អក្សរសិល្ប៍​ ៖ អ្នកនិពន្ធ និងស្នាដៃ

អ្នកនិពន្ធ និងស្នាដៃ

ដោយ​ប៉ិច​ សង្វាវ៉ាន

 

ថតនៅភ្នំពេញឆ្នាំ២០០៨


តើ​អ្នក​និពន្ធ​ជា​មនុស្ស​ប្រភេទ​ណា​? តើ​ស្នាដៃ​របស់​គេ​ជាប់​ទាក់ទង​ទៅ​នឹង​បុគ្គលិកលក្ខណៈ​(personality) របស់​គេ​ដែរ​ឬ​ទេ​? នៅ​ត្រង់​ចំណុច​នេះ និពន្ធ​គ្រប់​រូប​ប្រាកដ​ជា​ដឹង​ច្បាស់​និង​ស្គាល់​ខ្លួន​ឯង​ជាក់​ជាង​អ្នក​អាន​ និង​អ្នក​វិភាគ​ស្នាដៃ​អក្សរសិល្ប៍​ទៅ​ទៀត​។

អ្នក​និពន្ធ​ខ្លះ ចាត់​ទុក​ស្នាដៃ​របស់​ខ្លួន​ជា​កូន​ភ្លោះ​ដែល​មាន​ចិត្ត​តែ​មួយ​។

អ្នក​និពន្ធ​ខ្លះ​ទៀត​បញ្ជាក់​ថា ស្នាដៃ​មួយ​ចំនួន​របស់​គេ គឺ​ជា​រូប​គេ​ទី​ពីរ​។

ទង្វើ​របស់​ជន​ណា​ម្នាក់ បញ្ជាក់​ពី​សន្ដាន​ចិត្ត​របស់​ជន​នោះ​។ យ៉ាង​ណា​មិញ​ វណ្ណកម្ម​អក្សរ

សិល្ប៍​របស់​អ្នក​និពន្ធ​ណា​ម្នាក់​ ក៏​បញ្ជាក់​អំពី​ទឹក​ចិត្ត​របស់​អ្នក​និពន្ធ​នោះ និង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​បិរយាកាស ដែល​អ្នក​និពន្ធ​រស់​នៅ​ផង​ដែរ​។ អ្នក​អាន​ទាំង​ឡាយ អាច​ស្គាល់​ទឹក​ចិត្ត និង​បុគ្គលិក​លក្ខណៈ​ខ្លះ​ៗ​របស់​អ្នក​និពន្ធ​តាម​រយៈ​វណ្ណកម្ម​នីមួយ​ៗ​របស់​អ្នក​និពន្ធ ទោះ​បី​ជា​​ស្នាដៃ​របស់​អ្នក​និពន្ធ​នោះ​ឯង​ មិន​មែន​ជា​ជីវប្រវត្តិ ឬ​ជា​រឿង​ពិត​របស់​អ្នក​និពន្ធ​ផ្ទាល់​ក៏​ដោយ​។ ​បើ​សិន​ជា​អ្នក​និពន្ធ​មិន​សរសេរ​ អ្វី​ដែល​ក្បត់​ពី​ឧត្តមគតិ និង​មិន​ក្បត់​បុគ្គលិកលក្ខណៈ ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន​។

តាម​ពិត អ្នក​និពន្ធ​ម្នាក់​ៗ​មាន​ជម្រើស​ផ្ទាល់​ខ្លួន​ ហើយ​គេ​ដឹង​ជា​ស្រេច​ថា គេ​ចង់​បាន​អ្វី​? គេ​សរសេរ​ដើម្បី​អ្នក​ណា​? ដើម្បី​បម្រើ​ផល​ប្រយោជន៍​អ្វី​?​។ នៅ​ពេល​នេះ​ ខ្ញុំ​មាន​កិត្តិយស​លើក​យក​ករណី​របស់​ខ្ញុំ​ផ្ទាល់​ ក្នុង​នាម​ជា​អ្នក​និពន្ធ​ម្នាក់​តាំង​ពី​ឆ្នាំ​១៩៦៨​។ ​នៅ​មុន​ឆ្នាំ​១៩៦៨​ ពោល​គឺ​ក្នុង​អំឡុង​ឆ្នាំ​១៩៦៤​ ដល់​ឆ្នាំ​១៩៦៥​ ខ្ញុំ​ជា​អ្នក​និពន្ធ​ក្នុង​ស្រមោល ​ដែល​បាន​សរសេរ​រឿង​ខ្លី​ៗ​ តូច​ៗ កំប៉ិក​កំប៉ុក ផ្ញើ​ទៅ​វិទ្យុជាតិ​ភ្នំពេញ។​ មិន​ទាន់​ចេញ​ឈ្មោះ​លេច​មុខ​មែន ប៉ុន្តែ​រឿង​ខ្លី​ៗ​ដែល​ខ្ញុំ​បាន​សរសេ​រមែង​ត្រូវ​បាន​លោក​ ម៉ៅ ប៊ុន​ថន យក​ទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោមលោក​ របស់​លោក​ជា​រឿយ​ៗ​។ ពាក្យ​សរសើរ​របស់​លោក​ ម៉ៅ ប៊ុន​ថន ដែលបាន​ប្រៀប​ធៀប​ខ្ញុំ​ទៅ​នឹង​“ដួង​ចន្ទ្រា​បំភ្លឺ​ភព​អន្ធការ​” ជា​មហា​កិត្តិយស​មួយ និង​ជា​ការ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ខំ​ពុះពារ កសាង​នាម​ជា​អ្នក​និពន្ធនារី​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ទោះ​បី​ជា​ខ្ញុំ​មិន​មែន​ជា​ដួង​ចន្ទ្រា​ដូច​ពាក្យ​ប្រៀប​ធៀប​របស់​លោក​ម៉ៅ ប៊ុន​ថន​ក៏​ដោយ​។ មាន​ឧប​និស្ស័យ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការ​អប់រំ​ និង​ចូល​ចិត្ត​ទទួល​ការ​អប់រំ​ល្អ​ៗ​ ម្ល៉ោះ​ហើយ​ផ្នត់​គំនិត​គ្រឹះ​ក្នុង​ស្នាដៃ​របស់​ខ្ញុំ ឈរ​ជា​និច្ច​លើ​ការ​អប់រំ និង​សន្តិភាព​។ ខ្ញុំ​សូម​បញ្ជាក់​តាម​រយៈ​ស្នាដៃ​ខ្លះ​ៗ របស់​ខ្ញុំ​ដូច​ត​ទៅ​៖

*រឿង «នេះ​ឬ​ចិត្ត​ប្រុស​?» (សរសេរ​នៅ​ភ្នំពេញ ឆ្នាំ​១៩៦៨​) ជា​មេរៀន​ជីវិត​មួយ​សម្រាប់​នារី​ទាំង​ឡាយ កុំ​ឲ្យ​ឆាប់​លង់​ខ្លួន​ក្នុង​សេចក្តី​ស្នេហា ហើយ​បណ្ដោយ​រូប​កាយ​ទៅ​ឲ្យ​បុរស​ងាយ​ៗ​ពេក​។

*រឿង« ព្រោះ​រឿង​អ្វី​?» (សរសេរ​នៅ​បារាំង, ១៩៨៣) ៖ ខ្ញុំ​ចង់​ផ្ដល់​គំនិត​អប់រំ និង​ទប់​ស្កាត់​ចិត្ត​នារី​ខ្មែរ​ដែល​បាន​មក​រស់​នៅ​ស្រុក​បារាំង កុំ​ឲ្យ​ភ្លេច​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ហើយ​ភ្លើត​ភ្លើន​ស្រវា​យក​វប្បធម៌​បរទេស​មក​ស្រោប​ខ្លួន​ នាំ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ស្នេហា​ ហែល​ទឹក​ភ្នែក​របស់​ខ្លួន​ឯង​។

*រឿង​«ព្រោះ​តែ​អ្នក​»​(បារាំង,១៩៨៤) ជា​រឿង​អប់រំ​និង​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ចិត្ត​សាស្ត្រ​និង​ទស្សនៈ​សន្តិភាព​ជា​គោល ដើម្បី​កែ​ប្រែ​អត្តចរិត​របស់​ស្វាមី​ដែល​ជា​អត្តទត្ថបុគ្គល​ម្នាក់​ ខ្វះ​ការ​ពិចារណា​ដិត​ដល់ បណ្ដោយ​ឲ្យ​សេចក្ដី​ស្នេហា​បាំង​បិទ​ងងឹត​អស់​ រហូត​ដល់​ប្រាស​ចាក​វិចារណញ្ញាណ និង​ករណីយកិច្ច​ទទួល​ខុស​ត្រូវ ក្នុង​នាម​ជា​ឪពុក​។

*រឿង​«បាច់ផ្កា»​(បារាំង, ១៩៨៥) ដាស់​ពញ្ញាក់​អារម្មណ៍​បុរស​ជា​ស្វាមី​ទាំង​ឡាយ​ឲ្យ​យល់ និង​គិត​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភរិយា​ អាច​បង្ក​បញ្ហា​ចៃដន្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ដែល​ពុំ​ធ្លាប់​គិត​ដល់​ម្តង​ណា​សោះ​នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​។​រី​ឯ​ការ​មិន​ចុះ​សម្រុង​របស់​មាតា​បិតា​អាច​ជះ​ផល​អាក្រក់​ទៅ​លើ​បុត្រា​បុត្រី​។

*រឿង «ស្រមោល​ស្នេហ៍» (បារាំង, ១៩៨៣) ៖ រឿង​នេះ ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​សេចក្ដី

ស្នេហា​ចំពោះ​នារី​ ដែល​មាន​ម្ចាស់​គ្រប់​គ្រង​ជា​អំពើ​អសីលធម៌​ និង​ពេញ​ទៅ​ដោយ​ឧបសគ្គ​។ ជា​សេចក្ដី​ស្នេហា​ដែល​ចាប់​យក​មិន​បាន​ ដូច​គេ​ចាប់​យក​ស្រមោល​យ៉ាង​នោះ​ដែរ​។ ​ក្នុងករណី​នារី​ ដែល​មាន​ម្ចាស់​បេះដូង​ហើយ ក៏​ដូច​គ្នា សេចក្ដី​ស្នេហា​ចំពោះ​បុរស​ក្មេង​បន្សល់​ទុក​ត្រឹម​តែ​ការ ខក​ចិត្ត ដូច​តួ​អង្គ​ក្នុង​រឿង​នេះ​។

*រឿង «ខ្យល់​សមុទ្រ» និង​រឿង »មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម»(បារាំង, ១៩៨៣) បង្ហាញ ពី​ការលើក​តម្កើង​អក្សរសាស្ត្រ​ខ្មែរ និង​ការ​បំផុស​បំផុល​ ទាក់​ទាញ​ចិត្ត​ខ្មែរ​គ្រប់​រូប ទោះ​ជា​រស់​នៅទី​ណា​ឲ្យ​ស្រឡាញ់​ និង​ជួយ​គាំ​ទ្រ​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ​ព្រម​ទាំង​ចូល​ចិត្ត​អាន​អក្សរ​ខ្មែរ​។

*រឿង «ស្ដាយ​ពាក្យ​មួយ​ម៉ាត់» (បារាំង, ១៩៨១) ខ្ញុំ​ចង់​បង្ហាញ​ថា ការ​ប្រមាថ​អក្សរសាស្ត្រជាតិ​អាច​នាំ​មក​នូវ​ផល​វិបាក ដែល​យើង​គិត​មិន​ដល់​នៅ​ថ្ងៃ​ណា​មួយ​។ល។

ជា​អ្នក​និពន្ធ​ដែល​រស់​នៅ​ក្រៅ​ប្រទេស និង​ជា​អ្នក​សារព័ត៌មាន​បម្រើ​ការងារ ក្នុង​វិទ្យុ​បារាំងអន្តរជាតិ​RFI ចំពោះ​ខ្ញុំ​ការងារ​ចិញ្ចឹម​ជីវិត ដែល​ខ្ញុំ​ស្រឡាញ់​ជា​ទី​បំផុត​នេះ ពុំ​អាច​ទុក​ពេល​ឲ្យខ្ញុំ​ឆ្លៀត ពេល​និពន្ធ​រឿង​ថ្មី​ៗ​ទៀត​ទេ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។ ស្ដាយ​ណាស់​ ខ្ញុំ​និពន្ធ​បានរឿង ប្រលោមលោក តិច​តួច​បំផុត​។ នៅ​ប្រទេស​បារាំង​រឿង​ប្រលោមលោក​ទាំង​ខ្នាត​ខ្លី និង​ខ្នាត​វែង ដែល​ខ្ញុំ​ចាប់​ដង​ប៉ាកកា​សរសេរ​ពី​ឆ្នាំ​១៩៧៨ រហូត​ដល់​ឆ្នាំ​១៩៩២​មាន​ចំណងជើងថា៖

*«អស្ដង្គត​ ឬ​ខ្លោចផ្សា​នៅ​មឿងភីន»(១៩៧៨)

*« ពេលដែល​កន្លង​ទៅ»(១៩៨១)

*«ស្ដាយ​ពាក្យ​មួយ​ម៉ាត់»(១៩៨១) .

*«វាសនា​អភ័ព្វ» (១៩៨៣) .

*«មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម» (១៩៨៣) .

*«ព្រោះ​រឿង​អ្វី​?​» (១៩៨៣) .

*«ថ្ងៃ​ណា​? ថ្ងៃ​ណា​?» ​(១៩៨៣) .

*«កម្មករ​សេរី» (១៩៨៣) .

*«ខ្យល់​សមុទ្រ»​ (១៩៨៣) .

*«ម្ដាយ​ក្មេក​ទំនើប» (១៩៨៤) .

*«ព្រោះ​តែ​អ្នក» (១៩៨៤) .

*«ស្រមោល​ស្នេហ៍» (១៩៨៥) .

*«ជើង​មេឃ​ថ្មី» (១៩៨៥) .

*«បាច់​ផ្កា»​ (១៩៨៥)

រឿង​ប្រលោម​លោក​ទាំង​អស់​នេះ បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ខ្មែរ​នៅ​អឺរ៉ុប មាន​ជា​អាទិ៍​ព្រឹត្តិបត្រ៖

“កូន​ខ្មែរ” នៅ​ប្រទេស​បារាំង

“អរិយធម៌​ខ្មែរ” នៅ​ក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់

“ខ្មែរ​សាមគ្គី” នៅ​ក្រុង​ឡុង ប្រទេស​អង់គ្លេស និង

“សារព័ត៌មាន “នគរ​ធំ” នៅ​សហរដ្ឋ​អាមេរិក​។

ក្នុង​ចំណោម​រឿង​ខាង​លើ​នេះ ខ្ញុំ​បាន​យក​រឿង​មួយ​ចំនួន មក​រៀប​ចំ​ធ្វើ​ជា​ល្ខោន​និយាយ​ ផ្សាយ​តាម​រលកធាតុ​អាកាស ​វិទ្យុ​អាស៊ី​សម្លេង​ខ្មែរ 96.5 FMរាល់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ចាប់ ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩២​។ វិទ្យុ​អាស៊ី​នេះ ផ្សាយ​ចេញ​ពី​រដ្ឋធានី​ប៉ារីស សង្កាត់​ទី​១២នៃប្រទេស​បារាំង​។ ក្នុង​រយៈ​ពេល​នោះ​ឯង ខ្ញុំ​បាន​និពន្ធ​រឿង​ល្ខោន​និយាយ​បាន​៥​រឿង​។ រឿង​ខ្លះ​វែង​ដល់​ទៅ​ជាង​២០​ភាគ​។ រឿង​ខ្លះ​មាន​តែ​១​ភាគ​ចប់​បរិបូរណ៌​។ រឿង​ល្ខោន​និយាយ​ទាំង​៥​មាន​ចំណងជើង​ថា៖

*« បញ្ញវន្ត​ចម្លែក »

*«លិខិត​អាថ៌​កំបាំង»

*«ស្រមៃ​បន្ទាប់​ពី​ស្រមៃ ឬ​ផ្កា​ចាក​ទង»

*«កំហុស​អ្នក​ណា​?»

*«រូប​ឥត​ព្រលឹង»

ក្នុង​ចំណោម​រឿង​ទាំង​នេះ មាន​រឿង​មួយ​ចំនួន​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​សង្គម​ខ្មែរ​យើងនៅ​ក្នុង​ប្រទេស​បារាំង​។ លើក​លែង​តែ​រឿង «នេះ​ឬ​ចិត្ត​ប្រុស», «ថ្ងៃ​៤​កក្កដា», «ពេល​កន្លង​ទៅ», «ស្ដាយ​ពាក្យ​មួយ​ម៉ាត់», «វាសនា​អភ័ព្វ», »មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម» ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម នៅ​ក្នុង​ប្រទេស​កម្ពុជា មុន​ព្រឹត្តិការណ៍​ខ្មែរ​ក្រហម​ខ្មៅ​ងងឹត ១៧ មេសា ១៩៧៥​។

គេ​ថា​អ្នក​និពន្ធ​ជា​មនុស្ស​រវើរវាយ អណ្ដែត​អណ្ដូង ជើង​មិន​ជាប់​ដី នោះ​ខ្ញុំ​មិន​ឯកភាព​ទេ​។ គំនិត​នេះ ជា​ការ​យល់​ច្រឡំ​។ អ្នក​និពន្ធ​ជា​វិស្វករ​នៃ​គំនិត ដែល​ដក​ដួង​ព្រលឹង និង​ដួង​ចិត្ត​របស់​ខ្លួន ទៅ​បម្រើ​សង្គម​មនុស្ស​។ អ្នក​និពន្ធ​ជា​សិល្បករ ដែល​ប្រើ​គំនិត និង​អារម្មណ៍​ដើម្បី បញ្ជា​ដង​ប៉ាកកា ឲ្យ​ដើរ​តួ​គ្រប់​យ៉ាង ទៅ​តាម​ឧត្តម​គតិ របស់​ខ្លួន ដោយ​ច្នៃ​រចនា​អក្សរសាស្ត្រ ឲ្យ​ទៅ​ជា​អក្សរសិល្ប៍​ទៅ​តាម​ទេពកោសល្យ​របស់​ខ្លួន​។ អ្នក​និពន្ធ​ជា​មនុស្ស​ចូល​ចិត្ត​គិត​ផង​ ចូល​ចិត្ត​សង្កេត​ផង ចូល​ចិត្ត​វិភាគ​ទៀត​ផង និង​មើល​ឃើញ​អ្វី​ជា​ច្រើន ដែល​ជួន​កាល​មនុស្ស​ទូទៅ​មិន​បាន​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​។ កា​រយល់​ចិត្ត​អ្នក​ដទៃការ​ចូល​ចិត្ត​ស្ដាប់ ការ​ចូល​ចិត្ត​សង្កេត​  ការ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ៗ នៅ​ជុំវិញ​ខ្លួន ការ​ចូល​ចិត្ត​ត្រិះរិះ​ពិចារណា ការ​ចូល​ចិត្ត​វិភាគ និង​ដោះ​ស្រាយ​បញ្ហា ផ្សេង​ជា​កត្តា​សំខាន់ អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ទទួល​អ្វី​ៗ​បាន​ឆាប់​រហ័ស គិត​ក៏​រហ័ស សរសេរ​ក៏​លឿន​ ដែល​សុទ្ធ​សឹង​ជា​លក្ខណៈ​ល្អ​របស់​អ្នក​និពន្ធ​។ ស្នាដៃ​ដែល​ល្អ លុះ​ត្រា​តែស្នាដៃ​នោះ​មាន​ខ្លឹមសារ​និង​ធ្វើ​ឲ្យ​អ្នក​អាន​ជក់​ចង់​អាន​មិន​ចង់​សម្រាក​។ អាន​ពេល​ណា ក៏​នៅ​តែ​ពីរោះ​ឥត​ជិន​ឆ្អន់​។​ នេះ​ជា​សោភ័ណ​មួយ​របស់​អក្សរសិល្ប៍​។

អ្នក​និពន្ធ​មិន​អាច​វាយ​តម្លៃ​ខ្លួន​ឯង​បាន​ទេ គឺ​មាន​តែ​អ្នក​អាន ដែល​ជា​អ្នក​វាយ​តម្លៃ​ស្នាដៃ​អ្នក​និពន្ធ​។ ពីរោះ ឬ​មិន​ពីរោះ​ក៏​អាស្រ័យ​ទាំង​ស្រុងទៅ​លើ​ចំណូលចិត្ត​របស់​អ្នក​អាន​ដែរ​៕


កំណត់៖ សូមជម្រាបថារឿង«ពេលដែលកន្លងទៅ»ចុះក្នុងសៀវភៅ«ស្នេហាខ្ញុំ» ។​សៀវភៅនេះផ្សាយចេញពី សមាគមអក្សរសិល្ប៍​កម្ពុជា ស៊ុយអែដនៅឆ្នាំ២០០៩។​ គេអាចរកជាវបាននៅរាជធានីភ្នំពេញ​។

ស្នេហាខ្ញុំ MY LOVE


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s