ឥទិ្ធពល​អ្នក​និពន្ធ​ស្ត្រី​ក្នុង……..

ក្នុងទិវានារីអន្តរជាតិ

ក្នុងនាមខ្ញុំដែលជាអតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI

ខ្ញុំមានចិត្តសោមនស្សលើកយកអត្ថបទដ៏មានអត្ថន័យជ្រាលជ្រៅមួយ

ទាក់ទងនឹងអ្នកនិពន្ធស្ត្រី។

ខ្ញុំសូមឧទ្ទិសអត្ថបទនេះជូននារីខ្មែរទាំងអស់នៅក្នុងពិភពលោក។

 

ឥទិ្ធពល​អ្នក​និពន្ធ​ស្ត្រី

ក្នុង​វិស័យ​សារព័ត៌មាន

១ – ​សង្គម និង ស្ត្រី

នៅ​ក្នុង​ពិភព​លោក​នេះ​ សង្គម​ណា​ក៏​ដូច​ជា​សង្គម​ណា​ដែរ​​ក្នុង​នោះ​តែង​តែ​មាន​ស្ត្រី​ស្ថិត​នៅ​រួម​ចំណែក​បង្កើត​ជា​សង្គម​ដែល​មិន​អាច​ខ្វះ​បាន​។ ​មនុស្ស​ប្រុស​ស្រី​សុទ្ធ​តែ​ជា​សមាជិក​នៃ​សង្គម​នីមួយ​ៗ​​។ ​ភាព​រីក​ចម្រើន​នៃ​សង្គម​មួយ​គឺ​ត្រូវ​ការ​កម្លាំង​ទាំង​ពីរ​គួប​ផ្សំ​គ្នា​ទើប​អាច​ធ្វើ​ឲ្យ​សង្គម​មួយ​នោះ​មាន​ការ​ផ្លាស់​ប្តូរ​បាន​។ ​យើង​ទទួល​ស្គាល់​ថា​បុរស​ជា​ចំណែក​មួយ​យ៉ាង​ធំ​នៅ​ក្នុង​សង្គម​ក៏​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ភ្លេច​ផង​ទេ​ថា ​ស្ត្រី​ក៏​ជា​ធនធាន​មួយ​រឹត​តែ​សំខាន់​ក្នុង​ការ​រួម​ចំណែក​ទ្រទ្រង់​គ្រួសារ​និង​សង្គម​ជាតិ​ឲ្យ​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​អប់រំ​សេដ្ឋកិច្ច​និង​​សនិ្តភាព ពីព្រោះ​ស្រ្តី ជា​មាតា​នៃ​មនុស្ស​ជាតិ​និង​ជា​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ជិត​ស្និទ្ធ​ប្រកប​ដោយ​ភាពទន់​ភ្លន់​ កក់​ក្តៅ​បំផុត​ជា​មួយ​គ្រួសារ ​និង​បុត្រ​ធីតា​។

២ ​- អត្ថន័យ​នៃ​ពាក្យ​ថា​ស្ត្រី​ក្នុង​សង្គម​ខ្មែរ

ពាក្យ​ថា​ ស្រី ក្លាយ​មក​ពី​ពាក្យ​ សិរី ​ដែល​មាន​ន័យ​ថា​ស្រី​ឬ​ស្ត្រី ​ជា​ប្រភព​សិរី​សួស្តី​ ជា​ពន្លឺ​នៃសុភមង្គលក្នុង​គ្រួសារ​។ អ្វី​ដែល​ជា​ក្តី​ប្រសើរ​ក្នុង​ជីវិត​រស់​នៅ​គឺ​ សិរី​សួស្តី​នេះ​ឯង​។​ បើ​គ្មាន​ សិរី​សួស្តី​នេះ​ទេ​ មនុស្ស​មិន​អាច​ងើប​រួច​ពី​ភាព​អពមង្គល​ ឬ​ចង្រៃ​ឧបទ្រព​ក្នុង​ជីវិត​បាន​ឡើយ​។

៣ – តួ​នាទី​ស្ត្រី​ខ្មែរ​នៅ​ក្នុង​គ្រួសារ​និង​សង្គម

នៅ​ក្នុង​សង្គម​កម្ពុជា​ តាំង​​ពី​បុរាណកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ​ ស្ត្រី​មួយ​ចំនួន​ធំ​នៅ​តែ​មាន​តួ​នាទី​ដែល​ត្រូវ​បំពេញ​រហូត​ដល់​ទៅ​១១​យ៉ាង​ដូច​ជា៖

១- ជា​ម្តាយ ៖​ បាន​បង្កើត​និង​ចិញ្ចឹម​បី​បាច់​រក្សា​បុត្រ​ធីតា​ប្រកប​ដោយ​ព្រហ្មវិហារធម៌។

២- ជា​បង ៖​ គ្រប់​គ្រង​ថែ​រក្សា​មើល​ការ​ខុស​ត្រូវ​គ្រប់​សមាជិក​គ្រួសារ​ប្រៀប​បាន​ជា​បង​មើល​ខុស​ត្រូវ​លើ​ប្អូន​។

៣-ជា​គ្រូ ៖​​ អប់រំ​ណែ​នាំ​ប្រៀន​ប្រដៅ​ បង្រៀន​ស្លៀក​ពាក់​ បរិភោគ​​ និយាយស្តី​ និង​អប់រំ​​ចិត្ត​ឲ្យ​ប្រពៃ​ដល់​បុត្រ​ធីតា​។

៤-​ជា​កូន ៖ ​គោរព​កោត​ខ្លាច​ឪពុក​ម្តាយ​ទាំង​សង​ខាង ​រួម​ទាំង​ស្វាមី​ដើម្បី​សេច​ក្តី​សុខ​ក្នុង​គ្រួសារ​។

៥-ជា​មេធាវី ៖ ​ការពារ​ដោះស្រាយ​រាល់​ទំនាស់​ដើម្បី​ទម្លុះ​រាល់​បញ្ហា​ទ័ល​ច្រក​រវាង​សមាជិក​គ្រួសារ​ដូច​គ្នា ​ឬ​គ្រួសារ​បស់​ខ្លួន​ជា​មួយ​នឹងអ្នក​ដទៃ​ផង​ដែរ​។

៦-ជា​ពេទ្យ ៖​​ ថែទាំ​ព្យាបាល​ជំងឺ​ដែល​កើត​មាន​ក្នុង​សមាជិក​គ្រួសារ​ដើម្បី​សុខមាលភាពគ្រួសារ​និង​សង្គម​។

៧- ជា​មេបញ្ជាការ ៖​ ក្តាប់​ស្ថានភាព​គ្រួសារ​ហើយ​ចាត់​ចែង​។

៨-ជា​អ្នក​បើកបរ ៖ ​កាច់​ចង្កូត​គ្រួសារ​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​យាន​នៃ​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​មុខបាន​ប្រកប​ដោយ​សេចក្តី​សុខ

និង​សុភមង្គល​។

៩​-ជា​ឃ្លាំង​ឬ​ជា​ធនាគារ ៖​ ទុក​ដាក់​ទ្រព្យ​សម្បត្តិ​ដែល​ប្តី​និង​ខ្លួន​រក​បាន​ឲ្យ​គង់​វង់​សម្រាប់​ជា​ប្រយោជន៍​គ្រួសារ​។

១០​-​ជា​ទាសី​ ​៖ បម្រើ​គ្រួសារ​ទាំង​ម្តាយ​ឪពុក​​ ស្វាមី​ បុត្រធីតាព្រមទាំង​ខ្លួន​ឯង​ផ្ទាល់។

១១-​ដៃ​គូ​អភិវឌ្ឍន៍ ៖ ព្រោះ​តែ​តួ​នាទី​មមាញឹក​ និង​ច្រើន​របស់​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​មិន​មាន​ឱកាស​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ ​មិន​បាន​ទទួល​ព័ត៌មាន​ផ្សេង​ៗ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​មិន​មាន​ចំណេះ​យល់​ដឹង​ខ្ពស់​ដូច​បុរស​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​បុរស​និង​សង្គម​រើស​អើង​ទៅ​លើ​ស្ត្រី​។ ​រាល់មតិ​យោបល់​របស់​ស្ត្រី​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​ចាប់​​អារម្មណ៍​ទទួល​យក។​ នេះ​ជា​កត្តា​ជម្រុញ​ឲ្យ​ស្ត្រី​មិន​ហ៊ាន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​​សិទិ្ធ​សេរីភាព​​ ហើយ​និង​ត្រូវ​ឈាន​ទៅ​ប្រឈម​មុខ​និងភាព

អយុត្តិធម៌​ក្នុង​សង្គម​ច្រើន​ជាង​បុរស​ថែម​ទៀត​។​ដូច្នេះ​ហើយ​ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​បន្ថែម

ទៀត ​​ស្ត្រី​គួរ​តែ​ត្រូវ​បាន​ការ​ទទួល​ស្គាល់​ និង​ផ្តល់​នូវ​តួ​នាទី​សំខាន់​ៗ​ស្មើ​នឹង​បុរស​ឲ្យ​បាន​​ច្រើន​ជាង​មុន​ដើម្បី​ជម្រុញ​តួ​នាទី​ទាំង​១១​យ៉ាង​ក្នុង​គ្រួសារ​ដែល​ស្ត្រី​ធ្លាប់​បាន​អនុវត្ត​និង​មាន​ស្រាប់​ឲ្យ​ក្លាយ​ទៅ​ជា​ចំណុច​ខ្លាំង​បន្ថែម​ទៀត​​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​គ្រួសារ​និង​សហគមន៍​។

៤-ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន

ជា​ចំណុច​អាទិភាព​​ក្រៅ​ពី​វិស័យ​នានា​ជាច្រើន​រួមទាំង​វិស័យ​និពន្ធ​ផង​ដែរ ​​ស្ត្រី​ត្រូវ​បាន​បោះ​ជំហាន​មួយ​កម្រិត​ទៀត​ទៅ​ក្នុង​វិស័យ​សារព័ត៌មាន​ ដើម្បី​មាន​ឱកាស​ជួយ​ជម្រុញ​និង​អប់រំ​ស្ត្រី​តាម​រយៈ​ការ​ផ្តល់និងទទួល​ព័ត៌មាន​នានា​ដល់​ស្ត្រី​ដូច​គ្នា​នៅ​ក្នុង​សង្គម​។​ ព័ត៌មាន​ដែល​ស្ត្រី​ ​បាន​ទទួល​ធ្វើ​ឲ្យ​ស្ត្រី​មាន​គំនិត​ ​មាន​ការ​យល់​ដឹង ​និង​មាន​ការ​សម្រេច​ចិត្ត​មួយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ​និង​ត្រឹម​ត្រូវ​។​ សារព័ត៌​មាន​ជា​កញ្ចក់​បង្ហាញ​ពី​អ្វី​ដែល​កើត​មាន​ក្នុង​សង្គម​រស់​នៅ ​និង​ពិភព​លោក​។​ បើ​ស្ត្រី​ជា​អ្នក​និពន្ធ​ផ្នែក​សារព័ត៌មាន​​ស្តី្រ​នឹង​មិន​ត្រឹម​តែ​ផ្តល់​នូវ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ​​ស្ត្រី​ថែម​ទាំង​ផ្តល់​នូវ​ខ្លឹមសារ​អប់រំ​​ និង​ការ​តស៊ូ​មតិ​ដោយ​ប្រយោល​ទៅ​កាន់​សង្គម​និង ​បុរស​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​រើស​អើង​ទៅ​លើ​ស្ត្រី​។​ ក្រៅ​ពី​នោះ​បាន​ជួយ​លើក​តម្កើង​សិទ្ធិ​ស្ត្រី​ និង​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​នូវ​តម្លៃ​ និង​សមត្ថភាព​ស្ត្រី​ពី​សំណាក់​ភាគី​ដៃ​​គូ​ជា​បុរស ​ហើយ​និង​ធ្វើ​ឲ្យ​សង្គម​និង​បុរស​មាន​ការ​កែ​​ប្រែ​ផ្នត់​គំនិត​ដោយ​ត្រូវ​ការ​កម្លាំង​ស្ត្រី​ជា​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គម ​និង​គ្រួសារ​ប្រកប​ដោយ​និរន្តរភាព ​និង​សន្តិភាព​។

អ្នក​និពន្ធ​ស្ត្រី​ គឺ​ជា​អ្នក​នាំ​ពាក្យ​នៃ​ចិត្ត​ស្ត្រី​ ​បញ្ហា​រាំង​ស្ទះ​និង​ក្តី​លំបាក​វេទនា​របស់​ស្រ្តី​នៅ​ក្នុង​គ្រួសារ​ទៅ​បង្ហាញ​ដល់​សង្គម​ឲ្យ​កាន់​តែ​យល់​ច្បាស់​ថា​ស្ត្រី​តែង​ចង់​បាន​ទទួល​នូវ​អ្វីៗ​ដែល​ជា​ក្តី​ប្រសើរ​ដូច​បុរស​ដែរ​ ​ហើយ​ស្ត្រី​ក៏​រួម​ចំណែក​ប្រឆាំង​រាល់អ្វី​ដែល​ផ្សព្វ​ផ្សាយ​មិន​ប្រពៃ​ទៅ​លើ​សង្គម​បណ្តាល​ឲ្យ​កុលបុត្រ​កុលធីតា​ជំនាន់​ក្រោយ​មាន​ការ​ភ្លើតភ្លើន​ភ្លេច​ភ្លាំង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​វិនាស​។

សំណេរ ​និង​សារព័ត៌មាន​ជា​អាវុធ​មួយ​យ៉ាង​មុត​ស្រួច​បំផុត​ខាង​ផ្នែក​សតិអារម្មណ៍​ គឺជា​ឱសថ​ព្យាបាល​​ ហើយ​ក៏​ជា​ឱសថ​បំពុល​ផង​ដែរ​​ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​សំណេរ​និង​ព័ត៌មាន​មិន​បាន​ចំ​ទិស​ដៅ​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​ទេ​នោះ​។

៥ – ផល​ប្រយោជន៍​ដែល​សង្កម​ត្រូវ​បាន​ទទួល

នៅ​ពេល​ដែល​អ្នក​និពន្ធ ​និង​អ្នក​សារព័ត៌មាន​ស្ត្រី​កើត​ឡើង​ច្រើន​នោះ​សង្គម​នោះ​ក៏​នឹង​មាន​អ្នក​ចេះ​ដឹង​ច្រើន​​ មាន​ការ​អប់​រំ​ល្អ​សង្គម​នោះ​ នឹង​បាន​ទទួល​នូវ​ភាព​ថ្លៃ​ថ្នូរ​ប្រកប​ដោយ​កិត្តិយស​។ ​គ្រួសារ​នៃ​សង្គម​នោះ​មាន​សុភមង្គល​ពេញ​លេញ​ នេះ​ក៏​ព្រោះ​តែ​មនុស្ស​នៃ​សង្គម​នោះ​មាន​សីលធម៌​រស់​នៅ​ល្អ ​មាន​ចិត្ត​ទន់​ភ្លន់​សុភាព​រាបសារ​ ស្គាល់​​ខុស​ស្គាល់​ត្រូវ​មាន​គុណធម៌ខ្ពស់ ​មិន​ប្រើ​ហិង្សា​ជា​ត្រី​មុខ​ ​មាន​ការ​ដោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​។​ទាំង​អស់​នេះ​ហើយ​ដែល​ជា​កត្តា​ជម្រុញ​ឲ្យ​សង្គម​នោះ​ ទទួល​បាន​នូវ​សន្តិភាព​ ​សុភមង្គល​ និង​វឌ្ឍនភាព​យូរ​អង្វែង៕

អត្ថបទនេះនិពន្ឋនិងថ្លែងដោយ  អ្នក​ស្រី​យឺម​ នីម៉ូល្លា នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌល​សម្លេង​ស្ត្រី​ខ្មែរ។

អ្នកស្រីជាវាគ្មិនមួយរូប​ក្នុងសិក្ខាសាលាស្តីពី«​យ៉េនឌ័រ​និង​អក្សរសិល្ប៍»

ដែលរៀបចំដោយ​សហព័ន្ធអភិវឌ្ឍន៍សៀវភៅ​នៅកម្ពុជាដំណាងដោយ

អ្នកស្រីប៉ាល់​ វណ្ណារីរក្ស កាលពីថ្ងៃ​ទី២៦​ខែកុម្ភៈឆ្នាំ២០១១។

អ្នកស្រី យឹម នី ម៉ូល្លា រូបនៅខាងឆ្វេង (រូបថត ៖ ប៉ិច សង្វាវ៉ាន)


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s