ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖​ស្វាយ​ លី​ម៉េង៖គ្រប់យ៉ាងដើម្បីអ្នកណា



រង្វាន់អក្សរសិល្ប៍ឆ្នាំ២០១១ចំណាត់ថ្នាក់លេខ៣ស្ទួន

រក្សាសិទ្ធិ

ស្វាយ ​លី​ម៉េង(ពាក់អាវ​សរ)បានទទួលប័ណ្ណកិត្តយសពីលោកយី ឆេងអ៊ួ (ហៅប៉េង)នៅថ្ងៃ៩ខែកក្កដា២០១១ 

ខ្ញុំ និងស្វាយ លីម៉េងក្នុងសិក្ខាសាលាថ្ងៃ៩កក្កដា២០១១

ចរាចររាល់ថ្ងៃកកស្ទះខ្លាំងណាស់ បើសិនជាខ្ញុំគ្មានម៉ូតូទំនើប រថយន្តទំនើប ខ្ញុំប្រាកដជាពិបាកហើយ។ ម៉្យាងទៀត បើសិនជាខ្ញុំគ្មានរបស់ទាន់សម័យទាំងអស់នោះ ពួកម៉ាករបស់ខ្ញុំក៏ប្រាកដជាមិនរាប់អានខ្ញុំដែរ។
    ខ្ញុំជាសិស្សវិទ្យាល័យមួយរូប ហើយខ្ញុំក៏ជាPLAY BOYដ៏ទាក់ទាញម្នាក់ផងដែរ។ ស្រីៗជាច្រើនរួមប្រជែងគ្នាដណ្តើមបេះដួងរបស់ខ្ញុំ។ ដើម្បីជាការតបស្នង ខ្ញុំតែងតែចំណាយពេលបរិច្ឆាគបេះដូងសម្រាប់ពួកនាងម្នាក់ៗអស់រយៈពេលពីរខែ។  
    ឆ្នាំថ្មី របស់ថ្មី អ្វីៗក៏ថ្មីទាំងអស់។ ខ្ញុំសុំប៉ា និងម៉ាក់ប្តូរម៉ូតូម៉ាកថ្មី។ គាត់ទាំងពីរមិនបានប្រកែកជាមួយខ្ញុំនោះទេ ព្រោះខ្ញុំជាកូនពៅ។ខ្ញុំមានបងស្រីម្នាក់ និងបងប្រុសម្នាក់។ ម៉្យាងទៀត តម្លៃត្រឹមម៉ូតូមួយគ្រឿងវាគ្មានអ្វីជាបញ្ហាសម្រាប់គ្រួសាររបស់ខ្ញុំទេ។ ខ្ញុំជាអ្នកទៅរើសដោយខ្លួនឯង។ អូហូ! ម៉ូតូថ្មី របស់ខ្ញុំធានាថាពិតជាឡូយ និងដំបូងគេនាសម័យកាលនេះ ហើយគ្មាននរណាបានជិះមុនខ្ញុំនោះទេ។ ម៉ូតូនោះមានភ្ជាប់កញ្ចក់មួយគូ។ លើសពីនេះទៀត អ្នកលក់ចិត្តល្អបានថែមមួកការពារសុវត្ថិភាពឲ្យខ្ញុំមួយទៀតផង។ ខ្ញុំគិតសព្វៗទៅ ខ្លួនខ្ញុំហាក់ដូចជាមានសំណាងខ្លាំងណាស់ ព្រោះនៅពេលណា ដែលខ្ញុំត្រូវការរបស់អ្វីមួយ ខ្ញុំតែងតែទទួលបានវាជានិច្ច ។ ពេលខ្លះ ខ្ញុំក៏គិតថាចង់ជិះឡាននឹងគេដែរ ប៉ុន្តែ ចាំដល់ពេលរៀនមហាវិទ្យាល័យសិនទើបកាន់តែឡូយជាងនេះ។
    ខ្ញុំបានយកម៉ូតូមកម្តុំផ្សារអូរឫស្សីដើម្បីបន្ថែមសម្រស់របស់វាឲ្យកាន់តែឡូយដូចជារូបខ្ញុំដែរ។ ខ្ញុំដាក់កាំបន្ទះឲ្យវា។ ខ្ញុំបិទតែមបន្ថែមទៀត។ ខ្ញុំដាក់ភ្លើងលម្អនិងគ្រឿងបរិក្ខារផេ្សងទៀតដែលទំនើបបំផុតនាសម័យកាលចុងក្រោយនេះ។ បន្ទាប់ពីនោះ ខ្ញុំបានជិះឆ្វែលជុំវិញសាលារៀនរបស់ខ្ញុំយ៉ាងរីក រាយ។ មិត្តខ្ញុំម្នាក់ណាក៏សរសើរខ្ញុំគ្រប់ៗគ្នា។ ខ្ញុំដឹងថា បន្ទាប់ពីឃើញម៉ូតូរបស់ខ្ញុំ ពួកវាប្រាកដជាទៅរំអុកប៉ា និងម៉ាក់របស់វាឲ្យទិញឲ្យដែរហើយមើលទៅ…….?
    នៅថ្ងៃនេះគឺដូចជាទម្លាប់ធម្មតា ពួកយើងជិះម៉ូតូប្រជែងគ្នាត្រសងពេញដងផ្លូវ។ ពួកយើងមិនពាក់មួកសុវត្ថិភាពទេ ព្រោះវាធ្វើឲ្យខូចម៉ូតសក់PLAY BOY របស់ពួកយើង ហើយកញ្ចក់ម៉ូតូក៏គ្មានដែរ។ ខ្ញុំគិតថា វាដូចជាសម្រែខ្លាំងណាស់។ ប៉ា និងម៉ាក់តែងតែដាស់តឿនខ្ញុំជារឿយៗ ហើយបងប្រុសវិញក៏ស្តីឲ្យខ្ញុំយ៉ាងខ្លាំងដែរអំពីរឿងពាក់មួកសុវត្ថិភាពនេះ។ លើសពីនេះទៀត មួកសុវត្ថិភាពក៏ជាសត្រូវរបស់ម៉ូតូខ្ញុំដែរ។ សត្រូវធំបំផុតរបស់ខ្ញុំ គឺពួកប៉ូលីសដែលចាំផាកពិន័យមនុស្សដែលមិនគោរពច្បាប់ដូចជា រូបខ្ញុំ។ ឯរឿងបន្តទៀតនោះ គឺភ្លើងស្តុបតែម្តង។ ចាំមើលណា៎ ថ្ងៃណាមួយខ្ញុំនឹងលួចចោលភ្លើងស្តុបនោះឲ្យបែកខ្ទេចម្តង។ ពួកយើងកំពុងជិះម៉ូតូភ្លេចខ្លួនស្រាប់តែសម្លេងកញ្ជែឮសូរជ្រែតៗនៅពីមុខពួកយើង
–    អីយ៉ាស់! ជាប់កប៉ូលីសហើយពួកយើង វ៉ើយនាំគ្នាបត់ចូលតាមច្រកតូចវិញ!
នេះជាសំដីរបស់ខ្ញុំបញ្ជាមិត្តរបស់ខ្ញុំឲ្យបត់ទៅតាមផ្លូវតូចវិញម្តង។ ប្រាំនាទីក្រោយមក ពួកយើងក៏បានមកដល់ទីដែលយើងបានណាត់ជួបស្រីស្នេហ៍យ៉ាងរីករាយ។ ជាទូទៅពួកយើងតែងតែ ជួបប្រទះនូវហេតុការណ៍នេះជានិច្ច ហើយវាបានក្លាយទៅជាទម្លាប់ដែល ធ្វើឲ្យសប្បាយថែមទៀតផង បើទោះបីជាខ្ញុំដឹងថា វាជាការល្មើសច្បាប់ចរាចរក៏ដោយ។
ពេលវេលាដើរយឺតណាស់សម្រាប់ការរង់ចាំ។ ប៉ុន្តែ  វាដើរលឿនណាស់សម្រាប់ការសប្បាយ
របស់ខ្ញុំ។ ម៉ោងប្រហែលជាប្រាំបីយប់  ខ្ញុំកំពុងឌុបម៉ាក់នៅលើផ្លូវមួយ។ បរិយាកាសនាពេលរាត្រី
លើដងវិថីហាក់ដូចជារយាលច្រើន មើលទៅវាដូចជាបានសម្រាកខ្លះហើយពីការនឿយហត់នៅពេលថ្ងៃ។
 ភ្លើងបំភ្លឺផ្លូវមានពន្លឺភ្លឺព្រឹមៗ។ ចំណែកឯលោកភ្លើងស្តុបក៏មិនទាន់បានសម្រាកទៀត។ ខ្ញុំគិតថា វាល្មមដល់ពេលដែលលោកភ្លើងស្តុបសម្រាកហើយ ព្រោះថាមិនសូវមានម៉ូតូ និងឡានចង្អៀតគ្នា
ទៀតឯណា។ ដោយសារតែគំនិតបែបនេះហើយ ទើបខ្ញុំបានបន្ថែមល្បឿនទៅមុខទៀត បើទោះបីជា
មិនទាន់ដល់ភ្លើងអនុញ្ញាតឲ្យខ្ញុំទៅក៏ដោយ។ រឿងមិនគួរកើតបានកើតមានឡើង។ ដោយសារតែខ្ញុំ សម្លេងដ៏រន្ឋត់មួយបានបន្លឺឡើងពេញដងផ្លូវ។ ខ្ញុំភ័យមែនទែន  ភ័យនឹងខ្លូនឯង ភ័យនឹងម៉ាក់ដែលនៅ
ពីក្រោយខ្ញុំ ភ័យនឹងម៉ូតូថ្មីរបស់ខ្ញុំ និង ភ័យជាមួយនឹងកំហុសដែលខ្ញុំបានបង្កឡើង។
–    នុះ! គឺអាមួយម៉ូតូថ្មីនោះជាអ្នកបើកបុកគេ!
–    នុះ! គឺអាស្ទាវមួយនោះជាអ្នកខុស!
–    នុះ! គឺអាទំនើងមិនគោរពច្បាប់ចរាចរមួយនោះជាអ្នកខុស! ពេលនេះសមមុខវាហើយ….
–    មែនហ្នឹង! ប៉ុន្តែអាណិតតែអ៊ំស្រីម្នាក់នេះ និងក្មេងតូចមួយនោះទេ បាត់មាត់សន្លប់ឈឹងតែម្តង!   តោះ!ទៅជួយគ្រាហ៍គាត់យកមកចូលក្នុងសិនមក…….!
ទាំងអស់នេះគឺជាសម្លេងមនុស្សដែលកំពុងរោមមើលហេតុការណ៍គ្រោះថ្នាក់របស់ខ្ញុំ។ មួយម៉ាត់ណាក៏ជាកំហុសរបស់ខ្ញុំដែរ។ តើខ្ញុំពិតជាខុសមែនឫ?
ខ្ញុំមានរបួសក្បាលចេញឈាមតិចៗ។ អ្នករបួសពីរនាក់ប្តីប្រពន្ឋគឺគ្រាន់តែរបួសសើស្បែក
ប៉ុណ្ណោះ ព្រោះតែពួកគាត់មានមួកការពារសុវត្ថិភាព។ អ្នករបួសធ្ងន់មានតែម៉ាក់របស់ខ្ញុំ និង កូនតូច
របស់ពីរនាក់ប្តីប្រពន្ឋនោះប៉ុណ្ណោះដែលសន្លប់បាត់មាត់ដូចគ្នា។ ខ្ញុំប្រញាប់ទូរស័ព្ទជម្រាបលោកប៉ា បងប្រុសនិងបងស្រីឲ្យបានដឹងពីរឿងនេះ ហើយខ្ញុំក៏មិនភ្លេចប្រាប់
មិត្តភក្តិរបស់ខ្ញុំដែរ។ ប៉ាបានទូរស័ព្ទហៅឡានពេទ្យយ៉ាងប្រញាប់។ គាត់មានអារម្មណ៍តក់ស្លុតណាស់នៅពេលឃើញម៉ាក់ក្នុងសភាពបែប នេះ។ ប៉ូលីសវាស់វែង ដើម្បីពិនិត្យរកអ្នកបង្កហេតុ។ ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងច្បាស់ណាស់ថាជារូបខ្ញុំ។ ខ្ញុំមិនគោរពភ្លើងសញ្ញាចរាចរ។ ខ្ញុំគ្មានពាក់មួកការពារសុវត្ថិភាព។ ខ្ញុំគ្មានដាក់កញ្ចក់នឹងម៉ូតូ។ ខ្ញុំបើកម៉ូតូលើសល្បឿនកំណត់របស់ច្បាប់។ ខ្ញុំជាអ្នកមិនគោរពច្បាប់។
ឡានពេទ្យមកដល់ មិត្តភក្តិរបស់ខ្ញុំក៏មកដល់ដែរ។ ប៉ា និងបងស្រីជាអ្នកជូនម៉ាក់ទៅពេទ្យ ។ កូនតូច និងម្តាយរបស់វាក៏ទៅពេទ្យជាមូយនឹងម៉ាក់ដែរ។ ឥឡូវនៅសល់តែខ្ញុំ បងប្រុសរបស់ខ្ញុំ ឪពុករបស់ក្មេងតូច មិត្តភក្តិរបស់ខ្ញុំ និងអ្នកដែលត្រូវទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ប៉ុណ្ណោះ។ របូសរបស់ខ្ញុំ នៅតែមានឈាមហូរមកតិចៗ តែបានសង្សាររបស់ខ្ញុំជាអ្នកជូតឈាមឲ្យជានិច្ច។ ខ្ញុំមានអារម្មណ៍ថា ស្អប់ខ្លូនឯងខ្លាំងណាស់។ តើម៉ាក់ និងក្មេងតូចនោះនឹងទៅជាយ៉ាងណា?
រឿងអកុសលបានកើតឡើង។ វាបានបន្សល់ទុកនូវវិប្បដិសារីសម្រាប់ខ្ញុំ។ ខ្ញុំអង្គុយក្បែរអ្នកម៉ាក់រហូត។ ពេទ្យនិយាយថា ម៉ាក់អាចសន្លប់យូរ។ ប៉ុន្តែមានដំណឹងល្អមួយសម្រាប់ខ្ញុំ។ ក្មេងម្នាក់នោះមិនមានបញ្ហាអីធំដុំនោះទេ ហើយបងប្រុសក៏បានដោះស្រាយរឿងគ្រោះថ្នាក់ចរាចរ
បានចប់សព្វគ្រប់ហើយដែរ។ នៅអង្គុយក្បែរខ្ញុំពេលនេះគឺមានតែបងប្រុស និងម៉ាក់ដែលកំពុងតែ
សម្រាកនៅលើគ្រែក្នុងមន្ទីរ ពេទ្យប៉ុណ្ណោះ។ ខ្ញុំបន់ស្រន់នៅក្នុងចិត្ត សូមកុំឲ្យម៉ាក់មានរឿងអាក្រក់មួយទៀតកើតឡើងធ្វើអី។ ខ្ញុំកាន់ដៃ របស់ម៉ាក់យ៉ាងជាប់។ ម្តេចក៏គាត់បិទភ្នែកយូរម្ល៉េះ? ហេតុអីក៏ម៉ាក់មិនព្រមបើកភ្នែកឡើងមើលមុខកូនអ៊ីចឹង? ម្តងបន្តិចៗ កម្លាំងរបស់ខ្ញុំចាប់ផ្តើមចុះខ្សោយ។ ត្របកភ្នែករបស់ខ្ញុំកាន់តែទម្លាក់មកគ្របមិនឲ្យខ្ញុំបានឃើញអ្វីជាបន្តទៀតទេ។ ខ្ញុំបិទភ្នែកកាន់តែជិត ហើយឈាមរបស់ខ្ញុំក៏ចេះតែប្រជែងគ្នាជាមួយទឹកភ្នែកមួយតក់ៗរបស់ក្មេងដូចជារូបខ្ញុំដែរ។ តើខ្ញុំជាកូនល្អឫទេ? តើខ្ញុំជាសិស្សល្អឫទេ? ហើយតើខ្ញុំជាពលរដ្ឋល្អឫទេ? បញ្ចប់សំណួរនេះ ខ្ញុំលែងបានឃើញមុខរបស់ម៉ាក់តទៅទៀតហើយ។ ខ្ញុំមិនចង់ឃ្លាតពីគាត់ទេ! សូមកុំយកម៉ាក់ខ្ញុំទៅណាអី….!
អារុណរៀងរះលើមេឃា ដួងចន្រ្ទាក៏និន្រ្ទាចាកលោកិយនេះហើយ។ សន្សើមពេលព្រលឹមពិតជាត្រជាក់ខ្លាំងណាស់។ ប៉ុន្តែវាជាសញ្ញានៃការចាប់ផ្តើមជាថ្មី។ ព្រលឹមថ្ងៃថ្មី អ្វីៗក៏ចាប់ផ្តើមថ្មីដែរ។ ម៉ាក់កំពុងបញ្ចុកបបរឲ្យខ្ញុំញ៉ាំ។ ចំណែកឯសង្សាររបស់ខ្ញុំកំពុងតែចិតផ្លែឈើទុកឲ្យខ្ញុំញ៉ាំដែរ។ នៅពេលនេះ ខ្ញុំបានឃើញលោកប៉ា បងប្រុស បងស្រី និងមិត្តភក្តិរបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារដែលខ្ញុំបានបុកកាលពីថ្ងៃមុន។ គាត់ក៏មានទិញផ្លែឈើ និងទឹកដោះគោឆៅយកមកផ្ញើខ្ញុំដែរ។ ពួកគាត់មិននឹកស្មាន ថា អ្នករងគ្រោះធ្ងន់ធ្ងរគឺជារូបខ្ញុំទៅវិញ។ មនុស្សមានសន្តានចិត្តបែបនេះពិតជាពិបាករកណាស់។ គាត់មិនខឹងនឹងខ្ញុំដែលបង្កបញ្ហាដល់ក្រុមគ្រួសាររបស់គាត់ ហើយបែរជាយកចិត្តទុកដាក់ជាមួយខ្ញុំទៅ វិញ។ ចប់ពីម៉ាក់បញ្ចុកខ្ញុំរួចហើយ គឺជាវេនក្មេងតូចកាលពីថ្ងៃនោះ។ វាកាន់ទឹកដោះគោឆៅមកឲ្យខ្ញុំ រួចវានិយាយឲ្យកម្លាំងចិត្តមកខ្ញុំថា ៖
–    ពូ! ត្រូវខំញ៉ាំឲ្យបានច្រើនទើបឆាប់ជា ហើយពូកុំបើកម៉ូតូលឿនៗទៀត ប្រយ័ត្នគ្រោះថ្នាក់ទៀតណា៎
វានិយាយរួចខ្ញុំសង្កេតឃើញថា អ្នកទាំងអស់គ្នាប្រាកដជាលួចសើចក្នុងចិត្ត។ ទាំងអស់គ្នាប្រហែលជាគិតថា ក្មេងម្នាក់នេះឆ្លាត និងចេះដឹងច្រើនជាងខ្ញុំផងមើលទៅ។ ចំណែកខ្ញុំក៏មានអារម្មណ៍សប្បាយជាមួយក្មេងនេះដែរ។ ខ្ញុំបានទទួលយកពីដៃវាដោយក្តីពេញចិត្ត។ ម្នាក់ៗបានផ្តល់កម្លាំងចិត្តឲ្យខ្ញុំយ៉ាងច្រើន។គ្មានអ្វីសំខាន់ជាងការអត់ឧន និងការផ្តល់អធ្យាស្រ័យ
ឲ្យគ្នាទៅវិញទៅមកនោះទេ ហើយក៏គ្មានអ្វីប្រសើរជាងការធ្វើខុសហើយចេះកែខ្លួនមកវិញដែរ។
អស់រយៈពេលមួយសប្តាហ៍ខ្ញុំបានត្រឡប់មកផ្ទះវិញ។ ក្បាលរបស់ខ្ញុំនៅឈឺតិចៗ ប៉ុន្តែខ្ញុំហាក់ មានកម្លាំងច្រើនមកវិញ។ ខ្ញុំបានសន្លប់នៅពេលដែលខ្ញុំកំពុងតែអង្គុយមើលម៉ាក់នៅក្នុងមន្ទីរពេទ្យ ហើយប្រហែលជាពីរម៉ោងក្រោយមក ម៉ាក់ក៏បានដឹងខ្លួនឡើងវិញ។ ឥឡូវនេះគាត់មិនអីទេ។ តាមពិត គាត់ស្លុតនឹងព្រឹត្តិការណ៍នោះ ហើយដោយសារគាត់មានវ័យចំណាស់បន្តិចផងទើបវាក្លាយទៅជាបែប នេះ។ ក្រោយព្រឹត្តិការណ៍នេះ ខ្ញុំដូចជាកើតម្តងទៀតអ៊ីចឹង។ ខ្ញុំសប្បាយចិត្តព្រោះគ្មាននរណាម្នាក់រងគ្រោះដោយសារខ្ញុំទេ។ នៅពេលនេះ ខ្ញុំយល់ហើយថា តើនរណាជាអ្នកធ្វើបាបខ្ញុំ ហើយតើនរណាជាអ្នកធ្វើឲ្យខ្ញុំមានសេចក្តីសុខ។ គ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើបាបខ្លួនឯង។ ខ្ញុំដឹងថា ខ្ញុំមានសំណាងខ្លាំងណាស់។ ប៉ុន្តែហេតុអ្វីក៏ខ្ញុំមិនព្រមឲ្យសំណាងនោះផ្តល់សេចក្តីសុខ និងអនាគតមួយដ៏ត្រចះត្រចង់វិញទៅ..?សង្គមបង្កើតច្បាប់គឺចង់ឲ្យមនុស្សល្អ និងរស់នៅជាមួយគ្នាពោរពេញទៅដោយសេចក្តីសុខ ។ម៉ាក់ប្រាប់ខ្ញុំក៏ចង់ឲ្យខ្ញុំមានសេចក្តីសុខដែរ។ ខ្ញុំចង់ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ សម្រាប់សង្គមរបស់ខ្ញុំ។ ខ្ញុំចង់រស់នៅក្នុងសុភមង្គល សីលធម៌ និងការគោរពច្បាប់។
ថ្ងៃច័ន្ទ ម៉ោងប្រាំល្ងាច ពួកម៉ាកខ្ញុំ និងខ្ញុំចេញពីរៀនគ្រប់ៗគ្នា។ ពួកយើងជិះម៉ូតូដដែល។ ប៉ុន្តែម៉ូតូរបស់ខ្ញុំគឺជាម៉ូតូថ្មីមួយគ្រឿងទៀត។ ពួកយើងទាំងអស់គ្នាពាក់មួកការពារសុវត្ថិភាពយ៉ាង
ត្រឹមត្រូវ ហើយមានកញ្ចក់មួយគូសម្រាប់ពួកយើងមើលទៅខាងក្រោយនៅពេលដែលពួកយើងបត់។ ពួកយើងឈប់នៅពេលភ្លើងក្រហម។ ពួកយើងត្រៀមចេញដំណើរនៅពេលឃើញភ្លើងលឿង ហើយពួកយើងនឹងចេញដំណើរនៅពេលឃើញភ្លើងខៀវ។ ទាំងនេះគឺជាវិន័យថ្មី និងទម្លាប់ថ្មីសម្រាប់ពួកយើង។ ម្នាក់ៗមិនភ្លេច ហើយក៏មិនល្មើសទៀតដែរ។ ម៉ូតូPLAY BOY ពីមុនគឺគ្មានទេ។នេះជាហេតុផលដែលម៉ាក់ទិញម៉ូតូថ្មីនេះឲ្យខ្ញុំ។​​ ឥឡូវនេះ គឺមានតែម៉ូតូយុវសិស្សសង្ហាមួយក្រុមប្រចាំវិទ្យាល័យនេះតែប៉ុណ្ណោះ។
ចរាចរកំពុងមមាញឹកស្របទៅតាមការវិវឌ្ឍន៍របស់សង្គម។ យានយន្តគ្រប់ប្រភេទកំពុងបរតាមភ្លើងសញ្ញាចរាចរដែលបានអនុញ្ញាត។ គ្មានរូបភាពបើកគេចប៉ូលីសទៀតឡើយ។ ខ្ញុំដឹងថា ខ្ញុំជាមនុស្សចុងក្រោយគេដែលទើបតែគោរពច្បាប់ចរាចរហើយ។ ម្យ៉ាងទៀត ខ្ញុំមិនមែនជាបច្ចាមិត្តរបស់ប៉ូលីសទៀតនោះទេ។​ លោកប៉ូលីសក៏លែងលំបាកដើម្បីសេចក្តីសុខរបស់ខ្ញុំទៀតដែរ។
រាត្រីនេះម៉ោងប្រាំបីយប់ ម៉ាក់នៅពីក្រោយខ្ញុំ តែពេលនេះខ្ញុំបានជូនម៉ាក់ទៅដល់ផ្ទះដោយសុវត្ថិភាព។ ក្រុមគ្រួសាររបស់ខ្ញុំកំពុងបរិភោគបាយយ៉ាងមានសេចក្តីសុខ។ នេះគឺជាសេចក្តីសុខរបស់ខ្ញុំរបស់ក្រុមគ្រួសារខ្ញុំ និងរបស់សង្គមខ្ញុំ…៕

ជីរប្រវត្តិសង្ខេបរបស់ខ្ញុំ

ខ្ញុំបាទឈ្មោះ ស្វាយ លីម៉េង  កើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ១៩៩០ នៅខេត្តកំពង់ចាម។ ប៉ុន្តែ ដោយសារបញ្ហាជីវភាព ខ្ញុំបាទបានផ្លាស់ទីលំនៅទៅរស់នៅខេត្តប៉ៃលិននៅឆ្នាំ១៩៩៧។ ខ្ញុំបាទមានបងប្អូន៣នាក់។ ប្រុស២នាក់ និងស្រីម្នាក់។ ឪពុកជាកសិករ។ ម្តាយខ្ញុំបាទក៏ជាកសិករ។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំបាទបញ្ចប់សាកលវិទ្យាល័យផ្នែកច្បាប់ ។

ខ្ញុំបាទធ្លាប់បានទៅចូលរួមសិក្ខាសាលាជាមួយអង្គការ Room to read ស្តីពីការសរសេររឿងកុមារា គូររូប ព្រមទាំង យេនឌ័រ​។

កាលពីចុងឆ្នាំ២០១០ ខ្ញុំបាទបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍​នៃការនិពន្ធរឿងប្រលោមលោកខ្លីវែងដែលរៀបចំដោយសមាគមអក្សរសិល្ប៍នូ​ហាចនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ៕

ស្វាយ លី​ម៉េងរូបទី២ខាងស្តាំ ជួរមុខ
Advertisements

2 responses to “ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖​ស្វាយ​ លី​ម៉េង៖គ្រប់យ៉ាងដើម្បីអ្នកណា

  1. រឿងនេះឆ្លុះបង្ហាញពីសង្គមពិត។ ចាត់ទុកថាជារឿងល្អមួយដែរ…
    បើសិនជាចុងបញ្ចប់នៃរឿងមិនមែនបែបនេះ ប្រហែលជាទាក់ទាញជាង។
    ក្នុងចិត្តរបស់បង យល់ថា លីម៉េងជាគ្រាប់ពូជមួយគ្រាប់របស់អក្សរសិល្ប៍ខ្មែរ
    ក្នុងចំណោម គ្រាប់ពូជដែលកំពុងតែដុះពន្លកជាច្រើន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s