វីដេអូលោកហ៊ុយ សាន់និងលោកគង្គ ប៊ុនឈឿន
1 មីនាសូមអញ្ជើញទស្សនាកំសាន្ត
វីដេអូលោកហ៊ុយ សាន់ (តារាភាពយន្ត)
និង
លោកគង្គ ប៊ុនឈឿន(កវីដងស្ទឹងសង្កែ)
ដែលជាកវីនិពន្ធបទភ្លេងនិងទំនុកច្រៀងដ៏ល្បី
យល់ដឹងអំពីច្បាប់រក្សាសិទិ្ធអ្នកនិពន្ធ
28 កុម្ភៈតើអ្នកនិពន្ធស្នាដៃទទួលបានការ
ការពារបែបណាខ្លះ?
ដើម្បីជ្រាបច្បាស់
សូមអញ្ជើញលោកអ្នកកវីនិពន្ធអាននិងស្តាប់
តាមរយៈតំណខាងក្រោម
ដែលដកស្រង់ចេញពីគេហទំព័រ
នៃវិទ្យុបារាំងអន្តរជាតិRFI
សូមចុចលើតំណខាងក្រោម៖
http://www.khmer.rfi.fr/copyright-law
យោបល់លោកកែវ ឈុនលើរឿងស៊ី មីគាវ
13 កុម្ភៈរឿង «មី ស៊ីគាវ» ជារឿងកំប្លែងខ្លី ហើយមានន័យដ៏ជ្រាលជ្រៅ ទាក់ទង នឹង ការរស់ក្នុងសង្គមខ្មែរយើង។ រឿងនេះ ទាក់ទងយ៉ាងស៊ីជំរៅ នៅក្នុងប្រពៃណីទំនៀមទម្លាប់ និង ដួងព្រលឹងកូនខ្មែរគ្រប់សម័យកាលមកហើយ។
ការរស់នៅរបស់ប្រជាជននៅតាមជនបទនានា ខ្វះមុខខ្វះសព្វ ហើយជាពិសេសគឺខ្វះថ្នាំពេទ្យព្យាបាលជម្ងឺផ្សេងៗ ធ្វើឲ្យប្រជាជនទាំងនោះ ដាក់ជំនឿទៅលើខ្មោចព្រាយបីសាច ចេះកាច់ ចេះធ្វើឲ្យមនុស្សឈឺ ឬ ជាបាន យ៉ាងសក្ដិសិទ្ធទៀតផង។ អបិយជំនឿទាំងនេះ បានដិតជាប់ក្នុងអារម្មណ៍ប្រជាជនខ្មែរជារហូតមក។ ក្នុងជំនឿទាំងនោះ យើងសង្កេតឃើញតាំងពីការដាក់ឈ្មោះកូនចៅឡើងទៅ។ ពេលកូនកើតមក គេមិនហ៊ានសរសើរថា កូននោះស្រស់ស្អាត និង មិនហ៊ានដាក់ឈ្មោះកូនចៅនោះឲ្យពិរោះ ល្អស្ដាប់នោះទេ ឮហើយស្រឡាញ់ បៀតបៀនចង់បានយកទៅ និងធ្វើឲ្យកូនចៅនោះមិនសុខសប្បាយឡើយ។
អញ្ចឹងហើយបានជាការដាក់ឈ្មោះកូនចៅខ្មែរយើងដែលជួនស្ដាប់ទៅវាដូចជាមានការភ្ញាក់ផ្អើលមែនទែន ដូចជាឈ្មោះ «អាជ្រឹង អាជ្រុំ អាជ្រក់ អាជា មីកន្ត្រប់ មីក្អុក » ជាដើម។ ក៏មិនមែនមានតែជនជាតិខ្មែរនោះទេ ជនជាតិចិន ក៏ដិតជាប់ក្នុងជំនឿនេះយ៉ាងជ្រាលជ្រៅផងដែរ ដូចជាហៅឈ្មោះកូនថា «អាកៅ =អាឆ្កែ អាឡៅកាវ=អាស្វា អាទឺសៃ=អាអាចម៍ជ្រូក អាទឺមួយ=មីអូនជ្រូក » ជាដើមអញ្ចឹងដែរ។
ជនជាតិថៃ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដូចជនជាតិខ្មែរដែរ គេមានមេដឹកនាំប្រកាន់ «ទ្រឹស្ដីជាតិនិយម (une doctrine nationale)» ដ៏ខ្លាំងពូកែម្នាក់ ឈ្មោះហ្លួងពលត្រីវិចិត្រវាទកាន។ ក្នុងឆ្នាំ ១៩៣២ វិចិត្រវាទកាន កាន់ការក្នុងក្រសួងការបរទេស មានមុខនាទីជានាយកក្នុងក្រសួងវិចិត្រសិល្បៈ តាមរយៈ បទភ្លេង រឿងល្ខោន និង ក្នុងឋានៈខ្លួនជាអ្នកកាសែតផង។ វិចិត្រវាទកានបានផ្សព្វផ្សាយនូវទ្រឹស្ដីជាតិនិយមថៃបានយ៉ាងឆាប់រហ័ស ។
ទ្រឹស្ដីជាតិនិយមនេះ ត្រូវបាន អនុវត្ដន៍យ៉ាងពេញទំហ៊ឹង ដោយហ្លួងចមពល ភិបុលសង្រ្គាម ដែលក្នុងពេលនោះលោកជានាយករដ្ឋមន្ត្រី។ ហ្លួងភិបុលសង្រ្គាមបានកែប្ដូរឈ្មោះប្រទេសសយាម ជាប្រទេសថៃ ទាមទាទឹកដីឥណ្ឌូចិនពីបារាំង ប្រកាសឲ្យអនុវត្ដន៍ជាតិថៃនិយម ឲ្យប្រជាជនផ្លាស់ប្ដូររបៀបស្លៀកពាក់បែបបូរាណ (ឈប់ឲ្យស្លៀកសំពត់ចងក្បិន។ ស្ដ្រីឲ្យស្លៀកសំពត់) ឲ្យឈប់បរិភោគស្លាម្លូ ដាក់ឈ្មោះប្រុសៗ ឲ្យមានលក្ខណៈសំដែងភាពរឹងប៉ឹងខ្លាំងពូកែ ដាក់ឈ្មោះស្រីៗ -ឲ្យសំដែងពីភាពទន់ភ្លន់ផ្អែមពិរោះជាដើម។
អញ្ចឹងហើយបានជាយើងឃើញជនជាតិថៃច្រើនមានឈ្មោះពិរោះស្ដាប់ជាងខ្មែរយើង តែបើទោះជាយ៉ាងណាក៏ដោយ ក៏អបិយជំនឿ នៅតែដក់ជាប់នៅក្នុងដួងព្រលឹងជនជាតិនេះយ៉ាងច្រើនឥតគណនាដែរ។
ជនជាតិខ្មែរក្ដី ចិនក្ដី ថៃក្ដី សុទ្ធតែមានជំនឿ ទៅលើទ្រឹស្ដីព្រះពុទ្ធសាសនា យ៉ាងមុតមាំ ហើយប្រសិនបើយើងចេះយកព្រះពុទ្ធសាសនា ដែលពោរពេញទៅដោយសីលធម៌ មេត្ដាករុណាធម៌ សន្ដោសប្រោសប្រណី និង ការដែលប្រដៅឲ្យអោយចេះដុសខាត់ទៅរកវិជ្ជា និង ការកាសាង.., មកធ្វើជាមូលដ្ឋាន កសាងការរស់នៅឲ្យបានត្រឹមត្រូវពិតប្រាកដនោះ ប្រជាពលរដ្ឋខ្មែរ នឹង បានជួបនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរុងចំរើនជាមិនខាន។ ព្រះពុទ្ធព្រះបរមគ្រូ ទ្រង់ត្រាស់ជាអាទិ៍ថា អ្វីៗទាំងអស់សុទ្ធតែចេញមកអំពីចិត្ដ និង គំនិត។ បើចិត្ដគំនិតមិនស្អាតស្អំ អ្វីៗទាំងនោះ នឹងនាំមកនូវវិបត្ដិ និង ក្ដីវិនាសជាមិនខាន។ តែបើចិត្ដគំនិតស្អាតស្អំ ល្អបរិសុទ្ធស្មោះត្រង់ គ្មានគំនិតអាក្រក់វៀចវេរ អ្វីៗដែលកើតចេញមកទាំងប៉ុន្មានក៏ល្អប្រសើរគ្មានសៅហ្មងដែរ៕
គួរអានសៀវភៅល្អៗដោយលោកគឹម ចាន់ណា
10 កុម្ភៈកាលពីប៉ុន្មានឆ្នាំមុន លោកអ្នកនាងប្រហែលជាបានស្តាប់បទអត្ថាធិប្បាយរបស់ខ្ញុំ
ក្នុងនាទីអក្សរសិល្ប័ខ្មែរស្តីពីសិល្បៈក្នុងការនិយាយដែលរៀបរៀងដោយលោក
គឹម ចាន់ណាតាមរលកអាកាសវិទ្យុបារាំងអន្តរជាតិRFI។
តាំងពីពេលនោះរហូតមកដល់ពេលនេះ
លោកគឹម ចាន់ណា
បានបកប្រែនិងរៀបរៀងសៀវភៅល្អៗដ៏មានប្រយោជន៍ជាច្រើនទៀត។
លោកបានសរសេរថា
សៀវភៅទំាងនោះអាចជួយឲ្យលោកអ្នកនាងមានបទពិសោធន៍ក្នុងការត្រិះរិះពិចារណា
អាចយល់ចិត្តអ្នកដទៃនិងបានទទួលការស្រឡាញ់រាប់អានចូលចិត្ត។ល។
តាមរយៈទ្រឹស្តីល្អៗដែលលោក គឹម ចាន់ណាបានប្រមូលមកចងក្រងក្នុងសៀវភៅទាំងនេះ
លោកអ្នកនាងនិងមើលឃើញទិសដៅថ្មីក្នុងជីវិត…
សូមចុចអានអក្សរមួយបន្ទាត់ខ្លីខាងក្រោមនេះ៖
Ad 19 05 2011
ផ្សាយចេញពីសមាគមអ្នកនិពន្ធខ្មែរ
មានដាក់លក់នៅតាមតូបផ្សារថ្មី ផ្សារអុរឫស្សី
តាមបណ្ណាគារផ្សេងៗក្នុងទីក្រុងភ្នំពេញមនិងបណ្តាខេត្តនានា៕
កំប្លែង៖ឈ្មោះចម្លែកដោយប៉ិច សង្វាវ៉ាន
25 មករាជនមួយចំនួនបាននាំគ្នាទៅចុះឈ្មោះដើម្បីទទួលការព្យាបាលរោគឥតគិតថ្លៃដែលរៀបចំ
ដោយគ្រូពេទ្យស្ម័គ្រចិត្តសញ្ជាតិបារាំងដើមកំណើតខ្មែរនៅតាមនាវាចល័តមួយតាមដង
ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ដល់វេនយុវជនម្នាក់ដែលឈរមុខគេ។ ស្ត្រីអ្នកកត់ឈ្មោះសួរយុវជននោះថាៈ
- ក្មួយឯងឈ្មោះអី?
- បាទអ្នកមីង ខ្ញុំឈ្មោះឧត្តម។
- ចុះនាមត្រកូល?
- នាមត្រកូលខ្ញុំបាទ ឯក
- ចម្លែកម្ល៉េះ! ឯងឈ្មោះ ឯក ឧត្តមមែនអ្ហ៊ែ?។
- បាទមែន អ្នកមីង។
- ចង់ធ្វើអីថ្ងៃក្រោយ?
- មិនទាន់ដឹងដែរ។
- ឈ្មោះឯក ឧត្តម ចង់ធ្វើ ឯកឧត្តមនឹងគេទេ?
យុវជននេះលើកដៃអេះក្បាល បញ្ចេញទឹកមុខបែបស្ទាក់ស្ទើរហើយក៏ឆ្លើយថា :
- ចង់តិចៗដែរ តែគ្មានទុយយោ
- ខ្វះអី ទុយយោ នៅហាងលក់គ្រឿងសំណង់ផ្លូវត្រសក់ផ្អែមមានគគោគ ចង់បានប៉ុន្មានម៉ែត្រក៏គេលក់ឲ្យមិនថ្លៃប៉ុន្មានទេ។
និយាយរួច ស្ត្រីនោះហៅអ្នកបន្ទាប់ឲ្យចូលមកទៀត។
ឭពាក្យអ៊ី អ្នកស្រីកត់ឈ្មោះដូចជាឡើងកំដៅខ្លួនក្តៅភាយៗ។
- នាងឯងចិនឬ?
- ចាសទេ ខ្មុតសែ ពិតជាខ្មែរសុទ្ឋ មើលតែសម្បុរខ្ញុំដឹងហើយ។
- បើខ្មែរ ម៉េចមិនក៏មិននិយមប្រើពាក្យខ្មែរ ក្រែងស្រុកនេះស្រុកខ្មែរអ្ហី? ។
- ចាស ពាក្យចែ អ៊ី អាស្សាម អាមួយ អាហ៊ា អាចឹក ជាពាក្យពេញនិយមសព្វថ្ងៃនេះ។
- អ្នកណាថា?
- ចាស ខ្ញុំថា ថាតាមការសង្កេត និងតាមត្រចៀកខ្ញុំឮច្បាស់។
- យីស ខាតពេលច្រើនណាស់! ខ្ជិលតស៊ូមតិ។
- ប្រញាប់ប្រាប់ឈ្មោះមក ឈ្មោះអី?
- ឈ្មោះ នាងទាវ
- អ៊ីចឹងនាមត្រកូលនាងមែនទេ?
- ចាសមិនមែនទេ។ នាមត្រកូលនាងខ្ញុំ គឺទុំទៅវិញ។ ឈ្មោះហៅពេញលេញ គឺកញ្ញា ទុំ ទាវ។
– ឈ្មោះចម្លែកមួយទៀតហើយ។
- ពុកម៉ែនាងឯងកើតស្រុកណា ខេត្តណា?
-ពុកមិនដឹងកើតនៅស្រុកណាទេ ខ្ញុំចាំតែស្រុកម៉ែ។ ម៉ែខ្ញុំកើតនៅត្បូងឃ្មុំ ខេត្តកំពង់ចាម។
- ត្រូវម៉ាច់ ច្បាស់ជាទុំទាវចាប់ជាតិហើយបានជានៅអាល័យឈ្មោះនេះ។
- មិនដឹងដែរ ។ ខ្ញុំគ្រាន់តែដឹងថា ម៉ែពុកខ្ញុំចូលចិត្តមើលរឿងទុំទាវណាស់។
- ច្បាស់ជាពុកនាងឯងស្រឡាញ់ពេញចិត្តតួនាងទាវដែលសម្តែងដោយ
នាងដាញ់ម៉ូនីកាហើយបានជាដាក់ឈ្មោះឲ្យនាងឯងថាទាវ។
- អ្នកអ៊ី ពូកែស្មានដល់ហើយ។
- នែ ចេះពាក្យអ្នកអ៊ីនេះពីសាលាណា មិនដែលឭតាំងពីកើតមក។ រួចយ៉ាងម៉េចក៏នាំគ្នាស្រឡាញ់ពាក្យអ៊ី
នេះម៉្លេះ? គេនិយាយថា អ្នកមីង មិនមែន អ្នកអ៊ីទេ ឮឫនៅនាងទុំទាវ? ចម្លែកណាស់ នាងឯងនេះ ខុសគេ
តាំងពីឈ្មោះ តាំងពីសំដីសំដៅ …តាំងពីស្អីៗខ្លះទេ
- អូហ៍ ខ្ញុំនេះខុសគេ? ពុទ្ធោ ពុទ្ធំ! ឈ្មោះខ្ញុំខ្មែរ មុខខ្ញុំក៏ខ្មែរ សម្បុរខ្ញុំក៏ខ្មែរទៀត អ្នកមី…
- អើ ខ្មែរទាំងអស់ទាស់តែមិនចេះស្រឡាញ់លក្ខណៈខ្មែរ មិនចូលចិត្តប្រើពាក្យខ្មែរ។
ដឹងទេ? ចូលចិត្តយកពាក្យគេមកប្រើ គឺបានសេចក្តីថានាងឯងកំពុងតែមើលងាយខ្លួនឯងហើយ។
- សូមលាសិនហើយចាស។
- ឈប់សិន នាងទុំទាវ នាងហៅខ្ញុំថាមីផង! កុំព្រហើន
កុំឃើញខ្ញុំនិយាយលេងឡើងចាង។ ចេញទៅ! ហត់ណាស់!ស្រីឡប់ៗ។
មើល៍ តើមាននរណាឈ្មោះប្លែកទៀតទេ? លើកដៃឡើង។
អ្នកឈរចាំលើកដៃព្រាត ហើយស្រែកលាន់ថាខ្ញុំៗៗៗ។
អ្នកកត់ឈ្មោះនិយាយបង្អាក់សម្លេងហើយថា :
- ត្រូវគោរពវេនមុនក្រោយ៕ ចប់៕
កាដូទឹកភ្នែក ដោយព្រហ្ម កន្និដ្ឋា
25 មករាប្អូនថ្លៃ ៖ អ្នកបង ខ្ញុំយករឿងកុននេះមកជូនអ្នកបងមើល។ ហ៊ឺ! អ្នកបងអើយអ្នកបង !
តាំងពីណូអែលមក ខ្ញុំស្គាល់តែទឹកភ្នែក។ មុននឹងចូលគេងក៏ទឹកភ្នែក។ ពេលព្រលឹម បើកភ្នែកឡើងកាលណាក៏ទឹកភ្នែក។
បងថ្លៃ ៖ រួចចុះមានរឿងអីទៀតហើយបានជាយំស្រែកដល់ម្លឹង?
ប្អូនថ្លៃ ៖ ចាស! រឿងអី រឿងបេះដូងព្រហ្មលិខិត វាកម្រិតមកអ៊ីចឹង
បងថ្លៃ ៖ បេះដូងព្រហ្មលិខិត ?
ប្អូនថ្លៃ ៖ ចាស រឿងកុនកូរ៉េ កាដូណូអែលដែលខ្ញុំបានទទួល។ រឿងកុនដែលខ្ញុំយក
មកជូនអ្នកបងមើលនោះអី។ វាពិតជាកាដូទឹកភ្នែកមែន!
បងថ្លៃ ៖ ហាស! ហាស! ហា! ម្ចាស់ថ្លៃ! អ៊ីចឹងទេអ្ហី ! ឯងខំតែភ័យ ស្មានតែមានរឿងរ៉ាវ
អីនៅក្នុងគ្រួសារធ្វើឲ្យហូរទឹកភ្នែកមិនចេះចប់៕
ចំប៉ាមាសពេជ្រនិងចំប៉ាពេជ្រ ដោយអ្នកនិពន្ធទឹកភ្នែក
25 មករាថ្ងៃមួយ ខ្ញុំបានសរសេរសារអេឡិចត្រូនិចទៅលេងប្អូនធម៌ម្នាក់នៅអាមេរិកថា ក្នុងផ្ទះខ្ញុំមានមនុស្ស៣នាក់គឺប្អូនប្រុសខ្ញុំនិងកូនប្រុសទាំងពីរ។
ដែលមិនសូវហារមាត់និយាយស្តីសោះ កោតមិនចេះតឹងទ្រូង បើបិទមាត់ជិតម្លឹងៗ។
សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ប្រហែលជាខ្លាចធ្លាក់ ចំប៉ាមាស ហើយមើលទៅ?។
ស្រាប់តែប្អូនធម៌ខ្ញុំឆ្លើយមកវិញថា ប្អូនថ្លៃអ្នកបងក៏ដូចគ្នាដែរ មកពីធ្វើការវិញធ្វើបាយបន្តិចបន្តួចហើយចូលទៅប្រឡែងលេង
ជាមួយកូនបន្តិចក៏ស្ងៀមបិទមាត់ជិត ប្រហែលជាខ្លាចជ្រុះ ចំប៉ាពេជ្រ ហើយក៏មិនដឹង?។ តាមពិតរឿងនេះ វាមិនមែនជារឿងកំប្លែងទេ
ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាពាក្យនេះ ចំប៉ាមាសនិងចំប៉ាពេជ្រ នេះបានបណ្តាលឲ្យខ្ញុំអស់សំណើចសឹងតែរឹងពោះម្លឹងៗ?
នៅថ្ងៃស្អែកឡើង ខ្ញុំត្រូវនៅក្នុងស៊្ទុយឌីយ៊ោមួយម៉ោង។ ប្រសិនបើខ្ញុំ នឹកឃើញរឿងចំប៉ាមាស និង ចំប៉ាពេជ្រនេះហើយផ្ទុះសំណើច
ដូចកាលពីយប់ ម្ល៉េះសមមិនដឹងជាមានមាត់ឯណាមកនិយាយសូមទោសអ្នកស្តាប់កើត។ គ្រោះធំដល់ហើយពេលនោះ។ គិតទៅការផ្សាយផ្ទាល់មិនស្រួលទេណា។
រឿងមួយទៀត។ ម្តងនោះ សហការីខ្ញុំម្នាក់កំពុងតែនិយាយផ្សាយស្រាប់តែឈាមហូរពីច្រមុះមកគុកៗប្រឡាក់អាវសរគាត់។ ខ្ញុំស្រឡាំងកាំង ព្រោះទើបតែប្រទះជាលើកដំបូងក្នុងជីវិតការងារ ។ ទោះជាចង់ហារនិយាយជាមួយសហការីខ្ញុំក៏និយាយមិនកើត ព្រោះពេលនោះ មីក្រូកំពុងតែបើក ។ បើនិយាយច្បាស់ជាឮដល់អ្នកស្តាប់។
ម៉្លោះហើយ ខ្ញុំគិតតែខំនិយាយភាសាគរធ្វើដៃជាសញ្ញាឲ្យគាត់ឈប់អានអត្ថបទផ្សាយទៅ តែគាត់លើកដៃមកខ្ញុំវិញ មិនដឹងជាចង់ថាស្អីទេហើយចេះតែផ្សាយតទៅទៀត។ ឈាមក៏ចេះតែហូរពីច្រមុះមកតក់ៗមិនដាច់សោះ។ ចុះស៊យអីគាត់ថ្ងៃនេះ?
នៅរឿងមួយទៀត ។ ថ្ងៃមួយនោះ មិនដឹងជាឆ្នាំណាទេ នៅចាំតែថ្ងៃចូលឆ្នាំថ្មី ស្រាប់តែសន្តិសុខនៅជាន់ក្រោម ទូរស័ព្ទមកប្រាប់ថាមានភ្ញៀវម្នាក់ចង់ជួបដើម្បីយកកាដូមកជូនតែមួយភ្លែត។
អ្នកស្តាប់នេះចិត្តល្អដល់ហើយ ។ ប៉ុន្តែ នរណាដឹងថាគាត់ចិត្តល្អមែនទែនឫចិត្តល្អលេងៗ។ យី ពូកែលៃមែនតែម្តង យកកាដូមកឲ្យមុនម៉ោងផ្សាយតែប្រាំនាទី។ កំពុងតែផ្អើលពីរឿងភេរវកម្មបំផ្ទុះគ្រាប់បែកតាមរថភ្លើងផង ក៏ឆ្លើយប្រាប់សន្តិសុខវិញថា យើងមិនអនុញ្ញាតឲ្យឡើងមកទេ ព្រោះភ្ញៀវនេះមិនបានណាត់ទុកជាមុន ខ្លាចមានគេមករ៉ៅឆានរំខានការងារ។ សន្តិសុខយល់ស្របគំនិតខ្ញុំ។ ឱ! មិនដឹងជាអ្នកចិត្តល្អដែលមិនដឹងជាមកពីណាពីណីនេះពិតជាមានសន្តានចិត្តល្អមែនឫក៏….
មិនដឹងជាគាត់ខកចិត្តយ៉ាងណាយ៉ាងណីទេហ្ន? ។ ប៉ុន្តែ នេះជាមេរៀនមួយសម្រាប់គាត់ដែរ។ គាត់គួរតែចេះច្បាប់សុជីវធម៌ មិនមែននឹកចង់មកក៏មកភ្លាមដូចចង់ទៅផ្សារ និងទៅហាងលក់ទំនិញ ឬក៏ទៅប្រែសណីយ៍ផ្ញើសំបុត្រទេ។
រឿងទាំងអស់នេះចាត់ទុកជារឿងប្រភេទអីអីទៅហ្ន?
រឿងកំប្លែងគំនិតនាយច្រូច៖ព្រហ្ម វ៉ាន់មុនីម៉ាដឺឡែន
14 មករាដកស្រង់ចេញពីព្រឹត្តប័ត្រ សម្លេងC5 លេខ១
តាំងពីមកនៅក្នុងជំរុំភៀសខ្លួន នាយច្រូចហាក់មានគំនិតប្លែកៗ។ ថ្ងៃមួយវាគិតថា អាត្មាអញ បើសិនជាកាត់ខោមួយទុកហាត់កីឡាបែបស្អាត ព្រោះក្រមុំៗនៅក្នុងជំរុំនេះ
ចូលចិត្តមើលកីឡាណាស់ តែដូចជាខ្វះក្រណាត់……..។ អូហ៍! នឹកឃើញហើយ។អញគិតយកខោវែងពណ៌ស៊ុកូឡាមកកាត់ជើងពាក់កណ្តាល។ កាលណាដេររួច ហើយ អញទៅសុំអំបោះឡែនគេមកប៉ាក់ជាអក្សរភ្លេង ឡូយមែន អស្ចារ្យរ៉ុយៗ ទៅណាវា។ តើមានកំលោះណាដូចអញនៅក្នុងជំរុំនេះ។ ឯស្រីៗពិតជាចាប់អារម្មណ៍លើអញមិនខាន។![]()
មួយថ្ងៃក្រោយមក វាក៏ដេរខោនោះបានដូចបំណងមែន។ ព្រលឹមឡើងនាយច្រូចស្លៀកខោដ៏អស្ចារ្យនោះធ្វើឲ្យគ្រួសារទាំងមូល ភ្ញាក់ផ្អើលនិងហួសចិត្តពន់ពេក។ ដៃម្ខាងកាន់ក្រដាសមួយសន្លឹក ។ ដៃម្ខាងទៀតក្រពាត់ទៅក្រោយ។នាយច្រូចដើរចុះដើរឡើងនៅក្បែរអណ្តូងទឹក សង្ហាមែនអាច្រូច !។ថ្ងៃនេះអាច្រូចពិតជាលេខ១មែន !។ បងប្អូនជិនឫកអាច្រូចគ្រប់ៗគ្នា តែខ្ជិលនិយាយព្រោះអាច្រូចជាមនុស្សលែងស្តាប់បងប្អូនទៅហើយ។
ចុះអ្នកក្រៅ មិនដឹងជាជិនឫកអាច្រូចយ៉ាងណា?
ថ្ងៃ២៩មិថុនា១៩៧៦
ក.ក.ន. ព្រឹត្តប័ត្រសម្លេងC5សរសេរដៃដោយប្អូនស្រីខ្ញុំពីរនាក់
ដែលមានទេពកោសល្បផ្នែកសារព័ត៌មានដោយមិនដឹងខ្លួន។
រស់នៅក្នុងជំរុំនេះយូរពេកដើម្បីរង់ចាំចេញមកប្រទេសបារាំង
ភាពតប់ប្រមល់និង ក្តីកង្វល់ បានជំរុញឲ្យអ្នកទាំងពីរចាប់ដងប៉ាកកា
សរសេរពីនេះពីនោះដើម្បីបំបាត់ការអផ្សុកនិងការសៅហ្មង ។
គុណធម៌៤ ជាព្រហ្មវិហារធម៌
14 មករាមានមេត្តា ករុណា មុទិតា ឧបេក្ខា
មេត្តា គឺ សេចក្តីស្រឡាញ់ដោយស្មោះត្រង់ ស្មើភាពជាទូទៅឥតរើសមុខឥតប្រកាន់បក្សពួក។
ករុណា គឺសេចក្តីអាណិតអាសូរ និង ជួយយកអាសាអ្នកទុគ៌ត អ្នកមានទុក្ខវេទនាទាំងឡាយ។
មុទិតា គឺសេចក្តីត្រេកអរតាមអ្នកដែលមានសេចក្តីសុខប្រកបដោយបិតិស្មោះសរ។
ឧបេក្ខា គឺការតាំងចិត្តជាកណ្តាលស្មើ មិនញាប់ញ័រ និងលោកធម៌ទាំង៨ប្រការមិន
លំអៀងដោយអគតិទាំង៤ គឺ ឆន្ទាគតិភយាគតិ ទោសោគតិ មោហោគតិ៕
ប្រមូលរៀបរៀងដោយ ជ័យ វរិន្ទ ហៅ ព្រហ្ម មេត្តា
និងដកស្រង់ចេញពីសៀវភៅ <សច្ចធម៌ និង គតិបណ្ឌិត>
រូបផ្កាទាំងពីរគ្រាន់តែលម្អទំព័រនេះប៉ុណ្ណោះ ឥតទាក់ទងនឹងអត្ថបទខាងលើទេ។
























មតិយោបល់ថ្មីៗ