បទពិសោធន៍របស់ខ្ញុំក្នុងការនិពន្ធប្រលោមលោក
My Experiences in Writing Novels
ដោយប៉ិច សង្វាវ៉ាន
អត្ថបទនេះចុះផ្សាយក្នុងសមូហកម្មអក្សរសិល្ប៍នូហាចលេខ៣ឆ្នាំ២០០៦
កែសម្រួលនៅភ្នំពេញថ្ងៃ១៣វិច្ឆិកា២០១០
យើងមិនអាចក្លាយទៅជាអ្នកនិពន្ធបានទេ បើយើងមិនចូលចិត្តសរសេរ
តែបើចូលចិត្តសរសេរ ហើយបែរជាគ្មានទេពកោសល្យ
ក៏ពិបាកនឹងសាងខ្លួនឲ្យក្លាយទៅជាអ្នកនិពន្ធបានដែរ
មានមូលហេតុជាច្រើន ដែលជំរុញឲ្យយើងក្លាយទៅអ្នកនិពន្ធបាន។ ក្នុងការតែងនិពន្ធទៀតសោត អ្នកនិពន្ធម្នាក់ៗ ពិតជាបានឆ្លងកាត់ការពិសោធន៍ផ្សេងៗគ្នា។
ខ្ញុំផ្ទាល់ខ្ញុំបានសរសេររឿងដំបូងនៅឆ្នាំ១៩៦៦។ រឿងនោះ ត្រូវបានគេយកទៅបញ្ចូលក្នុងសាច់រឿងរបស់គេផ្សាយតាមវិទ្យុជាតិ ដែលមិនមានដាក់ឈ្មោះខ្ញុំទេ។ ដូច្នេះ កាលនោះខ្ញុំមិនទាន់មានឈ្មោះជាអ្នកនិពន្ធនៅឡើយទេ។
ខ្ញុំទទួលឈ្មោះជាអ្នកនិពន្ធនៅពេលដែលខ្ញុំសរសេររឿង “នេះឬចិត្តប្រុស?”ផ្សាយតាម សារព័ត៌មានកោះសន្តិភាពឆ្នាំ១៩៦៦-១៩៦៧។ បន្ទាប់មករឿងនេះ ត្រូវបានលោកម៉ៅ ប៊ុនថនស្នើសុំយកទៅផ្សាយក្នុងវិទ្យុជាតិភ្នំពេញនៅឆ្នាំ១៩៦៨។
ខ្ញុំបានទទួលលិខិតសរសើរលើកទឹកចិត្តជាច្រើនពីគ្រប់មជ្ឈដ្ឋានអ្នកស្តាប់ ទូទាំង ប្រទេស កម្ពុជា។គេយល់ថាជារឿងដែលមានឧត្តមគតិនិងមានការអប់រំ។ប្រតិកម្ម គួរឲ្យកត់សម្គាល់មានដែរដូចជាសំណូមពរសុំឲ្យខ្ញុំនិពន្ឋរឿងនេះឬចិត្តស្រី? ម្តងដោយ ហេតុថាស្រីខ្លះក៏មានចិត្តទុរយ៌សដូចបុរសឬជាងបុរសខ្លះផង។ លិខិតមួយទៀតទិតៀន ខ្ញុំថា ខ្ញុំអាចសរសេររឿង នេះឬចិត្តប្រុស?បានច្បាស់ជាខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិទាំងនេះហើយ។ ពាក្យទិតៀននេះធ្វើឲ្យ ខ្ញុំពិបាកទ្រាំទ្រណាស់ ព្រោះវាប្រាសចាកពីការពិតទាំងស្រុង។ ខ្ញុំបានឆ្លើយតបទៅម្ចាស់លិខិត ដែលជាសិស្សវិទ្យាល័យមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ថា៖ អ្នកនិពន្ធជំនាន់ដើម អាចប្រឌិតរឿងយក្ស រឿងសត្វចេះនិយាយ បានសេចក្តីថា អ្នកនិពន្ធអាចប្រឌិតរឿងទៅតាមការស្រមៃសព្វបែបយ៉ាងរបស់ខ្លួន ដោយពុំចាំបាច់ឃើញយក្ស ឬឃើញ សត្វចេះនិយាយភាសាមនុស្ស ទើបអាចសរសេរបានឡើយ។ ក្នុងនាមជា អ្នកនិពន្ធក្រមុំ ដែលទើបតែឈានជើងបានមួយជំហានក្នុងឆាកអក្សរសិល្ប៍ជាតិ លិខិតទិតៀនមួយ ឬពីរនេះ បានធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តនិងតូចចិត្តខ្លាំងណាស់ ប៉ុន្តែវាមិនមេនជាឧបសគ្គរារាំងបន្ទុចបង្អាក់ខ្ញុំមិនឲ្យនិពន្ធតទៅទៀតទេ។
លោកម៉ៅ ប៊ុនថន ដែលជាអ្នកចាត់ចែងផ្សាយរឿង នេះឬចិត្តប្រុស? បានលើកទឹកចិត្តខ្ញុំថា៖គប្បីខ្លួនខ្ញុំ តាំងចិត្តជាអ្នកកីឡា។
ពាក្យទូន្មាននេះជាមេរៀនដ៏ល្អបំផុតសម្រាប់រូបខ្ញុំដែលចង់សាងកិត្តិនាមជាអ្នកនិពន្ធមួយរូប ក្នុងអនាគតកាល។ខ្ញុំសូមបញ្ជាក់ដែរថា កាលណោះ ក្នុងការនិពន្ធរឿងខ្ញុំមិនហ៊ានប្រើឈ្មោះពិតរបស់ខ្ញុំទេ ព្រោះខ្ញុំខ្លាចលោកប៉ារបស់ខ្ញុំជ្រាបដឹងនិងស្តីបន្ទោស។ លោកប៉ាពុំចង់ឲ្យខ្ញុំបែកគំនិតធ្វើអ្វីផ្សេងក្រៅពីផ្តុំគំនិតខិតខំសិក្សាដើម្បីក្រេបយកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់។ ម្យ៉ាងទៀត នៅជំនាន់នោះខ្មែរយើងមិនសូវផ្តល់តម្លៃឲ្យអក្សរសាស្រ្តឬអ្នកនិពន្ធអ្វីប៉ុន្មានឡើយ ជាពិសេសអ្នកនិពន្ធនារីនេះតែម្តង។
ហេតុនេះដើម្បីចៀសវាងការស្តីបន្ទោសពីលោកប៉ាខ្ញុំបានសម្រេចចិត្តប្រើរហស្សនាមថាព្រហ្ម សុទ្ធធីតាដោយរក្សាទុកត្រឹមតែនាមត្រកូលរបស់ខ្ញុំតែប៉ុណ្ណោះ។ ជោគជ័យលើកទីមួយក្នុងការនិពន្ធរឿង “នេះឬចិត្តប្រុស?” ជាឱសថទិព្វ និងជាកម្លាំងពិសេសមួយជំរុញខ្ញុំឲ្យមានថាមពលឈានឡើងមួយជំហានទៀតនៅលើមាគ៌ាអក្សរសិល្ប៍ដែលខ្ញុំសែនស្រឡាញ់ ដើម្បីសាងឈ្មោះជាអ្នកនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ លុះត្រាតែបានសម្រេចដូចបំណង។
ក្នុងពេលវិស្សមកាលឆ្នាំ១៩៦៧ ខ្ញុំបាននិពន្ធប្រលោមលោកខ្នាតវែងមួយរឿង មានចំណង ជើងថា ថ្ងៃ៤កក្កដា ។ រឿងនេះបានផ្សាយក្នុងសារព័ត៌មានដំណឹងចុងក្រោយ ដែលមានលោក ជុំ កែម ជាចាងហ្វាង។ បន្ទាប់ពីរឿងនេះផ្សាយចប់ ខ្ញុំទទួលបានការសរសើរពីលោក ជុំ កែម ហើយបានទទួលកម្រៃមួយពាន់រៀល(ស្មើនឹង១/៣ នៃតម្លៃមាសមួយតម្លឹង)។លោកមានប្រសាសន៍លើកទឹកចិត្តខ្ញុំថា៖ ប្រាក់បន្តិចបន្តួចនេះ ពុំស័ក្តិសមនឹងការខិតខំតែងនិពន្ធរឿងនេះឡើយ ហើយថា លោកប៉ារបស់ខ្ញុំ ប្រហែលជាមានមោទនភាពដោយសារខ្ញុំមិនខាន។
រឿង ថ្ងៃ៤កក្កដា ផ្សាយមួយ ឬពីរវគ្គ ស្រាប់តែមានលោកម្នាក់ នៅខេត្តព្រៃវែង មកជួប ខ្ញុំដល់ផ្ទះ។ លោកប្រាប់ខ្ញុំថា គាត់មកនេះ មានមូលហេតុពីរយ៉ាងគឺ៖
ទី១- គាត់មិនសប្បាយចិត្តព្រោះថាខ្ញុំសរសេររឿងចំអកឲ្យគាត់។
ទី២-គាត់ថាតាំងពីបានស្តាប់រឿងនេះឬចិត្តប្រុស?ផ្សាយតាមវិទ្យុជាតិ គាត់បានស៊ើបសួររកខ្ញុំ និងផ្ទះខ្ញុំ។ គាត់បានទូរស័ព្ទទៅវិទ្យុជាតិគេមិនព្រមប្រាប់។ គាត់ទើបតែរកខ្ញុំឃើញតាមរយៈសារព័ត៌មានដំណឹងចុងក្រោយនេះទើបបានជាគាត់ មករកខ្ញុំភ្លាម។ គាត់ត្រូវតែមកជួបខ្ញុំដើម្បីសរសើរផង និងដើម្បីប្រាប់ឲ្យខ្ញុំដឹងខ្លួនផងថា គាត់ខឹងខ្ញុំណាស់ ដែលបានយករឿងគាត់មកសរសេររឿង នេះឬចិត្តប្រុស?។ ខ្ញុំ បានឆ្លើយថា៖ លោក និងខ្ញុំពុំដែលស្គាល់គ្នា ធ្វើដូចម្តេចខ្ញុំអាចលើកយករឿងលោកមកសរសេរកើត។លុះបានឮហេតុផលនិងការបកស្រាយរបស់ខ្ញុំសព្វគ្រប់ គាត់ស្តាប់បាន ក៏ត្រលប់ទៅវិញ។
ខ្ញុំលើកយកបញ្ហានេះឡើង គ្រាន់តែចង់បង្ហាញថា ជីវិតអ្នកនិពន្ធពុំមែនបានទទួលតែការសរសើរ ឬការគាំទ្រប៉ុណ្ណោះទេ។ ប៉ុន្តែ ក៏បានជួបប្រទះរឿងប្លែកៗ ដែលគេពុំធ្លាប់គិត ឬនឹកឃើញម្តងណាផង។ បញ្ហាម្តងម្កាល ឬញឹកញាប់នេះ ជារឿងធម្មតាក្នុងជីវិតជាអ្នកនិពន្ធ ប៉ុន្តែខ្ញុំ ត្រូវខំជម្នះបញ្ហានិងឧប្បតិ្តហេតុទាំងពួងឲ្យទាល់តែបានទើបខ្ញុំអាចបន្តការនិពន្ធតទៅទៀតបាន។ខ្ញុំមិនត្រូវឲ្យបញ្ហាមិនល្អទាំងនោះជិះជាន់ចិត្តខ្ញុំរហូតដល់ទម្លាក់ប៉ាកាចោលទេ។ ខ្ញុំគិតថា បើមិនជួបប្រទះបញ្ហាខ្លះនៅក្នុងជីវិត ប្រហែលជាខ្ញុំពុំងាយសាងកិត្តិនាម ជាអ្នកនិពន្ធបានងាយៗឡើយ។ ម្យ៉ាងទៀត បើខ្ញុំពុំមែនជាអ្នកចូលចិត្តសង្កេត ខ្ញុំក៏ពុំសម្បូណ៌គំនិតសរសេររឿងដែរ។
ខ្ញុំជាមនុស្សម្នាក់ចូលចិត្តនិយាយ ចូលចិត្តស្តាប់ ចូលចិត្តដោះស្រាយ និងវិភាគបញ្ហា វិភាគចិត្តមនុស្ស ជាពិសេសខ្ញុំចូលចិត្តសរសេរ និងអានសៀវភៅណាស់។ខ្ញុំពុំដែលបានសិក្សាអំពីវិធីសាស្រ្តតែងនិពន្ធម្តងណាសោះ។ ប៉ុន្តែ ការចូលចិត្តអានរឿង ប្រលោមលោកច្រើនធ្វើឲ្យខ្ញុំបានជ្រួតជ្រាបសិល្ប៍វិធីនៃការតែងនិពន្ធដោយមិនដឹងខ្លួន។ វណ្ណកម្ម របស់អ្នកនិពន្ធរៀមច្បងទាំងឡាយ ដែលខ្ញុំបានអាន ជាគ្រូបាធ្យាយ បណ្តុះបណ្តាលខ្ញុំឲ្យចេះ សរសេររហូតដល់បច្ចុប្បន្ននេះ។ ពាក្យពេចន៍ក្តី ឃ្លាប្រយោគល្អៗនិងពីរោះៗក្តីក្នុងរឿងទាំងប៉ុន្មាន ដែលខ្ញុំបានអានជាមេរៀនដ៏សំខាន់ ប្រៀបបីដូចជាសាស្រ្តាចារ្យដ៏ចំណានបង្រៀនខ្ញុំឲ្យចេះចាំ សម្បូណ៌វាក្យស័ព្ទ អាចធ្វើឲ្យខ្ញុំសរសេរបានងាយ រអិលរលូន មិនបាច់គិតច្រើន ឬមិនបាច់ធ្វើគម្រោងជាមុនក៏មាន។ ចំពោះខ្ញុំចំណងជើងរឿងប្រលោមលោកនីមួយៗ ជាសេចក្តីសង្ខេបនៃសាច់រឿងនិងជាខ្លឹមសារនៃរឿង។ចំណងជើងរឿងសំខាន់ណាស់សម្រាប់ខ្ញុំព្រោះទាញខ្ញុំមិនឲ្យសរសេរប្រាសចាកខ្លឹមសារ ដែលខ្ញុំចង់បញ្ចេញឲ្យអ្នកអានយល់ពីទស្សនៈនិងគោលគំនិតរបស់ខ្ញុំ។ ចំនួនតួអង្គពីដំបូង ជួនកាលមានតែបួនប្រាំនាក់ ជួនកាលអាចបំបែកបន្ថែមច្រើនទៀតក៏មាន។ អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺឃ្លាទីមួយ។ បើខ្ញុំសរសេរឃ្លាទីមួយចេញហើយ គំនិតដ៏ច្រើន លេចហូរចេញមកទប់មិនឈ្នះ ឬដូចទឹកហូរពីលើទីខ្ពស់អ៊ីចឹង។
រឿងដែលខ្ញុំបានសរសេរទាំងប៉ុន្មាន ជាប្រលោមលោកផ្នែកមនោសញ្ចេតនា។ សាច់រឿង នីមួយៗ សុទ្ធតែបង្កប់ការអប់រំ។ ខ្ញុំចង់បញ្ចេញ និងបង្ហាញគំនិតខ្ញុំ ឲ្យអ្នកអានដឹងដោយមានជំនឿថា គោលគំនិត និងឧត្តមគតិរបស់ខ្ញុំ នឹងអាចមានអ្នកយល់ស្របតាមមិនខាន។ ខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្ញុំពុំអាចសរសេររឿងណាមួយ ដែលគ្មានការអប់រំឡើយ ពីព្រោះខ្ញុំយល់ថាអក្សរសិល្ប៍បម្រើមនុស្ស បម្រើសង្គម និងរួមចំណែកជួយកែច្នៃសង្គម ឬជួយរំលឹកដាស់តឿន កែប្រែចិត្តមនុស្សទៅរកផ្លូវល្អនិងផ្លូវត្រូវ។
ទោះជាយ៉ាងណាក៏ដោយ ប្រលោមលោកដែលជាមែកធាងនៃអក្សរសិល្ប៍ តែងតែមាន ឥទ្ធិពលតិចឬច្រើនលើចិត្តមនុស្សនិងសង្គមមនុស្ស។ ការអប់រំក្នុងប្រលោមលោកមាន លក្ខណៈសោភ័ណ ដែលប្រលោមចិត្ត និងអារម្មណ៍មនុស្សឲ្យងាយទទួលយកបាន ជាងការអប់រំដោយសម្តី ឬវាចាត្រង់ៗ។
តាំងពីនៅក្នុងស្រុកខ្មែរ រហូតដល់ខ្ញុំរស់នៅប្រទេសបារាំង ប្រលោមលោកទាំងខ្លី ទាំងវែង របស់ខ្ញុំ ពុំដែលប្រាសចាកការអប់រំទេ បើមានប្លែកគ្នាខ្លះ គឺប្លែកនៅត្រង់សង្គមបរិយាកាស និងកាលៈទេសៈប្រទេស។ រឿងដែលខ្ញុំតែងនិងផ្សាយរួចមកមាន៖ រឿងនេះឬចិត្តប្រុស?, ថ្ងៃ៤កក្កដា, រឿងជើងមេឃថ្មី, រឿងស្រមោលស្នេហ៍, រឿងខ្យល់សមុទ្រ, រឿងព្រោះតែអ្នក, រឿងថ្ងៃណា? ថ្ងៃណា?, រឿងម្តាយ ក្មេកទំនើប, រឿងបាច់ផ្កា ,រឿងកម្មករសេរី…។ល។ក្នុងចំណោមនេះមាន រឿងមួយចំនួនធំដែល ខ្ញុំបាននិពន្ធ នៅក្នុងប្រទេស បារាំង។
រឿងដែលខ្ញុំបាននិពន្ធនៅក្នុងប្រទេសបារាំង តួអង្គខ្លះនៅក្នុងរឿង មានទឹកចិត្ត ឬពុទ្ធិប្រភាពទៅតាមវប្បធម៌អឺរ៉ុបដែល ខុសប្លែកពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរយើង ខ្ញុំដោះស្រាយបញ្ហាក្នុងរឿងក៏ប្លែកខ្លះដែរ ពុំមែនដូចកាលដែលខ្ញុំរស់នៅក្នុងមាតុប្រទេសទេ។ ម្យ៉ាងទៀត ពេលវេលា និងសម័យកាល ក៏បានប្តូរផ្លាស់ច្រើនណាស់ របបនយោបាយក៏ដូចគ្នាដែរ អ្វីៗក្នុងលោកក៏មានការវិវឌ្ឍ។ យ៉ាងណាមិញ ចិត្តគំនិតរបស់មនុស្ស ក៏រមែងតែងមានការផ្លាស់ប្តូរទៅតាមពេលវេលានិងបរិយាកាសសង្កមដែលខ្លួនរស់នៅយ៉ាងនោះដែរ។
អាស្រ័យហេតុនេះ ប្រលោមលោក ដែលឆ្លុះបញ្ចាំងពីសម័យកាលនីមួយៗ ដែលរូបខ្ញុំធ្លាប់បានរស់នៅ និងឆ្លងកាត់នោះ ខ្ញុំពិតជាពុំអាចបំភ្លៃ ឬភូតភរបានឡើយ។
នៅប្រទេសបារាំង ខ្ញុំតែងតែប្រទះឃើញ ពាក្យមួយឃ្លាថា បើអ្នកចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវអានវណ្ណកម្ម ឬស្នាដៃរបស់គេសិន ។ ខ្ញុំយល់ថាពាក្សនេះត្រូវណាស់។
ការអានស្នាដៃរបស់គេ ដោយស្រឡាញ់ជក់ចិត្ត ពិតជាកត្តាសំខាន់បណ្តុះរូបខ្ញុំ ដោយមិនដឹងខ្លួន ឲ្យចេះវិជ្ជាសរសេរប្រលោមលោក។ ខ្ញុំក៏មានឈ្មោះជាអ្នកនិពន្ធមួយរូបចាប់ពីឆ្នាំ១៩៦៨ រហូតមកដល់សព្វថ្ងៃនេះ។
ជម្រាបសួរអ្នកគ្រូ
ខ្ញុំទើបតែបានឃើញប្លករបស់អ្នកគ្រូតាមរយៈប្លករបស់លីណា។
ខ្ញុំពេញចិត្តណាស់។ តើអ្នកគ្រូអាចដាក់រឿង បាច់ផ្កា នៅក្នុងប្លករបស់អ្នកគ្រូបានទេ។
ខ្ញុំពេញចិត្តរឿងបាច់ផ្កានេះ។ រឿងនេះមានន័យណាស់ ហើយសាកសមចំពោះគូស្វាមី ភរិយា និង អ្នកដែលត្រៀមរៀបអាពាហ៍ពិពាហ៍។ អ្នកទាំងនោះគួរអានរឿងនេះ ដើមី្ប ស្វែងយល់ឲ្យច្បាស់ពីតួនាទី និង កាតព្វកិច្ច របស់ខ្លួនក្នុងនាមជាស្វាមី ឬ ភរិយា។
ជម្រាបសួរចរិយាជាទីស្រឡាញ់
អរគុណចរិយាដែលបានពេញចិត្តប្លកអ្នកគ្រូ។ អ្នកគ្រូនិងចុះផ្សាយរឿងបាច់ផ្កានៅក្នុងប្លករបស់អ្នកគ្រូនៅចុងខែវិច្ឆិកានេះ
តាមសំណើររបស់ឧត្តមនិងចរិយាដោយរីករាយជាទីបំផុត។ឧត្តមបានជួយចម្លងរឿងនេះចេញពីសៀវភៅម្តាយក្មេកទំនើប
រួចហើយ ប៉ុន្តែអ្នកគ្រូរវល់ពេកមិនទាន់បានពិនិត្យ។
ជម្រាបសួរអ្នកគ្រូ!
ខ្ញុំមិនមែនជាអ្នកនិពន្ធអីទេ តែខ្ញុំចូលចិត្តអានប្រលោមលោក!
ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញនិងស្គាល់ប្លកអ្នកគ្រូ
សង្ឃឹមថានិងបានអានប្រលោមលោកអ្នកគ្រូថ្មីៗនៅទីនេះ។
😀
ជម្រាបសួរក្មួយឧត្តម
ខ្ញុំក៏មានចិត្តរីករាយដែរដែលបានស្គាល់និងដឹងថា ក្មួយឧត្តមបានចូលអានប្លក់របស់ខ្ញុំ។ ខ្ញុំក៏សង្ឃឹមទៀតថាខ្ញុំនិងមានពេលសរសេរប្រលោមលោកថ្មីផ្សាយក្នុងប្លក់នេះ។
សូមអរគុណ
😀 អរគុណអ្នកគ្រូ!
ខ្ញុំរងចាំដើម្បីទទួលបទពិសោធខ្លះៗពីប្រលោមលោកអ្នកគ្រូ ហើយអាចសរសេរខ្លួនឯងបាន ព្រោះខ្ញុំចង់ចេះសរសេរប្រលោមលោកវែងៗចឹងដែរ! ហិហិ
ខ្ញុំពុំហ៊ានគិតថាប្រលោមលោករបស់ខ្ញុំំអាចផ្តល់ជាវិធីសាស្រ្តសម្រាប់ក្មួយឧត្តមទេណា។ បើក្មួយចង់ដឹងពីល្បិចខ្លះៗនៃការ
និពន្ឋប្រលោមលោកវែងៗ អ្នកគ្រូនិងចែករំលែកឥតកំណាញ់ឬលាក់លៀមនៅថ្ងៃអាទិត្យទី៥ធ្នូនៅសមាគមអក្សរសិល្ប៍នូហាច។
ប៉ុន្តែទាល់តែក្មួយប្រញាប់ទាក់ទងទៅលោកឃឹម សុអហំជាប្រធានជាមុនសិន។
អូ! ខ្ញុំមានពេលវេលាមួយព្រឹកសម្រាប់ថ្ងៃអាទិត្យ! តើវាសមស្របនឹងពេលវេលានេះទេ!
អ្នកគ្រូ តើខ្ញុំអាចមានលេខទូរស័ព្ទគាត់ដើម្បីទាក់ទងសួរគាត់បានទេ?
ល្អណាស់។ នេះលេខគាត់ ០៧៧ ៦១៦ ៦៥៦។ សូមអញ្ជើញក្មួយទាក់ទងគាត់ចុះ ដោយជម្រាបគាត់ថាបានលេខពីខ្មុំ។
ពេញបាត់ហើយ! 😦
គួរឲ្យស្តាយមែន។
តើមានឱកាសក្រោយទៀតទេ?
ខ្ញុំមិនទាន់ដឹងទេ ព្រោះសមាគមនូហាចជាអ្នកអញ្ជើញខ្ញុំ។ តើក្មួយអាចឲ្យលេខទូរស័ព្ទក្មួយមកខ្ញុំបានទេស្រួលខ្ញុំជូនដំណឹង។
ពិតជាបានអ្នកគ្រូ! លេខខ្ញុំគឺ 012872968 oudom.horn@gmail.com
តើខ្ញុំអាចបានអាសយដ្ឋានអ្នកគ្រូផងបានទេ?