ឆ្ងាយពីវាយោខែកត្តឹក ដោយ​លោកគ.​ខូវនី

ដំណើរជុំវិញអ្នកនិពន្ធម្នាក់​<តនិងចប់>៖

រក្សាសិទ្ធិគ្រប់យ៉ាង


ម្ដាយនិស្ស័យបានបញ្ជាឲ្យកូនចៅរៀបចំក្តារងឿខាងក្រោមផ្ទះធ្វើជា
ជម្រកសម្រាប់រាត្រី ខ្លះ ដែលគ្រាប់រ៉ុក្កែតបន្លឺស្នូរមរណៈតាមជាយក្រុង
ភ្នំពេញ។ នៅរាល់ព្រឹកថ្ងៃសីលនិស្ស័យបានសង្កេតឃើញទាំងសេចក្តី
អាណិតនិងការគោរព ម្ដាយចាស់អង្គុយតែម្នាក់ឯងល់កន្ទេលក្រហម
លើកដៃទាំងពីរប្រណម្យដើម្បីសមាទានសីល នៅពីមុខព្រះភក្រ្ដព្រះ
សង្ឃមួយអង្គនៃវត្ដលង្កាដែលស្ម័គ្រព្រះទ័យនិមន្តតាំងពីព្រលឹមម៉ោង
ប្រាំពីរព្រឹកមកប្រទាន     សីលរាល់ថ្ងៃសីល តាំងតែពីឪពុកនិស្ស័យ
នៅមានជីវិតម្ល៉េះ។
តែឥឡូវនេះ និស្ស័យ លែងបានឃើញរូបភាព និងលែងឮសំឡេងទាំងគូ
សូត្រធម៌រងំស្មើគ្នា ក្រាបបង្ខំឱនសិរសាព្រមគ្នាដល់កន្ទេល។ ក្នុងពេល
ម្ដាយចាស់កំពុងផ្ចង់ស្មារតីស្តាប់ព្រះធម៌  កាំរស្មីព្រះសុរិយានាពេលព្រឹក
បានចាំងឆ្លុះតាមធាងស្លានិងបង្អួចខាងកើតផ្ទះមកលើភក្រ្តម្ដាយពេញ
ដោយផ្នត់ជ្រួញ ហើយនិងលើសក់ស្កូវសកាត់ជ្រង់ខ្លី ។ នៅមុខរូបភាពនៃ
ម្ដាយចាស់កំពុងសមាទានសីលនិស្ស័យធ្វើអធិដ្ឋានសូមព្រះមេត្ដាផ្តល់
សេចក្តីសុខនិងសេចក្តីស្ងប់ដល់ម្ដាយក្នុងរយៈខ្លីនៃចុងជីវិតមួយដែលបាក់
ជើងម្ខាង តាំងពីឪពុកនិស្ស័យបានចូលមរណៈភាពក្នុងខែមេសា១៩៧២
មក ។
រូបភាពមួយទៀតដែលនិស្ស័យជាប់ក្នុងឱរា គឺពេលព្រះសង្ឃនិមន្ដមក
បិណ្ឌបាត្រចង្ហាន់ក្នុងភូមិបឹងកេងកងរាល់ពេលព្រឹកពីម៉ោង១០ទៅ១០
 កន្លះ ។  នៅពេលពណ៌លឿងទុំនៃស្បង់ចីពរនិងឆ័ត្រលេចឆ្លុះឡើងនៅ
មុខទ្វាររបងផ្ទះពណ៌បៃតង នេះជាសញ្ញាឲ្យឪពុកម្ដាយនិស្ស័យប្រញាប់
ប្រញាល់យកផ្ដិលបាយចេញទៅដាក់បាត្រព្រះសង្ឃ។ ឪពុកនិស្ស័យលុត
ជង្គង់យកចានស្រាក់ពីព្រះហត្ថព្រះសង្ឃ ដើម្បីយកទៅដាក់ម្ហូបសម្ល
រួចហើយត្រឡប់មកប្រគេនព្រះសង្ឃវិញ ។ ក្នុងពេលដែលឪពុកម្ដាយ
និស្ស័យលើកហត្ថទាំងពីរស្តាប់ព្រះសង្ឃប្រទានពរ ភក្ត្រគាត់មានភាព
ស្រឡះថ្លា ប្រៀបដូចផ្ទៃទឹកត្រពាំងមួយដែលស្ងប់គ្មានរលក ហើយលម្អ
ដោយផ្កាឈូកដែលរីកស្រស់បំព្រង ដើម្បីទទួលរស្មីមុនដំបូងនៃព្រះ
អារុណ។អនុស្សាវរីយ៍មួយទៀតដែលមិនព្រមរសាយពីវិញ្ញាណរបស់
និស្ស័យ គឺនៅពេលល្ងាចដែលព្រះអាទិត្យបន្ធូរកម្ដៅ ឪពុកនិស្ស័យ
ចេញមកដកស្មៅនិងស្រោចផ្កាក្នុងធ្លាខាងមុខផ្ទះ។
ចំណែកឯម្ដាយនិស្ស័យវិញ គាត់អង្គុយដេរប៉ាក់ក្នុងអង្រឹងក្រោមដើម
ដូង។ ក្មួយស្រីវណ្ណាវីជួយរៀបចំចម្អិនអាហារក្នុងរោងចង្រ្កានបាយខាង
កើតផ្ទះដែលមានដើមននោងវារឡើងនិងព្យួរផ្លែតាមជញ្ជាំងនិងលើ
ដំបូល។ គ្រប់ពេលដែលនិស្ស័យត្រឡប់ពីមហាវិទ្យាល័យវិញនៅពេល
ល្ងាច ហើយបន្ទាប់ពីបានឆ្លៀតទៅទិញចំណីបង្អែមនៅមុខវត្តបទុមវត្តីមក
ឆ្កែទាំងពីរបោលមកទទួលហើយព្រុះ និងប្រឡែងដេញខាំកែងនិស្ស័យ
នៅពេលដើរចេញពីរថយន្ត។ និស្ស័យទាញកៅអីផ្តៅមកដាក់អង្គុយជិត
អង្រឹងម្ដាយ។ ឯក្មួយស្រីវណ្ណារីឆ្លៀតឱកាសមកអង្គុយស្តាប់ការសន្ទនា
រវាងនិស្ស័យនិងឪពុកម្តាយខ្លួន។ នេះជាពេលសែនមនោរម្យក្រោមមេឃ
អស្ដង្គតលើភូមិបឹងកេងកង។

(២) កកន៖ សូមអានរឿងប្រលោមលោក ៖ «បក្សីក្នុងសួនអាល័យ»

                                          ++++++++++++

…ថ្ងៃមួយនោះនៅចុងឆ្នាំ១៩៧៤ នៅពេលត្រឡប់ពីមហាវិទ្យាល័យ
វិញនៅពេលល្ងាចនិស្ស័យយកចំណីបង្អែមទៅជូនម្ដាយដូចសព្វដង។
 តែភក្រ្តនិស្ស័យមានសភាពក្រៀមក្រមខុសធម្មតា។ ម្ដាយនិស្ស័យ
សង្កេតឃើញដូច្នោះ ក៏ទាញដៃនិស្ស័យឲ្យចូលមកអង្គុយជិតដើម្បី
លើកទឹកចិត្តកូនឲ្យនិយាយប្រាប់ហេតុកង្វល់។ និស្ស័យមានការស្ទាក់
ស្ទើរជាយ៉ាងខ្លាំងទម្រាំដាច់ចិត្តនិយាយប្រាប់ម្ដាយថា ក្រសួងបាន
តម្រូវឲ្យនិស្ស័យចេញទៅបំពេញកម្មសិក្សាបច្ចេកទេសចំនួនមួយ
រយៈនៅបរទេស។
ចំពោះដំណឹងនៃការឃ្លាតព្រាត់នេះ ម្ដាយនិស្ស័យសង្កត់ចិត្តមិន
ឲ្យស្រែកយំនៅចំមុខនិស្ស័យ ហើយនិយាយលួងលោមនិស្ស័យ
ឡើងថា៖
-និស្ស័យកូន! ចូរកូនកុំព្រួយចិត្តពីព្រោះម៉ែ ណាកូនណា! ម៉ែកាន់
តែចាស់ហើយ! ពេលវេលាទៀតក៏ពុំបង្អាក់រង់ចាំម៉ែច្រើនឆ្នាំទៅ
មុខឡើយ។ ជីវិតម៉ែដើរមកដល់ជិតទីចុងចប់ទៅហើយ ហាក់ដូច
ជាថ្ងៃគងភ្នំ ហើយបន្តិចទៀតនឹងលិចបាត់…
ម្ដាយនិស្ស័យលើកដៃហាក់កុំឲ្យនិស្ស័យបង្ហូរទឹកភ្នែក ហើយមាន
វាចាតទៅទៀតថា៖
-ម៉ែបានរង់ចាំពេលនេះជាយូរហើយ ពីព្រោះនៅថ្ងៃណាមួយ
យើងត្រូវតែបែកគ្នា។ ដោយហេតុនេះហើយ ម៉ែបានប្រុងប្រៀប
ចិត្តគំនិតជាមុនស្រេច។
និស្ស័យនិយាយសួរឡើងថា៖
-ម៉ែ! ម្តេចក៏ម៉ែបានដឹងជាមុនថា ខ្ញុំត្រូវឃ្លាតពីម៉ែម្តងទៀត
ដូច្នេះ ពីព្រោះខ្ញុំបានបែកពីម៉ែនិងពុកម្តងពីមុនទៅហើយ កាល
ខ្ញុំបានទៅបន្តវិជ្ជានៅស្រុកបារាំង?
ម្ដាយនិស្ស័យញញឹមស្ងួត ហើយឆ្លើយឡើងថា ៖
-តើកូនចាំឬទេកាលពីខែកក្កដាឆ្នាំ១៩៧២ អំពីការទស្សន៍ទាយ
នៃតួបញ្ចូលស្រីម្នាក់នៅក្រុងតាខ្មៅ ដែលបានប្រាប់ថា កូនត្រូវ
ចាកចេញពីស្រុកកំណើតម្តងទៀត?
និស្ស័យនិយាយសម្របឡើងថា៖
-ឱ! ខ្ញុំនឹកឃើញហើយ កាលនោះខ្ញុំបានជូនម៉ែទៅក្រុងតាខ្មៅ
ដើម្បីសួរតួបញ្ចូលរូប ហើយម៉ែបានឮសំឡេងពុកដែលបានស្លាប់
ទៅហើយ និយាយមករកម៉ែ តែខ្ញុំនៅតែមិនអស់ចិត្ត ហើយនៅមាន
ការងឿងឆ្ងល់មកទល់សព្វថ្ងៃនេះ…ម្ដាយនិស្ស័យឆ្លើយកាត់ឡើងថា៖
-និស្ស័យ! កូនពុំអាចរកការពន្យល់និងចម្លើយចំពោះគ្រប់រឿងហេតុ
ដែលកូនបានឃើញនិងឮទេ។ ជីវិតមានសណ្ឋានដូចពេជ្រមួយម៉ឺន
ជ្រុង កូនអាចឃើញតែជ្រុងខ្លះៗទេ ឯជ្រុងផ្សេងៗទៀត ស្ថិតនៅក្នុង
អាថ៌កំបាំង។ មួយវិញទៀត តើកូនអាចក្តាប់យកខ្យល់មកបង្ហាញ
ឲ្យម៉ែឃើញឬទេ? តែទោះយ៉ាងណាក៏ដោយ តាំងតែពីម៉ែបានឮ
ពុកកូននិយាយមករកម៉ែតាមតួរូបបញ្ចូលមក ទុក្ខរបស់ម្ដាយបាន
រសាយទៅមួយចំណែកធំ ហើយក្នុងពេលឥឡូវនេះទៀត កូន
បានប្រាប់ម៉ែថា កូននឹងត្រូវឃ្លាតពីម៉ែម្តងទៀត ដូចតាមការ
ទស្សន៍ទាយមែន។
លុះបានពោលរួចហើយ ម្តាយនិស្ស័យក្រោកឡើង ហើយទៅ
ចាក់សោទូឈើយកកញ្ចប់មួយមកប្រគល់ឲ្យនិស្ស័យ។
និស្ស័យទទួលយក ហើយស្រាយក្រដាសដែលរុំព័ទ្ធ។ និស្ស័យ
ប្រទះឃើញអកកំបោរតូចមួយអំពីសំរឹទ្ធ សំពត់ហូលដែលមាន
ក្បាច់បុរាណមួយនិងក្រដាសឯកសារមួយដែលបត់ជាច្រើនផ្នត់។
ម្ដាយនិស្ស័យស្រដីឡើងថា៖
-នេះជាមត៌កដែលម៉ែចែកឲ្យកូន។ កូនឃើញឬទេ? ក្នុងមួយ
ជាតិនេះ
 ពុកនិងម៉ែបានសន្សំបានប៉ុណ្ណឹងសម្រាប់កូន។ ម៉ែបាន
ប្រុងប្រៀបកញ្ចប់នេះតាំងពីម៉ែបានត្រឡប់មកពីសួរតួបញ្ចូល
រូបនៅតាខ្មៅមកម្ល៉េះ ពីព្រោះបានដឹងជាមុនស្រេច នៅថ្ងៃណា
មួយកូននឹងមកប្រាប់ម៉ែ
ថា កូននឹងត្រូវឃ្លាតពីម៉ែជាថ្មី។ ដោយហេតុនេះហើយ ម៉ែបាន
រៀបចំស្មារតីឲ្យមាំតាំងពីច្រើនខែច្រើនថ្ងែមក មិនតម្អូញ មិនយំ
នៅពីមុខកូនទេ នៅពេលណាកូនមកផ្តល់ដំណឹងដ៏ទុក្ខព្រួយ
នេះដល់ម៉ែ។ ដូច្នេះនៅពេលនេះ បើម៉ែមិនតម្អូញ មិនយំទេ ចូរ
កូនកុំសោកស្តាយ កុំយំជួសម៉ែ។ ទោះបីភ្នែកម៉ែចង់ជួយត្រេកអរ
ជាមួយកូន ដោយកូនអាចបណ្ដុះបណ្ដាលចំណេះវិជ្ជាឲ្យរឹតតែ
ប្រសើរឡើង។ ហេតុដូច្នេះ ចូរកូនកុំមានការព្រួយដោយកូនទុក
ម៉ែឲ្យនៅតែម្នាក់ឯង គឺម៉ែទេតើដែលភ័យខ្លាចក្រែងកូនមិន
បានរស់សុខស្រួលនៅស្រុកគេ។ ម៉ែដឹងច្បាស់ថា កូននឹកមកម៉ែ
រាប់ម៉ឺនដងក្នុងមួយថ្ងៃៗ។ តែកូនកុំភ្លេចថា ម៉ែស្ថិតនៅក្បែរកូន
ជានិច្ច ពីព្រោះកូនពាក់បន្តោងរូបព្រះដែលឆ្លាក់អំពីធ្មេញម៉ែ។
បើកូនផ្ទៀងត្រចៀកស្តាប់ក្នុងពេលយប់ស្ងាត់នៅគ្រប់ពេល
ណាដែលកូននឹកមកម៉ែ នោះកូននឹងឮសំឡេងម៉ែឆ្លងកាត់
សមុទ្រមករកកូន ពីព្រោះព្រលឹងម៉ែ ទោះបីម៉ែរស់ឬស្លាប់
មុខជាមកជ្រកក្នុងចិត្តកូនតាមគ្រប់ទីកន្លែងកូនរស់នៅ។
និស្ស័យ! ម៉ែស្តាយណាស់ក្នុងជាតិនេះ ដោយពុកនិងម៉ែគ្មាន
ទ្រព្យសម្បត្តិអ្វីជាស្ដុកស្ដម្ភទុកចែកឲ្យកូនជាមត៌ក។ ពុកកូន
មិនដែលបានលើកថាសនំនិងផ្លែឈើតាមរដូវយកទៅផ្គាប់
ចៅហ្វាយនាយតាមទ្វារមុខឬជណ្ដើរក្រោយទេ ដើម្បីសុំ
បុណ្យសក្ដិឬលាភផលផ្សេងៗ។ ដូច្នេះហើយ អ្វីដែលពុកនិង
ម៉ែមានមកទល់នឹងពេលនេះ គឺបានមកពីការសន្សំនិងការ
អត់ធ្មត់។ នៅក្នុងកញ្ចប់នេះ ដូចកូនឃើញស្រាប់ ម៉ែបានដាក់
អកកំបោរពីសំរឹទ្ធមួយដើម្បីរំឮកពេលដែលកូននៅពីតូច
ហើយបានជួយបៀកម្លូស្លាឲ្យម៉ែ និងសំពត់ហូលបុរាណមួយ
ដែលពុកកូនបានស្លៀកនៅពេលបំបួសនាគសងគុណឪពុក
ម្ដាយនៅស្រុកព្រៃកប្បាស ហើយដែលម៉ែបានយកមកគ្រប
មឈូសពុកកូន។ ឯក្រដាសនេះជាប្លង់ផ្ទះយើងសព្វថ្ងៃដែលម៉ែ
សុំឲ្យកូនរក្សាទុកជាមត៌កសម្រាប់កូននិងបងប្រុសកូនតរៀងទៅ…
និស្ស័យទប់ទឹកភ្នែកមិនឈ្នះ ហើយនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មានមត៌កមួយទៀតដែលម៉ែនិងពុកបានផ្តល់ឲ្យកូន ហើយ
ដែលមានតម្លៃឥតគណនា ព្រមទាំងគ្មានអ្នកឯណាអាចមកលួច
ប្លន់បាន…
ម្ដាយនិស្ស័យសួរឡើងថា៖
-ចុះស្អីទៅមត៌កដ៏មានតម្លៃនោះ?
និស្ស័យឆ្លើយបញ្ជាក់ទៅវិញថា៖
-គឺភាសាកំណើតណាម៉ែ! ភាសាដែលម៉ែបានច្រៀងបំពេរកូន
តាំងពីតូចមក ភាសាដែលចងខ្ញុំភ្ជាប់ទៅនឹងស្រុកកំណើតទៅ
ផ្ទះសម្បែង ទៅពុកទៅម៉ែ ទៅជីដូនជីតា…ម្ដាយនិស្ស័យញញឹម
ពេញចិត្តចំពោះចម្លើយរបស់កូន។ គាត់បែរប្រាណទៅរកទី
អាសនៈហើយអុជធូបបីសរសៃថ្វាយព្រះពុទ្ធរូប។ គាត់ថ្វាយបង្គំ
បីដង ហើយចាប់សូត្រធម៌ដោយពោលតិចៗ។
និស្ស័យសម្លឹងភក្រ្តម្ដាយដែលអណ្តែតភ្លឺថ្លាក្នុងភាពងងឹតព្រាងៗ
នៃពេលព្រលប់ដែលទន្ទ្រានចូលមក ហើយនាំគន្ធាគ្រប់យ៉ាងពី
ក្នុងសួនច្បារខាងមុខផ្ទះ ជាពិសេសក្លិនផ្កាណាគ្រីដែលអមដង
ជណ្តើរឈើឡើងមករាលហាល។
និស្ស័យពិចារណាអំពីចំណងកតញ្ញូធម៌ដែលចងភ្ជាប់ទៅឪពុក
ម្ដាយខ្លួន ហើយនិយាយក្នុងជម្រៅដួងចិត្តខ្លួនថា៖
-ខ្ញុំពិនិត្យរកទំហំ ឬទម្ងន់ពាក្យមួយម៉ាត់ៗ ហើយនឹងខ្សែចំណង
ពាក្យនីមួយៗក្នុងទម្រង់ឃ្លា ដើម្បីចងជាឃ្លាពីរោះសម្រាប់បំពេរ
លួងចិត្ត
ខ្លោចផ្សារបស់ម៉ែ។ តែខ្ញុំដឹងជាក់ថា ទោះបីខ្ញុំហ៊ុំព័ទ្ធឃ្លាសម្តី
ខ្ញុំនឹងកម្រងផ្កាមួយពាន់គន្ធា ក៏ឃ្លានេះមិនពីរោះមិនបានផ្តល់
ការសង្ឃឹមអ្វីឡើយ គឺស្ថិតនៅជាវត្ថុធាតុគ្មានកម្តៅ គ្មានភាព
ទន់ល្មើយដូចសំឡី គ្មានលក្ខណៈផ្អែមដូចទឹកឃ្មុំ មិនល្អស្មើ
ដូចពាក្យសម្តីសាមញ្ញធម្មតាដែលពុកធ្លាប់បាននិយាយជាមួយ
ម៉ែឡើយ ដែលជាឃ្លាប្រគុំឡើងដូចបទតន្ត្រីដែលពាក្យមួយ
ម៉ាត់ៗដើរតួជាស្គរធំ សម្ភោរ រនាតឯក គង ដែលគោះ វាយ ផ្លុំ
ផ្សំគ្នាឡើងជាបទបំពេរពេញដោយសេចក្តីទុកចិត្តនិងសេចក្តី
ស្រឡាញ់ដែលពុកមានចំពោះម៉ែចាប់តាំងពីបានកាន់ដៃគ្នា
ជាង៥០ឆ្នាំមកហើយ។ជួលកាល ខ្ញុំបានប្រទះឃើញពុកសម្លឹង
ភក្រ្តម៉ែ  ហើយម៉ែញញឹមតាមមកវិញ។ ខ្ញុំបានយល់ភ្លាមថា
 ក្នុងពេលនោះ ទោះបីខ្ញុំពោលពាក្យមួយពាន់ឃ្លាមកជំនួស
 ក៏គ្មានន័យពីរោះស្មើឡើយ។ កាលពីខ្ញុំនៅតូច ខ្ញុំគ្រាន់តែបង្ខិត
ប្រាណខ្ញុំទៅអង្គុយលើភ្លៅម៉ែដែលយកដៃមកព័ទ្ធជុំវិញខ្ញុំ ពេល
នោះខ្ញុំហាក់នៅក្នុងសម្បុកនៃឋានសួគ៌មួយគ្មានអ្វីផ្ទឹមស្មើ។ ខ្ញុំ
ដាក់ក្បាលខ្ញុំផ្ទាប់នឹងទ្រូងម៉ែ ហើយខ្ញុំឮសំឡេងម៉ែខ្ទររំពង
មកបំពេរ មកលួង មកថ្នាក់ថ្នម ហាក់ដូចជាចំហាយក្តៅឧណ្ហៗ
មួយមកស្អំប្រាណនិងវិញ្ញាណខ្ញុំឲ្យអណ្តែតលើពពកមនោ
សញ្ចេតនាមួយដែលមានតែម្តាយទេដែលចេះធ្វើសម្រាប់កូន។
 តាមចន្លោះបង្អួចនៃរង្វង់ដៃម៉ែ ខ្ញុំបានឃើញសកលលោកដូចជា
ឆាកល្ខោនមួយពេញដោយពួកយក្សដែលប្រកាប់ប្រចាក់គ្នាគ្មាន
ឈប់ឈរ គ្មានឈុតសន្តិភាពឲ្យបានយូរអង្វែងឡើយ។  ស្ទើររៀង
រាល់ល្ងាច ខ្ញុំបានជាសាក្សីនៃចំណងស្នេហារវាងពុកនិងម៉ែ នៅ
ពេលដែលពុកនិងម៉ែចេញមកអុជធូបថ្វាយទេវតានៅលើរានហាល
ដែលហ៊ុំព័ទ្ធដោយផ្ការំយោល ហើយបន្ទាប់មកនាំគ្នានិយាយរំឮក
អំពីអនុស្សាវរីយ៍គ្រប់យ៉ាងដែលទាក់ទងនឹងភូមិកំណើតក្នុងស្រុក
ព្រៃកប្បាសនិងស្រុកកោះធំ។ ក្នុងពេលខ្លះទៀត នៅក្នុងរដូវភ្លៀង
ស្នូររន្ធត់នៃផ្គរលាន់និងរន្ទះធ្វើឲ្យខ្ញុំភ័យរត់ឡើងទៅលើផ្ទះ ហើយ
ទៅពួនក្នុងរង្វង់ដៃម៉ែដែលទាញផាហ៊ុមមកដណ្តប់ជាមួយខ្ញុំ
 ព្រមទាំងឱនភក្ត្រញញឹមមករកខ្ញុំ។ ឱ! ភក្ត្រថ្លៃ ដែលគ្មានអ្វីមក
ជំនួសបាន ហើយបានមកឆ្លាក់ឆ្នៃក្នុងវិញ្ញាណខ្ញុំជាប់ជានិច្ច ព្រម
ទាំងបានឆ្លងកាត់ពេលវេលាទុក្ខនិងសុខនិងតាមច្រកភ្នំពលិកម្មនិង
ករណី រហូតតាមដានខ្ញុំឃើញនៅពេលដែលខ្ញុំបានឃ្លាតពីមាតុភូមិ
ជាលើកទីមួយ ដើម្បីបន្តការសិក្សានៅបរទេស។ ភក្រ្តញញឹមរបស់
ម៉ែបានជ្រាបចូលទៅក្នុងការយល់សប្តិរបស់ខ្ញុំ ដែលបានធ្វើឲ្យ
ព្រលឹងខ្ញុំអររំភើប ហើយលើកដៃស្រវាស្ទាបភក្រ្តម៉ែតែព្រលឹមមក
ដល់បន្សល់ទុកតែការស្រណោះ។
ក្នុងពេលដែលខ្ញុំបានស្នាក់នៅបរទេសអស់រយៈច្រើនឆ្នាំ ឱរាខ្ញុំតែង
បុកញ័រឥតប្រៀបបាននៅគ្រប់ពេលណាដែលខ្ញុំបានទទួលសំបុត្រ
ពីស្រុកកំណើត។ នៅពេលដែលអ្នកចែកសំបុត្រហុចលិខិតមកឲ្យខ្ញុំ
ខ្ញុំទទួលយកទាំងបារម្ភ។ ខ្ញុំយកសំបុត្រទៅតម្កល់ទុកលើតុក្បែរក្បាល
គ្រែដំណេកអស់ចំនួនជាច្រើនម៉ោង។  ក្នុងពេលរាត្រីមុនចូលនិទ្រា
ខ្ញុំអង្គុយសម្លឹងសំបុត្រអស់ច្រើននាទី ដោយចិត្តស្ទាក់ស្ទើរមិនហ៊ាន
លូកដៃទៅយកលិខិតនោះមកហែកមើល ហើយប្រទះរឿងអាក្រក់។
បន្ទាប់ពីបានហែកលិខិតមក ភ្នែកខ្ញុំរត់ច្រាស់ចុះច្រាស់ឡើងពេញផ្ទៃ
ទំព័រ ហើយច្របាច់ពាក្យមួយម៉ាត់ៗ ដើម្បីបំបែងរែងយកធាតុអត្ថន័យ
មកបំពេញសម្រេកនៃការនឹកស្រណោះអនុស្សាវរីយគ្រប់យ៉ាងដែល
ដូចជាខ្សែសូត្រដែលនៅតែចងខ្ញុំទៅម៉ែនិងពុក ដោយឆ្លងកាត់វាល
ភ្នំ ព្រែក ស្ទឹង និងសមុទ្រសាគរ។ លុះខ្ញុំបានអានចប់ ហើយគ្មានប្រទះ
ឃើញដំណឹងអ្វីគួរឲ្យបារម្ភ ទើបចិត្តខ្ញុំបានធូរស្រាល។ តែនៅថ្ងៃស្អែក
 ឡើងឱរាខ្ញុំចាប់តានតឹងជាថ្មីក្នុងការរង់ចាំលិខិតមួយទៀតពីមាតុភូមិ។
ជួនកាលទៀត នៅពេលព្រលឹមឡើងបន្ទាប់ភ្ញាក់ពីដំណេក ខ្ញុំមាន
ការបារម្ភខ្លាចក្រែងក្នុងពេលដែលខ្ញុំកំពុងនិទ្រាលក់ ការយល់សប្តិ
  របស់ខ្ញុំបានបោសសំអាតវិញ្ញាណខ្ញុំនូវពាក្យ ឬឃ្លាខ្លះ ដែលខ្ញុំតែង
បានពោលសម្រាប់ពុកនិងម៉ែ ឬក៏ធ្វើឲ្យពាក្យនោះហួតរីង ឬកំព្រា
  តែម្នាក់ឯង។ តែការបារម្ភរបស់ខ្ញុំគ្មានលក្ខណៈសមរម្យទេ គឺគ្រាន់
  តែជាការប្រឌិតឬការស្រមើស្រមៃប៉ុណ្ណោះ ពីព្រោះភាសាទាំងនោះ
  ជាភាសាដែលម៉ែចែកជាមត៌កឲ្យខ្ញុំតាំងតែពីខ្ញុំនៅជាទារកក្នុងអង្រឹង
 ហើយដែលម៉ែបានច្រៀងបំពេរខ្ញុំ។ នៅគ្រប់ពេលដែលភ្ញាក់ពីនិទ្រា
ឡើង ភាសាកំណើតរត់មករកវិញ្ញាណខ្ញុំជាថ្មី រត់មកស្ថិតលើអណ្ដាត
ខ្ញុំ ហើយធ្វើឲ្យអណ្ដាតនោះរលាស់រញ្ជួយបន្លឺពាក្យគោរព ពាក្យកតញ្ញូ
 ពាក្យកំណាព្យ ពាក្យចម្រៀង ពាក្យឈឺចាប់ ពាក្យខ្សឹបលួងលោម
ពាក្យផ្លុំពន្លត់សេចក្តីទុក្ខព្រួយ ពាក្យស្នេហា។ ក្នុងរយៈពេលដែលខ្ញុំបាន
ឃ្លាតពីមាតុភូមិ ភាសាកំណើតបានក្លាយជាមិត្តជិតស្និទ្ធដែលស្ថិតនៅ
ក្បែរខ្ញុំជានិច្ច ហើយជាស្ពានចម្លងវិញ្ញាណខ្ញុំទៅមាតុភូមិ និងទៅរក
ពុកនិងម៉ែ ព្រមទាំងគ្រួសារទាំងអស់។ ដោយប្រាណខ្ញុំ និងសតិ
អារម្មណ៍ខ្ញុំបានជ្រលក់ក្នុងទឹកខ្មៅនៃភាសាកំណើត បានជាខ្ញុំអាចចូល
ជ្រកក្រោមម្លប់ភាសាកំណើតដែលជាឱសថមកលាប មកព្យាបាល
គ្រប់ពេលវេលា ដែលខ្ញុំមានការនឿយណាយ ក្នុងការហែលច្រាស់
ខ្សែទឹកឆ្ងាយពីមាតុភូមិ ពីពុកនិងម៉ែជាទីស្រឡាញ់និងទីគោរព។
 ជាការពិតណាស់ គ្រប់ពេលដែលខ្ញុំបានឃ្លាតពីម៉ែ ទោះបីកាលនៅ
វ័យកុមារ ឬពេលពេញវ័យក៏ហើយក្តី ទោះបីក្នុងរយៈមួយម៉ោង មួយ
ខែ ឬច្រើនឆ្នាំ មានសំឡេងមួយរំពងឡើងជាលំដាប់ ហើយមកធ្វើជា
កំផែងមួយមកព័ទ្ធជុំវិញអារម្មណ៍ខ្ញុំ ហើយដល់ខ្ញុំផ្ទៀងត្រចៀកស្តាប់
ទៅ ក៏ក្លាយជាសំឡេងម៉ែដែលធ្លាប់បានច្រៀងបំពេរខ្ញុំកាលពីតូច។
ក្នុងឱកាសខ្លះទៀត ភាសាកំណើតមានរូបរាងជាភក្ត្រម៉ែ ជា
ប្រាណម៉ែ ជាដង្ហើមម៉ែ ហើយមកអង្គុយក្បែរខ្ញុំ មកឲ្យខ្ញុំដំបូន្មាន
ខ្ញុំក្នុងគ្រប់ពេលដែលខ្ញុំត្រូវធ្វើការវិភាគឬត្រិះរិះ។ ម៉ែជាភាសា
ភាសាជាម៉ែ ជាខ្លឹមជីវិតរបស់ខ្ញុំ។
កាលណាខ្ញុំកកាយក្នុងសតិសម្បជញ្ញៈរបស់ខ្ញុំ ដើម្បីរាវរកពាក្យ
ឬឃ្លាណាមួយដែលខ្ញុំបានឮតាំងពីកុមាររហូតដល់ពេញវ័យ
 ពាក្យដែលអណ្តែតលេចចេញមកភ្លាម គឺ«និស្ស័យកូនមាស
ម្ដាយ !»។ ឱ ! ពាក្យដុំមាស ដុំពេជ្រ ពាក្យដែលធ្វើឲ្យខ្ញុំលុតជង្គង់
សម្រក់ទឹកភ្នែកក្នុងពេលឥឡូវនេះ ពីព្រោះជាពាក្យដែលខ្ញុំនឹង
លែងបានឮក្នុងពេលបន្តិចទៀតនេះ ដោយខ្ញុំនឹងត្រូវឃ្លាត
ពីម៉ែជាថ្មីម្តងទៀត។ តែពាក្យនេះនៅតែរំពងក្នុងអារម្មណ៍និង
ក្នុងយល់សប្តិរបស់ខ្ញុំរហូតដល់ជីវិតចុងចប់។ ពាក្យសម្តីរបស់ពុក
និងម៉ែដែលធ្លាប់បានទូន្មានខ្ញុំមានសណ្ឋានដូចប្រាសាទសីលធម៌
មួយដែលបន្តុបលើសតិសម្បជញ្ញៈខ្ញុំជានិច្ច។
ម៉ែ! ពុកបានចាកឋានចោលម៉ែតាំងពីខែមេសា១៩៧២ ឥឡូវនេះ
ខ្ញុំត្រូវចាកចេញពីស្រុកកំណើតទុកឲ្យម៉ែនៅតែម្នាក់ឯង…
នៅពេលនោះ ម្ដាយនិស្ស័យបានថ្វាយបង្គំព្រះចប់ ហើយងាក
ភក្ដ្រញញឹមមករកនិស្ស័យ រួចពោលយ៉ាងខ្លីថា៖
-និស្ស័យ! កូនមាសម្ដាយ!
និស្ស័យក្រាបសិរិសាប្របបាទជើងម្ដាយ ទឹកភ្នែកនៅបង្កើយ។
នៅខាងក្រៅផ្ទះ វាយោខែកត្ដិកចាប់បកពីទិសខាងជើង។

                                 ++++++++++++++++

នៅក្នុងប្រាង្គចេតិយដែលដាក់តម្កល់ធាតុឪពុកនិស្ស័យក្នុងវត្ដ
ជម្ពូវ័ន និស្ស័យយកដៃស្ទាបដំណក់ក្រមួនទៀន និងសំណល់
ផេះនៃធូប ដែលបានទុកដាន បន្ទាប់ពីនិស្ស័យនិងម្ដាយបានអុជ
បូជាក្នុងពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធនៃឪពុកនិស្ស័យ។ និស្ស័យ
នឹកអាណិតម្ដាយចាស់ដែលបានខិតខំឲ្យកូនចៅជូនមកកាន់
វត្តជម្ពូវ័ន ទោះបីជើងស្ពឹកដើរពិបាក ហើយភ្នែកងងឹតស្ទើរមើលផ្លូវ
មិនឃើញតែនៅមានស្មារតីរឹងមាំមកគោរពវិញ្ញាណក្ខន្ធស្វាមីចាស់
ដែលបានកសាងជីវិតជាមួយគ្នាជាង៥០ឆ្នាំមកហើយ។
និស្ស័យទាញក្រដាសមួយសំណុំពេញពីហោប៉ៅ ហើយគូសឈើ
គូស។ អណ្តាតភ្លើងចាប់ឆាបឆេះសន្លឹកក្រដាសបន្តបន្ទាប់គ្នា។
និស្ស័យនិយាយតែម្នាក់ឯងថា៖
-នេះរូបខ្ញុំកាលពីនៅតូច នេះរូបកាលប្រឡងជាប់ចូលវិទ្យាល័យ
ស៊ីសុវត្តិ។ នេះរូបកាលពេលអាហារូបករណ៍បងប្រុសខ្ញុំ។ នេះរូបពុក
និងម៉ែកាន់ដៃគ្នាឡើងភ្នំឧត្ដុង្គ។ នេះរូបពុកនិងម៉ែក្នុងពេលធ្វើបុណ្យ
បូជាសពជីតាខ្ញុំនៅស្រុកកោះធំ។ នេះរូបពុកនិងម៉ែពរចៅតារាវុធ
នៅមាត់ជណ្តើរផ្ទះនៅបឹងកេងកង ។ឥឡូវនេះខ្ញុំដុតបូជាដើម្បីកំដរ
វិញ្ញាណក្ខន្ធពុកទៅបរលោក… ពុក! តើនៅពេលណា ស្រុកយើង
បានសុខសប្បាយ?
សំណល់ផេះនៃរូបថតទាំងប៉ុន្មាន ធ្លាក់រាយប៉ាយក្បែរជើងនិស្ស័យ។
និស្ស័យដើរចេញទៅខាងក្រៅចេតិយ។ មួយរំពេចនោះ ចរន្តវាយោ
មួយបក់តាមមាត់ទ្វារចេតិយ ហើយបក់ផាយផាត់សំណល់ផេះអស់
រលីង ហាក់ប្រៀបដូចជាគួចបញ្ជូនទៅឋានណាមួយដែលនិស្ស័យ
មើលមិនឃើញ តែនិស្ស័យស្មានថា ពិតជាឋានដែលឪពុកនិស្ស័យ
កំពុងសម្លឹងមើលមកនិស្ស័យដែលឱរាពេញដោយសេចក្តីកង្វល់។
និស្ស័យបើកភ្នែកមើលធម្មជាតិជុំវិញប្រាណ។ និស្ស័យប្រទះឃើញ
ដើមស្រូវពណ៌បៃតងខ្ចីដុះលូតលាស់ក្រោមរស្មីព្រះអាទិត្យ ពពកស
អណ្តែតបន្តបន្ទុយគ្នា ។សត្វមេអំបៅគ្រប់ពណ៌ហើរក្រឡឹងដើម
ក្រសាំង។ បក្សីហើរខ្ពស់ក្នុងមេឃា។ និស្ស័យចង់ទទះហត្ថហើរដូច
បក្សី តែជើងធ្ងន់ស្អិតជាប់ផែនដី។ ឱផែនដីជាទីស្រឡាញ់!
ជីវិតជាអ្វី? និស្ស័យនឹកប្រដូចដំណើរជីវិតទៅនឹងតំណក់ទឹក
សន្សើមមួយគ្រាប់ដែលរបូតចេញពីតំណក់ទឹកសន្សើមមួយ
គ្រាប់ទៀត ក្នុងភាពឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយទៀតក្នុងដង
ទន្លេវដ្ដសង្សារ។ និស្ស័យរស់ក្នុងទំហំពេលវេលា ហើយវិវិត្ត
ទៅជាមួយនឹងពេលដែលបានកន្លងទៅ ដោយសង្ឃឹមថា ពេល
វេលាអនុញ្ញាតឲ្យជីវិតនិស្ស័យមានដំណើរបន្តិចទៅមុខទៀត
 ក្នុងភាពគ្រប់ទឹកមួយតំណក់ដែលរអិលឃ្លេងឃ្លោងលើស្លឹក
ផ្កាឈូកនៃយថាកម្ម។
តើទល់នឹងមួយ ជីវិតរបស់និស្ស័យមានទម្ងន់ជាងជីវិតនៃក្មេង
កំព្រាដែលរស់លើគំនរសំរាមនៅស្ទឹងមានជ័យឬ? តើព្រលឹង
របស់ឯកឧត្តមមានខ្លឹមសារជាងព្រលឹងរបស់និស្ស័យចំពោះ
មុខមរណៈភាពឬ? តើការយល់សប្តិរបស់ម្ដាយនិស្ស័យមិនល្អ
បរិសុទ្ធស្មើនឹងការយល់សប្តិរបស់ជំទាវឬក្សត្រីទាំងនោះឬ?
 នៅពេលចុងក្រោយបំផុតដែលព្រលឹងយើងរបូតចេញទៅ
 សំបកប្រាណយើងមានតម្លៃស្មើនឹងសំបកក្អមមួយប៉ុណ្ណោះ
 ទោះបីមានថ្ពក់មហាសញ្ញាបត្រ ឬគ្រឿងឥស្សរិយយស
រណេងរណោងទៅជាមួយក្តី។ នៅខាងចុងជីវិតមរណៈភាព
កិនកន្សោមមោទនភាព កិត្យានុភាព និងមហិច្ឆិតារបស់មនុស្ស
លោកគ្រប់រូបឲ្យរាបស្មើ។ ឧត្តមគតិទាំងប៉ុន្មានដែលនិស្ស័យបាន
ស្រមើស្រមៃស្វែងរកក្នុងពេលយុវវ័យ ឥឡូវនេះរលាយទៅជា
មួយនឹងពេលវេលាដែលកន្លងទៅ។ អ្វីៗដែលនិស្ស័យមានជំនឿ
ទៅលើ មិនមានភាពស្របគ្នានឹងអ្វីៗដែលភ្នែកនិស្ស័យបាន
សង្កេតឃើញ។ ព្រឹត្តិការណ៍នយោបាយទាំងប៉ុន្មាន ច្រើនតែមាន
សភាពលក្ខណៈផ្ទុយឬក្បត់នឹងពាក្យសន្យា។
 ក្នុងពេលនេះ មាននៅសល់តែសេចក្តីស្នេហានិងការគោរពឪពុក
ម្តាយប៉ុណ្ណោះ ដែលសង្កេតយ៉ាងពិតប្រាកដលើដួងចិត្ត ហើយនិង
វាយោខែកត្ដឹកដែលបក់យ៉ាងទៀតទាត់រាល់រដូវរំហើយ។
ប៉ុន្តែ បន្តិចទៀត និស្ស័យនឹងត្រូវឃ្លាតឆ្ងាយពីម្ដាយចាស់ ពីស្រុក
កំណើត ពីបងប្រុស ពីក្មួយប្រុសស្រី ពីចេតិយឪពុក…សែនឆ្ងាយ
ពីវាយោខែកត្តឹកលើភូមិបឹងកេងកង។
នៅពេលនិស្ស័យកំពុងសញ្ជប់សញ្ជឹងអំពីអត្ថន័យពិតប្រាកដនៃ
ឆាកជីវិតរបស់ខ្លួន ម្ដាយនិស្ស័យដើរសន្សឹមៗចូលមកជិត ហើយ
ដាក់ហត្ថស្គមដែលមានស្បែកជ្រីវជ្រួញមកលើស្មានិស្ស័យយ៉ាង
ថ្នម។ គាត់សម្លឹងមើលភក្រ្តនិស្ស័យទាំងស្រឡាញ់និងអាណិត
ដោយយល់អំពីការជ្រួលច្របល់ដែលកំពុងអង្រួនច្របាច់គ្រប់
សរសៃដួងវិញ្ញាណរបស់កូន។ គាត់និយាយឡើងថា ៖
-និស្ស័យ! ពេលកាន់តែល្ងាចទៅហើយ ចូរយើងទៅលាធាតុ
ឪពុកកូនម្តងទៀតមុននឹងត្រឡប់ទៅផ្ទះវិញ ពីព្រោះម៉ែមាននៅ
សល់តែយប់នេះទៀតទេដែលម៉ែអាចឃើញកូននៅពីមុខម៉ែ
 ហើយអាចនិយាយឆ្លើយឆ្លងគ្នាជាមួយកូនមុននឹងកូនឃ្លាតពី
ម៉ែនៅពេលព្រឹកស្អែកឡើង…
និស្ស័យបែរភក្ត្ររកម្ដាយ ហើយដឹកដៃម្ដាយដើរសន្សឹមៗទៅ
កាន់ប្រាង្គចេតិយដោយមានបងប្រុសនិងក្មួយស្រីជូនដំណើរពី
ខាងក្រោយ។ ម្នាក់ៗក្នុងពេលនេះ មានអារម្មណ៍ស្រងូតស្រងាត់
ហាក់ប្រៀបដូចជាមានអ្វីមកហែកឱរា ហើយបង្កើតជាចន្លោះអូរ
មួយ ដែលការទុក្ខព្រួយហូរចូលមកទប់មិនឈ្នះ។
នៅពេលឡើងរថយន្ត ដើម្បីចាកចេញពីវត្តជម្ពូវ័នមកកាន់ទីក្រុង
ភ្នំពេញវិញ និស្ស័យនិយាយទៅកាន់ម្ដាយថា៖
-ម៉ែ! មុននឹងយើងត្រឡប់ទៅកាន់ផ្ទះយើងឯបឹងកេងកងវិញ កូន
សូមឆៀងចូលទៅកាន់វត្តបទុមវត្តីបន្តិចសិន ដើម្បីអុជធូបលា
សុណ្ណាវី..
ម្ដាយនិស្ស័យឆ្លើយសម្របឡើងថា៖
-ត្រូវហើយកូន! សុណ្ណាវីបានរង់ចាំអស់ចំនួនជាច្រើនឆ្នាំហើយ
បានស្រឡាញ់កូនណាស់។ ហេតុដូច្នេះ កូនមិនត្រូវចាកចេញ
ពីស្រុកយើងទៅ ដោយមិនបានទៅលាសុណ្ណាវីទេ។ ចំពោះម៉ែ
វិញ កូនកុំព្រួយចិត្តខ្លាំងពេក ពីព្រោះម៉ែមានចៅវណ្ណារី និង
 សុមាលី (៣) ដែលជាក្មួយស្រីម៉ែ ហើយដែលបានភៀសខ្លួនពី
ស្រុកកោះធំមកជ្រកនៅជាមួយម៉ែនឹងជួយថែទាំម៉ែជួសកូន
ហើយ…
ក្នុងរាត្រីនោះ និស្ស័យនិទ្រាមិនលក់ទេដោយក្តារក្រាលជញ្ជាំង
 ផ្លានផ្ទោងនៃផ្ទះឈើបន្លឺស្នូរសង្កៀតលានខ្សឹបខ្សៀវហាក់ប្រៀប
ដូចជាព្រលឹងជីដូនជីតាមីងមាទាំងប៉ុន្មាននាំគ្នាពពាក់ពពូនមក
បន្ទោសនិស្ស័យដែលបណ្តោយឲ្យម្ចាស់ចាស់រស់ម្នាក់ឯង។
ចំណែកឯសត្វតុកកែក៏មិនព្រមនៅស្ងៀម ហើយមកកំដរអារម្មណ៍
និស្ស័យរហូតហួសពេលអធ្រាត្រ។ ទ្រាំពុំបាន និស្ស័យក៏ក្រោកមក
អង្គុយក្បែរគ្រែដំណេកម្ដាយរហូតដល់រស្មីព្រាងនៃព្រះអារុណ។
នៅពេលព្រឹកឡើង ម្ដាយនិស្ស័យរក្សាភក្រ្តញញឹម ដើម្បីសម្រួល
ការចេញដំណើររបស់កូន និងកុំឲ្យកូនមានទាក់ទាញជំហាន។
តែនៅពេលដែលនិស្ស័យចាកចេញផុតពីទ្វាររបងផ្ទះ ការញញឹម
បានប្រែក្លាយភ្លាមជាទឹកភ្នែក ហើយនៅក្នុងពេលនោះ ម្ដាយ
និស្ស័យចង់ស្រែកហៅកូនឲ្យបង្អង់ដំណើរមួយវិនាទីសិន ដើម្បី
ឃើញមុខកូនម្តងទៀត។ ចម្លែកណាស់! និស្ស័យហាក់ដូចជាឮ
សំឡេងអង្វរសម្ងាត់របស់ម្ដាយ ហើយក៏ត្រឡប់ជំហានមកដាក់
ក្បាលកើយលើភ្លៅម្ដាយ ហើយលូកយកកូនកន្សែងក្រហមពី
ហោប៉ៅម្ដាយមកជូតទឹកភ្នែកឲ្យម្ដាយដែលហូរទប់ពុំឈ្នះ។
ពាក្យដែលជាដុំមាសដែលនិស្ស័យបានឮចុងក្រោយបំផុត
ពីម្ដាយក្នុងជាតិនេះ គឺ៖
-កូនមាសម្ដាយ…
ប៉ុន្មានខែក្រោយមក ថ្ងៃទី១៧មេសា១៩៧៥ ប្រកាសយុគលាន
មរណៈ។ តាំងពីពេលនោះមក និស្ស័យបានជួបឪពុកម្ដាយ
បងប្រុស និងក្មួយប្រុសស្រី តែក្នុងការយល់សប្តិប៉ុណ្ណោះ ហើយ
នៅក្នុងរាត្រីខ្លះនៃព្រះចន្រ្ទពេញបូណ៌មី និស្ស័យស្រមៃឃើញផ្កា
កុលាបមួយទងរបូតចេញពីបាតដៃនាងសុវណ្ណាវី ហើយធ្លាក់
ពង្រាយស្រទាប់ក្នុងចរន្តវាយោខែកត្ដិក។

សរសេរចប់ ខែវិច្ឆិកា (កត្តិក) ឆ្នាំ២០០៤
         គ. ខូវនី

(៣) ៖ សូមអានរឿងប្រលោមលោក «ព្រះអាទិត្យខ្មៅនៃអតីត»

កកន៖ប្រិយមិត្តអ្នកអានជាទីមេត្រី

រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដែលលោកអ្នកនាងកញ្ញាបានអាននៅ

ទីនេះ​គ្រាន់តែជាការដកស្រង់វគ្គខ្លះៗតែប៉ុណ្ណោះ។ សំណៅដើមរឿងនេះ

សរសេរអក្សរដៃនិងវែងណាស់មិនអាចផ្សាយជូនទាំងស្រុងបានឡើយ។ 

 ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូដែលជាអ្នកនិពន្ធជាទីគោរព​ដ៏ខ្ពង់ខ្ពស់

ដែលបានផ្តល់រឿង<ឆ្ងាយពីវាយោខែកត្តឹក>ដើម្បីឲ្យខ្ញុំចែករំលែកជូន

អ្នកអានប្លក់របស់ខ្ញុំ ។

ប៉ិច​ សង្វាវ៉ាន

Advertisements

One response to “ឆ្ងាយពីវាយោខែកត្តឹក ដោយ​លោកគ.​ខូវនី

  1. អរគុណ ចំពោះអត្ថបទនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s