ផ្សាយឡើងវិញ
ចំណាប់អារម្មណ៍របស់ខ្ញុំ ប៉ិច សង្វាវ៉ាន
ក្រោយពីបានសរសេរសៀវភៅជាភាសា បារាំងមួយដែលមានចំណងជើងថា«QUATRE ANS avec les KHMERS ROUGES»ផ្យាយចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយ EDITION CHOUឆ្នាំ២០០៧នៅទីក្រុងប៉ារីសសង្កាត់ទី២ លោកហួ ជាបានបកប្រែរឿងនេះជាភាសាខ្មែរហើយដាក់ចំណងជើងថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»។
«ខ្លែងឯកអើយ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»ជារឿងពិតរបស់អ្នកនិពន្ធដែលជាបញ្ញាជន មួយរូប ប្រកបដោយស្មារតីស្នេហាជាតិនិងចង់រួមចំណែកជួយកសាងប្រទេសជាតិឲ្យ បានរីកចម្រើន មានសមភាពមានយុត្តិធម៌បំបាត់អំពើពុករលួយក្នុងសង្គម…។ល។
ការឃោសនាបោកប្រាសដ៏ប៉ិន ប្រសប់របស់ពួកខ្មែរក្រហមនៅឯបរទេសបានប្រទាញបណ្ឌិតជាហួឲ្យជឿ ស្លុងលង់តាមហើយលោកបានធ្វើពលិកម្មលះបង់ចោលសេចក្តីសុខ ផាសុខភាពផ្ទាល់ខ្លួន និងសញ្ញាប័ត្រខ្ពងខ្ពស់ ព្រមទាំងកិតិ្តយស…..ហើយបានសុខចិត្តធ្វើមាតុភូមិនិវត្តន៍ទៅរស់ នៅជាប្រជាជនបដិវត្តិន៍ដ៏សាមញ្ញបម្រើអង្គការខ្មែរក្រហម។
ផ្ទុយទៅវិញ សេចក្តីសង្ឃឹមថាមប្រើប្រទេសជាតិរបស់លោកបានរលាយខ្សុលដូចផ្សែង ក្នុងលំហវេហាស៍ល្វឹងល្វើយឥតកោះត្រើយ ហើយ ផ្តល់តែភាពល្វីងជូរចត់ពេញបេះដូងថ្លើមប្រម៉ាត់ពុំអាចថ្លាថ្លែង បរិយាយឲ្យស្មើបានឡើយទោះបីជាជាភាសាខ្មែរយើងសម្បូណ៍វាក្យស័ព្ទ និងគុណនាមយ៉ាងណាក៏ដោយ។
ជាអតីតអ្នកសារព័ត៌មាននៃ វិទ្យុបារាំងអន្តរជាតិRFI( RADIO FRANCE INTERNATIONALE) ខ្ញុំបានអានសៀវភៅជាច្រើនដើម្បីយកមកវិភាគផ្សាយក្នុងវិទ្យុ។ ក្នុងចំណោមសៀវភៅដ៏ច្រើនដែលខ្ញុំបានអានអស់រយៈពេល១៨ឆ្នាំនេះ ខ្ញុំក៏បានអានសៀវភៅដែលសរសេររឿងពិតក្នុងរបបខ្មែរក្រហមដ៏សាហាវ នេះមិនតិចដែរ ប៉ុន្តែខ្ញុំនៅពុំទាន់បានប្រទះសៀវភៅណាមួយនៅឡើយដែលសរសេរពី ជីវិតជាជនបដិវត្តន៍ពិតដែលបានរស់នៅប្រឡូកក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនិងបានឃើញការពិតផ្ទាល់ភ្នែក។ គ្រប់មនោសញ្ចេតនានិងអារម្មណ៍សកលរបស់មនុស្សបានលាតត្រដាងទាំងអស់ តាមរយៈពាក្យពេចន៍ឃ្លាប្រយោគខ្លឹមៗ៖ ពីរោះ ឈឺផ្សា ក្តៅក្រហាយ រន្ធត់ តានតឹង និងធូរស្រាលតាមរយៈការប្រែសម្រួលដ៏ល្អធ្វើឲ្យអ្នកអានស្រួលមើល ស្រួលយល់និងមិនធុញ។ខ្ញុំសូមបញ្ជាក់បន្ថែមថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ» ជាសៀវភៅមួយដែលធ្វើឲ្យខ្ញុំអានយ៉ាងជក់ស្ទើរតែមិនចង់សម្រាក បន្តិចសោះឡើយ។
ដូចលោក ហួ ជាជាអ្នកនិពន្ធបានសរសេរក្នុងអារម្ភកថា៖ រឿងរ៉ាវដែលពណ៌នាក្នុង«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»ជារឿងរ៉ាវពិតដែលបានកើតឡើងនៅក្នុងសម័យខ្មៅ ងងឹតមួយនៃប្រវត្តិសាស្ត្រជាតិខ្មែរ។ គឺជាសម័យដែលបំផ្លាញជីវិតមនុស្សអស់ជិតមួយភាគបីនៃប្រជាជន កម្ពុជាទាំងមូល។
«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»
គឺជាសៀភៅដែលឆ្លុះបញ្ចាំងសម័យកម្ពុជាប្រជាធិបតេយ្យ
ដែលបានសាបព្រោះវិនាសកម្មធំធេងធ្វើឲ្យប្រជាជនខ្មែរខ្លាចបាក់ស្បាត។
សៀវភៅនេះតម្លៃជាប្រវត្តិសាស្ត្រ
ដែលយុវជនយុវនារីខ្មែរនិងប្រជាជនខ្មែរគួរតែជាវអានខានមិនបាន។
ខ្លែងឯកអើយ!
ថ្ងៃណា អ្នកច្រៀងឡើងវិញ
និពន្ធដោយលោក ជា ហួ
[...]
តើសល់អ្វីខ្លះពីកុមារភាពរបស់ខ្ញុំ?
កាល នៅប្រទេសបារាំង ឆ្ងាយពីមាតុភូមិ យើងតែងមានក្តីនឹករលឹករឿយៗមកដល់ស្រុកកំណើត-នឹកដី-នឹកស្រែ ដែលធ្លាប់រស់នៅ នឹកឪពុកម្តាយ-នឹកក្រុមគ្រួសារញាតិផៅសន្តាន-នឹកគ្រប់អនុស្សារីយ៍។ កាន់តែនឹក កាន់តែស្រឡាញ់ស្រុកទេសថែមទៀត! ដោយហេតុតែស្រឡាញ់ស្រុក យើងក៏ស្រមៃចង់ឲ្យប្រទេសក្លាយទៅជាប្រទេសជឿនលឿនទំនើបដូចគេ ស្រមៃចង់ឃើញប្រជាជនខ្មែររស់នៅសម្បូណ៌សប្បាយ មានសុភមង្គល រស់នៅដោយសុវត្ថិភាពក្នុងសង្គមស្អាតស្អំមួយ ដែលគ្មានអំពើពុករលួយ គ្មានការជិះជាន់ គ្មានការគាបសង្កត់ពីសំណាក់អ្នកកាន់អំណាច គ្មានអយុត្តិធម៌សង្គម។ តែការស្រមៃអស់ទាំងនេះ ពេលនោះ គ្រាន់តែជាស្រមោលដែលអន្ទោលនៅក្នុងសតិអារម្មណ៍ម្តងម្យាមតែ ប៉ុណ្ណោះ។ តែសភាពការណ៍ជាក់ស្តែងរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០ បានដាស់សតិអារម្មណ៍យើងគ្រប់គ្នាឲ្យភ្ញាក់ ឲ្យចេះនឹកគិតដល់រឿងស្រុកទេសដល់វាសនាប្រទេស វាសនាប្រជាជន។ ខ្ញុំក៏ដូចជាមិត្តខ្ញុំទាំងអស់ យើងយល់ថា មានតែផ្លូវបដិវត្តន៍មួយទេ ដែលអាចស្តារសភាពការណ៍នេះឡើងបាន អាចសាងសង្គមខ្មែរមួយ គ្មានអំពើពុករលួយ គ្មានអយុត្តិធម៌សង្គម។ ឯកសារទ្រឹស្តី-ពត៌មាននានា ដែលយើងបានទទួល បានអាននៅពេលនោះ សុទ្ធតែពោលសរសើរពីបដិវត្តន៍ ពីវីរភាពប្រជាជននៅតំបន់រំដោះ ដែលចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ សស្រាក់សស្រាំ កសាងសង្គមខ្មែរថ្មីស្អាតស្អំមួយ ដែលកំពុងរីកត្រចះត្រចង់លើដែនកម្ពុជា។ ពត៌មានឥតខ្ចោះអស់ទាំងនេះ ត្រូវនឹងចំណូលចិត្ត ដែលយើងប៉ងពីមុនមកផង ធ្វើឲ្យយើងវង្វេងស្មារតី ជឿស្លុបទាំងស្រុងទៅលើពាក្យឃោសនា សម្តីបោកប្រាសភូតកុហក ប្រជាភិថុតនៃពួកខ្មែរក្រហមដោយមិនដឹងខ្លួន។ ក្បាលម៉ាស៊ីនឃោសនាអកុសល បោកប្រាសនេះបានសន្តំសតិអារម្មណ៍យើង ដែលសុទ្ធតែជាបញ្ញាជន ឲ្យភ្លេចអ្វីៗទាំងអស់ ភ្លេចគិត ភ្លេចគូរ ភ្លេចត្រិះរិះ ភ្លេចពិចារណា ភ្លេចមើលវែងឆ្ងាយ ចាំតែជឿគេ។ យើងបណ្តាលឲ្យគេដឹកក្បាលទៅឆ្វេង ទៅស្តាំយ៉ាងស្រួល ឥតប្រកែក។ យើងសុខចិត្តលះបង់គ្រប់ក្តីសប្បាយនៃយុវភាព យើងលេងហ៊ានដើរលេងរហេតរហូត លេងហ៊ានទៅមើលកុន លែងហ៊ានច្រៀងចម្រៀងមនោសញ្ចេតនា ដែលធ្លាប់ស្រឡាញ់ នេះចំជា «ភ្លើសែនភ្លើ!» នេះជាកំហុសមួយយ៉ាងធំរបស់យុវភាពរបស់ខ្ញុំ ជាដំបៅធំមួយ ដក់ជាប់នៅក្នុងទ្រូងខ្ញុំរហូតមកដល់សព្វថ្ងៃទោះជាពេលវេលាបាន កន្លងមករាប់សិបឆ្នាំក៏ដោយ ក៏នៅមិនទាន់ជាសះជិតមុខដែរ។ វិប្បដិសារីដ៏មហិមានេះដិតជាប់ជានិច្ចក្នុងផ្នត់គំនិតខ្ញុំ ធ្វើឲ្យយើងនឹកស្តាយជាអតិបរមាដល់យុវវ័យដ៏ផូរផងរបស់យើងគ្រប់ៗ គ្នា។ សូមសកម្មជនទាំងអស់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំចេះតែជឿតាមគេ ដោយខ្វះការពិចារណាយ៉ាងនេះ! យើងមានឧត្តមគតិ វាល្អប្រពៃឧត្តុង្គឧត្តមណាស់ តែយើងក៏កុំភ្លេចមើលឆ្វេង មើលស្តាំផង កុំចេះតែជឿគេ ងងឹតងងល់ បណ្តាលឲ្យគេដឹកចុះនរកដោយមិនដឹងខ្លួននោះ!
ចេញ ពីព្រៃភ្លាម ខ្ញុំធេងធោងល្ហិតល្ហៃតែលតោល អារម្មណ៍ទ្រុឌទ្រោមវិលវល់ ហាក់ដូចជាបាត់អ្វីៗទាំងអស់ពីក្នុងខ្លួន មើលជុំវិញខ្លួនឃើញតែខ្មៅងងឹត។ មែនខ្ញុំបាត់មោទនភាព បាត់ក្តីសង្ឃឹម បាត់ក្តីប្រាថ្នា បាត់ភាពហ៊ឹកហាក់ បាត់ក្តីក្លាហានអស់រលីង។ អ្វីៗដែលខ្ញុំចង់បាន ដែលខ្ញុំប៉ងពីមុនត្រូវរលាយបាត់រូប។ ខ្ញុំខ្វល់សព្វខ្ញុំខ្វល់គ្រប់ ខ្វល់ព្រោះមិនដឹងថា ឪពុកម្តាយគ្រួសារមានសុខទុក្ខយ៉ាងណា ខ្វល់ព្រោះស្តាយស្រុកមិនគួរធ្លាក់ដល់កម្រិតហ្នឹង។ ខ្ញុំមានស្ថានភាពដូចជាជនវិកលចរិតម្នាក់ ខ្ញុំខ្លាចសព្វខ្លាចគ្រប់ ខ្លាចមនុស្ស ខ្លាចមនុស្ស ខ្លាចសង្គម។ ខ្ញុំដែលជាមនុស្សធ្លាប់តែរួសរាយ ចូលចិត្តសប្បាយលេងសើច ខ្ញុំក្លាយទៅជាមនុស្សទុទិដ្ឋិនិយមស្អប់មនុស្ស ស្អប់សង្គម ស្អប់នយោបាយ ស្អប់អ្នកធ្វើនយោបាយ។ ខ្ញុំក្លាយទៅជាមនុស្សឯកោ ធ្លាក់លុងទៅក្នុងរណ្តៅអស់សង្ឃឹមមួយជ្រៅសែនជ្រៅ។ ពីដើមខ្ញុំធ្លាប់បើកឡានលឿនល្លេវៗ តាមមហាវិថីនានានៅក្រុងប៉ារីស ឥឡូវខ្ញុំក្លាយទៅជាមនុស្សខ្លាចឡាន ខ្លាចចង្កូតឡាន ខ្លាចដូចឈ្លូសចូលស្រុក។
ខ្ញុំ មិនបន្ទោសខ្លួន ហើយមិនស្តាយទេនូវមាតុភូមិវត្តន៍របស់ខ្ញុំ នាដើមឆ្នាំ១៩៦៧ ព្រោះខ្ញុំបានធ្វើទៅតាមឧត្តមគតិ ទៅតាមមនោសញ្ចេតនារបស់ខ្ញុំ ព្រោះខ្ញុំចង់យកចំណេះចេះដឹង ទៅបម្រើ និងជួយកសាងស្រុក។ តែខ្ញុំខឹងចិត្ត នឹកស្តាយជាទីបំផុតដោយចាញ់ឧបាយកលខ្មៅក្រខ្វក់បោកប្រាសឧត្បាត របស់ខ្មែរក្រហម។
អស់រយៈពេលយូរណាស់ ទម្រាំខ្មែរមានស្ថានភាពនឹងនរធម្មតាដូចពីដើម។
ដប់ ឆ្នាំក្រោយមក ខ្ញុំមានសំណាងបានត្រឡប់ទៅលេងភូមិកំណើតរបស់ខ្ញុំ។ ខ្ញុំមានក្តីរំភើបក្តុបក្តួលក្នុងចិត្តជាខ្លាំង ព្រោះស្តាយអាណិតស្រុក ដែលពីដើមធ្លាប់តែសម្បូណ៌សប្បាយ ឥឡូវប្រែជាស្រពោន វេទនាតោកយ៉ាក។ ខ្ទមតូចៗ កណ្តេចកណ្តោចដុះរហង់តាមដងផ្លូវជាតិ ដែលដាច់ក្រហេងក្រហូងដោយអន្លើៗទៅហើយ ធ្វើឲ្យខ្ញុំនឹកទៅដល់អត្ថបទរបស់អ្នកនិពន្ធចិនដ៏ឆ្នើមម្នាក់ ឈ្មោះ «លូស៊ីន» ដែលបានពណ៌នារៀបរាប់ពីសន្តានចិត្តគាត់ នៅពេលបានឃើញទិដ្ឋភាពនៃភូមិកំណើតដូនតាជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញទៅអស់រយៈ២០ឆ្នាំមក។ ចំណែកឯខ្លួនខ្ញុំវិញ ក៏មិនខុសពីចំណាប់អារម្មណ៍របស់គាត់ដែរ ខ្ញុំភ្ញាក់ស្លុតចិត្តជាខ្លាំង ព្រោះខ្ញុំមើលភូមិកំណើតលែងស្គាល់។ ភូមិដែលពីដើមធ្លាប់ស្អាតស្អំសប្បាយរីករាយ ឥឡូវក្លាយទៅជាក្រៀមក្រំ ស្វិតស្រពោន គ្មានព្រលឹង។ ភូមិខ្ញុំប្លែកខុសពីមុនឆ្ងាយណាស់ គេបានប្រែរូបទៅជាភូមិដីក្រហម ក្រហមទាំងផ្ទះ ក្រហមទាំងដើមឈើនៅសងខាងផ្លូវ ព្រោះថ្នល់ដែលធ្លាប់ចាក់ថ្មក្រាលកៅស៊ូរលោងស្រិល ឥឡូវក្លាយទៅជាថ្នល់ចាក់ដីក្រហមហុយទ្រលោម។ ហួសចិត្ត! យើងហាមាត់និយាយលែងរួច!
រីឯ បងប្អូនគ្រួសារមិត្តភក្តិវិញ មួយចំនួនធំ ត្រូវបាត់បង់ជីវិតក្នុងសម័យក្រហមអស់ទៅហើយ ឯអ្នកដែលនៅសល់វិញ ខ្លះស្គមស្គាំង ខ្លះជ្រុះធ្មេញស្ទើរអស់ពីមាត់។ រួមផ្សំនឹងជីវភាពដុនដាបលំបាកវេទនាផង គេរស់ទាំងបារម្ភ ទាំងភិតភ័យ ទាំងអស់សង្ឃឹមផង គេក៏ក្លាយទៅជាមនុស្សចាស់ជាងអាយុ យើងមើលលែងចង់ស្គាល់។
ឱ! ខ្លែងឯកអើយ! ខំកាត់ពីនាយដល់អាយ សង្ឃឹមថា នឹងបានស្តាប់អ្នកជាថ្មីម្តងទៀត តែអនិច្ចា! មិនបានឮសំនៀងអ្នកទេ បែរទៅជាឮសំឡេងខ្សឹកខ្សួល-អួលទឹកភ្នែក រៀបរាប់អំពីទុក្ខសោក រៀបរាប់ពីទុក្ខសោក ពីការព្រាត់ប្រាសលំបាកវេទនាទៅវិញ! ខ្ញុំនិយាយលែងចេញ…
ឆ្នាំ ១៩៧៩ បន្ទាប់ពីរបបកម្ពុជារលំរលាយទៅ ប្រជាជនមួយចំនួនផុសផុលនាំគ្នារាំច្រៀង នាំគ្នាស្រែកហូរកញ្ជៀវ គេសើចព្រោះជីវិតនៅគង់វង់ នឹងមានសេរីភាពឡើងវិញ! គេខំនាំគ្នារាំច្រៀងៗ ដើម្បីបំភ្លេចទុក្ខ! ដើម្បីរម្ងាប់ក្តីអស់សង្ឃឹម! ម្នាក់ៗអស់រលីងពីខ្លួន អស់ម៉ែអស់ឪ-អស់បងអស់ប្អូន-អស់លុយ-អស់ផ្ទះសម្បែង។ ប្រទេសខ្មែរដែលធ្លាប់តែសម្បូណ៌ ឥឡូវគេក្លាយទៅជាប្រទេសក្រជាងគេនៅក្នុងសកលលោកអ្វីៗក៏គ្មាន! អ្វីៗក៏អស់! គ្មានមធ្យោបាយផលិត! គ្មានថវិកា!
ពី សង្គម «បុរេប្រវិត្តសាស្រ្ត» មក «សម័យទំនើប» វាខុសគ្នាឆ្ងាយណាស់ហៅមិនឮ! ពី«ចបកាប់-រទេះគោមកសម័យកុំព្យូទ័រ» យើងត្រូវឆ្លងជ្រោះជ្រលងមួយជ្រៅសែនជ្រៅឆ្ងាយសន្លឹម។ បើយើងហ៊ានលោកផ្លោះឲ្យទៅតាមទាន់គេភ្លាមៗ ដោយមិនឈរលើសមត្ថភាពផ្ទាល់របស់យើងទេ យើងប្រាកដជាជួបប្រទះនឹងបញ្ហាសង្គមមួយធំមហិមា ពិបាកដោះស្រាយ ជំពាក់គេវ័ណ្ឌកដោយខានមិនបាន ហើយប្រជាជនមួយចំនួនធំនឹងត្រូវធ្លាក់ទៅក្នុងទុគ៌តភាព មិនងាយនឹងស្តារ! រីឯសាមគ្គីភាព ភាតរភាព ក៏កាន់តែវិនាសហោចទៅៗប្រគល់តំណែងទៅឲ្យ«អធិរាជដុល្លារ»មកគ្រប់ គ្រងដណ្តប់លើសង្គមខ្មែរ ជំនួសវិញ!
នេះហើយដែល«របបកម្ពុជាប្រជាធិបតេយ្យមហាអស្ចារ្យ» បានបន្សល់ទុកឲ្យខ្មែរយើង៖
-យើងខូចខាត បាត់បង់អស់ ! អស់ស្រុក អស់ស្រែ! អស់ជីវិត!
-យើងទាំងអស់គ្នាបាត់មោទនភាព ! បាត់ក្តីសង្ឃឹម! បាត់សុភមង្គល!
-ប្រជាជនបាត់សុវត្ថិភាព! បាត់សម្រស់! បាត់ក្តីសប្បាយក្នុងជីវិត!
- ប្រជាជនបាត់ព្រលឹង! បាត់កិត្តិយស! បាត់ភាពថ្កុំថ្កើង!
ឱ! ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!
[...]
ដក ស្រង់ ទំព័រទី៣២៦ ដល់៣៣១, ពីសៀវភៅ «ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!» របស់អ្នកនិពន្ធ ជា ហួ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ឆ្នាំ២០១១ ។
ព្រលានយន្តហោះអន្តរជាតិក្រុងបាងកក
ថ្ងៃទី២៣កក្កដា១៩៧៩វេលាម៉ោង៩យប់!
ពិត មែនតែយប់យន់បន្តិចទៅហើយក្តីអំពូលអគ្គីសនីនៅតែជះពន្លឺភ្លឹ ចិញ្ចាចឥតថយថាមពលឡើយ។សភាពអ៊ូអរនៃបុគ្គលិកផងអ្នកលក់ដូរផង រួមជាមួយអ្នកដំណើរដែលដើរខ្វាត់ខ្វែងចុះឡើងព្រោងព្រាតធ្វើឲ្យ បរិយាកាសនៃរាត្រីកាលនារដូវវស្សានេះរិតតែស្អុះស្អាប់មួយកំរិត ថែមឡើងទៀត។
ដោយឡែក នៅឯជ្រុងម្ខាងណោះជនមួយក្រុមប្រមាណពីររយរូបហាក់ដូចជាមិនអើ ពើឬរីករាយនឹងទិដ្ឋភាពខាងលើនេះទេ។ ទឹកមុខស្រពាប់ស្រពោនក្រៀមក្រោះរបស់គេបញ្ជាក់ឲ្យដឹងថា គេមានបង្កប់នូវទុក្ខមួយយ៉ាងធំនៅក្នុងខ្លួន។
នេះ ហើយជនភៀសខ្លួនខ្មែរដែលទើបនឹងរើបំរះងើបចេញរួចពីរណ្តៅនរក ក្រហម» ហើយមានសំណាងបានត្រូវគេជ្រើសរើសឲ្យទៅនៅជ្រកកោនឯប្រទេសទីបី។ ក្រុមនេះនៅឆ្ងាយដាច់ពីគេពីឯង ខ្លះឈរ ខ្លះអង្គុយលើកៅអី ខ្លះទៀតអង្គុយចោងហោង ឱបបង្វេច
ទន្ទឹង រង់ចាំពេលគេហៅឈ្មោះឡើងយន្តហោះ។ យើងគ្មានរបស់អ្វីយកទៅឲ្យគេត្រួតពិនិត្យដូចអ្នកដំណើរឯទៀតៗទេ ព្រោះក្នុងខ្លួនយើងម្នាក់ៗ វាអស់រលីងទៅហើយ សល់តែកូនសម្ពាធតូចមួយប៉ុណ្ណោះ។ តាមការពិតគ្មានរបស់អ្វីធំដុំមានតម្លៃនៅក្នុងនោះទេ តែវាជាកម្មសិទ្ធិដ៏ថ្លៃថ្លាមិនអាចកាត់តម្លៃបាន ជាកម្មសិទ្ធិដែលយើងខំរក្សាទុកយូរមកហើយ ជាកម្មសិទ្ធិដែលធ្លាប់កំសត់កម្រជាមូយគ្នាតាំងពីក្នុងព្រៃមក ម្លេះ។
ពីរបីថ្ងៃ មុននេះ ក្រុមកាកបាទក្រហមនិងអង្គការមនុស្សធម៌អន្តរជាតិបាននាំយក សំលៀកបំពាក់ខ្លះចាស់ខ្លះថ្មីមកចែកឲ្យយើងព្រោះថា អាវខ្មៅចាស់ៗដែលពោរពេញទៅដោយបំណះនិងពុកដោយអន្លើៗទៅហើយនោះ មិនគួរបើជាមើលទេ។ បានស្លៀកពាក់ខោអាវថ្មីភ្លាម យើងក៏បានប្រែក្លាយទៅជាមនុស្សម្នាដូចពីដើមច្រឡំនឹងគេនឹងឯង ដែរ។
ពេលដែលខ្ញុំ លើកយកសំលៀកបំពាក់អស់ទាំងនេះមកពាក់ជាលើកដំបូង ខ្ញុំស្លុតចិត្តអួលដើមកនិយាយលែងចេញ។ ខ្ញុំខ្មាសខ្លូនឯង ! ខ្មាសអ្វីៗគ្រប់សព្វ ! ខ្មាសធម្មជាតិ ! ខ្មាសព្រហ្មលិខិត ! ។ ខ្ញុំអាសូរខ្លួនមិនគួរណាធ្លាក់ខ្លួនដល់កម្រិតនេះសោះ។ ! ពីបញ្ញាជនប្រកបដោយអនាគតត្រចះត្រចង់ ខ្មែរក្រហមបានធ្វើខ្លួនខ្ញុំឲ្យក្លាយទៅជាអ្នកសុំទាន។! ខ្ញុំសុំទានគេមិនត្រឹមតែខោអាវ ខ្ញុំសុំរហូតដល់ដីគេនៅ! សុំមេឃគេជ្រក!
…ព្រោះតែចង់រស់!
តើ នរណាអាចប៉ាន់ប្រមាណបាន? ប៉ុន្មានឆ្នាំថ្មីៗមុននេះសោះ ខ្ញុំចងក្រវាត់ក ពាក់អាវធំដើរលេងយ៉ាងរំភើយនៅតាមដងមហាវិថី«Champs-Elysées»នា ក្រុងប៉ារីស។ ឥឡូវសល់អី? ខ្ញុំអស់រលីង! អស់ទាំងខោ អស់ទាំងកិត្តិយស ! អស់ទាំងមោទនភាពរបស់ខ្ញុំ! មិនតែប៉ុណ្ណោះ ខ្ញុំត្រូវឃ្លាតពីមាតុភូមិជាទីស្នេហា ! ព្រាត់បា្រសឪពុកម្តាយជា ទីស្រឡាញ់ ព្រាត់ក្រុមគ្រួសារញាតិផៅសន្តាន ! ព្រាត់សព្វព្រាត់គ្រប់ !
ឱ! បដិវត្តន៏អធនអើយ!ស្មានមិនដល់សោះថាអ្នកសាហាវដូច្នេះ! អ្នកសាហាវជាងព្រហ្មលិខិតទៅទៀត!
ក្នុង ចំណោមពួកយើង ពុំសូវមានបញ្ញាជនទេ។ ភាគច្រើនៗតែ ពូមីងចាស់ៗ មីងមេម៉ាយដែលមានកូនច្រើននិងកុមារកំព្រាមួយចំនួនមកពីជនបទ។ កុមារខ្លះស្រែកយំទារចំណី។ តើឲ្យម្តាយទៅរកឯណាបាន បើគ្មានមួយរៀលក្នុងហោប៉ៅផង? គឺមានតែទឹកមាត់សំរាប់លេបនិងកែវភ្នែកមួយគូសម្លឹងភ្លៀកៗទៅលើ នំនែកផ្លែឈើដែលគេតាំងនៅ លើរានតែប៉ុណ្ណោះ។ មីងខ្លះបំបៅកូន ខ្លះទៀតអង្គុយឱបបង្វេច ហាក់ ដូចជាខ្លាចបាត់បង់នូវកម្មសិទ្ធិដ៏ថ្លៃថ្លានេះ។ ខ្លះទៀតឈរធ្មឹងដូចរូប ចម្លាក់ ទាល់តែឮស្នូរដកដង្ហើមធំយូរៗម្តង ទើបដឹងថាគេនៅរស់រានមាន ជីវិតនៅឡើយ ។ ចក្ខុគេទាំងគូ ស្ងួតស្រពោនក្រៀមក្រោះ គឺជាចក្ខុដែលលែងមានទឹកភ្នែកហូរមកទៀតព្រោះវាបានបង្ហូរច្រើន ជ្រុលទៅហើយក្នុងមួយរយៈកាលកន្លងទៅនេះ។ អ្នកខ្លះទៀតខំឈរសម្លឹងរកមើល នឹកសង្ឃឹមក្នុងចិត្តថា ក្រែងបានវិលមកជួបគ្នាវិញ ខ្លះប្តី ខ្លះប្រពន្ធ ខ្លះកូនចៅ ដែលបានព្រាត់ប្រាស ពុំដឹងទៅដល់ទីណា ពុំដឹងជាស្លាប់ ឬនៅមានជីវិត។ យុវជនខ្លះខំនិយាយបន្លប់កំប្លែងលេងសើចដែរ តែ សំណើចរបស់គេ ទោះជាខំប្រឹងយ៉ាងណាក៏ដោយ ក៏នៅតែបង្កប់នូវ ភាពសោកសៅជៀសមិនផុត។ តើឲ្យគេបំភ្លេចម្តេចបាន បើសោកនាដកម្មដ៏ជូរចត់ ពោរពេញទៅដោយអំពើព្រៃផ្សៃអមនុស្សធម៌ស្ថិតនៅថ្មីៗនេះសោះ? ដោយសារតែកំហឹងនៅក្តៅងំក្នុងចិត្តពេកទៅ អ្នកខ្លះហ៊ានរហូតដល់ស្បថថា «ឈប់ជាន់ដីខ្មែរទៀតហើយ» ។ គេហ៊ានពោលដូច្នេះ ព្រោះគេឆ្អែតចិត្ត ព្រោះជីវិតរបស់គេលែងមានន័យដូចមុនទៀតហើយអ្វីៗបាត់អស់ បាត់ស្រុក-បាត់ស្រែ-បាត់ម៉ែ-បាត់ឪ-បាត់ផៅសន្តាន សល់តែសំបកខ្លួន រស់នៅតែលតោលឯកោម្នាក់ឯងក្នុងវដ្តសង្សារ…
ថ្វី ត្បិតតែយើងដឹងច្បាស់ថា យើងមានសិទ្ធិចេញទៅនៅប្រទេស ទីបី ហើយគេឈប់បញ្ជូនយើងឲ្យទៅនៅក្នុងព្រៃទៀតហើយក្តីក៏យើងនៅតែមាន ក្តីបារម្ភជាប់មិនដាច់។ យើងមិនដឹងថាតើអនាគតរបស់យើងនឹងវិវត្តន៏ទៅយ៉ាងណា ? តើយើងអាចទ្រាំទ្ររស់នៅស្រុកគេបានឬទេ បើយើងមិនចេះភាសានិងមិនស្គាល់ទំនៀមទំលាប់គេផង ? តើយើង អាចមានភ័ព្វ បានវិលមកជួបជុំគ្រួសារមកជាន់ទឹកដីកំណើតសាជាថ្មី ម្តងទៀតឬទេ ?
គឺសុទ្ធតែសំណួរដែលយើងមិនអាចដោះស្រាយបាន!
ជាសំណួរដែលធ្វើឲ្យយើងរិតតែចំបែងចិត្ត!
ដូច ជាពូម្នាក់ ក្រោយពីបានទៅដល់ស្រុកគេមួយរយៈមកបានពោលប្រាប់ខ្ញុំថា៖ « …ក្មួយអើយ ! មកដល់ស្រុកគេនេះ ពូក្លាយខ្លួនទៅ ជាមនុស្ស ថ្លង់-គ-ខ្វាក់ ទៅហើយ។ ថ្លង់ព្រោះគេនិយាយមក យើងស្តាប់ គេមិនបាន គ ព្រោះនិយាយទៅគេៗមិនយល់ ខ្វាក់ ព្រោះមើលមិន យល់ មិនដឹងគេសរសេរថាដូចម្តេច…
អូ៎ ! នុ៎ះហ្ន៎ ជនភៀសខ្លួនខ្មែរ !
ខ្ញុំ ចាំខ្ញុំចាំមិនភ្លេចទេនូវក្រសែភ្នែករាប់សិបដែលផ្តោតមកលើ ពួកយើង ដោយអាការៈភ្ញាក់ផង ឆ្ងល់ផង អាសូរផង។ ខ្ញុំមិនហ៊ានសម្លឹងមើលទៅគេវិញទេ។ ខ្ញុំឱនក្បាល ទម្លាក់មុខចុះ ! មែន ខ្ញុំឱនក្បាល ! ខ្ញុំឱនក្បាល ព្រោះខ្ញុំខ្មាស ! ខ្មាសព្រោះធ្លាក់ខ្លួនទៅជាជនភៀសខ្លួនគ្មានទីជម្រក ខ្មាសព្រោះសុំមេឃគេជ្រក ! ដប់ឆ្នាំមុន ខ្ញុំធ្លាប់បានធ្វើដំណើរទៅ ទ្វីបអឺរ៉ុបម្តងរួចមកហើយ តែកាលណោះ ខ្ញុំទៅ ដោយមានទិសដៅ ច្បាស់លាស់ ខ្ញុំទៅក្នុងនាមជានិស្សិតដែលបានទទួលអាហារូបករណ៏ ពី រដ្ឋាភិបាលបារាំង ឲ្យទៅបន្តវិជ្ជានៅប្រទេសគេ។ តែអនិច្ចា ! ពេលនេះ ខ្ញុំឃ្លាតពីមាតុភូមិ ក្នុងថានៈ ជាជនភៀសខ្លួន។ ខ្ញុំចាកចោលស្រុកទេស ចាកគ្រួសារលើកនេះ ទាំងបង្ខំចិត្ត ទាំងទឹកភ្នែក ទាំងទុក្ខសោកសៅ ដើម្បីរត់ជៀសឲ្យផុតពី«ក្រញាំមច្ចុរាជក្រហម»ឃោរឃៅដែលតែងតែគំរាម កំហែងជីវិតជាប្រចាំ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅនេះនៅក្នុង ព្រៃ ។
ខ្ញុំ ចាកចេញទាំងអស់សង្ឈឹម ព្រោះមិនដឹងថ្ងៃណាបានវិលមក ជួបជុំវង្សត្រកូល មិនដឹងថ្ងៃណាបានវិលមកជាន់ដីកំណើតជាថ្មីម្តង ទៀត។ គឺគិតដល់រឿងអស់ទាំងនេះហើយ ដែលធ្វើឲ្យខ្ញុំកាន់តែលំបាក ក្នុងចិត្តទ្វេឡើងទៀត។
ម៉ោង ១២ អាធ្រាត ជាពេលដែលត្រូវចេញដំណើរ។ រថយន្តពីរ គ្រឿងធំៗ បានមកដឹកជញ្ជូនពួកយើង យកទៅដល់ជណ្តើរយន្តហោះ តែម្តង។ គឹយន្តហោះដែលរដ្ឋាភិបាលស្វីសជួលជាពិសេស សម្រាប់មក យកយើងទៅនៅស្រុកគេ។ បងប្អូនយើងមួយចំនួនធំ គ្នាមិនដែលបាន ដឹង មិនដែលបានស្គាល់ប្រទេសនេះទេ។ មួយភាគតូច គ្រាន់តែដឹងថា ប្រទេសនេះស្ថិតនៅទ្វីបអឺរ៉ុប ជាប្រទេសមួយដែលមានឈ្មោះល្បីខាង ផលិតនាឡិកាថ្លៃៗ មានគុណភាពល្អប្រណិតតែប៉ុណ្ណោះ។
ខ្ញុំ អង្គុយនៅជួរមុខគេ ជាមួយកុមារកំព្រាបីរូប អាយុ ៧-៩ នឹង ១១ឆ្នាំ។ គេបានមកដល់ទីនេះ គឺដោយសារតែបានមាមីងរបស់គេជួយ ទំនុកបំរុង។ ខ្ញុំបានស្គាល់គ្រួសារនេះ នៅក្នុងជំរំមួយនាព្រំដែនខ្មែរ-ថៃ។
ពេល ដែលយើងរកកន្លែងអង្គុយបានគ្រប់ៗគ្នាមក នារីដែលជា បុគ្គលិកយន្តហោះបានហុចមីក្រូមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំជួយបកប្រែ ពន្យល់ពីវិធានការណ៏មួយចំនួនដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខនៅ
លើយន្តហោះ។
ក្រោយ ដែលយន្តហោះបើកបានមួយរយៈមក ពហុនិចារក៏ចាប់ ចែកភោជនាហារជូនភ្ញៀវ។ តែម្ហូបរបស់គេប្លែកពីម្ហូបយើងឆ្ងាយណាស់ កុមារទាំងបី គ្នាហូបមិនសូវបានទេ ទោះជាក្រពះឃ្លានយ៉ាងណាក្តី។ មុន នឹងឡើងមក ខ្ញុំបានប្រាប់ពួកគេថា «បើឃើញពូធ្វើដូចម្តេច ឯងត្រូវធ្វើ តាមពូ »។ នៅពេលខ្ញុំទាញខ្សែក្រវាត់មកចងចង្កេះ គេក៏នាំគ្នាចងចង្កេះ ដែរ។ ខ្ញុំចាប់កាន់សមស្លាបព្រា គេក៏ធ្វើតាមបានដោយគ្មានបញ្ហា ។ តែ នៅពេលខ្ញុំហូប «ហ្រ្វូមាស» គេទាំងអស់គ្នាធ្វើមុខជូរ ព្រោះហ្រ្វូម៉ាស (fromage) ជាម្ហូបម៉្យាង ដែលផ្សំឡើងពីទឹកដោះគោ មានក្លិនប្រហាក់ប្រហែលនឹងប្រហុកខ្មែរដែរ។ គេគ្រវីក្បាលតតាត់ ហើយនាំគ្នាហុចមកឲ្យខ្ញុំទាំងអស់។ បីបួនឆ្នាំកន្លងមកហើយដែលខ្ញុំខានបានហូប ខ្ញុំខំទំពារវា ថ្នមៗ ដើម្បីក្រេបរសជាតិដ៏ឈ្ងុយ ប្រៀបដូចដែលយើងខានបានហូប ប្រហុកយូរថ្ងៃមកហើយដូច្នេះដែរ។ ភ្លាមនោះ ពហុនិចារបានជូនស្រា ទំពាំងបាយជូរមួយកែវថែមមកទៀត។ ពិតមែនតែខ្ញុំជាអ្នកមិនសូវនិយមស្រា តែដល់អត់យូរមកហើយ មួយក្រេបដំបូង វាជះក្លិនក្រអូប សាយពេញក្រអូមមាត់។ ខ្ញុំហាក់ដូចជាមានអារម្មណ៏ អណ្តែតអណ្តូង មួយរកថាមិនត្រូវ។ គឺនៅពេលនោះហើយ ដែលអារម្មណ៍ខ្ញុំនឹកទៅដល់ស្រាទំពាំងបាយជូរ មានតម្លៃបួនដបដែលខ្ញុំបានទៅទិញផ្ទាល់ ដល់ទី កន្លែងផលិត ឯភូមិ Beaunes (Bourgogne) ហើយដែលខ្ញុំយកទៅជូន គ្រួសារបារាំងមួយដែលបានរាប់អានខ្ញុំដូចជាកូនចៅគាត់ដែរ នៅពេល ខ្ញុំទៅជម្រាបលាគាត់ត្រឡប់មកស្រុកវិញ ក្រោយពីបានបញ្ចប់ការសិក្សា រួចមកនៅឆ្នាំ១៩៧៥។ ពេលនោះ ប៉ាប៉ា «ប៊ីណា» បានពោលឡើងថា៖ «ស្រាដ៏មានតម្លៃនេះ យើងមិនទាន់បើកហូបទេ យើងយកវាទៅទុកក្នុង cave (បន្ទប់ក្រោមដី) សិន ចាំឯងត្រឡប់មកលើកទីពីរ សឹមយើងគោះ កែវជាមួយគ្នា» ។ ខ្ញុំអស់សំណើច ហើយឆ្លើយទៅគាត់វិញថា ខ្ញុំប្រហែលជាគ្មានសំណាងបានត្រឡប់មកជាលើកទីពីរទៀតទេ ព្រោះម៉្យាងស្រុក យើងទាំងពីរគ្មានទំនាក់ទំនងការទូតជាមួយគ្នា ហើយម៉្យាងទៀត នៅ ក្នុងសង្គមថ្មី គេមិនបណ្តោយឲ្យយើងដើរលេងរហេតរហូតដូចប្រទេស សេរីទេ។
តែនរណាអាចប៉ាន់ប្រមាណបានថា សភាពការណ៍វាវិវត្តន៏ទៅ
លឿនយ៉ាងដូច្នេះ ? ៥ ឆ្នាំក្រោយមក ខ្ញុំបានទៅលេងនឹងគាត់ម្តងទៀត តែអនិច្ចា គាត់បានចែកឋានទៅហើយ ដោយជរាពាធ។
នៅ លើយន្តហោះដែលកំពុងបោះពួយលឿនស្លេវ ឆ្ពោះទៅមុខ នឹកដល់រឿងនេះឡើង ខ្សែជីវិតរបស់ខ្ញុំ ក៏បានលេចត្រដែតប្រដេញគ្នា ធ្លាយធ្លោហូរចេញ ជាប់គ្នារដឹកនៅក្នុងអារម្មណ៍របស់ខ្ញុំលាយឡំនឹង ដុំពពកធំៗដែលកំពុងតែរសាត់ឆ្ងាយទៅៗ លើដែននភាល័យដ៏ធំល្វឹងល្វើយកាត់លំហមេឃាខៀវស្រងាត់ មេឃានៃសុភមង្គលថ្មី ! មេឃានៃ សេរីភាពថ្មី ! មេឃានៃក្តីសង្ឃឹមថ្មី ! …
















មតិយោបល់ថ្មីៗ