រឿងខ្លី ៖ ម្តាយក្មេកទំនើបមួយចប់ និពន្ធដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ធិគ្របប់យ៉ាង

កកន

មានអ្នកអានរឿងនេះខ្លះនិយាយថា ព្រោះតែខ្ញុំរស់នៅស្រុកបារាំង

ទើបខ្ញុំមានគំនិតសរសេររឿងម្តាយក្មេកទំនើបនេះ។

ពិតណាស់ ពីព្រោះខ្ញុំទើសភ្នែកនឹងទង្វើជនភៀសខ្លួនខ្មែរយើងមួយចំនួនដែលឈ្លក់ទឹកព្រិល

ឆាប់យកវប្បធម៌អ៊ឺរ៉ុបមកស្រោមខ្លួនគ្មានខ្មាសអៀនគួរឲ្យស្តាយ។

ថ្វីត្បិតតែរឿងនេះ មិនមែនជារឿងស្នេហាអណ្តែតអណ្តូង

តែជារឿងមួយដែលឆ្លុះបញ្ចាំងបញ្ហាពិតមួយដែលខ្ញុំមិនចង់

ឲ្យមានអ្នកប្រព្រឹត្តតាម ព្រោះវាជារឿងដែលគួរឲ្យខ្មាសនិងមិនចង់

ឲ្យម្ចាស់ស្រុកដែលមានមនុស្សធម៌ទទួលយើងឲ្យជ្រកកោន

យល់ថាជនជាតិយើងជាមនុស្សដែលគួរឲ្យមើលងាយ

មិនខំប្រឹងប្រែងធ្វើខ្លួនឲ្យមានតម្លៃក្រៅពីការប្រជែងសំញ៉ែងគ្នា។

ជាការពិត អ្នកនិពន្ធម្នាក់ៗមានទស្សនៈខុសគ្នា

ដូច្នេះការសង្កេត និ ងការមើលឃើញក៏ខុសពីគ្នាដែរ។

 ស្រ្តាស់បួរ (Strasbourg) ជាទីក្រុងនៃខេត្តអាល់ហ្សាស់ (Alsace)ហើយស្ថិតនៅចម្ងាយ៤៥៧គីឡូម៉ែត្រពីរដ្ឋធានីប៉ារីសប៉ែកខាងកើត។

ទីក្រុងនេះមានសហគមន៍ខ្មែររស់នៅច្រើនបង្គួរ។ និស្សិតខ្មែរដែលបានចេញមកបន្តការសិក្សាក្រេបយកចំណេះវិជ្ជាមុនឆ្នាំ១៩៧៥ ក៏មានច្រើននាក់ដែរ។ ក្រោយឆ្នាំ១៩៧៩ ទីក្រុងស្ត្រាស់បួរបានទទួលជនភៀសខ្លួនខ្មែរជាហូរហែរ។ នៅឆ្នាំ១៩៨៤ ក្រុមគ្រួសាររបស់យាយសានីត និងតាសំផនដែលមានសមាជិកទាំងអស់បួននាក់ ត្រូវបានរដ្ឋាភិបាលបារាំងផ្តល់សិទ្ធិឲ្យជ្រកកោនក្នុងនាមជាជនភៀសខ្លួននយោបាយ ហើយ បញ្ចូនឲ្យមកស្នាក់នៅក្នុងទីក្រុងស្ត្រាស់បួរ។

តាសំផន និងយាយសានីត ព្រមទាំងកូនស្រីរទាំងពីរស្នាក់នៅក្នុងហ្វ័រយេសូណាកូត្រា នៃទីក្រុងណឺដូហ្វ (Neudorf) បានពីរខែប្លាយហើយ។

យាយសានីតមានវ័យហាសិបប្រាំបួនឆ្នាំ។ សក់ក្បាលសសំពោង។ យាយមានមាឌធំមាំ។ ទឹកមុខក៏មាំនិងកាច តែយយាយបានសម្តីវោហារណាស់។ បើយាយប្រើសម្តីផ្អែមវិញ គឺផ្អែមរលួយ តែបើយាយបញ្ចេញសម្តីកាចវិញគឺកាចមិនសូវចាញ់ខ្លាញីប៉ុន្មានទេ ល្មមតែធ្វើឲ្យតាសំផនជាស្វាមីខ្លាចប្រពន្ធដូចខ្លាចសត្វខ្លា។ តាំងពីរៀបការមក យាយសានីតបង្រ្កាបតាផនជាប្តីឲ្យរាបដូចកន្ទេល។          តាសំផន ខ្លាចយាយសានីតបាក់ស្បាតតាំងពីពេលនោះរៀងរហូតមក។ យាយមិនត្រឹមខ្លាំងក្លាតែពាក្យសម្តីប៉ុណ្ណោះទេ យាយដៃដល់ទៀត។ បើត្រូវវាយគឺវាយ។ បើត្រូវធាក់គឺធាក់។ យាយមានចរិតដូចប្រុស ជើងអ្នកលេងដូច្នោះ។

លុះមករស់នៅក្នុងប្រទេសបារាំង ដែលជាស្រុកគោរពសិទ្ធិមនុស្ស យាយសានីតឡើងដៃមែនទែនតែម្តង។ យាយឮគេថា ប្តីប្រពន្ធបារាំងគេមិនដាក់លុយរួមគ្នាទេ។ លុយគេផ្សេងៗពីគ្នា យាយបានចិត្តក្រអឺតគិតអនុវត្តតាមគូស្វាមីភរិយាបារាំងអីចឹងដែរ។

ដោយធ្លាប់ស្គាល់រសជាតិលត់ដំ និងអត់ឃ្លានក្នុងរបបប៉ុលពតខ្មែរក្រហមជាច្រើនឆ្នាំ និងធ្លាប់បានឆ្លងកាត់ការលំបាកវេទនាជាច្រើនលើកច្រើនសា លុះបានមករស់នៅក្នុងប្រទេសបារាំង យាយសានីតគិតថា ដូចបានកើតជាថ្មី។ គាត់មើលឃើញអ្វីៗដូចទិព្វទាំងអស់ ថ្វីត្បិតតែទឹកដីប្រទេសបារាំងមានធាតុអាកាសត្រជាក់ខ្លាំងយ៉ាងណាក្តី តែចំពោះយាយតាប្រទេសបារាំងជាស្ថានសួគ៌លោកិយពិតៗ។

តានិងយាយរស់នៅយ៉ាងសប្បាយឥតខ្វល់ខ្វាយអំពល់អ្វីទាំងអស់ ពីព្រោះរដ្ឋាភិបាលបារាំងផ្តល់ប្រាក់ចិញ្ចឹមផ្គត់ផ្គង់យ៉ាងតិចប្រាំមួយខែ។ ចំពោះយាយតានេះ តើមានអ្វីប្រាថ្នាឲ្យស្រួលកាយសប្បាយចិត្តជាងនេះទៀត។

ថ្ងៃមួយ នៅពេលដែលកូនស្រីទាំងពីរចេញដើរកម្សាន្តឲ្យបានស្គាល់ផ្សារបារាំង យាយសានីតនៅជាមួយតាតែពីរនាក់តតួដូចកំលោះក្រមុំ។ នៅលើគ្រែ យាយសានីតសម្រាន្តដាក់ជើងគងលើតា ហើយវាចាចាក់ស្មុគជាមួយតាអស់មួយព្រឹកធំ។

-យើងស្រួលអស់យ៉ាងហើយតា បាយឆ្អិនស្រាប់ បន្ទប់មាននៅស្រាប់។ គេចែកលុយឲ្យចាយរាល់អាទិត្យទៀត។ ខ្ញុំឮគេអ្នកមកមុនយើងថា គេបើកប្រាក់ឲ្យយើងមួយពាន់ហ្វ្រង់ម្នាក់ (ឥឡូវនេះស្មើមួយរយហាសិបពីរអឺរ៉ូសែសិបសេន)។ ទម្រាំគេឈប់ចិញ្ចឹម យើងសន្សំបានលុយក្រាស់ក្រែលដែរមែនទេតា?។ តា! តាឯងគិតយកលុយដែលយើងសន្សំនេះទៅធ្វើអ្វីខ្លះ? កាលនៅស្រុកខ្មែរយើងចាយលុយរួម។ ឥឡូវ  យើងមកដល់ស្រុកបារាំងហើយ គួរតែដាក់លុយផ្សេងគ្នាទៅចុះ។ លុយតាដាក់ផ្សេង។ លុយខ្ញុំដាក់ផ្សឹង។ ធ្វើអីចឹងបែបស្រួលជាង គ្មាននរណាបន្ទោសនរណាថា ចាយច្រើន… ខ្ញុំសុំចាយផ្តាំចាស់ម្តងហើយតា?

-ចាយស្អី? ទិញស្អីខ្លះនោះយាយ? ខ្ញុំមកនៅស្ត្រាស់បួរជិតបីខែហើយ ដូចជាគ្មានចិត្តចង់ទិញស្អីសោះ។

-ភ្នែកតាឯងដូចភ្នែកឫស្សីមែន! ពេលស៊ីបាយជុំខ្មែរឯទៀតនៅខាងក្រោមម្តងៗ តាមិនឃើញអ្នកមកមុនយើងទេអ្ហី?

-ឃើញស្អី? គេដូចតែយើង យើងដូចតែគេ។ ម្នាក់ៗចាញ់រងាពាក់អាវក្រាស់ៗច្រើនជាន់ ឡើងធាត់ទ្រលុកៗមើលតែខ្លាឃ្មុំទាំងអស់គ្នា។

-ក្រៅពីពាក់អាវរងាគេពាក់អីទៀត?

-ដឹងអី?

-គេពាក់មាសពេជ្រស្រោចខ្លួន។ តាឯងខ្វាក់មែន!

-បានមាសពេជ្រពីណាភ្លាម ទើបមកដល់ស្រុកគេប៉ុន្មានខែ!

-ប្រហែលរបស់គេយកមកពីស្រុកខ្មែរ ឬក៏គេទិញនៅទីនេះ នរណាដឹង?

-គ្នាមិនឈឺក្បាលចង់ដឹងទេ។

-តែខ្ញុំដូចជាខ្មាសគេណាស់តា។ ខ្ញុំគ្មានស្អីពាក់ដូចគេមួយស្លឹងសោះ។

-មិនដឹងជាខំប្រណាំងប្រជែងគ្នាអីនៅហ្វ័រយេ។ អើ! ខំទៅ ខំសំញែងមាសពេជ្របញ្ចេញឲ្យបារាំងអ្នកមើលខុសត្រូវគេឃើញទៅ។ប្រយ័ត្នតែគេលែងអាណិតជួយទៀត តិចថាពិបាកខ្លួន។ ម្នាក់ៗមិនទាន់ចេះបារាំងមួយម៉ាត់ផង។ បើបារាំងឈប់ជួយ ផ្គត់ផ្គង់ហើយអត់ធ្វើការទៀត មុខជារងគ្រោះធំហើយ។  ម្នាក់ៗមិនគិតរកការងារធ្វើទេ គិតតែសំញែងដាក់គ្នារឿងមាសពេជ្រ។ ចាំមើលនតែបារាំងស្អប់វីវរធំហើយ។ យាយឯងចាំមើលទៅ។

-តាឯងស្វះស្វែងរកការងារធ្វើទៅ បើពូកែណាស់។ ថ្ងៃណាក៏ដូចថ្ងៃណា ឃើញតែនៅដណ្តប់ភួយក្រញោនៗមិនចង់ចេញពីគ្រែផង។ កម្ជិលផេះ ចំអេះង៉ោងបែបនេះ ដាស់តឿនខ្ញុំផង។ រឿងការងារទុកភារៈឲ្យកូនៗយើងចុះ។ វានៅក្មេងវាឆាប់ចេះបារាំង។ វាមានកម្លាំងពេញខ្លួន ឲ្យកូនចិញ្ចឹមយើងម្តង។

-និយាយអ៊ីចឹង ទៅណាបាត់អស់ហើយ កាច័ន្ទ និងខ្នាច?

-ព្រលឹមឡើងចេញបាត់អស់ហើយតា។

-យាយ ខ្ញុំបារម្ភរឿងកូនស្រីយើងណាស់ កុំអាលគិតពីរឿងមាសពេជ្រ  គួរគិតអំពីអនាគតកូនស្រីយើងវិញ។ ខ្ញុំចង់ឲ្យវាមានប្តីសីទាំងអស់ទៅវាស្រួលជាង។

-កូនយើងមិនសូវស្អាតដូចកូនអ្នកទម្លាប់ បែបមិនងាយមានប្តីទេ។ ប្រុសៗចេញចូលមកហ្វ័រយេយើងឥតដាច់រាល់ថ្ ។ពួកវាជិះសុទ្ធតែឡានថ្មីៗនាំគ្នាចោមរោមតែកូនក្រមុំអ្នកទម្លាប់។ វាមុខជាបានទៅខាងណោះអស់ហើយ ព្រោះកូនក្រមុំគេស្អាតៗ។

-វាគង់តែសេសសល់ដល់យើងទេ កុំភ័យពេកតាអើយ!

ស្ងាត់មួយស្របក់ទំនងដូចជាកំពុងរិះគិត ទើបយាយសានីតចេញវាចារ៉ាយរ៉ាប់ប្រាប់តាផនបន្តទៀត។

-តាឯងដែលឃើញកំលោះម្នាក់មាឌស្តើងខ្ពស់ សាច់សដូចកូនចិនទេ? កំលោះម្នាក់ដែលតែងតែចេញចូលបន្ទប់អ្នកទម្លាប់នោះណា?

-យី! មិនដឹងកំលោះណាមួយទេយាយ  បើមានកំលោះច្រើននាក់ចេញចូលបន្ទប់អ្នកទម្លាប់នោះ។

-កំលោះដែលខ្ញុំចង់និយាយនោះមានឫកពារាងក្រអឺតក្រទមបន្តិច។ ដំណើររាងពើងដើមទ្រូងបញ្ចេញឫកក្រពើតក្រពើង។ ខ្ញុំស្រឡាញ់មនុស្សប្រុសមានឫកអីចឹង។ ឱ! បើបានជាប្តីកាច័ន្ទកូនពៅយើង បែបសមគ្នាណាស់។ ខ្ញុំស្គាល់និស្ស័យកាច័ន្ទ វាចូលចិត្តឫកពាប្រុសណាដែលវាយឫកខ្ពស់អីចឹង។ តាមមើលទៅកំលោះនេះបែបចេញពីវង្សត្រកូលគ្រាន់បើ។ ខ្ញុំឮថាកំលោះហ្នឹងមកស្រុកបារាំងជិតដល់ឆ្នាំហើយ។ ម៉េចតារកនឹកឃើញឬនៅ?

-មិនច្បាស់ទេ ដូចជាស្រពិចស្រពិល។ មិនមែនកំលោះឈ្មោះសេរីទេឬ?

-អើ! អើ! ឈ្មោះហ្នឹងហើយ។ ខ្ញុំដូចជាឮអ្នកទម្លាប់ហៅអីចឹង។

-បើម្នាក់ហ្នឹងមែន ខ្ញុំឮគេថា ជាអនាគតកូនប្រសាអ្នកទម្លាប់ ។យាយឯងយកមកផ្គូផ្គងជាមួយកូនយើងម៉េចនឹងកើត?

-ខ្ញុំឮថាទាស់គ្នាលែងចេញចូលខាងនោះហើយ។

-ហាស ហា យាយឯងដឹងរឿងគេហូរហែត្រប៉ែ លតតែម្តង។

-រឿងនេះ នរណាក៏ដឹងដែរ។ ខ្ញុំឮគេនិយាយពេញហ្វ័រយេ មានតែតាឯងម្នាក់ដែលត្រចៀកប៉ោត។

-ខ្ញុំមិនចង់ដឹងរឿងគេទេ។ ម្ង៉ៃៗ ខ្ញុំភ័យខ្លាចតែគេដេញឈប់ឲ្យនៅហ្វ័រយេ។ ខ្ញុំឮគេថា អ្នកណាមិនខំស្វែងរកការធ្វើទេ គេឈប់ឲ្យនៅហ្វ័រយេទៀតហើយ។ ខ្ញុំបារម្ភតែរឿងនេះមួយគត់។

-ព្រោះតែគិតដល់រឿងហ្នឹង បានជាខ្ញុំសម្លឹងរកបង្អែកឲ្យបានមាំទាំឲ្យហើយទៅ។ អីចឹងហើយបានជាខ្ញុំចង់ទាក់ទាញកំលោះសេរីឲ្យបានធ្វើប្តីកាច័ន្ទ។ គ្រាន់យើងពឹងពាក់ថ្ងៃក្រោយ។

ខ្ញុំមើលទៅកំលោះម្នាក់នេះអាចទាញបាន។

-ខ្ញុំមិនឲ្យកាច័ន្ទការមុនខ្នាចទេ។ ខ្នាចរូបអាក្រក់ស្រាប់ផង ក្រែងវានៅអេ។

-តា! ខ្ញុំមានគម្រោងការច្បាស់លាស់ តោងតាឯងខ្នះខ្នែងជួយខ្ញុំទើបបានណ៎ាតា។

តាផនស្តាប់យាយនិយាយប្រាជ្ញព្រោកឆ្ការដៃឆ្ការជើង។ យាយសើចកាច់ក សង្ឃឹមថា ផែនការរបស់គាត់សម្រេចមួយរយភាគរយជាស្រេច។ យាយសានីតជឿជាក់ទុកជាមុន។ គាត់ក្រោកក្រេសពីគ្រែលោតរាំកញ្ឆេងកញ្ឆាត់អរសប្បាយដូចបាន

ត្រូវឆ្នោតធំ។

តាផនជាមនុស្សម្នាក់មានចរិតខុសពីភរិយា។ គាត់មិនសូវនិយាយស្តីច្រើនទេ។ តាមានវ័យតិចជាងយាយមួយឆ្នាំ។ មាឌតាធំដំបង។ សក់ក្បាលល្បាយអាចម៍ខ្លា

មិនសសំព្រុះដូចសក់យាយជាប្រពន្ធទេ។ កាលនៅស្រុកខ្មែរ តាធ្លាប់បានប្រកបរបរជាគ្រូមន្តអាគមអូមអាម។ យាយសានីតហាក់សង្ឃឹមលើរឿងនេះ។ យាយសានីត

កាចខ្លាំងណាស់។ បើគាត់មិនចូលចិត្តអ្នកណាគាត់ធ្វើឲ្យអ្នកនោះ រងក្តីអាម៉ាស់ខ្មាសគាត់ទាល់តែបាន។

******


តាំងពីរស់នៅក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជាម្ល៉េះ កូនប្រសាទាំងប៉ុន្មានយាយសានីតសុទ្ធតែ

មានរូបស្អាតៗ គឺស្អាតជាងកូនស្រីគាត់ទាំងអស់។ យាយធ្លាប់មានបទពិសោធន៍ក្នុងការទាក់ រកប្តីឲ្យកូនគាត់តាំង

ពីយូរយារមកហើយ ប៉ុន្តែយាយក៏បានទទួលមេរៀនដ៏អាម៉ាស់ច្រើនដងច្រើនគ្រា។ នេះជាហេតុដែលធ្វើឲ្យយាយ

នឹកខ្លាចរអា ឬបារម្ភខ្លាំងណាស់ដែរ។ មេរៀនដែលយាយបានទទួលនោះគឺ គ្មានកូនកំលោះចូលរោងនៅថ្ងៃ

រៀបការ។ យាយរៀបការកូនស្រីរបស់គាត់តែជាមួយសម្លៀកបំពាក់ និងស្បែកជើងមួយគូ ដែលជាតំណាងកូន

កំលោះជាការស្រេច។ មេរៀនជីវិតដ៏គួរឲ្យរាងចាលក្នុងអតីតកាលនេះ នៅតែលងបន្លាចអារម្មណ៍យាយសានីត

ឲ្យខ្លាច និងមិនទុកចិត្តកំលោះសេរីសោះ។ ជាពិសេស គ្រួសាររបស់សេរីនោះតែម្តង។ យាយស៊ើបដឹងថា គ្រួសារ

របស់សេរីជាគ្រួសារអ្នកអន្ទ្រើសមានរបៀបរបបនៃការរស់នៅខុសពីគ្រួសារគាត់។ ម្ល៉ោះហើយ យាយខ្លាចណាស់

គឺខ្លាចក្រុមគ្រួសាររបស់សេរីមិនពេញចិត្តកូនស្រីពៅរបស់គាត់។តាមពិតទៅ រូបសម្បត្តិកូនស្រីពៅរបស់យាយសានីត

និងតាផនមិនអន់ថយប៉ុន្មានទេ។ កូនស្រីពៅរបស់យាយ ឈ្មោះនាង ស៊ី ច័ន្ទនោះមានសម្បុរជ្វា ភ្នែកធំៗ ហើយសម្តីច្រែត

មិនសូវចាញ់មាតារបស់នាងប៉ុន្មានឡើយ។ ការមានជំនឿមិនជាក់ច្បាស់នេះហើយ ដែលជំរុញយាយសានីតខំបញ្ចុះបញ្ចូល

ប្តីរបស់គាត់ឲ្យដាក់ស្នេហ៍អន្ទងចិត្តកំលោះសេរីឥតឈប់ឈរ។ តាផនដែលមានគំនិតចង់ឲ្យកូនស្រីមានប្តីឆាប់ៗ

និងមានការពេញចិត្តកំលោះសេរីដូចយាយដែរក៏ចេះតែប្រឹងសូត្រមន្តអាគមអូមអាមជានិច្ចជាកាលដើម្បីបន្ទន់ចិត្តអន្ទង

ព្រលឹងរូបកាយសេរី ឲ្យស្អិតជាប់ស្នេហ៍ស្និទ្ធជាមួយនាងស៊ី ច័ន្ទ។តាផនជាអតីតហោរា និងជាអតីតគ្រូមន្តអាគមដាក់ស្នេហ៍

ល្បីមួយរូបក្នុងសម័យសង្គមរាស្រ្តនិយម។ ដើម្បីបំពេញបំណងផ្ទាល់ គាត់គិតតែសូត្រមន្តអាគមរាល់ថ្ងៃ។ គាត់ធ្លាប់អួតថា

គាត់រៀនចេះរហូតសូត្របាលីឲ្យច្រវ៉ាក់ឬខ្នោះដៃរលាចេញពីគ្នាផង។ អ្នកនិពន្ធខ្ញុំមិនធ្លាប់បានឃើញផ្ទាល់ភ្នែករឿងនេះទេ

តែឮគេនិយាយតៗរហូតមក។ មិត្តអ្នកអានខ្លះប្រហែលធ្លាប់ឮដែរ។ ក៏ប៉ុន្តែក្នុងសម័យវិទ្យាសាស្ត្រជឿនលឿននាសតវត្ស

ទី២១ទៅហើយ តើជំនឿអកុសលនេះ នៅមានឥទ្ធិពលឬទេ? គេតែងតែនិយាយថាស្នេហ៍មិនស្មើស្និទ្ធ។ មធ្យោបាយទាក់

កូនប្រសារបស់យាយសានីតមិនមែនប្រព្រឹត្តត្រឹមតែទាក់ទាញកំលោះសេរីតែម្នាក់ទេ។ គាត់បានប្រព្រឹត្តអំពើនេះទាក់

កំលោះម្នាក់ទៀតឈ្មោះវណ្ណៈទុកឲ្យកូនស្រីច្បងរបស់គាត់ ដែលជាស្រីមេម៉ាយដែរ។នាងបងនេះមានរូបសម្បត្តិអន់ជាង

នាងពៅ។ វណ្ណៈនៅកំលោះ។ គេជាកូនកំព្រា។ យើងមិនដឹថាតើមកពីមន្តអាគមអូមអាម ឬមកពីអ្វីទៀតក៏មិនអាចដឹងដែរ

គ្រាន់តែឃើញថា ទាំងកំលោះសេរី ទាំងកំលោះវណ្ណៈកំពុងតែទាក់ទងកូនស្រីយាយសានីតរៀងៗខ្លួន។

អ្នកកំលោះទាំងពីរនាំគ្នាចេញចូលបន្ទប់យាយសានីតដូចដាក់វេនគ្នាអីចឹង។យាយសានីតខំយកចិត្ត យកថ្លើម ហើយបញ្ចេញសេចក្តីស្រឡាញ់

ចំពោះកំលោះទាំងពីររូបស្ទើរលេប។ តាមមើលចរិតរបស់យាយសានីត គាត់ស្រឡាញ់បុរសទាំងពីរក្រៃលែង។បើលើកទូល

បានគាត់លើកហើយ។ លោកយាយផ្គត់ផ្គង់អាហារចំណីឥតខ្វះកន្លះឡើយ។ វាចារបស់យាយទៀតសោតក៏ផ្អែមពីរោះណាស់។

ទឹកឃ្មុំអាចទាក់ទាញ និងសម្លាប់សត្វរុយយ៉ាងណា វាចាដ៏ពីរោះរបស់យាយសានីតក៏ទាក់ទាញចិត្តអ្នកកំលោះសេរី និងកំលោះ

វណ្ណៈយ៉ាងនោះដែរ។ មើលចុះកំលោះសេរីលែងស្គាល់ផ្ទះសម្បែង។ គេយកបន្ទប់ហ្វ័រយេ ដែលនាងស៊ី ច័ន្ទ ស្នាក់នៅទុកដូចជា

ផ្ទះរបស់គេ។ សេរីបាក់ចិត្តស្តូកលើរូបនាងស៊ី ច័ន្ទពីអង្កាល់ណាក៏មិនដឹងដែរ តែសេរីលង់សម្តីផ្អែមល្ហែមពីរោះត្រជាក់ដល់បេះដូង

និងការចេះថ្នាក់ថ្នមយកគាប់គួររបស់របស់នាងស៊ីច័ន្ទ និងម្តាយរបស់នាង។ រូបសម្បត្តិនាងស៊ីច័ន្ទមិនល្អណាស់ណាមែន

តែឥឡូវនេះ សេរីមើលឃើញកាន់តែស្រស់ស្អាតឡើងៗដូចសុភាសិតខ្មែរយើងចែងថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ» ត្រូវមែន។

ចំពោះសេរីវិញ សេរីយល់ថា ខ្លួនអស្ចារ្យណាស់ ព្រោះបាននាងស៊ីច័ន្ទ និងម្តាយស្រឡាញ់នាងពេញចិត្តខ្លួនយ៉ាងហ្នឹង។

សេរីពុំធ្លាប់បានទទួលការស្រឡាញ់ពីគ្រួសារផ្ទាល់ដល់ថ្នាក់នេះទេ។ ពីព្រោះ សេរីមានចរិតខុសពីបងពីប្អូនឯទៀត ហើយ

ខិលរប៉ិលរប៉ូចបន្តិចផង។ ចំពោះសេចក្តីសេ្នហា សេរីក៏មិនធ្លាប់បានទទួលពីនារីណាដូចសេរីស្រឡាញ់នាងស៊ី ច័ន្ទវិញដែរ។

នាងច័ន្ទស្រឡាញ់សេរីម្លឹងៗមិនចាត់ជាវាសនាល្អម្តេចបាន? ពេលខ្លះសេរីមាយាលលេងជាមួយច័ន្ទ គឺចង់ឲ្យនាងថ្នាក់

ថ្នមប្រលោមស្និទ្ធផង និងចង់ស្ទង់ចិត្តច័ន្ទផង។ យប់នេះ សេរីធ្វើឫកមាយាមិនព្រមចូលរួមស្ពកបាយជាមួយក្រុម

គ្រួសារស៊ី ច័ន្ទដូចសព្វដងទេ ទោះបីជានាងច័ន្ទអញ្ជើញយ៉ាងណាក្តី។ គេធ្វើមុខជូរហួញដាក់ដៃស្តាំគងថ្ងាសហាក់ដូចជា

កំពុងតែមានបញ្ហាស្មុគស្មាញត្រូវដោះស្រាយ។ នាងច័ន្ទអង្វរករអស់ចិត្តអស់ចង់ តែសេរីនៅតែធ្វើព្រងើយកន្តើយ។ នាង

ច័ន្ទអស់ចំណេះលួងលោមហើយ។ នាងយករឿងនេះទៅជម្រាបមាតា។ គ្រាន់តែឮភ្លាម យាយសានីតរលះរលាំងដើរយ៉ាង

លឿន ដៃស្តាំកាន់ជាយសារុងបង្ខើចឡើងខ្លាចទាក់ជើងដួល។គាត់ស្ទុះមកអង្វរអនាគតកូនប្រសាមាយាភ្លាម។ គាត់ពោល

ពាក្យទំយើប្រៀបដូចជាត្រូវប្រើពាក្យជាមួយកុមារតូចអីចឹង។

-យី! ព្រះអើយ! អ្នកណាគេចង្រៃម្ល៉េះហ្ន៎! ហ៊ានធ្វើឲ្យសេរីកូនអញខឹងលែងបាយលែងទឹក។ សេរីកូនម៉ាក់! ប្រយ័ត្នឈឺណ៎ាកូន។

មកញ៉ាំបាយទៅកូន ! មើលនែ!

ម្ហូបនៅក្តៅៗហុយផ្សែងទ្រលោម។ ម៉ាក់ខំរៀបចំធ្វើយ៉ាងឆ្ងាញ់មានពោះគោស្ងោរជ្រលក់ទឹកប្រហុកឆ្ងាញ់ ត្រីក្រាញ់អាំងទឹកត្រីម្ជូរ

សម្លតៅហ៊ូញ៉ាំកាលណាត្រជាក់កាយាសប្បាយចិត្តមានកម្លាំងព្រឺស។ ម្ល៉ោះ! មកភក្សអាហារឆ្ងាញ់ស្នាដៃម៉ាក់និងស្នាដៃច័ន្នខំ

សម្រិតសម្រាំងសម្រាប់កូន។ ច័ន្ទឃើញឯងខឹងអីចឹងគិតតែអង្គុយយំ…

-ម៉ាក់ចេះតែថា ច័ន្ទមិនស្រឡាញ់ខ្ញុំទេ។  គ្រាន់តែខ្ញុំបិចថ្ពាល់លេងបន្តិច គៀសដៃខ្ញុំចេញ។ ម៉ាក់មើលស្នាមក្រចកក្រឡៅ មិនទាន់

បាន់នៅឡើយ។

-ក្រែងកូនឯងប្រឡែងច័ន្ទនៅមុខតាទេដឹង? ម៉ាក់ភ្លេចប្រាប់កូនឲ្យឈឹង នៅមុខតាកុំបញ្ចេញភាពស្និទ្ធស្នាលពេក។ ប្រយ័ត្នណ៎ា

នៅចំពោះមុខតា!តាមិនចូលចិត្ត

ឲ្យធ្វើផ្តេសផ្តាសអីចឹងនៅមុនថ្ងៃរៀបការទេ។

-ម៉ាក់មានប្រសាសន៍ថា ប៉ាក៏ស្រឡាញ់ខ្ញុំដូចម៉ាក់អីចឹងដែរ ហើយទុកខ្ញុំជាកូនប្រសា គាត់មុខជាមិនថាអី!

-ឈប់មាត់ឈប់ក ទៅញ៉ាំបាយទៅកូន ត្រជាក់អស់ហើយ។ យប់នេះ ចាំកាលណាប៉ាសម្រាន្តលក់

សឹមចូលបន្ទប់ច័ន្ទ។ ម៉ាក់ឃើញឯង និងច័ន្ទស្រឡាញ់គ្នា ម៉ាក់អរសែនអរ។ ចំណែកឯយាយសានីតម្តាយនាង

ច័ន្ទវិញ ទាល់តែយប់ជ្រៅទើបគាត់ឱបខ្នើយកើយរបស់

គាត់ចូលទៅសម្រាន្តក្នុងបន្ទប់កូនស្រីដែរ។ លោកយាយសម្រាន្តនៅចំកណ្តាលសេរី និងស៊ី ច័ន្ទកូនស្រីរបស់គាត់។ យាយបង្ការ

ខ្លួនទុកជាមុនកុំឲ្យតាបន្ទោសថា គាត់បណ្តោយឲ្យកំលោះសេរីចេញចូលបន្ទប់កូនក្រមុំពៅគាត់។

គាត់ចូលសម្រាន្តធ្វើឫកបិទភ្នែកលង់លក់ ធ្វើមិនដឹងមិនឮមិនឃើញអ្វីទាំងអស់។ កំលោះសេរីបានចិត្តក្រអឺតភ្លាមនឹកថា

យាយបើកឱកាសហើយ មិនត្រូវបណ្តោយឲ្យឱកាសល្អនោះកន្លងផុតទេ។ សេរីចាប់ឱបថើបនាងច័ន្ទញក់ញីតាមកំសួល

តណ្ហា និងកំសួលចិត្តកំលោះជ្រើម។

******

ក្នុងផ្ទះរបស់មាតាបិតាសេរី លោកយស្សាជាបិតារបស់សេរីក្រពាត់ដៃដាក់ក្រោយ

ខ្នងដើរចុះដើរឡើង បន្ទប់ពីបានស្តាប់ពាក្យរៀបរាប់របស់យាយសានីតអំពីរឿង

កូនៗ។ លោកយស្សាបញ្ចេញយោបល់បែបហីថា៖

-យ៉ាងម៉េចយ៉ាងហ្នឹងទៅ។ រឿងលុយកាក់បណ្ណាការអីៗស្រេចតែកូនប្រុសខ្ញុំ

ជាសាម៉ីខ្លួន គិតគូរខ្លួនឯងទៅចុះ។ ខ្ញុំនិងប្រពន្ធខ្ញុំជាជើងក្រោយ ចាំតែឈាន

តាមប៉ុណ្ណោះ។ នៅស្រុកបារាំង ក្មេងៗគិតរឿងរៀបការខ្លួនគេទាំងអស់។ គឺមិន

មែនដូចជំនាន់យើងពីដើម ចាំឪពុកម្តាយគិតគូរឲ្យទេ។ សេរីវាមានលុយប៉ុន្មាន

វារៀបចំការតាមសមត្ថភាពវា ចុះណ៎ា ខ្ញុំមិនថាអីទេ។ ខ្ញុំបន់ឲ្យតែវាមានប្រពន្ធ

ឆាប់ៗ។ ថ្លៃទឹកដោះពីរបីតម្លឹង និង ប្រាក់ពីរម៉ឺនហ្វ្រង់ (គឺ៣

ពាន់៤៨អ៊ឺរ៉ូ៩៨សេនអ៊ឺរ៉ូ) ដែលអ្នកទារនោះ សូមអ្នកបង្គាប់កូនប្រុសខ្ញុំទៅ វានៅជា

មួយអ្នកស្រាប់។ ខ្ញុំមិនអាចអារកាត់ជំនួសសេរីបានទេ។  សេរីធ្វើការបានប្រាក់ខែ

យូរឆ្នាំដែរហើយ តែខ្ញុំនិងម៉ាក់វាមិនដែលដឹងថា កូនប្រុសខ្ញុំមានលុយប៉ុន្មាន

ទេ។ គេមិនដែលប្រាប់ខ្ញុំទេ រឿងលុយកាក់របស់គេដែរ។

-ខ្ញុំមកនេះ មកសុំលោកបងជួយគិតគូរជួយកូនខ្លះបានទេ?

-ខ្ញុំគ្មានប្រាក់ជួយវាទេ។ តាំងពីសេរីធ្វើការ បានប្រាក់ខែវេលាណាមក ខ្ញុំមិន

ដែលទារឲ្សេសេរីជួយចេញមួយសេន សេរីគ្មានចិត្តជួយចេញប្រាក់

ចំណាយក្នុងផ្ទះមួយសេនដែរ។ ខ្ញុំបានអីជួយវា! ខ្ញុំចាស់ៗហើយដូចតែអ្នក

អីចឹងដែរ គ្មានប្រាក់ជួយកូនទេ។

-សេរីប្រាប់ខ្ញុំថា ប្រាក់ខែសេរីទាំងប៉ុន្មានគ្មានសល់ទេ ដោយសារតែសេរីយក

មកជួយផ្គត់ផ្គង់គ្រួសារ ជួយចិញ្ចឹមប្អូនៗដែលនៅរៀន…

-អ្នក! ខ្ញុំនិយាយប្រាប់អ្នកត្រង់អស់ហើយ។ ខ្ញុំមិនចង់ស្ដោះទឹកមាត់ទេ ព្រោះ

ស្តោះតែលើទ្រូងឯង។

-លោកបង! មិនគួរលោកបងចិត្តដាច់ដល់ម្លឹងសោះ។ ខ្ញុំមកនេះ មកសម្រុះ

សម្រួលសុំលោកបងជួយកូនយើងទាំងពីរឲ្យវាបានរៀបការឆាប់ៗ។ ដល់

ថ្ងៃការ គ្មានវត្ថុបញ្ចាំចិត្តសោះ ខ្ញុំខាងសាម៉ីខ្លួនស្រីខ្មាសគេល្អោចល្អិតហើយ។

-យកល្អ អ្នកពីគ្រោះជាមួយសេរីចុះ។ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ថ្ងៃសៅរ៍ក៏ដូចជា

ថ្ងៃអាទិត្យ បញ្ហារបស់សេរីទាំងប៉ុន្មានអ្នកដឹងជាងខ្ញុំផង។

យាយសានីតស្ពឹកមុខ យល់ថាប្រសាសន៍របស់លោកយស្សាជាបិតាបង្កើតរបស់

សេរីជាពាក្យបញ្ជិតបញ្ជៀងឌឺដងផ្លែផ្កាឲ្យគាត់។ គ្រួសារនាងស៊ីច័ន្ទសុំលាត្រឡប់

ទៅហ្វ័រយេវិញទាំងចិត្តល្វីងជូរចត់ គ្រោះខុសក្តីបំណង។ សេរីត្រឡប់ទៅហ្វ័រយេ

វិញជាមួយក្រុមគ្រួសារនាងស៊ី ច័ន្ទ។

នៅក្នុងបន្ទប់ សេរីខកបំណង។ គេគេងគងថ្ងាសឥតនិយាយស្តីអ្វីទាងអស់។

នាងស៊ីច័ន្ទមុខស្រពោនអង្គុយចុងជើងសេរី។ យាយសានីតរអ៊ូរទាំទម្លុះភាព

ស្ងប់ស្ងាត់។

-មិនដែលឃើញមិនដែលឮទេព្រះអើយ ! ធ្លាប់តែឃើញឪពុកម្តាយជួយជ្រោម

ជ្រែងកូន តែឪពុកម្តាយឯងនេះធ្វើកន្តើយ។ បើម៉ាក់មានលុយ ម៉ាក់ជួយកូនៗ

គ្រប់ៗគ្នា។ មើលសេរីប្រាប់ម៉ាក់ឲ្យត្រង់មើល តើសេរីឯងជាកូនគាត់បង្កើត

ឬ កូនចិញ្ចឹម បានជាគាត់មិនស្រឡាញ់សេរីឯង។

នៅស្ងៀមឈឹងដដែល ស្រាប់តែសេរីលេចគំនិតថ្មី ដើម្បីលុបលាងបិទបាំង

អំពើរបស់ខ្លួន ដែលធ្វើឲ្យមាតាបិតាមិនពេញចិត្តផង និងដើម្បីកុំឲ្យអនាគត

មាតាបិតាក្មេកដេញដោលសួរចុះឡើងច្រើនទៀតផង ទើបសេរីបញ្ចេញពាក្យ

យ៉ាងខ្លីកំបុតថា៖

-ជម្រាបតាមត្រង់ ខ្ញុំជាកូនចិញ្ចឹមរបស់គាត់។

-បងជាកូនចិញ្ចឹម! ពុទ្ធោ ខ្មុំស្មានតែកូនបង្កើត។

នាងស៊ីច័ន្ទឧទានឡើងដោយភ្ញាក់ឡើង។ ចំណែកឯមាតានាងវិញនិយាយ

បន្ថែម៖

-ឃើញទេ! ម៉ាក់គិតមិនខុសមែន។ ណ្ហើយស៊ីច័ន្ទ និងសេរីកុំតូចចិត្តអីកូន។ ម៉ាក់

និងប៉ានឹងចាត់ចែងរៀបការកូនទាំងពីរមិនឲ្យខ្មាសញាតិទេ។ ជ្រុលជ្រួសទៅ

ហើយ ត្រូវតែទៅមុខ មិនថយក្រោយជាដាច់ខាត កុំឲ្យខ្មាសអ្នកទម្លាប់។ គាត់ឌឺ

ដងឲ្យម៉ាក់មិនស្វាងរាល់ថ្ងៃ…

ឮមាតានិយាយឈ្មោះ អ្នកទម្លាប់។ នាងស៊ីច័ន្ទពោលបញ្ជាក់ថា៖

-មែនណ៎ា! នាងស្រីកូលាប កូនមីងទម្លាប់ក៏អីចឹងដែរ។  ថ្ងៃមុន វាដើរជួបមុខ

ខ្ញុំនៅមុខផ្ទះបាយ  ស្រាប់តែនាងកូលាបស្តោះទឹកមាត់ដាក់ខ្ញុំ ហើយនិយាយ

ចំអកបញ្ឈឺខ្ញុំថា៖

«អ្នកណាយកអាម្សៀសេរីសុទ្ធតែអ្នកខ្វះប្តី    ជួលវាឲ្យយកអាម្សៀសេរីក៏វា

មិនយកផង សុខចិត្តយកប្តីបារាំងវិញ គ្រាន់បើជាង»…។

អ្នកកំលោះសេរី ឮពាក្យសង្សាររំឮកពាក្យតិះដៀលរូបខ្លួនដូច្នេះ ស្រាប់តែ

ច្រឡោតតោតតូង លោតដូចសត្វកញ្ចាញ់ចេកហើយស្រដីឡើង ៖

-យី! មីកូលាប វាហ៊ានប្រមាថបងដល់ម្លឹងផង ។ មីសំគិះ! បងមិនត្រូវការវា

សមមុខវាមែន។ មីនេះអាក្រក់ណាស់ទេតើ។ ពេលវាត្រូវការបងអំពីរឿង

សំបុត្រស្នាម វានិយាយសំដីផ្អែម បោកឯងប្រើ និងឲ្យជូនឡានវា ខាតពេល

មិនតិច… ហ៊ឺ! អញចង់ទៅដាក់មួយដៃចំកញ្ចប់មាត់ឲ្យស្គាល់ចិត្តម្តង។

-បានហើយៗ! នេះមកពីបងឯងឆោត។ កាលណោះ ស្រួលមិនស្រួលឃើញ

គេស្អាត រាងខ្ពស់ស្រឡះ បែបលង់សម្រស់គេមួយពេលដែរក៏មិនដឹង បាន

ជារត់បម្រើគេឲ្យត្រង់កន្ទុយ…

នាងស៊ីច័ន្ទនិយាយលេងចំអន់សង្សារ។ យាយសានីតខ្លាចវាចានាងស៊ីច័ន្ទ

ដុតបញ្ឆេះកំហឹងសេរីក៏ស្រដីកាត់ភ្លាមមួយរំពេច។

-ណ្ហើយ! ប៉ុណ្ណឹងហើយច័ន្ទ កុំនាំវែងឆ្ងាយឥតប្រយោជន៍ទេ កុំខ្វល់រឿងគេ វា

គ្មានបានការ ទេ គិតរឿងយើងវិញ  ប្រសើរជាង។

យាយសានីតនិយាយបន្លប់មិនចង់ឲ្យសេរីអាក់អន់ចិត្តមួយជាន់ទៀត។ សេរីបាន

ត្រូវក្រុមគ្រួសារនាងស៊ីច័ន្ទលើកទំយើដូចស្តេច។ ក្រុមគ្រួសារនេះយល់ឃើញថា

សេរីមានការចេះដឹងជាងបុរសនានាដែលចេញចូលហ្វ័រយេរកប្រពន្ធ។ សេរីចេះ

និយាយភាសាបារាំងរូ។ សេរីចេះរត់ការបំពេញសំបុត្រស្នាមសព្វសារពើប្រកប

ដោយប្រសិទ្ធិភាព។ នេះជាបង្អែកយ៉ាងមាំ អាចឲ្យក្រុមគ្រួសាររបស់គាត់ដែល

គ្មានការចេះដឹង  រំពឹងលើសេរីទាំងស្រុងគ្រប់ពេលវេលា។ ជាពិសេសទៅទៀត

សេរីមានរថយន្តមួយអាចបញ្ជិះគ្រួសារនេះ ទៅណាមកណាមិនបាច់ឈរចាំ

រថយន្តក្រុងរងាញ័រតត្រុនក្រោមទឹកកកធ្លាក់រពុយហើយរហ័សទាន់ចិត្តផង។

យាយសានីតដែលទើបមកដល់ស្រុកបារាំងថ្មីៗ យល់ថាការមានរថយន្តជិះ

ជាការមួយអស្ចារ្យណាស់។នេះព្រោះតែការមានរថយន្តជាការធម្មតាគ្មានអ្វី

គួរឲ្យអស្ចារ្យសោះ។ នៅស្រុកបារាំង បើគេមានការធ្វើ ហើយមានប្រាក់ខែ

ល្មមគ្រប់គ្រាន់ គេអាចទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះបានដូចបំណង។ អ្នក

ដែលគ្មានសមត្ថភាពទិញឲ្យលុយទាំងអស់ អាចទិញបណ្តាក់កាត់ខែទៅ

តាមលទ្ធភាពដែលម្ចាស់ហាង ឬធនាគារឃើញថា អាចសងបំណុលបាន។

ម្ល៉ោះហើយ អ្នកខ្លះមានឋានៈត្រឹមតែជាកម្មករមែន តែបើអ្នកនោះមានប្រាក់

បៀវត្តន៍រាល់ខែ គេអាចទិញវត្ថុសម្ភារៈប្រើប្រាស់ផ្សេងៗទៅតាមរបៀប

បណ្តាក់កាត់សងរាល់ខែទាល់តែផុតកំណត់បំណុល។ កម្មកររោងចក្រនៅ

ប្រទេសបារាំងជាច្រើនគ្រួសារ ដែលធ្វើការទាំងពីរនាក់ប្តីប្រពន្ធក្នុងទីក្រុង

ស្រ្តាស់បួរអាចទិញផ្ទះ ឬ ភូមិគ្រឹះមធ្យមដែលមានបីបួនបន្ទប់នៅយ៉ាង

មោទនៈ។ មិនតែប៉ុណ្ណោះ  គេអាចដើរកម្សាន្តវិស្សមកាលរាល់ៗឆ្នាំ។

គេបរិភោគគ្រប់គ្រាន់។ គេស្លៀកពាក់ស្អាតបាត។ ក្នុងផ្ទះក៏មានសម្ភារៈ

ប្រើប្រាស់ដូចគេដូចឯង។ ក្នុងការកសាងជីវភាពថ្មីលើទឹកប្រទេសបារាំង

រយៈពេល៥ឆ្នាំទៅ១០ឆ្នាំដំបូង គេមានការពិបាកខ្លះមែន។

ប៉ុន្តែ ក្រោយពីគេខំកសាងជីវភាពរបស់គេឲ្យនឹងន៎រ គេអាចរស់នៅមិនចាញ់

ជនជាតិបារាំងទេ។ អ្នកខ្លះទិញអាប់ប៉ាតឺម៉ង់ ខ្លះទិញភូមិគ្រឹះធំ ឬតូចទៅតាម

លទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។ គឺបានសេចក្តីថា ដរាបណាគេនៅមាន

ជីវិត គេអាចស្តារជីវភាព ឬរៀបចំសាងអនាគតវាសនារបស់គេបានជានិច្ចក្នុង

អារ្យប្រទេស ជាអាទិ៍ក្នុងប្រទេសបារាំងនេះ។

គ្រួសាររបស់យាយសានីតមិនទាន់ស្គាល់ជីវភាពថ្មីក្នុងប្រទេសបារាំងនៅឡើយទេ។

ក៏ប៉ុន្តែ ការជួបសេរី ដែលនឹងក្លាយជាកូនប្រសារបស់គាត់ក្នុងពេលឆាប់ៗនេះបានធ្វើ

ឲ្យគាត់សប្បាយចិត្តរីកថ្លើមប្រមាត់មិនតិចឡើយ។ គាត់ដើរអួតអាងប្រាប់គេឯងថា

កូនប្រសាគាត់ឆ្លាតណាស់ រៀនសូត្របានជ្រៅជ្រះ ចេះគោរពកោតខ្លាចចាស់ទុំ ចិត្ត

បានពេលណាបានពេលហ្នឹង។ គាត់ថាឆ្វេង គឺទៅឆ្វេង។  គាត់ថាស្តាំ គឺទៅស្តាំ បង្កាប់

បញ្ជាបានដូចចិត្តឥតខុសបំណងឡើយ។ ហេតុនេះហើយ បានជាយាយសានីត

ស្រឡាញ់សេរីណាស់។ ជួបអ្នកណាក៏ដោយ គាត់តែងអួតអាងប្រាប់គេមិនដាច់

ពីមាត់ទេ។

-ស៊ីច័ន្ទកូនពៅរបស់ខ្ញុំមានសំណាងខ្ពស់ណាស់។ មកនៅស្រុកបារាំងមិនដល់

ពីរខែផង ជិតរៀបការប្តី ដែលមានរូបសម្បត្តិស្អាតបាត មានឡានបញ្ជិះកូនស្រី

គាត់ និងគ្រួសារគាត់ដើរលេង…។ ថ្ងៃ កំណត់រៀបអាពាហ៍ពិពាហ៍រវាងនាងស៊ី

ច័ន្ទ និងសេរីនៅបាំងតែមួយខែទៀតប៉ុណ្ណោះ។

ថ្ងៃមួយ សេរីនាំនាងស៊ីច័ន្ទទៅលេងសាកសួរសុខទុក្ខមាតាបិតារបស់ខ្លួន។ នាង

ស៊ី ច័ន្ទស្ទង់ចិត្តអនាគតបិតាក្មេកថា៖

-ប៉ាថ្ងៃរៀបការខ្ញុំ ប៉ាចងដៃអ្វីខ្ញុំដែរ?

លោកយស្សាឆ្លើយយ៉ាងហីថា៖

-ប៉ាចងដៃ «រូបសេរី» ម្នាក់ឲ្យកូនគ្រប់គ្រាន់ហើយទេតើ។

រីឯកំលោះវណ្ណៈ និងនាងស៊ីណាចជាបងស្រីមេម៉ាយរបស់ស៊ីច័ន្ទក៏ត្រូវ

រៀបការក្នុងពេលឆាប់ៗនេះដែរ គឺត្រូវរៀបការក្រោយនាងស៊ីច័ន្ទជាប្អូន

មួយខែ។ ប្រាកដណាស់ថា អាពាហ៍ពិពាហ៍របស់កូនស្រីទាំងពីររបស់

តាផន និងយាយសានីត ត្រូវរៀបចំប្រព្រឹត្តនៅក្នុងបន្ទប់បរិភោគបាយ

នៅហ្វ័រយេ ព្រោះគាត់ពុំទាន់ចេញពីបន្ទុកហ្វ័រយេនៅឡើយ។ បងប្អូន

រួមជាតិខ្មែរ ក្នុងហ្វ័រយេសូណាកូត្រានៅណឺដូហ្វទាំងប៉ុន្មានដឹងរឿងរ៉ាវ

គ្រួសាររបស់យាយសានីតគ្រប់ៗគ្នា។ គេតែងហៅយាយសានីតស្ងាត់

ៗថា «ម្តាយក្មេកទំនើប»៕

*- ចប់ -*

សរសេរចប់នៅក្នុងមន្ទីរពេទ្យអាដាសានៃទីក្រុងស្រ្តាស់បួរ ខែធ្នូ ឆ្នាំ១៩៨៥

កែសម្រួលជាថ្មី នៅម៉ុងទីញី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២

 

 
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s