កំប្លែង៖ញ៉ាំក្លូ ញ៉ាំឡឹប ដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ធិ

– ទៅចុះកូនម្តាយ ទៅឲ្យសុខសប្បាយ។

នេះជាពាក្យដែលមីងរិននិយាយទៅកាន់កូនប្រុសតែមួយ ដែលសុំលាគាត់ទៅរកបងប្អូន

នៅឯទីក្រុងភ្នំពេញ។

– អរគុណម៉ែ។ ខ្ញុំលាសិនហើយ។ ខ្ញុំទៅមិនយូរទេ ម៉ែកុំបារម្ភ កុំទន្ទឹងមើលផ្លូវកូនពេក។

– អើ ! ។ កូនដឹងទេ? អ្នកភ្នំពេញ គេមិននិយមនិយាយពាក្យ « ស៊ី ឬ ហូប »ដូចយើងនៅ

ជនបទទេ។ គេប្រើពាក្យ « ញ៉ាំ » ជំនួសពាក្យទាំងនេះ ឮទេកូន? កុំភ្លេចបណ្តាំម៉ែណា។

នាយឡឺកឺចាំបណ្តាំម្តាយមិនភ្លេច។ មកដល់បេនឡានក្រុងក្បែរផ្សារថ្មី ជិតរោងភាព

យន្តសុរិយា(១)  បេះដូងនាយចាប់លោតឌឹបៗដោយការភ័យខ្លាច នៅពេលឃើញទីក្រុង

ភ្នំពេញធំនិងមានសភាពអ៊ូអរជាងភូមិកំណើតរបស់នាយនៅស្រុកស្រែ។ នាយបារម្ភ

ណាស់ មិនដឹងទៅណាមកខាងណាទេ។  ឈរគិតមួយស្របក់ទើបដាច់ចិត្តហៅស៊ីក្លូជិះ។

-ញ៉ាំក្លូ ! ញ៉ាំក្លូ !

នាយឡឺកឺស្រែកហៅអ្នកបរត្រីចក្រយានមួយដែលកំពុងតែបរកាត់ចំពីមុខនាយ។ អ្នកធាក់ត្រី

ចក្រយាននេះ ធ្វើព្រងើយហើយគិតតែបរស៊ីក្លូទៅមុខ។នាយយើងមិនយល់ពីអាកប្បកិរិយា

ពូនេះទេ។ នាយអេះក្បាលហើយនឹកក្នុងចិត្តថា៖

– យី អាក្រុងអីគេនេះបែបមានតែមនុស្សឈ្លើយទេដឹង? ណ្ហើយ ! ខ្ជិលខឹង ធ្វើម៉េចឯងជាអ្នក

ស្រែចូលក្រុងមិនដឹងទឹសដំបន់។ ជិតព្រលប់ហើយ បើនៅតែឈរចាំតទៅទៀតច្បាស់ជាដេក

ត្រង់នេះហើយយប់ហ្នឹង ( គិតហើយ ក៏ប្រថុយហៅអ្នកធាក់ត្រីចក្រយានឲ្យចំៗតែម្តង)។

– ពូញ៉ាំក្លូ !ពូញ៉ាំក្លូ ! ពូជូនខ្ញុំទៅកន្លែងនេះបានទេ?

ថារួច នាយក៏ហុចក្រដាសតូចមួយដែលមានកត់អាស័យដ្ឋានទៅឲ្យពូស៊ីក្លូ។ មួយសន្ទុះក្រោយ

មក ពូយើងក៏ដឹកកំឡោះជនបទមកដាក់ចំកន្លែង។

– ដល់ហើយអានាង។

– ដល់កន្លែងណាពូ? ខ្ញុំទៅផ្សារ « ញ៉ាំឡឹក » ។

– ហ្នឹងហើយ ផ្សារ « ស៊ីឡឹប »។ 

– ទេ ខ្ញុំមិនមកផ្សារនេះទេ។ ផ្ទះបងប្អូនខ្ញុំនៅផ្សារ « ញ៉ាំឡឹក »។ សូមពូអាណិត ជូនខ្ញុំទៅ

ផ្សារនោះផង។ ខ្ញុំមិនស្គាល់ភ្នំពេញទេពូ។ ខ្ញុំទើបតែមកលើកដំបូង។ 

– ទេ អានាង ! នៅភ្នំពេញគ្មានផ្សារឈ្មោះ « ញ៉ាំឡឹក »ទេ មានតែផ្សារ « ស៊ីឡឹប »។

ឆ្ងល់ផង ភ័យខ្លាចវង្វេងផង នាយឡឺកឺឈរកើតទុក្ខម្នាក់ឯង។ មើលទៅមេឃ ឃើញ

មេឃកាន់តែងងឹត។ នឹកដល់បណ្តាំម៉ែដែលបានផ្តាំឲ្យច្បាស់ៗមុននឹងខ្លួនបែកចេញ

មក។ នាយគិតបណ្តើរ និយាយរអ៊ូបណ្តើរ៖

-ម៉ែថា អ្នកភ្នំពេញគេមិននិយាយពាក្យ« ស៊ី » ចុះម៉េចក៏ពូ « ញ៉ាំក្លូ »នេះនិយាយពាក្យ

 « ស៊ី »គ្មានសុជីវធម៌អ៊ីចឹង។ តើផ្សារ « ញ៉ាំឡឹប »ឬ « ផ្សារស៊ីឡឹប ?! »។ តើ «ញ៉ាំក្លូ »

ឬ « ស៊ីក្លូ?! » ម៉ែអើយម៉ែ! ម៉េចក៏ម៉ែប្រាប់កូនថានៅភ្នំពេញគេមិននិយាយពាក្យ « ស៊ី »៕

សរសេរនៅស្រ្តាស់បួរ ឆ្នាំ១៩៨២

 (១) ៖ មុនឆ្នាំ១៩៧៥ បេនឡាននៅម្តុំជិតផ្សារទំនើបសុរិយាបច្ចុប្បន្ន។

Advertisements

7 responses to “កំប្លែង៖ញ៉ាំក្លូ ញ៉ាំឡឹប ដោយ ប៉ិច សង្វាវ៉ាន

  1. លោកមីងប្រសប់រករឿងល្អៗសើចមកនិយាយ “អ្នកស្រែនិងអ្នកក្រុង” ពិតជាខុសគ្នាឆ្ងាយមែន ។ កាលដើមទសវត្ស ៩០ ខ្ញុំក៏បានជួបប្រទះប្រហាក់ប្រហែលគ្នាដែរ កាលណោះមានគេធ្វើបុណ្យ នៅផ្ទះវិជ្ជបណ្ឌិតមួយ នៅម្តុំពេទ្យចិន នៅពេលដែលបងប្អូនគាត់ បានមកពីស្រុកក្រៅជួបជុំគ្នា ដំបូង បន្ទាប់ពីសង្គ្រាម ហើយខ្ញុំក៏ត្រូវអញ្ជើញឱ្យចូលរួមដែរ តែខ្ញុំមានវីឌីអូសម្រាប់ថត នៅពេល នោះពុំសូវមានប្រើទេ ហើយខ្ញុំត្រូវគេរកឱ្យថត ។

    ចំឡែកត្រង់ថា កូនក្រមុំគេចេះតែ មកដឹកដៃចុះឡើង ៗជាន់លើជាន់ក្រោម ខ្ញុំខ្មាសគេយ៉ាងរឹងខ្លួន តាមពិតគេមិនមែនដឹកដៃ ដូចយើងដឹកដៃក្មេងៗទេ គឺគេធ្វើមានរបៀបរបបណាស់ បើធ្លាប់ឃើញ ឬ មើលគេប្រឡងបរវកញ្ញា នៅបរទេស ឬ អាមេរិកជាដើម ដែលគេឱ្យបុរសមកនាំនារីៗ បវរកញ្ញា ទៅនេះទៅនោះអញ្ចឹងដែរ គឺគេប្រស៊ូកដៃគេ ជាមួយដៃយើង យ៉ាងកៀកគ្នា ហើយស្និត ស្នាល ខ្ញុំមិនហ៊ានប្រកែកដែរទេ ចេះតែទៅជាមួយគេទៅ !

    ហើយមានរឿងមួយទៀត នៅពេលហ្នឹងដែរ បានដើរមើលគេលក់ឥវ៉ាន់នៅផ្សាធំថ្មី ដើរមើលខាងក្នុង ដែលគេដាក់ឥវ៉ាន់លក់តាមទូកញ្ចក់ ចេះតែដើរសួរនិងតថ្លៃ ឥវ៉ាន់គេលេង ៗ ទៅ ទិញខ្លះមិនទិញខ្លះ និយាយលេងខ្លះ មែនខ្លះ ចង់ដឹងតម្លៃគេលក់ ខ្ពស់ឬទាបយ៉ាងណា មាននារីស្រស់ សម្បុរស្រអែមម្នាក់ និយាយរាក់ទាក់មិនចង់ឱ្យទៅណា ឱ្យទិញរបស់គាត់ ខ្ញុំក៏ជួយទិញ ហើយក្រោយមកទៀត នាងអញ្ជើញឱ្យទៅលេងផ្ទះ ពួកខ្ញុំក៏ទៅលេងឱ្យស្គាល់ផ្ទះ គេទទួលបាយទឹក គឺរាប់អានជាធម្មតា ពេលមួយនោះ នាងបានហៅខ្ញុំ អោយទៅលេងផ្ទះ បងប្អូននៅម្តុំសួន ដែលសព្វថ្ងៃគេធ្វើ ទីលានប្រជាធិបតេយ្យ ក្បែរផ្លូវធំហ្នឹងឯង (ខាងលិចសួន ឬទីលាន) ទៅដល់គេមានកូនក្រមុំដែរ តែឪពុកម្តាយគេឥតនៅទេ ស្ងាត់ច្រៀប ទៅដល់គេយក សារុងសូត្រថ្មីៗ យកមកឱ្យផ្លះ ហើយគេប្រាប់ឱ្យកេងលេង (កន្លែងនេះខ្ញុំឆ្ងល់ ហើយក៏មិនហ៊ាន សួរគេដែរ ចេះតែស្លៀកទៅ កុំឱ្យគេដឹងថាអ្នកស្រែចូលក្រុង) ហើយនាងនោះគេ នាំគ្នាអង្គុយ និយាយលេងជាមួយនារីគ្នាគេទៅ ខ្ញុំគិតឃើញថា ប្រហែលជាគេឱ្យខ្ញុំសម្រាកហើយមើលទៅ ខ្ញុំក៏សម្រាកទៅ ។

    សម្រាកក៏មិនលក់ដែរ ស្ងាត់ពេក ដូចជាអប់សុខទៅវិញ ចឹងក៏ក្រោកចេញទៅមើលគេ ខាងមុខ ឬ ខាងក្រៅ ចង់ដឹងថា គេធ្វើអ្វីខ្លះ នៅពេលដែលកំពុងឈរមើលគេ ស្រាប់តែមានម្តាយ ឬម្តាយមីង និងកូនក្រមុំកំពុងដើរ ពីរលិចទៅកើត នាងនោះឃើញខ្ញុំឈរមើលចឹង នាងក៏មើលមកខ្ញុំមិន ដាក់ភ្នែកដែរ ជើងដើរហើយភ្នែកងាកមើលខ្ញុំ មានអីបុកបង្គោលខ្សែភ្លើង មាំង ! មីងដែលដើរជា មួយថា ម៉េចទៅហើយ ! គាត់រត់ទៅអង្អែលក្បាលកូនគាត់ ខ្ញុំមិនហ៊ានទៅមើលទេ កុំឱ្យខ្មាស ហើយគេចចូលក្នុងផ្ទះភ្លាមដែរ ប្រហែលជានាងយល់ថា ខ្ញុំជាមនុស្សចំឡែកហើយមើលទៅ នឹកទៅអាណិតដែរ ខ្ញុំគួរតែទៅជួយមើលនាង តែមិនហ៊ានទៅ ។

    ទាំងអស់នេះ ខ្ញុំគ្រាន់តែចង់ដឹងថា តើនេះជាទំនៀមទំលាប់ របស់អ្នកក្រុងឬយ៉ាងណា ? តែយ៉ាងណាក៏ដោយ ខ្ញុំតែងតែមិនធ្វេសប្រហែសខ្លួនដែរទេ គ្នាខ្ញុំគេព្រួយបារម្ភខ្ញុំណាស់ ពួគគេខំស្វែងរកខ្ញុំ គេបានរកខ្ញុំឃើញទៅនោះឯង តែពួកនារីៗនោះ ដូចជាមិនជាអ្នក មានគំនិតអាក្រក់ទេ មើលទៅ តែនេះមកពីទំនៀមទំលាប់ អ្នកក្រុងហើយមើលទៅ ! មិនថាអញ្ចឹងលោកមីង ?

    • យី ចំឡែកណាស់ន៏ គ្រាន់តែឃើញគ្នាតាមផ្សារ ហ៊ានបបួលទៅលេងផ្ទះ ហើយឲ្យស្លៀកសារុងសូត្រទៀត ហា​ហា ។

      • ប្រហែលជាចំឡែកបន្តិចហើយ Pheakkdey តាមពិតទៅ មិនមែនជួបនៅ ផ្សារ ហើយទៅនោះទេ យើងស្គាល់គ្នាប្រហែលជា ២-៣ ថ្ងៃហើយ ប្រហែលជានាងចង់នាំខ្ញុំ ឱ្យសាច់ញាតិស្គាល់ក៏មិនដឹង ឬក៏ចង់ឱ្យខ្ញុំទៅ សម្រាកកន្លែងស្ងាត់ក៏មិនដឹង ពីព្រោះថាផ្ទះនាង នៅជាប់នឹងផ្សារចាស់ មានភាពអ៊ូរអរពេក ក៏មិនដឹង តែយ៉ាងណាក៏ដោយ ខ្ញុំយល់ថា នេះគ្រាន់តែជាភក្តីភាពរបស់នាងតែប៉ុណ្ណោះ ហើយខ្ញុំនោះទៀតសោធន៍ ក៏មិនមែនជា ព្រាននារីអីដែរ អត់មានហ៊ាននិយាយអ្វី ខាងស្នេហាក៏អត់ ទេដែរ គ្រាន់តែរាប់អានគ្នាប៉ុណ្ណោះ ហើយការផ្តល់ឱ្យខ្ញុំនូវ សារុងសូត្រថ្មី សម្រាប់ផ្លាស់ប្តូរសំលៀកបំពាក់ សម្រាប់សំរាកនោះ ប្រហែលគ្រាន់តែជា ការរាក់ទាក់ទទួលភ្ញៀវតែប៉ុណ្នោះ ! មិនថាអញ្ចឹង ?

  2. ចម្លែកមែន ខ្ញុំកើតនៅភ្នំពេញនិងជាអ្នករស់នៅទីក្រុងរហូតខ្មែរក្រហមដេញចេញពីវីឡា
    ក៏មិនដែលឃើញនិងមិនដែលឮគេនិយាយពីអ្នកទីក្រុងអ៊ិចឹងដែរលោកក្មួយ។
    គ្រួសារនេះដូចជាប្លែក ប្រហែលជាលោកក្មួយស្អាត ហើយមានស្នេហ៍មុខទេដឹង?៕

    • អរគុណលោកមីង ប្រហែលជាចំឡែកមែនហើយ មើលទៅ ចំពោះខ្ញុំវិញ ស្មានតែទំនៀមទំលាប់អ្នកក្រុងអញ្ចឹងឯង ព្រោះប្រហែលជានាងយល់ ឃើញថា ភ្ញៀវមកពីចម្ងាយ អស់កម្លាំង ចង់ឱ្យភ្ញៀវសម្រាកកន្លែងស្ងាត់បន្តិច ឬក៏ដូចខ្ញុំបាននិយាយខាងលើ ប្រាប់ភក្តីចឹងដែរ តាមពិតទៅខ្ញុំអត់ដឹងថា ទំនៀមទំលាប់អ្នកក្រុងយ៉ាងណានោះទេ តែដល់ស្ងាត់ពេកចឹង ធ្វើឱ្យខ្ញុំកេង មិនលក់ទៅវិញទេ ។

      តាមពិតទៅនាងនៅក្នុងគ្រួសារមួយ ដ៏សមរម្យដែរ បើតាមនាងប្រាប់ គឺឪពុកម្តាយធ្លាប់ជាគ្រូបបង្រៀន នៅភ្នំពេញនេះ កាលសម័យសាធារណរដ្ឋ ខ្មែរ ។ ហើយថាខ្ញុំស្អាតនិងមានស្នេហ៍មុខ ប្រហែលជាអត់ទេដឹង តែខ្ញុំចូល ចិត្តនិយាយលេងច្រើន ហើយភ្នែករបស់ខ្ញុំរាងមុតបន្តិចហើយ ថែមទាំងនៅ ពេលដែលខ្ញុំនិយាយ តែងតែញញឹមជានិច្ច ចឹងទៅប្រហែលជា ធ្វើឱ្យនាង ចាប់អារម្មណ៍ក៏មិនដឹង !?

      តាមពិតទៅ នាងតែងទៅដើរលេងជាមួយដែរ បើសិនជាប្រាប់ឬអញ្ជើញ ដូចជាមិនដែលខានទេ មានការអនុញាតិពី ក្រុមគ្រួសាររបស់នាងជានិច្ចដែរ បើតាមខ្ញុំមិនដែលហ៊ានបបួលទេ តែមកបីមិត្តភគ្រដែលទៅជាមួយ តែងប្រាប់ ឱ្យទៅប្រាប់នាង តែដើរលេងគ្រាន់តែដើរលេងប៉ុណ្ណោះ ដូចបងប្អូនចឹងដែរ ប៉ុន្តែនៅពេលដែលដើរជាមួយគ្នាអញ្ចឹង គេច្បាស់ជាយល់ផ្សេងហើយ !

      ថ្ងៃនេះជាថ្ងៃចូលឆ្នាំ នៅស្រុកខ្មែរយើងហើយ ខ្ញុំសូមជូនពរឱ្យលោកមីង លោកពូ និងក្រុមគ្រួសារ ទាំងអស់គ្នា ព្រមទាំងភក្តីផងដែរ សូមឱ្យទេវតាឆ្នាំថ្មី ឆ្នាំរោង ចត្វាស័កនេះ តាមជួយបីបាច់ថែរក្សា អ្នកទាំងអស់គ្នា ឱ្យបានជួប ប្រទះតែ សេចក្តីសុខកាយ សប្បាយចិត្ត មានសិរីភាព និងសុភមង្គលជានិច្ច គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ ! ៚…

  3. ខ្ញុំសូមអរគុណលោកក្មួយដែលបានជូនពរដ៏ប្រសើរថ្លៃថ្លាចំពោះខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំក៏សូមជូនពរសព្ទសារធុការមហាប្រសើរចំពោះលោកក្មួយនិងក្រុមគ្រួសាវិញដែរ សូមឲ្យបានស្គាល់តែសុភមង្គល វិបុលសុខ ជោគជ័យក្នុងការងារនិងជីវិតផ្ទាល់ខ្លួន និង
    សុខភាពមាំមួនជានិច្ចនិរន្តរ៍៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s