ទិវាដួងចិត្ត​និពន្ធដោយ ឡឹក ជំនោរ

ក្រោយពីផ្ញើសារត្រឡប់ទៅខ្សែម្ខាងទៀតរួចខ្ញុំក៏ចូលទៅគេង។ កណ្តាលទ្រូងនៃរាត្រី
ដ៏សែនស្ងាត់ ខ្ញុំគេងស្តាប់សត្វយំឆ្លើយឆ្លងគ្មានដាច់សូរ។ សុភមង្គលរបស់ពួកគេប្រៀបបាន
នឹងកំពុងមានពិធីជប់លៀងអ្វីមួយអីចឹង… ខ្ញុំបន្តបិទភ្នែកមិនជិត។
ខ្ញុំតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំធ្វើដំណើរមកកាន់តំបន់មុនកំណត់?
ជីវិតដែលធ្លាប់តែសប្បាយរីការាយហ៊ឺហារបស់ខ្ញុំត្រូវបានបញ្ចប់មួយរយៈ បញ្ចប់អ្វីៗ
ដោយគ្មានហេតុផល។  ទោះបីជាទីនេះជាតំបន់ព្រៃភ្នំ នៅឃ្លាតឆ្ងាយពីភាពរីកចម្រើន ក៏ខ្ញុំពេញចិត្ត  ខ្ញុំពេញចិត្តនូវជីវភាពដ៏សមល្មមរបស់អ្នកភូមិជនជាតិភាគតិចនៅតំបន់នេះ ទោះបីជាកម្រិតជីវភាពរបស់ពួកគាត់ខុសប្លែកពីបងប្អូនខ្មែរ នៅតាមបណ្តាខេត្តនានា និងរាជធានីក៏ដោយ ក៏ជីវិតដ៏ប្រពៃនេះបានបង្ហាញយ៉ាងច្បាស់លើការថែរក្សាមរតកធម្មជាតិ
របស់ខ្មែរបានយ៉ាងច្បាស់ក្រឡែត។  រវល់តែគិតនាឡិកាបានវាយម៉ោងពីររំលងអធ្រាត្រទៅ
ហើយ។
ក្រោកពីដំណេកព្រឹកនេះខ្ញុំជ្រុលម៉ោងបន្តិច។  ខ្ញុំព្យាយាមរួតរះដើម្បីធ្វើដំណើរទៅ ស្រុកពេជ្រចិន្តា តាមគំរោងដែលក្រុមងារបានដាក់ជូនកាលពីសប្តាហ៍មុន។  តាមពិតទៅ
គំរោងការងារបណ្តុះបណ្តាលអ្នកភូមិមួយនោះចាប់អនុវត្តន៍នៅចុងខែកុម្ភៈឯណោះ  ប៉ុន្តែខ្ញុំសុំ
សិទ្ធិពិសេសដើម្បីមករៀបចំ និងសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងអ្នកស្រុកជាមុន
សិន។
ដំណើរដ៏វែងឆ្ងាយពីទីរួមខេត្តមណ្ឌលគីរីមកស្រុកពេជ្រាដាឆ្ងាយគួរសម ដោយធ្វើ
ដំណើរលើផ្លូវក្រាលគ្រួសក្រហម ហុយស៊ុបទ្រុប រកមើលអ្វីមិនយល់។  ទៅដល់កន្លែង
បណ្តុះបណ្តាលលោកតំណាងសសហគមន៍បានណែនាំខ្ញុំឲ្យស្គាល់បងប្អូនអ្នកភូមិជាច្រើនអ្នកផ្សេងទៀត។  ខ្ញុំមានសេចក្តីរីករាយណាស់ទៅសកម្មភាពដ៏ល្អៗរបស់បងប្អូនយើងនៅទីនោះ។ ខ្ញុំបានទទួលឲ្យស្នាក់នៅផ្ទះលោកអ៊ំប្រធានសហគមន៍  ។  ការទទួលភ្ញៀវដោយស្នាមញញឹម
របស់គាត់បានធ្វើឲ្យខ្ញុំប្រៀបបាននឹងជនជាតិនៅទីនោះដែរ ខ្ញុំទៅព្រៃរកវល្លិ៍ជ័រ រៀនសង្កេត
ការគោរពបូជា តាមប្រពៃណីរបស់បងប្អូនជនជាតិយ៉ាងជាក់លាក់។ ជីវិតដែលនៅដិតជាប់
នឹងធម្មជាតិរបស់ខ្ញុំបានធ្វើឲ្យខ្ញុំភ្លេចអស់ភាពរវើរវាយសៅហ្មងដែលមាននៅក្នុងខួរក្បាលរបស់ខ្ញុំនៅឯទីក្រុងរាជធានី។.
ថ្ងៃស្អែកនេះជាថ្ងៃពិសេសមួយរបស់ខ្ញុំដែលបងប្អូនយើងបាននាំខ្ញុំទៅលេងទឹកជ្រោះប៊ូស្រា។  ខ្ញុំរំភើបណាស់រហូតគេងមិនលក់ មិនដឹងថា រូបភាពពិតនៃលម្អធម្មជាតិនេះល្អយ៉ាង
ណានោះទេ? កន្លងមកខ្ញុំបានឃើញតែរូបភាពវីដេអូប៉ុណ្ណោះ។  គេងមិនទាន់លក់ស្រួលបួល
ផង ស្រាប់តែនាឡិការទូរស័ព្ទខ្ញុំរោទិ៍ឡើង  ខ្ញុំស្រវ៉ាចាប់ទូរស័ព្ទឡើងមកភ្លាម… ខ្ញុំចាប់ទូរស័ព្ទ
យ៉ាងណែន អានដោយហ្មត់ចត់នូវតួអក្សរដែលស្តែងចេញជាមួយសំឡេងរោទិ៍នោះ “ម៉ែ!  ថ្ងៃកំណើតរបស់អ្នកម៉ែ…!”
អានចប់ខ្ញុំចាប់ផ្តើមទូរស័ព្ទទៅអ្នកម៉ែខ្ញុំភ្លាមគ្មានបង្អង់ឡើយ។
– អាឡូអ្នកម៉ែ! ម៉ែ! រីករាយថ្ងៃកំណើតអ្នកម៉ែ… កូនជូនពរអ្នកម៉ែនូវពរគ្រប់យ៉ាង… សូមឲ្យស្នាមញញឹមរបស់អ្នកម៉ែស្ថិតនៅក្នុងដួចចិត្តកូនជានិច្ច ណាម៉ែណា… ឲ្យកូនសូម
អភ័យទោសអ្នកម៉ែផង ដែលថ្ងៃសំខាន់របស់អ្នកម៉ែគ្មានកូននៅជិតម៉ែ  កូនស្រឡាញ់អ្នកម៉ែ ស្រឡាញ់ពុក ស្រឡាញ់បងប្អូនយើងទាំងអស់..”
ខ្ញុំនិយាយទៅអ្នកម៉ែទាំងកណ្តាលអធ្រាត្រ។ ខ្ញុំរំភើប រំភើបជាមួយទឹកភ្នែក។ ខ្ញុំមាន
ភាពកក់ក្តៅពីដង្ហើមដួងចិត្តនៃអ្នកម៉ែ។ លោកអូសនូវប្រយោគវែងខ្លីមកខ្ញុំ ជាពាក្យដ៏ពិរោះ
ដែលខ្ញុំបានទទួលពីអ្នកមានគុណរបស់ខ្ញុំ។ ពេលនៅឆ្ងាយពីទ្រូងម៉ែទើបខ្ញុំដឹងថា សេចក្តី
ស្នេហា និងការស្រឡាញ់នោះមានន័យធំធេងប៉ុនណាហើយកក់ក្តៅយ៉ាងណា! ក្រោយពី
សន្ទនាជាមួយអ្នកម៉ែចប់ខ្ញុំដាក់ទូរស័ព្ទចុះមិនទាន់ផុតពីដៃផង។ សម្លេងរំលឹករបស់ទូរស័ព្ទ
រោទិ៍ជាថ្មី តែម្តងនេះហាក់ដូចជាមនសូវច្បាស់…
“ថ្ងៃកំណើតមិត្តស្រី…”  ខ្ញុំនៅមិនច្បាស់ក្នុងចិត្តសោះថា មិត្តស្រីម្នាក់នោះជានរណា? ខ្ញុំដាក់ទូរស័ព្ទចុះរួចទាញសៀវភៅកំណត់ហេតុមកបើកមើលម្តងទៀត នៅតែគ្មាននរណា
ប្រាកដនៅក្នុងថ្ងៃនេះ។ ខ្ញុំក៏ដាច់ចិត្តគេងដោយក្នុងចិត្តគិតថា បើខ្ញុំដឹងថា ជានរណាម្នាក់នោះ
ក៏ខ្ញុំមិនអាចខលទៅគេទាំងកណ្តាលអធ្រាត្រដែរ។  បិទភ្នែកភ្លាមក៏នឹកឃើញមិត្តម្នាក់នោះ
ភ្លាម។

ខ្ញុំក្រោកទៅលប់លាងមុខដើម្បីជម្រះភាពហ្មងសៅទាំងឡាយ។ ខ្ញុំអង្គុយសំកុកមើលរូបថត
របស់មិត្តភក្តិរួមជំនាន់កាលនៅរៀននៅសាលាភូមិភាគហ្វឹកហ្វឺនគ្រូ។. ខ្ញុំបើកទៅបើកមកនូវ
សៀវភៅកម្រងអនុស្សារិយ៍របស់មិត្តភ័ក្តិទាំងអស់។ បើកដល់ទំព័រមិត្តទីបី ទើបខ្ញុំបានអាន
អត្ថន័យដែលនាងបានសរសេរនៅលើកម្រងទំព័រនោះម្តងទៀត។ “វិបុត្ត ជាមិត្តតែម្នាក់គត់
ដែលខ្ញុំទុកក្នុងចិត្ត អ្នកជាតារាដែលកំពុងរះក្នុងដួងចិត្តខ្ញុំ និងជាចំណងមិត្តភាពនៃវ័យសិក្សា
របស់ខ្ញុំ។. វិបុត្តជាបុរសម្នាក់ដែលចិត្តល្អបរិសុទ្ធ រូសរាយរាក់ទាក់… គ្រប់ទង្វើរបស់វិបុត្ត
បានបញ្ជាក់នូវមរតកនៃភាពជារៀមច្បងយ៉ាងគ្មានមន្ទិល អ្នកជាបងប្រុសទី២របស់ខ្ញុំ…” ខ្ញុំអានអត្ថន័យនៅលើទំព័រនេះជាច្រើនសារ ខ្ញុំនឹកដល់វ័យនោះមួយរំពេច។ ខ្ញុំរំភើប ខ្ញុំខាំមាត់សង្កត់ចិត្ត ទឹកភ្នែកហាក់កំពុងដណ្តើមគ្នាចេញមកដោយគ្មានឲ្យដំណឹង ដៃរបស់ខ្ញុំញ័រព្យាយាមបើកទំព័រថ្មីមួយទៀត…
ស្នាមញញឹមស្ងួតប្រកបដោយមន្តសណ្តំ នៃរូបថតរបស់នាងដែលអង្គុយលើថ្មកំពូលភ្នំឈើ
កាច់បិទភ្ជាប់លើទំព័រនោះ។ ខ្ញុំលើកមកពិនិត្យយ៉ាងជិតភ្នែក។ ខ្ញុំនឹកដល់រឿងរ៉ាវឈើកាច់បាភ្នំ
មួយំពេច… ខ្ញុំនឹកដល់សំដីគ្រប់ម៉ាត់របស់មិត្តខ្ញុំម្នាក់នេះ “ទោះបីជាវិបុត្តខ្មៅតែទឹកចិត្ត
វិបុត្តសណាស់សម្រាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ដែលរស់ជាតិនេះបានស្គាល់វិបុត្ត…”  ខ្ញុំលាត់មើលខាងខ្នងរូបថតនេះភ្លាម “វីវឌ្ឍ សូមជូនរូបថតមួយសន្លឹកនេះទុកជាអនុស្សាវរីយ៍
ពេលយើងបែកគ្នា… រូបថតនេះប្រៀបបាននឹងខ្ញុំបាននៅក្បែរវិបុត្ត សូមថែរក្សឲ្យល្អណា  ”
“តើប្រុសដឹងទេថា អូនស្នេហ៍បង ជាតិនេះអូនផ្សងឲ្យជួបប្រុសថ្លៃ…” ចម្រៀងនេះខ្ញុំ
អានយ៉ាងយកចិត្តទុកដាក់បំផុត វិវឌ្ឍ បានសរសេរជូនខ្ញុំលើទំព័រចម្រៀងជូនមិត្ត។ អានចប់ខ្ញុំយល់ថា ហេតុអ្វីក៏ខ្ញុំគ្មានភាពរឹងមាំល្មមសម្រាប់ទទួលយកដូចនេះ ឬកាលនោះខ្ញុំមិនយល់និយមន័យនៃពាក្យល្អៗដែលនាងសរសេរ?
ខ្ញុំអង្គុយគិត នឹកស្តាយអនុស្សាវរីយ៍ នឹកស្តាយមិត្តភាព ដែលបានកសាងកន្លងមក។.. ហេតុអ្វីបានជាខ្ញុំបំភ្លេចចោល ខ្ញុំអាត្មានិយមណាស់។ ខ្ញុំបន្ទោសនឹងខ្លួនឯង បន្ទោសពេល
វេលាដែលកំណត់រូបខ្ញុំឲ្យទៅជាយ៉ាងនេះ។ ខ្ញុំសម្រេចចិត្តទូរស័ព្ទទៅមិត្តម្នាក់នោះ។
– អាឡូ! វិវឌ្ឍ!  វិវឌ្ឍ នៅចាំខ្ញុំទេ? រីករាយថ្ងៃកំណើត…
” ស្ងាត់គ្មាននរណាឆ្លើយតបមកខ្ញុំ… សំឡេងរអាក់រអួលពីខ្សែម្ខាងទៀត។
– ចា៎ស! ចា៎ស វិបុត្ត… វិបុត្តនៅមិនទាន់សម្រាកទេអី? អរគុណណា ដែលវិបុត្ត
នៅចាំថ្ងៃរបស់ខ្ញុំ តទៅ។ វឌ្ឍសង្ឃឹមថា វិបុត្តនៅចាំវារហូត…
– ជូនពរឲ្យវិវឌ្ឍរស់នៅដោយសុភមង្គល…ខ្ញុំនឹកវឌ្ឍណាស់  យើងអាចជួបគ្នាបានដែរ
ទេ…?”
– តែ… តែ… តែ…ខ្ញុំ…ខ្ញុំ…!!!
– សូមឲ្យបុត្តឈប់រំលឹករឿងរ៉ាវយុវវ័័យរបស់ពួកយើងកាលពីដប់ឆ្នាំមុនទៅ ឲ្យវារសាយ
ទៅតាមខ្យល់ទៅចុះ អ្វីៗជាសុបិនរបស់ដួងចិត្តនារីទន់ខ្សោយដូចរូបខ្ញុំ… អ្វីៗគ្រាន់តែ
ស្រមោលនៃក្តីសង្ឃឹមដួងចិត្តដែលខំសន្សំច្រើនឆ្នាំឲ្យក្លាយជាមរតកអាប់អួជាប់បេះដូងខ្ញុំតែ
ម្នាក់បានហើយ…បុត្ត..”
– វិវឌ្ឍ ! វិវឌ្ឍ! វិវឌ្ឍ… ដាច់បាត់ទៅហើយ។
ខ្ញុំព្យាយាមទូរស័ព្ទទៅវិវឌ្ឍទាំងកណ្តាលយប់ ដើម្បីចង់និយាយអ្វីម្យ៉ាងដែលខ្ញុំមិន
ទាន់បាននិយាយប្រាប់នាងកាលពីដប់ឆ្នាំមុន…
– ពុទ្ធោ! ខ្ញុំជាអ្នកខុស ខ្ញុំជាអ្នកសាងវា ឬខ្ញុំជាអ្នកចិញ្ចឹមវា ។ហេតុអ្វីខ្ញុំបន្ទុករឿងនេះ
ឲ្យមិត្តខ្ញុំជាអ្នកថែរក្សាទៅវិញ?”  ក្នុងវិការភាពមួយគ្មានកោះត្រើយ ខ្ញុំអណ្តែតអណ្តូងដល់
អនុស្សាវរីយ៍ទាំងឡាយទាំងពួងដែលខ្ញុំបានធ្វើកន្លងមក។  ខ្ញុំបិទទូរស័ព្ទ។
ព្រឹកឡើងបើកទូរស័ព្ទភ្លាមខ្ញុំទទួលការហៅចូលមួយរំពេច។
–  អាឡូ! នរណាគេហ្នឹង? មានការអ្វីទាំងព្រលឹមអុរដូចនេះ?
– បងវិបុត្ត… ហេតុអ្វីបងនិយាយភាសានេះដាក់អូន បងមិនស្គាល់អូនទេឬ? ម៉េចបងទៅស្រុកព្រៃមួយសប្តាហ៍ភ្លេចក្រុង ភ្លេចចន្ទ្រាហើយឬ! អូនមិនសុខចិត្តទេ ។ អូននឹង
ប្រាប់លោកអ៊ំហើយ…”
– បងរវល់ណាស់ណា! រីករាយថ្ងៃនៃក្តីស្រឡាញ់ សូមឲ្យអូនមានមន្តសេ្នហ៍រហូត!
– អរគុណបង. អូនក៏ស្រឡាញ់បងណាស់ដែរ។. ហេតុអ្វីបានជាបងទៅឆ្ងាយអូនអ៊ីចឹង។
បងមិនស្រឡាញ់អូនទេឬ?”
– ចន្រ្ទា ស្នេហ៍បងចំពោះអូនមានជារៀងរហូតណា៣៦៥ថៃ្ង មិនមែនសម្រាប់តែថ្ងៃ
នេះទេ។

តាមពិតខ្ញុំធុញទ្រាន់នឹងពាក្យ “រីករាយនៃក្តីស្រឡាញ់នេះខ្លាំងណាស់!” ខ្ញុំឆ្លើយតបទៅនាង
ដើម្បីកុំឲ្យនាងខឹងប៉ុណ្ណោះ។  វាគ្មានអ្វីសំខាន់សោះសម្រាប់ខ្ញុំ។ ការស្រឡាញ់របស់ខ្ញុំមិនមែន
មានន័យថា ទាល់តែបុរសស្ត្រីមួយគូស្រឡាញ់គ្នាបូជាគ្រប់យ៉ាងឲ្យគ្នានាថ្ងៃនេះនោះទេ។ ខ្ញុំស្រឡាញ់មនុស្សរាល់គ្នា។ ស្រឡាញ់ទាំងអស់គ្នា។ ស្រឡាញ់ពេញៗមួយឆ្នាំ។
ខ្ញុំបានទាញយកអគតិភាពនៃទិវានៃក្តីស្រឡាញ់នេះដាក់ក្នុងចិត្ត។ នៅពេលដែលរាល់ឆ្នាំនាថ្ងៃនេះគេនាំគ្នាធ្វើអ្វីដែលវាខុសស្រឡះពីសេចក្តីស្រឡាញ់ដ៏ល្អប្រពៃដែលជាអត្ថន័យពិតប្រាកដនៃទិវានេះ។
សកម្មភាពសប្បាយខ្ញៀវខ្ញារ ដូចសារិកាស្រែកពេញព្រៃបានផ្ទុះឡើងកាត់ចង្វាក់របស់ខ្ញុំ។
ខ្ញុំសែនធុញទ្រាន់គេចពីក្រុងចូលមកដល់ព្រៃហើយនៅតែគេចមិនផុត។ ខ្ញុំអង្គុយលំហែនៅ
មាត់ជ្រោះដែលទឹកកំពុងទាញខ្លួនទម្លាក់គ្មាននឿយហត់… ទឹកជ្រោះប៊ូស្រាពិតជាគ្រឿង
អលង្កានៃមានតុភូមិកម្ពុជាមែន  ស្នូរទឹកជ្រោះបានជំនូសភាពសៅហ្មង បន្លែបន្លំអារម្មណ៍ខ្ញុំឲ្យ
ផុតឆ្ងាយកង្វល់បានច្រើនណាស់។
– លោកគ្រូមកសម្ងំនៅទីនេះអញ្ចឹងបានជាខ្ញុំរកមិនឃើញ…
អ្នកគ្រូដែលជាគ្រូបង្គោលតំណាងបងប្អូនជនជាតិខ្មែរលើបានបង្ហើបវាចាបង្កប់នូវក្តីបារម្ភ។
ខ្ញុំញញឹមទទួល ហើយបន្លប់នូវភាសាមួយដល់នាង។
– ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូនយើងបានសប្បាយរីករាយ  អ្នកគ្រូសប្បាយឬទេក្នុងដំណើរទស្សនកិច្ចសិក្សាថ្ងៃនេះ?
– ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំរំភើបណាស់នៅពេលដែលមានវត្តមានលោកគ្រូ ដែលជាអ្នកទីក្រុងបានមកដល់ទីនេះ ហើយបងប្អូនយើងក៏មានតែលោកគ្រូដែរដែលអាចជួយ
ដោះទុក្ខលំបាកកន្លងមកបាន។  វត្តមានរបស់លោកគ្រូបានដក់ជាប់ក្នុងបេះដូងរបស់នាងខ្ញុំ
និងបងប្អូនយើងជានិច្ច”  អ្នកគ្រូសារាយ ញញឹមស្ងួតមុននឹងបញ្ចប់ប្រយោគ។
– ស្តាយណាស់ដែលខ្ញុំមកបេសកម្មគ្រានេះមិនបានមានអ្វីជាប់ដៃក្រៅពីទឹកចិត្តជួយអ្នក
ទាំងអស់គ្នា!”
– បងប្អូនយើងគ្មានចង់បានអ្វីឡើយក្រៅពីវត្តមានលោកគ្រូ… ហើយថ្ងៃនេះជាថ្ងៃ
ពិសេសមួយដែលសារាយចង់ជម្រាបអ្វីម្យ៉ាងដល់លោកគ្រូ… មិនដឹងថាលោកគ្រូយល់យ៉ាង
ណាទេ?
ខ្ញុំញញឹមដៃទះស្មានាងថ្នមដូចជាបងលោមប្អូនស្រី។
– សារាយមានអ្វីឲ្យខ្ញុំជួយនិយាយមកកុំលាក់លៀមអី…!
– ទោះបីបុស្បាមួយទងនេះជាបុប្ផាជាតិព្រៃភ្នំក្រំថ្មក៏ដោយក៏វាជាតំំណាងចិត្តភ័ក្តី និង
ភាពបរិសុទ្ធនៃបេះដូងធ្លាប់កំព្រាសម្រាប់ជូនលោកគ្រូនៅក្នុងទិវានៃក្តីស្រឡាញ់នេះ។ សារាយគ្មានលម្អអ្វីលើសពីនេះទេ ដែលជាការតបស្នង សូមលោកគ្រូជួយថែផ្កាព្រៃនេះផង។.. សារាយហុចផ្កាមួយទងដល់ខ្ញុំ ដៃនាងញ័រជាមួយវាចាសារភាពអ្វីមួយដែលពិបាកយល់។
ខ្ញុំទាញដៃនាងឲ្យក្រោកឈរ ដៃខ្ញុំទាំងពីរកាន់ស្មានាងជាប់។ ខ្ញុំចង់ពន្យល់រឿងរ៉ាវនេះឲ្យនាង
យល់ច្បាស់។ រាងកាយនាងញ័រចំប្រប់ដោយភាពភ័យខ្លាចព្រួយ…  មិនទាន់បាននិយាយអ្វីផង
នាងឱបខ្ញុំដោយភាពខ្សឹកខ្សួល។
– បងវិបុត្ត! បេះដូងក្រមុំនៃបុប្ផាព្រៃ ប្អូនទុកជូនបងរក្សាហើយ…!
ខ្ញុំអង្អែលខ្នងនាងស្រាលៗ ហើយនិយាយពន្យល់លួងលោមដោយវាចាទន់ភ្លន់។
– សារាយ ស្តាប់ខ្ញុំសិន… កន្លងមកខ្ញុំមិនធ្លាប់ចាត់ទុកប្អូន និងបងប្អូនទាំងអស់គ្នា
នៅក្រៅបេះដូងខ្ញុំម្តងណាឡើយ  ទុក្ខលំបាករបស់បងប្អូនយើងទាំងអស់គ្នាក៏ដូចជាទុក្ខ
លំបាករបស់ខ្ញុំដែរ។ យើងជាខ្មែរ រស់នៅលើទឹកដីខ្មែរ មានរឿងអ្វីត្រូវយើងស្អប់ខ្ពើម
គ្នានោះ… ខ្ញុំបានសម្រេចចិត្ត និងតាំងចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងការពារផលប្រយោជន៍របស់
បងប្អូនយើង ទោះបីពេលខ្លះមានអ្នកទីក្រុងគិតថា យើងជាអ្នករស់នៅដាច់ស្រយ៉ាលក៏ដោយ
… អរគុណណាស់ដែលប្អូនបានផ្តល់ក្តីស្រឡាញ់បងឲ្យបង
បងនឹងថែរក្សវាឲ្យល្អ ឲ្យស្រស់បំព្រងដូចជាបុប្ផាដែលប្អូនជូនបងនៅពេលនេះអីចឹង” ស្តាប់ខ្ញុំដោយ
វិយោគ នាងចាប់កាន់ដៃខ្ញុំភ័ក្ត្រមូលក្រឡង់ កែវភ្នែកពោរពេញដោយទឹកថ្លាៗ។ នាងងើបមើលមុខខ្ញុំ… ទឹកភ្នែកបានរមៀលលើថ្ពល់ដ៏រលោងបរិសុទ្ធមិនធ្លាប់ស្គាល់ម្សៅម្តងមួយៗ។

– សារាយយល់ហើយ… តែមិនយូរបងវិបុត្តនឹងត្រឡប់ទៅវិញ ហើយភ្លេចនូវសេចក្តី
ស្រឡាញ់នៃថ្ងៃនេះចោលជាមិនខានទេ។.
ខ្ញុំចាប់កាន់ដៃនាងយ៉ាងណែនហើយពន្យល់នាងជាថ្មី។
…  សារាយថ្ងៃនេះជាទិវានៃក្តីស្រឡាញ់ដែលមនុស្សក្នុងលោកបានផ្តល់ជូនគ្នាទៅវិញទៅមក។
… ថ្ងៃនេះប្អូនបានប្រកាសប្រាប់អ្នកតាចាស់ស្រុក អ្នកបង់បត់ដែលរក្សាព្រឹក្សព្រៃដងជ្រោះ
នេះថា ប្អូនស្រឡាញ់បង.. បងអរគុណនឹងប្អូនណាស់ ព្រោះ
បងបាន ទទួលនូវក្តីស្រឡាញ់ពីប្អូន ប៉ុន្តែក្តីស្រឡាញ់
របស់ប្អូនប្រហែលមានតែថ្ងៃនេះទេមើលទៅ !  តែសម្រាប់បងវិញ បងបានផ្តល់ជូនប្អូន រាល់ថ្ងៃ
មិនថាថ្ងៃនេះ ថ្ងៃស្អែក ឬឆ្នាំក្រោយឡើយ គឺបងមានវា រហូតសម្រាប់ជូនប្អូន”។សារាយយកកន្សែង
ជូតទឹកភ្នែក ហើយញញឹម។ ខ្ញុំញញឹមតបសងនាងវិញ។

– សូមប្អូនកុំច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃដែលដែលយើងត្រូវលះបង់អ្វីៗទៅឲ្យបុរសនោះ។
ការធ្វើបែបនេះវាប្រាសចាកអត្ថន័យពិតនៃទិវានេះខ្លាំងណាស់។. ទិវានេះជាទិវាមួយដែល
មនុស្សរាល់រូបបានផ្តល់ក្តីស្រឡាញ់ជូនគ្នា មិនថា គ្រូ សិស្ស ឪពុកម្តាយ។បងសង្ឃឹមថា ប្អូន
នឹងយល់ពីអត្ថន័យនេះ ហើយធ្វើជាមគ្គុទេសក៍ណែនាំពន្យល់រឿងល្អដល់បងប្អូនយើងឲ្យ
យល់កាន់តែច្បាស់ជាងនេះ ចៀសវាងការរយល់ច្រឡំតទៅ
ទៀត។ សារាយ គ្មានមន្ទិល។ ដៃទាំងពីរជូតទឹកភ្នែកស្ងួតហើយដឹកដៃខ្ញុំទៅអង្គុយលេងជាមួយបង

ប្អូន។  ខ្ញុំបានពន្យល់រឿងនេះយ៉ាងច្បាស់ៗដល់ពួកគេ សំណើចក្អាកក្អាយរីករាយបានផ្ទុះ
ឡើង នៅក្រោមស្នាមញញឹមរបស់ពួកយើងទាំងពីរ។
ហេតុអ្វីបានជាប្រពៃណីយល់ខុសទៅលើទិវានៃក្តីស្រឡាញ់នេះបានជ្រាបទៅដល់បងប្អូនជនជាតិយើង
លឿនម្លេះ… តើមានគូស្នេហ៍ណាខ្លះដែលបានបូជាភាពបរិសុទ្ធដោយភាន់ច្រឡំ

នោះ!  មិនគួរណាទិវាដ៏ល្អនេះបានក្លាយជាមរតកទឹកភ្នែករបស់
យុវវ័យសោះ។…

ថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សមានជាដរាបរាល់ថ្ងៃពេញមួយឆ្នាំ ជាទិវាដួងចិត្ត
ដែលយើងត្រូវផ្តល់ជូនអ្នកដែលយើងស្រឡាញ់បានគ្រប់ពេលវេលា ៕

រាជធានីភ្នំពេញ ថ្ងៃទី៦ ធ្នូ ឆ្នាំ២០១១

ប្រវត្តិសង្ខេបឡឹក ជំនោរ

រូបថត ឡឹក ជំនោរ

  បានចាប់កំណើតក្នុងគ្រួសារត្រកូលកសិករមួយនៅភូមិគរ៍ឃុំចន្ទ្រា

ស្រុករមាសហែក ខេត្តស្វាយរៀង ឪពុកនាមឡឹក សំខាន់ បច្ចុប្បន្ន

ជាមន្ត្រីនៅមន្ទីរសាធារណៈការខេត្តស្វាយរៀង ។  ម្តាយនាម ពៅ សន

ជាកសិករ។ ខ្ញុំបាទចាប់កំណើតក្រោយភ្លើងសង្គ្រាមនិងរបបប្រល័យ

ពូជសាសន៍ត្រូវបានរលត់នាឆ្នាំ១៩៧៩ ខែ កក្កដា ថ្ងៃទី២៨។

នៅកុមារភាព ខ្ញុំបាទជាក្មេងម្នាក់ដែលឯកោ ព្រោះម្តាយត្រូវរក

ទទួលទានដើម្បីចិញ្ចឹមកូន គ្មានពេលថែកូនឲ្យបានដិតដល់ទេ។

ចំណែកលោកឪពុកទៅធ្វើការនៅទីរួមខេត្ត។ មួយសប្តាហ៍ទើបមកផ្ទះ

ម្តង។ដូចនេះបន្ទុកទាំងស្រុងធ្លាក់លើម៉ែ។ ខ្ញុំបាទជាកូនច្បងក្នុងគ្រួសារ

និងមានប្អូនស្រីម្នាក់។

         ប្រវត្តិការសិក្សានិងការចូលរួមក្នុងសង្គមនិងសិល្បៈ

ចាប់ឈានជើងចូលបថមសិក្សា ជាថ្ងៃដ៏វិសេសវិសាលរបស់ខ្ញុំ។

លោកពុកបាននាំមកចុះឈ្មោះឲ្យរៀនថ្នាក់ទី១នៅឆ្នាំ១៩៨៧ ហើយ

បានប្រឡងបញ្ចប់ថ្នាក់បឋមសិក្សានៅឆ្នាំ១៩៩១។ ខ្ញុំបាទបានចូលរៀន

នៅថ្នាក់ទី៦(ថ្មី) នៅអនុវិទ្យាល័យត្រពាំងរុន ឃុំចន្ទា្រហើយបានប្រឡង

បញ្ចប់ភូមិសិក្សាដោយជោគជ័យនៅឆ្នាំ១៩៩៤ ហើយបានបន្តការសិក្សា

នៅវិទ្យាល័យរមាសហែក ស្រុករមាសហែក។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ

១៩៩៨ ខ្ញុំបាទបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។ ជម្រើសដែល

ត្រូវដើរបន្តគឺខ្ញុំត្រូវបន្តការសិក្សានៅសាលាគរុកោសល្យភូមិភាគ ព្រៃវែង

ជំនាញគ្រូអក្សរសាស្ត្រខ្មែរ-សីលធម៌ពលរដ្ឋ នៅឆ្នាំ២០០០។

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ ក៏បានចូលមកបង្រៀនអក្សរសាស្ត្រ

ខ្មែរនៅវិទ្យាល័យរមាសហែក ។ នេះជាថ្ងៃគ្រាដំបូងនៃជីវិតដែលបាន

ឈរក្បែរក្តារខៀន បង្ហាត់បង្ហាញពីជំនាញអក្សរសាស្ត្រខ្មែរដល់ក្មេងៗ

អាយុស្របាលខ្លួនឯង។ ម៉ោងនោះហើយដែលខ្ញុំបានចូលរួមដើរតួជា

វិស្វករព្រលឹង ដែលបានខាបសណ្តំវិញ្ញាណកូនខ្មែរជាច្រើនរូបឲ្យបាន

ជោគជ័យ និងស្រឡាញ់ភាសាជាតិដល់សព្វថ្ងៃនេះ។ ពួកគេបានក្លាយ

ជាគ្រូបង្រៀនស្ទើរគ្រប់គ្នា។

ជីវិតគ្រូបង្រៀនរបស់ខ្ញុំមិនអាចធ្វើឲ្យខ្ញុំរស់ស្រួលនៅឡើយទេ។

ទន្ទឹមនឹងការងារបង្រៀនខ្ញុំនៅមានរបរពីរផ្សេងទៀត គឺជាជាងថតរូប-

ជាងគំនូរស្លាកយីហោ និងជាជាងក្បាច់ចម្លាក់ស៊ីម៉ង់យ៉ាងជំនាញ

(ស្នាដៃទាំងនោះនៅមានសេសសល់រហូតមកដល់សព្វថ្ងៃ ដូចជានៅគ្រប់

មន្ទីរគណបក្សប្រជាជនគ្រប់ឃុំក្នុងស្រុករមាសហែក ស្រុកស្វាយទាប

ស្រុករំដួល សាលាបក្សខេត្តស្វាយរៀង និងស្លាកសាលារៀនមួយចំនួន

ទៀត)។  ការផ្ទេរចំណេះដឹងដែលខ្ញុំសែនស្រឡាញ់ និងកំពុងតែពេញនៅ

ក្នុងខួរក្បាលនោះត្រូវបានបញ្ចប់នៅពេលដែលខ្ញុំបានប្រឡងជាប់អាហា

រូបករណ៍ថ្នាក់ឧត្តមសិក្សាទៅសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រ

ជាមានិតឡាវ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៣។  ថ្ងៃទី១៤ ខែតុលា ឆ្នាំ

២០០៣ ខ្ញុំក៏បានទៅដល់សាកលវិទ្យាល័យជាតិឡាវ ទីក្រុងវៀងចន្ទន៍

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប្រជាមានិតឡាវ។

ជីវិត និងការតស៊ូរយៈពេលប្រាំមួយឆ្នាំពេញនៅប្រទេសឡាវធ្វើឲ្យខ្ញុំ

បានក្រេបជញ្ជក់ចំណេះវិជ្ជាផ្នែកអក្សរសាស្រ្តឡាវ-បាលីសំស្ក្រឹតល្មម

បរិបូរណ៌។នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៨ ខ្ញុំមានគ្រោះថ្នាក់រហូតប៉ះពាល់

ដល់ខួរក្បាល ត្រូវបានបញ្ជាវះកាត់ជាបន្ទាន់។ រយៈពេលនោះខ្ញុំបាត់ការ

ចងចាំប្រមាណ៣០ភាគរយ។ ជីវិត ខ្ញុំពេលនោះប្រៀបបាននឹងមនុស្ស

ម្នាក់ដែលមានតែសំបកខ្លួន និងការឈឺចុកចាប់នៅក្នុងរាងកាយតែ

ប៉ុណ្ណោះ ព្រោះខ្ញុំត្រូវពិការដោយស្លាប់ខ្លួនម្ខាង (គ្មានវិធីព្យាបាលក្រៅ

ពីការរង់ចាំ)។ ខ្ញុំមិនអាចរស់នៅជាមួយភាពត្រជាក់នៃអាកាសធាតុ។

ពេលទៅសាលារៀនមិត្តភក្តិគ្រាហ៍ទៅ រួចហើយបានទៅជួបគ្រូពេទ្យ។

ជីវិតបែបនេះខ្ញុំព្យាយាមទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឡាវចំនួន

បីខែពេញគ្មានលទ្ធផលអ្វីទាំងអស់ក្រៅពីធ្វើឲ្យខ្ញុំឈឺចុកចាប់ទ្វេដង។

បីខែក្រោយខ្ញុំបានជម្រាបដំណឹងនេះមកស្រុកខ្មែរ។ អ្វីៗបានត្រឹមតែ

ទឹកភ្នែកផ្ញើតាមរលកសេវាទូរស័ព្ទប៉ុណ្ណោះ។ ខ្ញុំមិនអាចធ្វើដំណើរឆ្ងាយ

បាន រួមទាំងឡើងខ្ពស់ដូចជាសម្ពាធយន្តហោះជាដើម…។ ស្នាមញញឹម

ដោយក្តីសន្តោសពីសំណាក់មិត្តភ័ក្ត្រ និងលោកគ្រូអ្នកគ្រូទាំងអស់ដែល

បានផ្តល់កម្លាំងចិត្តមកខ្ញុំធ្វើឲ្យខ្ញុំមានថ្ងៃនេះបាន។ភាពឈឺចាប់ដោយ

ពិការភាពរបស់ខ្ញុំបានបង្ខំឲ្យខ្ញុំជួបគ្រូពេទ្យរាល់ពេលមិនថាកណ្តាល

អធ្រាត្រ។ ទីបំផុត ជីវិតថ្លៃ លោកគ្រូពេទ្យជំនាញម្នាក់ទើបបញ្ចប់ការ

សិក្សាមកពីសហរដ្ឋអាមេរិកបានទទួលសាកល្បងព្យាបាលរូបខ្ញុំតាម

ជំនាញរបស់លោក(ខួរក្បាលប៉ះទង្គិច)ឱសថតូចៗប៉ុនៗឡេវអាវតែ

៣០គ្រាប់ដែលរកទិញមិនបាននៅប្រទេសឡាវបាននាំវិញ្ញាណដួង

ព្រលឹងខ្ញុំឲ្យរួចចាកពីពិការភាពបាន។ ពេលនោះ ខ្ញុំដើរបានដោយខ្លួន

ឯងក៏ពិតមែន ប៉ុន្តែការចងចាំរបស់ខ្ញុំបានជ្រុះបាត់ទៅស្ទើរអស់ សូម្បីតែ

ភាសាមួយដែលធ្លាប់ចេះស្ទើរតែនឹកមិនឃើញនិយាយមិនរួច។

លោកគ្រូពេទ្យបានណែនាំបង្រៀនខ្ញុំឲ្យប្តូរការសរសេរទិន្នានុលេខ

ដែលធ្លាប់សរសេរម្ង៉ៃម្តងមកសរសេរបីថ្ងៃម្តងរួចហើយមួយសប្តាហ៍

សរសេរម្តង ដោយព្យាយាមឲ្យខួរក្បាលត្រឡប់ទៅគិតអ្វីៗដែលបាន

ធ្វើកន្លងមក ហើយយកមកសរសេរឡើងវិញ។  ការផ្លាស់ប្តូរការសរសេរ

រហូត ដល់គ្រូពេទ្យឲ្យសរសេរពិព័ណ៌នាអ្វីៗដែលបានជួបនៅពេលធ្វើ

ដំណើរតាមផ្លូវមុនដល់មន្ទីរពេទ្យ។ខ្ញុំសរសេរបែបនោះរហូតដល់ចេញ

ជារឿងរ៉ាវផ្សេងៗ។

ថ្ងៃព្រហស្បតិ៍១៥កើតខែអាសាឍឆ្នាំជូតសំរិទ្ធិស័កព.ស.២៥៥២ត្រូវនឹង

ថ្ងៃទី១៧ ខែកក្កដាគ.ស.២០០៨ ជាថ្ងៃដ៏មហាប្រសើរខ្ញុំបាទបានទទួល

ឧប្បសម្បទាជាភិក្ខុជោតធម្មោឡឹក ជំនោរ។ រយៈពេលចាំព្រះវស្សា៣ខែ

នៅព័ទ្ធសីមាវត្តចន្ទនារាម(វត្តចន្ត្រី ឃុំចន្រ្តី)។ នៅក្នុងបព្វភេទខ្ញុំបាទបាន

កសាងសាលាបាលីប្រកបដោយក្បាច់ស្រោបជុំវិញ ដែលកើតចេញពី

ទឹកដៃផ្ទាល់មួយខ្នងក្នុងសំណាក់ព្រះពុទ្ធសាសនានៃអារាមនេះផងដែរ។

រហូតមកដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០០៨ ខ្ញុំបាទបានលាចាកសិក្ខាបទ

គម្រប់ចាំព្រះវស្សា ហើយទៅបន្តការសិក្សានៅប្រទេសឡាវវិញ។

នៅកំឡុងឆ្នាំសិក្សានោះដែរនៅមហាវិទ្យាល័យអក្សរសាស្ត្រ មានបើក

វគ្គបង្រៀន ជំនាញសរសេរអត្ថបទភាពយន្តឯកសារ តែងនិពន្ធ ដឹកនាំ

រឿងសម្តែងល្ខោនលើឆាក និងថតវីដេអូ។

ក្នុងចំណោមនិស្សិតបរទេសទាំងអស់ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលរៀន

នៅឆមាសនោះដែរ។ ចាប់ពីពេលនោះមកខ្ញុំចាប់ផ្តើមសរសេររឿងជា

ភាសាឡាវដើម្បីថតសាកល្បងរហូតអាចសរសេររឿងខ្លីបានខ្លះៗ ។

រឿងដំបូងដែលខ្ញុំចាប់ផ្តើមសរសេរគឺរឿង មរតកឳពុ ល្ខោនរឿងបរិញ្ញា

ជីវិត (កិច្ចការសាលា) ហើយរឿងបន្ទាប់ដែលមិនមែនជាកិច្ចការសាលា

គឺរឿង រាត្រីនៅវៀងចន្ទន៍

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រភាសា និង

អក្សរសាស្ត្រឡាវ ដោយជោគជ័យ ហើយត្រឡប់មកស្រុកកំណើតវិញ។

មកដល់ស្រុកកំណើតវិញខ្ញុំមិនបានចូលទៅបង្រៀនវិញទេ។

នៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៩  ខ្ញុំត្រូវបានជ្រើសតាំងឲ្យទៅធ្វើការនៅ

ទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទទួលបន្ទុក

តាមដានស្ថានការណ៍ប្រទេសថៃ-ឡាវ(វិភាគ និងបកប្រែ។      ក្រោយពី

បំពេញការងារជូនជាតិមាតុភូមិដ៏កម្សត់ដែលត្រូវបានបរទេសជិតខាង

បំពានរយៈពេលពេញមួយឆ្នាំ ក្នុងកាលៈទេសៈនោះខ្ញុំក៏បានប្រឡង

ជាប់អាហារូបករណ៍មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ

រាជាណាចក្រថៃរយៈពេលពីរឆ្នាំគឺចំពេលដែលខ្ញុំកំពុងត្រូវការបំពេញ

ចំណេះដឹងផ្នែកនេះទៅជួយជាតិតែម្តង (ថ្នាក់ដឹកនាំលោកក៏អនុញ្ញាត

ឲ្យមកបន្តដោយរីករាយ)។

ក្រៅពីកិច្ចការសង្គម និងស្នាដៃសិល្បៈចម្លាក់ផ្សេងៗ ខ្ញុំបាទ

បានសរសេររឿងខ្លី និងប្រលោមលោកបានមួយចំនួនដូចជា៖

  រឿងខ្លី

១. រស្មីចុងក្រោយ

២.ម្សិលមិញ

៣. ទឹកភ្នែកម៉ែខ្ញុំ

៤. បរិញ្ញាជីវិត

៥. ថ្ងៃកំណើតខ្ញុំ

៦. គ្មានទេថ្ងៃស្អែក

៧. រំពឹង

៨. ព្រះគុណគ្រូ

៩. ក្តីសង្ឃឹមក្នុងសុបិន

១០. រាត្រីក្នុងសុបិន

១១. រាត្រីថ្ងៃចន្ទ្រ

១២. បេះដូងពណ៌ស

១៣. រាត្រីធ្លាប់មានចន្ទ្រា (ប្រលោមលោកខ្នាតខ្លី)

១៤. សល់តែទឹកភ្នែក

១៥. ស្នាមវាសនា

១៦. មិត្តយុទ្ធជន

១៧.មរតកឪពុក(បោះពុម្ពក្នុងសៀវភៅប្រជុំរឿងខ្លី មន្តប៉ាកកាអ្នកនិពន្ធ)

១៨. រាត្រីនៅវៀងចន្ទន៍          (-ដ-)

១៩. សំណោកជីវិត               (-ដ-)

២០. យប់មិញ                          (-ដ-)

២១. រទេះ និងគោ                    (-ដ-)

២២. ជាងប៉ះ                              (-ដ-) រង្វាន់អក្សរសិល្ប៍នូ ហាចឆ្នាំ២០១១

ចំណាត់ថ្នាក់លេខ៣

២៣. វាសនាបុប្ផាបីទង          (-ដ-)

២៤. រាជនីម្ចាស់ដួងចិត្ត(ពានរង្វាន់ ឡានខាំ ប្រធានបទៈ “សំបុត្រស្នេហ៍

របស់អ្នកនិពន្ធ” ឆ្នាំ២០០៩ នៅប្រទេសឡាវ

ហើយត្រូវបានបញ្ចូលក្នុងប្រលោមលោករឿង សំបុត្រចុងក្រោយ)

 

ប្រលោមលោក

១. សំបុត្រចុងក្រោយ

២. សម្បថនៅជើងមេឃថ្មី

៣. សំណាងគ្មានម្ចាស់

៤. ល្អងមាស

៥. កំណត់ហេតុស្នេហ៍៣៦៥ថ្ងៃ

៦. អប្សរាដួងចិត្តបង

៧. មរតកដួងចិត្ត ឬមរតកស្នេហ៍ខ្ញុំ (អត្ថបទភាពយន្ត)

៨. និស្ស័យស្នេហ៍

៩. សំបុត្រស្នេហ៍អ្នកនិពន្ធ

១០. ពុះទ្រូងបំបែកទុកចែកជូនស្រី៕

 

អ្នកនិពន្ធទទួលរង្វាន់និងបណ្ណកិត្តិយសពីលោកអ៊ីវ ហួតអនុប្រធានសមាគមអ្នកនិពន្ធខ្មែរនៅបរទេស

Advertisements

3 responses to “ទិវាដួងចិត្ត​និពន្ធដោយ ឡឹក ជំនោរ

  1. លោកអ៊ំជាទីគោរពនឹករលឹក,

    សូមអរគុណចំពោះការចុះផ្សាយនេះ។ ក្មួយមានសេចក្តីរីករាយនិងត្រេកអរជាពន្លឹក
    លើការជម្រុញសកម្មភាពនិពន្ធ​រប​ស់​ក្មួយៗ​ពីសំណាក់លោកអ៊ំទាំងពីរ និងរៀមច្បង
    អ្នកនិពន្ធផ្សេងទៀត។ ​ស្នាដៃមួយនេះក្មួយបានសរសេរតាំង​តែពីខែកុម្ភៈឆ្នាំ២០១១
    ប៉ុន្តែក្មួយគ្មា​ន​ពេលនឹងសម្រួលឡើងវិញសោះ។

    ថ្ងៃទិវានៃក្តីស្រឡាញ់នេះក្មួយសូមជូនពរឱ្យលោកអ៊ំទាំងពីរព្រមទាំងក្រុម​គ្រួសារមាន​
    សេចក្តីសុខសុភមង្គល​ជានិច្ច​និរន្តរ៍។ សូមឱ្យស្នាមញញឹមដែល​ប្រកបដោយព្រហ្មវិហារ
    ធម៌របស់លោកទាំងពីរ​នៅតែស្រស់ថ្លាជានិច្ចក្នុង​បេះដូង​ក្មួយ​កូនៗ ហើយជាទិវាដែល
    មាននៅក្នុងដួងចិត្តរបស់កូនៗរាល់​ថ្ងៃ!

    ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់,
    ក្មួយ ជំនោរ

    • ក្មួយជំនោរជាទីនឹករឮក

      លោកអ៊ំបានទទួលសំបុត្រក្មួយ២ហើយ តែក្មួយកុំអន់ចិត្តឬគិតថាលោកអ៊ំ
      ឆ្មើងឆ្មៃឲ្យសោះ។​តាមពិតគឺលោកអ៊ំរវល់ណាស់។​ មួយថ្ងៃៗនៅតែមុខកុំព្យូទ័រ
      ផ្សាយអត្ថបទ ព្រោះលោកអ៊ំមិនអាចព្រងើយកន្តើយធ្វើហីនឹងរឿងឬអត្ថបទ
      ណាល្អៗដែលជាប្រយោជន៍ទូទៅនោះទេ។

      ប្រហែលជាលោកអ៊ំមិនទាន់ចេះបច្ចេកទេសអស់ក្នុងការផ្សាយក៏មិនដឹងបាន
      ជាត្រូវប្រើពេលយូរម៉្លេះក្ុងការផ្សាយអត្ថបទវែងៗនីមួយៗ។​​​ តាមពិត
      ខ្លួនឯងមិនទាន់បានសរសេរអីនៅឡើយទេពីរឆ្នាំនៃការចូលនិវត្តន៍នេះ តែកាលបើ
      បានអានអត្ថបទក្មួយៗល្អៗ ចិត្តដែលធ្លាប់តែចែករំលែកក៏ចេះតែចង់ឲ្យគេបានអាន
      បានដឹងដូចខ្លួនដែរ។​ លោកអ៊ំស្រឡាញ់រឿងនេះណាស់់់។​សូមសរសើរក្មួយដែលរៀន
      ផងធ្វើការផងមានពេលសរសេររឿងទៀត។ នេះហើយកម្លាំងចិត្តស្នេហ៍អក្សរ
      សាស្រ្តអក្សរសិល្ប៍ជាតិដែលក្មួយមានពេញដួងចិត្ត។

      ប្លក់នេះជាការបន្តកិច្ចការរបស់លោកអ៊ំដែលធ្លាប់ជាអ្នកកាសែត​ហើយបានបញ្ចប់
      ការងារដើម្បីចូលនិវត្តន៍​ហើយចេះតែមិនអស់ចិត្តព្រោះមិនទាន់បានផ្សាយស្នាដៃ
      ល្អៗរបស់យុវអ្នកនិពន្ធយើង។​ គ្រាន់តែនេះគ្មានសូរស័ព្ទសម្លេងនិងមិនធ្វើវិភាគ។
      ប្លក់នេះជាទារកមួយដែលធ្វើឲ្យរវល់ណាស់។​តែលោកអ៊ំសប្បាយចិត្តនឹងធ្វើ​។ បន្តិច
      ទៀតប្រហែលជារយាលជាងនេះដើម្បីងាកមកសរសេរអ្វីៗដែលលោកអ៊ំចង់សរសេរខ្លះ។
      តើភ្នែកក្មួយយ៉ាងណាទៅហើយ?។ ត្រូវតែពាក់វែនតា។​

      ពីលោកអ៊ំទាំងពីរ

      • លោកអ៊ំជាទី​គោរពនឹករលឹក,

        ជាការពិតណាស់ក្មួយៗមិនគួរ​រំខានពេលវេលា​សម្រាករបស់លោកអ៊ំទាំងពីរសោះ។
        ប៉ុន្តែ​​ ក្មួយមិនអាចរំលងគុណ​ធម៌ទាំងឡាយដែលលោកទាំងពីរតែង​តែផ្តល់មកបាន​ឡើយ។
        សូមលោក​អ៊ំកុំមានអារម្មណ៍គិតពេលដែល​លោកអ៊ំមិនបាន​តបសំបុត្រ​នោះ​
        តាម​ការពិតក្មួយរីករាយណាស់ នៅពេលដែលបានឮថា លោក​ទាំ​ង​ពីរបានទទួល​សេចក្តី​
        សុខគ្រប់ប្រការនោះ។

        ចំពោះ​សុខភាព​ក្មួយរឹងមាំជាងមុនច្រើនណាស់ ក្រោយពេលបានសម្រាក​នៅ​ស្រុក​កំណើត
        រយ:ពេលពីរខែកន្លងមក។ ហើយភ្នែកក៏ធូរស្បើយដែរ មិនទាន់បានព្យាបាលនៅ​ឡើយទេ
        គ្រាន់តែពិគ្រោះជាមួយគ្រូពេទ្យ ហើយបន្ថយ​ការប្រើភ្នែកជាមួយពន្លឺច្រើន​ជាងមុន​ ក្មួយនឹង
        បកភ្នែក នៅពេលដែលបញ្ចប់ការងារនៅប្រទេសថៃ​សព្វគ្រប់ ហើយ​ព្យាយាម​ប្រើវែនតាជា
        ជំនួយ​ព្រោះរយពេលចុងក្រោយនេះ​ហាក់ដូចជាបានធូរច្រើន ។ ក្មួយគិតថា ជំងឺនេះកើត
        ចេញពីការគិតដែរ នៅពេលដែល​ភ្នែក​ពិបាកមើល​ពេលណា​ឈឺក្បាល​ពេលនោះ… ក្មួយ
        សង្ឃឹមថា វានឹងល្អឡើងវិញ,,,

        រយ:ពេលចុងក្រោយនៃការស្នាក់នៅប្រទេសថៃ ក្មួយ និងក្រុមការងារពិសេស ដែលមាន
        ​លោកគ្រូ ជ័យ មង្គល ជាប្រធាន បានស្រាវជ្រាវរក​ឯកសារភាសាខ្មែរ (ក្រាំង ស្លឹករឹត)
        ជាភាសាខ្មែរដើម បានច្រើនណាស់ តាមវត្តអារាម និងផ្ទះបងប្អូនខ្មែរ នៅខេត្តសុរិន្ទ្រ
        ស៊ីសាកេត ប្រទេសថៃ ហើយភារកិច្ចនេះនឹងបន្តរហូត។ នៅចុងខែ​មករា កន្លង​​មក​ក្មួយ
        បានរៀបចំដំណើរទស្សនកិច្ចមកខេត្តទាំងនេះជូនអ្នកគ្រូ ប៉ែន សេដ្ឋារិន ផងដែរ លោក
        បានគាំទ្រគ្រប់សកម្មភាព ហើយបានឧត្ថម្ភ ជាថវិកា និង​សៀវភៅ​សិក្សា ដល់សិស្ស និង
        បងប្អូនខ្មែរ ដែលកំពុងរៀនភាសាខ្មែរនៅខេត្ត​ទាំង​នេះផងដែរ។

        សូមលោកអ៊ំទាំងពីរមេត្តាកុំបារម្ឰអ្វីច្រើនពេកពីក្មួយៗ។
        ក្មួយនឹងជូនដំណឹងនៅ​ពេល​ដែលក្មួយៗរៀបចំសកម្មភាពអ្វីមួយ។

        ដោយក្តីគោរពស្រឡាញ់,

        ក្មួយ ជំនោរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s