រឿងខ្លី៖​ស្ដាយពាក្យមួយម៉ាត់ និពន្ធដោយ ប៉ិច សង្វាវ៉ាន


រក្សាសិទ្ធិគ្រប់យ៉ាង


 

            តាមពិត ខ្ញុំរវល់ខ្លាំងណាស់ស្ទើរតែរកពេលទំនេរមិនបាន ត្បិតបន្ថែមលើមុខងាររបស់ខ្ញុំ ខ្ញុំត្រូវសរសេរការសែតផង ជួយធ្វើការសមាគមអ្នកនិពន្ធខ្មែរផង និងត្រូវរៀនយកបរិញ្ញាបត្រអក្សរ សាស្រ្តថែមទៀតផង។ ប៉ុន្តែ ខ្ញុំសុខចិត្តចំណាយពេលពីរម៉ោង ក្នុងមួយអាទិត្យ ដើម្បីជួយបង្រៀនភាសា ខ្មែរដល់និរក្សនោះ ពីព្រោះតែខ្ញុំមានចិត្តទោរទន់អាណិតលោករដ្ឋាបិតារបស់និរក្ស ដែលបានអង្វរនិងចង់ បានខ្ញុំឲ្យជួយណែនាំបង្រៀនបន្ថែមដល់បុត្រលោកដែលធ្លាប់តែរៀនភាសាបារាំង។ ម៉្យាងទៀត ក្នុងនាម ជាសាស្រ្តាចារ្យផ្ទាល់របស់និរក្ស ខ្ញុំមានការពិបាកចិត្តក្រៃលែង កាលបើឃើញនិរក្សអន់ខ្សោយយ៉ាងខ្លាំង ផ្នែកមុខវិជ្ជាខ្មែរនេះ។ ម៉្យាងទៀត ខ្ញុំមានបំណងចង់ជួយយឹតយោងសិស្សនេះ ឲ្យបានចម្រើនប្រហាក់ ប្រហែលសិស្សដទៃទៀតផង។       

      បីខែកន្លងទៅ ខ្ញុំតែងតែឆ្លៀតលៃលកពេលវេលាទៅបង្រៀននិរក្សដល់ផ្ទះ។ កាលពីមុន លោករដ្ឋានិងភរិយាតែងតែរួសរាយទទួលខ្ញុំយ៉ាងរាក់ទាក់ជាទីបំផុត។ ទើបតែរយៈពេលចុងក្រោយនេះ បរិយាកាសនៅក្នុងផ្ទះលោករដ្ឋាមានការប្រែប្រួលយ៉ាងខ្លាំង។ ខ្ញុំសង្កេតឃើញថា រាល់ពេលដែលខ្ញុំទៅ បង្រៀននិរក្ស  ខ្ញុំពុំដែលឃើញភរិយាលោករដ្ឋាចេញមកគួរសមដាក់ខ្ញុំ ដូចពីពេលមុនៗទៀតឡើយ។ ប្រសិនបើយើងបានជួបគ្នាដោយចៃដន្យម្ដងៗវិញ ភរិយាលោករដ្ឋាបានបញ្ចេញអាកប្បកិរិយាព្រងើយ កន្តើយសោះអង្គើយចំពោះខ្ញុំ។ ខ្ញុំប្លែកនឹងអំពើនេះយ៉ាងខ្លាំង តែខ្ញុំមិនដែលប្រកាន់ខឹងនឹងលោកស្រី វីយោឡាភរិយាលោករដ្ឋាឬក៏យកបញ្ហានេះជាធំឡើយ។ ខ្ញុំមិនចង់ឲ្យមានការប្រេះឆា។     

        ព្រឹកថ្ងៃអាទិត្យមួយ នៅពេលខ្ញុំដើរទៅដល់មាត់ទ្វារសាឡុងផ្ទះលោករដ្ឋា បម្រុងនឹង ចូលទៅដូចប្រក្រតី ខ្ញុំត្រូវបញ្ឈប់ជំហានខ្ញុំង៉ក់ ពីព្រោះខ្ញុំឮសូរស្វាមីភរិយាលោករដ្ឋាប្រកែកគ្នាយ៉ាងខ្លាំង។

– អូនវីយូឡា! អូនប្រញាប់ទៅណាទៀតហើយ? ជួយរៀបចំសាឡុងឲ្យមានរបៀបរៀបរយបន្តិចមើល ខ្មាសអ្នកគ្រូចិន្តា! គាត់អញ្ជើញមកដល់ឥឡូវហើយ។

-ស្អី? អ្នកគ្រូចិន្តាហ្នឹងជាភ្ញៀវកិត្តិយសអីរបស់ខ្ញុំ? គាត់់ជាភ្ញៀវបងឯង! សូមអញ្ជើញបងឯង រៀបចំ ទទួលគាត់ទៅ! ខ្ញុំគ្មានកម្លាំងចិត្ត ទទួលមនុស្សរបៀបនោះទៀតទេ ! (អ្នកស្រីរដ្ឋាស្រែកគំហកបញ្ជួស ឲ្យស្វាមីទាំងខ្នាន់ខ្នាញ់)។

– យី! ម៉េចក៏អូនឯងនិយាយអីចឹង? អ្នកគ្រូចិន្តា ជាអ្នកមានគុណលើនិរក្សកូនយើងណា កុំចូលចិត្ត នាំរឿង! បងមិនចូលចិត្តទេ។

– មិនចូលចិត្ត? ហ៊ឹះ! ត្រូវហើយព្រោះខ្ញុំវាចាស់។ អ្នកគ្រូចិន្តា ទើបបងឯងចូលចិត្ត។ ខ្ញុំមិនចង់និយាយ ទេ ជួបគ្នារាល់អាទិត្យហើយ មិនអស់ចិត្តទៀត! ហ៊ានសរសេរសំបុត្រ ឆ្លើយឆ្លងគ្នាផង។ ស្អី! មានការអី សម្បើមម៉្លេះ? ខ្ញុំអត់ទ្រាំយូរហើយណា! ខ្ញុំប្រាប់ឲ្យដឹង ខ្ញុំខ្ពើមមិនចង់ឃើញ ស្រមោលនាងចិន្តានេះទៀតទេ ទើបបានជាខ្ញុំយកលេសដើរចេញពីផ្ទះនេះ នៅពេលដែលនាងស្រីចិន្តានេះមកបង្រៀនអានិរក្ស។ខ្ញុំមិនអាច ទ្រាំនៅមើលឆាកល្ខោនផ្អែមត្រជាក់របស់បងឯងបានទេ! -. ឆាកល្ខោន? ស្អីជាឆាកល្ខោន? កុំនិយាយប៉ះពាល់ដល់អ្នកគ្រូចិន្តាណាប្រយ័ត្ន… លោកស្រីឆ្លើយកាត់ប្រយោគស្វាមីរកតែលោករដ្ឋាបញ្ចប់វាចាមិនបាន។

– យើស កាន់ជើងផង! ខ្ញុំគ្មានខ្លាចអ្នកណាទាំងអស់។ កាលណាខ្ញុំមើលឃើញមិនសមរម្យ ខ្ញុំមានសិទ្ធិ នឹងនិយាយ និងប្រចណ្ឌអីចឹង។ ខ្ញុំជាប្រពន្ធបងឯងពេញច្បាប់។ បើខ្ញុំមិនពេញចិត្តត្រង់ណា ខ្ញុំត្រូវតែនិយាយ ត្រង់ហ្នឹង។

– បងមិនបំបិទសិទ្ធិរបស់អូនទេ! តែអូនឯងនិយាយខុស។ បងមិនចង់ឲ្យអូនឯងយកការយល់សប្តិនេះមក ធ្វើជារឿងពិតទេ។ បើអូនមិនស្គាល់អ្នកគ្រូចិន្តាច្បាស់ ចាំស្តាប់បងពន្យល់។

-ត្រូវហើយ! ខ្ញុំម៉េចនឹងស្គាល់! គឺបងឯងទេតើទើបស្គាល់ៗ ហ៊ឹះ! ខ្ញុំមិនចង់បង្ហើយទេ។ -. អ្នកគ្រូចិន្តា ជាស្រ្តីខ្មែរមួយរូបដែល… ភរិយាលោករដ្ឋាឆ្លើយកាត់ផូងតាមចរិតកាចឆ្នាស់ឆ្នើមរបស់អ្នកស្រី៖

– ស្រីខ្មែរ! ត្រូវហើយ…

– ថាកុំនិយាយកាត់បង! ស្ដាប់បងនិយាយសិន។ ស្រីខ្មែរដែលមានឧត្តមគតិដូចអ្នកគ្រូចិន្តា តើអូនស្មានថា នាងជាស្រីដាច់ដាបមកស្រឡាញ់ប្តីអូនឯងឬ? អូនកុំចូលចិត្តគិតរឿងមិនសមហេតុសមផលយ៉ាងនេះ! អូនឯង កើតរោគប្រចណ្ឌហើយ។

– នរណាទុកចិត្តបាន ពេលជួបគ្នាម្តងៗ លោកអើយ! ឃើញតែពីញញឹមពព្រាយដាក់គ្នា ត្រូវគ្នាណាស់។ ក្តៅត្រង់ដែលដឹងថាឯងមិនចេះអក្សរខ្មែរដែរ ម៉េចក៏មិនសរសេរអក្សរជាអក្សរបារាំង ឬ អង់គ្លេសអីមក។ ហួសចិត្តណាស់ព្រះអើយ!

– អូហ៍! ចេះហួសចិត្តផង! ស្រែកឲ្យខ្លាំងជាងនេះទៀតទៅឲ្យគេឯងឮផង ថាអូនឯងជាជនជាតិខ្មែរដែលមិនចេះ អក្សរខ្មែរ ហើយនិយមតែភាសា និងអក្សរបរទេស អួតថា ខ្លួនគ្រាន់បើ។ បងប្រាប់យូរហើយឲ្យខំរៀនអក្សរ សាស្ត្រជាតិ កុំអាងតែចេះអក្សរ និងភាសាគេនោះ តែអូនមិនព្រមទេ សុខចិត្តទុកពេលដេកគិតរឿងប្រចណ្ឌទៅ វិញ។ ទើបតែឥឡួវ ដល់ពេលអូនចង់អានសំបុត្រអ្នកគ្រូចិន្តា ទើបដឹងខ្លួនឬ? នេះហើយលទ្ធផលនៃការប្រមាថ អក្សរសាស្ត្រជាតិឯង។ ឥឡូវ បើអូននៅតែមិនទុកចិត្តបងដែលអានឲ្យអូនស្តាប់នោះ ណេះសំបុត្រ យកសំបុត្រ ទាំងអស់នេះទៅឲ្យសូហ្វ័រឡាន ឬអានិរក្សកូនយើង វាអានជូនស្ដាប់ឲ្យអស់ហឫទ័យទៅ! អាណិតកុំតែយកភ្លើង មកដុតបង ប្រយ័ត្នបងក្តៅ តិចថាបងមិនប្រាប់មុន។ បងធុញទ្រាន់ណាស់  ចូលចិត្តតែនាំរឿងឥតប្រយោជន៍។

– បើក្តៅតើធ្វើអីខ្ញុំមើល! អញ្ជើញធ្វើទៅលោកប្តី តែខ្ញុំបញ្ជាក់់ឲ្យច្បាស់ បើអ្នកគ្រូចិន្តាសំណព្វ បងនៅតែមកផ្ទះ នេះទៀត ខ្ញុំត្រូវតែចុះចេញ។ ដឹងចិត្តខ្ញុំស្រាប់ហើយ បើខ្ញុំស្អប់អ្នកណា ស្រមោល ឬដានជើងអ្នកហ្នឹងក៏មិនចង់ ឃើញដែរ កុំថាឡើយដល់ជួប ឬឃើញមុខគ្នានោះ!

– ខុសហើយវីយួឡាអូន! អូនធ្វើនេះមិនត្រឹមតែមានឈ្មោះជាមនុស្សដែលមិនដឹងខុសត្រូវទេ គឺអូនជាមនុស្សខ្វះសុជីវធម៌ចំពោះអ្នកគ្រូចិន្តា ដែលជាអ្នកប្រព្រឹត្តអំពើល្អចំពោះគ្រួសារយើង។ ហេតុអីក៏អូនមិនពិចារណាឱ្យបានដិតដល់? អូនគួរតែយល់ថាព្រោះតែគេស្រឡាញ់រាប់អានយើង ទើបបានជាគេស៊ូបូជាពេលវេលា ដ៏មានតម្លៃ របស់គេមកជួយបង្រៀនកូនយើង ដោយឥតយកកម្រៃ និងគិតចង់បានប្រយោជន៍អំពីយើងវិញ។ ចុះបើយើងត្រូវជួលគេ តើអូនដឹងទេ? យើងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?។ អូនត្រូវតែគិតឲ្យបានវែងឆ្ងាយ មិនគួរអូនខឹង ឬស្អប់គេ ដែលមិនដឹងខ្លូនថា គេធ្វើអ្វីខុសមកលើអូនផង!។

-បើជួលគេបង្រៀននិរក្សបែបវាស្រួលជាងហើយប្រហែលគ្មានរឿងរ៉ាវអីផង! (លោកស្រីឆ្លើយធ្វើហី)

– មានរឿងរ៉ាវ ឬគ្មានរឿងរ៉ាវ វាអាស្រ័យមកពីយើងម្នាក់ៗ។ បើយើងចង់មានរឿង ដោយចេះតែនាំគ្នាបង្កហេតុសន្សំរឿងមិនសមហេតុផលនោះ រឿងរ៉ាវចេះតែកើតមានហើយ។ ផ្ទុយទៅវិញ បើយើងម្នាក់ៗ មានសតិសម្បជញ្ញៈ ចេះគិតគូរដោះស្រាយពិចារណាឲ្យបានដិតដល់និងវែងឆ្ងាយ ចេះអត់ឱន សន្តោសអធ្យាស្រ័យ  ចេះយល់ចេះគោរពខ្លាចចិត្តគ្នាទៅវិញទៅមកនោះ រឿងរ៉ាវវាមុខជាមិនអាចកើតមានឡើងជាដាច់ខាត។ ដូចពេលនេះ អូនដឹងទេ អូនកំពុងតែសន្សំរឿងហើយ គឺរឿងដែលគ្មានន័យគ្មានមូលដ្ឋានច្បាស់លាស់បន្តិចសោះ។ ម៉្យាងទៀត បើអូនចង់និយាយពីការជួលគេមកបង្រៀននិរក្សវិញ ការនោះវាជាការងាយបំផុត តែវាអស់ប្រាក់កាសហើយ ក៏មិនប្រាកដថា នឹងបានលទ្ធផលយ៉ាងណាផង។ អូនគួរតែយល់ហើយថា អ្នកគ្រូចិន្តាជាគ្រូផ្ទាល់របស់កូនយើង។  គាត់អាចដឹងពីចំណុច និងកម្រិតវិជ្ជារបស់កូននិរក្ស ហើយក្នុងនាមជាមនុស្សរាប់អានគ្នា អ្នកគ្រូចិន្តាប្រកែកដាច់ខាត មិនព្រមទទួលយកប្រាក់យើងដាច់ខាត។ នេះបញ្ជាក់ឱ្យឃើញថា គេមិនមែនយកប្រាក់ជាធំជាងមិត្តភាពនោះទេ។ ដូច្នេះគួរតែអូនស្គាល់ និងយល់ចិត្តដ៏ប្រពៃរបស់គេផង ។ បើអូនមិនគោរពគេក៏ហីទៅចុះ  គួរណាស់តែអូនសប្បាយរីករាយនឹងអំពើល្អរបស់គេមកលើកូនយើង និងរូបយើង។ អូនមិនគួរយកអំពើល្អរបស់គេមកជាន់ឈ្លីនឹងជើងដូច្នេះសោះ។ បងស្ដាយណាស់!

– តែខ្ញុំមិនសប្បាយចិត្តនឹងអ្នកគ្រូចិន្តា ដែលចូលចិត្តសរសេរសំបុត្រមកបង!

– អូននៅតែទន្ទេញដដែលៗ ពីរឿងសំបុត្រ។ និយាយចុះ និយាយឡើងវាធ្លាក់មកដល់រឿងមិនទុកចិត្តគ្នាតែប៉ុណ្ណោះ។ សូម្បីតែបងដែលជាប្តីអូន  ក៏អូនលែងទុកចិត្តដែរ មែនទេ?។ អូនមិនមែនមិនដឹងថា ប្រុស និងស្រី ដែលសរសេរសំបុត្រឆ្លើយឆ្លងគ្នាមិនមែនសុទ្ធតែរឿងស្នេហានោះទេ។ ប៉ុន្តែ ដល់អូនដុះគំនិតប្រចណ្ឌ អូនទៅជាមើលសឃើញថាខ្មៅអស់។ បងនៅតែការពារអ្នកគ្រូចិន្តាជានិច្ច។ អូនគិតមើលចុះ រាល់ពេលដែលគេខំមកបង្រៀនកូនយើង គេមិនដែលឃើញមេផ្ទះចេញមកជួបរាក់ទាក់ស្វាគមន៍គេសោះ។ បើសិនជាគេមានការអ្វីចង់និយាយប្រាប់យើងពីរឿងកូនយើង ស្រីគេ ស្រីអូនក៏គង់តែទើសទាស់ដែរ ដែលនៅជជែកគ្នាតែពីរនាក់ស្ងាត់ជាមួយបងនោះ។ តើនរណាឡើយដែលនៅហ៊ានជជែក ជាមួយប្តីគេតែពីរនាក់តតួ ដោយគ្មានវត្តមានរបស់ភរិយាគេនោះ?។ បងពុំចង់ពន្យល់អូនឲ្យវែងឆ្ងាយទៀតទេ។  បងសូមអង្វរអូន មុននឹងប្រចណ្ឌ ចូរអូនសង្កេតមើលឲ្យច្បាស់សិន។ ជាពិសេស អូនត្រូវសង្កេតមើលឫកពាររបស់បង  និងរបស់នារីណាដែលអូនគួរតែប្រចណ្ឌផង។ តើឫកស្រីណាប្រភេទណាដែលអូនគួរប្រចណ្ឌនោះ?។

– ព្រោះតែខ្ញុំឃើញហើយបានហ៊ានថា!

ជម្លោះនេះមិនរំលងពីត្រចៀកខ្ញុំឡើយ។ ខ្ញុំខឹងញ័រសព្វសាច់ ។  ខ្ញុំតូចចិត្តណាស់នឹងការដែលគេយល់ខុសមកលើខ្ញុំ។ ខ្ញុំទន់អស់ដៃជើងស្ទើរតែដួលនៅមាត់ទ្វារផ្ទះលោករដ្ឋា តែខ្ញុំខំទប់ស្មារតី ខ្ទប់មុខយំ ហើយរត់ចេញយ៉ាងលឿន ពីផ្ទះចង្រៃនេះទៅកាន់រថយន្តខ្ញុំ។ អំណាចនៃក្តីកំហឹងនេះ ធ្វើឲ្យខ្ញុំ ទន់អស់ខ្លួនប្រាណ ស្ទើរតែបើករថយន្តត្រឡប់មកផ្ទះវិញមិនកើត។

រាត្រីនោះ ខ្ញុំស្រៀវស្រាញក្តៅផង រងាផង រកកលចង់គ្រុន មកពីខ្ញុំខឹងខ្លាំងពេក។ ខ្ញុំមួម៉ៅក្តៅក្រហាយនឹងការរវើរវាយ និងការយល់ខុសទាំងស្រុងរបស់ភរិយាលោករដ្ឋាមកលើរូបខ្ញុំ។ ខ្ញុំឈឺក្បាលខ្លាំងឡើងៗស្ទើរតែប្រេះបែក ព្រោះខ្ញុំគិត។ ខ្ញុំដណ្តឹងសួរខ្លួនឯងថា តើខ្ញុំបានបង្ហាញឫកពារឬពាក្យ សម្តីបែបណាដែលអាចឲ្យគេយល់ច្រឡំថា ខ្ញុំស្រឡាញ់ប្តីគេនោះ។ ពុទ្ធោអើយ! តើខ្ញុំជាស្រីថោកទាបបែបហ្នឹងឬ? ទៅមិនរួចទេ។ ទឹកភ្នែកខ្ញុំហូរធ្លាក់មកដូចទំនប់ទឹកធ្លាយ។ ខ្ញុំឈឺចិត្តខ្លាំង! ខ្ញុំខឹងណាស់ នឹងការប្រមាថកាតទានមកលើឈ្មោះខ្ញុំ និងការវាយបន្ថោកតម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ខ្ញុំ ស្តាយ…ស្តាយចិត្តខ្ញុំដែលស្រឡាញ់រាប់អានគ្រួសារនេះ។ ព្រោះតែការរាប់អាននេះហើយ ដែលធ្វើឱ្យខ្ញុំបូជាពេលអស់រយៈជាច្រើនខែដើម្បីជួយនិរក្សកូនសិស្សកំសោយរបស់ខ្ញុំ។  គ្រប់កាយវិការនឹងពាក្យសម្តីរបស់ខ្ញុំចំពោះលោករដ្ឋា គឺជាពាក្យស្មោះត្រង់ក្នុងនាមមិត្តភាពត្រង់ទៅត្រង់មកពិតឥតក្លែងបន្លំ។ខ្ញុំរាប់អានលោក មកពីខ្ញុំយល់ថា លោកជាមនុស្សសុភាពស្លូតបូតថ្លៃថ្នូរម្នាក់ នឹងមានអំណោយទានគួរឱ្យរាប់អានប៉ុណ្ណោះ។ ក្នុងមួយជាតិនេះ ខ្ញុំមិនដែលមានកូនចិត្តសូម្បីប៉ុនសរសៃសក់ប៉ងប្រាថ្នាស្វាមីរបស់នារីណាសោះឡើយ។ ឱ!ម្ចាស់ថ្លៃអើយ! ហេតុអីក៏ភរិយាលោករដ្ឋា ទៅជាមានគំនិតបែបនេះកើត? លោកស្រីបណ្ដោយឲ្យភ្លើងប្រចណ្ឌ ដុតរោលរាលដួងចិត្តលោកស្រី ឲ្យលែងដឹងខុសត្រូវអស់។ ឬមួយក៏មកពីលោកស្រីមានគំនិតបែបអឺរ៉ុបពេក ហើយនឹកថាស្រីខ្មែរមានគំនិតហោះហើរដូចនេះ ឬក៏មកពីលោកស្រី ធ្លាប់លួចស្រឡាញ់ប្តីគេ បានជានឹកថាខ្ញុំមានចិត្តផ្តេសផ្តាសបែបនេះ? ។ ស្តាយណាស់! ស្តាយព្រោះ លោកស្រីមិនស្គាល់ពូជពង្សវង្សត្រកូលគ្រួសារខ្ញុំ។ ប៉ុន្តែ ចុះលោករដ្ឋា? លោកស្គាល់ក្រុមគ្រួសារខ្ញុំ និងស្គាល់សន្តានចិត្តខ្ញ្ញុំច្រើនជាងភរិយារបស់លោក ហេតុអីក៏លោកមិនពន្យល់ណែនាំភរិយាលោកឲ្យចេះស្គាល់តម្លៃស្រីខ្ញុំខ្លះផង?។ ស្តាយពេក ស្តាយចិត្តដែលប្រព្រឹត្តអំពើល្អគ្មានគិតប្រាក់ពីគ្រួសារលោកសោះ! ស្ដាយត្រង់ខំបូជាពលិកម្ម ពេលវេលាដ៏មហាសែនមានតម្លៃដើម្បីនិរក្ស! ។ ផ្ទុយទៅវិញ លទ្ធផលដែលខ្ញុំបានទទួល គឺភាពល្វីងជូរចត់ គ្រោតគ្រាតដែលកើតចេញពីការប្រមាថមាក់ងាយ។ នេះហើយឬការសងគុណរបស់គេចំពោះខ្ញុំ? ឱ! ទេវតា សូមលោកបើកព្រះនេត្រទតចុះ!។

នាឡិកាវាយម៉ោងបីភ្លឺទៅហើយ។ គេនៅឮសូរសំឡេងខ្ញុំយំទួញលាយនឹងសំឡេងខ្យល់ថ្ងូរដែលជាសម្រែកនៃការឈឺចិត្ត ការខឹង ការតូចចិត្ត ការខកចិត្ត…។ ខ្ញុំយំៗ ៗគ្មានឈប់ឈរ។ ក្បាលខ្ញុំ ឈឺណែនស្ទើរផ្ទុះបែក… ព្រោះតែការគិត។ ។ ដើមទ្រូងខ្ញុំឈឺអួលផ្សាក្រៃលែងព្រោះតែការខឹងហួសពេក…

តាំងពីថ្ងៃនោះមក ទោះជាខ្ញុំអាណិតស្រឡាញ់ចង់ជួយយឹតយោងនិរក្សយ៉ាងណាក្តី ក៏ខ្ញុំសម្រេចចិត្តយ៉ាងដាច់អហង្ការថា ខ្ញុំឈប់ទៅបង្រៀននិរក្សទៀត។ ត្បិតពលិកម្មរបស់ខ្ញុំ ជាពលិកម្មឥតន័យ។ ខ្ញុំមិនចង់ឮ មិនចង់ប្រទះភាពអាស្រូវនេះទៀតឡើយ។ ខ្ញុំឆ្អែតនឹងមនុស្សពេកដោយសាររឿងនេះ។ ខ្ញុំឈប់រាក់ទាក់គួរសម នឹងបុរសណាទាំងអស់ ពីព្រោះខ្ញុំខ្លាចប្រទះរឿងដ៏គួរឲ្យចុកចាប់នេះដូចមុនទៀត។ កាលបើឃើញអាកប្បកិរិយាចម្លែករបស់ខ្ញុំ មិត្តដ៏ល្អៗរបស់ខ្ញុំទាំងប៉ុន្មាននាំគ្នាឆ្ងល់គ្រប់ៗគ្នា។ តាំងពីជួបរឿងនោះមក អារម្មណ៍ខ្ញុំអាប់អួរជាច្រើន ។ខ្ញុំផ្អាកការសរសេរកាសែត។ ខ្ញុំផ្អាកសកម្មភាពជាច្រើនក្នុងសមាគម ហើយពុំដែលបានកាន់សៀវភៅសិក្សាសោះ ព្រោះតែខ្ញុំមិនអាចបំភ្លេចរឿងដ៏អាស្រូវនេះបានឆាប់។ ជាពិសេស  រឿងដែលប៉ះពាល់ដល់តម្លៃទឹកចិត្តនិងកិត្តិយសរបស់ខ្ញុំ។ ក្នុងមួយជីវិតខ្ញុំៗទើបតែប្រទះជាលើកដំបូង។

មួយឆ្នាំក្រោយមក ខ្ញុំក៏បានរៀបការជាមួយនឹងបងវិសុទ្ធជាសង្សាររបស់ខ្ញុំ។ បងវិសុទ្ធជាវេជ្ជបណ្ឌិតឯកទេសផ្នែកខាងសម្រាលកូន និងរោគស្រ្តី។ ក្នុងពិធីអាពាហ៍ពិពាហ៍បស់យើង ខ្ញុំបានអញ្ជើញមិត្តភក្តិទាំងអស់ លើកលែងតែគ្រួសារលោករដ្ឋាមួយចេញ។ ធម្មតា កែវដែលប្រេះស្រាំ ពុំអាចផ្សាឬបិទភ្ជាប់វិញបានយ៉ាងណា។ យ៉ាងណាមិញ ចិត្តខ្ញុំក៏យ៉ាងនោះដែរ។

ក្រោយពីរៀបការរួច ខ្ញុំក៏បន្តនាទីជាអ្នកបម្រើអក្សរសាស្រ្តតទៅទៀត។ ខ្ញុំផ្តល់អត្ថបទនានា ដល់កាសែត និងវិទ្យុជាតិឥតខកខានឡើយ ព្រមទាំងចាប់ផ្ដើមរាប់អាន មិត្តភក្តិទាំងអស់គ្នា និងមិត្តថ្មីៗ ទៀត។ អ្នកខ្លះមានស្វាមីនិងភរិយាជាជនបរទេសផង។ ប៉ុន្តែ ខ្ញុំមិនដែលប្រទះរឿងអាស្រូវដូចអតីតកាលទៀតឡើយ។ មើលទៅ ប្រហែលមកពីភរិយាលោករដ្ឋាម្នាក់ទេដែលហួងហែងសិទ្ធិប្តី និងចង់ដឹងនិងឆ្ងល់គ្រប់រឿងហួសហេតុពេក ព្រមទាំងខ្វះការពិចារណាគិតគូរដិតដល់។

យូរៗម្ដងពេលទំនេរ ខ្ញុំតែងតែទៅអើតកន្លែងពិនិត្យជំងឺរបស់ស្វាមីខ្ញុំ។ ខ្ញុំបានជួបលោកស្រីរដ្ឋាម្ដង កាលគាត់មកសម្រាលកូននៅមន្ទីរពេទ្យរបស់ស្វាមីខ្ញុំ។ លោកស្រីចង់សារភាពពីការស្ដាយគំនិត របស់លោកស្រីដែលបាន

យល់ខុសមកលើរូបខ្ញុំតែខ្ញុំមិនចង់ស្តាប់ មិនចង់ឮរឿងអពមង្គលនេះជាថ្មីម្តងទៀតទេ។ ខ្ញុំបន្លប់គាត់ឱ្យនិយាយរឿងផ្សេងវិញ ហើយតែងព្យាយាមបង្គាប់ចិត្តខ្ញុំឱ្យខំរាប់អាន លោកស្រីរដ្ឋាបន្តិចម្តងៗឱ្យបានដូចពីមុន។

ប៉ុន្តែ ខ្ញុំពុំដឹងថាចិត្តខ្ញុំអាចប្រែប្រួលបានឆាប់ឬយ៉ាង ងណានោះឡើយ។ចំណែកឯភរិយា លោករដ្ឋាវិញក៏ព្យាយាមចង់សារភាពប្រាប់ខ្ញុំពីការស្តាយ…ស្ដាយពាក្យមួយម៉ាត់ដ៏ឆ្គាំឆ្គងរបស់លោកស្រីចំពោះខ្ញុំផងដែរ។

ប៉ុន្តែ កាលៈទេសៈ ពុំទាន់អនុញ្ញាតឲ្យខ្ញុំចង់ស្តាប់វាចាសោកស្តាយរបស់ភរិយាលោករដ្ឋាឡើយ…៕

 

សរសេរចប់នៅស្ត្រាស់បួរថ្ងៃ ២៥ មករា ១៩៨១

កែសម្រួលនៅម៉ុងទីញីឡេគ័រម៉េយប្រទេសបារាំងនៅថ្ងៃ១៣ធ្នូ២០១១

កកន៖


រឿង ស្តាយពាក្យមួយម៉ាត់ បានចុះផ្សាយ៖

– ក្នុងព្រឹត្តប័ត្រ កូនខ្មែរ លេខ៦ ខែមិថុនា ឆ្នាំ១៩៨៣ នៃមជ្ឈមណ្ឌលឯកសារនិងស្រាវជ្រាវអារិយធម៌ខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង។

– ទស្សនាវដ្តីខ្ញុំ ឆ្នាំទី២ លេខ៣ ខែមករា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕


 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s