រឿងខ្លីៈពលកម្មឡប់​ និពន្ធដោយ ស៊ិម ចាន់យ៉ា

រក្សាសិទ្ធិគ្រប់យ៉ាង

– លោកឡាណាកូនមិនត្រឹមតែមានដីនិងផ្ទះធំប៉ុណ្ណោះទេ ថែមទាំងស្អាតហើយ

រៀបរយទៀត។

មួយថ្ងៃៗអ្នកបំរើបោសជូតៗគ្មានសំរាមមួយទងទេ។

ពាក្យនេះម៉ែខ្ញុំប្រាប់ខ្ញុំប្រហែល៥០ដងហើយតាំងពីថ្ងៃដែលលោកឡា បុរសពោះម៉ាយ កូនបីមក

ស្តីដណ្តឹងខ្ញុំ ហើយម៉ែក៏ពេញចិត្តដែរនោះ។គាត់ចេះតែនិយាយពីផ្ទះលោកឡានេះមកពីដឹងថាខ្ញុំ

ជាមនុស្សចូលចិត្តភាពស្អាតនឹងរៀបរយ។ ថ្ងៃនេះ ម៉ែខ្ញុំសប្បាយចិត្តលើសសព្វដង ដោយលោក

ឡាអញ្ជើញគាត់ និងហៅខ្ញុំឲ្យទៅលេងផ្ទះរបស់លោក។ ឡានយ៉ាងស្អាតរត់រអិលលើផ្លូវ។ ម្តាយ

ខ្ញុំទឹកមុខញញឹមពព្រាយអង្គុយពីក្រោយអ្នកបើកបរដែលលោកឡាបញ្ជូនមកឲ្យទទួលពួកយើង។

បន្តិចក្រោយមក ស្រាប់តែគាត់ប្រែទឹកមុខមិនស្រួល។ ម៉ែខ្ញុំពុលឡានហើយ។ ខ្ញុំសុំឲ្យឡានឈប់

ដើម្បីទិញចំណីមានអំពៅសណ្តែកដីស្ងោរជាដើមជូនគាត់។ ពិសារបានបន្តិច គាត់ក៏

ស្រួលខ្លួនឡើងវិញតែមានបញ្ហាមួយកើតឡើងគឺមិនដឹងបោះកាកអំពៅនិងសំបកសណ្តែក

ដីចោលឯណា។ គាត់ចង់បើកកញ្ចក់ឡានតែមិនហ៊ានព្រោះឡានបើកលឿនពេក។

ឃើញដូច្នេះអ្នកបើកបរងាកមកជម្រាបគាត់៖

-មីងទុកសំបកចោលនៅជើងហ្នឹងចុះ !  

ខ្ញុំដូចជាមិនស្រួលចិត្តសោះ ពេលឮដូច្នេះ។ ពេលនោះជាសំណាងល្អខ្ញុំរកបានថង់មួយ។

– កុំអីម៉ែ ! ចោលក្នុងថង់នេះមក!

អ្នកបើកឡានលោកឡា ងាកមកសើច៖

-ចោលឯណាក៏បានដែរអ្នកនាង ! ព្រោះគង់តែខ្ញុំបោសចេញដដែលៗហ្នឹង! ថ្ងៃណាក៏ខ្ញុំត្រូវតែបោសសំរាមចេញពីឡានដែរ !

ឥឡូវ ឡានបរមកដល់ផ្ទះលោកឡាហើយ។ នៅពីមុខផ្ទះវីឡាដ៏ធំមួយមានសួនច្បារ

ដាំស្មៅនិងផ្កាស្អាតភ្លឹងដូចពាក្យម្តាយខ្ញុំថាមែន។ ផ្ទះក៏ស្អាតរៀបរយគ្មានឃើញសំរាម

មួយទងសោះ។ ខ្ញុំពេញចិត្តស្តូក រឹតតែពេញចិត្តទៀតនោះគឺធុងសំរាមដាក់ត្រង់នេះមួយ

ត្រង់នោះមួយ។ លោកឡាចេញមកទទួលម្តាយខ្ញុំនិងខ្ញុំ រួចនាំទៅកាន់តុបាយតែម្តង

ព្រោះពេលនោះជាពេលថ្ងៃត្រង់ទៅហើយ។ ខ្ញុំមិនចាប់អារម្មណ៍អ្វីនិងលោកឡានោះទេ

ទោះបីជាអ្នកកំពុងតាមស្តីដណ្តឹងខ្ញុំក៏ដោយ  ខ្ញុំជាប់ចិត្តតែនឹងភាពស្អាតរៀបរយរបស់ផ្ទះ

គាត់ប៉ុណ្ណោះ។

ប្រហែលជាយល់ចិត្តខ្ញុំ លោកឡាប្រាប់ថា៖

– ខ្ញុំជួលមនុស្សដល់ទៅបីនាក់ឯណោះសំរាប់ថែ បោសសំអាតសួន និងផ្ទះ។ នេះមិនទាន់គិត

ពូសែមអ្នកបើកបរដែលត្រូវមើលថែនិងសំអាតឡានរាល់ថ្ងៃផង។  មួយថ្ងៃៗគេធ្វើពលកម្មបែក

ញើសហូរញើសឥតឈប់ដៃទេ!

ខ្ញុំគិតថាម្ល៉ឹងៗតើទើបផ្ទះគេស្អាតណាស់ហើយក៏សួរថា៖
-លោកប្រហែលជាចំណាយលុយជួលពួកគាត់ច្រើនណាស់ហើយមើលទៅ

លោកឡាញញឹមទំនងពេញចិត្តនឹងសំណួរខ្ញុំ។
-បាទ ច្រើនគួរសមដែរព្រោះខ្ញុំគិតថាពលកម្មនេះចាំបាច់ណាស់។ បើគ្មានទេ ផ្ទះនិងឡាន

ខ្ញុំមិនដឹងជាក្រខ្វក់យ៉ាងណាទេ។

រំពេចនោះ ឡានបាននាំកូនៗលោកឡាមកពីសាលា។ ពួកគេមានវ័យជំទង់ៗហើយ។

ក្រោយពីជំរាបសួរម្តាយខ្ញុំនិងខ្ញុំតាមការណែនាំរបស់លោកឡាហើយ ពួកគេស្រាប់

តែគ្រវាត់កាតាបសៀវភៅព្រូសប្រាស់ទៅលើកៅអីសាឡុង កំរាលឥដ្ឋការូ លើទូ

តាមតែនឹកឃើញ រួចគេនាំ គ្នាចូលតុបាយស្រ។ ផ្ទះបាត់របៀបរៀបរយមួយរំពេច។

ពេលនោះស្រីបំរើចេញមកប្រមូលសម្ភារៈរៀនអំបាញ់មិញយកទៅទុកធ្វើឲ្យទីនេះបានស្អាត

ឡើងវិញ។ ខ្ញុំឈរស្រឡាំងកាំងតាមមើលសកម្មភាពទាំងនេះ។

លោកឡាដើរមកជិតខ្ញុំនិយាយថា៖
-អ្នកនាងកុំឆ្ងល់អីក្មេងៗវាតែអញ្ចឹងហើយ។  ខ្ញុំធ្លាប់ប្រាប់វាដែរ  តែវាមិនស្តាប់ ខ្ញុំមិនដឹងធ្វើ

យ៉ាងម៉េចទៀត។

-ទៅខ្វល់ធ្វើអ្វី យើងមានលុយជួលគេ បានស្អាតវិញភ្លាមតើ។ ម្តាយខ្ញុំបន្ទរ។

ខ្ញុំមិនមាត់នឹកក្នុងចិត្ត ថាតើនេះជាពលកម្មស្អីទៅ ? រួចខួរក្បាលខ្ញុំដូចជាស្ទះនឹកអ្វីលែងចេញ។

ឥឡូវដល់ពេលបាយហើយ។អ្នកបំរើបីនាក់ចេញមកលើកបាយលើកម្ហូប។  ទាំងអស់គ្នាញ៉ាំ

បាយ។ពេលនោះ ខ្ញុំភ្លឹកស្មារតីម្តងទៀត។ ក្មេងៗញ៉ាំបណ្តើរចោលឆ្អឹងបន្លែនិងអ្វីៗដែលគេ

មិនត្រូវការលើតុក្រោមតុ ក្រោមកៅអីពាសពេញ។ ខ្ញុំមើលទៅកន្លែងនេះជាកន្លែងហូបបាយ

របស់មនុស្សអនាធិបតេយ្យដូចដែលខ្ញុំធ្លាប់ឃើញនៅកន្លែងមួយចំនួន។ លោកឡាណែនាំ

បន្តិចបន្តួច ។កូនៗមិនធ្វើតាមលោកក៏ស្ងៀម។ពេលបាយរួច អ្នកបំរើចេញមកប្រមូលឆ្អឹង

និងសំរាម ហើយរៀបកន្លែងនោះបានស្អាតដូចដើម គឺពេលនោះហើយដែលខ្ញុំយល់សំដីអ្នក

បើកឡាននិយាយពីព្រឹកមិញ។ ខ្ញុំមានអារម្មណ៍ដូចជាឈឺក្បាលហើយភាន់ភាំង។ ឃើញដូច្នេះ

លោកឡាប្រាប់ឲ្យខ្ញុំនិងម្តាយខ្ញុំសំរាកនៅក្នុងបន្ទប់មួយក្បែរបន្ទប់កូនៗរបស់គាត់។ ម៉ែខ្ញុំបិទ

ភ្នែកធ្វើព្រងើយតែខ្ញុំមិនអាចបិទទាំងភ្នែក មិនអាចបិទទាំងអារម្មណ៍។

ខ្ញុំឮសូរគេជជែកគ្នាទ្រហឹងអឺងអាប់ ហើយសូរមាត់ដូចជាញ៉ាំអីផង។ ខ្ញុំអើតមើលតាមបង្អួច

ឃើញសំបកនំ សំបកពោត កាកអំពៅហើរចេញព្រោងព្រាតពីបង្អួច។ សំបកខ្លះធ្លាក់ក្បែរធុង

សំរាមខ្លះទើរលើមាត់ធុងសំរាមមួយដែលនៅពីក្រោមបង្អួច។  ខ្ញុំលែងសូវឆ្ងល់ហើយតែទប់

មាត់មិនឲ្យរអ៊ូម្នាក់ឯងមិនបាន៖

 -ធុងសំរាមទុកសំរាប់លំអទេដឹង !

ប្រហែលជាកន្លះម៉ោងក្រោយមកផ្ទះប្រែជាស្ងាត់វិញ។ ក្មេងៗទៅរៀនអស់ ឯលោកឡាក៏ទៅ

ធ្វើការដែរ។  ប៉ុន្តែ មួយស្របក់ក្រោយមក សំឡេងអ៊ូអរលាន់ឡើងវិញ គឺសំឡេងបោសផ្ទះ។

ខ្ញុំអើតមើលទៅឃើញអ្នកបំរើកំពុងញាប់ដៃញាប់ជើងប្រមូលសំរាមដែលនៅរាយប៉ាយដាក់

ក្នុងធុងសំរាម។ រួចហើយពួកគេនាំគ្នាទៅអង្គុយសំរាកក្រោមដើមឈើមួយក្នុងសួន។ ខ្ញុំក៏ដើរ

ទៅជួបពួកគេ។

-ពួកបងៗហត់ណាស់ហើយមែនទេ?
-ចាសមិនអីទេអ្នកនាង !  ធ្វើតែបែបនេះរាល់ថ្ងៃទៅហើយ !
-ចុះលោកឡា គិតថាទុកឲ្យកូនលោកធ្វើបែបហ្នឹងរហូតទៅឬ?

នារីម្នាក់រាងចំណាស់ជាងគេលាន់មាត់ថា៖

-ដំបូង ខ្ញុំឃើញគាត់ពន្យល់ដែរ  តែលុះកូនៗមិនស្តាប់ក៏មិនឃើញធ្វើអ្វីទៀត ដូចជាដាក់ពិន័យ

ឬទណ្ឌកម្មអ្វីទេ គិតតែពីរកអ្នកបោសផ្ទះបន្ថែម។
-ចុះបងយល់ថាពលកម្មហ្នឹងយ៉ាងម៉េចដែរ?

នារីម្នាក់ទៀតងាកមើលឆ្វេងស្តាំមុននឹងនិយាយ៖

-ខ្ញុំគិតថាជាពលកម្មឡប់  តែខ្ញុំមិនខ្វល់ទេ ឡប់ក៏ធ្វើដែរឲ្យតែបានលុយ !!

ខ្ញុំត្រឡប់មកបន្ទប់វិញ រៀបចំឥវ៉ាន់ដាស់ម៉ែ ៖

-ម៉ែប្រញ៉ាប់ឡើងទៅផ្ទះយើងវិញ។ នៅយូរទៀតប្រាកដជាឡប់ជាមួយពលកម្មឡប់  ឬអ្នកជួល

ឡប់មិនខាន៕

កកន៖

រឿងពលកម្មឡប់ ដកស្រង់ពីសៀវភៅ<ឆាកកំប្លែងកញ្ញាសោភ័ណ>។

អរគុណអ្នកបង ចាន់យ៉ាដែលបានអនុញ្ញាតឲ្យខ្ញុំស្រង់រឿងហ្នឹងមកផ្សាយក្នុងទីនេះ។

លោកស្រីស៊ឹម ចាន់យ៉ាបាននិពន្ធរឿង<ផ្កាយនៅតែភ្លឺ> រង្វាន់អក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ៣

<ឈប់យំទៅអប្សារាកំសត់>  <ឆាកកំប្លែងកញ្ញាសោភ័ណ>ដែលជាកម្រងរឿងខ្លីៗមួយចំនួន

រឿង<មិត្តភាពមួយ>

សៀវភៅកំណាព្យ និងចម្រៀង<ឱ!ផ្កាពណ៌ស្វាយ>ដែលសុទ្ធសឹង

តែមានឧត្តមគតិនិងមានប្រយោជន៍ដល់សង្គម។

លោកស្រីស៊ឹម ចាន់យ៉ា ជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញ

និងជាសមាជិកាសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

លោកស្រីបានសិក្សាកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកអក្សរសាស្ត្រ

និងជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។

លោកស្រីបានអានច្រើនគួរសម

បានទទួលការអប់រំនិងមានទម្លាប់រស់នៅក្នុងសង្គមគ្រួសារនិងសង្គមមិត្តភក្តិ

ដែលលោកស្រីស៊ឹម ចាន់យ៉ាវាយតម្លៃថាពោរពេញទៅដោយសីលធម៌ និងមនុស្សធម៌។

សង្គមបរិយាកាសបច្ចុប្បន្នមានអ្វីៗដែលជំរុញឲ្យលោកស្រីចេះតែគិត

ទោះជាលោកស្រីព្យាយាមបង្រ្កាបអារម្មណ៍ឲ្យឈប់គិតឈប់ខ្វាយខ្វល់

នៅចំពោះមុខរាល់អំពើណាដែលលោកស្រីយល់ថាខុសឆ្គងរហូតដល់ជួនកាលចង់

ធ្វើខ្លួនឲ្យឥតវិញ្ញាណដូចដុំថ្ម ក៏ពុំបានផលល្អធ្វើឲ្យលោកស្រីរស់នៅក្នុងជីវិត

ដ៏អាក្រក់មួយគឺឈឺចាប់ នឿយណាយ និងអស់សង្ឃឹម។

លោកស្រីមានគំនិតថ្មីដែលសង្ឃឹមថាអាចជួយរំលែកការឈឺចាប់បានខ្លះដោយគិតថា

ជាការឥតប្រយោជន៍សោះដែលទុកអារម្មណ៍ផុសផុលទាំងនេះក្នុងទ្រូងតែម្នាក់ឯង

គួរតែយកវាចេញមកក្រៅប្រើប្រាស់ឲ្យបានជាប្រយោជន៍សង្គម។

លោកស្រីយល់ថា ក្នុងលោកនេះគង់មានអ្នកដែលមានអារម្មណ៍ដូចលោកស្រីមិនលែង។ 

ប្រាកដណាស់គឺមានខ្ញុំនេះម្នាក់ដែរ ។

ខ្ញុំពេញចិត្ត អត្ថបទនិពន្ធរបស់លោកស្រីទាំងអស់ 

ព្រោះការត្រិះរិះពិចារណា ការវិភាគ ទស្សនៈយល់ឃើញក៏មិនខុសពីចិត្តខ្ញុំដែរ។

កែវភ្នែករបស់យើងសម្លឹងមើលទៅទិសតែមួយគឺប្រយោជន៍រួម។

អ្វីៗដែលយើងឃើញនិងទើសចិត្តមិនអាចឲ្យយើងរំលង

និងមិនអាចបង្អាក់យើងមិនឲ្យលើកយកមកសរសេរឡើយ៕

អនុស្សាវរីយ៍មិត្តភាពរវាងអ្នកបងស៊ឹម ចាន់យ៉ានិងខ្ញុំ(ថតឆ្នាំ២០១១នៅភ្នំពេញ)

ថតឆ្នាំ២០១១ ៖ មិត្តនារីរួមប៉ាកាដែលមានវ័យស្រប៉ាលគ្នា ក្រោយពេលចេញពីហាងថតរូប។ នៅខាងឆ្វេង៖ អ៊ុំ សុផានី នៅកណ្តាលគឺខ្ញុំសង្វាវ៉ាន & ទឹង សុខា(មិត្តសម្លាញ់រួមមហាវិទ្យាល័យគរុកោសល្យ និងមហាវិទ្យាល័យអក្សរសាស្ត្រ មនុស្សសាស្ត្រ)  អ្នកបងស៊ឹម ចាន់យ៉ានៅខាងស្តាំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s