ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖ ទី ធាវី​ ៖ ហួសពេលហើយអូន

រក្សាសិទ្ធិ

រូបថតលោកទី ធាវី

គ្រាន់តែពាក្យមួយឃ្លាបកស្រាយប្រាប់ខ្ញុំពីហេតុផលរបស់នាងក៏ខ្ញុំអស់ចិត្តដែរ។

តែផ្ទុយទៅវិញ នាងបែរជាហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញប្រាប់ខ្ញុំថា

នាងមិនព្រមទទួលយករូបខ្ញុំទុកក្នុងចិត្តនាងឡើយ។ មិនតែប៉ុណ្ណោះ ជារឿយៗ

រាល់ពេលដែលខ្ញុំសុំស្នេហ៍

និងក្តីអាណិតអាសូរពីនាង ខ្ញុំតែងទទួលបានមកវិញនូវការផ្គូរផ្គងជាមួយ ឆវី។

ឆវី ជានារីម្នាក់ដែលខ្ញុំមិនពេញចិត្តទាល់តែសោះ។ នេះជាចរិតអធ្មិៈ

មានៈរបស់អូនសុឃឿន។ ប៉ុន្តែ ដោយការនឿយណាយក្នុងចិត្ត ក៏ដូចជា

ការចង់ឈ្នះចិត្តអូនសុឃឿនផងនោះ នៅនឹងមុខនាងតែម្តងខ្ញុំក៏ចុចទូរសព្ទ័ទៅរកឆវី។

ខណៈនោះ អូនសុឃឿន បែរជាញញឹមថែមទាំងជំរុញរូបខ្ញុំ ឲ្យឆាប់ចូលស្តីដណ្តឹងឆវី

ទៀតផង។ ការណ៍នេះ បានស្តែងចេញពីសុឃឿន នាំឲ្យខ្ញុំយល់ថា នៅក្នុងបេះដូង

អូនសុឃឿនពិតជាគ្មានរូបខ្ញុំ សូម្បីបន្តិចឡើយ។

ខ្ញុំមិនតូចចិត្តអ្វីទេ។ តែផ្ទុយទៅវិញ បែរជាកាន់តែ ធ្វើឲ្យខ្ញុំ មានភាពរឹងមាំខ្លាំងឡើងៗ

ក្នុងទំនាក់ទំនងរវាងខ្ញុំ និង ឆវី។ ទីបំផុតរូបខ្ញុំ ឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ជាមួយឆវី។

នៅថ្ងៃចូលរោង សំឡេងភ្លេងការខ្ញុំបានប្រគុំពីផ្ទះខាងស្រី លាន់ឮ

នៅមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់អូនសុឃឿននិងខ្ញុំឡើយ។

ព្រលឹមស្រាងៗរូបខ្ញុំ បានរៀបរយខ្លួនប្រាណហើយ ក៏រូតរះទៅ ផ្ទះខាងស្រីដើម្បី

ស្លៀកពាក់ជា កូនកំលោះ។

ពុទ្ធោអើយ! នៅពេលនោះ ខ្ញុំឃើញអូន សុឃឿន យំឡើងហើមភ្នែក ។

នាងអង្គុយជ្រប់ នៅមុខកាំជណ្តើរផ្លូវចុះ។“
– តើសុឃឿន មានរឿងអ្វី? ហេតុអ្វីបានជាអូនយំ?”។ ខ្ញុំ សួរនាង ដោយចម្លែកក្នុងចិត្ត ។

នាងបានរៀបរាប់ដោយសំឡេង

អួលអាក់ ពីអនុស្សាវរីយ៍រវាងខ្ញុំនិង នាង បានលាន់ឮឡើងពីបបូរមាត់

និងអារម្មណ៍ពិតរបស់នាង ដែលខ្ញុំនឹកស្មានមិនដល់សោះថា សុឃឿន

នៅចង់ចាំវាបានយ៉ាងច្បាស់។ គ្រាន់តែ បានឮដូច្នេះភ្លាម

ខ្ញុំភ្ងាក់ខ្លួនព្រើត ដូចទើបងើបពីស្វាងស្រាអ៊ីចឹងព្រោះខ្ញុំមិននឹកស្មានថាការស្រឡាញ់

និងភាពស្មោះត្រង់របស់ខ្ញុំទើបតែដឹងលទ្ធផលឈ្នះនៅពេលនេះសោះ។

នាងធ្លាប់តែគ្រវីក្បាលជារឿយៗនោះ។

ឱ ! ចិត្តស្រី អើយ! ហេតុអ្វីក៏ពិបាកយល់ម៉្លេះ? ទោះជានាង ខំអង្វរខ្ញុំប៉ុណ្ណា

ក៏ភ្លេងការខ្ញុំ មិនអាចបញ្ឈប់បានឡើយ។

ហួសពេលហើយអូន ជាសំដីក្នុងចិត្តរបស់ខ្ញុំ”។

ពិធីជប់លៀងភោជនាហារមង្គលការរបស់ខ្ញុំបានបញ្ចប់នៅម៉ោងប្រហែល១០យប់។

ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងភ្ញៀវញាតិមិត្តមួយចំនួនទៀតបានឡើងឡាន

ត្រឡប់ពីភោជនីយដ្ឋានមេគង្គសំដៅមកផ្ទះខាងស្រីវិញ។
យប់នោះ គឺ ជាយប់ទីមួយ ដែលខ្ញុំ មិនអាចត្រឡប់មក កន្លែងស្នាក់នៅរបស់ក្មួយស្រី

នឹងអូនសុឃឿនបានទៀតទេ។

រូបថតលោកទី ធាវី

យប់នោះហើយជាយប់ដែលខ្ញុំនឹកឃើញ

អនុស្សាវរីយ៍ទាំងអស់រវាងខ្ញុំនិងអូនសុឃឿន។ ជាពិសេស គឺនឹកឃើញពី

ប្រវត្តិដើមនៃការផ្តើមស្រឡាញ់និងងប់ងុលលើអូនសុឃឿន។ខ្ញុំនឹកឃើញ

ចម្រៀងមួយបទមានចំណងជើងថា<ឱប ប្តី នឹក ដល់ សង្សារ>។

ចំណែក ខ្ញុំ វិញ ឱប ប្រពន្ធ នឹក ដល់ សុឃឿន ។

មិត្ត អ្នក អាន ជា ទី គោរព ! ខាងក្រោមនេះគឺជាប្រវត្តិស្នេហ៍ហួសពេលហើយ

រវាងខ្ញុំនឹងអូនសុឃឿន។ សុឃឿនជានារីជនបទម្នាក់។ ខ្ញុំជាគ្រូបឋមសិក្សានៅជនបទ។

គ្រានោះ ខ្ញុំបានបង្រៀនថ្នាក់ទី៥ នៅបឋមសិក្សាចុងកោះសូទិនខាងត្បូង ភូមិទី៩

ស្រុកកោះសូទិនខេត្តកំពង់ចាម។ ជាចៃដន្យ ក្នុងរាត្រីមួយ ខ្ញុំបានជួបអូនសុឃឿន

ក្នុងពិធីរាំរែក នៃអាពាហ៍ពិពាហ៍ក្បែរភូមិរបស់ខ្ញុំ។ ឃើញភ្លាមស្រឡាញ់ភ្លែត

Love at the first sight វាជានិស្ស័យរបស់បុរស។ មួយពព្រិចភ្នែកនោះ អូនសុឃឿន

បានក្លាយជាតារាល្អឯកមួយដួង ដែលរះយ៉ាងត្រចះត្រចង់ក្នុងបេះដូងខ្ញុំ។

ខ្ញុំសម្លឹងមើលនាងមិនដាក់ភ្នែក ព្រោះអូនសុឃឿនមានភក្ត្រាញញឹមពព្រាយ

សំដីសំដៅរួសរាយរាក់ទាក់បំផុត។ នាងមានកម្ពស់ទំនងជា១៦៨សង់ទីម៉ែត្រ។

មើលទៅដូចជាតួឯកកុនថៃឈ្មោះ មី កាត អញ្ចឹង។

ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ បំផុត ចំពោះនាង គឺថានាងពុំសូវពូកែរាំ

ដូចជាមិត្តភក្តិរបស់នាងទេ។ នាងមានកាយវិការរឹងដូចជាមិនធ្លាប់រាំអ៊ីចឹង។

នាងបានរាំម្តងៗលុះណាតែមិត្តភក្តិចាប់បង្ខំ។ ពេលនាងបានរាំ មើលទៅគួរឲ្យ

អស់សំណើចណាស់ សូម្បីចង្វាក់រាំវង់ដ៏ងាយបំផុតក៏នាងពុំសូវចេះដែរ។

ប្រិយមិត្តដឹងទេ រាត្រីនោះហើយគឺជារាត្រីទី១នៃសេចក្តីសេ្នហាដំបូងរបស់ខ្ញុំ។

ស្នេហានេះ ជាសេ្នហាដ៏សែនចម្លែកព្រោះខ្ញុំគឺជាអ្នកឆ្កួតតែម្នាក់ឯងប៉ុណ្ណោះ។

ចំណែកឯនាងវិញពុំដឹងពីស្នេហ៍លួចលាក់ របស់ខ្ញុំឡើយ។

នាងដឹងតែពីការខំប្រឹងរៀនសូត្រ។ 

ជារៀងរាល់ពេលទោះជាពេលយប់ ឬពេលថ្ងៃ

ខ្ញុំតែងតែបិទភ្នែកស្រមៃ ទៅរកអូនសុឃឿនជានិច្ច។ មានពេលខ្លះ ខ្ញុំសប្បាយចិត្ត។

មានពេលខ្លះ ខ្ញុំអស់សង្ឈឹម ព្រោះខ្ញុំដឹងថា គ្រួសារនាងមានឋានៈខ្ពស់ជាងខ្ញុំ។អ្វីដែល

ខ្ញុំអស់សង្ឃឹមកាន់តែខ្លាំងនោះគឺពិតជាការខ្វះមធ្យោបាយឬឱកាសបញ្ជូនសារ

ពីសេចក្តីសារភាពផ្លូវចិត្តថាខ្ញុំស្រឡាញ់នាង។ ប៉ុន្តែ សំណាងមួយ

បានមកដល់មាត់ទ្វារនៃជីវិតរបស់ខ្ញុំ គឺថាអូនសុឃឿនតាមពិតនាងជាមិត្តភក្តិ

ស្និទ្ធស្នាលជាមួយ វ៉ាន់ថា ក្មួយស្រីខ្ញុំសោះ។

នៅថ្នាក់ទី១១នៃវិទ្យាល័យជីហែ បវេសនកាលឆ្នាំថ្មីបានចាប់ផ្តើម។ ដោយដឹងតាមរយៈ

វ៉ាន់ ថា ថាខ្ញុំពូកែឆ្លាក់សៀវភៅបានល្អបំផុតនោះ អូនសុឃឿន ក៏បានផ្ញើសៀវភៅ

តាមក្មួយស្រីមកឲ្យខ្ញុំជួយឆ្លាក់។ រកឱសពិតជាប្រទះឈើងាប់មែន។

ពេលនោះ ដោយដឹងថាជាសៀវភៅរបស់អូនសុឃឿនអ្នកដែលខ្ញុំស្រឡាញ់បំផុតនោះ ខ្ញុំបានព្យាយាមបញ្ចេញអស់ទេពកោសល្យប្រឹតប្រៀងរចនាយ៉ាងល្អមែនទែន។

កន្លងមកខ្ញុំមិនធ្លាប់ឆ្លាក់សៀវភៅផ្ចិតផ្ចង់បែបនេះឡើយ។ពេលនោះហើយ ខ្ញុំក៏មានឱកាសសារភាពត្រង់ៗតាមរយៈកូនសំបុត្រមួយកប់ក្នុងសៀវភៅរបស់នាង។

ខ្ញុំសរសេរថា៖ <អូន សុឃឿន! ខណៈដែលអូនកំពុងអានសំបុត្រនេះ បងដឹងថា

អូនប្រាកដជា មានអារម្មណ៍មិនជាក់លាក់ក្នុងប្រការណាមួយមិនខាន ហើយប្រាកដ

ជាម៉ៃមកលើបងថា ជាបុរសបែបណាក៏មិនដឹង តែបងសុំទោសអូនពីចម្ងាយ។ បងសែនស្តាយណាស់ដែលបងបានជួបមុខអូនតែម្តងគត់.។…លាក់បាំងអ្វី បងលួច

ស្រឡាញ់អូន សុឃឿនជាយូរមកហើយ។ តាមរយៈកូនអក្ខរានេះ បងសុំចិត្ត

អូនសុឃឿនតែម៉្យាងគត់ គឺសុំកុំជេរតិះដៀលបងអីបើសិនជាអូនមិនអាចទទួលយក

បងបានទេ>។

មួយសប្តាហ៍ក្រោយមក បន្ទាប់ពីខ្ញុំបានបញ្ជូនសៀវភៅទៅឲ្យអូនសុឃឿនវិញ

ខ្ញុំក៏មិនដឹងថានាងមានអារម្មណ៍ប្រតិកម្ម ចំពោះខ្ញុំបែបណាដែរ។

នៅល្ងាចថ្ងៃចុងសប្តាហ៍ ព្រះសុរិយាបានប្រែព៌ណទៅ

ជាក្រហមឆ្អិនឆ្អៅ ហើយមើលទៅហាក់បីជារីកមាឌបន្តិចមុនចូលក្រឡាបន្ទំ។

រូបថតលោកទី ធាវី

ចំណែកខ្ញុំវិញហាក់មានអារម្មណ៍ចម្លែកខុសពីធម្មតា។ ពុទ្ធោអើយ! គ្រាន់តែក្មួយស្រីខ្ញុំ

មកដល់ភ្លាម ខ្ញុំបានទទួលរងទាំងប៉ី ទាំងទ្រ ដោយការស្តីបន្ទោសមិនបង្អង់ដៃពី

ក្មួយស្រីខ្ញុំ។ ជាពិសេសជាងនេះទៅទៀត អូនសុឃឿនថែមទាំងផ្តាំផ្ញើពាក្យសំដី

មិនពិរោះពិសារមកកាន់ខ្ញុំទៀតផង។ សំដីទាំងអស់របស់នាង ខ្ញុំនៅចាំមិនភ្លេចទេ។ វាជាសំដីមើលងាយមើលថោកចំពោះអ្នកដែលនាងមិនពេញចិត្ត។ ទោះជា

យ៉ាងណាក៏ដោយ ចិត្តស្រឡាញ់ពោរពេញដោយភាពអាធ្យាស្រ័យបាននាំខ្ញុំ

ទៅរកការមិនអាចចុះចាញ់ប្រតិកម្មរបស់នាងបានឡើយ។ មិនតែប៉ុណ្ណោះ

ខ្ញុំនៅតែឆ្លាក់រូបនាងរក្សាទុកក្នុងប្រអប់បេះដូងខ្ញុំជាធម្មតា ហើយសង្ឃឹមថា

ថ្ងៃណាមួយ ខ្ញុំនឹងមានឱកាសបង្ហាញថាខ្ញុំពិតជាមនុស្សល្អសំរាប់នាង។

ពីរឆ្នាំបានកន្លងផុតទៅ ខ្ញុំមិនដែលបានទាក់ទងជាមួយអូនសុឃឿនឡើយ

ព្រោះខ្ញុំបានចប់កិច្ចសន្យាបង្រៀននិងបានត្រឡប់មករកការងារធ្វើនៅ

ទីក្រុងភ្នំពេញវិញ។ ភ្នំពេញមិនមែនជាកន្លែងចម្លែកសំរាប់រូបខ្ញុំទេព្រោះ

ខ្ញុំធ្លាប់បានរស់នៅក្នុងពេលរៀននៅវិទ្យាល័យរួចហើយ។ ប៉ុន្តែការរស់នៅទីនេះ

ក៏មិនមែនជាការងាយស្រួលដែរ។ នៅទីនេះខ្ញុំបានស្នាក់នៅ

ជាមួយសុភាជាមិត្តដ៏ល្អកម្ររកបានរបស់ខ្ញុំក្នុងវត្តស្វាយពពែកុដ្ឋិលេខ២។

ជារៀងរាល់ថ្ងៃ សុភា បានឲ្យកង់ខ្ញុំខ្ចីជិះទៅបង្រៀន។ខ្ញុំបានទៅបង្រៀន

នៅមជ្ឃមណ្ឌលភាសាអង្គរាជនៅម្តុំផ្សារឌុយម៉ិច។ ការបង្រៀននៅទីនោះ

ខ្ញុំបានទទួលប្រាក់កម្រៃគួរសម។ ក្រោយមកខ្ញុំអាចទិញម៉ូតូបានជិះ។

ដោយមើលឃើញពីការព្យាយាមរបស់ខ្ញុំហើយក៏ជាភ័ព្វវាសនានៃខ្ញុំ

សាលាក៏បានជ្រើសតាំងរូបខ្ញុំឲ្យធ្វើជានាយកគ្រប់គ្រងនៅសាខាទី៣។

ស្របពេលជាមួយគ្នានោះសំណាងថ្មីរបស់ខ្ញុំមួយទៀត ក៏បានមកដល់ផងដែរ

ដូចពាក្យគេថា “គូព្រេងមិនព្រាត់មែន”។ នៅល្ងាចនោះខ្ញុំ បានទទួល

សំបុត្រមួយច្បាប់ពីវ៉ាន់ ថាក្មួយស្រី ។ន័យក្នុងសំបុត្រនោះសូមឲ្យខ្ញុំជួយរក

កន្លែងស្នាក់នៅ និងការងារធ្វើសំរាប់នាងនិងសុឃឿនមិត្តរបស់នាងផង

ព្រោះអ្នកទាំងពីរបានប្រឡងជាប់បាក់ឌុបហើយ។ ក្តីស្រឡាញ់ ដែលបាន

លាក់ទុកជាយូរមកហើយរបស់ខ្ញុំបានពុះកញ្ជ្រោលឡើង

មួយរំពេចហើយបានកួចចេញ ជាចំណង់ចង់រស់ក្បែរអូនសុឃឿន។

ម៉្យាងទៀតខ្ញុំចង់យកឈ្នះចិត្តស្រីម្នាក់នេះឲ្យខាងតែបានដោយគិតថា

ខ្ញុំនឹងខំធ្វើជាមនុស្សល្អដើម្បីសម្លាប់ចិត្តនាង។ អំពើល្អរបស់ខ្ញុំ

ដំបូងផ្តើមចេញ ដោយការជួយជ្រោមជ្រែង

អូនសុឃឿន ឲ្យបានធ្វើជាគ្រូមេតេយ្យ។ អូនសុឃឿន ពុំសូវចេះភាសាអង់គ្លេសទេ។

ដូចនេះ ខ្ញុំត្រូវជួយបង្រៀនអង់គ្លេស ក៏ដូចជាជួយបង្រៀនរបៀបបង្រៀនដល់សុឃឿន

ជារៀងរាល់យប់គ្មានថ្ងៃសម្រាកឡើយ។ ពេលនោះខ្ញុំលែងបានទៅនៅវត្តទៀតហើយ។

ផ្ទុយទៅវិញខ្ញុំ ត្រូវរាប់រងចំពោះនាងទាំងការស្នាក់នៅក៏ដូចជាការហូបចុក។

តែខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំហាក់បីដូច ជាមេគ្រួសារមួយ ដែលមានសមាជិកបីនាក់

គឺខ្ញុំ ក្មួយស្រីខ្ញុំ និងអូនសុឃឿន។

យើងទាំងបីនាក់ បានជួលផ្ទះនៅជាមួយគ្នាពីពេលនោះមក។

នៅរាត្រីមួយយើង បានឈរមើលមេឃ មើលផ្កាយ លើដំបូលសាលា

នៅម្តុំក្បាលមាន់ចែ ដែលជាផ្ទះយើងស្នាក់នៅ។ ខ្ញុំនិយាយទៅកាន់

អូនសុឃឿនថា៖
– សុឃឿន តើ អូន នឹក ផ្ទះ ទេ ? តើ អូនចង់រស់នៅបែបនេះ រហូត ទេ ?

បងគិតថា ចង់ចូលស្តីដណ្តឹងអូន។ តើអូនយល់យ៉ាងណាដែរ?។

សុឃឿន គ្រវីក្បាល។ គេថា ស្នេហាកើតចេញពីមិត្តភាព។ តើ មិត្តភាពសុឃឿន

នឹងខ្ញុំអាចកើតចេញជាស្នេហាបានទេ? ។

ប្រិយមិត្តដឹងទេថា ខ្ញុំព្យាយាមស្និទ្ធស្នាលជាមួយនាង។ ខ្ញុំទុកចិត្តលើនាង។

ខ្ញុំបានប្រគល់លុយទាំងអស់ ដែលជាចំណូលសាលាទៅឲ្យនាងគ្រប់គ្រង។

នោះបានត្រឹមតែការឈឺចាប់ប៉ុណ្ណោះ។ មានម្តងនោះ ខ្ញុំសាកល្បង

កៀកកើយនាង។ តែសុឃឿនបានខាំសាច់ខ្ញុំឡើងជាំខ្ទេចខ្ទីអស់។

ខ្ញុំអស់សង្ឃឹមជាមួយសុឃឿនខ្លាំងណាស់។ នៅថ្ងៃបុណ្យសង្សារ

ខ្ញុំបានជូនអាវយឺតដល់នាង។ តែនាងយកទៅឲ្យអ្នកផ្សេង។

ខ្ញុំមិនយល់ចិត្តនាងទេ។ ចុះនៅថ្ងៃ

ដែលខ្ញុំរៀបការ ហេតុអ្វីបានជានាងយំ? បើអ្វីៗវាហួសពេលទៅហើយ៕

រូបថតលោកទី ធាវី

ដើម្បីឲ្យប្រិយមិត្តអ្នកអានស្គាល់អ្នកនិពន្ធរឿងនេះ សូមអាន

ជីវប្រវត្តិសង្ខេបនៃអ្នកនិពន្ធ

រូបថត ៖ ទី ធាវី

ទី ធាវី
ថ្ងៃខែឆ្នាំកំណើតៈ ១៤ មករា ១៩៧៥

កុមារភាព

ខ្ញុំជាក្មេងមានឪពុកម្តាយរស់នៅបែកពីគ្នាដោយមូលហេតុជីវិត។ ខ្ញុំមានទី

កំណើតពិតគឺស្ថិតនៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកសូទិន ខេត្តកំពង់ចាម និង

ជាទីស្នាមដានជីវិតដែលព្រហ្មលិខិតបានកម្រិតឲ្យរូបខ្ញុំនេះបានកើតក្នុងត្រកូល

នៃគ្រួសារកសិករមួយ។ ខ្ញុំមានឪពុកឈ្មោះទី គិន និងម្តាយឈ្មោះអេង ឡន។

ខ្ញុំមានបងប្រុសម្នាក់ និងបងប្អូនស្រី៥នាក់។ ក្នុងវ័យកុមារភាពខ្ញុំគឺជាក្មេងវត្ត

ដ៏អភ័ព្វម្នាក់នៅភូមិកំណើតមួយនោះ។

ការសិក្សា

ក្រោយពីប្រឡងជាប់ឌីប្លូមក្នុងឆ្នាំ១៩៨៩ ខ្ញុំបាទ បានមកសិក្សាបំពេញវិជ្ជា

ពេលយប់នៅសាលាទូលទំពូងក្រុងភ្នំពេញ។

ក្រោយមកខ្ញុំ បានប្តូរមកសាលាចតុមុខក្រោយព្រះបរមរាជវាំងវិញ។

ក្នុងពេលរយៈសិក្សា ខ្ញុំបានឆ្លងកាត់រសជាតិជីវិតរាប់មិនអស់ និងធ្លាប់ធ្វើជាជាងទង

ជាងជួសជុលរថយន្ត និងកម្មករ សំណង់ ដើម្បីរកប្រាក់សំរាប់ការសិក្សារៀនសូត្រ។

គ្រានោះ ខ្ញុំបានស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៩៣ ខ្ញុំបាទបាន

ទទួលសញ្ញាបត្រ័កម្មករជំនាញជួសជុលរថយន្តពីមជ្ឈមណ្ឌលបណ្តុះបណ្តាល

បច្ចេកទេសនិងវិជ្ជាជីវៈព្រះកុសមៈទឹកថ្លា។ ក្នុងឆ្នាំ២០០៤ ខ្ញុំបាទបានទទួល

Certificate in TEFL1 ពីសាកលវិទ្យាល័យ Chichester College

ប្រទេសអង់គ្លេស។

រូបថត ៖ ទី ធាវី

ក្នុងឆ្នាំ២០០៦ ខ្ញុំបាទបានបញ្ចប់បរិញ្ញាបត្រអប់រំផ្នែក

អក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យ

បៀលប្រាយក្រុងភ្នំពេញ ហើយបានទទួលបរិញ្ញាបត្រ័អប់រំនោះនៅក្នុងឆ្នាំ២០០៩។

រូបថត ៖ ទី ធាវី

ជីវិតការងារ

ខ្ញុំធ្លាប់ជាមន្ត្រីរាជការនៃក្រសួងសាធារណៈការនិងដឹងជញ្ជូន នៅអង្គភាព

សាធារណៈ ការរាជធានី ក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩៣ដល់១៩៩៥ ដែលមាន ឋានៈ ជាមន្ត្រីផែនការបច្ចេកទេសប្រចាំការសំរាប់រោងជាងជុលជួលរថយន្តឲ្យអង្គភាព

ស្ពាននិងថ្នល់។ ក្នុងឆ្នាំ១៩៩៦ដល់១៩៩៨ ខ្ញុំជាគ្រូកិច្ចសន្យាបង្រៀនថ្នាក់ទី៥

នៅបឋមសិក្សាចុងកោះសូទិនត្បូង ខេត្តកំពង់ចាមក្នុងទឹកដីកំណើតរបស់ខ្ញុំ។

ពីឆ្នាំ១៩៩៨ដល់២០០៦ ខ្ញុំធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសនិង ជាប្រធានគ្រូ

ជានាយគ្រប់គ្រង នៅសាសាឯកជនមួយចំនួននៅទីក្រុងភ្នំពេញ។

ឆ្នាំ២០០៤ ខ្ញុំជាអ្នកគ្រប់គ្រងផលិតកម្មមួយ ដែលគ្រានោះខ្ញុំ បានសរសេរ

បទចំរៀងជាច្រើនបទ។ ក្នុងឆ្នាំ២០០៦ ដោយធុញទ្រាន់នឹងការងារបង្រៀនពេក

ខ្ញុំក៏បានផ្លាស់ធ្វើជាអ្នកសរសេរនិងយកព៌តមានឲ្យទស្សនាវដ្តី ថាមពល

អាថ៌កំបាំង មហាអង្គរ និង ពិភពជីវិត។ 

នៅចុងឆ្នាំ២០០៦ ខ្ញុំបានបង្កើត និងធ្វើជានាយកប្រតិបត្តិអង្គការមួយឈ្មោះ

អង្គការខ្មែរដើម្បីសុភាពនិងសិល្បៈ។ ប៉ុន្តែ ៣ខែក្រោយមក ខ្ញុំក៏បានសម្រេចចិត្ត

លាលែងពីមុខដំណែងនាយកនៃអង្គការមួយនេះ ហើយប្តូរមកបង្រៀនភាសា

អង់គ្លេសដល់ក្មេងៗកំព្រា និងយុវជនកំព្រា ឲ្យអង្គការក្នុងស្រុកមួយឈ្មោះ

មណ្ឌលពន្លឺអនាគតកុមារនៅចោមចៅ ជាយក្រុងភ្នំពេញ។

រូបថតលោកទី ធាវី

ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ធ្វើការជាប្រធានគ្រួបណ្តុះបណ្តាល

ភាសាអង់គ្លេសជំនាញ សំរាប់គំរោងសហគមន៍អេកូទេសចរណ៍របស់អង្គការ

អន្តរជាតិការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃមួយ ឈ្មោះ

អង្គការសម្ពន្ធមិត្ត សត្វព្រៃ។ ការងារបន្ថែមពេលទំនេរខ្ញុំ ធ្លាប់ធ្វើជា

Freelance guide ឲ្យក្រុមហ៊ុន អេស៊ីធី, ស្តារអាស៊ី និងវ៉ើលផប។ខ្ញុំក៏ធ្លាប់ធ្វើ

Prospective Consultantឲ្យអង្គការ Family Health International និង

ជាគ្រូមគ្គុទេសក៏ទេសចរណ៍ឲ្យអង្គការ ការអប់រំស្តីពីរស់នៅជាមួយបរិស្ថាន

(Live and Lead Environmental Education)។​ សព្វថ្ងៃនេះ ខ្ញុំបាទជាមន្ត្រី

អភិវឌ្ឍន៍មុខជំនួញសហគមន៍អេកូទេសចរណ៍។

រូបថតលោកទី ធាវី


ដើមចមនៃការក្លាយជាអ្នកនិពន្ធ

ដោយក្នុងវ័យកុមារភាព ខ្ញុំជាក្មេងវត្តម្នាក់ ហើយតែងបានដើរតាម

ព្រះចៅអធិការវត្តនិមន្តទៅទេសនានៅតាមពិធីបុណ្យផ្សេងៗនៅផ្ទះអ្នកស្រុក។

នៅគ្រានោះ ខ្ញុំតែងបានស្តាប់ព្រះសង្ឈអង្គនោះនិទានរឿងជាច្រើន

ដែលទាក់ទងក្នុងពិធីបុណ្យ។ ជាពិសេស ដោយខ្ញុំបាទ ធ្លាប់បានឆ្លងកាត់

រសជាតិជីវិតម៉ឺនសែនទម្ងន់ក្នុងគន្លងផ្លូវនៃដំណើរជីវិតនេះ

ដែលបានជួបនូវព្រឹត្តិការណ៍សង្គមផង និងទង្វើរបស់មនុស្សក្នុងសង្គមផង

ខ្ញុំក៏តែងកំណត់សួរខ្លួនឯងថាតើ សង្គមឬព្រហ្មលិខិតជាអ្នកកម្រិតជីវិតខ្ញុំនេះ?  នេះជាមូលហេតុខ្ញុំដែលស្រមៃចង់ធ្វើជាអ្នកនិពន្ធហើយប្រមូលព្រឹត្តការណ៍

សង្គមនិងជីវិតដែលខ្ញុំបានជួបទាំងនោះមករៀបរាប់និងឆ្លុះបញ្ចាំងតាមទស្សនៈ

បង្កប់ន័យអប់រំក្នុងសំណេររបស់ខ្ញុំនៅថ្ងៃណាមួយ។ ទីបំផុតខ្ញុំបាទបានចូលជា

សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ២០០៦។

ស្នាដៃក្នុងវិស័យសិល្បៈ

ក្នុងអំឡុងធ្វើការជាអ្នកសរសេរទស្សនាវដ្តីក្នុងស្រុកនោះ ខ្ញុំបាទបានសរសេរ

នូវព័ត៌មានជាច្រើនដែលទាក់ទងនិងសង្គមជីវិតរួមទាំងអត្ថបទបកប្រែផងដែរ។

ដោយឡែកសំរាប់ផលិតកម្មភាពយន្តវិញ ខ្ញុំបានចូលរួមដឹកនាំ ជាអ្នកផលិតករដឹកនាំ

និងកាត់តវិដេអូមួយខ្សែគឺរឿងស្នេហ៍យុវវ័យ។ ក្រៅពីនេះខ្ញុំបានសរសរចម្រៀង

ជាច្រីនបទរួមមានបទ៖ ព្រាត់អ្វីអាល័យ, ចំលើយស្នេហ៍កម្ម,

កោរសក់លាស្នេហ៍, ខ្ទមស្លឹកបាត់ស្រី, រាត្រីស្នេហ៍ចន្ទ, សូមដៀលប្រុសព្រាន,

ឈឺចាប់ព្រោះអូន, ហោរាប្រហារស្នេហ៍, អូនកុំមានថ្មី, ឃើញមុខនាំតែអាល័យ,

ចិត្តស្រីដីកោះ, លាងចិត្តមិនជ្រះ,ឆ្ងល់, ឃើញមុខនាំតែអាល័យ,ថ្ងៃពិសេស

និងបទថ្មីៗនេះមួយចំនួនដែលមិនទាន់ថតនៅឡើយរួមមាន៖ រឿងជីវិត,

អរគុណទេវតា,ផឹកស្រាបំភ្លេចចន្ទ្រ, នៅចាំ…,មេអំបៅគឺអូន!, ទេសចរណ៍ត្រពាំងរូង,

ដងស្ទឹងអារ៉ែង។ល។ ក្រៅពីនេះក្នុងជីវិតការងារបច្ចុប្បន្ន ខ្ញុំបានសរសេរនិង

កំពុងសរសេរ រឿងជាច្រើនដែលទាក់ទងប្រវត្តិតំបន់ និងប្រវត្តិរុក្ខជាតិ, ជំនឿ ទំនៀមទំលាប់និងវប្បធ៌មអ្នកស្រុកនៅតាមតំបន់ព្រៃភ្នំក្រវ៉ាញជាដើម។ រឿង

ទាំងអស់នេះ ប្រើប្រាស់ផ្លូវការជាភាសាអង់គ្លេសសំរាប់សហគមន៍អេកូទេសចរណ៍។

បន្ថែមលើនេះទៀតខ្ញុំបាទបានផលិតវិដេអូមួយចំនួន មានដូចជា៖ វិដេអូអប់រំស្តីពី

ទេសចរណ៍ និងអ្នកផ្តល់សេវាកម្ម, វិដេអូប្រវត្តិគម្រោងសហគមន៍អេកូ

ទេសចរណ៍នៅជីផាត,វិដេអូពិធីអ៊ុំទូកនៅជីផាត, វិដេអូស្តីពី មឈូសនិងពាង

បុរាណនៅភ្នំប៉ែលគួរត្រូវថែរក្សា និងកំពុងផលិតវិដេអូជាច្រើនទៀត។

ក្រៅពីនេះគឺប្រលោមលោកព្រហ្មលិខិត,មិត្តភាពមួយ, និងទស្សនៈអប់រំ

ដើម្បីឈ្នះល្បែងជីវិត ព្រមទាំងវចនានុក្រម Software អង់គ្លេស-ខ្មែរ៕

ឆ្វេង៖ លោក កៅ សីហា លោក ទី ធាវីនៅខាងស្តាំ (រូបថត៖ទី ធាវី)

Advertisements

2 responses to “ដំណើរជុំវិញអ្នកនិពន្ធម្នាក់៖ ទី ធាវី​ ៖ ហួសពេលហើយអូន

  1. ខ្ញុំបានអានប្រលោមលោកខក្លីរឿង​ ហួសពេលហើយអូន​ របស់លោកហើយ។សាច់រឿងល្អគួរសរសើរ
    ប៉ុន្តែខ្ញុំចង់រឹះគន់ត្រង់ចំណុច ខ្ញុំទុកចិត្តលើនាង។,….ខ្ញុំបានប្រគល់លុយទាំងអស់ ដែលជាចំណូល
    សាលាទៅឲ្យនាងគ្រប់គ្រង។….ពត៌មានត្រង់នេះមិនច្បាស់។តែបើចំណូលសាលាបឋមរដ្ឋ ហើយ
    លោកធ្វើបែបនេះ ជារឿងគួរឲ្យសោកស្តាយ និង មិនខុសពីទង្វើរបស់អ្នកគ្រប់គ្រងសាលាបឋមភាគ
    ច្រើននាពេលបច្ចុប្បន្ននេះទេ។

    • ជំរាបជូនបង សារិតុំ
      ក្នុងរឿងនេះ” ខ្ញុំបានប្រគល់លុយទាំងអស់ទៅអោយអោយនាងគ្រប់គ្រង…..។ វាមិនមែនជាសាលារដ្ឋទេ។ វាគឺជាសាលាឯកជនឈ្មោះថាមណ្ឌលភាសាអេប៊ីអេដែលកាលនោះតួអង្គប្រុសជានាយកគ្រប់គ្រង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s