ល្បែងស្នេហ៍ចិត្តឯង-ផ្ទះចិនផ្ទះខ្មែរ ​ដោយ​លឹម ​ចំរើន

ល្បែងស្នេហ៍ចិត្តឯង

(បទកាកគតិ)

១    .   មាត់ខ្ញុំសប្បាយ     ចិត្តខ្ញុំនិងកាយ    ហាក់ស្រពោនស្វិត
            ដូចមេឃស្រឡះ    ប្រែផ្លាស់ងងឹត    ពពកខ្មៅជិត
            ពន្លឺមិនឆ្ងាយ។
២    .   មាត់បន្លប់ចិត្ត    បំភាន់ការពិត    ទ្រាំស៊ីដូចបាយ
            ទំពាទុក្ខព្រួយ    រលួយក្នុងកាយ  ទោះស្អុយមិនឆ្ងាយ
            ចិត្តកាយគ្រាំគ្រា។
៣    .  នាមប្រពន្ធប្តី    គ្រួសារឥតន័យ        ដូចកម្មផ្តន្ទា
            រឹងរូសមានៈ      យកឈ្នះចាញ់គ្នា    កូនចៅវេទនា
            មិនដឹងហេតុផល។
៤    .    ល្បែងស្នេហ៍ចិត្តឯង    ម៉ែឪឥតក្រែង            ពិតព្រួយសោកសល់
            គ្មានលេសអ្វីអាង          កម្មសាងផ្តល់ផល    ទ្រាំលេបកង្វល់
            ដើម្បីបុត្រភ្ងា៕

នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ (ម៉ោងៈ ២១.៣៥ នាទី)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០​ ៧៣០ ០៨៣

ផ្ទះចិនផ្ទះខ្មែរ
(បទកាកគតិ)
    ១.    ផ្ទះចិនផ្ទះខ្មែរ         ខ្ញុំកូនអ្នកស្រែ                       ក្បែរផ្ទះអ្នកមាន
             ចិនគេសម្បូណ៍      ទ្រព្យចូលច្រើនលាន        ស្រូវស្រែរុករាន
             ច្រើនរាប់ហិចតា។
    ២.    ចៅចិនគំនិត               សក់មួយជ្រៀកល្អិត       គិតសព្វក្រឡា
            ទិញចូលលក់ចេញ    ចំណេញអស្ចារ្យ              ចិនគេឧស្សាហ៍
            បញ្ញាជាងខ្ញុំ។
    ៣.   ហេតុអ្វីខ្ញុំក្រ                 ព្រោះខ្ញុំមិនល្អ                    រកតិចចាយធំ
            បងប្អូនខ្ញុំច្រើន            ក្រវើនខ្ជិលផ្តុំ                      ប្រាថ្នាសុខុម
            មិនប្រឹងស្ទុះស្ទា។
    ៤.   មិនសូវស្វះស្វែង        មិនខ្មាស់គេឯង               ចិនផ្ទះជាប់គ្នា
             ខ្ញុំយំគេសើច               សំណើចនិន្ទា                   ដៀលត្មេះពូជធារ
            គ្រួសារឆោតល្ងង់។
    ៥.   ពេលណាខ្ញុំភ្ញាក់?      គ្រួសារឈប់ធ្លាក់            ផុតទុក្ខអន្លុង
            សមុទ្រទឹកភ្នែក          យំយែកជាប់ជុង             ឈប់ធ្វើកុកល្ងង់
            ប្រឹងប្រែងដូចគេ។
    ៦.   ខ្ញុំសូមសច្ចា                 ក្នុងនាមខេមរា                 មិនខុសទៀតទេ
            សាមគ្គីសាមគ្គា           ស្រុះគ្នាឥតរេ                    ឈប់ឲ្យចិនជេរ
            ដៀលពូជខ្ញុំទៀត។    
    នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១២ (ម៉ោងៈ ១៧.៣៥ នាទី)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០​ ៧៣០ ០៨៣

បញ្ចេញមតិ