រង្វាន់អក្សរសិល្ប៍«សន្តិភាព»
លើកទី២ឆ្នាំ២០០០
នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស
*************************************************************************************************
សេចក្តីអំពាវនាវ
សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ស្វែងរកអ្នកស្រី ស៊ី សុវណ្ណដែលជាអ្នកនិពន្ធរឿង«ដួងចិត្តសន្តិភាព» ដើម្បីប្រគល់សំណៅរឿងនេះ។
បើសាមីខ្លួនបានអានសេចក្តីអំពាវនាវនេះឬបើអស់លោកអ្នកនាងណាបានស្គាល់អ្នកស្រី ស៊ី សុវណ្ណ
សូមប្រញាប់ទាក់ទងមកអាសយដ្ឋានអេឡិចត្រូនិចaeke.sp@gmail.com
ជាបន្ទាន់ឬតាមប្លក់នេះ។ សូមអរគុណ។
***************************************************************************************************
ដួងចិត្តសន្តិភាព
ដោយអ្នកស្រីស៊ី សុវណ្ណ
រក្សាសិទិ្ធ
ដកស្រង់ជំពូកទី១០
មេឃាភ្លឺថ្លាចែងចាំងរស្មី ពពកខ្មៅបានរសាត់ផាត់ទៅឆ្ងាយពីនភាល័យពីកំពូលប្រាង្គវិមានឯករាជ្យ។
ព្រាបសទាំងហ្វូង ព្រមទាំងប៉ោងៗត្រូវបានបង្ហោះឡើង។ ភ្លេងត្រែកងយោធពលខេមរភូមិន្ទបានបន្លឺបទវីរភាព វរជនជាតិតស៊ូជំនាន់អាណានិគមបារាំង។
គឺជាពិធីហែព្យុហយាត្រារំលឹកខួបឯករាជ្យបន្ត ព្រោះសង្គ្រាមស៊ីវិល និងសង្គ្រាមមនោគមវិជ្ជានៃឥទ្ធិពលពិភពលោកបានបាត់ស្ងាត់នូវពិធីនេះ ជាងពីរសត្សវត្សរ៍ហើយ។ បុប្ផាតាមឧទ្យានចេញសម្រស់និងក្លិនគន្ធាពិដោរអបអរទិវាដ៏មហោឡារិកជាប្រវត្តិសាស្រ្ត។
នៅតាមខេត្ត ខ្មែរក្រហមសេសសល់បានវិលមករួមរស់ក្នុងសង្គមជាតិបណ្តើរ ចោរព្រៃមួយចំនួននិងចោរកម្មក្នុងក្រុងក៏បន្ថយឥទ្ធិពលដោយសារកម្លាំងសាមគ្គីភាព ឯកភាពផ្សះផ្សាជាតិ។
ប្រជាពលរដ្ឋខេមរា បានឈរអបអរទះដៃពិធីបុណ្យសម្លឹងទៅលើវេហាស៍ហាក់ចង់បញ្ជាក់ប្រាប់ព្រាបទាំងឡាយថា «ព្រាបស! ព្រាបសុខ! ព្រាបដែលជាតំណាងសន្តិភាពពិត»។
ចំណែកលោករ៉ូលង់ លីរ៉ូស លោកប្លាលី ដូឃែ, លោករ៉ាម៉ែនគីរីបែត, លោករ៉ាមែន សិទ្ធិយ៉ា ឬឆោមរិទ្ធិបានឈរសាសងគ្នា ជាមួយលោកសុបុណ្យ និងលោកសូជន រួមលោកមាស នោម។ ផ្នែកស្រ្តី គឺ រចនា ធីតា និមល លោកអ៊ុំ ចំណាន មីងសុភី អ៊ុំសុផា មីងសាន ឈរម្តុំ។ ឆោមរិទិ្ធ ខេមរា សាគុណ ឆោមរិន្ទម្តុំ ឯស៊ីថា ផានី អ្នកគ្រូ ភិរុណឈរម្តុំ។ គេទាំងអស់គ្នា ឈរសាសងតាមប្រការដែលនឹកឃើញជាហូរហែ។
ឆោមរិទ្ធិខ្សឹបប្រាប់សាគុណ៖
- ភិរុណហ្នឹងឯងដែលគ្នាផ្តាំតាមខេមរាឲ្យសួរនោះណ៎ា! ម៉េចស្អាតទេ សាគុណឯងដណ្តឹងគេទៅណា!…
- ពួកយើងខាងណេះ ខាងណោះបានឆ្លងកាត់អាពាហ៍ពិពាហ៍ រួចអស់ហើយ ប្រកបដោយសេចក្តីសុខ។ យើងមានចិត្តស្ងប់ក្នុងដួងចិត្ត!… ពេលណា យើងស្ងប់ គ្រប់ការស្រណុកនិងលំបាក! ស្ងប់និងការអនុគ្រោះ ស្ងប់និងការរួបរួម ស្ងប់ដោយការត្រូវវិញ គឺ ជាប្រភពស្ងប់ដ៏ពិតឥតក្រឡះ ឥតបែកបែរពីសាមគ្គីធ្លុងមួយ ក្នុងសង្គមគ្រួសារ ក្នុងសង្គមជាតិទាំងមូល។ ជាតិខ្មែរយើងនឹងប្រមូលផ្តុំបានពលរដ្ឋ វិរជន យុទ្ធជន ដែលមានសុឆន្ទៈនៃសភាវៈពិតដ៏ពិតនៃក្តីស្ងប់នេះ។ ខេមរាពោលប្រាប់ទៅសាគុណនិង ឆោមរិទ្ធិ។ ឯរិទ្ធិវិញក៏មានមតិស្របវិញថា៖
- ត្រឹមត្រូវណាស់ ឯករាជ្យជាតិយើងក៏មានអធិបតេយ្យភាពយូរលង់ ដោយមនុស្សមាន«ដួងចិត្តសន្តិភាព» ថែរក្សា។ស្មារតីទទួលខុសត្រូវបញ្ហាឯករាជ្យនេះត្រូវតែមាននៅលើខ្មែរគ្រប់រូប ត្រូវតែការពារព្រោះថាជាក្លិនផ្កាសាមគ្គីផ្កាសន្ដិភាពដែលក្រអូបសុសសាយពេញមាតុភូមិយើងចោលសម្រស់កិត្តិគុណលើពិភពលោកផងដែរ។
សាគុណក៏បន្តបន្ថែមទៀត៖
-ការបញ្ជប់ហិង្សា ទស្សនៈសួនតួ អត្តទត្ថនិយម ទុទិដ្ឋិនិយម គឺដើម្បីឲ្យសន្តិភាពបោះជំហានទៅមុនលើឆាកអន្តរជាតិ។ «ដួងចិត្តសន្តិភាព» ជាច្រើនរួមគ្នា ជាបុប្ផាចម្រុះពណ៌ក្នុងឧទ្យាននៃអារ្យមេត្រីនៃបំណងសាមគ្គីអន្ដរជាតិដ៏យូរលង់។ ពិភពលោកនិងប្រែប្រួលសោភណភាព ស្ងាត់គ្រាប់រំសេវ ស្ងាត់ការគំរាម ជាដើមមែនទេខេមរា?។
ចំណែក ឆោម សិទ្ធិ បាននិយាយជាភាសាអង់គ្លេសឲ្យសម្លាញ់ទាំងពីរស្តាប់ប្រហាក់ប្រហែលនឹងគំនិតរបស់អ្នកទាំងបីនេះដែរ។
លោកបានថតយករូបភាពព្យុហយាត្រា ព្រមទាំងថតយកវិមានឯករាជ្យទាំងមូល ដោយមានក្រុមសាច់សារលោហិត ឈាមខ្មែរតែមួយនៃបងប្អូនលោកមាស ឆោម សម្លាញ់ ជាតិអាមេរិក បារាំងផងដែរ។ គឺជាមហាគ្រួសារគំរូមួយតំណាងឲ្យសង្គមជាតិខ្មែរ និងពិភពលោកឯកភាពមនោរម្មណ៍ដូចគ្នា។
ប្រាំពីរថ្ងៃកន្លងមក រចនា និងធីតា ឆោមរិទ្ធិបានឃ្លាតពីមាតុប្រទេសទៅបំពេញវិជ្ជាបំប៉នជំនាញមួយឆ្នាំតាមផ្លូវការក្រោយពីបញ្ចប់ឆ្នាំនៃមហាវិទ្យាល័យ។
ធីតាត្រូវទៅសម្តែងរបាំអប្សរាសន្តិភាពនៅប្រទេសអាមេរិកតាមរយៈក្រសួងវប្បធម៌ និងការបរទេស។ លោករ៉ាម៉ែន គីរីបែត ក៏បានទៅអាមេរិកផងដែរ ព្រោះលោកមិនមានបេសកកម្មនៅកម្ពុជាទេ។
*
* *
នៅសហរដ្ឋអាមេរិក…
ទីក្រុងវ៉ាស៊ីតោនធ្វើឲ្យរចនា ឆោមរិទ្ធិ និងធីតាស្ងើចសរសើរពេកក្រៃ ទាំងសោភ័ណភាព សុជីវធម៌ អារ្យធម៌ គឺជឿនលឿន វឌ្ឍនភាពបំផុតសមជាប្រទេសមហាអំណាច។
រចនាអង្គុយមើលប្អូនសម្តែងរបាំជិតស្វាមីរបស់នាង។ ខាងឆ្វេងខ្លួនគឺឪពុកចិញ្ចឹមរបស់ឆោមសិទ្ធិ ព្រមទាំងមិត្តភក្តិ។
របាំអង្គរក្នុងការកសាងនាសតវត្សរ៍ទីដប់ពីរក៏បានបើកឆាក។ ប្រជាពលរដ្ឋអាមេរិកទះដៃសាទរបំផុត។
របាំចុងក្រោយតៗមកទៀតសុទ្ធតែ បានឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ពិតៗរបស់ខ្មែរ។ ចុងបញ្ចប់នៃកម្មវិធីគឺការសម្តែងរបាំ «អប្សរាសន្តិភាព» នៃឆាយាលើអង្គរ។ធីតាក្នុងសម្លៀកបំពាក់អប្សរាពណ៌សឆ្លុះនិងគ្រឿងលម្អ។ចំណែកអប្សរាទាំងបួនទៀតស្លៀកពណ៌បៃតងខ្ចីលេចរូបសម្ផស្សដ៏ល្អស្អាតគួរឲ្យទស្សនិកជនទាំងអស់់គយគន់់។ នៅដៃនាដការីទាំងអស់គ្នាមានកាន់ផ្កា និងព្រាបដូចគ្នា។
នៅចំហៀងឆាកខាងជើង សិល្បករក្នុងសម្លៀកបំពាក់អ៊ុនតាក់ដើរមកជិតធីតា។ ធីតាក៏ដោះកម្រងផ្កាបំពាក់ជូន ព្រមទាំងហុចព្រាបជូនផង។ អ៊ុនតាក់ទាំងបីទទួលព្រាបរួមនិងបាច់ផ្កា រួចក៏ព្រលែងព្រាបពោលរៀបរាប់ជាភាសាអន្តរជាតិថា៖
- «ស្វាគមន៍កម្ពុជា!»
- ស្វាគមន៍ប្រជាពលរដ្ឋអាមេរិក! អង្គរបានបោះជំហានទៅរកសន្តិភាព និង រុងរឿងជាថ្មីលើសកលលោកហើយ។
- ស្វាគមន៍ទស្សនិកជន! អប្សរាព្រាបសុខសន្តិភាព គឺជាមន្តស្នេហ៍ព្រេងព្រឹទ្ធិនៃវប្បធម៌យូរលង់របស់ខ្មែរ។
-អបអរកម្ពុជា! អបអរសិល្បករកម្ពុជា!
ស្នូរទះដៃកងរំពង អបអរការឧទ្ទេសនាម។ ឯអប្សរាទាំងបួនទៀត ក៏បានជូនព្រាបនិងបាច់ផ្កា ដល់សិល្បករតំណាងឲ្យកងយោធពលខេមរភូមិន្ទទាំងបីដែរ។ ភ្ញៀវទស្សនាដទៃៗក៏បានជូនបាច់ផ្កាដល់សិល្បករផងដែរ។
ដើម្បីបញ្ចប់វគ្គ ធីតានាងឈរច្រៀងបទចម្រៀងជាមួយកងយោធពលខេមរភូមិន្ទម្នាក់ជាតំណាងកងទ័ពខ្មែរដែលស្នេហាការបង្រួបបង្រួមជាតិស្ងប់សុខសាន្តគ្មានលម្អៀង។ កាយវិការសម្តែងរបស់ធីតាទន់ភ្លន់។ នាងកាន់ឧគ្ឃោសនស័ព្ទបំពងទឹកដមសំឡេងយ៉ាងពីរោះ ម្តងម្នាក់ជាមួយសិល្បករបុរសជាកងទ័ពដែលមានកាយវិការអង់អាច។
បទចម្រៀងនេះមានចំណងជើងថា «ដួងចិត្តសន្តិភាព»
១-វេហាស៍ខៀវខ្ចីផ្ទៃមេឃស្រឡះ
ពពកខ្មៅក្រាស់រសាត់ផាត់ឆ្ងាយ
កម្ពុជាស្ងប់សុខផុតទុក្ខទាំងឡាយ
ខ្មែរឈប់ខ្វល់ខ្វាយបានយល់រស្មី។
២-ដួងច័ន្ទដួងចិត្តមណ្ឌលសីមា
គោកធ្លកសីមាវាសនាអង្គរបូរី
ដួងព្រលឹងខ្មែរខេមរាប្រុសស្រី
ឈាមក្រាលផែនដីប្តូរសន្តិភាព។
បន្ទរ៖ ស្រទន់ដួងចិត្តត្បិតយល់កោះត្រើយ
ទ្រូងខ្មែរបានស្បើយថ្លែងប្រាប់រាប់រៀប
ប្រាប់ទ្វីបលោកាស្នេហាសន្តិភាព
បេះដូងពេញប្រៀបស្នេហ៍បរិសុទ្ធ។
៣-ក្លិនផ្កាសាមគ្គីក្រអូបសុះសាយ
ជាតិបានសប្បាយត្រួសត្រាយឆ្លងផុត
សម្រេចវាសនាឆ្លងមហាសមុទ្រ
ទើបសមកុលបុត្រកម្ពុជាអើយ។
រចនាជាបងស្រី បាននិពន្ធទំនុកច្រៀងទុកជូនប្អូនស្រីឲ្យយកទៅក្រសួងវប្បធម៌ ដើម្បីសម្រួលលំនាំអមកំដរឆាក។ បទចម្រៀងដ៏មានអត្ថន័យសែនពីរោះហើយមានខ្លឹមសារនិងឧត្តមគតិបំផុតដល់សោតានិងដួងចិត្តរបស់ឆោមរិទ្ធិ ។
ប្រាំបីថ្ងៃបន្ទាប់ ធីតាបានត្រឡប់ទៅមាតុភូមិវិញ ដោយនាំទាំងកាសែតជាច្រើនទៅជូនលោកប៉ានិងអ្នកម្តាយអានកម្សាន្ត។ចំណែកឆោមរិទ្ធិនិង រចនា ក៏បានចូលរៀនក្នុងវិទ្យាស្ថានជំនាញឯកទេសរៀងៗខ្លួន។ ពេលយប់ ទើបទៅសម្រាកនៅផ្ទះរបស់រដ្ឋខ្មែរក្បែរស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក គឺជាជោគជ័យនៃការសិក្សារបស់គេទាំងពីរកន្លងមក សមតាមបំណង។
*
* *
នៅប្រទេសបារាំង សុទ្ធារីបានទទួលសំបុត្រមួយច្បាប់ពីអតីតសង្សារ គឺឆោមរិន្ទ។
ភ្នំពេញ
ស្រមៃជានិច្ច!…
មកដល់អូនសុទ្ធារី និងបុត្រ
សុទ្ធារីជាទីស្នេហា!
កាលៈទេសៈនៃដំណើរយុវវ័យបានរៀបចំឲ្យយើងបានជួបគ្នា ស្រឡាញ់គ្នារកទីបំផុតគ្មាន។ ក្លិនផ្កាម្លិះដែលអូនបានជូនបងនៅតែក្រអូបជាប់នាសា បងជានិច្ច!…
ពេលវេលាគ្មានកំណត់ អពមង្គលនៃការសេពគប់បានបំបែរចិត្តមេត្រីស្នេហ៍ពីអូនមួយរយៈធំកន្លងមក!…បងសែនស្តាយ! បន្សល់ការខ្វល់ខ្វាយដល់ប៉ាអូនដល់រូបអូន ដែលតែងគេងយំខឹងបងរាល់រាត្រី។
សុទ្ធារី បងបានឃើញរូបថតកូនប្រុសរបស់បងហើយ គេមានភក្រ្តដូចបងណាស់!
បងសូមការអនុគ្រោះពីអូនផង!
សុទ្ធារី ង្សារបង! ថ្ងៃអនាគត អូនត្រូវជឿជាក់បងជាថ្មី ។ បងនឹងធ្វើខ្លួនបងឲ្យសមជាឪពុកដ៏ល្អ! ជាស្វាមីដ៏ឧត្តម ជាស្ពានជីវិតដ៏រុងរឿងតទៅមុខ!
អាពាហ៍ពិពាហ៍នឹងរង់ចាំអូន! បងៗយើងគេរៀបមង្គលការអស់ហើយ សល់តែយើងទាំងពីរ។បើអូនបដិសេធយ៉ាងណានោះគួរនឹកឃើញដល់ការស្រឡាញ់របស់ម៉ាក់បងចំពោះអូនណ៎ាអូនណ៎ា។
លោកប៉ាអូន បច្ចុប្បន្ន នេះគាត់មិនបានស្អប់ខ្ពើបបងឡើយ។ គាត់ជាបិតាគំរូមួយក្នុងសង្គមខ្មែរ និងសម្រាប់យើងទាំងពីរ។
សង្ឃឹមជានិច្ច ! ជូនពរអូននិងកូនឲ្យបានប្រកបតែសុភមង្គល សុខនិរន្តរ៍ !
ពីបង ឆោមរិន្ទ
បងចាំអូនគ្រប់វេលា !
អានអក្ខរាសារសព្ទនៃការលន់គួរចប់ ឆោមកល្យាណីសុទ្ធារី សែនសប្បាយម្យ៉ាង តែស្រីថ្លៃហាក់ដូចជានឹករាងចាលពីឥទ្ធិពលស្នេហ៍ពីមុនដែលគួរឲ្យអាម៉ាស! ប៉ុន្តែដើម្បីឲ្យកូនមានឪពុក នាងត្រូវតែសម្រេចចិត្តម្តងទៀត។
ឆោមរិន្ទគ្មានបានចម្លើយតបពីសុទ្ធារីវិញសោះឡើយ។ គេរង់ចាំស្រីរៀងរាល់ថ្ងៃនៅក្បែរមាត់សមុទ្រ ព្រោះបច្ចុប្បន្នខ្លួនគេបានក្លាយជាអ្នករាជការបម្រើក្នុងស្ថាប័នក្រសួងពាណិជ្ជកម្ម ក្រុងកំពង់សោម។ ឆោមរិន្ទជាបុគ្គលិកថ្នាក់មធ្យមមានសមត្ថភាពការងារវៀរចាកភាពពុករលួយ និន្ទាឈ្នានីសរវាងគ្នា។
អាកាសធាតុក្រុងកំពង់សោមសែនត្រជាក់។ ជំនោរសមុទ្របានបន្ថែមកម្លាំងចិត្តថ្មីឲ្យរូបគេ។ ភ្លឺក៏ឆាប់ យប់ក៏រហ័ស ឆោមរិន្ទស្រាលខ្លួនជានិច្ច ព្រោះតែឃើញរូបបងៗមានរស្មីវាសនាដ៏បំព្រង។ គេនឹកគិតថា សុទ្ធារីពិតជានៅមានគំនុំខឹងនឹងរូបគេ យកប្តីហើយក៏មិនដឹង។
សំឡេងទូរសព្ទមកពីភ្នំពេញ៖
-អាឡូ! បងរិន្ទ!
-អាឡូ! ធីតាមែនទេ?
-ច៎ា គឺធីតា ប្អូនបងហ្នឹងណា!
-មានរឿងអី! អូនធីតា!
-មានរឿងសប្បាយចិត្តជូនចំពោះបង!
-ធីតាប្រាប់បងឲ្យដឹងថា បងសុទ្ធារីនោះមកភ្នំពេញព្រឹកមិញ។ លោកប៉ាក៏គាត់មិនបានដំណឹងជាមុនដែរណាបង ឮថាមកតែបីបួនថ្ងៃទេត្រូវត្រឡប់ទៅវិញ សូមបងប្រញាប់ ព្រោះល្ងាចនេះប៉ាប៉ាគាត់ត្រូវទៅចែកអំណោយផ្ទាល់ខ្លួនដល់ជនពិការឯមន្ទីរពេទ្យជាមួយម៉ាក់ ជាមួយប៉ាយើង ព្រោះលោកប៉ាជិតត្រឡប់ទៅវិញហើយ ដើម្បីសុំប្តូរសញ្ជាតិមករស់នៅនឹងម៉ាក់។
-អូខេ! អូនធីតា អូនល្អនឹងបង អធ្យាស្រ័យចំពោះបងគ្រប់វេលា។ អូនជាពន្លឺនៃសន្តិភាពក្នុងចិត្តនៃគ្រួសារយើង បងនឹងទៅឥឡូវនេះ! អរគុណ!…
(……)សូមអានភាគបន្ត
ម៉ោងពីររសៀល! សុទ្ធារីគេងក្នុងបន្ទប់ក្បែរកូនប្រុស។ នាងមិនបានបិទទ្វារបន្ទប់ឡើយ។ រចនាក៏មិនបានដឹងថាសុទ្ធារីមកទៀតព្រោះនាងនៅឯអាមេរិកបំពេញវិជ្ជា។
មីងសានបើកទ្វាររបងឲ្យឆោមរិន្ទ ដោយធ្វើសញ្ញាស៊ីញ៉ូគ្នាទៀតផង។ ឆោមរិន្ទឡើងជណ្តើរថ្នមៗគ្មានឮសម្រិបឡើយ។ ទៅដល់ជិតបន្ទប់ដែលសុទ្ធារីគេង គេក៏លបមើលពីក្រៅទ្វារ កេឃើញសុទ្ធារីគេងលក់ស្កប់ស្កល់។
-សុទ្ធារីស្អាតណាស់! សស្គុះសខ្ចីឡើងធាត់ទ្រលុកទ្រលន់។ ឯកូនខ្ញុំ!… មុខដូចខ្ញុំមែន!… កូនប៉ា!…
ឆោមរិន្ទលបពោលក្នុងពោះ រួចក៏សសៀរចូលទៅជិតគ្រែលបថើបថ្អាល់នាងពីរសារ រួចលើកទីបី។ សុទ្ធារីភ្ញាក់ពីដំណេក។ច្រមុះត្រូវប៉ះនឹងច្រមុះ។ ឯដៃស្តាំរបស់ឆោមរិន្ទសង្កត់ទ្រូងនាងជាប់រួចក៏ថើបបន្ថែមម្តងទៀតតែម្តង។
-គេងទៀតទៅអូន! ព្រោះដំណើរឆ្ងាយឆ្លងសមុទ្រឯណោះ ។ អត់ទោសឲ្យប្តីផងណាពៅ សុទ្ធារី!…
សុទ្ធារីនៅស្ងៀម ព្រោះឃើញគូស្នេហ៍ពីមុនមានការកែប្រែច្រើនពិតមែន។ ឆោមរិន្ទលូកយករូបកូនប្រុសមកថែថើបត្រកងបីដោយរំភើបហឫទ័យ។
-វាអាយុប៉ុន្មានហើយ?
-ច៎ា! មួយខួបពីរខែ។
ឆោមរិន្ទខិលណាស់រត់ទៅបិទទ្វារបន្ទប់ ទើបត្រឡប់មកសាសងជាមួយនាងទៀត។
-សប្បាយទេអូន នៅស្រុកគេ?
-មិនឆ្លើយទេ! ប្រុសមានល្បិច!
ឆោមរិទ្ធឆ្លើយ៖
-បងយល់ពីសេចក្តីសុខហើយ! ក្តីសុខគឺមានអូន មានកូននៅជិត។ ដួងចិត្តយើងតែមួយគ្មានបែកបែរ។ ដួងចិត្តគ្មានសង្រ្គាមស្នេហ៍ សង្គ្រាមគ្រួសារ សង្គ្រាមឈាមឯង។ រូបបងក្តី អូនក្តី ខ្មែរទាំងអស់គ្នាក្តីត្រូវទទួលនូវក្តីសុខស្ងប់ប្រកបដោយ«ដួងចិត្តសន្តិភាព» ដើម្បីដើរឲ្យទាន់ជំហាននៃពិភពលោក ដែលគេវិវត្តន៍ឈានឡើង។
ឆោមរិន្ទដាក់កូនលើពូកមួយចំហៀងជាប់ជញ្ជាំងថ្មដើម្បីយកឱកាសប្រឡែងលេងនឹងសុទ្ធារី ព្រោះគេក៏នឹករលឹកនាងយ៉ាងខ្លាំងដែរ។ ចំណងលោហិតស្នេហ៍ថ្មីបានផ្តល់ឱសថទិព្វនៃវិមានសួគ៌មកប្រោះព្រំដំបៅស្នេហ៍ឲ្យសុទ្ធារីឡើងវិញជាថ្មី។
លោកសុបុណ្យបានត្រឡប់ពីចែកអំណោយជាមួយលោកមាស ឆោម និងក្រុមគ្រួសារវិញ។
លោកមិនបានដឹងថា សុទ្ធារីមកវិញទេ! រហូតម្ដាយរបស់រិន្ទអញ្ជើញមកជួបជាថ្មីរៀបរាប់សុំបន្តរៀបចំការតាមប្រពៃណីឲ្យល្អប្រសើរ គឺជាបំណងប្រាថ្នារបស់លោកសុបុណ្យក៏ដូចជាលោកអ៊ុំចំណានដែរ «ក្រោយពេលភ្លៀងមេឃស្រឡះ»។
*
* *
ធីតាអង្គុយជិតស្វាមីរបស់នាង គឺលោកឆោមរិទ្ធស្តាប់សំឡេងព្យាណូរបស់ឆោមរិទ្ធិប្រគំបទ «ពិភពស្នេហ៍ខ្ញុំ»
-ធីតាអូន ពីរោះទេ? បទនេះ បងខំតែងខ្លួនឯងដើម្បីជាចំណងចិត្តរបស់បងចំពោះអូនគឺថា«បេះដូងជូនស្នេហា សង្ខាររៀមរាជូនជាតិខេមរា!
ពិភពស្នេហ៍បរិសុទ្ធឆ្លងមេឃឆ្លងដី ឆ្លងសមុទ្រ!
ពិភពស្នេហ៍ពិត គឺដួងចិត្តបងសន្តិភាព!»
ពាក្យពេចន៍នេះឯង ជាអត្ថន័យព្យាណូ។ អូនច្រៀងតាមព្យាណូទៅមើល! ឮថាអូនច្រៀងពីរោះណាស់កាលទៅអាមេរិក។
-អូន! ច្រៀងបទរបស់បងរចនាពីរនាក់គេណាបង។
ឆោមរិទ្ធិ ទាញដងខ្លួនធីតាដាក់លើភ្លៅ រួចឱនថើបនាង។
-ប្អូនផង ប្រពន្ធផង អស្ចារ្យណាស់ស្នេហាខ្ញុំ!
ស្អែកបងត្រូវដល់អាណត្តិ បងត្រូវទៅអាមេរិកមួយរយៈ ត្រឡប់មកវិញប្តូរការងារថ្មី ប្រចាំការឲ្យអង្គការសហប្រជាជាតិនៅកម្ពុជា។ដល់ពេលបងត្រឡប់មកវិញ មកជាមួយរចនា និងអូនរិទ្ធិ។
បន្ទាប់មកយើងទៅលេងអង្គរធ្វើបុណ្យព្រលែងចាបប្រលែងព្រាប ចែកទានឲ្យអ្នកក្រីក្រសាងអំពើល្អទុកទៅមុខ។
-យីបងជាអាចារ្យផងសូត្រធម៌បន្តិចទៅមើល។
-ផ្ដាស យូរៗទៅថាបងអាចារ្យ តោះទៅរកគេង! យប់មិញបងយាមអត់ងងុយសឹងអី!
គូជីវិតឈប់សារសាងក៏វិលរកបន្ទប់សម្រាក។
ភ្លេងពិណពាទ្យបានប្រគំឡើងយ៉ាងពីរោះខ្ទ័រខ្ទារមហាប្រាសាទ។ ធម្មយាត្រាលើកទី៣ ដែលជាបុព្វហេតុដួងចិត្តសន្តិភាពរបស់អន្ដរសាសនាបានធ្វើដំណើរឆ្ពោះពីប្រទេសបែលហ្សិក រហូតដល់ថៃឆ្ពោះមកកម្ពុជាកាត់តាមអង្គរវត្តខ្មែរដើម្បីបន្តឆ្លងវៀតណាមទៅចប់នៅប្រទេសជប៉ុន ជាបំណងព្រាបសនៃសេរីភាពសកល។
លោកជំទាវ លោកស្រីនិងដូនជីបានមកជូបជុំរួមគ្នាកុះករជាមួយឧបាសក ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋពីគ្រប់ទិសទី។លោកអ៊ុំចំណានបានចូលថ្វាយបង្គំសង្ឃអន្តរជាតិ និងព្រះឃោសនន្ដដាដែលជាសង្ឃឈានមុខឲ្យពុទ្ធសាសនាធម្មយាត្រាអន្ដរសាសនាដើម្បីសន្តិភាពនៅកម្ពុជា។
-នាងខ្ញុំ! តំណាងឲ្យប្រជារាស្រ្តខ្មែរនៅទីនេះសូមពាំនាំនូវមហាកត្តញ្ញូនៃប្រជារាស្រ្តខ្មែរក៏ដូចប្រជារាស្រ្តលើពិភពលោកសម្តែងនូវទឹកចិត្តរំភើបគាំទ្រជានិច្ចដល់ដំណើរធម្មយាត្រាអន្តរសាសនាដែលបានឆ្លងកាត់ប្រទេសខ្ញុំផ្សព្វផ្សាយនូវបំណងល្អ បំណងសុខ នៃគោលដៅបំបាត់ហិង្សាភ្លើងសង្គ្រាមឆាបឆេះឲ្យរំលត់ដោយសារព្រះគង្គាព្រមទាំងព្រាបសនេះបានពាំនាំទឹកមករំលត់អគ្គីភ័យនៃសកលលោកសុំឲ្យរាល់បំណងល្អនេះជ្រួតជ្រាបដល់ដួងចិត្តមនុស្សទូទៅឲ្យបែរឆ្ពោះទៅរកភាពស្ងប់បាត់ការភ័យខ្លាចសង្គ្រាម សូមអរព្រះគុណ!
សង្ឃអន្ដរជាតិក៏តបជាភាសាបរទេសថា៖
-ខ្ញុំយល់ហើយ! បំណងរបស់អ្នក! សូមឲ្យមនុស្សទាំងអស់មានបំណងដូចអ្នកដើម្បីស្រូបក្លិនពិដោរ«ផ្កាសាមគ្គី» ហើយច្រៀងបទនេះជារៀងរហូតដើម្បីថែរក្សា«សន្តិភាព»។
ផ្ទៃមេឃនៅអង្គរ ភ្លឺថ្លាពេញរស្មី។ ដួងច័ន្ទដប់ប្រាំកើត ពិតជាដួងច័ន្ទប្រចាំជាតិបានបំភ្លឺពិភពលោកពេលរាត្រីអន្ធការនៃមិច្ឆាទិដ្ឋិឲ្យប្រែជាសុទិដ្ឋិនិយម។
ពន្លឺស្រទន់នៃដួងខែប្រៀបបានពន្លឺវិចារណញ្ញាណនៃបុគ្គលដែលមានការយល់ដឹងត្រឹមត្រូវតាមគន្លងជីវិតលោកីយ៍។
ក្រុមគ្រួសារលោកសុបុណ្យ លោកមាស ឆោម ព្រមទាំងលោកសូជន ក្រោយពីធ្វើបុណ្យរាប់បាត្រ ចែកចាយទ័យាទានហើយក៏បានអង្គុយសាសងមើលកូនៗក៏ដូចពលរដ្ឋខ្មែរដែរដែលនាំគ្នារាំវង់សន្តិភាពក្រោមពន្លឺច័ន្ទពេញបូរមីអមប្រាង្គប្រាសាទកំពូលបីពីមុខ ហាក់អណ្តែតលើអាកាសដូចប្រាសាទអណ្តែតសួគ៌ា។
រាំវង់ចូលឆ្នាំថ្មី ទទួលបាននូវព្រហ្មវិហារធម៌របស់រាជរដ្ឋាភិបាលរបស់អង្គការក្រៅនិងក្នុងប្រទេស។
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនៅក្រៅប្រទេសឬប្រជាជាតិនៅលើផែនដីនេះចង់ឲ្យខ្មែរមានសាមគ្គីភាពអមតៈថែរក្សារាល់«សន្តិភាព» ដែលបានដើម្បីទទួលខុសត្រូវឲ្យវាសនាមាតុភូមិខ្លួនផ្សាភ្ជាប់ប្រឈមមុខនិងពង្សាវតាជាតិ កុំឲ្យអាប់រស្មីនៅលើសកលលោក។
ផ្ការំដួលពេលរាត្រីសែនក្រអូបបានរសាត់ក្លិនតាមព្រះវាតាមកបំបោសអង្អែលដួងចិត្តសន្តិភាពរបស់មហាគ្រួសារខ្មែរទាំងអស់ដែលកំពុងរាំវង់ឲ្យរីករាយសើចក្អាកក្អាយដោយមហាភាតរភាពគឺជាឈាមជាតិពូជសាសន៍តែមួយហ៊ានការពាររាល់ការបំផ្លាញទាំងឡាយ ដើម្បីជាតិ មាតុភូមិ បូរណភាពទឹកដី អធិបតេយ្យភាព៕








មតិយោបល់ថ្មីៗ