កំប្លែង ស៊ី មីគាវដោយប៉ិច សង្វាវ៉ាន

តពីរឿង ឈ្មោះចម្លែក

អ្នកស្រីអ្នកកត់ឈ្មោះជនដែលមកឲ្យគ្រូពេទ្យពិនិត្យជំងឺឥតបង់ថ្លៃសង្កេតឃើញថា ថ្ងៃនេះដូចជាប្លែក ព្រោះមានមនុស្សឈ្មោះចម្លែកមួយចំនួនគួរឲ្យកត់សំគាល់។ អ្នកស្រី
គិតក្នុងចិត្តថាមិនដឹងជា អ្នកមានឈ្មោះចម្លែកទាំងនេះ មានជំងឺចម្លែកដែរឬទេ?។ លោក
គ្រូពេទ្យអើយលោកគ្រូពេទ្យ ថ្ងៃនេះដល់ហើយ!!!។ អ្នកជំងឺក៏ច្រើនជាងពីម្សិល។

កត់ឈ្មោះចប់សព្វគ្រប់ហើយ អ្នកស្រីក៏ចូលទៅជួយលោកគ្រូពេទ្យនៅក្នុងកាណូតម្តង
ដើម្បីកុំឲ្យលោកគ្រូពេទ្យពិបាកចេញមកហៅអ្នកជំងឺខ្លួនឯង។អ្នកស្រីកាន់ក្រដាស់មួយ
សន្លឹកហៅឈ្មោះតាមលេខរៀងថា៖
– មីគាវ
ម្ចាស់ឈ្មោះនេះមិនបានឮគេហៅឈ្មោះខ្លួនទេ ព្រោះកំពុងតែជជែកគ្នាជាមួយជនម្នាក់ឆ្ការដៃ
ឆ្ការជើង។ ជននោះញញឹម ងក់ក្បាលផ្ងក់ៗលែងទៅណាតែម្តង។
– ឮខ្ញុំហៅឈ្មោះទេ? នរណាគេស៊ី មី គាវ លើកដៃឡើង (អ្នកស្រីស្រែកខ្លាំងៗ)។
– អូហ៍ ! ចាស ខ្ញុំ ! ខ្ញុំនេះហើយ។
អ្នកជំងឺដែលនៅឈរចាំម្តុំនេះក៏នាំគ្នាលើកដៃតាមនាងមីគាវច្រូងច្រាងឡើងព្រមៗគ្នានិងស្រែក

ទ្រហ៊ឹងអ៊ឺងអាប់។ នាងស៊ី មី គាវក៏ដើរចូលទៅឲ្យគ្រូពេទ្យពិនិត្យរោគក្នុងកាណូត រួចចេញមកវិញ។

បុរសអ្នកលក់ក៏ហុចគាវមួយចានឲ្យនាង។ អ្នកឯទៀតក៏សុទ្ធតែកាន់ចានមីនិងគាវមួយចានម្នាក់

ដែរ។អ្នកស្រីហៅឈ្មោះបន្ត។ គ្មាននរណាម្នាក់ចូលមកតាមឈ្មោះសោះព្រោះរវល់តែបរិភោគញាប់

មាត់ដូចឆ្កែអេះ។អ្នកស្រីក្តៅចិត្តពេកក៏ស្រែកជំទាលឡូងៗថាៈ
-នែ ពួកអ្នកឯងគ្រប់គ្នា មកមើលជំងឺឬមកស៊ីស្អីនៅកន្លែងនេះអ្ហះ? គ្មានសណ្តាប់ធ្នាប់បន្តិច
សោះ។ លោកគ្រូពេទ្យគ្មានពេលចាំទេណា។ស្រាប់តែអ្នកជំងឺឆ្លើយព្រមគ្នាឡើង។
– មុននេះ អ្នកស្រីជាអ្នកសួរថា ”នរណាគេស៊ី មី គាវឲ្យលើកដៃឡើង”។ ពួកខ្ញុំគិតថា លោក
គ្រូពេទ្យស្រុកបារាំងចិត្តល្អណាស់។ លោកអញ្ជើញមកពីនាយដល់អាយដើម្បីជួយព្យាបាល

ជំងឺអ្នកក្រីក្រដូចពួកខ្ញុំមិនគិតកម្រៃហើយមានសប្បុរសធម៌បាវមីគាវទៀត។ ពួកខ្ញុំឈរចាំយូរ

ពេក ហើយកំពុងតែឃ្លានស្រាប់ផងក៏ហៅមីឬ គាវម្នាក់១ចានហូបទៅ។
–  អូយ! ងាប់អញហើយ ! ថ្ងៃនេះថ្ងៃអី?។
– បាទ ថ្ងៃអាទិត្យ។

អ្នកជំងឺម្នាក់ឆ្លើយភ្លាម ស្មានតែអ្នកស្រីនេះសួរត្រង់ៗ។អ្នកស្រីឆ្លើយ៖
– ថ្ងៃអាទិត្យស្អី !!!  ថ្ងៃរញ៉េរញ៉ៃមិនថា!!!
អ្នកស្រីហួសចិត្តស្រែករកព្រះបណ្តើរ គក់ដើមទ្រូងបណ្តើរ តែគេមិនបានឮស្នូរខ្ទរលាន់ឡើង
ដូចយើងគក់ទ្រូងនៅប្រាសាទគក់ទ្រូងទេ។
មី សដល់វេនឲ្យពេទ្យពិនិត្យ ​ចូលភ្លាមទៅ​កុំនៅកាច់រាងច្រើនពេក។

អ្នកស្រីកំពុងតែល្វីងមុខស្រាប់ក៏រអ៊ូរទាំប៉ាតណាប៉ាតណីថា ”មួយទៀតហើយ អស់ពីមី គាវ ដល់មី ស”។ នែនាងនិងនាងគាវទៅផ្ទះវិញ កុំភ្លេចសួរពុកម៉ែនាងឯង ម៉េចចាំបាច់ដាក់ពាក្យមីពីមុខឈ្មោះកូន?។ ចាំអ្នកមាននិងអ្នកធំណាគេមើលងាយទាន់ បើគ្រាន់តែកើតង៉ាឡើង ពុកម៉ែនាងឯងហៅ<មី ហង ង៉ែង>ស្រេចទៅហើយ គឺមើលងាយកូនខ្លួនឯងដាច់សាច់មុនគេ។
– ឈប់នាងស៊ី មីគាវកុំអាលទៅ មកណេះ និយាយគ្នាបន្តិចសិន។
– ចាស នៅឯណេះតើ។ ខ្ញុំមានជំងឺធ្ងន់អ្ហ៊ែ?
– ម៉េចមិនសួរលោកគ្រូពេទ្យ? ​សួរខ្ញុំ ខ្ញុំដឹងអី?
– ខ្ញុំមានកើតអេដស៍ទេ?
– យី នាងនេះមិនចេះស្តាប់ភាសាខ្មែរទេអ្ហី? ថាមិនដឹងគឺមិនដឹង។ កុំនាំរឿងមកបន្លប់។ នែ ដឹងទេនាង ព្រោះតែឈ្មោះ នាងស៊ី មីគាវឯងពិសេសខុសគេបានជាមានរឿងឆ្កួតៗហ្នឹងកើតឡើង ។  ឈ្មោះនេះនាំរឿង…
– រឿងនេះមកពីអ្នកស្រី។ អ្នកស្រីប្រើឃ្លាប្រយោគមិនចំល្អ  ឲ្យគេស្តាប់ច្រឡំ។ អ្នកស្រីសួរថា<នរណាគេស៊ីមីគាវ?>។ បើសួរថា <នរណាឈ្មោះស៊ី មីគាវ> នោះគ្មាននរណាយល់ច្រឡំទេ។​​
– អូហ៍! ខ្ញុំបានសួរអ្នកទាំងអស់គ្នាអ៊ីចឹងមែន?
– ចាស មែន ខ្ញុំហ៊ានស្បថដល់ណាដល់ណីក៏ហ៊ាន។
– ហ៊ានលោតចូលទឹកទន្លេទេ?
– ទេ! មិនហ៊ានទេខ្លាចស្លាប់ អត់ចេះហែលទឹកផង។
– យកជាការមិនបាន មិនខ្ចីជឿ។ នាងឯងចោទខ្ញុំតែផ្តាស។
–  វាចាខ្ញុំពិតជាបានការ (នាងស៊ី មីគាវបញ្ជាក់យ៉ាងម៉ឺងម៉ាត់)
– មិនបានការ !! មិនបានការ !! មិនបានការ !!
– បានការ !! បានការ !! បានការ !! អូសច្រឡំមាត់ ខ្ញុំមិនទាន់រៀបការបានម្តងផង។ អ្នកស្រី ខ្ញុំហ៊ានស្បថឲ្យរន្ទះបាញ់ខ្ញុំ បើខ្ញុំចោទអ្នកស្រី។ តែបើអ្នកស្រីបានមានប្រសាសន៍ច្រឡំសុំឲ្យរន្ទះបាញ់ចំលលាដ៍ក្បាលអ្នកស្រីវិញ​ សុខចិត្តទេ។ ខ្ញុំត្រង់ម៉្លឹងហើយមិនចេះមួលបង្កាច់ទេហើយមិនខ្លាចស្បថ។
– veryយ៉ាប់ !!! ហត់ណាស់អញ !!! ក្រុមនេះជាក្រុមយ៉ាប់មែន!
អ្នកស្រីរអ៊ូបន្ត៖
– ឈ្មោះល្អៗពេញមួយនគរពេញមួយផែនដីមិនរើសដាក់ឲ្យកូនទេ។ មិនបានអីដាក់ថា សុវណ្ណថា វ៉ាលីណយ ដូចក្នុងរឿងកំប្លែងឡាក់ស៊ីងជុយដែលនិពន្ធដោយលោក ឈរ ហ៊រ ឃៀងទៅ  គ្រាន់វាពិរោះស្តាប់
បន្តិច ឬក៏យកឈ្មោះតារាខ្មែរល្អឬតារាចិនៗតាមទូរទស្សន៍ក៏បានដែរ។ នែ នាងនេះ សងលុយថ្លៃមីគាវដែលគេទាំងអស់គ្នាបានទទួលទានហើយ រួចកុំភ្លេចទៅដូរឈ្មោះចេញទៅ​ កុំឲ្យចង្រៃដល់គេឯង។
– ចង្រៃដល់គេឯង? ពុទ្ធោ! ពុទ្ធោ! ដូរឈ្មោះ? ដូរម៉េចកើតទៅព្រះអើយ! oh! my God!
-ម៉ាយក្រហត ម៉ាយក្រហូង​ស្អីទៀតហើយនាងនេះ!​ អារឿងដូរឈ្មោះ  វាមិនពិបាក មានគេប្តូរសំបុត្រកំណើតបានគគោក ឲ្យតែមានលុយនៅស្រុកយើង  ចង់ជួលខ្មោចរាំឲ្យមើលក៏បានដែរ ៕ចប់៕

Advertisements

7 responses to “កំប្លែង ស៊ី មីគាវដោយប៉ិច សង្វាវ៉ាន

  1. គួរឲ្យចង់សើចត្រង់ពាក្យថា ” អ្នកស្រីស្រែកជំទាល “……………

  2. មែនហ្នឹង​ខ្មោចងាប់មួយគំនរ មិនយកឈ្មោះខ្មោចណាមួយមកដាក់ឲ្យកូនទេ ។តួយ៉ាងដូចតាញ៉ាំងអញ្ចឹង មានកូនដល់ទៅ៦នាក់ ។កូនប្រុស២ កូនស្រី៣ ។
    ១​ ​–អាយួន ២–អាយ៉ាង ៣–មីគាង ៤–មីកាង ៥–កាប៉ក់ ៦–កាពិន ។
    ស្ដាប់ទៅដូចភ្លេងរនាដ …………….

  3. រឿង «មី ស៊ីគាវ» ជា​រឿង​កំប្លែង​ខ្លី ហើយ​មាន​ន័យ ដ៏​ជ្រាល​ជ្រៅ ទាក់​ទង នឹង ការ​រស់​ក្នុង​សង្គម​ខ្មែរ​យើង។ រឿង​នេះ ទាក់​ទង​យ៉ាង​ស៊ីជំរៅ នៅ​ក្នុង​ប្រពៃណី​ទំនៀម​ទំលាប់ និង ដួង​ព្រលឹង​កូន​ខ្មែរ​គ្រប់​សម័យ​កាល​មក​ហើយ។

    ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​តាម​ជន​បទ​នានា ខ្វះ​មុខ​ខ្វះ​សព្វ ហើយ​ជា​ពិសេស​គឺ​ខ្វះ​ថ្នាំ​ពេទ្យ​ព្យា​បាល​ជម្ងឺ​ផ្សេងៗ​ ធ្វើ​អោយ​ប្រជា​ជន​ទាំង​នោះ ដាក់​ជំនឿ​ទៅ​លើ​ខ្មោច​ព្រាយ​បីសាច ចេះ​កាច់ ចេះ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ឬ ជា​បាន​ យ៉ាង​សក្ដិ​សិទ្ធ​ទៀត​ផង អបិយ​ជំនឿ​ទាំង​នេះ បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​ប្រជា​ជន​ខ្មែរ​ជា​រហូត​មក​ ក្នុង​ជំនឿ​ទាំង​នោះយើង​សង្កេត​ឃើញ​តាំង​ពី​ការ​ដាក់​ឈ្មោះ​កូន​ចៅ​ឡើង​ទៅ ពេល​កូន​កើត​មក​ គេ​មិន​ហាន​ សរសើរ​ថា​កូន​នោះ​ស្រស់​ស្អាត និង មិន​ហាន​ដាក់​ឈ្មោះ​កូន​ចៅ​នោះ​ឲ្យ​ពិរោះ ល្អ​ស្ដាប់​នោះ​ទេ ព្រោះ​ខ្លាច​ខ្មោច​លឺ ហើយស្រឡាញ់ បៀត​បៀន​ចង់​បាន​យក​ទៅ ហើយ​ធ្វើ​ឲ្យកូន​ចៅ​នោះ​មិន​សុខ​សប្បាយ​ឡើយ។

     អញ្ចឹង​ហើយ​បាន​ជា​ការ​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​យើង​ដែល​ជួន​ស្ដាប់​ទៅ​វា​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ ទែន​ ដូច​ជាឈ្មោះ «អាជ្រឹង អាជ្រុំ អាជ្រក់ អាជា មីកត្រប់ មីក្អុក » ជា​ដើម ក៏​មិន​មែន​មាន​តែ​ជន​ជាតិ​ខ្មែរ​នោះ​ទេ ជន​ជាតិ​ចិន​ ក៏​ដិត​ជាប់​ក្នុង​ជំនឿ​នេះ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ ដូច​ជា​ហៅ​ឈ្មោះ​កូន​ថា «អាកៅ =អាឆ្កែ អាឡៅកាវ=អាស្វា អាទឺសៃ=អាអាចម៍ជ្រូក អាទឺមួយ=មីអូនជ្រូក » ជា​ដើម​អញ្ចឹង​ដែរ។

    ជន​ជាតិ​ថៃ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដូច​ជន​ជាតិ​ខ្មែរ​ដែរ គេ​មាន​មេ​ដឹក​នាំ​ប្រកាន់ «ទ្រឹស្ដី​ជាតិ​និយម (une doctrine nationale)» ដ៏​ខ្លាំង​ពូកែ​ម្នាក់ ឈ្មោះ​ហ្លួង​ពលត្រី​វិចិត្រ​វាទ​កាន ក្នុង​ឆ្នាំ ១៩៣២ វិចិត្រ​វាទ​កាន កាន់​ការក្នុង​ក្រសួង​ការ​បរទេស មាន​មុខ​នាទី​ជា​នាយក​ក្នុង​ក្រសួង វិចិត្រ​សិល្បៈ តាម​រយៈ បទ​ភ្លេង រឿង​ល្ខោន និង ក្នុង​ឋានៈ​ខ្លួន​ជា​អ្នក​កាសែត​ផង វិចិត្រ​វាទ​កាន បាន​ផ្សព្វ​ផ្សាយ​នូវ​ទ្រឹស្ដី​ជាតិ​និយម​ថៃ​បាន​យ៉ាង​ឆាប់​រហ័ស ។
    ទ្រឹស្ដី​ជាតិ​និយម​នេះ ត្រូវ​បាន អនុវត្ដន៍​យ៉ាង​ពេញ​ទំហ៊ឹង ដោយ​ហ្លួង​ចម​ពល ភិបុល​សង្រ្គាម ដែល​ក្នុង​ពេល​នោះលោក​ជា​នាយក​រដ្ឋមន្ត្រី។ ហ្លួង​ភិបុល​សង្រ្គាម​បាន​កែ​ប្ដូរ​ឈ្មោះ​ប្រទេស​សយាម ជា ប្រទេស​ថៃ ទាម​ទា​ទឹក​ដីឥណ្ឌូ​ចិន​ពី​បារាំង ប្រកាស​ឲ្យ​អនុវត្ដន៍​ជាតិ​ថៃ​និយម ឲ្យ​ប្រជា​ជន​ផ្លាស់​ប្ដូរ​របៀប​ស្លៀក​ពាក់​បែប​បូរាណ​(ឈប់ឲ្យ​ស្លៀក​សំពត់​ចងក្បិន ស្ដ្រី​ឲ្យ​ស្លៀ​សំពត់) ឲ្យ​ឈប់​បរិភោគ​ស្លាម្លូ ដាក់​ឈ្មោះ​ប្រុសៗ ឲ្យ​មាន​លក្ខណៈសំដែង​ភាព​រឹង​ប៉ឹង​ខ្លាំង​ពូកែ ដាក់​ឈ្មោះ​ស្រីៗ -​
    ឲ្យ​សំដែង​ពីភាព​ទន់​ភ្លន់​ផ្អែម​ពិរោះ ជា​ដើម។

    អញ្ចឹង​ហើយ​បាន​ជា​យើង​ឃើញ​ជន​ជាតិ​ថៃ​ច្រើន​មាន​ឈ្មោះ​ពិរោះ​ស្ដាប់​ជាង​ខ្មែរ​យើង​ តែ​បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អប្រិយ​ជំនឿ នូវ​តែ​ដក់​ជាប់​នៅ​ក្នុង​ដួង​ព្រលឹង​ជន​ជាតិ​នេះ យ៉ាង​ច្រើន​ឥតគណនា​ដែរ។

    ជន​ជាតិ​ខ្មែរ​ក្ដី ចិន​ក្ដី ថៃ​ក្ដី សុទ្ធ​តែ​មាន​ជំនឿ ទៅ​លើ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ យ៉ាង​មុត​មាំ ហើយ​ប្រសិន​បើ​យើង​ចេះយក​ព្រះពុទ្ធ​សាសនា ដែល​ពោរ​ពេញ​ទៅ​ដោយ​សីលធម៌ មេត្ដា​ករុណា​ធម៌ សន្ដោស​ប្រោស​ប្រណី និង​ ការ​ដែល​ប្រដៅ​អោយ​ចេះ​ដុស​ខាត់​ទៅ​រក​វិជ្ជា និង ការ​កាសាង.., មក​ធ្វើ​ជា​មូល​ដ្ឋាន កសាង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពិត​ប្រា​កដ​នោះ ប្រជា​ពល​រដ្ឋ​ខ្មែរ នឹង បាន​ជួប​នូវ​សេចក្ដី​សុខ​ក្សេម​ក្សាន្ដ ចំរុង​ចំរើន​ជា​មិន​ខាន។ ព្រះពុទ្ធ​ព្រះ​បរម​គ្រូ ទ្រង់​ត្រាស់​ជា​អាទិ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ចេញ​មក​អំពី​ចិត្ដ និង គំនិត។ បើ​ចិត្ដ​គំនិត​មិន​ស្អាត​ស្អំ ​អ្វីៗ​ទាំង​នោះ ​នឹង​នាំ​មក​នូវ​វិបត្ដិ និង ក្ដី​វិនាស​ជា​មិន​ខាន។ តែ​បើ​ចិត្ដ​គំនិត​ស្អាត​ស្អំ ល្អ​បរិសុទ្ធ​ស្មោះ​ត្រង់​ គ្មាន​គំនិត​អាក្រក់​វៀច​វេរ អ្វីៗ​ដែល​កើត​ចេញ​មក​ទាំង​ប៉ុន្មាន​ក៏​ល្អ​ប្រសើរ​គ្មាន​សៅ​ហ្មង​ដែរ។

    • សូមស្វាគមន៍ បាត់លោក​យូរ ស្មានតែលោកឈប់ចូលអានប្លក់ខ្ញុំហើយ។​
      អរគុណលោកណាស់ដែលបានបញ្ចេញយោបល់យ៉ាងល្អ។​
      ខ្ញុំមានទម្លាប់ កាលណា​ខ្ញុំស្រឡាញ់យោបល់ល្អៗច្រើនតែយកមកផ្សាយដើម្បីចែករំលែក។

  4. ខ្ញុំពិតជាទប់សំណើចមិនបាន នៅពេលអានរឿងនេះ។

  5. ខ្ញុំតែងតែ ចូលអានក្នុងប្លុករបស់លោកស្រីជារឿយៗ ជានិច្ច។
    សូមអរគុណច្រើនណាស់ ចំពោះការពេញចិត្ដ និង លើកមតិរបស់ខ្ញុំទៅចុះចែកជូនប្រិយមិត្ដអានបន្ដ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s