កំប្លែងពីនយោបាយដោយសុ ភក្តី
31 មករាបើពួកស្បែកសគ្មានការងារធ្វើ ពួកស្បែកសរហៅថា ” វិបត្តិសេដ្ឋកិច្ច”
បើពួកសាសន៍ខ្មៅអត់ការងារធ្វើ ពួកស្បែកសហៅគ្នាថា “បញ្ហាសង្គម” …
ពលកម្មឡប់ និពន្ធដោយលោកស្រីស៊ឹម ចាន់យ៉ា
30 មករារក្សាសិទ្ធិ
- លោកឡាណាកូនមិនត្រឹមតែមានដីនិងផ្ទះធំប៉ុណ្ណោះទេ ថែមទាំងស្អាតហើយរៀបរយទៀត។
មួយថ្ងៃៗអ្នកបំរើបោសជូតៗគ្មានសំរាមមួយទងទេ។
ពាក្យនេះម៉ែខ្ញុំប្រាប់ខ្ញុំប្រហែល៥០ដងហើយតាំងពីថ្ងៃដែលលោកឡា បុរសពោះម៉ាយ កូនបីមក
ស្តីដណ្តឹងខ្ញុំ ហើយម៉ែក៏ពេញចិត្តដែរនោះ។គាត់ចេះតែនិយាយពីផ្ទះលោកឡានេះមកពីដឹងថាខ្ញុំ
ជាមនុស្សចូលចិត្តភាពស្អាតនឹងរៀបរយ។ ថ្ងៃនេះ ម៉ែខ្ញុំសប្បាយចិត្តលើសសព្វដង ដោយលោកឡា
អញ្ជើញគាត់នឹងហៅខ្ញុំឲ្យទៅលេងផ្ទះរបស់លោក។ឡានយ៉ាងស្អាតរត់រអិលលើផ្លូវ។ ម្តាយខ្ញុំទឹក
មុខញញឹមពព្រាយ អង្គុយ ពីក្រោយអ្នកបើកបរដែលលោកឡាបញ្ជូនមកឲ្យទទួលពួកយើង។
បន្តិចក្រោយមក ស្រាប់តែគាត់ប្រែទឹកមុខមិនស្រួល។ ម៉ែខ្ញុំពុលឡានហើយ។ ខ្ញុំសុំឲ្យឡាន
ឈប់ដើម្បីទិញចំណីមានអំពៅសណ្តែកដីស្ងោរជាដើមជូនគាត់។ ពិសារបានបន្តិច គាត់ក៏
ស្រួលខ្លួនឡើងវិញតែមានបញ្ហាមួយកើតឡើងគឺមិនដឹងបោះកាកអំពៅនិងសំបកសណ្តែក
ដីចោលឯណា។ គាត់ចង់បើកកញ្ចក់ឡានតែមិនហ៊ានព្រោះឡានបើកលឿនពេក។
ឃើញដូច្នេះអ្នកបើកបរងាកមកជម្រាបគាត់៖
-មីងទុកសំបកចោលនៅជើងហ្នឹងចុះ !
ខ្ញុំដូចជាមិនស្រួលចិត្តសោះ ពេលឮដូច្នេះ។ ពេលនោះជាសំណាងល្អខ្ញុំរកបានថង់មួយ។
- កុំអីម៉ែ ! ចោលក្នុងថង់នេះមក!
អ្នកបើកឡានលោកឡា ងាកមកសើច៖
-ចោលឯណាក៏បានដែរអ្នកនាង ! ព្រោះគង់តែខ្ញុំបោសចេញដដែលៗហ្នឹង! ថ្ងៃណាក៏ខ្ញុំត្រូវតែបោសសំរាមចេញពីឡានដែរ !
ឥឡូវ ឡានបរមកដល់ផ្ទះលោកឡាហើយ។ នៅពីមុខផ្ទះវីឡាដ៏ធំមួយមានសួនច្បារ
ដាំស្មៅនិងផ្កាស្អាតភ្លឹងដូចពាក្យម្តាយខ្ញុំថាមែន។ ផ្ទះក៏ស្អាតរៀបរយគ្មានឃើញសំរាម
មួយទងសោះ។ ខ្ញុំពេញចិត្តស្តូក រឹតតែពេញចិត្តទៀតនោះគឺធុងសំរាមដាក់ត្រង់នេះមួយ
ត្រង់នោះមួយ។ លោកឡាចេញមកទទួលម្តាយខ្ញុំនិងខ្ញុំ រួចនាំទៅកាន់តុបាយតែម្តង
ព្រោះពេលនោះជាពេលថ្ងៃត្រង់ទៅហើយ។ ខ្ញុំមិនចាប់អារម្មណ៍អ្វីនិងលោកឡានោះទេ
ទោះបីជាអ្នកកំពុងតាមស្តីដណ្តឹងខ្ញុំក៏ដោយ ខ្ញុំជាប់ចិត្តតែនឹងភាពស្អាតរៀបរយរបស់ផ្ទះ
គាត់ប៉ុណ្ណោះ។
ប្រហែលជាយល់ចិត្តខ្ញុំ លោកឡាប្រាប់ថា៖
- ខ្ញុំជួលមនុស្សដល់ទៅបីនាក់ឯណោះសំរាប់ថែ បោសសំអាតសួន និងផ្ទះ។ នេះមិនទាន់គិត
ពូសែមអ្នកបើកបរដែលត្រូវមើលថែនិងសំអាតឡានរាល់ថ្ងៃផង។ មួយថ្ងៃៗគេធ្វើពលកម្មបែក
ញើសហូរញើសឥតឈប់ដៃទេ!
ខ្ញុំគិតថាម្ល៉ឹងៗតើទើបផ្ទះគេស្អាតណាស់ហើយក៏សួរថា៖
-លោកប្រហែលជាចំណាយលុយជួលពួកគាត់ច្រើនណាស់ហើយមើលទៅ។
លោកឡាញញឹមទំនងពេញចិត្តនឹងសំណួរខ្ញុំ។
-បាទ ច្រើនគួរសមដែរព្រោះខ្ញុំគិតថាពលកម្មនេះចាំបាច់ណាស់។ បើគ្មានទេ ផ្ទះនិងឡាន
ខ្ញុំមិនដឹងជាក្រខ្វក់យ៉ាងណាទេ។
រំពេចនោះ ឡានបាននាំកូនៗលោកឡាមកពីសាលា។ ពួកគេមានវ័យជំទង់ៗហើយ។
ក្រោយពីជំរាបសួរម្តាយខ្ញុំនិងខ្ញុំតាមការណែនាំរបស់លោកឡាហើយ ពួកគេស្រាប់
តែគ្រវាត់កាតាបសៀវភៅព្រូសប្រាស់ទៅលើកៅអីសាឡុង កំរាលឥដ្ឋការូ លើទូ
តាមតែនឹកឃើញ រួចគេនាំ គ្នាចូលតុបាយស្រ។ ផ្ទះបាត់របៀបរៀបរយមួយរំពេច។
ពេលនោះស្រីបំរើចេញមកប្រមូលសម្ភារៈរៀនអំបាញ់មិញយកទៅទុកធ្វើឲ្យទីនេះបានស្អាត
ឡើងវិញ។ ខ្ញុំឈរស្រឡាំងកាំងតាមមើលសកម្មភាពទាំងនេះ។
លោកឡាដើរមកជិតខ្ញុំនិយាយថា៖
-អ្នកនាងកុំឆ្ងល់អីក្មេងៗវាតែអញ្ចឹងហើយ។ ខ្ញុំធ្លាប់ប្រាប់វាដែរ តែវាមិនស្តាប់ ខ្ញុំមិនដឹងធ្វើ
យ៉ាងម៉េចទៀត។
-ទៅខ្វល់ធ្វើអ្វី យើងមានលុយជួលគេ បានស្អាតវិញភ្លាមតើ។ ម្តាយខ្ញុំបន្ទរ។
ខ្ញុំមិនមាត់នឹកក្នុងចិត្ត ថាតើនេះជាពលកម្មស្អីទៅ ? រួចខួរក្បាលខ្ញុំដូចជាស្ទះនឹកអ្វីលែងចេញ។
ឥឡូវដល់ពេលបាយហើយ។អ្នកបំរើបីនាក់ចេញមកលើកបាយលើកម្ហូប។ ទាំងអស់គ្នាញ៉ាំ
បាយ។ពេលនោះ ខ្ញុំភ្លឹកស្មារតីម្តងទៀត។ ក្មេងៗញ៉ាំបណ្តើរចោលឆ្អឹងបន្លែនិងអ្វីៗដែលគេ
មិនត្រូវការលើតុក្រោមតុ ក្រោមកៅអីពាសពេញ។ ខ្ញុំមើលទៅកន្លែងនេះជាកន្លែងហូបបាយ
របស់មនុស្សអនាធិបតេយ្យដូចដែលខ្ញុំធ្លាប់ឃើញនៅកន្លែងមួយចំនួន។ លោកឡាណែនាំ
បន្តិចបន្តួច ។កូនៗមិនធ្វើតាមលោកក៏ស្ងៀម។ពេលបាយរួច អ្នកបំរើចេញមកប្រមូលឆ្អឹង
និងសំរាម ហើយរៀបកន្លែងនោះបានស្អាតដូចដើម គឺពេលនោះហើយដែលខ្ញុំយល់សំដីអ្នក
បើកឡាននិយាយពីព្រឹកមិញ។ ខ្ញុំមានអារម្មណ៍ដូចជាឈឺក្បាលហើយភាន់ភាំង។ ឃើញដូច្នេះ
លោកឡាប្រាប់ឲ្យខ្ញុំនិងម្តាយខ្ញុំសំរាកនៅក្នុងបន្ទប់មួយក្បែរបន្ទប់កូនៗរបស់គាត់។ ម៉ែខ្ញុំបិទ
ភ្នែកធ្វើព្រងើយតែខ្ញុំមិនអាចបិទទាំងភ្នែក មិនអាចបិទទាំងអារម្មណ៍។
ខ្ញុំឮសូរគេជជែកគ្នាទ្រហឹងអឺងអាប់ ហើយសូរមាត់ដូចជាញ៉ាំអីផង។ ខ្ញុំអើតមើលតាមបង្អួច
ឃើញសំបកនំ សំបកពោត កាកអំពៅហើរចេញព្រោងព្រាតពីបង្អួច។ សំបកខ្លះធ្លាក់ក្បែរធុង
សំរាមខ្លះទើរលើមាត់ធុងសំរាមមួយដែលនៅពីក្រោមបង្អួច។ ខ្ញុំលែងសូវឆ្ងល់ហើយតែទប់
មាត់មិនឲ្យរអ៊ូម្នាក់ឯងមិនបាន៖
-ធុងសំរាមទុកសំរាប់លំអទេដឹង !
ប្រហែលជាកន្លះម៉ោងក្រោយមកផ្ទះប្រែជាស្ងាត់វិញ។ ក្មេងៗទៅរៀនអស់ ឯលោកឡាក៏ទៅ
ធ្វើការដែរ។ ប៉ុន្តែ មួយស្របក់ក្រោយមក សំឡេងអ៊ូអរលាន់ឡើងវិញ គឺសំឡេងបោសផ្ទះ។
ខ្ញុំអើតមើលទៅឃើញអ្នកបំរើកំពុងញាប់ដៃញាប់ជើងប្រមូលសំរាមដែលនៅរាយប៉ាយដាក់
ក្នុងធុងសំរាម។ រួចហើយពួកគេនាំគ្នាទៅអង្គុយសំរាកក្រោមដើមឈើមួយក្នុងសួន។ ខ្ញុំក៏ដើរ
ទៅជួបពួកគេ។
-ពួកបងៗហត់ណាស់ហើយមែនទេ?
-ចាសមិនអីទេអ្នកនាង ! ធ្វើតែបែបនេះរាល់ថ្ងៃទៅហើយ !
-ចុះលោកឡា គិតថាទុកឲ្យកូនលោកធ្វើបែបហ្នឹងរហូតទៅឬ?
នារីម្នាក់រាងចំណាស់ជាងគេលាន់មាត់ថា៖
-ដំបូង ខ្ញុំឃើញគាត់ពន្យល់ដែរ តែលុះកូនៗមិនស្តាប់ក៏មិនឃើញធ្វើអ្វីទៀត ដូចជាដាក់ពិន័យ
ឬទណ្ឌកម្មអ្វីទេ គិតតែពីរកអ្នកបោសផ្ទះបន្ថែម។
-ចុះបងយល់ថាពលកម្មហ្នឹងយ៉ាងម៉េចដែរ?
នារីម្នាក់ទៀតងាកមើលឆ្វេងស្តាំមុននឹងនិយាយ៖
-ខ្ញុំគិតថាជាពលកម្មឡប់ តែខ្ញុំមិនខ្វល់ទេ ឡប់ក៏ធ្វើដែរឲ្យតែបានលុយ !!
ខ្ញុំត្រឡប់មកបន្ទប់វិញ រៀបចំឥវ៉ាន់ដាស់ម៉ែ ៖
-ម៉ែប្រញ៉ាប់ឡើងទៅផ្ទះយើងវិញ។ នៅយូរទៀតប្រាកដជាឡប់ជាមួយពលកម្មឡប់ ឬអ្នកជួល
ឡប់មិនខាន៕
កកន៖
រឿងពលកម្មឡប់ ដកស្រង់ពីសៀវភៅ<ឆាកកំប្លែងកញ្ញាសោភ័ណ>។
អរគុណអ្នកបង ចាន់យ៉ាដែលបានអនុញ្ញាតឲ្យខ្ញុំស្រង់រឿងហ្នឹងមកផ្សាយក្នុងទីនេះ។
លោកស្រីស៊ឹម ចាន់យ៉ាបាននិពន្ធរឿង<ផ្កាយនៅតែភ្លឺ> រង្វាន់អក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ៣
<ឈប់យំទៅអប្សារាកំសត់> <ឆាកកំប្លែងកញ្ញាសោភ័ណ>ដែលជាកម្រងរឿងខ្លីៗមួយចំនួន
រឿង<មិត្តភាពមួយ>
សៀវភៅកំណាព្យ និងចម្រៀង<ឱ!ផ្កាពណ៌ស្វាយ>ដែលសុទ្ធសឹង
តែមានឧត្តមគតិនិងមានប្រយោជន៍ដល់សង្គម។
លោកស្រីស៊ឹម ចាន់យ៉ា ជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញ
និងជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។
លោកស្រីបានសិក្សាកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកអក្សរសាស្ត្រ
និងជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។
លោកស្រីបានអានច្រើនគួរសម
បានទទួលការអប់រំនិងមានទម្លាប់រស់នៅក្នុងសង្គមគ្រួសារនិងសង្គមមិត្តភក្តិ
ដែលលោកស្រីស៊ឹម ចាន់យ៉ាវាយតម្លៃថាពោរពេញទៅដោយសីលធម៌ និងមនុស្សធម៌។
សង្គមបរិយាកាសបច្ចុប្បន្នមានអ្វីៗដែលជំរុញឲ្យលោកស្រីចេះតែគិត
ទោះជាលោកស្រីព្យាយាមបង្រ្កាបអារម្មណ៍ឲ្យឈប់គិតឈប់ខ្វាយខ្វល់
នៅចំពោះមុខរាល់អំពើណាដែលលោកស្រីយល់ថាខុសឆ្គងរហូតដល់ជួនកាលចង់
ធ្វើខ្លួនឲ្យឥតវិញ្ញាណដូចដុំថ្ម ក៏ពុំបានផលល្អធ្វើឲ្យលោកស្រីរស់នៅក្នុងជីវិត
ដ៏អាក្រក់មួយគឺឈឺចាប់ នឿយណាយ និងអស់សង្ឃឹម។
លោកស្រីមានគំនិតថ្មីដែលសង្ឃឹមថាអាចជួយរំលែកការឈឺចាប់បានខ្លះដោយគិតថា
ជាការឥតប្រយោជន៍សោះដែលទុកអារម្មណ៍ផុសផុលទាំងនេះក្នុងទ្រូងតែម្នាក់ឯង
គួរតែយកវាចេញមកក្រៅប្រើប្រាស់ឲ្យបានជាប្រយោជន៍សង្គម។
លោកស្រីយល់ថា ក្នុងលោកនេះគង់មានអ្នកដែលមានអារម្មណ៍ដូចលោកស្រីមិនលែង។
ប្រាកដណាស់គឺមានខ្ញុំនេះម្នាក់ដែរ ។
ខ្ញុំពេញចិត្ត អត្ថបទនិពន្ធរបស់លោកស្រីទាំងអស់
ព្រោះការត្រិះរិះពិចារណា ការវិភាគ ទស្សនៈយល់ឃើញក៏មិនខុសពីចិត្តខ្ញុំដែរ។
កែវភ្នែករបស់យើងសម្លឹងមើលទៅទិសតែមួយគឺប្រយោជន៍រួម។
អ្វីៗដែលយើងឃើញនិងទើសចិត្តមិនអាចឲ្យយើងរំលង
និងមិនអាចបង្អាក់យើងមិនឲ្យលើកយកមកសរសេរឡើយ៕
ចំប៉ាមាសពេជ្រនិងចំប៉ាពេជ្រ ដោយអ្នកនិពន្ធទឹកភ្នែក
25 មករាថ្ងៃមួយ ខ្ញុំបានសរសេរសារអេឡិចត្រូនិចទៅលេងប្អូនធម៌ម្នាក់នៅអាមេរិកថា ក្នុងផ្ទះខ្ញុំមានមនុស្ស៣នាក់គឺប្អូនប្រុសខ្ញុំនិងកូនប្រុសទាំងពីរ។
ដែលមិនសូវហារមាត់និយាយស្តីសោះ កោតមិនចេះតឹងទ្រូង បើបិទមាត់ជិតម្លឹងៗ។
សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ប្រហែលជាខ្លាចធ្លាក់ ចំប៉ាមាស ហើយមើលទៅ?។
ស្រាប់តែប្អូនធម៌ខ្ញុំឆ្លើយមកវិញថា ប្អូនថ្លៃអ្នកបងក៏ដូចគ្នាដែរ មកពីធ្វើការវិញធ្វើបាយបន្តិចបន្តួចហើយចូលទៅប្រឡែងលេង
ជាមួយកូនបន្តិចក៏ស្ងៀមបិទមាត់ជិត ប្រហែលជាខ្លាចជ្រុះ ចំប៉ាពេជ្រ ហើយក៏មិនដឹង?។ តាមពិតរឿងនេះ វាមិនមែនជារឿងកំប្លែងទេ
ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាពាក្យនេះ ចំប៉ាមាសនិងចំប៉ាពេជ្រ នេះបានបណ្តាលឲ្យខ្ញុំអស់សំណើចសឹងតែរឹងពោះម្លឹងៗ?
នៅថ្ងៃស្អែកឡើង ខ្ញុំត្រូវនៅក្នុងស៊្ទុយឌីយ៊ោមួយម៉ោង។ ប្រសិនបើខ្ញុំ នឹកឃើញរឿងចំប៉ាមាស និង ចំប៉ាពេជ្រនេះហើយផ្ទុះសំណើច
ដូចកាលពីយប់ ម្ល៉េះសមមិនដឹងជាមានមាត់ឯណាមកនិយាយសូមទោសអ្នកស្តាប់កើត។ គ្រោះធំដល់ហើយពេលនោះ។ គិតទៅការផ្សាយផ្ទាល់មិនស្រួលទេណា។
រឿងមួយទៀត។ ម្តងនោះ សហការីខ្ញុំម្នាក់កំពុងតែនិយាយផ្សាយស្រាប់តែឈាមហូរពីច្រមុះមកគុកៗប្រឡាក់អាវសរគាត់។ ខ្ញុំស្រឡាំងកាំង ព្រោះទើបតែប្រទះជាលើកដំបូងក្នុងជីវិតការងារ ។ ទោះជាចង់ហារនិយាយជាមួយសហការីខ្ញុំក៏និយាយមិនកើត ព្រោះពេលនោះ មីក្រូកំពុងតែបើក ។ បើនិយាយច្បាស់ជាឮដល់អ្នកស្តាប់។
ម៉្លោះហើយ ខ្ញុំគិតតែខំនិយាយភាសាគរធ្វើដៃជាសញ្ញាឲ្យគាត់ឈប់អានអត្ថបទផ្សាយទៅ តែគាត់លើកដៃមកខ្ញុំវិញ មិនដឹងជាចង់ថាស្អីទេហើយចេះតែផ្សាយតទៅទៀត។ ឈាមក៏ចេះតែហូរពីច្រមុះមកតក់ៗមិនដាច់សោះ។ ចុះស៊យអីគាត់ថ្ងៃនេះ?
នៅរឿងមួយទៀត ។ ថ្ងៃមួយនោះ មិនដឹងជាឆ្នាំណាទេ នៅចាំតែថ្ងៃចូលឆ្នាំថ្មី ស្រាប់តែសន្តិសុខនៅជាន់ក្រោម ទូរស័ព្ទមកប្រាប់ថាមានភ្ញៀវម្នាក់ចង់ជួបដើម្បីយកកាដូមកជូនតែមួយភ្លែត។
អ្នកស្តាប់នេះចិត្តល្អដល់ហើយ ។ ប៉ុន្តែ នរណាដឹងថាគាត់ចិត្តល្អមែនទែនឫចិត្តល្អលេងៗ។ យី ពូកែលៃមែនតែម្តង យកកាដូមកឲ្យមុនម៉ោងផ្សាយតែប្រាំនាទី។ កំពុងតែផ្អើលពីរឿងភេរវកម្មបំផ្ទុះគ្រាប់បែកតាមរថភ្លើងផង ក៏ឆ្លើយប្រាប់សន្តិសុខវិញថា យើងមិនអនុញ្ញាតឲ្យឡើងមកទេ ព្រោះភ្ញៀវនេះមិនបានណាត់ទុកជាមុន ខ្លាចមានគេមករ៉ៅឆានរំខានការងារ។ សន្តិសុខយល់ស្របគំនិតខ្ញុំ។ ឱ! មិនដឹងជាអ្នកចិត្តល្អដែលមិនដឹងជាមកពីណាពីណីនេះពិតជាមានសន្តានចិត្តល្អមែនឫក៏….
មិនដឹងជាគាត់ខកចិត្តយ៉ាងណាយ៉ាងណីទេហ្ន? ។ ប៉ុន្តែ នេះជាមេរៀនមួយសម្រាប់គាត់ដែរ។ គាត់គួរតែចេះច្បាប់សុជីវធម៌ មិនមែននឹកចង់មកក៏មកភ្លាមដូចចង់ទៅផ្សារ និងទៅហាងលក់ទំនិញ ឬក៏ទៅប្រែសណីយ៍ផ្ញើសំបុត្រទេ។
រឿងទាំងអស់នេះចាត់ទុកជារឿងប្រភេទអីអីទៅហ្ន?
ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖ស្វាយ លីម៉េង៖គ្រប់យ៉ាងដើម្បីអ្នកណា
15 មករា
រង្វាន់អក្សរសិល្ប៍ឆ្នាំ២០១១ចំណាត់ថ្នាក់លេខ៣ស្ទួន
រក្សាសិទ្ធិ
ចរាចររាល់ថ្ងៃកកស្ទះខ្លាំងណាស់ បើសិនជាខ្ញុំគ្មានម៉ូតូទំនើប រថយន្តទំនើប ខ្ញុំប្រាកដជាពិបាកហើយ។ ម៉្យាងទៀត បើសិនជាខ្ញុំគ្មានរបស់ទាន់សម័យទាំងអស់នោះ ពួកម៉ាករបស់ខ្ញុំក៏ប្រាកដជាមិនរាប់អានខ្ញុំដែរ។
ខ្ញុំជាសិស្សវិទ្យាល័យមួយរូប ហើយខ្ញុំក៏ជាPLAY BOYដ៏ទាក់ទាញម្នាក់ផងដែរ។ ស្រីៗជាច្រើនរួមប្រជែងគ្នាដណ្តើមបេះដួងរបស់ខ្ញុំ។ ដើម្បីជាការតបស្នង ខ្ញុំតែងតែចំណាយពេលបរិច្ឆាគបេះដូងសម្រាប់ពួកនាងម្នាក់ៗអស់រយៈពេលពីរខែ។
ឆ្នាំថ្មី របស់ថ្មី អ្វីៗក៏ថ្មីទាំងអស់។ ខ្ញុំសុំប៉ា និងម៉ាក់ប្តូរម៉ូតូម៉ាកថ្មី។ គាត់ទាំងពីរមិនបានប្រកែកជាមួយខ្ញុំនោះទេ ព្រោះខ្ញុំជាកូនពៅ។ខ្ញុំមានបងស្រីម្នាក់ និងបងប្រុសម្នាក់។ ម៉្យាងទៀត តម្លៃត្រឹមម៉ូតូមួយគ្រឿងវាគ្មានអ្វីជាបញ្ហាសម្រាប់គ្រួសាររបស់ខ្ញុំទេ។ ខ្ញុំជាអ្នកទៅរើសដោយខ្លួនឯង។ អូហូ! ម៉ូតូថ្មី របស់ខ្ញុំធានាថាពិតជាឡូយ និងដំបូងគេនាសម័យកាលនេះ ហើយគ្មាននរណាបានជិះមុនខ្ញុំនោះទេ។ ម៉ូតូនោះមានភ្ជាប់កញ្ចក់មួយគូ។ លើសពីនេះទៀត អ្នកលក់ចិត្តល្អបានថែមមួកការពារសុវត្ថិភាពឲ្យខ្ញុំមួយទៀតផង។ ខ្ញុំគិតសព្វៗទៅ ខ្លួនខ្ញុំហាក់ដូចជាមានសំណាងខ្លាំងណាស់ ព្រោះនៅពេលណា ដែលខ្ញុំត្រូវការរបស់អ្វីមួយ ខ្ញុំតែងតែទទួលបានវាជានិច្ច ។ ពេលខ្លះ ខ្ញុំក៏គិតថាចង់ជិះឡាននឹងគេដែរ ប៉ុន្តែ ចាំដល់ពេលរៀនមហាវិទ្យាល័យសិនទើបកាន់តែឡូយជាងនេះ។
ខ្ញុំបានយកម៉ូតូមកម្តុំផ្សារអូរឫស្សីដើម្បីបន្ថែមសម្រស់របស់វាឲ្យកាន់តែឡូយដូចជារូបខ្ញុំដែរ។ ខ្ញុំដាក់កាំបន្ទះឲ្យវា។ ខ្ញុំបិទតែមបន្ថែមទៀត។ ខ្ញុំដាក់ភ្លើងលម្អនិងគ្រឿងបរិក្ខារផេ្សងទៀតដែលទំនើបបំផុតនាសម័យកាលចុងក្រោយនេះ។ បន្ទាប់ពីនោះ ខ្ញុំបានជិះឆ្វែលជុំវិញសាលារៀនរបស់ខ្ញុំយ៉ាងរីក រាយ។ មិត្តខ្ញុំម្នាក់ណាក៏សរសើរខ្ញុំគ្រប់ៗគ្នា។ ខ្ញុំដឹងថា បន្ទាប់ពីឃើញម៉ូតូរបស់ខ្ញុំ ពួកវាប្រាកដជាទៅរំអុកប៉ា និងម៉ាក់របស់វាឲ្យទិញឲ្យដែរហើយមើលទៅ…….?
នៅថ្ងៃនេះគឺដូចជាទម្លាប់ធម្មតា ពួកយើងជិះម៉ូតូប្រជែងគ្នាត្រសងពេញដងផ្លូវ។ ពួកយើងមិនពាក់មួកសុវត្ថិភាពទេ ព្រោះវាធ្វើឲ្យខូចម៉ូតសក់PLAY BOY របស់ពួកយើង ហើយកញ្ចក់ម៉ូតូក៏គ្មានដែរ។ ខ្ញុំគិតថា វាដូចជាសម្រែខ្លាំងណាស់។ ប៉ា និងម៉ាក់តែងតែដាស់តឿនខ្ញុំជារឿយៗ ហើយបងប្រុសវិញក៏ស្តីឲ្យខ្ញុំយ៉ាងខ្លាំងដែរអំពីរឿងពាក់មួកសុវត្ថិភាពនេះ។ លើសពីនេះទៀត មួកសុវត្ថិភាពក៏ជាសត្រូវរបស់ម៉ូតូខ្ញុំដែរ។ សត្រូវធំបំផុតរបស់ខ្ញុំ គឺពួកប៉ូលីសដែលចាំផាកពិន័យមនុស្សដែលមិនគោរពច្បាប់ដូចជា រូបខ្ញុំ។ ឯរឿងបន្តទៀតនោះ គឺភ្លើងស្តុបតែម្តង។ ចាំមើលណា៎ ថ្ងៃណាមួយខ្ញុំនឹងលួចចោលភ្លើងស្តុបនោះឲ្យបែកខ្ទេចម្តង។ ពួកយើងកំពុងជិះម៉ូតូភ្លេចខ្លួនស្រាប់តែសម្លេងកញ្ជែឮសូរជ្រែតៗនៅពីមុខពួកយើង
- អីយ៉ាស់! ជាប់កប៉ូលីសហើយពួកយើង វ៉ើយនាំគ្នាបត់ចូលតាមច្រកតូចវិញ!
នេះជាសំដីរបស់ខ្ញុំបញ្ជាមិត្តរបស់ខ្ញុំឲ្យបត់ទៅតាមផ្លូវតូចវិញម្តង។ ប្រាំនាទីក្រោយមក ពួកយើងក៏បានមកដល់ទីដែលយើងបានណាត់ជួបស្រីស្នេហ៍យ៉ាងរីករាយ។ ជាទូទៅពួកយើងតែងតែ ជួបប្រទះនូវហេតុការណ៍នេះជានិច្ច ហើយវាបានក្លាយទៅជាទម្លាប់ដែល ធ្វើឲ្យសប្បាយថែមទៀតផង បើទោះបីជាខ្ញុំដឹងថា វាជាការល្មើសច្បាប់ចរាចរក៏ដោយ។
ពេលវេលាដើរយឺតណាស់សម្រាប់ការរង់ចាំ។ ប៉ុន្តែ វាដើរលឿនណាស់សម្រាប់ការសប្បាយ
របស់ខ្ញុំ។ ម៉ោងប្រហែលជាប្រាំបីយប់ ខ្ញុំកំពុងឌុបម៉ាក់នៅលើផ្លូវមួយ។ បរិយាកាសនាពេលរាត្រី
លើដងវិថីហាក់ដូចជារយាលច្រើន មើលទៅវាដូចជាបានសម្រាកខ្លះហើយពីការនឿយហត់នៅពេលថ្ងៃ។
ភ្លើងបំភ្លឺផ្លូវមានពន្លឺភ្លឺព្រឹមៗ។ ចំណែកឯលោកភ្លើងស្តុបក៏មិនទាន់បានសម្រាកទៀត។ ខ្ញុំគិតថា វាល្មមដល់ពេលដែលលោកភ្លើងស្តុបសម្រាកហើយ ព្រោះថាមិនសូវមានម៉ូតូ និងឡានចង្អៀតគ្នា
ទៀតឯណា។ ដោយសារតែគំនិតបែបនេះហើយ ទើបខ្ញុំបានបន្ថែមល្បឿនទៅមុខទៀត បើទោះបីជា
មិនទាន់ដល់ភ្លើងអនុញ្ញាតឲ្យខ្ញុំទៅក៏ដោយ។ រឿងមិនគួរកើតបានកើតមានឡើង។ ដោយសារតែខ្ញុំ សម្លេងដ៏រន្ឋត់មួយបានបន្លឺឡើងពេញដងផ្លូវ។ ខ្ញុំភ័យមែនទែន ភ័យនឹងខ្លូនឯង ភ័យនឹងម៉ាក់ដែលនៅ
ពីក្រោយខ្ញុំ ភ័យនឹងម៉ូតូថ្មីរបស់ខ្ញុំ និង ភ័យជាមួយនឹងកំហុសដែលខ្ញុំបានបង្កឡើង។
- នុះ! គឺអាមួយម៉ូតូថ្មីនោះជាអ្នកបើកបុកគេ!
- នុះ! គឺអាស្ទាវមួយនោះជាអ្នកខុស!
- នុះ! គឺអាទំនើងមិនគោរពច្បាប់ចរាចរមួយនោះជាអ្នកខុស! ពេលនេះសមមុខវាហើយ….
- មែនហ្នឹង! ប៉ុន្តែអាណិតតែអ៊ំស្រីម្នាក់នេះ និងក្មេងតូចមួយនោះទេ បាត់មាត់សន្លប់ឈឹងតែម្តង! តោះ!ទៅជួយគ្រាហ៍គាត់យកមកចូលក្នុងសិនមក…….!
ទាំងអស់នេះគឺជាសម្លេងមនុស្សដែលកំពុងរោមមើលហេតុការណ៍គ្រោះថ្នាក់របស់ខ្ញុំ។ មួយម៉ាត់ណាក៏ជាកំហុសរបស់ខ្ញុំដែរ។ តើខ្ញុំពិតជាខុសមែនឫ?
ខ្ញុំមានរបួសក្បាលចេញឈាមតិចៗ។ អ្នករបួសពីរនាក់ប្តីប្រពន្ឋគឺគ្រាន់តែរបួសសើស្បែក
ប៉ុណ្ណោះ ព្រោះតែពួកគាត់មានមួកការពារសុវត្ថិភាព។ អ្នករបួសធ្ងន់មានតែម៉ាក់របស់ខ្ញុំ និង កូនតូច
របស់ពីរនាក់ប្តីប្រពន្ឋនោះប៉ុណ្ណោះដែលសន្លប់បាត់មាត់ដូចគ្នា។ ខ្ញុំប្រញាប់ទូរស័ព្ទជម្រាបលោកប៉ា បងប្រុសនិងបងស្រីឲ្យបានដឹងពីរឿងនេះ ហើយខ្ញុំក៏មិនភ្លេចប្រាប់
មិត្តភក្តិរបស់ខ្ញុំដែរ។ ប៉ាបានទូរស័ព្ទហៅឡានពេទ្យយ៉ាងប្រញាប់។ គាត់មានអារម្មណ៍តក់ស្លុតណាស់នៅពេលឃើញម៉ាក់ក្នុងសភាពបែប នេះ។ ប៉ូលីសវាស់វែង ដើម្បីពិនិត្យរកអ្នកបង្កហេតុ។ ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងច្បាស់ណាស់ថាជារូបខ្ញុំ។ ខ្ញុំមិនគោរពភ្លើងសញ្ញាចរាចរ។ ខ្ញុំគ្មានពាក់មួកការពារសុវត្ថិភាព។ ខ្ញុំគ្មានដាក់កញ្ចក់នឹងម៉ូតូ។ ខ្ញុំបើកម៉ូតូលើសល្បឿនកំណត់របស់ច្បាប់។ ខ្ញុំជាអ្នកមិនគោរពច្បាប់។
ឡានពេទ្យមកដល់ មិត្តភក្តិរបស់ខ្ញុំក៏មកដល់ដែរ។ ប៉ា និងបងស្រីជាអ្នកជូនម៉ាក់ទៅពេទ្យ ។ កូនតូច និងម្តាយរបស់វាក៏ទៅពេទ្យជាមូយនឹងម៉ាក់ដែរ។ ឥឡូវនៅសល់តែខ្ញុំ បងប្រុសរបស់ខ្ញុំ ឪពុករបស់ក្មេងតូច មិត្តភក្តិរបស់ខ្ញុំ និងអ្នកដែលត្រូវទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ប៉ុណ្ណោះ។ របូសរបស់ខ្ញុំ នៅតែមានឈាមហូរមកតិចៗ តែបានសង្សាររបស់ខ្ញុំជាអ្នកជូតឈាមឲ្យជានិច្ច។ ខ្ញុំមានអារម្មណ៍ថា ស្អប់ខ្លូនឯងខ្លាំងណាស់។ តើម៉ាក់ និងក្មេងតូចនោះនឹងទៅជាយ៉ាងណា?
រឿងអកុសលបានកើតឡើង។ វាបានបន្សល់ទុកនូវវិប្បដិសារីសម្រាប់ខ្ញុំ។ ខ្ញុំអង្គុយក្បែរអ្នកម៉ាក់រហូត។ ពេទ្យនិយាយថា ម៉ាក់អាចសន្លប់យូរ។ ប៉ុន្តែមានដំណឹងល្អមួយសម្រាប់ខ្ញុំ។ ក្មេងម្នាក់នោះមិនមានបញ្ហាអីធំដុំនោះទេ ហើយបងប្រុសក៏បានដោះស្រាយរឿងគ្រោះថ្នាក់ចរាចរ
បានចប់សព្វគ្រប់ហើយដែរ។ នៅអង្គុយក្បែរខ្ញុំពេលនេះគឺមានតែបងប្រុស និងម៉ាក់ដែលកំពុងតែ
សម្រាកនៅលើគ្រែក្នុងមន្ទីរ ពេទ្យប៉ុណ្ណោះ។ ខ្ញុំបន់ស្រន់នៅក្នុងចិត្ត សូមកុំឲ្យម៉ាក់មានរឿងអាក្រក់មួយទៀតកើតឡើងធ្វើអី។ ខ្ញុំកាន់ដៃ របស់ម៉ាក់យ៉ាងជាប់។ ម្តេចក៏គាត់បិទភ្នែកយូរម្ល៉េះ? ហេតុអីក៏ម៉ាក់មិនព្រមបើកភ្នែកឡើងមើលមុខកូនអ៊ីចឹង? ម្តងបន្តិចៗ កម្លាំងរបស់ខ្ញុំចាប់ផ្តើមចុះខ្សោយ។ ត្របកភ្នែករបស់ខ្ញុំកាន់តែទម្លាក់មកគ្របមិនឲ្យខ្ញុំបានឃើញអ្វីជាបន្តទៀតទេ។ ខ្ញុំបិទភ្នែកកាន់តែជិត ហើយឈាមរបស់ខ្ញុំក៏ចេះតែប្រជែងគ្នាជាមួយទឹកភ្នែកមួយតក់ៗរបស់ក្មេងដូចជារូបខ្ញុំដែរ។ តើខ្ញុំជាកូនល្អឫទេ? តើខ្ញុំជាសិស្សល្អឫទេ? ហើយតើខ្ញុំជាពលរដ្ឋល្អឫទេ? បញ្ចប់សំណួរនេះ ខ្ញុំលែងបានឃើញមុខរបស់ម៉ាក់តទៅទៀតហើយ។ ខ្ញុំមិនចង់ឃ្លាតពីគាត់ទេ! សូមកុំយកម៉ាក់ខ្ញុំទៅណាអី….!
អារុណរៀងរះលើមេឃា ដួងចន្រ្ទាក៏និន្រ្ទាចាកលោកិយនេះហើយ។ សន្សើមពេលព្រលឹមពិតជាត្រជាក់ខ្លាំងណាស់។ ប៉ុន្តែវាជាសញ្ញានៃការចាប់ផ្តើមជាថ្មី។ ព្រលឹមថ្ងៃថ្មី អ្វីៗក៏ចាប់ផ្តើមថ្មីដែរ។ ម៉ាក់កំពុងបញ្ចុកបបរឲ្យខ្ញុំញ៉ាំ។ ចំណែកឯសង្សាររបស់ខ្ញុំកំពុងតែចិតផ្លែឈើទុកឲ្យខ្ញុំញ៉ាំដែរ។ នៅពេលនេះ ខ្ញុំបានឃើញលោកប៉ា បងប្រុស បងស្រី និងមិត្តភក្តិរបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារដែលខ្ញុំបានបុកកាលពីថ្ងៃមុន។ គាត់ក៏មានទិញផ្លែឈើ និងទឹកដោះគោឆៅយកមកផ្ញើខ្ញុំដែរ។ ពួកគាត់មិននឹកស្មាន ថា អ្នករងគ្រោះធ្ងន់ធ្ងរគឺជារូបខ្ញុំទៅវិញ។ មនុស្សមានសន្តានចិត្តបែបនេះពិតជាពិបាករកណាស់។ គាត់មិនខឹងនឹងខ្ញុំដែលបង្កបញ្ហាដល់ក្រុមគ្រួសាររបស់គាត់ ហើយបែរជាយកចិត្តទុកដាក់ជាមួយខ្ញុំទៅ វិញ។ ចប់ពីម៉ាក់បញ្ចុកខ្ញុំរួចហើយ គឺជាវេនក្មេងតូចកាលពីថ្ងៃនោះ។ វាកាន់ទឹកដោះគោឆៅមកឲ្យខ្ញុំ រួចវានិយាយឲ្យកម្លាំងចិត្តមកខ្ញុំថា ៖
- ពូ! ត្រូវខំញ៉ាំឲ្យបានច្រើនទើបឆាប់ជា ហើយពូកុំបើកម៉ូតូលឿនៗទៀត ប្រយ័ត្នគ្រោះថ្នាក់ទៀតណា៎។
វានិយាយរួចខ្ញុំសង្កេតឃើញថា អ្នកទាំងអស់គ្នាប្រាកដជាលួចសើចក្នុងចិត្ត។ ទាំងអស់គ្នាប្រហែលជាគិតថា ក្មេងម្នាក់នេះឆ្លាត និងចេះដឹងច្រើនជាងខ្ញុំផងមើលទៅ។ ចំណែកខ្ញុំក៏មានអារម្មណ៍សប្បាយជាមួយក្មេងនេះដែរ។ ខ្ញុំបានទទួលយកពីដៃវាដោយក្តីពេញចិត្ត។ ម្នាក់ៗបានផ្តល់កម្លាំងចិត្តឲ្យខ្ញុំយ៉ាងច្រើន។គ្មានអ្វីសំខាន់ជាងការអត់ឧន និងការផ្តល់អធ្យាស្រ័យ
ឲ្យគ្នាទៅវិញទៅមកនោះទេ ហើយក៏គ្មានអ្វីប្រសើរជាងការធ្វើខុសហើយចេះកែខ្លួនមកវិញដែរ។
អស់រយៈពេលមួយសប្តាហ៍ខ្ញុំបានត្រឡប់មកផ្ទះវិញ។ ក្បាលរបស់ខ្ញុំនៅឈឺតិចៗ ប៉ុន្តែខ្ញុំហាក់ មានកម្លាំងច្រើនមកវិញ។ ខ្ញុំបានសន្លប់នៅពេលដែលខ្ញុំកំពុងតែអង្គុយមើលម៉ាក់នៅក្នុងមន្ទីរពេទ្យ ហើយប្រហែលជាពីរម៉ោងក្រោយមក ម៉ាក់ក៏បានដឹងខ្លួនឡើងវិញ។ ឥឡូវនេះគាត់មិនអីទេ។ តាមពិត គាត់ស្លុតនឹងព្រឹត្តិការណ៍នោះ ហើយដោយសារគាត់មានវ័យចំណាស់បន្តិចផងទើបវាក្លាយទៅជាបែប នេះ។ ក្រោយព្រឹត្តិការណ៍នេះ ខ្ញុំដូចជាកើតម្តងទៀតអ៊ីចឹង។ ខ្ញុំសប្បាយចិត្តព្រោះគ្មាននរណាម្នាក់រងគ្រោះដោយសារខ្ញុំទេ។ នៅពេលនេះ ខ្ញុំយល់ហើយថា តើនរណាជាអ្នកធ្វើបាបខ្ញុំ ហើយតើនរណាជាអ្នកធ្វើឲ្យខ្ញុំមានសេចក្តីសុខ។ គ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើបាបខ្លួនឯង។ ខ្ញុំដឹងថា ខ្ញុំមានសំណាងខ្លាំងណាស់។ ប៉ុន្តែហេតុអ្វីក៏ខ្ញុំមិនព្រមឲ្យសំណាងនោះផ្តល់សេចក្តីសុខ និងអនាគតមួយដ៏ត្រចះត្រចង់វិញទៅ..?សង្គមបង្កើតច្បាប់គឺចង់ឲ្យមនុស្សល្អ និងរស់នៅជាមួយគ្នាពោរពេញទៅដោយសេចក្តីសុខ ។ម៉ាក់ប្រាប់ខ្ញុំក៏ចង់ឲ្យខ្ញុំមានសេចក្តីសុខដែរ។ ខ្ញុំចង់ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ សម្រាប់សង្គមរបស់ខ្ញុំ។ ខ្ញុំចង់រស់នៅក្នុងសុភមង្គល សីលធម៌ និងការគោរពច្បាប់។
ថ្ងៃច័ន្ទ ម៉ោងប្រាំល្ងាច ពួកម៉ាកខ្ញុំ និងខ្ញុំចេញពីរៀនគ្រប់ៗគ្នា។ ពួកយើងជិះម៉ូតូដដែល។ ប៉ុន្តែម៉ូតូរបស់ខ្ញុំគឺជាម៉ូតូថ្មីមួយគ្រឿងទៀត។ ពួកយើងទាំងអស់គ្នាពាក់មួកការពារសុវត្ថិភាពយ៉ាង
ត្រឹមត្រូវ ហើយមានកញ្ចក់មួយគូសម្រាប់ពួកយើងមើលទៅខាងក្រោយនៅពេលដែលពួកយើងបត់។ ពួកយើងឈប់នៅពេលភ្លើងក្រហម។ ពួកយើងត្រៀមចេញដំណើរនៅពេលឃើញភ្លើងលឿង ហើយពួកយើងនឹងចេញដំណើរនៅពេលឃើញភ្លើងខៀវ។ ទាំងនេះគឺជាវិន័យថ្មី និងទម្លាប់ថ្មីសម្រាប់ពួកយើង។ ម្នាក់ៗមិនភ្លេច ហើយក៏មិនល្មើសទៀតដែរ។ ម៉ូតូPLAY BOY ពីមុនគឺគ្មានទេ។នេះជាហេតុផលដែលម៉ាក់ទិញម៉ូតូថ្មីនេះឲ្យខ្ញុំ។ ឥឡូវនេះ គឺមានតែម៉ូតូយុវសិស្សសង្ហាមួយក្រុមប្រចាំវិទ្យាល័យនេះតែប៉ុណ្ណោះ។
ចរាចរកំពុងមមាញឹកស្របទៅតាមការវិវឌ្ឍន៍របស់សង្គម។ យានយន្តគ្រប់ប្រភេទកំពុងបរតាមភ្លើងសញ្ញាចរាចរដែលបានអនុញ្ញាត។ គ្មានរូបភាពបើកគេចប៉ូលីសទៀតឡើយ។ ខ្ញុំដឹងថា ខ្ញុំជាមនុស្សចុងក្រោយគេដែលទើបតែគោរពច្បាប់ចរាចរហើយ។ ម្យ៉ាងទៀត ខ្ញុំមិនមែនជាបច្ចាមិត្តរបស់ប៉ូលីសទៀតនោះទេ។ លោកប៉ូលីសក៏លែងលំបាកដើម្បីសេចក្តីសុខរបស់ខ្ញុំទៀតដែរ។
រាត្រីនេះម៉ោងប្រាំបីយប់ ម៉ាក់នៅពីក្រោយខ្ញុំ តែពេលនេះខ្ញុំបានជូនម៉ាក់ទៅដល់ផ្ទះដោយសុវត្ថិភាព។ ក្រុមគ្រួសាររបស់ខ្ញុំកំពុងបរិភោគបាយយ៉ាងមានសេចក្តីសុខ។ នេះគឺជាសេចក្តីសុខរបស់ខ្ញុំរបស់ក្រុមគ្រួសារខ្ញុំ និងរបស់សង្គមខ្ញុំ…៕
ជីរប្រវត្តិសង្ខេបរបស់ខ្ញុំ
ខ្ញុំបាទឈ្មោះ ស្វាយ លីម៉េង កើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ១៩៩០ នៅខេត្តកំពង់ចាម។ ប៉ុន្តែ ដោយសារបញ្ហាជីវភាព ខ្ញុំបាទបានផ្លាស់ទីលំនៅទៅរស់នៅខេត្តប៉ៃលិននៅឆ្នាំ១៩៩៧។ ខ្ញុំបាទមានបងប្អូន៣នាក់។ ប្រុស២នាក់ និងស្រីម្នាក់។ ឪពុកជាកសិករ។ ម្តាយខ្ញុំបាទក៏ជាកសិករ។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំបាទបញ្ចប់សាកលវិទ្យាល័យផ្នែកច្បាប់ ។
ខ្ញុំបាទធ្លាប់បានទៅចូលរួមសិក្ខាសាលាជាមួយអង្គការ Room to read ស្តីពីការសរសេររឿងកុមារា គូររូប ព្រមទាំង យេនឌ័រ។
កាលពីចុងឆ្នាំ២០១០ ខ្ញុំបាទបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍នៃការនិពន្ធរឿងប្រលោមលោកខ្លីវែងដែលរៀបចំដោយសមាគមអក្សរសិល្ប៍នូហាចនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ៕
- ស្វាយ លីម៉េងរូបទី២ខាងស្តាំ ជួរមុខ
PRESTIGEរបស់នាយច្រូច៖ព្រហ្ម វ៉ាន់មុនី
15 មករាហៅម៉ាដឺឡែន
ដកស្រង់ចេញពីព្រឹត្តប័ត្រសម្លេងC5 លេខ២
ថ្ងៃនេះ នាយច្រូចឧស្សាហ៍តែម្តងមិនដឹងជាវានឹកឃើញអី ស្រាប់តែងើបពីដេកភ្លាម
វាស្រេកហួចពេញផ្ទះ។
មួយសន្ទុះក្រោយមក នាយច្រូចក៏រែកទឹកដាក់អាងភ្លាមដែរ បងប្អូនទាំងអស់គ្នាស្មានតែនាយច្រូចរែកតែមួយអម្រែកសម្រាប់លប់លាងខ្លួនវា តែត្រូវជំនោរសឹងជិតពេញអាងតែម្តង។
អស្ចារ្យ ! អស្ចារ្យ ! ថ្ងៃនេះនាយច្រូចកំសត់ខ្លួនសម្បើមណាស់សូម្បីតែមេឃក៏ស្រក់ទឹកភ្នែកអាណិតវាដែរ។
ក្រោយពីដងទឹករួច ពេលបាយមកដល់ អីយ៉ា! នាយច្រូចឡើងដៃភ្លាមដែរ ព្រោះប៉ុន្មានថ្ងៃនេះ នាយច្រូចមិនបានដងទឹក នាយច្រូចក៏មានចិត្តអត់លូកម្ហូបspécialដែរ។
អីយ៉ា! អីយ៉ា! មើលនាយច្រូចលូកៗស៊ីទាល់តែចាស់ដៃតែម្តង។
អស្ចារ្យ! ! ! ! ថ្ងៃនេះនាយច្រូចដូចជាឡើងទឹកតែម្តង៕
សរសេរថ្ងៃ ៣ កក្កដា ១៩៧៦
វិថីជីវិតគំរូ ៖ លោកហេងសុភា
12 វិច្ឆិកាកកន៖
ខ្ញុំមានសេចក្តីរីករាយប្រកាសផ្សាយខ្សែជីវិតរបស់លោកហេង សុភា។
លោកជានាយកគ្រប់គ្រងទូទៅនៃទស្សនាវដី្ត
<វីធីសាស្ត្រជោគជ័យ>។
សូមទុកខ្សែជីវិតដ៏គួរឲ្យសរសើរនេះជាការលើកទឹកចិត្ត
និង
ជាគំរូល្អមួយសម្រាប់យុវជនយុវតីគ្រប់រូប។
សូមអរគុណលោកជីព ចិត្ត ប្រធានព័ត៌មានបច្ចេកវិទ្យា
នៃវេបសាយ<សប្យាយ>www.sabay.com.khដែលបានផ្តល់
អត្ថបទខាងក្រោមនេះឲ្យខ្ញុំផ្សាយ។
អ្នកហាន់គល់ស្លឹកគ្រៃក្លាយជាបណ្ឌិត
«បើគ្មានថ្ងៃនោះទេ ខ្ញុំក៏គ្មានថ្ងៃនេះដូចគ្នាដែរ»
ការគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះរាល់មនុស្សទាំងអស់សុទ្ធតែចង់ក្លាយជាអ្នកដឹកនាំ ចង់មានកេរ្តិ៍ឈ្មោះ ចង់មានកិត្តិយសល្បីខ្ចរខ្ចាយដូចគ្នា។ ចំណុចនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បុគ្គលដែលអាចក្លាយជាអ្នកគ្រប់គ្រងបុគ្គលដទៃបាន លុះត្រាតែគេពោរពេញដោយបទ ពិសោធ ចំណេះដឹងជ្រៅជ្រះ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ បូកផ្សំជាមួយនឹងភាពប៉ិនប្រសប់។ លោកអនុបណ្ឌិត ហេង សុភា ជាបុគ្គលម្នាក់ដែលកើតក្នុងទីជនបទ ប៉ុន្តែស្ថិតក្រោមការតស៊ូ ពុះពារក្នុងវិថីជីវិតដ៏វែងឆ្ងាយ ទើបជំរុញឲ្យលោកក្លាយជានាយកគ្រប់គ្រងទូទៅ ទស្សនាវដ្ដី វិធីសាស្ត្រជោគជ័យ។
លទ្ធផលដែលទទួលបានសព្វថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែង តាំងពីក្មេងហាន់គល់ស្លឹកគ្រៃ ដើម្បីផ្សំជាគ្រឿង សម្លនំបញ្ចុក មកម្ល៉េះ។ អ្វីដែលជាឆន្ទះពិតប្រាកដរបស់គេនោះ គឺចង់បន្តការសិក្សារបស់ខ្លួនឲ្យដល់ថ្នាក់បណ្ឌិត។
ចង់ដឹងថា តើដំណើរដើមទងជីវិត ការតស៊ូព្យាយាម ការអត់ធ្មត់របស់លោកហេង សុភាមានទម្រង់បែបណានោះ Sabay សូមលាតត្រដាងរនាំងជីវិតពិតរបស់បុគ្គលនេះមកបង្ហាញជូនមិត្ត អ្នកអាន។
ជីវប្រវត្តិសង្ខេប
ស្ថិតក្រោមក្រសែភ្នែកប្រកបដោយមនសិការ និងពោរពេញដោយទស្សនវិស័យខ្ពស់ លាយឡំនឹងភាពញញឹមរួសរាយរាក់ទាក់ លោក ហេង សុភា បានឲ្យដឹងថា លោកមានស្រុកកំណើតនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកចាប់កំណើត ថ្ងៃទី១៥ មីនា ឆ្នាំ១៩៨១ក្នុងក្រុមគ្រួសារដែលមានកម្រិតជីវភាពមធ្យមមួយដែលមាន របរជាអ្នកធ្វើនំបញ្ចុកលក់។
លោកមានបងប្អូនពីរនាក់ ហើយរូបគាត់ជាកូនពៅក្នុងគ្រួសារដែលមានលោកឪពុកឈ្មោះ ស៊ីម ម៉េងហេង ជាអតីតនាយកសាលាបឋមសិក្សាជីហែ និងម្តាយឈ្មោះ គិន គាង (ហៅពៅ) ជាអ្នកលក់នំបញ្ចុក។
ហេង សុភា និង បងស្រី
គ្រាន់តែរំលឹកពីអាជីពក្រុមគ្រួសារកាលពីអតីតកាលភ្លាម សុភាបានទម្លាក់ទឹកមុខជ្រប់។ បន្តិចក្រោយមក លោកបានពោលថា ត្បាល់ក្ដឿង អង្រែ កាំបិត គល់ស្លឹកគ្រៃ និងកញ្ច្រែងនំបញ្ចុករបស់អ្នកម្ដាយគេ ជាកម្លាំងចលករជំរុញឲ្យយុវសិស្សម្នាក់នេះសិក្សារហូតដល់បញ្ចប់ ថ្នាក់បរិញ្ញាបត្រ។
«គល់ស្លឹកគ្រៃ ជាអ្នកកាច់ចង្កូតជីវិតរបស់ខ្ញុំទាំងស្រុង»។ សុភាសង្កត់ធ្ងន់បែបនេះ។
ការផ្លាស់ទីលំនៅ៖ មកដល់ឆ្នាំ២០០៥ ក្រុមគ្រួសាររបស់លោកបានផ្លាស់ប្ដូរទីលំនៅពីខេត្តកំពង់ចាម មករាជធានីភ្នំពេញ។ ពេលមកដល់រាជធានីភ្នំពេញ ឪពុករបស់លោកត្រូវក្រសួងអប់រំយុវជន និងកីឡាផ្ដល់តួនាទីជាមន្ត្រីរាជការបម្រើការងារនៅមន្ទីរអប់រំយុវជន និងកីឡាខណ្ឌដង្កោ។
ប្រវត្តិសិក្សា
ទាំងកម្រិតអនុវិទ្យា និងវិទ្យាល័យ សុភា រៀនក្នុងបរិវេណសាលាតែមួយ ដែលមានចម្ងាយប្រមាណជា ៦ គីឡូម៉ែត្រពីផ្ទះរបស់គេ។ សិក្សាបានប្រាំបួនឆ្នាំ គឺឈានមកដល់ថ្ងៃទី ១៩ សីហា ១៩៩៦ គេក៏បានប្រលងបញ្ចប់សញ្ញាប័ត្របឋមភូមិ ដើម្បីជាស្ពានឈានដល់កម្រិតវិទ្យាល័យ។ ជាក់ស្ដែងការខិតខំប្រឹងប្រែងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការយកចិត្តទុកដាក់ចំពោះការសិក្សាពិតជាបានបង្ហាញសញ្ញាណ ជោគជ័យ ព្រោះសុភា អាចដណ្ដើមសញ្ញាប័ត្រមធ្យមសិក្សាប្រកបដោយជោគជ័យ នៅឆ្នាំ ១៩៩៩។
ជិតពីរម៉ោងទម្រាំដល់មណ្ឌលប្រលង៖ ដល់ថ្ងៃប្រលង បាក់ឌុប មកដល់តម្រូវឲ្យបេក្ខជន ហេង សុភា ធ្វើដំណើរតាមផ្លូវទឹកយ៉ាងហោចណាស់ក៏ពីរម៉ោងដែរទម្រាំដល់ វិទ្យាល័យព្រះសីហនុ ដែលស្ថិតនៅទីរួមខេត្ត ដែលមានចម្ងាយប្រហែលជា ៤២គីឡូម៉ែត្រពីផ្ទះរបស់គេ។
ក្ដីបារម្ភក្រោយជាប់បាក់ឌុប៖ លទ្ធផលពិតជាធ្វើឲ្យសុភា រំភើបរកអ្វីប្រៀបពុំបាន ប៉ុន្តែផ្ទុយទៅវិញ អ្នកមានគុណទាំងពីរប្រែជាសប្បាយរីករាយ បង្កប់ទៅដោយទុក្ខកង្វល់ជាខ្លាំង ព្រោះអ្នកទាំងពីរយល់ថាប្រសិនបើឲ្យកូនទៅរៀនបន្តនោះ ពិតជាប៉ះពាល់ដល់កម្រិតជីវភាពជាក់ជាមិនខាន។
សុខចិត្តលំបាកឲ្យតែកូនបានរៀនត៖ ទម្រាំសម្រេចចិត្តឲ្យសុភា មកបន្តការសិក្សានៅទីក្រុងឪពុកម្ដាយរបស់គេគិតគូរយ៉ាងល្អិតល្អន់ ព្រោះជីវភាពគ្រួសារមិនមែនជាអ្នកធូរធារ។ ជាលទ្ធផលទោះបីជីវភាពហាក់មិនធូរធារក៏អ្នកមានគុណរបស់គេសម្រេច ចិត្តបញ្ជូនកូនជាទីស្រលាញ់មកបន្តការសិក្សា នៅដីក្រុងឆ្ងាយពីផ្ទះ ដើម្បីក្រេបជញ្ជក់ចំណេះដឹងបន្ថែមទៀត ដើម្បីអនាគតដ៏ភ្លឺស្វាង។
ក្លាយជានិស្សិត ដើររាល់ថ្ងៃ៖ មកដល់ភ្នំពេញ ចន្លោះពីឆ្នាំ ១៩៩៩-២០០៣ សុភា បានចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ នៅវិទ្យាស្ថានមួយឯកជនមួយ ប៉ុន្តែនិស្សិតថ្មីថ្មោង ដែលទើបតែមកពីជនបទ រូបនេះសុំផ្ទះគេស្នាក់នៅប៉ុណ្ណោះព្រោះគ្មានលទ្ធភាពជួលផ្ទះនៅ ហើយសូម្បីតែកង់ក៏គ្មានជិះដែរ គឺរាល់ពេលទៅសាលាម្ដងៗ គេដើរទៅរៀន។
ក្លាយប្រធានក្រុមនិស្សិត៖ ដោយមើលឃើញពីសក្ដានុពលក៏ដូចជាចរិត ឫក្សពាររបស់សុភា នាយកវិទ្យាស្ថានក៏បានសម្រេចតែងតាំងជាប្រធានក្រុមនិស្សិតប្រចាំ វិទ្យាស្ថាន។ ការសិក្សាវគ្គខ្លីក៏ជាផ្នែកមួយសំខាន់ និងបំពេញចំណេះដឹងថែមមួយកម្រិតទៀត ជាពិសេសងាយ ស្រួលដល់ការស្វែងរកការងារធ្វើ។ ប៉ុន្តែគួរឲ្យសោកស្ដាយ អំឡុងឆ្នាំ១៩៩៩ ដល់២០០៣ លោកបានសិក្សាវគ្គរយៈពេលខ្លីផ្នែកសន្ទនាភាសាអង់គ្លេសប៉ុណ្ណោះ។នេះ ដោយសារតែកង្វះខាតថវិកាបង់សាលា និងមធ្យោបាយធ្វើដំណើរ។ទោះយ៉ាងនេះក្ដី លោក ហេង សុភា មានថ្លែងថា “អត់លុយ អត់អីជិះទៅសាលាមិនមែនមានន័យថា រៀនអត់ចេះ អត់ជំនាញនោះទេ ឲ្យតែយើងចង់រៀន ចង់ចេះ”។ លោកបន្ថែមបែបនេះ ត្រូវប្រកាន់ខ្ជាប់ជានិច្ចថា ចំណេះដឹង គឺគេអាចរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលាទាំងអស់ ឲ្យតែតស៊ូ ព្យាយាមសង្វាតរត់រកវា។
បានការងារដំបូង៖ ការងារដំបូងដែលនិស្សិតជំនាញ ហិរញ្ញវត្ថុរូបនេះ គឺជាគ្រូបង្រៀនកុំព្យូទ័រម្នាក់នៅសាលាឯកជនមួយម្ដុំបាក់ទូក។ ប្រាក់បៀវត្សរ៍តែ ២០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ក៏ធ្វើឲ្យគេមានទឹកចិត្តសប្បាយរីករាយ និងសោមនស្សជាមួយការងារដែរ។ រយៈពេលដែលសុភា បម្រើការងារនេះគឺប្រហែលជាជិតមួយឆ្នាំ ចន្លោះពីឆ្នាំ ២០០១-២០០២។
វគ្គសិក្សារយៈពេលខ្លី៖ និស្សិតថ្នាក់ឧត្ដមដើម កំណើតមកពីជនបទរូបនេះ បានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក៏ដូចជាកម្មវិធីសិក្ខាសាលាជាច្រើន ដែលភាគច្រើននៃវគ្គបណ្ដុះបណ្ដាលទាំងនោះមិនត្រូវបានតម្រូវឲ្យ បង់ថ្លៃទេ។ វគ្គបណ្ដុះបណ្ដាលទាំងនោះមានជាអាទិ៍ ជំនាញគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលលក់អាជីវកម្មឈានមុខ កម្មវិធីអភិវឌ្ឍវិស័យឯកជនតំបន់មេគង្គ គ្រូបង្គោលសម្រាប់ការបណ្ដុះបណ្ដាលពីចម្ងាយ(e-learning) សិប្បសាលាស្ដីពីការស្រាវជ្រាវទីផ្សារ របៀបសរសេរសំណើសុំគម្រោងថវិកាពីអង្គការគ្រីស្ទានរីហ្វមសង្គ្រោះ ពិភពលោក-កម្ពុជា ព្រមទាំងទទួលបានការអប់រំពីក្រុមនិស្សិតដែលមកពីប្រទេសកូរ៉េ ខាងត្បូងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដែលហៅកាត់ថា IT។
បន្តថ្នាក់អនុបណ្ឌិត៖ នៅឆ្នាំ២០០៥ លោក ហេង សុភា បានសម្រេចចិត្តសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម ជំនាញទីផ្សារដើម្បីបង្កើននូវចំណេះដឹងបន្ថែម។ ជាលទ្ធផលលោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យនៅ ខែកញ្ញា ឆ្នាំ២០០៧ ។
ក្រោមបាតដៃក្នុងសមរភូមិការងារ
ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សុភាបានស្វះស្វែងឈ្មុសឈ្មុលរកការងារធ្វើស្វែងរកប្រាក់កម្រៃ ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ថែមលើនេះទៅទៀត ការងាររបស់គេកាន់តែមានភាពរីកចម្រើន បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។
គ្រូបង្រៀន អ្នកសរសេរអត្ថបទលក់៖ ចន្លោះឆ្នាំ២០០១-២០០២ លោកជាគ្រូបង្រៀនកុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែល និងកម្មវិធីរចនាវិបសាយ(website) នៅមជ្ឈមណ្ឌលកុំព្យូទ័របាក់ទូក។ មកដល់ឆ្នាំ២០០២-២០០៣ លោកបានក្លាយជាអ្នកនិពន្ធអត្ថបទលក់ឲ្យទស្សនាវដ្ដី ព័ត៌មានវិទ្យា។
ក្លាយជាបុគ្គលិកពេញសិទ្ធិ៖ លុះក្រោយមកទៀត ដោយយល់ឃើញរូបលោកជាមនុស្សឧស្សាហ៍ព្យាយាម លោកអគ្គនាយកទស្សនាវដ្ដី ព័ត៌មានវិទ្យានោះ បានហៅគេមកធ្វើជាបុគ្គលិកពេញសិទ្ធិ។ អំឡុងបម្រើការងារ លោកទទួលខុសត្រូវយ៉ាងច្រើនតួយ៉ាង ការស្រាវជ្រាវឯកសារ ព័ត៌មាន និងបកប្រែ សម្រាប់ចុះផ្សាយលើទស្សនាវដ្ដី។ មកដល់ឆ្នាំ ២០០៤ លោកធ្វើការនៅវិទ្យាស្ថានអន្តរជាតិនៃកម្ពុជា ទស្សនាវដ្ដី ទីក្រុង ព័ត៌មានវិទ្យា និងទស្សនាវដ្ដី ទីក្រុងទូរស័ព្ទ។
ត្រូវបានតែងតាំងជាប្រធានផ្នែកលក់៖ ខណៈនោះ សុភាត្រូវបានតែងតាំងជា ប្រធានផ្នែកលក់ ។ ក្នុងនាមជាប្រធានផ្នែកលក់ គេទទួលភារកិច្ចជាច្រើនដោយបូកបញ្ចូលការគ្រប់គ្រង និងរៀបចំ យុទ្ធសាស្ត្រលក់សៀវភៅសេដ្ឋកិច្ច គ្រប់គ្រង ទេសចរណ៍ គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ម៉ាឃីតធីង កុំព្យូទ័រ…។
គ្រូជំនាញរោងពុម្ព៖ ក្រៅពីតួនាទីជាប្រធានផ្នែកលក់ លោកក៏ជាសាស្ត្រាចារ្យបង្រៀនកម្មវិធីការងាររោងពុម្ព សម្រាប់ គម្រោងនានាមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង អង្គការក្នុងស្រុកផ្សេងៗទៀត។
បង្កើតអាជីវកម្មផ្ទាល់ខ្លួន៖ នៅ ដើមឆ្នាំ២០០៧ លោកបានលាឈប់ពីការងារ ដោយទៅបង្កើតសារព័ត៌មាន ទស្សនៈកីឡា តាមរយៈការចូលហ៊ុនជាមួយមិត្តភ័ក្ដិ ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទូទៅ ហើយឆ្លៀតពេលទៅបង្រៀនតាមអង្គការ វិទ្យាស្ថាន និងសាកលវិទ្យាល័យនានា។
រួមចំណែកដើម្បី«ខ្មែរជួយខ្មែរ»៖រហូតមកដល់ចុងឆ្នាំដដែល លោកបានចូលរួមការងារជាមួយអង្គការខ្មែរជួយខ្មែរ ក្នុងឋានៈជាជំនួយការផ្ទាល់លោកនាយក។ ជាសមិទ្ធផលអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការរួមចំណែករបស់លោក បានរុញច្រានឲ្យអង្គការមួយនេះមានការវិវត្ត កែប្រែមុខមាត់ និងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់សិស្ស-និស្សិត ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនក្នុងតំបន់នោះ។
សាស្ត្រាចារ្យ៖ ចុងឆ្នាំ២០០៨ សុភាបានក្លាយជាសាស្ត្រាចារ្យ បង្រៀនជាច្រើនមុខវិជ្ជាដូចជា មូលដ្ឋានគ្រឹះទីផ្សារ យុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រងទីផ្សារ គោលការណ៍គ្រឹះនៃការគ្រប់គ្រង ការគ្រប់គ្រងអាជីវកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងកម្មវិធីការងាររោងពុម្ពនៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរ ជាតិកម្ពុជា។
បុគ្គលិកអង្គការជាថ្មី៖ ពីឆ្នាំ ២០០៨-២០១១ សុភាបានសម្រេចចិត្តផ្លាស់ទៅធ្វើការពេញម៉ោងនៅអង្គការសមាគម សេវាកម្មបច្ចេកទេសកសិកម្ម។ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគម ជាមួយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ លោកក៏មានឈ្មោះស្ថិតក្នុងបញ្ជីបុគ្គលិកហ្នឹងគេដែរ។ ក្រៅពីកិច្ចការក្នុងការិយាល័យ លោកក៏ជាអ្នកមានភារកិច្ចទទួលខុសត្រូវចុះផ្ទាល់នៅតាមមូលដ្ឋាន ក្រោមគម្រោងមួយដែលមានឈ្មោះថា “កិច្ចការការពារត្រួតពិនិត្យសុវត្ថិភាព បរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច” ចំនួន៥ខេត្តរួមមាន ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
ហេង សុភាអំឡុងឆ្នាំ២០០៨ លោកបានទទួលការងារ ក្រៅម៉ោងជួយសម្រួលកិច្ចការងារខ្លះរបស់លោកនាយកអង្គការភ្នាក់ងារ អន្តរការី ដើម្បីអភិវឌ្ឍន៍ ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ធំ។ ការងាររបស់លោកភាគច្រើនធ្វើឡើងតាមរយៈទំនាក់ទំនងតាមទូរស័ព្ទ និងអ៊ីមែល។ ក្រៅពីការងារនៅក្នុងសមាគម និងអង្គការទាំងពីរខាងលើ លោកក៏ជាបុគ្គលិកចុះកិច្ចសន្យាការងាររយៈពេលខ្លីជាមួយក្រុម ហ៊ុន DCM Cambodia ដែលមានស្ថាបនិកជាជនជាតិម៉ាឡេស៊ី ដោយកាន់តួនាទីជាប្រធានបោះពុម្ពផ្សាយ ឬជាភាសាអង់គ្លេសគេហៅថាHead of Desktop Publishing ឲ្យទស្សនាវដ្ដី Cambodian Review។ ទស្សនាវដ្ដីជាភាសាអង់គ្លេសដែល ចេញផ្សាយប្រចាំខែនេះ មានទីផ្សារទាំងក្នុងស្រុក និងបណ្ដាប្រទេសជាច្រើនទៀត។
ការងារនិពន្ធនាយក៖ អំឡុងលោកបម្រើការងារនៅសមាគម ពោលគឺនៅពាក់កណ្ដាលឆ្នាំ២០១០ រូបលោកបានក្លាយជានិពន្ធនាយក (ការងារក្រៅម៉ោង) ឲ្យគេហទំព័រសារព័ត៌មានខ្មែរសារិកា។
អ្នកគ្រប់គ្រងទូទៅ៖ នៅដើមឆ្នាំ២០១១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ រូបលោកទទួលបានឱកាសបម្រើការងារ ក្នុងក្រុមហ៊ុន យូ ខេន គ្រុប។ ដោយមើលឃើញពីភាពជោគជ័យជាមួយចំណេះដឹង បូកផ្សំនឹងបទពិសោធន៍ការងារដែលសម្រេចជាបន្តបន្ទាប់ គណៈគ្រប់គ្រងក្រុមហ៊ុននេះ បានមូលមតិគ្នាសម្រេចប្រគល់តួនាទីឲ្យរូបលោកដឹកនាំ និង ជានាយកគ្រប់គ្រងទូទៅនៃទស្សនាវដ្ដី វិធីសាស្ត្រជោគជ័យរហូតមកដល់បច្ចុប្បន្ន។
ជីវិតអតីតកាល៖ អតីតកាលជាទិដ្ឋភាពអនុស្សាវរីយមួយដ៏មានតម្លៃ និងជាពុម្ពគំរូសម្រាប់បុគ្គលដែលមានគំនិតច្នៃប្រឌិត។ ជាក់ស្ដែងលោក ហេង សុភា បានរំលឹកឲ្យដឹងថា កាលពីរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ លោកត្រូវឆ្លៀតជួយធ្វើការងារអ្នកម្ដាយ ដោយត្រូវរៀបចំហាន់គល់ស្លឹកគ្រៃ និងបុកផ្សំទៅជាគ្រឿងសម្រាប់ស្ល មុនពេលទៅសាលា។ ចំណែកពេលត្រឡប់ពីសាលាវិញ ត្រូវធ្វើការផ្ទះខ្លះៗដើម្បីសម្រាលបន្ទុកគ្រួសារ។ ប៉ុន្តែទោះជាយ៉ាងណាក៏មិនធ្វើឲ្យប៉ះពាល់ដល់ម៉ោងសិក្សារបស់គេ ឡើយ។
សម្ដីមួយម៉ាត់ដែលគួរឲ្យសង្វេគនោះ គឺលោកបានពោលថា គេស្គាល់តែអង្រែបុកគល់ស្លឹកគ្រៃ ត្បាល់ ហើយមិនដែលនឹកស្មានថា របស់ទាំងអស់នោះបានប្រែរូបលោកឲ្យក្លាយជានាយកគ្រប់គ្រងទូទៅ ដូច្នេះសោះ។
ទឹកលិចភូមិ រាល់ឆ្នាំ ពិបាកធ្វើដំណើរណាស់៖ លោកបាន រំលឹកនឹកឃើញបន្តទៀតថា ភូមិស្រុករបស់លោកនៅកៀកមាត់ទន្លេ ហើយស្ទើរ រាល់ឆ្នាំពិបាកធ្វើដំណើរណាស់ ហើយដំណាំទៀតសោតក្នុងភូមិឋានងាប់ស្ទើរគ្មានសល់ពេលរដូវទឹកឡើង ម្ដងៗ។ មិនមែនតែរូបលោក និងក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែប្រជាជនក្នុងភូមិទាំងអស់ក៏មានការលំបាកក្នុងការ ធ្វើដំណើរដូចគ្នាដែរ អ្នកខ្លះត្រូវជិះទូក អ្នកខ្លះជិះពោង តាមតែសមត្ថភាពគ្រួសារនិមួយៗ។
ទំនេរពីរៀន លាងចាននំបញ្ចុក៖ឲ្យតែថ្ងៃឈប់ពីរៀន អត់ដែលទំនេរទេ គឺត្រូវទៅជួយលក់ និងលាងចាននំបញ្ចុកម៉ែនៅផ្សារ។ សុភាបញ្ជាក់ដោយទឹកមុខស្រពាប់ស្រពោន។ លោកបន្តឲ្យដឹងបែបនេះទៀតថា «…មិនអាចរលុបពីចិត្ត ខ្ញុំបានទេ…គ្រប់យ៉ាងដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច»។
វីរភាពពុកម៉ែថែកូនភ្ញា៖ ឪពុកម្ដាយ ជាគំរូដើមដល់កូនគ្រប់រូប។ ភាពជោគជ័យមិនមែនកើតឡើងដោយឯកឯងទេ ប៉ុន្តែត្រូវបាន ស្ថាបនាឡើងក្រោមបាតដៃនៃអ្នកច្នៃប្រឌិត។ ជាគន្លឹះនៃភាពជោគជ័យក្នុងដំណើរជីវិត លោក ហេង សុភា បានឲ្យដឹងថា លោកប្រកាន់យកគោលការណ៍មួយគឺ បើគ្រាន់តែគិតហើយមិនអនុវត្ត នឹងនាំឲ្យមនុស្សបរាជ័យ ១០០% ប៉ុន្តែ បើគេអនុវត្តមានន័យថា បរាជ័យ ៥០% ជោគជ័យ ៥០% ឬរហូតដល់១០០%។
សកម្មភាពរបស់អ្នកមានគុណរបស់លោកទាំងពីរកំពុងតែលក់នំបញ្ចុក ក្រោមកម្ដៅថ្ងៃក្ដៅហែង រងនូវភ្លៀង ផ្គរ រន្ទះ ញ័រញាក់ ក៏ប៉ុន្តែគាត់នៅតែស៊ូទ្រាំរែក និងទូលលក់ទាំងត្រដរ។ លោកបានពោល ទាំងទឹកមុខស្រពោនថា សកម្មភាពលំបាកលំបិននេះ បានចារឆ្លាក់ជាប់ក្នុងកែវភ្នែក និងបេះដូងរបស់ខ្ញុំជានិច្ចមិនដែលរលុបម្ដងណាឡើយ។ ប្រសិនបើប្រៀបធៀបសកម្មភាពក្នុងអតីតកាលទាំងនោះ ជាមួយការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ តើខុសគ្នាប៉ុណ្ណា? តើយើងគួរនឹងពោលពាក្យថាធុញទេ? កត្តាទាំងនេះហើយដែលធ្វើឲ្យរូបលោកមានការខិតខំប្រឹងប្រែង មិនចេះរីងស្ងួត រហូតទទួលបានលទ្ធផលជាវិជ្ជមានដូចសព្វថ្ងៃនេះ។
«បើគ្មានថ្ងៃនោះទេ ខ្ញុំក៏គ្មានថ្ងៃនេះដូចគ្នាដែរ»។ លោកបញ្ជាក់ដូច្នេះ។
សម្រេចចិត្តចូលរោងការ
បន្ទាប់ពីស្វែងយល់ចិត្តគ្នាបានប្រហែលជាជាង មួយឆ្នាំលោក ហេង សុភា សម្រេចចិត្តចូលចាប់ដៃចូលរោងការជាមួយភរិយាឈ្មោះ មាង ច័ន្ទវិសាល ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក ពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យក្នុងស្រុកមួយនៅឆ្នាំ ២០០៥ ហើយបច្ចុប្បន្នភរិយារបស់លោកជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។
ចំណងដៃអាពាហ៍ពិពាហ៍៖ ជាចំណងដៃអាពាហ៍ពិពាហ៍ នៅថ្ងៃទី ២២ វិច្ឆិកា ២០០៥ លោកទទួលបានកូនប្រុសម្នាក់ ហេង សំណាងវឌ្ឍនៈ ដែលមកបច្ចុប្បន្ននេះ គេមានអាយុ៥ឆ្នាំហើយ។
បុណ្យរំលឹកអ្នកចែកឋាន៖ LA TOUSSAINT – HALLOWEEN
1 វិច្ឆិកា១ វិច្ឆិកា២០១១
ជាថ្ងៃបុណ្យរំលឹកអ្នកចែកឋានទៅ ។
នៅប្រទេសបារាំងគេហៅថា LA TOUSSAINT ឬ LA FÊTE DES MORTS
នៅប្រទេសអង់គ្លេសហៅថា HALLOWEEN
យើងអាចហៅបុណ្យនេះ ជាថ្ងៃភ្ជុំ ឬ ជាថ្ងៃសែនផ្នូរក៏បានដែរ។
ប៉ុន្តែ បុណ្យទូសាំងនេះមិនមានប្រវត្ថិដូចជាបុណ្យភ្ជុំខ្មែរយើងទេហើយក៏ខុសពីបុណ្យឆេងម៉េងចិនដែរ។
LA TOUSSAINT est LA FÊTE DE TOUS LES SAINTS គឺបុណ្យរំលឹកសន្តបុគ្គលទាំងអស់។
ដើម្បីរំលឹកដល់សមាជិកគ្រួសារដែលបានថែកឋានទៅ គ្រួសារខ្ញុំក៏ដូចជាជនជាតិបារាំងដែរ
តែងតែយកផ្កា Crysanthème ទៅដាក់លំអផ្នូរលោកប៉ាអ្នកម៉ាក់ជាទីគោរពស្រឡាញ់រៀងរាល់ឆ្នាំ។
កំណាព្យ៖ ក្មេងប្រុសម្នាក់និងយាយខ្វាក់
9 សីហាកកន៖
ខ្ញុំនៅចាំច្បាស់ កាលនៅបថមសិក្សា កាលណោះ ខ្ញុំរៀនថ្នាក់បរិវច្ឆនដ្ឋាន(Cours préparatoire)ដែលត្រូវនឹងថ្នាក់ទី២បច្ចុប្បន្ននេះ អ្នកគ្រូខ្ញុំតែងតែឲ្យសិស្សទន្ទេញមេសូត្ររត់មាត់(Recitation)។ និយាយតាមត្រង់ ខ្ញុំទន្ទេញកំណាព្យមិនងាយចាំឡើយ។ នេះបានសេចក្តីថា ខ្ញុំគ្មានទេពកោសល្លខាងកំណាព្យកាព្យឃ្លោងទេ។ ប៉ុន្តែ មេរៀននៃមុខវិជ្ជាផ្សេងៗទៀត ខ្ញុំពូកែទន្ទេញណាស់ គឺចាំតាំងពីវណ្ណយុត្តិ( les ponctuations)ឡើងទៅ។ ចុះហេតុអី្វបានជាកំណាព្យ«ក្មេងប្រុសនិងយាយខ្វាក់»មួយនេះត្រូវបាន ខួរក្បាលខ្ញុំចាប់បាននិងចេះចាំជាប់រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាពេលវេលាបានកន្លងផុតទៅហាសិបប្លាយឆ្នាំឬជាងប្រាំទសវត្សរ៍ទៅហើយក្តី???។
បើសាកល្បងគិតតាមចិត្តសាស្ត្រប្រហែលជាកំណាព្យនេះមានអត្ថន័យប៉ះត្រូវចំបេះដូងខ្ញុំកាលនៅកុមារភាព។ នេះប្រហែលមកពីខ្ញុំធ្លាប់បានឃើញគំរូលោកអ្នកមានគុណទាំងទេ្វ ដែលតែងតែមានមេត្តាករុណាធម៌និងសប្បុរសធម៌ បានជាអំពើល្អនេះដុះជាប់ក្នុងដួងហឬទ័យខ្ញុំតាំងពីនៅវ័យក្មេងខ្ចី។
ទន្ទឹមនឹងការដឹងគុណកវីជំនាន់ទស្សវត្សរ៍ទី៥០ ខ្ញុំក៏ស្តាយណាស់ដែរ ព្រោះខ្ញុំមិនចាំឈ្មោះកវីទីមួយដែលបានតែងកំណាព្យត្រូវចំចិត្តខ្ញុំ។កំណាព្យ ដ៏មានខ្លឹមសារនេះផ្អែមស្អិតដិតជាប់ដួងចិត្តនិងដួងព្រលឹងខ្ញុំឥតរសាយ ហើយនេះក៏ជាកំណាព្យមួយដែលបានបណ្តុះនិស្ស័យមេត្តាករុណាធម៌និងសប្បុរសធម៌ដល់សិស្សានុសិស្ស រួមជំនាន់ខ្ញុំមិនតិចឡើយមើលទៅ។ ខ្ញុំយល់ថា មនុស្សយើងមិនចាំទាល់តែមានសម្បត្តិហួរហៀរទើបអាចធ្វើទានបានទេ។ តួយ៉ាង ក្មេងប្រុសតូចម្នាក់នេះ គ្នាគ្មានអី្វក្រៅពីផ្លែសេដាមួយប៉ុណ្ណោះតែគ្នាបានដាក់ទានជូនយាយខ្វាក់សុខចិត្តអត់ខ្លួនឯង។ ទឹកចិត្តដ៏ប្រពៃនិងសម្តីផ្អែមពិរោះប៉ះពាល់ដល់ជម្រៅបេះដូងយាយសុំទាននិងរូបខ្ញុំដែលបានអានកំណាព្យនេះហើយស្រឡាញ់ជាប់ចិត្តនិងសរសើរមិនដាច់ពីមាត់។
កន្លងទៅយូរយារណាស់ទៅហើយ ខ្ញុំសារភាពថាខ្ញុំមិនចាំកំណាព្យនេះគ្រប់ម៉ាត់មួយរយ ភាគរយទេ។ ហេតុនេះ ខ្ញុំសូមអញ្ជើញប្រិយមិត្តអ្នកអានដែលជាញាតិមិត្តជិតឆ្ងាយរបស់កវីម្ចាស់កំណាព្យ ឬអ្នកចេះចាំកំណាព្យនេះដែរ មេត្តាជួយកែតម្រូវនិងបំពេញកង្វះឲ្យបានត្រឹមត្រូវដូចច្បាប់ដើមផង។ ខ្ញុំសូមអរគុណទុកជាមុន។ សូមជូនកំណាព្យទីមួយដែលខ្ញុំចាំ៖
ក្មេងប្រុសម្នាក់និងយាយខ្វាក់
បទកាកគតិ
(ភ្លេចឈ្មោះកវី)
មានក្មេងប្រុសម្នាក់
ជួបនិងយាយខ្វាក់
អង្គុយសុំទាន
ថាយាយអើយយាយ
ម៉្លេះសមយាយឃ្លាន
សូម្បីតែមាន មួយសេនទៅរ៉ា។
ខ្ញុំនឹងធ្វើទាន
ជូនយាយឲ្យបាន
ទិញអីពិសារ
ខ្ញុំក៏គ្មានដែរ
មានតែសេដា
អញ្ជើញពិសារ ផ្អែមហើយឈ្ងុយឆ្ងាញ់។
សាធុចៅអើយ
យាយអរពេកហើយ
តែយាយស្រឡាញ់
សម្តីចៅឯង
ផ្អែមហើយឈ្ងុយឆ្ងាញ់
សេដាណាមិញ ឆ្ងាញ់ដល់ពាក្យចៅ៕
កំណាព្យនេះបណ្តាលឲ្យខ្ញុំនឹកដល់«តាប៉ែដំណើបខ្មៅ និង នំបំពង់ ព្រមទាំងចំណី
ចំណុកផ្សេងៗ»ដែលកូនធម៌កំសត់ម្នាក់បានទិញផ្ញើខ្ញុំក្រោយ
ពីបានដឹងថាខ្ញុំចូលចិត្តនឹងចង់បរិភោគចំណីទាំងនេះ។
កាយវិការដ៏សប្បុរសនេះបណ្តាលឲ្យខ្ញុំសរសើរសន្តានចិត្តល្អ
និងអាណិតខ្លោចចិត្ត។
























មតិយោបល់ថ្មីៗ