ថិតនៅទីណានោះទេ។ ពូសឿនងាកទៅខាងណាក៏ចំណាំមិនបាន។ គាត់ថប់អារម្មណ៍មែនទែន។ រំពេចនោះ ស្រាប់តែម៉ាស៊ីនទូករលត់។ ពូសឿនប្រាប់ឲ្យកូនយកប្រេងចាក់ថែម នៅតែមិនឆេះ… មិនឆ្ងាយប៉ុន្មាន មានទូកនេសាទមួយមកដល់ គាត់អង្វរសុំឲ្យម្ចាស់ទូកនោះជួយ…
- ឱ! ល្បងអើយ! មេត្តាជួយអូសទូកខ្ញុំទៅច្រាំងផង!
- ខ្ញុំជួយមិនបានទេ! ទូកខ្ញុំអូសខ្លួនឯងមិនរួចផង (ម្ចាស់ទូកឆ្លើយតប ក្នុងសំនៀងមិនសូវច្បាស់ ព្រោះគេជាជនជាតិបរទេស)។
ពូសឿន ខិតខំស្វះស្វែង អង្វរទូកនេសាទផ្សេងៗទៀតដែរ តែគ្មាននរណាព្រមជួយគាត់សោះ។ គាត់ចាប់ផ្ដើមមួម៉ៅក្ដៅចិត្ត ណាមួយរកត្រីមិនបាន ខាតកម្លាំងទទេទៀត។ ទាំងអស់គ្នាចាប់ចែវទូកទាំងអស់សង្ឃឹម…
ជាច្រើនថ្ងៃហើយ ទូកពូសឿននៅតែអណ្ដែតលើផ្ទៃទឹក គ្មានដឹងកោះត្រើយ។ មិនដឹងថា វាសនាពួកគេទៅជាយ៉ាងណានោះទេ?
ទូកនេសាទបរទេសមួយទៀត បានមកអែបជិតទូកពូសឿន ហើយជជែកគ្នាពីនេះ ពីនោះ ក្នុងបំណងចង់ទិញយកទូករបស់ពូសឿន។ ជនបរទេសនោះ ធ្លាប់សុំទិញទូកពូសឿនច្រើនលើកមកហើយ តែគាត់មិនលក់…
ជជែកគ្នាមួយសន្ទុះ មីងសាតដែលកំពុងរាយសំណាញ់ ស្រែកសួរដោយភ្ញាក់ផ្អើល៖
- ថាម៉េច! ឪវាឯងចង់លក់ច្រវាឲ្យគេ? ទេ! ខ្ញុំមិនព្រមទេ! ព្រោះច្រវាវាគូនឹងទូក។ ច្រវាអាចជួយយើងឲ្យទៅមុខបាន។
- កុំចេះ! អញត្រូវតែដោះដូរវាជាមួយអង្ករ ទឹក ត្រី សាច់ ឬក៏ឯងចង់ដាច់ពោះស្លាប់? បើច្រវាមានដល់ទៅពីរ លក់មួយក៏មិនអីដែរ… ឯងកុំបារម្ភពេក! អញចេះគិតហើយ…
មីងសាតបែរជានៅស្ងៀម… គាត់លើកច្រវាមកអង្អែលថ្នមៗ បង្ហាញការសោកស្ដាយ។ បានច្រវាហើយ ម្ចាស់ទូកបរទេសចេញទៅ… ឯប្រពន្ធសួរទៅប្ដីទាំងមួម៉ៅ៖
- អើយ…! នៅសុខៗ ម្ដេចក៏បងយកស្បៀងទៅដូរនឹងច្រវាទូក មានប្រយោជន៍អី?
បុរសជាប្ដី អង្អែលច្រវាបណ្ដើរ ញញឹមបណ្ដើរ ហើយតបទៅប្រពន្ធថា៖
- ពួកគេកំពុងទ័លច្រក ថ្ងៃនេះគេលក់ច្រវាមួយឲ្យយើង ថ្ងៃក្រោយយើងបង្ខំគេឲ្យលក់ច្រវាមួយទៀត… បន្ទាប់មក ប្រាកដជាលក់ទូកមិនខាន! ព្រោះទូកនោះយើងប៉ងយកយូរហើយ! មិនអ៊ីចឹង? ឱកាសល្អជិតមកដល់ហើយ… ពួកគេកំពុងតែតែលតោលដូចចក នៅកណ្ដាលសាគរ ប្រាកដជាគ្មានផ្លូវទៅដល់ត្រើយទេ អ្វីៗនឹងក្លាយជារបស់យើង ដើម្បីសម្រេចបំណងនេះ យើងត្រូវតែតាមឃ្លាំមើលពួកវា ពេលណាក្រុមគ្រួសារមួយនេះទ័លច្រក នោះឱកាសល្អយើងក៏មកដល់! (ស្នាមញញឹម និងសំណើចរបស់ពួកគេផ្ទុះឡើងប្រកបដោយភាពជឿជាក់)។
មួយរយៈនេះ ពូសឿនរាសីដាក់ខ្លាំងណាស់។ ណាមួយនេសាទមិនបាន ណាមួយប្រឹងប្រែងចែវទូក ឆ្លងកាត់សមុទ្រអស់កម្លាំង ហើយអ្វីរឹតតែលំបាកទៀតនោះគឺ ជំងឺរលាកក្រពះរបស់គាត់ កំពុងរើបរើឡើងវិញ ធ្វើឲ្យគាត់កាន់តែពិបាក ឯស្បៀងក៏កាន់តែអស់ទៅៗ ធ្វើឲ្យម្ចាស់ទូកបរទេស ដែលតាមឃ្លាំមើលសប្បាយចិត្ត។
ក្នុងនាមជាអ្នកកាន់ក្បាលទូក ពូសឿនប្រកាន់ជំហរអត្តនោម័តិជានិច្ច ទោះបីជាគាត់មានជំងឺបៀតបៀនក៏ដោយ។ គាត់យល់ឃើញថា ក្រៅពីរូបគាត់ គ្មាននរណាម្នាក់អាចធ្វើដូចគាត់បានឡើយ ម្យ៉ាងកូនៗរបស់គាត់នៅក្មេង ពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការចែវទូកនេះទេ។
ពូសឿន និងគ្រួសារវង្វេងទិសរកកោះត្រើយមិនឃើញ។ សភាពបែបនេះ ធ្វើឲ្យគ្រួសារគាត់អស់សង្ឃឹមយ៉ាងខ្លាំង ពិសេសរូបគាត់ ពេលនេះគ្មានកម្លាំងសម្រាប់ចែវទូកទៀតទេ។ ជំងឺកាន់តែរុករាន… គាត់ដេកស្ងៀមនៅនឹងកន្លែង ហើយប្រគល់តួនាទីនេះទៅឲ្យកូនប្រុសទាំងពីរចាត់ចែងចែវទូកទៅច្រាំង។
បន្ទាប់ពីឪពុកអនុញ្ញាត សារឿន និងសារិន តាំងឈ្លោះដណ្ដើមច្រវាគ្នា ឮមាត់ឡូឡាកោកកាក ប្រកាន់យកឈ្នះរៀងៗខ្លួន…
- ឲ្យច្រវាអញ! ហ្អែងក្មេងណាស់ មិនដឹងទិសតំបន់អីទេ!
- បង ទុកឲ្យខ្ញុំចែវវិញ! ខ្ញុំប្អូនមែន តែកម្លាំងខ្ញុំខ្លាំងជាងណា៎! (សារិនប្រកែក)
ទាំងពីរនាក់សុទ្ធតែចង់ចែវរៀងៗខ្លួន រហូតវាយតប់គ្នា ធ្វើឲ្យទូកឃ្លេងឃ្លោងទឹកចូល ឃើញសភាពមិនស្រួល ស្រីទូចក៏ស្រែកឲ្យបងៗ៖
- បានហើយៗ បងឈប់វាយគ្នាទៅ! មិនគិតជួយ បែរជាឈ្លោះប្រកែកគ្នាទៅវិញ បងមិនចេះខ្មាសគេទេអី? មើលន៎! ពួកបរទេសគេសើចយើង… ពួកគេមិនជួយយកអាសាយើងទេ គេចាំតែសើចតែប៉ុណ្ណោះ ល្មមឈប់ឈ្លោះគ្នាទៅបង! កុំឲ្យគេមើលងាយយើងណា៎…!
ឮសម្ដីស្រីទូច សារិនបញ្ឈប់ការប្រតាយប្រតប់ជាមួយសារឿន ហើយងាកទៅរកទូកបរទេសដែលស្រែកក្ដែងៗ៖
- មើលអី! មិនដែលឃើញមនុស្សវ៉ៃគ្នាទេអី? យីស! ពួកអារំលោភឈ្លានពានអស់នេះ!
ពេញមួយថ្ងៃហើយ ដែលសារឿនខ្នះខ្នែងចែវទូក ប៉ុន្តែនៅតែរកកោះត្រើយមិនឃើញសោះ… រាត្រីក៏ឈានមកដល់…
ស្រីទូច និយាយទៅកាន់សារឿនទាំងទឹកមុខព្រួយបារម្ភ៖
- បង! តាមខ្ញុំស្មាន យើងទៅតាមទិសហ្នឹងមិនត្រូវទេ ព្រោះតាមខ្ញុំចំណាំ យើងទៅខាងទិសផ្កាយយាមនង្គ័លវិញ (នាងចង្អុលបង្ហាញ)។
សារឿនងាកមកឆ្លើយដោយម៉ឺងម៉ាត់៖
- នែ៎កាទូច! កុំចេះ… ឯងជាស្រី គិតតែពីដាំស្ល និងជួយធ្វើការម៉ែទៅ… អញដឹងហើយ! កុំចេះមកប្រដៅអញវ៉ើយ!
ឮសម្ដីរបស់បង ស្រីទូចដាក់មុខចុះ អស់ទឹកចិត្តក្នុងការជួយជាយោបល់… មីងសាតចូលមកអន្តរាគមន៍ ដោយសម្ដីទន់ភ្លន់សម្រួលស្ថានការណ៍៖
- សារឿន! កូនមិនត្រូវថាឲ្យប្អូនដូច្នេះទេ។ ប្អូនគ្រាន់តែឲ្យយោបល់ ដើម្បីជួយឲ្យទូកយើងទៅរកកោះត្រើយឃើញទេតើ ពាក្យចាស់លោកថា គំនិតពីរប្រសើរជាងគំនិតមួយដែរណា៎ ម្យ៉ាងកូនមិនត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនពេកទេ កូនត្រូវចេះចែករំលែកការងារទៅប្អូនៗផង… ទើបល្អ!
ឲ្យចែកការងារទៅពួកវាយ៉ាងម៉េច? បើគ្រាន់តែចែវទូក មិនចេះទាំងចែវស្រួលបួលផង! (សារឿនតបទាំងដៀងភ្នែកទៅសារិន ដែលកំពុងអង្គុយជួសមង)
- ចុះបងឯង ចេះជាងខ្ញុំប៉ុណ្ណា? (សារិនដំឡើងសំឡេងតបមកវិញ)
- ជាបងប្អូននឹងគ្នាសោះ និយាយតាមសម្រួលទៅ ចាំបាច់ចាប់ផ្ដើមឡើងរកតែឈ្លោះគ្នាធ្វើអី? (មីងសាតឃាត់)
សារឿន និងសារិននៅស្ងៀម។ មីងសាតបន្ត៖
- ពួកយើងផ្ញើជោគវាសនានៅលើទូកនេះ។ យើងមិនដឹងផ្លូវទៅរកត្រើយ ហើយនៅលើទឹកមានឧបសគ្គព្យុះ ភ្លៀង រលក ឯស្បៀងអាហារយើង ក៏កាន់តែអស់ទៅៗ រំពឹងទៅលើទូកអ្នកជិតខាង គ្មាននរណាគេជួយយកអាសាយើងទេ គេមានតែប្រាប់ផ្លូវឲ្យយើងវង្វេងទៀត… នេះជាពេលដែលកូនៗត្រូវភ្ញាក់ខ្លួន ធ្វើយ៉ាងណាឲ្យឆាប់ដល់ត្រើយ ឈប់ឈ្លោះគ្នាទៅ! ខាតប្រយោជន៍ទេកូន! កូនគួរតែចេះសាមគ្គីគ្នាណា៎… (មីងសាតនិយាយបណ្ដើរ ដួសបបរបញ្ចុកប្ដីបណ្ដើរ… ដោយក្ដីបារម្ភ)
សារឿន និងសារិនសម្លឹងមុខគ្នា ដោយមិនចេញស្ដី ប៉ុន្តែទឹកមុខរបស់ពួកគេបញ្ជាក់ថា ម្នាក់ៗនៅតែចង់ដណ្ដើមច្រវាគ្នាចែវដដែល…
ធម្មជាតិមិនទៀងទាត់ទេ នៅសុខៗស្រាប់តែខ្យល់សមុទ្របក់បោកយ៉ាងខ្លាំង រលកធំៗ បោកបក់មកលើទូកពូសឿន ធ្វើឲ្យទូកគ្មានលំនឹង ឯសារិនវិញ អង្គុយធ្វើហី ពេលដែលគ្រប់គ្នាក្នុងទូកកំពុងតែមមាញឹក… ក្នុងសភាពបែបនេះ សារឿនស្រែកខ្លាំងៗ៖
- នែ៎អារិន! ម៉េចមិនជួយបាចទឹកចេញពីទូក? ទឹកចូលលិចទូកឥឡូវហើយ!
- ក្រែងបងថាខ្លួនពូកែ? បងឯងអាចនាំពួកយើងទៅដល់ច្រាំងបាន! ឥឡូវបងធ្វើទៅ…! ព្រោះខ្ញុំគ្មានសមត្ថភាពទេ!
សារឿនមិនចេញស្ដីទេ គិតតែពីបាចទឹកចេញ។ ឃើញសភាពមិនស្រួល សារិនទៅជួយដែរ… ឯពូសឿន ឈឺរហូតសន្លប់បាត់ស្មារតី។ ខណៈនោះស្រាប់តែទូកបរទេសមកដល់ គ្រប់គ្នាលើកដៃសំពះអង្វរសុំឲ្យជួយជីវិតខ្លួន។ ម្ចាស់ទូកបរទេស ដែលបានទិញច្រវាពីថ្ងៃមុនផ្ដើមនិយាយបង្កប់ដោយគំនួច៖
- យើងអាចជួយជីវិតគ្រួសារឯងបាន លុះត្រាតែមានល័ក្ខខ័ណ្ឌ!
- ល័ក្ខខ័ណ្ឌអីទៅ? (សារឿនសួរបញ្ជាក់)
- បើយើងជួយជីវិតពួកឯងហើយ គឺឯងត្រូវប្រគល់ទូកនេះឲ្យយើង…
ទាំងអស់គ្នា មើលមុខគ្នាទៅវិញទៅមក ក្នុងសភាពអល់អែក។ ម្ចាស់ទូកបរទេសឃើញដូច្នេះ និយាយបន្ត៖
- សម្រេចចិត្តទៅ រវាងជីវិតមួយគ្រួសារឯង និងទូកមួយនេះ… បើឯងយល់ថាទូកសំខាន់ក៏តាមចិត្តចុះ! តែខ្ញុំសន្យាថា ពេលទៅដល់ច្រាំង ខ្ញុំនឹងធ្វើផ្ទះមួយឲ្យពួកឯងនៅ ហើយជួយរកការងារឲ្យពួកឯងធ្វើទៀត… ម៉េច? កុំគិតយូរ! ប្រយ័ត្នហួសពេលណា៎!
សារឿនអល់អែក សម្រេចចិត្តដោយខ្លួនឯង៖
- បាន! តែពេលនេះពុកខ្ញុំនៅរាល់នៅឡើយ គាត់ច្បាស់ជាមិនព្រមទេ តែបើលោករង់ចាំបានដល់ពេលគាត់ស្លាប់ ខ្ញុំនឹងប្រគល់ទូកនេះឲ្យលោក… បានទេ?
- តែឯងត្រូវចុះកិច្ចសន្យាជាមួយយើង!
ខ្ញុំព្រមធ្វើតាមគ្រប់យ៉ាង…
មិនបង្អង់យូរ ម្ចាស់ទូកបរទេសបញ្ជាឲ្យកូនចៅដងទឹកយ៉ាងញាប់ដៃញាប់ជើង។ មួយសន្ទុះទឹកអស់ពីទូក គ្រប់ៗគ្នាបានធូរទ្រូង ព្រោះពេលនេះបានរួចពីសេចក្ដីស្លាប់…
ថ្ងៃនេះ ពូសឿនដឹងខ្លួនវិញ មីងសាតរៀបរាប់ពីហេតុការណ៍ ដែលកើតកាលពីយប់មិញ ប៉ុន្តែគាត់ពុំបានប្រាប់ពីកិច្ចសន្យា ដែលសារឿនធ្វើជាមួយថៅកែទូកបរទេសនោះទេ។
ពូសឿនលើកដៃសំពះទៅមេឃ ហើយនិយាយ៖
- ឱ! អ្នកមានគុណ អ្នកជួយសង្គ្រោះជីវិតយើង អ្នកជាអ្នកផ្ដល់កំណើតទីពីរដល់គ្រួសារខ្ញុំ។ ខ្ញុំមិនភ្លេចគុណអ្នកទេ។
ទូកបរទេសមកដល់ជាថ្មី ហើយបង្ហាញទិសឲ្យទូកសារឿនចែវទៅរកកោះមួយ។ សារឿនចែវទៅតាម។ បន្ទាប់មកក៏បែកគ្នា…
ប្រពន្ធរបស់ម្ចាស់ទូកបរទេស ចោទសួរទៅកាន់ប្ដីទាំងមិនសប្បាយចិត្ត៖
- ចាំបាច់បង្ហាញផ្លូវពួកវា ទៅរកកោះនោះធ្វើអី?
- អត់ទេ គឺបងបង្វែងដានពួកវាទេអូន។ បើយើងរង់ចាំដល់តានោះស្លាប់ មិនដឹងពេលណាទេ! ទុកឲ្យពួកវារស់សិនចុះ! ម្យ៉ាងបើពួកវាធំធាត់ចង់បកមកខាំយើងវិញ ក៏ពិបាកដែរ… (ពួកបរទេសសើចសប្បាយនឹងគម្រោងការណ៍ ដ៏ជោគជ័យរបស់គេ)។
សារឿនខំចែវទូក រហូតបានឃើញស្រមោលកោះនៅខាងមុខ។ ស្រីទូចនិយាយទៅកាន់បងថា៖
- បងមិនគួរចែវទូកមកទីនេះទេ ព្រោះមើលទៅដូចជាឆ្ងាយពីច្រាំងណាស់!
- កុំចេះ! អ្នកមានគុណគេឲ្យធ្វើអ្វី ធ្វើតាមគេទៅ គេនឹងជួយពួកយើងឲ្យបានដល់ត្រើយមិនខាន… ឯងក៏ឈប់មករកស៊ីក្នុងសមុទ្រ ដ៏ប្រថុយប្រថាននេះទៀតដែរ! ម៉េចឯងមិនជឿគេឬ? ពិតជាមិនស្គាល់គុណទោសមែន…
សារិន ចំអកទៅឲ្យបង៖
- បើគេចង់ជួយយើងមែន ម៉េចក៏មិននាំយើងឲ្យដល់ត្រើយតែម្ដងទៅ?
- គេជួយយើង ព្រោះតែគេចង់បានទូកយើងប៉ុណ្ណោះ បងដឹងទេ? (ស្រីទូចបន្ថែម)
- ត្រូវហើយ! បើខ្ញុំជាបងវិញ ខ្ញុំសុខចិត្តស្លាប់ មិនព្រមឲ្យទូកនេះទៅគេទេ! (សារិនបន្ត)
ឈប់និយាយភ្លាម! (សារឿនគំហកឲ្យប្អូនៗ)
- ខ្ញុំត្រូវតែនិយាយ ដើម្បីឲ្យពុកបានដឹងថា ម្ចាស់ទូកបរទេសនោះ មិនមែនជួយយើងដោយសុទ្ធចិត្តទេ គឺជួយយើងជាថ្នូរនឹងទូកនេះ បងលក់ទូកឲ្យគេ បងត្រូវតែទទួលខុសត្រូវ!
ទ្រាំស្ដាប់សារិននិយាយទៀតមិនបាន សារឿនដែលកំពុងតែក្រេវក្រោធ ក៏វាប្អូនមួយច្រវា បែកឈាមជោកក្បាល ដួលសន្លប់មួយរំពេច… ហើយនិយាយគំរាមទៀត៖
- នេះជាមេរៀនសម្រាប់អ្នកណា ដែលនិយាយការពិត!
ពូសឿន មានការរន្ធត់តក់ស្លុតយ៉ាងខ្លាំង ចំពោះអំពើ និងគំនិតរបស់សារឿន។ តាមកំហឹង គាត់ចង់តែស្ទុះទៅវាយកូន ប៉ុន្តែស្ថានភាពគាត់ដុនដាប គាត់ឡើងឈាម ក្រោកមិនរួច ទោះចង់និយាយ ក៏និយាយមិនឮ គាត់បានត្រឹមតែសំងំបង្ហូរទឹកភ្នែក…
សារឿនពេបមាត់ងាកមកម្ដាយ និងប្អូនស្រី ដែលកំពុងតែរុំរបួសឲ្យសារិន រួចសម្លឹងហួសទៅពូសឿន ដោយបោះសម្ដីមុតៗ៖
- ពុកមិនបាច់ខឹងទេ! ពុកចាស់ហើយ សម្រាកឲ្យស្រួលខ្លួនទៅ! ទុកឲ្យកូនជាអ្នកចាត់ចែងរឿងនេះបានហើយ… កូនអាចធ្វើបាន! ម៉ាអារឿងប៉ុណ្ណឹង.. ក្រុមគ្រួសារពូសឿន បានមកដល់កោះមួយ ដែលគ្មានមនុស្សរស់នៅ។ ម្ចាស់ទូកក្រៅស្រុកបានយកស្បៀងមកជាលេស ការពិត គេមកដើម្បីស៊ើបដំណឹង ពីសមភាពជំងឺពូសឿនតែប៉ុណ្ណោះ។
ឯពូសឿន ខំប្រឹងនិយាយផ្ដែផ្ដាំទៅប្រពន្ធ កូនជាចុងក្រោយ៖
- ពួកឯងត្រូវតែប្រឹងប្រែងថែរក្សាទូកនេះ កុំឲ្យគេយកបាន កុំឲ្យព្រលឹងបុព្វបុរសថ្កោលទោសពួកយើង កូនត្រូវសាមគ្គីគ្នាឡើង ឈប់ឈ្លោះទាស់ទែងបង្ហូរឈាមបងប្អូនឯងទៅ! បើកូនធ្វើដូចនេះបាន ពុកស្លាប់ទៅ បិទភ្នែកជិតហើយ…
សមុទ្រស្ងប់រលក។ ព្រះអាទិត្យលិចសន្សឹមៗទៅទិសបស្ចិម។ សំឡេងយំខ្សឹកខ្សួលលាន់រំពងនៅលើកោះឯកោ។ ពូសឿនរលត់សង្ខារហើយ។ សពពូសឿនទុកដាក់លើកោះដោយមិនមានពិធីបុណ្យប្រពៃណីទេ។ គ្រប់គ្នាអាឡោះអាល័យឪពុក ស្របពេលដែលម្ចាស់ទូកបរទេសមកដល់។ ជជែកគ្នាមួយស្របក់ សារឿនផ្ដើមនិយាយ៖
- ខ្ញុំមិនលេបសម្ដីទេ! តែលោក ត្រូវធ្វើតាមអ្វី ដែលបានសន្យាដែរ…
- ជនជាតិយើងគោរពច្បាប់ណាស់ ឯងកុំព្រួយ! (ជនបរទេសសើច)
ខណៈនោះ មីងសាត ដៃកាន់ដំបងយ៉ាងណែន រត់ទៅវាយសំពងជនបរទេស។
- ងាប់ទៅ! ពួកអាចោរឈ្លានពាន (មីងសាតស្រែកខ្លាំងៗ)។
កម្លាំងដៃអ្នកទន់ខ្សោយ មិនឈ្នះអាវុធទំនើបទេ។ ថៅកែទូកបរទេស ដកកាំភ្លើងបាញ់គំរាមជាច្រើនគ្រាប់ ហើយបញ្ជាឲ្យកូនចៅគេចាប់ធ្វើទារុណកម្ម។ សារិនត្រូវគេវាយរហូតបាក់ជើងទាំងពីរ។ ចំណែកសារឿនវិញ បានត្រឹមឈរមើលសោកនាដកម្មនេះតែប៉ុណ្ណោះ.. គេរត់ទៅលើកម្ដាយ ហើយនិយាយ៖
- ម៉ែ! ខ្ញុំប្រាប់ហើយ ថាកុំខ្លាំងជាមួយពួកវា តែម៉ែមិនជឿ។ ពួកវាមានគ្នាច្រើន មានអាវុធទៀត ធ្វើម៉េចឈ្នះវាបាន!
- ហ៊ឹះ! អាកូនលក់ក្បាលឲ្យគេ! ចេញទៅ! អញមិនចង់ឃើញមុខឯងទេ។
សារឿន និងជនបរទេសចេញទៅ។ អ្វីៗត្រូវបានដោះស្រាយរួចរាល់។ ថៅកែបរទេសយកបានទូកដូចបំណង។
ដើម្បីជាការលួងលោម និងចៀសវាងមានឈ្មោះថាក្បត់ពាក្យសន្យានោះ ថៅកែបរទេសបានឲ្យតួនាទីទៅសារឿន ជាអ្នកត្រួតត្រាក្រុមកម្មករនៅលើទូកខ្លួនឯង។ សារឿន បង្ខំចិត្តឲ្យកម្មករនេសាទធ្វើការទាំងយប់ថ្ងៃ ដើម្បីផ្គាប់ចិត្តចាហ្វាយ។ កម្មករនៅលើទូកនោះ ទោះជាខំធ្វើយ៉ាងណា ក៏នៅតែក្រងើបមុខមិនរួច ហើយសុទ្ធតែជាជនបាក់កម្លាំង ខ្លះជាស្ត្រី មេម៉ាយ ជនពិការ ក្មេងកំព្រា។ ពួកគេទាំងនេះរស់នៅលើទូក ដែលមិនមានគោលដៅ រកត្រើយសំចតមិនឃើញ។ អ្វីៗស្ថិតនៅក្រោមបង្គាប់សារឿន។ ទាំងអស់គ្នាទៅជាអ្នកសុំស្នាក់អាស្រ័យនៅលើទូកខ្លួនឯង។
ទូកមួយនេះ ត្រូវបានគេរចនាឲ្យកាន់តែប្រណីតឡើង ដោយប្ដូរឈ្មោះទៅជាទូកបរទេសទៀតផង… បាត់បង់ធាតុដើមរបស់ខ្លួនបន្តិចម្ដងៗ…
ម្ចាស់ទូកបានត្រឹមតែឈឺចាប់ប៉ុណ្ណោះ ព្រោះគ្មានលទ្ធភាពអ្វីទៅតតាំង និងទាមទារពីគេវិញបានឡើយ។ ពេលនេះគ្រប់យ៉ាងហួសពេលអស់ហើយ។
លទ្ធផលចុងក្រោយ គ្រួសារមីងសាតមានតែការសោកស្ដាយមួយ ដែលមិនអាចស្រោចស្រង់បាន។ ឯសារឿន ទោះបីជាពេលខ្លះនឹកស្ដាយក្រោយក្ដី ក៏គ្មានជម្រើសដែរ ព្រោះអំណាចថៅកែបរទេសគាបសង្កត់គ្រប់ពេល បង្ខំឲ្យធ្វើបាបកម្មករ ដែលជាខ្មែរដូចគ្នា ឲ្យស្គាល់តែការលំបាកវេទនា ក្រីក្រ រហូតអស់ជីវិត អស់អត្តសញ្ញាណជាគ្រួសារ ជាជាតិមួយដែលធ្លាប់តែរុងរឿង៕៚
************
ប្រវត្តិរូបសង្ខេបរបស់លោកកៅ សីហា
លោកកៅសីហា បានកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨២នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ ជាកូនរបស់លោកអ៊ឹង កៅដែលជាអតីតនាយកភស្តុភា នៃកាសែតកម្ពុជា និងលោកស្រី រស់ ប៉ិចដែលជាមេផ្ទះ។ បច្ចុប្បន្នមាតាបិតារបស់លោកបាន ទទួលអនិច្ចកម្មទៅហើយ។

ជួរ មុខ៖ កុមារាកៅ សីហាឈរ ខាងស្តាំនិង ក្រុមគ្រួសារ( រូបថត៖ កៅ សីហា)
កាលពីកុមារភាព លោកបានចូលទៅសិក្សានៅសាលាបឋមសិក្សាវត្តលង្កាក្នុងក្រុងភ្នំពេញ នាឆ្នាំ១៩៨៧។

រូបថត៖ កៅ សីហា
លោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាឆ្នាំ២០០០។ លោកបានជាប់អាហាររូបករណ៍ជានិសិ្សតថ្នាក់អក្សរសាស្រ្តខ្មែរនៅមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានបញ្ចប់ បរិញ្ញាប័ត្រនាឆ្នាំ២០០៤ ទើបបន្តទៅសិក្សានៅមហាវិទ្យាល័យគរុកោសល្យ (បច្ចុប្បន្នជាវិទ្យាស្ថានជាតិអប់រំ) នៅឆ្នាំ២០០៥។ លោកបានចេញទៅបម្រើការងារជាមន្រ្តីរាជការ នៅក្រសួងអប់រំ យុវជននិងកីឡាចាប់ពីខែតុលាឆ្នាំ២០០៥។

លោក កៅ សីហាក្នុងឯកសណ្ធានជាមន្ត្រីរាជការក្រសួងអប់រំ យុវជននិងកីឡា(រូបថត៖កៅ សីហា)
លោកកៅ សីហា បានឆ្លងកាត់ជាមួយបទពិសោធន៍នៃជីវិតស្ទើរតែពេញមួយយុវភាពរបស់លោក។ ដោយមាននិស្ស័យស្រឡាញ់ការបង្រៀន លោក បានធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ តាមជំនាញសិក្សារបស់លោក តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។
ក្រៅពីនោះ លោកបានចាប់កាន់ដងប៉ាកកាក្នុងនាមជាអ្នកនិពន្ឋមួយរូប ដែលស្រឡាញ់ការសរសេរតាំងពីឆ្នាំ២០០០។ លោកបានក្លាយជានិពន្ធនាយក នៃទស្សនាវដ្តី អាថ៌កំបាំង នាអំឡុងឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០១០។ ក្នុងអាជីពជាអ្នកនិពន្ធលោកក៏បានចាប់យកបន្ថែមមួយទៀតជាមួយនឹងការសរសេរព័ត៌មាន ក្នុងនាមជាអ្នកកាសែត។ លោកបានផ្លាស់ មកធ្វើការនៅទស្សនាវដ្តី ឡេឌីស៍ ក្នុងតួនាទីជាអ្នកសរសេរព័ត៌មានសិល្បៈ និងសង្គមចាប់ពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃ។
លោកកៅ សីហា ជា អ្នកនិពន្ធព័ត៌មានសិល្បៈ និងសង្គមយ៉ាងចំណានមួយរូបដែលមានទឹកដៃធ្វើឲ្យអ្នកអានចូលចិត្តអានអត្ថបទរបស់លោកពីព្រោះ លោកសរសេរផ្តល់ព័ត៌មានច្បាស់លាស់និងត្រឹមត្រូវមិនលើសពីការពិត។

(រូបថត ៖កៅ សីហា)
ដោយមានជំនក់ចិត្តជាមួយការសរសេរ លោកកៅ សីហាចូលចិត្តសរសេរប្រលោមលោក និងរឿងខ្លីតាមបែបរចនាបទនៃការ សរសេរបែបបុរសទី១ និងបុរសទី៣។ ក្នុងនោះ ភាគច្រើនលោកចូលចិត្តសរសេររឿងដែលបង្ហាញពីតថភាពនៃជីវិតពិត និងតាម បែបទស្សនវិជ្ជាផងដែរ។ ស្នាដៃកន្លងមកដែលលោកធ្លាប់បានសរសេររួចមានដូចជា៖
- រឿង “ហួសហើយជាតិនេះ”
- រឿង “ពាធាដួងចិត្ត”
- រឿង “ច្រាំងចំរេះស្នេហ៍ខ្ញុំ” ឬ”ម្លប់បេះដូង”
- រឿង “ព្រាយស្នេហ៍”
- រឿង “សាហាយយក្ស”
- រឿង “ មន្តស្នេហ៍៧ភ្លើង”
- រឿង “បេះដូងសោភិនី”
- រឿង “ផ្ការោយបីទង”
- រឿង “ស្នេហ៍ផុតអាល័យ”
- រឿង “រាជិនីដួងចិត្ត”
- រឿង “ទូកមួយ”
- រឿង “សំណល់ជីវិត”
- រឿង “ទន្លេក្បត់ច្រាំង”
- រឿង “ទឹកភ្នែកនាងអាប”
- រឿង “កំណប់ខ្មោច”
- រឿង “មេឃថ្មី”
- រឿង “ ឧកញ៉ាប្រហារស្នេហ៍”
- រឿង “ឧកញ៉ាអាវែក”
- រឿង ”ជីវិតប្រុសលក់ខ្លួន”
- រឿង “បុប្ផាផ្សារត្រាច”
- រឿង “ស្លាកស្នាមអនុស្សាវរីយ៍”
- រឿង “ការពន្យារកំណើតដោយមានការចូលរួមពីបុរស”
- រឿង “បរិស្ថានទន្លេមេគង្គ”រួមនឹងស្នាដៃកំណាព្យខ្លីៗជាច្រើនទៀត។
ស្នាដៃរបស់លោកកៅ សីហាធ្លាប់បានជាប់ពានរង្វាន់ រឿងខ្លី អក្សរសិល្ប៍នូ ហាច ចំណាតថ្នាក់លេខ២ ឆ្នាំ២០០៦។
ចំណាត់ថ្នាក់លេខ១(ល្ខោន) ពានរង្វាន់«អាងទឹកទឹកមេគង្គឆ្នាំ២០០៥»។
ចំណាត់ថ្នាក់លេខ២រឿងខ្លី ពានរង្វាន់«អង្គការឆេមស៍ ឆ្នាំ២០០៣»។
ចំណាត់ថ្នាក់លេខ១ រឿងខ្លី ទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្លេមេគង្គ ជាមួយប្រទេសវៀតណាម និងឡាវ៕

- ពេលទទួលពានរង្វាន់ឥណ្ឌូចិនស្តីពីទន្លេមេគង្គលើកទី២ក្រោមប្រធានបទ «កិច្ចសហប្រតិ្តបិត្តការរវាង
- កម្ពុជាវៀតណាម ឡាវ ប្រចាំប្រទេសកម្ពុជាជាមួយប្រទេសឡាវ និងវៀតណាម» ។
- ខ្មែរយើងជាម្ចាស់ផ្ទះ កាលពីខែកុម្ភះ ឆ្នាំ២០០៩នៅសណ្ឋាគារភ្នំពេញ។
- (លោកកៅ សីហាទទួលពានរង្វាន់ពីឯកឧត្តមសុខ អាន)
- (រូបថត ៖កៅសីហា)
មតិយោបល់ថ្មីៗ