ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ ៖​ សុខ​​ ចាន់​ផលតាមរយៈ៖ «ខែរងា»

ខែ​រងា

WINTER LOVE

និពន្ឋ​ដោយ ​សុខ​​​ ចាន់​ផល

រក្សា​សិទ្ឋិ

ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​៖

ឆ្នាំ​២០០៧​ លោក​ខូតារា​ឬទិ្ឋ ប្រធាន​សមាគម​អក្សរសិល្ប៍​នូហាច​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្ញុំ​ក្នុង​ការ​និពន្ឋ​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ការ​និពន្ឋប្រលោមលោក​ ​ក្រោយ​ពី​សិក្ខា​សាលា​ដែលបានរៀបចំដោយសមាគម​អក្សរសិល្ប៍​នូហាច​​សមាគម​អ្នក​សាបព្រោះ​ ​និង​សមាគម​អ្នក​និពន្ឋ​ខ្មែរ​នៅ​បរទេស​ប្រចាំ​ប្រទេស​បារាំង។

ក្នុង​ចំណោម​សិក្ខាកាម​មួយ​ក្រុមដែលមានចំនួន​ជិត​ម្ភៃ​នាក់​ មាន​សិក្ខាកាម​ប្រមាណជាប្រាំឬ​ប្រាំមួយនាក់បាន​នាំ​គ្នា​មក​ជួប​សំណេះ​សំណាល​ជា​មួយ​ខ្ញុំ​ដល់​ផ្ទះ។

នៅក្នុង​​ចំណោម​សិក្ខាកាម​មួយ​ចំនួន​នេះ​​ សុខ ​ចាន់​ផល ជា​យុវជន​ម្នាក់ដូច​ជាយុវជន​យុវតី​មួយ​ក្រុម​នេះ​ដែរមាន​ការ​គោរព​ខ្ញុំដែលជា ​អ្នក​និពន្ឋ​ចាស់​ទុំ​រៀម​ច្បង​មួយ​រូប​។​ ឆ្នាំបន្ទាប់​មក​ទៀត​ សុខ​ ចាន់​ផល​បាន​យក​រឿង​របស់​គេមួយ​ក្បាលដែលមានចំណងជើងថា«កំណប់»​មក​ឲ្យ​ខ្ញុំ​​។​ ជា​កម្រង​រឿង​ខ្លី​ៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាន​បណ្តើរ​សរសើរ​ទេព​កោសល្ល​របស់​យុវអ្នកនិពន្ឋ​នេះ​បណ្តើរ។ ​ ដោយយល់​ថា​កម្រងរឿងខ្លីៗ​មាន​ឧត្តមគតិ​ ​និង​មាន​ទស្សនវិជ្ជា ទើប​​ខ្ញុំ​​គិត​ថា ​មិន​គួរទុក​​ឲ្យ​រឿង​ដ៏ល្អ​ៗ​នេះ​ឲ្យស្ថិត​នៅ​តែ​​ក្នុង​ទំព័រ​សៀវភៅទេ​។​ ​ខ្ញុំ​ក៏បាន​យក​រឿង​ពីរ​គឺ​រឿង «កំណប់» និង​រឿង«​ចន្ទកក្តឹក»​មក​វិភាគផ្សាយ​តាម​រលក​អាកាស​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ដោយមានអន្តរាគមន៍ពី​សុខ ចាន់ផល។

ពេលវេលាកន្លងទៅមែន ​តែ​សុខ​ ចាន់ផលតែងតែរក្សាទំនាក់ទំនងល្អតាមអ៊ីម៊ែលជាមួយខ្ញុំ ហើយគេក៏មិនដែលភ្លេចទេ​នៅពេលណា គេផ្ញើចម្រៀងដែលគេបានតែងទៅឲ្យមិត្តភក្តិ​គេស្តាប់ គេក៏តែងតែផ្ញើមកខ្ញុំដែរ។​ នៅ​ពាក់​កណ្តាល​ខែ​កុម្ភះ​ឆ្នាំ​២០១១​ យុវអ្នក​និពន្ឋ​សុខ ចាន់​ផល​បាន​យក​រឿង​«ខែរងា»ដែល​ទើប​និង​ចេញ​ផ្សាយ​មកឲ្យ​ខ្ញុំ​មួយ​ក្បាល​ទៀតដល់ផ្ទះ​។

ពេល​អាន​រឿង​នេះ​ ​ខ្ញុំ​ភ្ញាក់​ព្រើតនឹង​ទឹក​ដៃ​និពន្ឋ​របស់​សុខ​ចាន់​ផល​ដែល​រីក​ចម្រើន​យ៉ាងខ្លាំង​។​ ជាយុវ​អ្នកនិពន្ឋ​ម្នាក់​សុភាព​រាបសារ​មិន​សូវ​និយាយ​ស្តី​ជា​មួយ​ខ្ញុំមែន​ ប៉ុន្តែ​ក្នុង​ការ​និពន្ឋ​រឿង ​​គេ​សម្បូណ៍​ពាក្យ​ពេចន៍​វាក្យសព្ទ​ពិរោះ​ប្លែក សម្បូណ៍​គំនិត​ណាស់​ និង​ជា អ្នក​និពន្ឋ​វៃ​ឆ្លាត​។​ គេ​មាន​លក្ខណៈ​មួយទៀត គឺ​ចេះ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​យុវអ្នកនិពន្ឋ​ម្នាក់​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ​។​ ខ្ញុំ​ជឿ​ជាក់​ថា ​សុខ​ ចាន់​ផល​ ជា​ទំពាំង​ស្នង​ឬស្សី​ និង​ជា​យុវអ្នក​និពន្ឋ​ដ៏​ល្បី​មួយ​រូប​ ចាប់​ពី​ពេល​នេះ​ត​ទៅ​។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ សុខ​ ចាន់​ផល​នៅ​តែ​ប្រកាន់​ចរិយា​សម្បត្តិ​ល្អ សុភាព​រាបសារ​ដដែល​មិន​ក្រអឺត​ក្រទម​ មិនវាយឬក ហើយ​មិន​ឈ្លក់​នឹង​ជោគ​ជ័យ​របស់​ខ្លួន​។

អ្នកនិពន្ឋ​សុខ ចាន់ផលទើបតែបានចេញផ្សាយ

ប្រលោមលោកថ្មីមួយដែលមានចំណងជើងថា

«ខែរងា»


នេះជា​ឈុតខ្លីមួយ​ដក​ស្រង់​ចេញពី​រឿង«ខែ​រងា»​​៖

ខ្យល់​រាត្រី​បក់ត្រសៀកៗ​រង់​ចាំ​សូរ្យសែង​។ ហេតុ​អ្វី​យប់​នេះ​មាន​រយៈ​ពេល​យូរ​ខុស​ធម្មតា​បែប​នេះ? វា​យូរ​ព្រោះ​ខ្ញុំ​ដេក​មិន​លក់ និង​ព្រោះ​អារម្មណ៍​ខ្ញុំ​អន្ទះសា ចង់​ឲ្យ​ឆាប់​ដល់​ថ្ងៃ​ថ្មី ក្រែង​លោ​អាច​បាន​ជួប​មនុស្ស​​ដែល​ខ្ញុំ​នឹក​រឭក​។ ថ្ងៃ​ទី​២៤ ផុត​ទៅ ផែន​ដី​វិល​ដល់​ថ្ងៃ​ទី​២៥ ​​ប៉ុន្តែ​ព្រះ​សុរិយា​នៅ​តែ​មិន​ព្រម​រះ​សោះ។ ម៉ោង​១ ម៉ោង​២ ម៉ោង​៣… ទើប​ខ្ញុំ​ដេក​លក់។

លុះ​បាន​ដឹង​ខ្លួន​កាល​ណា ទើប​ខ្ញុំ​ស្រឡះ​ក្នុង​ចិត្ត​ថា ទោះ​ជា​ខ្ញុំ​មិន​រង់​ចាំ​ដោយ​តាន​តឹង​យ៉ាង​នេះ ក៏​ព្រះអាទិត្យ​នៅ​តែ​មិន​ភ្លេច​រះ​បំភ្លឺ​លោកា​ដែរ។ តើ​នេះ​គឺ​ជា​ប្រស្នា​បង្រៀន​ខ្ញុំ​ឲ្យ​ប្រកាន់​ចិត្ត​ស្ងប់​ឬ? ទោះ​យ៉ាង​ណា​ តើ​ស្នេហា​អាច​រង់​ចាំ​ដោយ​ចិត្ត​ស្ងប់​ដូច​គ្នា​បាន​ដែរ​ទេ? តាំង​ចិត្ត​ឲ្យ​ទូលាយ​ គិត​ថា​ បើ​ជា​គូ​ប្រាកដ​ជា​ជួប ប៉ុន្តែ​ទឹក​ចិត្ត​ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​នោះ ស្មាន​ថា​ងាយ​បញ្ឈប់​ឬ?

ខ្ញុំ​​ជិះ​កង់​ទៅ​រោង​កុន​រង់​ចាំ ​ប្រភា ដោយ​ពាំ​នាំ​ចិត្ត​សង្ឃឹម​ថា នាង​អាច​មក​ជួប​ខ្ញុំ​តិច​តួច​បំផុត តែ​រស់​ជា​មនុស្ស​ត្រូវ​តែ​មាន​សង្ឃឹម បើ​ទោះ​ជា​ក្តី​សង្ឃឹម​តិច​តួច ក៏​នៅ​តែ​ជា​ក្តី​សង្ឃឹម​ដែរ។ ទី​កន្លែង​ដែល​ខ្ញុំ​អង្គុយ​រង់​ចាំ​នាង​ មាន​មនុស្ស​ច្រើន​កក​កុញ ប៉ុន្តែ​អារម្មណ៍​ដែល​រង់​ចាំ​មនុស្ស​ម្នាក់​ បាន​ប្រែ​ក្លាយ​ទី​ស្ថាន​នោះ​ឲ្យ​ល្ហ​ល្ហេវ ស្ងាត់​ជ្រងំ ដូច​គ្មាន​មនុស្ស​ម្នាក់​សោះ។ គ្រា​នោះ​សំឡេង​យាន​យន្ត​ប្រៀប​បាន​នឹង​សំឡេង​ខ្យល់ សោត​ឯ​មនុស្ស​ម្នា​ទាំង​អស់​ប្រៀប​បាន​នឹង​ដើម​រុក្ខជាតិ កំពុង​តែ​ឈរ​រង់​ចាំ​រូប​ប្រភា​ ជា​មួយ​នឹង​ខ្ញុំ។

ខ្ញុំ​អង្គុយ​គង​អន្ទាក់​ខ្លា​លើ​បង់​ដ៏​ត្រជាក់​ស្រឹប ហើយ​បើ​កាល​ណា​ខ្យល់​បក់​ផាត់​សក់​ក្បាល​ខ្ញុំ​ឲ្យ​ប៉ើង អារម្មណ៍​ស្រងេះ​ស្រងោច​ក៏​កើន​ទ្វេ​ឡើង។ ប្រសិន​បើ​គេ​ឯង​បាន​ដឹង​រឿង​ខ្ញុំ គេ​ច្បាស់​ជា​យល់​ថា ខ្ញុំ​​ជា​ប្រុស​កម្សត់​ស្នេហ៍​ម្នាក់​ហើយ។ ខ្ញុំ​រង់​ចាំ​ជួប​មនុស្ស​ស្រី​ម្នាក់​ដោយ​ដឹង​ច្បាស់​ថា នាង​មិន​មក។ ស្នេហា​ខ្ញុំ​ដូច​ជា​ការ​ផ្សង​ព្រេង​ដោយ​គ្មាន​គោល​ដៅ។ ប៉ុន្តែ​ទី​បំផុត​ស្ថិត​ក្នុង​អារម្មណ៍​អស់​សង្ឃឹម​នោះ ហើយ​ក៏​នៅ​ពេល​ដែល​ខ្ញុំ​ក្រោក​ឈរ​ប្រុង​ឈាន​ជើង​ដើរ​ចេញ​ទៅ​ហើយ ក៏​ស្រាប់​តែ​មាន​សំឡេង​មួយ​រសាត់​មក​ពី​ក្រោយ​ខ្នង​ខ្ញុំ៖

-បង! បង! តើ​បង​ឈ្មោះ​កត្តិក មែន​ទេ​?

-មែន​ហើយ!

-មាន​បង​ស្រី​ម្នាក់ ឲ្យ​ខ្ញុំ​យក​សំបុត្រ​នេះ​មក​ជូន​បង!

អារម្មណ៍​ខ្ញុំ​ដឹង​ច្បាស់​ថា​ជា​សំបុត្រ​របស់​ ប្រភា ។ នាង​ពិត​ជា​មិន​ដាច់​ចិត្ត​ពី​ខ្ញុំ​ទេ។ ទោះ​បាន​ត្រឹម​សំបុត្រ​ក៏​គ្រប់​គ្រាន់​ណាស់​ហើយ តែ​នាង​នៅ​បាន​ផ្ញើ​ស្ករ​សូកូឡា ឲ្យ​ខ្ញុំ​មួយ​ប្រអប់​ទៀត។ នេះ​ហើយ​គឺ​ជា​អំណោយ​ថ្ងៃ​បុណ្យ​ណូអ៊ែល​​របស់​ខ្ញុំ។ ប្រភា មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​បំណង​ឡើយ ព្រោះ​សូម្បី​តែ​កូន​ក្មេង​ ដែល​នាង​ប្រើ​ឲ្យ​ធ្វើ​ជា​ទូត​នាំ​សារ​នោះ ក៏​មិន​ងាយ​ស្រួល​រើស​បាន​ដូច​ដែរ ព្រោះ​កាល​ឃើញ​ភ្លាមៗ​ស្មាន​តែ​ជា​ម្រេញ​គង្វាល​តើ!

អារម្មណ៍​ខ្ញុំ​ប្រែ​ជា​ល្អ​វិញ​គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក ប៉ុន្តែ​រឿង​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ គឺ​នៅ​ពេល​ខ្ញុំ​បើក​សំបុត្រ​របស់​ប្រភា​ អាន៖

ថ្ងៃ​៦​កើត ខែ​បុស្ស ឆ្នាំ​ចអដ្ឋស័ក ព.ស ២៥៥០

អរគុណ​ចំពោះ​ផ្កា​ត្របែក​ព្រៃ​របស់​លោក​ណាស់​! ដឹង​ទេ? ពេល​អាន​សំបុត្រ​របស់​លោក ខ្ញុំ​រំភើប​ជាង​គេ​ត្រង់​កន្លែង​ដែល​លោក​សូម​អង្វរ​ខ្ញុំ​រាប់​អាន ប៉ុន្តែ​អនុគ្រោះ​ផង​ ​ព្រោះ​​ខ្ញុំ​ដូច​​ជា​​នឹក​​មិន​ឃើញ​​ពី​ហេតុ​ផល​​អ្វី​ឲ្យ​ខ្ញុំ​ទៅ​រាប់​អាន​លោកសោះ។ មិន​មែន​គ្រាន់​តែ​លោក​សុំ​ខ្ញុំ​រាប់​អាន ខ្ញុំ​ត្រូវ​រាប់​អាន​​លោក​វិញ​នោះ​ទេ។ កន្លង​មក​ខ្ញុំ​រាប់​អាន​មិត្ត​ គឺ​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ចំពោះ​គេ​មុន មិន​ធ្លាប់​រាប់​អាន​ព្រោះ​ពាក្យ​គេ​អង្វរ​ករ​ឡើយ ហើយ​ខ្ញុំ​ក៏​ដូច​ជា​ឆ្ងល់​ណាស់​ដែរ ថា​តើ​លោក​គិត​យ៉ាង​ម៉េច​ បាន​ជា​ចង់​រាប់​អាន​ខ្ញុំ​ម្ល៉េះ? បើ​គ្មាន​ប្រយោជន៍ ក៏​មនុស្ស​មិន​តស៊ូ​ធ្វើ​អ្វី​មួយ​ដែរ តើ​មែន​ទេ?

លោក​ថា​ជីវិត​ដូច​សុបិន គួរ​តែ​ឆ្លង​កាត់​រឿងឱ្យ​បាន​​ច្រើន ហើយ​​ឲ្យ​ខ្ញុំ​សាក​ល្បង​រាប់​អាន​លោក ប៉ុន្តែ​តើ​លោក​ធ្លាប់​ឮ​គេ​និយាយ​ថា ជីវិត​មិន​មែន​ជា​ការ​សាក​ល្បង​ដែរ​ទេ? ឆាក​ជីវិត​មាន​រយៈពេល​ខ្លី​យ៉ាង​នេះ​ មនុស្ស​មិន​គួរ​ចំណាយ​ពេល​ធ្វើ​​អ្វី​ឥត​ប្រយោជន៍​សោះ។

អេ! គេ​ថា ​ជីវិត​មនុស្ស​ដូច​ស្ករ​សូកូឡា អ៊ីចឹង​ញ៉ាំ​ហើយ វិភាគ​ផង ព្រោះ​វា​ជា​ជំនាញ​របស់​លោក​ហើយ។ (ទិញ​ឱ្យ​​​វិញ​ចុះ កុំ​ឱ្យ​ជំពាក់​គុណ!) ខ្ញុំ​មិន​បាន​ទៅ​រោង​កុន​ជួប​ទេ បើ​សិន​ណាត់​ទៅ​ឆ្លង​បុណ្យ​ណូអ៊ែល​ នៅ​គុក​ទួល​ស្លែង ប្រហែល​ជា​ខ្ញុំ​ចាប់​អារម្មណ៍​ជាង។

អូប៊ិះភ្លេច! តើ​កំពុង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ? រមាស់​ដៃ​ណាស់​ មែន​ទេ? ឆ្ងល់​អត់? គឺ​នៅ​លើ​ក្រដាស​សំបុត្រ​នេះ​មាន​ផ្ទុក​សារធាតុ​រមាស់​ម្យ៉ាង ដែល​ខ្ញុំ​ខំ​ដើរ​រក​ទិញ​ទម្រាំ​តែ​បាន។

-រមាស់​ណាស់​លោក​អើយ​!!! T_T

……………………………………………………………………………………………………………………………

យប់​នេះ​ស្ងាត់​យ៉ាង​ចម្លែក ​ហើយ​​ធាតុអាកាស​​ត្រជាក់​​ខុស​ធម្មតា គឺ​ត្រជាក់​ដល់​បេះដូង​របស់​ខ្ញុំ។ បេះដូងក៏​​ត្រជាក់ ដួង​​ចិត្ត​ក៏​​​រងា វា​ធ្វើ​ឱ្យ​​ខ្ញុំ​ដឹង​ថា រងា​កាយ​មិន​ស្មើ​រងា​ចិត្ត​ឡើយ។ ចិត្ត​របស់​ខ្ញុំ​តាំង​ពី​បាន​ជួប​រូប ប្រភា ក៏​ប្រែ​ក្លាយ​ជា​ចិត្ត​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​មិន​មែន​ជា​ចិត្ត​របស់​ខ្ញុំ​កាល​ពី​មុន​។ វា​ប្រហែល​ជា​ចិត្ត​របស់​មនុស្ស​ម្នាក់ ដែល​ងប់​ងុល​នឹង​ស្នេហា។ អារម្មណ៍​ទាំង​ឡាយ​របស់​គេ​សុទ្ធ​តែ​កើត​ពី​ស្នេហា។ ទាំង​សប្បាយ ទាំង​ទុក្ខ​សោក​ ក៏​មិន​អាច​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន។

ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​កែ​ប្រែ​ចរិត ពោល​គឺ​កែ​ប្រែ​ពី​មនុស្ស​ឡប់​រហូត​ក្លាយ​ជា​មនុស្ស​ឆ្កួត។ ប្រភា​​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ក៏​ខ្ញុំ​ចង់​រាប់​អាន​នាង​ម្ល៉េះ? បើ​គ្មាន​ប្រយោជន៍​ក៏​ខ្ញុំ​មិន​ធ្វើ​ដែរ មែន​ទេ? តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ប្រាប់​នាង​ថា​ម៉េច? ​ស្នេហា​គឺ​ជា​រឿង​មួយ​ដ៏​​ស៊ាំញ៉ាំ​ សូម្បី​តែ​អ្នក​​មាន​​ស្នេហា ក៏​មិន​​ស្គាល់​ស្នេហា​ខ្លួន​ឯង​​ផង។ តើ​ខ្ញុំ​ស្រលាញ់​​ប្រភា ​ព្រោះ​ខ្ញុំ​ត្រូវ​ការ​ផល​ប្រយោជន៍​ពី​នាង​ឬ?  ខ្ញុំ​មិន​ដឹង​ទេ!  ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ស្រលាញ់​មនុស្ស​ម្នាក់ គឺ​តែង​ចង់​ឲ្យ​គេ​ស្រលាញ់​ខ្លួន​វិញ។

– នៅលើលោកនេះ រឿងរ៉ាវ​ដែល​​កើត​ឡើង​ មិន​ដូច​ចិត្ត​ដែល​​ប្រាថ្នា​សោះ។ នាង​ខ្ញុំ​តែង​សង្ឃឹម​ថា ខ្លួន​ឯង​នឹង​អាច​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​កម្មវិធី “សំឡេង​រាត្រី” នេះ​ឲ្យ​បាន​យូរ​អង្វែង ប៉ុន្តែ​… នេះ​ជា​រាត្រី​ចុង​ក្រោយ ដែល​​ប្រិយ​មិត្ត​ឮ​សំឡេង​នាង​ខ្ញុំ​ហើយ… ការ​​ផ្លាស់​ប្តូរ​នេះ​ ប្រើ​រយៈពេល​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​​ប៉ុណ្ណោះ! …អារម្មណ៍​​ខ្ញុំ​ក្នុង​ខណៈ​នេះ បាន​ត្រឹម​តែ​ដាស់​តឿន​ខ្លួន​ឯង​ថា បើ​គ្មាន​ការ​ជួប​ក៏​គ្មាន​ការ​បែក បើ​គ្មាន​ពេល​ចាប់​ផ្តើម​ក៏​គ្មាន​ពេល​បញ្ចប់។ រឿង​អ្វីៗ​ក៏​សុទ្ធ​តែ​មាន​ទី​បញ្ចប់​របស់​វា… ប្រៀប​ដូច​ជា​ឆាក​ល្ខោន… ប្រៀប​ដូច​ជា​ជីវិត​មនុស្ស…

វាយោត្រជាក់បក់បោក​ដួង​ចិត្ត អង្រួន​បេះដូង បង្កើត​ជា​ព្យុះ​ចិត្ត​អស់​សង្ឃឹម ព្រោះ​តែ​សំឡេង​ដ៏​ស្ងួត​ ប្រៀប​ដូច​សមុទ្រ​ស្ងប់​ខ្យល់​​របស់​​ប្រភា​។ សូរ​សៀង​សំឡេង​របស់​នាង បាន​បន្សាត់​ចិត្ត​ខ្នាន់​ខ្នាញ់​កាល​ពី​ព្រឹក​មិញ ឲ្យ​រលាយ​សូន្យ​ក្នុង​ស្បៃ​រាត្រី រួច​ជំនួស​មក​វិញ​តែ​ដួង​ចិត្ត​ស្រណោះ​ស្រណោក​គ្មាន​ទី​អវសាន។ កន្លង​មក​ទោះ​បី​ខ្ញុំ​មិន​បាន​ជួប​នាង ក៏​គង់​បាន​ស្តាប់​សំឡេង ប៉ុន្តែ​​ថ្ងៃ​ក្រោយ​សូម្បី​តែ​សំឡេង​របស់​នាង​ ក៏​ខ្ញុំ​មិន​អាច​ឮ​ផង តើ​មែន​ទេ? គិត​ឃើញ​យ៉ាង​នេះ​ ខ្ញុំ​ក៏​​ទូរស័ព្ទ​ចូល​កម្មវិធី​របស់​នាង ចង់​សួរ​នាង​ថា ហេតុអ្វី​ក៏​នេះ​ជា​រាត្រី​ចុង​ក្រោយ? តើ​នាង​មាន​រឿង​អ្វី? រួច​ក៏​ឮ​សំឡេង​របស់​នាង​៖

-អាឡូ! ជម្រាប​សួរ! …អាឡូ!

ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​តប​ទៅ​នាង​វិញ​សោះ។ អណ្ដាត​​​ហាក់​ដូច​ជា​រឹង​កំព្រឹស ក្រឡាស់​មិន​រួច បាន​ត្រឹម​តែ​ខ្សឹក​ខ្សួល​អួល​បំពង់​ក។

-ហេតុ​អ្វី​ក៏​គ្មាន​មនុស្ស​និយាយ​អ៊ីចឹង? …ដោយ​ពេល​វេលា​ដល់​ទី​បញ្ចប់​ទៅ​ហើយ នាង​ខ្ញុំ​ ប្រភា ​សូម​គោរព​​​​លា​ប្រិយ​មិត្ត ជាមួយ​នឹង​បទ​ចម្រៀង​ចុង​ក្រោយ​ សំនៀង​របស់​​អ្នក​នាង ម៉េង កែវ​ពេជ្ជតា មាន​ចំណង​ជើង​ថា “តំណក់​ទឹក​ភ្នែក” ជូន​ពរ​ប្រិយ​មិត្ត ជួប​តែ​សេចក្តី​សុខ​គ្រប់​ទិវា​រាត្រី!

សំឡេង​និងរូបកាយរបស់​ប្រភា ហាក់​ដូច​ជា​កំពុង​រសាត់​តាម​ខ្យល់​ខែ​រងា ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ជីវិត​ខ្ញុំ។ មោទកភាព​ស្នេហា​​​ក៏​កំពុងតែ​​រលាយ​​​​រូប​​តាម​​ខ្យល់​​នោះ​​ទៅ​​​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​ថា និស្ស័យ​​ដែល​មាន​លើ​​ប្រភា​ នោះ ប្រហែល​គ្រាន់​តែ​ជា​និស្ស័យ​ម្នាក់​ឯង ឬ​ក៏​​ជា​និស្ស័យ​កម្ម សម្រាប់​តែ​ធ្វើ​ឲ្យ​មនុស្ស​ខូច​ចិត្ត​ទេ។

ស្នេហា​របស់ខ្ញុំ​ចំពោះ​ប្រភា​ មាន​រយៈ​ពេល​ខ្លី​​ណាស់ និង​ជា​ស្នេហា​កើត​ចេញ​ពី​អារម្មណ៍​ខ្ញុំ​តែ​ម្នាក់​ឯង​ទៀត។ តើ​​វា​​ប្រៀប​​ដូច​ជា​កាំជ្រួច​ដែល​មាន​សន្ទុះ​ខ្ទរ​ខ្ទារ បញ្ចេញ​ពន្លឺ​ភ្លឺ​តែ​មួយ​ភ្លែត ក៏​ចាក​ចោល​លំហ​មេឃ​ឲ្យ​នៅ​ទទេ​ស្អាត​ឬ? មិន​មែន​ទេ! ស្នេហា​មួយ​នេះ​មិន​ចេះ​សាប​សូន្យ​ពី​លំហ​ចិត្ត​ខ្ញុំ​ឡើយ។ វា​ប្រាកដ​ជា​ស្នេហា​ពិត​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ ហើយ​ក៏​ជា​ស្នេហា​ដែល​ខ្ញុំ​មិន​ងាយ​នឹង​រក​ឃើញ​ដែរ។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​អាច​ជួប​ស្នេហា​ពិត​របស់​​ខ្លួន? ខ្ញុំ​គិត​​ថា ស្នេហា​​មួយ​​នេះ​​នឹង​​នៅ​​តែ​​ជា​​ស្នេហា​​ពិត​​របស់​​ខ្ញុំ​​រៀង​​រហូត​​ទៅ!

សំបុត្រ​រមាស់ និង​ស្ក​រសូកូឡា គឺ​ជា​វត្ថុ​អនុស្សាវរីយ៍ ដែល​ខ្ញុំ​អាច​អង្គុយ​សម្លឹង នៅ​ពេល​ដែល​ខ្ញុំ​នឹក​រឭក​ដល់​ប្រភា…។


ប្រិយមិត្ត​អ្នក​អាន​អាច​រក​ជាវ​រឿង «រដូវរងា» នៅ​តាម​បណ្ណាគារ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។

 

ចំណងជើងសៀវភៅ​របស់អ្នកនិពន្ឋសុខ ​ចាន់ផលដែល​បាន​ចេញ​ផ្សាយ៖

១. ចង្កៀងនិទានរឿងខ្មោច

២. កំណត់ហេតុស្នេហ៍

៣. ស្នេហាសុភាពបុរស

៤. ខែរងា

សៀវភៅទាំងអស់នេះ ដាក់​លក់​នៅ​តាម​បណ្ណាគារ និង​តូប​សៀវភៅ​នានា ក្នុង​ក្រុង​ភ្នំពេញ និង​តាម​ខេត្ត។ រឿង «ខែរងា» ជា ​អក្សរសិល្ប៍​ទំនើប​មួយ។​ អក្សរសិល្ប៍បែបនេះគួរ​តែ​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ​ទៅ តាម​រយៈ​ស្នាដៃ​របស់​យុវអ្នក​និពន្ឋ​ខែ្មរ​ក្នុង​សម័យ​INTERNET អាំងទែរនែត​( អាន​តាម​បារាំង) ឬ​អ៊ិន​ធើ​នែត​(អាន​តាម​អង់​គ្លេស)​។

******************

យុវអ្នកនិពន្ឋ​ សុខ​ ចាន់​ផល​​សូម​លាតត្រដាង​ខ្សែ​ជីវិត​ដ៍កំសត់​របស់​ខ្លួន​មុន​ពេល​ក្លាយជា​ អ្នក​និពន្ឋ​ដែលមាន​សេចក្តីទាំង​ស្រុង​​ខាងក្រោមនេះ​៖

 

ជីវប្រវត្តិ​អ្នកនិពន្ឋសុខ ​ចាន់ផល

ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ពស់​ពី​ដី​ប្រហែល​មួយ​ម៉ែត្រ ដំបូល​ប្រក់​អៀនប៉ាន់​ធ្លុះ ជញ្ជាំង​ផ្ទះ​ជា​បន្ទះ​ឈើ​ចាស់ៗ​កាន់​ស្លែ​ពណ៌​បៃ​តង។ នៅ​ខាង​ក្រោយ​ផ្ទះ​នោះ​មាន​​ផ្ទះ​បាយ​តូច​មួយ ហើយ​មាន​ដើម​ព្នៅ​មួយ​ដើម​ឈរ​ក្បែរ។ នោះ​ជា​ផ្ទះ​យាយ​តា​របស់​ខ្ញុំ តែ​​មិន​ចាំ​ថា​គ្រួសារ​យើង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ គ្រាន់​តែ​នឹក​ឃើញ​ពី​តុ​ទាប​មួយ​ដែល​យើង​អង្គុយ​​ទទួល​ទាន​បាយ​ជុំ​គ្នា​នា ​ពេល​យប់ ដោយ​ដាក់​ចង្កៀង​ប្រេង​កាត​មួយ​នៅ​ចំ​កណ្ដាល។ រាល់​យប់​ខ្ញុំ​ដេក​ក្នុង​មុង​ក្បែរ​យាយ​នៅ​កណ្ដាល​ផ្ទះ ហើយ​មាន​យប់​មួយ​នោះ​ម្ដាយ​​ខ្ញុំ​មក​លេង​ផ្ទះ និង​បាន​ទិញ​កូន​ឡាន​តូច​មួយ​​មក​ផ្ញើ​ខ្ញុំ…

ទាំង​នេះ​​ជា​ពិភព​លោក​ដំបូង​ដែល​ខ្ញុំ​ចាំ​បាន។ ខ្ញុំ​​ដើរ​​ទៅ​ងូត​ទឹក​ទន្លេ​ និង​ដើរ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​ដែល​មានចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ ​ផ្ទះ។ ខ្ញុំ​ចូល​រៀន​ពេល​អាយុប្រាំពីរ​ឆ្នាំ នៅ​សាលាបឋមសិក្សា​សំបួរមាស«ក» ។ ក្មេងៗ​រៀន​ជាមួយ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ណាស់។ ពួក​គេ​ដណ្ដើម​នំ​ខ្ញុំ​ស៊ី យក​លុយ​ខ្ញុំ បោះ​សៀវភៅ​​ខ្ញុំ​ចោល​ទៅ​ក្រៅ​ថ្នាក់ ហើយ​វ៉ៃ​ខ្ញុំ​ឱ្យ​យំ​ទៀត។ ខ្ញុំ​ខ្លាច​អ្នក​​គ្រូ ខ្លាច​សាលារៀន ហើយ​ក៏​អត់​ទៅ​រៀន​​អស់​ប៉ុន្មាន​ថ្ងៃ។ ដល់​​អ្នក​ផ្ទះ​បង្ខំ​ឱ្យ​ទៅ​រៀន​វិញ ខ្ញុំ​ត្រូវ​គ្រូ​ហៅ​ឱ្យ​ឈរ​ពី​មុខ​ក្ដារ​ខៀន និង​​ហៅ​សិស្ស​ទាំង​អស់​មក​វ៉ៃ​ខ្ញុំ​ម្ដង​ម្នាក់ៗ ឱ្យ​គ្រប់​មួយ​រយ​រំពាត់ ជា​ការ​ពិន័យ​ខ្ញុំ​ដែលគេច​រៀន​​យូរ​ថ្ងៃ។ ពេល​សិស្ស​ទាំង​នោះ​​កំពុង​​វ៉ៃ​ខ្ញុំ​ ខ្ញុំ​ក៏​​ស្រែក​យំ​ ធ្វើ​ឱ្យ​ពួក​គេ​ឈប់​វ៉ៃ ហើយ​ចាប់​ពី​ថ្ងៃ​នោះ​ខ្ញុំ​ក៏​ឈប់​ទៅ​រៀន​។ នឹក​ឃើញ​រឿង​នោះ ខ្ញុំ​ប្រហែល​មិន​មែន​ជា​ក្មេង​គួរ​ឱ្យ​ស្រលាញ់​ទេ ព្រោះ​សូម្បី​តែ​នៅ​ផ្ទះ​ក៏​តា​ខ្ញុំ​តែង​តែ​សម្លុត​ខ្ញុំ​គួរ​ឱ្យ​ខ្លាច ឯ​ពូ​ខ្ញុំ​វិញ​​ក៏​តែង​តែ​រក​រឿង​ធ្វើ​បាប​ខ្ញុំ។ ហេតុ​នេះ​ខ្ញុំ​តែង​សម្លឹង​​មើល​មេឃ មើល​ភ្លៀង ដូច​ខំ​ស្វែង​រក​អ្នកណា​ម្នាក់​ដែល​ព្រម​ស្រលាញ់​ការពារ​ខ្ញុំ។

ខ្ញុំ​ជា​ក្មេង​កំព្រា​ឪពុក តែ​ខ្ញុំ​មិន​ដែល​ហ៊ាន​សួរ​រក​ឪពុក​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ខួរ​ក្បាល​ចាប់​ផ្ដើម​ចេះ​គិត ត្រចៀក​ចេះ​ស្ដាប់​យល់​ភាសា​មនុស្ស ​ខ្ញុំ​​ក៏​បាន​ដឹង​ពី​ប្រវត្តិ​ខ្លួន​ឯង​តាម​អ្នក​ជិត​ខាង។ ម្ដាយ​ឪពុក​ខ្ញុំ​បាន​លែង​លះ​​គ្នា​តាំង​ពី​ខ្ញុំ​មិន​ទាន់​កើត​ម្ល៉េះ ហើយ​ចាស់ៗ​ក្នុង​ភូមិ​​ចេះ​តែ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ឱ្យ​គាត់​ជូន​​ទៅ​លេង​ឪពុក​ខ្ញុំ​ឬ​អត់? ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ពី​រឿង​ជួប​ឪពុក​ទេ ប៉ុន្តែ​នៅ​​ថ្ងៃ​មួយ​នោះ​ខ្ញុំ​ដើរ​កាន់​បង្គី​ទៅ​ធ្វើ​ពលកម្ម​នៅ​សាលា ក៏​ឃើញ​ឪពុក​ខ្ញុំ​ជិះ​កង់​ស្រែក​ហៅ​ខ្ញុំ។ គាត់​សួរ​ឈ្មោះ​ខ្ញុំ​ និង​ហុច​លុយ​ឱ្យ​ខ្ញុំ តែ​ខ្ញុំ​ភ័យ​ក៏​រត់​គេច​ពី​គាត់។ ម្ដាយ​ខ្ញុំ​វិញ​តែង​តែ​ទៅ​​រក​ស៊ី​នៅ​ខេត្ត​ឆ្ងាយៗ ស្ទើរ​តែ​ខ្ញុំ​ចំណាំ​មុខ​គាត់​មិន​បាន។ ឱ្យ​តែ​ឮ​ថា​គាត់​មក​លេង​ផ្ទះ​ ខ្ញុំ​ក៏​រត់​យ៉ាង​លឿន​មក​ផ្ទះ​ក្នុង​អារម្មណ៍​ចង់​ឃើញ​មុខ​ម៉ែ។ ពាក្យ​«ម៉ែ»មាន​ឥទ្ធិពល​ណាស់​ក្នុង​អារម្មណ៍​ក្មេងៗ ព្រោះ​គ្រប់​ពេល​ខ្ញុំ​តូច​ចិត្ត​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន​​ដែល​មិន​ ស្រលាញ់​ខ្ញុំ ខ្ញុំ​ក៏​លួង​ខ្លួន​ឯង​ថា ខ្ញុំ​នៅ​មាន​ម៉ែ​ម្នាក់​នឹង​គេ​ដែរ។ ខ្ញុំ​សម្លឹង​មុខ​ម៉ែ​ដោយ​លួច​លាក់ ដើម្បី​ចំណាំ​មុខ​គាត់។ ម្ដាយ​កូន​យើង​មិន​សូវ​ស្និទ្ធ​ស្នាល​នឹង​​គ្នា​ទេ តែ​ពេល​ដឹង​ថា គាត់​ជា​ម្ដាយ​របស់​ខ្ញុំ ខ្ញុំ​​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់។

ទី​កន្លែង​កំណើត​របស់​ខ្ញុំ​ គឺ​ ភូមិ​សំបួរមាស«ក» ឃុំ​ពាម​ជីកង ស្រុងកងមាស ខេត្តកំពង់ចាម។ ពេល​ណា​ម្ដាយ​ខ្ញុំ​មក​លេង​ស្រុក​ម្ដងៗ ញាតិ​​ជិត​ខាង​តែង​តែ​ខ្សឹប​ប្រាប់​ម្ដាយ​ខ្ញុំ​ថា អ្នក​ផ្ទះ​​ធ្វើ​បាប​ខ្ញុំ​ណាស់ គួរ​តែ​គាត់​យក​ខ្ញុំ​ដើរ​តាម​វិញ។ កាល​ណោះ​​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ទើប​តែ​ចូល​កង​ថ្នាក់​ទី​ពីរ ក៏​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ ទៅ​កាន់​ខេត្ត​បាត់ដំបង​​ជាមួយ​ម៉ែ។ ព្រោះ​សុខភាព​​ខ្ញុំ​ខ្សោយ​ ពេល​ជិះ​ឡាន​ឆ្លង​ខេត្ត​នោះ ខ្ញុំ​ពុល​ឡាន ក្អួត​តាម​ផ្លូវ​រហូត។ ​ទៅ​ដល់​បាត់ដំបង ម៉ែ​នាំ​ខ្ញុំ​ទៅ​រស់​នៅ​​ជាមួយ​សាច់​ញាតិ​ខាង​ឪពុក​គាត់​​ រួច​ក៏​​​ទៅ​ស៊ី​ឈ្នួល​នៅ​ផ្ទះ​អ្នក​លក់​បាយ​ម្នាក់​។ គ្រា​នោះ​​​ដែរ ខ្ញុំ​ក៏​ក្លាយ​ជា​ក្មេង​ទូល​នំ​លក់​នៅ​តាម​ផ្សារ ប៉ុន្តែ​រស់​នៅ​ខេត្ត​នោះ​បាន​មួយ​រយៈ ម៉ែ​ក៏​បាន​នាំខ្ញុំ​ទៅ​រស់​នៅ​ខេត្ត​រតនៈគីរី​​ម្ដង។ ការ​ធ្វើ​ដំណើរ​លើក​នោះ គឺ​ត្រូវ​ដេក​ផ្លូវ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មួយ​យប់។ ឡាន​​ដែល​ដឹក​អ្នក​ដំណើរ​នោះ​ខ្ពស់ៗ​ណាស់ ហើយ​អត់​មាន​ដំបូល​ទេ ពេល​មេឃ​ភ្លៀង​ក៏​​នាំ​គ្នា​លា​តង់​មក​បាំង។ ឡាន​បើក​កាត់​ផ្លូវ​ព្រៃ​ទាំង​យប់ រួច​ក៏​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ។ ពួក​យើង​បាន​ជួប​ចោរ​ព្រៃ​ពីរ​លើក ប៉ុន្តែ​គេ​ថា​ចោរ​ព្រៃ​ទាំង​នោះ​ស្លូតៗ ព្រោះ​គ្រាន់​តែ​ទារ​លុយ និង​គ្រឿង​អលង្ការ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​បាប ឬ​សម្លាប់​មនុស្ស​​ឡើយ។

ទៅ​ដល់​រតនៈគីរី​ដំបូង ម៉ែ​បាន​ធ្វើ​ការ​ក្នុង​ហាង​គុយទាវ​របស់​មា​​ម្នាក់​របស់​គាត់​។ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ទី​បី នៅ​សាលាបឋមសិក្សា​ឡាបានសៀក។ រាល់​ព្រឹក​ខ្ញុំ​ដើរ​កាត់​ព្រៃ​ទៅ​សាលា​ម្នាក់​ឯង ដើរ​កាត់​ធាតុអាកាស​ត្រជាក់​ប្រកប​ដោយ​ស្បៃ​អ័ព្ទ ហើយ​ក៏​ផ្លុំ​ផ្សែង​ចេញ​ពី​មាត់​លេង។ នៅ​ស្រុក​បានលុង​នោះ ខ្ញុំ​ចូល​ចិត្ត​តាម​សម្លឹង​មើល​រូប​រាង​ជនជាតិ​ភាគតិច​ ហើយ​ក៏​នឹក​អាណិត​ ពេល​ដឹង​ថា​ខ្មែរ​យើង​ខ្លះ​មាក់ងាយ​ពួក​គេ។ ខ្ញុំ​​ជាប់​ចិត្ត​នឹង​សាលារៀន​នៅ​ស្រុក​នោះ​ណាស់​ ដែល​រៀង​​រាល់​ព្រឹក​មាន​គេ​លក់​បាយ​កញ្ចប់​ស្លឹក​ចេក​តូចៗ ជា​ប្រភេទ​អាហារ​ជនជាតិ​ភាគ​តិច ហើយ​ខ្ញុំ​ក៏​បាន​រាប់​អាន​មិត្ត​រួម​ថ្នាក់​ម្នាក់​ជា​ជន​ជាតិ​ឡាវ​ទៀត​ផង។ រាល់​សប្ដាហ៍​លោកគ្រូ​តែង​នាំ​សិស្ស​ដើរ​ចូល​ក្នុង​ព្រៃ ដើម្បី​មើល​ធម្មជាតិ ហើយ​ចាំ​ថា​សាលា​រៀន​នៅ​ទី​នោះ គឺ​ច្រៀង​បទ​គោរពទង់ជាតិ​ ទាំង​បី​បទ។ ពេល​ឈប់​នៅ​ហាង​លក់​គុយ​ទាវ ម៉ែ​បាន​ជួល​ផ្ទះ​នៅ​មុខ​សាលា​រៀន​ ហើយ​គាត់​ខំ​លក់​ដូរ​ចំណី​ក្នុង​សាលានោះ តែ​ខ្ញុំ​មិន​ទាន់​ទាំង​រៀន​ចប់​ថ្នាក់​ទី​បី​ផង ពួក​យើង​ក៏​ត្រឡប់​មក​ស្រុក​កំណើត​វិញ ព្រោះ​​ទទួល​ដំណឹង​ថា ជីតា​ខ្ញុំ​ឈឺ​។

ពេល​វេលា​នោះ​ខ្ញុំ​ធ្វើ​រឿង​គ្រប់​យ៉ាង​ដោយ​ខួរក្បាល​ទទេ​ស្អាត ប៉ុន្តែ​ព្រោះ​​តែ​ការ​ផ្លាស់​​ប្ដូរ​ទី​លំនៅ​ច្រើន ខ្ញុំ​ក៏​ផ្ដើម​ស្គាល់​ចិត្ត​ស្រណោះ។ ក្នុង​និស្ស័យ​ជា​ក្មេង​ឯកោ និង​ក្បាល​រឹង​ម្នាក់​ អ្នក​ខ្លះ​ក៏​មិន​សូវ​ចូល​ចិត្ត​ខ្ញុំ​​ដែរ។ ខ្ញុំ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង និង​​គិត​ពី​ជី​វិត​គ្រប់​ពេល។ តា​ខ្ញុំ​ស្អប់​ខ្ញុំ​ មិន​ចង់​និយាយ​ស្ដី​រក​ខ្ញុំ​ទេ ហើយ​ដៀល​ខ្ញុំ​ថា ខ្ញុំ​រៀន​អី​ក៏​មិន​ចេះ​ដែរ ព្រោះ​ខ្ញុំ​មិន​ព្រម​ស្ដាប់​គ្រូ។

រស់​នៅ​ជាមួយ​តាយាយ​មិន​បាន​ប៉ុន្មាន ខ្ញុំ​ក៏​បាន​​តាម​ម៉ែ​ទៅ​រស់​នៅ​ខេត្ត​ក្រចេះ​ជាមួយ​ម្ដាយ​មីង​ខ្ញុំ ដែល​ប្រកប​របរ​លក់​បាយម្ហូប​​នៅ​មុខ​ផ្សារ​ក្រចេះ។ ខ្ញុំ​បាន​ជួយ​ធ្វើ​ការ​​នៅ​កន្លែង​លក់​បាយ​នោះ ហើយ​ក៏​បាន​ចូល​រៀន​ថ្នាក់​ទី​បួន នៅ​សាលា​បឋមសិក្សា​ក្រចេះក្រុង។ ជីវិត​រស់​នៅ​ជាមួយ​គេ​បែប​នេះ តែង​តែ​កើត​រឿង​អន់​ចិត្ត​រហូត​ដល់​រើ​ចេញ​ចៀស​មិន​ផុត ហើយ​នៅ​ពេល​វ៉ាកង​តូច ខ្ញុំ​ក៏​ឈប់​រស់​នៅ​ក្រចេះ​។ ម្ដាយ​ខ្ញុំ​តែង​ស្ដី​​ឱ្យ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ឱ្យ​គាត់​ពិបាក​ណាស់ នៅ​កន្លែង​ណា​មិន​បាន​សុខ​ក៏​ព្រោះ​តែ​ខ្ញុំ បើ​គ្មាន​ខ្ញុំ​គាត់​មិន​ពិបាក​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​នឹក​តូច​ចិត្ត​​ថា ​ខ្លួន​ឯង​កើត​មក​ត្រឹម​តែ​ជា​សំពាយ​​របស់​ម្ដាយ សោត​ឯ​សាច់​ញាតិ​ក៏​មិន​សូវ​​ស្រលាញ់​ខ្ញុំ​ទៀត​។

ទោះ​យ៉ាង​ណា ខ្សែ​ជីវិត​ខ្ញុំ​ប្រាកដ​ជា​បាន​គូស​ដៅ​រួច​ជា​ស្រេច​ទៅ​ហើយ។​ ម៉ែ​និង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ស្រែ​អំបិល គឺ​ជា​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ទឹក​សមុទ្រ​លើក​ដំបូង។ រស់​នៅ​ស្រុក​នោះ​ប៉ុន្មាន​ថ្ងៃ ម៉ែ​បាន​លក់​បាយ​កញ្ចប់​នៅ​​កំពង់​ផែ​ ហើយ​បន្ទាប់​មក​ពួក​យើង​ក៏​បាន​ជិះ​ទូក​ចេញ​ពី​កំពង់​ផែ​នោះ​ទៅ​កាន់​ខេត្ត​ កោះកុង។ ការ​ធ្វើ​ដំណើរ​តាម​ទូក​​កាត់​សមុទ្រ​កាល​គ្រា​នោះ គឺ​ជា​រឿង​ប្រថុយ​នឹង​ជីវិត។ ម្ដាយ​ខ្ញុំ​គាត់​មិន​ស្ដាយ​ជីវិត​ទេ ឯ​ខ្ញុំ​ក៏​យល់​ថា​ការ​ស្លាប់​រស់​ជា​រឿង​ធម្មតា​ដែរ ប៉ុន្តែ​ការ​ពុល​រលក​ទើប​ជា​រឿង​ដែល​ខ្ញុំ​ខ្លាច។ រាល់​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ខ្ញុំ​តែង​តែ​ពុល​ឡាន​ស្ទើរ​ស្លាប់​រស់ ឯលើក​នោះវិញ​ខ្ញុំ​ក៏​ជួប​នឹង​ការ​ដេក​ពុល​លើ​ទូក​កណ្ដាល​សមុទ្រ មើល​មិន​ឃើញ​ត្រើយ។ ពិបាក​ខ្លួន​ខ្លាំង​ពេក ខ្ញុំ​សឹង​តែ​ចង់​លោត​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ឱ្យ​ស្លាប់ ហើយ​ពិត​ជា​​ស្រណោះ​ខ្លួន​​ណាស់ ព្រោះ​ពេល​នោះ​មេឃ​ក៏​ធ្លាក់​ភ្លៀង​។ ទូក​អត់​ដំបូល​ទេ ខ្ញុំ​ក៏​ជ្រក​ក្រោម​តង់ ដោយ​អើត​ក្បាល​មើល​ខាង​ក្រៅ​ដែល​យល់​តែ​ទឹក​​គ្រប់​ទិស​ទាំង​ដប់។

ទូក​ទៅ​ដល់​ស្រុក​ដង​ទង់​ ប្រហែល​ជា​ម៉ោង​ដប់​យប់ និង​ឃើញ​មាន​ម៉ូតូ​ឌុប​ជា​ច្រើន​​មក​ចាំ​ទទួល។ ម៉ែ​​បាន​សុំ​ផ្ទះ​​អ្នក​ម៉ូតូ​ឌុប​​ម្នាក់​សម្រាក​បាន​ដល់​មេឃ​ភ្លឺ។ បន្ទាប់​មក​ពួក​យើង​ក៏​បាន​ទៅ​ជួល​​រោង​តូច​មួយ​នៅ​មាត់​ផែ​អូប័រ ដោយ​ពេល​ថ្ងៃ​កន្លែង​នោះ​សម្រាប់​លក់​បបរ​ស និង​ពេល​យប់​ទុក​ជា​គ្រែ​ដេក។ គ្រែ​​នោះ​មាន​សណ្ឋាន​ជា​ទូ ដែល​អាច​ដាក់​ឥវ៉ាន់​ទុក​ខាង​ក្នុង ឬ​ក៏​កូន​ក្មេង​ប៉ុន​ខ្ញុំ​អាច​ចូល​ដេក​បាន។ ថ្ងៃ​មួយ​ម៉ែ​បាន​ជួប​សាច់​ញាតិ​ដែល​យើង​ធ្លាប់​រស់​នៅ​​ជាមួយ​ឯ​ខេត្ត​ បាត់ដំបង​ រួច​ក៏​សម្រេច​ចិត្ត​ទៅ​ជួល​ផ្ទះ​​នៅ​ជុំគ្នា។ កាល​ណោះ​​ម៉ែ​បាន​ទិញ​ធុង​ទឹកកក​ពណ៌ក្រហម​តូច​មួយ និង​កណ្ដឹង​មួយ​ឱ្យ​ខ្ញុំ​។ ខ្ញុំ​បាន​ដើរ​តាម​គេ​ទៅ​រោង​ចក្រ​ការ៉េម ហើយ​ឈរ​​មើល​​គេ​ស្ងៀម រហូត​ដល់​ចុង​ក្រោយ​ទើប​ទទួល​បាន​ការ៉េម​ម្ភៃ​ដើម​មក​​អង្រួន​កណ្ដឹង​លក់។ ថ្ងៃ​នោះ​ខ្ញុំ​លក់​ការ៉េម​អស់ ហើយ​ចំណេញ​បាន​ប្រាក់​ប្រាំបី​រយ​រៀល រួច​គិត​ជាមួយ​ម៉ែ​ទាំង​ត្រេក​អរ​ថា ស្អែក​នឹង​ទទួល​ការ៉េម​ឱ្យ​ច្រើន​ជាង​នេះ ហើយ​ម៉ែ​ក៏​​ទៅ​ទទួល​ការ៉េម​លក់​ដូច​ខ្ញុំ​ដែរ។

រដូវ​​ផ្លាស់​ប្ដូរ ភ្លៀង​ធ្លាក់​ទាំង​យប់​ទាំង​ថ្ងៃ លក់​ការ៉េម​លែង​កើត ម៉ែ​ក៏​ធ្វើ​នំ​ឱ្យ​ខ្ញុំ​ទូល​លក់​ម្ដង។ ថាស​របស់​ខ្ញុំ​គឺ​តូច​ជាង​ថាស​របស់​ម៉ែ​។ ពេល​ភ្លៀង​កំពុង​រលឹម ខ្ញុំ​ពាក់​អាវ​ភ្លៀវ ទទូល​ឆ័ត្រ​កន្ដៀត​ថាស​នំ​ក្រូច​ដើរ​លក់។ ខ្ញុំ​ដើរ​ទៅ​មាត់​សមុទ្រ សង្ឃឹម​អ្នក​នៅ​លើ​ទូក​នេសាទ​ស្រែក​ហៅ​ទិញ។ ពេល​ឮ​គេ​ស្រែក​ហៅ​ម្ដងៗ ខ្ញុំ​អរ​ណាស់ ខំ​ដើរ​ឆ្លង​ស្ពាន​តូច​ទៅ​​លក់​ឱ្យ​គេ ទាំង​ញ័រ​ជើង​ខ្លាច​រអិល​ធ្លាក់​ចូល​សមុទ្រ។ ជួន​កាល​គេ​​​ទិញ​នំ​​ទាំង​អស់​ ខ្ញុំ​ក៏​រត់​មក​ផ្ទះ​វិញ​ទាំង​អរ​កខិបកខុប តែ​ជួនកាល​មិន​ទាន់​ទាំង​លក់​ដាច់​នំ​មួយ​ផង ខ្ញុំ​បែរ​ជា​ដើរ​រអិល​ដួល​ធ្លាក់​កំពប់​​នំ​អស់​មួយ​ថាស។ ក្រោយ​មក​ពួក​យើង​ឈប់​នៅ​ផ្ទះ​ជួល​ចូល​គ្នា​ ដោយ​​ផ្លាស់​ទៅ​ជួល​ផ្ទះ​​ខ្ទម​មួយ​នៅ​​វិញ ហើយ​ម៉ែ​ក៏​ចេះ​តែ​ធ្វើ​នំ​​​ចំណី​ផ្សេងៗ​ដើរ​លក់ ឬ​ក៏​ទទួល​នំ​​ពី​គេ​យក​មក​លក់​ក៏​មាន។ រាល់​យប់​នៅ​ក្នុង​ខ្ទម​នោះ ​មាន​សត្វ​ពស់​​ថ្លាន់​ធំ​មួយ​ចេញ​មក​ចាប់​ កណ្ដុរ ហើយ​យប់​ខ្លះ​​​ខ្ញុំ​ថែម​ទាំង​ឃើញ​ពស់​នោះ​វារ​តាម​របារ​ជញ្ជាំង​ក្បែរ​មុង ​ដែល​យើង​កំពុង​តែ​ដេក​ទៀត​ផង។

ខ្ញុំ​រស់​​នៅ​ឯ​​ខេត្ត​កោះ​កុង​​ប្រហែល​​មួយ​ឆ្នាំ ដោយ​មិន​បាន​ចូល​សាលារៀន​ឡើយ ​បាន​ត្រឹម​​ដើរ​លក់​នំ​​ក្បែរ​របង​សាលា​រៀន​ប៉ុណ្ណោះ។ ​ផ្ទះ​ចុង​ក្រោយ​​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​រោង​ចក្រ​ការ៉េម ដែល​ខ្ញុំ​​ធ្លាប់​ទៅ​ទទួល​យក​មក​លក់​។ មីង​ថៅ​កែ​ការ៉េម​នោះ​ស្រលាញ់​ខ្ញុំ​ណាស់ ហើយ​គាត់​​ប្រាប់​ម៉ែ​ខ្ញុំ​ថា គាត់​សង្កេត​តាំង​ពី​ថ្ងៃ​ខ្ញុំ​មក​រោង​ចក្រ​នេះ​ដំបូង​ គឺ​ខ្ញុំ​​​ចម្លែក​មិន​ដូច​ក្មេង​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​សោះ។ ​មុខ​របរ​ថ្មី​មួយ​ទៀត​របស់​​ម៉ែ​​គឺ​រែក​នំ​បញ្ចុក​លក់​ ដោយ​​​ខ្ញុំ​ជា​អ្នក​យួរ​ធុង​ទឹក​ដើរ​តាម។ ម្ដុំ​រោង​ចក្រ​​ចាស់​នោះ​ គេ​ហៅ​ថា​ភូមិ​បួន​ ហើយ​ខ្ញុំ​បាន​ធ្វើ​សួន​ផ្កា​សិរមាន់​​មួយ​នៅ​ទី​នោះ រួច​ក៏​ឃ្លាត​ពី​ខេត្ត​នោះ​ក្នុង​ពេល​ផ្កា​សិរ​មាន់​ទាំង​ឡាយ​ចាប់​ផ្ដើម​ ចេញ​ផ្កា។

ខ្ញុំ​ត្រឡប់​មក​ដល់​ស្រុក​កំណើត និង​ចូល​រៀន​ថ្នាក់​ទី​ប្រាំ​នៅ​សាលា​បឋមសិក្សា​ពាមជីកង​។ ខ្ញុំ​នៅ​តែ​​ជា​ក្មេង​កំសាក​​ម្នាក់​ដែល​ខ្លាច​គេ​ ប៉ុន្តែ​​ខ្ញុំ​ក៏​ក្លាយ​ជា​សិស្ស​ពូកែ​ដែល​​សិស្ស​រួម​សាលា​កោត​​សរសើរ​។ សាលារៀន​គឺ​ជា​កន្លែង​ដ៏​មាន​កិត្តិ​យស​សម្រាប់​ខ្ញុំ ខុស​ពី​នៅ​ផ្ទះ​ដែល​ជីតា​ខ្ញុំ​​ចេះ​តែ​មាន​គំនុំ​​ស្អប់​ខ្ញុំ​មិន​បាត់។ ពេល​នោះ​ផ្ទះ​ចាស់​ទី​កំណើត​ខ្ញុំ​បាន​ប្ដូរ​​ជា​ផ្ទះ​ក្បឿង​ថ្មី​។ ពេល​មិន​ទៅ​រៀន​ ខ្ញុំ​តែង​តែ​ទៅ​ចម្ការ​ជាមួយ​ម្ដាយ​ខ្ញុំ ដើម្បី​កុំ​ឱ្យ​តា​ខ្ញុំ​រក​រឿង​ថា ​ខ្ញុំ​ខ្ជិល​ធ្វើ​ការ តែ​ស៊ី​ខ្លាច​ចាញ់​គេ។ ខ្ញុំ​គ្មាន​អារម្មណ៍​កក់​ក្ដៅ​​សោះ ក៏​មិន​ចេះ​ស្រលាញ់​ផ្ទះ​ដែរ​ ព្រោះ​គ្រប់​ពេល​នៅ​ផ្ទះ​ភ្នែក​ខ្ញុំ​ដូច​នៅ​តែ​កញ្ចឹង​ក ធ្វើ​អី​ក៏​ខ្លាច​គេ​ស្ដី​ឱ្យ។ ម្ដាយ​ខ្ញុំ​ក៏​មិន​ចុះ​សម្រុង​ជាមួយ​​ឪពុក​គាត់​ដែរ ហើយ​ទ្រាំ​មិន​បាន​ម៉ែ​ក៏​​ធ្វើ​ផ្ទះ​ខ្ទម​មួយ​ក្នុង​ចម្ការ​​​​រស់​នៅ​ពីរ​ នាក់​ខ្ញុំ​។ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ទី​ប្រាំពីរ​នៅ​វិទ្យាល័យ​ពាមជីកង ចំណែក​ម្ដាយ​ខ្ញុំ​រក​ស៊ី​ជួញ​ផ្លែ​ក្រូច​ឆ្មា​​យក​ទៅ​លក់​នៅ​ទីក្រុង​។ ពេល​ម៉ែ​មិន​នៅ​ផ្ទះ​ម្ដងៗ ខ្ញុំ​ក៏​ដើរ​បេះ​ត្រកួន​នៅ​ក្នុង​ចម្ការ ឬ​តាម​វាល​ស្រែ​មក​ឆា​ជាមួយ​ប្រេង​ឆា​​ធ្វើ​ម្ហូប។

វេលា​វ៉ាកង​ថ្នាក់​ទី​ប្រាំបី ម៉ែ​ក៏​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ខេត្ត​ក្រចេះ​ជាលើក​ទី​ពីរ ដោយ​ប្រាប់​ឱ្យ​ខ្ញុំ​ផ្ទេរ​ការសិក្សា។ គ្រា​នោះ​ខ្ញុំ​អាលោះ​អាល័យ​សាលា​រៀន​ណាស់ តែ​គ្មាន​ជម្រើស ព្រោះ​បើ​មិន​តាម​ម្ដាយ​ក៏​មិន​ហ៊ាន​រស់​នៅ​ផ្ទះ​ជាមួយ​ជីតា​ដែរ។ ខ្ញុំ​នៅ​តែ​រស់នៅ​ជាមួយ​គ្រួសារ​ម្ដាយ​មីង​អ្នក​​លក់​បាយ ដែល​ពេល​នោះ​គាត់​បាន​បើក​ហាង​ធំ​ជាង​មុន រួច​ខ្ញុំ​ក៏​បាន​​ចូល​រៀន​ថ្នាក់​ទី​ប្រាំបួន​នៅ​អនុវិទ្យាល័យ​ក្រចេះ​ ក្រុង។ ខ្ញុំ តែង​តែ​ជិះ​កង់​កាត់​ខ្យល់​ឡើង​ទួល​ទៅ​រៀន​ ហើយ​ក៏​បាន​ប្រឡង​ជាប់​សិស្សពូកែ​អក្សរសាស្រ្ត​ខ្មែរ​ប្រចាំ​ខេត្ត។ ​ អ្វី​ដែល​​មិន​ធ្លាប់​គិត​ ទេវតា​ក៏​គិត​ឱ្យ តែ​អ្វី​ដែល​ខំ​ប៉ង​ប្រាថ្នា បែរ​ជា​គ្មាន​សំណាង។ ព្រោះ​តែ​កិត្តិយស​ថ្នាក់​ទី​ប្រាំបួន​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ជាប់​រហូត​ថា ថ្នាក់​ទី​ដប់ពីរ​នឹង​ប្រឡង​ឱ្យ​ជាប់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​។ ខ្ញុំ​​បាន​ក្លាយ​ជា​សិស្ស​វិទ្យាល័យ​ព្រះកុសុមៈ ហើយ​ចាប់​អារម្មណ៍​រៀន​អក្សរសាស្រ្ត​លើស​មុខ​វិជ្ជា​ផ្សេងៗ ប៉ុន្តែ​អាយុ​ខ្ញុំ​ក៏​ឈាន​ដល់​ដំណាក់​កាល​បរាជ័យ ព្រោះ​ពេល​រៀន​ថ្នាក់​ទី​ដប់ពីរ​ សូម្បី​តែ​សិស្ស​ពូកែ​ប្រចាំ​សាលា​ក៏​​មាន​បញ្ហា​ធ្វើ​ឱ្យ​ខ្ញុំ​ប្រឡង​មិន​ ​ជាប់​ផង។

ម្ដាយ​ខ្ញុំ​មិន​បាន​រស់​នៅ​ខេត្ត​ក្រចេះ​យូរ​ទេ គឺ​គាត់​បាន​ត្រឡប់​ទៅ​រស់​នៅ​​​ស្រុក​ជាមួយ​យាយ​តា​វិញ រី​ឯ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​នឹង​រស់​នៅ​ទី​នោះ​រហូត​ដល់​ប្រឡង​បាក់ឌុប​ ជាប់។ ការ​សម្រេចចិត្ត​លើក​នោះ​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​ពី​ជីវិត​ច្រើន។ រស់​នៅ​ដូច​បញ្ញើ​ក្អែក ខ្ញុំ ប្រាប់ ​ខ្លួន​ឯង​ថា ជីវិត​​ខ្ញុំ​កំពុង​ផ្ញើ​លើ​គេ ត្រូវ​តែ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត រង់​ចាំ​អនាគត​ពេល​ប្រឡង​ចប់​វិទ្យាល័យ។ ពេល​វេលា​នោះ​ដើរ​យឺត​បំផុត។ ព្រះ​អាទិត្យ​រះ​និង​លិច​​​ ខ្ញុំ​រាប់​មិន​រំលង។ ខ្ញុំ​ហាក់​​រស់​នៅ​ក្នុង​អារម្មណ៍ និង​សម្លឹង​មើល​មនុស្ស​ជុំ​វិញ​ខ្លួន​ដោយ​ដួង​ចិត្ត។ ខ្ញុំ​ខ្លាច​ចិត្ត​គ្រួសារ​ម្ដាយ​មីង​ខ្ញុំ​ណាស់ ខ្លាច​គាត់​គិត​ថា គាត់​ចិញ្ចឹម​ខ្ញុំ​បំបង់​បាយ ឬ​ឱ្យ​កន្លែង​​ខ្ញុំ​ដេក​​នាំ​តែ​ចង្អៀត​ផ្ទះ។ យ៉ាង​ណា​​ខ្ញុំ​ក៏​ខំ​សង​គុណ​ពួក​គាត់​​ ដោយ​រាល់​ថ្ងៃ​​ខ្ញុំ​តែង​​​​ជួយ​រត់​តុ​នៅ​ហាង​លក់​បាយ​របស់​មីង​ ខ្ញុំម្នាក់​ និង​​​រៀប​ចំ​ផ្ទះ​សម្បែង​នៅ​ផ្ទះ​មីង​ម្នាក់​ទៀត ​ដែល​ខ្ញុំ​ទៅ​ដេក​នា​ពេល​យប់។ សិស្ស​ម្នាក់​ដូច​ជា​ខ្ញុំ​នេះ​​ក៏​លែង​​សូវ​ចាប់​អារម្មណ៍​នឹង​​មេរៀន​សាលា ​​ រួច​​បែរ​ជា​ងប់​ងុល​នឹង​​ការ​វិភាគ​ជីវិត​​​ស្ទើរ​គ្រប់​ពេល គ្រប់​ទី​កន្លែង។

ឆ្នាំ​២០០៤ ខ្ញុំ​បាន​ជាប់​បាក់ឌុប និង​មក​រៀន​បន្ត​នៅ​ភ្នំពេញ។ ដំបូង​ខ្ញុំ​​រស់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​​សាលា​គរុកោសល្យ​ភូមិភាគ​ រាជធានី ព្រោះ​​ពូ​ខ្ញុំ​ជា​គរុ​សិស្ស​នៅ​ទី​នោះ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ឃើញ​ពី​ជីវិត​របស់​គរុសិស្ស។ ​ខ្ញុំក៏​បាន​​ចូល​រៀន​មហាវិទ្យាល័យ​អក្សរសាស្រ្ត​អង់គ្លេស​ នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា ហើយ​មាន​សំណាង​​ជួប​អ្នក​មីង​ម្នាក់ ដែល​គាត់​អាណិត​ជួយ​ខ្ញុំ​ឱ្យ​បាន​​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ មួយ តួនាទី​ជា​គ្រូ​បង្រៀន​ក្មេងៗ​ផ្ទុក​មេរោគ​អេដស៍។ ធ្វើ​ការ​នៅ​អង្គការ​នោះ​បាន​មិន​ដល់​មួយ​ឆ្នាំ ខ្ញុំ​ក៏​សុំ​ឈប់ ព្រោះ​​មិន​ចូល​ចិត្ត​អ្នក​រួម​ការងារ​​ដើរ​ខ្សែ​លើ​ខ្ញុំ និង​​មូល​ហេតុ​មួយ​ទៀត គឺ​ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើ​ជា​​អ្នក​និពន្ធ​ទំនុក​ច្រៀង​​នៅ​ផលិតកម្ម​ មួយ ដោយ​ជឿ​ជាក់​ថា​ខ្ញុំ​អាច​ធ្វើ​ការងារ​នោះ​បាន។ ជា​អកុសល​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​ទាត់​ខ្យល់ គ្មាន​ការងារ តប់​ប្រមល់​នឹង​ជីវិត រៀន​សូត្រ​ក៏​លែង​ចូល ហើយ​នោះ​​ក៏​ជា​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​សរសេរ​រឿង​ខ្លី។ ​គ្មាន​សង្ឃឹម​​នឹង​រៀន​ចប់​​ថ្នាក់​បរិញ្ញាបត្រ ខ្ញុំ​ក៏​ប្ដូរ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​នៅ​សាកលវិទ្យាល័យ​ អាស៊ីអ៊ឺរ៉ុប​វិញ ហើយ​ក្រោយ​មក​ទៀត​​ក៏​បន្ត​​រៀន​ឆ្នាំ​ទី​បី​នៅ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​។

ខាង​លើនេះ​ជា​ខ្សែ​ជីវិត​ខ្ញុំ​មុន​ពេល​ក្លាយ​ជា​អ្នក​និពន្ធ។ ខ្ញុំ​យល់​ថា ជីវិត​គឺ​ជា​ការ​លះ​បង់ ដើម្បី​ទទួល​យក។ ពេល​ខ្ញុំ​សរសេរ​អត្ថបទ​​នេះ​រួច​ ទើប​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន ​រឿង​​នៃ​ឆាក​ជីវិត​​ដ៏​អត្តខាត់ ហើយ​ក៏​មិន​នឹក​ស្មាន​ថា ខ្ញុំ​ពេល​នេះបាន​សរសេរ​វា​ប្រាប់​អ្នក​​នៅ​ទី​នេះ​ឡើយ។ ខ្ញុំ​គួរ​តែ​ចង​ចាំ​ប្រភព​ខ្លួន​ឯង​ឱ្យ​ច្បាស់ ដើម្បី​ដាស់​ខ្លួន​ឯង​គ្រប់​ពេល​ដែល​ខ្ញុំ​ដើរ​វង្វេង​ផ្លូវ។ ផ្លូវ​ជីវិត​ប្រហែល​ជា​មិន​វែង​ពេក​ទេ តែ​​អាច​ជា​​វេលា​សម​ល្មម​ហើយ​ បើ​យើង​ព្រម​ដើរ​លើ​ផ្លូវ​ត្រូវ​តាំង​ពី​វិនាទី​នេះ​ទៅ៕

ភ្នំពេញ ថ្ងៃ​ទី ១០ មេសា ២០១០

សុខ ចាន់ផល

21 responses to “ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ ៖​ សុខ​​ ចាន់​ផលតាមរយៈ៖ «ខែរងា»

  1. ជម្រាបសួរមីង!
    អ្នកនិពន្ធភ្នែកចិន 😆 បងផល ពិតជាមានទេពកោសល្យពិតមែន (បងផលលើសឈាមឡាប់ហើយ)​ ហេហេ! ខ្ញុំពិតជាចូលចិត្តស្នាដៃគាត់មែន ដូចជារឿង កាបូបលុយ រឿងកម្មពៀរ កំណប់… សុទ្ធតែជាកម្រងរឿងខ្លីអប់រំ គួរឲ្យសរសើរមែន!

  2. ខ្ញុំសូមជម្រាបសួរមីង !
    ក្រោយពីបានអានអត្ថបទជីវប្រវត្តិរបស់បង ផល រួច ធ្វើឲ្យខ្ញុំមានការកោតសរសើរចំពោះគាត់ជាខ្លាំង គាត់ពិតជាមានការតស៊ូ និង បានពុះពារឧបសគ្គជាច្រើន ។ រាល់ស្នាដៃរបស់ គាត់ ខ្ញុំជាចូលចិត្តខ្លាំងណាស់ 🙂 ! ហើយជាចុងក្រោយ សូមជូនពរបង ផល ឲ្យកាន់តែ មានភាពជោគជ័យ ។ សូមជំរាបលា !

  3. Pingback: ចំណាប់អារម្មណ៍របស់ លោកជំទាវ ប៉ិច សង្វាវ៉ាន « អនុស្សាវរីយ៍

  4. Pingback: ចំណាប់អារម្មណ៍របស់ លោកជំទាវ ប៉ិច សង្វាវ៉ាន « អនុស្សាវរីយ៍

  5. អុញ​នោះ! យក​ប្រវត្តិរូប​ អ្នក​ភូមិ WordPress មក​សរសេរ​​ក្នុង WordPress ទៀត..​ហា​ហា​ហា

  6. ជម្រាបសួរអ្នកមីង!
    ខ្ញុំរីករាយ និងរំភើប ព្រមទាំងមានមោទនភាពណាស់ចំពោះបងប្រុសដ៏មហិមា របស់ខ្ញុំនេះ។ ខ្ញុំសូមជូនពរឲ្យបងផលល្បីទាំងក្នុងនិងក្រៅប្រទេសផងដែរ។
    សូមអរគុណ,
    ដោយក្ដីគោរពពីខ្ញុំ
    បញ្ញា

    • នេះជាលក្ខណៈមួយនៃមិត្តល្អម្នាក់គួរឲ្យសរសើរ។

      • សូមអរគុណអ្នកមីង! តាមពិត ខ្ញុំគួរតែរៀនសូត្រពីអ្នកមីងនិងបងៗឲ្យបានច្រើន​បន្ថែមទៀត។ ខ្ញុំរីករាយណាស់ ពេញចិត្តណាស់ ដែលខ្ញុំបានស្គាល់អ្នកមីង និងបងៗ ពិសេសបងផលនោះ។ នេះអាចថាជាសំណាងខ្ញុំក៏ថាបាន។
        គោរពពីខ្ញុំ
        បញ្ញា

      • អរគុណបញ្ញា​ អ្នកមីងក៏រីករាយដែរដែលបានស្គាល់ក្មួយ​និងអ្នកស្រឡាញ់អក្សរសាស្រ្តទាំងឡាយដែលបាន
        ចូលទស្សនាប្លក់របស់អ្នកមីងដែលនៅខ្វះខាតនៅឡើយ។​
        ចិត្តចង់ធ្វើច្រើន តែដៃមានតែពីរ​ ពេលក៏គ្មានច្រើនលើសពី១០ម៉ោងក្នុង១ថ្ងៃសម្រាប់ធ្វើកិច្ចការនេះ
        ដែលមិននឹកស្មានថាស៊ីពេលច្រើនដល់ម្លឹង។

        ទោះបីជារយៈពេល៦ខែកន្លងមក​ អ្នកមីងនៅមិនទាន់បានបន្តការសរសេរដូចបានប្តេជ្ញាចិត្តនៅពេលសុំចូល
        និវត្តន៍ក្តី​ ប៉ុន្តែអ្នកមីងក៏រីករាយម៉្យាងដែរព្រោះបានចំណាយពេលយ៉ាងច្រើនដើម្បីបង្ហាញស្នាដៃនិពន្ឋរបស់ក្មួយៗ
        បន្តបន្ទាប់គ្នាតាមប្លក់របស់អ្នកមីង។​​

        និយាយពីការរៀនសូត្រ មិនថាក្មួយ មិនថាអ្នកមីងទេ បើយើងចង់រៀនសូត្រគឺរៀនមិនចេះចប់ទេ​។​ក្មួយ
        និងអ្នកមីងមានទស្សនៈដូចគ្នា«រៀនកាន់តែច្រើនឬកាន់តែយូរ​ កាន់តែល្ងង់»មែនទេ។ អ្នកមីងក៏រៀនសូត្រដែរ គឺរៀន
        ធ្វើប្លក់នេះពីឧត្តមពីផ្កាយ។

  7. ខ្ញុំសង្ឃឹមនឹងជឿជាក់ថា​ ការគោរពសិទ្ឋិបញ្ញា នឹងជាប្រធានបទសំខាន់បំផុត សំរាប់ស្នាដៃអ្នកនិពន្ឋ កវី និមួយៗ ផ្ទុយមកវិញ នឹងធ្វើអោយការតែង​គ្មានតំលៃ គ្មានទឹកចិត្ត ឡើយ គឺចាំតែ copy រឺយកមកកែកុនបន្តិចបន្តួច ចេញផ្សាយ​ ច្រៀង រួចស្រែកក្តែងៗថាជារបស់ខ្លួន។

  8. ជម្រាបសួរ​អ្នកមីង! សូម​អរគុណ​អ្នក​មីងចំពោះ​ប្រកាស​ដ៏​ក្បោះ​ក្បាយ​​​នេះ ដែល​អ្នកមីង​បាន​ចំណាយ​ពេល​សរសេរ​ពី​ក្មួយ​​។ អ្នក​មីង​គឺ​ជា​គ្រូ​ដ៏​ល្អ និង​ជា​រៀម​ច្បង​អ្នក​និពន្ធ​ម្នាក់​ ដែល​បាន​ផ្ដល់​តម្លៃ​ដល់​ស្នាដៃ​និពន្ធ​ដំបូងៗ​​របស់​ខ្ញុំ។ ដូច​ប្រសាសន៍​របស់​អ្នក​មីង​ថា​ធ្លាប់​វិភាគ​ស្នាដៃ​​រឿង​​ខ្លី​​របស់​ខ្ញុំ តាម​រលក​ធាតុ​អាកាសវិទ្យុ​បារាំង​អន្តរជាតិ​ RFI​ ​​ហើយ​នេះ​គឺ​ជា​​សំឡេង​អនុស្សាវរីយ៍​នា​ពេល​នោះ៖ http://sokchanphal.wordpress.com/2010/05/08/%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%94%E1%9F%8B/

    • នេះជារឿងធម្មតាទេសម្រាប់អ្នកមីង។ អ្នកមីងសប្បាយចិត្តនិងចូលចិត្តលើកទឹកចិត្តនិងជួយជម្រុញអ្នកដែល
      កំពុងលូតលាស់។ វាប្រសើរជាងការក្តិចត្រួយ…

      ល្អណាស់ដែលចាន់ផលបានរក្សាសំឡេងអ្នក​មីង​ដែលបាន​វិភាគ​ស្នាដៃ​​រឿង​​ខ្លី​​របស់​ចាន់ផលទុកជា​​សំឡេង​
      អនុស្សាវរីយ៍។

      ចាន់ផលដឹងឬទេថា អ្នកមីងរំជួលចិត្តណាស់ដែលបានអានជីវប្រវត្តិដ៏កំសត់របស់ចាន់ផល។ ជីវិតក្មួយកំសត់ម្ល៉េះ!។
      ក្មួយកំពុងតែទុកគំរូឲ្យអ្នកដែលមានខ្សែជីវិតវេទនាហើយ។​ អ្នកគ្រូសង្ឃឹមថា​ចាន់ផលនឹងប្រឹងជំនះគ្រប់ឧបសគ្គតទៅទៀត។

      • បាទអ្នកមីង! ជីវប្រវត្តិ​​តាំង​ពី​តូចនោះ​បាន​ក្លាយ​ជា​ទុន​​ជីវិត​ដែល​ក្មួយ​មិន​អាច​ខ្វះ​បាន​នា​ពេល​នេះ។ ក្មួយ​ពិត​ជា​អរគុណ​​ដល់​​អតីត​កាល ហើយ​ក្មួយ​នឹង​ប្រឹង​រស់​ឲ្យល្អ​បំផុត​។

      • អ្នកមីងសង្ឃឹមនិងជឿជាក់លើភាពរឹងមាំនិងការតស៊ូរបស់ក្មួយ។ អ្នកមីងសូមជូនពរឲ្យក្មួយបាន
        សម្រេចគ្រប់យ៉ាងគ្រប់ជំហ៊ានជីវិត។

  9. ជម្រាបសួរ អ្នកគ្រូ!
    ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ចំពោះរឿង “ខែរងារ” របស់អ្នកនិពន្ធ សុខ ចាន់ផល តើ
    ខ្ញុំអាចទៅទិញនៅបណ្ណាគារណាដែរ ព្រោះនៅបណ្ណាគារខ្លះដូចជាពុំមានរឿងនេះ
    សោះ។ បញ្ហាមួយទៀតតើខ្ញុំអាចទាក់ទងអ្នកនិពន្ធរូបនេះតាមមធ្យោបាយអ្វី?
    សូមអរគុណអ្នកគ្រូទុកជាមុន។
    ដោយក្តីគោរពពីខ្ញុំ!
    Boy

    • ចា៎ះជម្រាបសួរ

      ខ្ញុំបានឃើញរឿង “ ខែរងារ” របស់អ្នកនិពន្ធ សុខ ចាន់ផលលក់នៅ
      បណ្ណាគារIBC មហាវិថីព្រះមុនីវង្ស។​
      ខ្ញុំជឿថាបណ្ណាគារIBCនេះនិងដាក់នៅគ្រប់សាខារបស់ខ្លួន។​ ដូច្នេះ
      នៅបណ្ណាគារIBC​វិថីព្រះសីហនុប្រាកដជាមានដែរ។
      បើចង់ទាក់ទងអ្នកនិពន្ធ សុខ ចាន់ផល សូមចូលក្នុងប្លក់របស់គេផ្ទាល់​​ ក្នុង
      ក្រុមយុវអ្នកនិពន្ធនៅខាងក្រោមដែលមានដាក់​ដំណរភ្ជាប់នៅក្នុងប្លក់ខ្ញុំដែរ។
      គេច្បាស់់ជាឧស្សាហ៍ចេញចូលក្នងប្លក់គេមិនខាន។ ទន្ទឹមនេះ ខ្ញុំកូពីសំបុត្រ
      របស់ក្មួយទៅគេ។
      បើមិនអាចទាក់ទងបានទេ សូមឲ្យខ្ញុំដឹងផង។​

      • ជម្រាបសួរអ្នកគ្រូ!
        បាទ!អរគុណអ្នកគ្រូខ្លាំងណាស់ចំពោះការចំណាយពេលដ៏ពេលមានតម្លៃរបស់
        អ្នកគ្រូសម្រាប់ឆ្លើយតប និងបញ្ហារបស់ខ្ញុំ។ឥឡូវនេះខ្ញុំអាចរកឃើញរឿង “ខែរងារ”
        និងកំពុងបន្តការអាន ពិតជាជក់ចិត្តមែន ។ បងផលគាត់ចាស់មែន
        តែគាត់អាចសសេរ រឿងមនោសញ្ចោតនាបែបយុវវ័យបានយ៉ាងល្អ ព្រោះគាត់
        ធ្លាប់មានជិវិតជាយុវវ័យមុននេះ។ ចំណែកឯការទាក់ទងទៅគាត់ ខ្ញុំពិតជាទទួល
        បានផលមែន ហើយកំពុងតែឆ្លើយឆ្លងបញ្ហាមួយចំនួននៅលើប្លុករបស់គាត់។
        សូមអ្នកគ្រូទទួលការគោរពអំពីខ្ញុំ
        ក្មេងប្រុសសុបិន

    • សួស្ដី Boy ខ្ញុំ​នៅ​ទី​នេះ​! 😀
      អរគុណ​អ្នក​មីង ដែល​បាន​ផ្ញើ​ម៉ែល​ប្រាប់​ក្មួយ! និយាយ​ទៅ សៀវភៅ​នេះ​ខ្ញុំ​ឃើញ​គេ​ដាក់​លក់​ភាគ​ច្រើន​នៅ​តាម​តូប​សៀវភៅ ដូច​ជា​នៅ​​សាលា​ស៊ីសុវត្ថិ ហើយ​ខ្ញុំ​ឃើញ​​មាន​ច្រើន​ណាស់​នៅ​ម្ដុំ​សាលា​សំពៅ​មាស 😉

  10. បាទ! សួស្តីបង ៖) ក្រែងខ្ញុំទទួលបានចម្លើយរបស់បងតាមប្លុក អនុស្សាវរីយ៍
    ហើយតើ! តែយ៉ាងណាក៏សុំអរគុណអ្នកគ្រូ ប៉ិច សង្វាវ៉ាន និង បង ដែលបាន
    ឆ្លើយតបម្តងហើយម្តងទៀត ។ឥឡូវនេះខ្ញុំរកសៀវភៅហ្នឹងបានហើយ ហើយកំពុង
    តែអាន ពិតជាជក់ចិត្តមែន ខ្ញុំសុំសសើរដោយស្មោះ! អូ! បងផលបើមានរឿងថ្មី
    កុំភ្លេចបង្ហាញលើប្លុករបស់បង ឬ ក៏របស់អ្នកគ្រូក៏បានដែរព្រោះខ្ញុំឧស្សាហ៍មើល
    ប្លុកទាំងពីរនេះញាប់ជាងគេ។
    ជូនពរបងសម្រេចបានរឿងថ្មីៗកាន់តែច្រើនក្នុងឆ្នាំថ្មី
    Boy (ក្មេងប្រុសសុបិន)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s