វិធី​សាស្ត្រ​នៃ​​ការ​និពន្ឋ​ប្រលោមលោកដោយ ​ប៉ិច​ សង្វាវ៉ាន

វិធី​សាស្ត្រ​នៃ​​ការ​និពន្ឋ​ប្រលោមលោក

ដោយ ​ប៉ិច​ សង្វាវ៉ាន

កាលពីចុង​ឆ្នាំ២០១០ ខ្ញុំមានសេចក្តីរីករាយចែករំលែកបទពិសោធន៍នៃការនិពន្ឋប្រលោមលោក

តាមការស្នើសុំពីសមាគមអក្សរសិល្ប៍​នូហាចដែលមានលោក​ឃឹម ​ច័ន្ទសុខអហំប្រធានសមាគមនេះ។

វគ្គនេះបាន​ប្រព្រឹត្តទៅនៅ​ថ្ងៃអាទិត្យទី​៥​ធ្នូ​​ ទី១២​ធ្នូ​ និងទី១៩ធ្នូនៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យនា

ទីក្រុង​ភ្នំពេញ

ដើម្បីទុក​ជា​អនុស្សាវរីយ៍ចំពោះសិក្ខាកាមទាំងអស់​និង​ចំពោះក្មួយៗដែលមានបំណងចង់យល់ដឹង

អំពីវិធីសាស្ត្រនៃការនិពន្ឋប្រលោមលោក ខ្ញុំមានចិត្តសោមនស្សចុះផ្សាយអត្ថបទនេះទាំងស្រុងដូចខាងក្រោម។


ខ្ញុំនិងសិក្ខាកាមថតថ្ងៃ១២ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យភ្នំពេញ

វិជ្ជា​និពន្ឋគ្មានក្បួនច្បាស់លាស់​អាច​យកមក​បង្រៀន​ដូច​មុខ​វិជ្ជា​ដទៃ​ឡើយ ។ យ៉ាង​ណា​មិញ សិល្ប៍វិធី​នៃ​ការ​តែង​និពន្ឋ​ក៏​យ៉ាង​នោះ​ដែរ។​ បើអ្នក​និពន្ឋ​មានចំនួន​ច្រើន​យ៉ាង​ណា​ វិធី​សាស្រ្ត​នៃ​ការ​សរសេរប្រលោមលោក​ក៏​មាន​ច្រើនសម្បូណ៌​បែប​ដែរ។​គឺបាន​សេចក្តី​ថាគ្មាន វិធីសាស្រ្ត​និង​ក្បួន​ខ្នាតណា​មួយ បញ្ជាក់ឲ្យជាក់​ច្បាស់​ថា​យើង​អ្នក​និពន្ឋ​ត្រូវ​តែ​សរសេរ​របៀប​នេះល្អឬក៏​រ​បៀប​នោះ​ប្រសើរ​ទេ​។

ខ្ញុំ​សូម​បង្ហាញ​ចំណុច​សំខាន់​ៗ​និង​ជូន​អនុសាសន៍​ខ្លះ​ៗ​ដើម្បីទុក​ជា​គតិ​សម្រាប់​អ្នក​ដែល​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ដូច​ត​ទៅ​នេះ ៖គុណភាព​ចំបង​នៃ​ការ​សរសេរ​ប្រលោមលោក គឺ​ការ​ព្យាយាម​របស់​អ្នកនិពន្ឋ​។ ​អ្នកនិពន្ឋ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ក្តី​អស់​សង្ឃឹម​នៅ​ពេល​ទទួល​បរាជ័យ​ និង​ពេល​ទទួល​ការ​ទិតៀន​ឡើយ​។​   គួរ​គិត​ថា ​ស​រសេរ​បាន​មួយ​ទំព័រ​ថ្មី​បាន​បទ​ពិសោធន៍​មួយ​ថ្មី​។ចូរ​ហាត់​សរសេរ​ហើយ​សរសេរ​ទៀត​ លុះតា្រ​តែ​អាច​សរសេរ​ងាយ​និង​រអិល​រលូន​ ដោយ​មិន​ចាំ​បាច់​ប្រឹង​គិត​យូរ​ទម្រាំ​សរសេរចេញ​មួយ​ឃ្លា​និង​មួយ​ប្រយោគ​នោះ​ទេ​។

អត្ថរូប អត្ថរស​និង​ អត្ថន័យ

ការ​សរសេរ​ប្រលោមលោក​ឈរ​លើ​វិធី​ជា​គ្រឹះ​ទាំង​៣​គឺ៖

– អត្ថរូប

– អត្ថរស​និង

– អត្ថន័យ​នៅ​ក្នុង​នេះ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ខ្លឹមសារ​។

១-​ អត្ថរូប សំដៅ​លើ​ដំណើរ​សាច់​រឿង​ទាំង​មូល​។

២-​អត្ថរស ជាសោភ័ណ​នៃ​អក្សរសិល្ប៍​និង​ជា​បច្ច័យ​ចំបង​នៃ​ការ​តែង​និពន្ឋ​នៅ​ក្នុង​អង្គ​រឿង​ទាំង​ស្រុង​។ អត្ថរស​មាន​គ្រប់​កម្រិត​គឺ​៖

– កម្រិត​នៃ​ការ​ប្រើ​ពាក្យ​ពេចន៍​និង​ឃ្លា​ប្រយោគ​ឲ្យ​ពីរោះ​រណ្តំ

– កម្រិត​ទឹក​ដៃ​ឬ​ទេពកោសល្ល

– កម្រិត​ខ្លឹមសារ​រឿង​ប្រលោមលោក​។ល។

ទាំង​អស់​នេះ សុទ្ឋ​សឹង​ជា​សិល្ប៍វិធី​ដែល​អ្នក​និពន្ឋ​គួរ​តែ​សម្រិត​សម្រាំងឲ្យ​បាន

ទៅដល់​កម្រិត​មួយ មិន​ខុស​គ្នាពី​អ្នក​និទាន​រឿង​ដែល​បាន​វោហារ និង ​ប៉ិន​ប្រសប់និយាយ​រៀប​រាប់​ក្បោះក្បាយ​យ៉ាង​ពីរោះ​ឥត​អាក់​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ចាប់អារម្មណ៍​ចង់​ស្តាប់​មិន​ជិន​ណាយ​នោះ​ទេ​។ យ៉ាង​ណា​មិញ​ អ្នក​និពន្ឋ​ក៏​ត្រូវ​តែ​ចេះ​ប្រើ​សិល្ប៍វិធី​ដើម្បី​ទាក់​ទាញ​អ្នក​អាន​ឲ្យ​ស្លុង​ចូលទៅ​ក្នុង​សាច់​រឿង​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍​ហើយ​ចង់​អាន​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ​ទៀត​ ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ទៀត​មិន​ធុញ​ទា្រន់​។

អ្នក​និពន្ឋ​ខ្លះ​ដែល​មាន​ទេព​កោសល្ល​ដុះ​ពី​កំណើតមក ​ពូកែ​រៀប​ចំ​ដំណើរ​សាច់រឿង​ណាស់​។ ប៉ុន្តែ ​អ្នក​និពន្ឋ​មួយ​ចំនួន​ត្រូវ​ចំណាយ​ពេល​យូរ​ទើបអាច​រៀប​ចំ​ប្លង់រឿងបាន​គឺ​យូរ​ជាង​សរសេរ​រឿង​។  ឯ​អ្នក​និពន្ឋ​ខ្លះ​ទៀត​ចាប់​សរសេរ​តែ​ម្តងមិន​ចាំ​បាច់​ធ្វើ​ប្លង់​មុន​ទេ​តែ​គេ​តែង​រឿង​បាន​ល្អ​ទៀត​ផង​។

៣-អត្ថន័យ​ ឬ ខ្លឹមសារ

អត្ថន័យ​នៃ​រឿង​ប្រលោមលោក​សំដៅជា​ពិសេស​លើ​ខ្លឹម​សាររបស់​រឿង​។​ អ្នកអាន​ឃើញច្បាស់​នៅ​ចុង​បញ្ចប់​រឿង​ប្រលោម​លោក​និមួយ​ៗ​។ដោយ​សារ​ខ្លឹម​សារ​នៃ​រឿង​ទើប​អ្នក​អាន​អាច​វាយ​តម្លៃ​ថា​ប្រលោមលោក​មានឧត្តមគតិ​ឬ​គ្មាន​។ អ្នក​និពន្ឋ​គួរ​តែ​យល់​ដឹង​អំពី​តួ​នាទី​របស់​ខ្លួន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​បុគ្គល​ដែល​ជា​កោសិកា​របស់​សង្គម​។  អ្នក​និពន្ឋ​ក៏​មិន​គួរ​ភ្លេច​ដែរអំពី​តួ​នាទី​របស់​អក្សរសិល្ប៍​គឺ​អប់រំ​។

កាល​ណា​អ្នក​និពន្ឋ​យល់​ច្បាស់​អំពី​តួ​នាទី​របស់​ខ្លួន​ហើយ​គេ​មុខ​ជា​ដឹង​ច្បាស់​ថា តើ​គេ​គួរ​ជ្រើស​រើស​យក​ប្រធាន​បទ​ណា​មក​សរសេរ​ដើម្បី​ឲ្យទទួល​បានការ​គាំទ្រ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ពី​​អ្នក​អាន​របស់​ខ្លួន​ដែល​មាន​ឧត្តមគតិ​។ ​អ្នក​និពន្ឋ​មិន​គួរ​គិត​ថាខ្លួន​សរសេរ​ប្រលោមលោក​ដើម្បី​គ្រាន់​តែ​ជួយ​កំសាន្ត​ចិត្ត​បន្ឋូរ​អារម្មណ៍​អ្នក​អាន​នោះ​ទេ​ ទោះបី​ជា​មនុស្សមួយ​ចំនួន​នៅ​តែ​មានគំនិត​គិតថា ​ប្រលោមលោក​មិន​បាន​ការ​គ្រាន់តែ​គ្រឿង​កំសាន្ត​ចិត្ត​មួយ​តែ​ប៉ុណ្ណោះ​ក៏ដោយ​។

 

ចំណង​ជើងរឿង​ប្រលោម​លោក

ថ្វី​ត្បិត​តែ​ការ​រក​ចំណង​ជើង​ដាក់​ឲ្យ​រឿង​ប្រលោមលោកងាយ​ជាងតែង​រឿងក៏​ពិត​មែន ​តែ​យើង​ជា​អ្នក​និពន្ឋ​មិន​ត្រូវ​មើល​ស្រាល​ទេ ព្រោះ​ថាចំណងជើងអាចចាត់ទុកជា​ធ្នាក់​ទាក់​ទាញ​ចិត្ត​អ្នក​អាន​ឲ្យ​ចង់​អាន​សៀវភៅ​របស់​យើង​។ចំពោះ​ខ្ញុំ ការ​ដាក់​ចំណង​ជើងនៅ​មុន​ពេល​តែង​រឿងវា​ងាយ​ស្រួល​សរសេរ​និងមិន​ឲ្យប្រាស​ចាក​ប្រធាន​បទ​និង​ខ្លឹមសារ​នៃ​រឿង​នីមួយ​ៗ​។បើ​កាល​ណា​សរសេរ​រឿង​ចប់​ទើប​រក​ចំណងជើង​ដាក់​តាម​ក្រោយនោះ ​វា​នាំ​ឲ្យពិបាក​ទៅ​វិញ​ ពីព្រោះ នៅ​ក្នុង​ផ្ទៃ​រឿង​នីមួយ​ៗ​តែង​តែ​មាន​បញ្ហា​ស្មុគ​ស្មាញជំពាក់​វាក់​វិន​​សាំញ៉ាំ​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ឋ​រារែក​មិន​អស់​មិន​ហើយ​។នៅ​ពេល​នោះ​ អ្នកនិពន្ឋ​​មិន​ដឹង​ដាក់​ចំណងជើង​អី្វ​ឲ្យ​សម​ស្របទៅ​សាច់​រឿង​ទៅ​វិញ​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  សូម​កុំ​ភ្លេច​ថា   ចំណង​ជើងរឿង​ប្រលោម​លោកនិមួយ​ៗ​ក៏​សំខាន់​ណាស់​ដែរ ដោយ​ហេតុ​ថា​ ​បើ​សាច់​រឿង​មាន​ឧត្តម​គតិ​ មាន​ខ្លឹម​សារ​ស៊ី​ជម្រៅ  ​តែ​ផ្ទុយ​ទៅ​វិញ​​ចំណង​ជើង​បែរ​ជា​ស្រាល​រាក់​កំផែល​មិន​ឆក់ទាញ​ចំណាប់​អារម្មណ៍ ឬ​មិន​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ចង់​ដឹង​បន្តិច​សោះ ​គេ​ក៏​មិន​សូវចង់​ទិញ​សៀវភៅ​របស់​យើង​ប៉ុន្មាន​ដែរ​ ព្រោះ​គេ​មិន​ទាន់​បាន​អានបាន​ដឹង​សាច់​រឿង​ខាង​ក្នុង​នៅ​ឡើយ​។ ម៉្យាង​ទៀត នៅ​បណ្ណាគារ​មាន​សៀវ​ភៅ​តាំង​លក់​ជា​ច្រើន​ដែលធ្វើឲ្យ​អ្នក​អាន​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​សៀវភៅ​។​​ ដូច្នេះ​ ខ្ញុំ​សូម​គូសបញ្ជាក់​ថា ចំណង​ជើង​ប្រលោមលោក​និមួយ​អាច​ចាត់​ទុក​ជា​ដែក​ឆក់​ទាក់ទាញ​ចិត្ត​អ្នក​អាន​បាន ​ប្រសិន​បើ​យើង​ជា​អ្នក​និពន្ឋ​ថ្មី​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ប្រលោមលោកជាលើកដំបូង​។​ នេះ​ជា​ការពិសោធន៍​ផ្ទាល់​របស់ខ្ញុំ​ក្នុង​ការ​រក​ចំណងជើង ​នៅ​ពេល​ខ្ញុំ​និពន្ឋ​រឿង «​នេះ​ឬ​ចិត្ត​ប្រុស​?»​ ឆ្នាំ១៩៦៨​។

តួអង្គ

អ្នក​និពន្ឋ​ជា​អ្នក​ផ្តល់​កំណើត​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ប្រលោមលោក​របស់​ខ្លួន​។ ​តួអង្គ​ទាំង​អស់​ដែល​អ្នក​និពន្ឋ​បាន​បង្កើត​ឡើងទោះ​បី​ជា​មាន​ចំនួន​តិច​ឬ​ច្រើន​ក៏ដោយ​ក៏​សុទ្ឋ​តែ​ជា​កម្លាំង​យន្តការ​របស់​រឿង​ប្រលោមលោក​និមួយ​ៗ​ដែរ​។ បើ​សិន​ជា​តួ​អង្គ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​តួ​អង្គ​នោះ​ឯង​អាច​ធ្វើ​ឲ្យ​អ្នក​អាន​ជឿ​ស្លុង​ហើយ​ជាប់​ចិត្ត​ដិត​អារម្មណ៍​ជា​មួយ​ជា​និច្ច​។ ​អ្នក​អាន​ហាក់​ដូច​ជា​មើល​ឃើញ​តួ​អង្គ​ទាំង​ប៉ុន្មានក្នុងសៀវភៅប្រលោមលោក​ ជា​មនុស្ស​មាន​ជីវិត​រស់​រវើក​ស្រស់​ៗពិត​ៗ​នៅ​លើ​ទំព័រសៀវភៅ​ដែល​គេ​កំពុង​តែ​កាន់​អាន​ដូច​គេ​កំពុងតែ​ទស្សនា​ភាពយន្ត​អ៊ីចឹង​។ លក្ខណៈ​ត្រង់​នេះ​បង្ហាញឲ្យ​ឃើញ​ថា អ្នក​និពន្ឋ​សៀវ​ភៅ​នោះ​ពិត​ជា​មាន​ទឹក​ដៃ ​ប្រកប​ដោយទេព​កោសល្យ​ខ្ពស់​មែន​។ ​សៀវ​ភៅ​របស់​គេ​និង​បាន​ទទួល​ជោគជ័យ​មិន​ខាន​ឡើយ​។

ចំពោះ​អ្នក​និពន្ឋ​ដែល​ទើប​នឹង​ចាប់​ផ្តើម​សរសេរ​លើក​ដំបូង​ បើ​សិន​ជា​ជួប​ប្រទះ​ការ​ពិបាក​ឬ​ទាក់​ទើ​ត្រង់កន្លែង​ណា​មួយព្រោះខ្លួន​មិន​ទាន់​ពូកែ​ប្រឌិត​រឿង​នៅ​ឡើយ​  សូម​កុំរា​រែក​សរសេរ​យក​តាម​លំនាំ​រឿង​ពិត​និង​រូប​សម្បត្តិ​ឬចរិយាសម្បត្តិ​របស់​អ្នកណា​ម្នាក់​ដែល​ខ្លួន​ស្គាល់​មក​ដាក់​នៅ​ក្នុង​តួ​អង្គ​ក្នុង​រឿងប្រលោមលោក​របស់​ខ្លួន​។ ប៉ុន្តែ ​ត្រូវ​តែ​ចៀស​វាង​ដាច់​ខាត​កុំ​ដាក់​ឈ្មោះ​ពិត អាស័យដ្ឋានពិត ​កន្លែង​រស់​នៅពិត ​ផ្ទះ​សម្បែង និង​រថយន្ត​ពិត​។ល។​របស់​ជន​ណា​នោះ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់កិត្តិយស​របស់​គេ ​និងដើម្បី​ចៀស​វាង​ការ​ប្តឹង​ផ្តល់​អំពី​បទ​បរិហារ​កេរ្តិ៍​។ ​​នេះ​ក៏​ដូច​គ្នា​ដែរ ក្នុង​ករណី​អ្នក​និពន្ឋ​ដែល​សរសេរ​រឿង​ពិត​។

ចំពោះអ្នក​និពន្ឋ​ដែល​សរសេរ​រឿង​ប្រឌិតវិញ​ គេ​អាច​ចម្លង​យក​ឧត្តមគតិ​​និង​អត្តចរិត​របស់ខ្លួ​នផ្ទាល់​មក​ដាក់​ក្នុង​តួអង្គ​សំខាន់​ៗ​ឬ​តួ​អង្គ​ឯក ​ដូច​ជា​ក្នុង​ករណី​របស់​ខ្ញុំ​។ឧ​ទាហរណ៍​៖  ក្នុង​រឿង​«ខ្យល់​សមុទ្រ» ខ្ញុំ​បាន​ច្បិច​យក​សកម្មភាព​ខ្ញុំ​ក្នុង​ការលើក​ស្ទួយ និង​បម្រើ​អក្សរសាស្ត្រ​ជាតិ ដោយ​បាន​ចម្លង​បុគ្គលិក​លក្ខណៈ ចិត្ត​គំនិត​និង​ឩត្តមគតិ​របស់​ខ្ញុំ​មក​ផ្តិត​ដាក់​លើ​តួអង្គ​ឈ្មោះ​ឩត្តមតួ​នាង​ទេវីវណ្ណ​ និង តួ​អង្គ​អ្នក​ស្រី​កល្យាណី    ​​(សូម​អាន​រឿង​«ខ្យល់​សមុទ្រ»នេះ​នៅ​ក្នុងសៀវភៅ​ប្រលោមលោក​ដែល​មាន​ចំណងជើង​ថា​«ស្រមោល​ស្នេហ៍»

ឈ្មោះ​តួ​អង្គ

ការ​ជ្រើស​រើស​ឈ្មោះ​តួ​អង្គ​ជា​សេរីភាព​ដ៏​ទូលំ​ទូលាយមួយ​របស់​អ្នក​និពន្ឋ​រាល់​រូប។​ អ្នក​និពន្ឋ​អាច​ដាក់​ឈ្មោះ​អាក្រក់ ​ឈ្មោះ​ល្អ ​ឈ្មោះ​វែង​ ឈ្មោះ​ខ្លី ឈ្មោះ​ខ្មែរ ឈ្មោះ​បរទេសទៅ​តាម​ចំណូល​ចិត្តរបស់​ខ្លួន ​និងសម្រប​ទៅ​តាម​សកម្ម​ភាព​ ស្ថាន​ភាព​គ្រួសារ តួ​នាទីក្នុងសង្គម​ និង​ទី​កន្លែង​រស់​នៅរ​បស់​តួ​អង្គ​នីមួយ​ៗ​ក្នុង​សាច់​រឿង។ ​នេះ​ក៏​ជា​ករណី​របស់​ខ្ញុំ​ដែរ តែ​នេះ​ក៏​ពុំ​មែន​ជា​ក្បួនដែរ។គួរ​តែ​បង្កើត​តួ​អង្គ​និង​ដាក់​ឈ្មោះ​តួ​អង្គ​មុន​នឹង​ចាប់​ផ្តើម​សរសេរ​រឿង។ ម្យ៉ាងទៀត ដើម្បី​កុំ​ឲ្យ​ភ្លេច ព្រោះ​មិន​បាន​សរសេរ​រាល់​ថ្ងៃ ឬ​ក៏​រវល់​អាក់​ខាន​ជាប់​ភារៈ​កិច្ច​ផ្សេង​ៗ​យូរ​ថ្ងៃ​ខែ​ឆ្នាំ គួរ​តែ​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​តួ​អង្គ​ទាំង​អស់​    និង​ដាក់សកម្មភាព​តួ​អង្គ​និមួយ​ៗ​យ៉ាង​សង្ខេប​ពីរ​បី​ម៉ាត់​ឬ មួយ​ឃ្លា​យ៉ាង​ខ្លី​ជា​ការ​ល្អ​។

ទិដ្ឋភាពក្នុងបន្ទប់សិក្សានៅក្នុងការិយាល័យសមាគមអក្សរសិល្ប៍នូហាច

ការ​ពិពណ៌នា​ដែល​មិន​គួរ​ធ្វេស​ប្រហែស

ក្នុង​ការ​សរសេរ​ប្រលោមលោក​ ការ​ពិពណ៌នា​ជា​បញ្ហា​មួយ​ដ៏​ពិបាក​សម្រាប់អ្នក​និពន្ឋ​មួយ​ចំនួន​។​ ជួន​កាល​ ការ​ពិព៌ណនា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​អាន​ខ្លះ​ធុញទ្រាន់​ដែរ​ ប្រសិន​បើ​ការ​ពិពណ៌នា​នោះ​វែង​អន្លាយ​ពេក   ​ពីព្រោះ​អ្នក​អាន​កំពុងតែ​ជក់​ចង់​ដឹង​រឿង​បន្ត​ទៅ​មុខ​។ ប៉ុន្តែ ការ​ពិពណ៌នា​អំពី​ពិភព​ដែល​ជា​ដំណើរ​វិវតិ្តន៍​នៃ​តួ​អង្គ​​ពិត​ជា​មាន​សារៈ​សំខាន់​​ណាស់។​ ដូច្នេះ​​អ្នក​និពន្ឋ​មិន​គួរ​ប្រហែសឡើយ​។ អ្នក​និពន្ឋ​ក៏​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្កើត ​និង​បង្ហាញ​ទី​តាំង​ឆាក​និមួយ​ៗ​ដែរ ​ត្រូវ​ចេះ​ដាក់​ពណ៌ ​ដាក់​សម្លេង ដាក់​ពន្លឺ ដាក់​ក្លិន​ពោល​គឺ ផ្តល់​ជីវិត​ឲ្យ​តួ​អង្គ​តាម​ការ​ស្រមៃរ​បស់​ខ្លួន​ និង​ចេះ​ឆ្នៃ​ប្រឌិត​រូប​ភាពឲ្យ​សម​ស្រប​ទៅ​តាម​សកម្មភាព ​និង​ទី​កន្លែង​ដែល​តួ​អង្គ​នីមួយ​ៗ​កំពុង​ស្ថិត​នៅ បី​ដូច​ជា​រៀប​ចំ​ឆាក​ថត​ភាពយន្ត​អ៊ី​ចឹង​។ដូច​គ្នា​ដែរ  ចូរ​កុំ​ស្ទាក់​ស្ទើរ​កាត់​ពាក្យ​សន្ទនា​ហើយ​ជំនួស​ដោយ​ការ​ពិពណ៌នាខ្លីៗ​ដើម្បី​ធ្វើ​ឲ្យ​តួអង្គ​របស់​អ្នក​មាន​ចលនា​។​ ត្រូវ​តែ​ធ្វើ​ឲ្យ​តួ​អង្គ​មាន​សកម្មភាព​ខ្លះ​នៅ​ពេល​កំពុង​និយាយ ​ឧទាហរណ៍ ​ក្រោក​ឈរ​ឡើង ​ដើរ​ទៅ​កាន់​បង្អួច ​ ផ្តេក​ខ្លួន​លើ​កៅអី​ពូក លើក​កែវ​ផឹក​ទឹក ជក់​បារី…​ជា​ដើម​។ល។ទៅ​តាម​ដំណើរ​សាច់​រឿង​នៅ​ក្នុង​វគ្គ​និមួយ​ៗ​​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​តួ​អង្គ​របស់​យើងដែល​ជា​តួ​អក្សរ​ក្លាយ​ទៅ​ជា​មនុស្ស​ពិត​ៗ​មាន​វិញ្ញាណនិង​មាន​ចលនា​រស់​រវើក​។​រី​ឯ​ការ​ពិព៌ណនា​អំពី​រូប​សម្បត្តិ​ក្តី​ ​ចរិយា​សម្បត្តិ​ក្តី​ ​សម្លៀក​បំពាក់​របស់​តួ​អង្គ​ក្តី​ក្នុង​ដំណើរ​រឿង​ក៏​ជា​ការ​ចាំបាច់​មួយ​ដែរ​ដើម្បី​ជូន​ព័ត៌មាន​ដល់​អ្នក​អាន​។

ឧទាហរណ៍​៖ក្នុង​រឿង​ខ្យល់​សមុទ្រ​ត្រង់​ទំព័រ​ទី​៧៣  ខ្ញុំ​មិន​ទាន់​បាន​បង្កើត​តួ​អង្គឈ្មោះ«កល្យាណី»​ភ្លាមទេ។ ​ខ្ញុំ​គ្រាន់​តែ​ពិពណ៌នា​តួ​អង្គ​នេះ​តាម​រយៈ​អារម្មណ៍​របស់ឧត្តម​នៅ​ពេល​ដែល​គេ​បាន​ឮ​សំឡេង​ម្តាយ​លើក​ឈ្មោះ​កល្យាណី​មក​ផ្គូរផ្គង​ជា​មួយ​គេ​។ ​អ្នក​អាន​បាន​ស្គាល់​តួអង្គ​នេះ​តាមរយៈ​ការ​រៀប​រាប់​របស់​ឧត្តម​ថា៖ ​ <តាម​ពិត​ អ្នក​ស្រី​កល្យាណី​មាន​គ្រួសារ​ថែមទាំង​មាន​កូន​ធំៗ​ទៀត​ផង។​  ខ្ញុំ​ទុក​គាត់​ដូច​ជា​បង​ស្រី​បង្កើត​​របស់​ខ្ញុំ​ដូច្នោះ​។​ គាត់​ជា​មិត្ត​នារី​ល្អ​ម្មាក់​ដែលមាន​គ្រប់​គុណ​សម្បត្តិ​គួរ​ឲ្យ​សង្ឃឹម​និង​ទុក​ចិត្ត​បាន។​ គាត់​ជា​មនុស្ស​ត្រឹម​ត្រូវ​មិន​យក​គុណជា​ទោស​មិន​យក​ស​ជា​ខ្មៅ​​ ខុស​ហើយ​និង​ត្រូវ​គាត់​ចែក​គ្នា​ដាច់​ស្រឡះ។​ មិន​តែ​ប៉ុ​ណ្ណោះ អ្នក​ស្រី​កល្យាណី​ជា​មនុស្ស​សាច់​ការ​មាន​ប្រសិទ្ឋភាព​ក្នុង​ការងារ​និង​ក្នុង​ទំនាក់ទំនង​ផ្សេងៗ…………………………………..កណ្តាល​ទី​ឡើយ > ។

បញ្ហា​នៅ​ក្នុង​រឿង​ប្រលោមលោក

អ្នក​និពន្ឋជា​អ្នក​បង្កើត​បញ្ហា​ផង ចង​បញ្ហា​ផង និង​ដោះ​ស្រាយ​បញ្ហា​ផង​។​ បញ្ហា​ទាំង​នោះ​ ជួន​តឹង​ក៏​មាន ​ជួន​ធូរ​ក៏​មាន​។​ វិបត្តិ​ខ្លះ​ជំពាក់​វាក់​វិន​ខ្លាំង​ពេក​និង​តឹង​ឡើង​ៗ​រហូត​ដល់​ចំណុច​កំពូល​ ជួន​កាល​ក៏​ធូរ​ស្រាល​ទៅ​វិញ​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  ​អ្នក​និពន្ឋ​ត្រូវ​ចេះ​លាក់​អាថ៌​កំបាំងទុក​ឲ្យ​អ្នក​អាន​ឆ្ងល់​ជា​និច្ចដើម្បី​ឲ្យ​អ្នក​អាន​ចង់​ដឹង​តាម​ដាន​រហូត  និង​កុំ​ឲ្យ​អ្នក​អាន​ទាយ​ត្រូវ​មុនអ្នក​និពន្ឋ​ដោះ​ស្រាយ​បញ្ហា​។ ​ប៉ុន្តែ​អ្នក​និពន្ឋ​មិន​ត្រូវ​ទុក​សភាព​តាន​តឹង​នេះ​រហូត​ទាល់​តែ​ធ្វើឲ្យ​​អ្នក​អានទ្រំា​លែង​បាន​ រួច​ទម្លាក់​សៀវភៅ​លែង​មើល​ត​ទៅ​ទៀតនោះ​ទេ​។​ ដូច្នេះ គួរ​តែ​បន្ឋូរ​បញ្ហា​ខ្លះ​ ដើម្បី​ឲ្យ​អ្នក​អាន​បាន​ធូរស្រាល​អារម្មណ៍​។ ទាំង​នេះ​ជា​បច្ចេក​ទេស​និង​ជា​ទេពកោសល្លរបស់​អ្នក​និពន្ឋ​រាល់​រូប​ពុំ​មាន​ក្បួន​ណា​បង្ហាញ​ទេ​។

ខ្ញុំនិងលោក ឃឹម ច័ន្ទសុអហំជាមួយសិក្ខាកាមថតនៅថ្ងៃ១២ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ

លក្ខណៈ​អ្នក​និពន្ឋ

អ្នក​និពន្ឋ​មាន​លក្ខណៈ​ប្លែក​ច្រើន​ឬ​តិច​ពី​មនុស្ស​ដទៃ​។ ​ជួន​កាល មនុស្ស​ទូទៅ មើល​មិន​ឃើញសោះ តែ​អ្នក​និពន្ឋ​មើល​ឃើញលំ​អិត​គ្រប់​ជ្រុង  ព្រោះអ្នក​និពន្ឋមាន​ឧបនិស្ស័យ​ជា​អ្នក​ចូល​ចិត្ត​សង្កេត​និងចូលចិត្ត​វិភាគ​បញ្ហា​ផ្សេង​ៗដែល​គេបាន​ប្រទះ​ឃើញ​ម្តង​ៗ​។ ​គេ​ក៏​ប៉ិន​ស្រមៃ​និង​ចេះ​ឆ្នៃ​ប្រឌិត​រឿង​ពិត​ខ្លះ​ឲ្យ​ទៅ​ជា​មិន​ពិត​បាន​ដែរ​ បើ​កាល​ណាគេ​យក​រឿង​ពិត​របស់​នរណា​ម្នាក់​មក​សរសេរ​។

ឧត្តមគតិ​អ្នកនិពន្ឋ

គេ​ចាត់​ទុក​និពន្ឋ​ជា​វិស្វករ​នៃ​គំនិត ឬ​វិស្វករ​នៃ​ព្រលឹង។ គេ​ក៏​អាច​ចាត់​ទុក​អ្នក​និពន្ឋ​ជា​អ្នក​អប់រំ​ និង​ជា​មនុស្ស​ដែល​មាន​ឧត្តម​គតិមួយ​រូប​ដែល​មាន​ភារៈ​រួម​ចំណែក​ជួយ​កែ​ឆ្នៃ​និង​ពត់​ហាត់​តម្រែ​តម្រង់​និស្ស័យ​មនុស្ស​និង​សង្គម​។ ​យ៉ាង​ណា​មិញ អ្នក​និពន្ឋក៏​ជា​សិល្បករ​មួយ​រូប​ដែរ​។ បើ​អ្នក​និពន្ឋ​ចេះ​បង្កើត​តួ​អង្គ​គ្រប់​ប្រភេទ​គ្រប់​ស្រទាប់​វណ្ណៈ​ថានៈ​ក្នុង​សង្គម​បាន ​គេ​ក៏​អាច​សម្តែង​គ្រប់​តួ​​ទាំង​អស់​បាន​ដូច​គ្នា​​ដែរ​។ ក្នុង​ពេល​សរសេរ គេ​ដាក់​ចិត្ត​គំ​និតនិង​ព្រលឹងរ​បស់​គេ​ទៅ​ក្នុង​តួ​អង្គ​និមួយៗ​បាន​តាម​រយៈ​ទឹក​ប៉ាកកា​  និង​ការ​ស្រមើ​ស្រមៃ​របស់​គេ​យ៉ាងងាយ​។​ ខ្ញុំ​ចង់​បញ្ជាក់​ថា ​មិន​មែន​ទាល់​តែ​ខ្លួន​ធ្លាប់​បាន​ហែល​ឆ្លង​រឿង​រ៉ាវ​វិបត្តិ​ក្នុង​ជីវិត​ជោគ​ជាំ​ទើប​អាច​សរសេរ​បាន​ល្អ​នោះ​ឡើយ​។

បើ​និយាយ​ពី​​អ្នក​​និពន្ឋ​ដែល​សរសេរ​រឿង​ពិត​របស់​ខ្លួន​វិញ អ្នក​និពន្ឋ​ប្រភេទ​នេះ​​មិន​ត្រូវ​ការ​ប្រើ​ការ​ស្រមៃច្រើន​ទេ។ ​​​គេ​ត្រូវ​ការ​ប្រើ​ពាក្យ​ពេចន៍​ឲ្យ​ពីរោះ​និង​រៀប​ឃ្លា​ប្រយោគ​ឲ្យ​ល្អ​ៗ​និង​ច្បាស់ៗ​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​អាន​ងាយ​យល់​និង​ងាយ​អាន​ ជា​ពិសេស  គេ​ត្រូវ​តែ​ដឹង​ច្បាស់​ថា​តើ​ដំណាក់​កាល​ត្រង់​ណា​មួយ​នៅ​ក្នុ​ង​ជីវិតរបស់​គេ​ដែល​គេ​គួរ​លើក​យក​មក​សរសេរ​មុន​ដំបូង និង​សរសេរ​ជា​បន្ត​បន្ទាប់​មក​ទៀត​។​ សម្រាប់​អ្នក​និពន្ឋ​ទូទៅ ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​និង​ការរៀប​ចំឃ្លា​ប្រយោគ​ឲ្យ​ពីរោះ​រណ្តំ​សុទ្ឋ​សឹង​ជា​ឧបករណ៍​សំខាន់ និង​ជា​សិល្ប៍​វិធីនៃ​ការ​និពន្ឋ​រឿង ​។

ចំណុច​សំខាន់​មួយ​ទៀត​ គឺ​ការ​ជ្រើស​រើស​ប្រធាន​បទ​ដែល​មាន​ខ្លឹម​សារ ឬ​ជា​ឧត្តម​គតិ​របស់​រឿង​និមួយ​ៗ​។​ អ្នក​និពន្ឋ​ត្រូវ​ដឹង​ថា​ ​បើ​ខ្លួន​សរសេរ​រឿង​អ្វី​មួយ​ ​ខ្លួន​ច្បាស់ជាដឹង​ថាខ្លួន​​ចង់​ផ្តល់​អ្វី​ម៉្យាង​ទុក​ជា​គតិ  និង​ជា​មេរៀន​ដ៏​ល្អ​ប្រពៃ​មួយ​​ដ៏មាន​សារៈ​ប្រយោជន៍​ដល់​អ្នក​អាន​របស់​ខ្លួន ជា​ជាង​នាំ​អ្នក​អាន​ឲ្យ​អណ្តែត​អណ្តូង​ធ្លាក់​ទៅ​ក្នុង​អន្លុង​កាម​គុណ និង​អំពើ​អបាយមុខ​ពាលា​អាវ៉ាសែដែល​បណ្តាល​ឲ្យ​ខូច​សតិ​អារម្មណ៍ខូច​អនាគត​យុវវ័យ​ឥត​បាន​ការ​។ ​យើង​ដឹងហើយ​ថា អ្នក​និពន្ឋ​មាន​សិទ្ឋិ​សេរីភាព​ទូលំ​ទូលាយ​ពិត​មែន តែ​គេ​មិន​ត្រូវ​ប្រើ​ប៉ាកកា​របស់​ខ្លួន​ធ្វើ​ជា​អាវុធ​សម្រាប់​ប្រហារ​ឬ​ជេរ​ប្រមាថ​បំបាក់​មុខ​មាត់​បង្អាប់​បង្អោន​កេរិ៍្ត​ឈ្មោះ​ជន​ណា​ម្នាក់​ឲ្យ​កើត​ក្តី​អម៉ាស់​បាត់​បង់​កិត្តិយស ព្រោះ​តែ​ប៉ាកកា​និង​ទឹក​ខ្មៅ​របស់​ខ្លួន​សោះ​ឡើយ​។ គួរ​គប្បី​ធ្វើ​ឲ្យ​ដង​ប៉ាកកា​ឬ​ទឹក​ប៊ិច​របស់​ខ្លួន​ឲ្យ​មានប្រយោជន៍​សម្រាប់​បុគ្គល​និង​សង្គម​ជាងសរសេរតិះដៀលគេឥតបានការ។​ ដរាប​ណា​អ្នក​និពន្ឋ​ម្នាក់ៗ​យល់​តួ​នាទី​របស់​ខ្លួន​ច្បាស់​ដូច​បាន​លើក​ឡើង​នៅ​ខាង​ដើម​វគ្គ ដរាប​នោះ​អ្នក​និពន្ឋ​នោះ​ឯង ​និង​ក្លាយ​ជា​មនុស្ស​ដ៏​ជា​ទី​ស្រឡាញ់​គាប់​ចិត្ត ជា​ទី​គោរព​និង​បានទទួលការកោត​សរសើរ​ពី​អ្នក​អាន​គ្រប់​ជាន់​ថ្នាក់ ​និង​គ្រប់​កាល​សម័យ​។​ យ៉ាង​ណា​មិញ​ ស្នាដៃ​ ​របស់​គេ​ក៏​នៅតែរស់​រវើក​ឥត​ស្រក​ស្រុត​និងឥត​សាប​រលាបឡើយ​។ អ្នក​អាន​ជំនាន់​ណា​ក៏នៅ​តែ​ចាត់​ទុក​ស្នាដៃ​របស់​គេ​មាន​ខ្លឹម​សារ​ជា​និច្ច​ជា​កាល​។​នេះ​ជា​សោភ័ណ​អមតៈនៃ​អក្សរសិល្ប៍​ប្រភេទ​នោះ​។យើងដឹងហើយថាអ្នក​និពន្ឋ​ប្រលោមលោកជា​សាក្សី​ម្នាក់​របស់​សង្គម​ដែល​ខ្លួនកំពុង​រស់​នៅ​។ដូច្នេះ​​ស្នាដៃ​អក្សរ​សិល្ប៍​របស់​គេ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម​នោះឯង។ ​អាស្រ័យហេតុនេះ អ្នក​និពន្ឋ​ត្រូវ​ហ៊ាន​លើក​យក​បញ្ហា​គ្រប់​យ៉ាង​នៅ​ក្នុង​សង្គម​ជាតិ​មកពិចារណា​ និង​រិះ​គន់ ​ព្រម​ទាំង​ដោះ​ស្រាយ​ក្នុង​សំណេរ​របស់​ខ្លួន។​ ទម្លាប់​ចាស់​គំរិល​ណា​មួយ​ឥត​បាន​ការ អ្នក​និពន្ឋ​គួរ​តែ​ហ៊ាន​ជម្រុះ​ចោលដើម្បី​អភិវឌ្ឍ​ចិត្ត​គំនិត​និង​ស្មារតី​អ្នក​អាន​ផង​និង​ដើម្បី​កុំ​ឲ្យ​ស្នាដៃ​អក្សរសិល្ប៍​សម័យ​បច្ចុប្បន្ន​នេះ​និង​សាច់​រឿង​ប្រលោមលោក​កាល​ពី​ជំនាន់​៣​ឬ​៤​ទសវត្សរ៍​មុន​ស្ថិត​នៅ​ក្នុង​ពុម្ព​តែ​មួយ​គ្មាន​ការ​វិវត្តន៍គ្មាន​គំនិត​ថ្មី​គ្មាន​ទស្សនៈ​ប្លែក​សម្រាប់​អ្នក​អាន​។

ឩទា​ហរណ៍​ ៖ «ទ្រឹស្តី​នំ​មិន​ធំ​ជាង​នាឡិ៍» និង«ការ​ប្រកាន់​វណ្ណៈ»ក្នុង​ការ​ទុកកូន​ចៅ​ឲ្យ​មាន​គូ​ស្រករ​​ នៅ​តែជា​បញ្ហា​ចំបង​មួយ​ដិត​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​មាតា​បិតា​មួយ​ចំនួន​តាំងពី​ច្រើន​ទសវត្ស​មុន​។ គោល​គំនិត​ដុះ​ស្លែ​នេះ​នៅ​តែ​កើតមាន​ក្នុង​បច្ចុប្បន្នកាល​នេះ​ដដែល​។ក្នុង​សង្គម​ខ្មែរ​យើង មាតា​បិតា​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ខ្ជាប់​និង​អនុវត្តិ​ទ្រឹស្តី​ចាស់​គំរិល​នេះ​។

នៅ​មាន​បញ្ហា​ធំៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សង្គម ​ដែល​យើង​ជា​អ្នក​និពន្ឋ​បាន​ដឹង​បាន​ឮ​បាន​ឃើញ  និង ​មាន​ភារៈ​ជួយ​គិត​គូរ​ជួយ​ដោះ​ស្រាយ​ទៅ​តាម​ទស្សនៈរៀងៗ​ខ្លួន​ដើម្បី​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ចិត្ត​និង​ស្មារតី​ដើម្បី​ជួយ​រក​សេចក្តី​សុខ​ជូន​សង្គម​មនុស្ស និង​ជួយ​ទប់​ស្កាត់​អ្វី​ៗ​ដែល​ជាពិស​ពុល​ដល់​សង្គម​ឲ្យ​បានទាន់​ពេល​វេលាៗ​តាម​រយៈ​ស្នាដៃអក្សរសិល្ប៍។​ ប្រលោមលោក​ដែល​ជា​វណ្ណកម្ម​អក្សរសិល្ប៍​អាច​ជះ​ឥទ្ឋិពល​តិច​ឬ​ច្រើន​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​៕

សរសេរ​ចប់​នៅ​ភ្នំពេញ​ថ្ងៃ​៣០​វិច្ឆិកា​២០១០

ខ្ញុំនិងសិក្ខាកាមថតថ្ងៃបញ្ចប់វគ្គ១៩ធ្នូ២០១០នៅវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យភ្នំពេញ

ថតនៅថ្ងៃបញ្ចប់វគ្គ១៩ ធ្នូ២០១០

Advertisements

9 responses to “វិធី​សាស្ត្រ​នៃ​​ការ​និពន្ឋ​ប្រលោមលោកដោយ ​ប៉ិច​ សង្វាវ៉ាន

  1. អរគុណអ្នកគ្រូដែលបានចែករំលែក ខ្ញុំមិនមែនជាអ្នកនិពន្ធទេ តែខ្ញុំចូលចិត្តស្នាដៃនិពន្ធ ដូច្នេះអត្ថបទនេះអាចឲ្យខ្ញុំស្គាល់កាន់តែច្បាស់ពី​តម្លៃនៃអត្ថបទនិពន្ធនិមួយៗ។ 😀

    • អរគុណក្មួយដែលបានអានអត្ថបទនេះ ​ជាពិសេស ខ្ញុំសូមសរសើរក្មួយអស់ពីដួងចិត្ត​
      ទោះបីជាក្មួយមិនមែនជាអ្នកនិពន្ឋមែន​តែក្មួយចាប់អារម្មណ៍លើអ្វីៗដែលនៅក្រៅពីពិភពរបស់ក្មួយ។
      ការចូលចិត្តស្នាដៃនិពន្ឋ​គឺការលើកចិត្តអ្នកនិពន្ឋឲ្យនាំគ្នាខំសរសេរ។ ដូច្នេះទាំងអ្នកនិពន្ឋ និង​អ្នកអាន
      សុទ្ឋតែជាអ្នកដែលបានរួមចំណែកជួយលើកដំកើងអក្សរសាស្ត្រជាតិយើងដូចគ្នា។ ខ្ញុំចង់ឲ្យកូនខ្មែរ
      មានចិត្តដូចក្មួយឲ្យបានកាន់តែច្រើនគ្នា។ ​អ្នកចូលចិត្តអានស្នាដៃនិពន្ឋរបស់គេ នឹងក្លាយទៅជាអ្នកនិពន្ឋ
      ដូចជាអ្នកគ្រូអ៊ីចឹងណ៎ា។ អ្នកគ្រូចូលចិត្តអានណាស់រហូតមកដល់សព្វថ្ងៃនេះ។

  2. ក្បោះក្បាយ​ណាស់ ។ អរគុណ!

  3. ជំរាបសួរលោកអ៊ំស្រី។ ក្មួយគឺ លីណា ដែលធ្វើការនៅសមាគមអក្សរសិល្ប៍នូ​ ហាច។
    ក្មួយចង់ជំរាបលោកអ៊ំ អំពីអក្សរតួចៗនៅខាងក្រោមរូបថត និងនៅខាងលើ ​គឺមិនមែនឆ្នាំ២០០៩ទេ គឺនៅឆ្នាំ២០១០។ ក្មួយសូមអភ័យទោសផង ប្រសិនបើក្មួយមានការឆ្គាំឆ្គង ព្រោះក្មួយមិនសូវចេះនិ​យាយស្ដីប៉ុន្មានទេ។

    • ជម្រាបសួរលីណា

      លោកអ៊ំអរគុណក្មួយណាស់ដែលបានជួយប្រាប់ពីការភ្លាត់ភ្លាំងដោយអចេតនានេះ។ ​ខួរក្បាលរបស់លោកអ៊ំដើរថយក្រោយហើយលីណាអើយ គួរឲ្យបារម្ភមែន។
      សូមកុំបារម្ភអី ក្មួយមិនបានធ្វើ ឬនិយាយអ្វីឆ្គាំឆ្គងនៅឡើយទេ ។

  4. សួស្តីអ្នកគ្រូ ! ខ្ញុំជាសមាជិកថ្មីដែលបានមើលវេបសាយរបស់អ្នកគ្រូ ! ខ្ញុំតែងតែគេង ស្រម៉ៃថា តើថ្ងៃណាមួយដែលខ្ញុំអាចក្លាយទៅជាអ្នកនិពន្ធដូចគេឯងបានទៅ ? ខ្ញុំស្រលាញ់អក្សរសាស្រ្តខ្មែរ ខ្ញុំចង់ក្លាយទៅជាអ្នកនិពន្ធដូចអ្នកគ្រូ តើមានវិធីណា អាចជួយខ្ញុំបានទេអ្នកគ្រូ ? ជួយអោយយោបល់ខ្ញុំផងណា !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s