ជីវប្រវត្តិ​ពិស្តារ​របស់​ខ្ញុំប៉ិច​សង្វាវ៉ាន

ជម្រាបសួរ​ប្រិយមិត្ត​អ្នក​អាន​ជា​ទី​មេត្រី

ដោយ​យល់​ឃើញ​ថា​ជីវ​ប្រវត្តិ​របស់​ខ្ញុំ​ដែល​បាន​ផ្សាយ​ក្នុង​សៀវភៅ​និង​ទស្សនាវត្តី​មួយ​ចំនួន​នៅ​ខ្វះ​ចន្លោះ​ច្រើន​និង​ ដើម្បី​ឆ្លើយតប​ទៅ​មិត្ត​អ្នក​អាន​ប្រលោមលោក​របស់​ខ្ញុំ    ​ជា​ពិសេស​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អក្សរសិល្បិ៍​ខ្មែរ​ដែល​បាន​ស្នើ​សុំជីវប្រវត្តិ​របស់​ខ្ញុំ​ ទើប​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​សរសេរ​ជីវប្រវត្តិ​យ៉ាង​ពិស្តារ​ជូន​ដោយ​រីករាយ​។
ថតឆ្នាំ២០០៨ក្នុងស្ទុយឌីយោម៉ូដ៊ែលអន្តរជាតិនៅភ្នំពេញ

ជីវប្រវត្តិ​ពិស្តារ​របស់​ខ្ញុំប៉ិច​សង្វាវ៉ាន

នាម​ដើម​ព្រហ្មសង្វាវ៉ាន


ខ្ញុំ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ។​ ​ខ្ញុំ​តែង​តែ​គិតនិង​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​​មួយ​រូប​របស់​កម្ពុជា​ហើយរមែង​តែង​តែ​ ចិញ្ចឹម​ចិត្ត​ប៉ង​ប្រាថ្នា​ជា​​និច្ច​ចង់​ចូល​ជា​សមាជិកា​មួយ​រូប​នៃ​សមាគម​អ្នក​និពន្ឋ​ខ្មែរ។

ខ្ញុំ​ចាប់​កំណើត​នៅ​ថ្ងៃ​ទី ២៤​​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៤៧ ​នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ។ ខ្ញុំ​ជា​បុត្រី​ច្បង​របស់​លោក​ ចៅ យ៊ី ស៊ុម ​ចាង​ហ្វាង(សព្វ​ថ្ងៃគេ​ហៅ​ថា​ប្រធាន)សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ និង​លោក​ស្រី ឌីវណ្ណ​ ដឺឡូ​ប៉េស៍​ជា​មេផ្ទះ។ ខ្ញុំ​មាន​បង​ប្អូនទាំង​អស់​១២​នាក់ គឺ​ប្អូន​ស្រី​៧​នាក់ ​និង​ប្អូន​ប្រុស​៤​នាក់​ដែល​មាន​នាម​ដូច​ត​ទៅ​នេះ ៖

– ព្រហ្ម​ សង្វាវ៉ាន (ខ្ញុំ​ជា​កូន​ច្បង)

– ព្រហ្ម វ៉ាន់មុនី ​(ស្រី)

– ព្រហ្ម សិទ្ឋត្រា (ប្រុស)​ ត្រឡប់​មករស់នៅ​ប្រទេសកម្ពុជា​និង​ជា​រដ្ឋលេខាធិការនៃ​ក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។

– ព្រហ្ម​ សេរីគិត (ស្រី)

– ព្រហ្ម ​វេតថូរីយ៉ា (ស្រីស្លាប់​នៅ​ប្រទេស​លាវ​ឆ្នាំ​១៩៧៦)

– ព្រហ្ម​ វិជ្ជីឡា (ស្រី)

– ព្រហ្ម​ រិទ្ឋី​ (ប្រុស​ស្លាប់​នៅ​ប្រទេស​បារាំង​ខែ​សីហា​ឆ្នាំ​២០១០)

– ព្រហ្ម ​កេណ្ឌី(ប្រុស)

– ព្រហ្ម​ ដាវុធ(ប្រុស)

– ព្រហ្ម លាភ​បុណ្ណា (ស្រី)

– ព្រហ្ម​ សិទ្ឋី (ស្រី)

– ព្រហ្ម​ សូភី (ស្រី)

(ខ្ញុំនិង​ស្វាមីនិង​ប្អូនៗទាំង១១​នាក់ថតជា​មួយបិតា​មាតាថត​ជុំ​គ្នាក្នុងវីឡារបស់យើង​នៅ​ភ្នំពេញឆ្នាំ​១៩៧២)

សព្វ​ថ្ងៃ​នេះ ប្អូន​ស្រីប្អូនប្រុសរបស់ខ្ញុំ៨​នាក់​រស់​នៅក្នុង​ប្រទេស​បារាំង (ក្នុងចំណោមនេះ ​មាន​ប្អូន​ប្រុស​ម្នាក់បាន​ត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ)​។​ ចំណែកឯប្អូនស្រីម្នាក់​និង​ប្អូនប្រុសម្នាក់់ទៀត​ បានចានចេញពីប្រទេសបារាំងទៅរស់​នៅឯ​សហរដ្ឋអាមេរិក។

ក្នុង​បថម​សិក្សា​ ​ខ្ញុំ​រៀន​នៅ​សាលា​បុទុមរាជា​នា​ទី​ក្រុង​ភ្នំពេញ។​ ក្នុង​មធ្យម​សិក្សា​  ខ្ញុំ​រៀន​ថ្នាក់​ទី​៦​ទំនើប​ជាតិ​ក្នុង​វិទ្យា​ល័យ​សង្គម​រាស្រ្ត​និយម​នៅ​ ទូល​គក ​​  រួច​បាន​ផ្លាស់​មក​រៀន​នៅ​វិទ្យាល័យ​ព្រះ​យុគន្ឋរ​ចាប់​ពី​ថ្នាក់​ទី​៥​ ទំនើប​រហូតដល់​ថ្នាក់​ទី​២​ទំនើប​ជាតិ ទើប​បាន​ផ្លាស់​មក​រៀន​ថ្នាក់ទី​១​ទំនើប​ដល់​ថ្នាក់​ទី​បញ្ចប់​ផ្នែក​វិទ្យា ​សាស្រ្តពិសោធន៍​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្តិ​។​​ ខ្ញុំ​បាន​ជាប់​មធ្យម​សិក្សាប័ត្រ​ភាគ​ទី​២​នៅ​ឆ្នាំ ១៩៧០។

តាំង​ពី​អាយុ​៨​ឆ្នាំ​ម្ល៉េះ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​និង​សៀវភៅ​បារាំង​ណាស់​ ។​ លុះ​ដល់​ចម្រើនវ័យ​បាន​១៣​ឆ្នាំ ​ចំណង់​ចំណូល​ចិត្ត​អាន​សៀវភៅ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​ៗ។​  ខ្ញុំ​និយម​អាន​សៀវភៅ​សិក្សា​ទាំង​ភាសា​ខ្មែរ   ​ភាសា​​បារាំង   និង​ សៀវភៅ​ប្រលោម​លោក​ខ្មែរ​ផ្នែក​មនោសញ្ចេតនា ​និង​ជីវិត​សោក​សៅ​។

អាយុ​១៦​​ឆ្នាំ​ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​រឿង​ខ្លីៗ​ ដោយ​ហេតុ​ថា មួយ​ថ្ងៃ​ មុន​ថ្ងៃ​ប្រឡងមធ្យម​សិក្សាប័ត្រភាគ​ទី១​ ឬបាក់អង( Baccalauréat 1ère partie) ​មិត្តនារី​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​មិន​ប្រឡង​ផ្លោះដូច​ខ្ញុំ​បាន​នាំ​គ្នា​មករំខានខ្ញុំ​ដល់​ផ្ទះ​ក្នុង​ ពេល​ដែល​ខ្ញុំ​កំពុង​តែ​រំលឹក​មេ​រៀន​ឡើង​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​ផ្លោះ​បាក់​អង​នៅ​ថ្ងៃ​ស្អែក។ ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា ខ្ញុំ​ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ ក៏​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ​ឡើយ​។​ អំពើ​នេះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​មិត្ត​ នារី​ទាំង​អស់​នេះ​ជា​ពន់​ពេក។ ការ​អន់​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់​ដង​ប៉ាកកា​បង្ហូរ​ទឹក​ខ្មៅ​ ជម្រុះ​ភាព​សៅហ្មង​តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ រួច​ផ្ញើ​ទៅ​ជូន​លោក​ ម៉ៅ ប៊ុន ថន ​ដែល​ជា​អ្នក​និពន្ឋ និង​ជា​អ្នក​រៀប​ចំ​ការ​ផ្សាយ​នាទី​ភាគ​និទាន​រឿង​ប្រលោម​លោក​ប្រចាំ​ វិទ្យុជាតិ​ភ្នំពេញ។ ​លោក​ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ​រឿង​អប់រំ ​ក៏​បាន​យក​សាច់​រឿង​ខ្លីៗ​របស់ខ្ញុំទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក ដែល​លោក​បាន​និពន្ឋ​ហើយ​ក៏​ផ្សាយ​តាម​រលក​អាកាស​វិទ្យុជាតិ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​ប៉ាកកា ឬ​រហស្សនាម ព្រហ្ម សុទ្ធ​ធីតា​របស់​ខ្ញុំ​ម្តង​ណា​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ទៅ​ហើយ​ថែម​ទាំង​មាន​មោទនភាព​យ៉ាង​ ក្រៃ​លែង​ក្នុង​គ្រា​នោះ។​ ម៉្លោះ​ហើយ ទឹក​ចិត្ត​ស្នេហា​អក្សរ​សាស្រ្ត និង​ការ​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ ដែល​បាន​ចាក់​ឬស​ដុះ​កប់​យ៉ាង​មាំ​ជ្រៅ​ក្នុង​ដួង​ចិត្ត​ក៏​បាន​ចាប់​ប៉ិច​ ពន្លក​ក្នុង​បេះ​ដូង​ក្រពុំ​តាំង​ពី​ពេល​នោះ​មក​។

ឆ្នាំ១៩៦៤អាយុ១៧ ឆ្នាំ(ហាងថតរូបBonheurភ្នំពេញ)

នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​មិន​អាច​ទប់​សន្ទុះ​ចិត្ត​ដែល​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ត​ទៅ​ទៀត​  ក៏​បាន​សាក​ល្បង​និពន្ធ​រឿង​ទី​មួយ​   មាន​ចំណង​ជើង​ថា​ «នេះ​ឬ​ចិត្ត​ប្រុស?»​ តាម​ការ​ស្នើ​សុំ​របស់​មិត្ត​​នារី​បី​នាក់​   ដែល​បាន​និយាយ​រឿង​វិបត្តិ​ផ្ទាល់​ខ្លួន​ប្រាប់​ខ្ញុំ។​  កាល​ណោះ​    ខ្ញុំ​បាន​ប្រើ​នាម​ប៉ាកកា​ថា​«ព្រហ្ម សុទ្ធ​ធីតា»។ រឿង​នេះ​ត្រូវ​បាន​អ្នក​និពន្ធ​  ជូ​ ថានី ​ដែល​ជា​នាយក​សារព័ត៌មាន​កោះ​សន្តិភាព​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​កាសែត​នេះ​។​ បន្ទាប់​មក​រឿង​ «នេះ​ឬ​ចិត្ត​ប្រុស?» ក៏​ត្រូវ​បាន​លោក​ ម៉ៅ ប៊ុន​ថន​ សុំ​ក្តី​អនុញ្ញាត​យក​ទៅ​រៀប​ចំ​ជា​ភាគៗ​ និងផ្សាយ​ក្នុង​នាទីភាគ​និទាន​​រឿង​ប្រលោម​លោក​តាម​រលក​ធាតុ​អាកាស​វិទ្យុ​ ជាតិ​  ចាប់​ពីថ្ងៃ​៥​កក្កដា​រហូតដល់​ខែ​កញ្ញា​ឆ្នាំ​១៩៦៨​ទើប​ចប់​សព្វ​គ្រប់។​ ខ្ញុំ​សូម​បញ្ជាក់​​ដែរ​ថា រឿង«នេះ​ឬ​ចិត្ត​ប្រុស?» ​មាន​ដាក់​អម​ចម្រៀង​មួយ​បទ ​ដែល​និពន្ឋ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ដោយ​លោក​ម៉ា​​​ ឡៅ ​ពី​ផង​។ បទ«នេះ​ឬ​ចិត្ត​ប្រុស?» នេះ​ច្រៀង​ដោយ​អ្នក​ស្រី សូ សាវឿន​។ ខ្ញុំ​ពុំ​ដែល​គិត​ស្មាន​ទាល់​តែ​សោះ​ថា ​រឿង​ «នេះ​ឬ​ចិត្ត​ប្រុស?» បាន​ទទួល​សំបុត្រ​​សរសើរ​ពេញ​ចិត្តយ៉ាង​ច្រើន       និង​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ដល់​ម្លឹង​ពី​មជ្ឃដ្ឋាន​អ្នក​ស្តាប់​ទូ ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ក្នុង​ចំណោម​សំបុត្រ​សរសើរ​ទាំង​អស់​នោះ​ មាន​លិខិត​រិះ​គន់​មួយ​ច្បាប់​ដែរ​ពី​យុវជន​ម្នាក់​​ឈ្មោះ ឃ្នុះ​ ទាំ សិស្ស​វិទ្យាល័យ​ព្រះ​សុរាម្រិត​​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

ថតឆ្នាំ១៩៦៨អាយុ២១ឆ្នាំ(ហាងថតរូបBBភ្នំពេញ)


មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៩៦៩​ ក្នុង​ពេល​វិស្សមកាល ខ្ញុំបាន​និពន្ធ​​រឿង​ «ថ្ងៃ​៤​កក្កដា»​ដោយ​​ប្រើ​រហស្សនាម​ថា ​ព្រហ្ម សុ​ទ្ធ​ធីតា​ជា​ថ្មី។ ​រឿង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន «ដំណឹង​ចុង​ក្រោយ» របស់​លោក ជុំ កែម។  ខ្ញុំ​មិន​ហ៊ាន​ប្រើ​នាម​ពិត​ទេ ព្រោះ​នៅ​ជំនាន់​នោះ​ គេ​ពុំ​ទាន់​ផ្តល់​តម្លៃ​ឲ្យ​អ្នក​និពន្ធ​នារី​នៅ​ឡើយ​ហើយ​ម៉្យាង​ទៀត​ខ្ញុំ ​ក៏​ពុំ​ចង់​ឲ្យ​លោក​ប៉ា​ជ្រាប​ដឹង​និង​ប្រកាន់​ខឹង​​​  ពីព្រោះលោក​មិន​ចូល​ចិត្ត​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ក្រៅពី​ខិត​ខំ​សិក្សា​រៀន​ សូត្រឲ្យ​បាន​ជោគ​ជ័យ​ និង​បាន​សញ្ញាប័ត្រ​ខ្ពង់ខ្ពស់​នោះ​ឡើយ​។

ក្រោយ​ពី​បាន​ជាប់​មធ្យមសិក្សា​ប័ត្រ​ភាគ​ទី​២ បាក់​ឌុប( Baccalauréat 2ème partie) ​នៅ​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ផ្អាក​ការ​និព​ន្ធ​​សិន ព្រោះ​ខ្ញុំ​ជាប់​បន្ត​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​​សេដ្ឋកិច្ច ​ ក្នុង​មហាវិទ្យាល័យ​​​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច( Faculté de Droit et des Sciences Economiques)។​ទន្ទឹម​​នោះ ខ្ញុំ​ក៏​បាន​ទៅ​សិក្សា​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ក្នុង​មហាវិទ្យាល័យ​ អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ​ដែរ( Faculté des Lettres et des Sciences Humaines) ​ក្នុង​អំឡុង​​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣។ ក្រោយ​ពី​បាន​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ​គរុកោសល្យ (Faculté de Pédagogie)  ខ្ញុំ​បាន​បោះ​បង់​ចោល​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ ​ នី​តិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ ​ដែល​ខ្ញុំ​មិន​ស្រឡាញ់​ចូល​ចិត្ត​សោះ​។​​ ខ្ញុំ​ចេះ​តែខំ​ទ្រាំទៅ​រៀន​ដើម្បី​បំពេញ​ចិត្ត​លោក​ប៉ា​ ប៉ុន្តែ​ការ​សិក្សា​របស់​ខ្ញុំ​មិន​បាន​ជោគ​​ជ័យដូច​បំណង​លោក​ប៉ា​ឡើយ​ ​ទើប​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​​សិក្សា​ក្នុង​មហាវិទ្យាល័យគរុកោសល្យ​វិញ  ដើម្បី​ឈោង​ចាប់​យក​មុខងារ​សាស្ត្រាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​វិញ ​ ឲ្យ​​​ស្របទៅតាមចំណង់​ចំណូល​ចិត្ត​   និង​និស្ស័យ​ពី​កំណើត     ​​   ហើយ​ខ្ញុំ​នៅ​តែ​បន្ត​ការ​សិក្សា​ក្នុង​មហា​វិទ្យាល័យ​អក្សរសាស្ត្រ ​និង​ មនុស្សសាស្ត្រ​ដដែល​មិន​ចោល​ឡើយ​។

ការ​ស្រមៃ​ និង​ក្តី​​ប្រាថ្នា​របស់​ខ្ញុំដែល​ចង់​ក្លាយ​ទៅ​ជា​សមាជិកា​នៃ​សមាគម​​អ្នក​ និព​ន្ធ​​ខ្មែរ​ ក៏​បាន​សម្រេច​ដូច​​បំណង​នៅ​ថ្ងៃ​ទី១៩​ ខែ​តុលា ឆ្នាំ​១៩៧៣​ ដោយ​បាន​ចូល​ជា​សមាជិកា​លេខ​១៩៣។ ​នៅ​ក្នុង​ប័ណ្ណ​សមាជិក​របស់​សមាគម ខ្ញុំ​បាន​ពាក់​ឈ្មោះ​ស្វាមី​ថា លោក​ស្រី ប៉ិច​ ឈុន​ទៅ​តាម​ទន្លាប់​ខ្មែរ​យើង​សម្រាប់​ស្ត្រី​មាន​ស្វាមី។​​ ក្នុង​ជំនាន់​នោះ​នៅ​ប្រទេស​យើង​មិន​ដូចនៅ​ប្រទេស​បារាំង​ទេ។ នៅ​បារាំង​  ស្ត្រី​រៀប​កា​ររួចគេ​ប្រើ​ឬ​ពាក់​​នាម​ត្រ​កូល​របស់​ស្វាមីភ្ជាប់់​ជាមួយ​ គោត្តនាម​របស់​ភរិយាដូច​ឈ្មោះ​ដែល​ខ្ញុំ​ប្រើ​សព្វ​ថ្ងៃ​នេះ​ថា ប៉ិច​ ​សង្វាវ៉ាន​​។


ស្ថានភាព គ្រួសារ

ខ្ញុំ​ បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ថ្ងៃ​ទី​១ ​ខែ​មករា ​ឆ្នាំ​១៩៧២​ នៅ​ទី​ក្រុង​ភ្នំពេញ ជា​មួយ​លោក ​ប៉ិច ​ឈុន ​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ ដែល​បានទទួលបរិញ្ញាប័ត្រ​ពាណិជ្ជកម្មអន្តរជាតិនៃ​ មហាវិទ្យាល័យពាណិជ្ជសាស្រ្តនៅ​ទី​ក្រុង​ភ្នំពេញ​ឆ្នាំ​១៩៧១​​​ និងជាអតីត​និស្សិតឆ្នាំទី​៣នៃ​មហា​វិទ្យាល័យនីតិសាស្រ្តនាទី​ ក្រុងភ្នំពេញចុងឆ្នាំ១៩៧០      និងមាន​មុខងារជា​អតីត​នាយក​ការ​នាំ​ចូលនៃ​ក្រុមហ៊ុន​សែល​កម្ពុជា (SOCIETE SHELL DU CAMBODGE)។​ នៅប្រទេសបារាំង​ បានទទួល​បរិញ្ញា​ប័ត្ររង​ផ្នែក​គ្រប់​គ្រង​​ពាណិជ្ជ​កម្មនៅ​វីជ្ជា​ ស្ថានពាណិជ្ជ​កម្មនិង​ចែក​ចាយ​ចំណី​អាហារIPCAD ​និង​បាន​ទទួល​បរិញ្ញា​ប័ត្រជាន់ខ្ពស់ផ្នែក​វិស្វកម្មអភិវឌ្ឍន៍នៅវិជ្ជា​ ស្ថានពហុ​បច្ចេកទេសសំាង​ល្វី នៅ​ស៊ែរហ្ស៊ីINSTITUT  de la POLYTECHNIQUE  de SAINT LOUIS à CERGY ប្រទេស​បារាំង​ ​និង​ជា​អតិត​ប្រធាន​គណនេយ្យ។​​បច្ចុប្បន្ន​ស្វាមី​ខ្ញុំ​ជា​អនុ​ប្រធាន​ ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គម​កិច្ច​ និង​ វប្បធម៌នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ដែល​មាន​ឋានៈ​ស្មើរដ្ឋ​មន្រ្តី​។


មាតាបិតាខ្ញុំកំពុងកាត់សក់

(រូបថតអពាហ៍ពីពាហ៍ទាំងនេះនៅសល់ក្រោយពីរបបខ្មែរក្រហម)

ខ្ញុំ​ និង​ ស្វាមី​ខ្ញុំឯ.ឧ. ប៉ិច   ​ឈុន (​​ឈ្មោះ​បារាំង​ ប៉ិច រីសាដ៍ PECH RICHARD) មាន​បុត្រា​បុត្រី​ចំនួន​បួន​នាក់​ គឺ​ កូនស្រី​ម្នាក់​និង ​កូន​ប្រុស​បី​នាក់ ព្រម​ទាំង​ចៅ​៣​នាក់​។


រូបថតខាងលើ៖ កូនទាំងបួននាក់របស់ខ្ញុំថតនៅក្រុងសាន់ន័រប្រទេសបារាំងឆ្នាំ១៩៨៥

កូន​ស្រីច្បង​ឈ្មោះ ប៉ិច សង្វានីដា​  កើត​នៅ​ថ្ងៃ ៧ ​វិច្ឆិកា ១៩៧២​នៅ​ក្រុង​ភ្នំពេញ។​ សង្វានីដា​មាន​បរិញ្ញាប័ត្រ​អក្សរសិល្ប៍​អង់គ្លេស​ទំនើប​ និង​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្មនៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​ បារាំង។​នាង​ជា​អតីត​​សាស្រ្តាចារ្យភាសា​អង់​គ្លេសនៅ​មហា​វិទ្យា​ល័យបញ្ញា​ សាស្ត្រ​ក្រុង​ភ្នំពេញ​រយៈពេល​៣​ឆ្នាំក្រោយ​ពីបាន​មក​ទស្សនា​ប្រទេស​កម្ពុជា ​ឆ្នាំ​២០០៦​​។ ក្រោយពីបានរស់នៅក្នុង​ប្រទេស​កម្ពុជាមួយរយៈពេលនេះ សង្វានីដាកូនស្រីរបស់ខ្ញុំនិង​ស្វាមី់បានចេញទៅរស់នៅ​ក្នុង​ប្រទេស​ កាណាដាកាលពីខែឧសភាឆ្នាំ២០១០។

កូន​ប្រុស​ទាំង​៣​នាក់​ដែលរស់នៅក្នុង​ប្រទេសបារាំងមាន​ឈ្មោះ​ថា ៖

ប៉ិច បញ្ញា​ហ្សេរ៉ាល់ ​កើត​នៅ ​ថ្ងៃ​ទី​៤​ ខែ​តុលា​ ឆ្នាំ​១៩៧៣​ នៅ​ទី​ក្រុង​ភ្នំពេញ។ គេជា​បណ្ឌិត​វិស្វករ​ផ្នែក​អាកាសចរណ៍​ស៊ី​វិលចេញ​ពី​ សាលាជាតិអាកាសចរណ៍ស៊ីវិល ECOLE NATIONALE D’AVIATION CIVILE(ENAC)​នៃ​ក្រុង​ទូលូស្ស៍​។      សព្វ​ថ្ងៃ​នេះ បញ្ញា ជា​នាយក​គម្រោង​នៃ​មន្ទីរ​ពិសោធន៍​ TESA ​នៅ​ក្រុង​ទូលូស្ស៍​ TOULOUSE​ ប្រទេស​បារាំង​។ ភរិយា​របស់​បញ្ញា​ឈ្មោះ​អ៊ឿង​សុខ​ហ្គេច ជាប់​សញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​សាធារណៈ​ចេញ​ពី​មហា​វិទ្យាល័យ​ស៊រប៊ន ​Sorbonnes​នៃ​ទីក្រុង​ប៉ារីស៍​។​​គេ​ទាំង​ពីរ​មាន​កូន​បី​នាក់​។

ប៉ិច​ ហ្វ្រេដេរិក វ៉ាំង​សង់​  កើត​នៅ​ថ្ងៃ​ទី​២២​មករា​១៩៧៧​នៅ​អាកហ្សង់ទើយ​ប្រទេស​បារាំង។ កូន​ទី​៣​របស់​ខ្ញុំ​នេះ​ជាប់​សញ្ញា​ប័ត្រ​វិស្វករ​ផ្នែក​ទេពកោសល្យ​អាកាស​ សាស្ត្រ​( Ingénieur en Génies climatiques) ប្រទេស​បារាំង។

ប៉ិច​​ វិរៈសិទ្ឋ វិចទ័រ។​ កូន​ប្រុស​ពៅ​នេះ​ជាប់​បរិញ្ញាប័ត្រ​ផ្នែក​សិល្បៈភាពយន្ត ​និង​ជា​វិស្វករ​ផ្នែក​ព័ត៌មាន​វិទ្យានៅ​ប្រទេស​បារាំង​។

ដោយការជាប់​ចិត្ត​ស្រឡាញ់​សមាគម អ្នក​និពន្ឋ​ខ្មែរ​ និង​ស្រឡាញ់​មុខ​ងារ​សាស្ត្រាចារ្យ​អក្សរសិល្បិ៍្ត​ខ្មែរ​ពេក ខ្ញុំ​មិន​ដែល​បាន​គិត​សូម្បី​ម្តង​ណា​សោះ​ឡើយ​ថា​ ខ្លួន​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទឹក​ដី​កម្ពុជា​​​មាតុប្រទេស ទោះបីជា​ប្រទេស​ជាតិធ្លាក់ក្នុងភ្លើងសង្គា្រម​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។ ​នៅ​ទី​បំផុត ព្រឹត្តការណ៍​បដិវត្តន៍​របស់​ខ្មែរ​ក្រហម​ដ៏​ខ្មៅ​ងងឹត​១៧​​ មេសា​  ១៩៧៥​បាន​បញ្ចប់​ក្តី​ស្រមៃ​​របស់ ខ្ញុំ​គ្មាន​សល់​អ្វី​សោះ​ឡើយ។ សំណៅ​រឿង​ប្រលោមលោក​ទាំង​អស់ របស់​ខ្ញុំក៏ត្រូវ​បាន​វិនាស​បាត់អស់​ដែរ។

នៅ​ថ្ងៃ​១៧​មេសា​១៩៧៥ ខ្ញុំ​និង​ស្វាមី​ទើបតែ​មាន​កូន​តូចៗ​ពីរ​នាក់​គឺ​សង្វានីដា​និង​បញ្ញា​។ គ្រួសារ​ខ្ញុំផ្ទាល់​  និងមាតា​បិតា​ប្អូនៗទាំង​អស់​ទ្រាំ​រស់​នៅ​យ៉ាង​លំបាក​និង​អត់​ឃ្លាន​ក្នុង​ របប​ខ្មែរ​ក្រហម​បាន​តែ​៣​ខែ​ប៉ុណ្ណោះ​   ក៏​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​របប​កម្មុយនីស្ត​ខ្មែរ​ក្រហមដែល​ គ្មាន​សេរីភាព​និងអត់​ឃ្លាននេះ​។    ​យើង​បា​ន​ភៀស​ខ្លួន​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម  និង​ប្រទេស​លាវ​  ហើយ​បាន​មក​ដល់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​១៩៧៧      ដោយ​បាន​បន្សល់​ទុក​សព​ប្អូន​ស្រី​​ឈ្មោះ ព្រហ្ម វេតថូរីយ៉ា​ ដែល​បាន​បាត់​បង់​ជីវិត ​ដោយ​ជំងឺ​គ្រុន​ចាញ់​ក្នុង​មន្ទីរពេទ្យ​បដិវត្តន៍​លាវ។ ​ សព​នាង​ត្រូវ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ព្រៃ​ឫស្សី​យ៉ាង​អណោច​អ​ធ៌ម​នៅ​មឿង​ ភីន​ប្រទេស​លាវ។ ​ ការ​ស្តាយ​​ស្រណោះ​ប្អូន​ស្រី​កម្សត់​បាន​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ​រឿង​«ខ្លោច ​ផ្សា​នៅ​មឿង​ភីន»​ ឬ «អស្តង្គត»។

បួន​ឆ្នាំ​ដំបូង​ក្នុង​ប្រទេស​បារាំង​ ខ្ញុំ​តែង​តែ​បង្ហូរ​ទឹកភ្នែក​​ជារឿយៗ    នៅ​ពេល​ស្តាប់​ចម្រៀង​ខ្មែរ​ម្តងៗ   ព្រោះ​នឹក​ស្រណោះ​ខ្លួន​ នឹក​ស្តាយ​ប្រទេស និង​ស្តាយ​ជីវភាព​ក្សេម​ក្សាន្ត​រុង​រឿង​ក្នុង​អតីតកាល​។​ ជ្រក​កោន​លើ​ទឹក​ដី​បារាំង ខ្ញុំ​មិន​ដែល​ភ្លេច​អត្តសញ្ញាណ​ជា​ខ្មែរ​ឡើយ​។ ការ​ស្រឡាញ់​វប្បធម៌​ខ្មែរ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្តខ្ញុំ​ឥត​រសាយ ជា​ពិសេស​អក្សរសាស្រ្ត​អក្សរសិល្ប៍ខ្មែរ ​ដែលខ្ញុំ​សែន​ស្រឡាញ់​ដ៏​លើស​លប់​នៅ​ក្នុង​ជាតិ​នេះ​។

ខ្ញុំបានទទួល​បាច់​ផ្កាពី​លោក​វេជ្ជ​បណ្ឌិត​យូ​សុន​ គុននីនៅ​ក្រុង​មូលូស្ស៍​ប្រទេសបារាំងឆ្នាំ១៩៨២ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


នៅ​ក្រុង​ស្ត្រាស់បួរ​ ​ប៉ែក​ខាង​កើត​ប្រទេស​បារាំង​ ជា​ទី​ដែល ខ្ញុំ​ និង​គ្រួសារ​រស់​នៅ​យ៉ាង​សុខសាន្ត ខ្ញុំ​បាន​ជួប​ស្គាល់​ប​ញ្ញាវន្ត​ខ្មែរ​ពីរ​បី​នាក់ ​ដែល​ជា​មិត្តភក្តិ​របស់​ប្អូន​ប្រុសខ្ញុំ ​គឺ ឯក​ឧត្តម ព្រហ្ម សិទ្ធ​ត្រា បច្ចុប្បន្ន​នេះ ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​យុត្តិ​ធម៌​ក្រុង​ភ្នំពេញ​។ ដោយ​ការ​នឹក​​រឮក​ស្រុក​ទេស​ខ្លាំង​ពេក​ ​ ខ្ញុំ​និង​បញ្ញាវន្ត​ខ្មែរ​ទាំង​ប៉ុន្មាន​នាក់​នោះ​បាន​មូល​មតិ​គ្នា​ជា​ ឯកច្ឆន្ទ​ ពួត​ដៃ​គ្នា​បង្កើត​សមាគម​មួយ​ដាក់​ឈ្មោះ​ហៅថា​ «សមាគម អ្នក ស្នេហា អរិយធម៌ ខ្មែរ» ។ ក្រៅ​ពី​ការ​សម្រាក​ពី​ការងារ​ដ៏​នឿយ​ហត់ ខ្ញុំ​បាន​ចំណាយ​ពេល​រាល់​ថ្ងៃអាទិត្យ​បង្ហាត់​របាំ​ខ្មែរ​ដល់​យុវនារី​ភៀស​ ខ្លួន​ខ្មែរ​​ដើម្បី​រៀប​ចំ​រាត្រីសិល្បៈ    និង​បុណ្យ​ចូល​ឆ្នាំខ្មែរ​ក្នុង​គោល​ដៅ​បង្ហាញ​ឲ្យ​ជន​ជាតិ​បារាំងនៅ​ ក្រុងស្រ្តាសបួរ​ស្គាល់វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​។

ក្រោយ​ពី​បាន​រៀប​ចំ​ជីវភាព​រស់​នៅ​ក្នុង​ ប្រទេស​បារាំង​បាន​ស្រួល​បួល​ខ្លះ​ហើយ    ខ្ញុំ​ចាប់​​ដង​ប៉ាកកា​ជា​ថ្មី​សរសេរ​រឿង​ខ្លីៗ​ចុះ​ផ្សាយ​ក្នុង​ ព្រឹត្តប័ត្រ​ខ្មែរ​មួយ​ចំនួន​ដូចជា​៖

-​ព្រឹត្តប័ត្រ​របស់​«សមាគម​អ្នក​ស្នេហា​អរិយធម៌​ខ្មែរ​»នៅ​ទី​ក្រុង​ស្ត្រាស់បួរ​។

-ព្រឹត្តប័ត្រ«​កូន​ខ្មែរ»នៃ​មជ្ឈ​មណ្ឌល​«ឯកសារ​ស្រាវ​ជ្រាវ​វប្បធម៌​ខ្មែរ​CEDORECK​» នៅ​ទី​ក្រុង​ប៉ារីស​។

-​ព្រឹត្តប័ត្រ«ខ្មែរ​សាមគ្គី​» នៅ​ទី​ក្រុង​ឡុងដ៍្រ​ ប្រទេស​អង់គ្លេស​។

-ទស្សនាវដ្តី«​អរិយធម៌ខ្មែរ»​​នៅ​ក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។

-សារព័ត៌មាន «នគរធំ» នៅ​សហរដ្ឋ​អា​មេរិក។

ក្រោយមកទៀត បន្ទាប់​ពី​បាន​ចាក​ចេញពី​ក្រុង​ស្ត្រាស់​ បួរ​ នៅ​ឆ្នាំ​១៩៨៥ជា​មួយ​ក្រុម​គ្រួសារ​ទាំង​អស់​មក​រស់​នៅ​​ក្រុង​សាន់​ន័រ​ជាយ ​ក្រុង​ប៉ារីស​ ខ្ញុំ​​បាន​​សរសេរ​រឿង​ប្រលោម​លោក​ខ្នាត​វែង​មួយ​មាន​ចំណងជើង​ថា «ជើង​មេឃ​ថ្មី» ដើម្បី​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​នគរធំ​នៅ​សហរដ្ឋ​អា​មេរិក។​ លើស​ពី​នេះ នៅ​ឆ្នាំ១៩៨៩ ​ខ្ញុំ​និងស្វាមី​បាន​ស្ម័គ្រ​ចិត្ត​ធ្វើការ​បម្រើ «វិទ្យុអាស៊ី​សំឡេង​ខ្មែរ» ដែល​ជា​វិទ្យុ​សហគមន៍​មួយ​នៅទី​ក្រុង​ប៉ារីសសង្កាត់ទី​១២​ ​រាល់​រាត្រី​ព្រហស្បតិ៍ ​ដោយ​ឥត​កម្រៃរាល់​រាត្រីព្រហស្បត៍​អស់​រយៈ​ពេល​ជិតបួន​ឆ្នាំ​។​ នេះ​ជា​ឱកាស​ល្អ​មួយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​និព​ន្ធ​រឿង​ថ្មី ​និង​លើក​យក​រឿង​ចាស់​ៗ​មួយ​ចំនួន​មក​រៀប​ចំ​ជា​ល្ខោន​និយាយ​ផ្សាយ​ជា​ភាគៗ​ តាមវិទ្យុអាស៊ី​ និង​ អាច​បញ្ចេញទេពកោសល្យ​ប្រើ​សំឡេង​ និង​សំដែង​រឿង​ប្រលោមលោក​ជា​មួយ​ស្វាមី​ខ្ញុំ​។ ចាប់​តាំង​ពី​ពេល​នោះ​មក យើង​ទាំង​ពីរនាក់​ក៏​មាន​ឈ្មោះបោះ​សំឡេង​ និង​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​សហ​គមន៍​ខ្មែរ​នៅ​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​ប្រទេស​បារាំង។

ដោយ​សារការជាប់​ចិត្ត​ស្រឡាញ់ និង​អាឡោះ​អាល័យ​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​ពេក និង​ដើម្បី​សម្រួល​ការ​បោះពុម្ព​សៀវភៅ​របស់​ខ្ញុំ ទើប​នៅ​ថ្ងៃ​​២​កក្កដា​១៩៨៩ ខ្ញុំ​បាន​បង្កើត «​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​នៅ​បរទេស» ASSOCIATION des ECRIVAINS KHMERS à L’ETRANGER​​(AEKE) ​ហើយ​ប្រើ​ឡូហ្គូ​ចាស់​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ពី​ដើម​។ ខ្ញុំ​ជា​ប្រធាន​ស្ថាបនិក​នៃ​សមាគម​នេះ​រហូត​មក​។ «​សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស​បាន​ប្រារព្ធ​ធ្វើការ​ប្រកួត​ប្រជែង​យក ​ជ័យ​លាភី​រង្វាន់​អក្សរសិល្ប៍​សន្តិភាព​លើក​ទី​១នៅ​ឆ្នាំ​១៩៩៧ ​ និងលើក​ទី២​ក្នុងឆ្នាំ​២០០០​នៅ​ក្រុង​បា​រីស​ដោយ​មាន​បេក្ខជន​ទាំង​កវី​អ្នក ​និពន្ឋ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេសចូល​រួម​។

ក្រោយ​ពី​វិទ្យុ​អាស៊ី​សំឡេង​ខ្មែរ​បិទ​ បាន​ជាង​កន្លះ​ឆ្នាំ​ វិទ្យុ​បារាំង​អន្តរជាតិRFI ( RADIO FRANCE INTERNATIONALE)​ក៏​បាន​បង្កើត​ការ​ផ្សាយ​ភាសា​បរទេស​ពីរ​បន្ថែម​ទៀត​គឺ​ ភាសា​ខ្មែរ​និង​ភាសា​លាវ​។​ ខ្ញុំ​បាន​ប្រឡង​ជាប់​ចូល​ធ្វើការ​បម្រើ​​វិទ្យុ​RFI​នេះ ​នៅ​ថ្ងៃ​ទី​១​ខែ​មីនា ​ឆ្នាំ​១៩៩៣​ ជា​អ្នក​សារព័ត៌មាន (Journaliste)​។ ក្រៅពី​ការ​សរសេរ​ និង​ អាន​ព័ត៌មាន​ផ្សាយ​តាម​វិទ្យុនេះ ខ្ញុំ​ក៏​បាន​កាន់​នាទី​អក្សរសិល្ប៍​ខ្មែរ​រាល់​ថ្ងៃ​អាទិត្យ​ដែរ។​ ក្នុង​ការ​បម្រើ​ការ​ងារ​ជា​អ្នក​សារព័ត៌មានក្នុង​វិទ្យុ​ បារាំងអន្តរជាតិដ៏ជា​ទីស្រឡាញ់ំ​ពេញ​ចិត្ត​នេះ​​អស់រយៈពេល​១៨​ឆ្នាំ​ចាប់​ពី ​ដើម​ខែ​មីនា​១៩៩៣ដល់​ខែធ្នូ​ឆ្នាំ​២០១០។

ខ្ញុំ​បាន​បញ្ចប់​អាជីព​ជា​នាយក​ការ​ផ្សាយ​ (CHEF ​D’ÉDITION)​ ដោយបាន​ស្នើសុំ​ចូល​និវត្តន៍ មុន​គម្រប់​អាយុ​៦៥​ឆ្នាំ​នៅ​ដើម​ខែ​មេសាមេសា​ឆ្នាំ២០១០​។ ​រយៈ​ពេល​១៨​ឆ្នាំ​ក្នុង​ការ​បំពេញ​ការងារ​ដ៏​ថ្លៃថ្នូ​រ និង​ជា​ទី​មោទនៈ​នេះ ខ្ញុំ​ បាន​បម្រើ​​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​អស់​ពី​កម្លំាង​កាយ​និង​កម្លំាង​ចិត្ត​ ដើម្បី​តប​ស្នង​មិត្ត​ អ្នក​ស្តាប់​ទាំង​អស់​ នៅ​គ្រប់​ទិស​ទី​ដែល​មាន​ភក្តីភាព​ និង ​គាំទ្រ​ចូល​ចិត្ត​ស្តាប់​សំឡេង​របស់​ខ្ញុំ ។

រូបខាងលើ៖​ស្ទុយឌីយោវិទ្យុបារាំងអន្តរជាតិRFIក្នុ​ងពេល​ខ្ញុំសម្ភាសន៍ជា​មួយ​សិល្បករ​សិល្បការិនីមក​ពី​កម្ពុជា


ក្នុង​ការ​ផ្សាយ​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​៣១​ធ្នូ​២០០៩​ខ្ញុំ​ប៉ិច​ សង្វាវ៉ាន​បាន​ថ្លែង​សារ​លា​ប្រីយមិត្ត​អ្នក​ស្តាប់​ទាំង​អាឡោះ​អាល័យ​ ដើម្បី​ចូល​និវត្តន៍​ដើម្បី​ទុក​ពេល​ចាប់​ដង​ប៉ាកកា​ឡើង​វិញ​តែង​និពន្ឋ​ សៀវភៅ​ដែល​មាន​ជា​អាទិ៍​ សារណា​ជីវិត​របស់ខ្ញុំ​ជា​ដើម។


ស្នាដៃ​អក្សរសិល្បិ៍​របស់ខ្ញុំ

១-នេះ​ឬចិត្ត​ប្រុស?(១៩៦៨)

២-ថ្ងៃ​៤​កក្កដា(១៩៦៩)

៣​-ខ្លោច​ផ្សា​នៅ​មឿងភីន​ឬ​​អស្តង្គត(១៩៨១)

៤-ស្តាយ​ពាក្ស​មួយ​ម៉ាត់(១៩៨១)

៥-ពេល​ដែល​កន្លង​ទៅ(១៩៨១)

៦-វាសនា​អភ័ព្វ​​(១៩៨៣)

៧-មាន​សង្ឃឹមឬគ្មាន​សង្ឃឹម?(១៩៨៣)

៨-ព្រោះ​រឿង​អ្វី?(១៩៨៣)

៩-ថ្ងៃណា?ថ្ងៃណា?(១៩៨៣)

១០-កម្មករ​សេរី(១៩៨៣)

១១-ខ្យល់​សមុទ្រ(១៩៨៤)

១២-ម្តាយ​ក្មេក​ទំនើប(១៩៨៤)

១៣-ព្រោះ​តែ​អ្នក(១៩៨៤)

១៤-បាច់​ផ្កា(១៩៨៥)

១៥-ស្រមោល​ស្នេហ៍(១៩៨៥)

១៦-ជើង​មេឃ​ថ្មី(១៩៨៥)

១៧-លិខិត​អាថ៌​កំបាំង(ល្ខោន​និយាយផ្សាយក្នុងវិទ្យុអាស៊ីនៅ​បារីសឆ្នាំ១៩៨៩)

១៨-ស្រមៃ​បន្ទាប់​ពី​ស្រមៃ​(ល្ខោន​និយាយផ្សាយក្នុងវិទ្យុអាស៊ីនៅ​បារីសឆ្នាំ១៩៩០)

១៩-រូប​ឥត​ព្រលឹង(ល្ខោន​និយាយផ្សាយក្នុងវិទ្យុអាស៊ីនៅ​បារីសឆ្នាំ១៩៩១)


រឿង ដែល បាន ចេញ ផ្សាយ​ជា សៀវ ភៅ ប្រលោម លោក រួច ហើយ៖

១-  «ជើង​មេឃ​ថ្មី» ប្រលោម​លោក​ខ្នាត​វែងបោះពុម្ភផ្សាយ​លើក​ទី​១នៅឆ្នាំ​១៩៨៥ លើក​ទី២​ឆ្នាំ១៩៩០។ រឿង​នេះ​ត្រូវ​បាន​ផលិតករ ​ឡេវ ​ឡុង ​ហៅ​ ឡុង ដារា យក​មក​ថត​ជា​ខ្សែ​ភាព​យន្ត​ទំហ៊ំ​១៦​មីល្លី​ម៉ែត្រ​ សម្រាប់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស​។ គេ​អាច​ចាត់​ទុក​ជា​ខ្សែ​ភាព​យន្ត​ខ្មែរ​ទី១​ដែល​ផលិត​នៅ​ប្រទេស​បារាំង​។

២-«ស្រមោលស្នេហ៍»ផ្សាយចេញពីសមាគមអ្នកនិពន្ឋខ្មែរនៅបរទេសឆ្នាំ១៩៨៥

៣- «ម្តាយ​ក្មេកទំនើប» ​ជា​កម្រង​រឿង​ខ្លីចេញផ្សាយពីសមាគមអ្នកនិព្ន្ឋន្ឋខ្មែរនៅបរទេសឆ្នាំ២០០៤។

ម្តាយក្មេកទំនើបផ្សាយចេញពីសមគមអ្នកនិព្ន្ឋន្ឋខ្មែរនៅបរទេសឆ្នាំ២០០៤

៤-«ពេល​ដែល​កន្លង​ទៅ​»​បាន​ចុះ​ផ្សាយ​ក្នុង​សៀវ​ភៅ​មួយ​មាន​ចំណង​ជើង​ថា«ស្នេហា​ខ្ញុំ​»ផលិត​ដោយ​សមាគម​អក្សរ​សិល្ប៍​កម្ពុជា​ស៊ុយ​អែត។

ស្នាដៃ ដែល គ្រោង នឹងចេញ ផ្សាយ

– «ខ្ញុំជា​ស្រី»​ ជា​កម្រង​ជីវ​ប្រវត្តិ​ និងសារណា​ជីវិត​ផ្ទាល់​របស់​ខ្ញុំ​ពី​ស្រុក​ខ្មែរ​ឆ្លង​កាត់​តាម​ប្រទេស​វៀត ​ណាមលាវរហូត​ដល់​ស្រុក​បារាំង​។

– «នារី​មុខ​ពីរ»

– «ស្តាយ​ពាក្ស​មួយ​ម៉ាត់»

– «មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម»

– «វាសនា​អភ័ព្វ»

– «លិខិត​អាថ៌​កំបាំង»

-«បញ្ច​ពិធ​ធីតា»


សកម្មភាព របស់ខ្ញុំក្នុង ពិធីផ្សេងៗនៅ​ប្រទេសបារាំង

– ខ្ញុំបានចូលរួមក្នុងគណៈកម្មការមេ​ប្រយោគ​នៅក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង។

– ជាពិធីការិនី​ក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ​នៅ​ប្រទេស​បារាំង(រូប​ខាងក្រោម)។

(ខ្ញុំ​និង​ស្វាមី​ខ្ញុំ​រូប​ខាង​ស្តាំក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ​ប្រចាំ​ប្រទេស​បារាំងឆ្នាំ១៩៩៨)

-ជាមេ​ប្រយោគ​ក្នុង​ការ​ប្រកួត​ប្រជែង​រឿង​ខ្លី​និង​រឿង​ប្រលោម​លោក​នៅ​ ក្នុង​ឱកាស​មហោស្រព​ខ្មែរឆ្នាំ១​៩៨៧​ដែល​រៀបចំ​ដោយ​មូលនិធិ​កម្ពុជា​នៅ​ឡុង​ ប៊ិច​ រដ្ឋ​កាលី​ហ្វ័រនី ​សហរដ្ឋ​អាមេរិក។

– ចូល​រួម​ជា​មេ​ប្រយោគ ​និង​ជា​វាគ្មិន​ ក្នុង​សិក្ខាសាលា​ ដែល​រៀបចំ​ដោយ​សមាគម​អក្សរសិល្ប៍​ នូ​​ហាច ​និង​សមាគម​អ្នក​និព​ន្ធ​ខ្មែរ​នៅ​បរទេស​ចាប់​ពី​ឆ្នាំ​២០០៦​។

ខ្ញុំ​ចែក​រង្វាន់​ជូន​ជ័យ​លាភី​រង្វាន់​អក្សរសិល្ប៍​នូ​ហាច​ ឆ្នាំ២០០៧​នៅ​ភ្នំពេញ

តាម រយៈប្រព័ ន្ធ ឃោសនានៅក្នុងប្រទេសកម្ពុជា​និងនៅក្នុងប្រទេសបារាំង

– ចូល​រួម​ក្នុង​កម្ម​វិធី​អក្សរ​សិល្ប៍​តុ​មូល​នៃ​វិទ្យុ​ស្ត្រី​ខ្មែរតាមសេចក្តីអញ្ជើញរបស់លោក​ខូ​តារាឬទ្ឋិប្រធានសមាគមអក្សរសិល្ប៍នូហាច

– ជា​ភ្ញៀ​វក្នុង​កម្មវិធី​បទ​សម្ភាសន៍​មួយ​ក្នុង​វិទ្យុ​VOAឆ្នាំ ២០០៤

– ចូល​រួម​អន្តរាគម​ន៍­ នៅ​ក្នុង​«កម្មវិធី​សៀវភៅ​ល្អៗ​» ក្នុង​នាម​ជា​អ្នក​និពន្ធ​រឿង​«ជើង​មេឃ​ថ្មី»។​ កម្មវិធី​នេះ​រៀប​ចំ​ដោយ​លោក​ស្រី​ ប៉ាល់ វណ្ណារីរក្ស​ក្នុងទូរទស្សន៍​ជាតិ​កម្ពុជា (ទទក TVK​) នៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាខែ​កក្កដា​២០០៧ ភ្នំពេញ​(រូបខាងក្រោម)។

(ខ្ញុំកំពុងសរសេរឧទ្ទិសប្រលោមលោករបស់ខ្ញុំរឿង« ម្តាយ ក្មេកទំនើប»ជូននិស្សិតក្នុង ស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជានៅឆ្នាំ២០០៧ក្រោយពីចប់កម្មវិធីសៀវភៅល្អៗ)
 

– ជា​ភ្ញៀវក្នុង​កម្មវិធី​ ​«ថ្ងៃ​ថ្មី»នៅ​ឆ្នាំ ២០០៧ ​និង​ ២០០៨​ក្នុង​ទូរទស្សន៍​ខ្មែរ​ស៊ី​ធី​អិន CTN​  ភ្នំពេញ។

រូបថតខាងលើ៖​ ខ្ញុំក្នុងទូរទស្សន៍CTN នៅ កម្ពុជាឆ្នាំ ២០០៧ក្នុងកម្មវិធីថ្ងៃថ្មី

– ជា​ភ្ញៀវ​ក្នុង​បទ​សម្ភាសន៍​មួយ​នៃកម្ម​វិធី​អក្សរសិល្ប៍​ក្នុង​វិទ្យុ​បាយ័ន​នៅ​កម្ពុជា​ឆ្នាំ​២០០៩​តាមសេចក្តីអញ្ជើញរបស់លោក​ខូតារាឬទិ្ឋ។

ខ្ញុំ​តែ​ងតែ​បាន​ទទួល​ការ​អញ្ជើញ​ចូល​រួមក្នុង​ពិធី​ផ្សេង​ៗទៀត។​ បើ​មាន​ឱកាស​ខ្ញុំ​ពុំ​ដែល​ប្រកែក​ទេហើយ​រមែង​ស្ម័គ្រ​ជួយ​ជ្រោម​ជ្រែង​ គ្មាន​គិត​ពី​កម្រៃ​ម្តង​ណា​ឡើយ​។

ក្រៅ​ពី​នេះ ខ្ញុំ​បាន​ផ្តល់​ការ​សម្ភាសន៍​ក្នុង​ព្រឹត្តប័ត្រ និង ទស្សនាវដី្ត​ផ្សេងៗនៅរាជធានីភ្នំពេញនិងនៅប្រទេសបារាំង​​ដែល​មាន​ជា​អាទិ៍៖

– ជីវិត​កំសាន្ត-​ជីវិត​តារា (មីនា ​១៩៩៥) ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

– សម្លេង​ស្ត្រី​ខ្មែរ (មេសា ​១៩៩៦) ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

– ព្រឹត្តប័ត្រ​ចតុមុខ​ជា​ ភាសា​បារាំង​(ឧសភា ​១៩៩៩)​ ផ្សាយ​នៅ​ប្រទេស​បារាំង។

– Cambodge Soir​ជា​ភាសា​បារាំង (១០​ឧសភា​២០០៤) ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

– ទស្សនាវដ្តីសម័យ​និយម (កក្កដា២០០៨)​ ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

– ​ ​ទស្សនាវដ្តីអាថ៌​កំបាំង (លេខ២០ ​)ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

– ​Ecrit d’Angkor ជា​ភាសា​បារាំងលេខ៣ផ្សាយនៅប្រទេសបារាំង។

– ទស្សនាវដ្តីឡេឌីស៍LADIESខែធ្នូ២០១០ផ្សាយ​នៅ​ប្រទេស​កម្ពុជា។

ខ្ញុំនិងឯ.ឧ.ប៉ិចឈុនជាស្វាមីរបស់ខ្ញុំ(ថតនៅភ្នំពេញឆ្នាំ២០០៨)

កែប្រែនេះ

Advertisements

12 responses to “ជីវប្រវត្តិ​ពិស្តារ​របស់​ខ្ញុំប៉ិច​សង្វាវ៉ាន

  1. ខ្ញុំពិត​ជាសប្បាយចិត្តណាស់​ដែលបាន​អាន​ជីវប្រវត្តិ​យ៉ាង​ក្បោះក្បាយនេះ។ ខ្ញុំក៏​អាច​ដកស្រង់បាន​បទពិសោធន៍មួយចំនួន​ធំផងដែរ។។។។

  2. ជំរាប​សួរ​អ្នក​មីង! ទើប​តែ​បាន​អាន​ចប់​អត្ថបទ​របស់​អ្នក​មីង គួរ​អោយ​ចាប់​អារម្មណ៍​ណាស់។ តើ​សៀវភៅ​និពន្ធ​របស់​អ្នក​មីង​មាន​ដាក់​លក់​តាម​បណ្ណាគារ​ផ្សេង​ៗ​ក្នុង​ក្រុង​ភ្នំពេញ​ទេ?

    • ជម្រាបសួរក្មួយ

      នៅពេលនេះ សៀវភៅរបស់ខ្ញុំមានដាក់លក់នៅហាងVAN វណ្ណ វណ្ណVAN​ លេខ៧០E០​ ផ្លូវលេខ​១៧៣​ សង្កាត់អូឡាំពិក​ ខ័ណ្ឌចំការមន​ភ្នំពេញ។
      ប្រហែលជាអាទិត្យក្រោយ និងមានដាក់នៅតាមបណ្ណាគារខ្លះទៀត។ ឥឡូវនេះ ខ្ញុំរវល់ពេក​មិនទាន់មានពេលគិតគូររឿងនេះ។
      អរគុណក្មួយដែលបានចូលអានប្លករបស់ខ្ញុំ។

      • អរគុណ​អ្នក​មីង! ខ្ញុំ​នឹង​ស្វែង​រក​មក​អាន​ក្នុង​ពេល​ដែល​សៀវភៅ​ទាំង​នោះ​ចេញ​លក់​តាម​បណ្ណាគារ​ផ្សេង​ៗ។ តើ​អ្នក​មីង​មាន​សៀវភៅ​និយាយ​អំពីប្រវត្តិ​រឿង​ពិត​របស់​អ្នក​មីង​លំអិត​ជាង​នេះ​ទេ?

      • ខ្ញុំកំពុងរៀបចំពេលវេលាដើម្បីសរសេរសៀវភៅប្រវត្តិពិតបស់ខ្ញុំ​ ប៉ុន្តែមើលទៅប្រហែលជាពុំទាន់អាចសរសេរនិងផ្សាយភ្លាមៗបានទេ​​ ព្រោះមានឯកសារជីវិតខ្ញុំសំខាន់ៗមួយចំនួនទុកនៅប្រទេសបារាំងដែលខ្ញុំមិនបានយកមកទីនេះនិងដែលខ្ញុំត្រូវស្រង់យកមកដាក់ខាន
        មិនបាន។កាលណាចេញ ខ្ញុំនិងផ្សាយដំណឹងក្នុងប្លករបស់ខ្ញុំ។​អរគុណក្មួយដែលមានចំណាប់អារម្មណ៍។

  3. លោកជំទាវជាទីគោរព !
    ខ្ញុំបាទចង់ដឹងថាតើវណ្ណកម្មរបស់លោកជំទាវដែលមិនទាន់ចេញផ្សាយ ហើយដែលមានចំណងជើងថា ” បញ្ចពិធធីតា នឹង លិខិតអាថ័កំបាំង ” នោះនឹងត្រូវដាក់ផ្សាយឲ្យសាធារណះជនអានកំសាន្តនៅពេលណា?សុំអរគុណ។

    • ស្មានមើលទៅ ប្រហែលជាយូរបន្តិចហើយ ខ្ញុំពុំទាន់ហ៊ានកំណត់ពេលនៅឡើយទេ។ នេះអាស្រ័យលើពេលវេលាដែលអនុញ្ញាត ។
      ខ្មុំគិតថានិងចេញរឿង” បញ្ចពិធធីតា នឹង លិខិតអាថ័កំបាំង ”ក្នុងប្លកខ្ញុំនៅក្នុងពេលចេញផ្សាយសៀវភៅតែម្តង​ប្រហែលជាល្អ។​
      បុន្តែ ខ្ញុំគ្រោងសរសេរសៀវភៅទាក់ទងនឹងជីវិតពិតរបស់ខ្ញុំមុនសិន​ ទាន់ពេលខ្ញុំនៅំមានជីវិតនិងនៅមានការចងចាំច្រើន។

  4. ជំរាបសួរ​ អ្នកគ្រូ​ជាទី​គោរព! ក្រោយ​ពី​​បាន​អាន​ជីវប្រវត្តិរបស់​អ្នក​គ្រូ​រួច​ 
    ខ្ញុំ​មានការ​ត្រេក​អរ​ និង​ សប្បាយចិត្ត​ជា​ខ្លាំង​ដែល​បាន​ឃើញ​នូវ​ស្នាដៃ​របស់​
    អ្នក​គ្រូ​ជា​ច្រើន​ដែល​ប្រសូត្រ​ចេញពី​ការ​ខិតខំ​ព្យាយាម​ និង ទឹក​ចិត្ត​ស្រឡាញ់​​
    អក្សរសាស្ត្រ​ខ្មែរ។ ខ្ញុំក៏​​សូម​អរគុណ​ និង​ កោត​សរសើរ​ផង​ដែរ ចំពោះ​ការ
    ការ​ចែក​រំលែក​នូវបទ​ពិសោធន៍​នានា​តាម​រយៈ​ជីវប្រវត្តិនេះ​ ដែលទាំង​អស់​នេះ
    អាច​ចាត់ទុក​ជាគំរូ ឫជាមេរៀន​ដល់​ជនកម្ពុជាទាំងឡាយ ជាពិសេសស្រ្តីខ្មែរ
    ឲ្យមាន​ការព្យាយាម​ រឹង​មាំ និង​ក្លាហាននៅ​គ្រប់កាលៈទេសៈ​នៃ​ជីវិត៕

    • ជម្រាបសួរលោក
      ជាមនុស្សចាស់ទុំម្នាក់ដែលមិនរើសអើងនិងមិនក្រអឺតក្រទម គ្រាន់តែបានអានពាក្យ«ជំរាបសួរ​ អ្នកគ្រូ​ជាទី​គោរព»​តែប៉ុណ្ណឹងក៏ធ្វើឲ្យខ្ញុំរីករាយត្រជាក់ចិត្តណាស់ទៅហើយ​​កុំថាឡើយដល់ទៅបានទទួលការទទួលស្គាល់ពីលោកនូវការព្យាយាម
      និងទឹកចិត្តស្រឡាញ់អក្សរសាស្ត្ររបស់ខ្ញុំ។​
      ខ្ញុំសូមអរគុណនិងសូមឲ្យសុជីវធម៌ដ៏គួរឲ្យសរសើររបស់លោកក្លាយជាគំរូតទៅ។

  5. លោកជំទាវ !
    ខ្ញុំបាទចាប់អារម្មណ៏នឹងរូបថតដ៏ស្រស់មួយ ដែលលោកជំទាវពាក់អាវចិនករមូល កាល​ពីលោកជំទាវនៅជាយុវវ័យ ថាតើពេលនោះមាន​អ្នកណាយល់ថា លោកជំទាវជាតារាភាពយន្ត ហុងកុងទេ ?

    • លោក
      ជម្រាបលោកតាមត្រង់ចុះ គ្មាននរណាបានឃើញរូបថតរបស់ខ្ញុំនេះទេ​ព្រោះខ្ញុំបិទនៅក្នុងអាល់ប៊ុម​។
      ប៉ុន្តែ​ កាលខ្ញុំរៀននៅថ្នាក់ទីបញ្ចប់គឺនៅថ្នាក់ប្រឡងបាក់ឌុបក្នុងវិទ្យាល័យព្រះស៊ីសុវត្តិ មានសិស្ស
      ប្រុសៗដែលរៀននៅថ្នាក់់ដទៃនិងដែលខិលនិងរពឹសមាត់ខ្លះស្រែកចំអន់ហៅខ្ញុំថា​«លីឆេងខ្មែរ»។
      «លីឆេង»ជាតារាភាពយន្តហុងកុងក្នុងទស្សវត្ស៦០ម្នាក់ដែលខ្ញុំចូលចិត្តនិងស្រឡាញ់មុខនាងជាង
      គេជាងគេបំផុត។ ​តារា«លីឆេង»នេះចូលចិត្តកាត់សក់បែបហ្នឹងដែលជាម៉ូដថ្មីក្នុងជំនាន់នោះ
      ទើបបានជាខ្ញុំសុខចិត្តកាត់សក់វែងចោលហើយកាត់សក់ការ៉េខ្លីសាកមើលជាលើកទី១ធ្វើត្រាប់
      តាមតារាហុងកុងនេះហើយឲ្យជាងកាត់អាវករដប រួចថតរូបនេះទុកមើលលេងកំសាន្តភ្នែកខ្លួនឯង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s