២៥ធ្នូ២០១០៖ក្រោមដំបូលតែមួយ

ចំណាប់អារម្មណ៍របស់ខ្ញុំ

ក្រោមដំបូលតែមួយ

២៥ធ្នូ២០១០

លោក កៅ សីហា និង កញ្ញា កណ្ណិកា ( រូបថត៖ ប៉ិច សង្វាវ៉ាន)

នេះជាលើកទី១​ដែល​ខ្ញុំនិង​ស្វាមីខ្ញុំបានចូលរួមក្នុង​កម្មវិធី​ «ក្រោមដំបូល​តែ​មួយ»​ដែលបាន​រៀបចំដោយ​ក្រុមយុវអ្នកនិពន្ឋខ្មែរសហការជាមួយក្រុមហ៊ុនមួយចំនួននាទី​ក្រុង​ភ្នំពេញ​។

នេះក៏ជាលើកទី១​ដែរដែលក្រុមយុវអ្នកនិពន្ឋខ្មែរនៅទី​ក្រុង​ភ្នំពេញបានរៀបចំជំនួប«ក្រោមដំបូលតែមួយ»​នេះ​។ គឺជាកម្ម​វិធីមួយដែលបាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥​ធ្នូ២០១០​យ៉ាង​ឱឡារិកក្នុង​ភោជនីយដ្ឋាន​​«អូប៉េរ៉ា»​នៅ«ទឹកថ្លា»​ក្រុងភ្នំពេញ។​ អ្នក​ចូលរួមមានចំនួនប្រមាណ​៥០០​នាក់។​ភាគច្រើន​ជាយុវវ័យ​អ្នក​ប្រើ​វឺត​ប្រេស(WordPress) ​និង​ហ្វេសប៊ុក (Facebook​) ព្រមទាំងអ្នកកវីនិពន្ឋ


ខ្ញុំថ្លែងចំណាប់ អារម្មណ៍(ឈរកណ្តាល) កណ្ណិកាជាពិធីការិនី(ឆ្វេង) និង លោក កៅ សីហា ជាពិធីករ (ស្តាំ)(រូបថត ៖ ប៉ិច សង្វាវ៉ាន)

វត្តមានខ្ញុំ​នៅ​ទី​នេះ​បាន​ផ្តល់ឱកាសល្អ​មួយ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ និង​ជួប​អ្នកកវី អ្នក​និពន្ឋ​ទាំងចាស់​ទាំងក្មេងល្បីៗនៃ​ប្រទេស​កម្ពុជា។

ពីឆ្វេងទៅស្តាំ៖ កញ្ញាស៊ូ បុទុម លោកស្រី អ៊ុំ សុផានី ខ្ញុំប៉ិច សង្វាវ៉ាន ឯឧ ប៉ិច ឈុន(ស្វាមីខ្ញុំ) លោក អ៊ីវ ហួត លោក គឹម ចាន់ណា (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ពីឆ្វេងទៅស្តាំ៖អ្នកនិពន្ឋអ៊ំ សុផានី អ្នកនិពន្ឋ ប៉ិច សង្វាវ៉ាននិង ស្វាមី កវីអ៊ីវ ហួត (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ចំពោះ​ខ្ញុំ​ ជំនួប​ថ្ងៃ​២៥​ធ្នូ​២០១០​មិនមែនត្រឹមតែជាជំនួបនៃមហាគ្រួសារហ្វេស​ប៊ុក​និង​វឺតប្រេសប៉ុណ្ណោះទេ​ ប៉ុន្តែ​ជាជំនួបរវាង​អ្នក​ស្រឡាញ់​អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ​ជំនាន់មុន​និង​ជំនាន់​បច្ចុប្បន្ន​ដែល​ក្មួយៗ​យុវអ្នក​និពន្ឋ​បាន​ប្រសិទ្ឋនាម​ឲ្យ​ថា​«ក្រោមដំបូល​តែ​មួយ»។ «ក្រោមដំបូល​តែ​មួយ»មាន​អត្ថន័យ​ស៊ី​ជម្រៅ​ណាស់។​ ​ ពាក្យ៦​ម៉ាត់នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ស្មារតីបើកចំហ​ដ៏​ទូលំទូលាយ​ ស្មារតី​សាមគ្គីភាព​​ ភាតរភាព ​និងមិត្តភាពចាប់​ដៃ​​រាប់អានគ្នា​ស្រឡាញ់​គ្នា​ជា​មហា​គ្រួសារ​អ្នក​អក្សរសាស្ត្រ​ខ្មែរ១​ហើយ​នាំគ្នា​ដើរលើ​មាគ៌ា​រួមគ្នា​ឆ្ពោះ​ទៅ​រក​គោល​ដៅ​តែ​មួយ​គត់​​ គឺ​ការ​លើក​ស្ទួយ​អក្សរសាស្ត្រជាតិ​យើង​​​និង​ជួយ​អភិវឌ្ឍវិស័យ​នេះ​ឲ្យថ្កើងថ្កានឡើង។

ឯឧ ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា អ្នកនិពន្ឋយូ សុភា កវីព្រឿង ប្រណិត

ខ្ញុំ​មាន​មោទនៈភាពណាស់​​ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​អត្ថបទ​ល្អៗ​ក្នុង​ទស្សនាវដ្តី​ខ្មែរម្តងៗ​ដែលសរសេរដោយអ្នកនិពន្ឋចំណានៗ ហើយកាល​ណា​ខ្ញុំ​បាន​អាន​រឿង​ខ្លីៗ​ក្នុង​វឺត​ប្រេស​របស់​ក្រុម​ក្មួយៗ​យុវអ្នក​និពន្ឋ​និង​ យុវអ្នក​កវី​ជំនាន់​នេះ​ ដែល​ព្យាយាមសរសេរ​ផ្សព្វផ្សាយ​បញ្ចេញ​ទស្សនៈ​​ និង ​ឧត្តមគតិ​ឲ្យ​អ្នក​ផង​បាន​អាន​ បាន​ដឹង ​បាន​ស្គាល់​នៅ​ក្នុង​ពិភព​លោក​ទាំង​មូលតាម​ប្រព័ន្ឋ​internet។

(រូបថត ៖ ប៉ិច សង្វាវ៉ាន) ក្រុមយុវអ្នកនិពន្ឋមួយចំនួនថតជាមួយខ្ញុំ និង ស្វាមីខ្ញុំ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ខ្ញុំ​សូម​សរសើរដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ចំពោះ​ក្មួយ​ដែល​ព្យាយាមសរសេរ ​និង​ខំបណ្តុះខ្លួនឲ្យ​ក្លាយ​ទៅជា​អ្នក​និពន្ឋរបស់ជាតិយើង​។

នៅទី​បញ្ចប់​ ខ្ញុំសូម​លើក​ទឹក​ចិត្ត​ក្រុម​យុវអ្នក​និពន្ឋ និងយុវអ្នក​កវី​ទាំង​អស់​ដែល​មាន​គំនិត​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ «ក្រោមដំបូល​តែ​មួយ»​។ សូមក្មួយៗ​បន្ត​សកម្មភាព​ជា​គំរូ​នេះ​ឲ្យ​បាន​វែង​ឆ្ងាយ​តទៅមុខទៀត​។ ​ខ្ញុំសូម​ឲ្យ​កម្មវិធី​នេះ​ក្លាយ​ទៅជា​ការ​រឹត​ចំណង​សាមគ្គី​ភាព​យ៉ាង​ រឹងមាំរវាង​អ្នក​និពន្ឋ​ អ្នក​កវីរៀម​ច្បង​ និង​អ្នក​និពន្ឋ​ អ្នក​កវីជំនាន់​នេះ ទោះជា​នៅ​ទី​នេះ​ឬ​នៅទីណាក៏ដោយ​​ឲ្យ​ទៅជាមហា​គ្រួសារ​ អ្នក​អក្សរសាស្ត្រអក្សរសិល្ប៍​តែ១​នៅ​ក្រោមដំបូល​តែ​១គត់។

ក្រុមយុវជនអ្នកនិពន្ឋមួយចំនួនជាមួយខ្ញុំ និង ស្វាមីខ្ញុំឯឧប៉ិច ឈុន (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ខ្ញុំ​និង​យុវជនពីររូបដែលខ្ញុំមិនទាន់ស្គាល់ឈ្មោះ(រូបថត​៖​ប៉ិច សង្វាវ៉ាន)

ពីឆ្វេងទៅស្តាំ៖ ចរិយា ឡុង លីណា ខ្ញុំនិង ស្វាមីខ្ញុំ និង ភួ ចរិយា

វិស័យអក្សរសាស្ត្រ ​ក៏ត្រូវ​ការ​ធនធាន​មនុស្ស​ដូចជា​វិស័យ​ផ្សេងៗ​ឯទៀត​ដែរ​។​ ដូច្នេះ​ ​ក្មួយៗ​នេះ​ហើយ​ជា​ទំពាំង​ស្នង​ឫស្សី​ គឺ ជា​អ្នក​បន្តវេន​ពី​អ្នក​និពន្ឋរៀមច្បង។​ យើង​គួរ​តែ​ចៀស​វាងការ​ច្រណែន​និន្ទា​គ្នា​  គួរ​តែ​ជួយ​លើក​ទឹកចិត្តគ្នា​ទៅ​វិញ​ទៅ​មក​ និង​ជួយ​បណ្តុះបណ្តាល​ធន​ធាន​មនុស្សផ្នែក​អក្សរសាស្ត្រ​ឲ្យ​មាន​ចំនួន​ កាន់តែ​ច្រើន​ឡើង​សម្រាប់​បន្ត​វេន​ពីជំនាន់​មួយទៅ​​ជំនាន់មួយ​​…៕

បឹងកេងកងភ្នំពេញ​នៅ​ថ្ងៃ៣១ធ្នូ២០១០

ដោយប៉ិច​ សង្វាវ៉ាន

អតីតអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិRFI

ពីធីករទូរទស្សន៍ប៉ុសិ៍្តលេខ៥កំពុងសម្ភាស៍ខ្ញុំក្នុងរាត្រីនោះ

 

 

 

 

Advertisements

10 responses to “២៥ធ្នូ២០១០៖ក្រោមដំបូលតែមួយ

  1. គួរ​ឱ្យ​ស្ដាយ​ដែល​មិន​បាន​ថត​រូប​ជាមួយ​អ្នក​មីង! T_T

  2. ប្រសាសន៍​របស់​អ៊ំ ពិត​ជា​មាន​ន័យ​មែន។ ទោះ​បី​ខ្ញុំ​មិន​មែន​ពូកែ​ខាង​និពន្ធ​ពិត​មែន តែ​ខ្ញុំ​នៅ​តែ​ស្រលាញ់​អក្សរ​សាស្ដ្រ អក្សរ​សិល្ប៍ ខ្មែរ​មិន​ឲ្យ​បាត់​បង់ និង​មិន​ឲ្យ​ភ្លេច​ពី​ក្នុង​ខ្លួន​ខ្ញុំ​ឡើយ។ សូម​អរគុណ​អ៊ំ ដែល​បាន​ចំណាយ​ពេល​សរសេរ​អត្ថបទ​ដ៏​មាន​ប្រយោជន៍​មួយ​នេះ។ 🙂

    • អរគុណណាស់ដែលបានអានអត្ថបទនេះ។​ កាលពីរាត្រីនោះ អ៊ំបានថ្លែងខ្លះដែរនៅលើវេទិកា ប៉ុន្តែមិនសូវបានក្បោះក្បាយដូចបំណង ទើបបានជាអ៊ំមិនអស់ចិត្តសោះ​ត្រូវតែសរសេរទុក​ព្រោះមិនអាចលាក់
      ការសរសើរនិង​ការលើកទឹកចិត្តក្មួយៗទុកតែម្នាក់ឯងបានទេណ៎ា​ព្រោះនេះជាសកម្មភាពដ៏គំរូមួយ។

  3. ជាយូរឆ្នាំហើយ ដែលខ្ញុំបានស្ដាប់ និងស្គាល់អ្នកមីងក្នុងវិទ្យុ។ ជាចំណែកមួយបណ្ដុះស្មារតីខ្ញុំឲ្យកាន់តែស្រឡាញ់ចូលចិត្តលើវិស័យ អក្សរសិល្ប៍តាំងពីតូច អ្នកមីងគឺជាអ្នកគ្រូកំបាំងមុខពីចម្ងាយមួយរបស់ខ្ញុំ ដែលបានរួមចំណែកជួយខ្ញុំឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃ និងទៅមុខ ហាក់ដូចជាចំណងជើងកម្មវិធី៖ ក្រោមដំបូងតែមួយ អ៊ីចឹង។ សូមជូនពរអ្នកគ្រូ ឲ្យជោគជ័យជានិច្ចរាល់កិច្ចការនានា ពិសេសសូមឲ្យមានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសារជានិច្ចនិរន្តន៍។ សូមអរគុណអ្នកគ្រួ!

    • ព្រះអើយ! ​ វាចាដ៏ស្មោះត្រង់របស់ក្មួយបញ្ញានៅ​លើទំព័រវឺតប្រេសរបស់
      អ្នកមីងនេះ ពិត​ជាសព្ទសាធុការពរឆ្នាំថ្មីដ៏ប្រសើរបំផុតសម្រាប់អ្នកមីង​។​
      អ្នកមីងរំភើបរីករាយណាស់ដែលបានដឹងថាអ្នកមីងជាគ្រូកំបាំងមុខពីចម្ងាយ
      ម្នាក់របស់ក្មួយដែលអាចជួយបណ្ដុះស្មារតីក្មួយឲ្យកាន់តែស្រឡាញ់ចូលចិត្ត
      វិស័យអក្សរសិល្ប៍តាំងពីតូច។ អ្នកមីងសូមជូនពរដ៏បវរចំពោះក្មួយ សូមឲ្យ​បានសម្រេចគ្រប់គោលបំណងតូចធំទាំងប៉ុន្មានសមតាមប្រាថ្នាណ៎ាក្មួយណា៎។

  4. ក្មួយ​ពិត​ជា​ស្ដាយ​មែន​ទែន ដែល​មិន​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ ព្រោះ​បាន​ឃើញ​ការ​ផ្សាយ​ ពី​កម្ម​វិធី​នោះ​ដែរ តែ​ដោយ​រវល់​ជាប់​រៀប​ចំ​ណូអែល​នៅ​ព្រះ​វិហារ​របស់​ខ្ញុំ​ចឹង​ទៅ ក៏​អត់​បាន​ទៅ​ចូល​រួម​ កុំ​អី​បាន​ជួប​ជាមួយ​បងប្អូន អ្នក​ភូមិ​វ៉ើត​ប្រេស និង​ហ្វេសប៊ុក​ជាមិន​ខាន ហើយ​ក៏​បាន​ឃើញ​អ៊ុំ​ស្រី​ដែរ! សូម​ជូន​ពរ​ឆ្នាំ​ថ្មី សុខភាព​ល្អ និង​កម្លាំង​ពលំ​មាំ​មួន​ដល់​អ៊ុំ​ស្រី និង​ក្រុម​គ្រួសារ។

  5. សាធុ សាធុ… អ្នកមីង! ក្មួយអរគុណអ្នកមីងច្រើនណាស់ចំពោះអំណរដ៏វិសេសពីអ្នកមីងនេះ។ ក្មួយក៏សូមជូនពរអ្នកមីងដូចគ្នាក្នុងឆ្នាំថ្មីនេះ។ សង្ឃឹមថាថ្ងៃណាមួយ ក្មួយមានឱកាសជួបអ្នកមីងច្រើនជាងពីពេលមុន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s