វិថីជីវិតគំរូ ៖ លោក​ហេង​សុភា

កកន៖

ខ្ញុំមានសេចក្តីរីករាយប្រកាសផ្សាយខ្សែជីវិតរបស់លោកហេង សុភា។

លោកជានាយកគ្រប់គ្រងទូទៅនៃទស្សនាវដី្ត

<វីធីសាស្ត្រជោគជ័យ>។

​ សូមទុកខ្សែជីវិតដ៏គួរឲ្យសរសើរនេះជាការលើកទឹកចិត្ត

និង

ជាគំរូល្អមួយសម្រាប់យុវជនយុវតីគ្រប់រូប។

សូមអរគុណលោកជីព ចិត្ត ប្រធានព័ត៌មានបច្ចេកវិទ្យា

នៃវេបសាយ<សប្យាយ>www.sabay.com.khដែលបានផ្តល់

អត្ថបទខាងក្រោមនេះឲ្យខ្ញុំផ្សាយ។

អ្នក​ហាន់គល់​ស្លឹកគ្រៃក្លាយជា​បណ្ឌិត

«បើ​គ្មាន​ថ្ងៃ​នោះ​ទេ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះ​ដូច​គ្នា​ដែរ»

ការគ្រប់គ្រង​មនុស្ស​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​រាល់​មនុស្ស​ទាំងអស់​សុទ្ធ​តែ​ចង់​ក្លាយ​ជា​អ្នកដឹកនាំ​ ចង់​មាន​កេរ្តិ៍ឈ្មោះ ចង់​មាន​កិត្តិយស​ល្បី​ខ្ចរខ្ចាយ​ដូច​គ្នា។ ចំណុច​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បុគ្គល​ដែល​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​បុគ្គល​ដទៃ​បាន​ លុះត្រាតែ​គេ​ពោរពេញ​ដោយ​បទ ពិសោធ​ ចំណេះដឹង​ជ្រៅជ្រះ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ បូក​ផ្សំ​ជាមួយ​នឹង​ភាព​ប៉ិនប្រសប់។ លោក​អនុបណ្ឌិត ហេង​ សុភា ជា​បុគ្គល​ម្នាក់​ដែល​កើត​ក្នុង​ទី​ជនបទ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​តស៊ូ ពុះពារ​ក្នុង​វិថី​ជីវិត​ដ៏​វែងឆ្ងាយ ទើប​ជំរុញ​ឲ្យ​​លោក​ក្លាយ​ជា​នាយក​គ្រប់គ្រង​ទូទៅ ទស្សនាវដ្ដី វិធីសាស្ត្រ​ជោគជ័យ។

លទ្ធផល​ដែល​ទទួល​បាន​សព្វថ្ងៃ​នេះ គឺ​កើត​ចេញ​ពី​ការ​ប្រឹងប្រែង តាំង​ពី​ក្មេង​ហាន់គល់​ស្លឹក​គ្រៃ ដើម្បី​ផ្សំ​ជា​គ្រឿង សម្ល​នំបញ្ចុក មក​ម្ល៉េះ។ អ្វី​ដែល​ជា​ឆន្ទះ​ពិត​ប្រាកដ​របស់​គេ​នោះ គឺ​ចង់​បន្ត​ការ​សិក្សា​របស់​ខ្លួន​ឲ្យ​ដល់​ថ្នាក់​បណ្ឌិត
ចង់​ដឹង​ថា​ តើ​ដំណើរ​ដើម​ទង​ជីវិត​ ការ​តស៊ូ​ព្យាយាម ការ​អត់ធ្មត់​របស់​លោក​ហេង សុភា​មាន​ទម្រង់​បែប​ណា​នោះ Sabay សូម​លាត​ត្រដាង​រនាំង​ជីវិត​ពិត​របស់​បុគ្គល​នេះ​មក​បង្ហាញ​ជូន​មិត្ត​ អ្នកអាន។

   ជីវប្រវត្តិសង្ខេប

ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ប្រកប​ដោយ​មនសិការ និង​ពោរពេញ​ដោយ​ទស្សនវិស័យ​ខ្ពស់ លាយ​ឡំ​នឹង​ភាព​ញញឹម​រួសរាយ​រាក់ទាក់ ​លោក ហេង សុភា បាន​ឲ្យ​ដឹង​ថា លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ជីហែ ​ឃុំ​ពាម​ប្រធ្នោះ ​ស្រុក​កោះ​សូទិន ​ខេត្ត​កំពង់ចាម។ លោក​ចាប់​កំណើត​ ថ្ងៃ​ទី១៥​ មីនា ឆ្នាំ១៩៨១​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​មួយ​ដែល​មាន​ របរ​ជា​អ្នក​ធ្វើ​នំបញ្ចុក​លក់។

លោក​មាន​បងប្អូន​ពីរ​នាក់ ហើយ​រូប​គាត់​ជា​កូនពៅ​​​ក្នុង​គ្រួសារ​ដែល​មាន​លោក​ឪពុក​ឈ្មោះ ស៊ីម ម៉េងហេង ​ជា​អតីត​នាយក​សាលាបឋមសិក្សា​ជីហែ និង​ម្តាយ​ឈ្មោះ គិន គាង ​(ហៅពៅ)​​ ជា​អ្នក​​លក់​នំបញ្ចុក។​ហេង សុភា និង​ បងស្រី

គ្រាន់តែ​រំលឹក​ពី​អាជីព​ក្រុម​គ្រួសារ​កាល​ពី​អតីត​កាល​ភ្លាម សុភា​បាន​ទម្លាក់​ទឹក​មុខ​ជ្រប់។ បន្តិច​ក្រោយមក លោក​បាន​ពោល​ថា ត្បាល់ក្ដឿង​ អង្រែ​ កាំបិត​ គល់​ស្លឹក​គ្រៃ​ និង​កញ្ច្រែង​នំ​បញ្ចុក​របស់​អ្នក​ម្ដាយ​គេ ជា​កម្លាំង​ចលករ​ជំរុញ​ឲ្យ​យុវសិស្ស​ម្នាក់​នេះ​សិក្សា​រហូត​ដល់​បញ្ចប់​ ថ្នាក់​បរិញ្ញាបត្រ។

«គល់​ស្លឹក​គ្រៃ ជា​អ្នក​កាច់​ចង្កូត​ជីវិត​របស់​ខ្ញុំ​ទាំង​ស្រុង»។ សុភា​សង្កត់​ធ្ងន់​បែប​នេះ។

ការផ្លាស់​ទីលំនៅ៖ មក​ដល់​ឆ្នាំ២០០៥ ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​ខេត្ត​កំពង់ចាម មក​រាជធានី​ភ្នំពេញ។ ពេល​មក​ដល់​រាជធានីភ្នំពេញ​ ឪពុក​របស់​លោក​ត្រូវ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ផ្ដល់​តួនាទី​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខណ្ឌ​ដង្កោ។

ប្រវត្តិ​សិក្សា

ទាំង​កម្រិត​អនុវិទ្យា និង​វិទ្យាល័យ សុភា រៀន​ក្នុង​បរិវេណ​សាលា​តែមួយ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៦ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គេ។ សិក្សា​បាន​ប្រាំបួន​ឆ្នាំ គឺ​ឈាន​មក​ដល់​ថ្ងៃ​ទី ១៩ សីហា ១៩៩៦ គេ​ក៏​បាន​ប្រលង​បញ្ចប់​សញ្ញាប័ត្រ​បឋមភូមិ ដើម្បី​ជា​ស្ពាន​ឈាន​ដល់​កម្រិត​វិទ្យាល័យ។ ជាក់​ស្ដែង​ការ​ខិតខំ​ប្រឹងប្រែង​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​សិក្សា​ពិត​ជា​បាន​បង្ហាញ​សញ្ញាណ​ ជោគជ័យ ព្រោះ​សុភា អាច​ដណ្ដើម​សញ្ញាប័ត្រ​មធ្យមសិក្សា​ប្រកប​ដោយ​ជោគជ័យ នៅ​ឆ្នាំ ១៩៩៩។
ជិត​ពីរ​ម៉ោង​ទម្រាំ​ដល់​មណ្ឌល​ប្រលង៖ ដល់​ថ្ងៃ​ប្រលង​ បាក់ឌុប ​មក​ដល់​តម្រូវ​ឲ្យ​បេក្ខជន ហេង សុភា ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ម៉ោង​ដែរ​ទម្រាំ​ដល់ វិទ្យាល័យ​ព្រះសីហនុ ដែល​ស្ថិត​នៅ​ទីរួមខេត្ត ដែល​មាន​ចម្ងាយ​ប្រហែល​ជា ៤២គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គេ។

ក្ដី​បារម្ភ​ក្រោយ​ជាប់​បាក់ឌុប៖ លទ្ធផល​ពិតជា​ធ្វើ​ឲ្យ​សុភា រំភើប​រក​អ្វី​ប្រៀប​ពុំបាន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​អ្នកមាន​គុណ​ទាំង​ពីរ​ប្រែ​ជា​សប្បាយ​រីករាយ​ បង្កប់​ទៅ​ដោយ​ទុក្ខ​កង្វល់​ជា​ខ្លាំង ព្រោះ​អ្នក​ទាំង​ពីរ​យល់​ថា​ប្រសិនបើ​ឲ្យ​កូន​ទៅ​រៀន​បន្ត​នោះ ពិត​ជា​ប៉ះពាល់​ដល់​កម្រិត​ជីវភាព​ជាក់ជា​មិនខាន។
សុខចិត្ត​លំបាក​ឲ្យ​តែ​កូន​បាន​រៀន​ត៖ ទម្រាំ​សម្រេច​ចិត្ត​ឲ្យ​សុភា​ មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ឪពុកម្ដាយ​របស់​គេ​គិត​គូរ​យ៉ាង​ល្អិតល្អន់​ ព្រោះ​ជីវភាព​គ្រួសារ​មិនមែន​ជា​អ្នក​ធូរធារ។ ជា​លទ្ធផល​ទោះ​បី​ជីវភាព​ហាក់​មិន​ធូរធារ​ក៏​អ្នក​មាន​គុណ​របស់​គេ​សម្រេច​ ចិត្ត​បញ្ជូន​កូន​ជា​ទី​ស្រលាញ់​មក​បន្ត​ការ​សិក្សា នៅ​ដី​ក្រុង​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ក្រេប​ជញ្ជក់​ចំណេះដឹង​បន្ថែម​ទៀត ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង។

ក្លាយ​ជា​និស្សិត ដើរ​រាល់​ថ្ងៃ៖ មក​ដល់​ភ្នំពេញ ចន្លោះ​ពី​ឆ្នាំ ១៩៩៩-២០០៣​ សុភា បាន​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ពាណិជ្ជកម្ម ជំនាញ​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន​មួយ​ឯកជន​មួយ ប៉ុន្តែ​និស្សិត​ថ្មីថ្មោង​ ដែល​ទើប​តែ​មក​ពី​ជនបទ ​រូប​នេះ​សុំ​ផ្ទះ​គេ​ស្នាក់​នៅ​ប៉ុណ្ណោះ​ព្រោះ​គ្មាន​លទ្ធភាព​ជួល​ផ្ទះនៅ ហើយ​សូម្បី​តែ​កង់​ក៏​គ្មាន​ជិះ​ដែរ គឺ​រាល់​ពេល​ទៅ​សាលាម្ដងៗ គេ​ដើរ​ទៅ​រៀន។

ក្លាយ​ប្រធាន​ក្រុម​និស្សិត៖ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ក៏​ដូច​ជា​ចរិត ឫក្សពារ​របស់​សុភា នាយក​វិទ្យាស្ថាន​ក៏​បាន​សម្រេច​តែងតាំង​ជា​ប្រធាន​ក្រុម​និស្សិត​ប្រចាំ​ វិទ្យាស្ថាន។ ការសិក្សា​វគ្គ​ខ្លី​ក៏​ជា​ផ្នែក​មួយ​សំខាន់ និង​បំពេញ​ចំណេះដឹង​ថែម​មួយ​កម្រិត​ទៀត ជា​ពិសេស​ងាយ ស្រួល​ដល់​ការស្វែងរក​ការងារ​ធ្វើ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ អំឡុង​ឆ្នាំ​១៩៩៩​ ដល់​២០០៣ លោក​បាន​សិក្សា​វគ្គ​រយៈពេល​ខ្លី​ផ្នែក​សន្ទនា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ។នេះ​ ដោយសារ​តែ​កង្វះ​ខាត​ថវិកា​បង់​សាលា និង​មធ្យោបាយ​ធ្វើ​ដំណើរ។ទោះ​យ៉ាង​នេះ​ក្ដី លោក ហេង សុភា មាន​ថ្លែង​ថា “អត់​លុយ​ អត់​អី​ជិះ​ទៅ​សាលា​មិនមែន​មានន័យ​ថា រៀន​អត់​ចេះ អត់​ជំនាញ​នោះ​ទេ ឲ្យ​តែ​យើង​ចង់​រៀន ចង់​ចេះ”។ លោក​បន្ថែម​បែប​នេះ ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​ថា ចំណេះ​ដឹង គឺ​គេ​អាច​រៀន​បាន​គ្រប់​ទីកន្លែង គ្រប់​ពេលវេលា​ទាំងអស់ ឲ្យ​តែ​តស៊ូ ព្យាយាម​សង្វាត​រត់​រក​វា។

បាន​ការងារ​ដំបូង៖ ការងារ​ដំបូង​ដែល​និស្សិត​ជំនាញ ហិរញ្ញវត្ថុ​រូប​នេះ គឺ​ជា​គ្រូបង្រៀន​កុំព្យូទ័រ​ម្នាក់​នៅ​សាលា​ឯកជន​មួយ​ម្ដុំ​បាក់​ទូក។ ប្រាក់បៀវត្សរ៍​តែ​ ២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ក៏​ធ្វើ​ឲ្យ​គេ​មាន​ទឹកចិត្ត​សប្បាយរីករាយ និង​សោមនស្ស​ជាមួយ​ការងារ​ដែរ។ រយៈពេល​ដែល​សុភា បម្រើ​ការងារ​នេះ​គឺ​ប្រហែល​ជា​ជិត​មួយ​ឆ្នាំ ចន្លោះ​ពី​ឆ្នាំ ២០០១-២០០២។

វគ្គសិក្សា​រយៈពេល​ខ្លី៖ និស្សិត​ថ្នាក់​ឧត្ដម​ដើម​ កំណើត​មក​ពី​ជនបទ​រូប​នេះ បាន​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី ក៏​ដូចជា​កម្មវិធី​សិក្ខាសាលា​ជា​ច្រើន​ ដែល​ភាគច្រើន​នៃ​វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ បង់ថ្លៃ​ទេ។ វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​មាន​ជាអាទិ៍ ជំនាញ​គ្រប់គ្រង​វគ្គ​បណ្ដុះបណ្ដាល​លក់​អាជីវកម្ម​ឈានមុខ កម្មវិធី​អភិវឌ្ឍ​វិស័យ​ឯកជន​តំបន់​មេគង្គ គ្រូ​បង្គោល​សម្រាប់​ការ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ(e-learning) សិប្បសាលា​ស្ដី​ពី​ការស្រាវជ្រាវ​ទីផ្សារ  របៀប​សរសេរ​សំណើ​សុំ​គម្រោង​ថវិកា​ពី​អង្គ​ការ​គ្រីស្ទាន​រីហ្វម​សង្គ្រោះ​ ពិភពលោក-កម្ពុជា ព្រមទាំង​ទទួល​បាន​ការ​អប់រំ​ពី​ក្រុម​និស្សិត​ដែល​មក​ពី​​ប្រទេស​កូរ៉េ​ ខាងត្បូង​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដែល​ហៅ​កាត់​ថា IT។

បន្ត​ថ្នាក់​អនុបណ្ឌិត៖ នៅ​ឆ្នាំ​២០០៥ លោក ហេង សុភា បាន​សម្រេចចិត្ត​សិក្សា​ថ្នាក់​អនុបណ្ឌិត​ពាណិជ្ជកម្ម ​ជំនាញ​ទីផ្សារ​ដើម្បី​បង្កើន​នូវ​​ចំណេះដឹង​បន្ថែម។ ជា​លទ្ធផល​លោក​ក៏​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ដោយ​ជោគ​ជ័យ​នៅ​ ខែ​កញ្ញា ឆ្នាំ​២០០៧ ។

ក្រោម​បាតដៃក្នុង​សមរភូមិ​ការងារ
ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ សុភា​បាន​ស្វះស្វែង​ឈ្មុសឈ្មុល​រក​ការងារ​ធ្វើ​ស្វែងរក​ប្រាក់​កម្រៃ​ ដើម្បី​ផ្គត់ផ្គង់​ការសិក្សា។ បន្ថែម​លើ​នេះ​ទៅ​ទៀត ការងារ​របស់​គេ​កាន់​តែ​មាន​ភាព​រីកចម្រើន​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត។

គ្រូបង្រៀន អ្នក​សរសេរ​អត្ថបទ​លក់៖ ចន្លោះ​ឆ្នាំ​២០០១-២០០២ លោក​ជា​គ្រូ​បង្រៀន​កុំព្យូទ័រ ​អ៊ីនធឺណិត ​អ៊ីមែល​ និង​កម្មវិធី​រចនា​វិបសាយ​(website) នៅ​មជ្ឈមណ្ឌល​កុំព្យូទ័រ​បាក់​ទូក។ មក​ដល់​ឆ្នាំ​២០០២-២០០៣ លោក​បាន​ក្លាយ​ជា​អ្នក​និពន្ធ​អត្ថបទ​លក់​ឲ្យ​ទស្សនាវដ្ដី ព័ត៌មានវិទ្យា។

ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ៖ លុះ​ក្រោយ​មក​ទៀត ​ដោយ​យល់​ឃើញ​រូប​លោក​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម លោក​អគ្គនាយក​ទស្សនាវដ្ដី ព័ត៌មានវិទ្យា​នោះ​ បាន​ហៅ​គេ​មក​ធ្វើ​ជា​បុគ្គលិក​ពេញ​សិទ្ធិ។ អំឡុង​បម្រើ​ការងារ​ លោក​ទទួល​ខុសត្រូវ​យ៉ាង​ច្រើន​តួយ៉ាង ការ​ស្រាវជ្រាវ​ឯកសារ ព័ត៌មាន និង​បកប្រែ​ សម្រាប់​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី។ មក​ដល់​ឆ្នាំ ២០០៤ លោក​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​នៃ​កម្ពុជា​ ទស្សនាវដ្ដី ​ទីក្រុង ព័ត៌មានវិទ្យា​ និង​ទស្សនាវដ្ដី ទីក្រុង​ទូរស័ព្ទ។
ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​លក់៖ ខណៈ​នោះ សុភា​ត្រូវ​បាន​តែងតាំង​ជា ប្រធាន​ផ្នែក​លក់ ។ ក្នុង​នាម​ជា​ប្រធាន​ផ្នែក​លក់ គេ​ទទួល​ភារកិច្ច​ជាច្រើន​ដោយ​បូក​បញ្ចូល​ការ​គ្រប់គ្រង និង​រៀបចំ យុទ្ធសាស្ត្រ​លក់​សៀវភៅ​សេដ្ឋ​កិច្ច ​គ្រប់គ្រង ​ទេសចរណ៍ ​គណនេយ្យ ​ហិរញ្ញវត្ថុ ​សវនកម្ម ​ម៉ាឃីតធីង​ កុំព្យូទ័រ…។

គ្រូ​ជំនាញ​រោងពុម្ព៖ ក្រៅ​ពី​តួនាទី​ជា​ប្រធាន​ផ្នែក​លក់ លោក​ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​កម្មវិធី​ការងារ​រោងពុម្ព សម្រាប់ គម្រោង​នានា​មក​ពី​ស្ថាប័ន​ព្រឹទ្ធ​សភា ​រដ្ឋសភា ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង អង្គការ​ក្នុង​ស្រុក​ផ្សេងៗ​ទៀត។

បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន៖ នៅ ​ដើម​ឆ្នាំ​២០០៧ លោក​បាន​លា​ឈប់​ពី​ការ​ងារ ដោយ​ទៅ​បង្កើត​សារព័ត៌មាន ​ទស្សនៈកីឡា​ តាម​រយៈ​ការ​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ ក្នុង​មុខតំណែង​ជា​អ្នក​គ្រប់គ្រង​ទូទៅ ហើយ​​ឆ្លៀត​ពេល​ទៅ​បង្រៀន​តាម​អង្គការ ​វិទ្យាស្ថាន ​និង​សាកលវិទ្យាល័យ​នានា។

រួមចំណែក​ដើម្បី«ខ្មែរជួយខ្មែរ»រហូត​មក​ដល់​ចុង​ឆ្នាំ​ដដែល លោក​បាន​ចូលរួម​ការ​ងារ​ជាមួយ​អង្គការ​ខ្មែរ​ជួយ​ខ្មែរ ក្នុង​ឋានៈ​ជា​ជំនួយ​ការ​ផ្ទាល់​លោកនាយក។ ជា​សមិទ្ធផល​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ការ​រួមចំណែក​របស់​លោក​ បាន​រុញច្រាន​ឲ្យ​អង្គការ​មួយ​នេះ​មាន​ការ​វិវត្ត កែប្រែ​មុខមាត់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​សិស្ស-និស្សិត ​ព្រះសង្ឃ ក៏​ដូចជា​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​តំបន់​នោះ។

ការចុះបំពេញបេសកកម្មតាមខេត្ត

សាស្ត្រាចារ្យ​៖ ចុង​ឆ្នាំ​២០០៨ សុភា​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ បង្រៀន​ជា​ច្រើន​មុខវិជ្ជា​ដូចជា មូលដ្ឋាន​គ្រឹះ​ទីផ្សារ យុទ្ធសាស្ត្រ​ទីផ្សារ ការគ្រប់គ្រង​ទីផ្សារ គោលការណ៍​គ្រឹះ​នៃ​ការគ្រប់គ្រង ការគ្រប់គ្រង​អាជីវកម្ម ទំនាក់​ទំនង​អន្តរជាតិ ភាពជា​អ្នកដឹកនាំ និង​កម្មវិធី​ការងារ​រោង​ពុម្ព​នៅ​វិទ្យាស្ថាន​សហ​ប្រតិបត្តិ​ការ​អន្តរ​ ជាតិ​កម្ពុជា។

លោកហេង សុភាកំពុងបង្រៀន

បុគ្គលិក​អង្គការ​ជា​ថ្មី៖ ពី​ឆ្នាំ ២០០៨-២០១១ សុភា​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ធ្វើការ​ពេញ​ម៉ោង​នៅ​អង្គការ​សមាគម​ សេវាកម្ម​បច្ចេកទេស​កសិកម្ម។ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សមាគម ​ជាមួយ ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តា​ម​បែប​​ប្រជាធិបតេយ្យ​ថ្នាក់​ ក្រោម​ជាតិ របស់​ក្រសួង​មហាផ្ទៃ លោក​ក៏​មាន​ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​បុគ្គលិក​ហ្នឹង​គេ​ដែរ។ ក្រៅ​ពី​កិច្ចការ​ក្នុង​ការិយាល័យ ​លោក​ក៏​ជា​អ្នក​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ចុះ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​ ក្រោម​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា “កិច្ច​ការ​​ការពារ​ត្រួត​​ពិនិត្យ​សុវត្ថិភាព ​បរិស្ថាន​ ដីធ្លី​ និង​ជនជាតិ​ដើម​ភាគ​តិច”​ ចំនួន​៥​ខេត្ត​រួមមាន ខេត្ត​កំពង់ចាម ​ក្រចេះ ​ស្ទឹងត្រែង ​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

ហេង ​សុភាអំឡុង​ឆ្នាំ​២០០៨ លោក​បាន​ទទួល​ការងារ​ ក្រៅ​ម៉ោង​ជួយ​សម្រួល​កិច្ច​ការងារ​ខ្លះ​របស់​លោក​នាយក​អង្គការ​ភ្នាក់ងារ​ អន្តរការី​ ដើម្បី​អភិវឌ្ឍន៍​ ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ។ ការងារ​របស់​លោក​ភាគច្រើន​ធ្វើ​ឡើង​តាមរយៈ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ និង​អ៊ីមែល។ ក្រៅ​ពី​ការងារ​នៅ​ក្នុង​សមាគម និង​អង្គការ​ទាំង​ពីរ​ខាង​លើ ​លោក​ក៏​ជា​បុគ្គលិក​ចុះ​កិច្ចសន្យា​ការងារ​រយៈ​ពេល​​ខ្លី​ជា​មួយ​ក្រុម​ ហ៊ុន DCM Cambodia​ ដែល​មាន​ស្ថាបនិក​ជា​ជនជាតិ​ម៉ាឡេស៊ី ដោយ​កាន់​តួនាទី​ជា​ប្រធាន​បោះ​ពុម្ព​ផ្សាយ ឬ​ជា​ភាសា​អង់គ្លេស​គេ​ហៅ​ថា​Head of Desktop Publishing ឲ្យ​ទស្សនាវដ្ដី Cambodian Review។ ទស្សនាវដ្ដី​ជា​ភាសា​អង់គ្លេស​ដែល​ ចេញ​ផ្សាយ​ប្រចាំ​ខែ​នេះ មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។

ការងារ​និពន្ធ​នាយក៖ អំឡុង​លោក​បម្រើ​ការ​ងារ​នៅ​សមាគម ​ពោល​គឺ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០១០​ រូប​លោក​បាន​ក្លាយ​ជា​និពន្ធ​នាយក (ការងារក្រៅម៉ោង) ឲ្យ​គេហទំព័រ​សារព័ត៌មានខ្មែរ​សារិកា។
អ្នកគ្រប់គ្រង​ទូទៅ៖ នៅ​ដើម​ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ​រូប​លោក​ទទួល​បាន​ឱកាស​បម្រើ​ការងារ ក្នុង​ក្រុមហ៊ុន យូ ខេន គ្រុប។ ដោយ​មើល​ឃើញ​ពី​ភាព​ជោគ​ជ័យ​ជាមួយ​ចំណេះ​ដឹង បូក​ផ្សំ​នឹង​បទពិសោធន៍​ការងារ​ដែល​សម្រេច​ជា​​បន្តបន្ទាប់ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ បាន​មូល​មតិ​គ្នា​សម្រេច​ប្រគល់​តួនាទី​ឲ្យ​រូបលោក​ដឹកនាំ ​និង​ ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទស្សនាវដ្ដី​ វិធីសាស្ត្រ​ជោគ​ជ័យ​​​រហូត​មក​ដល់​បច្ចុប្បន្ន។

ជីវិត​អតីតកាល៖ អតីតកាល​ជា​ទិដ្ឋភាព​អនុស្សាវរីយ​មួយ​ដ៏​មាន​តម្លៃ​ និង​ជា​ពុម្ព​គំរូ​សម្រាប់​បុគ្គល​ដែល​មាន​គំនិត​ច្នៃប្រឌិត។ ជាក់​ស្ដែង​លោក ហេង​ សុភា បាន​រំលឹក​ឲ្យ​ដឹង​ថា កាលពី​រៀន​នៅ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ លោក​ត្រូវ​ឆ្លៀត​ជួយ​ធ្វើ​ការងារ​អ្នក​ម្ដាយ ដោយ​ត្រូវ​រៀបចំ​ហាន់​គល់​ស្លឹកគ្រៃ​ និង​បុក​ផ្សំ​ទៅ​ជា​គ្រឿង​សម្រាប់​ស្ល មុន​ពេល​ទៅ​សាលា។ ចំណែក​ពេល​ត្រឡប់​ពី​សាលា​វិញ​ ត្រូវ​ធ្វើ​ការ​ផ្ទះ​ខ្លះៗ​ដើម្បី​សម្រាល​បន្ទុក​គ្រួសារ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម៉ោង​សិក្សា​របស់​គេ​ ឡើយ។

សម្ដី​មួយ​ម៉ាត់​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​លោក​បាន​ពោល​ថា គេ​ស្គាល់​តែ​អង្រែ​បុក​គល់​ស្លឹកគ្រៃ ត្បាល់​ ហើយ​មិន​ដែល​នឹកស្មាន​ថា របស់​ទាំង​អស់​នោះ​បាន​ប្រែ​រូប​លោក​ឲ្យ​ក្លាយ​ជា​នាយក​គ្រប់គ្រង​ទូទៅ​ ដូច្នេះ​សោះ។
ទឹក​លិច​ភូមិ​ រាល់​ឆ្នាំ ពិបាក​ធ្វើដំណើរ​ណាស់៖ លោក​បាន​ រំលឹក​នឹក​ឃើញ​បន្ត​ទៀត​ថា ភូមិ​ស្រុក​របស់​លោក​នៅ​កៀក​មាត់ទន្លេ​ ហើយ​ស្ទើរ​ រាល់​ឆ្នាំ​ពិបាក​ធ្វើ​ដំណើរ​ណាស់ ហើយ​ដំណាំ​ទៀតសោត​ក្នុង​ភូមិឋាន​ងាប់​ស្ទើរ​គ្មាន​សល់​ពេល​រដូវ​ទឹកឡើង​ ម្ដងៗ។ មិន​មែន​តែ​រូបលោក និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រជាជន​ក្នុង​ភូមិ​ទាំង​អស់​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ ធ្វើដំណើរ​ដូច​គ្នា​ដែរ អ្នក​ខ្លះ​ត្រូវ​ជិះ​ទូក ​អ្នក​ខ្លះ​ជិះ​ពោង តាម​តែ​សមត្ថភាព​គ្រួសារ​និមួយៗ។
ទំនេរពីរៀន​​ ​លាង​ចាន​នំបញ្ចុក៖ឲ្យ​តែ​​ថ្ងៃ​ឈប់​ពី​រៀន អត់​ដែល​ទំនេរ​ទេ គឺ​ត្រូវ​ទៅ​ជួយ​លក់ និង​លាង​ចាន​នំបញ្ចុក​ម៉ែ​នៅ​ផ្សារ។ សុភា​បញ្ជាក់​ដោយ​ទឹក​មុខ​ស្រពាប់ស្រពោន។ លោក​បន្ត​ឲ្យ​ដឹង​បែប​នេះ​ទៀត​ថា «…មិន​អាច​​រលុប​ពី​ចិត្ត ខ្ញុំ​បាន​ទេគ្រប់យ៉ាង​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច»

វីរភាព​ពុកម៉ែ​ថែ​កូនភ្ញា៖ ឪពុក​ម្ដាយ ជា​គំរូ​ដើម​ដល់​កូន​គ្រប់រូប។ ភាព​ជោគជ័យ​មិនមែន​កើត​ឡើង​ដោយ​ឯក​ឯង​ទេ ​ប៉ុន្តែ​ត្រូវ​បាន​ ស្ថាបនា​ឡើង​ក្រោម​បាត​ដៃ​នៃ​អ្នក​ច្នៃប្រឌិត។ ជា​គន្លឹះ​នៃ​​​​​ភាព​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​  លោក ហេង សុភា បាន​ឲ្យ​ដឹង​ថា លោក​ប្រកាន់​យក​គោលការណ៍​មួយ​គឺ បើ​គ្រាន់​តែ​គិត​ហើយ​មិន​អនុវត្ត នឹង​នាំ​ឲ្យ​មនុស្ស​បរាជ័យ ១០០% ​ប៉ុន្តែ ​បើ​គេ​អនុវត្ត​មានន័យ​ថា បរាជ័យ ​៥០% ​ជោគជ័យ​ ៥០% ឬ​រហូត​ដល់​១០០%។
សកម្មភាព​របស់​អ្នក​មានគុណ​របស់​លោក​ទាំង​ពីរ​កំពុង​តែ​លក់​នំបញ្ចុក​ ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅហែង រង​នូវ​ភ្លៀង​ ផ្គរ ​រន្ទះ ​ញ័រញាក់ ក៏​ប៉ុន្តែ​គាត់​នៅ​តែ​ស៊ូ​ទ្រាំ​​​រែក និង​ទូល​លក់​ទាំង​ត្រដរ។ លោក​បាន​ពោល ទាំង​ទឹកមុខ​ស្រពោន​ថា​ សកម្មភាព​លំបាក​លំបិន​នេះ បាន​ចារ​ឆ្លាក់​ជាប់​ក្នុង​កែវភ្នែក​ និង​បេះដូង​របស់​ខ្ញុំ​ជានិច្ច​មិន​​ដែល​រលុប​ម្ដង​ណា​ឡើយ។ ប្រសិន​បើ​ប្រៀបធៀប​សកម្មភាព​ក្នុង​អតីតកាល​ទាំង​នោះ ជាមួយ​ការ​ងារ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ តើ​ខុសគ្នា​ប៉ុណ្ណា? តើ​យើង​គួរ​នឹង​ពោល​ពាក្យ​ថា​ធុញ​ទេ? កត្តា​ទាំង​​នេះ​ហើយ​ដែល​ធ្វើឲ្យ​រូបលោក​មាន​ការ​ខិតខំ​ប្រឹងប្រែង មិន​ចេះ​រីងស្ងួត រហូត​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដូច​សព្វថ្ងៃ​នេះ។

«បើ​គ្មាន​ថ្ងៃ​នោះ​ទេ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះ​ដូច​គ្នា​ដែរ»។ លោក​បញ្ជាក់​ដូច្នេះ។
សម្រេច​ចិត្ត​ចូល​រោងការ
បន្ទាប់​ពី​ស្វែង​យល់​ចិត្ត​គ្នា​បាន​ប្រហែល​ជា​ជាង មួយ​ឆ្នាំ​លោក ហេង សុភា សម្រេច​ចិត្ត​ចូល​ចាប់​ដៃ​ចូល​រោងការ​ជាមួយ​ភរិយា​ឈ្មោះ មាង ច័ន្ទវិសាល ដែល​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ ពាណិជ្ជកម្ម ​ជំនាញ​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ក្នុងស្រុក​មួយ​នៅ​ឆ្នាំ ២០០៥ ហើយ​បច្ចុប្បន្ន​ភរិយា​របស់​លោក​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​មួយ។

ចំណងដៃ​អាពាហ៍ពិពាហ៍៖ ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍ នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា ២០០៥ លោក​ទទួល​បាន​កូន​ប្រុស​ម្នាក់​ ហេង សំណាង​វឌ្ឍនៈ ដែល​មក​បច្ចុប្បន្ន​នេះ គេ​មាន​អាយុ៥​ឆ្នាំ​ហើយ។

ក្រុមគ្រួសារលោក ហេង សុភា

កុមារា ហេង វឌ្ឍនៈ

Advertisements

3 responses to “វិថីជីវិតគំរូ ៖ លោក​ហេង​សុភា

  1. ពិតជារំភើប បន្ទាប់ពីអានជីវប្រវត្តិរបស់លោក។ សំរាប់រាល់ជីវប្រវត្តិទាំងឡាយដែលខ្ងុំបានអាន ជីវប្រវត្តិដែលបានធ្ចើអោយខ្ញុំរំភើបជាងគេគី “Mother Teresa of Calcutta” ។

  2. ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសសើរដល់លោកជំទាវដែលបានផ្សាយប្រវត្តិ និងការតស៊ូ​របស់​ខ្ញុំ ចែកជូនដល់ជនរួមជាតិខ្មែរស្គាល់ និងដឹង។

  3. នេះជាការធម្មតារបស់ខ្ញុំទេលោកក្មួយសុភា។​​ ខ្ញុំតែងតែកោតសរសើរជនទាំងឡាយណា
    ដែលបានពុះពារក្នុងជីវិតដូចលោក។

    ខ្ញុំសូមលោកក្មួយអភ័យទោសផងដែលខ្ញុំមិនបានសរសេរលិខិតតបឆ្លើយទៅលោកនិង
    អ្នកដទៃទាំងអស់គ្នាឲ្យដូចចិត្តខ្ញុំ។ សង្ឃឹមថា នឹងមានឱកាស សរសេរតមលោកក្នុង
    ថ្ងៃណាមួយ។ នេះព្រោះតែខ្ញុំរវល់ខ្លាំងពេករកដកឃ្លាមិនរួចសោះហើយសុខភាពក៏មិនសូវល្អទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s