
សៀវភៅ“អក្សរសិល្ប៍សន្តិភាព” មានការចូលរួមយ៉ាងសកម្មពី កវី អ្នកនិពន្ធ អ្នកកាសែត និង អ្នកស្រាវជ្រាវខ្មែរ ទាំងនៅក្នុងនិងក្រៅប្រទេស ជាច្រើនរូប។ សមុច្ច័យនេះផ្សំផ្គុំផ្តុំដោយអត្ថបទសិក្សាស្រាវជ្រាវ ប្រលោមលោកខ្នាតខ្លីរឿងខ្លី អត្ថបទកំណាព្យ និងកាព្យបែបទំនើប ព្រមទាំងអមដោយទំនុកច្រៀង ដែលស្តែងឱ្យឃើញថា កម្រងវណ្ណកម្មនេះ មានចម្រុះរសជាតិ។ ទន្ទឹមនឹងគ្នានោះ ម្ចាស់វណ្ណកម្មនីមួយៗ មានសេរីភាពពេញទីប្រើប្រាស់មនោគតិ និងប្រឌិតញ្ញាណយ៉ាងទូលំទូលាយ ដោយមិនចងភ្ជាប់ត្រឹមដែនកំណត់នៃអត្ថិភាពរបស់ម្ចាស់ស្នាដៃនោះឡើយ។ អ្នកអានវិញ ក៏មានសេរីភាពពេញទី ពិចារណាវែកញែក ឆ្លុះបញ្ចាំង ដោយមិនកម្រិតព្រំដែននៃគំនិត ត្រឹមតែស្នាដៃជាសំណេរនោះដែរ។ កម្រងវណ្ណកម្ម “អក្សរសិល្ប៍សន្តិភាព” រៀបចំបោះពុម្ពផ្សាយក្រោមសុច្ឆន្ទៈផ្តួចផ្តើមរបស់លោកស្រី ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ប្រទេសបារាំង។ ដំណើរអាចប្រព្រឹត្តទៅរលូន ដោយមាន កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង សមាគមអ្នកនិពន្ធខ្មែរនៅកម្ពុជា មានកវី ព្រឿង ប្រណីត ជាប្រធាន និងគាំទ្រសហការចូលរួមដ៏កក់ក្តៅពីសមាគមប៊ិកកម្ពុជា (Pen Cambodia) ក្នុងអាណត្តិដឹកនាំរបស់កវី យឹង យន សិល្បករខ្មែរ និង មូលនិធិ កវី យិន លួត ដឹកនាំដោយលោក ឃឹម ច័ន្ទសុអហំ អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ។
អារម្ភកថា
លោកស្រី ប៉ិច សង្វាវ៉ាន
ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេស
ប្រចាំប្រទេសបារាំង
ក្រោយពីបានផ្សាយរឿង “នេះឬចិត្តប្រុស?” ប្រលោមលោកទី១របស់ខ្ញុំតាមខ្ទង់ទំព័រសារព័ត៌មាន “កោះសន្តិភាព” និងតាមវិទ្យុជាតិកម្ពុជា បន្ទាប់មកបានផ្សាយរឿង “ថ្ងៃ៤កក្កដា” ប្រលោមលោកទី២ ក្នុងទំព័រសារព័ត៌មាន “ដំណឹងចុងក្រោយ” ដែលមានលោក ជុំ កែម ជាចាងហ្វាង ខ្ញុំក៏បានសម្រេចបំណង និងក្លាយទៅជាសមាជិកាមួយរូប មានលេខរៀងទី១៩៣ នៃសមាគមអ្នកនិពន្ធខ្មែរ នៅរាជធានីភ្នំពេញ គឺក្នុងជំនាន់អាណត្តិលោក លាង ហាប់អាន ជាប្រធាន និងលោក លី ធាមតេង ជាអនុប្រធាន។ ខ្ញុំស្រឡាញ់នាមជា អ្នកនិពន្ធ និងស្រឡាញ់សមាគមអ្នកនិពន្ធខ្មែរណាស់ ប៉ុន្តែរបបកុម្មុយនីស្ត ផ្តាច់ការ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានផ្តាច់សេចក្តីសង្ឃឹមរបស់ខ្ញុំអស់រលីងគ្មានសល់។
លុះបានមករស់នៅបារាំង ខ្ញុំបន្តការនិពន្ធផ្សាយរឿងខ្លីៗ និងកំណាព្យនៅតាមព្រឹត្តប័ត្រខ្មែរ នៃសមាគមខ្មែរនៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក។ ជាក់ស្តែងពេលមកដល់បារាំងភ្លាមៗ ខ្ញុំរស់នៅខេត្តស្រ្តាស់បួរ និងបានសរសេរផ្សាយរឿងក្នុង“ព្រឹត្តប័ត្រសេរីកា” ដែលគេយកមកចែកជូនជនភៀសខ្លួនអាន។ បន្ទាប់មក ពេលនៅប៉ារីស ខ្ញុំសរសេរផ្សាយក្នុង “ព្រឹត្តប័ត្រកូនខ្មែរ” របស់មជ្ឈមណ្ឌល ឯកសារ និងស្រាវជ្រាវអារ្យធម៌ខ្មែរ ដែលដឹកនាំដោយលោក នុត ណារ៉ាង និងបានសរសេរកំណាព្យក្នុង “ព្រឹត្តប័ត្រខ្មែរសាមគ្គី” នៅក្រុងឡុងនៃចក្រភពអង់គ្លេស និងព្រឹត្តប័ត្រមួយទៀត នៅប្រទេសអាល្លឺម៉ង់។ ទន្ទឹមគ្នា ខ្ញុំក៏និពន្ធប្រលោមលោកខ្លីៗផ្សាយក្នុងសារព័ត៌មាន “នគរធំ” ក្នុងក្រុងឡុងប៊ិច នៃសហរដ្ឋអាម៉េរិក។ បន្ទាប់មកបានស្ម័គ្រចិត្តជាមួយស្វាមីគឺ លោក ប៉ិច ឈុន ដើម្បីបម្រើនាទីអក្សរសិល្ប៍ និងសិល្បៈខ្មែររាល់រាត្រីថ្ងៃព្រហស្បតិ៍ ឥតកម្រៃរយៈពេល៤ឆ្នាំ ក្នុង “វិទ្យុអាស៊ីសំឡេងខ្មែរ” ក្នុងក្រុងប៉ារីស មុននឹងប្រឡងជាប់ចូលធ្វើការជាអ្នកសារព័ត៌មាន នៃវិទ្យុបារាំងអន្តរជាតិ ក្នុងរដ្ឋធានីប៉ារីសអស់រយៈពេល១៨ឆ្នាំ និង៦ខែ។ នៅក្នុងវិទ្យុបារាំង RFI នេះ ខ្ញុំក៏នៅតែបន្តកាន់ការងារក្នុងនាទីខាងវប្បធម៌ សិល្បៈ អក្សរសាស្ត្រ អក្សរសិល្ប៍ និងកិច្ចការទាក់ទងនឹងអ្នកនិពន្ធជាប់ជានិច្ចដោយក្តីស្រឡាញ់រហូតដល់ចូលនិវត្តន៍។
ចំពោះសកម្មភាពលម្អិតរបស់ខ្ញុំពីវិស័យអក្សរសាស្ត្រជាតិនេះ សូមអញ្ជើញអាននៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ pechsangwawann.wordpress.com។ ខ្ញុំនឹងសរសេរចងក្រងអំពីជីវប្រវត្តិពិត ដែលមានចំណងជើងថា “ខ្ញុំជាស្រី” និង អព្ភូតហេតុនៃស្ថានសួគ៌ និងសៀវភៅមួយចំនួនទៀត។ល។
ចិត្តស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ ពេញក្រឳបេះដូង ទោះជារស់នៅទីណាក្តី ក៏ខ្ញុំមិនចោលការនិពន្ធឡើយ។ ខ្ញុំសម្រេចចិត្តចេញផ្សាយសៀវភៅប្រលោមលោកពីរបីរឿង។ ការយកសៀវភៅទៅផ្ញើហាងលក់ ក៏មិនមែនជាការងាយឡើយ ហើយសូមបញ្ជាក់ថា មិនមែនផ្សាយលក់សៀវភៅដើម្បីរកប្រាក់ចិញ្ចឹមជីវិតទេ ព្រោះខ្ញុំមានការងារបានប្រាក់ខែសម្រាប់រស់ហើយ។ ប៉ុន្តែ គោលដៅចម្បង ក្នុងនាមជាអ្នកស្រឡាញ់ការតែងនិពន្ធមួយរូប គឺខ្ញុំចង់ឱ្យគេដឹងថា មានអ្នកនិពន្ធខ្មែរដែលរួចពីស្លាប់នៃរបបខ្មែរក្រហម និងរស់នៅក្រៅស្រុក បានរួមគ្នាចេញផ្សាយស្នាដៃឱ្យសហគមន៍ខ្មែរ ដែលនិរាសស្រុក មានសៀវភៅខ្មែរអាន ដូចសាសន៍ដទៃ ក្នុងទឹកដីបរទេស។
ដោយសេចក្តីស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ជាតិ ពិសេសស្រឡាញ់ឈ្មោះសមាគមអ្នកនិពន្ធ ដូចដែលខ្ញុំជម្រាបមកមុននេះ គឺខ្ញុំបានសម្រេចចិត្តបង្កើតសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង នៅឆ្នាំ១៩៨៩។ កន្លងមក គឺបានតែផ្សាយរឿងសៀវភៅរបស់ខ្ញុំ ដោយចេញប្រាក់ផ្ទាល់ខ្លួនគ្រាន់តែដាក់ថាចេញផ្សាយពីសមាគម ដើម្បីឱ្យគេបានស្គាល់សមាគមនេះ។ ក្រោយមក ខ្ញុំបានទទួលព្រះរាជូបត្ថម្ភប្រាក់មួយចំនួនពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ហើយខ្ញុំក៏រៀបចំការប្រកួតការតែងនិពន្ធប្រលោមលោក រង្វាន់សន្តិភាព។
ក្រោយពីខ្ញុំបានប្រឡងជាប់ចូលធ្វើការជាអ្នកសារព័ត៌មាន ក្នុងវិទ្យុបារាំងអន្តរជាតិនៅរដ្ឋធានីប៉ារីស ខ្ញុំកាន់នាទីអក្សរសិល្ប៍ខ្មែរ ដែលជាឱកាសបានជួបសម្ភាសអ្នកនិពន្ធ កវី នៅប្រទេសបារាំង និងនៅស្រុកខ្មែរ។ ខ្ញុំបានបង្កើតនាទីជួបជាមួយសិល្បករខ្មែរនៅបារាំង អាម៉េរិក និងកម្ពុជា ជាដើម។ល។ ក្រៅពីការងារវិទ្យុ ខ្ញុំឆ្លៀតរៀបចំរាត្រីជប់លៀងរាំកម្សាន្ត គឺតាមសេចក្តីអញ្ជើញរបស់សមាគមគ្រូពេទ្យខ្មែរ ហើយក៏បែកគំនិតធ្វើត្រាប់តាមសមាគមខ្មែរនានានៅ ទីនេះ ដើម្បីប្រមូលកម្រៃដែលសល់ពីការចំណាយក្នុងរាត្រីនោះ ទុកសម្រាប់ប្រើការប្រកួតស្នាដៃរង្វាន់សន្តិភាព លើកទី១ ទី២ និងទី៣។
លុះដល់ឆ្នាំ២០០៤ ខ្ញុំបានទៅវិស្សមកាលក្នុងប្រទេសយើង ជាលើកដំបូង ក៏ជួបស្គាល់សមាគមអក្សរសិល្ប៍ នូ ហាច តាមរយៈលោក ខូ តារាឫទ្ធិ លោក ព្រឿង ប្រណីត ដែលខ្ញុំបានធានាមកទស្សនាប្រទេសបារាំង។ កាលនោះសមាគមអក្សរសិល្ប៍ នូ ហាច សុំឱ្យខ្ញុំចែករំលែកបទពិសោធនៃការតែងនិពន្ធ ហើយក្នុងឱកាសនោះ ខ្ញុំក៏ស្គាល់លោកគ្រូ ឃឹម ច័ន្ទសុអហំ, អ្នកនិពន្ធ សុខ ចាន់ផល, អ្នកនិពន្ធ សួង ម៉ាក់ ហៅ អាចម៍ផ្កាយ។ ក្រោយមកទៀត ខ្ញុំបានស្គាល់លោកស្រីអ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស ក៏អញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីសៀវភៅល្អៗ ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ (ទទក)…។
ឆ្នាំក្រោយៗមកទៀត ខ្ញុំចូលរួមក្នុងសិក្ខាសាលាដែលអាចផ្តល់ពេលឱ្យខ្ញុំបានស្គាល់កវីអ្នកនិពន្ធមួយចំនួនទៀតដូចជាលោកគ្រូ យូ សុភា, អ្នកនិពន្ធ កៅ សីហា, អ្នកនិពន្ធ ណេង កន្និដ្ឋា និងអ្នកនិពន្ធ កវី មួយចំនួនជាបន្តបន្ទាប់ដែលខ្ញុំមិនបានរៀបរាប់អស់ សូមអធ្យាស្រ័យ។
តាំងពីពេលនោះមក ខ្ញុំរក្សាទំនាក់ទំនងជាមួយអ្នកនិពន្ធក្នុងប្រទេសតាមរយៈការងារវិទ្យុបារាំងអន្តរជាតិ ហើយរហូតមកទល់ពេលនេះ ខ្ញុំនៅតែ រក្សាទំនាក់ទំនងជាមួយបណ្ឌិត ឃីង ហុកឌី, កវីបណ្ឌិត យឹម កិច្ចសែ, អ្នកគ្រូ ស៊ិម ចាន់យ៉ា, អ្នកនិពន្ធ ទីង សុខា និង អ្នកនិពន្ធ អ៊ុំ សុផានី។ អ៊ុំ សុផានី ជាអតីតជ័យលាភីមួយរូប នៃរង្វាន់អក្សរសិល្ប៍សន្តិភាព តាមរយៈវណ្ណកម្ម “លោហិតតែមួយ” និង “អ្នកណាជាម្តាយខ្ញុំ?” នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០។ មិត្តនារីដ៏ស្និទ្ធស្នាលរបស់ខ្ញុំម្នាក់នេះ លាចាកឋាន ក្នុងឆ្នាំ២០១៨។ ការរៀបចំបោះពុម្ពសៀវភៅនេះឡើយ ក៏ដើម្បីជាការឧទ្ទិសចំពោះមិត្តសម្លាញ់ដែរ។ ខ្ញុំបួងសួងសូមឱ្យវិញ្ញាណក្ខន្ធមិត្តសោយសុគតិភព។
ឆ្លៀតវេលានេះ ខ្ញុំសូមជម្រាបថា សមាគមអ្នកនិពន្ធខ្មែរនៅបរទេស បានបោះពុម្ពសៀវភៅជ័យលាភីពីរបីរឿង មិនសូវបានបោះពុម្ពស្នាដៃច្រើនទេ ដោយហេតុថា បញ្ហាថវិកាជាចំណោទធំណាស់។ ខ្ញុំអំពាវនាវសូមឱ្យអ្នកនិពន្ធក្នុងស្រុក និងក្រៅស្រុកយើងទាំងអស់ក្នុងពិភពលោកយើងនេះ រួបរួមគ្នាជាធ្លុងមួយ ពួតដៃគ្នាបង្កើតចរន្តចលនាអព្យាក្រឹត និងមូលនិធិ បើអាចធ្វើបាន ដោយហ៊ានបរិច្ចាគប្រាក់កាសផ្ទាល់ខ្លួន ដើម្បីជួយបោះពុម្ពស្នាដៃជាប់រង្វាន់ដើម្បីទុកឱ្យអនុជនជំនាន់ក្រោយ និងដើម្បីផ្តល់សន្ទុះការតែងនិពន្ធ និងការអានឱ្យដូចជាប្រជាជនបរទេស។
លើសពីនេះ ខ្ញុំសូមអ្នកកវីនិពន្ធចូលជាសមាជិកសមាគមទាំងក្នុងទាំងក្រៅ ដោយជួយបង់វិភាគទានប្រចាំឆ្នាំ ពីព្រោះបើសមាគមមិនបានទទួលប្រាក់វិភាគទានរបស់សមាជិកទេ សមាគមក៏មិនអាចដំណើរការ និងមានជីវិតយូរ អង្វែង និងមិនអាចចេញផ្សាយសៀវភៅថ្មីឡើយ។
ខ្ញុំមានសំណូមពរពិសេសមួយទៀត សូមកវីអ្នកនិពន្ធបរិច្ចាគសៀវភៅរបស់ខ្លួនមួយចំនួន ធ្វើអំណោយដល់សមាគមអ្នកនិពន្ធខ្មែរទាំងពីរ ហើយអនុញ្ញាតឱ្យសមាគមលក់សៀវភៅនោះ ដើម្បីបានកម្រៃយកមកប្រើការរៀបចំការប្រកួតរឿងខ្លី និងរឿងប្រលោមលោក ព្រមទាំងកំណាព្យ និងអាចជួយ បោះពុម្ពចេញផ្សាយសៀវភៅដែលជាប់រង្វាន់អក្សរសិល្ប៍រាល់ឆ្នាំផង៕
ជយោមហាគ្រួសារអ្នកនិពន្ធខ្មែរ!
ជយោអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ!
ម៉ុងទីញី ឡេ គ័រម៉ៃយ៍ ប្រទេសបារាំង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០
ប៉ិច សង្វាវ៉ាន នាមដើម ព្រហ្ម សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា
អតីតអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្នែកការផ្សាយភាសាខ្មែរ
ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង



សេចក្តីថ្លែងអំណរគុណ |
ពីប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរ នៅបរទេសប្រចាំប្រទេសបារាំង (AEKE) |
នៅឆ្នាំ២០១៧-២០១៨ សមាគមអ្នកនិពន្ធខ្មែរ នៅបរទេសប្រចាំប្រទេសបារាំង (AEKE) រៀបចំការប្រកួតពានរង្វាន់ “អក្សរសិល្ប៍សន្តិភាព លើកទី៣” មានគោលបំណងចូលរួមចំណែកលើកស្ទួយការអាន, បង្កើនទំនើបភាពនៃអក្សរសិល្ប៍ជាតិយើង និងលើកកម្ពស់ការប្រកួតប្រជែងស្នាដៃថ្មីៗ ជាពិសេស ផ្តល់ឱកាសសម្រាប់ កវី និង អ្នកនិពន្ធវ័យក្មេង ដែលចង់បញ្ចេញ វណ្ណកម្មរបស់ខ្លួន។ បេក្ខជនដែលឈ្នះរង្វាន់ជ័យលាភី និងទទួលរង្វាន់លើកទឹកចិត្ត នៅក្នុងការប្រកួតស្នាដៃមានរាយនាម៖ ស្វាយ លីម៉េង, ប៊ុន ពិសី, ឈាវ សំណាង, ហ៊ួន សាវង, ហូវ លីឃាង, ប៉េង សំរិទ្ធ, ជឿន គឹមហេង។
ឆ្លៀតវេលាគ្រានេះខ្ញុំ ប៉ិច សង្វាវ៉ាន ជាប្រធានស្ថាបនិកសមាគមអ្នកនិពន្ធ ខ្មែរនៅបរទេសប្រចាំប្រទេសបារាំង (AEKE) សូមអរគុណជាអនេកចំពោះ លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន, អ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស, អ្នកនិពន្ធ អ៊ុំ សុផានី អ្នកនិពន្ធ ស៊ិម ចាន់យ៉ា, អ្នកនិពន្ធ ទឹង សុខា, អ្នកនិពន្ធ ប៉ុល ពិសី, ឯកឧត្តមកវី ជ័យ ចាប, កវីនិពន្ធ វ៉ែន សុន, លោក គឹម ចាន់ណា, កវីបណ្ឌិត យឹម កិច្ចសែ, កវី យិន លួត, កវី អ៊ីវ ហួត, អ្នកនិពន្ធ ទឹម ម៉ានី, ក្មួយ ព្រឿង ប្រណីត, លោក អ៊ូច ភីរម្យ, លោក សំ វិជ្ជា, កវីនិពន្ធ ស៊ូ ខេមរិន្ទ, លោក កែវ ឈុន, អ្នកនិពន្ធ លឹម សន្តិភាព និង ក្មួយៗកូនធម៌ទាំងអស់មាន,ឃឹម ច័ន្ទសុអហំ, កៅ សីហា, ណេង កន្និដ្ឋា, យូ សុភា, សុខ ចាន់ផល, ឡឹក ជំនោរ, ហេង ឧត្តម ព្រមទាំង ម៉ា ច័ន្ទបញ្ញា ជាមេប្រយោគទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃដើម្បីជួយជ្រោមជ្រែង ហើយនឹងដែលបានចូលរួមធ្វើជាវាគ្មិនកិត្តិយស នៅថ្ងៃប្រកាសលទ្ធផល រឿងខ្លីនិងកំណាព្យ ពានរង្វាន់សន្តិភាព លើកទី៤ នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ឆ្នាំ២០១៧-២០១៨។ សូមអរគុណជាពិសេសម្តងទៀត ចំពោះការដែលជួយជ្រោមជ្រែងអស់ពីចិត្តពីថ្លើមរបស់អស់លោកលោកស្រីនិងកូនក្មួយគ្រប់គ្នា។ នេះអំណោយដ៏មានតម្លៃឥតកាត់ថ្លៃពុំបាន សម្រាប់ខួបកំណើតគម្រប់៧០ឆ្នាំរបស់ខ្ញុំ។
នឹកដល់ក្នុងទិវាប្រកាសរង្វាន់ជ័យលាភីនោះ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះអ្នកដែលជំនួសដៃខ្ញុំយ៉ាងច្រើន។ កញ្ញា អ៊ឹម រចនា ជាអ្នកសម្របសម្រួលក្នុងការជជែកពិភាក្សា។ ឯកញ្ញា គឹម ឌីណា ជួយធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគល់រង្វាន់នេះ ហើយសិល្បករកវី យឹង យន ជួយស្មូត្រកំណាព្យ នៅពេលប្រកាសលទ្ធផលផង។ នៅមានអ្នកជួយចាត់ចែងផ្សេងៗជាច្រើនរូបទៀត ដែលខ្ញុំសូមក្តីមេត្តាអធ្យាស្រ័យ ដោយពុំអាចរាយនាមអស់នៅទីនោះ។ សូមលោកនិងនាងកញ្ញាទទួលការដឹងគុណដ៏ជាលជ្រៅ និងគោរពកោតសរសើរក្រៃលែងអស់ពីដួងចិត្តរបស់ខ្ញុំ។
ក្នុងការបោះពុម្ពកម្រងវណ្ណកម្មជាប់ជ័យលាភីនេះ គឺមានកវីអ្នកនិពន្ធដែលបានរាយនាមរួចហើយ គឺលោក លោកស្រីមួយចំនួនបានបន្តចូលរួមផ្តល់ស្នាដៃខ្លះសម្រាប់ការបោះពុម្ពផ្សាយថែមទៀត។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកលោកស្រីជាថ្មីម្តងទៀតដែរ។
ខ្ញុំសូមគោរពអរគុណដល់លោកគ្រូ គឹម ខូវនី ដែលខ្ញុំនិងស្វាមីគោរពយ៉ាងជ្រាលជ្រៅបំផុត។ បន្ថែមពីនេះ ក៏មានកវីអ្នកនិពន្ធនិងអ្នកស្រាវជ្រាវថ្មីថែមទៀត បានចូលរួមផ្តល់វណ្ណកម្មបន្ថែមដែរ។
ឆ្លៀតវេលានេះ ខ្ញុំក៏សូមអរគុណចំពោះលោក តៃ សុវណ្ណារុណ ដែលជូនអត្ថបទស្រាវជ្រាវមួយ និងកំណាព្យមួយសម្រាប់ការបោះពុម្ព។
សូមអរគុណកវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ ដែលផ្តល់កំណាព្យដ៏មានន័យនិងចម្រៀងមួយបទយ៉ាងពីរោះជាប់ចិត្ត។
ជាងនេះទៅទៀត ខ្ញុំក៏សូមអរគុណ កវី ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរដែលបានសហការ និងផ្ដល់ជូនកំណាព្យចូលរួមបោះពុម្ពជាមួយសៀវភៅ អក្សរសិល្ប៍សន្តិភាព នេះប្រកដោយខ្លឹមសារជ្រាលជ្រៅ។
បេក្ខជនបណ្ឌិត កែវ ភីរិទ្ធ ប្រឹងប្រែងស្រាវជ្រាវពីអក្សរសិល្ប៍បារាំងនៅឥណ្ឌូចិន ហើយបានផ្តល់ស្នាដៃសិក្សាស្រាវជ្រាវសម្រាប់ការបោះពុម្ពសៀវភៅនេះដែរ។ សូមឱ្យលោកក្មួយឆាប់សម្រេចជោគជ័យទទួលបានសញ្ញាបត្របណ្ឌិត និងឆាប់បានត្រឡប់ចូលបម្រើមាតុប្រទេស។
លោកបណ្ឌិតរដ្ឋសភាចារ្យ ឃីង ហុកឌី ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំងស្រាប់ ក៏ផ្តល់អត្ថបទស្រាវជ្រាវអក្សរសិល្ប៍និងការបោះពុម្ពផ្សាយ ជាភាសាបារាំង ដើម្បីឱ្យក្រុមការងារបោះពុម្ពចាត់ចែងបកប្រែដែរ។ ខ្ញុំសូមថ្លែងក្តីដឹងគុណយ៉ាងច្រើនចំពោះលោកបណ្ឌិត និងជូនពរ សូមឱ្យលោកមានសុខភាពល្អប្រពៃ។
ខ្ញុំសូមកត់ត្រាទុកនូវកាយវិការខ្ពង់ខ្ពស់ ប្រកបដោយវីរិយភាពទាំងឡាយនេះ ក្នុងប្រអប់ដួងចិត្តខ្ញុំ លុះថ្ងៃអវសាន៕