ប្តីហេងស៊យ (ភាគទី១)​ និពន្ធដោយ ​លោក​ឈរ ​ហ៊រ ​ឃៀង

កកន៖

លោក ឈរ ហ៊រ ឃៀង

ជាអ្នកនិពន្ធរឿងកំប្លែង និង ជាពិធីករយ៉ាងចំណាននិងដ៏ល្បីឈ្មោះមួយរូប

ប្រចាំវិទ្យុអាស៊ីនាក្រុងប៉ារីស។

លោក ជាសហការីនិងជាមិត្តដ៏ល្អម្នាក់របស់ក្រុមគ្រួសារខ្ញុំ។

កាលណោះ ខ្ញុំបានក្លាយទៅជាពីធីការិនីវិទ្យុអាស៊ី

ក៏ដោយសារលោកបបួលខ្ញុំដែរ។

លោកបានយករថយន្តមកទទួលខ្ញុំដល់ផ្ទះនិងជូនខ្ញុំទៅមក

ដើម្បីទៅធ្វើការនៅវិទ្យុអាស៊ីក្នុងក្រុងប៉ារីសសង្កាត់ទី១២

ដោយមិនគិតពីការលំបាកនិងនឿយហត់ការចំណាយលើថ្លៃ

សាំង ទោះបីជាផ្ទះយើងមានចម្ងាយពីគ្នាច្រើនគីឡូម៉ែត្រ គឺ

ម្នាក់នៅខាងជើង ម្នាក់នៅខាងត្បូងរដ្ឋធានីប៉ារីសក៏ដោយ។

យើងទាំងពីរបានបម្រើវិទ្យុអាស៊ីដោយស្ម័គ្រចិត្តឥតបានទទួលកម្រៃ

អស់រយៈពេលជាច្រើនឆ្នាំ។  នេះក៏ដោយសារព្រោះតែយើងស្រឡាញ់វប្បធម៌ខ្មែរ។

សូមជ្រាបថា

លោកឈរ ហ៊រឃៀងជាអ្នកនិពន្ធឆាកកំប្លែង

និងជាអ្នកទទួលខុសត្រូវកម្មវិធីមួយ

គឺ នាទី រឿងកំប្លែងប្រចាំវិទ្យុអាស៊ីសម្លេងខ្មែរ។

ចំណែកខ្ញុំ ជាអ្នកនិពន្ធប្រលោមលោក និង រឿងល្ខោនហើយទទួលខុស

ត្រូវកម្មវិធី នាទីភាគនិទានរឿងប្រលោមលោក

និងចាត់ចែងរៀបចំកម្មវិធីពេលរាត្រី។

ខ្ញុំបានបង្កើតនាទី ភាគនិទានរឿងប្រលោមលោកក្នុងវិទ្យុអាស៊ី

ដើម្បីពង្រស់នាទីនេះដែលលោកម៉ៅ ប៉ុន ថន

ធ្លាប់បានបង្កើតឡើងផ្សាយក្នុងវិទ្យុជាតិកម្ពុជាក្នុងទសវត្សរ៍៦០និង៧០។

គឺជានាទីមួយដែលខ្ញុំចូលចិត្តស្តាប់ណាស់ កាលនៅយុវវ័យ

(សូមអានជីវប្រវត្តិពិស្តាររបស់ខ្ញុំ)។

ក្នុងនាទីកំប្លែង និង នាទីភាគនិទាននៃរឿងប្រលោមលោក

  លោក ឈរ ហ៊រឃៀង និង ខ្ញុំបានជួយបញ្ចូលសម្លេង

គ្នាទៅវិញទៅមកដើម្បីសម្តែងតួក្នុងរឿង។

នាទីរបស់យើងបានទទួលជោគជ័យដូចគ្នា។

សម្លេងយើងក៏បានជាទីពេញនិយមរបស់អ្នកស្តាប់នៅ

ប៉ារីសនិងជាយក្រុងប៉ារីសដែរ។ 

ទោះបីជាយើងធ្វើការឥតបានកម្រៃពិតមែន

តែក្នុងគ្រានោះ យើងបានសប្បាយចិត្ត

និង

មានមោទនភាពខ្លាំងណាស់

ដោយសារយើងបានមប្រើកិច្ចការមួយ

ដែលយើងស្រឡាញ់ពេញចិត្ត ហើយបានបម្រើអារម្មណ៍បងប្អូនខ្មែរ

ដែលនិរាសស្រុក មករស់ជ្រកកោននៅក្នុងប្រទេសបារាំង

ដើម្បីបំបាត់ការនឹកស្រុកទេស។

លោក  ឈរ ហ៊រឃៀង ជាសមាជិកស្ថាបនិកម្នាក់

នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

សព្វថ្ងៃ លោករស់នៅសហរដ្ឋអាមេរិកជាមួយឧត្តមភរិយារបស់លោក។

លោកបានផ្ញើកំណាព្យមួយចំនួនមកខ្ញុំជាកិច្ចចូលរួម

និងដើម្បីជាកម្លាំងបម្រើអក្សរសិល្ប៍ខ្មែរបន្តទៅទៀត

ទោះបីលោកមានបញ្ហាសុខភាពក៏ដោយ។

ខ្ញុំបានផ្សាយកំណាព្យរបស់លោកក្នុងប្លក់ខ្ញុំកន្លងមកថ្មីៗនេះ។

ថ្ងៃនេះ  ខ្ញុំបានទទួលរឿង

ប្តីហេងស៊យ

ដែលជារឿងកំប្លែងមួយ

ដែលបានផ្សាយក្នុងវិទ្យុអាស៊ីសម្លេងខ្មែរ។

រឿងនេះក៏បានទទួលជោគជ័យមិនចាញ់រឿងឡាក់ ស៊ីងជុយ ឡើយ។

ខ្ញុំសូមអញ្ជើញអស់លោកលោកស្រី និង ក្មួយៗជាប្រិយមិត្តគ្រប់វ៏យអាន

រឿង

ប្តីហេងស៊យ

ដែល

និពន្ធដោយលោក ឈរ ហ៊រ ឃៀង៕

រក្សាសិទ្ធិគ្រប់យ៉ាង

សួស្តី! អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ជាទីមេត្រី!

រឿង ប្តីហេងស៊យ ជារឿងកំប្លែង តែជារឿងពិត បើអស់លោកថាជារឿងប្រឌិត

ក៏សូមប្រយ័ត្ន!ប្រយ័ត្នថ្ងៃណាមួយ ប្រពន្ធរបស់អស់លោក នឹងដឹកលោកយក

ទៅលក់ឱ្យគេដូចគោដូចក្របី។

រឿងចាស់ផ្លាស់មកជាថ្មី ស្តីពីជីវិតមនុស្សបីនាក់ដែលមានទស្សនះខុសៗគ្នា។

មនុស្សទី១ គឺអ្នកស្រីឆើតឆាយ ដែលជាអ្នកលក់ប្តីឱ្យគេ។

អ្នកទី២ គឺលោកម៉ៅ វិត ជាប្តីរបស់អ្នកស្រីឆើតឆាយ (ប្តីហេងស៊យ)

អ្នកទី៣ គឺជំទាវសៃយើត ជាអ្នកទិញប្តីពីអ្នកស្រីឆើតឆាយ។

-តើ!អស់លោក លោកស្រីជ្រាបទេ ថាហេតុអ្វីបានជាប្រពន្ធសុខចិត្ត

លក់ប្តីទៅឱ្យគេ?

-តើ!ប្តីធុនណា ដែលត្រូវប្រពន្ធដឹកយកទៅលក់ឱ្យគេ ដូចគោដូចក្របី?

-តើ!ស្រីប្រភេទណា ហ៊ានចំណាយប្រាក់៣សែនដុល្លារ ទិញប្តីពីគេ?

ទាំងអស់នេះ សុទ្ធតែជាចម្ងល់ ដែលត្រូវដោះស្រាយ។ ដូច្នេះ ខ្ញុំសូម

បកស្រាយក្រោមសុភាសិតចិនមួយ ដែលតែងពោលថា <រឿងមានហេតុ

បំណុលមានម្ចាស់ សម្លាប់គេ ត្រូវយកជីវិតទៅសង>។

ជាបឋម ខ្ញុំសូមណែនាំអស់លោកឱ្យបានស្គាល់ជំទាវសៃយើតជាមុនសិន។

តើ!ជំទាវសៃយើតជានរណា?។ គាត់ជាស្រ្តីមេម៉ាយ រស់នៅតែម្នាក់ឯង មាន

ប្រាក់រាប់លានដុល្លារ ប៉ុន្តែ  កម្មអកុសលអ្វី បែរជាជំទាវយើង គ្មានសុភមង្គល

ទៅវិញ គឺកើតរោគអត់ប្តីនេះតែម្តង!។

មនុស្សស្រី កាលណាមេម៉ាយអត់ប្តី គេតែងនិយាយលេបខាយ លេងសើច

សប្បាយក្នុងផ្លូវមើលងាយ។ ព្រោះតែអញ្ចឹងហើយ ដែលបណ្តាលឱ្យជំទាវ

សៃយើត នឹកចង់បានប្តីមួយនឹងគេគ្រាន់កំដរអារម្មណ៍ ត្បិតបើមានតែប្រាក់

ហើយអត់ប្តីនោះ គឺជីវិតគ្មានន័យអ្វីទេ!។ គិតសព្វគ្រប់រួចរាល់ហើយ

ជំទាវស្តុកវ័យក្មេងម្នាក់នេះ ព្រឹកឡើងក៏ចេញដំណើរទៅលេងផ្ទះអ្នកស្រី

ឆើតឆាយ ដែលជាអ្នកភូមិផងរបងជាមួយ។

-តើ!អស់លោកប្រុសៗដែលដឹងទេ ថាស្រីៗយូរៗគេជួបគ្នាម្តង គេជជែកពីរឿងអ្វី?។

ណ្ហើយចុះ! លោក លោកស្រី ជាទីមេត្រី!

មកដល់ត្រឹមនេះ ខ្ញុំសូមផ្អាកសិន ហើយជំរាបថា នឹងមានបន្ត ភាគទី២ នៅថ្ងៃមុខទៀត។

កុំភ្លេចតាមដានរឿងនេះឱ្យចប់ចុងចប់ដើម គឺពិតជាបានសើច សើច១ឃឹក អាយុវែង១ថ្ងៃ។

សូមទទួលនូវការរាប់អានអំពីខ្ញុំ

CHHOR H.KHIENG

      USA

March 27 2012

One response to “ប្តីហេងស៊យ (ភាគទី១)​ និពន្ធដោយ ​លោក​ឈរ ​ហ៊រ ​ឃៀង

  1. សន្មត់ថាជារឿងពិត្រទៅចុះ។ ចម្ងល់ត្រង់ថា លក់ដាច់ហើយ តើអ្នកណាជាអ្នកទទួលលុយ​?​។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s