អត្ថបទសាកល្បងស្តីពីស្នេហា​ដោយហេង ឧត្តម

តើស្នេហាមានន័យ

យ៉ាងណាចំពោះអ្នក?

រក្សាសិទ្ធិ

ដោយ​ហេង ឧត្តម

រូបថត ហេង ​ឧត្តម

រូបថត ¤ហេង ឧត្តម

អត្ថបទនេះចុះផ្សាយ នៅថ្ងៃ៣ខែ​មេសា ឆ្នាំ២០១១

http://oudomheng.wordpress.com/

«តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហា​បង​ប្អូន… តែក្នុងទីនេះ យើង​សូម​លើក​យក​តែ​ស្នេហា​ ដែល​គេកត់សម្គាល់​ក្នុង​ជម្រៅ​បេះដូង​យុវវ័យ​ចំពោះគ្នា យកមក​សិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅ​ក្នុង​ជី​វិត​​លោកិយ៍យើង​ មាន​ទាំង​សប្បាយ​រីករាយ​ ត្រេក​ត្រអាល មា​ន​ទាំង​កម្សត់​កម្រ​​ស្រក់​ទឹក​​ភ្នែក​ ជួប​​ជុំ ព្រាត់ប្រាស់ ផ្អែម​ល្អែម ល្អូក​ល្អើន ស្អិត​រមួត​ជា​ង​ទឹក​ឃ្មុំ មាន​ប្រៃ​ល្វីង​ជូរចត់​… មាន​គ្រប់​រស​ជាតិ ។ A.Lunasarki បានសន្និដ្ឋានថា ៖ សេចក្តីស្នេហាជា​ការ​តែងលម្អ​ដ៏មហិមា។ សេចក្តី​ស្នេហា​ធ្វើ​ឲ្យ​ធម្មជាតិ​រីកស្រស់បំព្រង…។

ទាក់ទិននឹង​រឿងរ៉ាវស្នេហានេះ មានមតិ​ជាច្រើន​ត្រូវបានលើកឡើង។

អ្នកប្រាជ្ញល្បីល្បាញ​ Oliver Wendell Holmes ធា្លប់​ចាត់​ទុកថា៖ «សេចក្តីស្នេហា​ ជាកូនសោ​មានតួនាទី​ចម្រុះ បើកបាន​គ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។»

អ្នកប្រាកដនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ «សេចក្តី​ស្នេហា​ដូច​ជា​រូបព្រះចន្ទ បើសិនជាវា​មិន​ធំឡើងទេនោះ វានឹងតូចទៅ។»

ការលួចស្រឡាញ់ប្រតិព័ទ្ធ​នរណាម្នាក់​ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ​ ចេញ​ពី​ក្រអៅ​បេះ​​ដូងសម្ងាត់ ដែលលបលួច​គេងគិត​ផ្សងតែម្នាក់ឯង។ ជាការពិត​អ្នក​លួច​ស្រឡាញ់​នរណា​ម្នាក់ តែង​តែ​គិត​គូរ​ខ្វល់​ខ្វាយ​​ចំពោះមនុស្ស ដែលខ្លួន​ស្រឡាញ់​ស្ទើរ​តែ​គ្រប់​ដង្ហើម​ចេញចូល ហើយ​អារម្មណ៍​របស់​គេ​ជានិច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម្ចាស់​ស្នេហ៍​​របស់​ខ្លួនគ្រប់វេលា។ លោក​សម្បត្តិ និស្សិត​ខ្មែរ​នៅ​ប្រទេស​កាណាដា​បានសរសេរប្លក់​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖ «…ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ច្រើនជាង អ្នកដែលត្រូវបានគេ ស្រលាញ់់។ …»

មែន…​ រាល់​លើក​ដែល​ខ្ញុំគិត​ទៅ​រាជិនីគឺ​អ៊ីចឹង! ខ្ញុំ​តែ​ង​តែ​គិត​ដល់​នាង​​គ្រប់​ពេល ខ្ញុំ​បារម្ភ​ចំពោះ​នាងគ្រប់​វេលា… នេះ​​ជា​អារម្មណ៍​របស់​អ្នក ​ដែល​មាន​ស្នេហា​មែន​ទេ? រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចាប់​ផ្តើម​បាក់​ចិត្ត​ស្រឡាញ់​នាង​តាំង​តែ​ពី​ពេល​ណា​មក​នោះ​ទេ ដូច​ជា​ពិបាក​យល់​ចិត្ត​ខ្លួន​ឯង​ដែរ… អាន​ត​វិញ​ប្រសើរ​ជាង។

លោក​បាន​បន្ត​ទៀត​ថា«ស្នេហាមានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏មកពីយើងមិន អាចរស់ឬ​មិនចង់់រស់់នៅម្នាក់់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាឲ្យ​មនុស្សគ្រប់វ័យត្រូវការគូ ស្នេហ៏ប្រចាំជីវិតនោះ។»

ពាក្យ​ថា​ «ស្នេហា» អ្នក​និពន្ធ កវីបណ្ឌិត​ អ្នក​ប្រាជ្ញ ខិតខំ​ស្រាវជ្រាវ​រុក​រក​ និង​សរ​សេរចងក្រង​រាប់ម៉ឺន​ទំព័​រសៀវ​ភៅ នៅតែ​​​ទាន់​ស្វែង​រក​ឃើញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ… ដរាប​ណា​ជី​វិត​នៅ​តែ​មាន ពិភព​លោក​​មិន​​ទាន់​រលាយ​ សេចក្តី​​ស្នេហា ​នៅតែ​មាន​ពន្លកឥទ្ធិពល​​ក្នុង​នៅ​ដួង​​ចិត្ត​មនុស្ស​លោក ។

បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយ​ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​សេចក្តីសង្ឃឹមបណ្តោះអាសន្ន ដែលកើតឡើង​តែមួយ​រយៈខ្លីក្នុងពេលវេលារបស់អ្នកនោះទេ។ សេចក្តីស្នេហា មិនមែន​គ្រាន់​តែ​ជា​«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយ​ក៏​រួចស្រេច​នោះទេ។ នៅពេល​ដែល​អ្នក​ពិត​ជាស្រឡាញ់​មនុស្សម្នាក់ ​ក្រៅ​ពី​ការ​ស្រឡាញ់​រូបរាង អ្នក​ថែមទាំង​ត្រូវ​ពិនិត្យ​មើល​សតិអារម្មណ៍ អាកប្ប​កិរិយា​ និងមនោសញ្ចេតនារបស់មនុស្ស​ដែល​យើង​​ស្រឡាញ់​នោះផង។ សេចក្តី​ស្នេហា​មិន​អាច​កំណត់​​ឡើង ដោយសារការរំភើប​មួយ​រំពេច​នោះទេ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​សាកល្បង។ សេចក្តីស្នេហាស្មោះត្រង់ និងធំធាត់​ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញ​ បើសិន​ជា​​គ្រាន់​តែ​កម្រិត​ចំពោះ​តែត្រឹម​អារម្មណ៍រំភើបតែមួយ​មុខនោះ មិនយូរប៉ុន្មាន​សេចក្តីស្នេហានោះ​នឹងរុះរោយ ហើយ​ស្លាប់​​ដោយ​ក្រៀម​ក្រោះជាក់ច្បាស់​បំផុត។ […] ទំ.១៩ «ក្បួនសេពគប់មិត្ត១០០ឆ្នាំ» ដោយទៀ-ថេន។

Paul Staroul មាន​ប្រសាសន៍ថា៖ «សេចក្តីស្នេហា គឺជា​ជំងឺមួយ​ដ៏ធ្ងន់នៅពេល​ចុងបញ្ចប់នៃយុវវ័យ។»

អ្ន​ក​ប្រាជ្ញ​បារាំង​ដ៏​ល្បី លោក Victor Hugo និយាយថា «ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។

ពេលខ្លះ ស្នេហា គ្រាន់តែ​ជា​ល្បែងលេងសើចសប្បាយ… ស្នេហាគឺជាការបោកប្រាស! ពាក្យ​ផ្អែម​ពីរោះ​លន្លង់​លន្លោច​​រកគ្នា​… គឺ​ជា​ពាក្យ​លួងលោមភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ គ្មានទេ! គឺ​ជា​ កិលេស​​អពង្គល ដែលធ្វើឲ្យ​យើង​ឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

អ្នកនិពន្ធ​សុទ្ធប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើង​សូម​ដក​ស្រង់​មក​បង្ហាញ​ជូន​អាន​ដូច​ត​ទៅ​។​ […] «ខ្ញុំជាកំលោះ​ប្រដាប់ដោយ​បេះ​ដូង​ដែក។ ចាប់​តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​​ហ៊ាន​អះអាង​ថា គ្មាន​ព្រួញ​របស់​នារីណា​មក​ទម្លុះ​ទម្លាយ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ។ ស្នេហា​ជា​វត្ថុ​អ្វីទៅ? គ្មាន​នរណាដឹងសោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វី​ជា​ស្នេហា… គឺ​ជា​សម្បត្តិឥត​ន័យ… វត្ថុ​ដែលគ្មាន… ដែលជា​ស្រមោល… ដែល​ស្ថិត​នៅតែក្នុង​ការ​ស្រមៃ។ ចំណែក​ស្នេហា ​ដែល​​គូ​សង្សារ​តែងនិយមប្រាប់​គ្នា​គឺ​ជារឿង​បោកប្រាស។ ឱ! ស្នេហា​នោះ ដែល​គេស្មាន​តែបរិសុទ្ធ គឺ​ជា​ល្បែងទេតើ… ពាក្យ​ផ្អែម​​ពីរោះ​ដែលគេផ្តោះផ្គង​រកគ្នា… គឺ​ជា​ពាក្យ​ភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ​នោះ… គឺជាក្រសោម​កិលេស​អពង្គល ដែលធ្វើឲ្យ​យើង​វង្វេងស្មារតីតែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

ខ្ញុំ​ជាមនុស្សមិនវង្វេង… ខ្ញុំយល់ច្បាស់… ខ្ញុំជាឥតជឿស្នេហាទេ… ស្នេហាបរិសុទ្ធគ្មានស្ថិត​នៅទេ… គឺគ្រាន់​តែ​ជា​ពាក្យ​ប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធ​តែ​ជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើ​ម​ណាស់ស្នេហា! ខ្ញុំ​ជាមនុស្ស​គ្មាន​ស្នេហា! ខ្ញុំជាមនុស្ស​អស់​កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក «អតីតកាលរបស់សារ៉ាក់» ត្រង់អត្ថបទ «ខ្ញុំ​ជា​មនុស្ស​គ្មាន​ស្នេហា» ទំព័រ.១៣៤

ប្រិយ​មិត្ត​ម្នាក់​បាន​មាន​យោបល់ថា «ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរស្នេហាជាដើម ហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុខ ស្រួច ដែលអាចចាក់​សម្លាប់​មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យ ដែលល្អបំផុតនៅពេល ដែលត្រូវបានគេចាក់បេះដូង ឲ្យ​ធ្លុះធ្លាយ… អូយស្នេហាអើយស្នេហា អ្នកពិតជាពិបាកស្វែងយល់ណាស់… ម្តងធ្វើអោយខ្ញុំសើច ម្តងធ្វើឲ្យ​ខ្ញុំក្រៀមក្រំ …។» លោក​វណ្ណ​ពិសិដ្ឋ ប្រិយមិត្ត​របស់​លោក​សម្បត្តិ​ក្នុង​ប្លក់​វើត​ប្រេស។

អ្នកនិពន្ធ វង់ផឿង បានសរសេរថា៖ ស្នេហា គឺការរួម​រស់​ជាមួយ​គ្នា​យ៉ាង​ស្មោះអស់​មួយ​ជីវិត​រវាង​បុរស​ម្នាក់​និង​នារី​ម្នាក់។ ការរួមរស់​ជាមួយ​គ្នាយ៉ាង​ស្មោះ​នេះ មានគោលបំណង​បង្កបង្កើត​ឡើង នូវ​លក្ខណៈ​សម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំ​ទាំ (Solide) ដើម្បីទទួល​នូវសុខុមាលភាព និង​សុភមង្គលក្នុងផ្លូវសម្ភារៈ មនោ​សញ្ចេត​នា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗ​មិនអាច​នឹង​ស្វែង​រកបាន កាលបើ​ខ្លួន​រស់នៅតែ​ម្នាក់​​ឯង (Solitaire)។ រូបភាព​ស្របច្បាប់​និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវ​ភៅ​«ការជ្រើសរើស​​សម្លាញ់១០០ឆ្នាំ» ទំ.១២-១៣។

លោកសួនសុបិនបាន​សរសេរ​ វាចាអ្នកនិពន្ធ ក្នុង​រឿង«ថ្ងៃស្អែក…​ព្រោះគ្មានអូន​»«Tomorrow without you » ​ថា «សម្រាប់​ពាក្យ​ថា​ «ស្នេហា» ជួន​កាល​មិន​គ្រាន់​តែ​សម្តែង​ចេញ​តាម​រយៈ​ការ​​ស្រលាញ់​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ទាម​ទារ​ឲ្យ​ម្នាក់​ៗ​មានការ​លះ​បង់​ មាន​ការធ្វើ​​ពលិកម្ម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

«ពលិកម្ម» មាន ​ន័យ​ធំធេង​ណាស់​សម្រាប់​សេចក្តី​ស្នេហា។ បើ​ពលិកម្ម​កាន់​តែ​មាន​វិសាល​ភាព​ប៉ុណ្ណា សេចក្តី​ស្នេហា​​ក៏​មាន​លើស​លប់​ទៅ​តាម​នោះ​ដែរ។ ​​មាន​តែ​សេចក្តី​ស្រលាញ់​តែ​គ្មាន​​ពលិកម្ម​ ​មិន​អាច​ហៅ​ថា​​​ស្នេហា​បាន​ទេ… ស្នេហា​គឺ​ជា​ការ​លះ​បង់!

«ស្នេហានិងពលិកម្ម»​ គឺ​​ជា​វត្ថុ​ពីរ​ដែលត្រូវ​ដើរ​​ទន្ទឹម​គ្នា​ជា​និច្ច។ មាន​ស្នេហា​មាន​​ពលិកម្ម​ មាន​ស្នេហា​​មាន​ការ​លះ​បង់… ស្រលាញ់ ​មនុស្ស​ម្នាក់​ ត្រូវ​​​ហ៊ាន​លះ​បង់​ហ៊ាន​ធ្វើ​​ពលិកម្ម​​បូ​ជា​សេចក្តី​សុខ​​ផ្ទាល់​​ខ្លួន ​​ ដើម្បី​មនុស្ស​ម្នាក់​ទៀត​ដែល​ខ្លួន​ស្រលាញ់​។

«ស្នេហា»​ មិន ​បាន​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ​ពលិកម្ម​នោះ​ទេ តែ​មនុស្ស​ខ្លួន​ឯង​គួរ​តែ​មាន​សម្បជញ្ញៈ​​និង​ស្មារតី​ភ្ញាក់​រឭក​មួយ​ ថា​ខ្លួន​គួរ​ធ្វើ​​ពលិកម្ម​ចំពោះ​មនុស្ស ​​ដែល​ខ្លួន​កំពុង​ស្រលាញ់​ឬ​អត់?»[…]

តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខកចិត្តនោះតែងស្រែក​​​សួររកន័យឲ្យស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់អាចឆ្លើយសំណួរនេះបាន​​ពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុសរហូតបានពិន្ទុនោះដែរ។ ដូច្នេះសំណួរដែលពុំទាន់មានចម្លើយប្រាកដនេះ នៅតែចោទសួរដដែល តើស្នេហាជាអ្វី?… តើស្នេហាជាអ្វី? បើស្នេហាជាការសេចក្តីស្រឡាញ់វិញ តើចុះ​​សេចក្តីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយពេកនោះទេ។ អ្នកខ្លះនិយាយឲ្យតែរួចពីមាត់ថា ស្នេហាជាការលះបង់? តើពិតការលះបង់ឬមែន? លះបង់អ្វី? ពេលវេលា និង អាយុជីវិត? សម្បតិ្តទ្រព្យធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះត្រូវបានបុគ្គលមានគំនិតមិនល្អមួយចំនួនយកមកធ្វើជាលេសដើម្បីកេងចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខគូស្នេហ៍របស់ខ្លួនប្រុសខ្លះលួងលោមថា ស្នេហាជាការលះបង់ណាអូន ប្រការនេះ ធ្វើឲ្យស្រ្តីខ្មែរមិនតិចទេដែលត្រូវខាតបង់គឺបាត់បង់ព្រហ្មចរិយ។

ជាការពិត ស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗដោយមិនបានគិតពិចារណានោះដែរ។ លះបង់ក្នុងដំណាក់កាលណាមួយ អាជាពេលវេលា ក្នុងការជួបសំណេះសំណាលគ្នា លះបង់ក្នុងការចែករំលែកនូវចំណេះដឹង ការពិភក្សា ឬជាធនធានក្នុងគ្រា​​អាសន្នអន្ធក្រណាមួយនិយាយមួយលែកទៀត បានជាគេថា ស្នេហាជាការលះបង់នោះ គឺចង់សំដៅដល់ការហ៊ានលះបង់មនុស្សដែលខ្លួនស្រឡាញ់ទៅបុគ្គលទីបី (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ​) សុខចិត្ត​​លះបង់គេឲ្យគេមានសេរីភាព ក្នុងការជ្រើសរើសគូដំណើរជីវិតរបស់គេ។ សេចក្តីស្រឡាញ់គឺចង់ឃើនុស្សដែលខ្លួនស្រឡាញ់ទទួលបាននូវ សេចក្តីសុខសុភមង្គល ទោះបីជាគេមានក្តីសុខនឹងមនុស្ស​​ទីបី ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយបើយើងស្រឡាញ់គេពិតប្រាកដមែន យើងគ្មានសិទ្ធិបៀតបៀនគេថែមទៀតបើមិន​​ដូច្នេះទេ មានន័យថា យើងពុំ​​ស្រឡាញ់គេពិតប្រាកដនោះទេ សេចក្តីស្នេហា! ជួនកាលយើងស្រឡាញ់គេ តែគេមិនស្រឡាញ់យើងវិញ ហើយផ្ទុយមកវិញ មានពេលខ្លះទៀត គេស្រឡាញ់យើងប៉ុន្តែយើងពុំព្រមស្រឡាញ់គេវិញក៏សឹង​​មាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ […]

ខ្ញុំ​​ចាប់អារម្មណ៍ចំពោះសំណេររបស់បងសម្បត្តិថា «…មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មាន ច្រើនគ្នាណាស់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់គ្នាប្រាកដជាចេះស្នេហា!! ស្នេហា តាមន័យដែលយើងដឹងឮគ្រប់ គ្នា គឺការស្រលាញ់់ស្និទ្ធស្នាលស្រលាញ់ស្អិតរមួតនឹងអ្វីមួយ ឬនរណាម្នាក់។ ដូចគេថាស្នេហាមាសប្រាក់ ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ… អ៊ីចឹង ពាក្យ «ស្នេហា» មិនមែនប្រើសម្រាប់តែចំពោះបុរសស្រ្តី ដែលស្រលាញ់គ្នាជា គូគ្រង ជាគូស្នេហ៍នោះទេ។ ទោះបីយ៉ាងណា ន័យដែលប្រើទូលំទូលាយ គឺស្នេហារវាងប្រុស និងស្រីក្នុងបំណងកាម គុណ និងចំណងរស់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។» ប្រកាសក្នុងប្លក់ខែសីហា ២០១០ «ស្នេហាកើតចេញពីបេះដូង ពីខួរក្បាល»

Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។

សេចក្តីស្រឡាញ់ជាការបូជាលះបង់ឱ្យមនុស្សដែលយើងស្រឡាញ់មានការរីកចម្រើន​​លូតលាស់​… ហើយបើទីបំផុតគេទៅមានអ្នកថ្មីទៀតដែលល្អជាយើងយើងមិនត្រូវទោមនស្សកើតទុក្ខឈឺ​​​ចាប់នោះទេ។ បើយើងកើតទុក្ខឈឺចាប់ហើយទៅឈ្នានីស​​បៀតបៀន​​គេ នោះមានន័យថាយើងមិនស្រឡាញ់គេដោយស្មោះទេ។ វាពុំមែនជាស្នេហាពិតនោះទេ។ យើងមិនចាំបាច់កើតទុក្ខខ្វល់ខ្វាយរីងរៃឡើយព្រោះយើងបានបំពេញធ្វើនូវអ្វីដែលយើងត្រូវធ្វើរួចរាល់ហើយ ដើម្បីមនុស្សដែលយើងស្រឡាញ់នោះ

«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យទំនឹមទំនៀម​​នេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សាតែងមានឧបសគ្គ» ទៀតផង។

យើងបានយល់យ៉ាងច្បាស់ហើយ​​ថា កូលាបតែមានបន្លាហេតុនេះបើយើងស្រឡាញ់ផ្កាកូលាប​​ យើងត្រូវតែហ៊ានទទួលយក​​នូវបន្លារបស់កូលាបនោះ យើងបង្កើតសេចក្តីស្នេហាមក ក៏យើង​​ត្រូវតែ​​ហ៊ានទទួលយកនូវសេចក្តី​​សប្បាយរីករាយពេលជួបជុំ និងទទួលយកការ​​ឈឺចាប់នៅពេលបែកបាក់​​ព្រាត់ប្រាស់គ្នាផងដែរ

ការស្រឡាញ់ងប់ងល់របស់អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួនក្នុងក្លិនក្រអូប និងរសផ្អែមល្ហែម​​ពោរពេញ​​ទៅដោយសភាពអណ្តែតអណ្តូង។ ទោះជាស្រឡាញ់ងប់ងល់យ៉ាងណាក៏ដោយ ក៏ត្រូវពិចារណាឲ្យបានត្រឹមត្រូវផងដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃបេះដូងបោកបញ្ឆោតវិចារណញ្ញាណនោះឡើយ

មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ដែលមិនមានបានសាងនូវកំហុសនោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់មានជានិច្ច ក្នុងផ្នែកណាមួយមិនខាន។ យើងក៏ដឹងផងដែរថា កំហុសជាផ្នែកមួយនៃជីវិត។ បើយើងមិនខុសក៏មិនអាចរកត្រូវឃើញផងដែរ។ សូម្បីតែសេចក្តីស្រឡាញ់ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់តែស្រឡាញ់ក៏មានខុសដែរ!…

ប្រការនេះ យើងអាចនិយាយជាគតិបានថា គ្រប់​​អ្វីទាំងអស់របស់មនុស្សដែលយើងស្រឡាញ់គឺជាទីស្រឡាញ់​​របស់យើង។ អំពើល្អរបស់គេគួរឱ្យកោតសរសើរនិង គោរពស្រឡាញ់ រីអំពើអាក្រក់ កំហុសរបស់គេវិញនោះ គឺគួរឱ្យអាណិតអាសូរ ព្រមទាំង​​​ចង់ជួយកែប្រែ។ ចិត្តវិទូបូព៌ាប្រទេសម្នាក់បានសន្និដ្ឋាថា ស្រឡាញ់នរណាម្នាក់គួរតែដឹងពីប្រការ​​អាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់ក៏ត្រូវដឹងប្រការល្អរបស់អ្នកនោះដែរ។

សេចក្តីស្រឡាញ់មិនទាមទារនូវការតបស្នងអ្វីមកវិញនោះទេ។ ជាការពិត យើងស្រឡាញ់នរណាម្នាក់មិនសង្ឃឹមរំពឹងថា ចង់បានអ្វីពីគេមកវិ ចង់ផ្តល់អ្វីឱ្យគេនោះក៏ទេដែរ គឺចង់មានន័យ​​សេចក្តីថា បន្ទាប់ពីយើងទាំងពីរនាក់ជួបជុំគ្នា អ្វីនឹងត្រូវបានផ្លាស់ប្តូរ។ចំណុចទន់ខ្សោយកង្វះ​​ខាតទាំងឡាយ​​​នឹងត្រូវបានកែប្រែនិង បំពេញបន្ថែមឱ្យបានល្អប្រសើរឡើង

លើពីនេះមានពេលខ្លះសេចក្តីស្នេហា កើត​​ចេញពីមិត្តភាពដ៏ជ្រាលជ្រៅផងដែរ មិត្តភាពបានបង្កប់នូវកូនពន្លក​​សេ្នហាយ៉ាងសម្គម​​មួយដែលអាចនឹងឈានដល់ដំណាក់កាល​​បង្កើតបានជាស្នេហាយ៉ាងកក់ក្តៅ

ត្រង់នេះ​ខ្ញុំ​យល់​ស្រប តាម​ការស្រាវជ្រាវរបស់លោក​​សម្បត្តិ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ប្លក់​របស់​លោក​ត្រង់ «ការស្ទង់់មតិមួយអំពីន័យថាស្នេហា»​ គាត់បានសរសេរថា៖ «…មិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិនអ៊ីចឹងទេ.… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅតែអាចស្នេហា បានដែរ ។…» ([1])

យើងឃើញថា មានមតិច្រើនដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកឡើងពីស្នេហានេះ។ ជាចុងក្រោយយើងសូមចូលរួមបន្តិចផងដែរថា ចំពោះស្នេហាជារឿងដែលមិនអាចខ្លះបានក្នុងជីវិត ជាផ្នែកមួយសំខាន់សម្រាប់ជីវិត តែក៏គប្បីប្រព្រឹត្តទៅឲ្យបានសមស្របតាមកាលៈទេសៈផងដែរ។

លើសពីនេះ មុន​នឹង​ក្រលាស់អណ្តាត​សារភាព​សេចក្តី​​ស្នេហា​ចំពោះ​នរណាម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ជា​មុន។ ដូចសម្តី​របស់ទស្សនវិទូ និងគណិតវិទូ Descartes បាន​មាន​ប្រសាសន៍​ថា «ត្រូវ​បង្វិល​អណ្តាត​៧​ជុំ​សិន សឹម​និយាយ» ។ ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុង​ការ​និយាយកិច្ចការទូទៅ ឬសន្ទនា​ក្នុង​កិច្ច​ស្នេហានោះទេ។ មុន​ធ្វើ មុន​និយាយ​អ្វីក៏ដោយ ក៏​ត្រូវ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន នេះជាប្រ​ការ​ចាំបាច់! […]

កាត់​ចេញពីរឿង« តំណែង​ស្នេហ៍រាជិនី» ដោយ ហេង ឧត្តម

2 responses to “អត្ថបទសាកល្បងស្តីពីស្នេហា​ដោយហេង ឧត្តម

  1. ពិតជាល្អណាស់ចំពោះអត្ថបទនេះ សម្រាប់នាងខ្ញុំជាស្រ្តីមួយរូបតែងតែឲ្យតំលៃខ្ពស់ទៅលើ
    សេចក្តីស្រឡាញ់ដោយស្មោះមួយដែលកើតឡើងពីដួងចិត្តពិតៗ សូមកើតឡើងដោយ
    សន្សឹមៗប៉ុន្តែស្ថិតនៅយូរអង្វែងជារៀងរហូត។

ទំលាក់ មួយចំលើយតប ទៅ chhoun neary បោះ​បង់​ការ​ឆ្លើយ​តប