បណ្ណសារ | ប្រលោមលោក RSS feed for this section

គួរអានរឿងទិវារាត្រី និពន្ធដោយ​សុខ ធូ

7 កុម្ភៈ

ចំណាប់​អារម្មណ៍

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ក្នុង​រយៈ​ពេល​ដែល​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស

ធ្វើសហការណ៍​ជា​មួយ​សមាគមអក្សរសិល្ប៍​នូហាច​ដើម្បី​ទ្រទ្រង់​លើក​ដំកើង​

អក្សរសាស្ត្រ​ជាតិ​យើង​ ខ្ញុំ​មានឱកាស​អាន​រឿង​ខ្លី​ជា​ច្រើន​ ។ ក្នុង​ចំណោម​រឿង​ខ្លី​ៗ​

ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​អាន​ ខ្ញុំ​ចូល​ចិត្ត​និង​សរសើរ ​រឿង​ដែលនិពន្ធ​ដោយ​លោក​សុខ ធូ

ដូច​ជា​រឿង «​ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​ – ​មួយជីវិត​នេះ​ – ​រាត្រី​រនោច​ និង​រឿង​ «​ចង់​ឡើង​ធ្វើ​ធំ​» ​(រង្វាន់

អក្សរសិល្ប៍​នៃសមាគម​អក្សរសិល្ប៍​នូ​ហាច​ចំណាត់​ថ្នាក់​លេខ​១​នៅ​ឆ្នាំ​២០១០​)​។ ​រឿងដ៏

មានខ្លឹម​សារទាំងនេះឆ្លុះ​បញ្ចាំងពី​តថភាពសង្គម​ និង​បញ្ជា្របការ​អប់​រំ​។

លោក​សុខ​ធូ​ទើបតែបានផ្សាយរឿង​«​ទិវា​រាត្រី» ដែល​ជា​ប្រលោមលោក​ខ្នាត​វែង​ជា

លើក​ដំបូង​ ។ រឿង«ទិវារាត្រី» លាតត្រដាង​បង្ហាញ​អំពី​សេចក្តី​ស្នេហា​រវាង​និស្សិតពីររូប គឺ​​

កញ្ញាទិវា​និង​កំលោះរាត្រី។​យុវតីនិងយុវជននេះមាន​ថានៈ​ខុស​គ្នា​។ អ្នកទាំងពីររៀននៅ

សាកល​វិទ្យាល័យ​ភ្នំពេញ​។

សេចក្តី​ស្នេហា​នេះ​បានផ្តើម​លេច​ពន្លក​ឡើងពេញថ្នាលបេះដូង​ដោយ​សារ​តែ​ជម្លោះ។

ជម្លោះដែល​ផ្ទុះឡើង ព្រោះ​តែការ​យល់​ច្រឡំ​។​ ប៉ុន្តែ​ ជម្លោះនេះ​លាយ​ឡំ​ដោយ​សេចក្តី​

មេត្តាហើយ​​បាន​កប់​យ៉ាង​ជ្រៅ​ក្នុង​ជម្រៅ​បេះដូង​នាង​ទិវា​។

ទំនាស់​ធំ​មួយ​ទៀត គឺ​ជម្លោះ​ពី​អតីតកាល​របស់​អ្នក​មាន​គុណ​ទាំង​សង​ខាង​។​ រងើក​ភ្លើង​ចាស់​

នេះ​ចាប់​បង្កាត់​ជា​ថ្មីហើយ​ក្លាយ​ទៅជា​ឧបសគ្គ​ថ្មី​មួយជាន់​ទៀតឆាបឆួល​សេចក្តី​ស្នេហា​របស់​

កំលោះ​ក្រមុំមួយ​គូ​នេះ​។ សូមអញ្ជើញតាមដាននិងសូម​ក្រេប​រស​ជាតិ​ទឹក​ដៃ​ថ្មីនៃអ្នកនិពន្ធ

សុខ​ ធូ​ក្នុងរឿងទិវារាត្រី

និពន្ធដោយសុខ ធូចេញផ្សាយដោយ ចង្រ្កាន

សូមទាក់ទងលោក​សុខ ធូ

​០១៥ ៧៣ ៧៨ ៧៩

thoucampos@yahoo.com

រូបថត៖ សុខ ធូ

ឆ្ងាយពីវាយោខែកត្តឹក ដោយ​លោកគ.​ខូវនី

14 ធ្នូ

ដំណើរជុំវិញអ្នកនិពន្ធម្នាក់​<តនិងចប់>៖

រក្សាសិទ្ធិគ្រប់យ៉ាង


ម្ដាយនិស្ស័យបានបញ្ជាឲ្យកូនចៅរៀបចំក្តារងឿខាងក្រោមផ្ទះធ្វើជា
ជម្រកសម្រាប់រាត្រី ខ្លះ ដែលគ្រាប់រ៉ុក្កែតបន្លឺស្នូរមរណៈតាមជាយក្រុង
ភ្នំពេញ។ នៅរាល់ព្រឹកថ្ងៃសីលនិស្ស័យបានសង្កេតឃើញទាំងសេចក្តី
អាណិតនិងការគោរព ម្ដាយចាស់អង្គុយតែម្នាក់ឯងល់កន្ទេលក្រហម
លើកដៃទាំងពីរប្រណម្យដើម្បីសមាទានសីល នៅពីមុខព្រះភក្រ្ដព្រះ
សង្ឃមួយអង្គនៃវត្ដលង្កាដែលស្ម័គ្រព្រះទ័យនិមន្តតាំងពីព្រលឹមម៉ោង
ប្រាំពីរព្រឹកមកប្រទាន     សីលរាល់ថ្ងៃសីល តាំងតែពីឪពុកនិស្ស័យ
នៅមានជីវិតម្ល៉េះ។
តែឥឡូវនេះ និស្ស័យ លែងបានឃើញរូបភាព និងលែងឮសំឡេងទាំងគូ
សូត្រធម៌រងំស្មើគ្នា ក្រាបបង្ខំឱនសិរសាព្រមគ្នាដល់កន្ទេល។ ក្នុងពេល
ម្ដាយចាស់កំពុងផ្ចង់ស្មារតីស្តាប់ព្រះធម៌  កាំរស្មីព្រះសុរិយានាពេលព្រឹក
បានចាំងឆ្លុះតាមធាងស្លានិងបង្អួចខាងកើតផ្ទះមកលើភក្រ្តម្ដាយពេញ
ដោយផ្នត់ជ្រួញ ហើយនិងលើសក់ស្កូវសកាត់ជ្រង់ខ្លី ។ នៅមុខរូបភាពនៃ
ម្ដាយចាស់កំពុងសមាទានសីលនិស្ស័យធ្វើអធិដ្ឋានសូមព្រះមេត្ដាផ្តល់
សេចក្តីសុខនិងសេចក្តីស្ងប់ដល់ម្ដាយក្នុងរយៈខ្លីនៃចុងជីវិតមួយដែលបាក់
ជើងម្ខាង តាំងពីឪពុកនិស្ស័យបានចូលមរណៈភាពក្នុងខែមេសា១៩៧២
មក ។
រូបភាពមួយទៀតដែលនិស្ស័យជាប់ក្នុងឱរា គឺពេលព្រះសង្ឃនិមន្ដមក
បិណ្ឌបាត្រចង្ហាន់ក្នុងភូមិបឹងកេងកងរាល់ពេលព្រឹកពីម៉ោង១០ទៅ១០
 កន្លះ ។  នៅពេលពណ៌លឿងទុំនៃស្បង់ចីពរនិងឆ័ត្រលេចឆ្លុះឡើងនៅ
មុខទ្វាររបងផ្ទះពណ៌បៃតង នេះជាសញ្ញាឲ្យឪពុកម្ដាយនិស្ស័យប្រញាប់
ប្រញាល់យកផ្ដិលបាយចេញទៅដាក់បាត្រព្រះសង្ឃ។ ឪពុកនិស្ស័យលុត
ជង្គង់យកចានស្រាក់ពីព្រះហត្ថព្រះសង្ឃ ដើម្បីយកទៅដាក់ម្ហូបសម្ល
រួចហើយត្រឡប់មកប្រគេនព្រះសង្ឃវិញ ។ ក្នុងពេលដែលឪពុកម្ដាយ
និស្ស័យលើកហត្ថទាំងពីរស្តាប់ព្រះសង្ឃប្រទានពរ ភក្ត្រគាត់មានភាព
ស្រឡះថ្លា ប្រៀបដូចផ្ទៃទឹកត្រពាំងមួយដែលស្ងប់គ្មានរលក ហើយលម្អ
ដោយផ្កាឈូកដែលរីកស្រស់បំព្រង ដើម្បីទទួលរស្មីមុនដំបូងនៃព្រះ
អារុណ។អនុស្សាវរីយ៍មួយទៀតដែលមិនព្រមរសាយពីវិញ្ញាណរបស់
និស្ស័យ គឺនៅពេលល្ងាចដែលព្រះអាទិត្យបន្ធូរកម្ដៅ ឪពុកនិស្ស័យ
ចេញមកដកស្មៅនិងស្រោចផ្កាក្នុងធ្លាខាងមុខផ្ទះ។
ចំណែកឯម្ដាយនិស្ស័យវិញ គាត់អង្គុយដេរប៉ាក់ក្នុងអង្រឹងក្រោមដើម
ដូង។ ក្មួយស្រីវណ្ណាវីជួយរៀបចំចម្អិនអាហារក្នុងរោងចង្រ្កានបាយខាង
កើតផ្ទះដែលមានដើមននោងវារឡើងនិងព្យួរផ្លែតាមជញ្ជាំងនិងលើ
ដំបូល។ គ្រប់ពេលដែលនិស្ស័យត្រឡប់ពីមហាវិទ្យាល័យវិញនៅពេល
ល្ងាច ហើយបន្ទាប់ពីបានឆ្លៀតទៅទិញចំណីបង្អែមនៅមុខវត្តបទុមវត្តីមក
ឆ្កែទាំងពីរបោលមកទទួលហើយព្រុះ និងប្រឡែងដេញខាំកែងនិស្ស័យ
នៅពេលដើរចេញពីរថយន្ត។ និស្ស័យទាញកៅអីផ្តៅមកដាក់អង្គុយជិត
អង្រឹងម្ដាយ។ ឯក្មួយស្រីវណ្ណារីឆ្លៀតឱកាសមកអង្គុយស្តាប់ការសន្ទនា
រវាងនិស្ស័យនិងឪពុកម្តាយខ្លួន។ នេះជាពេលសែនមនោរម្យក្រោមមេឃ
អស្ដង្គតលើភូមិបឹងកេងកង។

(២) កកន៖ សូមអានរឿងប្រលោមលោក ៖ «បក្សីក្នុងសួនអាល័យ»

                                          ++++++++++++

…ថ្ងៃមួយនោះនៅចុងឆ្នាំ១៩៧៤ នៅពេលត្រឡប់ពីមហាវិទ្យាល័យ
វិញនៅពេលល្ងាចនិស្ស័យយកចំណីបង្អែមទៅជូនម្ដាយដូចសព្វដង។
 តែភក្រ្តនិស្ស័យមានសភាពក្រៀមក្រមខុសធម្មតា។ ម្ដាយនិស្ស័យ
សង្កេតឃើញដូច្នោះ ក៏ទាញដៃនិស្ស័យឲ្យចូលមកអង្គុយជិតដើម្បី
លើកទឹកចិត្តកូនឲ្យនិយាយប្រាប់ហេតុកង្វល់។ និស្ស័យមានការស្ទាក់
ស្ទើរជាយ៉ាងខ្លាំងទម្រាំដាច់ចិត្តនិយាយប្រាប់ម្ដាយថា ក្រសួងបាន
តម្រូវឲ្យនិស្ស័យចេញទៅបំពេញកម្មសិក្សាបច្ចេកទេសចំនួនមួយ
រយៈនៅបរទេស។
ចំពោះដំណឹងនៃការឃ្លាតព្រាត់នេះ ម្ដាយនិស្ស័យសង្កត់ចិត្តមិន
ឲ្យស្រែកយំនៅចំមុខនិស្ស័យ ហើយនិយាយលួងលោមនិស្ស័យ
ឡើងថា៖
-និស្ស័យកូន! ចូរកូនកុំព្រួយចិត្តពីព្រោះម៉ែ ណាកូនណា! ម៉ែកាន់
តែចាស់ហើយ! ពេលវេលាទៀតក៏ពុំបង្អាក់រង់ចាំម៉ែច្រើនឆ្នាំទៅ
មុខឡើយ។ ជីវិតម៉ែដើរមកដល់ជិតទីចុងចប់ទៅហើយ ហាក់ដូច
ជាថ្ងៃគងភ្នំ ហើយបន្តិចទៀតនឹងលិចបាត់…
ម្ដាយនិស្ស័យលើកដៃហាក់កុំឲ្យនិស្ស័យបង្ហូរទឹកភ្នែក ហើយមាន
វាចាតទៅទៀតថា៖
-ម៉ែបានរង់ចាំពេលនេះជាយូរហើយ ពីព្រោះនៅថ្ងៃណាមួយ
យើងត្រូវតែបែកគ្នា។ ដោយហេតុនេះហើយ ម៉ែបានប្រុងប្រៀប
ចិត្តគំនិតជាមុនស្រេច។
និស្ស័យនិយាយសួរឡើងថា៖
-ម៉ែ! ម្តេចក៏ម៉ែបានដឹងជាមុនថា ខ្ញុំត្រូវឃ្លាតពីម៉ែម្តងទៀត
ដូច្នេះ ពីព្រោះខ្ញុំបានបែកពីម៉ែនិងពុកម្តងពីមុនទៅហើយ កាល
ខ្ញុំបានទៅបន្តវិជ្ជានៅស្រុកបារាំង?
ម្ដាយនិស្ស័យញញឹមស្ងួត ហើយឆ្លើយឡើងថា ៖
-តើកូនចាំឬទេកាលពីខែកក្កដាឆ្នាំ១៩៧២ អំពីការទស្សន៍ទាយ
នៃតួបញ្ចូលស្រីម្នាក់នៅក្រុងតាខ្មៅ ដែលបានប្រាប់ថា កូនត្រូវ
ចាកចេញពីស្រុកកំណើតម្តងទៀត?
និស្ស័យនិយាយសម្របឡើងថា៖
-ឱ! ខ្ញុំនឹកឃើញហើយ កាលនោះខ្ញុំបានជូនម៉ែទៅក្រុងតាខ្មៅ
ដើម្បីសួរតួបញ្ចូលរូប ហើយម៉ែបានឮសំឡេងពុកដែលបានស្លាប់
ទៅហើយ និយាយមករកម៉ែ តែខ្ញុំនៅតែមិនអស់ចិត្ត ហើយនៅមាន
ការងឿងឆ្ងល់មកទល់សព្វថ្ងៃនេះ…ម្ដាយនិស្ស័យឆ្លើយកាត់ឡើងថា៖
-និស្ស័យ! កូនពុំអាចរកការពន្យល់និងចម្លើយចំពោះគ្រប់រឿងហេតុ
ដែលកូនបានឃើញនិងឮទេ។ ជីវិតមានសណ្ឋានដូចពេជ្រមួយម៉ឺន
ជ្រុង កូនអាចឃើញតែជ្រុងខ្លះៗទេ ឯជ្រុងផ្សេងៗទៀត ស្ថិតនៅក្នុង
អាថ៌កំបាំង។ មួយវិញទៀត តើកូនអាចក្តាប់យកខ្យល់មកបង្ហាញ
ឲ្យម៉ែឃើញឬទេ? តែទោះយ៉ាងណាក៏ដោយ តាំងតែពីម៉ែបានឮ
ពុកកូននិយាយមករកម៉ែតាមតួរូបបញ្ចូលមក ទុក្ខរបស់ម្ដាយបាន
រសាយទៅមួយចំណែកធំ ហើយក្នុងពេលឥឡូវនេះទៀត កូន
បានប្រាប់ម៉ែថា កូននឹងត្រូវឃ្លាតពីម៉ែម្តងទៀត ដូចតាមការ
ទស្សន៍ទាយមែន។
លុះបានពោលរួចហើយ ម្តាយនិស្ស័យក្រោកឡើង ហើយទៅ
ចាក់សោទូឈើយកកញ្ចប់មួយមកប្រគល់ឲ្យនិស្ស័យ។
និស្ស័យទទួលយក ហើយស្រាយក្រដាសដែលរុំព័ទ្ធ។ និស្ស័យ
ប្រទះឃើញអកកំបោរតូចមួយអំពីសំរឹទ្ធ សំពត់ហូលដែលមាន
ក្បាច់បុរាណមួយនិងក្រដាសឯកសារមួយដែលបត់ជាច្រើនផ្នត់។
ម្ដាយនិស្ស័យស្រដីឡើងថា៖
-នេះជាមត៌កដែលម៉ែចែកឲ្យកូន។ កូនឃើញឬទេ? ក្នុងមួយ
ជាតិនេះ
 ពុកនិងម៉ែបានសន្សំបានប៉ុណ្ណឹងសម្រាប់កូន។ ម៉ែបាន
ប្រុងប្រៀបកញ្ចប់នេះតាំងពីម៉ែបានត្រឡប់មកពីសួរតួបញ្ចូល
រូបនៅតាខ្មៅមកម្ល៉េះ ពីព្រោះបានដឹងជាមុនស្រេច នៅថ្ងៃណា
មួយកូននឹងមកប្រាប់ម៉ែ
ថា កូននឹងត្រូវឃ្លាតពីម៉ែជាថ្មី។ ដោយហេតុនេះហើយ ម៉ែបាន
រៀបចំស្មារតីឲ្យមាំតាំងពីច្រើនខែច្រើនថ្ងែមក មិនតម្អូញ មិនយំ
នៅពីមុខកូនទេ នៅពេលណាកូនមកផ្តល់ដំណឹងដ៏ទុក្ខព្រួយ
នេះដល់ម៉ែ។ ដូច្នេះនៅពេលនេះ បើម៉ែមិនតម្អូញ មិនយំទេ ចូរ
កូនកុំសោកស្តាយ កុំយំជួសម៉ែ។ ទោះបីភ្នែកម៉ែចង់ជួយត្រេកអរ
ជាមួយកូន ដោយកូនអាចបណ្ដុះបណ្ដាលចំណេះវិជ្ជាឲ្យរឹតតែ
ប្រសើរឡើង។ ហេតុដូច្នេះ ចូរកូនកុំមានការព្រួយដោយកូនទុក
ម៉ែឲ្យនៅតែម្នាក់ឯង គឺម៉ែទេតើដែលភ័យខ្លាចក្រែងកូនមិន
បានរស់សុខស្រួលនៅស្រុកគេ។ ម៉ែដឹងច្បាស់ថា កូននឹកមកម៉ែ
រាប់ម៉ឺនដងក្នុងមួយថ្ងៃៗ។ តែកូនកុំភ្លេចថា ម៉ែស្ថិតនៅក្បែរកូន
ជានិច្ច ពីព្រោះកូនពាក់បន្តោងរូបព្រះដែលឆ្លាក់អំពីធ្មេញម៉ែ។
បើកូនផ្ទៀងត្រចៀកស្តាប់ក្នុងពេលយប់ស្ងាត់នៅគ្រប់ពេល
ណាដែលកូននឹកមកម៉ែ នោះកូននឹងឮសំឡេងម៉ែឆ្លងកាត់
សមុទ្រមករកកូន ពីព្រោះព្រលឹងម៉ែ ទោះបីម៉ែរស់ឬស្លាប់
មុខជាមកជ្រកក្នុងចិត្តកូនតាមគ្រប់ទីកន្លែងកូនរស់នៅ។
និស្ស័យ! ម៉ែស្តាយណាស់ក្នុងជាតិនេះ ដោយពុកនិងម៉ែគ្មាន
ទ្រព្យសម្បត្តិអ្វីជាស្ដុកស្ដម្ភទុកចែកឲ្យកូនជាមត៌ក។ ពុកកូន
មិនដែលបានលើកថាសនំនិងផ្លែឈើតាមរដូវយកទៅផ្គាប់
ចៅហ្វាយនាយតាមទ្វារមុខឬជណ្ដើរក្រោយទេ ដើម្បីសុំ
បុណ្យសក្ដិឬលាភផលផ្សេងៗ។ ដូច្នេះហើយ អ្វីដែលពុកនិង
ម៉ែមានមកទល់នឹងពេលនេះ គឺបានមកពីការសន្សំនិងការ
អត់ធ្មត់។ នៅក្នុងកញ្ចប់នេះ ដូចកូនឃើញស្រាប់ ម៉ែបានដាក់
អកកំបោរពីសំរឹទ្ធមួយដើម្បីរំឮកពេលដែលកូននៅពីតូច
ហើយបានជួយបៀកម្លូស្លាឲ្យម៉ែ និងសំពត់ហូលបុរាណមួយ
ដែលពុកកូនបានស្លៀកនៅពេលបំបួសនាគសងគុណឪពុក
ម្ដាយនៅស្រុកព្រៃកប្បាស ហើយដែលម៉ែបានយកមកគ្រប
មឈូសពុកកូន។ ឯក្រដាសនេះជាប្លង់ផ្ទះយើងសព្វថ្ងៃដែលម៉ែ
សុំឲ្យកូនរក្សាទុកជាមត៌កសម្រាប់កូននិងបងប្រុសកូនតរៀងទៅ…
និស្ស័យទប់ទឹកភ្នែកមិនឈ្នះ ហើយនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មានមត៌កមួយទៀតដែលម៉ែនិងពុកបានផ្តល់ឲ្យកូន ហើយ
ដែលមានតម្លៃឥតគណនា ព្រមទាំងគ្មានអ្នកឯណាអាចមកលួច
ប្លន់បាន…
ម្ដាយនិស្ស័យសួរឡើងថា៖
-ចុះស្អីទៅមត៌កដ៏មានតម្លៃនោះ?
និស្ស័យឆ្លើយបញ្ជាក់ទៅវិញថា៖
-គឺភាសាកំណើតណាម៉ែ! ភាសាដែលម៉ែបានច្រៀងបំពេរកូន
តាំងពីតូចមក ភាសាដែលចងខ្ញុំភ្ជាប់ទៅនឹងស្រុកកំណើតទៅ
ផ្ទះសម្បែង ទៅពុកទៅម៉ែ ទៅជីដូនជីតា…ម្ដាយនិស្ស័យញញឹម
ពេញចិត្តចំពោះចម្លើយរបស់កូន។ គាត់បែរប្រាណទៅរកទី
អាសនៈហើយអុជធូបបីសរសៃថ្វាយព្រះពុទ្ធរូប។ គាត់ថ្វាយបង្គំ
បីដង ហើយចាប់សូត្រធម៌ដោយពោលតិចៗ។
និស្ស័យសម្លឹងភក្រ្តម្ដាយដែលអណ្តែតភ្លឺថ្លាក្នុងភាពងងឹតព្រាងៗ
នៃពេលព្រលប់ដែលទន្ទ្រានចូលមក ហើយនាំគន្ធាគ្រប់យ៉ាងពី
ក្នុងសួនច្បារខាងមុខផ្ទះ ជាពិសេសក្លិនផ្កាណាគ្រីដែលអមដង
ជណ្តើរឈើឡើងមករាលហាល។
និស្ស័យពិចារណាអំពីចំណងកតញ្ញូធម៌ដែលចងភ្ជាប់ទៅឪពុក
ម្ដាយខ្លួន ហើយនិយាយក្នុងជម្រៅដួងចិត្តខ្លួនថា៖
-ខ្ញុំពិនិត្យរកទំហំ ឬទម្ងន់ពាក្យមួយម៉ាត់ៗ ហើយនឹងខ្សែចំណង
ពាក្យនីមួយៗក្នុងទម្រង់ឃ្លា ដើម្បីចងជាឃ្លាពីរោះសម្រាប់បំពេរ
លួងចិត្ត
ខ្លោចផ្សារបស់ម៉ែ។ តែខ្ញុំដឹងជាក់ថា ទោះបីខ្ញុំហ៊ុំព័ទ្ធឃ្លាសម្តី
ខ្ញុំនឹងកម្រងផ្កាមួយពាន់គន្ធា ក៏ឃ្លានេះមិនពីរោះមិនបានផ្តល់
ការសង្ឃឹមអ្វីឡើយ គឺស្ថិតនៅជាវត្ថុធាតុគ្មានកម្តៅ គ្មានភាព
ទន់ល្មើយដូចសំឡី គ្មានលក្ខណៈផ្អែមដូចទឹកឃ្មុំ មិនល្អស្មើ
ដូចពាក្យសម្តីសាមញ្ញធម្មតាដែលពុកធ្លាប់បាននិយាយជាមួយ
ម៉ែឡើយ ដែលជាឃ្លាប្រគុំឡើងដូចបទតន្ត្រីដែលពាក្យមួយ
ម៉ាត់ៗដើរតួជាស្គរធំ សម្ភោរ រនាតឯក គង ដែលគោះ វាយ ផ្លុំ
ផ្សំគ្នាឡើងជាបទបំពេរពេញដោយសេចក្តីទុកចិត្តនិងសេចក្តី
ស្រឡាញ់ដែលពុកមានចំពោះម៉ែចាប់តាំងពីបានកាន់ដៃគ្នា
ជាង៥០ឆ្នាំមកហើយ។ជួលកាល ខ្ញុំបានប្រទះឃើញពុកសម្លឹង
ភក្រ្តម៉ែ  ហើយម៉ែញញឹមតាមមកវិញ។ ខ្ញុំបានយល់ភ្លាមថា
 ក្នុងពេលនោះ ទោះបីខ្ញុំពោលពាក្យមួយពាន់ឃ្លាមកជំនួស
 ក៏គ្មានន័យពីរោះស្មើឡើយ។ កាលពីខ្ញុំនៅតូច ខ្ញុំគ្រាន់តែបង្ខិត
ប្រាណខ្ញុំទៅអង្គុយលើភ្លៅម៉ែដែលយកដៃមកព័ទ្ធជុំវិញខ្ញុំ ពេល
នោះខ្ញុំហាក់នៅក្នុងសម្បុកនៃឋានសួគ៌មួយគ្មានអ្វីផ្ទឹមស្មើ។ ខ្ញុំ
ដាក់ក្បាលខ្ញុំផ្ទាប់នឹងទ្រូងម៉ែ ហើយខ្ញុំឮសំឡេងម៉ែខ្ទររំពង
មកបំពេរ មកលួង មកថ្នាក់ថ្នម ហាក់ដូចជាចំហាយក្តៅឧណ្ហៗ
មួយមកស្អំប្រាណនិងវិញ្ញាណខ្ញុំឲ្យអណ្តែតលើពពកមនោ
សញ្ចេតនាមួយដែលមានតែម្តាយទេដែលចេះធ្វើសម្រាប់កូន។
 តាមចន្លោះបង្អួចនៃរង្វង់ដៃម៉ែ ខ្ញុំបានឃើញសកលលោកដូចជា
ឆាកល្ខោនមួយពេញដោយពួកយក្សដែលប្រកាប់ប្រចាក់គ្នាគ្មាន
ឈប់ឈរ គ្មានឈុតសន្តិភាពឲ្យបានយូរអង្វែងឡើយ។  ស្ទើររៀង
រាល់ល្ងាច ខ្ញុំបានជាសាក្សីនៃចំណងស្នេហារវាងពុកនិងម៉ែ នៅ
ពេលដែលពុកនិងម៉ែចេញមកអុជធូបថ្វាយទេវតានៅលើរានហាល
ដែលហ៊ុំព័ទ្ធដោយផ្ការំយោល ហើយបន្ទាប់មកនាំគ្នានិយាយរំឮក
អំពីអនុស្សាវរីយ៍គ្រប់យ៉ាងដែលទាក់ទងនឹងភូមិកំណើតក្នុងស្រុក
ព្រៃកប្បាសនិងស្រុកកោះធំ។ ក្នុងពេលខ្លះទៀត នៅក្នុងរដូវភ្លៀង
ស្នូររន្ធត់នៃផ្គរលាន់និងរន្ទះធ្វើឲ្យខ្ញុំភ័យរត់ឡើងទៅលើផ្ទះ ហើយ
ទៅពួនក្នុងរង្វង់ដៃម៉ែដែលទាញផាហ៊ុមមកដណ្តប់ជាមួយខ្ញុំ
 ព្រមទាំងឱនភក្ត្រញញឹមមករកខ្ញុំ។ ឱ! ភក្ត្រថ្លៃ ដែលគ្មានអ្វីមក
ជំនួសបាន ហើយបានមកឆ្លាក់ឆ្នៃក្នុងវិញ្ញាណខ្ញុំជាប់ជានិច្ច ព្រម
ទាំងបានឆ្លងកាត់ពេលវេលាទុក្ខនិងសុខនិងតាមច្រកភ្នំពលិកម្មនិង
ករណី រហូតតាមដានខ្ញុំឃើញនៅពេលដែលខ្ញុំបានឃ្លាតពីមាតុភូមិ
ជាលើកទីមួយ ដើម្បីបន្តការសិក្សានៅបរទេស។ ភក្រ្តញញឹមរបស់
ម៉ែបានជ្រាបចូលទៅក្នុងការយល់សប្តិរបស់ខ្ញុំ ដែលបានធ្វើឲ្យ
ព្រលឹងខ្ញុំអររំភើប ហើយលើកដៃស្រវាស្ទាបភក្រ្តម៉ែតែព្រលឹមមក
ដល់បន្សល់ទុកតែការស្រណោះ។
ក្នុងពេលដែលខ្ញុំបានស្នាក់នៅបរទេសអស់រយៈច្រើនឆ្នាំ ឱរាខ្ញុំតែង
បុកញ័រឥតប្រៀបបាននៅគ្រប់ពេលណាដែលខ្ញុំបានទទួលសំបុត្រ
ពីស្រុកកំណើត។ នៅពេលដែលអ្នកចែកសំបុត្រហុចលិខិតមកឲ្យខ្ញុំ
ខ្ញុំទទួលយកទាំងបារម្ភ។ ខ្ញុំយកសំបុត្រទៅតម្កល់ទុកលើតុក្បែរក្បាល
គ្រែដំណេកអស់ចំនួនជាច្រើនម៉ោង។  ក្នុងពេលរាត្រីមុនចូលនិទ្រា
ខ្ញុំអង្គុយសម្លឹងសំបុត្រអស់ច្រើននាទី ដោយចិត្តស្ទាក់ស្ទើរមិនហ៊ាន
លូកដៃទៅយកលិខិតនោះមកហែកមើល ហើយប្រទះរឿងអាក្រក់។
បន្ទាប់ពីបានហែកលិខិតមក ភ្នែកខ្ញុំរត់ច្រាស់ចុះច្រាស់ឡើងពេញផ្ទៃ
ទំព័រ ហើយច្របាច់ពាក្យមួយម៉ាត់ៗ ដើម្បីបំបែងរែងយកធាតុអត្ថន័យ
មកបំពេញសម្រេកនៃការនឹកស្រណោះអនុស្សាវរីយគ្រប់យ៉ាងដែល
ដូចជាខ្សែសូត្រដែលនៅតែចងខ្ញុំទៅម៉ែនិងពុក ដោយឆ្លងកាត់វាល
ភ្នំ ព្រែក ស្ទឹង និងសមុទ្រសាគរ។ លុះខ្ញុំបានអានចប់ ហើយគ្មានប្រទះ
ឃើញដំណឹងអ្វីគួរឲ្យបារម្ភ ទើបចិត្តខ្ញុំបានធូរស្រាល។ តែនៅថ្ងៃស្អែក
 ឡើងឱរាខ្ញុំចាប់តានតឹងជាថ្មីក្នុងការរង់ចាំលិខិតមួយទៀតពីមាតុភូមិ។
ជួនកាលទៀត នៅពេលព្រលឹមឡើងបន្ទាប់ភ្ញាក់ពីដំណេក ខ្ញុំមាន
ការបារម្ភខ្លាចក្រែងក្នុងពេលដែលខ្ញុំកំពុងនិទ្រាលក់ ការយល់សប្តិ
  របស់ខ្ញុំបានបោសសំអាតវិញ្ញាណខ្ញុំនូវពាក្យ ឬឃ្លាខ្លះ ដែលខ្ញុំតែង
បានពោលសម្រាប់ពុកនិងម៉ែ ឬក៏ធ្វើឲ្យពាក្យនោះហួតរីង ឬកំព្រា
  តែម្នាក់ឯង។ តែការបារម្ភរបស់ខ្ញុំគ្មានលក្ខណៈសមរម្យទេ គឺគ្រាន់
  តែជាការប្រឌិតឬការស្រមើស្រមៃប៉ុណ្ណោះ ពីព្រោះភាសាទាំងនោះ
  ជាភាសាដែលម៉ែចែកជាមត៌កឲ្យខ្ញុំតាំងតែពីខ្ញុំនៅជាទារកក្នុងអង្រឹង
 ហើយដែលម៉ែបានច្រៀងបំពេរខ្ញុំ។ នៅគ្រប់ពេលដែលភ្ញាក់ពីនិទ្រា
ឡើង ភាសាកំណើតរត់មករកវិញ្ញាណខ្ញុំជាថ្មី រត់មកស្ថិតលើអណ្ដាត
ខ្ញុំ ហើយធ្វើឲ្យអណ្ដាតនោះរលាស់រញ្ជួយបន្លឺពាក្យគោរព ពាក្យកតញ្ញូ
 ពាក្យកំណាព្យ ពាក្យចម្រៀង ពាក្យឈឺចាប់ ពាក្យខ្សឹបលួងលោម
ពាក្យផ្លុំពន្លត់សេចក្តីទុក្ខព្រួយ ពាក្យស្នេហា។ ក្នុងរយៈពេលដែលខ្ញុំបាន
ឃ្លាតពីមាតុភូមិ ភាសាកំណើតបានក្លាយជាមិត្តជិតស្និទ្ធដែលស្ថិតនៅ
ក្បែរខ្ញុំជានិច្ច ហើយជាស្ពានចម្លងវិញ្ញាណខ្ញុំទៅមាតុភូមិ និងទៅរក
ពុកនិងម៉ែ ព្រមទាំងគ្រួសារទាំងអស់។ ដោយប្រាណខ្ញុំ និងសតិ
អារម្មណ៍ខ្ញុំបានជ្រលក់ក្នុងទឹកខ្មៅនៃភាសាកំណើត បានជាខ្ញុំអាចចូល
ជ្រកក្រោមម្លប់ភាសាកំណើតដែលជាឱសថមកលាប មកព្យាបាល
គ្រប់ពេលវេលា ដែលខ្ញុំមានការនឿយណាយ ក្នុងការហែលច្រាស់
ខ្សែទឹកឆ្ងាយពីមាតុភូមិ ពីពុកនិងម៉ែជាទីស្រឡាញ់និងទីគោរព។
 ជាការពិតណាស់ គ្រប់ពេលដែលខ្ញុំបានឃ្លាតពីម៉ែ ទោះបីកាលនៅ
វ័យកុមារ ឬពេលពេញវ័យក៏ហើយក្តី ទោះបីក្នុងរយៈមួយម៉ោង មួយ
ខែ ឬច្រើនឆ្នាំ មានសំឡេងមួយរំពងឡើងជាលំដាប់ ហើយមកធ្វើជា
កំផែងមួយមកព័ទ្ធជុំវិញអារម្មណ៍ខ្ញុំ ហើយដល់ខ្ញុំផ្ទៀងត្រចៀកស្តាប់
ទៅ ក៏ក្លាយជាសំឡេងម៉ែដែលធ្លាប់បានច្រៀងបំពេរខ្ញុំកាលពីតូច។
ក្នុងឱកាសខ្លះទៀត ភាសាកំណើតមានរូបរាងជាភក្ត្រម៉ែ ជា
ប្រាណម៉ែ ជាដង្ហើមម៉ែ ហើយមកអង្គុយក្បែរខ្ញុំ មកឲ្យខ្ញុំដំបូន្មាន
ខ្ញុំក្នុងគ្រប់ពេលដែលខ្ញុំត្រូវធ្វើការវិភាគឬត្រិះរិះ។ ម៉ែជាភាសា
ភាសាជាម៉ែ ជាខ្លឹមជីវិតរបស់ខ្ញុំ។
កាលណាខ្ញុំកកាយក្នុងសតិសម្បជញ្ញៈរបស់ខ្ញុំ ដើម្បីរាវរកពាក្យ
ឬឃ្លាណាមួយដែលខ្ញុំបានឮតាំងពីកុមាររហូតដល់ពេញវ័យ
 ពាក្យដែលអណ្តែតលេចចេញមកភ្លាម គឺ«និស្ស័យកូនមាស
ម្ដាយ !»។ ឱ ! ពាក្យដុំមាស ដុំពេជ្រ ពាក្យដែលធ្វើឲ្យខ្ញុំលុតជង្គង់
សម្រក់ទឹកភ្នែកក្នុងពេលឥឡូវនេះ ពីព្រោះជាពាក្យដែលខ្ញុំនឹង
លែងបានឮក្នុងពេលបន្តិចទៀតនេះ ដោយខ្ញុំនឹងត្រូវឃ្លាត
ពីម៉ែជាថ្មីម្តងទៀត។ តែពាក្យនេះនៅតែរំពងក្នុងអារម្មណ៍និង
ក្នុងយល់សប្តិរបស់ខ្ញុំរហូតដល់ជីវិតចុងចប់។ ពាក្យសម្តីរបស់ពុក
និងម៉ែដែលធ្លាប់បានទូន្មានខ្ញុំមានសណ្ឋានដូចប្រាសាទសីលធម៌
មួយដែលបន្តុបលើសតិសម្បជញ្ញៈខ្ញុំជានិច្ច។
ម៉ែ! ពុកបានចាកឋានចោលម៉ែតាំងពីខែមេសា១៩៧២ ឥឡូវនេះ
ខ្ញុំត្រូវចាកចេញពីស្រុកកំណើតទុកឲ្យម៉ែនៅតែម្នាក់ឯង…
នៅពេលនោះ ម្ដាយនិស្ស័យបានថ្វាយបង្គំព្រះចប់ ហើយងាក
ភក្ដ្រញញឹមមករកនិស្ស័យ រួចពោលយ៉ាងខ្លីថា៖
-និស្ស័យ! កូនមាសម្ដាយ!
និស្ស័យក្រាបសិរិសាប្របបាទជើងម្ដាយ ទឹកភ្នែកនៅបង្កើយ។
នៅខាងក្រៅផ្ទះ វាយោខែកត្ដិកចាប់បកពីទិសខាងជើង។

                                 ++++++++++++++++

នៅក្នុងប្រាង្គចេតិយដែលដាក់តម្កល់ធាតុឪពុកនិស្ស័យក្នុងវត្ដ
ជម្ពូវ័ន និស្ស័យយកដៃស្ទាបដំណក់ក្រមួនទៀន និងសំណល់
ផេះនៃធូប ដែលបានទុកដាន បន្ទាប់ពីនិស្ស័យនិងម្ដាយបានអុជ
បូជាក្នុងពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធនៃឪពុកនិស្ស័យ។ និស្ស័យ
នឹកអាណិតម្ដាយចាស់ដែលបានខិតខំឲ្យកូនចៅជូនមកកាន់
វត្តជម្ពូវ័ន ទោះបីជើងស្ពឹកដើរពិបាក ហើយភ្នែកងងឹតស្ទើរមើលផ្លូវ
មិនឃើញតែនៅមានស្មារតីរឹងមាំមកគោរពវិញ្ញាណក្ខន្ធស្វាមីចាស់
ដែលបានកសាងជីវិតជាមួយគ្នាជាង៥០ឆ្នាំមកហើយ។
និស្ស័យទាញក្រដាសមួយសំណុំពេញពីហោប៉ៅ ហើយគូសឈើ
គូស។ អណ្តាតភ្លើងចាប់ឆាបឆេះសន្លឹកក្រដាសបន្តបន្ទាប់គ្នា។
និស្ស័យនិយាយតែម្នាក់ឯងថា៖
-នេះរូបខ្ញុំកាលពីនៅតូច នេះរូបកាលប្រឡងជាប់ចូលវិទ្យាល័យ
ស៊ីសុវត្តិ។ នេះរូបកាលពេលអាហារូបករណ៍បងប្រុសខ្ញុំ។ នេះរូបពុក
និងម៉ែកាន់ដៃគ្នាឡើងភ្នំឧត្ដុង្គ។ នេះរូបពុកនិងម៉ែក្នុងពេលធ្វើបុណ្យ
បូជាសពជីតាខ្ញុំនៅស្រុកកោះធំ។ នេះរូបពុកនិងម៉ែពរចៅតារាវុធ
នៅមាត់ជណ្តើរផ្ទះនៅបឹងកេងកង ។ឥឡូវនេះខ្ញុំដុតបូជាដើម្បីកំដរ
វិញ្ញាណក្ខន្ធពុកទៅបរលោក… ពុក! តើនៅពេលណា ស្រុកយើង
បានសុខសប្បាយ?
សំណល់ផេះនៃរូបថតទាំងប៉ុន្មាន ធ្លាក់រាយប៉ាយក្បែរជើងនិស្ស័យ។
និស្ស័យដើរចេញទៅខាងក្រៅចេតិយ។ មួយរំពេចនោះ ចរន្តវាយោ
មួយបក់តាមមាត់ទ្វារចេតិយ ហើយបក់ផាយផាត់សំណល់ផេះអស់
រលីង ហាក់ប្រៀបដូចជាគួចបញ្ជូនទៅឋានណាមួយដែលនិស្ស័យ
មើលមិនឃើញ តែនិស្ស័យស្មានថា ពិតជាឋានដែលឪពុកនិស្ស័យ
កំពុងសម្លឹងមើលមកនិស្ស័យដែលឱរាពេញដោយសេចក្តីកង្វល់។
និស្ស័យបើកភ្នែកមើលធម្មជាតិជុំវិញប្រាណ។ និស្ស័យប្រទះឃើញ
ដើមស្រូវពណ៌បៃតងខ្ចីដុះលូតលាស់ក្រោមរស្មីព្រះអាទិត្យ ពពកស
អណ្តែតបន្តបន្ទុយគ្នា ។សត្វមេអំបៅគ្រប់ពណ៌ហើរក្រឡឹងដើម
ក្រសាំង។ បក្សីហើរខ្ពស់ក្នុងមេឃា។ និស្ស័យចង់ទទះហត្ថហើរដូច
បក្សី តែជើងធ្ងន់ស្អិតជាប់ផែនដី។ ឱផែនដីជាទីស្រឡាញ់!
ជីវិតជាអ្វី? និស្ស័យនឹកប្រដូចដំណើរជីវិតទៅនឹងតំណក់ទឹក
សន្សើមមួយគ្រាប់ដែលរបូតចេញពីតំណក់ទឹកសន្សើមមួយ
គ្រាប់ទៀត ក្នុងភាពឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយទៀតក្នុងដង
ទន្លេវដ្ដសង្សារ។ និស្ស័យរស់ក្នុងទំហំពេលវេលា ហើយវិវិត្ត
ទៅជាមួយនឹងពេលដែលបានកន្លងទៅ ដោយសង្ឃឹមថា ពេល
វេលាអនុញ្ញាតឲ្យជីវិតនិស្ស័យមានដំណើរបន្តិចទៅមុខទៀត
 ក្នុងភាពគ្រប់ទឹកមួយតំណក់ដែលរអិលឃ្លេងឃ្លោងលើស្លឹក
ផ្កាឈូកនៃយថាកម្ម។
តើទល់នឹងមួយ ជីវិតរបស់និស្ស័យមានទម្ងន់ជាងជីវិតនៃក្មេង
កំព្រាដែលរស់លើគំនរសំរាមនៅស្ទឹងមានជ័យឬ? តើព្រលឹង
របស់ឯកឧត្តមមានខ្លឹមសារជាងព្រលឹងរបស់និស្ស័យចំពោះ
មុខមរណៈភាពឬ? តើការយល់សប្តិរបស់ម្ដាយនិស្ស័យមិនល្អ
បរិសុទ្ធស្មើនឹងការយល់សប្តិរបស់ជំទាវឬក្សត្រីទាំងនោះឬ?
 នៅពេលចុងក្រោយបំផុតដែលព្រលឹងយើងរបូតចេញទៅ
 សំបកប្រាណយើងមានតម្លៃស្មើនឹងសំបកក្អមមួយប៉ុណ្ណោះ
 ទោះបីមានថ្ពក់មហាសញ្ញាបត្រ ឬគ្រឿងឥស្សរិយយស
រណេងរណោងទៅជាមួយក្តី។ នៅខាងចុងជីវិតមរណៈភាព
កិនកន្សោមមោទនភាព កិត្យានុភាព និងមហិច្ឆិតារបស់មនុស្ស
លោកគ្រប់រូបឲ្យរាបស្មើ។ ឧត្តមគតិទាំងប៉ុន្មានដែលនិស្ស័យបាន
ស្រមើស្រមៃស្វែងរកក្នុងពេលយុវវ័យ ឥឡូវនេះរលាយទៅជា
មួយនឹងពេលវេលាដែលកន្លងទៅ។ អ្វីៗដែលនិស្ស័យមានជំនឿ
ទៅលើ មិនមានភាពស្របគ្នានឹងអ្វីៗដែលភ្នែកនិស្ស័យបាន
សង្កេតឃើញ។ ព្រឹត្តិការណ៍នយោបាយទាំងប៉ុន្មាន ច្រើនតែមាន
សភាពលក្ខណៈផ្ទុយឬក្បត់នឹងពាក្យសន្យា។
 ក្នុងពេលនេះ មាននៅសល់តែសេចក្តីស្នេហានិងការគោរពឪពុក
ម្តាយប៉ុណ្ណោះ ដែលសង្កេតយ៉ាងពិតប្រាកដលើដួងចិត្ត ហើយនិង
វាយោខែកត្ដឹកដែលបក់យ៉ាងទៀតទាត់រាល់រដូវរំហើយ។
ប៉ុន្តែ បន្តិចទៀត និស្ស័យនឹងត្រូវឃ្លាតឆ្ងាយពីម្ដាយចាស់ ពីស្រុក
កំណើត ពីបងប្រុស ពីក្មួយប្រុសស្រី ពីចេតិយឪពុក…សែនឆ្ងាយ
ពីវាយោខែកត្តឹកលើភូមិបឹងកេងកង។
នៅពេលនិស្ស័យកំពុងសញ្ជប់សញ្ជឹងអំពីអត្ថន័យពិតប្រាកដនៃ
ឆាកជីវិតរបស់ខ្លួន ម្ដាយនិស្ស័យដើរសន្សឹមៗចូលមកជិត ហើយ
ដាក់ហត្ថស្គមដែលមានស្បែកជ្រីវជ្រួញមកលើស្មានិស្ស័យយ៉ាង
ថ្នម។ គាត់សម្លឹងមើលភក្រ្តនិស្ស័យទាំងស្រឡាញ់និងអាណិត
ដោយយល់អំពីការជ្រួលច្របល់ដែលកំពុងអង្រួនច្របាច់គ្រប់
សរសៃដួងវិញ្ញាណរបស់កូន។ គាត់និយាយឡើងថា ៖
-និស្ស័យ! ពេលកាន់តែល្ងាចទៅហើយ ចូរយើងទៅលាធាតុ
ឪពុកកូនម្តងទៀតមុននឹងត្រឡប់ទៅផ្ទះវិញ ពីព្រោះម៉ែមាននៅ
សល់តែយប់នេះទៀតទេដែលម៉ែអាចឃើញកូននៅពីមុខម៉ែ
 ហើយអាចនិយាយឆ្លើយឆ្លងគ្នាជាមួយកូនមុននឹងកូនឃ្លាតពី
ម៉ែនៅពេលព្រឹកស្អែកឡើង…
និស្ស័យបែរភក្ត្ររកម្ដាយ ហើយដឹកដៃម្ដាយដើរសន្សឹមៗទៅ
កាន់ប្រាង្គចេតិយដោយមានបងប្រុសនិងក្មួយស្រីជូនដំណើរពី
ខាងក្រោយ។ ម្នាក់ៗក្នុងពេលនេះ មានអារម្មណ៍ស្រងូតស្រងាត់
ហាក់ប្រៀបដូចជាមានអ្វីមកហែកឱរា ហើយបង្កើតជាចន្លោះអូរ
មួយ ដែលការទុក្ខព្រួយហូរចូលមកទប់មិនឈ្នះ។
នៅពេលឡើងរថយន្ត ដើម្បីចាកចេញពីវត្តជម្ពូវ័នមកកាន់ទីក្រុង
ភ្នំពេញវិញ និស្ស័យនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មុននឹងយើងត្រឡប់ទៅកាន់ផ្ទះយើងឯបឹងកេងកងវិញ កូន
សូមឆៀងចូលទៅកាន់វត្តបទុមវត្តីបន្តិចសិន ដើម្បីអុជធូបលា
សុណ្ណាវី..
ម្ដាយនិស្ស័យឆ្លើយសម្របឡើងថា៖
-ត្រូវហើយកូន! សុណ្ណាវីបានរង់ចាំអស់ចំនួនជាច្រើនឆ្នាំហើយ
បានស្រឡាញ់កូនណាស់។ ហេតុដូច្នេះ កូនមិនត្រូវចាកចេញ
ពីស្រុកយើងទៅ ដោយមិនបានទៅលាសុណ្ណាវីទេ។ ចំពោះម៉ែ
វិញ កូនកុំព្រួយចិត្តខ្លាំងពេក ពីព្រោះម៉ែមានចៅវណ្ណារី និង
 សុមាលី (៣) ដែលជាក្មួយស្រីម៉ែ ហើយដែលបានភៀសខ្លួនពី
ស្រុកកោះធំមកជ្រកនៅជាមួយម៉ែនឹងជួយថែទាំម៉ែជួសកូន
ហើយ…
ក្នុងរាត្រីនោះ និស្ស័យនិទ្រាមិនលក់ទេដោយក្តារក្រាលជញ្ជាំង
 ផ្លានផ្ទោងនៃផ្ទះឈើបន្លឺស្នូរសង្កៀតលានខ្សឹបខ្សៀវហាក់ប្រៀប
ដូចជាព្រលឹងជីដូនជីតាមីងមាទាំងប៉ុន្មាននាំគ្នាពពាក់ពពូនមក
បន្ទោសនិស្ស័យដែលបណ្តោយឲ្យម្ចាស់ចាស់រស់ម្នាក់ឯង។
ចំណែកឯសត្វតុកកែក៏មិនព្រមនៅស្ងៀម ហើយមកកំដរអារម្មណ៍
និស្ស័យរហូតហួសពេលអធ្រាត្រ។ ទ្រាំពុំបាន និស្ស័យក៏ក្រោកមក
អង្គុយក្បែរគ្រែដំណេកម្ដាយរហូតដល់រស្មីព្រាងនៃព្រះអារុណ។
នៅពេលព្រឹកឡើង ម្ដាយនិស្ស័យរក្សាភក្រ្តញញឹម ដើម្បីសម្រួល
ការចេញដំណើររបស់កូន និងកុំឲ្យកូនមានទាក់ទាញជំហាន។
តែនៅពេលដែលនិស្ស័យចាកចេញផុតពីទ្វាររបងផ្ទះ ការញញឹម
បានប្រែក្លាយភ្លាមជាទឹកភ្នែក ហើយនៅក្នុងពេលនោះ ម្ដាយ
និស្ស័យចង់ស្រែកហៅកូនឲ្យបង្អង់ដំណើរមួយវិនាទីសិន ដើម្បី
ឃើញមុខកូនម្តងទៀត។ ចម្លែកណាស់! និស្ស័យហាក់ដូចជាឮ
សំឡេងអង្វរសម្ងាត់របស់ម្ដាយ ហើយក៏ត្រឡប់ជំហានមកដាក់
ក្បាលកើយលើភ្លៅម្ដាយ ហើយលូកយកកូនកន្សែងក្រហមពី
ហោប៉ៅម្ដាយមកជូតទឹកភ្នែកឲ្យម្ដាយដែលហូរទប់ពុំឈ្នះ។
ពាក្យដែលជាដុំមាសដែលនិស្ស័យបានឮចុងក្រោយបំផុត
ពីម្ដាយក្នុងជាតិនេះ គឺ៖
-កូនមាសម្ដាយ…
ប៉ុន្មានខែក្រោយមក ថ្ងៃទី១៧មេសា១៩៧៥ ប្រកាសយុគលាន
មរណៈ។ តាំងពីពេលនោះមក និស្ស័យបានជួបឪពុកម្ដាយ
បងប្រុស និងក្មួយប្រុសស្រី តែក្នុងការយល់សប្តិប៉ុណ្ណោះ ហើយ
នៅក្នុងរាត្រីខ្លះនៃព្រះចន្រ្ទពេញបូណ៌មី និស្ស័យស្រមៃឃើញផ្កា
កុលាបមួយទងរបូតចេញពីបាតដៃនាងសុវណ្ណាវី ហើយធ្លាក់
ពង្រាយស្រទាប់ក្នុងចរន្តវាយោខែកត្ដិក។

សរសេរចប់ ខែវិច្ឆិកា (កត្តិក) ឆ្នាំ២០០៤
         គ. ខូវនី

(៣) ៖ សូមអានរឿងប្រលោមលោក «ព្រះអាទិត្យខ្មៅនៃអតីត»

កកន៖ប្រិយមិត្តអ្នកអានជាទីមេត្រី

រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដែលលោកអ្នកនាងកញ្ញាបានអាននៅ

ទីនេះ​គ្រាន់តែជាការដកស្រង់វគ្គខ្លះៗតែប៉ុណ្ណោះ។ សំណៅដើមរឿងនេះ

សរសេរអក្សរដៃនិងវែងណាស់មិនអាចផ្សាយជូនទាំងស្រុងបានឡើយ។ 

 ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូដែលជាអ្នកនិពន្ធជាទីគោរព​ដ៏ខ្ពង់ខ្ពស់

ដែលបានផ្តល់រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដើម្បីឲ្យខ្ញុំចែករំលែកជូន

អ្នកអានប្លក់របស់ខ្ញុំ ។

ប៉ិច​ សង្វាវ៉ាន

ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖​លោក​ គ ខូវនី៖​ឆ្ងាយពីវាយោខែកត្តឹក ​​

19 វិច្ឆិកា

កកន៖

ខ្ញុំសូមចែករំលែកជូនប្រិយមិត្តអ្នកអាននូវស្នាដៃមួយ

របស់លោក គ ខូវនី។ លោកជាអតីតសាស្ត្រចារ្យរបស់

ស្វាមីខ្ញុំនៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៃទីក្រុងភ្នំពេញ

ក្នុងទស្សវត្សរ៍៦០។

ខ្ញុំស្រឡាញ់និងចូលចិត្តអានស្នាដៃរបស់លោកណាស់ ។

ក្នុងពេលអានអត្ថបទ ឬ​កំណាព្យនិងរឿងប្រលោមលោក

របស់លោកម្តងៗខ្ញុំតែងតែរំជួលចិត្តជាខ្លាំង។

សម្រាប់ខ្ញុំ លោកជាអ្នកនិពន្ធឯកដែលបានប្រើ

ពាក្យពេចន៍ទន់តែខ្លាំង។

វិធីសាស្រ្តនៃការនិពន្ធរបស់លោកក៏ខុសប្លែកពីអ្នកនិពន្ធឯទៀត។

នេះជាសម្រស់ទឹកដៃថ្មីនៃអក្សរសិល្ប៍ខ្មែរនៅបរទេស។

សូមជូនរឿង

ឆ្ងាយពីវាយោខែកត្តឹក ​​

ភាគ​ទី​១

 ព្រលឹង​ចេញ​ដំណើរ

 រក្សាសិទ្ធិគ្រប់យ៉ាង

ថ្ងៃ​ទី​៩ មេសា ឆ្នាំ​១៩៧២

ចំហាយ​ក្តៅ​នៃ​ព្រះ​អាទិត្យ​ហូរ​ឆ្លាក់​មក​ពី​លំហ​មេឃា។ ព្រះ​សង្ឃ​មួយ​អង្គ​និមន្ត​ចេញពី​វត្ត​លង្កា​តាម​ខ្លោង​ទ្វារ​ទិសខាងលិច​ ហើយ​សំដៅទៅ​កាន់​ផ្ទះ​មួយ​ក្នុង​ភូមិ​បឹង​កេង​កង។ ផ្ទះ​យើង​ប្រក់​ក្បឿង​ក្រហម​មួយ​ខ្នង​បំពួន​​ខ្លួន​ក្នុង​ចំណោម​​ទុក្ខ​ជាតិ​ផ្សេង​ៗ​ដែល​ដុះ​បំព្រង​ក្រោម​ធាតុ​អាកាស​ក្តៅ​នៃ​ខែ​ចែត្រ។ ដើម​ក្រូច​សើច​ពី​រ​ដើម​និង​ដើម​ស្លា​ដុះ​ក្បែរ​របង​ខាង​កើត​ផ្ទះ​ ឯ​ដើមជម្ពូដុះ​អែប​នឹង​ដើមទឹក​ដោះ​គោ​ជិត​អណ្ដូង​ទឹក។ នៅ​ជិតនោះ ដើម​ស្លឹក​គ្រៃ ជីរអង្កាម និង​ម្ទេស​ច្រើន​គុម្ព​ដុំ​ប្រញាយ​គ្នា​ជិត​ដើម​ចំប៉ី​និង​ដើម​ទទឹម។ អង្រឹង​ក្រចៅ​មួយ​ចង​នៅ​ចន្លោះ​ ដើម​ដូង​មួយ​គូ​ ក្បែរ​មាត់​ទ្វារ​របង​អំពីឈើ​លាប​ពណ៌​បៃ​តង​ ហើយ​ដែល​មាន​ដើម​ផ្កា​​ក្ងោក​ក្រហម​ដុះ​អម​ទាំង​សង​ខាង។ នៅ​ខាង​លិច​ផ្ទះ​ ប្រប​នឹង​បន្ទប់​ទឹក​ ដើម​ត្របែក​ដុះ​ទន្ទឹម​គ្នា​និង​ដើម​ចេក​ច្រើន​ដើម។ ដើមននោង​ដែល​មាន​ផ្កា​ពណ៌​លឿង វាឡើង​គ្រប​ពី​លើ​តំបូល​រោង​ចង្ក្រាន​បាយ​ខាង​ជើង​ផ្ទះ។ ដើម​ម្លិះ​មួយ​គុម្ព​ធំ​ដុះ​ក្បែរ​ពាង​ទឹក​មួយ​ធំ​ ក្រោម​បង្អួច​ខាង​ត្បួង​ផ្ទះ។ ដើមផ្កា​រំយោល​ដុះ​ហ៊ុំ​ព័ទ្ធ​រាន​ហាល​ដែល​មាន​តាំង​រាន​ទេវតា។ ព្រះ​សង្ឃ​និមន្ត​ឡើង​តាម​ជណ្តើរ​ដែល​អម​ដោយ​ដើម​ផ្កា​ណាគ្រី។

នៅ​មាន​ជណ្តើរ​មាន​តាំង​ផើង​ប្រទាល​ក្អែប និង​ក្រពើ។ ស្រ្តី​ចាស់​ម្នាក់​ស្ទុះ​ចេញ​មក​លើ​រាន​ហាល​ហើយ​លុត​ជង្គង់​និមន្ត​ព្រះ​សង្ឃ​ចូល​ទៅ​ក្នុង​ផ្ទះ​ធំ។ ក្នុង​ពេល​នោះ​ នាឡិកា​ប៉ោល​ដែល​ព្យួរ​លើ​ជញ្ជាំង​ឈើ ចាប់​វាយ​ម៉ោង​១២​ថ្ងៃ​ត្រង់។ ស្នូរ​ម៉ោង​ដែល​ធ្លាក់​​មក​ពី​នាឡិកា មាន​សណ្ឋាន​ដូច​ជា​គ្រប់​ពេល​វេលា​ដែល​រាយ​ជា​ចំណាំ​នៅ​លើ​មាគ៌ា​ជីវិត​ចុងក្រោយ​នៃ​បុរស​ចាស់​ម្នាក់​ដែល​ស្ថិត​ក្នុង​ហត្ថា​នៃ​កូន​ប្រុស​ដេល​ក្រសោប​ប្រាណ​ឪពុក​យ៉ាង​តឹង​ហាក់​ដូច​ជា​ចង់​ឃាត់​កុំ​ឲ្យ​ដង្ហើម​ខ្សោយ​របស់​ឪពុក​ខ្លួន​របូត​ចេញ​ទៅ។ ស្ត្រីចាស់​អង្គុយ​បត់​ជើង​ក្បែរ​ក្តារ​ងឿ​ដែល​មាន​ក្រាល​កន្ទេល​ក្រហម​សម្រាប់​ព្រះ​សង្ឃ​គង់​លើ។ នៅ​ក្បែរ​បង្អួច​ខាង​កើត​ផ្ទះ​ មាន​តាំង​ទី​អាសនៈ​តម្កល់​ព្រះ​ពុទ្ធរូប ព្រម​ទាំង​ថូផ្កា​ និង​ជើង​ពាន​ដាក់​ធូប​និង​ទាន។ ស្ដ្រី​ចាស់​ដែល​មាន​សក់​ស្កូវ​ស​កាត់​ជ្រង​ខ្លី កំពុង​ជូ​ត​ទឹក​ភ្នែក​ដែល​ស្រក់​នឹង​​កូន​កន្សែងពណ៌​ក្រហម​តូច​មួយ។ កូន​ប្រុស​លូក​ហត្ថា​ចាប់​ដៃ​ម្តាយ​ ហើយ​បែរ​ភក្រ្ត​ទៅ​រក​ឪពុក​ខ្លួន​វិញ ព្រម​ទាំង​ឱន​និយាយ​ក្បែរ​ត្រចៀក​ឪពុក​ថា៖

- «ពុក! ម៉ែ​និង​កូន​ត្រូវ​ការ​ពុក​ណាស់… ​ពុក!​ កុំ​ទុកឲ្យ​យើង​កំព្រា…»

បរិយាកាស​ពេញ​ដោយ​ការ​ទុក្ខ​សោក​មួយ​យ៉ាង​ធំ​ កំពុង​គ្រប​សង្កត់​លើ​អារម្មណ៍​របស់​មនុស្ស​គ្រប់​គ្នា​​ដែល​អង្គុយ​បត់​ជើង​ជុំ​វិញ​បុរស​ចាស់។​ ដើមទ្រូង​គាត់​ហើប​ឡើង​​ជា​ចុង​ក្រោយ​បំផុត​។ គាត់​ខំ​បើ​​កភ្នែក​ឡើង ដើម្បី​សម្លឹង​ភក្ត្រ​ភរិយា​ចាស់​និង​កូន​ប្រុស។ រួច​មក​ គាត់​បែរ​ភក្រ្ត​ទៅ​រក​ទិ​អាសនៈ​តម្កល់​ព្រះ​ពុទ្ធ​រូប​ ដែល​គាត់​ធ្លាប់​បានថ្វាយ​បង្ខំ​ជាមួយ​ភរិយា​រាល់​រាត្រី​មុន​ពេល​ចូល​និទ្រា ។

បន្ទាប់​មក ត្របក​ភ្នែក​គាត់​បិទ​សន្សឹម​ៗ​លើ​កែវ​ភ្នែក​កាត់ ហាក់​ប្រៀប​ដូច​ជា​វាំង​នន​មួយ​ធ្លាក់​បិទ​ឆាក​ល្ខោន​ជីវិត​​ដែល​គ្មាន​ទុក​អ្វី​គួរ​ឲ្យ​ស្រណោះ​ឡើយ ក្រៅ​ពី​អនុស្សាវរីយ៍​នៃ​គ្រួសារ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ដែល​បាន​តស៊ូ​យ៉ាង​អត់​ធ្មត់​ជា​មួយ​គ្នា​ក្នុង​ការ​ខំ​បន្តុប​ដុំ​ថ្មសុភមង្គល​មួយ​ដុំ​ហើយ​មួយ​ដុំ​ទៀតរាល់​ថ្ងៃ​។  ព្រឹត្តិការណ៍​ប្រទេស​ជាតិ​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​​មហិច្ឆិតា​ភូត​ភរ​គ្មាន​ខ្មាស​អៀន​នៃ​អ្នក​នយោបាយ​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ធម្មតា​បាន​ជួប​ប្រទះ​តែ​នឹង​

ធាតុ​ក្លែង​ក្លាយ គ្មាន​សច្ចៈធម៌ គ្មាន​ឧត្ដម​គតិ គ្មាន​យុត្តិ​ធម៌ ហើយ​មាននៅ​សល់ ​តែ​ការ​ខក​ចិត្ត​ប៉ុណ្ណោះ។ កូន​ប្រុស​ដាក់​ត្រចៀក​ប្រប​លើ​ដើម​ទ្រូង​ឪពុក ហើយ​ផ្ទៀង​ស្តាប់​ដង្ហើម​ដែល​ធូរ​រសាយ​​ទៅ​បន្តិចម្តង​ៗ ដូច​តំណក់​ទឹក​ចុងក្រោយ​ដែល​ស្រក​ចេញ​ពី​ក្អម។ កូន​ប្រុស​ងាក​ភក្រ្ត​មើល​ម្តាយ​ខ្លួន​ទាំង​អស់​សង្ឃឹម ដោយ​គ្មាន​សមត្ថភាព​​ស្រវា​ចាប់​ ឬ​រវៃ​សរសៃ​ជីវិត​ឪពុក​ខ្លួន​ឲ្យ​វិល​មក​វិញ។ កូន​ប្រុស​ដាក់​មាត់​ផ្អឹប​នឹង​ត្រចៀក​ឪពុក​ហើយ​ខ្សឹប​ថា៖

- «ពុទ្ធោ!… ពុក… ពុទ្ធោ…»

ភ្លាម​មក សំឡេង​ខ្សាវ​មួយ​ផុស​​ចេញ​ពី​ដើមទ្រូង​ឪពុក អណ្តែត​ឡើង​តាម​បំពង់​ក ហើយ របូត​ចេញ​ពី​បបូរ​មាត់​ស្លាំង ហាក់​ប្រៀប​ដូច​ជា​បក្សី​មួយ​បើ​កស្លាប​ហើរ​ចេញ​ពី​សំបក​ប្រាណ​ដែល​ជា​ស្រទាប់​បុផ្ផាណា តាម​កាំ​រស្មីណា តាម​តំណក់

សន្សើម​ណា តាម​ស្ពាន​មាស​ស្ពាន​ប្រាក់​ណា? តើ​ត្រូវ​ទូង​ជួង​មាស​ឬ​ស្គរ​សំរឹទ្ធិ​ណា ដើម្បី​ប្រកាស​ហៅព្រលឹង​ឪពុក​ឲ្យ​វិល​វិញ​​ហើយ​បន្ត​ជីវភាព​ធម្មតា​ជាមួយ​ម្តាយ​ចាស់? បរិយាកាស​ជុំ​វិញ​មាន​សភាព​ស្រពាប់​ស្រពោន ហើយ​គេ​គ្មាន​ឮអ្វី​

ក្រៅ​ពី​ស្នូរ​យំ​ខ្សឹក​ខ្សួល​នៃ​​ម្តាយ​ចាស់ និង​សំឡេង​ធម្ម​ដែល​ព្រះ​សង្ឃ​កំពុង​សូត្រ។

នៅ​តាម​មាត់​បង្អួច​ខាង​កើត​ផ្ទះ​បក្សី​មួយ​គូ​ប្រកួត​ចម្រៀង​គ្នា​លើ​ធាង​ស្លា។​ ជីវិតតែង​តែ​ពេញ​ដោយ​ភាព​ផ្ទុយ​គ្នា​យ៉ាងនេះ​ខាងម្ខាង​ស្នូរ​យំ​ ខាង​ម្ខាង​ទៀត​ស្នូរ​ចម្រៀង គឺ​ទុក្ខនិងសុខ ធម៌និង​អធម៌ សប្បុរសនិងអសប្បុរស យុត្តិធម៌​និង​​អយុត្តិធម៌…។

កូន​ប្រុស​ដែល​កំពុង​ឪប​សព​នៃ​ឪពុក​ចាស់​នោះ គឺ​និស្ស័យ។

ក្នុង​ពេល​នេះ មាន​សនោសញ្ចេតនា​ដូច​ជា​ប្រាណ​ខ្លួន​បែកភាគ​ជាពីរ។

មួយ​ផ្នែក​នេះ​ដក​ខ្លួន​ទៅ​អង្គុយ​បត់​ជើង​ក្បែរ​សព​ឪពុក ហើយ​កំពុង​ជូត​ទឹក​ភ្នែក​ម្តាយ​ចាស់។ មួយ​ផ្នែក​ទៀត​តាំង​ខ្លួន​ដូច​ជា​ភ្ញៀវ​ ហើយ​អង្គុយ​មើល​សកម្មភាព​ជុំ​វិញ ដោយ​ឆ្ងល់​នឹង​ទំហំ​នៃ​សេចក្តី​ទុក្ខ​ព្រួយ​ដែល​សាយ​សព្វ​ពេញ​តួ​ផ្ទះ។ និស្ស័យ​ប្រមូល​ផ្តុំ​ស្មារតី​មកវិញ ហើយ​បែរ​ប្រាណ​ទៅ​រកម្តាយ​ចាស់​និស្ស័យអញ្ជើញ​ម្តាយ​មក​ជួយ​រៀប​ចំ​សព​ ហើយ​លើ​ហត្ថា​ទាំង​ពីរ​របស់​ឪពុក​មក​ផ្គុំ​ប្រណម​លើ​ដើម​ទ្រូង​គាត់។

បន្ទាប់​មក​ ម្តាយ​និស្ស័យក្រោក​ឡើង​ទៅ​ចាក់​សោទូឈើ​ទ្វារ​កញ្ចក់​មួយ ហើយ​រើ​យក​ផាហ៊ុម​សូត្រ​ពណ៌​ស​មួយ​មក​គ្រប​​ពី​លើសព្វ​ស្វាមី។ បង​ប្រុស​និស្ស័យចេញ​ទៅ​អង្គុយ​យំ​លើកាំ​ជណ្តើរ​ខាង​មុខ​រាន​ហាល​ ចំណែក​ឯ​បងប្អូន​មីង​មា​និង​ក្មួយ​ប្រុសស្រី​ទាំង​ប៉ុន្មាន​នាំ​គ្នា​យំ​ខ្សឹក​ខ្សួល​ពេញ​ផ្ទះ​ធំ។ ព្រះ​សង្ឃ​បញ្ជា​ឲ្យ​រៀប​ចំ​ទី​អាសនៈបូជា​ផ្កា ធូប ទាន​ ដល់​ព្រះ​ពុទ្ធ​រូប ព្រម​ទាំង​ឲ្យ​ចង​ពិតា​មួយ​លើ​ជញ្ជាំង​ក្បែរ​សព។​

ដំណឹង​មរណៈភាព​នៃ​ឪពុក​និស្ស័យបាន​សាយ​ភាយ​ឆ្លង​កាត់​ពី​ផ្ទះ​មួយ​ក្នុង​ភូមិ​បឹង​កេង​កង​ សង្កាត់​វត្ត​លង្កា។

បន្ត​បន្ទាប់​គ្នា អ្នក​ផ្ទះ​ជិត​ខាង​កាន់​ធូប​ទាន អង្ករ​ ឬ​ប្រាក់​កាស​មក​ចូល​បុណ្យសព​ក្នុងនាម​សាមគ្គី​ធម៌និង​ការ​ជួយ​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​និស្ស័យ។

និស្ស័យបានផ្តល់​ដំណឹង​មរណៈភាព​នេះ​ដល់​ទី​ក្រសួង​​ធ្វើការ​ និង​ទីចាត់​ការ​នៃ​មហា​វិទ្យាល័យ​​ដែល​ខ្លួន​ជាសាស្រ្តា​ចារ្យ ដើម្បី​សុំ​ឈប់​សម្រាក​ក្នុង​ឱកាស​រៀប​ចំ​ពិធិ​បូជា​សព​ឪពុក។

ទី​ផ្ទះ​ដែល​ធ្លាប់​តែ​មាន​បរិយា​កាស​ស្ងប់​ស្ងាត់​ ដោយ​គ្មាន​ឮសូរ​អ្វី​ក្រៅ​ពី​ស្នូរ​អង្រឹង​យោល​ក្រោម​ដើម​ដូង ឬ​ស្នូរ​ត្បាល់​បុក​ស្លា​នៅ​ពេល​ម្តាយ​និស្ស័យបាន​បរិភោគ​បាយ​ថ្ងៃ​ត្រង់​រួច ឥឡូវ​នេះស្រាប់​តែ​មាន​សកម្មភាព​មមាញឹក​​ពេញ​ដោយ​សំឡេង​អ៊ូអរ​ទាំង​លើ​ផ្ទះ និង​ទាំង​ខាង​ក្រោម​​ផ្ទះ។  កូន​ក្មួយ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​ទទួល​ការ​ទំនុក​បម្រុង​​ពី​គ្រួសារ​​និស្ស័យ បាន​មក​ដល់​ផ្ទះ​សព ហើយ​ចូល​ទៅ​អុជ​ធូប​គោរព​សព។ និស្ស័យ​បាន​បញ្ជា​ឲ្យ​គេ​បង្ហូត​ទង់​មរណៈ​នៅ​​លើ​មាត់​ទ្វារ​របង​ផ្ទះ ព្រម​ទាំងឲ្យ​សង់​ជម្រក​ក្នុង​ទី​ធ្លា​ខាង​មុខ​ផ្ទះ​​សម្រាប់​ទទួល​ភ្ញៀវ។

និស្ស័យ​មិន​ប្រទះ​ឃើញ​ម្តាយ​ចាស់​ក្នុង​ចំណោម​មនុស្ស​ទាំង​ឡាយ​ដែល​កំពុង​រៀប​ចំ​ផ្ទះ ដើម្បី​នឹង​តម្កល់​សព​ទេ។

បន្ទាប់​ពី​​បាន​ដើរ​រក​ម្តាយ​អស់​ចំនួន​ច្រើន​នាទី​មកស្រាប់​តែ​និស្ស័យ​ឮ​ស្នូរ​យំ​ក្នុង​បន្ទប់​មួយ។

និស្ស័យឃើញ​ម្តាយ​ចាស់​អង្គុយ​យំ​លើ​គ្រែ​តំណេក ហើយ​កំពុង​រៀប​ចំ​ខ្នើយ​និង​ផាហ៊ុម តាម​របៀប​ដែល​គាត់​​បាន​ធ្វើ​សព​ដង​នៅ​ពេល​រាត្រី បន្ទាប់​ពី​បាន​ថ្វាយ​បង្គំព្រះ​រួច​ជា​មួយ​ឪពុក​និស្ស័យ។ និស្ស័យ​ដើរ​ចូល​ទៅ​ជិត​ម្តាយ​

ហើយ​ទាញ​ដៃ​ម្តាយ​មក​ក្តោប​ទាំង​សែន​អាណិត។ និស្ស័យ​ពិនិត្យ​មើល​សក់​ស្កូវ​សរបស់​ម្តាយ ហើយ​នឹក​ទៅ​អំពី​ចម្ងាយ​មាគ៌ា​ជីវិត​ដែល​ម្តាយ​ចាស់​បា​នត្រេច​លើជា​មួយ​ឪពុក​ចាស់ តាំង​ពី​ពេល​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​មក។

ម្តាយ​និស្ស័យ​ងើប​ភក្រ្ត​មើល​និស្ស័យ ទាំង​ភ្នែក​ក្រហមដោយ​បាន​យំ​យូរ។ ក្នុង​ពេល​នេះ ម្តាយ​និស្ស័យ​ហាក់​ដូច​ជា ​​មាន​មហា​សមុទ្រ​ខ្មៅ​ធំ​មួយ​ក្នុង​ដើម​ទ្រូង​ ដែល​កំពុង​ត្របាក់​លេបផេះ លេប​មិន​រួច ខ្ជាក់​​មិន​កើត។

សតិ​អារម្មណ៍​រវើរវាយ គ្មាន​ធាតុ​រឹង​ គ្មា​ន​ជំហរ​ ផត​ទន់​ជ្រាយ ហើយ​រង់​ចាំ​យក​ស្នាម​នៃ​ការវាយ​លុក​អំពិ​ទុក្ខ​និង​​អនុស្សាវរីយ៍​គ្រប់​យ៉ាង។ ម្តាយ​និស្ស័យ​លើក​ម្រាល​ដៃ​ចង្អុល​ទៅ​រូប​ថត​ធំ​ពីរ​ដែល​ព្យួរ​លើ​មាត់​ទ្វារ​នៃ​ផ្ទះ​ធំ។

រូប​ថត​ទាំង​ពីរ​នេះ មាន​ទំហម​នីមួយៗ ១ម៉ែត្រ​ គុណ ០.៥០ម៉ែត្រ។ នេះ​ជា​រូប​ថត​នៃ​ឪពុក​ម្ដាយ​និស្ស័យ ដែល​គាត់​បាន​ថត​​នៅ​ពេល​បន្ទាប់​ពី​អាពាហ៍​ពិពាហ៍​រួច។ រូប​ខាង​ឆ្វេង គឺ​រូប​ម្តាយ​និស្ស័យ​ដែល​មាន​សក់​ខ្មៅ​រលើប កាត់​ខ្លី​លើក​ញ្ជឹង​ក។

គាត់​ពាក់​ទុំហ៊ូមួយ​គូ និង​ខ្សែក​មួយ​ដែល​ធ្លាក់​លើ​ដើម​ទ្រូង។ ចំណែក​ឯ​រូប​ថត​ខាង​ស្តាំ គឺ​រូប​ថត​ឪពុកនិស្ស័យដែល​ពាក់​អាវកុត។

និស្ស័យ​ធ្លាប់​បាន​ឃើញ​រូប​ថត​ទាំង​ពីរ​នេះ​​តាំង​តែ​ពី​តូច​មក។ នៅ​ពេល​ដែល​និស្ស័យ​បាន​ឃ្លាត​ពី​ស្រុក​កំណើត​ ដើម្បី​ទៅ​បន្ត​វិជ្ជា​ឯបរទេស​ គ្រប់​ពេល​វេលា​ដែល​និស្ស័យ​នឹក​មក​ផ្ទះ​ទៅ​ភូមិ​បឹង​កេង​កង គឺ​រូ​ប​ថត​ទាំង​ពីរ​នេះ​អណ្តែត​ចេញ​មក​ជា​តំណាង​អនុស្សាវរីយ៍​គ្រប់​យ៉ាង​ដែល​មាន​ចំណង​ជាមួយ​ផ្ទះ​ឈើ​នេះ។

នៅ​ពេល​ថ្ងៃ​ទី​មួយ​នៃ​ការ​វិល​ត្រឡប់​ពី​បរទេស​វិញ បន្ទាប់​ពី​បាន​ទៅសំពះ​គោរព​ឪពុក​ម្តាយ​រួច​ហើយ​ និស្ស័យប្រញាប់​ប្រញាល់​ទៅ​មើល​រូប​ថត​ទាំង​ពីរ ហាក់​ប្រៀប​ដូច​ជា​ចង់​សាក​សួរ​សុខ​ទុក្ខ​ និង​ព្រឹត្តិការណ៍​គ្រប់​យ៉ាង​ដែល​បាន​កកើត​មក​ក្នុង​ចន្លោះ​ពេល​ដែល​និស្ស័យ​ជាប់​សិក្សា​ឆ្ងាយ​ពី​មាតុ​ភូមិ។ ទោះ​បី​ក្នុង​ពេល​យល់​​សប្តិ​ក៏​ដោយ ព្រលឹង​និស្ស័យ​តែង​តែ​វិល​មក​​សារសង​ជា​មួយ​នឹង​រូប​ថត​ទាំង​ពីរ​ ដែល​និស្ស័យ​ប្រដូច​ទៅ​នឹង​រូប​ថត​ទាំង​ពីរ ដែល​និស្ស័យ​ប្រដូច​នឹង​អ្នក​តាឬ​ទេវតា​រក្សា​ផ្ទះ។

នៅ​ចំ​កណ្តាល​ផ្ទះ​ធំ មាន​តាំង​មឈូស​សព​ឪពុក​និស្ស័យ។ កម្រង​និង​បាច់​ផ្កា​គ្រប់​យ៉ាង​បាន​ត្រូវ​មិត្ត​ភក្តិ​ សហការី​ក្នុង​ក្រសួង​ធ្វើ​ការ​​និង​ប្រតិភូ​និស្សិត​​មហា​វិទ្យា​ល័យ​ បាន​យក​មក​ដាក់​អម​ជុំវិញ​មឈូស។ ដូន​ជី​បីនាក់​កំពុង​តែ​ស្មូត​កំដរ​សព។

និស្ស័យបាន​ស្នើសុំ​ម្តាយ​យក​សំពត់​ហូល​ចាស់​មួយ​មក​គ្របពី​លើ​មឈូស។ សំពត់​ហូល​នេះ​មាន​ន័យ​សំខាន់​ណាស់​​ចំពោះ​ម្តាយ​និស្ស័យ គឺ​ជា​និមិត្ត​រូប​នៃ​បន្ទាត់​ជីវិត​ប្រកប​ដោយ​សីលធម៌​នៃ​ស្វាមី​តាំង​តែ​ពី​កសាង​ជីវិត​ជា​មួយ​គ្នា​មក

ដោយ​សំពត់​ហូល​នេះ​ត្រូវ​បាន​ឪពុក​និស្ស័យ​ស្លៀក​ក្នុង​ពេ​លបំបួស​នាគ​កាល​ពី​កុមារ​ក្នុង​វត្ត​ភូមិ​ក្រាំង​ស្លា ស្រុក​ព្រៃ​កប្បាស​​ខេត្ត​តាកែវ ដើម្បី​សង​គុណ​ឪពុក​ម្តាយ។ ឥឡូវ​នេះ និស្ស័យ​យក​សំពត់​ហូល​នេះ​មក​គ្របពី​មឈូស​ឪពុក​ ក្នុង​ន័យ​ជា​សញ្ញា​ឬ​​ទង់​សីលធម៌ ដើម្បី​កំដរ​និង​ដង្ហែរ​ជំហាន​ចុងក្រោយ​នៃ​សំបក​ប្រាណ​ឪពុក​ក្នុង​លោកនេះ​ដែល​ពោរពេញ​ដោយ​មហិច្ចតា​គ្មាន​ព្រំ​ដែន។

ក្នុង​រាត្រីទីពីរ​នៃ​ការ​តម្កល់​សព កូន​ប្រុ​សច្បង​បងប្រុស​និស្ស័យដែល​និទ្រា​ដូច​សមា​ជិក​​គ្រួសារ​ឯទៀតៗ​ជុំ​វិញ​មឈូស​​ក្នុង​កណ្តាល​ផ្ទះ​ធំ​ បាន​យក​យល់​សប្តិ​ឃើញ​ឪពុក​និស្ស័យ​ដែល​ពិនិត្យ​មើល​មនុស្ស​ទាំង​អស់​ដែល​កំពុង​និទ្រា។

គាត់​សម្តែង​ទឹក​មុខ​អាណិត​ចំពោះ​ភរិយា​ចាស់​ដែល​សម្រាក​នៅ​ចុង​ជើង​មឈូស​ ហើយ​ដែល​នៅ​តែ​មមើ​យំ​អណ្ដឺត​អណ្ដក​​ក្នុង​ពេល​និទ្រា។ រួច​មក​ ឪពុកនិស្ស័យ​ឱន​ស្ទាប​ក្បាល​និស្ស័យ​យ៉ាង​ថ្នម។

នៅ​ពេលព្រឹក​ស្អែក​ឡើង ក្មួយ​ប្រុស​និស្ស័យលើក​យក​រឿង​យល់​សប្តិ​របស់​ខ្លួន​ពី​រាត្រី​កន្លង​ទៅ​ មក​ពណ៌នា​ប្រាប់​សមាជិក​​គ្រួសារ​ទាំង​អស់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ម្ដាយ​និស្ស័យសម្រក់​ទឹក​ភ្នែក​ជា​ថ្មី ហើយ​សម្តែង​ការ​សោក​ស្តាយ​ដោយ​ព្រលឹង​ស្វាមី​ចាស់​មិន​ថ្ពក់​នាំ​ព្រលឹង​របស់​គាត់​ទៅ​ជាមួយ​គ្នា​ក្នុង​ពេល​នោះ​ទៅ។

បន្ទាប់​ពី​បាន​តម្កល់​សព​អស់​រវាង​បី​ថ្ងៃ​មក ពិធី​ដង្ហែ​សព​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ម៉ោង​ពីររសៀល។

ភ្លេង​ខ្លង​ខែង​បា​នបន្លឺ​បទ​គ្រលួច ជា​សញ្ញា​កំដរ​ពិធី​រំកិល​មឈូស​ចេញ​ពី​ផ្ទះ​ធំ​មក​តាម​រាន​ហាល រួច​ចុះ​តាម​ជណ្តើរ​

ខាង​មុខ​ផ្ទះ​ ដែល​អម​ដោយ​ដើម​ផ្កាណា​គ្រី។ និស្ស័យនិង​សមាជិ​ក​គ្រួសារ​ឯទៀត​ដែល​មាន​សម្លៀក​បំពាក់ស​ ហើយ​ដែល​ពាក់

​ប៉ាន​ដៃ​ខ្មៅ​ជា​សញ្ញា​កាន់​ទុក្ខ បាន​លើ​មឈូស​តម្កល់​លើ​រថយន្ត​មួយ​ពណ៌​ស និង​តុប​តែង​ដោយ​កម្រង​ផ្កា។

ក្បួន​ដង្ហែ​ដែល​មាន​គណៈប្រតិភូ​និស្ស័យ​មហា​វិទ្យាល័យ​នាំ​ពី​មុខ បា​នចេញ​ដំណើរ​យ៉ាងយឹត​ យ៉ាង​ស្រណោះ​ពី​ផ្ទះ​ឈើ​​ហ៊ុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ​ស្រស់​បំព្រង។ និស្ស័យ​ងាក​ភក្រ្ត​មើល​ផ្ទះ​កំណើត ហើយ​ហាក់​ប្រៀប​ដូច​ជា​ឮ​សម្រែក​យំ​លេច​ចេញ​មក​​ពី​ជញ្ជាំង​ ទ្វារ បង្អួច​ផ្ទះ ពី​គ្រប់​ដើម​ឈើ​និង​ដើម​ផ្កា​នៃ​សួន​ច្បារ ពីធុង​យោង​ទឹក​លើ​មាត់​អណ្តូង ពី​រានទេវតា​នៅ​រាន​ហាលពី​អាសនៈ​តម្កល់​ព្រះ​ពុទ្ធរូប ពីអង្រឹង​ក្រោម​ដើម​ដូង ពី​ផ្លិត​ផ្តៅ​លើ​ក្តារ​ងឿ ពី​រូប​ថត​នៃ​ឪពុក​ម្តាយ​ដែល​ព្យួរ​លើ​ខ្លោង​ទ្វារ​ផ្ទះដែល​រួម​គ្នា​ស្រែក​ដង្ហោយ​ហៅ​ឲ្យ​ព្រលឹង​ឪពុក​និស្ស័យ​វិល​មក​វិញ៖

-​ «ព្រលឹង ! ម្តេច​ក៏​ទៅ​ចោល​សំបក​ប្រាណ

ម្តេច​ក៏​ដើរ​ផ្សង​ព្រេង​ក្នុង​ឋាន​ឆ្ងាយ

ម្តេច​ក៏​ទុក​ឲ្យ​ភរិយា​ចាស់​អង្គុយ​យំ​តែម្នាក់​ឯង

ម្តេច​ក៏​បោះបង់​ចោល​យើង​គ្មាន​មេត្តា ?

ឱ ព្រលឹង ! សូម​អញ្ជើញ​ត្រឡប់​មក​វិញ

នេះ​ម្ហូប​ឈ្ងុយឆ្ងាញ់​និង​ទឹក​ត្រជាក់​ត្រាំផ្កា

នេះ​គ្រែ ពូក ខ្នើយ ផាហ៊ុម​សូត្រ​ទន់​ល្មើយ

នេះ​អង្រឹង​ នេះ​ផ្លិត នេះ​ជើង​ពាន​ដាក់​ផ្កា​ថ្វាយ​បង្គំ​ព្រះ !

ឱ ព្រលឹងវិល​វិញ !»

នៅពេល​ក្បួន​ដង្ហែ​សព​បាន​ចាកចេញ​ផុ​ត​ពី​ទ្វារ​របង​ផ្ទះ និស្ស័យយល់ថា ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ ម្តាយ​ចាស់​នឹង​ក្លាយ​ទៅ​ជា​មេម៉ាយ មេម៉ាយ​ស្វាមី​ចាស់ មេម៉ាយ​សង្ឃឹម មេម៉ាយ​ចំណង់​រស់​នៅ មេម៉ាយ​សភមង្គល មេម៉ាយ​អនាគត ហើយ

​ជីវិតដែល​នៅ​សល់ នឹងត្រូវ​សង្ខេប​មក​ត្រឹម​ការ​រង់​ចាំ​ប៉ុណ្ណោះ រង់​ចាំ​ព្រឹក​មួយ​ថ្មី​បន្ទាប់​ពី​រាត្រី​ខ្មៅ​វែង រង់​ចាំ​​ព្រឹក​ខាន​ស្អែក​បន្ទាប់​ពី​ព្រឹក​ស្អែក​ រង់​ចាំ​រដូវ​ភ្លៀង​បន្ទាប់​ពី​រដូវ​ប្រាំង រង់​ចាំ​មិន​ចំ​ជា​ការ​រង់​ចាំ ពីព្រោះ​អ្វីៗ​ដែល​ស្ថិត​នៅ​ជុំ​វិញ ទោះបី​ជា​សម្តី​សារ​សងបទ​ចម្រៀង​ សុន្ទរកថា​នយោបាយ សុទ្ធ​សឹង​មាន​រស​ជាតិ​ក្លែង​ក្លាយ គ្មាន​អត្ថន័យ សែន​ឆ្ងាយ​ពី​ពិត​ប្រាកដ​នៃ​សេចក្តី​ទុក្ខ​សោក​​ដែល​កំពុង​ទន្រ្ទាន​ក្នុង​ឱរា។

បទ​ភ្លេង​ខ្លង​ខែក​អូ​សណ្តោង​ក្បួន​ដង្ហែសព​តាម​មហាវិថី​នរោត្ដម​ដោយ​ឆ្លង​កាត់​មុខ​អាគារ​សង្កាត់​លេខ​៦រួច​បត់​ជុំ​វិញ​វិមាន​ឯករាជ ហើយ​កាត់​តាម​មុខ​វត្ដ​លង្កា​ មុន​នឹង​បត់​មក​ទិស​ខាង​ត្បូង​តាម​បណ្តោយ​របងវត្ត​លង្កាដើម្បី​ចូល​ទៅ​ក្នុង​បច្ឆា។ និស្ស័យនិង​សមាជិក​គ្រួសារ​លើក​មឈូស​ពី​លើរថយន្ត​​ដង្ហែ ហើយ​ដើរ​ទក្សិណ​កន្លែង​បូ​ជា​​​សព​ចំនួន​បី​ដង មុន​នឹង​លើ​មឈូស​តម្កល់​លើ​គំនរ​ឧស​ដែល​បាន​រៀប​ចំ​ជា​មុន​ស្រេច។ បន្ទាប់​មក និស្ស័យ​បាន​និមន្ត​ព្រះ​សង្ឃ​ច្រើន​អង្គ​មក​ចម្រើន​ធម្ម​សង្សុកូល ហើយ​ប្រគេន​គ្រឿង​ទេយ្យទាន ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខ័ន្ធ​នៃ​ឪពុក​ខ្លួន។ រួចមក​ និស្ស័យ​អញ្ជើញ​ភ្ញៀវ​ទៅ​ដាក់​បាច់​ផ្កា និង​ផ្កា​ខ្លឹម​ចន្ទ្រ​លើ​មឈូស​សព​ជា​សញ្ញា​នៃ​ការ​គោរព​ចុងក្រោយ​បំផុត។

លោក​អាចារ្យ​ម្នាក់​យក​ទាន​មួយ​ដើម​ដែល​ម្តាយ​និស្ស័យ​បាន​អុជ​ឡើង មក​ប្រគល់​ឲ្យ​និស្ស័យ។ ពេល​ដែល​ត្រូវ​បែក​គ្នា​មក​ដល់​ហើយ ពីព្រោះ​បន្តិច​ទៀត មនុស្ស​ម្នាក់​ដែល​មាន​សំបក​ប្រាណ​និងសាច់​ឈាម មាន​ភរិយា មាន​កូន​ចៅ​ មាន​សាវតា​ផ្ទាល់​ខ្លួន នឹង​ប្រែ​រូប​ទៅ​ជា​គំនរ​ផេះ​អានាមិក ហើយ​គ្មាន​ទុក​ដាន​អ្វី​ក្នុង​លោក​នេះ​ក្រៅ​​ពីរូប​ថត​ព្យួរ​លើ​ជញ្ជាំង​ផ្ទះ និង​សម្លៀក​បំពាក់​បត់​ជា​ផ្នត់​ទុក​ក្នុង​​ទូ​ប៉ុណ្ណោះ។ ភ្លេង​ខ្លង​ខែង​ថ្ពក់​ហៅ​អារម្មណ៍​និស្ស័យ​ឲ្យ​បោះ​ជំហាន​ទៅ​មុខ។ និស្ស័យ​ហាក់​ស្ថិត​នៅ​ក្នុង​ការ​យល់​សប្តិ​អាក្រក់​មួយ​ដោយ​បោះ​ជំហាន​ដូច​មនុស្ស​មមើ ទៅ​កាន់​មឈូស​ឪពុក​ខ្លួន ដែល​រង់​ចាំ​អំណោយ​ភ្លើង។ ហេតុ​ម្តេចក៏​ពេល​វេលា​មិន​កក​រឹង​ក្នុង​ពេល​នេះ​ភ្លាម ហើយ​ផ្អាក​ជីពចរ​នៃ​ជីវិត​សត្វ​លោក​មួយ​រយៈ​ទម្រាំ​និស្ស័យ​និយាយ​លា​ឪពុក​ខ្លួន​ឲ្យ​អស់​ចិត្ត​សិន មុន​នឹង​ដាច់​ចិត្ត​យក​ភ្លើង​ទាន​ទៅ​ដាក់​ក្រោម​គំនរ​ឧស។ និស្ស័យឈរ​ពី​មុខមឈូស ហើយ​ចង់​ស្រែក​ហៅ​ឪពុក​ខ្លួន​ឲ្យ​ក្រោក​ឡើង។

និស្ស័យ​និយាយ​ក្នុង​ចិត្តថា៖

«ឱ ! ពុក ! សូម​ពុក​ឈប់​សម្រាន្ត ហើយ​ក្រោក​ចេញ​មក​ខាង​ក្រៅ ពីព្រោះ​ម៉ែកំពុង​តែយំ​តែម្នាក់​ឯង​ឯណោះ។

ខ្ញុំ​សូម​ពុក​ទុក​ឲ្យ​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​មឈូស​ជំនួស​ពុក​វិញ ដោយ​ខ្ញុំ​មិន​ចង់​ឲ្យ​ម៉ែ​រស់​នៅ​តែ​ឯក​ឯង​​គ្មាន​ពុក​ថ្វាយ​បង្គំ​ព្រះ​ជាមួយ​គ្នា​រាល់​ពេល​ល្ងាច គ្មាន​ពុក​ដើម្បី​ផ្គាប់​គ្រប់​ពេល​ដួស​ម្ហូប​សម្ហ​ដាក់​ចាន​ពុក។

ពុក ! ជីវិតរបស់​កូន​មក​ទល់​នឹង​ពេល​នេះ គ្មាន​អតីត​កាលគួរ​ឲ្យ​សោក​ស្តាយ គ្មាន​អនាគត​គួរ​ឲ្យ​សង្ឃឹម។ ចំពោះ​ពុកវិញ​​អនុស្សាវរីយ៍គ្រប់​យ៉ាង​ជាមួយ​ម៉ែបាន​ក្លាយ​ទៅ​ជាកំណប់​មត៌ក​សីលធម៌​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។ ពុកឮខ្ញុំ​ហៅ​ពុក​ទេ ?…

ភ្លេង​ខ្លង​ខែក​ទទូច​ហៅ​សតិ​អារម្មណ៍​របស់​និស្ស័យឲ្យ​វិល​មក​រក​ការ​ពិត​វិញ។ និស្ស័យប្រមូល​ស្មារតី​ឡើង​វិញ ហើយ​លុត​ជង្គង់​ចុះ​នៅពី​មុខ​មឈូស។ និស្ស័យងាក​មើល​ភក្រ្តម្ដាយ ហើយ​យក​ភ្លើង​ទាន​ទៅ​ដាក់​ប្រប​នឹង​គំនរ​ឱស​

ដែល​ចាប់​ផ្តើម​ឆេះ​ឡើង​បន្តិច​ម្តងៗ។ និស្ស័យដោះ​យក​រូបថត​ឪពុក​ដែល​នៅ​ពី​មុខ​មឈូស ហើយ​យក​មក​ឱប​លើ​ដើម​ទ្រូង​ ហាក់​ប្រៀប​ដូច​មិន​ចង់​ឲ្យ​អណ្តាត​ភ្លើង​មក​ដណ្តើម​ឆក់​យក​អនុស្សាវរីយ៍​នេះ។ និស្ស័យនិយាយ​តិចៗ​ឡើង​ថា៖

«ពុក ! ម៉ែព្រម​និង​កូន​ចៅ​ទាំង​អស់​ សូម​ពុក​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខសាន្ត​លុះ​ដល់​ត្រើយ​ព្រះ​និពាន្ត…»

ផ្សែង​ស​ហុយ​ខ្មួល​ត្របាញ់​ឡើង​ទៅ​លើ ហើយ​របូត​ចេញ​តាម​កំពូល​ទី​បច្ចា។ ក្នុង​ខណៈ​នោះ​និស្ស័យ​ហាក់​ដូច​ជា​ឃើញ​ សត្វ​លលក​ស​មួយ​ទទះ​ស្លាប​ហើរ​ចេញ​ពី​សំណុំ​ផ្សែង ហើយ​កាត់​តម្រង់​ទៅ​ក្នុង​លំហ​មេឃខៀវ​ធំធេង។

ឱ ! ព្រលឹងចេញ​ដំណើរ​ទៅ​ហើយ… ក្នុង​ពេល​នេះ​ ផ្ទៃ​មេឃ​លើ​ទីវត្ត​លង្កា​ក្លាយ​ទៅ​ជា​វាំង​នន​យ៉ាង​ធំ​មួយ​ដែល​ទទួល​ការ​បញ្ជាំង​អនុស្សាវរីយ៍​គ្រប់​យ៉ាង ​តាំង​តែ​ពី​និស្ស័យ​នៅ​ជា​កុមារ​មក។ អតីតកាល​ដើរ​ចូល​មក​ហើយ..     ។

+
+    +

 រាត្រីអំពិលអំពែក

ពពកពណ៌មាស ពណ៌ប្រាក់ រលាយបាត់រូបបន្តិចម្តងៗនៅទិសខាងលិច។ អស្តង្គតគ្មានបន្សល់ទុកអ្វីក្រៅពីជើងមេឃក្រហមដែលប្រែក្លាយទៅជាស្បៃខ្មៅ​មកគ្រប់ដណ្តប់លើរាជធានីភ្នំពេញ។ ព្រះចន្ទពេញបូណ៌មីអណ្តែងខ្ពស់​ដូច​ថា​សមាសក្នុងមេឃថ្លាគ្មានពពក ដែលលម្អដោយដែកគោលពេជ្រនៃតារា។
ពេលកាន់តែខិតជិតអាធ្រាត្រទៅហើយ និស្ស័យអង្គុយក្បែរមាត់អណ្ដូងទឹក ហើយបណ្ដែតអារម្មណ៍ឲ្យរត់តាមសកម្មភាពនៃធម្មជាតិដែលព័ទ្ធជុំវិញប្រាណ។ នាសានិស្ស័យដកស្រង់គន្ធាលាយឡំគ្នានៃផ្កាម្លិះ ផ្កាណាគ្រី និងផ្កាកូលាប។ នៅក្បែរគុម្ពដើមស្លឹកគ្រៃ សត្វចង្រិតប្រកួតចម្រៀងគ្នា។ សន្សើមធ្លាក់រោយរាយ ហាក់ប្រៀបដូចដង្ហើមត្រជាក់នៃរាត្រីដែលធ្វើឲ្យអង្គកាយព្រឺរងា។ សត្វជ្រឹងហើរទាំងហ្វូងទៅកាន់ចម្ការដើមមៀននៅតាខ្មៅ។អំពិលអំពែកមួយហើរទក្សិណដើមផ្ការំយោល រួចហើយមកក្រឡឹងជុំវិញនិស្ស័យ ដែលលូកហត្ថទៅចាប់យ៉ាងថ្នមដាក់លើបាតដៃ។ អំពិលអំពែករារែកមួយវិនាទី មុននឹងហើរយ៉ាងយឺតឆ្ពោះទៅទិសខាងលិច។ ក្រសែភ្នែកនិស្ស័យខំតាមដានចំណុចរស្មីភ្លិបភ្លែតដែលអណ្តែតឆ្ងាយទៅ។
តែនិស្ស័យសង្កេតឃើញអំពិលអំពែកចុះទំលើស្រមោលខ្មៅមួយដែលត្រេចកាត់តាមរបងកន្ធុំធេតក្បែរអណ្ដូងទឹក។ ស្រមោលខ្មៅមានដំណើរទន់ភ្លន់ឆ្ពោះមកនិស្ស័យ។ នៅពេលនោះ រស្មីព្រះ​ចន្រ្ទ​ចាំង​ទៅ​លើស្រមោលនោះដែលបង្ហាញភក្រ្តនាងសុណ្ណាវី។ នាងដើរមកជិត ហើយដាក់ប្រាណអង្គុយចុះលើគែមមាត់អណ្តូងទឹក។ អណ្តូង​ទឹកនឹង​ថ្កល់​ឆ្លុះរូប​ឆោម​នាងទន្ទឹមនឹងរង់ព្រះចន្ទ្រ។ ពីផ្ទះស្មៀនឈាងគ្រូភ្លេងមហោរីសំឡេងខ្លុយមួយបន្លឺបទតម្អូញមួយគួរឲ្យរំជួលចិត្ត។ ធម្មជាតិជុំវិញនិស្ស័យនិងនាងសុវណ្ណាវីមានសភាពស្ងៀមស្ងាត់ ដូចជា​ខំ​ទប់ដង្ហើមដើម្បីរង់ចាំស្តាប់ការសន្ទនាដែលត្រូវចាប់ផ្តើមឡើងរវាងអ្នកទាំងពីរ។
នេះជារាត្រីចុងក្រោយបំផុត ដែលនិស្ស័យនិងនាងសុវណ្ណាវី ត្រូវសម្រេចអំពីវាសនារបស់ខ្លួន។ ពាក្យមួយម៉ាត់ៗដែលត្រូវបញ្ចេ្មកក្នុងពេលនេះ មានតម្លៃលើនឹងកម្រងផ្កា ឬដុំអគ្គីដែលអាចឆាបឆេះសេចក្តីសង្ឃឹម

ឲ្យហ្មត់ខៃទៅជាផេះ។ ក្នុងគ្រានេះ អ្វីៗសុទ្ធតែមានន័យ បញ្ចេញវាចាក៏មានន័យ ការ​នៅស្ងៀមក៏មានន័យ។ នាងសុវណ្ណាវីជាអ្នកស្នើសុំជួបនិស្ស័យក្នុងរាត្រីនេះ ដើម្បីបញ្ជាក់ប្រាប់និស្ស័យអំពីសេចក្តីសម្រេចចិត្តរបស់នាង ទោះបីសេចក្តីសម្រេចចិត្តនេះប្រឆាំងនឹងមនោសញ្ចេតនាពិតប្រាកដនិងសេចក្តីប្រាថ្នារបស់នាងក៏ដោយ។ នាងពុំអាចស្ថិតក្នុងភាពអព្យាក្រិតឡើយ ហើយបិទភ្នែកអង្កុញវិញ្ញាណនាងដូចខ្យងលាក់ខ្លួនក្នុងសំបក។

នេត្រានាងត្រូវតែបើកមើល មើលហើយកត់ចាំក្នុងវិញ្ញានាងអំពី​រាត្រី​ពិសេស​នេះ។ នៅចំកណ្តាលមេឃ នាងសង្កេតឃើញព្រះចន្ទ្រពេញបូណ៌មី ហើយនៅចំពីមុខនាងគឺរូបនិស្ស័យដែលជាប្រភពនៃបញ្ហាក្នុងជីវិតនាងដែល

ទើបនឹងរីកក្រពុំ។ ដោយនាងបានយល់ថា យប់នេះជា​ឱកាស​តែមួយ​គត់​ហើយ​ចុង​ក្រោយបំផុតដែលនាងអាចឃើញ​ភក្រ្តនិស្ស័យនិងពោល​ពាក្យ​ស្នេហា​​​​និងផ្តំាលា នាងក៏សម្រេចចិត្តមកជួបនិស្ស័យ ដើម្បីរង់ចាំ​ស្តាប់​ពាក្យ​សម្តី​របស់និស្ស័យ ហើយឆ្លើយតបវិញ។

កាលពីមុននេះបន្តិច នាងមានបំណងនៅស្ងៀមមិនបញ្ចេញវាចាអ្វីឡើយ ដោយនាងចង់សំចៃពេលវេលាដែលរួញជាលំដាប់ចំពោះនាទីដែលត្រូវបែកគ្នា។ ដូច្នេះនាងត្រូវបើត្រចៀកនិងឱរានាង ដើម្បីត្រងយក​សម្តីដែល​នឹង​ត្រូវ​របូត​ចេញពីបបូរមាត់និស្ស័យ។ នាងពុំអាចបដិសេធចំពោះការពិតមួយដែល

មិនអាចចៀសផុត គឺនៅពេលព្រឹកស្អែកនេះ និស្ស័យនឹងត្រូវឃ្លាតពី​នាង​យ៉ាង​ទៀងប្រាកដ ប្រាកដដូចព្រះអាទិត្យរះឡើងរាល់​ព្រឹកនិងលិច​ទៅវិញ​នៅ​រាល់​ពេល​អស្ដង្គត។ ថ្ងៃស្អែកនេះ ជាថ្ងៃប្រជុំពេលវេលាទាំងអស់​ក្នុងជីវិតនាង ហាក់ប្រៀបដូចជាដង្កាប់មួយមកគាបសង្ខេបអតីតកាល បច្ចុប្បន្ន និង​អនាគត ជីវិតនាងដែលទើបនឹងមានពន្លកត្រួយក្រពុំព្រហ្មចារីយ ត្រូវ​និស្ស័យក្តិចនាំយកទៅជាមួយ ហើយទុកឲ្យនាងអង្គុយ​ទល់​មុខ​នឹងស​ភាព​ទ័ល​ច្រកប៉ុណ្ណោះ។ តើរូបឆោមលោមពណ៌របស់នាងមានសារៈសំខាន់អ្វី បើគ្មានភ្នែកនិស្ស័យជាកសិណសាក្សី? ទោះបីនាងអុជធូបទៀនឬថ្វាយភ្លេងមហោរីនិងកម្រងផ្កា ក៏ផ្សែងធូបទៀន ឬ​បទ​ភ្លេង​និងគន្ធារសាត់និងរោយស្រពោនទៅជាស្វ័យប្រវត្តិ ពីព្រោះនិស្ស័យ​ហើយ​និង​នាងត្រូវ​ដើរបែកផ្លូវគ្នាដោយ​គេចមិនផុត។ បើនាងអាចទាញយកឧទាហរណ៍ណាមួយមកប្រដូចនឹងស្ថានការណ៍របស់នាងក្នុងពេលនេះ គឺហាក់ប្រៀបដូចគេសរសេររៀប​រាប់​អំពីជីវិតរបស់​នាង​ដោយ​ទឹក​ខ្មៅ​នៅលើសន្លឹកក្រដាសផ្តិតដៃលស្រូបទឹកខ្មៅឲ្យស្ងួតភ្លាម

ពីតួអក្សរមួយទៅតួអក្សរមួយ គ្មានទុកចន្លោះឱកាសឲ្យគន្ធា​ជីវិត​របស់​នាងផ្សព្វ​ផ្សាយ​ដល់ចុងទំព័រស្នេហា។

ក្នុងខណៈនេះ អ្វីៗមានសភាពប្រឆាំងគ្នា មនោសញ្ចេតនាប្រឆាំនឹងសតិ​សម្បជញ្ញៈ តណ្ហាប្រឆាំងនឹងការត្រិះរិះពិចារណា សេចក្តីស្នេហាប្រឆាំង​នឹង​ប្រពៃណី។ តែនាងដឹងថា ក្នុងនាទីនេះ ប្រាណនាងមានស្ថានភាព​សមស្​របនឹងចិន្តានាង ហើយចិន្តានាងឆ្លើយស្របនឹងបរិយាកាសទិព្វនៃរាត្រីនេះ។ តើសេចក្តីស្នេហាពិតប្រាកដត្រូវការឮសូរបទចម្រៀងតែមួយ និយាយ​ភាសា​ដូច​គ្នា ហើយមានចង្វាក់ដង្ហើបស្មើគ្នាឬ? នៅក្នុង​ពេលដែលនាង​កំពុងស្ថិត​នៅក្នុង​ការសញ្ជប់សញ្ជឹង នាងឮសំឡេងមួយហៅឈ្មោះនាង៖
– សុណ្ណាវី! បងស្មានថាអូនមិនមកជួបបងក្នុងយប់ចុងក្រោយនេះទេ…
នាងសុវណ្ណាវីប្រមូលអារម្មណ៍ ហើយឆ្លើយទៅវិញថា៖
– បងនិស្ស័យ! អូនត្រូវតែមកជួបបង ដើម្បីបញ្ជាក់ជម្រៅដួងចិត្តរបស់អូនចំពោះបង ហើយនិងនិយាយលាបងក្នុងយប់

ចុងក្រោយនេះ ពីព្រោះចាប់តាំងពីពេលព្រឹកស្អែកទៅ អូនលែងបានឃើញរូបបងទៀតហើយ។ អូនទើបនឹងចូលក្នុងវ័យជំទង់ស្រាប់តែចិត្តអូនស្គាល់ការជ្រួលច្របល់ជាលើក​​ទី​មួយ ពីព្រោះបងនិងដោយសារបង។ តែបងត្រូវឃ្លាតពីអូនទៅហើយ…

និស្ស័យទាញប្រាណនាងសុវណ្ណាវីមកជិត។ រស្មីព្រះចន្ទ្រាចាំងថ្លាមកលើភក្ត្រនាង។ និស្ស័យឃើញទឹកភ្នែកហូរដក់លើគែមភ្នែកនាងដូចជាដុំពេជ្រពីរគ្រាប់។ និស្ស័យយកម្រាមដៃផ្តិចជូតទឹកភ្នែកចេញពីភក្រ្តក្មេងពេញសោភ័ណ។
និស្ស័យនិយាយទៅកាន់នាងសុវណ្ណាវីថា៖
– អូន! បងឥតមានចិត្តក្បត់នឹងអូនឡើយ គឺតាំងពីដំបូងឡើង បងមិនដែលបានលាក់រឿងបងត្រូវទៅបន្តវិជ្ជានៅបរទេសទេ។ នៅពេលបងរៀនចប់ បងនឹងត្រឡប់មកស្រុកកំណើតវិញ ហើយបើសិនជាអូននៅតែស៊ូរង់ចាំបង…។
នាងសុវណ្ណាវីលើកម្រាមដៃនាងដាក់ថ្នមទៅលើបបូរមាត់និស្ស័យ ដើម្បីកុំឲ្យបញ្ចេញវាចាតទៅទៀត ហើយនាងស្រដីឡើងថា៖
– បង! អូនសុំចិត្ដបងកុំឲ្យបងស្បថឬសន្យាចំពោះអនាគតរបស់យើងទាំងពីរ ពីព្រោះពីពេលយប់នេះទៅរហូតដល់

ពេលបងរៀនចប់ ហើយត្រឡប់មកស្រុកវិញ គឺរាប់ពាន់ថ្ងៃរាប់ពាន់យប់នឹងកន្លងទៅ។ តើបងចង់ឲ្យអូនសម្រក់ទឹកភ្នែក

ក្នុងការរង់ចាំបងឬ? នៅពេលនេះ បងឈេនៅពីមុខអូន ភ្នែកអូនឃើញបង នេះគឺជាការពិត។ ក្នុងគ្រានេះ អូននិយាយថា

អូនស្រឡាញ់បង នេះគឺជាការពិត។ តែ… រាប់ពាន់ថ្ងៃរាប់ពាន់យប់ឆ្ងាយពីគ្នា ឆ្ងាយដូចផែនដីពីឋានព្រះចន្ទ្រ

ហើយបើយើងមានតែការសង្ឃឹមទៅលើព្រេងវាសនាប៉ុណ្ណោះដើម្បីដឹកដៃយើង​ឲ្យ​ជួបគ្នា នេះគឺជាការយល់សប្តិ។ អូនសុំសម្រួលចិត្តបងយ៉ាងខ្លីថា អូន​ពិត​ជាស្រឡាញ់បង តែអូនមិនហាមាត់ឃាត់បងទេ ពីព្រោះធ្វើយ៉ាងនេះ​មាន​ន័យថា អូនបំបាក់អនាគតរបស់បង ដោយយក​សេចក្តីស្នេហាមកធ្វើជា​នុយ​ទាក់​ទាញ​បង​ឲ្យក្រាញនៅក្បែរអូន។ បើអូនឃាត់ទប់បង មុនជាអូនក្លាយទៅជាដើម​ហេតុ​នៃ​ការ​ឈ្លោះប្រកែក​គ្នា​មិន​ចេះ​ចប់ទៅថ្ងៃមុខ ពីព្រោះឥឡូវនេះអូនមាន​វ័យ​ក្មេង​ហើយនិងរូបឆោមស្រស់ ដើម្បីបំផុសសេចក្តីស្នេហាក្នុងចិត្តបង តែដល់ពេល​វេលា​មក​កោស​លុបសម្ផស្សទៅ នោះបងនឹងចាប់ផ្តើមមាន​ការរកាំ​ចំពោះ​ឱកាស​ខក​ខានដោយមិនបានដាច់ចិត្តទៅបន្តការ​សិក្សាស្វែង​រក​វិជ្ជា​ខ្ពង់​ខ្ពស់នៅ​បរទេស​។  ដល់ដូច្នេះទៅ ជីវិតរបស់យើងក្នុងពេលនោះនឹងក្លាយទៅជានរក ដោយមាន​ការ​ឈ្លោះប្រកែកគ្នារៀងរាល់ថ្ងៃ ដើម្បីទម្លាក់កំហុសលើគ្នាទៅវិញទៅមក។ បង! បងបានសុំឲ្យអូនរង់ចាំបងត្រឡប់មកវិញ តែអូនសុំបងកុំរត់តាមពេលវេលា ពីព្រោះគ្មាននរណាជាម្ចាស់ពេលវេលាទេ។ អូនសុំបងឆ្លៀតឱកាស​នៃពេល​យប់​ដ៏​សែនខ្លីនេះ ដើម្បីទុកឲ្យអូនបង្ហាញទំហំនៃសេចក្តីស្រឡាញ់​របស់​អូន​ចំពោះ​រូបបង។

…. យូរក្រោយមក នាងក្រោកចេញពី អង្រឹង ដោយដកថយផែនឱរាក្រពុំ​ណែន​របស់​នាងពីដើម្បីទ្រូងនិស្ស័យ។ នាងដើរឃ្លាតចេញពីនិស្ស័យដោយ​គ្មាន​ក្រឡេក​​មើលក្រោយ ពីព្រោះនាងចង់រក្សារូបភាពនិស្ស័យជាប់ជានិច្ចក្នុងឱរានាង មេរូប​ភាពនៃពេលទិព្វដែលនិស្ស័យបានផ្តិតស្នាមលើប្រាណនាង។ នៅទិស​ខាងលិច នាងសុវណ្ណាវីសង្កេតឃើញ​អាចម៌​ផ្កាមួយ​ឆូតមេឃក្នុង​ចន្លោះ​មួយ​ដង្ហើម។ នាងប្រដូចបាតុភូតនេះទៅនឹងជីវិតមនុស្សលោក ដែល​កើតមក​ហើយ​ស្លាប់​ទៅវិញ គ្មានទុកខដានអ្វីជាយូរអង្វែង ក្រៅពីឆ្នូត​រហ័ស​យ៉ាងខ្លីក្នុង​មេឃ​វដ្ដ​សង្សារ។ ជីវិតជាការយល់សប្តិ រូបឆោមស្រស់ជាការយល់សប្តិ សេចក្តី​ស្នេហា​ជា​ការ​យល់សប្តិ សម្បថ​ឬ​ពាក្យសន្យាជាការយល់សប្តិ អ្វីៗសុទ្ធសឹងជាការឆ្លងកាត់​ពីវគ្គ​មួយ​ទៅវគ្គមួយទៀត ប្រៀបដូចជាក្រមួនត្រូវកម្តៅប្រែរូប​ពីពុម្ពមួយ​ទៅពុម្ពមួយ​ទៀត​តាមការវិវត្តមិនចេះចប់។
នាងត្រឡប់ទៅផ្ទះ​នាងវិញ ហើយនាងផ្តេកប្រាណលើគ្រែក្នុងបន្ទប់នាង។ តារាង​ចាប់​រលត់បាត់ម្តងមួយៗក្នុងមេឃា តែនាងនៅតែនិទ្រាមិនលក់។ បន្ទាប់មក នៅ​ក្នុង​ដំណេកលក់ស្រាលរបស់នាង នាងយល់សប្តិ​ឃើញ​និស្ស័យអុំទូកតូច​មួយ​ក្នុងដងស្ទឹង ហើយនៅក្បាលទូនោះ មានចង្កៀងតូចមួយបំភ្លឺ។ នាង​ស្រែក​ហៅ​និស្ស័យពីមាត់ស្ទឹង តែនិស្ស័យមិន​ឮ​នាងហៅ ហើយនៅតែអុំទៅមុខ។ នាងរត់តាមនិស្ស័យលើ​មាត់​ស្ទឹង ដើម្បីឲ្យទាន់ស្មើទូកនិស្ស័យ។ តែ​ដល់​នាង​សម្លឹង​មើលទៅភក្រ្តអ្នកអុំ ស្រាប់តែនាងឃើញ​រូបនាង​ទៅ​វិញ​ជា​អ្នកអុំ នាង​ស្រវាំងភ្នែកមើលអ្វីលែងឃើញ នាងឈប់អុំ ហើយបណ្តោយ​ឲ្យ​អូន​អណ្តែត​តាមខ្សែទឹក។ ទូកអណ្ដែតទៅ… អណ្តែតទៅ… ស្រាប់តែទៅគឿង​នៅ​មាត់​ច្រាំង… នៃក្រុងកំពង់ឆ្នាំង។ នៅលើមាត់ច្រាំង នាងឃើញនិស្ស័យហុច​ដៃ​ឲ្យ​​នាងចាប់ ដើម្បីក្រោកចេញពីទូក។ នាងស្រែកឡើងថា៖

- បងនិស្ស័យ! បងនិស្ស័យ! បងនិស្ស័យ!

បងនិស្ស័យ! ។ ឱគឺនាងទេតើដែលកំពុងស្រែកហៅឈ្មោះនិស្ស័យ។ តាមស្លាបព្រិសបង្អួចនៃបន្ទប់នាង ព្រះអារុណចាំងរស្មីព្រឿងចូលមក។ នេះជាព្រឹកទីមួយ ក្នុងចំនួនព្រឹករាប់ពាន់ ដែលនាងត្រូវរស់នៅគ្មាននិស្ស័យ គ្មានជីវ្ហាចំពោះអនាគត។

+
+    +

តាំងតែនិស្ស័យបានត្រឡប់មកពីមាតុភូមិ វិញ បន្ទាប់ពីបានបំពេញកិច្ចការ​ខ្លួន​ឯង​រៀងរាល់ថ្ងៃក្នុងក្រសួងរដ្ឋ ហើយនិងជាសាស្រ្តាចារ្យក្នុងមហាវិទ្យាល័យមក និស្ស័យបានឆ្លៀតពេលទំនេរបន្តិចបន្តួចដើម្បីស៊ើបរកពត៌មានពីនាងសុណ្ណាវី។
ច្រើនខែបានកន្លងទៅ ទើបមានមិត្តភក្តិនិស្ស័យម្នាក់ដែល​ធ្វើការ​ក្នុង​ក្រសួងអប់រំ​ជាតិ បានឲ្យពត៌មានមានដល់និស្ស័យថា នាងសុណ្ណាវីកំពុងបំពេញមុខងារ​ជាគ្​រូប​ង្រៀននៅក្រុងកំពង់ឆ្នាំង បន្ទាប់ពីនាងបានផ្លាស់ពីក្រុងឧត្ដុង្គទៅ។
នៅថ្ងៃមួយនោះ និស្ស័យត្រូវបានក្រសួងចាត់ឲ្យទៅបំពេញ​បេសក​កម្ម​នៅក្រុង​កំពង់ឆ្នាំង។ក្រោយពីបានបញ្ចប់ ការប្រជុំជាមួយនឹង ក្រសួងមួយក្នុងក្រុងកំពង់​ឆ្នាំង និស្ស័យក៏ឆ្លៀតឱកាស​ទៅ​កាន់​​សាលារៀនដែលមិត្តភក្តិម្នាក់​បាន​​​​​ឲ្យ​អាស័យដ្ឋាន។ និស្ស័យបានបញ្ឈប់​រថយន្ត​នៅក្រោមម្លប់ដើម​ឈើមួយដើម ដើម្បី​រង់​ចាំពេលសិស្ស​ចេញ​ពី​សាលា​រៀន​។

ប្រហែលកន្លះម៉ោងក្រោយមក កុមារាកុមារីរត់ប្រញាយគ្នាចេញពីថ្នាក់រៀន។ ច្រើននាទីបានកន្លងទៅទើបនិស្ស័យឃើញបុគ្គលិកគ្រូច្រើននាក់ចេញមកតាមមាត់ទ្វារសាលា។ រូបភាពនៃស្រ្តីក្មេងម្នាក់បានអណ្តែតផុសចេញ​ពីក្នុងចំណោម​មនុស្ស​ទាំងអស់នោះ។ នាងស្លៀកសំពត់ពណ៌បៃតងខ្ចី។ សក់ខ្មៅវែងធ្លាក់មកលើស្មា។ ដៃម្ខាង នាងយួរសម្ពៀតដែលដាក់សៀវភៅ​បង្រៀន ហើយដៃម្ខាងទៀតកាន់តាំងយូ។ នាងនិយាយលាគ្រូបង្រៀនឯទៀត ហើយនាងដើរបត់មកកាន់ទីកន្លែងដែលនិស្ស័យឈររង់ចាំ។
លុះនាងដើរមកដល់ប្រមាណបីម៉ែត្រពីរថយន្តនិស្ស័យស្រាប់តែនាងមានសណ្ឋានដូចជាកករឹងនៅមួយកន្លែង ហើយសម្ពៀតជ្រុះពីដៃនាង។ អ្វីដែលជាប្រភពនៃការកង្វល់នឹងការយល់សប្តិរាប់ពាន់រាត្រី ឥឡូវនេះបានផ្តុំជា​រូបរាងនៅចំពីមុខនាង។ អតីតកាលមកលងប្រឡែងលេងជាមួយនឹងបច្ចុប្បន្នកាលទេឬ? តើព្រហ្មលិខិតនៅចង់តែមកផ្សះផ្សាម្លប់និងរស្មីទៀតឬ? តើគ្រប់ជំហានក្នុងជីវិតនាង ត្រូវតែវិលមកជួបនឹងអ្នកបង្កបង្កើត​រាត្រី​នៃ​អំពិល​អំពែក​កាលពីបីច្រើនឆ្នាំមុនឬ? នាងចង់យកម្រាមដៃជូតទឹកភ្នែកនាង ដើម្បី​រំលាយរូបភាព​ដែល​ឈរខាងមុខនាង ហាក់ប្រៀបដូចជាការយល់សប្តិមួយ​ដែលរលាយបាត់នៅពេលព្រឹកឡើង។ តែកំណប់ស្នេហាដែលលាក់ខ្លួនក្នុងឱរានាងជាយូរ​មកហើយ បានរស់​កម្រើក​ជា​ថ្មី ហើយបានវាយបំបែកទ្រុងឱរានាង ដើម្បីបង្ខំនាងឲ្យពោល​ពាក្យស្នេហា​ដែល​នាង​ហ៊ានត្រឹមតែទន្ទេញស្ងៀមស្ងាត់ក្នុងជម្រៅរាត្រី។ ឱរានាងបានព្យួរសេចក្តីសង្ឃឹមនិងការរង់ចាំឱកាសនេះតាំងពីរាត្រីចុងក្រោយនៅក្នុងអង្រឹងក្រោមដើមដូងក្នុងសួនច្បារ

ខាងមុខផ្ទះនិស្ស័យម្ល៉េះ តែសតិសម្បជញ្ញៈនាងបានប្រឆាំងនឹងសំឡេងឱរានាង ហើយបានរុញច្រានមនោសញ្ចេតនា​នឹកស្រណោះរបស់នាង​ចំពោះនិស្ស័យ។ ក្នុងវិនាទីនេះ តើសន្ទុះទឹកចិត្តឬវិចារណញ្ញាណរបស់នាងជាអ្នកឈ្នះ?

សេចក្តីស្នេហាជាអ្នកនិយាយជួសនាង៖
-បងនិស្ស័យឬ? អូនបានរង់ចាំបងជាយូរមកហើយ…
និស្ស័យបោះជំហានបំពេញចន្លោះរវាងអតីតនិងបច្ចុប្បន្ន ហើយស្ទុះទៅចាប់ហត្ថានាងសុណ្ណាវីដែលឥឡូវនេះ

ក្លាយជាកញ្ញាម្នាក់ពេញសម្ផស្សដែលចាំងឆ្លុះដូចគ្រាប់ពេជ្រមួយលានជ្រុង។
និស្ស័យនិយាយទៅកាន់នាងសុណ្ណាវីថា៖
-សុណ្ណាវីអូន! បងបានតាមរកអូនជាយូរមកហើយ ទម្រាំបានដំណឹងថា អូនមកធ្វើគ្រូបង្រៀនក្នុងក្រុងកំពង់ឆ្នាំងនេះ។ តើអូនបានសុខទុក្ខយ៉ាងណាទៅ?
នាងសុណ្ណាវីមិនទាន់ឆ្លើយតបទៅនិស្ស័យភ្លាមវិញទេ ។នាងយកម្រាមដៃនាងទៅស្ទាបអង្អែលភក្រ្តនិស្ស័យ

ដើម្បីបញ្ជាក់ប្រាប់ភ្នែកនាងថា បុរសដែលឈរនៅពីមុខនាងក្នុងពេលនេះ មិនមែនជាការយល់សប្តិទេ។

ក្នុងរយៈពេលដ៏ខ្លីនេះ នាងភ្លេចវត្តមាននៃមនុស្សទាំងឡាយដែលនៅជុំវិញនាង។ នាងភ្លេចចរាចរតាមវិថី នាងភ្លេចចម្រៀងបក្សាបក្សីលើមែកឈើ ពីព្រោះអារម្មណ៍របស់នាងបានប្រមូលផ្តុំមកលើរូបនិស្ស័យតែម្នាក់ ហាក់ប្រៀបដូចមកទល់នឹងពេលនេះ ទូកជីវិតនាងរង់ចាំវា​យោនិស្ស័យ​បក់​បំប៉ោងក្តោងឲ្យលឿនទៅមុខប៉ុណ្ណោះ។
និស្ស័យដឹកដៃនាងឡើងរថយន្ត ហើយស្នើសុំឲ្យនាងបង្ហាញទេសភាពនៃក្រុង​កំពង់​ឆ្នាំងតាមវិថីនានា។ មួយស្របក់ធំ​ក្រោយមក រថយន្តបានបរទៅ​ដល់​មាត់​ទន្លេដែលជាទីផែនៃក្រុងកំពង់ឆ្នាំង។

សកម្មភាពមមាញឹកបានបង្ហាញដល់និស្ស័យអំពីសារៈសំខាន់នៃកំពង់ផែនេះដែលជាចំណុចនៃការដឹកជញ្ជូនទំនិញផ្សេងៗហើយជាពិសេស គឺឆ្នាំង ចង្ក្រាន ក្អម និងវត្ថុជាច្រើនទៀតធ្វើអំពីដីឥដ្ឋដែលផ្ទុកក្នុងទូកធំៗ សម្រាប់នាំយកទៅ​ទីប្រជុំជន​​ទាំងឡាយតាមមាត់ទឹក ដូចជាទីក្រុងភ្នំពេញដែល​ទូក​ទាំងនោះ​មកសំចតនៅមុខវត្តឧណ្ណាលោម មុខរូបបដិមាព្រះគម្លង់។

និស្ស័យនិងនាងសុណ្ណាវីចុះពីរថយន្ត ហើយកាន់ដៃគ្នាដើរមើល​ផ្ទះផ្សារតាម​បណ្តោយមាត់ទន្លេ។ អស្ដង្គតចាប់រាយរស្មីក្រហមព្រឿងលើធម្មជាតិ។ ទឹកទន្លេប្រែពណ៌ហើយចម្លងតាមពណ៌មេឃា។ ចំណែកឯភ្នំនាងកង្រីបណ្តែតស្រមោលប្រផេះខាងត្រើយម្ខាង។ នាងសុណ្ណាវីលើកដៃចង្អុលភ្នំនាងកង្រី ហើយនាងនិយាយឡើងថា៖
-បង! មុននឹងបងបានស្កាត់មករកអូនក្នុងថ្ងៃនេះ ជីវិតអូនរៀងរាល់ថ្ងៃ​មក​ទល់​នឹងពេលនេះ មានសណ្ឋានប្រហាក់ប្រហែលគ្នានឹងភ្នំនាងកង្រីនេះ គឺ​ស្ថិត​ក្នុង​ការ​រង់ចាំ… រង់ចាំ… ស្ទើររហូតដេកដួលលើផែនដី។ អូនពុំអាចរកពាក្យណាឲ្យសមល្មមនឹងពន្យល់ប្រាប់បងអំពីការខ្វះបងឡើយ។ ក្នុងពេលនេះដែលអូនកំពុងក្តាប់ដៃបងជាប់ អូននឹកទៅការយល់សប្តិរ​បស់​អូន​កាល​ពីរច្រើនឆ្នាំមុន គឺក្នុងយប់ដែលយើងបានជួបគ្នាក្នុងអង្រឹងក្នុង​សួនច្បារ​ខាងមុខផ្ទះបង មុននឹងបងឃ្លាតចេញពីស្រុកកំណើតនៅពេលព្រឹកស្អែកឡើង។ ក្នុងយប់នេះ អូនបានយល់សប្តិឃើញអូនបានជិះទូកតូចមួយ

ដែលអណ្តែតមកដល់មាត់ច្រាំងនៃក្រុងកំពង់ឆ្នាំងនេះ។ នៅពេលនោះបង​បាន​ហុច​ដៃទាញអូន​ឲ្យក្រោកចេញពីទូក។ ឥឡូវនេះ ការយល់សប្តិ​ប្រែក្លាយទៅ​ជាការពិត។ និស្ស័យទាញប្រាណនាងមកអែបជិត ហើយស្រង់គន្ធាក្រអូប​ដែល​សាយចេញពីសក់និងប្រាណនាងអ្នកទាំងពីរបណ្តែតអារម្មណ៍ក្នុងមេឃពណ៌លឿងទុំនៃពេលព្រលប់ដែលធ្លាក់មកលើមាត់ទន្លេនៃក្រុងកំពង់ឆ្នាំង។ មួយស្របក់ក្រោយមក និស្ស័យដឹកដៃនាងឡើងរថយន្ត ហើយបរសំដៅ​ទៅ​កាន់​ភោជនីយដ្ឋាននៃសណ្ឋាគារ «បង់ហ្កាឡូ»​ដើម្បី​អញ្ជើញ​នាង​បរិភោគ​បាយ​ពេល​ល្ងាចជាមួយគ្នា។ក្នុងពេលបរិភោគបាយ និស្ស័យនិងនាងសុណ្ណាវីគ្មាន​បាន​ពោលពាក្យអ្វីទេ ពីព្រោះអ្នកទាំងពីររវល់តែសម្លឹងគ្នាទៅវិញទៅមក ដើម្បីបំបាត់សម្រេកនៃការនឹករឮកគ្នាទៅវិញទៅមកអស់កម្លុងជាច្រើនឆ្នាំ។ និស្ស័យនិងនាងសុណ្ណាវីបានបែកពីគ្នាក្នុងវ័យជំទង់។ ឥឡូវនេះបានជួបគ្នាជាថ្មីវិញក្នុងឋានៈជាបុរសនិងស្ត្រី។ម្នាក់ៗ

ពេញរូបរាង ពេញវិចារណញ្ញាណ ពេញតណ្ហា។ បន្ទាប់ពីបានបរិភោគបាយរួច នាងសុណ្ណាវីបានស្នើសុំឲ្យនិស្ស័យជូននាងត្រឡប់ទៅផ្ទះនាង។រថយន្ត​បាន​បរ​តាមវិថីនានា មុននឹងទៅឈប់នៅមុខផ្ទះ​ឈើប្រក់ក្បឿង​តូចមួយ​ដែលមានរបងស៊ីម៉ង់ត៍លាបពណ៌លឿងឃាំងពីខាងមុខ។

ក្នុងសួនច្បារតូចមួយខាងមុខផ្ទះ មានដាំផ្កាស្បៃរឿង ផ្កាកូឡាប ផ្កាក្រវាន់ និងផ្កាម្លិះ ក្បែរពាងទឹកធំមួយដែលសម្រាប់ត្រងទឹកភ្លៀងខាងត្បូងផ្ទះ។ នាងសុណ្ណាវីដឹកដៃនិស្ស័យឡើងទៅលើផ្ទះ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ មានកៅអីផ្តៅធំបួនដែលមានកំណល់ពូកប្រកបដោយរូបផ្កាធំៗ និងតុទាបមួយបួនជ្រុងដែលមានតម្កល់ផ្តិលប្រាក់មួយដែលលម្អដោយផ្កាឈូកក្រពុំ។ វាំងននពណ៌សចម្រុះដោយក្បាច់ផ្កាតូចៗពណ៌លឿងខ្ចី ទម្លាក់ជាយអមគែមបង្អួច។ នៅជ្រុងម្ខាងនៃបន្ទប់នោះ មានតាំងទីអាសនៈ

មួយតូច ដើម្បីតម្កល់ព្រះពុទ្ធរូបមួយអង្គអំពីថ្លើមថ្មនៃខេត្តពោធិសត្វ ហើយដែលមានកម្រងផ្កាម្លិះដាក់តាំងថ្វាយលើជើងពាន់ប្រាក់តូចមួយ។ នៅលើជញ្ជាំងម្ខាង មានព្យួររូបស្ត្រីទេពអប្សរដែលផ្តិតចម្លង​តាម​រូបក្បាច់ចម្លាក់នៃប្រាសាទអង្គរវត្ត។ វត្ថុទាំងប៉ុន្មានក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះនាង មានការរៀបចំដោយភាពសមរម្យ​គ្មានខុសឆ្គង គ្មានចេតនាបង្អួតឆើតឆាយ គ្មានការរចនាម្ញិកម្ញក់។ និស្ស័យមានមនោសញ្ចេតនាដូចជាបានដើរមកដល់ទីជម្រកសុខដុមរម្យនាមួយ ដែលខ្លួនបានស្វែងរកជាយូរមកហើយ។

នាងសុណ្ណាវីអញ្ជើញនិស្ស័យឲ្យអង្គុយសម្រាកប្រាណក្នុងកៅអីផ្តៅមួយដែលនាងរៀបចំពូកកល់ខ្នងជូននិស្ស័យ។ រួចហើយ នាងដើរចូលទៅក្នុងបន្ទប់បាយ ហើយកាន់ផ្តិលទឹកប្រាក់តូចមួយពេញដោយទឹកត្រជាក់ដែលមានបណ្តែតផ្កាម្លិះពីរឬបី ព្រមទាំងកែវទឹកមួយមួយដាក់លើតុទាបពីមុខនិស្ស័យ។ នាងចាក់ទឹកបំពេញកែវ ហើយ​នាងលើកហុចទាំង​ដៃ​​ទាំង​ពីរ​មក​និស្ស័យ​ទាំង​ញញឹម។ បន្ទាប់មក នាងចូលទៅក្នុងបន្ទប់ដំណេក ហើយចេញមកវិញដោយកាន់សារុងមួយមកឲ្យនិស្ស័យ។

នាងអញ្ជើញនិស្ស័យឲ្យផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់នាង ដើម្បីងូតទឹកជម្រះកាយពីការហត់នឿយពីពេលថ្ងៃ។ នាងស្នើសុំឲ្យនិស្ស័យស្នាក់នៅក្នុងផ្ទះនាងក្នុងរាត្រីនេះ រហូតដល់ថ្ងៃរសៀលនៃថ្ងៃអាទិត្យ មុននឹងត្រឡប់ទៅក្រុងភ្នំពេញវិញ។ ពោលរួចហើយ នាងវិលទៅក្នុងបន្ទប់នាងវិញ។

មួយសន្ទុះក្រោយមក នាងត្រឡប់មកក្នុងបន្ទប់ទទួលភ្ញៀវវិញ។ និស្ស័យងើបភក្រ្តឡើង ហើយប្រទះឃើញ… ទេពធីតាម្នាក់ឈរញញឹមពីខាងមុខ។ នាងសុណ្ណាវីស្លៀកសារុងចោមពុង ហើយសក់នាងខ្ទាស់ឡើងលើ ដែលជាហេតុបញ្ចេញសម្ផស្សនៃករមូលស្តើង និងដើមទ្រូងក្រពុំណែន។ និស្ស័យក្រោកឡើងពីកៅអី ហើយដើរចូលទៅ

ក្នុងបន្ទប់នាង ដើម្បីផ្លាស់សម្លៀកបំពាក់។​ នាងសុណ្ណាវីនិងនិស្ស័យដើរចុះកាំ​ជណ្តើរ​ទៅកាន់ពាងទឹកក្រោមបង្អួចខាងត្បួងផ្ទះ។

នាងយកផ្ដិលស្ពាន់មួយមកដងទឹកស្រោចនិស្ស័យ ហើយយកសាប៊ូក្រអូបមួយ​ដុំ​មកដុសប្រាណនិស្ស័យ។នៅពេលនោះ រស្មីស្បើយនៃព្រះចន្ទ្រាចាំងស្រោច

លើធម្មជាតិ។គន្ធានៃផ្កាម្លិះដែលដុះនៅក្បែរនោះ អណ្ដែតមកហ៊ុំព័ទ្ធអ្នកទាំងពីរ។

នាងសុណ្ណាវីនិយាយទៅកាន់និស្ស័យថា៖
-តើបងបានសង្កេតឃើញអ្វីជាពិសេសនៅទីកន្លែងនេះឬទេ?
និស្ស័យបង្វិលប្រាណជុំវិញ ហើយឆ្លើយឡើងថា៖
-ទេ! បងមិនឃើញមានអ្វីប្លែកទេ ក្រៅតែពីបងបានមកងូតទឹកជាលើក​ដំបូង​ជា​មួយអូន… នាងសុណ្ណាវីញញឹម ហើយលើកម្រាមដៃចង្អុលពាងទឹក ដើមផ្កាម្លិះ និងបង្អួចខាងត្បូងផ្ទះ។ នាងពោលឡើងថា៖
-កាលយើងមានផ្ទះនៅជិតគ្នាភូមិបឹងកេងកង អូនបានសង្កេតឃើញឪពុកបងបានប្រើកូនក្មួយឲ្យត្រងទឹកភ្លៀងដាក់ក្នុងពាងមួយក្រោមទរក្បែរបង្អួចខាងត្បួងផ្ទះបង ហើយនៅជិតពាងទឹកនោះ មានផ្កាម្លិះមួយដើមដែលម្តាយបងបានបេះមកក្រងជាភួងដើម្បីដាក់ថ្វាយព្រះនៅពេលល្ងាច។ ដោយហេតុនេះហើយ បានជាអូនរៀបចំផ្ទះអូនឲ្យមាន​សណ្ឋាន​ស្រដៀង​ផ្ទះបង ដើម្បីជាសញ្ញា ជាដាន ជាផ្លូវស្រមៃទៅរកបងដែល​បាន​នៅឆ្ងាយពីអូន គឺរៀបចំយ៉ាងណាឲ្យផ្ទះអូនក្លាយទៅជាផ្ទះបង…
និស្ស័យមានសេចក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះការពន្យល់របស់នាងសុណ្ណាវី ហើយទាញភក្រ្តដែលជោគដោយតំណក់ទឹក មកថើបយ៉ាងថ្នម។ បន្ទាប់មក និស្ស័យនិងនាងសុណ្ណាវីផ្លាស់សារុងថ្មី ហើយដើរឡើងទៅលើផ្ទះ។ អ្នកទាំងពីរអង្គុយជជែកគ្នាក្នុងបន្ទប់ទទួលភ្ញៀវរហូតដល់ពេលជិតអធ្រាត្រ ទើបនាងសុណ្ណាវីសម្រេចចិត្តក្រោកពីកៅអី ហើយដឹកដៃនិស្ស័យចូល​ទៅក្នុង​បន្ទប់នាង។ ទូដាក់ខោអាវមួយស្ថិត​ជាប់នឹង​ជញ្ជាំងខាងស្តាំគ្រែដំណេក។ នៅខាងជញ្ជាំងខាងឆ្វេង មានតុមួយដាក់ក្បែរ​មាត់​បង្អួច​ហើយនៅលើតុនោះ មានតាំងថូមួយពេញដោយផ្កាកូលាប។ នៅលើតុទាបក្បែរក្បាលគ្រែដំណេក នាងសុណ្ណាវីមានតាំងរូបថតនៃឪពុកម្តាយនាង។ លើគ្រែដំណេកមានកម្រាលមួយដែលមានគំនូរផ្កាធំៗ

ស្របដូចគ្នានឹងភិនភាគនៃវាំងននបង្អួចដែលបើកចំហទៅក្នុងរាត្រីពេញដោយគន្ធា។ រស្មីថ្លានៃព្រះចន្ទ្រាចាំងចូលមកក្នុងបន្ទប់។នាងពន្លត់ចង្កៀង ហើយ​ទាញ​កម្រាល​គ្រែចេញ។ រួចហើយ នាងផ្តេកប្រាណ​ទៅលើ​កម្រាល​ពូក​ស។ សារុងរបូតសន្សឹមៗចេញពីដងប្រាណនាង។ និស្ស័យដើរចូលទៅជិតគ្រែ ហើយនិយាយទៅកាន់នាងសុណ្ណាវីថា៖

-អូន! ឥឡូវនេះ បងឃើញអ្វីដែលហៅថាសម្ផស្សកិន្នរ…
នាងសុណ្ណាវី ឆ្លើយឡើងថា៖
«បង! កិន្នរដែលបងឃើញពីមុខបងនេះ ជាកិន្នរដោះស្លាប។ តាំងពីយប់ចុងក្រោយក្នុងអង្រឹងក្នុងសួនច្បារនៃផ្ទះបង

កាលពីច្រើនឆ្នាំមុន អូនបានស្គាល់រសជាតិនៃរង្វង់ដៃបងជាលើកដំបូង តែព្រឹកស្អែកឡើង ហើយរាប់ពាន់ព្រឹកបន្ទាប់មក

អូនខ្វះរូបបង។ អូនបានសន្យាក្នុងចិត្តអូនថា អូនដោះស្លាប ហើយមិនហោះហើរទៅរកឋានថ្មី ឬទៅតាមរកបងទេ នៅពេលណាបងត្រឡប់មកស្រុកវិញ។ ដោយបងបានទៅចោលអូន ត្រូវតែបងស្វះស្វែងតាមរកអូនវិញ។ យប់នេះជាយប់

របស់អូន យប់ដែលបងជំពាក់អូន។ អូនសុំឲ្យបងសងពេលស្នេហាខកខាន ដោយអស់កំឡុងជាច្រើនឆ្នាំ។ បងបានបណ្ដោយឲ្យអូនអង្គុយម្នាក់ឯងទល់មុននឹងស្រមោលអូន។ រាប់ខែរាប់ឆ្នាំបានកន្លងទៅ មេឃជីវិតអូនកាន់តែទាប

កាន់តែធ្ងន់។បង! ឥឡូវនេះ អូនសុំបងធ្វើការយល់សប្តិរបស់អូនឲ្យក្លាយទៅជាការពិត…
និស្ស័យបន្ទាបប្រាណទៅលើគ្រែ។ នាងសុណ្ណាវីបើករង្វង់ហត្ថទទួលនិស្ស័យ។ ក្នុងរយៈមួយនាទី និស្ស័យមានវិប្បដិសារីដោយបានចាកចោលនាងសុណ្ណាវីអស់ជាច្រើនឆ្នាំ តែពេលនេះជាឱកាសនាំនាងលើមាគ៌ាមួយពេញដោយមួយពាន់ស្រមៃ មួយពាន់សង្ឃឹម។ និស្ស័យស្រាយសំណុំសក់នាងសុណ្ណាវីដែលធ្លាក់រាយលើខ្នើយ។និស្ស័យយកហត្ថបង្អូសតាមរង្វង់ចិញ្ចើមនាងសុណ្ណាវីរួច

តាមគែមបបូរមាត់ តាមបណ្តោយកញ្ជឹងកនិងលើសម្ផស្សក្រពុំនៃផែនឱរានាង។ ផ្កាកូលាបមួយទងដែលនាងបានក្តាប់កាន់

ក្នុងដៃនាង របូតចេញពីបាតដៃនាង ហើយធ្លាក់ពង្រាយស្រទាប់លើកម្រាលក្តារនៃបន្ទប់។ ក្នុងពេលនេះ ព្រះអាទិត្យ ព្រះចន្ទ្រ

និងតារា រលាយចូលគ្នាគ្មានអ្វីជាទីដៅ ហាក់ប្រៀបដូចជាប្រាណអ្នកទាំងពីរអណ្តែតគ្មានកោះត្រើយ ឆ្លងកាត់

ទ្វារមាស ទ្វារប្រាក់ ទ្វារពេជ្រច្រើនជាន់ ច្រើនត្រួត ច្រើនពណ៌។

+
+    +

ភាគទី៨

ឆ្ងាយពីវាយោខែកត្តិក


ពេលវេលាដែលបានកន្លងទៅបានទុកស្នាមច្រេះដុះស្នឹមលើច្រាំងជីវិតរបស់និស្ស័យ ហើយបើធ្វើបញ្ជីតុល្យការសរុបទៅនិស្ស័យយល់ថា ថាស​ជញ្ជីង​ទុក្ខ​សោក​មានទម្ងន់ធ្ងន់ជាងថាសជញ្ជីងសុភមង្គល។

ចាប់តាំងពីឆ្នាំ១៩៦០ ដែលនិស្ស័យបានត្រឡប់ពីសិក្សាពីបរទេសវិញ ការ​យល់​សប្តិ​ទៅលើស្ថានភាពរុងរឿងនិងសន្តិភាពនៃមាតុភូមិ មានសណ្ឋាន​ដូចជា​ផ្កា​ដែល​ជ្រុះស្រទាប់ស្វិតស្រពោនម្តងមួយៗ។

ពេលវេលាដូចជាមានការតក្កហលអន្ទះសារត់កាន់តែលឿនឡើងៗហើយសណ្តោងមកជាមួយនូវក្បូនទុក្ខនិងសុខ។ មួយអាទិត្យ មួយខែកន្លងទៅ និស្ស័យ​បាន​សង្កេតឃើញផ្នត់ជ្រីវជ្រួញកើនចំនួន លើភក្រ្ត នៃឪពុកម្ដាយខ្លួន។

ចំណែកឯសក់គាត់កាន់តែស ។ខ្នងកាន់តែកោងហើយភ្នែកកាន់តែងងឹតតែ​ភក្រ្ត​គាត់​នៅតែរីកញញឹមជានិច្ចនៅគ្រប់ពេលដែលគាត់ ឃើញនិស្ស័យ។ និស្ស័យ​ដឹង​ច្បាស់ថា ជីវិតក្នុងលោកនេះ មិនបណ្តោយឲ្យមនុស្សម្នាក់ៗ​រស់ក្នុង​ភាពមនោរម្យ​ស្ងប់​ស្ងៀមបានយូរអង្វែងទេគឺមិនយូរមិនឆាប់នឹងមកទារពន្ធទឹកភ្នែក និង​បំណុល​នៃការព្រាត់ប្រាស់។ម្ដងមួយៗដូចគេទម្លាក់រាយដុំគ្រួសលើមាត់មាគ៌ា​នៃ​វដ្ដ​សង្សារដើម្បីទុកជាសញ្ញាចំណាំ។ និស្ស័យរាប់ចំនួនសមាជិកគ្រួសារ​ដែល​បាន​ចាកឋានលោកនេះទៅ​ហើយខំនឹករំឮកភក្រ្តនិង​សំឡេង​ដែលធ្លាប់​ឃើញ​និង​ធ្លាប់ឮ ហើយដែលគ្មាននៅសល់អ្វីក្រៅពីអនុស្សាវរីយ៍ដែលកូនចៅនៅរស់ តែងតែបាននិយមលើកយកមកនិយាយនៅឱកាសជួសជុំគ្រួសារម្តងៗហើយជាពិសេសនៅពេលភ្ជុំបិណ្ឌ។

ដូច្នេះហើយជីដូនជីតាទាំងសងខាងម្តាយនិស្ស័យបានទទួលមរណៈភាពបន្តបន្ទាប់គ្នា។ ក្នុងពេលនោះនិស្ស័យមានមនោសញ្ចេតនា​ដូចជា​ផ្ទះ​មួយ​ដែលគ្រឹះ​ចាប់​រញ្ជួយញ័រ ហើយធ្វើឲ្យតួផ្ទះទាំងមូលរង្គើរ។

បុគ្គលម្នាក់ៗត្រូវការឫសដែលមានជីដូនជីតាជាតំណាងដើម្បីដុះលូតលាស់បែកមែកផ្កា។ មិនតែប៉ុណ្ណោះ​ជីដូនជីតាជាអ្នករក្សាប្រពៃណី​ដែលចែក​បន្តជា​មត៌កត​កូនចៅ។ និស្ស័យនៅចាំពុំភ្លេចទេកាលពេលនៅកុមារ​និស្ស័យធ្លាប់បាន​ទៅ​អង្គុយ​ស្តាប់រឿងព្រេងនិទានដែលជីតាខាងម្តាយ​និស្ស័យធ្លាប់បាន​និទាន​ទៅ​ពេល​ព្រលប់រួចពេលបាយល្ងាច។ ជីតានិស្ស័យបានបញ្ជាឲ្យកូនចៅសែង​រាន​ឫស្សី​ដាក់នៅក្នុងទីធ្លាខាងមុខផ្ទះ​ហើយឲ្យគេអុជចង្គៀងប្រេង​កាត​ដាក់​នៅ​មុខ​រាន​ទេវតា។ គាត់ឡើងអង្គុយលើកន្ទេលផ្តៅដែលក្រាលលើរានឫស្សី ហើយ​ចាប់​និទាន​រឿងព្រេងនិងរឿងសាវតាផ្សេងៗដែលទាក់ទងនឹងភូមិស្រុក។ ក្នុងខណៈនោះ កុមារនិស្ស័យស្ថិតនៅក្នុងបរិយាកាស​ទិព្វ​មួយ​ហាក់​ប្រៀប​ដូច​ជា​ប្រាណ​នឹងព្រលឹងរបស់និស្ស័យរលាយចូលជាធ្លុងមួយនិង​ធម្មជាតិជុំវិញ។ អារម្មណ៍របស់និស្ស័យផ្លាស់ប្តូរសភាព និងទ្រង់ទ្រាយទៅជាព្រះចន្ទ្រដែល​កំពុង​រះខ្​ពស់លើចម្ការអំពៅ ឬទៅជារលកពណ៌ប្រាក់ដែលអណ្តែត​រណ្ដំ​គ្នា​សន្សឹមៗ​តាម​ដងទន្លេបាសាក់ទៅឯឆ្ងាយ ឬទៅជាវាយោដែលបក់អង្អែល​ចុង​ដើម​គគីរ​ខាង​មុខវត្ត ហើយវិលត្រឡប់មកស្តាប់ដំណើររឿងនិទានរបស់ជីតាជាថ្មី។ជីតានិស្ស័យដេលធ្លាប់បានរៀនធម៌កាលពីពេលកុមារ ត្រូវបានអ្នកភូមិមក​សុំ​ចាក់គម្ពីរ ដើម្បីសាកសួរ​អំពីរឿងរកគូដណ្តឹង រឿងបាត់គោ ឬពីស្ថានភាពជំងឺ។ល។ ក្នុងពេលហ្នឹង ជីតានិស្ស័យបានរៀបចំរាន​ទេវតាដោយមានថ្​វាយ​ធូប​ទាន​ផ្កា​។ បន្ទាប់មក នៅលើកន្ទេលដែលក្រាលនៅមុខរានទេវតា មានការធ្វើ​ពិធី​ចាក់គម្ពីរ ហើយនិងការបកស្រាយតាមលំនាំព្រឹត្ដិការណ៍ផ្សេងៗ។ អនុស្សាវរីយ៍ទាំងនេះ បានដិតជាប់ក្នុងសតិវិញ្ញាណរបស់និស្ស័យជានិច្ច។

តែពេលវេលាដែលកន្លងទៅគ្មានប្រណីបានមកប្រឡេះយកជីវិតជីដូនជីតាទៅម្តងមួយៗ។ លុះដល់ពេលនិស្ស័យមានវ័យជំទង់ មរណៈភាពបានបើក​ទំព័រ​ជីវិត​ជា​ថ្មី។ ម្តងនេះ គឺមីងមាខាងឪពុកនិងខាងម្តាយនៅស្រុកព្រៃកប្បាសនិង​ស្រុក​កោះ​ធំ ដែលបានរលាយរូបពីភពផែនដី។

និស្ស័យមានការស្រណោះស្តាយដោយមិនបានឆ្លៀតឱកាសមកលេងស្រុកភូមិកំណើតខាងឪពុកនិងខាងម្តាយឲ្យបានញឹកញាប់និងសមតាំងចំណងសាច់ញាតិលោហិត។ កាលពីជីដូនជីតានៅមានជីវិតនៅឡើយ និស្ស័យនឹកស្មានថា

ពេលវេលាមានលំហធំទូលាយ ហើយអត់ធ្មត់រង់ចាំនិស្ស័យមានឱកាស។ តែឱកាសគឺជាលេស ជាឱកាសរង់ចាំឱកាសមួយទៀត។ ដល់ដូច្នេះទៅ ពី​ឱកាស​ខកខានមួយទៅឱកាសខកខានមួយទៀត ជីវិតមនុស្សម្​នាក់ៗ​បានដើរទៅដល់ទីចុងចប់ទៅហើយ។ដល់សរុបទៅ ជីវិតច្រើនតែ​ជា​ឱកាស​ខក​ខាន ដោយខ្វះឆន្ទៈ ខ្វះចំណង់ ខ្វះសេចក្តីក្លាហាន ខ្វះការស្រមៃ។

បន្ថែមពីការបាត់បង់សមាជិកគ្រួសារម្តងមួយៗ ដោយអាយុចាស់ ​ដោយជំងឺឬ​ដោយ​គ្រោះថ្នាក់ផ្សេងៗ ម្តងនេះការព្រាត់ឃ្លាតបានទាក់ទង​និងមនុស្សដែល​រស់​ជុំវិញ​និស្ស័យក្នុងមជ្ឈដ្ឋាននៃក្រសួងធ្វើការឬនៃមហាវិទ្យាល័យ។
ក្នុងចន្លោះឆ្នាំ១៩៦០ដល់១៩៧០ និស្ស័យដូចបុគ្គលិករាជការផ្សេងៗទៀត បានត្រូវទៅធ្វើការហត្ថកម្មមួយដងមួយកាល​តាមទីជនបទ។ និស្ស័យបានដឹងច្បាស់ថា ការហត្ថកម្មទាំងនេះពុំបានផ្តល់លទ្ធផលអ្វីជា​សំខាន់​ទេ ហើយមិនតែប៉ុណ្ណោះ​នៅពេលខ្លះទៀត កសិករម្ចាស់ស្រែបានត្រូវធ្វើការស្​ទូងស្រូវ​​ជាថ្មីវិញតាម​ពី​ក្រោយ​​កិច្ចការដែលហត្ថករខ្លះបានធ្វើ។ តែទោះ​យ៉ាងណាក៏ដោយ នេះជា​ឱកាស​តែ​​មួយ​ដែល​បាន​នាំ​បុគ្គលិក​រដ្ឋនិងជនមកពីទីក្រុង​ឲ្យបានស្គាល់​ដោយ​ធ្វើ​ការ​ផ្ទាល់​ដោយ​ដៃឯងនូវភាពដ៏នឿយលំបាកនៃកិច្ចការ​ដែលប្រជាកសិករ​ត្រូវ​បំពេញ​ក្រោយ​ភ្លៀង ខ្យល់ និង ចំហាយក្តៅ ដើម្បីរស់ទាំង​វេទនា​ពីព្​រោះកម្រៃដែល​ទាញ​មក​ពី​ការ​លក់​ផលិតផល មិនសមនឹងចំណាយកម្លាំងធ្វើផលិតកម្ម។ និស្ស័យយល់ថាមានតែនយោបាយអភិវឌ្ឍន៍ជនបទយ៉ាងពិតប្រាកដទេ ដែល​អាច​ជាកត្តាបង្រួញគម្លាតរវាងជីវភាពនៃបណ្ដាជន​តាមទីជន​បទនិងប្រជាជន​តាម​ទីប្រជុំជន។មួយវិញទៀត ការទៅធ្វើការហត្ថកម្មតាមទីជនបទ​បាន​អនុញ្ញា​ឲ្យ​ដកឃ្លា​មួយរយៈ​ពី​សម្ពាធន៍នៃបញ្ហារដ្ឋបាល​គ្រប់យ៉ាងក្នុងក្រសួង។ មិនត្រឹមប៉ុណ្ណឹង ក្នុងពេលសម្រាកដើម្បីបរិភោគបាយថ្ងៃត្រង់​ក្រោម​ដើម​ត្នោត​ឬដើម​ក្រសាំង និស្ស័យបានឱកាសនិយាយសន្ទនាជាមួយ​មិត្ត​ភក្តិ​ពីក្រសួង​ដទៃៗអំពីបញ្ហាវគ្រប់យ៉ាងក្នុងឆាកជីវិតទូទៅ និងបញ្ហាប្រទេសជាតិដែលស្ថាន​កាណ៍​បានប្រែប្រួលគួរឲ្យចាប់អារម្មណ៍យ៉ាងក្រៃលែង។ តែការជជែកគ្នាច្រើនតែវិលមកជុំវិញរឿងពុករលួយដែលស៊ីរូងសង្គមខ្មែរ ហើយជាពិសេសអំពីបញ្ហា«ចេតនាកម្ម»និង «ចេតនាកុសល» ។ ចេតនាកម្ម គឺក្នុងន័យថាពុករលួយទាំងនោះគ្មានវិប្បដិសារីក្នុងការកំហែងបំភ័យចម្រាញ់ទាញកម្រៃផ្ទាល់ខ្លួនគ្រប់ស្ថានការណ៍ ទោះបីជនទាំងនោះបានដឹង ច្បាស់ជាមុន ថា អំពើ​នេះជា​បទទុច្ចរិត។ ចេតនាកុសល​គឺក្នុងន័យគេធ្វើ​បុណ្យ​ទាន​ដើម្បី​ទទួល​មគ្គ​ផល​មកវិញ។ បើដូច្នេះទៅ គេធ្វើអំពើកម្មដោយចេតនា។ រួចហើយ​គេយកកម្រៃដែលបានមកអំពីកម្ម ទៅកសាងកុសលដោយចេតនា ដើម្បីលុបលាងផាត់សងអំពើកម្មរបស់គេវិញ។

តើគេផាត់សងតាមរបៀបណា ក្នុងខណៈណា? នៅមច្ចុរាជឬ? ចំពោះសំណួរដែលគ្មានចម្លើយក្នុងជាតិនេះ ពីព្រោះវប្បធម៌

គ្មានទោសពៃរ៍ គេក៏ឆ្លៀតឱកាសត្រេកត្រអាលជាមួយនឹង​ភោគទ្រព្យ​ដែល​បាន​មក​ពីចេតនាកម្មសិន ដោយមានភូមិគ្រឹះ​មានរថយន្តធំភ្លឺរលើប​មានមិត្ត​ភក្តិ​ក្នុង​មជ្ឈ​ដ្ឋានអ្នកកាន់អំណាច មានឈ្មោះដំបូងមុនគេលើ​បញ្ជី​នៃអ្នកផ្តើម​បុណ្យ​កឋិនឬបុណ្យផ្កា។ ដល់សរុបទៅ ចេតនាកុសលរបស់និស្ស័យ ដោយ​គ្មាន​ចេតនា​កម្មជួយជាកំសួល​បានស្ថិតត្រឹមក្នុងស្ថានភាពនៃការធ្វើអធិ​ដ្ឋាន​ប៉ុណ្ណោះក្នុង​ពេល​ចូលបច្ច័យ១០រៀល ឬ២០រៀលម្តងៗ។

នៅមានត

ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖ដួង​ចិត្ត​សន្តិភាព ដោយ​ស៊ី សុវណ្ណ

22 កក្កដា

រង្វាន់អក្សរសិល្ប៍«សន្តិភាព»

លើកទី២ឆ្នាំ២០០០

នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស


*************************************************************************************************

សេចក្តីអំពាវនាវ

សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ស្វែងរកអ្នកស្រី ស៊ី សុវណ្ណដែលជាអ្នកនិពន្ធរឿង«ដួងចិត្តសន្តិភាព» ដើម្បីប្រគល់សំណៅរឿងនេះ។

បើសាមីខ្លួនបានអានសេចក្តីអំពាវនាវនេះឬ​​បើអស់លោកអ្នកនាងណាបានស្គាល់អ្នកស្រី ស៊ី សុវណ្ណ

សូមប្រញាប់ទាក់ទងមកអាសយដ្ឋានអេឡិចត្រូនិចaeke.sp@gmail.com

ជាបន្ទាន់​ឬ​តាមប្លក់នេះ។​ ​សូមអរគុណ។

***************************************************************************************************

ដួង​ចិត្ត​សន្តិភាព

ដោយអ្នកស្រី​ស៊ី សុវណ្ណ

រក្សាសិទិ្ធ

ដកស្រង់ជំពូកទី១០

មេឃា​ភ្លឺ​ថ្លាចែង​ចាំង​រស្មី ពពក​ខ្មៅ​បាន​រសាត់​ផាត់ទៅ​ឆ្ងាយពី​នភាល័យ​​ពី​កំពូល​ប្រាង្គ​វិមានឯករាជ្យ។

ព្រាប​សទាំង​ហ្វូង ព្រម​ទាំង​ប៉ោងៗ​ត្រូវ​បាន​បង្ហោះ​ឡើង។ ភ្លេងត្រែ​កង​យោធពល​ខេមរភូមិន្ទ​បា​នបន្លឺ​បទ​វីរភាព​ វរជនជាតិ​តស៊ូ​ជំនាន់​អាណានិគម​បារាំង។

គឺ​ជា​ពិធី​ហែព្យុហយាត្រារំលឹក​ខួប​ឯក​រាជ្យ​បន្ត​ ព្រោះ​សង្គ្រាម​ស៊ីវិល និង​សង្គ្រាម​មនោគម​វិជ្ជា​នៃ​ឥទ្ធិពល​ពិភពលោកបាន​បាត់​ស្ងាត់​​នូវ​ពិធី​នេះ ជាង​ពីរ​សត្សវត្សរ៍​ហើយ។ បុប្ផា​តា​មឧទ្យាន​ចេញ​សម្រស់​និង​ក្លិន​គន្ធា​ពិដោរ​អប​អរ​ទិវា​ដ៏​មហោ​ឡារិក​ជា​ប្រវត្តិ​សាស្រ្ត​។

នៅ​តាម​ខេត្ត​ ខ្មែរ​ក្រហម​សេសសល់បាន​វិល​មក​រួម​រស់​ក្នុង​សង្គម​ជាតិ​បណ្តើរ ចោរ​ព្រៃ​មួយ​ចំនួន​និង​ចោរ​កម្ម​ក្នុង​ក្រុង​ក៏​បន្ថយ​ឥទ្ធិពល​ដោយ​សារ​កម្លាំង​សាមគ្គីភាព​ ឯកភាពផ្សះផ្សា​ជាតិ។

ប្រជា​ពល​រដ្ឋ​ខេមរា បាន​ឈរ​អបអរ​ទះ​ដៃ​ពិធី​បុណ្យ​សម្លឹង​ទៅលើ​វេហាស៍ហាក់​ចង់​បញ្ជាក់​ប្រាប់​ព្រាប​ទាំង​ឡាយថា «ព្រាបស! ព្រាបសុខ! ព្រាបដែល​ជាតំណាង​សន្តិភាពពិត»។

ចំណែក​លោក​រ៉ូល​ង់​ លីរ៉ូស លោក​ប្លាលី ដូឃែ, លោក​រ៉ាម៉ែន​គីរីបែត, លោក​រ៉ាមែន សិទ្ធិយ៉ា ឬ​ឆោម​រិទ្ធិបាន​ឈរ​សាសង​គ្នា ជាមួយ​លោក​សុបុណ្យ និង​លោក​សូជន រួម​លោ​ក​មាស នោម។ ផ្នែក​ស្រ្តី​ គឺ រចនា ធីតា និមល លោកអ៊ុំ ចំណាន មីង​សុភី អ៊ុំ​សុផា មីង​សាន ឈរ​ម្តុំ។ ឆោមរិទិ្ធ ខេមរា​ សាគុណ ឆោមរិន្ទម្តុំ​ ឯស៊ីថា ផានី អ្នក​គ្រូ ភិរុណ​ឈរម្តុំ។ គេ​ទាំងអស់​គ្នា ឈរ​សា​សង​តាម​ប្រការ​ដែល​នឹក​ឃើញ​ជា​ហូរ​ហែ។

ឆោម​រិទ្ធិខ្សឹប​ប្រាប់​សាគុណ៖

-​ ភិរុណហ្នឹង​ឯង​ដែល​គ្នា​ផ្តាំ​តាម​ខេមរា​ឲ្យ​សួរ​នោះ​ណ៎ា! ម៉េច​ស្អាត​ទេ សាគុណ​ឯង​ដណ្តឹង​គេ​ទៅ​ណា!…

-​ ពួកយើង​ខាង​ណេះ ខាងណោះបាន​ឆ្លង​កាត់​អាពាហ៍​ពិពាហ៍​ រួច​អស់​ហើយ ប្រកប​ដោយ​សេចក្តីសុខ។ យើង​មាន​ចិត្ត​ស្ងប់​ក្នុង​ដួង​ចិត្ត!… ពេលណា​ យើង​ស្ងប់​ គ្រប់​ការ​ស្រណុក​និង​លំបាក! ស្ងប់​និង​ការ​អនុគ្រោះ ស្ងប់​និងការ​រួប​រួម​ ស្ងប់​ដោយ​ការត្រូវ​វិញ គឺ ជា​ប្រភព​ស្ងប់​ដ៏​ពិត​ឥត​ក្រឡះ ឥត​បែក​បែរ​ពី​សាមគ្គី​ធ្លុង​មួយ​ ក្នុងសង្គមគ្រួសារ​ ក្នុង​សង្គម​ជា​តិ​ទាំង​មូល។ ជាតិ​ខ្មែរ​យើង​នឹង​ប្រមូល​ផ្តុំ​បាន​ពលរដ្ឋ វិរជន យុទ្ធ​ជន ដែល​មាន​សុឆន្ទៈ​នៃ​សភាវៈ​ពិត​ដ៏​ពិត​នៃ​ក្តី​ស្ងប់​នេះ​។ ខេម​រា​ពោល​ប្រាប់​ទៅ​សាគុណ​និង​ ឆោម​រិទ្ធិ។​ ឯរិទ្ធិ​វិញ​ក៏​មាន​មតិ​ស្រប​វិញថា៖

-​ ត្រឹម​ត្រូវណាស់ ឯករាជ្យ​ជាតិ​យើងក៏​មាន​អធិបតេយ្យ​ភាព​យូរ​លង់ ដោយមនុស្ស​មាន​«ដួង​ចិត្ត​សន្តិភាព» ថែរក្សា។ស្មារតី​ទទួល​ខុសត្រូវ​បញ្ហា​ឯករាជ្យ​នេះ​ត្រូវ​តែ​មាន​នៅ​លើ​ខ្មែ​រ​គ្រប់​រូប ត្រូវ​តែ​ការពារ​ព្រោះ​ថា​ជា​ក្លិន​ផ្កា​សាមគ្គីផ្កាសន្ដិភាព​ដែល​ក្រអូប​សុសសាយ​ពេញ​មាតុ​ភូមិ​យើង​ចោល​សម្រស់​កិត្តិគុណ​លើ​ពិភព​លោក​ផង​ដែរ។

សាគុណ​ក៏​បន្ត​បន្ថែម​ទៀត៖

-ការ​បញ្ជប់​​ហិង្សា ទស្សនៈ​សួន​តួ អត្តទត្ថនិយម ទុទិដ្ឋិនិយម គឺដើម្បី​​ឲ្យ​សន្តិភាព​បោះ​ជំហាន​ទៅ​មុន​លើ​ឆាក​អន្តរ​ជាតិ។ «ដួង​ចិត្ត​សន្តិភាព» ជា​ច្រើន​រួម​គ្នា ជាបុប្ផា​ចម្រុះ​ពណ៌​ក្នុង​ឧទ្យាន​នៃ​អារ្យ​មេត្រី​នៃ​បំណង​សាមគ្គី​អន្ដរ​ជាតិ​ដ៏​យូរ​លង់។ ពិភព​លោក​និង​ប្រែ​ប្រួល​សោភណ​ភាព ស្ងាត់​គ្រាប់​រំសេវ​ ស្ងាត់​ការ​គំរាម​ ​ជា​ដើម​មែន​ទេខេមរា?។

ចំណែក​ ឆោម សិទ្ធិ បាន​និយាយ​ជា​ភាសា​អង់គ្លេស​ឲ្យ​សម្លាញ់​ទាំងពីរ​ស្តាប់​ប្រហាក់​ប្រហែល​នឹង​គំនិត​របស់​អ្នក​ទាំង​បីនេះដែរ។

លោក​បាន​ថត​យក​រូបភាព​ព្យុហយាត្រា​ ព្រម​ទាំង​ថត​យកវិមាន​ឯករាជ្យ​ទាំង​មូល ដោយ​មាន​ក្រុម​សាច់​សារលោហិត​ ឈាម​ខ្មែរ​តែ​មួយ​នៃ​បងប្អូន​លោក​មាស ឆោម សម្លាញ់​ ជាតិ​អា​មេរិក បារាំង​ផងដែរ។ គឺ​ជា​មហាគ្រួសារ​គំរូ​មួយ​តំណាងឲ្យ​សង្គម​ជាតិ​ខ្មែរ​ និងពិភព​លោក​ឯកភាព​មនោរម្មណ៍​ដូច​គ្នា។

ប្រាំពីរ​ថ្ងៃ​កន្លង​មក រចនា និង​ធីតា ឆោម​រិទ្ធិ​បាន​ឃ្លាត​ពីមាតុ​ប្រទេស​ទៅបំពេញ​វិជ្ជា​បំប៉ន​ជំនាញ​មួយ​ឆ្នាំ​តាម​ផ្លូវ​ការ​ក្រោយ​ពីបញ្ចប់​ឆ្នាំ​នៃ​មហាវិទ្យា​ល័យ។

ធីតា​ត្រូវ​ទៅ​សម្តែង​របាំ​អប្សរា​សន្តិ​ភាព​នៅ​ប្រទេស​អាមេរិក​តាម​រយៈ​ក្រសួង​វប្បធម៌​ និង​ការ​បរទេស។ លោក​រ៉ាម៉ែន​ គីរីបែត ក៏​បាន​ទៅ​អាមេរិក​ផង​ដែរ ព្រោះ​លោ​កមិន​មាន​បេសកកម្ម​នៅ​កម្ពុជាទេ។

*

*         *

នៅសហរដ្ឋអាមេរិក​…

ទីក្រុង​វ៉ាស៊ីតោនធ្វើឲ្យ​រចនា ឆោម​រិទ្ធិ​ និង​ធីតា​ស្ងើច​សរសើរ​ពេក​ក្រៃ ទាំង​សោភ័ណ​ភាព សុជីវ​ធម៌ អារ្យធម៌​ គឺ​ជឿន​លឿន​​ វឌ្ឍ​នភាព​បំផុត​សម​ជា​ប្រទេសមហាអំណាច។

រចនា​អង្គុយ​មើល​ប្អូន​សម្តែង​របាំ​​ជិតស្វាមី​របស់​នាង។​ ខាង​ឆ្វេង​ខ្លួន​គឺ​ឪពុក​ចិញ្ចឹម​របស់​ឆោម​សិទ្ធិ​ ព្រម​ទាំង​មិត្ត​ភក្តិ​។

របាំ​អង្គរ​ក្នុង​ការ​កសាង​នា​សតវត្ស​រ៍​ទីដប់​ពីរក៏​បាន​បើក​ឆាក។​ ប្រជា​ពល​រដ្ឋ​អាមេរិក​ទះ​ដៃ​សាទរ​បំផុត។

របាំ​ចុង​ក្រោយ​តៗ​មក​ទៀត​សុទ្ធ​តែ បា​នឆ្លុះ​បញ្ចាំង​ពីវប្បធម៌​ដ៏​ពិត​ៗ​របស់​ខ្មែរ។ ចុង​បញ្ចប់​នៃ​កម្មវិធីគឺ​ការសម្តែង​​របាំ «អប្សរា​សន្តិភាព» នៃ​ឆាយា​លើ​អង្គរ។ធីតា​ក្នុង​សម្លៀក​បំពាក់​អប្សរា​ពណ៌​ស​ឆ្លុះនិង​គ្រឿង​លម្អ។ចំណែក​អប្សរា​ទាំង​បួន​ទៀតស្លៀក​ពណ៌​បៃ​តង​ខ្ចីលេច​រូប​សម្ផស្ស​ដ៏​ល្អ​ស្អាត​គួរឲ្យទស្សនិកជន​ទាំងអស់់​គយ​គន់់​។ នៅ​ដៃ​នាដការី​ទាំង​អស់គ្នាមាន​កាន់​ផ្កា​ និង​ព្រាប​ដូចគ្នា។

នៅចំហៀង​ឆាក​ខាង​ជើង​ សិល្ប​ករ​ក្នុង​សម្លៀក​បំពាក់​អ៊ុន​តាក់​ដើរ​មក​ជិត​ធី​តា​។ ធីតា​ក៏​ដោះ​កម្រង​ផ្កាបំពាក់​ជូន ព្រម​ទាំង​ហុច​ព្រាបជូន​ផង​។ អ៊ុន​តាក់​ទាំង​បី​ទទួល​ព្រាប​រួ​ម​និង​បាច់​ផ្កា​ រួច​ក៏​ព្រលែង​ព្រាប​ពោល​រៀប​រាប់​ជា​ភាសា​អន្តរ​ជាតិ​ថា៖

- «ស្វាគមន៍​កម្ពុជា!»

- ស្វាគមន៍​ប្រជា​ពល​រដ្ឋ​អាមេរិក! អង្គរ​បាន​បោះ​ជំហាន​ទៅ​រក​សន្តិភាព​ និង​ រុង​រឿង​ជាថ្មី​លើស​កល​លោក​ហើយ។

- ស្វាគមន៍​ទស្សនិកជន! ​អប្សរា​ព្រាប​សុខសន្តិភាព​ គឺ​ជា​មន្ត​ស្នេហ៍​ព្រេង​ព្រឹទ្ធិ​នៃ​វប្បធម៌​យូរ​លង់​របស់​ខ្មែរ។

-អបអរ​កម្ពុជា! អបអរ​សិល្បករកម្ពុជា!

ស្នូរ​ទះ​ដៃ​កង​រំពង អបអរ​ការ​ឧទ្ទេសនាម។​​ ឯ​អប្សរា​ទាំង​បួន​ទៀត ក៏​បាន​ជូន​ព្រាប​និង​បាច់​ផ្កា ដល់​សិល្បករ​តំណាង​ឲ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​បី​ដែរ។​ ភ្ញៀវ​ទស្សនា​ដទៃ​ៗ​ក៏បាន​ជូន​បាច់​ផ្កា​ដល់​សិល្ប​ករ​ផងដែរ។

ដើម្បីបញ្ចប់​​វគ្គ ​ធីតា​នាង​ឈរ​ច្រៀងបទ​ចម្រៀង​​ជាមួយ​កង​យោធពល​ខេមរ​ភូមិន្ទ​ម្នាក់​ជា​តំណាង​កង​ទ័ព​ខ្មែរ​ដែល​ស្នេហា​ការ​បង្រួប​បង្រួម​ជាតិ​ស្ងប់​សុខ​សាន្ត​គ្មាន​លម្អៀង។ កាយ​វិការ​​សម្តែង​របស់​ធីតា​ទន់​ភ្លន់​។ នាង​កាន់​ឧគ្ឃោសន​ស័ព្ទបំពង​ទឹក​ដម​សំឡេងយ៉ាង​ពីរោះ​ ម្តង​ម្នាក់​ជាមួយ​សិល្ប​ករ​បុរស​ជា​កង​ទ័ព​ដែល​មាន​កាយ​វិការ​អង់​អាច​។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា «ដួង​ចិត្ត​សន្តិភាព​»

១-វេហាស៍ខៀវខ្ចីផ្ទៃមេឃស្រឡះ

ពពកខ្មៅក្រាស់រសាត់ផាត់ឆ្ងាយ

កម្ពុជាស្ងប់សុខផុតទុក្ខទាំងឡាយ

ខ្មែរឈប់ខ្វល់ខ្វាយបានយល់រស្មី។

២-ដួងច័ន្ទដួងចិត្តមណ្ឌលសីមា

គោកធ្លកសីមាវាសនាអង្គរបូរី

ដួងព្រលឹងខ្មែរខេមរាប្រុសស្រី

ឈាមក្រាលផែនដី​ប្តូរសន្តិភាព។

បន្ទរ​៖ ស្រទន់ដួងចិត្តត្បិតយល់កោះត្រើយ

ទ្រូងខ្មែរបានស្បើយ​ថ្លែងប្រាប់រាប់រៀប

ប្រាប់ទ្វីបលោកាស្នេហាសន្តិភាព

បេះដូងពេញប្រៀបស្នេហ៍បរិសុទ្ធ។

៣-ក្លិនផ្កាសាមគ្គីក្រអូបសុះសាយ

ជាតិបានសប្បាយត្រួសត្រាយឆ្លងផុត

សម្រេចវាសនាឆ្លងមហាសមុទ្រ

ទើបសមកុលបុត្រកម្ពុជាអើយ។

រចនា​ជា​បង​ស្រី​​ បា​ននិពន្ធ​ទំនុកច្រៀងទុក​ជូន​ប្អូន​ស្រីឲ្យ​យក​ទៅ​ក្រសួង​វប្បធម៌​ ដើម្បី​សម្រួល​លំនាំ​អម​កំដរ​ឆាក។ បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​​សែ​ន​ពីរោះ​ហើយ​មាន​ខ្លឹមសារ​និងឧត្តមគតិ​បំផុតដល់​សោតានិងដួងចិត្តរបស់​ឆោមរិទ្ធិ​ ។

ប្រាំបី​ថ្ងៃ​បន្ទាប់ ធីតា​បាន​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ ដោយនាំ​ទាំង​កា​សែតជា​ច្រើន​ទៅ​ជូន​លោក​ប៉ា​និង​អ្នក​ម្តាយ​អាន​កម្សាន្ត។ចំណែក​ឆោមរិទ្ធិ​និង​ រចនា ក៏​បាន​ចូល​រៀន​ក្នុង​វិទ្យាស្ថាន​ជំនាញឯកទេស​រៀង​ៗ​ខ្លួន​។ ពេល​យប់ ​ទើប​ទៅ​សម្រាក​នៅ​ផ្ទះ​​របស់​រដ្ឋ​ខ្មែរ​ក្បែរ​ស្ថានទូ​ត​ខ្មែរប្រចាំ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ជោគ​ជ័យ​នៃ​ការ​សិក្សា​របស់​គេ​ទាំង​ពីរ​កន្លង​មក​ សម​តាម​បំណង។

       *

   *         *

នៅប្រទេសបារាំង​ សុទ្ធារី​បា​នទទួ​លសំបុត្រ​មួយ​ច្បាប់​ពី​អតី​ត​សង្សារ​ គឺឆោម​រិន្ទ។

ភ្នំពេញ

ស្រមៃ​ជា​និច្ច!…

មក​ដល់​អូ​នសុទ្ធារី  និងបុត្រ

សុទ្ធារីជាទីស្នេហា!

កាលៈទេសៈ​នៃ​ដំណើរ​យុវវ័យ​បាន​រៀប​ចំ​ឲ្យ​យើង​បាន​ជួប​គ្នា​ ស្រឡាញ់​គ្នា​រក​ទី​បំផុត​គ្មាន​។ ក្លិន​ផ្កាម្លិះ​ដែល​អូន​បាន​ជូន​បង​នៅ​តែ​ក្រអូប​ជាប់​នាសា បង​ជានិច្ច!…

ពេល​វេលា​គ្មាន​កំណត់​  អពមង្គល​នៃការ​សេព​គប់​បាន​បំបែរ​ចិត្ត​មេត្រី​ស្នេហ៍​ពី​អូន​មួយ​រយៈ​ធំ​កន្លង​មក!…បង​សែ​នស្តាយ! បន្សល់​ការ​ខ្វល់​ខ្វាយ​ដល់​ប៉ា​អូន​ដល់​រូប​អូន ដែល​តែងគេ​ង​យំ​ខឹង​បង​រាល់​រាត្រី​។

សុទ្ធារី​ បង​បាន​ឃើញ​រូប​ថត​កូន​ប្រុស​របស់បង​ហើយ គេ​មាន​ភក្រ្ត​ដូច​បង​ណាស់!

បង​សូម​ការ​អនុគ្រោះ​ពី​អូន​ផង!

សុទ្ធារី​ ង្សារ​បង! ថ្ងៃ​អនាគត​ អូ​នត្រូ​វ​ជឿ​ជាក់​​បង​ជាថ្មី​ ។ បង​នឹង​ធ្វើ​ខ្លួន​បង​ឲ្យ​សម​ជា​ឪពុក​ដ៏​ល្អ! ជា​ស្វាមី​ដ៏​ឧត្តម ជា​ស្ពាន​ជីវិត​ដ៏​រុង​រឿង​ត​ទៅមុខ!

អាពាហ៍​ពិពាហ៍​នឹង​រង់​ចាំ​អូន​! បង​ៗយើង​គេ​រៀប​មង្គលការ​អស់​ហើយ សល់​តែ​យើង​ទាំងពីរ​។បើ​អូន​បដិសេធ​យ៉ាងណា​នោះគួរ​នឹក​​ឃើញ​ដល់​ការ​ស្រឡាញ់​របស់​ម៉ាក់​បង​ចំពោះ​អូន​ណ៎ា​អូន​ណ៎ា។

លោក​ប៉ា​អូន ​បច្ចុប្បន្ន​ នេះគាត់​មិន​បាន​ស្អប់​ខ្ពើប​ប​ងឡើយ​។ គាត់​ជា​បិតា​គំរូ​មួយ​ក្នុង​សង្គម​ខ្មែរ និង​សម្រាប់​យើង​ទាំងពីរ​។

សង្ឃឹម​ជានិច្ច ! ជូន​ពរ​អូន​និង​កូន​ឲ្យ​បាន​ប្រកប​តែ​សុភមង្គល សុខនិរន្តរ៍ !

    ពី​បង ឆោមរិន្ទ

   បង​ចាំអូន​គ្រប់​វេលា !

អានអក្ខរា​សារសព្ទ​នៃ​ការ​លន់​គួរ​ចប់ ឆោម​កល្យាណី​សុទ្ធារី​ សែន​សប្បាយ​ម្យ៉ាង តែ​ស្រី​ថ្លៃ​ហាក់ដូច​ជានឹក​រាង​ចាល​ពី​ឥទ្ធិពល​ស្នេហ៍​ពី​មុន​ដែល​គួរ​ឲ្យ​អាម៉ាស! ប៉ុន្តែ​ដើម្បីឲ្យ​កូន​មាន​ឪពុក​ នាង​ត្រូវ​តែ​សម្រេច​ចិត្ត​ម្តង​ទៀត។

ឆោមរិន្ទ​គ្មា​ន​បាន​ចម្លើយ​តប​ពី​សុទ្ធារី​វិញ​សោះឡើយ។ គេ​រង់​ចាំ​ស្រី​រៀង​រាល់​ថ្ងៃនៅក្បែរ​មាត់​សមុទ្រ​ ព្រោះបច្ចុប្បន្ន​ខ្លួន​គេ​បាន​ក្លាយ​ជា​អ្នក​រាជ​ការ​បម្រើ​ក្នុងស្ថាប័ន​ក្រសួង​ពាណិជ្ជកម្ម ក្រុង​កំពង់​សោម។ ឆោម​រិន្ទ​ជា​បុគ្គលិក​​ថ្នាក់មធ្យម​​មាន​សមត្ថភាព​ការ​ងារ​​វៀរចាក​ភាព​ពុក​រលួយ​ និន្ទាឈ្នានីស​រវាង​គ្នា។

អាកាស​ធាតុ​ក្រុង​កំពង់​សោមសែន​ត្រជាក់​​។ ជំនោរ​សមុទ្រ​បាន​បន្ថែម​កម្លាំង​ចិត្ត​ថ្មី​ឲ្យរូប​​គេ។ ភ្លឺ​ក៏​ឆាប់​ យប់​ក៏​រហ័ស​ ឆោមរិន្ទ​​ស្រាល​ខ្លួន​ជានិច្ច​ ព្រោះ​តែ​ឃើញ​រូប​បង​ៗ​មាន​រស្មី​វាសនា​ដ៏​បំព្រង​។ គេ​នឹក​គិត​ថា សុទ្ធារី​ពិត​ជា​នៅមានគំនុំ​ខឹង​នឹងរូបគេ យក​ប្តី​ហើយ​ក៏​មិន​ដឹង។

សំឡេង​ទូរសព្ទ​មក​ពីភ្នំពេញ៖

-អាឡូ! បង​រិន្ទ!

-អាឡូ! ធី​តា​មែន​ទេ?

-ច៎ា គឺ​ធីតា​ ​ប្អូន​បងហ្នឹង​ណា!

-មាន​រឿង​អី! អូន​ធីតា!

-មាន​រឿង​សប្បាយ​ចិត្ត​ជូន​ចំពោះបង!

-ធីតា​ប្រាប់​បង​ឲ្យ​ដឹង​ថា បង​សុទ្ធារី​នោះ​មក​ភ្នំពេញព្រឹក​មិញ​។ លោក​ប៉ា​ក៏​គាត់​​មិន​បាន​ដំណឹង​ជា​មុន​ដែរណា​បង ឮថា​មក​តែបី​បួន​ថ្ងៃ​ទេ​ត្រូវ​ត្រឡប់​ទៅ​វិញ​ សូម​បង​ប្រញាប់​ ព្រោះល្ងាច​នេះ​ប៉ាប៉ា​គាត់​ត្រូវ​ទៅ​ចែក​អំណោយ​ផ្ទាល់​ខ្លួន​ដល់​ជន​ពិការ​ឯមន្ទីរ​ពេទ្យ​ជា​មួយ​ម៉ាក់​ ជាមួយ​ប៉ា​យើង ព្រោះ​លោក​ប៉ា​ជិត​ត្រឡប់​ទៅវិញ​ហើយ ដើម្បីសុំ​ប្តូរ​សញ្ជាតិ​មក​រស់​នៅ​នឹង​ម៉ាក់។

-អូខេ! អូន​ធីតា​ អូន​ល្អនឹង​បង អធ្យាស្រ័យ​ចំពោះ​បង​គ្រប់​វេលា​។ អូន​ជា​ពន្លឺ​នៃ​សន្តិ​ភាព​ក្នុង​ចិត្ត​នៃគ្រួសារ​យើង​ បង​នឹង​ទៅឥឡូវ​នេះ​! អរគុណ!…

(……)សូមអានភាគបន្ត

ម៉ោង​ពី​ររសៀល​! សុទ្ធារី​គេង​ក្នុង​បន្ទប់​ក្បែរ​កូន​ប្រុស។​ នាង​មិន​បាន​បិទ​ទ្វារ​បន្ទប់​ឡើយ​។ រចនា​ក៏​មិន​បាន​ដឹង​ថាសុ​ទ្ធារី​មក​ទៀត​ព្រោះ​នាង​នៅ​ឯ​អាមេរិក​បំពេញ​វិជ្ជា។

មីង​សាន​បើក​ទ្វារ​របង​ឲ្យ​ឆោម​រិន្ទ​ ដោយ​ធ្វើ​សញ្ញា​ស៊ី​ញ៉ូ​គ្នា​ទៀត​ផង​។ ឆោម​រិន្ទ​ឡើង​ជណ្តើរ​​ថ្នមៗ​គ្មាន​ឮ​សម្រិប​ឡើយ។ ទៅដល់​ជិត​បន្ទប់​ដែលសុទ្ធារី​គេង​ គេ​ក៏​លប​មើល​ពីក្រៅ​ទ្វារ​ កេឃើញសុ​ទ្ធារី​គេ​ង​លក់​ស្កប់​ស្កល់។

-សុទ្ធារី​ស្អាតណាស់! សស្គុះ​សខ្ចី​ឡើង​ធាត់​ទ្រលុក​ទ្រលន់​។ ឯកូន​ខ្ញុំ​!… មុខ​​ដូចខ្ញុំ​មែន​!… កូន​ប៉ា!…

ឆោម​រិន្ទ​​លបពោ​ល​ក្នុង​ពោះ​ រួច​ក៏​សសៀរ​ចូល​​ទៅជិត​គ្រែ​លប​ថើប​ថ្អាល់​នាង​ពីរ​សារ រួចលើក​ទី​បី​។ សុទ្ធារី​ភ្ញាក់​ពី​ដំណេក​។ច្រមុះ​ត្រូវ​ប៉ះ​នឹង​ច្រមុះ។ ឯដៃ​ស្តាំ​របស់​ឆោម​រិន្ទ​សង្កត់​ទ្រូង​​នាងជាប់​រួច​ក៏​ថើប​បន្ថែម​ម្តង​ទៀត​តែម្តង។

-គេង​ទៀត​ទៅ​អូន​! ព្រោះ​ដំណើរ​ឆ្ងាយ​ឆ្លង​សមុទ្រ​ឯណោះ ។ ​អត់​ទោស​ឲ្យ​ប្តី​ផង​ណា​ពៅ​ សុទ្ធារី​!…

សុទ្ធារី​នៅ​ស្ងៀម​ ព្រោះ​ឃើញ​គូស្នេហ៍​ពី​មុន​មាន​ការ​កែ​ប្រែ​ច្រើន​ពិត​មែន។ ឆោម​រិន្ទ​លូក​​យក​រូប​កូ​នប្រុស​មក​ថែ​ថើប​ត្រកង​បី​ដោយ​រំភើប​ហឫទ័យ។

-វា​អាយុ​ប៉ុន្មាន​ហើយ?

-ច៎ា! មួយ​ខួប​ពី​រខែ។

ឆោម​រិន្ទ​​ខិល​ណាស់​រត់​ទៅបិទ​ទ្វារ​បន្ទប់ ទើប​ត្រឡប់​មក​សាសង​ជាមួយ​​នាង​ទៀត​។

-សប្បាយ​ទេ​អូន នៅ​ស្រុក​គេ?

-មិន​ឆ្លើយ​ទេ! ប្រុស​មាន​ល្បិច!

ឆោមរិទ្ធឆ្លើយ៖

-បង​យល់​ពី​សេចក្តី​សុខ​ហើយ! ក្តី​សុខ​គឺ​មាន​អូន មាន​កូន​នៅ​ជិត។ ដួង​​ចិត្តយើង​តែ​មួយ​​គ្មាន​បែក​បែរ។ ដួង​ចិត្ត​គ្មាន​សង្រ្គាម​ស្នេហ៍​ សង្គ្រាម​គ្រួសារ​ សង្គ្រាម​ឈាម​ឯង។​ រូប​បង​​ក្តី ​អូន​ក្តី​ ខ្មែរ​ទាំង​អស់​គ្នា​ក្តី​ត្រូវ​ទទួល​នូវ​ក្តីសុខស្ងប់​ប្រកប​ដោយ​«ដួង​ចិត្ត​សន្តិភាព» ដើម្បី​​ដើរ​ឲ្យ​ទាន់​ជំហាន​នៃពិភពលោក​ ដែល​គេ​វិវត្តន៍​ឈាន​ឡើង។

ឆោមរិន្ទដាក់​កូន​លើ​ពូក​មួយ​ចំហៀងជាប់​ជញ្ជាំង​ថ្ម​ដើម្បីយក​ឱកាស​ប្រឡែង​លេង​នឹង​សុទ្ធារី​ ព្រោះគេ​ក៏​នឹក​រលឹក​នាង​យ៉ាង​ខ្លាំង​ដែរ។ ចំណង​លោហិត​ស្នេហ៍​ថ្មី​បាន​ផ្តល់​ឱសថ​ទិព្វ​នៃ​​វិមាន​សួគ៌​មក​ប្រោះ​ព្រំ​ដំបៅ​ស្នេហ៍​ឲ្យ​សុទ្ធារី​ឡើង​វិញ​ជាថ្មី។

លោក​សុបុណ្យ​​បាន​ត្រឡប់​ពី​ចែក​អំណោយ​ជា​មួយ​លោក​មាស​ ឆោម​ និង​ក្រុម​គ្រួសារ​​វិញ។

លោក​មិន​បាន​ដឹង​ថា សុទ្ធារី​មក​វិញទេ! រហូត​ម្ដាយ​របស់​រិន្ទ​អញ្ជើញ​មក​ជួប​ជាថ្មី​រៀប​រាប់​​សុំ​បន្ត​រៀប​ចំ​ការ​តាម​ប្រពៃ​ណី​ឲ្យ​ល្អ​ប្រសើរ​ គឺជា​បំណង​ប្រាថ្នា​របស់​លោក​សុបុណ្យ​ក៏​​ដូច​ជា​លោក​អ៊ុំ​ចំណាន​ដែរ «ក្រោយ​ពេល​ភ្លៀង​មេឃ​ស្រឡះ»។

*

*     *

ធីតា​អង្គុយ​ជិតស្វាមីរបស់នាង​ គឺលោកឆោមរិទ្ធស្តាប់​សំឡេង​ព្យាណូ​របស់​ឆោម​រិទ្ធិ​ប្រគំ​បទ​ «ពិភព​ស្នេហ៍​​ខ្ញុំ»

-ធីតាអូន​ ពីរោះ​ទេ? បទ​នេះ បង​ខំ​តែង​ខ្លួ​ន​ឯង​ដើម្បីជា​ចំណង​ចិត្ត​របស់​បង​ចំពោះ​អូន​​គឺថា«បេះ​ដូង​ជូន​ស្នេហា​ សង្ខារ​រៀម​រា​ជូន​ជាតិ​ខេមរា!

ពិភព​ស្នេហ៍​បរិសុទ្ធ​ឆ្លង​មេឃ​ឆ្លង​ដី​ ឆ្លង​សមុទ្រ!

ពិភពស្នេហ៍​ពិត​ គឺ​ដួងចិត្ត​បង​សន្តិភាព!»

ពាក្យ​ពេចន៍​នេះ​​ឯង ជា​អត្ថន័យ​ព្យាណូ​។ អូន​ច្រៀង​តាម​ព្យាណូ​ទៅមើល! ឮ​ថា​អូន​ច្រៀង​ពីរោះ​ណាស់​កាល​ទៅអាមេរិក។

-អូន! ច្រៀង​បទ​របស់​​បង​រចនា​ពីរនាក់​គេ​ណា​បង​។

ឆោម​រិទ្ធិ ទាញ​ដង​ខ្លួន​ធីតា​ដាក់​លើ​ភ្លៅ​ រួច​ឱន​ថើប​នាង។

-ប្អូន​ផង ប្រពន្ធ​ផង​ អស្ចារ្យ​ណាស់​ស្នេហា​ខ្ញុំ!

ស្អែក​បង​ត្រូវ​ដល់​អាណត្តិ បង​ត្រូវ​ទៅ​អាមេរិក​មួយ​រយៈ​​  ត្រឡប់​មក​វិញ​ប្តូរ​ការ​ងារ​ថ្មី ប្រចាំ​ការ​ឲ្យ​អង្គការសហប្រជា​ជាតិ​នៅកម្ពុជា។​ដល់​ពេល​បង​ត្រឡប់​មក​វិញ មក​ជាមួយ​រចនា​ និង​​អូន​រិទ្ធិ។

បន្ទាប់​មក​យើង​ទៅលេង​អង្គរ​ធ្វើ​បុណ្យ​ព្រលែង​ចាប​ប្រលែង​ព្រាប ចែក​ទាន​ឲ្យ​អ្នក​ក្រី​ក្រ​​សាង​អំពើ​ល្អ​ទុក​ទៅ​មុខ​។

-យីបង​ជា​អាចារ្យ​ផង​សូត្រ​ធម៌​បន្តិច​ទៅមើល។

-ផ្ដាស យូរៗ​ទៅ​ថា​បង​អាចារ្យ​ តោះ​ទៅ​រក​គេង! យប់​មិញ​បង​យាម​អត់​ងងុយ​សឹង​​អី!

គូជីវិតឈប់​សារ​សាងក៏​វិល​រក​បន្ទប់​សម្រាក។

ភ្លេង​ពិណពាទ្យ​បាន​ប្រគំ​ឡើង​យ៉ាង​ពីរោះខ្ទ័រ​ខ្ទារ​មហា​ប្រាសាទ​។ ធម្មយាត្រា​លើក​ទី​៣​ ដែលជាបុព្វ​ហេតុ​ដួង​ចិត្ត​សន្តិភាព​របស់​អន្ដរ​សាសនា​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ពី​ប្រទេស​បែល​ហ្សិក រហូត​ដល់​ថៃ​ឆ្ពោះ​មក​កម្ពុជា​កាត់​តាម​អង្គរ​វត្ត​ខ្មែរ​ដើម្បី​បន្ត​ឆ្លងវៀត​ណា​ម​ទៅចប់​នៅ​​ប្រទេស​ជប៉ុន​ ជា​បំណង​ព្រាប​ស​នៃ​សេរីភាពសកល។

 លោក​ជំទាវ លោក​ស្រី​និងដូន​ជីបាន​មក​ជូប​ជុំរួម​​គ្នាកុះករ​ជាមួយ​ឧបាសក​ ពុទ្ធបរិស័ទ និង​​ប្រជា​ពល​រដ្ឋ​ពី​គ្រប់​ទិស​ទី។លោក​អ៊ុំ​ចំណាន​បាន​ចូល​ថ្វាយ​បង្គំ​សង្ឃ​អន្តរជា​តិ​ និង​ព្រះ​ឃោសនន្ដ​ដាដែល​ជា​​សង្ឃឈាន​មុខ​ឲ្យ​ពុទ្ធសាសនា​ធម្មយាត្រា​អន្ដរសាសនា​ដើម្បី​សន្តិភាព​នៅកម្ពុជា។

-នាង​ខ្ញុំ! តំណាង​ឲ្យ​ប្រជា​រាស្រ្ត​ខ្មែរ​នៅ​ទីនេះ​​សូម​ពាំនាំ​នូវ​មហា​កត្តញ្ញូ​នៃប្រជា​រាស្រ្ត​ខ្មែរ​ក៏​ដូចប្រជា​រាស្រ្ត​លើ​ពិភព​លោក​សម្តែ​ង​នូវ​ទឹក​ចិត្ត​រំភើប​គាំទ្រ​ជា​និច្ច​ដល់​ដំណើរ​ធម្មយាត្រា​អន្តរសាសនា​ដែល​បាន​ឆ្លង​កាត់​ប្រទេស​ខ្ញុំ​ផ្សព្វ​ផ្សាយ​នូវ​បំណង​ល្អ​ បំណង​សុខ នៃ​គោល​ដៅ​បំបាត់​ហិង្សា​ភ្លើង​សង្គ្រាម​ឆាប​ឆេះ​ឲ្យ​រំលត់​ដោយ​សារ​ព្រះ​គង្គា​ព្រម​ទាំង​ព្រាប​ស​នេះ​បា​នពាំ​នាំ​ទឹក​មក​រំលត់​អគ្គី​ភ័យ​នៃ​សកល​លោក​សុំ​ឲ្យ​រាល់​បំណង​ល្អនេះ​ជ្រួត​ជ្រាប​ដល់​ដួង​ចិត្ត​មនុស្ស​ទូទៅ​ឲ្យ​បែរ​ឆ្ពោះ​ទៅ​រក​ភាព​ស្ងប់​បាត់​ការ​ភ័យ​ខ្លាច​សង្គ្រាម​ សូម​អរ​ព្រះគុណ!

សង្ឃ​អន្ដរជាតិ​ក៏​តប​ជា​ភាសា​បរទេសថា៖

-ខ្ញុំ​យល់​ហើយ! បំណង​​របស់​អ្នក! សូម​ឲ្យ​មនុស្ស​ទាំង​​អស់​មាន​បំណង​ដូច​អ្នក​ដើម្បី​ស្រូប​ក្លិន​ពិដោរ​«ផ្កា​សាមគ្គី» ហើយ​ច្រៀង​បទ​នេះ​ជា​រៀង​រហូត​ដើម្បី​ថែរក្សា​«សន្តិភាព»។

ផ្ទៃ​មេឃ​នៅអង្គរ​ ភ្លឺ​ថ្លា​ពេញ​រស្មី។​ ដួង​ច័ន្ទ​ដប់​ប្រាំ​កើត ពិត​ជា​ដួង​​ច័ន្ទ​ប្រចាំ​ជាតិ​បាន​បំភ្លឺ​ពិភព​លោក​ពេល​រាត្រី​អន្ធការ​នៃមិច្ឆាទិដ្ឋិឲ្យ​ប្រែ​ជាសុទិដ្ឋិនិយម។

ពន្លឺ​ស្រទន់​នៃដួង​ខែប្រៀប​បាន​ពន្លឺ​វិចារណញ្ញាណ​នៃបុគ្គល​ដែល​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​តាម​គន្លង​ជីវិត​លោកីយ៍។

ក្រុម​គ្រួសារ​លោក​សុបុណ្យ លោក​មាស ឆោម​ ព្រម​ទាំង​លោក​សូជន ក្រោយ​ពី​ធ្វើ​បុណ្យ​រាប់​បាត្រ​ ចែក​ចាយ​ទ័យា​ទាន​ហើយ​ក៏​បាន​អង្គុយ​សាសង​មើល​កូន​ៗ​ក៏​ដូច​ពលរដ្ឋ​ខ្មែរ​ដែរដែលនាំ​គ្នា​រាំ​វង់​សន្តិភាពក្រោម​ពន្លឺ​ច័ន្ទ​ពេញ​បូរមី​អម​ប្រាង្គប្រាសាទ​កំពូល​បី​ពីមុខ​ ហាក់​អណ្តែត​លើ​អាកាស​ដូច​ប្រាសាទ​អណ្តែត​សួគ៌ា។

រាំ​វង់​ចូល​ឆ្នាំ​ថ្មី ទទួល​បាន​នូវ​ព្រហ្ម​វិហារធម៌​របស់​រាជ​រដ្ឋាភិបាល​របស់​អង្គការ​ក្រៅ​និង​ក្នុង​ប្រទេស។

ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នៅ​ក្រៅ​ប្រទេស​ឬ​ប្រជា​ជាតិ​នៅ​លើ​ផែន​ដី​នេះ​ចង់​ឲ្យ​​ខ្មែរ​មាន​សាមគ្គី​ភាព​អមតៈថែរក្សា​រាល់​«សន្តិភាព» ដែល​បាន​ដើម្បី​ទទួល​ខុស​ត្រូវឲ្យ​វាសនា​​មាតុភូមិ​ខ្លួន​ផ្សា​ភ្ជាប់​ប្រឈម​មុខ​និង​ពង្សាវតា​ជាតិ កុំ​ឲ្យ​អាប់​រស្មី​នៅលើ​ស​កល​លោក​។

ផ្កា​រំដួល​ពេល​រាត្រី​សែន​ក្រអូប​បាន​រសាត់​ក្លិន​តាម​ព្រះ​វាតា​មក​បំបោស​អង្អែល​ដួង​ចិត្ត​សន្តិភាព​របស់​មហា​គ្រួសារ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​រាំ​វង់​ឲ្យ​រីករាយ​សើច​ក្អាក​ក្អាយ​ដោយ​មហា​ភាតរភាព​គឺ​ជា​ឈាម​ជាតិ​ពូជ​សាសន៍​តែមួយហ៊ាន​ការពារ​រាល់​ការ​បំផ្លាញ​ទាំងឡាយ ដើម្បីជាតិ​ មាតុភូមិ​ បូរណភាព​ទឹក​ដី អធិបតេយ្យ​ភាព៕

ចម្រៀង៖នេះឬចិត្តប្រុស?ដោយ​លោក​ម៉ា ឡៅពី

25 ឧសភា

ប្រកាសឡើងវិញ

នេះចិត្តប្រុស?

(ប្រកាសក្នុងប្លក់លើកទី១នៅថ្ងៃ១២ វិច្ឆិកា២០១០)

បទ​ភ្លេង​និង​ទំនុក​ច្រៀង​និពន្ឋ​ដោយ​ លោក​ ម៉ា ឡៅ ពីនៅ​ឆ្នាំ​១៩៦៨

ច្រៀង​ដោយ​អ្នក​ស្រី សូ ​សា​វឿន (១)

បទ​នេះ​បាន​ដាក់​អម​ក្នុង​ រឿងនេះឬចិត្តប្រុស? និពន្ឋ​ដោយ​កញ្ញា  ព្រហ្ម សុទ្ឋ​ធីតា (២)

ស្នាដៃ​ទី​១​របស់​ខ្ញុំ​ត្រូវបានលោក​ម៉ៅ ​ប៊ុនថនចាត់​ចែងយ៉ាងយកចិត្តទុកដាក់យកទៅផ្សាយ

ជាភាគៗតាម​វិទ្យុ​ជាតិ​ភ្នំពេញ​​កាល​ពី​ខែ​កក្កដារហូតដល់​ខែ​កញ្ញា​ឆ្នាំ១៩៦៨  (៣)។

ក្របប្រលោមលោករបស់ខ្ញុំ​ (​រូបថត​ ប៉ិច ​សង្វាវ៉ាន)
ក្របប្រលោមលោករបស់ខ្ញុំ​ (​រូបថត ​៖​ ប៉ិច ​សង្វាវ៉ាន)

-ខំគេចពីជុងចូលទ្រុងអន្ទាក់

គេចពីច្រវ៉ាក់ធ្លាក់ក្នុងរណ្តៅ

មើលឃើញថាចាប់បានមកខ្មៅ

ត្រជាក់ជាក្តៅសើចក្លាយជាយំ។

-ងងឹតថាភ្លឺនេះចិត្តប្រុស?

ហ៊ានលើកកំហុសទម្លាក់លើខ្ញុំ

ភ្លេចសំពះផ្ទឹមលើកម្រាលព្រំ

ចុះចោលទ្រនំទៅដើរផ្ទាល់ដី។

បន្ទរ នេះចិត្តប្រុសកាត់ទោសប្រពន្ឋ?

រករឿងរិះគន់គ្មានចិត្តប្រណី

ជេរថែមទៀតមកកំសាកស្វាមី

ទៅឱបស្រីថ្មីឲ្យអស់ចិត្តទៅ។

-ចម្រៀងក្អួតឈាមនាងព្រាហ្មណ៍កេសរ

ប្រពន្ឋចិត្តធម៌ជូនពរប្តីខ្លៅ

អូនរង់ចាំបងឱបក្តីសោកសៅ

អស់កម្មឈាមខ្មៅសឹមបងវិលវិញ។

ក.ក.ន  ៖

(១) :​ អ្នកស្រីរស់នៅសព្វថ្ងៃនេះក្នុងប្រទេសបារាំង។

(២) ព្រហ្ម សុទ្ឋ​ធីតាជានាមប៉ាកកា​របស់ខ្ញុំប៉ិច សង្វាវ៉ាន។

(៣) :អំពីប្រលោមលោក«នេះ​ឬចិត្តប្រុស?» ​ខ្ញុំបានសរសេរក្នុង«​ជីវ​ប្រត្តិ​ពិស្តាររបស់​ខ្ញុំ» ​និង​ ក្នុងអត្ថបទសាកល្បង«បទពិសោធន៍

ក្នុងការនិពន្ឋប្រលោមលោក»ក្នុង​ប្លក់នេះ។

**************

ប្រវត្តិរឿង«នេះចិត្តប្រុស?»

ក្នុងអំឡុងឆ្នាំ១៩៦៧ -​ ១៩៦៨ នារី​បី​រូបបាននិយាយរឿងវិបត្តិផ្ទាល់ខ្លួនប្រាប់ខ្ញុំ ក្រោយ​ពី​ពួក​គេ​បាន​ដឹង​ថាខ្ញុំ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​និង​ចូល​ចិត្ត​ការ​តែង​និពន្ធ​។កាលនៅពីក្មេង ខ្ញុំ​ចូលចិត្តអាន​ប្រលោមលោក​ណាស់។ ចាស៎ ! លាក់បាំងអ្វី ខ្ញុំតែង​តែ​ស្រមៃ​និង​ប្រាថ្នា​ជា​និច្ចចង់​មាន​ឈ្មោះ​ជា​អ្នក​និពន្ធ​នារីមួយរូប​។​ចំណង់់ដ៏ពុះពោរ​​នេះបានកើត​ឡើង​បន្តិច​ម្តង​ៗហើយ​រីក​សាយ​ពេញ​ក្រអៅ​បេះ​ដូង​ក្រពុំរបស់ខ្ញុំ​។ រឿងពិតរបស់នារីទាំង៣ជា​មេរៀន​ជីវិត​ដ៏​ល្អ​មួយ​សម្រាប់​រូប​ខ្ញុំផ្ទាល់​។ដោយខ្ញុំមានឧបនិស្ស័យ​ចូល​ចិត្ត​ចែក​រំលែក​មេរៀនជីវិតល្អៗ​ខ្ញុំបានចាប់ដងប៉ាកកាសាកល្បងនិពន្ធរឿងប្រលោម​លោក​ទី​មួយ​។

ជា​អ្នក​និពន្ធ​ក្មេងខ្ចី​ហើយ​ថ្មី​និងជា​នារីក្រមុំ នេះ​ហើយជា​បញ្ហា​ធំ​មួយ​សម្រាប់​ខ្ញុំនៅក្នុង​ជំនាន់​នោះ​។ ខ្ញុំគិតថាដើម្បី​ធ្វើ​ឲ្យ​ប្រលោម​លោក​ទី​១​​របស់​ខ្ញុំ​ត្រូវ​គេ​ចាប់​អារម្មណ៍ នេះក៏​មិន​មែន​ងាយ​ប៉ុន្មានដែរ​។ ដូច្នេះ គឺ​មាន​តែ​រក​ចំណង​ជើងណាមួយ​ដែល​អាច​ឆក់​ទាញ​អារម្មណ៍​អ្នក​អាន​ទាំង​ពីរ​ភេទ​ឲ្យ​ឆ្ងល់ចង់់​ដឹងចង់អាន​។ នៅ​ទី​បំផុត​ដើម្បី​​សម្របទៅ​តាម​សាច់​រឿង ខ្ញុំ​ក៏​សម្រេច​ដាក់​ចំណងជើងប្រលោមលោករបស់ខ្ញុំ​ថា «នេះ​ឬ​ចិត្ត​ប្រុស​?​»។​

បញ្ហា​មិន​ទាន់​ចប់​ត្រឹម​នេះនៅឡើយ​ទេ​ ព្រោះកាលណោះ ​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​។ បើ​លោក​ប៉ា​ជ្រាប​ដឹង​នោះ​ប្រាកដ​ជា​មាន​រឿង​រ៉ាវ​ធំ​មិន​ខាន​(​សូម​អាន​ជីវប្រវត្តិ​របស់​ខ្ញុំ​)។​ ដូច្នេះ គឺ​មាន​តែ​លាក់​ឈ្មោះ​ពិត​ ទើប​ខ្ញុំអាច​សម្រេច​បំណង​នៃការ​ផ្តើម​ធ្វើ​ជា​អ្នក​និពន្ធនារី​មួយ​រូប​របស់​កម្ពុជា​។​ខ្ញុំបានប្រើឈ្មោះ«ព្រហ្ម សុទ្ធ​ធីតា​»ជានាមប៉ាកកា​ដែល​ខ្ញុំស្រឡាញ់​ពេញ​ចិត្ត​ណាស់។​ ​ពីព្រោះ​«ព្រហ្ម»​ជា​នាម​ត្រកូល​របស់​ខ្ញុំ​ស្រាប់។​«​សុទ្ធ​»ជា​ឈ្មោះ​ហៅ​នៅ​ផ្ទះ​ថា«​ស្រី​សុទ្ធ​»​។​ «ធីតា»​គឺ​កូន​«​ស្រី​»។ «​ស្រី​» ក៏ជា​ឈ្មោះ​ហៅ​នៅ​ផ្ទះដែរ(សូម​រង់​ចាំ​អាន​«​ខ្ញុំ​ជា​ស្រី​»​)។

ក្របប្រលោមលោករបស់ខ្ញុំដេលនឹងចេញផ្សាយនៅថ្ងៃណាមួយ(រូបថត៖​ប៉ុច ​សង្វាវ៉ានរក្សាសិទ្ធិ)

ក្របប្រលោមលោករបស់ខ្ញុំដែលនឹងចេញផ្សាយនៅថ្ងៃណាមួយ (រូបថត៖ ប៉ិច សង្វាវ៉ាន - រក្សាសិទ្ធិ)

​រឿង​បាច់ផ្កា ដោយ ​ប៉ិច​សង្វាវ៉ាន

10 ធ្នូ

គំនូរបាច់ផ្កាផ្សាយក្នុងនគរធំ


បាច់ផ្កា

និពន្ឋដោយ​ប៉ិច​ សង្វាវ៉ាន

រក្សាសិទ្ឋគ្រប់យ៉ាង

TOUS DROITS RESERVES

សេចក្តីបញ្ជាក់៖​ បើគ្មានការអនុញ្ញាតជាមុនពីអ្នកនិពន្ឋរឿងនេះទេ លោកអ្នកនាងកញ្ញា

មិនអាចចម្លង

ពាក្យពេចន៍ឃ្លាប្រយោគ​ឬសាច់រឿងនេះទៅផ្សព្វផ្សាយឬផលិត

ខ្សែភាពយន្តបានឡើយ។

តាមសំណូមពររបស់យុវអ្នកនិពន្ឋ ភូ ចរិយា

និង​ ហេង ឧត្តម

ខ្ញុំមានសេចក្តីរីករាយចែករំលែករឿង «បាច់​ផ្កា»

ជូនប្រិយមិត្តអ្នកអានទាំងអស់ដោយរីករាយ


- ម៉ាក់! អ្វី​ទៅ​សេចក្តី​ស្នេហា?

លោកស្រី ​សុគន្ធា​ភ្ញាក់​ព្រើត នៅ​ពេល​បាន​ឮ​សំណួរ​ប្លែក​របស់​បុត្រី​សំណព្វ​ចិត្ត​តែ​មួយ។ លោក​ស្រី​សម្លឹង​មើល​មុខ​បុត្រី​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទើប​បន្លឺ​ឆ្លើយ​តប ​វិញ​ថា ៖

- បុប្ជារី! កូន​ទើបតែ​មាន​អាយុ​១៥ឆ្នាំ។ កូន​នៅ​ក្មេង​ណាស់ កុំ​អាល​គិត​ដល់​រឿង​ស្នេហា​នេះ​អី​ណ៎ា។ កូនខំ​រៀន​បន្តិច​សិន​ទៅ​កូន​មាស​ម្តាយ។

ចម្លើយ​របស់​មាតា​នេះ ពុំ​បាន​ធ្វើ​ឲ្យ​បុប្ជារី​អស់​ចិត្ត​សោះ។ បុប្ជារី​បន្ថែម​សំណួរ​ថ្មី​មួយ​ទៀត​ថា ៖

- ម៉ាក់! កូន​ឆ្ងល់​ណាស់ តើ​បុរស​ និង​នារី​អាច​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ដោយ​សារ​អ្វី​ដែរ?

- យី! ថ្ងៃ​នេះ បុប្ជារី​កូន​ស្រី​ម៉ាក់​ប្លែក​ណាស់។ ប្រាប់​ម៉ាក់ឲ្យ​ត្រង់​ចុះ​ កុំ​លាក់​ម៉ាក់​អី តើ​មាន​បុរស​ណា​សុំ​ស្រឡាញ់​កូន​ឬ?»

- ច៎ាះ អត់​ទេ​ម៉ាក់។ កូន​គ្រាន់​តែ​ចង់ដឹង។

សង្កេត​មើល​ទឹក​មុខ​បុត្រី​បន្តិច គំនិត​មួយ​រត់​ភ្លែត​ក្នុង​មនោរម្មណ៍ទើប​លោកស្រី​សុគន្ធា​យល់​ឃើញ​​ថា ការ​បិទ​បាំង​ហាម​ឃាត់​ក្មេង​ជំទង់​មិនឲ្យយល់​ដឹង​អ្វី​សោះ​ពី​រឿង​នេះ ដូច​ដែល​មាតា​បិតា​របស់​លោកស្រី​ និង​មាតាបិតា​ខ្មែរ​យើងបូរាណជំនាន់​មុន​ធ្លាប់​បានប្រព្រឹត្ត​ជា​ទំនៀម​មក ក៏​ពុំ​មែន​សុទ្ធ​តែ​នាំ​មក​នូវ​ផល​នោះ​ដែរ ទើប​លោកស្រី​សុគន្ធា ដែល​មាន​ការវិវឌ្ឍន៍​ផ្លូវ​ចិត្ត​ខ្លះៗតាម​របៀប​រស់​នៅ​ក្នុង​ទ្វី​ប​អឺ​រ៉ុប បញ្ចេញ​​វាចា​ជា​ចម្លើយ​យ៉ាង​ខ្លីៗ​ប្រាប់​បុត្រី​បណ្តូល​ចិត្ត​តែមួយ​ថា ៖

- កូន​ដឹង​ទេ មាន​កត្តា​ជា​ច្រើន ដែល​អាច​ទាក់​ទាញ​បុរស​នារីឲ្យ​ចាប់​ចិត្ត​ប្រតិព័ទ្ធ ឬ​ស្រឡាញ់​គ្នា​បានដូចជា ៖

-​  រូប​សម្បត្តិ អ្នក​ខ្លះឲ្យ​តម្លៃ​ទៅ​លើ​រូប​រាង ភក្រ្ត​ស្អាត​ជា​ធំ។

- ចរិយាសម្បត្តិ អ្នក​ខ្លះឲ្យ​តម្លៃ​ទៅ​លើអត្តចរិត ឫក​ពា​ថ្លៃ​ថ្នូរ និង​ចិត្ត​គំនិត​ មារយាទ​ល្អ​ប្រពៃ​ ស្លូត​ ឬ​កាច ស្ងាត់ស្ងៀម ឬចេះ​និយាយ​លេង​កំប្លុក​កំប្លែង។

- ទ្រព្យ​សម្បត្តិ ឯអ្នក​ខ្លះ​ទៀត គឺ​ចង់​បាន​តែ​អ្នក​មាន​ទ្រព្យ​ច្រើន ដូច​ជា​ផ្ទះ​សម្បែង លុយ ឡាន មាស ពេជ្រ។

-បុណ្យ​សក្តិ ចំណែក​ឯអ្នក​ខ្លះ​ទៀត ត្រូវ​ការ​តែអ្នក​ដែល​មាន​មុខ​មាត់​មាន​ឋានៈ​មុខ​ងារ​ធំ​ដុំ​ខ្ពង់ខ្ពស់​…

ប៉ុន្តែ ​ មាន​បុរស​នារី​ខ្លះ​ទៀត ជួន​កាល​គ្រាន់​តែ​ឃើញ​ ឬ​ជួប​មុខ​គ្នា​ភ្លាម​ ចាប់​ចិត្ត​ស្រឡាញ់​​គ្នា​ភ្លែត ដោយ​ឥត​បាន​ដឹង​ពីអត្តចរិត​ឫកពា ឬ​មុខ​ងារ​អ្វី​ផង។ ស្នេហា​របៀប​នេះ គេ​ហៅ​ថា រន្ទះ​ស្នេហាដែលពាក្យ​សាមញ្ញ​ថា «ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត»។

បុប្ជារី​ស្តាប់ ប្រសាសន៍​លោក​ស្រី​សុគន្ធា​ជាមាតាយ៉ាង​យក​ចិត្ត​ទុក​ដាក់។ នាង​ងក់​ក្បាល់​ផ្ងក់ៗ ទំនង​ជា​ពេញ​ចិត្ត ឬយល់ស្រប​ និងទទួល​បាន​ចម្លើយ​របស់​មាតា ​ប៉ុន្តែ​ពាក្យ​ពន្យល់​ជា​ហូរ​ហែរបស់លោកស្រី​ជា​មាតា​ ហាក់​ដូច​ជា​មិន​ទាន់ធ្វើឲ្យ​ស្កប់​ចិត្ត​នាង​នៅ​ឡើយ។

បុប្ជារី​ធីតា​បណ្តូល​បណ្តាច់​របស់​លោកស្រី​សុគន្ធា​ បន្ថែម​សំណួរ​មួយ​ទៀតថា ៖

-ចុះ​ម៉ាក់​ និង​ប៉ាវិញ កាលចាប់​ចិត្ត​ស្រឡាញ់​គ្នា​ដំបូង ដោយសារ​អ្វី​ដែរ?

- ​ឱ! កូន​ស្រី​ម៉ាក់​ចង់​ដឹង​រឿង​ម៉ាក់ និង​ប៉ាផង​ឬ​? សេចក្តី​ស្នេហា​របស់​ម៉ាក់​ និង​ប៉ា​មាន​ដំណើរ​វែង​អន្លាយ​ណាស់។ ចំាកាល​ណា​មាន​ពេល​ទំនេរ​ សឹម​ម៉ាក់​និយាយ​ឲ្យ​កូន​ស្តាប់​។ នៅពេល​នេះ ម៉ាក់​គ្រាន់​តែ​ប្រាប់​កូន​យ៉ាង​ខ្លី​ថា ម៉ាក់​ស្រឡាញ់​ប៉ា​របស់កូន​ ព្រោះ​ប៉ាកូន​មាន​ឫក​ពា​សុភាព​រាប​សារ​ថ្លៃ​ថ្នូរ​។       ប៉ាកូន​មាន​ចរិត​ស្លូត​បូត​មាន​ឧត្តមគ​តិខ្ពស់ ជាមនុស្សស្រឡាញ់យុត្តិធម៌។ លក្ខណៈ​​ទាំង​នេះ​ឆ្លើយ​ស្រប​នឹង​គំនិត​របស់​ម៉ាក់​ដែ​លធ្លាប់​ប៉ងប្រាថ្នា​ តាំង​ពី​ចេះគិតគូរ… ។ ​ម្យ៉ាង​ទៀត បើ​កូន​ចង់​ដឹង​ថា ប៉ា​របស់​កូន​ចាប់​ចិត្ត​ស្រឡាញ់​ម៉ាក់​ដោយ​សារ​អ្វី ចាំ​កូន​ស្រី​របស់​ម៉ាក់​ជម្រាប​សួរ​ចិត្ត​ប៉ា​ផ្ទាល់​ចុះណា។»

-   ច៎ាះម៉ាក់! ចុះ​សព្វ​ថ្ងៃ​នេះ ម៉ាក់​ និង​ប៉ា​នៅតែ​ស្រឡាញ់​គ្នា​ដូច​មុន​អញ្ចឹង​ឬទេ?

- ​យី! កូន​ឈ្លេច​សួរ​ម៉ាក់​អី​ដល់​ម្លឹង?

- ច៎ាៈ ព្រោះ​តែ​កូន​ឃើញ​ប៉ានិង​ម៉ាក់​ ដូច​ជា​តោះ​តើយ​ព្រងើយ​កន្តើយ​ដាក់​គ្នា។ កូន​សង្កេតឃើញ​​ប៉ា និង​ម៉ាក់​ពុំ​សូវ​ដើរ​ជា​មួយ​គ្នា។ ម៉ាក់ និង​ប៉ា​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ឯក​ឯង​រៀង​ៗ​ខ្លួន​។ កូន​ក៏​មិន​ដែល​បាន​ទៅកម្សាន្ត​នៅទីណា​ជាមួយប៉ានិង​ម៉ាក់​ជុំ​​គ្នា​ទៀត។ ក្នុង​ផ្ទះ​យើង​មាន​តែ​គ្នា​បី​នាក់។ យើង​នៅ​ផ្ទះ​ជាមួយ​គ្នា​មែន តែ​កូន​សង្កេត​ឃើញ​ថា ប៉ា​ម៉ាក់សម្រាន្ត​ក្នុង​បន្ទប់​ផ្សេង​គ្នា។ ម៉ាក់សម្រាន្តក្នុង​បន្ទប់​តែ​ម្នាក់​ឯង។ ប៉ាសម្រាន្តនៅលើ​កៅ​អី​វែង​ក្នុង​សាឡុង​ជា​និច្ច។ យ៉ាង​នេះ​ គេ​ហៅ​ថា សេចក្តី​ស្នេហា​ដែរ​ឬ?

កាល​បើបាន​ឮ​បុត្រី​ចោទ​សំណួរ​ចុច​ចំ​ចំណុច​សំខាន់​នេះ លោក​ស្រី​សុ​គន្ធា​ហាក់​យល់​ភ្លាម​ទៅ​លើ​សេចក្តី​បារម្ភ​ និង​កង្វល់​របស់​បុត្រី​តែ​មួយ។ លោក​ស្រី​លូក​ហត្ថា​ទៅ​អង្អែល​កេសា​បុត្រី​ថ្ន​មៗ ហើយ​ដាក់​ខ្លួន​អង្គុយ​លើ​កៅ​អី​ពូក​រួច​ទាញ​កាយ​បុត្រី​ឲ្យ​អង្គុយ​ជិត។ បុប្ជារី​មិន​ព្រម​អង្គុយ​ទន្ទឹម​មាតា​ទេ។ នាង​បន្ទន់​​ខ្លួន​អង្គុយ​លើកម្រាល​ព្រំ រួចដាក់​កេសា​លើ​ភ្លៅ​មាតា ហើយ​ចាំ​ស្តាប់​វាចា​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​ ដែល​​​ត្រូវ​ឆ្លើយ​ប្រាប់​នាង​បំបាត់​ចម្ងល់។

- កូន​ស្រី​ម៉ាក់ កូន​បារម្ភ​អំពី​រឿង​ម៉ាក់ និង​ប៉ាណាស់​មែន​ទេ? កុំ​បារម្ភ​ និង​កុំ​ខ្វល់​អ្វី​ណ៎ា​កូន​ស្រី​មាស​ម្តាយ។ ម៉ាក់ និង​ប៉ា​របស់​កូន​នៅ​តែ​ស្រឡាញ់គ្នា​ដដែល។ កូន​ឃើញ​ប៉ាសម្រាន្ត​លើ​​កៅ​អី​វែង​ក្នុង​សាឡុង​នោះ មក​ពី​ប៉ា​កូន​ជាប់​មើល​ទូរទស្សន៍​រហូត​ដល់​យប់​ជ្រៅ​ ហើយ​ក៏​លង់​លក់​នៅ​ទី​នោះ​​បណ្តោយ​ទៅ។

- ចុះម៉ាក់​វិញ?

- ចំណែក​ម៉ាក់​វិញ ម៉ាក់​មិន​សូវ​ចូល​ចិត្ត​មើល​ទូរទស្សន៍​ដូច​ប៉ា​កូន​ប៉ុន្មាន​ទេ។ ម៉ាក់​ចូល​ចិត្ត​អាន​សៀវភៅ​ជាង។ ម៉ាក់​អាន​សៀវភៅ

ដល់​យប់​ជ្រៅ​ណាស់។ ​កូនដឹងទេ? ពន្លឺ​ចង្គៀង​នៅក្បាល​ដំណេក​​នាំឲ្យ​រំខាន​ប៉ាកូន​។

ដឹងច្បាស់​ថា បុប្ជារី​មិន​យល់​ស្រប​តាម​ប៉ុន្មាន​ លោកស្រីសុគន្ធា​មាន​ប្រសាសន៍​បញ្ជាក់​បន្ត៖

- បុប្ជារី​កូន​ស្រី​តែ​មួយ​របស់​ម៉ាក់​។ ម៉ាក់​ធានា​កូន​ថា យើង​ទាំង​ពីរ​នាក់​គ្មាន​រឿង​ហេតុ​អ្វី​សៅ​ហ្មងទេ។ ចូរ​កូន​ស្រី​កុំ​បារម្ភ កុំ​យក​រឿង​ហ្នឹង​មក​គិត​គូរ​នាំឲ្យ​តែ​ល្អក់​កករ​ចិត្ត​ខូ​ច​ការ​សិក្សា។ កូ​នត្រូ​វ​តែ​ខំ​ផ្ចង់​ស្មារតី​ឲ្យ​មូល​ព្យាយាម​រៀន​សូត្រ​ឲ្យ​ពូកែ។ នេះ​ហើយ​ជា​បំណង​ធំ​បំផុត​របស់​​ម៉ាក់​ឮទេ​កូន​? កូន​ទៅគេង​ចុះ​ណ៎ា យប់​ជ្រៅ​ហើយ។

បុប្ជារី​មាន​ទម្លាប់​ល្អ។នាងជាកូនស្តាប់​បង្គាប់​មាតា​បិតា​ណាស់។ នាង​ក្រោយ​ឈរ​ឡើង ដើរ​ចេញ​ពី​មាតា​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​របស់​នាង។

- កូន​ទៅ​គេង​ហើយ​ណ៎ាម៉ាក់។

- ទៅ​ចុះ​កូន​ គេ​ង​ឲ្យ​លក់​ស្កប់និងយល់សប្តិល្អៗណ៎ា។

នៅ​ក្នុង​បន្ទប់​ផ្ទាល់​ឯណោះ បុប្ជារី​មិនអាច​បិទ​ភ្នែក​លង់​លក់​ភ្លាម​ទេ។ ចំណោទ​ជាច្រើន​លេច​ឡើង​ពេញ​ខួរ​ក្បាល​នាង។ ទោះ​បី​ជា​ប្រសាសន៍​របស់​មាតា​សម​ហេតុ​ផល​មែន​ តែ​បុប្ជារី​ហាក់​ដូច​ជា​នៅ​តែ​ជឿជាក់ថា មាតា​បិតា​របស់​នាង​ប្រាកដ​ជា​មាន​រឿងសម្ងាត់​អ្វី​មួយ​រៀង​ៗ​ខ្លួន​មិនខាន។ ត្បិត​ការ​ព្រងើយ​កន្តើយ​ជាយូរ​មក​ហើយ​នេះ ធ្វើឲ្យ​នាងយល់​ថា មិន​មែន​ជា​ការ​ធម្មតា​ដូច​មាតា​របស់​នាង​បាន​អះ​អាង​អម្បាញ់មិញ​នេះ​ទេ។ នាង​ស្រឡាញ់​ប៉ា និងម៉ាក់​ស្មើៗ​គ្នា​ ហើយ​រមែង​ចង់​ឲ្យ​មាតា​បិតា​សុខ​សាន្ត​ជាមួយ​គ្នា​មិន​ចង់​ឃើញ​ឮអ្នក​មាន​ គុណ​​មាន​ការ​ប្រេះ​ឆា​សោះឡើយ។ សភាព​ព្រងើយ​កន្តើយ​រវាង​អ្នក​មាន​គុណ​ទាំង​ទ្វេ​ ដែល​នាង​ចំណាំ​ឃើញ​ជា​ច្រើន​ខែ​មក​ហើយនេះ ពិតជា​មូល​ហេតុ​សម​ល្មម​ឲ្យ​គំនិត​ក្មេង​ខ្លី​ ដែល​ទើប​ចេះ​គិត​គូរ​ពិចារណារបស់​នាងមាន​កង្វល់ខ្លាំងណាស់។ បុប្ជារី​គេង​ដាក់​ដៃ​គង​ថ្ងាស​គិត​ហើយ​សួរ​។ សួរ​ហើយ​សាក​ល្បង​ឆ្លើយ​តែ​ខ្លួន​ឯង។​ នាង​ខំ​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​ដោយ​គិតថា ចុះ​បើ​សិន​ជា​ថ្ងៃ​ណា​មួយ មាតា​បិតា​ដ៏​ជាស្រឡាញ់​ និង​គោរព​របស់​នាង​កាន់​តែ​មាន​ការ​ប្រេះ​ឆា​រកាំ​រកូស រហូតដល់​បែក​បាក់​គ្នា តើ​នាង​ត្រូវសម្រេចចិត្ត​ទៅ​នៅ​ជាមួយ​អ្នក​ណា ? នៅជាមួយបិតា​ឬមាតា?

ម៉ោង ​១១ ជិត​ថ្ងៃ​ត្រង់ ស្នូរ​កណ្តឹង​ផ្ទះ​រោទ៍​ឡើង។ ថ្មើរ​នេះ​ហួស​ម៉ោង​ភ្នាក់​ងារ​ប្រៃ​សណីយ៍​ចែក​សំបុត្រ​ហើយ។ លោកស្រី​សុគន្ធាឆ្ងល់​ថា តើ​អ្នក​ណា​មក​រក​នៅ​ពេល​នេះ ដែល​ជា​ពេល​ត្រូវ​ដណ្តាំ​ស្ល។ លោកស្រី​ស្ទុះ​ចេញ​ទៅ​បើក​ទ្វារផ្ទះ។ស្រាប់តែលេច​រូប​បុរស​បារាំង​ម្នាក់​រាង​ទាបធាត់នៅចំពោះមុខ។​ បុរសនេះពាក់​អាវ​​ខាង​ក្រៅសម្រាប់ការពារ​​កុំ​ឲ្យ​ប្រឡាក់​សម្លៀកបំពាក់​ក្នុង​ដែលពាក្យ​បារាំង​ហៅ​ថា Blouse ។ បុរស​នោះ​ស្រដី​មកកាន់​លោក​ស្រី​ម្ចាស់​ផ្ទះថា៖

- ទិវា​សួស្តី! ខ្ញុំ​សូម​ជូនបាច់​ផ្កា​នេះ​ចំពោះ​លោកស្រី។

- បាច់​ផ្កា​ចំពោះ​ខ្ញុំ? ទេ! ខ្ញុំ​មិន​បាន​កុម្មង់​ទេ។ លោកច្រឡំ​ផ្ទះ​ទេ​ដឹង?

- លោកស្រី​ឈ្មោះ​ សុគន្ធា ​មែ​នទេ?

- ច៎ាៈ មែន​ហើយ!

- អ៊ីចឹង! បាច់​ផ្កា​នេះសម្រាប់​​លោកស្រី​ ព្រោះ​មាន​​ឈ្មោះលោកស្រីនៅលើ​ស្រោម​សំបុត្រ​តូច​ដែល​កិប​ភ្ជាប់​លើ​ក្រដាស​ខ្ចប់ផ្កា​នេះ​ស្រាប់។​ ថារួច​ បុរស​បារាំង​ហុច​បាច់​ផ្កា​ជូន​លោកស្រី​សុគន្ធា។ លោកស្រី​ហុច​កាក់​ប្រាំ​ហ្រ្វង់ (លុយ​បារាំង​មុន​ឆ្នាំ​២០០១ ដែ​លស្មើ​នឹង​៧៦សេនអឺរ៉ូដែលជារូបិយវត្ថុ​បារាំង​បច្ចុប្បន្ន) ជូន​អ្នកដែល​យក​បាច់​ផ្កា​មក​​ជូន​លោក​ស្រីដល់ផ្ទះ។

- អរគុណ​ច្រើន​លោកស្រី!

លោកស្រី ​សុគន្ធាទទួល​យក​បាច់​ផ្កា​កូឡាប​ពណ៌​ផ្កា​ឈូក​នេះ ដោយក្តី​ងឿង​ឆ្ងល់។ លោកស្រី​បើក​កូន​លិខិត​អាន​ភ្លាមមួយរំពេច។ តួ​អក្សរ​បារាំង​យ៉ាង​ស្អាត​ផ្តុំ​បាន​ជា​ប្រយោ​គ​ខ្លី​ដែល​មាន​សេចក្តី​ថា៖

សូមទទួលសេចក្តីសរសើរដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

ម្ចាស់បាច់ផ្កា

ប្រយោគ​មួយ​ឃ្លាយ៉ាងខ្លី ក្នុង​លិខិត​អនាមិក​នេះហាក់​ដូចជា​នាំ​ឲ្យ​លោក​ស្រីសុគន្ធាគិត​មិន​ឈប់​ឈរ​។ ពាក្យ​ថា «សរសើរ! សរសើរ​រឿង​អ្វី»​ បើ​លោកស្រី​មិន​បាន​ធ្វើ​សកម្ម​ភាពអក្សរសាស្ត្រ​-វប្បធម៌ ឬមនុស្ស​ធម៌​ម្តង​ណាសោះ។ គួរ​ឲ្យ​ឆ្ងល់​ណាស់!។ តើ​នរណា​ជា​ម្ចាស់​បា​ច់​ផ្កា​នេះ? តើគេ​មាន​បំណង​អ្វី​ហ្ន៎?!


ចាំ​មើល​ត​ទៅ​ទៀត។​លោកស្រី​កាត់​សាញ​ឈប់​គិត​ពិចារណា​រក​ហេតុ​ផល​ទៀត​ហើយៗគិតយ៉ាងខ្លីថា

ប្រហែល​ជា​ការ​ភ័ន្ត​ច្រឡំ​មិន​ខាន។ បើ​នឹង​បញ្ចូន​ត្រឡប់​ទៅ​ម្ចាស់​ដើម​ដែល​ជា​អ្នក​ផ្ញើ​បាច់ផ្កាមកក៏​បញ្ចូន​មិន​កើត​ដែរ។ ផ្កា​ស្រស់​មិ​នមែន​ដូច​ជាវត្ថុ​ដែល​គេ​អាច​ផ្ញើ​តា​ម​ប្រៃ​សណីយ៍កើត​ឯណា? ណ្ហើយ​ចុះ! គិត​ឃើញ​យ៉ាង​នេះ​ ​លោក​ស្រីសុគន្ធាក៏​កាត់​ទង​ផ្កាឲ្យ​ខ្លី​បន្តិច​ហើយ​រៀប​ដាក់​ផ្កាមួយបាច់នេះក្នុង​ថូ រួច​យក​ទៅដាក់​លំអ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។


នៅ​ពេល​ថ្ងៃ​ត្រង់ ស្វាមី​ និងបុត្រី​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​បរិភោគ​បាយ​ដូ​ច​រាល់​ថ្ងៃ។ អ្នក​ទាំង​ពីរ​ឃើញបុប្ជាស្រស់នៅក្នុងបន្ទប់ទទួលភ្ញៀវ​ដែលចោល​ក្លិន​ក្រអូប​​សាយ​ដល់នាសាក៏​ឧទាន​ឡើង​ថា ៖

- ផ្ទះ​យើងឥ​ឡូវ​នេះ មា​នផ្កា​ស្រស់​ដាក់​ក្នុង​ថូ​លំអផង !។

បុប្ជារី​សួរ​មាតា៖

- អ្នក​ណា​យក​ផ្កា​នេះ​មក​ឲ្យ​យើង​ម៉ាក់?

លោក​ស្រីសុគន្ធា​ឆ្លើយ​បង្វៀង។

- ម៉ាក់​គិត​ថា យើង​គួរ​តែ​ទិញ​ផ្កា​ស្រស់​មក​លំអ​ផ្ទះ​យើង​ម្តង​ម្កាល។ ផ្ទះ​ដែល​មាន​ផ្កា​ស្រស់​ ជា​ផ្ទះ​ដែល​មាន​សុភមង្គល​សិរី​សួស្តី​គួរឲ្យ​រីករាយត្រជាក់ចិត្ត​មែន​!

លោក​រិទ្ធិ​ញញឹម​ផងងក់​ក្បាលផង​យល់​ស្រប​តាម​វាចា​ភរិយា។ ជីវិត​ទាំងបី​ក៏​នាំ​គ្នា​បរិភោគ​ ដោយ​ឆ្លៀត​និយាយ​គ្នា​ពីនេះ​ពីនោះ។ លោក​រិទ្ធិ​មាន​ប្រសាសន៍​ប្រាប់ភរិយា។

- យប់នេះ អូន​នឹង​កូន​ញ៉ាំ​បាយ​មុន​បង​​ចុះ។ បង​មាន​ការ​រវល់​ត្រូវ​ទៅប្រជុំ​មិន​ដឹង​ម៉ោង​ប៉ុន្មាន​ត្រឡប់​មក​ដល់ផ្ទះ​វិញ។ អូន​កុំ​ទន្ទឹង​ផ្លូវ​បង​អី។

ចាប់​តាំង​ពីយប់​នោះ​មក លោករិទ្ធិ​ចូល​ផ្ទះ​លែង​ទៀត​ទាត់​ពេល​វេលា​ទៀត​ហើយ។ ការ​យឺត​យូរ​ខុស​ពី​ប្រក្រតី​នេះ តែង​តែ​មាន​ពាក្យ​ដោះ​សា​មិន​ឈប់​ឈរ។

ចំណែក​ឯ​លោកស្រី​សុគន្ធាវិញ​ក៏លែង​ទុក​ចិត្ត​ស្វាមី​ដូច​ពី​មុន​ទៀតដែរ​។រៀង​រាល់​សប្តាហ៍​ លោកស្រី តែង​តែ​ទទួល​បាច់​ផ្កា​កូ​ឡាប​ និង​កូន​អក្ខរាខ្លីៗ ដែលមាន​សេចក្តី​ថា ៖

«​ដោយ​សេចក្តី​ស្នេហា​មុះ​មុត» ​«​ដោ​យ​សេចក្តី​នឹក​រលឹក​យ៉ាង​ខ្លាំង» «ដោយ​សេចក្តី​ប្រាថ្នា​ចង់​ជួប…» ។ល។ និង​។ល។ សុទ្ធ​សឹង​ជា​ឃ្លា​ប្រយោគ​ដែល​បង្កប់​ន័យ​ស្នេហា។ ជម្រៅមនោសញ្ចេតនាស្នេហា​ ដែល​បញ្ចូន​តាម​សារ​ខ្លី​ៗ​ជាមួយ​បាច់​ផ្កា​កូឡាបនេះ បើ​ទោះ​ជា​ចិត្ត​បង្គាប់​ថា មិន​ចង់​គិត​ មិន​ចង់​ពិចារណា​ក្តី​ ក៏​ភាសា​នៃ​ផ្កា​កូ​ឡាប​បាន​បញ្ជាក់​ច្បាស់​ក្រឡែត។ លោក​ស្រីធ្លាប់​ស្គាល់​ភាសា​របស់​ផ្កា​ជា​ច្រើន។ ​ផ្កា​កូឡាប​ពណ៌​ផ្កា​ឈូក ឬ​ពណ៌ជម្ពូ​នេះ​ មានន័យ​ថា «សេចក្តី​ស្នេហា​លាក់​លៀម ឬស្នេហា​អាថ៌​កំបាំង»។

ឆ្ងល់​ណាស់ គេ​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​ផ្កា​អស់​ជា​ច្រើន​បាច់​ផ្ញើ​មក​លោកស្រី ហេតុអ្វី​ក៏គេ​ចាំ​បាច់​លាក់​ឈ្មោះ​គេ​ហ្ន៎? តើ​ម្ចាស់​បុប្ជា​កូលាប​នោះ​នៅ​ឯណា​? គេ​ជា​មនុស្ស​ប្រភេទ​ណា? ជា​ជន​ជាតិ​អ្វីបាន​ជា​មាន​សេចក្តី​ក្លាហាន​ហ៊ាន​បញ្ចូន​បាច់​ផ្កា​មកលោក​ស្រីសុគន្ធា​ ដែល​ពុំ​មែន​ជា​មនុស្ស​នៅ​ទំនេរ ឬ​មួយ​មាន​នរណា​ម្នាក់​ប្រឌិត​រឿង​លេង​សើច​ទេ​ដឹង? តាំង​ពី​បាន​ទទួ​ល​បាច់​ផ្កា​ទាំង​នោះ​មក​ លោកស្រី​រមែង​មាន​អារម្មណ៍​ប្លែក​ៗ ដែល​លោកស្រី​​គិត​មិន​យល់អំពីខ្លួនឯង​ទាល់​តែ​សោះ។

បើរាប់​ទាំង​លើក​នេះ​ទៀត នេះ​គឺ​ជា​លើក​ទី​ប្រាំ​បួន​ហើយ ដែលលោក​ស្រីសុគន្ធា​​មាតា​របស់​កញ្ញា​​បុប្ជារី បានទទួល​បាច់​ផ្កា​កូឡាប​ពណ៌​ស៊ី​ជម្ពូ។ ក៏​ប៉ុន្តែ​លើ​ក​នេះមិន​មែន​ផ្កា​កូឡាប​ពណ៌​ស៊ីជម្ពូ​ទៀត​ទេ គឺ​ពណ៌​ក្រហម​ស្រស់​វិញ​ម្តង។

បាច់​ផ្កា​លើក​នេះ មាន​ភ្ជាប់​លិខិត​មួយ​ច្បាប់​ជា​ភាសា​បារាំង​ដដែល​តែវែង​និងក្បោះ​ក្បាយ​ជាង​មុន។ លោក​​ស្រីអាន​លិខិត​ដែល​មាន​ន័យថា៖

Hautepierre, ៣១ សីហា ១៩៨៤

ជូនលោកស្រីជាទីស្រឡាញ់

នៅថ្ងៃ ខ្ញុំបានឃើញលោកស្រីលើកដំបូង ខ្ញុំរំភើបនិងរំជើបរំជួលចិត្តយ៉ាងខ្លាំង។

ខ្ញុំមានមនោសញ្ចេតនាប្លែកៗ។ខ្ញុំតែងតែនឹកគិតមកលោកស្រីជានិច្ចរាល់វិនាទី។

ចិត្តខ្ញុំចាប់ផ្តើមស្រឡាញ់លោកស្រីបន្តិចម្តងៗហើយមកដល់ពេលនេះ

ស្នេហាអាថ៌កំបាំងនេះកាន់តែមានទំហំរីកធំឡើងៗពេញក្រអៅបេះដូងខ្ញុំ។

ខ្ញុំពិបាកលាក់ទុកម្នាក់ឯងណាស់ទើបខ្ញុំដាច់ចិត្តទម្លាយចេញមកក្រៅតាមរយៈបាច់ផ្កា

ឲ្យធ្វើជាទូតនាំសារដួងចិត្តរបស់ខ្ញុំជម្រាបលោកស្រី។

ថ្វីបើរូបយើងទាំងពីរនាក់មិនដែលបានជួបមុខគ្នាដើម្បីសារសងពីសេចក្តី

ស្នេហាអាថ៌កំបាំងនេះពិតមែនតែខ្ញុំហាក់ដូចជាមានកូនចិត្តតូចមួយសង្ឃឹម

ញញឹមស្ងាត់ៗតែម្នាក់ឯងថាលោកស្រីពិតជាអាចយល់ចិត្តខ្ញុំនិងមានចិត្តមេត្តាខ្ញុំមិនខាន។

ខ្ញុំពុំអាចទ្រាំលាក់ទុកសេចក្តីស្នេហាសម្ងាត់ដែលបានចាក់ឫសយ៉ាងជ្រៅពេញ

ថ្នាលបេះដូងខ្ញុំតទៅទៀតបានទេ។ខ្ញុំតឹងទ្រូងណាស់លោកស្រី!ខ្ញុំពិបាកចិត្តណាស់

សូមលោកស្រីយល់និងជួយដោះស្រាយខ្ញុំផង។បើលោកស្រីមិនដាច់មេត្តាបណ្តោយ

ឲ្យខ្ញុំខូចទឹកចិត្ត ឬ ក្រៀមក្រំស្លាប់ទេនោះសូមលោកស្រីមេត្តាអញ្ជើញមកជួបខ្ញុំតែមួយភ្លែត

ក៏ខ្ញុំអស់ចិត្តដែរឲ្យតែខ្ញុំមានសំណាងបានសារភាពផ្ទាល់មាត់។

ខ្ញុំរង់ចាំជួបលោកស្រីនៅថ្ងៃសៅរ៍ ទី៣ កញ្ញា ១៩៨៤

ក្នុងសួនច្បារអូរង់ហ្សឺរី (Jardin de l’Orangerie)

វេលាម៉ោងបួនល្ងាចដោយអន្ទះសារជាទីបំផុត។

ខ្ញុំសង្ឃឹមថា លោកស្រីអាណិតរូបខ្ញុំបាទមិនខានឡើយ។ ខ្ញុំសូមអរគុណនិងស្រមៃថាបានជួប។

ម្ចាស់បាច់ផ្ការងាដួងចិត្ត


តើ​បុរស​ម្ចាស់​បាច់​ផ្កា​ជា​អ្នក​ណា? ជា​បារាំង​ ឬ​ជា​ខ្មែរ ឬ​ក៏​ជា​សាសន៍​អ្វី? ឱ! ម្ចាស់​ថ្លៃ​អើយ! លោក​​ស្រីសុគន្ធា​ដក​ដង្ហើម​ធំបញ្ចេញ​ខ្យល់​តាន​តឹង​ពី​ក្នុង​ឱរា។ ឱរា​ដែល​កំពុង​តែ​តឹង​ស្ទើរ​ប្រេះបែក​ទៅ​ហើយ​​។ នរណា​ឡើយ​គេ​មក​បង្កើត​រឿង​នេះ​ធ្វើ​ឱ្យ​លោកស្រី​ខ្វល់​ចិត្តដល់ម្លឹង ?។ ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍របស់លោកស្រី​ជា​មួយ​លោក​រិទ្ធិរយៈពេលដល់​ប្រាំ​ពីរ​ឆ្នាំ​មក​ហើយ លោកស្រី​ពុំ​ដែល​មានអារម្មណ៍​ប្លែក​ដូច​ពេល​នេះឡើយ។ តាមពិត លោកស្រី​មិន​ដែល​មាន​កូន​ចិត្ត​តូច​មួយ​ក្បត់​ស្វាមី​ឡើយ​ ទោះបី​ជាធ្លាប់​មានបុរស​បារាំង​ជា​ច្រើន មាន​បំណង​ប៉ង​ប្រាថ្នា​​រូប​លោក​ស្រី​យ៉ាង​ណាក្តី ក៏​លោកស្រី​មិន​ដែល​យករឿងរ​នេះ​មក​ដាក់​ក្នុង​អារម្មណ៍​សូម្បីម្តង​ណាសោះ។

ចុះ​ឥ​ឡូវ​នេះ? ឥឡូវ​នេះ​ម្តេច​ក៏​ចិត្ត​លោកស្រី​ខុសប្លែក​យ៉ាងនេះ​? ប្លែក​ត្រង់​ចង់​ឃើញ​ ចង់ស្គាល់​ភក្រ្តា​ម្ចាស់​អក្ខរាដែល​ជា​ម្ចាស់​បាច់​ផ្កាកុលាប​នេះ​ម្ល៉េះ? តើ​ម្ចាស់​បាច់​ផ្កា​នេះ​មាន​ឥទ្ធិពល​អ្វីធ្វើឲ្យដួង​ចិត្ត​លោក​ស្រី​តាន​តឹង​ដល់​ម្លឹង?

លោកស្រី​អាន​លិខិតអនាមិកនេះ​អាន​ហើយអានទៀត​ អាន​ដោយ​គិត។ គិត​ចុះ​គិត​ឡើង​គិតមិន​អស់​មិន​ហើយៗ​ភ័យ…និង​ឆ្ងល់ ដែល​គេ​ពិបាក​រក​ពាក្យ​ ឬ​គុណ​នា​ម​មក​ដាក់ឲ្យត្រូវ​ចំចិត្តចម្លែក​នេះណាស់។

ម្ចាស់​បាច់​ផ្កា​សូម​ណាត់​ជួប​លោកស្រី​នៅថ្ងៃ​សៅរ៍។ ថ្ងៃ​សៅរ៍ គឺជា​ថ្ងៃ​ស្អែក​។ ពេល​នេះ ជា​ពេល​ខ្លីណាស់​សម្រាប់​ទុកឲ្យ​លោកស្រី​សម្រេចចិត្តគិត​ថា ទៅ​ឬ​ក៏​មិន​ទៅ។ ពិបាក​មែន! ពិបាក​ដោះស្រាយ​មែន។

បើ​សម្រេច​ចិត្ត​ថា មិន​ទៅ​ វា​ជា​ការ​ងាយ​បំផុត តែ​ចង្រៃ​អ្វី​ចិត្ត​មួយ​ទៀត​ប្រទាញ​ប្រទង់​​យក​ឈ្នះ​ចិត្ត​មួយ​ទាល់​តែ​បាន។ គឺ​ចិត្ត​ចង់​ស្គាល់ ចង់​ដឹង​ថា អ្នក​ណា​ជា​ម្ចាស់​បាច់​ផ្កាកុលាប ដែល​ផ្ញើ​សារ​ស្នេហា​អាថ៌​កំបាំង​នេះ​មក​លោកស្រីជាបន្តបន្ទាប់!!!!!!

ណ្ហើយ! លោក​ស្រីសុគន្ធា​សម្រេច​ចិត្ត​ថា ត្រូវទៅ​ជួប​ម្ចាស់​បាច់​ផ្កា​ម្តង​ចុះ​កុំឲ្យ​នៅ​កើត​ទុក្ខនិងដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះ​ឲ្យដាច់ស្រេចទាំង​អស់​គ្នា។


ថ្ងៃសៅរ៍ ម៉ោង​បីរសៀល…

លោក​ស្រីសុគន្ធា​ចាប់​តុប​តែងកាយនិងសំអាង​មុខ​មាត់​។លោកស្រីជ្រើស​រើស​សំពត់​អាវ​ស្អាត​ជាង​គេ​មក​ស្លៀក​ពាក់។

លោក​ស្រីសុគន្ធា​លើក​ដៃឆ្វេង​មើល​នាឡិកា​ជា​ញឹក​ញាប់​ ព្រោះ​ចិត្ត​ហាក់ដូច​ជា​នៅស្ទាក់​ស្ទើរមិន​ដាច់​ស្រេច​ថា តើ​គួរ​ទៅ ​ឬ​មិន​ទៅ? នេះ​ពិត​ជា​ពិបាក​អារកាត់​មែន!

បើ​គេ​ងាក​ទៅ​មើល លោករិទ្ធិ​ជា​ស្វាមី​របស់លោក​ស្រីសុគន្ធា​វិញ លោក​ក៏​កំពុង​តែ​សំអិត​សំអាង​កាយ​​ណាស់ដែរ។ លោកចង​ក្រាវ៉ាត់ករ​ពាក់​អាវ​ធំ​យ៉ាង​សង្ហា។ កញ្ញា​បុប្ជារី​ឃើញ មាតាបិតា​តែង​តួ​ទាំង​ពី​នាក់យ៉ាងខ្ញង់ខុសពីរាល់ថ្ងៃ​ក៏​សួរ​ថា៖

- ម៉ាក់ និងប៉ា​អញ្ជើញ​ទៅណា​ហ្នឹង​បាន​ជា​ស្លៀក​ពាក់​ស្អាត​បាតត្រឹម​ត្រូវម៉្លេះ?

មាតា​នាងឆ្លើយ​តប​ដោយ​កុហក​បុត្រី៖

- ម៉ាក់​ចេញ​ទៅផ្សារ​មួយ​ភ្លែត។ កូន​ឯង​នៅចាំ​ផ្ទះណ៎ា។

រីឯ​បិតា​នាង​ក៏តប​ឆ្លើយ​មកនាង​វិញ​ដែរ៖

- ប៉ាៗ​ជាប់​ទៅ​រួម​ប្រជុំ​ទៀត​ហើយ។ ចាំ​អាទិត្យ​ក្រោយ​ សឹម​យើង​ដើរ​លេង​ទាំងអស់​គ្នា ឮទេ​កូន។ កូន​កុំ​ខឹង​ណ៎ា​កូន​ប៉ា។

លោក​ស្រីសុគន្ធា​មានអារម្មណ៍ច្រាសច្រាលហើយចិត្តនៅ​មិន​ទាន់​សម្រេចដាច់​ស្រេច​សោះ​។ ទ្រនិចនាឡិកា​​នៅលើករដៃឆ្វេងចង្អុលម៉ោង​បួន​ខ្វះ​១០នាទី​ លោក​ស្រីកាន់តែ​រារែក​ខ្លាំង​ឡើងៗទៅតាមសម្ពាធនៃពេលវេលា។​លោកស្រី​ពោល​ពាក្យ​ហាក់​ដូច​ជា​អង្វរ​ស្វាមី។

- បងមិន​អាច​ខាន​បាន​ទេឬ ​ក្នុង​ពេល​ប្រជុំ​លើក​នេះ?

- មិនបានទេ គន្ធា​អូន។ អង្គ​ប្រជុំ​ត្រូវ​ការ​វត្តមាន​របស់​បង​ចាំ​បាច់​ណាស់។ បងខាន​មិន​បាន​ដាច់​ខាត។

-កុំទៅប្រជុំ​អី​បង។ យើង​​នាំ​គ្នាទៅ​ផ្សារឬ​ដើរ​លេងឯណាឯណី​ជាមួយ​បុប្ជារី​កូ​នយើងវិ​ញល្អជាង។

បើយើងចេញក្រៅទាំងពីរនាក់យើង​ទុក​គ្នាឲ្យ​នៅផ្ទះ​តែម៉ង់ៗ​ម្នាក់​ឯង​ទៀត​ហើយ គួរឲ្យ​អាណិត​កូន

យើងណាស់បង។

លោករិទ្ធិ​មិន​សូវ​ចាប់​អារម្មណ៍​ពាក្យ​សម្តី​របស់​ភរិយា​ប៉ុន្មាន​ទេ។ លោក​ប្រញាប់​ប្រញាល់ ​ហើយ​លើក​ដៃ​មើល​ម៉ោង​បណ្តើរ បាញ់​ទឹក​អប់​លើ​កាយ​បណ្តើរ ហាក់​ដូច​ជា​ខ្លាច​យឺត​ពេល​ណាស់។ លោក​ឧទាន​​ឡើង ៖

- ខ្វះ​តែ​ប្រាំ​នាទី​ទៀត​ដល់​ម៉ោង​បើក​អង្គ​ប្រជុំ​ហើយ។ បង​ទៅយឺត​បន្តិច​ហើយ។ បង​ទៅ​ហើយ​ណ៎ា​អូន។

មានប្រសាសន៍រួច​ លោកស្ទុះ​ចេញទៅ​យ៉ាង​លឿន។ ​បន្តិចក្រោយមកភរិយា​របស់លោក​ក៏​ចុះ​តាម​ក្រោយ​លោក​ដែរ។

ម្នាក់​ៗ​ប្រញាប់​ប្រញាល់​ដូច​គ្នា។

*           *

*

ឧទ្យានអូ​រង់​ហ្សឺរី ជា​ឧទ្យាន​ដ៏​ធំ​ល្វឹង​ល្វើយ​មួយ​ស្ថិត​នៅ​ជិត​វិមាន​អឺរ៉ុប (Le Palais de l’Europe) ក្នុង​ទី​ក្រុង​ស្រ្តាស់​បួរ (Strasbourg)។​ ឧទ្យាន​នេះ ល្អ​ដាច់​គេ​។

នៅ​រដូវ​ក្តៅ​ មនុស្ស​ម្នា​នាំ​គ្នាមកលំហែ​កាយ​ជា​ហូរ​ហែ​ឥ​ត​ដាច់។ ឧទ្យានអូ​រង់​ហ្សឺរី ​មាន​សួន​សត្វ​តូច​មួយដែល មាន​​ ស្វា កុក ទីទុយ ក្ងោក​ ប្រើស​ ​ពពែ​ …​។ល។ នៅ​ម្ខាង​ឯណោះ​ មាន​បឹង​ធំ​មួយ​ដែល​មាន​សត្វ​ទាព្រៃញីឈ្មោល​​ហែលប្រដេញ​លេង​ឆ្វែល​ឆ្វាត់​ទៅ​មក​គួរឲ្យ​មនោរម្យ​ពន់​ពេក​ក្រៃ។ លោកស្រីសុគន្ធាធ្លាប់​មក​កម្សាន្ត​ទីនេះជាមួយ​គ្រួសារ ហើយ​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ផង។ នេះ​ជា​លើក​ទីមួយ​ហើយនៅក្នុង​ឆាក​ជីវិត​របស់​លោកស្រីដែលលោកស្រីអញ្ជើញមកតែម្នាក់ឯង។

ដប់​ប្រាំ​នាទី​កន្លង​ទៅ លើស​ម៉ោង​បួន​ទៅ​ហើយ …

លោកស្រី​នឹក​ឡើង​សែន​អៀន​ខ្មាសពេក​ណាស់ មិន​គួរ​ចិត្ត​ចើក​នាំ​រូប​កាយ​លោកស្រី​មក​ដល់​កន្លែង​នេះ​សោះ។

ទីកន្លែង​ណាត់​ជួប​ក៏​គ្មាន​បញ្ជាក់​ប្រាប់​ទីណាមួយ​ឲ្យ​ប្រាកដ។ ​តើ​ទៅ​រក​ឯណា​ឃើញ?​! មើល​ទៅ​មនុស្ស​ម្នានៅ​ជិត​ខ្លួន​ក៏​ពុំ​ឃើញ​នរណា​ម្នាក់​ដែល​គួរឲ្យសម្គាល់​ឃើញ​ថា គេ​មក​រង់​ចាំ​ជួបលោក​ស្រី​សោះ។ ជា​ពិសេស​ទៅទៀត​នោះ លោកស្រី​មិន​ស្គាល់​មុខ​ម្ចាស់​បាច់​ផ្កា​នេះ​ដូច​ម្តេច​ផង និងមិន​ដឹង​សាសន៍​អ្វីទៀត។​ តើ​ងាយ​ឯណា​លោ​ក​អើយ!

លោក​ស្រី​ដាក់​កាយ​អង្គុយ​លើ​កៅ​អី​ឈើ​មួយ​ទំនេរ​នៅ​ជិត​នោះ។

ស្រាប់​តែ… ស្រាប់​តែ​រំពេច​នោះ លោកស្រី​ភ្ញាក់​ព្រើត​ ដោយ​មាន​ទម្ងន់​ដៃ​មួយ​ដាក់​លើ​ស្មា​លោក​ស្រី។ លោក​ស្រី​រន្ធត់​ញាប់​ញ័រ​រក​ថា​ពុំ​ត្រូវក៏ងាក​ផាំង​បែរ​មុខ​មើល​មក​ក្រោយ។ ពុទ្ធោ​អើយ! លោក​ស្រីសុគន្ធាយល់​ជាក់​​រូប​លោក​រិទ្ធិ​ ជា​ស្វាមី​របស់លោកស្រី​ទេ​តើ។ លោកស្រី​ញញឹម​លែង​ចង់​សម។ ស្វាមី​របស់​លោកស្រី​ផ្តើម​សំណួរ។

- អូន​គន្ធា! ​មក​ទីនេះ​ធ្វើ​អីដែរ?

- ចុះបង​រិទ្ធិ! បង​មក​ទី​នេះ​ធ្វើ​អ្វី​ដែរ?

សំណួរ​គ្មាន​ចម្លើយ​ដូច​គ្នា…។ យល់​ថា​ពុំ​អាច​កុហក​គ្នា គូស្វាមី​ភរិយា​ក៏​សារភាព​ប្រាប់​គ្នា​តាមត្រង់ទៅវិញ​ទៅមក។

- អូន​សុំ​ទោស​បង​ចុះ អូន​ពុំ​គួរ​ធ្វើ​អ៊ីចឹង​សោះ​។ អូន​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​សុំ​ណាត់​ជួប​អូន​ទៅទីនេះ ម៉ោង​៤ល្ងាច។

- ​បង​ក៏​មិន​ខុស​ពី​អូន​ដែរណ៎ា​គន្ធា។ បង​ក៏​បាន​ទទួល​សំបុត្រ​​ប្រាំបួន​ច្បាប់​ពី​នារី​ម្នាក់​ ដែល​មិន​បញ្ជាក់​ឈ្មោះ។ នាង​បាន​ណាត់​សុំ​ជួប​បង​ នៅ​ថ្ងៃ​សៅរ៍​នេះ វេលា​ម៉ោង​៤ល្ងាច​ នៅទីនេះដែរ។

- ពេលនេះ ហួស​​ម៉ោង​៤ល្ងាច​ដែល​ណាត់​ក្នុង​សំបុត្រ​នេះ​ហើយ​មែន​ទេ​បង?

- មែនហើយអូន!

តើអូន​គន្ធា​ឬ​ដែល​ជា​ម្ចាស់​ចុតហ្មាយ​ទាំង​ប្រាំ​បួន?

- តើបងរិទ្ធិ​ឬជា​ម្ចាស់​ផ្កា​ទាំង​ប្រាំបួន​បាច់?

- ទេ! មិន​មែន​បង​ទេ? បង​មិន​ដឹ​ង​ខ្លួន​សោះ!

- ទេ! អូន​ក៏​មិន​ជា​ម្ចាស់​អក្ខរា​នោះ​ដែរ! អូន​ក៏​មិន​ដឹង​ខ្លួន​ដែរ!

លោក​រិទ្ធិ​ក៏​លូក​យក​លិខិត​ទាំង​អស់ចេញ​ពី​ហោប៉ៅ​ខោ។ លោក​បង្ហាញ​លិខិត​ចុង​ក្រោយ​ ដែល​មាន​ពាក្យ​សុំ​ណាត់​មកបង្ហាញ​ភរិយា។ លោកស្រីសុគន្ធាក៏​លូក​យក​លិខិត​ពី​កាបូប​យួរ​មក​បង្ហាញ​ស្វាមី​ដែរ​។

ហួសចិត្ត គេ​ទាំង​ពីរ​នាក់​ផ្ទុះ​សំណើច​ឡើង​ព្រម​គ្នា ហើយ​ប្រវា​ឱប​គ្នាយ៉ាង​ណែន ដោយ​មិន​ដឹង​ខ្លួនភ្លេចគិតថាខ្លួនកំពុងតែស្ថិតនៅក្នុងឧទ្យានសាធារណៈ។

គូ​ស្វាមី​កាន់ដៃ​គ្នា​បណ្តើរ​គ្នា​ត្រសង​សំដៅ​ទៅ​កាន់រថយន្តដើម្បីត្រឡប់​​ទៅផ្ទះ​វិញ​។

កញ្ញា​បុប្ជារី​ដែលកំពុង​ពួន​លប​មើល​មាតា​បិតាតាមមែក​រុក្ខជាតិ​មួយ​នៅក្បែរ​នោះ​មាន​ចិត្ត​រំភើប​រីករាយ​ជា​ពន់​ពេក កាល​បើបាន​ឃើញ​មាតាបិតា​ស្រឡាញ់​គ្នា​ដូច​គូ​សង្សារ​ថ្មោងថ្មី។ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​បុប្ជារី​បាន​ឃើញ​មាតា​បិតា​ឱប​រឹត​គ្នានៅចំពោះ​ក្រសែ​ចក្ខុ​គយ​គន់​របស់​នាង​ឥត​ពព្រិច​។ នាង​យល់​ថា ឱ! នេះ​ហើយ​ឬសេចក្តី​ស្នេហានោះ ?។ ស្រស់​កញ្ញា​សើច​ពព្រាយ​តែម្នាក់​ឯង។ ស្រាប់​តែនាង​ឃើញ​អ្ន​ក​មាន​គុណ​ទាំង​ទ្វេ​បណ្តើរត្រសង​កាន់​ដៃ​គ្នាកាត់ពី​មុខ​នាង​ ប្រកប​ដោយ​ទឺក​មុខ​ញញឹម​ប្រឹម​ប្រិយ​ ។ ស្រស់​កញ្ញា​បុប្ជារីអង្គុយ​ចុះ​លាក់​ខ្លួនពួនអាត្មានៅ​ត្រង់​គល់​ឈើ​ភ្លាម​មួយ​រំពេច កុំឲ្យ​មាតា​បិតា​ឃើញនិងយល់ថា ​គឺរូបនាងនេះហើយដែលជាអ្នករៀបចំសេណារីយោនេះ។

តាមគំនិតដ៏ក្មេងខ្ចី នាង​បុប្ផារីនឹកសង្ឃឹម​ថា ចាប់​ពី​រាត្រី​នេះ​ទៅ មាតាបិតាដ៏ជាទីស្រឡាញ់និង​ជាទីគោរព​របស់​នាង​លែង​បែក​បន្ទប់ លែង​បែក​គ្រែ​ទៀត​ហើយ…៕ចប់​៕

សរសេរចប់នៅស្រ្តាស់​បួរថ្ងៃ​ទី​៣ខែ​កញ្ញាឆ្នាំ​១៩៨៤

កែ​សម្រួលនៅម៉ុង​ទី​ញី ប្រទេស​បារាំង ថ្ងៃ​ទី​១៩កុម្ភៈ២០០៣
កែសម្រួលចុងក្រោយនៅភ្នំពេញថ្ងៃទី១ធ្នូ២០១០

សេចក្តីបញ្ជាក់៖​ អ្នកនិពន្ឋរក្សាសិទ្ឋិគ្រប់យ៉ាងគ្រប់ប្រទេស

ការចម្លងពាក្យពេចន៍ ឃ្លាប្រយោគ​ ឬសាច់រឿងបាច់ផ្កានេះទៅផ្សព្វផ្សាយតាមប្រព័ន្ឋណាក្តី ឬក៏យកទៅផលិតជាខ្សែភាពយន្ត

ពុំអាចប្រព្រឹត្តទៅបានឡើយ​ បើគ្មានការអនុញ្ញាតជាមុនពីខ្ញុំ ប៉ិច សង្វាវ៉ានដែលជាអ្នកនិពន្ឋរឿងបាច់ផ្កានេះ

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers