កំណាព្យ
ស្រណោះថ្ងៃ១សីហា១៩៧៥
ឆ្នាំថោះមេសាចិតសិបប្រាំ ទ្រូងសែនរកាំទឹកភ្នែកស្រក់
ត្រូវគេដេញចេញមិនដំអក់ ចិត្តខ្មែរអាក្រក់ខ្មែរក្រហម ។
ដេញឲ្យចេញចាកគេហដ្ឋាន ចិត្តខ្មៅសាមាន្យមិនច្រឡំ
អស់នឹងជាតិគេសាកលធំ ចងចិត្តគំនុំអ្នកភ្នំពេញ។
ចាត់ទុកអ្នកក្រុងឈ្លើយសង្គ្រាម ថែមចោទគំរាមថាខ្មាំងវិញ
បណ្តេញចុះស្រែទុក្ខទោម្នេញ គ្មានសេរីទិញទាំងស្តីថា។
ដាច់ខាតកុំសង្ឃឹមភ្នំពេញ គ្មានថ្ងៃវិលវិញគ្មានសិក្សា
សាលាតូចធំនិងមហា វិទ្យាល័យនានានៅលើព្រែក។
លើថ្នល់កាប់ព្រៃទីសិក្សា ជនអវិជ្ជាប្រកាសស្រែក
ប្រាប់ក្នុងប្រជុំកុំអល់អែក កុំសង្ឃឹមស្អែកវិលភ្នំពេញ។
បីខែតស៊ូនៅត្រើយស្លា ស្គាល់ហើយវេទនាយំលែងចេញ
បង្ខំធ្វើការដេកមិនពេញ កម្លាំងបញ្ចេញជាងតិរច្ឆាន។
រងពាក្យដំនៀលរាល់វេលា ជិះជាន់គាបកៀរគ្មានសុខសាន្ត
រាល់ថ្ងៃទុក្ខកើនឥតប្រៀបបាន ទ្រាំទ្រលែងបានរត់ឲ្យផុត។
ចេញពីត្រើយស្លាឃុំរំដោះ បើស្លាប់ក៏អស់លែងតក់ស្លុត
តស៊ូផ្សងព្រេងសែនរន្ឋត់ ជីវិតរស់ផុតការអត់ឃ្លាន។
បន្លំធ្វើយួនគ្រប់គ្នារត់ កម្ពុជាដប់ប្រាំពីរប្រាណ
ទាល់តែធ្វើយួនទើបចេញបាន ក្លាហានកុហកដោះទុក្ខទ័ល។
ថ្ងៃមួយសីហាចិតសិបប្រាំ កាណូតវៀតណាមចូលមកដល់
ដឹកជនជាតិយួនទៅរចល់ ភ័យអរច្របល់ហួសថ្លាថ្លែង។
កាណូតលាច្រាំងចិត្តក្រៀមក្រោះ មិនអាចរាប់អស់ក្តីចំបែង
ឃ្លាតមាតុប្រទេសរបស់ឯង សែនមហាចំបែងក្លែងសាសន៏គេ។
ពីថ្ងៃនេះទៅត្រូវនិរាស ព្រាត់ឃ្លាតប្រទេសស្ងួនមាសមេ
ទឹកភ្នែករហែងហូរផ្ទួនទ្វេ មិននៅទៀតទេខាំមាត់លា។
លាហើយលាហើយលាទាំងអស់ លាទាំងស្រណោះទាំងខ្លោចផ្សា
គង្គាដែនដីព្រៃបុព្វតា មហាសោកាសែនកង្វល់។
លាហើយលាហើយកាន់តែឆ្ងាយ ផ្ទះអើយអាល័យអស់បានយល់
ស្រណោះជំពូចំប៉ាផ្តល់ បុប្ផាផ្លែផល្ល(១)រាល់វេលា។
នឹកផ្កាចំប៉ាដែលធ្លាប់បេះ ចងសក់ថ្វាយព្រះទិនទិវា
នៅក្បាលដំណេកចោលគន្ឋា ជំពូផល្លាឈោងដៃបេះ។
បេះយកមកញ៉ាំជំពូល្អ ធ្លាប់ឃើញផ្កាសជ្រុះរបេះ
ធ្លាក់ចាកទងមែកច្រើនអ្វីម៉្លេះ សក្បុសរាយពាសពេញសួនច្បារ។
ដប់ប្រាំបីមេសារងកម្ម ឆ្នាំចិតសឹបប្រាំរកាំផ្សា
ឱដើមជំពូដើមចំប៉ា ដុះក្នុងវីឡាឬងាប់អស់។
ភូមិគ្រឹះលេខសាមសិបប្រាំបួន(២) ឈរហំមាំមួនបាត់សម្រស់
វិថីសម្តេចល្វីឯម(៣)នោះ ម្ចាស់សប្បុរសព្រាត់ទៅឆ្ងាយ៕
ដោយប៉ិច សង្វាវ៉ាន
សាន់ន័រប្រទេសបារាំងថ្ងៃ២៦មេសា១៩៧៧
កែសម្រូលនៅបឹងកេងកងភ្នំពេញថ្ងៃ២៨តុលា២០១០
(១) : ផល្លា
(២) :សព្វថ្ងៃវីឡាស្តុកស្តម្ភនេះកាត់ជាល្វែងៗដាក់លេខ២៥E0 និង E1 វិញហើយមានម្ចាស់កម្មសិទ្ឋច្រើន។
(៣) : បច្ចុប្បន្នវិថីសម្តេចល្វីឯមនេះ នៅរក្សាឈ្មោះផ្លូវសម្តេចល្វីឯម លេខ២៨២ នៅសង្កាត់បឹងកេងកង១ ខ័ណ្ឌចម្ការមន។
ជម្រាបសួរអ្នកមីង! ខ្ញុំពិតជារីករាយណាស់ដែលជួបអ្នកមីងនៅទីនេះ។ ខ្ញុំធ្លាប់បានស្គាល់អ្នកមីង តាមរយៈការពិពណ៌នារៀបរាប់របស់អ្នកមីងតាម រយៈរលកវិទ្យុនៃស្ថានីយRFI។ ខ្ញុំស្ដាប់ការពិពណ៌នាអ្នកមីងតាំងពីនៅរៀន អនុវិទ្យាល័យ(ទី៩)។ ពេលនេះ ខ្ញុំកំពុងសិក្សាឆ្នាំទី២ហើយ ទើបបានដឹង ថាអ្នកមីងជាសមាជិកានៃសមាគមអ្នកនិពន្ធខ្មែរជំនាន់បងៗ ពិតជារីករាយណាស់។ ខ្ញុំឧស្សាហ៍ឮបងផល បងសីហា ឧត្ដម គេនិយាយពីអ្នកមីងណាស់។ ម្សិលមិញ ក៏បានឮបងសីហាប្រាប់ថាឧត្ដម នឹងទៅជួបអ្នកមីង ដើម្បីប្រាប់ពីរបៀបបង្កើតប្លក់នេះ។ ពេលនេះ បានឃើញសមិទ្ធិផលដ៏មានតម្លៃពីអ្នកមីងនេះ ពិតជារីករាយណាស់។ រីករាយដែលបានស្គាល់អ្នកមីង! សូមទោសទុកជាមុនផងបើខ្ញុំមាន លើសលួសពាក្យពេចន៍ឬឆ្គងអ្វីនោះ! ពីខ្ញុំបញ្ញា!
ជម្រាបសួរក្មួយបញ្ញា
អ្នកមីងសប្បាយចិត្តណាស់ដែលបានដឹងថា ក្មួយជាអ្នកស្តាប់ម្នាក់របស់អ្នកមីងក្នុងវិទ្យុបារាំងអន្តជាតិRFI ទោះបីជាសព្វថ្ងៃនេះ អ្នកមីងបានចូលនិវត្ថន៏ទៅហើយក្តី។
មែនហើយ អ្នកមីងបានឃើញប្លក់របស់ក្មួយៗបានជាធ្វើឲ្យអ្នកមីងចង់បានប្លក់មួយនិងគេដែរទើបបានជាអ្នកមីងបានជាស្នើក្មួយឧត្តមឲ្យជួយបង្កើតប្លក់មួយនឹងគេដែរ។ ប៉ុន្តែ អ្នកមីងនៅមិនទាន់ចំណាប់ដូចក្មួយៗនៅឡើយប្រៀបបីដូចជាទារកដែលទើបតែចេះដើរតតេះតតះដួលងើបៗ។ ប្លក់នេះនៅមានការខ្វះខាតច្រើនណាស់ ដូច្នេះសូមក្មួយៗនិងអ្នកដែលបានចូលទស្សនាទាំងអស់អធ្យាស្រ័យផងចុះ។ អរគុណ។
សូមស្វាគមន៍អ្នកគ្រូ! ខ្ញុំពិតជារំភើបណាស់ ពេលបានឃើញប្លកថ្មីរបស់អ្នកគ្រូ! អ្នកប្រើប្រាស់ WordPress ភាសាខ្មែរនេះ ភាគច្រើនជាអ្នកស្រលាញ់អក្សរសាស្រ្ត។ ហេតុនេះខ្ញុំសង្ឃឹមថា អ្នកគ្រូនឹងរីករាយជាមួយប្លកផ្ទាល់ខ្លួនមួយនេះ។
ជម្រាបសួរលោកអ៊ំ
ក្មួយពិតជាមានក្តីអៀនខ្មាសជាខ្លាំង ដែលមិនជួយអាចរៀបចំប្លក់ឲ្យស្អាតល្អតាមសេចក្តីប៉ងប្រាថ្នារបស់លោកអ៊ំ។ ដូចដែលក្មួយបានជម្រាបលោកអ៊ំស្រាប់ ក្មួយគ្រាន់តែជាអ្នកប្រើប្រាស់សាមញ្ញៗ មិនពូកែកែច្នៃរចនាប្លក់ឲ្យបានល្អនោះទេ បានត្រឹមតែអាចប្រើបានខ្លះៗប៉ុណ្ណោះ។
ក្មួយបានស្នើសុំបងអាចម៌ផ្កាយដើម្បីជួយជ្រោមជ្រែងបន្ថែមក្នុងកិច្ចការនេះ ព្រោះគាត់ជាអ្នកដែលប្អូនទុកចិត្ត ហើយក៏ជាអ្នកជួយណែនាំរៀបចំប្លក់របស់ក្មួយដែរ។
ក្មួយពិតជាអរគុណបងចាន់ផល ដែលបានជួយបង្កើតប្លក់ឲ្យក្មួយដំបូងបំផុតមុនគេ។ បើលោកអ៊ំមានបញ្ហាក្នុងការប្រើប្រាស់អាចស្នើសួរគាត់បន្ថែមបាន ឬក៏បងប្អូនអ្នកប្រើប្រាស់ផ្សេងទៀត។
ក្មួយនៅតែបន្តជួយជម្រាបពីរបៀបប្រើខ្លះៗទៀត ប្រសិនបើលោកអ៊ំត្រូវការ ក្នុងពេលវេលាទំនេរណាមួយ។
ដោយក្តីគោរព
ពីក្មួយឧត្តម
ក្មួយឧត្តម
លោកអ៊ំទើបតែបានចូលប្លករបស់លោកអ៊ំបានស្រួលបួលថ្ងៃនេះ ហើយបានឃើញទំព័រប្លែកនិងស្អាតជាងពីមុនច្រើន គួរឲ្យត្រជាក់ភ្នែកនិងគួរជាទីពេញចិត្ត។ នេះច្បាស់ជាក្មួយ ឫក៏ក្មួយផ្កាយជួយកែលំអតុបតែងឲ្យលោកអ៊ំហើយមែនទេ?អរគុណច្រើន។
ចំណែកលោកអ៊ំពុំទាន់មានពេលរៀបចំឬសរសេរអត្តបទថ្មីៗដាក់បញ្ចូលនៅឡើយទេ ព្រោះនៅជាប់រវល់មមាញឹកណាស់ ហើយក៏មិនទាន់ចេះប្រើថ្នឹកដូចក្មួយៗផង។ លោកអ៊ំនៅតែត្រូវការជំនួយពីក្មួយអំពីរបៀបប្រើប្រាស់នៅថ្ងៃណាមួយជាច្រើនដងទៀត ព្រោះដឹងច្បាស់ថាមិនទាន់ចេះចាំស្ទាត់។
លោកអ៊ំ
សួស្តីចាន់ផល
អរគុណចាន់ផលណាស់ដែលបានសរសេរមកអ្នកគ្រូ។ ប្លកអ្នកគ្រូត្រូវបានឧត្តមគេជួយរៀបចំឲ្យ។ អ្នកគ្រូ មិនទាន់ចេះប្រើស្ទាត់ដូចអ្នកទាំងអស់គ្នាទេ ហើយក៏មិនទាន់មានពេលបំពេញទំព័រសស្អាតនៅឡើយ ។
អ្នកគ្រូ
សួស្តី អ្នកគ្រូ ^^ រីករាយនឹងតាមដានប្លុកអ្នកគ្រូ :D
សួស្តីនាងឡាវ័ន អរគុណនាងណាស់ចំពោះការតាមដានប្លក់ខ្ញុំ។ខ្ញុំនៅរវល់ណាស់ពុំទាន់បានប្រកាសអត្ថបទថ្មីនៅឡើយ។ ខ្ញុំសង្ឃឹមថានាងនិងប្រិយមិត្តអ្នកអានទាំងអស់យោគយល់និងអធ្យាស្រ័យ