កំប្លែង៖ឈ្មោះចម្លែកដោយប៉ិច សង្វាវ៉ាន

ជនមួយចំនួនបាននាំគ្នាទៅចុះឈ្មោះដើម្បីទទួលការព្យាបាលរោគឥតគិតថ្លៃដែលរៀបចំ
ដោយគ្រូពេទ្យស្ម័គ្រចិត្តសញ្ជាតិបារាំងដើមកំណើតខ្មែរនៅតាមនាវាចល័តមួយតាមដង

ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ដល់វេនយុវជនម្នាក់ដែលឈរមុខគេ។ ស្ត្រីអ្នកកត់ឈ្មោះសួរយុវជននោះថាៈ
– ក្មួយឯងឈ្មោះអី?
– បាទអ្នកមីង ខ្ញុំឈ្មោះឧត្តម។
– ចុះនាមត្រកូល?
– នាមត្រកូលខ្ញុំបាទ ឯក
– ចម្លែកម្ល៉េះ! ឯងឈ្មោះ ឯក ឧត្តមមែនអ្ហ៊ែ?។
– បាទមែន អ្នកមីង។
– ចង់ធ្វើអីថ្ងៃក្រោយ?
 – មិនទាន់ដឹងដែរ។
– ឈ្មោះឯក ឧត្តម ចង់ធ្វើ ឯកឧត្តមនឹងគេទេ?
យុវជននេះលើកដៃអេះក្បាល បញ្ចេញទឹកមុខបែបស្ទាក់ស្ទើរហើយក៏ឆ្លើយថា :
– ចង់តិចៗដែរ តែគ្មានទុយយោ
– ខ្វះអី ទុយយោ នៅហាងលក់គ្រឿងសំណង់ផ្លូវត្រសក់ផ្អែមមានគគោគ ចង់បានប៉ុន្មានម៉ែត្រក៏គេលក់ឲ្យមិនថ្លៃប៉ុន្មានទេ។

និយាយរួច ស្ត្រីនោះហៅអ្នកបន្ទាប់ឲ្យចូលមកទៀត។


– ចាស ជម្រាបសួរអ៊ី។

ឭពាក្យអ៊ី អ្នកស្រីកត់ឈ្មោះដូចជាឡើងកំដៅខ្លួនក្តៅភាយៗ។
– នាងឯងចិនឬ?
– ចាសទេ ខ្មុតសែ ពិតជាខ្មែរសុទ្ឋ មើលតែសម្បុរខ្ញុំដឹងហើយ។

– បើខ្មែរ ម៉េចមិនក៏មិននិយមប្រើពាក្យខ្មែរ ក្រែងស្រុកនេះស្រុកខ្មែរអ្ហី? ។
– ចាស ពាក្យចែ អ៊ី អាស្សាម អាមួយ អាហ៊ា អាចឹក ជាពាក្យពេញនិយមសព្វថ្ងៃនេះ។

– អ្នកណាថា?
– ចាស ខ្ញុំថា ថាតាមការសង្កេត និងតាមត្រចៀកខ្ញុំឮច្បាស់។ 

– យីស ខាតពេលច្រើនណាស់! ខ្ជិលតស៊ូមតិ។

– ប្រញាប់ប្រាប់ឈ្មោះមក ឈ្មោះអី?
– ឈ្មោះ នាងទាវ
– អ៊ីចឹងនាមត្រកូលនាងមែនទេ?
– ចាសមិនមែនទេ។ នាមត្រកូលនាងខ្ញុំ គឺទុំទៅវិញ។ ឈ្មោះហៅពេញលេញ គឺកញ្ញា ទុំ ទាវ

– ឈ្មោះចម្លែកមួយទៀតហើយ។
– ពុកម៉ែនាងឯងកើតស្រុកណា ខេត្តណា?
 -ពុកមិនដឹងកើតនៅស្រុកណាទេ ខ្ញុំចាំតែស្រុកម៉ែ។ ម៉ែខ្ញុំកើតនៅត្បូងឃ្មុំ ខេត្តកំពង់ចាម។
 – ត្រូវម៉ាច់ ច្បាស់ជាទុំទាវចាប់ជាតិហើយបានជានៅអាល័យឈ្មោះនេះ។
– មិនដឹងដែរ ។ ខ្ញុំគ្រាន់តែដឹងថា ម៉ែពុកខ្ញុំចូលចិត្តមើលរឿងទុំទាវណាស់។
– ច្បាស់ជាពុកនាងឯងស្រឡាញ់ពេញចិត្តតួនាងទាវដែលសម្តែងដោយ

នាងដាញ់ម៉ូនីកាហើយបានជាដាក់ឈ្មោះឲ្យនាងឯងថាទាវ
– អ្នកអ៊ី ពូកែស្មានដល់ហើយ។
– នែ ចេះពាក្យអ្នកអ៊ីនេះពីសាលាណា មិនដែលឭតាំងពីកើតមក។ រួចយ៉ាងម៉េចក៏នាំគ្នាស្រឡាញ់ពាក្យអ៊ី

នេះម៉្លេះ? គេនិយាយថា អ្នកមីង មិនមែន អ្នកអ៊ីទេ ​ឮឫនៅនាងទុំទាវ? ចម្លែកណាស់ នាងឯងនេះ ខុសគេ

តាំងពីឈ្មោះ តាំងពីសំដីសំដៅ …តាំងពីស្អីៗខ្លះទេ
– អូហ៍ ខ្ញុំនេះខុសគេ? ពុទ្ធោ ពុទ្ធំ! ឈ្មោះខ្ញុំខ្មែរ​ មុខខ្ញុំក៏ខ្មែរ សម្បុរខ្ញុំក៏ខ្មែរទៀត អ្នកមី
– អើ ខ្មែរទាំងអស់ទាស់តែមិនចេះស្រឡាញ់លក្ខណៈខ្មែរ​ មិនចូលចិត្តប្រើពាក្យខ្មែរ។​ 

ដឹងទេ? ចូលចិត្តយកពាក្យគេមកប្រើ គឺបានសេចក្តីថា​នាង​ឯង​កំពុងតែមើលងាយខ្លួនឯងហើយ។

– សូមលាសិនហើយចាស។

– ឈប់សិន  នាងទុំទាវ នាងហៅខ្ញុំថាមីផង! កុំព្រហើន

 កុំឃើញខ្ញុំនិយាយលេងឡើងចាង។ ចេញទៅ! ហត់ណាស់!​ស្រីឡប់ៗ។

មើល៍ តើមាននរណាឈ្មោះប្លែកទៀតទេ? លើកដៃឡើង។
អ្នកឈរចាំលើកដៃព្រាត ហើយស្រែកលាន់ថាខ្ញុំៗៗៗ។
អ្នកកត់ឈ្មោះនិយាយបង្អាក់សម្លេងហើយថា :
– ត្រូវគោរពវេនមុនក្រោយ៕ ចប់៕

5 responses to “កំប្លែង៖ឈ្មោះចម្លែកដោយប៉ិច សង្វាវ៉ាន

  1. សូមសរសើររឿងកំប្លែងនេះ។ ខ្ងុំសើចឡើងចុកពោះ ហើយ
    អានចុះអានឡើងពីរបីដង នៅតែចង់អានទៀត។

  2. ចម្លែកមែន! ខ្ញុំសើច!!! ហាស៎!!!!

  3. ហា​​​​​​ ហា ហា អរគុណដែលចេះនឹកឃើញដល់ខ្ញុំ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s