ដំណើរជុំវិញអ្នកនិពន្ធម្នាក់ៈ​កៅ​ សីហាៈទូកមួយ

ប្រិយមិត្តអ្នកអានជាទីមេត្រី

ដំណើរជុំវិញអ្នកនិពន្ធម្នាក់​សូមជូនមួយទំព័រថ្មីទៀត ដោយលើកយករឿងខ្លីដែល

និពន្ធដោយលោក​កៅ​ សីហាមានចំណងជើងថា​«ទូកមួយ»។ រឿងនេះបានទទួល

រង្វាន់អក្សរសិល្ប៍នៃសមាគមអក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០៦

នៅឆ្នាំ២០០៦ដដែល រឿង​នេះត្រូវបានចុះផ្សាយក្នុងសៀវភៅ

សមូហកម្មអក្សរសិល្ប៍ នូ ហាច​លេខ៣​ ។​

យ៉ាងណាមិញ​ទស្សនាវដ្តីប្រជាប្រិយ ​និងទស្សនាវដ្តីអាថ៌កំបាំង​

នឹងកាសែតកោះសន្តិភាពក្នុងប្រទេសកម្ពុជាក៏បានយក

រឿង«ទូកមួយទៅចុះផ្សាយដែរ។

 បន្ទាប់មកទៀត​ នៅឆ្នាំ២០០៧ រឿង​«ទូកមួយ»ក៏ត្រូវបាននិសិត្សអក្សរសាស្រ្តខ្មែរ

នាទីក្រុងភ្នំពេញ​យកទៅធ្វើការសិក្សាវិភាគ និងវាយតម្លៃ។

 ចំណែកខ្ញុំ កាលពីឆ្នាំ២០០៨ដោយយល់ឃើញថា​ រឿង«ទូកមួយ»

ដ៏ល្បីនេះមានខ្លឹមសារស៊ីជម្រៅ

ខ្ញុំក៏បានលើកយករឿងនេះមកផ្សាយតាមរលកសម្លេង

វិទ្យុបារាំងអន្តរជាតិ RFI​ដោយមានអន្តរាគមន៍ផ្ទាល់

ពីអ្នកនិពន្ធ កៅ​សីហា។

លុះដល់ឆ្នាំ២០០៩​ សមាគមអក្សរសិល្ប៍នូហាចបានបកប្រែ

រឿង«ទូកមួយ»នេះជាភាសាអង់គ្លេស។

ក្រោយមក នៅ់ឆ្នាំ២០១១​ សមាគមអ្នកនិពន្ឋពិភពលោក

ចាប់អារម្មណ៍ហើយបានយករឿង«ទូកមួយ»ទៅបកប្រែជាភាសាបារាំង។

ខ្ញុំសូមអញ្ជើញប្រិយមិត្តអានរឿង

ទូក​មួយ

និពន្ធដោយ​លោកកៅ សីហា

A BOAT

  By KAO Seiha

រូបថត៖​លោក​កៅ​ សីហា

(រូបថត៖ លោក កៅ សីហា)


           ខណៈ​នេះ ព្រះ​អាទិត្យ​រំកិល​ខ្លួន​បន្តិច​ម្ដងៗ ចាក​ចេញ​ពី​លោកិយ ជះ​ស្រមោល​ពណ៌​លឿង​ឆ្អិន​ឆ្អៅ ស្ថិត​នៅ​ឯ​ជើង​មេឃ​ម្ខាង បី​ដូច​ដុំ​ភ្លើង ចាំង​ឆ្លុះ​ស្រមោល​លើ​ផ្ទៃ​ទឹក​សមុទ្រ ដ៏​ល្ហល្ហេវ សត្វ​រំពេ​ទាំង​ហ្វូងៗ ហោះ​ហើរ​សំដៅ​ទៅ​ទ្រនំ​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់។

នៅ​ឯ​ច្រាំង គ្រួសារ​ពូ​សឿន​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង រៀប​ចំ​ប្រដាប់​ប្រដា​ដាក់​ទូក ដើម្បី​ចេញ​នេសាទ​យប់​នេះ។

ក្រុម​គ្រួសារ​នេះ រស់​នៅ​លើ​ទូក​ជា​ប្រចាំ។ មុខ​របរ​នេសាទ​ធ្វើ​ឲ្យ​ពួក​គាត់​រួចផុត​ពី​ភាព​អត់​ឃ្លាន ទោះ​បី​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏​ដោយ។

ទូក​ពូ​សឿន​មាន​លក្ខណៈ​ល្អ​ឯក ជា​ទូក​បុរាណ​តំណ​ពី​ដូន​តា​របស់​គាត់។ ទូក​ទាំង​មូល​ច្នៃ​ពី​ឈើ​ប្រណីត អម​ដោយ​ក្បាច់​ចម្លាក់​រូប​នាគ គ្រុឌ​យ៉ាង​វិចិត្រ និង​បាន​កែ​ច្នៃ​ទូក​នេះ​ដោយ​បំពាក់​ម៉ាស៊ីន​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​នេសាទ… អ្នក​បាន​ឃើញ ប្រាកដ​ជា​ស្រឡាញ់​ចង់​បាន​ជា​កម្មសិទ្ធិ។ មាន​ជន​បរទេស​មិន​តិច​នាក់​ទេ ដែល​ប៉ង​ទិញ តែ​ម្ចាស់​ទូក​មិន​ព្រម​លក់។

ពេល​ចេញ​នេសាទ​មក​ដល់។ ពូ​សឿន និង​កូន​ប្រុស​ទាំង​ពីរ រុញ​ក្បាល​ទូក​ចេញ​ពី​ច្រាំង ឯ​ប្រពន្ធ​គាត់ និង​កូន​ស្រី​ពៅ រៀប​ចំ​ទុក​ឥវ៉ាន់​យ៉ាង​ញាប់​ដៃ​ញាប់​ជើង។

ពូ​សឿន ជា​បុរស​ដែល​មាន​មាឌ​មាំ​ក្រអាញ សក់​រួញ​អង្គាដី ក្បាល​ឆក ចិញ្ចើម​ក្រាស់ បបូរ​មាត់​ស្ដើង ចិត្ត​ដាច់ ហើយ​ឆេវ​ឆាវ… គាត់​មាន​ចរិត​ម៉ឺង​ម៉ាត់ និង​អត្តនោម័តិ ពុំ​ស្ដាប់​យោបល់​ប្រពន្ធ​កូន​ឡើយ ហើយ​តែង​ប្រើ​អំណាច​ជា​មេ​គ្រួសារ សម្រេច​កិច្ច​ការ​ផ្សេងៗ…

– អារឿន! យក​ច្រវា​ឲ្យ​ពុក ហើយ​បញ្ឆេះ​ម៉ាស៊ីន​ផង (ពូ​សឿន​ប្រាប់​ទៅ​កូន)

សារឿន ហុច​ច្រវា​ឲ្យ​ឪពុក​ខ្លួន។ ពូ​សឿន​បាន​ច្រវា ចែវ​បទ​ក្បាល​ទូក​យ៉ាង​ប៉ិន​ប្រសប់​ដោយ​គាត់​រស់​នៅ​លើ​ទូក​នេះ មាន​បទពិសោធន៍​តាំង​ពី​តូច…

សំឡេង​ម៉ាស៊ីន​ទូក​រោទ៍… ទូក​លឿន​លយ​ទៅ​មុខ​បន្តិច​ម្ដងៗ កាត់​រលក​ធំ​តូច​ឆ្ពោះ​ទៅ​ទិស​ដៅ។

កំពុង​នេសាទ ផ្ទៃ​មេឃ​ចាប់​ងងឹត ពពក​ខ្មៅ​មីរដេរដាស រក​មើល​អ្វី​មិន​យល់ សូម្បី​ហ្វូង​ផ្កាយ និង​ព្រះចន្ទ​ក៏​ប្រាប់​ស្រមោល​ដែរ។ មីង​សាត​រៀប​ចំ​បាយ​ទឹក ហៅ​ប្ដី និង​កូនៗ​បរិភោគ។ ពូ​សឿន​រៀប​ចំ​ប្រដាប់​ប្រដា​នេសាទ​ទុក​ដាក់ ហើយ​គាត់​ចុះ​មក​អង្គុយ​ពែន​ភ្នែន ក្នុង​វង់​បាយ​ជាមួយ​ប្រពន្ធ​កូន។

រាត្រី​នេះ ខ្យល់​បក់​ខ្លាំង​ខុស​ពី​ធម្មតា ពូ​សឿន​សម្លឹង​ទៅ​ខាង​ក្រៅ​ពិនិត្យ រំពេច​នោះ គាត់​សម្ដែង​ទឹក​មុខ​ព្រួយ​បារម្ភ។ មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ភ្លៀង​បង្អុរ​មក​ជាមួយ​សន្ធឹក​ខ្យល់​បោក​បក់​គួរ​ឲ្យ​ព្រឺ​ព្រួច។ សូរ​រលាក​គ្រាំៗ រុញ​ច្រាន​ទូក​ឲ្យ​រសាត់​ឆ្ងាយ​ពី​គោល​ដៅ។ ចង្កៀង​ម៉ាំង​សាំង​បាន​រលត់ ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ងងឹត​សូន្យ​ឈឹង។

ស្មារតី​ពូ​សឿន​នៅ​រឹង​មាំ​ជាង​គេ គាត់​អង្គុយ​លើ​ក្បាល​ទូក​សង្កេត​ស្ថានការណ៍។ ឯ​កូន​ប្រុស​ទាំង​ពីរ​នៅ​ចុង​ទូក​ម្ខាង កាច់​បត់​បែន​ទប់​ទូក។ មីង​សាត និង​កូន​ស្រី​តក់​ស្លុត គិត​តែ​ពី​អង្គុយ​បន់​ស្រន់…

កម្លាំង​ទឹក​រលក បោក​មិន​ឈប់​សោះ! ទឹក​សាច​ចូល​ទូក។ មីង​សាត និង​ស្រី​ពៅ​ឈប់​បន់​ស្រន់ ប្រវេប្រវា​នាំ​គ្នា​ដង​ទឹក​ចេញ​យ៉ាង​ញាប់​ដៃ ឯ​ទូក​កំពុង​ឃ្លេងឃ្លោង ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ តែលតោល​តាម​តែ​រលក និង​ខ្យល់​បក់​គួរ​ឲ្យ​បារម្ភ។

ភ្លៀង ខ្យល់​ស្ងប់​បន្តិច​ហើយ។ អ្នក​នៅ​ក្នុង​ទូក​អស់​កង្វល់​មួយ​គ្រា។ តែ​ទាំង​អស់​គ្នា​មិន​ដឹង​ថា​កំពុង​ស្ថិត​នៅ​ទី​ណា​នោះ​ទេ។ ពូ​សឿន​ងាក​ទៅ​ខាង​ណា​ក៏​ចំណាំ​មិន​បាន។ គាត់​ថប់​អារម្មណ៍​មែន​ទែន។ រំពេច​នោះ ស្រាប់​តែ​ម៉ាស៊ីន​ទូក​រលត់។ ពូ​សឿន​ប្រាប់​ឲ្យ​កូន​យក​ប្រេង​ចាក់​ថែម នៅ​តែ​មិន​ឆេះ… មិន​ឆ្ងាយ​ប៉ុន្មាន មាន​ទូក​នេសាទ​មួយ​មក​ដល់ គាត់​អង្វរ​សុំ​ឲ្យ​ម្ចាស់​ទូក​នោះ​ជួយ…

– ឱ! ល្បង​អើយ! មេត្តា​ជួយ​អូស​ទូក​ខ្ញុំ​ទៅ​ច្រាំង​ផង!

– ខ្ញុំ​ជួយ​មិន​បាន​ទេ! ទូក​ខ្ញុំ​អូស​ខ្លួន​ឯង​មិន​រួច​ផង (ម្ចាស់​ទូក​ឆ្លើយ​តប ក្នុង​សំនៀង​មិន​សូវ​ច្បាស់ ព្រោះ​គេ​ជា​ជន​ជាតិ​បរទេស)។

ពូ​សឿន ខិត​ខំ​ស្វះ​ស្វែង អង្វរ​ទូក​នេសាទ​ផ្សេងៗ​ទៀត​ដែរ តែ​គ្មាន​នរណា​ព្រម​ជួយ​គាត់​សោះ។ គាត់​ចាប់​ផ្ដើម​មួម៉ៅ​ក្ដៅ​ចិត្ត ណា​មួយ​រក​ត្រី​មិន​បាន ខាត​កម្លាំង​ទទេ​ទៀត។ ទាំង​អស់​គ្នា​ចាប់​ចែវ​ទូក​ទាំង​អស់​សង្ឃឹម…

ជា​ច្រើន​ថ្ងៃ​ហើយ ទូក​ពូ​សឿន​នៅ​តែ​អណ្ដែត​លើ​ផ្ទៃ​ទឹក គ្មាន​ដឹង​កោះ​ត្រើយ។ មិន​ដឹង​ថា វាសនា​ពួក​គេ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ?

ទូក​នេសាទ​បរទេស​មួយ​ទៀត បាន​មក​អែប​ជិត​ទូក​ពូ​សឿន ហើយ​ជជែក​គ្នា​ពី​នេះ ពី​នោះ ក្នុង​បំណង​ចង់​ទិញ​យក​ទូក​របស់​ពូ​សឿន។ ជន​បរទេស​នោះ ធ្លាប់​សុំ​ទិញ​ទូក​ពូ​សឿន​ច្រើន​លើក​មក​ហើយ តែ​គាត់​មិន​លក់…

ជជែក​គ្នា​មួយ​សន្ទុះ មីង​សាត​ដែល​កំពុង​រាយ​សំណាញ់ ស្រែក​សួរ​ដោយ​ភ្ញាក់​ផ្អើល៖

– ថាម៉េច! ឪ​វា​ឯង​ចង់​លក់​ច្រវា​ឲ្យ​គេ? ទេ! ខ្ញុំ​មិន​ព្រម​ទេ! ព្រោះ​ច្រវា​វា​គូ​នឹង​ទូក។ ច្រវា​អាច​ជួយ​យើង​ឲ្យ​ទៅ​មុខ​បាន។

– កុំ​ចេះ! អញ​ត្រូវ​តែ​ដោះ​ដូរ​វា​ជាមួយ​អង្ករ ទឹក ត្រី សាច់ ឬ​ក៏​ឯង​ចង់​ដាច់​ពោះ​ស្លាប់? បើ​ច្រវា​មាន​ដល់​ទៅ​ពីរ លក់​មួយ​ក៏​មិន​អី​ដែរ… ឯង​កុំ​បារម្ភ​ពេក! អញ​ចេះ​គិត​ហើយ…

មីង​សាត​បែរ​ជា​នៅ​ស្ងៀម… គាត់​លើក​ច្រវា​មក​អង្អែល​ថ្នមៗ បង្ហាញ​ការ​សោក​ស្ដាយ។ បាន​ច្រវា​ហើយ ម្ចាស់​ទូក​បរទេស​ចេញ​ទៅ… ឯ​ប្រពន្ធ​សួរ​ទៅ​ប្ដី​ទាំង​មួម៉ៅ៖

– អើយ…! នៅ​សុខៗ ម្ដេច​ក៏​បង​យក​ស្បៀង​ទៅ​ដូរ​នឹង​ច្រវា​ទូក មាន​ប្រយោជន៍​អី?

បុរស​ជា​ប្ដី អង្អែល​ច្រវា​បណ្ដើរ ញញឹម​បណ្ដើរ ហើយ​តប​ទៅ​ប្រពន្ធ​ថា៖

– ពួក​គេ​កំពុង​ទ័ល​ច្រក ថ្ងៃ​នេះ​គេ​លក់​ច្រវា​មួយ​ឲ្យ​យើង ថ្ងៃ​ក្រោយ​យើង​បង្ខំ​គេ​ឲ្យ​លក់​ច្រវា​មួយ​ទៀត… បន្ទាប់​មក ប្រាកដ​ជា​លក់​ទូក​មិន​ខាន! ព្រោះ​ទូក​នោះ​យើង​ប៉ង​យក​យូរ​ហើយ! មិន​អ៊ីចឹង? ឱកាស​ល្អ​ជិត​មក​ដល់​ហើយ… ពួក​គេ​កំពុង​តែ​តែលតោល​ដូច​ចក នៅ​កណ្ដាល​សាគរ ប្រាកដ​ជា​គ្មាន​ផ្លូវ​ទៅ​ដល់​ត្រើយ​ទេ អ្វីៗ​នឹង​ក្លាយ​ជា​របស់​យើង ដើម្បី​សម្រេច​បំណង​នេះ យើង​ត្រូវ​តែ​តាម​ឃ្លាំ​មើល​ពួក​វា ពេល​ណា​ក្រុម​គ្រួសារ​មួយ​នេះ​ទ័ល​ច្រក នោះ​ឱកាស​ល្អ​យើង​ក៏​មក​ដល់! (ស្នាម​ញញឹម និង​សំណើច​របស់​ពួក​គេ​ផ្ទុះ​ឡើង​ប្រកប​ដោយ​ភាព​ជឿ​ជាក់)។

មួយ​រយៈ​នេះ ពូ​សឿន​រាសី​ដាក់​ខ្លាំង​ណាស់។ ណា​មួយ​នេសាទ​មិន​បាន ណា​មួយ​ប្រឹង​ប្រែង​ចែវ​ទូក ឆ្លង​កាត់​សមុទ្រ​អស់​កម្លាំង ហើយ​អ្វី​រឹត​តែ​លំបាក​ទៀត​នោះ​គឺ ជំងឺ​រលាក​ក្រពះ​របស់​គាត់ កំពុង​រើប​រើ​ឡើង​វិញ ធ្វើ​ឲ្យ​គាត់​កាន់​តែ​ពិបាក ឯ​ស្បៀង​ក៏​កាន់​តែ​អស់​ទៅៗ ធ្វើ​ឲ្យ​ម្ចាស់​ទូក​បរទេស ដែល​តាម​ឃ្លាំ​មើល​សប្បាយ​ចិត្ត។

ក្នុង​នាម​ជា​អ្នក​កាន់​ក្បាល​ទូក ពូ​សឿន​ប្រកាន់​ជំហរ​អត្តនោម័តិ​ជានិច្ច ទោះ​បី​ជា​គាត់​មាន​ជំងឺ​បៀតបៀន​ក៏​ដោយ។ គាត់​យល់​ឃើញ​ថា ក្រៅ​ពី​រូប​គាត់ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូច​គាត់​បាន​ឡើយ ម្យ៉ាង​កូនៗ​របស់​គាត់​នៅ​ក្មេង ពុំ​ទាន់​មាន​បទពិសោធន៍​គ្រប់​គ្រាន់ ក្នុង​ការ​ចែវ​ទូក​នេះ​ទេ។

ពូ​សឿន និង​គ្រួសារ​វង្វេង​ទិស​រក​កោះ​ត្រើយ​មិន​ឃើញ។ សភាព​បែប​នេះ ធ្វើ​ឲ្យ​គ្រួសារ​គាត់​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ពិសេស​រូប​គាត់ ពេល​នេះ​គ្មាន​កម្លាំង​សម្រាប់​ចែវ​ទូក​ទៀត​ទេ។ ជំងឺ​កាន់​តែ​រុករាន… គាត់​ដេក​ស្ងៀម​នៅ​នឹង​កន្លែង ហើយ​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​ចាត់​ចែង​ចែវ​ទូក​ទៅ​ច្រាំង។

បន្ទាប់​ពី​ឪពុក​អនុញ្ញាត សារឿន និង​សារិន តាំង​ឈ្លោះ​ដណ្ដើម​ច្រវា​គ្នា ឮ​មាត់​ឡូឡា​កោក​កាក ប្រកាន់​យក​ឈ្នះ​រៀងៗ​ខ្លួន…

– ឲ្យ​ច្រវា​អញ! ហ្អែង​ក្មេង​ណាស់ មិន​ដឹង​ទិស​តំបន់​អីទេ!

– បង ទុក​ឲ្យ​ខ្ញុំ​ចែវ​វិញ! ខ្ញុំ​ប្អូន​មែន តែ​កម្លាំង​ខ្ញុំ​ខ្លាំង​ជាង​ណា៎! (សារិន​ប្រកែក)

ទាំង​ពីរ​នាក់​សុទ្ធ​តែ​ចង់​ចែវ​រៀងៗ​ខ្លួន រហូត​វាយ​តប់​គ្នា ធ្វើ​ឲ្យ​ទូក​ឃ្លេងឃ្លោង​ទឹក​ចូល ឃើញ​សភាព​មិន​ស្រួល ស្រី​ទូច​ក៏​ស្រែក​ឲ្យ​បងៗ៖

– បាន​ហើយៗ បង​ឈប់​វាយ​គ្នា​ទៅ! មិន​គិត​ជួយ បែរ​ជា​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ បង​មិន​ចេះ​ខ្មាស​គេ​ទេ​អី? មើល​ន៎! ពួក​បរទេស​គេ​សើច​យើង… ពួក​គេ​មិន​ជួយ​យក​អាសា​យើង​ទេ គេ​ចាំ​តែ​សើច​តែ​ប៉ុណ្ណោះ ល្មម​ឈប់​ឈ្លោះ​គ្នា​ទៅ​បង! កុំ​ឲ្យ​គេ​មើល​ងាយ​យើង​ណា៎…!

ឮ​សម្ដី​ស្រី​ទូច សារិន​បញ្ឈប់​ការ​ប្រតាយប្រតប់​ជាមួយ​សារឿន ហើយ​ងាក​ទៅ​រក​ទូក​បរទេស​ដែល​ស្រែក​ក្ដែងៗ៖

– មើល​អី! មិន​ដែល​ឃើញ​មនុស្ស​វ៉ៃ​គ្នា​ទេ​អី? យីស! ពួក​អា​រំលោភ​ឈ្លាន​ពាន​អស់​នេះ!

ពេញ​មួយ​ថ្ងៃ​ហើយ ដែល​សារឿន​ខ្នះខ្នែង​ចែវ​ទូក ប៉ុន្តែ​នៅ​តែ​រក​កោះ​ត្រើយ​មិន​ឃើញ​សោះ… រាត្រី​ក៏​ឈាន​មក​ដល់…

ស្រី​ទូច និយាយ​ទៅ​កាន់​សារឿន​ទាំង​ទឹក​មុខ​ព្រួយ​បារម្ភ៖

– បង! តាម​ខ្ញុំ​ស្មាន យើង​ទៅ​តាម​ទិស​ហ្នឹង​មិន​ត្រូវ​ទេ ព្រោះ​តាម​ខ្ញុំ​ចំណាំ យើង​ទៅ​ខាង​ទិស​ផ្កាយ​យាម​នង្គ័ល​វិញ (នាង​ចង្អុល​បង្ហាញ)។

សារឿន​ងាក​មក​ឆ្លើយ​ដោយ​ម៉ឺង​ម៉ាត់៖

– នែ៎​កាទូច! កុំ​ចេះ… ឯង​ជា​ស្រី គិត​តែ​ពី​ដាំ​ស្ល និង​ជួយ​ធ្វើ​ការ​ម៉ែ​ទៅ… អញ​ដឹង​ហើយ! កុំ​ចេះ​មក​ប្រដៅ​អញ​វ៉ើយ!

ឮ​សម្ដី​របស់​បង ស្រី​ទូច​ដាក់​មុខ​ចុះ អស់​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ជា​យោបល់… មីង​សាត​ចូល​មក​អន្តរាគមន៍ ដោយ​សម្ដី​ទន់​ភ្លន់​សម្រួល​ស្ថានការណ៍៖

– សារឿន! កូន​មិន​ត្រូវ​ថា​ឲ្យ​ប្អូន​ដូច្នេះ​ទេ។ ប្អូន​គ្រាន់​តែ​ឲ្យ​យោបល់ ដើម្បី​ជួយ​ឲ្យ​ទូក​យើង​ទៅ​រក​កោះ​ត្រើយ​ឃើញ​ទេ​តើ ពាក្យ​ចាស់​លោក​ថា គំនិត​ពីរ​ប្រសើរ​ជាង​គំនិត​មួយ​ដែរ​ណា៎ ម្យ៉ាង​កូន​មិន​ត្រូវ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ពេក​ទេ កូន​ត្រូវ​ចេះ​ចែក​រំលែក​ការ​ងារ​ទៅ​ប្អូនៗ​ផង… ទើប​ល្អ!

ឲ្យ​ចែក​ការ​ងារ​ទៅ​ពួក​វា​យ៉ាង​ម៉េច? បើ​គ្រាន់​តែ​ចែវ​ទូក មិន​ចេះ​ទាំង​ចែវ​ស្រួល​បួល​ផង! (សារឿន​តប​ទាំង​ដៀង​ភ្នែក​ទៅ​សារិន ដែល​កំពុង​អង្គុយ​ជួស​មង)

– ចុះ​បង​ឯង ចេះ​ជាង​ខ្ញុំ​ប៉ុណ្ណា? (សារិន​ដំឡើង​សំឡេង​តប​មក​វិញ)

– ជា​បង​ប្អូន​នឹង​គ្នា​សោះ និយាយ​តាម​សម្រួល​ទៅ ចាំ​បាច់​ចាប់​ផ្ដើម​ឡើង​រក​តែ​ឈ្លោះ​គ្នា​ធ្វើ​អី? (មីង​សាត​ឃាត់)

សារឿន និង​សារិន​នៅ​ស្ងៀម។ មីង​សាត​បន្ត៖

– ពួក​យើង​ផ្ញើ​ជោគ​វាសនា​នៅ​លើ​ទូក​នេះ។ យើង​មិន​ដឹង​ផ្លូវ​ទៅ​រក​ត្រើយ ហើយ​នៅ​លើ​ទឹក​មាន​ឧបសគ្គ​ព្យុះ ភ្លៀង រលក ឯ​ស្បៀង​អាហារ​យើង ក៏​កាន់​តែ​អស់​ទៅៗ រំពឹង​ទៅ​លើ​ទូក​អ្នក​ជិត​ខាង គ្មាន​នរណា​គេ​ជួយ​យក​អាសា​យើង​ទេ គេ​មាន​តែ​ប្រាប់​ផ្លូវ​ឲ្យ​យើង​វង្វេង​ទៀត… នេះ​ជា​ពេល​ដែល​កូនៗ​ត្រូវ​ភ្ញាក់​ខ្លួន ធ្វើ​យ៉ាង​ណា​ឲ្យ​ឆាប់​ដល់​ត្រើយ ឈប់​ឈ្លោះ​គ្នា​ទៅ! ខាត​ប្រយោជន៍​ទេ​កូន! កូន​គួរ​តែ​ចេះ​សាមគ្គី​គ្នា​ណា៎… (មីង​សាត​និយាយ​បណ្ដើរ ដួស​បបរ​បញ្ចុក​ប្ដី​បណ្ដើរ… ដោយ​ក្ដី​បារម្ភ)

សារឿន និង​សារិន​សម្លឹង​មុខ​គ្នា ដោយ​មិន​ចេញ​ស្ដី ប៉ុន្តែ​ទឹក​មុខ​របស់​ពួក​គេ​បញ្ជាក់​ថា ម្នាក់ៗ​នៅ​តែ​ចង់​ដណ្ដើម​ច្រវា​គ្នា​ចែវ​ដដែល…

ធម្មជាតិ​មិន​ទៀង​ទាត់​ទេ នៅ​សុខៗ​ស្រាប់​តែ​ខ្យល់​សមុទ្រ​បក់​បោក​យ៉ាង​ខ្លាំង រលក​ធំៗ បោក​បក់​មក​លើ​ទូក​ពូ​សឿន ធ្វើ​ឲ្យ​ទូក​គ្មាន​លំនឹង ឯ​សារិន​វិញ អង្គុយ​ធ្វើ​ហី ពេល​ដែល​គ្រប់​គ្នា​ក្នុង​ទូក​កំពុង​តែ​មមាញឹក… ក្នុង​សភាព​បែប​នេះ សារឿន​ស្រែក​ខ្លាំងៗ៖

– នែ៎​អារិន! ម៉េច​មិន​ជួយ​បាច​ទឹក​ចេញ​ពី​ទូក? ទឹក​ចូល​លិច​ទូក​ឥឡូវហើយ!

– ក្រែង​បង​ថា​ខ្លួន​ពូកែ? បង​ឯង​អាច​នាំ​ពួក​យើង​ទៅ​ដល់​ច្រាំង​បាន! ឥឡូវ​បង​ធ្វើ​ទៅ…! ព្រោះ​ខ្ញុំ​គ្មាន​សមត្ថភាព​ទេ!

សារឿន​មិន​ចេញ​ស្ដី​ទេ គិត​តែ​ពី​បាច​ទឹក​ចេញ។ ឃើញ​សភាព​មិន​ស្រួល សារិន​ទៅ​ជួយ​ដែរ… ឯ​ពូ​សឿន ឈឺ​រហូត​សន្លប់​បាត់​ស្មារតី។ ខណៈ​នោះ​ស្រាប់​តែ​ទូក​បរទេស​មក​ដល់ គ្រប់​គ្នា​លើក​ដៃ​សំពះ​អង្វរ​សុំ​ឲ្យ​ជួយ​ជីវិត​ខ្លួន។ ម្ចាស់​ទូក​បរទេស ដែល​បាន​ទិញ​ច្រវា​ពី​ថ្ងៃ​មុន​ផ្ដើម​និយាយ​បង្កប់​ដោយ​គំនួច៖

– យើង​អាច​ជួយ​ជីវិត​គ្រួសារ​ឯង​បាន លុះត្រា​តែ​មាន​ល័ក្ខខ័ណ្ឌ!

– ល័ក្ខខ័ណ្ឌ​អី​ទៅ? (សារឿន​សួរ​បញ្ជាក់)

– បើ​យើង​ជួយ​ជីវិត​ពួក​ឯង​ហើយ គឺ​ឯង​ត្រូវ​ប្រគល់​ទូក​នេះ​ឲ្យ​យើង…

ទាំង​អស់​គ្នា មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​សភាព​អល់អែក។ ម្ចាស់​ទូក​បរទេស​ឃើញ​ដូច្នេះ និយាយ​បន្ត៖

– សម្រេច​ចិត្ត​ទៅ រវាង​ជីវិត​មួយ​គ្រួសារ​ឯង និង​ទូក​មួយ​នេះ… បើ​ឯង​យល់​ថា​ទូក​សំខាន់​ក៏​តាម​ចិត្ត​ចុះ! តែ​ខ្ញុំ​សន្យា​ថា ពេល​ទៅ​ដល់​ច្រាំង ខ្ញុំ​នឹង​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ពួក​ឯង​នៅ ហើយ​ជួយ​រក​ការងារ​ឲ្យ​ពួក​ឯង​ធ្វើ​ទៀត… ម៉េច? កុំ​គិត​យូរ! ប្រយ័ត្ន​ហួស​ពេល​ណា៎!

សារឿន​អល់អែក សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង៖

– បាន! តែ​ពេល​នេះ​ពុក​ខ្ញុំ​នៅ​រាល់​នៅ​ឡើយ គាត់​ច្បាស់​ជា​មិន​ព្រម​ទេ តែ​បើ​លោក​រង់​ចាំ​បាន​ដល់​ពេល​គាត់​ស្លាប់ ខ្ញុំ​នឹង​ប្រគល់​ទូក​នេះ​ឲ្យ​លោក… បាន​ទេ?

– តែ​ឯង​ត្រូវ​ចុះ​កិច្ច​សន្យា​ជា​មួយ​យើង!

ខ្ញុំ​ព្រម​ធ្វើ​តាម​គ្រប់​យ៉ាង…

មិន​បង្អង់​យូរ ម្ចាស់​ទូក​បរទេស​បញ្ជា​ឲ្យ​កូន​ចៅ​ដង​ទឹក​យ៉ាង​ញាប់ដៃ​ញាប់​ជើង។ មួយ​សន្ទុះ​ទឹក​អស់​ពី​ទូក គ្រប់ៗ​គ្នា​បាន​ធូរ​ទ្រូង ព្រោះ​ពេល​នេះ​បាន​រួច​ពី​សេចក្ដី​ស្លាប់…

ថ្ងៃ​នេះ ពូ​សឿន​ដឹង​ខ្លួន​វិញ មីង​សាត​រៀប​រាប់​ពី​ហេតុការណ៍ ដែល​កើត​កាល​ពី​យប់​មិញ ប៉ុន្តែ​គាត់​ពុំ​បាន​ប្រាប់​ពី​កិច្ច​សន្យា ដែល​សារឿន​ធ្វើ​ជាមួយ​ថៅកែ​ទូក​បរទេស​នោះ​ទេ។

ពូ​សឿន​លើក​ដៃ​សំពះ​ទៅ​មេឃ ហើយ​និយាយ៖

– ឱ! អ្នក​មាន​គុណ អ្នក​ជួយ​សង្គ្រោះ​ជីវិត​យើង អ្នក​ជា​អ្នក​ផ្ដល់​កំណើត​ទី​ពីរ​ដល់​គ្រួសារ​ខ្ញុំ។ ខ្ញុំ​មិន​ភ្លេច​គុណ​អ្នក​ទេ។

ទូក​បរទេស​មក​ដល់​ជា​ថ្មី ហើយ​បង្ហាញ​ទិស​ឲ្យ​ទូក​សារឿន​ចែវ​ទៅ​រក​កោះ​មួយ។ សារឿន​ចែវ​ទៅ​តាម។ បន្ទាប់​មក​ក៏​បែក​គ្នា…

ប្រពន្ធ​របស់​ម្ចាស់​ទូក​បរទេស ចោទ​សួរ​ទៅ​កាន់​ប្ដី​ទាំង​មិន​សប្បាយ​ចិត្ត៖

– ចាំ​បាច់​បង្ហាញ​ផ្លូវ​ពួក​វា ទៅ​រក​កោះ​នោះ​ធ្វើ​អី?

– អត់​ទេ គឺ​បង​បង្វែង​ដាន​ពួក​វា​ទេ​អូន។ បើ​យើង​រង់​ចាំ​ដល់​តា​នោះ​ស្លាប់ មិន​ដឹង​ពេល​ណា​ទេ! ទុក​ឲ្យ​ពួក​វា​រស់​សិន​ចុះ! ម្យ៉ាង​បើ​ពួក​វា​ធំធាត់​ចង់​បក​មក​ខាំ​យើង​វិញ ក៏​ពិបាក​ដែរ… (ពួក​បរទេស​សើច​សប្បាយ​នឹង​គម្រោង​ការណ៍ ដ៏​ជោគជ័យ​របស់​គេ)។

សារឿន​ខំ​ចែវ​ទូក រហូត​បាន​ឃើញ​ស្រមោល​កោះ​នៅ​ខាង​មុខ។ ស្រី​ទូច​និយាយ​ទៅ​កាន់​បង​ថា៖

– បង​មិន​គួរ​ចែវ​ទូក​មក​ទី​នេះ​ទេ ព្រោះ​មើល​ទៅ​ដូច​ជា​ឆ្ងាយ​ពី​ច្រាំង​ណាស់!

– ​កុំ​ចេះ! អ្នក​មាន​គុណ​គេ​ឲ្យ​ធ្វើ​អ្វី ធ្វើ​តាម​គេ​ទៅ គេ​នឹង​ជួយ​ពួក​យើង​ឲ្យ​បាន​ដល់​ត្រើយ​មិន​ខាន… ឯង​ក៏​ឈប់​មក​រក​ស៊ី​ក្នុង​សមុទ្រ ដ៏​ប្រថុយ​ប្រថាន​នេះ​ទៀត​ដែរ! ម៉េច​ឯង​មិន​ជឿ​គេ​ឬ? ពិត​ជា​មិន​ស្គាល់​គុណ​ទោស​មែន…

សារិន ចំអក​ទៅ​ឲ្យ​បង៖

– បើ​គេ​ចង់​ជួយ​យើង​មែន ម៉េច​ក៏​មិន​នាំ​យើង​ឲ្យ​ដល់​ត្រើយ​តែ​ម្ដង​ទៅ?

– គេ​ជួយ​យើង ព្រោះ​តែ​គេ​ចង់​បាន​ទូក​យើង​ប៉ុណ្ណោះ បង​ដឹង​ទេ? (ស្រី​ទូច​បន្ថែម)

– ត្រូវ​ហើយ! បើ​ខ្ញុំ​ជា​បង​វិញ ខ្ញុំ​សុខ​ចិត្ត​ស្លាប់ មិន​ព្រម​ឲ្យ​ទូក​នេះ​ទៅ​គេ​ទេ! (សារិន​បន្ត)

ឈប់​និយាយ​ភ្លាម! (សារឿន​គំហក​ឲ្យ​ប្អូនៗ)

– ខ្ញុំ​ត្រូវ​តែ​និយាយ ដើម្បី​ឲ្យ​ពុក​បាន​ដឹង​ថា ម្ចាស់​ទូក​បរទេស​នោះ មិន​មែន​ជួយ​យើង​ដោយ​សុទ្ធចិត្ត​ទេ គឺ​ជួយ​យើង​ជា​ថ្នូរ​នឹង​ទូក​នេះ បង​លក់​ទូក​ឲ្យ​គេ បង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ!

ទ្រាំ​ស្ដាប់​សារិន​និយាយ​ទៀត​មិន​បាន សារឿន​ដែល​កំពុង​តែ​ក្រេវក្រោធ ក៏​វា​ប្អូន​មួយ​ច្រវា បែក​ឈាម​ជោក​ក្បាល ដួល​សន្លប់​មួយ​រំពេច… ហើយ​និយាយ​គំរាម​ទៀត៖

– នេះ​ជា​មេរៀន​សម្រាប់​អ្នក​ណា ដែល​និយាយ​ការ​ពិត!

ពូ​សឿន មាន​ការ​រន្ធត់​តក់​ស្លុត​យ៉ាង​ខ្លាំង ចំពោះ​អំពើ និង​គំនិត​របស់​សារឿន។ តាម​កំហឹង គាត់​ចង់​តែ​ស្ទុះ​ទៅ​វាយ​កូន ប៉ុន្តែ​ស្ថានភាព​គាត់​ដុនដាប គាត់​ឡើង​ឈាម ក្រោក​មិន​រួច ទោះ​ចង់​និយាយ ក៏​និយាយ​មិន​ឮ គាត់​បាន​ត្រឹម​តែ​សំងំ​បង្ហូរ​ទឹក​ភ្នែក…

សារឿន​ពេប​មាត់​ងាក​មក​ម្ដាយ និង​ប្អូន​ស្រី ដែល​កំពុង​តែ​រុំ​របួស​ឲ្យ​សារិន រួច​សម្លឹង​ហួស​ទៅ​ពូ​សឿន ដោយ​បោះ​សម្ដី​មុតៗ៖

– ពុក​មិន​បាច់​ខឹង​ទេ! ពុក​ចាស់​ហើយ សម្រាក​ឲ្យ​ស្រួល​ខ្លួន​ទៅ! ទុក​ឲ្យ​កូន​ជា​អ្នក​ចាត់​ចែង​រឿង​នេះ​បាន​ហើយ… កូន​អាច​ធ្វើ​បាន! ម៉ា​អា​រឿង​ប៉ុណ្ណឹង.. ក្រុម​គ្រួសារ​ពូ​សឿន បាន​មក​ដល់​កោះ​មួយ ដែល​គ្មាន​មនុស្ស​រស់​នៅ។ ម្ចាស់​ទូក​ក្រៅ​ស្រុក​បាន​យក​ស្បៀង​មក​ជា​លេស ការ​ពិត គេ​មក​ដើម្បី​ស៊ើប​ដំណឹង ពី​សមភាព​ជំងឺ​ពូ​សឿន​តែ​ប៉ុណ្ណោះ។

ឯ​ពូ​សឿន ខំ​ប្រឹង​និយាយ​ផ្ដែ​ផ្ដាំ​ទៅ​ប្រពន្ធ កូន​ជា​ចុង​ក្រោយ៖

– ពួក​ឯង​ត្រូវ​តែ​ប្រឹង​ប្រែង​ថែ​រក្សា​ទូក​នេះ កុំ​ឲ្យ​គេ​យក​បាន កុំ​ឲ្យ​ព្រលឹង​បុព្វ​បុរស​ថ្កោល​ទោស​ពួក​យើង កូន​ត្រូវ​សាមគ្គី​គ្នា​ឡើង ឈប់​ឈ្លោះ​ទាស់​ទែង​បង្ហូរ​ឈាម​បង​ប្អូន​ឯង​ទៅ! បើ​កូន​ធ្វើ​ដូចនេះ​បាន ពុក​ស្លាប់​ទៅ បិទ​ភ្នែក​ជិត​ហើយ…

សមុទ្រ​ស្ងប់​រលក។ ព្រះអាទិត្យ​លិច​សន្សឹមៗ​ទៅ​ទិស​បស្ចិម។ សំឡេង​យំ​ខ្សឹកខ្សួល​លាន់​រំពង​នៅ​លើ​កោះ​ឯកោ។ ពូ​សឿន​រលត់​សង្ខារ​ហើយ។ សព​ពូ​សឿន​ទុក​ដាក់​លើ​កោះ​ដោយ​មិន​មាន​ពិធី​បុណ្យ​ប្រពៃណី​ទេ។ គ្រប់​គ្នា​អាឡោះ​អាល័យ​ឪពុក ស្រប​ពេល​ដែល​ម្ចាស់​ទូក​បរទេស​មក​ដល់។ ជជែក​គ្នា​មួយ​ស្របក់ សារឿន​ផ្ដើម​និយាយ៖

–  ខ្ញុំ​មិន​លេប​សម្ដី​ទេ! តែ​លោក ត្រូវ​ធ្វើ​តាម​អ្វី ដែល​បាន​សន្យា​ដែរ…

– ជនជាតិ​យើង​គោរព​ច្បាប់​ណាស់ ឯង​កុំ​ព្រួយ! (ជន​បរទេស​សើច)

ខណៈ​នោះ មីង​សាត ដៃ​កាន់​ដំបង​យ៉ាង​ណែន រត់​ទៅ​វាយ​សំពង​ជន​បរទេស។

– ងាប់​ទៅ! ពួក​អា​ចោរ​ឈ្លាន​ពាន (មីង​សាត​ស្រែក​ខ្លាំងៗ)។

កម្លាំង​ដៃ​អ្នក​ទន់​ខ្សោយ មិន​ឈ្នះ​អាវុធ​ទំនើប​ទេ។ ថៅកែ​ទូក​បរទេស ដក​កាំភ្លើង​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ហើយ​បញ្ជា​ឲ្យ​កូន​ចៅ​គេ​ចាប់​ធ្វើ​ទារុណកម្ម។ សារិន​ត្រូវ​គេ​វាយ​រហូត​បាក់​ជើង​ទាំង​ពីរ។ ចំណែក​សារឿន​វិញ បាន​ត្រឹម​ឈរ​មើល​សោកនាដកម្ម​នេះ​តែ​ប៉ុណ្ណោះ.. គេ​រត់​ទៅ​លើក​ម្ដាយ ហើយ​និយាយ៖

– ម៉ែ! ខ្ញុំ​ប្រាប់​ហើយ ថា​កុំ​ខ្លាំង​ជាមួយ​ពួក​វា តែ​ម៉ែ​មិន​ជឿ។ ពួក​វា​មាន​គ្នា​ច្រើន មាន​អាវុធ​ទៀត ធ្វើ​ម៉េច​ឈ្នះ​វា​បាន!

– ហ៊ឹះ! អា​កូន​លក់​ក្បាល​ឲ្យ​គេ! ចេញ​ទៅ! អញ​មិន​ចង់​ឃើញ​មុខ​ឯង​ទេ។

សារឿន និង​ជន​បរទេស​ចេញ​ទៅ។ អ្វីៗ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់។ ថៅកែ​បរទេស​យក​បាន​ទូក​ដូច​បំណង។

ដើម្បី​ជា​ការ​លួង​លោម និង​ចៀសវាង​មាន​ឈ្មោះ​ថា​ក្បត់​ពាក្យ​សន្យា​នោះ ថៅកែ​បរទេស​បាន​ឲ្យ​តួនាទី​ទៅ​សារឿន ជា​អ្នក​ត្រួតត្រា​ក្រុម​កម្មករ​នៅ​លើ​ទូក​ខ្លួន​ឯង។ សារឿន បង្ខំ​ចិត្ត​ឲ្យ​កម្មករ​នេសាទ​ធ្វើ​ការ​ទាំង​យប់​ថ្ងៃ ដើម្បី​ផ្គាប់​ចិត្ត​ចាហ្វាយ។ កម្មករ​នៅ​លើ​ទូក​នោះ ទោះ​ជា​ខំ​ធ្វើ​យ៉ាង​ណា ក៏​នៅ​តែ​ក្រ​ងើប​មុខ​មិន​រួច ហើយ​សុទ្ធ​តែ​ជា​ជន​បាក់​កម្លាំង ខ្លះ​ជា​ស្ត្រី មេម៉ាយ ជន​ពិការ ក្មេង​កំព្រា។ ពួក​គេ​ទាំង​នេះ​រស់​នៅ​លើ​ទូក ដែល​មិន​មាន​គោល​ដៅ រក​ត្រើយ​សំចត​មិន​ឃើញ។ អ្វីៗ​ស្ថិត​នៅ​ក្រោម​បង្គាប់​សារឿន។ ទាំង​អស់​គ្នា​ទៅ​ជា​អ្នក​សុំ​ស្នាក់​អាស្រ័យ​នៅ​លើ​ទូក​ខ្លួន​ឯង។

ទូក​មួយ​នេះ ត្រូវ​បាន​គេ​រចនា​ឲ្យ​កាន់​តែ​ប្រណីត​ឡើង ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ទូក​បរទេស​ទៀត​ផង… បាត់​បង់​ធាតុ​ដើម​របស់​ខ្លួន​បន្តិច​ម្ដងៗ…

ម្ចាស់​ទូក​បាន​ត្រឹម​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ ព្រោះ​គ្មាន​លទ្ធភាព​អ្វី​ទៅ​តតាំង និង​ទាម​ទារ​ពី​គេ​វិញ​បាន​ឡើយ។ ពេល​នេះ​គ្រប់​យ៉ាង​ហួស​ពេលអស់​ហើយ។

លទ្ធផល​ចុង​ក្រោយ គ្រួសារ​មីង​សាត​មាន​តែ​ការ​សោក​ស្ដាយ​មួយ ដែល​មិន​អាច​ស្រោច​ស្រង់​បាន។ ឯ​សារឿន ទោះបី​ជា​ពេល​ខ្លះ​នឹក​ស្ដាយ​ក្រោយ​ក្ដី ក៏​គ្មាន​ជម្រើស​ដែរ ព្រោះ​អំណាច​ថៅកែ​បរទេស​គាប​សង្កត់​គ្រប់​ពេល បង្ខំ​ឲ្យ​ធ្វើ​បាប​កម្មករ ដែល​ជា​ខ្មែរ​ដូច​គ្នា ឲ្យ​ស្គាល់​តែ​ការ​លំបាក​វេទនា ក្រីក្រ រហូត​អស់​ជីវិត អស់​អត្តសញ្ញាណ​ជា​គ្រួសារ ជា​ជាតិ​មួយ​ដែល​ធ្លាប់​តែ​រុង​រឿង៕៚

************

ប្រវត្តិរូបសង្ខេបរបស់លោកកៅ សីហា

លោកកៅ​សីហា បានកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨២​នៅទីក្រុងភ្នំពេញ​ប្រទេសកម្ពុជា។​ ជាកូនរបស់លោកអ៊ឹង កៅ​ដែលជាអតីតនាយកភស្តុភា នៃកាសែតកម្ពុជា និងលោកស្រី រស់ ប៉ិចដែលជាមេផ្ទះ។ បច្ចុប្បន្ន​មាតាបិតារបស់លោកបាន ទទួលអនិច្ចកម្មទៅហើយ។

កុមារាកៅ ​សីហា​និង​ក្រុមគ្រួសារ(​រូបថត៖​ កៅ​ សីហា)

ជួរ មុខ៖ កុមារាកៅ សីហាឈរ ខាងស្តាំនិង ក្រុមគ្រួសារ( រូបថត៖ កៅ សីហា)

កាលពីកុមារភាព លោកបានចូលទៅសិក្សានៅសាលាបឋមសិក្សាវត្តលង្កា​ក្នុងក្រុងភ្នំពេញ នាឆ្នាំ១៩៨៧។

រូបថត៖​កៅ សីហា

រូបថត៖ កៅ សីហា

លោកបានបញ្ចប់​ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាឆ្នាំ២០០០​។​ លោកបាន​ជាប់អាហាររូបករណ៍ជានិសិ្សតថ្នាក់​អក្សរសាស្រ្តខ្មែរ​នៅមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានបញ្ចប់ បរិញ្ញាប័ត្រនាឆ្នាំ២០០៤ ទើបបន្តទៅសិក្សានៅមហាវិទ្យាល័យគរុកោសល្យ (បច្ចុប្បន្នជាវិទ្យាស្ថានជាតិអប់រំ) នៅឆ្នាំ២០០៥។ លោកបានចេញទៅបម្រើការងារជាមន្រ្តីរាជការ នៅក្រសួងអប់រំ យុវជន​និងកីឡាចាប់ពីខែតុលាឆ្នាំ២០០៥។

លោក​កៅ​ សីហាក្នុងឯកសណ្ធានជាមន្ត្រីក្រសួងអប់រំ

លោក កៅ សីហាក្នុងឯកសណ្ធានជាមន្ត្រីរាជការក្រសួងអប់រំ យុវជននិងកីឡា(រូបថត៖កៅ សីហា)

លោកកៅ សីហា បានឆ្លងកាត់ជាមួយបទពិសោធន៍នៃជីវិតស្ទើរតែពេញមួយយុវភាពរបស់លោក។​ ដោយមាននិស្ស័យស្រឡាញ់ការបង្រៀន លោក បាន​ធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ តាមជំនាញសិក្សារបស់លោក តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។

ក្រៅពីនោះ លោកបានចាប់កាន់ដងប៉ាកកាក្នុងនាមជាអ្នកនិពន្ឋមួយរូប ដែលស្រឡាញ់ការសរសេរ​តាំងពីឆ្នាំ២០០០។ លោកបានក្លាយជានិពន្ធនាយក នៃទស្សនាវដ្តី អាថ៌កំបាំង នាអំឡុងឆ្នាំ២០០៦​រហូតមកដល់ឆ្នាំ២០១០។ ក្នុងអាជីពជាអ្នកនិពន្ធលោកក៏បានចាប់យកបន្ថែមមួយទៀត​ជាមួយនឹងការសរសេរព័ត៌មាន ក្នុងនាមជាអ្នកកាសែត។  លោកបានផ្លាស់ មកធ្វើការនៅទស្សនាវដ្តី ឡេឌីស៍​ ក្នុងតួនាទីជាអ្នកសរសេរព័ត៌មានសិល្បៈ និងសង្គម​ចាប់ពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃ។

លោកកៅ  សីហា ជា អ្នក​និពន្ធ​ព័ត៌មាន​សិល្បៈ និង​សង្គម​យ៉ាង​ចំណាន​មួយ​រូប​ដែល​មាន​ទឹក​ដៃ​ធ្វើ​ឲ្យ​អ្នក​អាន​ចូល​ចិត្ត​អាន​អត្ថបទ​របស់​លោក​ពីព្រោះ លោក​សរសេរ​ផ្តល់​ព័ត៌មាន​ច្បាស់​​លាស់​និង​ត្រឹម​ត្រូវ​មិន​លើស​ពី​ការ​ពិត។

រូបថត​៖កៅ សីហា

(រូបថត ៖កៅ សីហា)

ដោយមានជំនក់ចិត្តជាមួយការសរសេរ​ លោកកៅ សីហាចូលចិត្តសរសេរប្រលោមលោក និងរឿងខ្លីតាមបែបរចនាបទនៃការ សរសេរបែបបុរសទី១ និងបុរសទី៣។ ​ក្នុងនោះ ភាគច្រើនលោកចូលចិត្តសរសេររឿងដែលបង្ហាញពីតថភាពនៃជីវិតពិត និងតាម បែបទស្សនវិជ្ជាផងដែរ។​ ស្នាដៃកន្លងមកដែលលោកធ្លាប់បានសរសេររួចមានដូចជា៖

– រឿង “ហួសហើយជាតិនេះ”

– រឿង​ “ពាធាដួងចិត្ត”

– រឿង​ “ច្រាំងចំរេះស្នេហ៍ខ្ញុំ” ឬ​”ម្លប់បេះដូង”

– រឿង “ព្រាយស្នេហ៍”

– រឿង “សាហាយយក្ស”

– រឿង “ មន្តស្នេហ៍៧ភ្លើង”

– រឿង “បេះដូងសោភិនី”

– រឿង​ “ផ្ការោយបីទង”

– រឿង “ស្នេហ៍ផុតអាល័យ”

– រឿង “រាជិនីដួងចិត្ត”

– រឿង “ទូកមួយ”

– រឿង “សំណល់ជីវិត”

– រឿង “ទន្លេក្បត់ច្រាំង”

– រឿង “ទឹកភ្នែកនាងអាប”

– រឿង “កំណប់ខ្មោច”

– រឿង “មេឃថ្មី”

– រឿង “ ឧកញ៉ាប្រហារស្នេហ៍”

– រឿង “ឧកញ៉ាអាវែក”

– រឿង​ ”ជីវិតប្រុសលក់ខ្លួន”

– រឿង “បុប្ផាផ្សារត្រាច”

– រឿង “ស្លាកស្នាមអនុស្សាវរីយ៍”

– រឿង​ “ការពន្យារកំណើតដោយមានការចូលរួមពីបុរស”

– រឿង “បរិស្ថានទន្លេមេគង្គ”រួមនឹងស្នាដៃកំណាព្យខ្លីៗជាច្រើនទៀត។

ស្នាដៃរបស់លោកកៅ សីហាធ្លាប់បានជាប់ពានរង្វាន់ រឿងខ្លី អក្សរសិល្ប៍នូ ហាច ចំណាតថ្នាក់លេខ២ ឆ្នាំ២០០៦។

ចំណាត់ថ្នាក់លេខ១(ល្ខោន) ពានរង្វាន់«អាងទឹកទឹកមេគង្គឆ្នាំ២០០៥»។

ចំណាត់ថ្នាក់លេខ២​រឿងខ្លី ពានរង្វាន់«អង្គការឆេមស៍ ឆ្នាំ២០០៣»។

ចំណាត់ថ្នាក់លេខ១ រឿងខ្លី ទូទាំងប្រទេស​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្លេមេគង្គ ជាមួយប្រទេសវៀតណាម និងឡាវ៕

ពេលទទួលពានរង្វាន់ឥណ្ឌូចិនស្តីពីទន្លេមេគង្គលើកទី២ខែកុម្ភះ ឆ្នាំ២០០៩នៅសណ្ឋាគារភ្នំពេញ
ពេលទទួលពានរង្វាន់ឥណ្ឌូចិនស្តីពីទន្លេមេគង្គលើកទី២ក្រោមប្រធានបទ​ «កិច្ចសហប្រតិ្តបិត្តការរវាង
កម្ពុជា​វៀតណាម ឡាវ ប្រចាំប្រទេសកម្ពុជា​ជាមួយប្រទេសឡាវ និងវៀតណាម» ។
ខ្មែរយើងជាម្ចាស់ផ្ទះ កាលពីខែកុម្ភះ ឆ្នាំ២០០៩នៅសណ្ឋាគារភ្នំពេញ។
(លោកកៅ ​សីហាទទួលពានរង្វាន់ពីឯកឧត្តមសុខ អាន)

(រូបថត​​ ៖កៅ​សីហា)
Advertisements

37 responses to “ដំណើរជុំវិញអ្នកនិពន្ធម្នាក់ៈ​កៅ​ សីហាៈទូកមួយ

  1. ខ្ញុំទើបតែដឹងសោះ ថាគាត់អស្ចារ្យយ៉ាងនេះ! គួរឲ្យសរសើរមែនទែន!

  2. ខ្ញុំធ្លាប់ស្គាល់បង ។ តែមិននឺកស្មានថាបងពូកែបេបនោះសោះ ៕ សូមឲ្យបងមានជ័យជំនះ និង បានជោគជ័យក្នុងការនិពន្ធរបស់បងបន្តទៀត ដើម្បីរួមចំណែកអភិវឌ្ឍន័ប្រទេសយើង ។
    ​​
    ពី: ក្មេងផ្ទះសំណាក់

  3. បងសីហាខ្ញុំចឹង! ខ្ញុំធ្លាប់អានរឿងនេះតាំងពីមិនទាន់ស្គាល់គាត់។ កាលណោះ ខ្ញុំឆែកInternetក្នុងគេហទំព័រនូហាច ក៏ប្រទះឃើញរឿងមួយចំនួន។ ក្នុងនោះ ខ្ញុំចាប់អារម្មណ៍រឿងគាត់ជាងគេ។ នេះប្រហែលជាមាននិស្ស័យហើយ។ 😀 ស្រឡាញ់រឿងនេះរហូតដល់ជួបអ្នកនិពន្ធនៅគ្រាមួយពេលជិះទូក។ ជួបអ្នកល្បីមិនដឹងខ្លួនហើយខ្ញុំ!​ :D’ ជូនពរឲ្យជោគជ័យបន្តទៀតណាបង!! 😉

  4. អរគុណដែលដាក់ស្នាដៃអ្នកនិពន្ធជើងឯកចែកគ្នាអាន ! ខ្ញុំបានមើលត្រួសៗ ឃើញថាល្អណាស់ដែរ គួរអោយចាប់អារម្មណ៍ណាស់ដែរ តែត្រង់ចំណងជើង ដូចជាពាក្យស្រាលពេក មិនសូវស៊ីសង្វាក់គ្នា នឹងសាច់រឿង ឈ្មោះហ្នឹងដូចជាកំបុតពេក ហើយនៅទីបញ្ចប់ គឺចប់ដោយគ្មានដំណោះស្រាយ ចប់ទាំងអស់សង្ឃឹម ចប់យ៉ាងកំបុត គ្មានបង្ហាញ ផ្លូវជាវិជ្ជមាន តែជាអវិជ្ជមានទៅវិញ ធ្វើអោយមនុស្សខកចិត្តទៅវិញ គឺពោពេញ ទៅដោយក្តីសោកស្តាយ ស្រណោះ ឈឺចាប់ ។ល។និង។ល។
    ហើយអ្នកប្រគល់រង្វាន់ មិនដឹងថាប្រគល់រង្វាន់ ទៅលើចំណុចអ្វីច្បាស់លាស់ មិនដឹងថា អោយរង្វាន់ ដើម្បីល្អ ឬដើម្បីអាក្រក់ អត់បញ្ជាក់ន័យ !?

    ទូកមួយ !? ចុះបើយើងដាក់ថា ជីវិតអ្នកដើរទូក!? ជីវិតអ្នកនេសាទ !? ឬក៏អ្វី ក្រៅពីទូកមួយហ្នឹង យ៉ាងណាដែរ ?

    • រង្វាន់ដែលលោក​សីហាទទួលនោះជារង្វាន់ផ្សេងមួយទៀតដែលបានបញ្ជាក់បន្ថែមហើយ។
      យប់មិញ ខ្ញុំប្រញាប់ប្រកាសអត្ថបទនេះព្រោះយប់ជ្រៅ។
      ខ្ញុំទើបនិងបានកែលម្អទំព័រឡើងវិញនៅថ្ងៃនេះ។​
      ក្រៅពីនេះ​ខ្ញុំទុកជូនអ្នកនិពន្ធឆ្លើយតបចុះ។ ​ចំណែកខ្ញុំៗសូមស្វាគមន៍និងអរគុណប្រិយមិត្តអ្នកអាន
      ទាំងអស់ដែលបានចំណាយពេលចូលអាននិងបានបញ្ចេញមតិ។
      ម្ចាស់ប្លក់

  5. ពិត​ជា​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​មែន ។ អាច​ឆ្លុះ​បញ្ចាំង​បាន​គ្រប់​សម័យ​កាល ។

  6. រឿងសីហាល្អ ប៉ុន្តែហាក់ដូចជាកាត់កាត់។ ការពិពណ៌នាប្រើពាក្យពេជន៍បែបទស្សនវិជ្ជាប្រៀបធៀប។ សាច់រឿងចាប់ផ្តើមចេញទៅនេសាទ គ្រាន់បញ្ឆេះម៉ាសីុនដល់គោលដៅ មេឃចាប់ផ្តើមងងឹត…វាដូចជាឆាប់ពេក ហើយភ្លេចពិពណ៌នាពីព្រឹត្តិការណ៍ចន្លោះចំនុចចាប់ផ្តើមនឹងដល់គោលដៅ។
    សេចក្តីផ្តើមនៃរឿងគឺល្អ ខ្ញុំចូលចិត្ត ប៉ុន្តែបន្ទាប់មកទៀតដូចជាកាត់សាច់រឿងខ្លីពេក។ រឹមួយមកពីវាជាប្រភេទរឿងខ្លី។ ខ្ញុំមិនយល់ដូចនេះទេ។

  7. Lovepeehs05: ខ្ញុំ​សុំ​ឆ្លើយ​ជំនួស​ទៅ​ចុះ​ដ្បិត​ខ្ញុំ​ក៏​អាច​ស្មាន​អំពី​គោលគំនិត​របស់​អ្នកនិពន្ធ​នេះ​ដែរ ដោយ​​ខ្ញុំ​យល់​ថា​ចំណងជើង​នេះ​មាន​អត្ថន័យ និង ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ពិត​ប្រាកដ​ច្បាស់​ណាស់ ។ ប្រសិន​បើ​ដាក់​ចំណងជើង​ក្រៅ​អំពី​នេះ ប្រាកដ​ជា​លែង​មាន​ន័យ​ស៊ី​ជម្រៅ​ហើយ ។ “ទូក​មួយ” អាច​ប្រដូច​ទៅ​នឹង​ប្រទេស​មួយ ដែល​ទស្សនៈ​ខ្មែរ​ធ្លាប់​ប្រៀបប្រដូច​ជា​នាវា​ ។ សូម​អាន​ម្ដង​ទៀត ហើយ​ប្រៀបធៀប​ទៅ​នឹង​តថភាព​ពិតប្រាកដ​ក្នុង​សង្គម​ ប្រាកដ​ជា​យល់​ស៊ី​ជម្រៅ​អំពី​អ្វី​ដែល​អ្នក​និពន្ធ​ចង់​បង្ហាញ ។

  8. ខ្ញុំ​បាន​អាន​រឿង​«ទូកមួយ» តាំងពី​មុន​ពេល​ដែល​ខ្ញុំ​ស្គាល់​សមាគម​អក្សរសិល្ប៍​នូ​ហាច​មក​ម្ល៉េះ។ ដោយ​សារ​តែ​ខ្ញុំ​ធ្លាប់​តែ​អាន​ប្រលោម​លោក ច្រើន​ជា​រឿង​ខ្លី ហើយ​​ចំពោះ​រឿង​«ទូកមួយ»​ អាច​និយាយ​បាន​ថា ជា​វណ្ណកម្មរឿង​ខ្លី​ដំបូង​ដែល​ខ្ញុំ​ចាប់​ផ្តើម​អាន​ នៅ​ពេល​ខ្ញុំ​រៀន​ថ្នាក់ទី​៨ ហើយ​សាស្ត្រា​ចារ្យ​បង្រៀន​ខ្ញុំ គឺ​ជា​អ្នកនិពន្ធ​ស្រាប់ផង ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​អាន​រឿង​ខ្លីនេះ។ ខ្ញុំ​ចាប់​ផ្តើម​មាន​ទំនោរ​ទៅ​រក​រឿង​ខ្លី​ជាជាង​ប្រលោម​លោក ដែ​លត្រូវ​ចំណាយ​ពេល​អាន​អស់​ជា​ច្រើន​ទំព័រ ទើប​ដឹង​សាច់រឿង ដំណើរ​ដើម​ទង…។ ផ្ទុយ​មក​វិញ​រឿង​ខ្លី ខ្លី​មែន​ពិត​ តែ​បាន​បង្កប់​នូវ​គំនិត​ទស្សន​ជា​ច្រើន ហើយ​ក៏​ជា​អក្សរសិល្ប៍​មួយ​ថ្មី ប្រចាំ​យុគ​សម័យ​ថ្មី​នេះ។ ព្រោះ​អ្វី​ ? ព្រោះ​ថា ទាំង​អ្នកនិពន្ធ​ក្តី ទាំង​អ្នក​អាន​ក្តី មិន​សូវ​មាន​ពេល​វេលា​ច្រើន​សម្រាប់​សរសេរ និង​អាន​ដូចគ្នា.. រឿង​ខ្លី​ ត្រូវ​ចំណាយ​មិន​ច្រើន​ដូច​ប្រលោម​លោក​នោះ​ទេ ទាំង​សរសេរ និង​អាន។ ដូច្នេះ​ ខ្ញុំ​យល់ថា សម្រាប់​សម័យ​នេះ​ រឿង​ខ្លី ពិត​ជា​មាន​លក្ខណៈ​សម​ស្រប​ច្រើន។ ខ្ញុំ​ពិត​ជា​យល់​ស្រប​នឹង​កវី​យិនលួត​ដែល​ថា គាត់​ជា​មនុស្ស​អប្បបរិមាណ​និយម ចូល​ចិត្ត​ឡាន​តូច ផ្ទះ​តូច និង​អាន​សៀវភៅ​តូច បើ​អាច​ចៀស​ពី​អាន​សៀវភៅធំៗក្រាសៗ​បាន។

  9. ធ្លាប់ឃើញបងសីហាប៉ុន្មានដងដែរ ធ្លាប់លឺតែគាត់និយាយរឿងកំប្លែង​ ស្តាប់ចង់បែកបំពង់ក មិននឹងស្មានថាគាត់សរសេររឿងប្រលោមលោក ហើយល្បីចឹងសោះ ពិតជាស្គាល់មនុស្សខាងក្រៅ មិនដូចនិងការពិតមែន សុំសរសើរដោយស្មោះ បងសីហា ខ្ញុំគាំទ្របងក្នុងការសរសេររឿងដ៏ទៃទៀត។

  10. ពិត​ជា​អត្ថបទ​ដែល​ស៊ីជម្រៅមែន!!!

  11. រឿង «ទូកមួយ» អ្នកនិពន្ធ កៅ សីហា បាន​លាតត្រដាង ពីជីវិត​គ្រួសារ​ដ៏​ក្រីក្រ​មួយ ដែល​រស់​រកស៊ី​ចិញ្ចឹម​ជីវិត ដោយ​មាន​ទូក​មួយ ជា​ផ្ទះ​រស់​នៅ​ផង ជា​គ្រឿង​ប្រដាប់ សំរាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង។ អ្នក​និពន្ធ​បាន​សរសេរបង្ហាញ​ពី​ជីវិត​គ្រួសារ​ធម្មតាៗ​​​មួយ​ពិត​មែន តែ​បើ​យើង​អាន​អោយ​បាន​ស៊ី​ជម្រៅបន្ដិច យើង​នឹង​ឃើញ​អត្ថរស​ដ៏​ស៊ីជម្រៅអស្ចារ្យ​នៅ​ក្នុង​សាច់​រឿង​ជាច្រើន​យ៉ាង។

    ពូ​សឿន ជា​មេ​គ្រួសារម្នាក់ ម៉ឺង​ម៉ាត់ ត្រឹម​ត្រូវ មាន​យុត្ដិធម៌ មាន​អំណាច​សំរេច​កិច្ចការ​ផ្សេង​ អាច​ឆ្លើយ​តប​ គ្រប់​កាលៈ​​ទេសៈ​​បាន។ ពេល​ចេញ​ទៅ​នេសាទ ទោះ​ជា​មាន​ភ្លៀង ខ្យល់ យប់​ងងឹត យ៉ាង​ណា​ក្ដី ពូសឿន​នៅ​មានស្មារតី​រឹង​ប៉ឹង អង្គុយ​លើ​ក្បាល​ទូក​យ៉ាង​ខែង​រែង។ នេះ​ជា​គុណ​សម្បត្ដិ និង លក្ខណៈ ​របស់​មេដឹកនាំ ​ដ៏​អង់​អាច​មួយ ទោះ​ជា​មេដឹកនាំ បែប​គ្រួសារ ក៏​ដូច​ជា​មេដឹកនាំ​គ្រប់​គ្រង​ប្រទេស​ផង​ដែរ។

    ទូក​ពូសឿន ត្រូវ​វង្វេង​ក្នុង​សមុទ្រ។ ពេល​នោះ​ពូ​សឿន ក៏​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។ កូន​ប្រុស​ទាំង​ពីរ និង  ប្អូន​ស្រី​ទាស់ទែង​ខ្វែង​គំនិត បែក​សាមគ្គី​គ្នា​ជា​ខ្លាំង ទោះ​ជា​ម្ដាយ​ខំ​ហាម​យ៉ាង​ណា​ក៏​មិន​ព្រម។ ឆក់​យក​ឱកាស​ដ៏​ល្អ​នេះ ​ថៅកែ​ទូក​បរទេស​មួយ ដែល​ប៉ុន​ប៉ង​ចង់​បាន​ទូក​ពូសឿន​តាំង​ពី​យូរ​មក​ហើយ ហើយ​ដែល​រង់​ចាំ​តែ​ពេល​វេលា​នេះ ក៏​ក្លែង​ប្រើ​ឧបាយកល​ បោក​បញ្ឆោត​ យកទូកពូសឿន​បាន​តែម្តងទៅ។

        បើ​យើង​ធ្វើ​ការ​សិក្សា ពិចារណា​អត្ថបទ​សាច់​រឿង «ទូកមួយ» ឲ្យដល់​ជម្រៅ ឆ្លង​ផុត​ពី​អក្សរ​ពាក្យ​ពេចន៍​ ដែល​យើង​មើល​ឃើញ នឹងភ្នែក ស្ដាប់​ឮ​សូរ​នឹង​ត្រចៀក នោះ​យើង​អាច​កត់​សំគាល់​ឃើញ​អត្ថរស​សំខាន់​ៗ មាន​ចំនួន ៣​ ៖

      «បញ្ហាអ្នកដឹកនាំ» អ្នកដឹកនាំ ត្រូវ​តែ​មាន​សមត្ថភាព។ អ្នក​ដឹកនាំ ត្រូវ​គោរព​អនុវត្ដន៍​តាម​ច្បាប់​ ធម៌​វិន័យ​ប្រពៃណី​សង្គមជាតិ ត្រូវ​មាន​យុត្ដិធម៌ ចេះ​អត់​ឱនសន្ដោស​ប្រោស​ប្រណី ចេះ​មើល​វែង​ឆ្ងាយ​ឲ្យ​ផុត​ចុង​ច្រមុះ​ ចេះអារ​កាត់ ហើយ និង ត្រូវ​ចេះ​ស្វែង​រក​យល់​គ្រប់​ហេតុផល​ទៀត​ផង។

    «បញ្ហាសាមគ្គី» ដែល​ប្រៀន​ប្រដៅ​កូន​ខ្មែរ​ ឲ្យ​ចេះ​រួប​រូម​កម្លាំង​គ្នា ហើយ​ចេះ​ខំ​ប្រឹង​ប្រែងប្រើ​កម្លាំងឲ្យ​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​កសាង​សង្គម​គ្រូសារ ឬ ប្រទេស​ជាតិ ឲ្យ​បាន​រឹង​ប៉ឹង​ ខ្លាំង​ក្លា​មាំ​មួន។ ការ​បែកបាក់​សាមគ្គីគ្នា នៅ​ក្នុង​រឿង «ទូកមួយ» ធ្វើ​ឲ្យ​បាត់​បង់​គ្រួសារ បាត់​បង់​ផ្ទះ​ ភូមិ​ឋាន ទឹក ​ដី (ទូក) បាត់​បង់​មុខ​របរ បាត់​បង់​អ្វីៗគ្រប់យ៉ាង​តែ​ម្ដង។

    «បញ្ហាបរទេស» ដែល​ខ្មែរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ត្រូវ​តែ​កុំ​ទុក​ចិត្ដ ហើយ​ដែល​ខ្មែរ​មិន​ត្រូវ​នាំ​គ្នា​ទៅ​ដេក​ដួលផ្ញើ​វាសនា ​ជា​មួយបរទេស​សោះ​ឡើយ។ បរទេស​មិន​ដែល​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ។ ខ្មែរ​មិន​ត្រូវ​ចាញ់​បោក​បរទេស​ដែរ ហើយ​បែរ​ជា​នាំ​គ្នា​ទៅ​កាប់​ចាក់ សម្លាប់់​តែ​ប្រជាជន​ឯង និង លក់​ទឹក​ដី​ដូនតា​ឯង​ឲ្យ​បរទេស​នោះ​ឡើយ។ កា​រចុះ​ចូល​ជា​មួយ​សត្រូវ​បរទេស ការ​ឆ្គួត​វង្វេង នឹង អំណាច ធ្វើឲ្យ​សារឿន ​ធ្លាក់​កប់​ជ្រៅ ​ទៅក្នុង​ជ្រោះ​មហន្ដរាយ ដែល​នាំ​មក​នៅ​ទុក្ខ​ទោស ភ័យ​ព្រួយ​វេទនា សោកស្ដាយ រហូត​អស់​ជីវិត អស់​អត្តសញ្ញាណ​ជា​គ្រួសារ ជា​ជាតិ​មួយ​ដែល​ធ្លាប់​តែ​រុង​រឿង​ ដូច​ដែល​អ្នក​និពន្ធ បាន​ចារ​ទុក​នៅ​ឃ្លា​បព្ចាប់​នោះ​មែន​ហើយ។

    • ខ្ញុំសូមថ្លែងអរគុណជាអនេកកប្បការចំពោះលោកកែវ​ឈុន​និងប្រីយមិត្តអ្នកអានដ៏មានភក្តីភាពទាំងអស់
      ដែលបានចំណាយពេលដ៏​មានតម្លៃចូលអានប្លក់របស់ខ្ញុំនិងបានបញ្ចេញមតិ ជា​ពិសេសលោក​​កែវ ឈុន
      ដែលបានវិភាគរឿងដែលលោកបានអាន។​

      សេចក្តីវិភាគរបស់លោកពេញលេញ​ ម់ត់ចត់ គ្រប់គ្រាន់ ល្អណាស់។​ នេះជាវិភាគទានមួយដ៏​ថ្លៃថ្លានិង​ជា
      ជំនួយដ៏​សំខាន់ចំពោះអ្នកស្នេហា​និង​អ្នកសិក្សាអក្សរសាស្ត្រព្រមទាំងអ្នកចង់ក្លាយខ្លួនជាអ្នកនិពន្ធទាំងឡាយ
      ឲ្យកាន់តែជ្រួតជ្រាបនិងយល់ច្បាស់អំពីគោលគំនិត ឧត្តមគតិរបស់អ្នកនិពន្ធដែលចង់បង្ហាញអ្នកអាននៅចុង
      បញ្ចប់សាច់រឿង។

  12. សូមអរគុណ លោកមីង ម្ចាស់ប្លក់ Pechsangwawann លោក ទឹម បឿន និងមិត្ត រួមភូមិវើដប្រិសទាំងអស់គ្នា ដែលបានជួយផ្តល់ជាយោបល់ ពន្យល់ បំភ្លឺ ! ខ្ញុំនិយាយនេះ ពុំមែនចង់បង្អាប់បន្តុះ ប្អូនអ្នកនិពន្ធក៏អត់ទេ តែគ្រាន់តែចង់បញ្ជាក់ ន័យអោយបានស៊ីជម្រៅបន្តិចទៀតតែប៉ុណ្ណោះ តែជាលទ្ធផលដូចជា អត់មានអី កែប្រែឬបន្ថែមបន្ថយដែរទេ ចឹងបានន័យថា ត្រឹមត្រូវចឹងហើយ! មែនទេ?

    ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែមិនស្របនឹងចំណងជើងដដែល ពីព្រោះពាក្យ ទូកមួយ ជាពាក្យសាមញ្ញធម្មតា។ វាអត់មានឆ្លុះបញ្ចាំង ដែលធ្វើអោយយើងចាប់ អារម្មណ៍ដើម្បីចង់ដឹង ចង់ឮ ចង់ឃើញ ចង់អានទូកមួយនោះក៏ទេ ប៉ុន្តែបើមាន គេប្រាប់ថា សៀវភៅហ្នឹងល្អណាស់អានទៅ អាហ្នឹងវាពិតជាគេទៅរកយកមកអានហើយ ! ដូចលោក ទឹម បឿន បានពន្យល់ថា មើលខាងក្នុងទៅវាឆ្លុះបញ្ចាំង ហើយ អាហ្នឹង ខ្ញុំក៏យល់ស្របចឹងដែររួចទៅហើយ ម្យ៉ាងដោយសារអ្នកនិពន្ធនោះ ល្បីឈ្មោះផង ទើបគេយកទៅអាន បើមិនចឹងទេ ខ្មែរយើងគេថា អេ… ហើយ ! នេះជាយោបល់របស់ខ្ញុំទេ ហើយខ្ញុំក៏មិនចង់ ស្រែកបន្ទរនឹងគេថា អាជ័យធ្លាក់ ទឹកហើយ ហៃអើ! ហៃអើ! ក៏ទេ ។

    ដើម្បីវិភាគអោយបានស៊ីជម្រៅ យើងគួរយកគោល នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ មកវិភាគ ទើបមានតុល្យភាព។ បើមិនដូច្នោះទេ ទូកហ្នឹង ឃ្លីងឃ្លោងហើយ រកកោះរកត្រើយមិនឃើញទេ !

    សូមជួយដាក់ឈ្មោះ ចំណងជើង បន្ថែមគ្រឿងបន្តិចទៀតមើល ! ដូចជា ទូកមាស ទូកឧត្តមដួងចិត្ត ទូកចិញ្ចឹមជីវិតខ្ញុំ ទូកជាប្រទេសជាតិខ្ញុំ ទូកជាជម្រកគ្រួសារខ្ញុំ ទូកជាកេរ្តិ៍ដំណែលដូនតាខ្ញុំ ទូកជាឆ្នាំងបាយខ្ញុំ និងទូក…ជាដើម។ល។

    រឿងខ្មែរយើង ដែលចេះតែទាស់ពាក្យសំដីគ្នា មកតែពីគិតតែខាងនិយាយការពារ ខុសត្រូវយ៉ាងណា មិនព្រមកែសម្រួលសោះ មិនព្រមទទួលកំហុស កែលំអរសោះ ។ល។

    សារុបសេចក្តីមក ខ្ញុំក៏សូមសរសើរ អ្នកនិពន្ធវ័យក្មេងដ៏ចំណាននេះផងដែរ មិនមែនចង់ប្រកួតប្រជែងអីទេ គ្រាន់តែចង់ដឹងចង់យល់អោយបានច្បាស់ និងចង់បាននូវអ្វីដែលខ្ញុំចង់បានផងដែរ ជាពិសេសទីបញ្ចប់ ចង់អោយមានផ្លូវ ដោះស្រាយ អត់មានកំបុតចឹងទេ នេះប្រៀបបាននឹងបិទផ្លូវកុំអោយតវ៉ាដែរ ! មែនទេ?

    • អរគុណលោកក្មួយLovepeechs05ដេលបានចូលរួមចំណែក
      បញ្ចេញយោបល់លើរឿង«ទូកមួយ»។

      ជាបថម ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ប្លក់ដែលបានជ្រើស
      រើសរឿងនិមួយៗមកចុះផ្សាយ ខ្ញុំមិននិយាយការពារអ្នកនិពន្ធ
      ណាទេ​។​​ ខ្ញុំតែងតែឆ្លើយ បើយល់ថាត្រូវតែឆ្លើយហើយក៏ឆ្លើយ
      តែមិនចង់ឲ្យមានការតស៊ូមតិឡើយ។
      ខ្ញុំគោរពមតិ​អ្នកអាននិងសិទ្ធិរបស់លោកដែលផ្តោតលើចំណង
      ជើងរឿង«ទូកមួយ»នេះ។ ​លោកមានយោបល់ថា«ទូកមួយ»
      ជាពាក្យសាមញ្ញធម្មតា។ គំនិតនេះប្រហែលជាមិនខ្វះទេអ្នក
      ដែលមានយោបល់ដូចលោក។ ខ្ញុំក៏យល់ស្របដែរថាចំណង
      នេះជាពាក្យសាមញ្ញធម្មតា។​ ប៉ុន្តែ អ្នកនិពន្ធគ្រប់រូបមានសេរី
      ភាពក្នុងការសម្រេចជ្រើសរើសចំណងជើងនិមួយៗរឿងដែល
      ខ្លួនសរសេរ ​ប្រៀបបីដូចជាមាតាបិតាដែលជ្រើសរើសនាម
      ដាក់ឲ្យបុត្រាបុត្រីដូច្នោះដែរ។ ខ្ញុំនិយាយនេះ ព្រោះខ្ញុំខ្លួនឯង
      ក៏ធ្លាប់បានដាក់ចំណងខ្លីៗមិនពិរោះនិងសាមញ្ញដែរ
      ឧទាហរណ៍ «បាច់ផ្កា»​ « ខ្យល់សមុទ្រ»។ ខ្ញុំក៏បានប្រទះ
      ឃើញចំណងជើងមួយចំនួនខ្លះយ៉ាងសាមញ្ញ​ ដូចជា «នំកង»
      «ថ្ងៃកំណើត» «រដូវរងា» «រទេះ​និងគោ» ​«យប់មិញ»​ ឬ​
      «កូនធម៌» ​«ម្តាយខ្ញុំ»ជាដើម។ល។​​

      ពិត​មែនហើយ ចំណងជើងរឿងខ្លះ​មិនកន្ត្រាក់អារម្មណ៍គួរ
      ឲ្យចង់អានទាល់តែសោះ​ ប៉ុន្តែអ្នកនិពន្ធចាំបាច់ត្រូវ
      តែដាក់របៀបនោះ ព្រោះនៅក្នុងចំណងជើងនិមួយៗ គេចង់
      បង្កប់ខ្លឹមសារ​និងចង់លាក់គំនួចកុំឲ្យអ្នកអានទាយត្រូវមុនអាន។
      នៅក្នុងស្នាដៃអក្សរសិល្ប៍ ការប្រើរូបារម្មណ៍ចាំបាច់ណាស់នៅ
      ក្នុងពាក្យពេច៍ក្តី សាច់រឿងក្តី ឬក៏ចំណងជើងក្តី។

      ខ្ញុំសូមសរសើរលោកដែលមានទស្សនៈ«មិនហៃអើ»។​ គំនិតនេះ
      ប្រពៃណាស់។​ សូមអធ្យាស្រ័យចំពោះចម្លើយចោះៗមិនគ្រប់
      ចំណុច។

      ចំណែកអ្នកអានវិញ អាចបកស្រាយយ៉ាងណាក៏បានទៅតាម
      ទស្សនៈផ្ទាល់របស់គេ ទោះបីជាការបញ្ចប់សាច់រឿងនោះត្រូវ
      បញ្ចប់របៀបណាក៏ដោយ ជាអាទិ៍លោក​ កែវ​ឈុនបានធ្វើការ
      វិភាគយ៉ាងល្អិតល្អន់។ យើងឃើញច្បាស់ថា ចំណុចអវិជ្ជមាន
      នៅក្នុងសាច់រឿងនេះគឺដើម្បីអ្វី? គឺមិនមែនបិទផ្លូវមិនឲ្យតវ៉ា
      នោះទេ។

      ការកែលម្អរបស់លោក អាចមានប្រយោជន៍ចំពោះអ្នកនិពន្ធ
      ទាំងអស់មិនចំពោះតែអ្នកនិពន្ធរឿងនេះទេ។ សូមអរគុណ៕

    • ខ្ញុំបញ្ចេញមតិនេះ ព្រោះចង់ប្រកែកតវ៉ា រកខុសត្រូវនឹង លោក Lovepeehs05 ក៏ទេ! 😉 ប៉ុន្តែក្នុងនាមជាអ្នកអានម្នាក់ ខ្ញុំចូលចិត្តចំណងជើងសាមញ្ញៗបែបនេះ។

    • ខ្ញុំសុំមានយោបល់មួយដែរ ៖ បើខ្ញុំចង់បន្ថែមពាក្យថា ៖ វាសនា ចឹងចំណងជើងរឿងនិងប្រែក្លាយទៅជា { វាសនាទូកមួយ }

  13. អរគុណអ្នកមីង !!!
    ខ្ញុំបានមកកាន់ទីនេះដោយស្ងៀមស្ងាត់ជាយូរមកហើយ…
    ខ្ញុំទទួលបានចំណេះថ្មីៗជាច្រើនពីទីនេះ។

    សីហា ពិតជាអស្ចារ្យណាស់!
    មានជោគជ័យជាច្រើនទៀតកំពុងរង់ចាំសីហា…
    សូមគោរពជូនពរ អ្នកមីង និងសីហា សូមជួបប្រទះ តែនឹងពរជ័យ ទាំងឡាយដែលមាននៅលើលោក និងសំណាងល្អជានិច្ច៕

    • យី! ​ក្មួយ​ប្រណិត​អីក៏ពូកែសម្ងំលាក់ខ្លួនពួនអាត្មាបានយូរម៉្លេះ!។

      មែនហើយ ជោគជ័យរបស់សីហា​និង​យុវអ្នកនិពន្ធដទៃទៀតជាមោទនភាពសម្រាប់អ្នកមីង
      និងយើងទាំងអស់គ្នា។

      ខ្ញុំបន់ឲ្យតែក្មួយៗកវីអ្នកនិពន្ធជំនាន់នេះលេចធ្លោគ្រប់ៗគ្នា។ អ្នកមីងចាស់ហើយ គ្មានឱកាសច្រើនទៀតទេ។
      មើលចុះ ​សព្វថ្ងៃនេះ គ្មានពេលសរសេរសៀវភៅថ្មីទេ ប៉ុន្តែសប្យាយចិត្តណាស់នឹងជួយជម្រុញ​​ និងផ្សព្វផ្សាយ
      ស្នាដៃល្អៗរបស់ក្មួយៗ។
      អរគុណក្មួយដែលបានជូនពរអ្នកមីង សូមក្មួយប្រណីតបានទទួលពរដ៏ប្រសើរដូចគ្នា។​ សង្ឃឹមជួបគ្នានៅថ្ងៃសិក្ខា
      សាលា….

  14. សូមអរគុណលោកមីង អ្នកនិពន្ធជើងឯក ប៉ិច សង្វាវ៉ាន ដែលបានជួយពន្យល់ហេតុផល
    ដែលអ្នកនិពន្ធបានតែង។
    ខ្ញុំយល់ស្របដែរ តែមិនទាំង ស្រុងដែរទេ និយាយទៅនៅដដែល ចឹងមិនបាច់និយាយអី
    វែងឆ្ងាយទៀតទេ ហើយសុំទោសផង បើសិនជាខ្ញុំចូលមករំខាន តែខ្ញុំមិនបានគិតដូច្នោះទេ ។
    ខ្ញុំចង់រៀននិពន្ធដែរ តែមិនចង់បាន ចុងបញ្ចប់ទាល់ច្រកចឹងទេ ចង់បង្ហាញផ្លូវ អោយពួកគេ
    គេចផុតពីរឿងទុក្ខសោកទាំងនោះ ហើយចេះរស់នៅជាមួយគ្នា យ៉ាងសុខសាន្តជាមួយគ្នា
    មិនចង់បំបាត់ពូជសាសន៍ ធ្វើបាបជិះជាន់គ្នាអីចឹងទេ មនុស្សដូចគ្នា គួរអាចរស់រានមានជីវិត
    ដូចគ្នា មើលទៅដូចជាពិបាកភ្នែកណាស់ មិនដឹងថាមនុស្សដល់ថ្នាក់ហ្នឹង ដូចជាថោកទាបហួស ។

    • ខ្ញុំករុណាមានកិត្តិយសណាស់ដែលលោកក្មួយដាក់ងារនេះឱ្យខ្ញុំករុណា
      ថា«អ្នកនិពន្ធជើងឯក»។​
      តាមពិតទៅ ខ្ញុំករុណាដូចជាមិនហ៊ានទទួលទេ ​ព្រោះខ្ញុំករុណាមិនដែល
      បានប្រកួតស្នាដៃម្តងណា និងមិនដែលគិតដល់គោរម្យងារនេះម្តងណា
      សោះឡើយ។

      ម្យ៉ាងទៀត ខ្ញុំករុណាមិនដែលគិតថាលោកក្មួយចូលមករំខានសោះ។
      តែខ្ញុំករុណាសប្បាយចិត្តណាស់ កាលបើបានដឹងថា លោកក្មួយចង់
      រៀននិពន្ធដែរ។ នេះជាដំណឹងល្អមួយស្តីអំពីការបង្កើនធនធានមនុស្ស
      ក្មុងវិស័យអក្សរសាស្ត្រឲ្យកាន់សម្បូណ៌ឡើង។ លោកក្មួយពិតជាអាច
      ឱ្យតែចូលចិត្តសរសេរ សង្កេតនិងគិត។ អ្នកនិពន្ធមានសេរីភាពគ្រប់
      គ្រាន់ក្នុងការបម្រើឧត្តមគតិរបស់ខ្លួននិងមានសេរីភាពក្នុងការបញ្ចេញ
      គំនិតយោបល់ផ្សេងៗដែលអាចផ្តល់ប្រយោជន៍ច្រើនឬតិចចំពោះអ្នក
      អាន។

      រីឯការការចេះរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្នុងសង្គមប្រកបដោយ
      សន្តិភាពជាការប្រពៃបំផុតនៅក្នុងលោកនេះដែលពោរពេញទៅដោយ
      ភាពច្របូកច្របល់។

      អរគុណលោកក្មួយដែលបានចូលអានក្នុងគេហទំព័រនេះ។​ ខ្ញុំករុណា
      សូមស្វាគមន៍ដោយរីករាយជានិច្ច។

      ខ្ញុំករុណាសូមប្រសិទ្ធិពរប្រគេនលោកក្មួយឱ្យបានប្រកបដោយព្រះ
      សុខភាពល្អ​ និងបញ្ញាញាណវៀងវៃភ្លឺថ្លា៕

      • អរគុណលោកមីង ដែលបានឆ្លើយតប ព្រមទាំងប្រសិទ្ធិពរផង
        នោះ!សូមអោយលោកមីងបានសម្រេចនូវរាល់ការបណ្តុះបណ្តាល
        អ្នកនិពន្ធវ័យក្មេងៗទាំងអស់អោយបានដូចបំណងរបស់លោកមីង !

        ម្យ៉ាងវិញទៀត ខ្ញុំបានមើលអត្ថបទ«ទូកមួយ»ដែលលោកមីងបាន
        ដាក់បង្ហាញ ដូចជាប្រយោគឬឃ្លានិមួយៗមិនទាន់មានភាពរលូន
        ក៏ដូចជាក្នុងការប្រើពាក្យ តើលោកមីងយល់យ៉ាងម៉េចដែរ? ខ្ញុំនិយាយ
        នេះគ្រាន់តែប្រហែលៗទេ!

  15. ស្នាដៃនិពន្ធរឿងរបស់បងសីហានេះពិតជាល្អមែន!!!ស្តែងចេញពីបញ្ហាក្នុងសង្គមផង និងស្តែងចេញពីអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានលើកឡើងថា ទូកមួយនេះ។

  16. My teacher good men he have talented nas

  17. អស្ចារ្យមែនប្អូនញុមទើបតែដឹង!

  18. អរគុណប្អូនប្រុសសីហាដែលបានអោយបងអានរឿងម្តងទៀត។

  19. ចង់អានរឿងជីវិតប្រុសលក់ខ្លួន !
    ចូលអានតាមណា ទៅ ?

  20. លោកគ្រូពិតជាអស្ចារ្យមែន

  21. Pingback: ដំណើរជុំវិញអ្នកនិពន្ធម្នាក់ៈ​កៅ​ សីហាៈទូកមួយ | អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍ |

  22. Dear brother Sieha, I really appreciated what u have done. You are a good human resource of the country. All the best brother! Regards 🙂

  23. អរគុណបងប្រុសមារឌី 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s