អក្ខរា សាសព្ទរបស់លោកផាន់សានបានគាស់រំលឹកអនុស្សាវរីយ៍នៃការងាររបស់ខ្ញុំជាអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិរយៈ១៨ឆ្នាំកន្លងទៅហើយដែលបានកប់បាត់អស់រយៈពេលពីរឆ្នាំចុងក្រោយនេះឲ្យរស់រវើកឡើងវិញ។ ខ្ញុំរំភើបណាស់ រំភើបនឹងការវាយតម្លៃដ៏ត្រឹមត្រូវ របស់លោកលើកិច្ចការរបស់ខ្ញុំក្នុងពេលនោះ ហាក់បីដូចជាលោកនៅក្នុងចិត្តខ្ញុំនិងបានមើលឃើញយ៉ាងប្រចក្សនូវការបំពេញការងារដ៏សកម្មនិងយកចិត្តទុកដាក់ប្រកបដោយមនសិការការងារ។ ក្នុងពេលនេះខ្ញុំឆ្លៀតអរគុណអ្នកស្តាប់ដ៏ជាទីរាប់អាននិងគោរពរបស់ខ្ញុំ ជាពិសេសលោកផាន់ សានដែលធ្លាប់បានស្រឡាញ់ចូលចិត្តសម្លេងនិងបានគាំទ្រខ្ញុំជារៀងរហូតមកយ៉ាងស្ងាត់ស្ងៀម ទោះបីជាពេលនេះសម្លេងខ្ញុំនិងនាទីអក្សរសិល្ប៍ខ្មែររបស់ខ្ញុំបាត់សូន្យឈឹងពីកម្មវិធីវិទ្យុនិងទៅតាមពេលវេលាក៏ដោយ ក៏លោកនៅតែចាំគ្មានភ្លេចនូវទស្សនាវដី្តផ្សេងៗដែលខ្ញុំបានរៀបចំផ្សាយ។ លើសពីនេះ ខ្ញុំពិតជាសោមនស្សក្រៃលែង កាលបើពីបានដឹងថា កិច្ចការដែលខ្ញុំបានបំពេញកន្លងមកមិនត្រឹមតែបានលើកស្ទួយ អក្សរសាស្ត្រអក្សរសិល៍្បខ្មែរយើងប៉ុណ្ណោះទេ តែទន្ទឹមនោះក៏បានបណ្តុះនិស្ស័យរបស់លោកឲ្យស្រឡាញ់និងសិក្សាអក្សរសិល្ប៍ខ្មែរដែរ។
លិខិតលោកផាន់ សាន អ្នកស្តាប់វិទ្យុនិងអ្នកអានប្លក
១.វេលាវិលវល់វែងអន្លាយ ជាប់ជាក់នឺកស្ដាយពេលកន្លង ធ្លាប់ស្ដាប់សំដីស្ដីឆ្លើយឆ្លង អធិប្បាយគ្មានឆ្គងតាមវិទ្យុ។ ២.វេលានាំអោយយើងជួបគ្នា វេលាបង្កើតអនុស្សា វេលាបង្កើតក្ដីស្នេហា វេលាចាប់ច្បារស្នេហាខ្ញុំ។ ៣.គឺស្នេហ៍សំឡេងអ្នកគ្រូ ជាជនគំរូគួរប្រព្រឹត្ត ទាញខាបព្រលឺងមកសណ្ឋិត ឲ្យខ្ញុំខំខិតសញ្ជឹងគិត។ ៤.អ្នកគ្រូនាំខ្ញុំមានកាមា ក្នុងការសិក្សាអក្សរសិល្ប៍ ឲ្យខ្ងុំជីកកាយដល់ជម្រៅឲ្យខ្ញុំយល់ច្បាស់នូវចិត្តកវី។ ៥.សម្ភាសន៍អ្នកស្រីទេពស៊ុយអៀង អ្នកគ្រូប្រិតប្រៀងគ្មានចន្លោះ នាំចិត្តខ្ញុំស្ដាប់ឲ្យរងគ្រោះ ព្រោះស្នេហ៍ចាក់ធ្លុះបេះដូងខ្ញុំ ។ ៦. ជីវិតកូនថ្លៃកូនត្រូវតែរស់ អ្នកគ្រូសង្គ្រោះរស់ឡើងវិញ លោកពិនយ៉ាថៃថ្លែងបញ្ចេញ សាសព្ទទោម្នេញក្រុមអាវខ្មៅ។ ៧.កវីគង្គប៊ុនឈឿនរាយរ៉ាប់ អ្នកគ្រូត្រងសា្ដប់មិនជិនណាយ រាល់ហេតុផ្គុំផ្សំចំរាងកាយ ផ្សាភ្ជិតឆ្លាក់ផ្ដិតឆ្លាក់រាយការចាំចង។ ៨.ខ្ងុំសូមគោរពជំរាបលា អ្នកគ្រូស្ងួនភ្ងាពីចម្ងាយ ដោយក្ដីគោរពលំឱនកាយ និងជាក់ច្បាស់ស្ដាយមិនចង់ឃ្លាត។ ៩.ជូនពរអ្នកគ្រូសុខភាពល្អ គ្រួសារបវរគ្មានភ័យភិត រូបឆោមលោមពណ៌ល្អវិចិត្រ ច្បាស់ជាក់ជាប់ជិតរយសែនឆ្នាំ។
ផាន់ សាន Phann San
លិខិតអ្នកនិពន្ធ យូ សុភា
ជូនចំពោះអ្នកគ្រូមីងជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ក្មួយ ៗ !
ខ្ញុំបាទ យូ សុភា តំណាងឱ្យមិត្ដ អ្នកនិពន្ធមួយចំនួន ដែលបានអញ្ជើញទៅចូលរួមក្នុងកម្មវិធី អាពាហ៍ពិពាហ៍កូនស្រីធម៌របស់អ្នកមីងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ សូមសម្ដែងនូវការរំភើបសប្បាយរីករាយជាទីបំផុតចំពោះការទទួលរាក់ទាក់អស់ពីបេះដូងរបស់លោកពូអ្នកមីងចំពោះយើងខ្ញុំទាំងអស់គ្នា។ ខ្ញុំបាទក៏ដូចជាមិត្ដអ្នកនិពន្ធទាំងអស់ពិតជាមានកិត្ដិយស និងមានជោគសំណាងខ្លាំងណាស់កាលដែលបានស្គាល់ លោកពូអ្នកមីង ដែលជាជនគំរូនៅក្នុងសង្គម កម្ររកបាន ល្អទាំងអត្ដចរិត ពាក្យសម្ដី អាកប្បកិរិយាដែលយើងខ្ញុំមិនអាចនិងអត់សរសើរបាន។ អ្នកមីង យើងខ្ញុំពិតជាយល់ណាស់ថា អ្នកមីងស្រលាញ់យើងខ្ញុំ រាប់អានយើងខ្ញុំ ក៏ដូចជាស្រលាញ់អក្សរសាស្ដ្រជាតិដែលប្រសូត្រចេញពីបេះដូងបរិសុទ្ធពិតៗ ឥតក្លែងបន្លំ ឬគិតពីផលចំណេញនិងផលតបស្នងអ្វីនោះឡើយខុសពីអ្នកមួយចំនួនដែលធ្វើទៅហើយសម្លឹងឃើញផលតបស្នងពីគេវិញ។ ទឹកចិត្ដដ៏ល្អគ្មានពីររបស់អ្នកមីងដែលបានបន្ទាបកាយមករាប់អានមិត្ដអ្នកនិពន្ធយើងខ្ញុំ យើងខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយរំភើបដោយមិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់យើងខ្ញុំនេះ។ អ្នកមីងមិនត្រឹមតែជាអ្នកនិពន្ធសន្ដិភាពអប់រំផ្លូវចិត្ដមនុស្សប៉ុណ្ណោះទេ អ្នកមីងថែមទាំងជាស្ដ្រីអ្នកនិពន្ធដែលលេចធ្លោនៅក្នុងសង្គមខ្មែរទាំងស្ថានភាពគ្រួសារនិងរូបសម្បត្ដិ ។ យើងខ្ញុំពិតជាស្រលាញ់ និងគោរពអ្នកគ្រូយ៉ាងស្មោះអស់ពីបេះដូង មានព្រះជាប្រធានហើយស្ម័គ្រខ្លួនធ្វើតាមការត្រិះរិះរបស់អ្នកមីងឥតវៀចវេគ្រប់កាលៈទេសៈ។ អ្នកគ្រូមីងជាអ្នកនិពន្ធដែលខ្ញុំតែងតែឱ្យតម្លៃ និងគោរពបំផុត ហើយខ្ញុំសុំតែអ្នកគ្រូម្យ៉ាងគត់ គឺសុំឱ្យអ្នកគ្រូជឿជាក់ថា មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា ក៏អ្នកគ្រូចំពោះយើងខ្ញុំគឺជាអ្នកនិពន្ធស្ដ្រីទីមួយនៅក្នុងចិត្ដរបស់ពួកយើងខ្ញុំជានិច្ច។ ចំពោះខ្ញុំផ្ទាល់អ្វីដែលខ្ញុំសំណូមពរយ៉ាងទទូចដល់អ្នកគ្រូនោះ គឺខ្ញុំចង់ឱ្យអ្នកគ្រូនិពន្ធរឿងថ្មីឬក៏សរសេរពីជីវប្រវត្ដិអ្នកគ្រូក្ដីដើម្បីធ្វើការផ្សព្វផ្សាយឱ្យកូនខ្មែរទាំងក្នុងសម័យនេះ និងជំនាន់ក្រោយបានស្គាល់អ្នកគ្រូកាន់តែច្បាស់។ ខ្ញុំជឿថាជីវប្រវត្ដិរបស់អ្នកគ្រូនឹងធ្វើឱ្យអ្នកនិពន្ធជំនាន់ក្រោយមានឆន្ទៈក្នុងការតែងនិពន្ធកាន់តែខ្លាំងឡើងៗ។ ខ្ញុំគិតថា អ្នកគ្រូពុំចាំបាច់ដល់វ័យចាស់ចាំសរសេរនោះទេ ខ្ញុំចង់ឱ្យអ្នកគ្រូចាប់ផ្ដើមពីពេលអ្នកគ្រូទៅរស់នៅប្រទេសបារាំងវិញនោះ។ មនោសញ្ចេតនារបស់យើងខ្ញុំបានចាក់ឫសយ៉ាងជ្រៅទៅក្នុងការស្រលាញ់ គោរពចូលចិត្ដ និងមានចិត្ដចង់ចូលរួមកសាងអនុស្សាវរីយ៍ជាមួយអ្នកមីងឱ្យបានច្រើនដើម្បីទុកជាក្រាំងប្រវត្ដិសាស្ដ្រនៅក្នុងជីវិតជាអ្នកនិពន្ធរបស់យើងខ្ញុំនេះ។ ខ្ញុំមានសេចក្ដីរំពឹងទុកថាអ្នកគ្រូនឹងផ្ដល់ឱកាសឱ្យយើងបានជួបជុំសប្បាយជាមួយអ្នកគ្រូនៅក្នុងខែសីហាខាងមុខនេះជាក់ជាមិនខានមុនពេលដែលអ្នកគ្រូត្រលប់ទៅប្រទេសបារាំងវិញនោះ។ ប្រសិនបើអ្នកគ្រូអញ្ជើញទៅដោយពុំបានជួបជុំគ្នានោះ ចំពោះខ្ញុំនិយាយដោយមានថ្ងៃថ្មើរនេះ ខ្ញុំពិតជាមានការអាលោះអាល័យអ្នកគ្រូខ្លាំងរកទីបំផុតគ្មាន។ នេះអាចដោយសារតែខ្ញុំជាមនុស្សដែលសម្បូរណ៌ទៅដោយមនោសញ្ចេតនាចាក់ហូរហៀរពេញខ្លួន ! ខ្ញុំនឹកដល់គុណសម្បត្ដិដ៏ល្អរបស់អ្នកគ្រូចំពោះយើងខ្ញុំគ្មានពេលភ្លេច។ យើងខ្ញុំស្ម័គ្រខ្លួនចូលរួមចំណែកបម្រើការងារអក្សរសាស្ដ្រជាតិនិងមិនចេញទៅណាឆ្ងាយពីអ្នកគ្រូឡើយព្រោះអ្នកគ្រូ មានគុណសម្បត្ដិគ្រប់ប្រការ។ យើងខ្ញុំសូមគោរពជូនពរលោកពូ អ្នកមីងរួមទាំងក្រុមគ្រួសារទាំងអស់ឱ្យជួបប្រទះតែសេចក្ដីសុខកុំបីឃ្លាងឃ្លាតឡើយ។
ដោយការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទយូសុភាតំណាងឱ្យមិត្ដអ្នកនិពន្ធ៕
ចម្លើយខ្ញុំ
ចំពោះក្មួយ យូ សុភាអ្នកនិពន្ធឆ្នើមនិងក្មួយៗអ្នកនិពន្ធទាំងអស់ជាទីស្រឡាញ់រាប់អាន
ខ្ញុំ បានអានអក្ខរារបស់ក្មួយៗច្រើនដងយ៉ាងយកចិត្តទុកដាក់ជាទីបំផុតនិង បានអាន ជូនលោកពូស្តាប់ដែរ។ លិខិតរបស់ក្មួយៗជាឱសថទិព្វដ៏ពិសេសលើកទឹកចិត្តខ្ញុំ្ឲ្យ មានកម្លាំងជាថ្មី។ អរគុណជាអនេកចំពោះសេចក្តីស្រឡាញ់ចូលចិត្តដែលផុសចេញពីដួងចិត្ត របស់ក្មួយៗចំពោះខ្ញុំ។
ខ្ញុំ សន្យាថាបើសុខភាពល្អជាងនេះ ខ្ញុំនឹងខំឆ្លៀតពេលចងក្រងសៀវភៅជីវប្រវត្តិរបស់ខ្ញុំដែលខ្ញុំ បានប៉ងសរសេរជាយូរមកហើយជូនក្មួយ និងអ្នកដែលបានសិក្សាស្នាដៃខ្ញុំអានមិនខាន ទាន់ខ្ញុំនៅមានការចងចាំនៅឡើយ។ ខ្ញុំតែងតែគិតថា ជីវិតមនុស្សយើងខ្លីណាស់ ដូច្នេះបើចង់ធ្វើអ្វីគួរតែធ្វើឲ្យហើយ។
សូម ក្មួយៗជឿចុះថា ខ្ញុំមិនអាចបំភ្លេចទឹកចិត្តដ៏ប្រពៃរបស់ក្មួយនិង ក្រុមយុវអ្នកនិពន្ធដែលធ្លាប់តែគោរពរាប់អានខ្ញុំនិងធ្លាប់បានធ្វើ អំណោយសៀវភៅប្រលោមលោកជាអនុស្សាវរីយ៍ឲ្យខ្ញុំឡើយ។ ខ្ញុំថែរក្សាសៀវភៅរបស់ក្មួយទាំងអស់ទុកជាសម្បត្តិអក្សរសាស្ត្រដ៏មានតម្លៃប្រចាំបណ្ណាល័យគ្រួសារខ្ញុំ។ខ្ញុំចាំជាប់ក្នុងចិត្តនិងក្នុងអារម្មណ៍ជានិច្ចនូវពាក្យសន្យា ដ៏មានតម្លៃរបស់ក្មួយ។ ពាក្យសន្យានេះពិតជាកម្លាំងសាមគ្គីភាពដ៏រឹងមាំដែលនាំជំហានយើងឲ្យ ឈានដើរព្រមគ្នាលើមាគ៌ារួមក្នុងបុព្វហេតុតែមួយគឺការលើកស្ទួយ អក្សរសាស្ត្រអក្សរសិល៍្បជាតិឲ្យរីកចម្រើន និងជួយអភិវឌ្ឍសង្គម។ ម៉្យាងទៀត បើសិនជាមានឱកាស ខ្ញុំនឹងស្វាមីខ្ញុំនឹងឆ្លៀតពេលកសាងអនុស្សាវរីយ៍រវាងអ្នកនិពន្ធគ្នាយើងឲ្យបានច្រើនតាមសំណូមពរក្មួយ។ សូមក្មួយជឿចុះថាខ្ញុំរក្សាលិខិតក្មួយៗទាំងអស់ទុកក្នុងសៀវភៅអនុស្សាវរីយ៍មាសដែលក្មួយយូ សុភាបានធ្វើអំណោយដោយសុទ្ធចិត្តនិងបានផ្តើមចារទឹកចិត្តនិងទស្សនៈរបស់ក្មួយចំពោះខ្ញុំមុនគេបង្អស់តាំងពីប៉ុន្មានឆ្នាំមុន។ សៀវភៅមាសអនុស្សាវរីយ៍នេះពិតជាមានតម្លៃនិងមានក្លិនក្រអូបហើយក៏ជាគ្រឿងលម្អជីវិតយើងដែលជាអ្នកនិពន្ធរាល់រូបមែនទេ?។
សូមក្មួយទទួលជោគជ័យជានិច្ចក្នុងការបម្រើអក្សរសាស្ត្រអក្សរសិល្ប៍ជាតិយើងក៏ដូចជាក្នុងការងារនិងជីវិតគ្រួសារ។ សូមរក្សាភាពស្មោះត្រង់និងសាមគ្គីភាព រវាងគ្នានិងគ្នា។ ចូរយើងលះបង់ការច្រណែននិន្ទាដែលជាពូជនៃពៀរក្នុងលោកដោយយកមកជំនួសវិញនូវការចេះជួយឈឺឆ្អាល រំលែកការសប្បាយទុក្ខសោកនិងជោគជ័យទៅ វិញទៅមក។ សូមឲ្យមិត្តភាពរវាងក្រុមអ្នកនិពន្ធយើងរឹងមាំដូចផ្ទាំងសិលានៃប្រាសាទអង្ករវត្ត។
ជាទីបញ្ចប់ សូមក្មួយៗទទួលការស្រឡាញ់រាប់អានយ៉ាងកក់ក្តៅពីអ្នកមីងនិងលោកពូឬលោកអ៊ំនិងសូមឲ្យក្មួយៗទទួលជោគជ័យជានិច្ចក្នុងការបម្រើអក្សរសាស្ត្រអក្សរសិល្ប៍ជាតិយើងក៏ដូចជាក្នុងការងារនិងជីវិតគ្រួសារ។
កកន៖ សូមកុំភ្ញាក់ផ្អើលអំពីការបាត់ពាក្យឬឃ្លាខ្លះដែលខ្ញុំបានដកចេញពីលិខិតក្មួយៗដើម្បីកុំឲ្យមានការប៉ះទង្គិចអារម្មណ៍អ្នកដទៃ។
**********************
លិខិតអ្នកនិពន្ធកៅ សីហា
ចម្ការមន ភ្នំពេញ ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១១
មកដល់អ្នកមីង ប៉ិច សង្វាវ៉ាន និងលោកពូ ប៉ិច ឈុន ជាទីគោរពដ៏ខ្ពង់ខ្ពស់!!!
ក្មួយមិនស្មានថា ថ្ងៃនេះក្មួយមានវាសនាបានចាប់កាន់ដងប៉ាកកាមកចារជាលិខិតដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ក្មួយជូនចំពោះ អ្នកគ្រូមីងនោះឡើយ។
ក្មួយដូចជាមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាមួយមុននោះទេ! ប៉ុន្តែ ក្មួយបានចាំថាក្មួយបានឮនិងស្គាល់ឈ្មោះរបស់អ្នកមីងមុនដំបូងបង្អស់គឺ នៅឆ្នាំ២០០០កំឡុងពេលដែលក្មួយកំពុងសិក្សាថ្នាក់មហាវិទ្យាល័យអក្សរសាស្ត្រឆ្នាំទី១។ ឈ្មោះរបស់អ្នកគ្រូមីង គឺក្មួយបានទទួលការនិយាយបង្ហាញដោយផ្ទាល់ពីអ្នកគ្រូ សំរិទ្ធ សុទ្ធា ដែលកាលគាត់បានដាក់ការងារស្រាវជ្រាវមួយដល់ក្មួយ គឺការសិក្សាវិភាគពីស្នាដៃអក្សរសិល្ប៍របស់អ្នកគ្រូមីងមានចំណងជើងថា «ជើងមេឃថ្មី»។ គ្រាន់តែបានឮឈ្មោះ និងការបង្ហាញដោយខ្លីៗពីប្រវត្តិរូបរបស់អ្នកគ្រូសុទ្ធា ក្មួយមានចិត្តរំភើបនិងចង់ឃើញស្នាដៃមួយនោះយ៉ាងខ្លាំង។

ពីស្តាំទៅឆ្វេងអ្នកនិពន្ធ កៅសីហា និង អ្នកនិពន្ធយូសុភា អ្នកគ្រូសំរិទ្ធ សុទ្ធាកាន់មីក្រូ និង អ្នកនិពន្ធអ៊ុំ សុផានិ
ស្តាយដែលក្មួយមិនបានរក្សាសំណៅស្រាវជ្រាវវិភាគពីស្នាដៃរឿង «ជើងមេឃថ្មី» របស់អ្នកគ្រូមីង!!! ទោះជាយ៉ាងណា ក្មួយបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ពីអក្សរសិល្ប៍ ជាពិសេសគឺល្បិចក្នុងការសរសេរប្រលោមលោកតែម្តង។ ក្មួយបានចាត់ទុកអ្នកគ្រូមីងជាគ្រូរបស់ក្មួយតាំងតែពីពេលដែលក្មួយចាប់កាន់អានប្រលោមលោករឿង «ជើងមេឃថ្មី»នេះនៅថ្ងៃដំបូង។ បើទោះជាអ្នកគ្រូមីងមិនបានបង្ហាត់បង្រៀនក្មួយដោយផ្ទាល់ក៏ដោយក៏សៀវភៅមួយនោះ ក្មួយបានចាត់ទុកជាគ្រូដ៏កក់ក្តៅបាត់ទៅហើយ។ ជាច្រើនឆ្នាំក្រោយមក ឈ្មោះ និង ភាពល្បីល្បាញរបស់អ្នកគ្រូមីងកាន់តែសាយភាយខ្លាំងឡើងៗ។ ក្នុងចំណោមអ្នកសិក្សាអក្សរសិល្ប៍ និងអ្នកស្នេហាអក្សរសាស្រ្ត ជាពិសេសប្រលោមលោក ឈ្មោះរបស់អ្នកគ្រូមីងនៅតែស្ថិត និងដក់ក្នុងអារម្មណ៍របស់ក្មួយគ្មានថ្ងៃរលត់បានឡើយ ហើយអ្វីដែលរឹតតែធ្វើឲ្យក្មួយទន្ទឹងនិងរង់ចាំដោយអន្ទសានោះ គឺការចង់ជួបមុខដោយផ្ទាល់។
ផែនដីពិតជាតូចណាស់! វាជាភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់របស់ក្មួយដែលក្មួយបានជួបមុខអ្នកគ្រូដោយផ្ទាល់ ជាលើកដំបូងនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងឱកាសដែលក្មួយបានជាប់ជ័យលាភីក្នុងការប្រកួតប្រជែងរឿងខ្លីពីសមាគមអក្សរសិល្ប៍នូហាច ចំណាត់ថ្នាក់លេខ២ នាថ្ងៃទី២៣ មិថុនា ២០០៦។ ក្មួយបានរក្សាទុករូបថតក្នុងគ្រាដែលក្មួយបានថតរូបជាមួយអ្នកគ្រូមីងក្នុងជំនួបលើកដំបូងយ៉ាងល្អឥតខូចបន្តិចសោះ។
ក្រោយៗមកទៀតក្មួយបានទទួលការណែនាំនិងកាន់តែស្និទ្ធស្នាលជាមួយអ្នកគ្រូមីង និងលោកពូ តាមរយៈមិត្តសម្លាញ់របស់ក្មួយ គឺ លោក យូ សុភា។
នៅពេលដែលបានស្គាល់អ្នកគ្រូច្បាស់ ទើបដឹងថា អ្នកគ្រូពិតជាកុលស្រ្តីគំរូមួយរូបដែលល្អឥតខ្ចោះសម្រាប់ស្ត្រីនានាលើកតម្កើង និងយកតម្រាប់តាម ទាំងការងារតែងនិពន្ធ ទាំងការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺការរក្សាចំណងសុភមង្គលនៃគូជីវិត។
អ្នកគ្រូមីងគឺជាមនុស្សម្នាក់ដែលតែងតែក្រែងចិត្ត និងអារម្មណ៍របស់អ្នកដទៃជាងខ្លួនឯង។ ក្មួយមានការកក់ក្តៅជាអនេក នៅពេលដែលបានទទួលការស្វាគមន៍ដ៏រាក់ទាក់មិនប្រកាន់វណ្ណៈរបស់អ្នកគ្រូមីង និងលោកពូ។
ក្មួយធ្លាប់មានវិប្បដិសារីម្តងចំពោះខ្លួនឯង ក្នុងគ្រាដែលក្មួយបានចុះផ្សាយពីអត្ថបទដែលនិយាយពីជីវប្រវត្តិរបស់អ្នកគ្រូ ដោយសារ ក្មួយបានស្រង់ទាំងស្រុងចេញពីសៀវភៅរបស់លោកបណ្ឌិត ឃីង ហុកឌី ស្តីពីជីវប្រវត្តិរបស់អ្នកនិពន្ធខ្មែរ។ ដោយហេតុពេលនោះ ប្រថុចញ៉ុចពេលវេលាក្នុងការបោះពុម្ពពេក ទើបបានជាក្មួយមានការធ្វេសប្រហែស និងទទួលបាននូវវិប្បដិសារីចំពោះខ្លួនឯង។
ទោះយ៉ាងណាក្មួយនៅតែសរសើរទឹកចិត្តដ៏ល្អបរិសុទ្ធរបស់លោកទាំងពីរចំពោះកំហុសរបស់ក្មួយ។ អ្នកមីងនិងលោកពូនៅតែរក្សាស្នាមញញឹម និងទទួលស្វាគមន៍ក្មួយដូចដើមនិងកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត ពេលក្មួយសុំអនុញ្ញាតសម្ភាស និងចុះផ្សាយពីអ្នកមីងសាជាថ្មី។ មិនតែប៉ុណ្ណោះ អ្នកមីងនិងលោកពូបានពន្យល់និងអប់រំក្មួយបន្ថែមទៀតលើអ្វីដែលក្មួយខ្វះខាត និងខុសឆ្គង។
នេះជាទឹកចិត្តដ៏ប្រពៃណាស់ដែលពីមុនមកក្មួយមិនដែលធ្លាប់ជួបប្រទះទាល់តែសោះ។ អារម្មណ៍ដ៏សែនកក់ក្តៅដែលក្មួយទទួលបានដោយផ្ទាល់ពីលោកទាំងពីរបានធ្វើឲ្យក្មួយនឹកគិតថា ជាសំណាងនិងជានិស្ស័យយ៉ាងពិសេសដែលអ្នកផ្សេងក្រៅពីរូបក្មួយមិនមានដូច។
ការបង្ហាញពីការយល់ចិត្តទុកដាក់ និងការរាក់ទាក់ដ៏សែនស្និទ្ធស្នាលរាល់ពេលមានជំនួបជុំគ្នាម្តងៗ អ្នកគ្រូតែងសម្រិតសម្រាំងជាខ្លាំងជាមួយស្នាដៃចម្អិនម្ហូបបែបបស្ចឹមប្រទេសដែលអ្នកគ្រូចង់បង្ហាញឲ្យពួកក្មួយបានយល់និងស្គាល់ពីវប្បធម៌និងទំនៀមទម្លាប់របស់អ្នកស្រុកបារាំង ចាត់ទុកថាជាចំណេះថ្មីមួយដែលក្មួយទទួលបានដោយកម្រ។
អារម្មណ៍ពុះកញ្ជ្រោល និងបន់ឲ្យដល់ថ្ងៃនេះ គឺក្មួយតែងរាប់ថ្ងៃក្នុងចិត្តតែម្នាក់ឯង ដើម្បីឲ្យឆាប់ដល់វេលានេះ។ ក្មួយសង្ឃឹមថា អនុស្សាវរីយ៍ជាច្រើនដែលក្មួយបានសាងជាមួយអ្នកមីងនិងលោកពូ ព្រមទាំងចិត្តអ្នកនិពន្ធ៥,៦នាក់ទៀតមានច្រើនគួរសម ទាំងនៅលើផ្ទះរបស់អ្នកមីងឯបឹងកេងកង១, នៅពុទ្ធសាសនបណ្ឌិត្យ, នៅព្រះវិហារជីវិតថ្មី, នៅកម្មវិធីក្រោមដំបូលផ្ទះតែមួយ និងកម្មវិធីដ៏អស្ចារ្យនៃថ្ងៃរៀបអាពាហ៍ពិពាហ៍កូនស្រីធម៌របស់លោកទាំងពីរ នៅដក់ជាប់បេះដូងជានិរន្តរ៍តទៅ។
ក្មួយគិតថា សរសេរលិខិតមួយនេះ វាពិតជាមិនអស់សេចក្តីចេញពីបេះដូងបានឡើយ សំខាន់គឺ នៅក្នុងដួងចិត្តរបស់ក្មួយដេលក្មួយដឹងខ្លួនឯងយ៉ាងច្បាស់ថា «ពួកយើង» គឺប្រៀបបីដូចជាក្មួយៗបង្កើតរបស់លោកទាំងពីរដូច្នេះដែរ។
លិខិតនេះ មិនបានលម្អិតអស់សេចក្តី និងសកម្មភាពអនុស្សាវរីយ៍របស់ពួកយើងនិងអ្នកគ្រូព្រមទាំងលោកពូបានឡើយ ប៉ុន្តែទោះយ៉ាងណាក្មួយមានមោទកភាពចំពោះខ្លួនឯងយ៉ាងខ្លាំងដែលបានស្គាល់ និងទទួលការកក់ក្តៅពីមនុស្សដ៏ល្អដូចជាអ្នកគ្រូនិងលោកពូ ហើយក្មួយសង្ឃឹមថា លិខិតនេះនឹងចារជាប់ស្ថិតនៅក្នុងកម្រងអនុស្សាវរីយ៍មាសរបស់អ្នកគ្រូលុះអវសាន។
សូមលោកទាំងពីមានសុខភាពល្អ កម្លាំងប្រាជ្ញាស្មារតីបរិបូរណ៍និងសូមឲ្យព្រះតាមថែរក្សាលោកទាំងពីរគ្រប់វិនាទីនៃជីវិត។
ដោយសេចក្តីគោពនិងស្រឡាញ់ស្មោះអស់ពីចិត្តនិងកាយ
ពីក្មួយរបស់លោកទាំងពីរកៅ សីហា
កកន៖ សូមក្មួយសីហាអធ្យាស្រ័យ ខ្ញុំពុំទាន់មានពេលឆ្លើយតប….
**********************

លិខិតប្អូនស្រី សំរិទ្ធ សុទ្ធានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ
រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១៤ សីហា ២០១១
អ្នកបងសង្វាវ៉ាន ជាទីគោរពស្រឡាញ់
ដ៏ជ្រាលជ្រៅបំផុត
ប្អូនសូមថ្លែងអំណរគុណដោយស្មោះចំពោះទឹកចិត្តដ៏បរិសុទ្ធរបស់អ្នកបងដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ ហើយនិងលើកទឹកចិត្តដល់ប្អូន។ ទឹកចិត្តសប្បុរសធម៌របស់អ្នកបងត្រូវបានមនុស្សជាច្រើនគោរពស្រឡាញ់គ្រប់ៗគ្នា។ អ្នកបងជាស្រ្តីខ្មែរម្នាក់ដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីសរសេរស្នាដៃប្រលោមលោកជាច្រើនរឿង ដើម្បីជួយផ្តល់នូវការអប់រំដល់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គម។ ទន្ទឹមនឹងនេះដែរ អ្នកបងបម្រើអារម្មណ៍ដល់អ្នកស្តាប់គ្រប់ទិសទីតាមរយៈនាទីអក្សរសិល្ប៍ខ្មែរ នៅក្នុងវិទ្យុបារាំងអន្តរជាតិ ការធ្វើអត្ថាធិប្បាយប្រកបដោយខ្លឹមសារ និងទឹកដមសំឡេងដ៏ពីរោះ។ ប្អូនគិតថា ប្អូនមានសំណាងបំផុតដែលមានបងស្រីធម៌ដែលជាស្ត្រីខ្មែរមួយរូបដ៏មានប្រជាប្រិយភាព និងល្បីល្បាញប្រកបដោយរូបសម្ជស្សស្រស់សោភា។ ប្អូនសូមជូនរូបថតមួយសន្លឹកដល់អ្នកបង ដើម្បីទុកជាអនុស្សាវរីយ៍។ខ្ញុំ*អ៊ុំ សុផានី*សំរិទ្ធ សុទ្ធាកាន់មីក្រូ និង យូសុភា
ប្អូនសូមគោរព សូមអ្នកបងនិងក្រុមគ្រួសារបានប្រកបដោយសុខភាពបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យនូវរាល់អ្វីៗដែលអ្នកបងប្រាថ្នា។
ដោយសេចក្តីគោរស្រឡាញ់បំផុត អំពីប្អូនសំរិត សុទ្ធា
**********************
លិខិតយុវអ្នកនិពន្ធនារី នួន ពេជ្រស៊ូដេនី
ចំពោះ លោកពូ អ្នកមីងជាទីគោរព!
សូមគោរពជូន លោកពូ អ្នកមីងជាទីស្រឡាញ់!
ក្មួយ ពិតជាមិនដឹងនិយាយអ្វីៗសមនឹងភាពរំភើបដែលក្មួយកំពុងមានក្នុង ចិត្តទេ។ ក្មួយពិតជាអរគុណ និងរំភើបជាពន់ពេកចំពោះទឹកចិត្តស្រឡាញ់រាប់អានដែលលោកពូអ្នកមីងមាន ចំពោះក្មួយ និងក្រុមអ្នកនិពន្ធទាំងអស់។ ក្មួយនឹងចង់ចាំរាល់អនុស្សាវរីយ៍នៃការជួបជុំ ក៏ដូចជាសមានចិត្តដ៏ខ្ពង់ខ្ពស់របស់លោកពូអ្នកមីង ទុកក្នុងប្រអប់បេះដូងជារៀងរហូតតទៅ។ ទន្ទឹមនឹងគ្នានេះ ក្មួយក៏សូមជូនពរឲ្យលោកពូ អ្នកមីងមានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងដំណើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។
**********************
លិខិតអ្នកនិពន្ធសួងម៉ាក់ហៅផ្កាយ
ភ្នំពេញ ១៤ សីហា ២០១១
គោរពជូនចំពោះ
អ្នកមីង ប៉ិច សង្វាវ៉ាន និង
លោកពូ ប៉ិច ឈុន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
រយៈពេលយូរមកហើយ ដែលក្មួយស្គាល់លោកទាំងពីរ តែចំពោះការជួបគ្នាដោយផ្ទាល់មុខ គឺបានតែបីដងគត់។ នេះជាលើកទី៤ នៃការជួបគ្នា និងជាឱកាសពិសេសមួយ ដើម្បីជូនដំណើរអ្នកមីង និងលោកពូ វិលត្រឡប់ទៅប្រទេសបារាំង។ តែក្មួយសង្ឃឹមថា នេះមិនមែនជាលើកចុងក្រោយទេ។ និស្ស័យនឹងបណ្តាលឲ្យក្មួយបានជួបអ្នកមីង និងលោកពូជាថ្មីម្តងទៀត។
រយៈពេលនៃការជួប និងស្គាល់គ្នា ធ្វើឲ្យក្មួយបានជ្រួតជ្រាបនូវសេចក្តីស្រឡាញ់ និងភាពកក់ក្តៅពោរពេញដោយមេត្តាធម៌ និងសេចក្តីសប្បុរសយ៉ាងជ្រាលជ្រៅដែលមិនអាចបំភ្លេចបាន។
សូមអ្នកមីង និងលោកពូធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព។
ពីក្មួយផ្កាយ
**********************
លិខិតអ្នកនិពន្ធ សុខ ចាន់ផល
កាលពីម្សិលមិញនេះ ខ្ញុំគ្មានឱកាសនិយាយពីអារម្មណ៍ខ្ញុំចំពោះអ្នកគ្រូសោះ។ ប៉ុន្តែ ខ្ញុំគិតរួចស្រេចហើយ ថាខ្ញុំគួរតែសរសេរជាម៉ែលជំនួសវិញ ព្រោះខ្ញុំមិនពូកែនិយាយនោះទេ ហើយរឹតតែមិនចេះនិយាយចំពោះមនុស្សជាច្រើនបែបនោះទៀត។
Chanphal SOK
Blog : sokchanphal.info
កកន៖ សូមក្មួយចាន់ផលអធ្យាស្រ័យ ខ្ញុំពុំទាន់មានពេលឆ្លើយតបក្នុងទំព័រនេះ….
**********************
លិខិតអ្នកនិពន្ធឡឹក ជំនោរ
ជម្រាបសួរលោកអ៊ំជាទីគោរព
ជាមោទកភាពមួយយ៉ាងមហាសែនអស្ចារ្យសម្រាប់ជីវិតក្មួយ។ ក្មួយធ្លាប់គិតថា កើតមកជាតិនេះពិតជាគ្មានខាតអ្វីទាំងអស់។ ក្មួយចំណេញច្រើនណាស់ដែលជីវិតរបស់ក្មួយមានវាសនាបានជួប បានទទួលយកនូវអ្វីៗដែលល្អៗពីលោកអ៊ំ មិនថា បទពិសោធន៍ វិថីជីវិត ក្តីស្រឡាញ់រាប់អាន ការគោរព ការអធ្យាស្រ័យ…។ ក្មួយគិតថា ចំណងមិត្តភាពសាមគ្គីភាពរបស់គ្រួសារអ្នកនិពន្ធ ក្រោមដំបូលអក្សរសាស្ត្រតែមួយ ដែលមានលោកអ៊ំ និងលោកអ៊ំ លោកពូ អ្នកនិពន្ធរៀមច្បងជាច្រើននាក់ទៀតជាគំរូជាម្លប់ពិតជាប្រសើរថ្លៃថ្លាដូចពេជ្រ…

អ្នកគ្រូទឹង សុខា ខ្ញុំ អ្នកគ្រូស៊ឹម ចាន់យ៉ាកំពុងនិយាយ អ្នកស្រី បាក់ ឡាងនៅប្រទេសបារាំង និង កុយ វិធិនី
ស្នាមញញឹម ការរំលឹកអនុស្សាវរីយ៍របស់លោកអ៊ំ និងមិត្តភ័កិ្តលោកអ៊ំដែលបានចូលរួមនារាត្រីនោះ ធ្វើឲ្យក្មួយនឹកខ្មាសខ្លួនឯង ហេតុអ្វីបានជាពួកក្មួយៗរស់នៅក្នុងស្រុកសោះមិនអាចធ្វើបាន! ហើយក្មួយមានអារម្មណ៍ក្តុកក្តួលនៅពេលដែលឃើញលោកអ៊ំទាំងអស់ពេលបានជួបគ្នា… ស្នាមញញឹមរបស់លោកអ៊ំនារាត្រីជួបជុំលើនាវា ១៤សីហា២០១១ ក្មួយនឹងវេចខ្ចប់ទុកជាមរតកនៃក្តីស្រឡាញ់រាប់អានដែលក្មួយត្រូវយកជាគំរូ ហើយរក្សាផ្នត់នៃស្នាមញញឹមនោះក្នុងបេះដូងជានិច្ច។
ដើមឡើយក្មួយសន្យាថា ក្មួយនឹងទៅចូលរួមកម្មវិធីនោះ តែដោយកាលៈទេសៈការងារច្រើនក្មួយស្ទើរតែមិនបានចូលរួមទាន់ពេល។ ដូចនេះក្មួយត្រូវបង្ខំធ្វើដំណើរទៅចូលរួម មុនពេលបើកម្មវិធីតែ១ម៉ោងប៉ុណ្ណោះ។ ល្អដែរដែលការហោះហើរមិនត្រូវបានពន្យាពេលដោយសារអាកាសធាតុ។
ក្មួយសង្ឃឹមថា ស្នាមញញឹមគ្មានមន្ទិលដែលលោកអ៊ំតែងតែផ្តល់ឲ្យក្មួយៗដូចជាស្នាមញញឹមរបស់មាតាម្នាក់ដែលកំពុងញញឹមក្រោយពីឃើញការជួបជុំរបស់កូនៗ នៅក្រោមដំបូលផ្ទះនៃការជួបជុំមួយ…
រាត្រីនោះព្យុះព្យួហ៍មារ ហាក់បីដូចជាមានបំណងមកលងបន្លាចផ្តាច់សេចក្តីស្រឡាញ់រាប់អាន របស់គ្រួសារអ្នកនិពន្ធ ប៉ុន្តែអ្វីៗបានសាបរលាបរលាយទៅវិញដោយអនុភាពនៃស្នាមញញឹម សាមគ្គីភាពរបស់អ្នកម្តាយម្នាក់ដែលកូនៗព្រមញញឹមទទួល។ រាល់បណ្តាំផ្ញើទាំងប៉ុន្មានដែលលោកអ៊ំបានមានប្រសាសន៍ ក្មួយនឹងរក្សាទុក ហើយធ្វើអ្វីឲ្យបានដូចបំណង ពិសេសគឺការមើលថែប្អូនប្រុសម្នាក់នោះ។
សូមឲ្យលោកអ៊ំ និងក្រុមគ្រួសារទទួលនូវសេចក្តីសុខសុភមង្គលជានិច្ចនិរន្តរ៍!
ដោយក្តីគោរពស្រឡាញ់,
ក្មួយ ជំនោរ
ចម្លើយរបស់ខ្ញុំ ៖
អរគុណណាស់ក្មួយជំនោរ អរគុណនិងពេញចិត្តសំដិគ្រប់ម៉ាត់របស់ក្មួយដែលបញ្ជាក់ពីការយល់ទឹកចិត្តខ្ញុំច្បាស់ដូចពន្លឺថ្ងៃគឺចិត្ត«មាតាម្នាក់ដែលកំពុងតែញញឹមក្នុងពេលឃើញការជួបជុំរបស់កូនៗនៅក្រោមដំបូលផ្ទះនៃការជួបជុំមួយ…»។ ខ្ញុំមិនអាចបំភ្លេចបានឡើយនូវវត្តមានរបស់ក្មួយនៅថ្ងៃ១៤សីហា២០១១លើនាវាក្រោមដំណក់ព្រះភិរុណជាមួយ
គ្នា។ ជាពិសេស ក្មួយបានចំណាយពេលវេលា ការងារនិងប្រាក់កាសធ្វើដំណើរពីបរទេសមកចូលរួមកសាងអនុស្សាវរីយ៍រួមគ្នា។
ខ្ញុំនឹងនឹងរក្សាទុកលិខិតដ៏មានតម្លៃរបស់ក្មួយក្នុងដួងចិត្តនិងក្នុងទំព័រមាសជាអនុស្សាវរីយ៍នៃជីវិតខ្ញុំជាអ្នកនិពន្ធ។
សូមក្មួយមានជោគជ័យគ្រប់ជំហ៊ានជីវិតនិងសូមឲ្យប៉ាកកាមាសរបស់ក្មួយក្លាយជាប៉ាកកាសន្តិភាពជុំវិញការរាប់អានស្រឡាញ់ស្មោះ សាមគ្គីភាព ភាពស្មោះត្រង់ និងការចេះគោរពតម្លៃបុគ្គល។ល។
ស្រឡាញ់រាប់អានក្មួយនិងស្នាដៃក្មួយ
លោកអ៊ំ ប៉ិច សង្វាវ៉ាន
លិខិតកម្លោះមុខញញឹមម៉ា ច័ន្ទបញ្ញា
ជម្រាបសួរអ្នកមីង ជម្រាបសួរបងៗ!
សង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយ! ពិតជាស្ដាយ ណាស់ និងសូមទោសអ្នកមីង ដែលពេលវេលានោះមិនអនុញ្ញាតឲ្យខ្ញុំបានរួមដំណើរ រួមសុខរួមទុក្ខដែរ ព្រោះខ្ញុំត្រូវហ្វឹកហាត់ភ្លេងជាមួយក្រុម។ តែទោះជាយ៉ាងណា ក៏ខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់ ពេលនៅជាមួយបងៗ ពិសេស អ្នកមីង និងលោកពូ! ខ្ញុំមិនដឹងថាអនុស្សាវរីយ៍ដ៏កម្របែបនេះនឹងអាចវិលត្រឡប់បានដូចអ៊ីចឹងនៅថ្ងៃណាទេ? ប៉ុន្តែសូមឲ្យអនុស្សាវរីយ៍នេះ ឋិតឋេរដាប់ជាប់លើផ្ទាំងសីលានៃដួងចិត្តរបស់ខ្ញុំនិងអ្នកទាំងអស់គ្នាផងចុះ! ខ្ញុំពិតជានឹករលឹក អស់ពីបេះដូង ដួងចិត្ត ថ្លើមប្រម៉ាត់ជានិច្ច ចំពោះអនុស្សាវរីយ៍ដ៏មហិមាមួយនេះណាស់! សូមបងៗទាំងអស់គ្នា ពិសេសលោកពូអ្នកមីង ព្រមទាំងសាស្ត្រាចារ្យទាំងអស់គ្នាជួបប្រទះតែសុភមង្គល។ ខ្ញុំសង្ឃឹមថាស្នាមញញឹម និងសំឡេងចម្រៀងមួយបទដែលខ្ញុំច្រៀងក្នុងពិធីនោះ ជាស្នាមញញឹមនិងសំឡេងអមតៈក្នុងអនុស្សារបស់អ្នកមីង លោកពូ និងបងៗ អ្នកទាំងអស់គ្នា។
សូមអរគុណអ្នកមីង អរគុណបងៗទាំងអស់គ្នា ដែលតែងតែមិនភ្លេចខ្ញុំ! ខ្ញុំសូមទោសផងដែរចំពោះការខកខានកន្លង!
ពីខ្ញុំដោយក្ដីនឹករលឹក
បញ្ញា
កកន៖ សូមក្មួយបញ្ញាអធ្យាស្រ័យ ខ្ញុំពុំទាន់មានពេលឆ្លើយតបក្នុងទំព័រនេះ….
ថ្ងៃនេះខ្ញុំបានអធិដ្ឋានដល់ព្រះអង្គជូនអ្នកបង
ខ្ញុំដឹងថាព្រះអង្គទ្រង់ជ្រាបឮ
ខ្ញុំហាក់ដូចជាដឹងថា ព្រះអង្គគង់នៅក្នុងដួងវិញ្ញាណរបស់ខ្ញុំ
ទោះបីជាព្រះអង្គទ្រង់ស្ងៀមមិនមានបន្ទូលមួយម៉ាត់ក៏ដោយ។
ខ្ញុំមិនបានស្នើសុំព្រះអង្គពីទ្រព្យសម្បត្តិ ឬកិត្តិនាមអ្វីទេ
ខ្ញុំដឹងថា អ្នកបងច្បាស់ជាមិនយល់ទាស់
ខ្ញុំបានស្នើសុំឲ្យព្រះអង្គផ្ញើជូននូវសម្បត្តិមហាសាលដែលមានលក្ខណៈជានិរន្តរ៍។
ខ្ញុំបានស្នើសុំឲ្យព្រះអង្គគង់នៅក្បែរអ្នកបង
ជារៀងរាល់ថ្ងៃចាប់តាំងពីព្រឹកព្រលឹម
ដើម្បីឲ្យព្រះអង្គប្រទានសុខភាពល្អ និង
ពរជ័យ ព្រមទាំងមិត្តភក្តិដែលរួមសុខទុក្ខជាមួយ។
ខ្ញុំបានស្នើដល់ព្រះអង្គឲ្យអ្នកបងបានសេចក្តីសុខ ទោះនៅជិតឬនៅឆ្ងាយ
ប៉ុន្តែ គឺការស្រឡាញ់របស់ព្រះអង្គដែលខ្ញុំអធិដ្ឋានចង់បានជាងគេ។