អបអរសាទរទិវានារីអន្តរជាតិ
យើងជាស្ត្រីពុំមែនមានសិទ្ធិតែ១ថ្ងៃនេះទេ។ យើងមានសិទ្ធិជានិច្ចគ្រប់វិនាទី។
៨មីនាសិទ្ធិនារីអន្តរជាតិ
បទពាក្យប្រាំពីរ
ដោយ ហេង ឧត្តម
ប្រាំបីមីនាប្រវត្តិថ្មី
ថ្ងៃសិទ្ធិស្រ្តីអន្តរជាតិ
ថ្ងៃស្រីមានសិទ្ធិមានសាច់ញាតិ
គ្មានទេបៀនបៀតសិទ្ធិស្រ្តី ។
ធ្វើការស្មើគ្នាបៀវត្សរ៍ស្មើ
មិនដើរខ្សែលើជិះជាន់ស្រី
មិនត្រូវមាក់ងាយហាជេរស្តី
ស្រីលើផែនដីសិទ្ធិស្មើប្រុស ។
ស្រីខ្មែរហានក្លាមិនធម្មតា
ស្រីមានបញ្ញាមិនចាញ់ប្រុស
ទោសនាងតិចតួចសូមសន្តោស
ធម្មតាកំហុសមានគ្រប់គ្នា ។
បើកសិទ្ធិស្រ្តីឲ្យចូលរួម
កិច្ចការសង្គមរៀនវិជ្ជា
ណែនាំលើកទឹកចិត្តគ្រប់គ្រា
ស្រីគ្រប់អង្គាមានសិរី ៕
ពាក្យគន្លឹះ៖៨មីនា ហេង ឧត្តម
ជម្រាបសួរលោកអ៊ំ
ក្មួយសង្ឃឹមថាលោកអ៊ំសុខសប្បាយ។ ក្មួយមានធុរៈនៅសាលាច្រើន មិនបានចូលប្រើអិនធឺណែតញឹកញាប់ទេ។
ពេលក្មួយឃើញទំព័រនេះភ្លាម… ក្មួយពីជាមានក្តីរំភើបជាខ្លាំង ដែលលោកអ៊ំប្រកាសកាព្យរបស់ក្មួយ ចំទិវាសិទ្ធិនារីអន្តរជាតិ។ ក្មួយស្ទើរតែភ្លេចថាក្មួយបានផ្ញើកំណាព្យនេះជូនលោកអ៊ំតាំងពីឆ្នាំមុនមកម្ល៉េះ។ លោកអ៊ំពិតជារក្សាទុកបានយ៉ាងល្អ ក្មួយសូមអរគុណជាអនេក។ ក្មួយគាំទ្រជានិច្ចចំពោះនារី នារីមិនមែនមានសិទ្ធិតែមួយថ្ងៃនេះទេ គឺមានគ្រប់វិនាទីដូចប្រសាសន៍លោកអ៊ំ។ ថ្ងៃ៨មីនា ជាការរំលឹកបន្ថែមទៀតតែប៉ុណ្ណោះ ពុំមែនមានន័យថា សិទ្ធិនារីមានតែក្នុងថ្ងៃនេះនោះទេ។
ខ្ញុំសូមអភ័យទោសចំពោះអ្នកអានទំព័រនេះផងដែរ ព្រោះកាព្យដែលតែងខាងលើនេះមានកង្វះខាតជាច្រើន ដោយសារកវីនិពន្ធរបស់ខ្ញុំមិនសូវប្រសប់ខាងកាព្យឃ្លោងនេះទេ។
សូមអរគុណ