លិខិតដែលបានទទួល
ប្រហែលជាគ្មាននរណាស្មានដល់ទេថា លិខិតខាងក្រោមនេះជាឱសថទិព្វសម្រាប់នាង?ចំពោះនាង គ្រប់ពាក្យ គ្រប់ឃ្លា គ្រប់មតិនៅក្នុងលិខិតនេះសុទ្ឋតែជាដុំពេជ្រដែលមានពន្លឺភ្លឺពណ្ណរាយនិងមានតម្លៃឥតកាត់ថ្លៃបាន…តាំងពីប្តីនាងឃ្លាតឆ្ងាយទៅ នាងបាត់អស់មិត្តភក្តិដែលគេធ្លាប់បាននិយាយថា«គេស្រឡាញ់ចូលចិត្តនិងគោរពនាង»។ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ សូម្បីតែសំបុត្រជូនពរឆ្នាំថ្មីដែលនាងតែងតែបានទទួលរាប់មិនអស់រាល់ដំណាច់ឆ្នាំម្តងៗនិងការសួរសុខទុក្ខជាសញ្ញាមិត្តភាពក៏គ្មានដូចពីមុនដូចកាលនាងនៅជួបជុំស្វាមីទៀតដែរ។ សេចក្តីអញ្ជើញក៏រលស់បន្តិចម្តងៗទៅតាមពេលវេលា។
នៅទីបំផុត ក្នុងគ្រាដ៏លំបាកនេះហើយទើបនាងបានឃើញច្បាស់ថា «តើនរណាជាមិត្តល្អសម្រាប់នាង?»។ នាងយល់ថា «មិត្តល្អគឺមិត្តដែលស្គាល់គ្នាក្នុងគ្រាក្រ មិត្តចិត្តស្មោះសរមិនចេះច្រណែននិន្ទា»។ ចៃដន្យក្នុងជីវិតបានក្រឡុកជីវភាពរបស់នាងឲ្យរញ្ជួយ និងបានក្តិចបំផ្លាញសុខភាពនាងឲ្យទ្រុឌទ្រោមព្រោះតែកង្វល់មួយម៉ឺនជំពូក…នាងសូមអរគុណម្ចាស់លិខិតដែលមានឧត្តមគតិស្របនិងគំនិតនាង។ គឺមានតែលិខិតមួយច្បាប់នេះគត់ដែលបានផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តនាង។
ថ្ងៃទី២៨មេសាឆ្នាំ២០០៥
មកនាងជាទីមេត្រី
ខ្ញុំទើបតែបានទទួលសំបុត្រនាងចុះថ្ងៃ២៨មិនាឆ្នាំ២០០៥។កាលពីថ្ងៃទី២៣មេសាមុននេះ នៅលើស្រោមសំបុត្ររបស់នាង ខ្ញុំឃើញត្រាប៉ុស្ត៍ថ្ងៃទី៥មេសានិងទី២០មេសាឆ្នាំ២០០៥។ខ្ញុំបានឃើញរូបថតនៃផ្ទះវីឡាឪពុកម្តាយនាងនៅភូមិបឹងកេងកងដែលនៅមានសភាពមាំទាំនៅឡើយ។ នាងមានភ័ព្វសំណាងដោយបានទិញយកពីរល្វែងមកវិញហាក់បីដូចជានាងបានទិញទ្រនំមួយដែលរង់ចាំថ្ងៃដែលនាងត្រឡប់មកស្រុកកំណើតវិញដើម្បីគាស់រំលឹកអនុស្សាវរីយ៍ពីអតីតកាលឲ្យរស់ឡើងវិញ។ ទោះបីជាពេលវេលាពុំអាចជំនួសពេលវេលាដែលបានកន្លងទៅ តែការវិលត្រឡប់មកដាក់ដានជើងលើស្នាមចាស់វិញក៏អាចជាឱសថបន្ធូររស់ជាតិជូរចត់ខ្លះៗពីអតីតកាលដែរ។
ចំពោះផ្ទះឈើនៃឪពុកម្តាយខ្ញុំវិញដែលនៅភូមិបឹងកេងកងដែរត្រូវបានគេរុះរើបំបាត់ដានទាំងផ្ទះទាំងអនុស្សាវរីយ៍គ្រប់យ៉ាងដែលបានជ្រួតជ្រាបតាមទ្វារជញ្ជាំង។ សរុបមក គេបានជីកកប់អនុស្សាវរីយ៍របស់ខ្ញុំ ។ ខ្ញុំជាពលរដ្ឋម្នាក់ដូចពលរដ្ឋច្រើននាក់ទៀត គឹគ្មានសិទ្ធិទាមទារយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនមកវិញទេ។ បើសិនជាខ្ញុំមានភ័ព្វសំណាងនិងមានសមត្ថភាពទិញយកភូមិគ្រឹះសព្វថ្ងៃនេះដែលបានសង់លើដីភូមិរបស់ខ្ញុំមកវិញ នោះខ្ញុំនិងរុះផ្ទះថ្មនោះចោលភ្លាមហើយសង់ផ្ទះឈើតាមគំរូផ្ទះឈើចាស់របស់ឪពុកម្តាយខ្ញុំវិញហើយអញ្ជើញព្រលឹងគាត់និងបងប្រុសព្រមទាំងក្មួយស្រីក្មួយប្រុសទាំងអស់ឲ្យមកសណ្ឋិតនៅ។
ចំពោះបញ្ហាផ្ទាល់ខ្លួននាងសព្វថ្ងៃ ខ្ញុំយល់មនោសញ្ចេតនានាងទាំងស្រុង។ ចំពោះអារម្មណ៍ខ្វល់ខ្វាយរបស់នាងដែលរស់នៅឆ្ងាយពីប្តីនាងដោយមានសមុទ្រ ភ្នំ វាលខ្សាច់ច្រើនស្រទាប់ខាឃាំងមិនឲ្យមើលគ្នាឃើញឬនិយាយរកគ្នាបានភ្លាមៗតាមចិត្តចង់ គឺជាបញ្ហាដែលអ្នកដទៃឬសមាជិកគ្រួសារផ្ទាល់ពុំអាចឈឺចាប់ជួសមួយរយភាគរយឡើយ។ ខ្ញុំញញើតនិងផ្តល់យោបល់ដល់នាង តែទោះយ៉ាងណាក៏ដោយ ពេលវេលាពុំអាចអនុញ្ញាតពេលវេលាយូរឆ្ងាយចំពោះនាងឡើយ។ សំណួរយ៉ាងខ្លីត្រូវចោទឡើង៖ បញ្ហាបម្រើប្រទេសជាតិដែលស្វាមីនាងត្រូវបំពេញ ? ឬសុភមង្គលនៃគ្រួសារ? បើនាងចេះចងសម្ពន្ធបញ្ហាទាំងពីរនេះឲ្យចុះចូលជាមួយគ្នានោះនាងនិងរកចម្លើយឃើញ។
ខ្ញុំដកស្រង់វគ្គខ្លះៗក្នុងរឿងប្រលោមលោករបស់ខ្ញុំដែលមានចំណងជើងថា«ឆ្ងាយពីវាយោខែកត្តិក» ដើម្បីយកមកដាក់អមការពិចារណារបស់ខ្ញុំចំពោះបញ្ហារបស់នាងជាឧទាហរណ៍៖
…«មួយវិញទៀត និស្ស័យចង់ទុកពេលវេលាដើម្បីបន្ធូរពេលវេលា និងយកពេលវេលាទៅសងពេលវេលា។ ពេលវេលាដែលខកខាន ដែលត្រឡប់ត្រឡិន ដែលរបូតទៅ ដែលគេចវេះ ដែលរលំស្រុត។ និស្ស័យមានមនោសញ្ចេតនាចម្លែកថា បុគ្គលិកលក្ខណៈរបស់និស្ស័យនៅតែដដែលគ្មានផ្លាស់ប្តូរ។ គឹបរិដ្ឋាននៃសង្គមទេតើដែលវិវត្តហាក់បីដូចជានិស្ស័យអុំទូកក្នុងដងទន្លេ ទូកនិស្ស័យមិនលឿនទៅមុខ តែច្រាំងទន្លេនៃសង្គមជាតិបានផ្លាស់ប្តូរទេសភាព ទេសភាពនយោបាយ ទេសភាពប្រពៃណី ទេសភាពចរិយា ទេសភាពនៃសីលធម៌ ទេសភាពនៃចំណងគ្រួសារ។»
…«តែឱកាសគឺជាលេស ជាឱកាសរង់ចាំឱកាសមួយទៀត។ ដល់ដូច្នេះទៅ ពីឱកាសខកខានមួយទៅឱកាសខកខានមួយទៀត ជីវិតមនុស្សម្នាក់ៗបានដើរទៅដល់ទីចុងបញ្ចប់ទៅហើយ។ ដល់សរុបសេចក្តីទៅ ជីវិតច្រើនជាឱកាសខកខានដោយខ្វះឆន្ទៈ ខ្វះចំណង់ ខ្វះសេចក្តីក្លាហាន ខ្វះការស្រមៃ។»
…«តើជីវិតមានសណ្ឋានដូចទៀនឬ? គឺបន្តិចម្តងៗ ពេលវេលាដែលជាប្រឆេះបានដុតក្រមួននៃយុវវ័យ សម្ភស្ស ជំនឿ សេចក្តីស្នេហានិងសេចក្តីសង្ឃឹមឲ្យរលាយធ្លាក់ជាដំណក់មកហ៊ុំព័ទ្ឋគល់ទៀន ជាស្នូលព្រលឹងដែលនឹងចាកចេញសំបកប្រាណទៅ នៅពេលមរណៈដូចអណ្តាតភ្លើងទៀនដែលរលត់ទៅ ?»
…«ឧត្តមគតិទាំងប៉ុន្មានដែលនិស្ស័យបានស្រមើស្រមៃស្វែងរកក្នុងពេលយុវវ័យ ឥឡូវនេះរលាយទៅជាមួយនឹងពេលវេលាដែលកន្លងទៅ។ អ្វីៗដែលនិស្ស័យមានជំនឿទៅលើមិនមានភាពស្របគ្នានឹងអ្វីៗដែលភ្នែកនិស្ស័យបានសង្កេតឃើញ។ ព្រឹត្តការណ៍នយោបាយទាំងប៉ុន្មានច្រើនតែមានលក្ខណៈផ្ទុយឬក្បត់នឹងពាក្យសន្យា។ ក្នុងពេលនេះនៅសល់តែសេចក្តីស្នេហានិងការគោរពឳពុកម្តាយប៉ុណ្ណោះដែលសង្កត់យ៉ាងពិតប្រាកដលើដួងចិត្តហើយនិងវាយោខែកត្តិកដែលបក់យ៉ាងទៀងទាត់រាល់រដូវរំហើយ។ ប៉ុន្តែ បន្តិចទៀត និស្ស័យនឹងត្រូវឃ្លាតឆ្ងាយពីម្តាយចាស់ ពីស្រុកកំណើតពីបងប្រុស ពីក្មួយស្រី ពីចេតិយឳពុក…សែនឆ្ងាយ ពីវាយោខែកត្តិកលើភូមិបឹងកេងកង។»
ឃ្លាដែលខ្ញុំស្រង់ទាំងនេះគឺគ្មានគោលបំណងអ្វីក្រៅពីវិភាគទៅលើពេលវេលាដែលកន្លងទៅ ពេលវេលាដែលនាងត្រូវការដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួននាង គឺបញ្ហាពលិកម្មដែលនាងត្រូវបំពេញចំពោះប្តីនាងនិងបញ្ហាពលិកម្មដែលប្តីនាងត្រូវធ្វើចំពោះប្រទេសជាតិ តែនៅខ្វះបញ្ហាពលិកម្មមួយទៀតដែលប្តីនាងនិងនាងត្រូវធ្វើដើម្បីរក្សាសុភមង្គលរវាងនាងនិងប្តីនាង ពីព្រោះកូនចៅរបស់នាង គេត្រូវកសាងអនាគតរបស់គេផ្ទាល់…ឆ្ងាយពីរូបនាងនិងប្តីនាង៕
ដោយរឮក
គ.ខ.ន.
លោកអ៊ំជាទីគោរព
ខ្ញុំពេញចិត្តត្រង់ការប្រៀបជីវិតមនុស្សទៅនឹងទៀន…
ខ្ញុំជឿជាក់ថា ការដកស្រង់ខាងលើនេះ ជាផ្នែកមួយនៃរឿងប្រលោមលោកថ្មីរបស់លោកអ៊ំជាក់ជាមិនខាន ។
ខ្ញុំពេញចិត្តនឹងសម្តីពាក្យពេចន៍សំណេររបស់លោកអ៊ំ ដែលមានលក្ខណៈធ្ងន់ និងទន់ភ្លន់…
ដោយក្តីគោរព
ក្មួយប្រុស
ក្មួយឧត្តម
មែនហើយ «លិខិតដែលបានទទួល»ជាចំណងជើងប្រលោមលោកថ្មីរបស់លោកអ៊ំ។
ដូច្នេះ ផ្នែកដែលឧត្តមបានអានក៏ជាផ្នែកមួយដែលនឹងមានក្នុងរឿងប្រលោមលោកថ្មី
របស់លោកអ៊ំដែរ។
ម្ចាស់លិខិត«គខន»ជាអ្នកនិពន្ឋដ៏ជាទីគោរពនិងកោតសរសើរម្នាក់ពោរពេញទៅ
ដោយឧត្តមគតិនិងសម្បូណ៌រូបារម្មណ៍ពិសេសៗគ្មានពីរ។
អ្នកមីង! ខ្ញុំពេញចិត្តណាស់ ចំពោះអត្ថន័យនៃ កថាខណ្ឌនិមួយៗ។ តើមានអត្ថបទពេញទេ?
ក្មួយ
អត្ថបទពេញមិនទាន់មានទេ សូមរង់ចាំដោយខន្តីបានទេក្មួយ។