ខ្ញុំស្វាយលីម៉េងជំរាបសួរ អក្ខរាជាតួនិងតំណាង
ឲ្យបេះដួងខ្ញុំដែលចង់បាន ក្តីសុខតែម្យ៉ាងក្នុងដួងចិត្ត។
ជូនចំពោះអ្នកគ្រូរបស់ខ្ញុំ ដែលរស់សុខុមគ្មានភ័យភិត
ស្ថិតនៅឯនាយខានបានស្និទ្ធ បាននៅត្រឹមជិតតែសំនេរ។
សូមទាញបេះដូងតាមប៉ាកកា រៀបជាអក្ខរាបទបំពេរ
ពីហឫទ័យខ្ញុំដែលជាស្មេរ បើមិនល្អទេសូមអភ័យ។
សូមសុខភាពល្អពលំខ្លាំង សប្បាយនិត្យនៅក្បែររូបកាយ។
សូមកិត្តិយសដែលស្ថិតនៅ ក្លិនរឹតភាយទៅដល់ទីឆ្ងាយ
ឲ្យគេបានស្គាល់បានសប្បាយ ចង់ឃើញរូបកាយនិងសម្លេង។
សូមឲ្យចំណេះដ៏ខ្ពង់ខ្ពស់ វាតទីសាបព្រោះដូចបទភ្លេង
ស្តាប់បានពិរោះលែងសង្រេង សាយភាយធំធេងអក្សរសាស្រ្ត។
សូមកិច្ចការងាររឹតអស្ចារ្យ គ្រប់អ្នកទស្សនាចងចាំច្បាស់
អានយល់រួចហើយស្វែងរកម្ចាស់ ឲ្យអស់ស្រឡះពីដួងចិត្ត ។
សូមសេចក្តីសុខកើតព្រមដែរ សាច់ញាតិដែលស្នេហ៍សែនស្នាលស្និទ្ធ
ឧត្តមស្វាមីសម្លាញ់ចិត្ត កូនចៅនែបនិត្យសើចក្អាកក្អាយ ។
សូមក្សាន្តអារម្មណ៍ពេលអានហើយ កង្វល់បានស្បើយសែនសប្បាយ
ចន្ទ្រាញញឹមយ៉ាងស្រស់ស្រាយ អស់ភាពខ្វល់ខ្វាយសុខជានិច្ច៕
អូរតាវ៉ៅ, ខេត្តប៉ែលិន, ខែមករា ឆ្នាំ ២០១២
ស្វាយ លីម៉េង
គួរឲ្យស្តាយ ខ្ញុំអស់មធ្យោបាយនិងតម្រឹមជួរអក្សរឲ្យស្មើល្អ ទាំងរឿងទាំងកំណាព្យ។
រង់ចាំការណែនាំពីម្ចាស់វឺតប្រេសចិត្តល្អដែលស្គាល់បច្ចេកទេសនៃការប្រកាសអត្ថបទ។
សូមអរគុណទុកជាមុន៕
ទោះបីមិនទាន់ដល់កម្រិត តែនេះជាការចាប់ផ្តើមមួយដ៏ល្អ
គួរចេះជួយលើកទឹកចិត្តជាជាងបន្ទុចបង្អាក់។