ដំណើរជុំវិញអ្នកនិពន្ឋម្នាក់៖​ ​ ឡឹក ជំនោរ​ – រាត្រីនៅវៀងចន្ទន៍

សួស្តីប្រិយមិត្តអ្នកអាន

«ដំណើរជុំវិញអ្នកនិពន្ឋម្នាក់»ផ្សាយជាលើកទីពីរ

បន្ទាប់ពីបានចុះផ្សាយរឿង«ផ្កា១៤កុម្ភៈ »ដោយ​ហេង ឧត្តម។

ខ្ញុំសូមថ្លែងអំណរគុណអ្នកអានទាំងអស់ដែលបានចូលអាន

ទំព័រនេះ​និងបានបញ្ចេញមតិគាំទ្រ។ ទំព័រនេះត្រូវបានបង្កើត

ឡើងក្នុងគោលបំណងផ្សព្វផ្សាយរឿងប្រលោមលោកដែលខ្ញុំ

បានទទួលនិងបានអានហើយដែលខ្ញុំយល់ថាមានខ្លឹមសារ

ដើម្បីទុកជាគតិសម្រាប់អ្នកអាន។

ថ្ងៃ១៤កុម្ភៈ

បានកន្លងផុតទៅមែន ប៉ុន្តែការឈឺចាប់ឬវិប្បដិសារី

ដែលបានបន្សល់ពីថ្ងៃនោះប្រាកដជានៅជាប់ស្នាម

មិនទាន់រលប់នៅឡើយចំពោះនារីឬបុរសមួយចំនួន

ដែលគិតខ្លី ភ្លើតភ្លើន និងជ្រុលជ្រួសដូចសេះដាច់បង្ហៀរ។

«រាត្រីនៅវៀងចន្ទន៍»និពន្ឋដោយលោកឡឹក ជំនោរ

ឆ្លុះបញ្ចាំងអំពីមជ្ឈដ្ឋានយុវវ័យឡាវដែលឈ្លក់វង្វេងនឹង

វប្បធម៌Valentine’s  day និងសេចក្តីស្នេហាដោយ

ចៃដន្យមួយដែលកើតមានឡើងនៅថ្ងៃ១៤កុម្ភៈ

រវាងនារីឡាវចិត្តចើកសាវ៉ាម្នាក់ដែលមានចរិតទំនើប

បែបនារីបច្ចឹមប្រទេសជាមួយនិងនិស្សិតខ្មែរដ៏សុភាព

រាបសារម្នាក់ដែលមានគូដណ្តឹង។ និស្សិតនេះ

មកបន្តការសិក្សាក្នុងប្រទេសឡាវ។

អ្វីៗដែលអាចកើតមានដោយអចេតនាឬចេតនា

នៅក្នុងរឿងនេះសុទ្ឋតែបណ្តាលមកពីការយល់ខុស

ទៅលើបុណ្យនៃក្តីស្រឡាញ់ទាំងអស់។

ពួកគេនាំគ្នាប្រព្រឹត្តអំពើផ្តេសផ្តាសជ្រួលជ្រើម

ខុសទំនងឥតខ្មាសអៀនគឺហួសឆ្ងាយជាង

យុវជនយុវតីទាំងឡាយដែលរស់នៅក្នុង

អារ្យប្រទេសនានាដូចជាប្រទេសបារាំង

និងប្រទេសស្វីសទៅទៀត។

វាជាការសោកស្តាយបំផុត បើសិនជាមាននារីខ្មែរ

យើងមានចរិយាមិនល្អដូចជាតួអង្គនាង«មីនា»

ក្នុងរឿងខ្លីនេះ​។

ខ្ញុំទុកឱកាសនេះជូនលោកអ្នកនាងអានរឿង៖


រាត្រីនៅវៀងចន្ទន៍

និពន្ធដោយ ឡឹក ជំនោរ

រក្សាសិទ្ឋិគ្រប់យ៉ាង

 


«..នៅ​លើ​ថ្ពាល់លើ ភ្នែក​លើ​ទ្រូង… ស្នេហ៍  ​អូន​ដឹង​ទេ​នេះ​ជា​ស្ថាន​សួគ៌..យើង​…!!!!»

«ហ៊ឺ…!!! ទូរស័ព្ទ​រំខាន​ទៀត​ហើយ!!! ​​នរណា​ទៅ​ហ្ន៎!​ ខល​មក​ទាំង​ព្រលឹម​អុរ​តែ​ម្តង​​ធុញ​មែន​ទែន​ផ្ញើ​សារ​មក​រំខាន​ពេញមួយ​យប់​ទៅហើយ​នៅ​មិន​អស់​ចិត្ត​ទេ​អី!”​ ខ្ញុំ​ដេក​លើ​គ្រែ​មិន​ចង់​ទទួល​ប៉ុន្មាន​។​សម្លេង​ទូរស័ព្ទ​រោទិ៍​ជា​លើក​ទី​ពីរ​ខ្ញុំ​ក៏កើត​ក្តី​សង្ស័យ​ក្រែង​ពុក​ម៉ែទូរស័ព្ទ​មក​ពី​ស្រុក​ខ្មែរ​។​ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​គ្រែ​ដើរ​ទៅ​រក​តុ​ដាក់​សៀវភៅ​។

ភ្នែក​ទាំង​ពីរ​ធ្មេច​ល្មម​ចាប់​ទូរស័ព្ទ​ខ្ញុំ​បើក​ភ្នែក​ក៏​ដឹង​ថា​មិន​មែនខល​មក​ពីរ​បរទេស​ទេ​។ខ្ញុំ​ក៏​ដាក់​វា​ចុះ​ហើយប្រះ​ខ្លួន​ទាំង​ទំហឹង​លើ​គ្រែ​ជា​ថ្មី​។​តែ​មួយ​សន្ទុះ​ក្រោយ​មក​ខល​មក​ទៀត​!​ម្តង​នេះ​គិត​ថាលើក​ទូរស័ព្ទ​ភ្លាម​ស្រែកគម្រាម​មួយ​ម៉ាត់​ហើយ​បិទ​ចោល​តែ​បើក​ភ្នែក​ភ្លាម​ឃើញ​​“ស្ថាន​ទូត​កម្ពុជា​…​កំពុង​ហៅ ”ចេញ​ជា​ភាសា​ខ្មែរលើ​កញ្ចក់​ទូរស័ព្ទ​។ គ្រាន់​តែ​ឃើញ​ភ្លាម​ខ្ញុំ​ប្រញាប់​ចុច​ទទួល​ហើយ​និយាយ​ទៅ​កាន់​ខ្សែ​ម្ខាង​ទៀត​បែប​សុភាព​បុរសខ្មែរម្នាក់​ដែល​មានសុជីវធម៌។

– ជម្រាបសួរលោកពូ ! លោកពូ​សុខ​សប្បាយ​ជា​ទេ​?

–   សុខ​សប្បាយ​ធម្មតា!​ ពួក​ក្មួយ​ៗ​នៅ​អន្តេវាសិក​សុខ​សប្បាយ​ជា​ទេ?​ពួក​គេ​ទៅ​ណា​អស់​ហើយ​?

លោក​ពូ​នៅ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឡាវ​ខល​មក​។ ខ្ញុំ​ឆ្លើយ​នឹង​សំណួរ​គាត់​ដោយ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​បន្តិចព្រោះ​មិន​ដឹង​ថាតើ​និស្សិតណា​ខ្លះ​គេង​នៅ​អន្តេវាសិក​ឬ​ចេញ​ទៅ​ក្រៅ​នោះ​ទេ​ព្រោះ​យប់​ម៉ិញ​ខ្ញុំ​ចូល​មក​សម្រាកនោះ​វា​យប់​ជ្រៅ​បន្តិច​ទៅ​ហើយ​ មិន​តែ​ប៉ុណ្ណោះ​ថ្ងៃនេះ ​ខ្ញុំ​ក្រោក​ពី​គេង​យឺត​ខុស​ពី​ធម្មតា​ព្រោះ​ពី​យប់​ទទឹក​ស្លាប​ខ្លាំង​ពេក។

ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​៖

– ពួក គេ នៅ គ្រប់ៗ គ្នា មិន ទាន់​ចេញ​ទៅ​ណា​ទេ​លោក​ពូ.. លោក​ពូ​មាន​ការ​អ្វី​សំខាន់មែន​ទេ​?

គាត់​ឆ្លើយ​យ៉ាង​ច្បាស់​ជា​មួយ​នឹង​ពាក្យ​ផ្តាំ​ផ្ញើ​។

– ក្មួយ​ជួយ​ផ្តល់​ដំណឹង​ដល់​និស្សិត​ទាំងអស់​ផង​ថា​ ថ្ងៃ​១៤​កុម្ភៈ​ស្អែក​នេះ​ ឯក​ឧត្តម​ឯក​អគ្គរាជ​ទូត​ចង់​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​…ប្រមាណ​ម៉ោង​៩​ព្រឹក​នៅរ៉េ​ស៊ី​ដង់​…​ហើយ​ក្មួយ​ឯង​ជួយ​រៀប​ចំ​កាត់​អក្សរ​ស្នោរ​ឲ្យ​ផង។

មិន​ប៉ុន្មាន​នាទី​ក្រោយ​មក​ការ​សន្ទនា​ក៏​បាន​បញ្ចប់។​​ ខ្ញុំ​ក៏​ដាក់​ទូរស័ព្ទ​ចុះ​រួច​ចូល​ទៅ​បន្ទប់​ទឹក​សំអាត​ខ្លួន​ប្រាណ​។ ក្រោយ​ពេល​ញុំា​បាយ​ថ្ងៃ​ត្រង់​រួច​ខ្ញុំ​ក៏​រៀបចំ​ខ្លួន​ចុះ​ពី​បន្ទប់​សំដៅ​ទៅ​ផ្សារ​មួយ​នៅ​ក្បែរ​ម្ខាង​មហា​វិទ្យាល័យ​…ចូលដល់​ផ្សារ​ខ្ញុំ​ភ្ញាក់​ខ្លួនព្រើត។ «ហេតុ​អ្វី​ថ្ងៃ​នេះ​មាន​គេ​លក់​ផ្កា​ច្រើន​ម៉្លេះ​!»។ មួយ​សន្ទុះ​ខ្ញុំ​ងើប​មើល​ទៅ​ខាង​លើ​ឃើញអក្សរ​តួ​ធំ​ៗ​ជា​ភាសា​ឡាវ​ថា«ដក​ម៉ៃ​ហែង​ខ្វាម​ហាក់ (កុលាប​នៃ​ក្តី​ស្រឡាញ់​)»។ ខ្ញុំ​គិត​ឃើញ​ភ្លាម​ថា​ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃបុណ្យ​នៃ​​​ក្តី​ស្រឡាញ់​ទេ​តើ​!គិត​ទៅ​គិត​មក​មក​រៀន​នៅ​ឡាវ​ជាង​ប្រាំ​ឆ្នាំ​ទៅ​ហើយ​នៅ​មិន​ទាន់​មាន​សង្សារ​សូម្បី​តែ​ម្នាក់​។

ក្នុង​ចិត្ត​ខ្ញុំ​មុន​ដំបូង​ឃើញ​នារី​ឡាវចង់​តែ​រត់​ទៅ​ត្របាក់​លេប​ទាំង​រស់​ស្អាត​អ្វី​ក៏​ស្អាត​ម្ល៉េះ​!​ តែ​មើល​យូរៗ​ទៅ​មាន​អ្វី​អស្ចារ្យស្អាត​តែ​ខាង​ក្រៅ​ទេ​។ពួក​នេះ​ខាង​ក្នុង​អូយ​!ពិបាក​រក​សំនួន​វោហាមក​ព័ណ៌នា​ឲ្យ​ត្រូវ​មែន​ទែន​។ ព្រោះ​តែ​ទស្សនៈទុទ្ទិដ្ឋិនិយម​របស់​ខ្ញុំ​ហ្នឹង​ហើយ​ទើប​ធ្វើ​មិនបាន​ដូច​ពួក​ម៉ាក​ឯទៀត​។​ ពួក​គេ​មាន​គូ​ស្នេហ៍​រាប់​មិន​អស់។ ​ឯង​រក​តែ​ម្នាក់មក​កៀក​កើយ​ដូច​គេ​ក៏​មិន​បាន​។ បើ​នឹង​ទិញ​កុលាប​ក្រហម​មួយ​ទង​ឲ្យនរណា​ម្នាក់​នោះ​ខ្លួន​មិន​ស្គាល់​គេ។

មិត្ត​ភក្តិ​រៀន​ជា​មួយ​គ្នា​គេ​មាន​សង្សារ​មាន​គូ​ស្នេហ៍​រួច​អស់​ទៅ​ហើយ​​​។ បើ​នឹង​ទិញ​ឲ្យ​ប្អូន​ស្រីៗដែល​ជា​និស្សិត​ខ្មែរដូច​គ្នា​ក្រែង​ប្រុស​ស្នេហ៍​របស់​នាង​យល់​ច្រឡំ​ថា​ឯង​លូក​ថ្លើម​ទាញ​ប្រម៉ាត់​គេ​!!! ​អី​ក៏​ពិបាក​ម៉្លេះ​ហ្ន៎​!​​គ្រាន់​តែ​រឿងនេះ​។ ខ្ញុំ​ដើរ​ង៉ុក​ៗ​ទៅ​មុខ​រឿយ​ៗ​ ស្រាប់​តែ​ជំពប់​ជើង​នឹង​ថ្ម​វិះ​ដួល​ផ្កាប់​មុខ​​ ដឹង​អី​ចេះ​ទប់​ខ្លួន​ទាន់​ត្រូវ​ដៃ​បន្តិច។ ខ្ញុំងើប​ឡើង​គិត​ឃើញ​ភ្លាម​តែ​ម្តង​​«ចុះ​ហេតុ​អ្វី​មិត្ត​ស្រី​ខ្ញុំ​នៅ​ផ្ទះ​ខំ​ផ្តល់​កម្លាំង​ចិត្ត​ខ្ញុំ​រៀន​នោះ​ម៉េច​មិន​ផ្តល់​ក្តី​ស្រឡាញ់ទៅ​ឲ្យ​នាង​ផង​? មិន​ដឹង​ថា​នាង​បាន​សម្រាក​មក​ពិសា​បាយ​ពេល​ល្ងាច​នៅ​ផ្ទះ​ជា​មួយ​ពុក​ម៉ែ​ឬ​អត់​ទេនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ»​។

បើ​ទិញ​ផ្កា​ផ្ញើទៅ​ក៏​មិន​ដល់​!​ ពិបាក​មែន​គ្រាន់​តែ​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​មនុស្ស​ទី​ពីរ​! «ពុទ្ធោ​អើយ​!ល្ងង់​ហៅ​មិន​ឮ​មែន​ទែន…​ចុះ​អា​មួយ​ដែល​ស្រែក​រំខាន​ពេញ​មួយ​យប់នោះ​ម៉េច​មិន​ឲ្យ​វា​ជួយ​ទៅ​!» គិត​ភ្លាម​ ខ្ញុំ​ប្រញាប់​លូក​ក្នុង​ហោ​ប៉ៅ​។ ហ្អាក​!នៅ​ឯណា​ខ្ញុំ​រក​វា​មិន​ឃើញ​សោះ​ខំ​ស្ទាប​រក​ពេញ​ខ្លួន​។ នឹក​ឃើញ​ហើយ ខ្ញុំ​ចោល​វា​ទៅ​ក្រោម​គ្រែ​កាល​ពី​ព្រឹក​ម៉ិញព្រោះ​តែ​វា​រំខាន​នោះ​អី​!។​ ខ្ញុំ​អស់​សំណើច​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង​។ ពេល​នេះ​ក្តី​នឹក​រលឹក​វា​ពេញ​បេះដូង​ទៅ​ហើយ​។

ម៉្យាង​ទៀត​មិន​បាន​ទូរស័ព្ទ​រក​នាង​ជាង​មួយ​ខែ​ទៅ​ហើយ​។ ​ខ្ញុំ​សំដៅ​ចូល​ទៅអន្តេវាសិក​វិញ​។ ប្រញាប់​ពេក​ឱន​ក្បាល​ចូល​ក្រោម​គ្រែ​រក​ទូរស័ព្ទមិន​បាន​ប្រយ័ត្ន​ទង្គិច​ក្បាល​នឹង​គ្រែ​ពក​ប៉ុន​ផ្លែ​ក្រសាំង…អូយ! ឈឺ​នោះ​ឈឺ បើ​នឹងទ្រហោ​យំ​ក៏​យំ​មិន​កើត​។

-​ អាឡូ​! សួស្តី​សទ្ធា…សូម​ទោស​ណា៎ព្រលឹង​បង​…បង​មិន​បាន​ខល​ទៅលេង​អូន​យូរ​មក​ហើយ។

ខ្ញុំ​និយាយ​ទូរស័ព្ទ​ទៅ​អនាគត​ភរិយា​របស់​ខ្ញុំ​នៅ​ឯ​ស្រុក​ខ្មែរ​។ នាង​ឆ្លើយ​មក​វិញ​នូវ​ប្រយោគ​សំណួរ​មួយ​ដែលមិត្តភក្តិ និង​បង​ប្អូនតែង​តែ​សួរ​មក​ខ្ញុំ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ជាន់​ដី​កំណើត​ម្តង​ៗ។

-​ ឆ្នាំ​ណា​ទើប​បង​រៀន​ចប់​ហើយ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​?

ចំពោះ​ប្រយោគ​សំនួរ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា អ្នក​ផ្ទះ​របស់​ខ្ញុំ​នឹក​ខ្ញុំណាស់​ហើយ​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅស្រុក​កំណើត​ឆាប់​ៗ​។

– បាទ ! សទ្ធា ចុង ឆ្នាំ ២០០៩ នេះ បង រៀន ចប់ ហើយ … សទ្ធា…សទ្ធា…បងនឹកអូនឯងខ្លាំងណាស់ណា៎! អូនមានដឹងទេថ្ងៃស្អែកនេះ

ជាថ្ងៃអ្វីទៅ ?

នាងនៅមិន​ទាន់​តប​ទេ​ ស្រាប់​តែ​ឮ​អា​ក្មួយ​ក្បាល​ខូច​របស់​ខ្ញុំ​វា​ឆ្លើយ​ពី​ក្រោយ​ជំនួសខ្សេវ​ៗ​ថា៖

-​ អ៊ំ​អត់​ដឹង​ស្អែក ថ្ងៃ​អី​ទេ ​ហាហា​…! ថ្ងៃសៅរ៍​នុះ​អី​!

ខ្ញុំ​អស់​សំណើច​បន្តិច​រួច​ក៏​បន្ត​និយាយ​ទៅ​ទៀត​៖

– ​សទ្ធា ​ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។ បង​ស្រឡាញ់​អូន​ ពុក​ម៉ែ និង​អ្នក​ទាំង​អស់នៅ​ក្នុង​ផ្ទះ​យើងព្រម​ទាំង​ប្រជារាស្រ្ត​ទូទាំង​នគរ​ខ្មែរ​ផង​ដែរ។

បើស្មាន​ទៅ​សម្លេង​របស់​នាង​ក៏​រអាក់​រអួល​រំភើប​មិន​ស្ទើរ​ទេ​។

– ចាស៎! ​ល្អ​ហើយ​បង​។​ អូន​ក៏​ស្រឡាញ់​បង នឹក​បង​ខ្លាំង​ណាស់​ដែរ​…   បង​ចេះផ្តល់ក្តី​ស្រឡាញ់​ឲ្យអ្នក​ដទៃ​នោះ​បាន​ន័យ​ថា​បង​បាន​ផ្តល់​សន្តិភាព​ដល់​ពួក​គេ​ហើយ​។ តើ​ថ្ងៃស្អែក​នេះ​បង​មាន​អ្វី​ឲ្យ​អូន​?

– ​គឺ​កាដូ​អាពាហ៍ពិពាហ៍​នោះ​អី​… ចុះ​អូន​មាន​អ្វី​ឲ្យ​មក​បង​?

– អូន​មាន​បេះដូង​ទុក​ជូន​បង… តឺត… តឺត…

«ខអៈផៃ​! មួន​ខា​ថូ​ខង​ថាន​បភាង​ផធីចៈ​ថូ​អក​ដៃ កៈ​លុ​ណា​ទឺម​មួន​ខា​ថូកន ​(សូម​អភ័យ​ទោស​! គណនីរបស់​លោក​អ្នក​មិន​គ្រប់​គ្រាន់ក្នុង​ការ​ហៅ​ចេញ​ មេត្តា​បញ្ចូល​ទឹក​ប្រាក់​ជា​មុន​សិន​) បាត់​សម្លេង​អូន​សទ្ធាស្រាប់​តែ​ឮ​សម្លេង​អូប៉េរ៉ាទ័រ​ឆ្លើយ​ជា​ភាសា​ឡាវ​មក​។

«ហ៊ឺ!​ ចំ​ជា​ស៊យ​មួយ​ចប់​តែ​ម្តង​ថ្ងៃ​នេះ​!»។​ ខ្ញុំ​បោក​ទូរស័ព្ទ​ទៅ​លើ​ពូក​មួយ​ទំហឹង ហើយ​ក៏​អង្គុយ​នៅ​តុ​កុំព្យូទ័រលេង​អុក​។​ លេង​ផង​ញញឹមម្នាក់​ឯង​ផង​នឹក​ក្នុង​ចិត្ត​ថា​ ថ្ងៃ​នេះ​ស៊យ​ ប៉ុន្តែ​ថ្ងៃ​ស្អែក​មិន​អាច​ស៊យ​ដូច​ថ្ងៃនេះ​ទេ​។ ស្អែក​ឡើង​ក្រោក​ពី​ព្រឹក​ព្រលឹម​អុរ​ឆ្ពោះ​ទៅ​ស្ថានទូត​ខ្មែរ​។​ ជិះ​ទោចក្រយាន​យន្ត​ទៅ​ត្រជាក់​ចង់​ខើច​ច្រមុះ ​ទម្រាំតែ​ដល់​គោល​ដៅ​។ ពិធី​រៀប​ចំ​ការ​សំណេះ​សំណាល​ក៏​បាន​រួច​រាល់​។ បង​ប្រុស​អ្នក​កាន់​កម្មវិធី​បានអញ្ជើញ​ភ្ញៀវ​កិត្តិយសនិង​និស្សិត​ឲ្យ​ចូល​ស្តាប់​ការសំណេះ​សំណាល​។​ ឯក​ឧត្តម​ឯកអគ្គរាជទូត​អាន​សុន្ទរកថា​ចប់​សព្វ​គ្រប់​។

ពិធី​ជប់លៀង​មួយ​ក៏​រៀបចំ​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ភ្លាម។ ញុំា​អាហារ​ហ្វ្រី​ថ្ងៃ​នេះ​ឆ្ងាញ់​មែន​ទែន។ វា​ត្រូវ​នឹង​សាច់​ក្លែម​គោ​ដុត​… ជា​មួយ​ប៊ីយ៉ែរ​ឡាវ​សុទ្ធ​ផង ត្រូវ​មាត់​រក​ពាក្យ​មក​និយាយ​មិន​ត្រូវតែ​ម្តង​។ មិន​បាន​ប៉ុន្មាន​កែវ​ផង​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ឡើង​រាំ​។​ តន្ត្រី​លេង​បទ​រាំវង់​ភ្លាម​ខ្ញុំ​ងប់​ក្បាល​ដើរ​ចូល​ប្រ៉ាវ…

រូបថត៖ឡឹក ជំនោរ

មិន​ថា​រាំវង់រាំក្បាច់ សារាវ៉ាន់ ឡាំលាវ ឬ​ចង្វាក់​ម៉ាឌីស៊ុន​ទេ ខ្ញុំ​រាំ​ទាំង​អស់​មិន​ចោល​មួយ​បទ​ណា​ឡើយ​។ មិន​យូរ​ប៉ុន្មាន​ស្វាង​ស្រា​ភ្លឺ​ភ្នែក​ទែង។​ ខ្ញុំអង្គុយ​សំកុក​ឈ្លី​ចិញ្ចើម​នឹក​ខ្មាស​ពួក​ម៉ាក​មិត្តភ័ក្តិ​។​ ខ្លួន​មិន​ចេះ​មាត់​ចេះ​ក​ស្ងាត់​ៗ តែ​ថ្ងៃ​នេះ​បែរ​ជា​លេង​ម៉ា​អស់​ដៃ​ទៅ​វិញ​ ម៉្យាង​ទៀត ​វាខ្មាស​សិស្ស​ប្អូន​ដែល​ទើប​នឹង​មក​ថ្មី​ៗ ធ្លាប់​ប្រាប់​នាង​ថាមិន​ចេះ​ផឹក​ស៊ី​ឬ​លេង​សើច។​ ណ្ហើយ!!​ យ៉ាង​ម៉េច​ក៏​យ៉ាង​ម៉េច​ទៅ​ចុះ​បើ​វា​ហួសទៅ​ហើយ​ឲ្យ​វា​ត្រឡប់​មក​វិញ​ក៏​មកមិន​រួច​ដែរ​ ​តែ​វា​បែរ​ជា​រឿង​ល្អ​ទៅ​វិញ​ ព្រោះ​មាន​និស្សិត​ខ្មែរ​តិច​តួច​ដែរ ដែល​ធ្វើ​បាន​ដូច​ខ្ញុំនោះ ព្រោះ​ខ្ញុំ​បាន​បញ្ចេញក្បាច់ និង​ចង្វាក់​រាំ​បែប​ខ្មែរ​ឲ្យ​បរទេស​ដែល​គេ​មក​ចូល​រួម​បាន​ឃើញ​។ មាន​មិត្តភក្តិ​បរទេស​មួយ​ចំនួន​ឲ្យ​ខ្ញុំបង្រៀន​ចង្វាក់​រាំក្បាច់​ខ្មែរ​ទៀត​ផង​។ ខ្ញុំ​មិន​បាន​រាំ​ចង្វាក់​ទាំង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រមាណ​ម៉ោង​ប្រាំពីរ​ល្ងាច​ កម្មវិធី​ក៏​បាន​បញ្ចប់​ដោយ​បរិយាកាស​សប្បាយ​រីករាយ​សាមគ្គីភាព​យោគ​យល់គ្នា​រវាង​មិត្តភ័ក្តិ​ខ្មែរ និងប្រិយមិត្ត​អន្តរជាតិ​ផ្សេង​ទៀត​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​មហា​វិទ្យាល័យ​វិញ​ទាំង​អារម្មណ៍ស្ពឹក​មុខ​បន្តិច… តែ​មិន​អី​ទេ​អាច​ជិះ​ម៉ូតូដោយ​ខ្លួន​ឯង​បាន​។ មិន​យូរ​ប៉ុន្មាន​រថ​តូច​របស់​ខ្ញុំ​ក៏​នាំ​រាង​កាយ​ដែល​មុន​នេះបន្តិច​ស្ថិត​នៅ​ក្នុង​ភាព​ខ្មាស​អៀន​នោះមក​ដល់​កណ្តាល​ទីក្រុង​បេះដូង​ប្រទេស​ឡាវ​។

ទ្វារប៉ាទូសៃ​ប្រទេសឡាវ​៖ រូបថត ឡឹក ជំនោរ

មក​ដល់​ក្បែរ​ប៉ៈ​ទូ​សៃ​(ទ្វារជ័យ) ដែល​ជា​អត្តសញ្ញាណ​របស់​ប្រទេស​ឡាវ​នោះ​  ស្រាប់​តែ​ទោចក្រយាន​យន្តដែល​នាំ​ខ្ញុំ​មក​នោះ​វា​ជ្រុះច្រវាក់។  សំណាង​ដែរ​ជិះ​យឺត​ៗ​កុំ​អី​មិន​ដឹង​ថា​វា​នាំ​ខ្ញុំ​ទៅ​ថើប​បង្គោល​ភ្លើង ឬ​ក៏​ដើម​ឈើ​ណា​នោះ​ទេ​។ ខ្ញុំចត​វា​ទុក​មួយ​កន្លែង​សិន​។ អារម្មណ៍​ច្របូក​ច្របល់​មែន​ទែន​ ខ្មាស​គេ​ផង​ដៃ​ប្រឡាក់​ប្រេង​ម៉ូតូ​ទៀត​ ស៊យ​អើយ​សែន​ស៊យ​!

ខ្ញុំ​ដើរ​មើល​ទិដ្ឋភាព​នៅ​សួន​ប៉ៈ​ទូ​សៃ​នេះ​បន្តិច​។ នៅ​ម្ខាង​ផ្លូវ​ឯណោះ​វិញ​ឃើញ​តែ​ស្តង់​លក់​ផ្កា​កុលាប​ស្រស់ៗ។​ ទាំង​គូ​ៗនាំ​គ្នា​ទិញ​ផ្កាហើយ​ជូន​គ្នា។ មើល​លើ​មើល​ក្រោម​មុខ​ក្រោយ​បន្តិច​  ខ្ញុំ​នឹក​តូច​ចិត្ត​គ្មាន​សង្សារ​ជូន​ផ្កា​ហ្នឹង​គេ​ក៏​ឡើង​ម៉ូតូកញ្ចាស់​សំដៅ​ទ្រនុំ​។ ជិះចេញបាន​ប្រមាណ​ម្ភៃ​ម៉ែត្រ​ជ្រុះ​ច្រវាក់​ទៀត។ ម្តង​នេះ​ធ្ងន់​ជាង​មុន​បន្តិច​។ ខ្ញុំ​ប្រឹង​អង្គុយ​ដាក់​ច្រវាក់​ម៉ូតូ ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​មក​ឈរក្រោយ​ខ្នង​ខ្ញុំ​ពី​អង្កាល់​ ខ្ញុំ​មិន​បាន​ចាប់​ភ្លឹក​សោះ​។ ខ្ញុំ​ក្រឡេក​ទៅ​ក្រោយ​ខ្នង​ជា​មួយ​សម្លេង​ដ៏​ស្រួយ​ស្រែស​​មក​គ្រប​បេះដូង​របស់​ខ្ញុំ​៖

– បង…បងប្រុសម៉ូតូ​កើត​អី​ហ្នឹង​?

សំនួរ​នេះ​ធ្វើ​ខ្ញុំ​ក្តៅ​ចុង​ច្រមុះ​ភ្លាម ។ ​ភ្នែក​ប៉ុន​ៗ​ពង​មាន់…  មិន​ឃើញ​ទេ​អី​ដោះ​ច្រវាក់​បែក​ញើស​ពេញ​ខ្លួន​ទៅ​ហើយ…បម្រុង​នឹង​ឆ្លើយ​ទៅ​ហើយ​ មាន​កូន​ចិត្ត​ចម្លែក​មួយ​កើត​ឡើង​៖

-​ មិន​អី​ទេ​អ្នក​នាង​គ្រាន់​តែ​ជ្រុះ​ច្រវាក់បន្តិច​ដោះ​រួច​ហើយ​។ ខ្ញុំ​ឆ្លើយ​ទាំង​ញញឹម​មិន​សម​ព្រោះ​ដៃ​ប្រឡាក់​ប្រេង​ម៉ូតូខ្មៅ​ក្រឹប​តែ​ម្តង​។ ខ្ញុំមិន​បាន​ដឹង​ថា​មុខ​របស់​ខ្ញុំ​ប្រឡាក់​ឬ​ក៏​អត់​នោះ​ទេ ស្រាប់​តែ​នារី​ឡាវ​ដែល​ខ្ញុំ​មិន​ធ្លាប់ស្គាល់​នោះ​ដក​កន្សែង​ដៃ​តូច​របស់​នាង​ចេញ​មកហុច​ឲ្យ​ខ្ញុំ​ជា​មួយ​វាចា​ដ៏​គួរ​ឲ្យ​ចង់​ស្តាប់​៖

– នេះ​កន្សែង​!​ បង​ប្រុស​ជូត​មុខ​ចេញ​ទៅ ​ប្រឡាក់​អ៊ីចឹង​ពិបាក​មើល​ណាស់​។

ខ្ញុំ​លូក​ដៃ​ទទួលកន្សែង​របស់​នាង​ទាំង​អារម្មណ៍​ខ្មាស​អៀន​ តែ​ធ្វើ​ម៉េច​បើ​វា​យ៉ាង​នេះ​ទៅ​ហើយ​។

– អរគុណ​អ្នក​នាង​ខ្លាំង​ណាស់​!

ខ្ញុំ​ថ្លែង​អំណរ​គុណ​នារី​នោះ​ទាំង​មិន​បាន​មើល​មុខនាង​ចំ​ផង ស្រាប់​តែ​នាង​ដើរ​ចេញ​ទៅ​បាត់​មិន​ដឹង​ជា​ទៅ​ពូន​នៅ​ត្រង់ណា​។ ​ខ្ញុំ​ជិះ​ម៉ូតូក្រឡឹង​ប៉ៈទូសៃ​មួយ​ជុំ​រក​មិន​ឃើញ​ព្រោះ​មនុស្ស​ច្រើន​ពេក​។ ខ្ញុំ​ក៏​ដាច់​ចិត្ត​ជិះ​ចេញ​មក​ដុង​ឌុក​ ទៅ​បាន​បន្តិច​ក៏​លេច​រូប​នាង​ម្តង​ទៀត។ ដំណើរ​ល្វត​ល្វន់​គួរ​ឲ្យ​ស្រឡាញ់​ដែល​ជា​រូប​រាង​របស់​នារី​ម្នាក់​នោះ​។ ខ្ញុំ​អែប​ម៉ូតូ​ទៅ​ជិត​នាង​។

ពន្លឺ​ភ្លើង​គោម​បំភ្លឺ​ស្រទន់​តាម​ដង​វិថីហាក់​បី​ដូច​ជា​បាន​បន្ថែម​សម្រស់​របស់​នាង​ម៉្យាងបែប​ស្រគត់​ស្រគំ​ទៅ​តាម​កាំ​រស្មី​។ ខ្ញុំ​ដាក់​សំណួរ​ទៅ​រក​នាង​មុន៖

– អ្នក​នាង​អញ្ជើញ​ទៅ​ណា​មក​ណា​ដែរ​? មាន​អ្នក​មក​ទទួល​ហើយ​មែន​ទេ​?

– ចាស៎! ខ្ញុំ​ចាំ​មិត្ត​ប្រុស​របស់​ខ្ញុំ​ពេញ​មួយ​ល្ងាច​ទៅ​ហើយ​នៅ​មិន​ទាន់​មក​ទៀត​។ គេ​ណាត់​ឲ្យ​ខ្ញុំមក​ចាំ​ត្រង់​នេះ​។ម៉ោង​ប្រាំ​មួយ​គេ​នឹង​មកទទួល​។​ ពេល​នេះ​ម៉ោង​ប្រាំបីជាង​ទៅ​ហើយ​ក៏​នៅ​មិន​ឃើញ​មក​ទៀត ប្រហែល​ជា​គាត់​រវល់​ហើយ​មើល​ទៅ​។

នាង​រៀប​រាប់​ពី​ការ​ណាត់​ជួប​របស់​មិត្ត​ប្រុស​នាង​។ ឱកាស​ល្អ​បែប​នេះ​ខ្ញុំ​គិត​ថា​ សង​គុណ​គេ​ម្តងក៏​អញ្ជើញ​ឲ្យ​ដោយ​សារ​ជា​មួយ​មក​ផ្ទះ​។

– បើ​មិន​យល់​ទាស់​ទេ​ ឲ្យ​ខ្ញុំ​ជូន​អ្នក​នាង​ទៅ​ផ្ទះ​ក៏​បាន​។ ផ្ទះ​អ្នក​នាង​នៅ​ឯណា​ដែរ​?

នាង​តប​មក​ខ្ញុំ​ដោយ​ស្នាម​ញញឹម​តូច​មួយ​បែប​ស្ទាក់​ស្ទើរ​​ក្នុង​ចិត្ត​។

– មិន​ចង់​រំខាន​លោក​ទេ​…បន្តិច​ទៀត​មាន​ទុកទុក​រត់​មក​ហើយ​ ។ ​ខ្ញុំ​ទៅ​ជា​មួយ​ទុកទុក​ក៏​បាន​។

ឮនាង​និយាយ​ដូច​នេះ​​ខ្ញុំ​ក៏​មាន​ចិត្ត​បារម្ភ​ពី​នាង​។

– ប៉ុន្តែ​ពេល​នេះ​ម៉ោង​ក៏​ច្រើន​ណាស់​ហើយ​ដែរ​ណា៎! ស្រួល​មិន​ស្រួល​អាច​មាន​ក្មេង​អ្នក​លេង​មើល​ងាយ​  មិន​ល្អ​ទេ។

តោះ​អញ្ជើញ​ឡើង​មក​កុំ​បារម្ភ​អី។

គ្រាន់​តែ​ខ្ញុំ​បញ្ចេញ​ពាក្យ​នេះ​ភ្លាម ​ស្រាប់​តែ​ស្រី​តូច​ឡើង​លើ​ម៉ូតូ​ដោយ​គ្មាន​ខ្លាច​ប្រុស​បន្តិច​។​ មុន​ដំបូង​ នាង​មិន​ហ៊ានអង្គុយ​មក​ជិត​ទេតែ​ពេល​ដាច់​ហ្វូង​មនុស្ស​ភ្លាម ​ដៃ​ដ៏​ស្រឡូន​របស់​នាង​ឱប​ចង្កេះ​ខ្ញុំ​ជាប់។​ រាង​កាយ​ដ៏​សែន​ត្រជាក់ល្អូក​របស់​អប្សរឡាវក៏​ផ្តួល​ផ្តេក​លើខ្នង​របស់​ខ្ញុំ​ពេញ​ទំហឹង​តែ​ម្តង​។ ខ្ញុំ​មិន​ចេញ​ស្តី​ព្រោះ​ខ្លាច​នាង​គិត​ថា​ប្រុស​កំសាកក៏​បណ្តោយ​តាម​តែ​ចិត្ត​នាង​ទៅ។​ នាង​ក៏​ចាប់​ផ្តើម​សួរ​ខ្ញុំ​មុន៖

– បង​ប្រុស​ឈ្មោះ​អ្វី​ដែរ​? ស្នាក់​នៅ​ឯណា​?

-​ ខ្ញុំ​ឈ្មោះ​សេដ្ឋា …សព្វ​ថ្ងៃ​ខ្ញុំ​នៅ​រៀន​នៅ​ឡើយ​ទេ​។​ ខ្ញុំ​ស្នាក់​នៅ​អន្តេវាសិក​ដុង​ឌុក​សាកលវិទ្យាល័យ​ជាតិ​ឡាវ​…

ខ្ញុំ​និយាយ​មិន​ទាន់​នឹង​ចប់​ស្រួល​បួល​ផង​។ ​នាង​សួរ​មក​ទៀត​៖

– អន្តេវាសិកដ្ឋាន​ដុងឌុក​!…ដូច្នេះ​បង​សេដ្ឋា​រៀន​មុខ​វិជ្ជា​អ្វី​ដែរ​?

ពេល​នេះ​ខ្ញុំ​ប្រៀប​បាន​អ្នក​ទោស​ដែល​ប៉ូលិស​កំពុង​សួរ​ចម្លើយ​ហើយ​ហ្តើ​!

ខ្ញុំ​ខ្ជិល​គិត​ឆ្លើយ​ក៏​ឆ្លើយ៖

– ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​អក្សរសាស្រ្ត​ផ្នែក​ភាសា​ឡាវ​និង​អក្សរសីល្ប៍​។

-ដូច​ជា​ខ្ញុំ​អញ្ចឹង​ដែរ​…ខ្ញុំ​ក៏​រៀន​នៅ​ទី​នោះ​ដូច​គ្នា​តែ​ខ្ញុំ​រៀន​នៅ​ផ្នែក​ភាសា​អង់គ្លេស​ពិសេស​។

ចាញ់​ប្រៀប​គេ​មែន​សួរ​ច្រើន​ពេក​ហើយ​ខ្ញុំ​ត្រូវ​តែ​សួរ​នាង​វិញ​។

– សូម​ទោស​!​តើ​អ្នក​នាង​មាន​ឈ្មោះ​អ្វី​ដែរ​?

– ខ្ញុំ​ឈ្មោះ​អាំផន ហៅ​ខ្ញុំ​ថា​មីនាៗក៏​បាន​។

នាង​តប​ដោយ​ក្តី​រំភើប​ម៉្យាង​ដែល​ខ្ញុំ​រក​ស្មាន​មិន​ត្រូវ​។

មីនា​មិត្ត​រួម​ដំណើរ​របស់​ខ្ញុំ​ក៏​រឹត​តែ​ឱប​ខ្ញុំ​តឹង​ទៅ​ៗ​។​ខ្លួន​ប្រាណ​របស់​ខ្ញុំ​ពេល​នេះ​ឡើង​បះ​រោម​សម្បុរ​គីង្គក់​ទៅ​ហើយ​។​ចំណែក​បេះដូង​កំព្រា​នោះ​វិញ​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​ម្តង​នៅ​ត្រង់​បំពង់​ក​ម្តង​ហាក់​បី​ដូច​ជា​នៅ​ត្រង់​កែង​ជើង​ម្តង​ដូច​ជា​ប្រុង​នឹង​ជ្រុះ​មក​ខាង​ក្រៅ​ទ្រូង​គឺ​វា​ភ័យ​ដូច​ជា​ម្រឹគ​នៅ​ក្នុង​ចង្កូម​រាជសី​អញ្ចឹង​ដែរ​។ រី​ឯ​ដៃ​របស់​ខ្ញុំ​វិញ​ញ័រ​ស្ទើរ​តែ​កាន់​ចង្កូត​បញ្ជា​រថ​មិន​ត្រង់​ទៅ​ហើយ​…ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ត្រូវ​តែ​ចាំ​មើល​បន្តិច​សិន​។ខ្វល់​ខ្វាយ​តែ​រឿង​ភ័យ​​ស្រាប់​ឮ​សម្លេង​កញ្ចែ​របស់​ប៉ូលិស​។​ខ្ញុំ​ហួស​ចិត្ត​!។​ខ្ញុំ​ជិះ​ភ្លេច​មើល​ភ្លើង​ស្តុប​។ ប៉ូលិស​ក៏​ពិន័យ​អស់​បី​ម៉ឺន​កីប​ទៅ​។​ អារម្មណ៍​គិត​ថា« ពេល​នេះ​ដឹក​មនុស្ស​ស្រី​មិន​ដឹង​ថា​នារី​នៅ​ក្រោយ​ខ្នង​ម្នាក់​នេះ​ជា​ប្រពន្ធ​ឬ​សង្សារ​នរណា​ទេ»។​ ភ័យ​ផង​អរ​ផង​ស្រាប់​តែ​មក​ដល់​សកល​វិទ្យាល័យ​ខ្ញុំ​ក៏​សួរ​ទៅ​នាង​ថា​៖

– ដល់​សាលា​ហើយ​មីនា​ស្នាក់​នៅ​អគារ​ណា​មួយ​?

នាង​សើច​កកឹ្អក។

– បង​សេដ្ឋា…ខ្ញុំ​ភ្លេច​ជម្រាប​បង…ខ្ញុំ​មិន​មែន​ស្នាក់​នៅ​អន្តេវាសិក​ទេ​ណា៎​!  ​ខ្ញុំ​ស្នាក់​នៅ​ឯភោនថាន់​ឯណោះ​ទេ​បង​។

នាង​វាចា​លាយ​ឡំ​នឹង​សំណើច​។​ ខ្ញុំ​កប់​យោបល់​មិន​ចេញ​ស្តី​។ ខ្ញុំ​ងាក​មើល​មុខ​នាង​បន្តិច​រួច​បន្ត​៖

– ​ភោនថាន់​ក៏​ភោនថាន់​ …ចាំ​ខ្ញុំ​ជូន​មីនា​ទៅ​វិញ​ក៏​បាន​!។

នាង​តប​វិញ​យ៉ាង​ប្រញាប់​៖

– កុំ​អាល​ប្រញាប់​ត្រឡប់​អី​បង​សេដ្ឋា។​យើង​ចូល​ទៅ​លេង​ក្នុង​មហា​វិទ្យាល័យ​សិន​ក៏​បាន​។​ នាង​បបួល​ព្រម​ទាំង​ទាញ​ដៃ​ខ្ញុំ​ចូល​ទៅ​ក្នុង​របង​មហាវិទ្យាល័យ​។​ ខ្ញុំ​ស្ទើរ​តែ​ទប់​ខ្លួន​មិន​ជាប់​។

-ទៅ​ក៏​ទៅ​.​.​.

– តែ​ឥឡូវ​នេះ​យប់​កាន់​តែ​ជ្រៅ​ណាស់​ហើយ​ដែរ មីនា​មិន​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​! មិន​ខ្លាច​ប៉ាម៉ាក់​ចាំ​ទេ​អី​?

សំនួរ​សំណូមពរ​របស់​ខ្ញុំ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​។ នាង​បែរ​ជា​សើច​ញញឹម​ៗ​ទៅ​វិញ​។

– អត់​ទេ​បង​ប្រុស​… ខ្ញុំ​នៅ​ផ្ទះ​ជួល​ទេ​តើ​! ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ឯ​ចំប៉ាសាក់​ឯណោះ​!

ឮ​ថា​ជា​អ្នក​ស្រុក​ចំប៉ាសាក់​ ខ្ញុំ​មាន​អារម្មណ៍​ក្នុង​ចិត្ត​៖​ អ៊ីចឹង​បាន​ជា​នាង​ម្នាក់​នេះ​បបួល​ខ្ញុំ​ដើរ​មិន​ចូល​ផ្ទះ​សោះ​ដូច​នេះ។​ ឈាន​ដើរ​មិន​បាន​ប៉ុន្មាន​ចូល​ទៅ​ក្បែរ​អន្តេវាសិក​នារី​ផង ​ខ្ញុំ​ស្ទើរ​តែ​គាំង​បេះដូង​ស្លុត​ស្លុង​ក្នុង​ចិត្ត។ ទាំង​គូ​ៗ​អង្គុយ​ឱប​ចង្កេះ​គ្នា​ឲ្យ​ស្អិត​។ វា​ពិបាក​មើល​ទាល់​តែ​មែន​ទែន ស្អី​ក៏​មិន​ខ្លាច​ភ្នែក​អ្នក​ដទៃ​បន្តិច​សោះ​អ៊ីចឹង​។ ស្រី​អី​ក៏​ស្រី​បែប​នេះ​! ខ្លះ​ឱប​គ្នា​លើ​ម៉ូតូ​។ គូ​ខ្លះ​កំពុង​ប្រយិត​ប្រតោង​អង្គៀម​គ្នា​ដូច​សុនខ​បាន​ឆ្អឹង​ខ្ចី​។ ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ក្បត់​ឪពុកម្តាយ​ដូច​នេះ​ហ្ន៎?​។  ខ្ញុំ​ភ្ញាក់​ផ្អើល​បែប​នេះ​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុនមក​។​ ព្រោះ​តែ​វា​វេទនា​ចក្ខុ​ខ្ញុំ​ពេក​នោះ​ខ្ញុំ​ក៏​សួរ​ទៅ​នារី​ដែល​វង្វេង​ផ្លូវ​មក​ជា​មួយ​ខ្ញុំ​ថា​៖

– នៅ​ក្នុង​តំបន់​មហាវិទ្យាល័យ​មាន​សកម្មភាព​បែប​នេះ​មែន​ទេ​អ្នក​នាង​?

មីនា​មើលមុខ​ខ្ញុំ​ដូច​ជា​ចង់​និយាយ​ថា ខ្ញុំ​ល្ងង់​ដូច​ក្មេងអាយុ​៥​ឆ្នាំហើយ​តប​នឹង​សំនួរ​របស់​ខ្ញុំ​ស្ទើរ​សើច​ស្ទើរ​ញញឹម៖

– បង​សេដ្ឋា… បង​ឯង​ចំ​ជា…​មិន​យល់​អ្វី​បន្តិច​មែន​…!  សម័យ​នេះ​ហើយ​បង​អើយ​! ​ពួក​គេ​មិន​ខ្វល់​អ្វី​ទាំង​អស់​។ ​គេ​ដឹង​តែ​ម៉្យាង​គឺ​ពេល​នេះ​គេ​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ​នៅ​ក្បែរ​ឬ​អត់​…បាន​ពោល​ពាក្យ​ផ្អែម​ល្ហែម​ហើយ​ឬ​នៅ​សម្រាប់​ថ្ងៃ​នេះ ព្រោះ​វា​ជា​ថ្ងៃ​សំខាន់​សម្រាប់​មនុស្ស​ទាំង​ផែនដី​ បើ​មិន​បាន​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​នរណា​ម្នាក់​ ​ឬ​អ្នក​ដែល​យើង​ស្រឡាញ់​នោះ​វា​ហាក់​ដូច​ជា​ជីវិត​គ្មាន​បេះដូង​អ៊ីចឹង​។

ប្រយោគ​វែង​មួយ​ដែល​ចេញ​ពី​បបូរ​មាត់​របស់​ស្រី​តូច​នៅ​នាទី​មុន​នេះ​​ ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា​ នាង​កំពុង​ត្រូវ​ការ​បុរស​ណា​ម្នាក់​មក​នៅ​កំដរ​ក្បែរ​ខាង​នាង​ហើយ​។ ខ្ញុំ​ចាប់​ផ្តើម​អាណិត​នាង​តិច​ៗ​ដែរ​ព្រោះ​អី​ពេល​នេះ​ម៉ោង​ជាង​ប្រាំ​បួន​យប់​ទៅ​ហើយ​ នៅ​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​យក​ផ្កា​មក​ជូន​នាង​សោះ…​ហើយ​បើ​នាង​មាន​គូ​ស្នេហ៍​នោះ​​ម៉្លេះ​សម​នាង​មិន​មក​ដើរ​ប្រកៀក​ស្មា​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ​ទេ​។ ខ្ញុំ​ចង់​សួរ​នាង​ដែរ​ថា​ នាង​បាន​ទទួល​បាច់​ផ្កា​ ឬ​កុលាប​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង​ហើយ​ឬ​នៅ​? តែ​បើ​សួរ​ទៅ​ហើយ​នាង​មិន​បាន​ទទួល​នោះ ក្រែង​នាង​មិន​សប្បាយ​ចិត្ត​…​ ខ្ជិល​ជីក​ឫស​គល់​រឿង​បេះដូង​របស់​គេ​។ គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា​នឹង​សួរ​ទៅ​បក្សី​រាត្រី​តូច​នេះ​ស្រាប់​តែ​សំណួរ​នោះ​បែរ​ជា​ខ្ញុំ​ជា​អ្នក​ឆ្លើយ​ទៅ​វិញ​។ នាង​សួរ​ខ្ញុំ​៖

– ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​… តើ​បង​បាន​ទទួល​កុលាប​ពី​មិត្ត​ស្រី​របស់​បង​ហើយ​ឬនៅ?

នាង​ឱប​ដៃ​ខ្ញុំ​ជាប់​ព្រម​ទាំង​ប្រកៀក​ស្មា​យ៉ាង​ណែន​ប្រៀប​ដូច​ជន​ជាប់​ចោទ​ត្រូវ​ប៉ូលីស​រឹត​ស្លាប​ប្រចៀវ​ឲ្យ​សារភាព​។ ខ្ញុំ​មាន​អារម្មណ៍​ក្លាហាន​ភ្លាម​ដូច​ជា​តារា​ហួលីវួត​ចង់​ប្រលោម​តួឯក​ស្រី​អ៊ីចឹង​  ហើយ​មិន​ដឹង​ថា​ពាក្យ​ទាំង​នោះ​មាន​នៅ​ក្នុង​បេះដូង​ខ្ញុំ​ពី​ពេល​ណា​ទេ ស្រាប់​តែ​ធ្លាយ​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន​ដូច​ជា​ទឹក​បាក់​ទំនប់​។ ដៃ​ទាំង​ពីរ​របស់​ខ្ញុំ​បង្វែរ​មក​ចាប់​ស្មា​ទាំង​ពីរ​របស់​មីនា​មួយ​រំពេច​។

– នៅ​ឡើយ​ទេ​..បង​នៅ​មិន​ទាន់​មាន​នារី​ណា​ម្នាក់​នោះ​ទេ​!..បេះដូង​របស់​បង​ក៏​នៅមិន​ទាន់​ស្គាល់​ថា​ស្នេហា​នោះ​វា​មាន​រសជាតិ

យ៉ាង​ណា​នោះ​ដែរ។ គឺ​មិន​បាន​ដឹង​ដូច​ជា​មនុស្សរស់​មិន​ធ្លាប់​ស្គាល់​សេចក្តី​ស្លាប់​អ៊ីចឹង​ដែរ​..ហើយ​រាត្រី​នេះ​បង​ប្រហែល​ជា​មាន​តែ

មីនា​ប៉ុណ្ណោះ​ដែល​មក​ជំនួស​តំបន់​ខ្វះខាត​នៅ​ក្នុង​ហទ័យវត្ថុ​ក្រៀម​ស្វិត​មួយ​ដួង​នេះ។​​ ប្រយោគ​ដែល​បាក់​ធ្លាយ​ចេញ​ពី​បេះដូង

អម្បាញ់មិញ​នេះ ត្រូវ​ទទួល​បាន​មក​វិញ​នូវ​ស្នាម​ញញឹម​តូច​មួយ​យ៉ាង​ផ្អែម​ជា​មួយ​ស្នាម​ខួច​នៃ​ផែន​ថ្ពាល់​ទាំង​គូរ​របស់​នាង​មក​ឲ្យ​ខ្ញុំ​។

– ហើយ​រាត្រី​នេះ មីនា​មាន​តែ​បង​សេដ្ឋា​ម្នាក់​ប៉ុណ្ណោះ​ដែល​ជួយ​ជំនួស​ និង​បិទ​បាំង​រនាំង​ស្នេហ៍​របស់​អូន។

មីនា​និយាយ​ព្រម​ទាំង​ផ្តេក​ក្បាល​មក​លើ​ទ្រូង​របស់​ខ្ញុំ​។ ​កេសា​ខ្មៅ​រលោង​ដូច​ស្លាប​ភូមរី​​ហត្ថា​ទន់​ភ្លន់របស់​នាង​ឱប​ចង្កេះ​ខ្ញុំ​យ៉ាង​ណែន​ ​ក្រពុំ​ឈូក​ទាំង​គូរ​របស់​នាង​ផ្អឹប​លើ​ទ្រូង​ខ្ញុំ​ពេញ​ទំហឹង​។​ ទ្រូង​ខ្ញុំ​ញ័រ​បេះ​ដូង​លោត​ខុស​ចង្វាក់​ដៃ​ទាំង​គូរ​របស់​ខ្ញុំ​ឱប​នាង​យ៉ាង​ណែន​ដូច​ជា​គូ​ស្នេហ៍​ដែល​ស្គាល់​ចិត្ត​ថ្លើម​គ្នា​យូរ​ហើយ​អញ្ចឹង​។ ដៃ​នាង​ឱប​រឹត​រាង​កាយ​របស់​នាង​ជាប់​។​ ចំណែក​ខួរ​ក្បាល​វិញ​វា​កំពុង​បង្វែរ​ទិស​ឲ្យ​ខ្ញុំ​គិត​ដល់​ប្រយោគ​មួយ​ដែល​ខ្ញុំ​បាន​និយាយ​មុន​នេះ​បន្តិច​ថា​៖ ​ពួក​និស្សិត​ដែល​មាន​គូ​ស្នេហា​គេ​នាំ​គ្នា​ឱប​រឹត​នៅ​ក្រោម​ពន្លឺ​ភ្លើង​ក្នុង​សាលា​គ្មាន​ក្រែងគ្មាន​អៀន​ខ្មាស​​ភ្នែក​អ្នក​ដទៃ​ ស្រាប់​តែ​ពេល​នេះ​វា​បែរ​ជា​ខ្ញុំ​ទៅ​វិញ​ទេ​ដែល​កំពុង​បម្រើ​អំពើ​ដែល​ពិបាក​មើល​នោះ​។​នឹក​ទៅ​ខ្មាស​ខ្លួន​ឯង​រក​អ្វី​មក​ផ្ទឹម​ពុំ​បាន​។

បើ​នឹងសូម​នាង​ឲ្យ​ដក​ដៃ​ចេញ​ វា​ដូច​ជា​អន់​ពេក​។ គេ​ជា​ស្រី​គេ​មិន​ទាំង​ខ្វល់​ អ្វី​ផង​ហ្នឹង​យ៉ាង​ម៉េច​ម្តេច​ម្តា​ឲ្យ​វា​ទៅ​តាម​សម្រួល​ទៅ​ចុះ។

– ប្អូន!ៗ…ល្មម​ត្រឡប់​ទៅ​វិញ​បាន​ហើយ​!​ ហើយ​ប្អូន​ស្រី​ដល់​ពេល​ចូល​គេង​ហើយ​ម៉ោង​ជាង​ដប់​ហើយ​ណា៎ ​ប្រយ័ត្ន​សាលា​ដេញ​ចេញ​មិន​ឲ្យ​ស្នាក់​ក្នុង​នេះ​ទៀត​…។

យើង​ទាំង​ពីរ​ភ្ញាក់​ក្រញ៉ាង​ងាក​មក​រក​ម្ចាស់​សម្លេង​។​ពួក​អ្នក​យាម​អន្តេវាសិក​មក​ដេញ​ឲ្យ​និស្សិត​នារី​ចូល​គេង។​ តាម​ពិត​គេ​ផ្លុំ​ទាំង​កញ្ចែ​ទៀត​ផង​ តែ​ហេតុ​អ្វី​បាន​ជា​ត្រចៀក​របស់​ខ្ញុំ​មិន​ឮ​។មួយ​គ្រា​នេះ​ខ្មាស​គេ​អស់​ទាស់​តែ​ម្តង​ហើយ​ខ្ញុំ​។ យើងទាំងពីរមើលមុខគ្នាអស់សំណើច។ នាងក៏ទាញដៃខ្ញុំចេញមករកកន្លែងចត​រថ។

ខ្ញុំគិតក្នុងចិត្តថា​ បើខ្ញុំជូននាងទៅផ្ទះនោះខ្ញុំត្រឡប់មកវិញពិតជាមិនបាន    ហើយក៏មិនអាចចូល​គេងនៅអន្តេវាសិកបានដែរ ព្រោះដល់ម៉ោងបិទទ្វារទៅហើយ តែបើមិនជូននាងទៅហាក់ដូចជា

ចិត្តអាក្រក់ពេក។ គិតសព្វគ្រប់ទៅកាត់សាញទៅក៏ទៅតែប្រហែលត្រឡប់មករកគេងផ្ទះសំណាក់

ហើយ។  បញ្ឆេះម៉ូតូនាងក៏ឡើងទុំពីក្រោយឱបចង្កេះគ្រឹប។

បងគិតទៅណាទៀតហ្នឹង!

មីនាសួរខ្ញុំដោយវាចាទន់ជ្រាយ៖

– បងគិតជូនមីនាទៅផ្ទះនោះអី…  ​ទៅផ្ទះឬទៅដើរលេងបន្ត?​ខ្ញុំសួរនាងដូចបងប្រុសចង់បណ្តោយតាមប្អូនស្រីតូចម្ញ៉ិកម៉្ញក់។ នារីអាយុប្រមាណម្ភៃឆ្នាំសួរបន្តដូចជាដឹងចិត្តខ្ញុំច្បាស់ណាស់អញ្ចឹង៖

– បើបងជូនខ្ញុំទៅផ្ទះ… បងចូលសាលាម្តេចបានទៅ?

– មិនអីទេ បងចូលគេងផ្ទះសំណាក់ក៏បានដែរ ។   រឿងដែលបងបារម្ភនោះគឺសុវត្ថិភាពរបស់មីនាវិញទេ។ ខ្ញុំនិយាយឡើងដូចជាសម្តែងក្តីព្រួយបារម្ភទៅលើនាង តែខ្ញុំមិនគួរឲ្យជឿត្រចៀកខ្លួនឯងទាល់តែសោះ នៅពេលនាងខ្សិបប្រយោគមួយឃ្លាស្រាលស្រទន់ដាក់ត្រចៀករបស់ខ្ញុំ៖

– បើបងសេដ្ឋាគេងផ្ទះសំណាក់មីនានឹងទៅជាមួយដែរ..!

ប្រយោគនេះហើយដែលនៅតែដក់ក្នុងបេះដូងខ្ញុំជានិច្ចនោះ។ ហេតុអ្វីបានជាមាណវីរូបនោះនិយាយចេញមកស្រួលខ្លាំងម៉្លេះ។ ខ្ញុំជាបុរសមិននឹកឃើញនឹងនិយាយចេញម្តងណាផង។ ខ្ញុំ​គ្រាន់​តែ​នឹក​ក្នុង​ចិត្ត​ហើយ​ព្យាយាម​ណ្តាយ​តាម​ចិត្ត​នាង​ ម៉្យាង​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ផ្ទះ​សំណាក់​ណា​មួយ​ផង​។ ភារកិច្ច​នេះ​មីនា​ជា​អ្នក​ដោះ​ស្រាយ​។

ខ្ញុំ​បើក​បរ​រថ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ តាម​ដង​ផ្លូវ​ពីមហា​វិទ្យាល័យ​ឆ្ពោះ​ទៅ​ទី​ក្រុងវៀចន្ទន៍​វា​ឆ្ងាយ​គួរ​សម​ដែរ​។ នៅ​តាម​ដង​ផ្លូវ​មាន​តែ​ម៉ូតូ​និង​រថយន្ត​នៃ​គូ​ស្នេហ៍​ទាំង​គូ​ៗ​ ជា​ពិសេស​នោះ​គឺ​មាន​តែ​ក្មេងៗ​អ្នក​លេង​។ ខ្លះ​ក៏​ដេក​ស្តូក​ស្តឹង​នៅ​លើ​ទ្រូង​ផ្លូវ​។ ​រថយន្ត​ខ្លះ​ក៏​លោត​ទៅ​ថើប​បង្គោល​ភ្លើង​។ ខ្លះ​តម្រួត​កំពុង​ញាត់​ចូល​ក្នុង​រថយន្ត​។ សកម្មភាព​របស់​មនុស្ស​នៅ​ក្នុង​រាត្រី​នេះ​ជា​រាត្រី​ដែល​អ្វីៗ​ត្រូវ​បាត់​បង់​ទៅ​។មិន​ថា​ជីវិត​​ ព្រហ្មចារីយ៍​ ភាព​បរិសុទ្ធ​ក៏​បាត់​បង់​ទៅ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​មក​វិញ​។ កណ្តាល​ទី​ក្រុង​វៀង​ចន្ទន៍​ពោរ​ពេញ​ទៅ​ដោយ​សម្លេង​រថ​សង្គ្រោះ​ប្រៀប​បាន​ទៅ​នឹង​ទី​ក្រុង​ដែល​យុវវ័យ​និង​គូ​ស្នេហ៍​មួយ​ចំនួន​ណាត់​គ្នា​មក​ស្លាប់។​ មណ្ឌល​កំសាន្ត​រាត្រី​មួយ​ចំនួន​ត្រូវ​រំខាន​ដោយ​ពួក​ក្មេង​ស្ទាវ​។ ក្មេង​ស្ទាវ​ទំនើង​ខ្លះ​ត្រូវ​ក្របូច​ក​ព្រោះ​តែ​យ៉ាបា​ និង​គ្រឿង​ញៀន​ស្រវឹង​ ហើយ​វិថី​មួយ​ចំនួន​ត្រូវ​ក្លាយ​ជា​ទី​លាន​ប្រណាំង​រថយន្ត​របស់​ក្មេង​ទំនើង​។​ សកម្មភាព​ទាំង​នេះ​វា​ប្រទះ​នឹង​ភ្នែក​របស់​ខ្ញុំ​តាំង​តែ​ចេញ​ដំណើរ​ពី​មហាវិទ្យាល័យ​រហូត​ដល់​កណ្តាល​ក្រុង​។​ បើ​ពួក​គេ​គិត​ថា​រាត្រី​នេះ​ជា​រាត្រី​ទឹក​ឃ្មុំ​ ជា​រាត្រី​ដែល​គួរ​តែ​ផ្តល់​សេចក្តី​សុខ​សុភមង្គល​ ភាព​ផ្អែម​ល្អែម​ឲ្យ​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នោះ​វា​ជា​ការ​ល្អ​ម៉្យាង​ តែ​វា​បែរ​ជា​យក​រាត្រី​នេះ​ជា​រាត្រី​ទឹក​ខ្មេះ ​ឬ​រាត្រី​ដែល​ត្រូវ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ បាត់​បង់​បុត្រ​ធីតា​ទៅ​វិញ​…។ គួរ​ឲ្យ​ព្រឺ​ខ្នង​មែន​ទែន​ពេល​ឃើញ​ទិដ្ឋភាព​នា​រាត្រី​នោះ។​មីនា​នាំ​ខ្ញុំ​រក​ផ្ទះ​សំណាក់​គ្រប់​ច្រក​ល្ហក​ក៏​នៅ​តែ​មិន​បាន​។​ គឺ​ពេញ​ទាំង​អស់​ មិន​ដឹង​ថា​នៅ​វៀងចន្ទន៍​គួរ​តែ​សង់​ផ្ទះ​សំណាក់​ប៉ុន្មាន​បន្ថែម​ទៀត​ទេ​ទើប​គ្រប់​នោះ​? នេះ​សម្រាប់​តែ​គូ​ខ្ញុំ​រក​មិន​បាន​ទៅ​ហើយ​។ ចុះ​គូ​ស្នេហ៍​ដែល​មិន​ទាន់​ចេញ​ពី​ក្លិប​រាត្រី​នោះ​ពួក​គេ​ទៅ​គេង​ឯណា​​ទៅ​​? ហើយ​បន្ទប់​ដែល​នៅ​សល់​នោះ​ក៏​ថ្លៃ​កប់​ពពក​ទៅ​ទៀត​។ ខ្ញុំ​ចាប់​ផ្តើម​ងងុយ​បន្តិច​។ ​ម្តងៗ ខ្ញុំ​ក៏​បត់​ម៉ូតូ​ចូល​ទៅ​ផ្សារ​ពេល​ព្រឹក​(តៈឡាតសៅ) ដើម្បី​ស្រស់​ស្រូប​បបរ​មាន់​។ ក្រោយ​ពេល​ញុំាំ​រួច មីនា​បបួល​ខ្ញុំ​ទៅ​គេង​នៅ​ផ្ទះ​ជួល​របស់​នាង​។​ ខ្ញុំ​អល់​អែក​ក្នុង​ចិត្តគ្មាន​វិធី​ដោះ​ស្រាយ​មាន​តែ​បណ្តោយ​ទៅ​តាម​នាង​។

ផ្ទះ​ជួល​របស់​មីនា​ជា​ផ្ទះ​បែប​បន្ទប់​ជួល​របស់​និស្សិត​នៅ​ភូមិ​ភោន​ថាន់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីតៈឡាតសៅ​។ បន្ទប់​នោះ​ស្អាត​មាន​របៀប​គួរ​ឲ្យ​ចង់​រស់​នៅ។ នាង​រស់​នៅ​តែ​ម្នាក់​ឯង​។ ខ្ញុំ​ក៏​គ្មាន​អ្វី​ត្រូវ​សួរ​នាំ​ទៀត​ដែរ​ព្រោះ​ងងុយ​ខ្លាំង​ពេក​ ហើយ​ចាំ​មើល​តែ​ម្ចាស់​ផ្ទះ​អញ្ជើញ​ឲ្យសម្រាក​គឺ​បិទ​ភ្នែក​ឲ្យ​លក់​ភ្លាម​តែ​ម្តង​។

– បង​សម្រាក​ចុះ​ណា៎! អូន​ងូត​ទឹក​សិន​។

ខ្ញុំ​ប្រះ​ខ្លួន​លើ​ពូក​មួយ​ទំហឹង​ដួច​ជា​ផ្ទះ​ខ្លួនឯង​។ ពូក​និង​ខ្នើយ​ទន់​ល្មើយ​មាន​ក្តី​សុខ​រក​ថា​មិន​ត្រូវ​។ មិន​ទាន់​បាន​បិទ​ភ្នែក​ផង​អារម្មណ៍​មួយ​ផ្សេង​ទៀត​បាន​មក​កាត់​ចង្វាក់​ខ្ញុំ​ភ្លាម​… «នាង​នេះ​ជា​នរណា​…!!! នាង​មាន​គ្រួសារ​ឬ​នៅ​?​ហេតុ​អ្វី​ខ្លួន​ជា​ប្រុស​ត្រូវ​មក​គេង​ជា​មួយ​នារី​ដែល​មិន​មែន​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​បែប​នេះ​? នឹង​មាន​អ្វី​កើត​ឡើង​ទៅ​ហ្ន៎​នៅ​រាត្រី​នេះ​? តើ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត​? តើ​នាង​ទៅ​គេង​នៅ​ឯណា​បើ​គ្រែ​មាន​តែ​មួយ​? »សំនួរ​នេះ​វា​បាន​ផុស​ចេញ​ពី​ខួរ​ក្បាល​របស់​ខ្ញុំ​។​ខ្ញុំ​គ្មាន​ចម្លើយ​នឹង​តប​។

– បង​សេដ្ឋា​នៅ​មិន​ទាន់​គេង​មែន​ទេ​?

ខ្ញុំ​ក្រឡេក​មក​ម្ចាស់​សម្លេង​។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ភ្នែកខ្លួន​ឯង​តែ​ម្តង​។ សក់​វែង​រលោង​ទម្លាក់​មក​លើ​ស្មា​បែប​ធម្មជាតិ​គ្មាន​កែ​ច្នៃ​ ភ័ក្រ្ត​ស្រី​មូល​ពង​ក្រពើ​។ កែវ​ភ្នែក​មូល​ក្រឡង់​ភ្លឺ​ចិញ្ចាច​ដូច​កែវ​ចរណៃ​ ជាប់​ជា​មួយ​ស្នាម​ញញឹម​បញ្ចេញ​ធ្មេញ​ព័ណ៌​ផ្កា​ម្លិះ​ ។នាង​ស្លៀក​ឈុ​ត​រាត្រី​ស្តើង​ សម​នឹង​ស្បែក​ស​រលោង​ម៉ដ្ឋ​​ខៃ​លេច​ចេញ​ពី​អម្ពរ​ព័ណ៌​ផ្កា​ឈូក​ខ្ចី​ផង​នោះ​ រឹង​រឹត​តែ​បន្ថែម​លើ​សម្រស់​របស់​នាង​មួយ​កម្រិត​ទៀត​។​ សម្ផស្ស​ដ៏​ត្រកាល​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក​ពេល​នេះ​វា​នៅ​ជិត​ ជិត​ស្ទើរ​តែ​អាច​និយាយ​បាន​ថា​ទេព​ធីតា​កំពុង​ដើរ​លើ​ដី​។​រាង​ស្រលូន​ ត្រគាក​សម​ស្មា​។ ភក្ត្រា​សម​នឹង​ស្នាម​ញញឹម​ជា​សម្រស់​របស់​នាង​នៅ​រាត្រី​នោះ​។ សម្រាប់​ការ​ព័ណ៌នា​ពី​សម្រស់​នាង​ ខ្ញុំ​គិត​ថា​ កវី​និពន្ធ​ទាំង​ឡាយ​នៅ​លើ​លោក​នេះ​ប្រាកដ​ជា​ពិបាក​នឹង​រក​វាក្យ​សព្ទ​សំនួន​វោហាមកពណ៌នា​ឲ្យ​ត្រូវ​ខ្លាំង​ណាស់​ប្រៀប​ដូច​ជា​នាង​ប្រមូល​សម្រស់​នារី​ទូ​ទាំង​ផែន​ដី​មក​ទុក​ជា​មួយ​នាង​តែ​ម្នាក់​អ៊ីចឹង​។ កំពុង​តែ​សញ្ជឹង​គិត​បើក​ភ្នែក​ធំ​ៗ​ស្រាប់​តែ​នាង​បន្ទាប​ខ្លួន​ថ្នម​ៗ​មក​ក្បែរ​ដំណេក​របស់​ខ្ញុំ​។ គន្ធា​នារី​សួគ៌​បាន​ជះ​មក​លើ​នាសា​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​វង្វេង​វង្វាន់​លង់​លក់​ក្នុង​និទ្រា​រាត្រី​ដោយ​មិន​ដឹង​ខ្លួន​។ រាត្រី​នោះ​អាច​និយាយ​បាន​ថា​​ វា​ជា​រាត្រី​ទី​មួយ​សម្រាប់​ជីវិត​កម្លោះ​របស់​ខ្ញុំ​។ ពេញ​មួយ​រាត្រី​តែ​ម្តង​ដែល​មីនា​បាន​នាំ​ខ្ញុំ​ទៅ​ដល់​ភព​មួយ​ផ្សេង​ទៀត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ទៅ​ដល់​ពី​មុន​មក​។ ខ្ញុំ​ដឹង​តែ​ម៉្យាង​ប៉ុណ្ណោះ​គឺ​ដឹង​ថា​រស​ជាតិ​ស្នេហា​វា​ផ្អែម​ប៉ុន​ណា​! ហើយ​ឋាន​សួគ៌​លោកីយ៍​នោះ​វា​មាន​ន័យ​ប៉ុន​ណា​សម្រាប់​ខ្ញុំ​…!  ពេញ​មួយ​រាត្រី​នោះ​ជា​រាត្រី​របស់​ខ្ញុំ​និង​មីនា​!!

–   ម្ចាស់​ស្នេហ៍​អូន​…! ពី​ថ្ងៃ​នេះ​ត​ទៅ​​បង​ជា​របស់​អូន​តែ​ម្នាក់​ប៉ុណ្ណោះ​។ អូន​ស្រឡាញ់​ខ្សែភ្នែក​ដែល​មាន​មន្ត​ស្នេហ៍​ដូច​បង​ខ្លាំង​ណាស់​។ អូន​ចង់​តែ​លេប​បង​ទាំង​រស់​ទេ ​ហើយ​ច្រមុះនេះ​ក៏​ខិល​ណាស់​ដែរ។

មីនាយកម្រាមដៃដ៏ស្រទន់ស្រួចដូចបន្លាក្រូចរបស់នាងមកអង្អែលនិងច្បិចច្រមុះរបស់ខ្ញុំថ្នមៗ។

– យក​ចុះ​ណា៎! បង​ប្រគល់​ឲ្យ​មីនា​…  មិន​ថា​តែ​កែវ​ភ្នែក​ឬ​ច្រមុះ​ទេ​ រួម​ទាំង​ជីវិត​ផង​ដែរ​ប្រសិន​បើ​បណ្តូល​ចិត្ត​របស់​បង​ត្រូវ​ការ​វា​នោះ​។

ខ្ញុំ​បន្ថែម​វាចា​ដ៏​ផ្អែម​ទៅ​រក​នាង​ ព្រម​ទាំង​ស្រង់​ក្លិន​ថ្ពាល់​របស់​នាង​យ៉ាង​ថ្នម​ហើយ​ស្រូប​ខ្យល់​ចូល​ទៅ​ក្នុង​បេះដូង​យ៉ាង​វែង​។ នាង​ច្បិច​ច្រមុះ​កោង​ដូច​កូន​កាត់​ឥណ្ឌា​របស់​ខ្ញុំ​រួច​ចោល​ក្លែប​សំនួន​មក​៖

– ច្រមុះ​បង​ឯង​នេះ​ខិល​ណាស់​…

– វា​ខិល​ក៏​មក​ពី​ថ្ពាល់​ដ៏​រលោង​របស់​អូន​នោះ​អី​!

ខ្ញុំ​ប្រលោម​មីនា​ដោយ​ការ​បបោស​​អង្អែល​ឱប​រឹត​ខ្លួន​ប្រាណ​របស់​នាង​។ រាង​កាយ​ដ៏​ល្វត​ល្វន់​របស់​នាង​នៅ​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ​ពេញ​មួយ​រាត្រី​។

-មីនា…​បង​មិន​ចង់​ឲ្យ​រាត្រី​នេះ​កន្លង​ហួស​ទៅ​សោះ​! ​បង​ចង់​ឲ្យ​វា​ក្លាយ​ជា​រាត្រី​មួយ​ដ៏​វែង​សម្រាប់​យើង​ទាំង​ពីរ​នាក់​។

– បង​ចង់​ឲ្យ​វា​វែង​ដូច​ក្តី​ស្រឡាញ់​របស់​បង​មក​លើ​រូប​អូន​មែន​ទេ​?

-តើ​មីនា​ស្រឡាញ់​បង​ប៉ុន​ណា​ទៅ​?

-ស្រឡាញ់រហូត រក​លេខ​មក​គណនា​មិន​បាន​នុះ​អី​។

នាង​និយាយ​មក​ដល់​ត្រង់​នេះ​ខ្ញុំ​ក៏​បង្វែរមក​និយាយ​រឿង​ផ្សេង​វិញ​។ រាត្រី​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ដក់​ជាប់​អារម្មណ៍​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ខ្ញុំ​គេង​ត្រាំ​លើ​គ្រែ​របស់​នាង​រហូត​ដល់​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ទើប​ចេញ​ពី​ទ្រនុំ​ស្នេហ៍​ថ្មី​ដែល​ទើប​តែ​ពន្លក​មិន​ទាន់​បាន​ម្ភៃ​ម៉ោង​នោះ​។​ ខ្ញុំ​លា​នាង​ទាំង​អាល័យ​។ នាង​ក្រោក​មក​ឱប​ខ្ញុំ​យ៉ាង​ណែន​ហើយ​វាចា​ផ្អែម​ត្រជាក់​៖

– បង​សម្លាញ់​កុំ​អាល​ទៅ​ចោល​អូន​អី​ណា៎​!​ បង​ជា​ផ្ទៃ​មេឃ​ដែល​កំពុង​គ្រប​ដណ្តប់​លើប្រថពី​ស្នេហ៍​អូន​ហើយ​។ អូន​រស់​គ្មាន​បង​ប្រាកដ​ជា​មិន​បាន​ទេ​!

ខ្ញុំ​ថើប​ថ្ងាស​នាង​រួច​ប្រលោម​ដោយ​ភាសា​មួយ​យ៉ាង​មនោរម្យ​៖

– សំណព្វ​ចិត្ត​! បង​មិន​ទៅ​ណា​ចោល​អូន​ទេ​។ ពេល​ក្រោយ​បង​នឹង​មក​រក​ព្រលឹង​ទៀត​តែ​ថ្ងៃ​នេះ​បង​មាន​ការ​ចាំបាច់​ត្រូវ​បំពេញ​បន្ទាន់​ ឲ្យ​បង​សូម​ទោស​ផង​ណា៎!

ថារួច​​​ខ្ញុំ​បី​ថ្នម​រាង​កាយ​របស់​នាង​ទៅ​ដាក់​លើ​គ្រែ​សា​ជា​ថ្មី​។​ បម្រុង​នឹង​ងើប​ឡើង​ទៅ​ហើយ​មីនា​ទាញ​ដៃ​ខ្ញុំ​ចុះ​ទៅ​តាម​នាង ។ ខ្ញុំ​មិន​បាន​ទប់​ខ្លួន​ផង​នោះ​ រាង​កាយ​របស់​ខ្ញុំ​ក៏​សង្គ្រប់​លើ​រាង​កាយ​របស់​នាង​ជា​ថ្មី​។

-បង​សម្លាញ់​!!!” នាង​និយាយ​ខ្សេវ​ៗ​ ហាក់​ដូច​ជា​ចង់​ប្រាប់​អ្វី​ម៉្យាង​ចេញ​មក​។

-មីនា​!!!

យើង​ទាំង​ពីរ​ក៏​កប់​បាត់​ទៅ​ក្នុង​មហា​សាគរ​នៃ​កាម​ភព​ដ៏​ត្រេក​ត្រអាល​គ្មាន​កោះ​ត្រើយ​មួយ​រំពេច​។

ម្តង​នេះ​ខ្ញុំ​សម្រេច​ចិត្ត​លា​នាង​មែន​ទែន​ហើយ​។   មីនា​ពេល​នេះ​ក៏​មិន​បាន​ឃាត់​ខ្ញុំ​ទៀត​ដែរ​។ មើល​ទៅ​នាង​ដូច​ជា​អស់​កម្លាំង​មែន​ទែន​ស្ទើរ​តែ​ក្រោក​ពី​ដំណេក​មិន​រួច​ទៅហើយ​។ ​នាង​មាន​តែ​វាចា​នូវ​ពាក្យ​សុភាពទន់ភ្លន់មកខ្ញុំ៖

-បង​សេដ្ឋា​អូន​មាន​របស់​ជូន​បង​ណា៎! នាង​ទាញ​យក​កាដូ​មួយ​ដែល​រចនា​យ៉ាង​ស្អាត​មក​ឲ្យ​ខ្ញុំ​។

-ក្នុង​នេះជា​អ្វី​ទៅ​?” ខ្ញុំ​សួរ​នាង​។

-​ទៅ​ដល់​អន្តេវាសិក​របស់​បង​សឹម​បើក​វា​!

ខ្ញុំ​ក៏​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​ថា​ អរគុណ​អូន​សម្លាញ់​…. បង​លា​សិន​ហើយ​ជួប​គ្នា​នៅ​ពេល​ក្រោយ។

ខ្ញុំ​ឆ្លៀត​ទៅ​ក្រេប​ក្លិន​ថ្ពាល់​នាង​បាន​មួយ​ច្រមុះ​ទៀត​មុន​នឹង​ដើរ​ចេញ​ ហើយ​យក​ម្រាម​ដៃ​ដាក់​លើ​បបូរ​មាត់​រួច​លើក​ដៃ​លា​នាង…!

ខ្ញុំ​កាន់​កាដូ​មក​ជា​មួយ​ទឹក​ចិត្ត​ត្រេកអរ​ដូច​ជា​រើស​បាន​របស់​អ្វី​មួយ​អញ្ចឹង​។ ​មក​ដល់បន្ទប់​គេង​ស្ងាត់​ជ្រៀប​មិន​ដឹង​ថា​និស្សិត​ទាំង​អស់​ទៅ​ណា​អស់​ហើយ​ទេ​! អង្គុយ​លើ​គ្រែ​ប្រញាប់​បើក​កាដូ​មើល​ភ្លាម។ ពុទ្ធោ!របស់​កាដូ​នោះ​ជា​តុក្កតា​ប្រុស​មួយ​ស្រី​មួយ​កំពុង​បឺត​មាត់​គ្នា​!

រូប ៖ ឡឹក ជំនោរ

ឃើញ​តុក្កតា​នឹក​ឃើញ​រឿង​រ៉ាវ​ពី​យប់​ម៉ិញ​មួយ​រំពេច​!។ ប្រសិន​បើ​ខ្ញុំ​មិនរវល់​សរសេរ​សេណារីយ៉ូ​ភាពយន្ត​ឲ្យ​លោកគ្រូ​ខ្ញុំ​ ខ្ញុំ​ប្រហែល​ជា​មិន​ទាន់​ចេញ​ពី​ផ្ទះ​នាង​ទេ​។  ខ្ញុំ​ដាក់​តុក្កតា​នោះ​លើ​តុ​សរសេរ​ រួច​ក៏​ចាប់​ឃីប​តកុំ​ព្យូទ័រ​មក​។

 

នឹក​ស្មាន​មិន​ដល់​ថា​​កាល​ពី​ម្សិល​​ខ្ញុំ​ស៊យ​រក​អ្វី​មក​ប្រៀប​មិន​ត្រូវ​ទេ​ ស្រាប់​តែ​យប់ម៉ិញ​នេះ​ខ្ញុំ​បែរ​ជា​មាន​រង្វាន់​ទិព្វ​ពី​ឋាន​សួគ៌​ទៅ​វិញ​។ គិត​ៗ​ទៅ​វាសនា​របស់​មនុស្ស​មើល​មិន​ឃើញ​មែន​ជូន​រាំង​ជូន​ភ្លៀង​ ហើយ​ជូន​ពេល​ខ្លះ​ក៏​ជួប​ប្រទះ​ផ្គរ​រន្ទះ​ទៀត​ផង!  ពិត​មែន​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​ពិត​ជា​ទិវា​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​ជីវិត​ស្នេហ៍​របស់​ខ្ញុំ​ សូម​អរគុណ​ចំពោះ​អ្នក​ដែល​បាន​បង្កើត​ទិវា​នេះ​ឡើង​។ បើ​មិន​មាន​ទិវា​នេះ​ទេ​ប្រហែល​ជា​ខ្ញុំ​មិន​បាន​ស្គាល់​រស​ស្នេហ៍​ទេ​មើល៍​ទៅ​។ ខ្ញុំចាប់​ផ្តើម​សរសេរ​សេណារីយ៉ូ​មិន​ទាន់​ចប់​មួយ​សេកង់​ផង​  ស្រាប់​តែ​សត្តា មក​ដល់

-ដើរ​ដល់​ណា​យប់​ម៉ិញ​សេដ្ឋា​?

ខ្ញុំ​មិន​ឆ្លើយ​នឹង​សត្តា​ទេ​ហើយ​ក៏​បង្វែរ​សំនួរ​នេះ​ទៅ​គេ​វិញ​៖

-ចុះ​ឯង​វិញ​ទៅ​ណា​ដែរ​?

សត្តា​តប​ខ្ញុំ​ព្រម​ទាំង​ប្រះ​ខ្លួន​លើ​គ្រែ​៖

-ដំបូង​ថា​ទៅ​រក​មិត្ត​ស្រី​នៅ​ភោនថាន់​…តែ​ពេល​ចេញ​ពី​ស្ថានទូត​ជួន​ជា​ស្រវឹង​តិច​ៗ​ផង​ ក៏​ចូល​ណៃក្លិប​តែ​ម្តង​ទៅ​!

សត្តា​និយាយ​បណ្តើរ​ក្រោក​ពី​គ្រែ​ដើរ​មក​រក​តុ​ខ្ញុំ​បណ្តើរ​៖

-សេដ្ឋា​ឯង​បាន​តុក្កតា​នេះ​ពី​ណា​មក​!

សត្តា​សួរ​មក​ខ្ញុំ​ដោយ​ចាប់​អារម្មណ៍​លើ​តុក្កតា​នោះ​មែន​ទែន​។

-​មិត្ត​ស្រី​គ្នា​ឲ្យ​ ។

ខ្ញុំ​តប​ទៅ​គេ​ទាំង​កំបុត​។

-មិត្ត​ស្រី​ឲ្យ​! ឯង​មាន​មិត្ត​ស្រី​ពី​អង្កាល់​ម៉េច​ក៏​គ្នា​មិន​ដឹង​សោះ​អញ្ចឹង​។

-មាន​កាល​ពី​យប់​មិញ​ហ្នឹង​ណា៎​! សត្តា​អើយ​ពេញ​មួយ​យប់​វា​ជា​របស់​ខ្ញុំ​និង​នាង​។

-ប៉ុន្តែ​សេដ្ឋា​…ខ្ញុំ​ស្គាល់​តុក្កតា​នេះ​ច្បាស់​ណាស់​វ៉ើយ​។ ខ្ញុំ​បាន​ឲ្យ​សង្សារ​របស់​ខ្ញុំ​ កាល​ពី​ព្រឹក​ម្សិល​ម៉ិញ​នេះ​ណា៎​!។

ឮ​ថា សង្សារ  ខ្ញុំ​ធ្លាក់​ថ្លើម​ក្តុក​បើក​ភែ្នក​ធំ​សម្លឹង​សត្តា​ហើយ​សួរ​ទៅ​គេ​វិញ​ភ្លាម​ដោយ​ភាព​ងឿង​ឆ្ងល់​៖

-នាង​ឈ្មោះ​មីនា មែន​ទេ​?

សត្តា​ដាក់​គូទ​អង្គុយ​ចុះ​លើ​គ្រែ​មួយ​ទំហឹង​រួច​តប​៖

-នាង​ឈ្មោះ​ មីនា​ ជួល​ផ្ទះ​នៅ​ភូមិ​ភោន​ថាន់​។

-ពុទ្ធោ​!​សម្លាញ់​ឲ្យ​គ្នា​សូម​ទោស​!  រៀប​រយ​ទៅ​ហើយ​វ៉ើយ​  សត្តា​មាន​តែ​ញញឹម​រួច​ក៏​ដើរ​ចេញ​ទៅ​។

មិន​យូរ​ប៉ុន្មាន​​សត្តា​ចូល​មក​ក្នុង​បន្ទប់​សា​ជា​ថ្មី​ក្នុង​ទឹក​មុខ​មាំ​។​ គេ​ដើរ​តម្រង់​មក​ខ្ញុំ​។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ​។ សត្តា​ទះ​តុ​យ៉ាង​ខ្លាំង​រួច​គម្រាម​ខ្ញុំ​៖

– សេដ្ឋា​ ពី​ថ្ងៃ​នេះ​ទៅ​ឯង​មិន​មែន​ជា​មិត្ត​នឹង​ខ្ញុំ​ទៀត​ទេ​។ យើង​ចែក​ផ្លូវ​គ្នា​ត្រឹម​នេះ​ចុះ​!

ខ្ញុំ​គ្មាន​អ្វី​នឹង​តប​សត្តា​សូម្បី​មួយ​ម៉ាត់​។​ ខ្ញុំ​ក្រោក​ចេញ​ពី​តុ​ដើរ​ទៅ​ក្រៅ​បន្ទប់​។​ អារម្មណ៍​នឹក​ដល់​រឿង​រ៉ាវ​មិត្តភាព​សេ្នហា​ការ​សិក្សា​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​៖« ហេតុ​អី​បាន​ជា​ព្រោះ​តែ​នារី​ឡាវ​ម្នាក់​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​គ្រាប់​ពេជ្រ​យ៉ាង​ដូច​នេះ​?»

រឿង​រ៉ាវ​ទាំង​នេះ​វា​ជា​កំហុស​របស់​ខ្ញុំ​មក​ពី​ខ្ញុំ​ខ្លួន​ឯង​ដែល​គ្មាន​បទ​ពិសោធន៍​ក្នុង​រឿង​រ៉ាវ​អស់​ទាំង​នេះ​។ ខ្ញុំ​នឹក​សោក​ស្តាយ​​នឹក​ខ្មាស​ខ្លួន​ឯង​និង​ខ្មាស​នារី​ម្នាក់​នោះ​។​ ពី​ថ្ងៃ​នេះ​ទៅ​​ខ្ញុំ​បាត់​បង់​អស់​ហើយ​បាត់​អស់​ហើយ​សុភាព​បុរស​រលាយ​បាត់​ហើយ​ភក្តីភាព​…បន្ទាប់​ពី​អង្គុយ​គិត​អស់​សង្ឃឹម​មួយ​សន្ទុះ​មក​ខ្ញុំ​ក៏​កាត់​ចិត្ត​បំភ្លេច​អ្វីៗ​ដែល​បាន​កើត​ឡើង​កាល​ពី​រាត្រី​។

«​ហ៊ឺ​!​ទុក​ចិត្ត​មិន​បាន​មែន​ក្មេង​ៗ​សម័យ​នេះ​…​បើ​ឯង​មិន​ជាន់​ជើង​គេ​ ​គេ​ជាន់​ជើង​ដាន​ឯង​»។ ខ្ញុំ​និយាយ​តិច​ៗ។ ខ្ញុំ​ហួស​ចិត្ត​…ចុះ​ហេតុ​អី្វ​នារី​ពេញ​ទី​ក្រុង​វៀងចន្ទន៍​មិន​ប៉ះ​ ​បែរ​ជា​មក​ជាន់​ជើង​មិត្ត​ភ័ក្តិ​ខ្លួន​ឯង​ គួរ​ឲ្យ​អាម៉ាស់​មែន​។  ខ្ញុំ​គិត​ថា​ហេង​ហើយ​មើល​ទៅ​… តែ​ទី​បំផុត​ស៊យ​! ស៊យ​រក​លេខ​ដាក់​គ្មាន​តែ​ម្តង​។ ធម្មតា​រាត្រី​១៤កុម្ភៈ​ ជា​រាត្រី​ដែល​មនុស្ស​ក្នុង​លោក​គេ​ទទួល​បាន​សេចក្តី​ស្នេហា​ សេចក្តី​ស្រឡាញ់​ សុភមង្គល សន្តិភាព ។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​មិន​ត្រឹម​តែ​មិន​បាន​ទទួល​នោះ​ទេ​ វា​ថែម​ទាំង​បាត់​បង់​ទៅ​ទៀត​ ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​នៅ​រាត្រី​នោះ​ គឺ​ជា​ស្រមោល​ស្នេហ៍​ ​ហើយ​វា​ជា​ស្រមោល​ស្នេហ៍​មួយ​ដែល​ក្លែង​ក្លាយ​…!!!

អន្តេវាសិកដ្ឋាន​ដុងឌុក​ វៀងចន្ទន៍​ ថ្ងៃ​ពុធ​ ទី​១៨​ កុម្ភៈ ​ឆ្នាំ២០០៩

ម៉ោង​០៤:​០៥​ព្រឹក

Advertisements

19 responses to “ដំណើរជុំវិញអ្នកនិពន្ឋម្នាក់៖​ ​ ឡឹក ជំនោរ​ – រាត្រីនៅវៀងចន្ទន៍

  1. ជម្រាបសួរ​លោកអ៊ំ​ជា​ទីគោរព
    ក្មួយ​បាន​អាន​រឿង​នេះ ដោយ​ក្តី​រំភើប។ ក្មួយ​សូម​សរសើរ​បង​ជំនោរ​ដោយ​ស្មោះ ដែល​គាត់​បាន​រៀប​ចំ​តែង​រចនា​ពាក្យ​ពេចន៍​គួរ​ជា​ទី​ទាក់​ទាញ​អារម្មណ៍។ អាន​បណ្តើរ​ហាក់​នឹក​គិត​ថា​ខ្លួន​ជា​តួ​អង្គ​មួយ​ក្នុង​រឿងនេះ​ដែរ។ សូម​លោកអ៊ំ​ដាក់​ភាគ​បន្ត​មក​ទៀត​ តាម​ពេល​វេលា​ដែល​លោកអ៊ំ​ចាត់​ចែង តែ​បើ​បាន​ឆាប់​កាន់​តែ​ល្អ ព្រោះក្មួយ​ចង់​​តាម​ដាន​រហូត​ដល់​ចប់។
    ដោយក្តីគោរព។
    ក្មួយឧត្តម

    • ឧត្តម
      លោកអ៊ំមិននឹកស្មានថារឿងនេះត្រូវការពេលច្រើនម្លឹងសោះ។​ លោកអ៊ំ​បានចំណាយប្រហែល
      ១០ម៉ោងហើយមិនទាន់ចប់ ។​ លោកអ៊ំ​ត្រូវដកឃ្លាឡើងវិញទាំងអស់បានជាត្រូវចំណាយពេលយូរ
      យ៉ាងនេះ។ ប៉ុណ្នឹងហើយprésentationសាច់រឿង នៅលើទំព័រមិនទាន់ស្អាតនៅឡើយ។
      កាលផ្សាយរឿងដែលឧត្តមនិពន្ឋនោះលោកអ៊ំ​ចំណាយពេលតែជាង៣ម៉ោងប៉ុណ្ណោះ។
      សូមឧត្តមជួយបញ្ចូលដំណរសមាគមលោកអ៊ំនៅក្នុងប្លក់លោកអ៊ំ​ផ​ង ទោះបីជាមិនទាន់បានរៀបចំ
      ក៏ដោយមិនអីទេ។

      • ជម្រាប​សួរ​លោកអ៊ំ
        ក្មួយ​បាន​អាន​ចប់​វគ្គ​បន្ត​នេះ​ហើយ និង​រង់​ចាំ​វគ្គ​បន្ត​ទៀត។
        ចំពោះ​ការ​ដាក់​ដំណ​ភ្ជាប់​សមាគម​នោះ ក្មួយ​នឹង​ដាក់​ជូន​លោកអ៊ំ។

        ក្មួយ​ឃើញ​លោកអ៊ំ​ចំណាយ​ពេល​វេលា​ច្រើន​យ៉ាង​នេះ ក្មួយ​អាណិត​លោកអ៊ំ​ណាស់ មិន​ដឹង​ធ្វើ​យ៉ាង​អាច​ជួយ​លោកអ៊ំ​បាន​ទេ។ ចំពោះ​រឿង​ដែល​ក្មួយ​ផ្ញើ​ជូន​លោកអ៊ំ​នោះ​ គឺ​ក្មួយ​វាយ​មួយ​ពាក្យ​ដក​ឃ្លា​មួយៗ ទើប​ពេល​ដាក់​ចូល​ប្លក់​ទៅ​វា​មិន​សូវ​រញ៉េវញ៉ៃ។ ប្រហែល​រឿង​របស់​បង​ជំនោរ​មិន​បាន​វាយ​ដូច្នោះ​ឬ​ក៏​យ៉ាង​ណា​នោះទេ។

        សូម​លោកអ៊ំ​ថែ​រក្សា​សុខភាព​!
        ក្មួយៗ​បារម្ភ​ពី​លោកអ៊ំ!

    • ជម្រាបសួរ ឧត្តម,

      ធ្លាប់ឮឈ្មោះឧត្តមតាមរយៈអូនសំណាងដែរ…
      ឧត្តមពិតជាមិនធម្មតាមែន។ ស្នាដៃនីមួយៗ អានហើយបើមិនសរសើរទេដូចជាមិនអស់ចិត្ត។
      សូមលើកកំពស់នូវឧត្តមគតិរបស់ឧត្តមចំពោះដោយផ្ទាល់ ដែលបានបង្ហូរតាមរយៈស្នាដៃទាំង​ឡាយ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់កម្លាំងចិត្តរបស់ឧត្តម។ យើងនឹងរស់នៅលើ​វិថីអ្នកសរសេរ និងស្រឡាញ់ភាសាជាតិរហូតទៅ!
      សូមឲ្យអ្នកបន្តតាមដានតាមរយៈប្លក់អ្នកមីងទៀតចុះ!

      ជំនោរ

  2. អរគុណយ៉ាងជ្រាលជ្រៅនូវការចំណាយពេលវេលារបស់អ្នកមីង លើការចែករំlលែករឿងនេះ​ជូនខេមរជនគ្រប់រូប។
    គួរឲ្យសោកស្តាយណាស់ដែលក្មួយមិនបានឲ្យបានត្រឹមត្រូវតាមផ្សាយលើប្លក់។ ក្មួយមិនគួររំខានអ្នកមីងដល់ម្លឹងសោះ។ យ៉ាងណាក៏ដោយក្មួយនឹងទទួលយកកំហុសនេះ ដើម្បីជាមេរៀន។ ក្មួយមិនធ្លាប់ប្រើប្លក់wordpress ដូចនេះមិនដឹងពីវិធីធ្វើ។
    ក្មួយសូមអនុញ្ញាតបន្តលិញអ្នកមីងទៅបណ្តាប្លក់នានា និងហ្វេកប៊ុក …
    សូមសេចក្តីសុខសុភមង្គលកើតមានចំពោះអ្នកមីងនឹងក្រុមគ្រួសារជានិច្ចនិរន្តរ៍។

    ក្មួយជំនោរ,

    • ក្មួយជំនោរ

      អ្នកមីងអនុញ្ញាតឲ្យក្មួយបន្តលិញអ្នកមីងទៅបណ្តាប្លក់នានា និងហ្វេកប៊ុកដោយសេរី។
      អ្នកមីងចង់បានរូបថតក្មួយម្នាក់ឯង​និងរូបខ្លះឲ្យស៊ីសាច់រឿងដើម្បីយកមកដាក់ក្នុងរឿងដែល
      កំពុងចុះផ្សាយនៅប្លក់អ្នកមីងបានឬទេ?​រូបថតសូមជៀសវាងយករូបអ្នកស្គាល់កុំឲ្យមានរឿងនិង
      រូបណាដែលគេរក្សាសិទ្ឋ។ យករូបសាធារណៈដែលក្មួយថតខ្លួនឯងល្អជាង។
      អ្នកមីង

    • ជម្រាប​សួរ​បង​ជំនោរ និង​លោកអ៊ំ​ពី​ចម្ងាយ

      ខ្ញុំ​បាន​តាម​ដាន​អានរឿង​នេះ​រហូត​ដល់​ចប់​ហើយ។ ចុង​បញ្ចប់​នៃ​រឿង ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន… មួយ​គឺ វិធី​លាក់​សាច់​រឿង​របស់​អ្នកនិ​ពន្ធ ពីរគឺ​យល់​ពី​ព្រឹត្តិការណ៍​សង្គម ដែល​មិន​គួរ​គប្បី​ឲ្យ​យុវវ័យ​មាន​ការ​ភ្លើត​ភ្លើន នឹង​បញ្ហាដែល​នាំ​ឲ្យ​ខាតបង់…

      បង​ជំនោរ! ប្អូន​សូម​អរគុណ​ចំពោះ​ការ​រាប់​អាន​របស់​បង។ បង​ស្រីចាន់​​សំណាង ដែល​ទៅ​លេង​ឡាវចុង​ខែធ្នូមុន​នេះមែន​ទេ ដែល​និយាយ​ពី​ប្អូន​ប្រាប់​បង?
      មែន​! ប្អូន​សូម​សរសើរ​ចំពោះ​ការ​ពិពណ៌នា​ប្រើ​ពាក្យ​ពេចន៍​របស់​បង​ក្នុ​ង​ស្នាដៃ​នេះមែន។ ប្អូន​សារភាព​ថា​ប្អូន​ពិតជា​ពុំ​​អាច​រក​ពាក្យ​ពេចន៍​មក​ដាក់​ឲ្យ​ពីរោះ​ដូច​បង​ឡើយ​នា​ពេល​នេះ។ ប៉ុន្តែ​ប្អូន​នឹង​ខិត​ខំ​ប្រឹង​ប្រែ​បន្ត​ទៀត។ ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​ពី​អ្នកនិពន្ធ​ចាស់​ទុំ អ្នកនិពន្ធ​រៀមច្បងទាំងឡាយ។

      សូម​ឲ្យ​អ្នកនិពន្ធ​ខ្មែរ​​មាន​លទ្ធភាព​លើ​ថ្នាល​អក្សរ​សិល្ប៍​ជាតិ កាន់​តែ​ផុស​ផុល​ឡើង។

      ឧត្ដម

      • ជម្រាបសួរឧត្តម
        សូមអរគុណចំពោះកម្លាំងចិត្តរបស់ ប្អូន អ្នកមីង និងរៀបច្បងអ្នកនិពន្ធខ្មែរដ៏ទៃទៀតពីចម្ងាយ។ តាមរយៈកម្លាំងចិត្តនេះខ្ញុំសូមវេចខ្ចប់វាទុកជាមរតក និងជាទស្សនវិស័យមួយដើម្បីឈានទៅរក​ចំណុចដែលអក្សរសាស្ត្រជាតិ និងខេមរជនទូទៅត្រូវការ! សូមឲ្យព្រលឹងនៃអក្សរសាស្ត្រជាតិ ជាប់នឹងដងប៉ាកការបស់យើងទាំងអស់គ្នា។
        បងសូមរំលឹកពីស្នាដៃទាំងឡាយរបស់ប្អូន, ឧត្តម មិនត្រឹមតែសរសេរបានល្អនោះទេ ថែមទាំង​ជាអ្នកសរសេរម្នាក់ដែលឈរលើឧត្តមគតិទៀតផង។ យើងមិនមែនយកការសរសេរគ្រាន់តែ ធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ យើងត្រូវដឹងថា តើអ្នកអាននឹងបានអ្វីពីសំណេររបស់យើង!

        ខ្ញុំបានស្គាល់ ហើយឮអ្វីល្អៗពីឧត្តមតាមរយៈ សំណាង !
        អរគុណផងដែរ ដែលឧត្តមជាអ្នកបណ្តាលឪ្យខ្ញុំជួបសំណាង!

        ជំនោរ

  3. រឿង «រាត្រីនៅវៀងចន្ទន៍» ជា​រឿង​ស្នេហា​រំភើប​ពុះ​កញ្ជ្រូល ភ្លើត​ភ្លើន​មួយ​កើត​ឡើង​រវាង​ ក្រមុំ​លាវ​ នឹង កំលោះ​និសិត្ស​សិក្សា​ម្នាក់
    នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ដែល​យុវវ័យ​លាវ ក៏​ដូច​ជា​យុវវ័យ​ខ្មែរ​ដែរ​សំគាល់​យក​ថា ជា​ថ្ងៃ​បុណ្យ​សង្សារ ដោយ​ត្រង់​។

    ស្នេហា​រំភើប​ពុះ​កញ្ជ្រូល ក្នុង​រឿងកាកី​ ត្រូវ​បាន​សង្គម​ដៀល​ជេរ​ថា ជា​រឿង​ស្រ្ដី​ចិត្ដ​ចើក​សាវា មិន​ចេះ​ស្កប់​ស្កល់​នឹង​ប្រុស។
    រឿង​នេះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា​ក្នុង​អក្សរ​សីល្ប៍​ខ្មែរ​គ្រប់ៗ​ជំនាន់​ហើយ​ថា​ បើ​នរ​ណា​ មាន​ចិត្ដ​សាវា ប្ដូរ​ផ្លាស់​មិន​
    ចេះ​ស្កប់​ក្នុង​រឿង​ស្នេហា អ្នក​ស្រុក អ្នក​ភូមិ​តែង​ដៀល​ជេរ​ថា «មេកាកី រឺ ស្រីកាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុសៗ «អាកាកី
    ឬ ប្រុសកាកី» ទៀត​ផង​ដែរ។
     
    ដោយ​មើល​ឃើញ​សង្គម​បរិយាកាស​ច្របូក​ច្របល់ រំភើប​ញាប់​ញ័រ នៅ​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ អ្នក​និពន្ធ​ឡឹក ជំនោរ
    ​បាន​សរសេរ​និពន្ធ ​រឿង «រាត្រីនៅវៀងចន្ទន៍»ឡើង ធ្វើ​អោយ​យើង​ស្ថិត​នៅ​ក្នុង​បទ​វិចារ​ដ៏វែងអន្លាយ​មួយ ដែល​ត្រូវ​តាម​
    អាន​សាច់​រឿង​ តាំង​ពីការ​ទូរស័ព្ទ​របស់​ស្ថានទូត​ខ្មែរ ភាព​គគ្រឹង​គគ្រេង​នៃ​ទី​ផ្សារ​លក់​ផ្កា ការ​ស្ទុះ​ស្ទា​ទូរស័ព្ទ​ទៅ​ផ្ទះ​របស់​យុវ​សិស្ស
    ស្នេហា​ភ្លើត​ភ្លើន​នៃ​យុវវ័យ ហើយ​ជា​ពិសេស ស្នេហា​ដ៏​ស្រៀវ​ស្រើប​ ក្រមុំ​លាវ មិនា ដែល​បាន​ណាត់​ជួប​សង្សារ​នៅ​ ប៉ះទូសៃ
    ដើម្បី​ទទួល «ដក​ម៉ៃ​ហែង​ខ្វាម​ហាក់» (ផ្កា​នៃ​ក្ដី​ស្រលាញ់)។

    ដោយ​បាត់​សង្សារ​មិន​ឃើញ​មក ក្រមុំលាវ​ដ៏​សង្ហា​នេះ​ បាន​ប្រែ​ផ្លាស់​ប្ដូរ​ទៅ​ស្រលាញ់​កំលោះ​ផ្សេង​មួយ​ទៀត ហើយ​បាន​ផ្ដោះ​ផ្ដង​
    ស្នេហា ​ចន្ទ​ទឹក​ឃ្មុំ​ពេញ​មួយ​រាត្រី​រហូត​ដល់​ភ្លឺ ជា​ស្នេហា​មួយ ​ខ្លួន​ទល់​នឹង​ខ្លួន ភ្នែក​ទល់​នឹង​ភ្នែក ហើយ​បើ​ទោះ​បី​ជា​សីលធម៌​សង្គម​
    ត្រូវ​បាត់​បង់​​យ៉ាង​ណា​ក្ដី​ ក៏​គេ​មិន​ត្រូវការ​ខ្វល់​ ត្រូវ​ការ​ដឹង​ឮ​អ្វី​ទាំង​អស់។

  4. ខ្ញុំបានអានរឿងនេះចប់ពេលដែលបានមកដល់ភ្លាម ខ្ញុំបាទសូមអរគុណចំពោះលោកជំទាវប៉ិច សង្វ៉ាវ៉ាន ដែលបានផ្ញើមកខ្ញុំ។ ខ្ញុំបាទរីករាយនឹងអានដោយមោទនភាព,គួរឲ្យស្តាយណាស់ដោយខ្ញុំបាទទើបតែបានគេហទំព័រអក្សរសិល្ប៏ខ្មែរនេះប៉ុន្មានពីរខែប៉ុណ្ណោះ
    តាមរយះវិទ្យុខ្មែរពិភពលោក គឺលោក ឱក សើម ហើយខ្ញុំបាទបានអានរឿងជាច្រើនជារៀងរាល់ថ្ងៃបន្ទាប់ពីសំរាកការងារប្រចាំថ្ងៃ ។
    ស្របនេះដែរខ្ញុំបាទបានសរសេរកម្រងអត្ថបទមួយមានចំណងជើង «សម្រែកកូនខ្មែរ» ដើម្បីចូលរួមការប្រឡងប្រជែងអក្សរសិល្ប៏ខ្មែរប្រចាំ
    ឆ្នាំ២០១១ រួចបានផ្ញើតាមប្រពន្ធអ៊ីម៉ែលលោក chiepkim@free.fr។ តែខ្ញុំបាទបារម្ភក្រែងគាត់ពុំបានទទួលទេ ដោយប្រពន្ធកំព្យុទ័រ
    មានលក្ខណះផ្សេងគ្នា ហើយខ្ញុំបាទបានផ្ញើអ៊ីម៉េលសួរបញ្ជាក់បីលើកដែរតែគ្មានការឆ្លើយតប់សោះ នេះរិតតែច្បាស់ថាគាត់ពិតជា
    ពុំទទួលបានឡើយ ហេតុនេះខ្ញុំបាទសូមស្នើចំពោះលោកជំទាវ តើខ្ញុំបាទអាចផ្ញើតាមរយះអ៊ីម៉េលលោកជំទាវបានឬទេ? បើបាននោះ
    តើតាមរបៀបយ៉ាងណានោះ? សូមមេត្តា្ទឲ្យខ្ញុំបាទបានដឹងផង សូមអរគុណ សូមគោរពលា !

    • រឿង«សម្រែកកូនខ្មែរ»សូមលោកផ្ញើទៅលោកchiepkim@free.frតែប៉ុណ្ណេះបានហើយ។​
      បើលោកសរសេរទៅសូមសរសេរអក្សរបារាំង​។​បើលោកសរសេរអក្សរខ្មែរសូមផ្ញើជាPDF ទើបអ្នកដែលទទួល
      អាចមើលឃើញ។​បើលោកផ្ញើWord, computer ខ្លះនៅប្រទេសបារាំងដែលមិនបានបញ្ចូលអក្សរយូនីកូតទេ​
      computerនោះពុំអាចអានអក្សរខ្មែរបានទេ។

      បើលោកចង់ផ្ញើតាមនោះ ខ្ញុំត្រូវធ្វើកិច្ចការនេះដូចគ្នា​ហើយបើលោកជៀបមិនឆ្លើយសំបុត្រលោក នោះក៏មិនប្រាកដ
      ថាគាត់ឆ្លើយមកខ្ញុំដូចគ្នាដែរ។ខ្ញុំនឹងទាក់ទងទៅលោកតារារិទ្ឋសិនក្រែងលោគាត់អាចជួយសម្រួលបាន។ខ្ញុំសុំគាត់
      ឲ្យឆ្លើយទៅលោក។​​ខ្ញុំសូមជម្រាបលា

  5. ជម្រាបមករៀមច្បង អ្នកនិពន្ធ
    -បងកែវ​ឈុន៖
    ចំពោះស្នាដៃ រឿងខ្លី រាត្រីនៅវៀងចន្ទន៍ នេះបានកើតឡើងពីសកម្មភាពអ្នកនិពន្ធជាមួយនឹងការច្នៃប្រឌិតផ្សេងៗ។ សូមជម្រាបមកថា នេះជាស្នាដៃដំបូងបង្អស់ដែលកើតឡើង ក្រោយពីការអានវិធីសាស្ត្រសរសេរបែបលាក់ចំណងជើង​រឿងរបស់អ្នកមីង ប៉ិចសង្វាវ៉ាន។ ចំពោះសាច់រឿងមានលក្ខណៈអប់រំចង្អៀត ឬទួលាយយ៉ាងណា​នោះ ខ្ញុំសង្ឃឹមថា វាអាស្រ័យលើការយល់ឃើញរបស់អ្នកអានវាយតម្លៃប៉ុណ្ណោះ ។ ទោះបីជាវាជាស្នេហាភ្នែក​ផ្ទាល់ភ្នែកប្រាណផ្ទាល់ប្រាណក៏ដោយ ក៏អ្នកសរសេរមិនកន្តើយ ហើយបានជម្រាបចុងក្រោយដំណើរ​រឿងនូវលទ្ធផលនៃស្នេហ៍នោះផងដែរ…

    សង្ឃឹមថា អ្វីៗនិងមិនអាចកើតមានតទៅទៀតសម្រាប់ជីវិត សេដ្ឋា និងសត្តា។
    សូមអរគុណចំពោះការយកចិត្តទុកដាក់តាមដាន!

    ជំនោរ

  6. សូមជំរាបសួរសោកស្រី ប៉ិច សង្វាវ៉ាន!.
    ខ្ញុំ​សូម​សំដែង​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​លោក​ស្រី ហើយ​សូម​មេត្ដា​អនុញ្ញាត​សរ​សេរ​តប​ទៅ​ប្អូន​ជំនោរដូច​ត​ទៅ៖
    សូមអរគុណ!.. សូមអរគុណ!.

    ជំរាបសួរប្អូនជំនោរ
    អរគុណ​ជំនោរ ដែល​បាន​សរសេរ​បញ្ជាក់​បន្ថែម​នៅ​ក្នុង​ «រឿងរាត្រីនៅវៀងចន្ទន៍»។
    ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់ ដោយ​បាន​ឃើញ​អក្សរ​សាស្រ្ដ​ខ្មែរ​យើង រីក​ដុះ​ដាល​ពាស​ពេញ​នៅ​លើ​កុំព្យូទ័រ​ពិភពលោក​។ ទោះ​ជា​ស្នា​ដៃ​លើក​ដំបូង​ពិត​មែន​តែ «រឿងរាត្រីនៅវៀងចន្ទន៍» ពិត​ជា​សិល្ប​អក្សរសិល្ប៍​មួយ​បទ​ ​ដែល​អ្នក​និពន្ធ​ព្យាយាម​លាត​ត្រដាង​អំពី វប្បធម៌ អក្សរ​សាស្រ្ដ​សង្គម ​របៀប​របប​ការ​រស់​នៅ នៃ​ប្រទេស​មួយ​ទៀត ដែល​មាន​សិល្បៈ វប្បធម៌​ប្រហាក់​ប្រហែល​ប្រទេស​យើង​ដែរ​  មិនតែប៉ុណ្ណោះបាន​ជា​រឿង​អាន​កែ​សកំសាន្ដ​មួយទៀត​ផង។ ខ្ញុំ​សូម​គាំទ្រ និង កោត​សរ​សើរ ដល់​ទឹក​ចិត្ដ​អ្នក​និពន្ធ​ដោយ​ស្មោះ ។

    ខ្ញុំ​សូម​និយាយបន្ថែម​​ដូចនេះ៖
    អ្នក​និពន្ធតែង​ខ្វល់​ខ្វាយ​ពី​សង្គម ហើយ​លើក​រឿង​សង្គម​មក​សរ​សេរ។ អ្នក​និពន្ធ​ជាន់​ដើម​បាន​សរ​សេរ​អំពី​រឿង​ក្នុង​សម័យ​របស់ខ្លួន ដែល​ខ្លួន​បាន​ឆ្លង​កាត់​។ អ្នក​និពន្ធជំនោរ ​ក៏​មាន​សន្ដាន​ចិត្ដ​​ដូច​អ្នក​និពន្ធ​ទាំង​នោះ​ដែរ​ គឺអ្នក​និពន្ធ​ខំ​សង្កេត សិក្សា ត្រិះរិះ តាម​ដាន​ដាន​មើល​ព្រិត្ដិការណ៍​​សង្គ​មដែល​ខ្លួន​បានឃើញ បានប្រព្រិត្ដ​ ហើយ​សរ​សេរ​និពន្ធ​ជា​រឿង​ ដូច​ជា «រឿងរាត្រីនៅវៀងចន្ទន៍ ទាក់​ទង ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់» និង មាន​រឿង​កំសត់ បែក​បាក់​ព្រាត់​ប្រាស់​ ឈ្នា​និស ស្រ​ណែន និន្ទា ចារកម្ម ថ្លុក​កំប្លែង សប្បាយ​ជា​ច្រើន​ទៀត។

    នៅ​ក្នុង​សាច់​រឿង​ទាំង​អស់​នោះ អ្នក​និពន្ធ​តែង​ភ្ជាប់​សាច់​រឿង ជា​មួយ​នឹង​រឿង​ស្នេហា ​ជា​រឿង​សំខាន់ បើ​ទោះ​ជា​ស្នេហា​នោះ​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ ។
    ក្នុង​រឿង​ប្រាសាទ​នាង​ខ្មៅ យើង​ឃើញ​ស្នេហា​ទំ​នាស់​គ្រួសារ នាង​ខ្មៅ​ស្រលាញ់​គ្នា​នឹង​បុរស​ក្រីក្រ ត្រូវ​បិតា​នាង​កាត់​ទោស​ប្រហារ​ជីវិត ដោយ​មាន​ការ​សុំ​ពីមាតា នាង​គ្រាន់​តែ​បំបរបង់​ចោល ហើយ​នាង​បាន​ទៅ​ស្រលាញ់​សិទ្ធ​ស្នេហា​ជា​មួយ​លោក​សង្ឃ​ទៀត ដែល​បង្ហាញ​ថា ​ឥទ្ធិ​ពលនៃ​ស្នេហា​មាន​កំលាំង​ដ៏​ធំធេង​ក្រៃ​លែង សូម្បី​លោក​សង្ឃ​លះបង់​កិលេស​តណ្ហា​ទៅ​បួស​ហើយ​ក៏​នៅ​តែ​ទ្រាំ​ពុំ​បាន។  ស្នេហា​នាង​កង្រី ពុទ្ធិសែន (នាងពីរដណ្ដប់) នាង​កង្រី​រត់​តាម​រក​ពុទ្ធិសែន លុះ​ក្សិណក្ស័យ​ជីវិត ជា​ស្នេហា​បរិសុទ្ធ ស្នេហា​ដាច់​ខាត។ ស្នេហា​ដោយ​ក្ដី​រំភើប​ញាប់​ញ័រ​ក្នុង​រឿង​ទុំទាវ ដែល​ទាវ​ស្រលាញ់​ទុំ ហើយ​បែរ​ជា​សុខ​ចិត្ដ​ទៅ​រៀប​ការ​ជា​មួយ​ម៉ឺន​ងួន​ តែ​នៅ​ទីបំផុត​សុខ​ចិត្ដ​ទៅ​ស្លាប់​ជា​មួយ​ទុំ​វិញ។ ស្នេហា​ផិត​ក្បត់ ក្នុង​រឿង​កាកី​ជា​ដើម។

    យើង​ឃើញ​ថា ស្នេហា​មាន​អត្ថ​រស់​ដ៏​សំខាន់​នៅ​ក្នុង​ការ​តាក់​តែង​ឆុត​ឆាក​សាច់​រឿង​ យ៉ាង​ណា​មិញ​ ស្នេហានាង​មិនា ក្រមុំ​លាវ នៅ​ក្នុង «រឿងរាត្រីនៅវៀងចន្ទន៍» ជា​ស្នេហា​ដែល​ផ្ដល់​អត្ថ​រសយ៉ាងសំខាន់ស៊ីគ្នាត្រូវនឹងទិវាបុណ្យនៃក្ដីស្រលាញ់យ៉ាងពិតប្រាកដ។ ក្នុង​ស្នេហា​នេះ​ខ្ញុំ​បាន​ធ្វើ​វិភាគ​ថា ជា​ស្នេហា ខ្លួន នឹង ខ្លួន ភ្នែក នឹង ភ្នែក ដោយ​គ្រាន់​តែ​ចង់​វាយ​តំលៃ​ទៅ​លើ​សីលធម៌​សង្គម ក្នុង​វគ្គ​នេះ​ប៉ុណ្ណោះ​។

    ក្នុង​រឿង​កាកី អត្ថ​រសដ៏​ពិរោះ​ហើយ​ល្បី​រហូត​សព្វ​ថ្ងៃ គឺ​ពិរោះ​ត្រង់​ អំពើ​ផិត​ក្បត់​របស់​នាង​កាកី​នេះ​ឯង។ ក្នុង​រឿង ក្រុង​គ្រុឌ​បាន​ចាប់ចិត្ដស្នេហាទៅលើ​នាង​កាកីយ៉ាងខ្លាំង ហើយបានចាប់នាង​ទៅ​នគរ​សម្ពលី នាង​ក្បត់​ព្រះបាទ​ព្រហ្ម​ទត្ដ ដោយ​នាង​​ព្រម​រួម​រក្ស​ស្នេហ៍​ជា​មួយ​គ្រុឌ បន្ទាប់​មក​បាន​ក្បត់​ផិត ព្រម​ស្រលាញ់​រួម​រក្ស​ស្នេហា​ជា​មួយ​គន្ធាន់​ទៀត។ យើង​ឃើញ​ថា​អ្នក​និពន្ធ​ហាក់​ដូច​ជា​ទំលាក់​ទោស​កំហុស​ទៅ​លើង​នាង​កាកី​យ៉ាង​ខ្លាំង​ក្រៃ​លែង។

    តែ​បើ​និយាយ​អំពី​សីលធម៌​ក្នុង​សង្គម​វិញ ទាំង​គ្រុឌ ទាំង​គន្ធាន់ បាន​ប្រព្រឹត្ដ​ខុស​គន្លង​លីល​ធម៌​យ៉ាង​ធ្ងន់ធ្ងរ ទាំង​ខាង​ផ្នែក​ផ្លូវ​លោក និង​ផ្លូវ​ធម៌​ទៀត​ផង ព្រោះ​គ្រុឌ និង គន្ធាន់​សុទ្ធ​តែ​បាន​ប្រព្រឹត្ដ​ខុស​ក្នុង​ការ លួច​សេព​សន្ធវៈ ជា​មួយ​នឹង​ភរិយា​អ្នក​ដ៏​ទៃ។ បើ​កាកី ពិត​ជា​បាន​ព្រម​ព្រៀង​ស្នេហា​មែន កំហុស​សីល​ធម៌​ក្នុង​សង្គម​មនុស្ស​មាន​ដូច​គ្នា ម្ដេច​ក៏​កាកី​តែ​ម្នាក់ ត្រូវ​ទទួល​ទោស​បន្ដែត​ពោងពាយ រហូត​លិច​លង់​ក្ស័យ​ជីវិត​បង់ មិន​តែ​ប៉ុណ្ណោះ នាង​ត្រូវ​សង្គម​ដៀល​ជេរ អសោច​កេរ្ដិ៍​រហូត​មក​ដល់​សព្វ​ថ្ងៃ​ទៀត។

  7. លោកបងឈុន ជាទីគោរពរាប់អាន
    តាមរយៈរឿង “រាត្រីនៅវៀងចន្ទន៍” ខ្ញុំព្យាយាមលាតត្រដាងនូវរាល់សកម្មភាពសង្គមមួយដែលកំពុងតែមានការអភិវឌ្ឍន៍ គឺដូចអ្វីដែលបងបានវិភាគចេញមកយ៉ាងប្រាដក។ ចំណុចដែលជាចម្បងមួយទៀត គឺបានបង្ហាញពី​ សកម្មភាពរបស់ខេមរជន ទោះបីនៅទីណា ប្រទេសណា ឆ្ងាយប៉ុនណាក៏ដោយ តែងតែនឹករលឹកដល់​សិល្បៈវប្បធម៌ជាតិជានិច្ច គេបានព្យាយាមយកអ្វីជាមរតករបស់ខ្មែរ ពិតប្រាកដទៅបង្ហាញភ្ញៀវអន្តរ​ជាតិ “[—]តន្ត្រី​លេង​បទ​រាំវង់​ភ្លាម​ខ្ញុំ​ងប់​ក្បាល​ដើរ​ចូល​ប្រ៉ាវ… មិន​ថា​រាំវង់រាំក្បាច់ សារាវ៉ាន់ ឡាំលាវ ឬ​ចង្វាក់​ម៉ាឌីស៊ុន​ទេ ខ្ញុំ​រាំ​ទាំង​អស់​មិន​ចោល​មួយបទ ​[–] ព្រោះ​ខ្ញុំ​បាន​បញ្ចេញក្បាច់ និង​ចង្វាក់​រាំ​បែប​ខ្មែរ​ឲ្យ​បរទេស​ដែល​គេ​មក​ចូល​រួម​បាន​ឃើញ​។ មាន​មិត្តភក្តិ​បរទេស​មួយ​ចំនួន​ឲ្យ​ខ្ញុំបង្រៀន​ចង្វាក់​រាំក្បាច់​ខ្មែរ​ទៀត[—]

    នេះជាមរតកមួយសំខាន់ផ្សេងទៀតដែលសាច់រឿងបានបង្ហាញ។ សម្រាប់ខ្ញុំជាអ្នកសរសេរខ្ញុំពេញចិត្ត​ចំណុចនេះខ្លាំងមែនទែន។
    សូមឲ្យស្នាដៃនេះជាបច្ច័យមួយដែលអាចរួមចំណែកក្នុងការអបរំ និងបង្ហាញពីលទ្ធផលនៃក្តីស្នេហ៍​ឆាប​ឆួល​មួយហើយទីបំផុតបានត្រឹមតែការខាតបង់។

    សូមអរគុណចំពោះការរួមចំណែកវិភាគសាច់រឿង។

    ឡឹក​ ជំនោរ

    • សូមជំរាបសួរ​អ៊ំស្រី ជាទីគោរព ខ្ញុំ​សូម​ការអនុញ្ញាត​ពីអ៊ំស្រី ដើម្បី​កោត​សរសើរ​ពី​សមត្ថភាពរបស់​បងបង​
      ដែលមានទេពកោសល្យ ក្នុងការបញ្ចេញបញ្ចូលវោហារ​ស័ព្ទគួរជាទីចង់អាន និង សែនចាប់​អារម្មណ៍។

      សូមគោរពបងបងទាំងអស់ ជាទីរាប់អាន ដែលបាននិពន្ធអត្ថបទបានល្អ។

      សួស្ដី សម្លាញ់ ជំនោរ
      តាមរយៈរឿង “ រាត្រីនៅវៀងចន្ទន៍” ពិតជា​រឿង​ដែល​គួរជាទី​ពិចារណា​នៃ​សាធារណជនណាស់។ អានរឿង
      នេះកាន់តែយូរ ធ្វើឲ្យខ្ញុំកាន់​តែចង់អានខ្លាំងឡើងៗ និងទន្ទឹងរង់ចាំ ថាតើចុងបញ្ចប់ តួអង្គរឿងនេះ​នឹងទៅ​ជា​យ៉ាងណា?
      គ្នាសូមសរសើរជំនោរ​ណាស់ ដែលមានស្នាដៃលើវិស័យនេះ, នេះជានិស្ស័យ​របស់​ជំនោរ​តាំងពី​កុមារ​ តាំងពីយើងស្គាល់
      គ្នា តាំងពីតូច។

      រឿងនេះមិនត្រឹមតែបង្ហាញពីតថភាព​សង្គម ប៉ុណ្ណោះទេ ​តែ​ថែមទាំងបរិយាយ​ពីរឿង​ពិតរបស់… និងបង្ហាញពីទីកន្លែង
      ច្បាស់លាស់ពិតប្រាកដ(ពិសេស​ក្នុងបរិវេណ មហាវិទ្យាល័យជាតិឡាវ) ដែលជា​កន្លែងផ្ដល់ឱកាសឲ្យសិស្ស និសិ្សត និង
      យុវជន​យុវនារី ណាត់គ្នា ផ្ដោះផ្ដង សារសង ស្នេហា និង ធ្វើសកម្មភាព​ដែល​​អាច​ប៉ះ​ពាល់ ក៏ដូច​ជាផ្ដល់ការលំបាកដល់
      សង្គម គ្រួសារ និង​ខ្លួនឯង​នៅ​ពេល​អនាគត។

      ក្រោយពីអាន​រឿងនេះហើយ ​ខ្ញុំ​គេង​មិន​លក់ ព្រោះរលឹក នឹក ស្រណោះដល់សម្លាញ់របស់ខ្ញុំ ដែលខ្ញុំតែងតែគិតថា
      ម្នាក់នេះ នឹងមិនអាចមានរឿងបែបនេះ និង មិនអាចធ្វើរឿងនេះទេ ។​ អ្វីៗ រួចរាល់ និងរៀបរយអស់ទៅហើយ,
      ពិតជាធ្វើឲ្យខ្ញុំសែនក្ដុកក្ដួល ក្នុងចិត្ត និងណែនឱរ៉ាមែន នៅពេលបានអានដល់ចំណុចនេះ។

      វាមិនមែនជារឿងប្លែកទេសម្រាប់សង្គមខ្មែរ និងឡាវ ដែល​យុវវ័យ​ប្រឡូក​រឿង​ស្នេហា​បែបនេះ, តែខ្ញុំស្ដាយ បុរសម្នាក់ដែល
      ស្ទើរតែគ្រប់គ្នាគិតថា មិន​ធ្លាប់​មាន​ស្រី ឥឡូវអារម្មណ៍ បែបនេះ ប្រហែល​ជាគ្មាន​នៅក្នុង​អារម្មណ៍​មនុស្ស​នានា​ទៀត​ឡើយ។
      ខ្ញុំសូមជំរាបលាសិនហើយ

      អ៊ូ ពន្លក

      • ជំរាបសួរក្មួយពន្លក

        សូមទោសដែលខ្ញុំក្របានផ្សាយមតិ​ល្អៗនិងការដកឃ្លាខ្លះចេញដើម្បីជៀសវាងការប៉ះពាល់។​

      • សូមអភ័យទោសអ្នកមីង!
        ក្មួយសុំអនុញ្ញាតតបទៅពន្លក ….

        សម្លាញ់ពន្លក
        សូមអរគុណយ៉ាងពន្លឹកដែលសម្លាញ់គាំទ្រលើស្នាដៃនេះ។ ខ្ញុំសង្ឃឹមថា ថ្ងៃអនាគតកូនខ្មែរទាំង​អស់
        នឹងងាកមករកការសរសេរនិងអានជំនួសការដើរលេងពាលាអាវាសែ ដែលជាបច្ច័យមួយ​ដែលធ្វើឲ្យ
        សង្គមជាតិជួបនូវបញ្ហា។ ពិតណាស់ខ្លឹមសាររឿងកើតឡើងពីតថភាពពិតមួយដែល​យុវវ័យឡាវកំពុង
        ហែលឆ្លង… ខ្ញុំនៅចាំបានថា ឆ្នាំ2006 យប់ថ្ងៃដែលចូលឆ្នាំនេះខ្ញុំនិងពន្លក​រកផ្ទះសំណាក់ពេញភ្នំពេញ
        គេងមិនបានព្រោះតែ យុវវ័យខ្មែរគេកក់អស់… ហេតុអ្វីទៅ ?ថ្ងៃធម្មតាបែរជាមិនខ្វះ តើពួកគេណាត់គ្នា
        មកពីណា? វាជាហេតុការណ៍មួយស្រដៀងនឹងរាត្រីនៅវៀងចន្ទន៍ដែរ?
        យ៉ាងណាក៏ដោយអ្វីវាស្ថិតនៅលើការសម្រេចចិត្ត!

        ពីសម្លាញ់របស់អ្នក

  8. សួស្ដី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s