​រឿង​បាច់ផ្កា ដោយ ​ប៉ិច​សង្វាវ៉ាន

គំនូរបាច់ផ្កាផ្សាយក្នុងនគរធំ


បាច់ផ្កា

និពន្ឋដោយ​ប៉ិច​ សង្វាវ៉ាន

រក្សាសិទ្ឋគ្រប់យ៉ាង

TOUS DROITS RESERVES

សេចក្តីបញ្ជាក់៖​ បើគ្មានការអនុញ្ញាតជាមុនពីអ្នកនិពន្ឋរឿងនេះទេ លោកអ្នកនាងកញ្ញា

មិនអាចចម្លង

ពាក្យពេចន៍ឃ្លាប្រយោគ​ឬសាច់រឿងនេះទៅផ្សព្វផ្សាយឬផលិត

ខ្សែភាពយន្តបានឡើយ។

តាមសំណូមពររបស់យុវអ្នកនិពន្ឋ ភូ ចរិយា

និង​ ហេង ឧត្តម

ខ្ញុំមានសេចក្តីរីករាយចែករំលែករឿង «បាច់​ផ្កា»

ជូនប្រិយមិត្តអ្នកអានទាំងអស់ដោយរីករាយ


– ម៉ាក់! អ្វី​ទៅ​សេចក្តី​ស្នេហា?

លោកស្រី ​សុគន្ធា​ភ្ញាក់​ព្រើត នៅ​ពេល​បាន​ឮ​សំណួរ​ប្លែក​របស់​បុត្រី​សំណព្វ​ចិត្ត​តែ​មួយ។ លោក​ស្រី​សម្លឹង​មើល​មុខ​បុត្រី​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទើប​បន្លឺ​ឆ្លើយ​តប ​វិញ​ថា ៖

– បុប្ជារី! កូន​ទើបតែ​មាន​អាយុ​១៥ឆ្នាំ។ កូន​នៅ​ក្មេង​ណាស់ កុំ​អាល​គិត​ដល់​រឿង​ស្នេហា​នេះ​អី​ណ៎ា។ កូនខំ​រៀន​បន្តិច​សិន​ទៅ​កូន​មាស​ម្តាយ។

ចម្លើយ​របស់​មាតា​នេះ ពុំ​បាន​ធ្វើ​ឲ្យ​បុប្ជារី​អស់​ចិត្ត​សោះ។ បុប្ជារី​បន្ថែម​សំណួរ​ថ្មី​មួយ​ទៀត​ថា ៖

– ម៉ាក់! កូន​ឆ្ងល់​ណាស់ តើ​បុរស​ និង​នារី​អាច​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ដោយ​សារ​អ្វី​ដែរ?

– យី! ថ្ងៃ​នេះ បុប្ជារី​កូន​ស្រី​ម៉ាក់​ប្លែក​ណាស់។ ប្រាប់​ម៉ាក់ឲ្យ​ត្រង់​ចុះ​ កុំ​លាក់​ម៉ាក់​អី តើ​មាន​បុរស​ណា​សុំ​ស្រឡាញ់​កូន​ឬ?»

– ច៎ាះ អត់​ទេ​ម៉ាក់។ កូន​គ្រាន់​តែ​ចង់ដឹង។

សង្កេត​មើល​ទឹក​មុខ​បុត្រី​បន្តិច គំនិត​មួយ​រត់​ភ្លែត​ក្នុង​មនោរម្មណ៍ទើប​លោកស្រី​សុគន្ធា​យល់​ឃើញ​​ថា ការ​បិទ​បាំង​ហាម​ឃាត់​ក្មេង​ជំទង់​មិនឲ្យយល់​ដឹង​អ្វី​សោះ​ពី​រឿង​នេះ ដូច​ដែល​មាតា​បិតា​របស់​លោកស្រី​ និង​មាតាបិតា​ខ្មែរ​យើងបូរាណជំនាន់​មុន​ធ្លាប់​បានប្រព្រឹត្ត​ជា​ទំនៀម​មក ក៏​ពុំ​មែន​សុទ្ធ​តែ​នាំ​មក​នូវ​ផល​នោះ​ដែរ ទើប​លោកស្រី​សុគន្ធា ដែល​មាន​ការវិវឌ្ឍន៍​ផ្លូវ​ចិត្ត​ខ្លះៗតាម​របៀប​រស់​នៅ​ក្នុង​ទ្វី​ប​អឺ​រ៉ុប បញ្ចេញ​​វាចា​ជា​ចម្លើយ​យ៉ាង​ខ្លីៗ​ប្រាប់​បុត្រី​បណ្តូល​ចិត្ត​តែមួយ​ថា ៖

– កូន​ដឹង​ទេ មាន​កត្តា​ជា​ច្រើន ដែល​អាច​ទាក់​ទាញ​បុរស​នារីឲ្យ​ចាប់​ចិត្ត​ប្រតិព័ទ្ធ ឬ​ស្រឡាញ់​គ្នា​បានដូចជា ៖

-​  រូប​សម្បត្តិ អ្នក​ខ្លះឲ្យ​តម្លៃ​ទៅ​លើ​រូប​រាង ភក្រ្ត​ស្អាត​ជា​ធំ។

– ចរិយាសម្បត្តិ អ្នក​ខ្លះឲ្យ​តម្លៃ​ទៅ​លើអត្តចរិត ឫក​ពា​ថ្លៃ​ថ្នូរ និង​ចិត្ត​គំនិត​ មារយាទ​ល្អ​ប្រពៃ​ ស្លូត​ ឬ​កាច ស្ងាត់ស្ងៀម ឬចេះ​និយាយ​លេង​កំប្លុក​កំប្លែង។

– ទ្រព្យ​សម្បត្តិ ឯអ្នក​ខ្លះ​ទៀត គឺ​ចង់​បាន​តែ​អ្នក​មាន​ទ្រព្យ​ច្រើន ដូច​ជា​ផ្ទះ​សម្បែង លុយ ឡាន មាស ពេជ្រ។

-បុណ្យ​សក្តិ ចំណែក​ឯអ្នក​ខ្លះ​ទៀត ត្រូវ​ការ​តែអ្នក​ដែល​មាន​មុខ​មាត់​មាន​ឋានៈ​មុខ​ងារ​ធំ​ដុំ​ខ្ពង់ខ្ពស់​…

ប៉ុន្តែ ​ មាន​បុរស​នារី​ខ្លះ​ទៀត ជួន​កាល​គ្រាន់​តែ​ឃើញ​ ឬ​ជួប​មុខ​គ្នា​ភ្លាម​ ចាប់​ចិត្ត​ស្រឡាញ់​​គ្នា​ភ្លែត ដោយ​ឥត​បាន​ដឹង​ពីអត្តចរិត​ឫកពា ឬ​មុខ​ងារ​អ្វី​ផង។ ស្នេហា​របៀប​នេះ គេ​ហៅ​ថា រន្ទះ​ស្នេហាដែលពាក្យ​សាមញ្ញ​ថា «ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត»។

បុប្ជារី​ស្តាប់ ប្រសាសន៍​លោក​ស្រី​សុគន្ធា​ជាមាតាយ៉ាង​យក​ចិត្ត​ទុក​ដាក់។ នាង​ងក់​ក្បាល់​ផ្ងក់ៗ ទំនង​ជា​ពេញ​ចិត្ត ឬយល់ស្រប​ និងទទួល​បាន​ចម្លើយ​របស់​មាតា ​ប៉ុន្តែ​ពាក្យ​ពន្យល់​ជា​ហូរ​ហែរបស់លោកស្រី​ជា​មាតា​ ហាក់​ដូច​ជា​មិន​ទាន់ធ្វើឲ្យ​ស្កប់​ចិត្ត​នាង​នៅ​ឡើយ។

បុប្ជារី​ធីតា​បណ្តូល​បណ្តាច់​របស់​លោកស្រី​សុគន្ធា​ បន្ថែម​សំណួរ​មួយ​ទៀតថា ៖

-ចុះ​ម៉ាក់​ និង​ប៉ាវិញ កាលចាប់​ចិត្ត​ស្រឡាញ់​គ្នា​ដំបូង ដោយសារ​អ្វី​ដែរ?

– ​ឱ! កូន​ស្រី​ម៉ាក់​ចង់​ដឹង​រឿង​ម៉ាក់ និង​ប៉ាផង​ឬ​? សេចក្តី​ស្នេហា​របស់​ម៉ាក់​ និង​ប៉ា​មាន​ដំណើរ​វែង​អន្លាយ​ណាស់។ ចំាកាល​ណា​មាន​ពេល​ទំនេរ​ សឹម​ម៉ាក់​និយាយ​ឲ្យ​កូន​ស្តាប់​។ នៅពេល​នេះ ម៉ាក់​គ្រាន់​តែ​ប្រាប់​កូន​យ៉ាង​ខ្លី​ថា ម៉ាក់​ស្រឡាញ់​ប៉ា​របស់កូន​ ព្រោះ​ប៉ាកូន​មាន​ឫក​ពា​សុភាព​រាប​សារ​ថ្លៃ​ថ្នូរ​។       ប៉ាកូន​មាន​ចរិត​ស្លូត​បូត​មាន​ឧត្តមគ​តិខ្ពស់ ជាមនុស្សស្រឡាញ់យុត្តិធម៌។ លក្ខណៈ​​ទាំង​នេះ​ឆ្លើយ​ស្រប​នឹង​គំនិត​របស់​ម៉ាក់​ដែ​លធ្លាប់​ប៉ងប្រាថ្នា​ តាំង​ពី​ចេះគិតគូរ… ។ ​ម្យ៉ាង​ទៀត បើ​កូន​ចង់​ដឹង​ថា ប៉ា​របស់​កូន​ចាប់​ចិត្ត​ស្រឡាញ់​ម៉ាក់​ដោយ​សារ​អ្វី ចាំ​កូន​ស្រី​របស់​ម៉ាក់​ជម្រាប​សួរ​ចិត្ត​ប៉ា​ផ្ទាល់​ចុះណា។»

–   ច៎ាះម៉ាក់! ចុះ​សព្វ​ថ្ងៃ​នេះ ម៉ាក់​ និង​ប៉ា​នៅតែ​ស្រឡាញ់​គ្នា​ដូច​មុន​អញ្ចឹង​ឬទេ?

– ​យី! កូន​ឈ្លេច​សួរ​ម៉ាក់​អី​ដល់​ម្លឹង?

– ច៎ាៈ ព្រោះ​តែ​កូន​ឃើញ​ប៉ានិង​ម៉ាក់​ ដូច​ជា​តោះ​តើយ​ព្រងើយ​កន្តើយ​ដាក់​គ្នា។ កូន​សង្កេតឃើញ​​ប៉ា និង​ម៉ាក់​ពុំ​សូវ​ដើរ​ជា​មួយ​គ្នា។ ម៉ាក់ និង​ប៉ា​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ឯក​ឯង​រៀង​ៗ​ខ្លួន​។ កូន​ក៏​មិន​ដែល​បាន​ទៅកម្សាន្ត​នៅទីណា​ជាមួយប៉ានិង​ម៉ាក់​ជុំ​​គ្នា​ទៀត។ ក្នុង​ផ្ទះ​យើង​មាន​តែ​គ្នា​បី​នាក់។ យើង​នៅ​ផ្ទះ​ជាមួយ​គ្នា​មែន តែ​កូន​សង្កេត​ឃើញ​ថា ប៉ា​ម៉ាក់សម្រាន្ត​ក្នុង​បន្ទប់​ផ្សេង​គ្នា។ ម៉ាក់សម្រាន្តក្នុង​បន្ទប់​តែ​ម្នាក់​ឯង។ ប៉ាសម្រាន្តនៅលើ​កៅ​អី​វែង​ក្នុង​សាឡុង​ជា​និច្ច។ យ៉ាង​នេះ​ គេ​ហៅ​ថា សេចក្តី​ស្នេហា​ដែរ​ឬ?

កាល​បើបាន​ឮ​បុត្រី​ចោទ​សំណួរ​ចុច​ចំ​ចំណុច​សំខាន់​នេះ លោក​ស្រី​សុ​គន្ធា​ហាក់​យល់​ភ្លាម​ទៅ​លើ​សេចក្តី​បារម្ភ​ និង​កង្វល់​របស់​បុត្រី​តែ​មួយ។ លោក​ស្រី​លូក​ហត្ថា​ទៅ​អង្អែល​កេសា​បុត្រី​ថ្ន​មៗ ហើយ​ដាក់​ខ្លួន​អង្គុយ​លើ​កៅ​អី​ពូក​រួច​ទាញ​កាយ​បុត្រី​ឲ្យ​អង្គុយ​ជិត។ បុប្ជារី​មិន​ព្រម​អង្គុយ​ទន្ទឹម​មាតា​ទេ។ នាង​បន្ទន់​​ខ្លួន​អង្គុយ​លើកម្រាល​ព្រំ រួចដាក់​កេសា​លើ​ភ្លៅ​មាតា ហើយ​ចាំ​ស្តាប់​វាចា​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​ ដែល​​​ត្រូវ​ឆ្លើយ​ប្រាប់​នាង​បំបាត់​ចម្ងល់។

– កូន​ស្រី​ម៉ាក់ កូន​បារម្ភ​អំពី​រឿង​ម៉ាក់ និង​ប៉ាណាស់​មែន​ទេ? កុំ​បារម្ភ​ និង​កុំ​ខ្វល់​អ្វី​ណ៎ា​កូន​ស្រី​មាស​ម្តាយ។ ម៉ាក់ និង​ប៉ា​របស់​កូន​នៅ​តែ​ស្រឡាញ់គ្នា​ដដែល។ កូន​ឃើញ​ប៉ាសម្រាន្ត​លើ​​កៅ​អី​វែង​ក្នុង​សាឡុង​នោះ មក​ពី​ប៉ា​កូន​ជាប់​មើល​ទូរទស្សន៍​រហូត​ដល់​យប់​ជ្រៅ​ ហើយ​ក៏​លង់​លក់​នៅ​ទី​នោះ​​បណ្តោយ​ទៅ។

– ចុះម៉ាក់​វិញ?

– ចំណែក​ម៉ាក់​វិញ ម៉ាក់​មិន​សូវ​ចូល​ចិត្ត​មើល​ទូរទស្សន៍​ដូច​ប៉ា​កូន​ប៉ុន្មាន​ទេ។ ម៉ាក់​ចូល​ចិត្ត​អាន​សៀវភៅ​ជាង។ ម៉ាក់​អាន​សៀវភៅ

ដល់​យប់​ជ្រៅ​ណាស់។ ​កូនដឹងទេ? ពន្លឺ​ចង្គៀង​នៅក្បាល​ដំណេក​​នាំឲ្យ​រំខាន​ប៉ាកូន​។

ដឹងច្បាស់​ថា បុប្ជារី​មិន​យល់​ស្រប​តាម​ប៉ុន្មាន​ លោកស្រីសុគន្ធា​មាន​ប្រសាសន៍​បញ្ជាក់​បន្ត៖

– បុប្ជារី​កូន​ស្រី​តែ​មួយ​របស់​ម៉ាក់​។ ម៉ាក់​ធានា​កូន​ថា យើង​ទាំង​ពីរ​នាក់​គ្មាន​រឿង​ហេតុ​អ្វី​សៅ​ហ្មងទេ។ ចូរ​កូន​ស្រី​កុំ​បារម្ភ កុំ​យក​រឿង​ហ្នឹង​មក​គិត​គូរ​នាំឲ្យ​តែ​ល្អក់​កករ​ចិត្ត​ខូ​ច​ការ​សិក្សា។ កូ​នត្រូ​វ​តែ​ខំ​ផ្ចង់​ស្មារតី​ឲ្យ​មូល​ព្យាយាម​រៀន​សូត្រ​ឲ្យ​ពូកែ។ នេះ​ហើយ​ជា​បំណង​ធំ​បំផុត​របស់​​ម៉ាក់​ឮទេ​កូន​? កូន​ទៅគេង​ចុះ​ណ៎ា យប់​ជ្រៅ​ហើយ។

បុប្ជារី​មាន​ទម្លាប់​ល្អ។នាងជាកូនស្តាប់​បង្គាប់​មាតា​បិតា​ណាស់។ នាង​ក្រោយ​ឈរ​ឡើង ដើរ​ចេញ​ពី​មាតា​ចូល​ទៅ​ក្នុង​បន្ទប់​ដំណេក​របស់​នាង។

– កូន​ទៅ​គេង​ហើយ​ណ៎ាម៉ាក់។

– ទៅ​ចុះ​កូន​ គេ​ង​ឲ្យ​លក់​ស្កប់និងយល់សប្តិល្អៗណ៎ា។

នៅ​ក្នុង​បន្ទប់​ផ្ទាល់​ឯណោះ បុប្ជារី​មិនអាច​បិទ​ភ្នែក​លង់​លក់​ភ្លាម​ទេ។ ចំណោទ​ជាច្រើន​លេច​ឡើង​ពេញ​ខួរ​ក្បាល​នាង។ ទោះ​បី​ជា​ប្រសាសន៍​របស់​មាតា​សម​ហេតុ​ផល​មែន​ តែ​បុប្ជារី​ហាក់​ដូច​ជា​នៅ​តែ​ជឿជាក់ថា មាតា​បិតា​របស់​នាង​ប្រាកដ​ជា​មាន​រឿងសម្ងាត់​អ្វី​មួយ​រៀង​ៗ​ខ្លួន​មិនខាន។ ត្បិត​ការ​ព្រងើយ​កន្តើយ​ជាយូរ​មក​ហើយ​នេះ ធ្វើឲ្យ​នាងយល់​ថា មិន​មែន​ជា​ការ​ធម្មតា​ដូច​មាតា​របស់​នាង​បាន​អះ​អាង​អម្បាញ់មិញ​នេះ​ទេ។ នាង​ស្រឡាញ់​ប៉ា និងម៉ាក់​ស្មើៗ​គ្នា​ ហើយ​រមែង​ចង់​ឲ្យ​មាតា​បិតា​សុខ​សាន្ត​ជាមួយ​គ្នា​មិន​ចង់​ឃើញ​ឮអ្នក​មាន​ គុណ​​មាន​ការ​ប្រេះ​ឆា​សោះឡើយ។ សភាព​ព្រងើយ​កន្តើយ​រវាង​អ្នក​មាន​គុណ​ទាំង​ទ្វេ​ ដែល​នាង​ចំណាំ​ឃើញ​ជា​ច្រើន​ខែ​មក​ហើយនេះ ពិតជា​មូល​ហេតុ​សម​ល្មម​ឲ្យ​គំនិត​ក្មេង​ខ្លី​ ដែល​ទើប​ចេះ​គិត​គូរ​ពិចារណារបស់​នាងមាន​កង្វល់ខ្លាំងណាស់។ បុប្ជារី​គេង​ដាក់​ដៃ​គង​ថ្ងាស​គិត​ហើយ​សួរ​។ សួរ​ហើយ​សាក​ល្បង​ឆ្លើយ​តែ​ខ្លួន​ឯង។​ នាង​ខំ​ដោះ​ស្រាយ​តែ​ម្នាក់​ឯង​ដោយ​គិតថា ចុះ​បើ​សិន​ជា​ថ្ងៃ​ណា​មួយ មាតា​បិតា​ដ៏​ជាស្រឡាញ់​ និង​គោរព​របស់​នាង​កាន់​តែ​មាន​ការ​ប្រេះ​ឆា​រកាំ​រកូស រហូតដល់​បែក​បាក់​គ្នា តើ​នាង​ត្រូវសម្រេចចិត្ត​ទៅ​នៅ​ជាមួយ​អ្នក​ណា ? នៅជាមួយបិតា​ឬមាតា?

ម៉ោង ​១១ ជិត​ថ្ងៃ​ត្រង់ ស្នូរ​កណ្តឹង​ផ្ទះ​រោទ៍​ឡើង។ ថ្មើរ​នេះ​ហួស​ម៉ោង​ភ្នាក់​ងារ​ប្រៃ​សណីយ៍​ចែក​សំបុត្រ​ហើយ។ លោកស្រី​សុគន្ធាឆ្ងល់​ថា តើ​អ្នក​ណា​មក​រក​នៅ​ពេល​នេះ ដែល​ជា​ពេល​ត្រូវ​ដណ្តាំ​ស្ល។ លោកស្រី​ស្ទុះ​ចេញ​ទៅ​បើក​ទ្វារផ្ទះ។ស្រាប់តែលេច​រូប​បុរស​បារាំង​ម្នាក់​រាង​ទាបធាត់នៅចំពោះមុខ។​ បុរសនេះពាក់​អាវ​​ខាង​ក្រៅសម្រាប់ការពារ​​កុំ​ឲ្យ​ប្រឡាក់​សម្លៀកបំពាក់​ក្នុង​ដែលពាក្យ​បារាំង​ហៅ​ថា Blouse ។ បុរស​នោះ​ស្រដី​មកកាន់​លោក​ស្រី​ម្ចាស់​ផ្ទះថា៖

– ទិវា​សួស្តី! ខ្ញុំ​សូម​ជូនបាច់​ផ្កា​នេះ​ចំពោះ​លោកស្រី។

– បាច់​ផ្កា​ចំពោះ​ខ្ញុំ? ទេ! ខ្ញុំ​មិន​បាន​កុម្មង់​ទេ។ លោកច្រឡំ​ផ្ទះ​ទេ​ដឹង?

– លោកស្រី​ឈ្មោះ​ សុគន្ធា ​មែ​នទេ?

– ច៎ាៈ មែន​ហើយ!

– អ៊ីចឹង! បាច់​ផ្កា​នេះសម្រាប់​​លោកស្រី​ ព្រោះ​មាន​​ឈ្មោះលោកស្រីនៅលើ​ស្រោម​សំបុត្រ​តូច​ដែល​កិប​ភ្ជាប់​លើ​ក្រដាស​ខ្ចប់ផ្កា​នេះ​ស្រាប់។​ ថារួច​ បុរស​បារាំង​ហុច​បាច់​ផ្កា​ជូន​លោកស្រី​សុគន្ធា។ លោកស្រី​ហុច​កាក់​ប្រាំ​ហ្រ្វង់ (លុយ​បារាំង​មុន​ឆ្នាំ​២០០១ ដែ​លស្មើ​នឹង​៧៦សេនអឺរ៉ូដែលជារូបិយវត្ថុ​បារាំង​បច្ចុប្បន្ន) ជូន​អ្នកដែល​យក​បាច់​ផ្កា​មក​​ជូន​លោក​ស្រីដល់ផ្ទះ។

– អរគុណ​ច្រើន​លោកស្រី!

លោកស្រី ​សុគន្ធាទទួល​យក​បាច់​ផ្កា​កូឡាប​ពណ៌​ផ្កា​ឈូក​នេះ ដោយក្តី​ងឿង​ឆ្ងល់។ លោកស្រី​បើក​កូន​លិខិត​អាន​ភ្លាមមួយរំពេច។ តួ​អក្សរ​បារាំង​យ៉ាង​ស្អាត​ផ្តុំ​បាន​ជា​ប្រយោ​គ​ខ្លី​ដែល​មាន​សេចក្តី​ថា៖

សូមទទួលសេចក្តីសរសើរដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

ម្ចាស់បាច់ផ្កា

ប្រយោគ​មួយ​ឃ្លាយ៉ាងខ្លី ក្នុង​លិខិត​អនាមិក​នេះហាក់​ដូចជា​នាំ​ឲ្យ​លោក​ស្រីសុគន្ធាគិត​មិន​ឈប់​ឈរ​។ ពាក្យ​ថា «សរសើរ! សរសើរ​រឿង​អ្វី»​ បើ​លោកស្រី​មិន​បាន​ធ្វើ​សកម្ម​ភាពអក្សរសាស្ត្រ​-វប្បធម៌ ឬមនុស្ស​ធម៌​ម្តង​ណាសោះ។ គួរ​ឲ្យ​ឆ្ងល់​ណាស់!។ តើ​នរណា​ជា​ម្ចាស់​បា​ច់​ផ្កា​នេះ? តើគេ​មាន​បំណង​អ្វី​ហ្ន៎?!


ចាំ​មើល​ត​ទៅ​ទៀត។​លោកស្រី​កាត់​សាញ​ឈប់​គិត​ពិចារណា​រក​ហេតុ​ផល​ទៀត​ហើយៗគិតយ៉ាងខ្លីថា

ប្រហែល​ជា​ការ​ភ័ន្ត​ច្រឡំ​មិន​ខាន។ បើ​នឹង​បញ្ចូន​ត្រឡប់​ទៅ​ម្ចាស់​ដើម​ដែល​ជា​អ្នក​ផ្ញើ​បាច់ផ្កាមកក៏​បញ្ចូន​មិន​កើត​ដែរ។ ផ្កា​ស្រស់​មិ​នមែន​ដូច​ជាវត្ថុ​ដែល​គេ​អាច​ផ្ញើ​តា​ម​ប្រៃ​សណីយ៍កើត​ឯណា? ណ្ហើយ​ចុះ! គិត​ឃើញ​យ៉ាង​នេះ​ ​លោក​ស្រីសុគន្ធាក៏​កាត់​ទង​ផ្កាឲ្យ​ខ្លី​បន្តិច​ហើយ​រៀប​ដាក់​ផ្កាមួយបាច់នេះក្នុង​ថូ រួច​យក​ទៅដាក់​លំអ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។


នៅ​ពេល​ថ្ងៃ​ត្រង់ ស្វាមី​ និងបុត្រី​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​បរិភោគ​បាយ​ដូ​ច​រាល់​ថ្ងៃ។ អ្នក​ទាំង​ពីរ​ឃើញបុប្ជាស្រស់នៅក្នុងបន្ទប់ទទួលភ្ញៀវ​ដែលចោល​ក្លិន​ក្រអូប​​សាយ​ដល់នាសាក៏​ឧទាន​ឡើង​ថា ៖

– ផ្ទះ​យើងឥ​ឡូវ​នេះ មា​នផ្កា​ស្រស់​ដាក់​ក្នុង​ថូ​លំអផង !។

បុប្ជារី​សួរ​មាតា៖

– អ្នក​ណា​យក​ផ្កា​នេះ​មក​ឲ្យ​យើង​ម៉ាក់?

លោក​ស្រីសុគន្ធា​ឆ្លើយ​បង្វៀង។

– ម៉ាក់​គិត​ថា យើង​គួរ​តែ​ទិញ​ផ្កា​ស្រស់​មក​លំអ​ផ្ទះ​យើង​ម្តង​ម្កាល។ ផ្ទះ​ដែល​មាន​ផ្កា​ស្រស់​ ជា​ផ្ទះ​ដែល​មាន​សុភមង្គល​សិរី​សួស្តី​គួរឲ្យ​រីករាយត្រជាក់ចិត្ត​មែន​!

លោក​រិទ្ធិ​ញញឹម​ផងងក់​ក្បាលផង​យល់​ស្រប​តាម​វាចា​ភរិយា។ ជីវិត​ទាំងបី​ក៏​នាំ​គ្នា​បរិភោគ​ ដោយ​ឆ្លៀត​និយាយ​គ្នា​ពីនេះ​ពីនោះ។ លោក​រិទ្ធិ​មាន​ប្រសាសន៍​ប្រាប់ភរិយា។

– យប់នេះ អូន​នឹង​កូន​ញ៉ាំ​បាយ​មុន​បង​​ចុះ។ បង​មាន​ការ​រវល់​ត្រូវ​ទៅប្រជុំ​មិន​ដឹង​ម៉ោង​ប៉ុន្មាន​ត្រឡប់​មក​ដល់ផ្ទះ​វិញ។ អូន​កុំ​ទន្ទឹង​ផ្លូវ​បង​អី។

ចាប់​តាំង​ពីយប់​នោះ​មក លោករិទ្ធិ​ចូល​ផ្ទះ​លែង​ទៀត​ទាត់​ពេល​វេលា​ទៀត​ហើយ។ ការ​យឺត​យូរ​ខុស​ពី​ប្រក្រតី​នេះ តែង​តែ​មាន​ពាក្យ​ដោះ​សា​មិន​ឈប់​ឈរ។

ចំណែក​ឯ​លោកស្រី​សុគន្ធាវិញ​ក៏លែង​ទុក​ចិត្ត​ស្វាមី​ដូច​ពី​មុន​ទៀតដែរ​។រៀង​រាល់​សប្តាហ៍​ លោកស្រី តែង​តែ​ទទួល​បាច់​ផ្កា​កូ​ឡាប​ និង​កូន​អក្ខរាខ្លីៗ ដែលមាន​សេចក្តី​ថា ៖

«​ដោយ​សេចក្តី​ស្នេហា​មុះ​មុត» ​«​ដោ​យ​សេចក្តី​នឹក​រលឹក​យ៉ាង​ខ្លាំង» «ដោយ​សេចក្តី​ប្រាថ្នា​ចង់​ជួប…» ។ល។ និង​។ល។ សុទ្ធ​សឹង​ជា​ឃ្លា​ប្រយោគ​ដែល​បង្កប់​ន័យ​ស្នេហា។ ជម្រៅមនោសញ្ចេតនាស្នេហា​ ដែល​បញ្ចូន​តាម​សារ​ខ្លី​ៗ​ជាមួយ​បាច់​ផ្កា​កូឡាបនេះ បើ​ទោះ​ជា​ចិត្ត​បង្គាប់​ថា មិន​ចង់​គិត​ មិន​ចង់​ពិចារណា​ក្តី​ ក៏​ភាសា​នៃ​ផ្កា​កូ​ឡាប​បាន​បញ្ជាក់​ច្បាស់​ក្រឡែត។ លោក​ស្រីធ្លាប់​ស្គាល់​ភាសា​របស់​ផ្កា​ជា​ច្រើន។ ​ផ្កា​កូឡាប​ពណ៌​ផ្កា​ឈូក ឬ​ពណ៌ជម្ពូ​នេះ​ មានន័យ​ថា «សេចក្តី​ស្នេហា​លាក់​លៀម ឬស្នេហា​អាថ៌​កំបាំង»។

ឆ្ងល់​ណាស់ គេ​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​ផ្កា​អស់​ជា​ច្រើន​បាច់​ផ្ញើ​មក​លោកស្រី ហេតុអ្វី​ក៏គេ​ចាំ​បាច់​លាក់​ឈ្មោះ​គេ​ហ្ន៎? តើ​ម្ចាស់​បុប្ជា​កូលាប​នោះ​នៅ​ឯណា​? គេ​ជា​មនុស្ស​ប្រភេទ​ណា? ជា​ជន​ជាតិ​អ្វីបាន​ជា​មាន​សេចក្តី​ក្លាហាន​ហ៊ាន​បញ្ចូន​បាច់​ផ្កា​មកលោក​ស្រីសុគន្ធា​ ដែល​ពុំ​មែន​ជា​មនុស្ស​នៅ​ទំនេរ ឬ​មួយ​មាន​នរណា​ម្នាក់​ប្រឌិត​រឿង​លេង​សើច​ទេ​ដឹង? តាំង​ពី​បាន​ទទួ​ល​បាច់​ផ្កា​ទាំង​នោះ​មក​ លោកស្រី​រមែង​មាន​អារម្មណ៍​ប្លែក​ៗ ដែល​លោកស្រី​​គិត​មិន​យល់អំពីខ្លួនឯង​ទាល់​តែ​សោះ។

បើរាប់​ទាំង​លើក​នេះ​ទៀត នេះ​គឺ​ជា​លើក​ទី​ប្រាំ​បួន​ហើយ ដែលលោក​ស្រីសុគន្ធា​​មាតា​របស់​កញ្ញា​​បុប្ជារី បានទទួល​បាច់​ផ្កា​កូឡាប​ពណ៌​ស៊ី​ជម្ពូ។ ក៏​ប៉ុន្តែ​លើ​ក​នេះមិន​មែន​ផ្កា​កូឡាប​ពណ៌​ស៊ីជម្ពូ​ទៀត​ទេ គឺ​ពណ៌​ក្រហម​ស្រស់​វិញ​ម្តង។

បាច់​ផ្កា​លើក​នេះ មាន​ភ្ជាប់​លិខិត​មួយ​ច្បាប់​ជា​ភាសា​បារាំង​ដដែល​តែវែង​និងក្បោះ​ក្បាយ​ជាង​មុន។ លោក​​ស្រីអាន​លិខិត​ដែល​មាន​ន័យថា៖

Hautepierre, ៣១ សីហា ១៩៨៤

ជូនលោកស្រីជាទីស្រឡាញ់

នៅថ្ងៃ ខ្ញុំបានឃើញលោកស្រីលើកដំបូង ខ្ញុំរំភើបនិងរំជើបរំជួលចិត្តយ៉ាងខ្លាំង។

ខ្ញុំមានមនោសញ្ចេតនាប្លែកៗ។ខ្ញុំតែងតែនឹកគិតមកលោកស្រីជានិច្ចរាល់វិនាទី។

ចិត្តខ្ញុំចាប់ផ្តើមស្រឡាញ់លោកស្រីបន្តិចម្តងៗហើយមកដល់ពេលនេះ

ស្នេហាអាថ៌កំបាំងនេះកាន់តែមានទំហំរីកធំឡើងៗពេញក្រអៅបេះដូងខ្ញុំ។

ខ្ញុំពិបាកលាក់ទុកម្នាក់ឯងណាស់ទើបខ្ញុំដាច់ចិត្តទម្លាយចេញមកក្រៅតាមរយៈបាច់ផ្កា

ឲ្យធ្វើជាទូតនាំសារដួងចិត្តរបស់ខ្ញុំជម្រាបលោកស្រី។

ថ្វីបើរូបយើងទាំងពីរនាក់មិនដែលបានជួបមុខគ្នាដើម្បីសារសងពីសេចក្តី

ស្នេហាអាថ៌កំបាំងនេះពិតមែនតែខ្ញុំហាក់ដូចជាមានកូនចិត្តតូចមួយសង្ឃឹម

ញញឹមស្ងាត់ៗតែម្នាក់ឯងថាលោកស្រីពិតជាអាចយល់ចិត្តខ្ញុំនិងមានចិត្តមេត្តាខ្ញុំមិនខាន។

ខ្ញុំពុំអាចទ្រាំលាក់ទុកសេចក្តីស្នេហាសម្ងាត់ដែលបានចាក់ឫសយ៉ាងជ្រៅពេញ

ថ្នាលបេះដូងខ្ញុំតទៅទៀតបានទេ។ខ្ញុំតឹងទ្រូងណាស់លោកស្រី!ខ្ញុំពិបាកចិត្តណាស់

សូមលោកស្រីយល់និងជួយដោះស្រាយខ្ញុំផង។បើលោកស្រីមិនដាច់មេត្តាបណ្តោយ

ឲ្យខ្ញុំខូចទឹកចិត្ត ឬ ក្រៀមក្រំស្លាប់ទេនោះសូមលោកស្រីមេត្តាអញ្ជើញមកជួបខ្ញុំតែមួយភ្លែត

ក៏ខ្ញុំអស់ចិត្តដែរឲ្យតែខ្ញុំមានសំណាងបានសារភាពផ្ទាល់មាត់។

ខ្ញុំរង់ចាំជួបលោកស្រីនៅថ្ងៃសៅរ៍ ទី៣ កញ្ញា ១៩៨៤

ក្នុងសួនច្បារអូរង់ហ្សឺរី (Jardin de l’Orangerie)

វេលាម៉ោងបួនល្ងាចដោយអន្ទះសារជាទីបំផុត។

ខ្ញុំសង្ឃឹមថា លោកស្រីអាណិតរូបខ្ញុំបាទមិនខានឡើយ។ ខ្ញុំសូមអរគុណនិងស្រមៃថាបានជួប។

ម្ចាស់បាច់ផ្ការងាដួងចិត្ត


តើ​បុរស​ម្ចាស់​បាច់​ផ្កា​ជា​អ្នក​ណា? ជា​បារាំង​ ឬ​ជា​ខ្មែរ ឬ​ក៏​ជា​សាសន៍​អ្វី? ឱ! ម្ចាស់​ថ្លៃ​អើយ! លោក​​ស្រីសុគន្ធា​ដក​ដង្ហើម​ធំបញ្ចេញ​ខ្យល់​តាន​តឹង​ពី​ក្នុង​ឱរា។ ឱរា​ដែល​កំពុង​តែ​តឹង​ស្ទើរ​ប្រេះបែក​ទៅ​ហើយ​​។ នរណា​ឡើយ​គេ​មក​បង្កើត​រឿង​នេះ​ធ្វើ​ឱ្យ​លោកស្រី​ខ្វល់​ចិត្តដល់ម្លឹង ?។ ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍របស់លោកស្រី​ជា​មួយ​លោក​រិទ្ធិរយៈពេលដល់​ប្រាំ​ពីរ​ឆ្នាំ​មក​ហើយ លោកស្រី​ពុំ​ដែល​មានអារម្មណ៍​ប្លែក​ដូច​ពេល​នេះឡើយ។ តាមពិត លោកស្រី​មិន​ដែល​មាន​កូន​ចិត្ត​តូច​មួយ​ក្បត់​ស្វាមី​ឡើយ​ ទោះបី​ជាធ្លាប់​មានបុរស​បារាំង​ជា​ច្រើន មាន​បំណង​ប៉ង​ប្រាថ្នា​​រូប​លោក​ស្រី​យ៉ាង​ណាក្តី ក៏​លោកស្រី​មិន​ដែល​យករឿងរ​នេះ​មក​ដាក់​ក្នុង​អារម្មណ៍​សូម្បីម្តង​ណាសោះ។

ចុះ​ឥ​ឡូវ​នេះ? ឥឡូវ​នេះ​ម្តេច​ក៏​ចិត្ត​លោកស្រី​ខុសប្លែក​យ៉ាងនេះ​? ប្លែក​ត្រង់​ចង់​ឃើញ​ ចង់ស្គាល់​ភក្រ្តា​ម្ចាស់​អក្ខរាដែល​ជា​ម្ចាស់​បាច់​ផ្កាកុលាប​នេះ​ម្ល៉េះ? តើ​ម្ចាស់​បាច់​ផ្កា​នេះ​មាន​ឥទ្ធិពល​អ្វីធ្វើឲ្យដួង​ចិត្ត​លោក​ស្រី​តាន​តឹង​ដល់​ម្លឹង?

លោកស្រី​អាន​លិខិតអនាមិកនេះ​អាន​ហើយអានទៀត​ អាន​ដោយ​គិត។ គិត​ចុះ​គិត​ឡើង​គិតមិន​អស់​មិន​ហើយៗ​ភ័យ…និង​ឆ្ងល់ ដែល​គេ​ពិបាក​រក​ពាក្យ​ ឬ​គុណ​នា​ម​មក​ដាក់ឲ្យត្រូវ​ចំចិត្តចម្លែក​នេះណាស់។

ម្ចាស់​បាច់​ផ្កា​សូម​ណាត់​ជួប​លោកស្រី​នៅថ្ងៃ​សៅរ៍។ ថ្ងៃ​សៅរ៍ គឺជា​ថ្ងៃ​ស្អែក​។ ពេល​នេះ ជា​ពេល​ខ្លីណាស់​សម្រាប់​ទុកឲ្យ​លោកស្រី​សម្រេចចិត្តគិត​ថា ទៅ​ឬ​ក៏​មិន​ទៅ។ ពិបាក​មែន! ពិបាក​ដោះស្រាយ​មែន។

បើ​សម្រេច​ចិត្ត​ថា មិន​ទៅ​ វា​ជា​ការ​ងាយ​បំផុត តែ​ចង្រៃ​អ្វី​ចិត្ត​មួយ​ទៀត​ប្រទាញ​ប្រទង់​​យក​ឈ្នះ​ចិត្ត​មួយ​ទាល់​តែ​បាន។ គឺ​ចិត្ត​ចង់​ស្គាល់ ចង់​ដឹង​ថា អ្នក​ណា​ជា​ម្ចាស់​បាច់​ផ្កាកុលាប ដែល​ផ្ញើ​សារ​ស្នេហា​អាថ៌​កំបាំង​នេះ​មក​លោកស្រីជាបន្តបន្ទាប់!!!!!!

ណ្ហើយ! លោក​ស្រីសុគន្ធា​សម្រេច​ចិត្ត​ថា ត្រូវទៅ​ជួប​ម្ចាស់​បាច់​ផ្កា​ម្តង​ចុះ​កុំឲ្យ​នៅ​កើត​ទុក្ខនិងដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះ​ឲ្យដាច់ស្រេចទាំង​អស់​គ្នា។


ថ្ងៃសៅរ៍ ម៉ោង​បីរសៀល…

លោក​ស្រីសុគន្ធា​ចាប់​តុប​តែងកាយនិងសំអាង​មុខ​មាត់​។លោកស្រីជ្រើស​រើស​សំពត់​អាវ​ស្អាត​ជាង​គេ​មក​ស្លៀក​ពាក់។

លោក​ស្រីសុគន្ធា​លើក​ដៃឆ្វេង​មើល​នាឡិកា​ជា​ញឹក​ញាប់​ ព្រោះ​ចិត្ត​ហាក់ដូច​ជា​នៅស្ទាក់​ស្ទើរមិន​ដាច់​ស្រេច​ថា តើ​គួរ​ទៅ ​ឬ​មិន​ទៅ? នេះ​ពិត​ជា​ពិបាក​អារកាត់​មែន!

បើ​គេ​ងាក​ទៅ​មើល លោករិទ្ធិ​ជា​ស្វាមី​របស់លោក​ស្រីសុគន្ធា​វិញ លោក​ក៏​កំពុង​តែ​សំអិត​សំអាង​កាយ​​ណាស់ដែរ។ លោកចង​ក្រាវ៉ាត់ករ​ពាក់​អាវ​ធំ​យ៉ាង​សង្ហា។ កញ្ញា​បុប្ជារី​ឃើញ មាតាបិតា​តែង​តួ​ទាំង​ពី​នាក់យ៉ាងខ្ញង់ខុសពីរាល់ថ្ងៃ​ក៏​សួរ​ថា៖

– ម៉ាក់ និងប៉ា​អញ្ជើញ​ទៅណា​ហ្នឹង​បាន​ជា​ស្លៀក​ពាក់​ស្អាត​បាតត្រឹម​ត្រូវម៉្លេះ?

មាតា​នាងឆ្លើយ​តប​ដោយ​កុហក​បុត្រី៖

– ម៉ាក់​ចេញ​ទៅផ្សារ​មួយ​ភ្លែត។ កូន​ឯង​នៅចាំ​ផ្ទះណ៎ា។

រីឯ​បិតា​នាង​ក៏តប​ឆ្លើយ​មកនាង​វិញ​ដែរ៖

– ប៉ាៗ​ជាប់​ទៅ​រួម​ប្រជុំ​ទៀត​ហើយ។ ចាំ​អាទិត្យ​ក្រោយ​ សឹម​យើង​ដើរ​លេង​ទាំងអស់​គ្នា ឮទេ​កូន។ កូន​កុំ​ខឹង​ណ៎ា​កូន​ប៉ា។

លោក​ស្រីសុគន្ធា​មានអារម្មណ៍ច្រាសច្រាលហើយចិត្តនៅ​មិន​ទាន់​សម្រេចដាច់​ស្រេច​សោះ​។ ទ្រនិចនាឡិកា​​នៅលើករដៃឆ្វេងចង្អុលម៉ោង​បួន​ខ្វះ​១០នាទី​ លោក​ស្រីកាន់តែ​រារែក​ខ្លាំង​ឡើងៗទៅតាមសម្ពាធនៃពេលវេលា។​លោកស្រី​ពោល​ពាក្យ​ហាក់​ដូច​ជា​អង្វរ​ស្វាមី។

– បងមិន​អាច​ខាន​បាន​ទេឬ ​ក្នុង​ពេល​ប្រជុំ​លើក​នេះ?

– មិនបានទេ គន្ធា​អូន។ អង្គ​ប្រជុំ​ត្រូវ​ការ​វត្តមាន​របស់​បង​ចាំ​បាច់​ណាស់។ បងខាន​មិន​បាន​ដាច់​ខាត។

-កុំទៅប្រជុំ​អី​បង។ យើង​​នាំ​គ្នាទៅ​ផ្សារឬ​ដើរ​លេងឯណាឯណី​ជាមួយ​បុប្ជារី​កូ​នយើងវិ​ញល្អជាង។

បើយើងចេញក្រៅទាំងពីរនាក់យើង​ទុក​គ្នាឲ្យ​នៅផ្ទះ​តែម៉ង់ៗ​ម្នាក់​ឯង​ទៀត​ហើយ គួរឲ្យ​អាណិត​កូន

យើងណាស់បង។

លោករិទ្ធិ​មិន​សូវ​ចាប់​អារម្មណ៍​ពាក្យ​សម្តី​របស់​ភរិយា​ប៉ុន្មាន​ទេ។ លោក​ប្រញាប់​ប្រញាល់ ​ហើយ​លើក​ដៃ​មើល​ម៉ោង​បណ្តើរ បាញ់​ទឹក​អប់​លើ​កាយ​បណ្តើរ ហាក់​ដូច​ជា​ខ្លាច​យឺត​ពេល​ណាស់។ លោក​ឧទាន​​ឡើង ៖

– ខ្វះ​តែ​ប្រាំ​នាទី​ទៀត​ដល់​ម៉ោង​បើក​អង្គ​ប្រជុំ​ហើយ។ បង​ទៅយឺត​បន្តិច​ហើយ។ បង​ទៅ​ហើយ​ណ៎ា​អូន។

មានប្រសាសន៍រួច​ លោកស្ទុះ​ចេញទៅ​យ៉ាង​លឿន។ ​បន្តិចក្រោយមកភរិយា​របស់លោក​ក៏​ចុះ​តាម​ក្រោយ​លោក​ដែរ។

ម្នាក់​ៗ​ប្រញាប់​ប្រញាល់​ដូច​គ្នា។

*           *

*

ឧទ្យានអូ​រង់​ហ្សឺរី ជា​ឧទ្យាន​ដ៏​ធំ​ល្វឹង​ល្វើយ​មួយ​ស្ថិត​នៅ​ជិត​វិមាន​អឺរ៉ុប (Le Palais de l’Europe) ក្នុង​ទី​ក្រុង​ស្រ្តាស់​បួរ (Strasbourg)។​ ឧទ្យាន​នេះ ល្អ​ដាច់​គេ​។

នៅ​រដូវ​ក្តៅ​ មនុស្ស​ម្នា​នាំ​គ្នាមកលំហែ​កាយ​ជា​ហូរ​ហែ​ឥ​ត​ដាច់។ ឧទ្យានអូ​រង់​ហ្សឺរី ​មាន​សួន​សត្វ​តូច​មួយដែល មាន​​ ស្វា កុក ទីទុយ ក្ងោក​ ប្រើស​ ​ពពែ​ …​។ល។ នៅ​ម្ខាង​ឯណោះ​ មាន​បឹង​ធំ​មួយ​ដែល​មាន​សត្វ​ទាព្រៃញីឈ្មោល​​ហែលប្រដេញ​លេង​ឆ្វែល​ឆ្វាត់​ទៅ​មក​គួរឲ្យ​មនោរម្យ​ពន់​ពេក​ក្រៃ។ លោកស្រីសុគន្ធាធ្លាប់​មក​កម្សាន្ត​ទីនេះជាមួយ​គ្រួសារ ហើយ​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ផង។ នេះ​ជា​លើក​ទីមួយ​ហើយនៅក្នុង​ឆាក​ជីវិត​របស់​លោកស្រីដែលលោកស្រីអញ្ជើញមកតែម្នាក់ឯង។

ដប់​ប្រាំ​នាទី​កន្លង​ទៅ លើស​ម៉ោង​បួន​ទៅ​ហើយ …

លោកស្រី​នឹក​ឡើង​សែន​អៀន​ខ្មាសពេក​ណាស់ មិន​គួរ​ចិត្ត​ចើក​នាំ​រូប​កាយ​លោកស្រី​មក​ដល់​កន្លែង​នេះ​សោះ។

ទីកន្លែង​ណាត់​ជួប​ក៏​គ្មាន​បញ្ជាក់​ប្រាប់​ទីណាមួយ​ឲ្យ​ប្រាកដ។ ​តើ​ទៅ​រក​ឯណា​ឃើញ?​! មើល​ទៅ​មនុស្ស​ម្នានៅ​ជិត​ខ្លួន​ក៏​ពុំ​ឃើញ​នរណា​ម្នាក់​ដែល​គួរឲ្យសម្គាល់​ឃើញ​ថា គេ​មក​រង់​ចាំ​ជួបលោក​ស្រី​សោះ។ ជា​ពិសេស​ទៅទៀត​នោះ លោកស្រី​មិន​ស្គាល់​មុខ​ម្ចាស់​បាច់​ផ្កា​នេះ​ដូច​ម្តេច​ផង និងមិន​ដឹង​សាសន៍​អ្វីទៀត។​ តើ​ងាយ​ឯណា​លោ​ក​អើយ!

លោក​ស្រី​ដាក់​កាយ​អង្គុយ​លើ​កៅ​អី​ឈើ​មួយ​ទំនេរ​នៅ​ជិត​នោះ។

ស្រាប់​តែ… ស្រាប់​តែ​រំពេច​នោះ លោកស្រី​ភ្ញាក់​ព្រើត​ ដោយ​មាន​ទម្ងន់​ដៃ​មួយ​ដាក់​លើ​ស្មា​លោក​ស្រី។ លោក​ស្រី​រន្ធត់​ញាប់​ញ័រ​រក​ថា​ពុំ​ត្រូវក៏ងាក​ផាំង​បែរ​មុខ​មើល​មក​ក្រោយ។ ពុទ្ធោ​អើយ! លោក​ស្រីសុគន្ធាយល់​ជាក់​​រូប​លោក​រិទ្ធិ​ ជា​ស្វាមី​របស់លោកស្រី​ទេ​តើ។ លោកស្រី​ញញឹម​លែង​ចង់​សម។ ស្វាមី​របស់​លោកស្រី​ផ្តើម​សំណួរ។

– អូន​គន្ធា! ​មក​ទីនេះ​ធ្វើ​អីដែរ?

– ចុះបង​រិទ្ធិ! បង​មក​ទី​នេះ​ធ្វើ​អ្វី​ដែរ?

សំណួរ​គ្មាន​ចម្លើយ​ដូច​គ្នា…។ យល់​ថា​ពុំ​អាច​កុហក​គ្នា គូស្វាមី​ភរិយា​ក៏​សារភាព​ប្រាប់​គ្នា​តាមត្រង់ទៅវិញ​ទៅមក។

– អូន​សុំ​ទោស​បង​ចុះ អូន​ពុំ​គួរ​ធ្វើ​អ៊ីចឹង​សោះ​។ អូន​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​សុំ​ណាត់​ជួប​អូន​ទៅទីនេះ ម៉ោង​៤ល្ងាច។

– ​បង​ក៏​មិន​ខុស​ពី​អូន​ដែរណ៎ា​គន្ធា។ បង​ក៏​បាន​ទទួល​សំបុត្រ​​ប្រាំបួន​ច្បាប់​ពី​នារី​ម្នាក់​ ដែល​មិន​បញ្ជាក់​ឈ្មោះ។ នាង​បាន​ណាត់​សុំ​ជួប​បង​ នៅ​ថ្ងៃ​សៅរ៍​នេះ វេលា​ម៉ោង​៤ល្ងាច​ នៅទីនេះដែរ។

– ពេលនេះ ហួស​​ម៉ោង​៤ល្ងាច​ដែល​ណាត់​ក្នុង​សំបុត្រ​នេះ​ហើយ​មែន​ទេ​បង?

– មែនហើយអូន!

តើអូន​គន្ធា​ឬ​ដែល​ជា​ម្ចាស់​ចុតហ្មាយ​ទាំង​ប្រាំ​បួន?

– តើបងរិទ្ធិ​ឬជា​ម្ចាស់​ផ្កា​ទាំង​ប្រាំបួន​បាច់?

– ទេ! មិន​មែន​បង​ទេ? បង​មិន​ដឹ​ង​ខ្លួន​សោះ!

– ទេ! អូន​ក៏​មិន​ជា​ម្ចាស់​អក្ខរា​នោះ​ដែរ! អូន​ក៏​មិន​ដឹង​ខ្លួន​ដែរ!

លោក​រិទ្ធិ​ក៏​លូក​យក​លិខិត​ទាំង​អស់ចេញ​ពី​ហោប៉ៅ​ខោ។ លោក​បង្ហាញ​លិខិត​ចុង​ក្រោយ​ ដែល​មាន​ពាក្យ​សុំ​ណាត់​មកបង្ហាញ​ភរិយា។ លោកស្រីសុគន្ធាក៏​លូក​យក​លិខិត​ពី​កាបូប​យួរ​មក​បង្ហាញ​ស្វាមី​ដែរ​។

ហួសចិត្ត គេ​ទាំង​ពីរ​នាក់​ផ្ទុះ​សំណើច​ឡើង​ព្រម​គ្នា ហើយ​ប្រវា​ឱប​គ្នាយ៉ាង​ណែន ដោយ​មិន​ដឹង​ខ្លួនភ្លេចគិតថាខ្លួនកំពុងតែស្ថិតនៅក្នុងឧទ្យានសាធារណៈ។

គូ​ស្វាមី​កាន់ដៃ​គ្នា​បណ្តើរ​គ្នា​ត្រសង​សំដៅ​ទៅ​កាន់រថយន្តដើម្បីត្រឡប់​​ទៅផ្ទះ​វិញ​។

កញ្ញា​បុប្ជារី​ដែលកំពុង​ពួន​លប​មើល​មាតា​បិតាតាមមែក​រុក្ខជាតិ​មួយ​នៅក្បែរ​នោះ​មាន​ចិត្ត​រំភើប​រីករាយ​ជា​ពន់​ពេក កាល​បើបាន​ឃើញ​មាតាបិតា​ស្រឡាញ់​គ្នា​ដូច​គូ​សង្សារ​ថ្មោងថ្មី។ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​បុប្ជារី​បាន​ឃើញ​មាតា​បិតា​ឱប​រឹត​គ្នានៅចំពោះ​ក្រសែ​ចក្ខុ​គយ​គន់​របស់​នាង​ឥត​ពព្រិច​។ នាង​យល់​ថា ឱ! នេះ​ហើយ​ឬសេចក្តី​ស្នេហានោះ ?។ ស្រស់​កញ្ញា​សើច​ពព្រាយ​តែម្នាក់​ឯង។ ស្រាប់​តែនាង​ឃើញ​អ្ន​ក​មាន​គុណ​ទាំង​ទ្វេ​បណ្តើរត្រសង​កាន់​ដៃ​គ្នាកាត់ពី​មុខ​នាង​ ប្រកប​ដោយ​ទឺក​មុខ​ញញឹម​ប្រឹម​ប្រិយ​ ។ ស្រស់​កញ្ញា​បុប្ជារីអង្គុយ​ចុះ​លាក់​ខ្លួនពួនអាត្មានៅ​ត្រង់​គល់​ឈើ​ភ្លាម​មួយ​រំពេច កុំឲ្យ​មាតា​បិតា​ឃើញនិងយល់ថា ​គឺរូបនាងនេះហើយដែលជាអ្នករៀបចំសេណារីយោនេះ។

តាមគំនិតដ៏ក្មេងខ្ចី នាង​បុប្ផារីនឹកសង្ឃឹម​ថា ចាប់​ពី​រាត្រី​នេះ​ទៅ មាតាបិតាដ៏ជាទីស្រឡាញ់និង​ជាទីគោរព​របស់​នាង​លែង​បែក​បន្ទប់ លែង​បែក​គ្រែ​ទៀត​ហើយ…៕ចប់​៕

សរសេរចប់នៅស្រ្តាស់​បួរថ្ងៃ​ទី​៣ខែ​កញ្ញាឆ្នាំ​១៩៨៤

កែ​សម្រួលនៅម៉ុង​ទី​ញី ប្រទេស​បារាំង ថ្ងៃ​ទី​១៩កុម្ភៈ២០០៣
កែសម្រួលចុងក្រោយនៅភ្នំពេញថ្ងៃទី១ធ្នូ២០១០

សេចក្តីបញ្ជាក់៖​ អ្នកនិពន្ឋរក្សាសិទ្ឋិគ្រប់យ៉ាងគ្រប់ប្រទេស

ការចម្លងពាក្យពេចន៍ ឃ្លាប្រយោគ​ ឬសាច់រឿងបាច់ផ្កានេះទៅផ្សព្វផ្សាយតាមប្រព័ន្ឋណាក្តី ឬក៏យកទៅផលិតជាខ្សែភាពយន្ត

ពុំអាចប្រព្រឹត្តទៅបានឡើយ​ បើគ្មានការអនុញ្ញាតជាមុនពីខ្ញុំ ប៉ិច សង្វាវ៉ានដែលជាអ្នកនិពន្ឋរឿងបាច់ផ្កានេះ

11 responses to “​រឿង​បាច់ផ្កា ដោយ ​ប៉ិច​សង្វាវ៉ាន

  1. ងៃណាចេញអ្នកគ្រូ!

  2. ខ្ញុំ​ចង់​មើល​ដល់ហើយ​!!!

  3. រឿង២ដែលខ្ញុំរង់ចាំជាងគេគឺ
    ១​ សំបុត្រអាថ័កំបាំង
    ២ បញ្ចពិធធីតា

  4. និយាយពីរឿងកូនសួរដេញដោលម្ដាយអញ្ចឹង ខ្ញុំមានរឿងមួយ គឺរឿងកូនប្រុសអាយុ ៧ឆ្នាំសួរដេញដោល​ឪពុករបស់វា។ យប់មួយឪពុកនាំកូនទៅនេសាទត្រីតាមទូក។កំពុងតែអុំទូក កូនក៏ចាប់សួរបុរសដែលជាឪពុក :

    កូន : ពុក នៅលើមេឃមានស្អី?
    ឪ : អើ នៅលើមេឃមាន​ខ្យល់​​ ចុះអ្ហែងអត់ច្រមុះទេ?
    កូន :ចុះ​ បន្ទាប់ពីខ្យល់ តើមានស្អីទៀត?
    ឪ : អើ នៅមាន ពពក មាន​លោកខែ យី ចុះអ្ហែង អត់ភ្នែកទេ​ឬយ៉ាងម៉េច?
    កូន: ចុះ​ហួសពីខែ ?
    ឪ: អ៊ឺស ក្បាលមួយចង្វា​អីឡូវហើយ ​សួរអីសួរយ៉ាងនេះ។

    • បើលោកសម្បូណ៌រឿងខ្លីៗ​ សូមសរសេរមក​ខ្ញុំនិងចុះផ្សាយជូននៅ
      លើទំព៏រមិត្តអ្នកអាន។ ​បើបានទៀងទាត់និងមានរូបភាពទៀតនោះ
      រឹតតែល្អដើម្បីចែករំលែកជូនមិត្តអ្នកអានwordpressនិងយុវជន
      ជំនាន់ក្រោយ។

  5. Pingback: វិធីសាស្ត្រនិពន្ធរឿងខ្លី ដោយអ្នកនិពន្ធ ប៉ិច សង្វាវ៉ាន « អ្នកនិពន្ធវ័យក្មេង

  6. Pingback: From Bong Mak | noaheconomic

    • ជម្រាបសួរក្មួយ​Bun Thoeurn
      អរគុណណាស់ដែលបានឃើញអត្ថបទរបស់ខ្ញុំក្មុង​ប្លក់របស់ក្មួយ ហើយក៏រីករាយផងដែរដែលបានស្គាល់ប្លក់របស់ក្មួយនេះ។
      សង្ឃឹមថានឹងបានអានប្លក់ដ៏សំខាន់នេះក្នុងថ្ងៃណាមួយមិនខានឡើយ។
      សូមជូនពរសំណាងល្អនិងជោគជ័យ
      ពីខ្ញុំ​ប៉ិច​សង្វាវ៉ាន

  7. រឿងនេះជក់ចិត្តដល់ហើយ។ អ្នកម៉ាក់របស់ខ្ញុំក៏កំពុងអានរឿងនេះ
    ជាមួយខ្ញុំដូចគ្នា។ អរគុណអ្នកគ្រូដែលបានជួយចែករំលែក។ តើអ្នកគ្រូ
    បំរុងនឹងថតរឿងនេះ ជាខ្សែភាពយន្តដែរឬទេ?

    • ចា៎ស អរគុណកញ្ញាណាស់និង​អ្នកម៉ាក់របស់នាងផងដែលបាន
      ចំណាយពេលអានរឿងនេះ ។
      អ្នកគ្រូមិនបានគ្រោងថតជាខ្សែភាពយន្តទេ​ ព្រោះមានគេបានយករឿងនេះ
      ថតរួចហើយ។
      អ្នកគ្រូ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s