រឿងខ្លី​ ៖ ម្តាយក្មេកទំនើប​ ភាគបញ្ចប់ ដោយ ​ប៉ិច​ សង្វាវ៉ាន

ត និង ចប់

ក្នុងផ្ទះរបស់មាតាបិតាសេរី លោកយស្សាជាបិតារបស់សេរីក្រពាត់ដៃដាក់ក្រោយ

ខ្នងដើរចុះដើរឡើង បន្ទប់ពីបានស្តាប់ពាក្យរៀបរាប់របស់យាយសានីតអំពីរឿង

កូនៗ។ លោកយស្សាបញ្ចេញយោបល់បែបហីថា៖

-យ៉ាងម៉េចយ៉ាងហ្នឹងទៅ។ រឿងលុយកាក់បណ្ណាការអីៗស្រេចតែកូនប្រុសខ្ញុំ

ជាសាម៉ីខ្លួន គិតគូរខ្លួនឯងទៅចុះ។ ខ្ញុំនិងប្រពន្ធខ្ញុំជាជើងក្រោយ ចាំតែឈាន

តាមប៉ុណ្ណោះ។ នៅស្រុកបារាំង ក្មេងៗគិតរឿងរៀបការខ្លួនគេទាំងអស់។ គឺមិន

មែនដូចជំនាន់យើងពីដើម ចាំឪពុកម្តាយគិតគូរឲ្យទេ។ សេរីវាមានលុយប៉ុន្មាន

វារៀបចំការតាមសមត្ថភាពវា ចុះណ៎ា ខ្ញុំមិនថាអីទេ។ ខ្ញុំបន់ឲ្យតែវាមានប្រពន្ធ

ឆាប់ៗ។ ថ្លៃទឹកដោះពីរបីតម្លឹង និង ប្រាក់ពីរម៉ឺនហ្វ្រង់ (គឺ៣

ពាន់៤៨អ៊ឺរ៉ូ៩៨សេនអ៊ឺរ៉ូ) ដែលអ្នកទារនោះ សូមអ្នកបង្គាប់កូនប្រុសខ្ញុំទៅ វានៅជា

មួយអ្នកស្រាប់។ ខ្ញុំមិនអាចអារកាត់ជំនួសសេរីបានទេ។  សេរីធ្វើការបានប្រាក់ខែ

យូរឆ្នាំដែរហើយ តែខ្ញុំនិងម៉ាក់វាមិនដែលដឹងថា កូនប្រុសខ្ញុំមានលុយប៉ុន្មាន

ទេ។ គេមិនដែលប្រាប់ខ្ញុំទេ រឿងលុយកាក់របស់គេដែរ។

-ខ្ញុំមកនេះ មកសុំលោកបងជួយគិតគូរជួយកូនខ្លះបានទេ?

-ខ្ញុំគ្មានប្រាក់ជួយវាទេ។ តាំងពីសេរីធ្វើការ បានប្រាក់ខែវេលាណាមក ខ្ញុំមិន

ដែលទារឲ្សេសេរីជួយចេញមួយសេន សេរីគ្មានចិត្តជួយចេញប្រាក់

ចំណាយក្នុងផ្ទះមួយសេនដែរ។ ខ្ញុំបានអីជួយវា! ខ្ញុំចាស់ៗហើយដូចតែអ្នក

អីចឹងដែរ គ្មានប្រាក់ជួយកូនទេ។

-សេរីប្រាប់ខ្ញុំថា ប្រាក់ខែសេរីទាំងប៉ុន្មានគ្មានសល់ទេ ដោយសារតែសេរីយក

មកជួយផ្គត់ផ្គង់គ្រួសារ ជួយចិញ្ចឹមប្អូនៗដែលនៅរៀន…

-អ្នក! ខ្ញុំនិយាយប្រាប់អ្នកត្រង់អស់ហើយ។ ខ្ញុំមិនចង់ស្ដោះទឹកមាត់ទេ ព្រោះ

ស្តោះតែលើទ្រូងឯង។

-លោកបង! មិនគួរលោកបងចិត្តដាច់ដល់ម្លឹងសោះ។ ខ្ញុំមកនេះ មកសម្រុះ

សម្រួលសុំលោកបងជួយកូនយើងទាំងពីរឲ្យវាបានរៀបការឆាប់ៗ។ ដល់

ថ្ងៃការ គ្មានវត្ថុបញ្ចាំចិត្តសោះ ខ្ញុំខាងសាម៉ីខ្លួនស្រីខ្មាសគេល្អោចល្អិតហើយ។

-យកល្អ អ្នកពីគ្រោះជាមួយសេរីចុះ។ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ថ្ងៃសៅរ៍ក៏ដូចជា

ថ្ងៃអាទិត្យ បញ្ហារបស់សេរីទាំងប៉ុន្មានអ្នកដឹងជាងខ្ញុំផង។

យាយសានីតស្ពឹកមុខ យល់ថាប្រសាសន៍របស់លោកយស្សាជាបិតាបង្កើតរបស់

សេរីជាពាក្យបញ្ជិតបញ្ជៀងឌឺដងផ្លែផ្កាឲ្យគាត់។ គ្រួសារនាងស៊ីច័ន្ទសុំលាត្រឡប់

ទៅហ្វ័រយេវិញទាំងចិត្តល្វីងជូរចត់ គ្រោះខុសក្តីបំណង។ សេរីត្រឡប់ទៅហ្វ័រយេ

វិញជាមួយក្រុមគ្រួសារនាងស៊ី ច័ន្ទ។

នៅក្នុងបន្ទប់ សេរីខកបំណង។ គេគេងគងថ្ងាសឥតនិយាយស្តីអ្វីទាងអស់។

នាងស៊ីច័ន្ទមុខស្រពោនអង្គុយចុងជើងសេរី។ យាយសានីតរអ៊ូរទាំទម្លុះភាព

ស្ងប់ស្ងាត់។

-មិនដែលឃើញមិនដែលឮទេព្រះអើយ ! ធ្លាប់តែឃើញឪពុកម្តាយជួយជ្រោម

ជ្រែងកូន តែឪពុកម្តាយឯងនេះធ្វើកន្តើយ។ បើម៉ាក់មានលុយ ម៉ាក់ជួយកូនៗ

គ្រប់ៗគ្នា។ មើលសេរីប្រាប់ម៉ាក់ឲ្យត្រង់មើល តើសេរីឯងជាកូនគាត់បង្កើត

ឬ កូនចិញ្ចឹម បានជាគាត់មិនស្រឡាញ់សេរីឯង។

នៅស្ងៀមឈឹងដដែល ស្រាប់តែសេរីលេចគំនិតថ្មី ដើម្បីលុបលាងបិទបាំង

អំពើរបស់ខ្លួន ដែលធ្វើឲ្យមាតាបិតាមិនពេញចិត្តផង និងដើម្បីកុំឲ្យអនាគត

មាតាបិតាក្មេកដេញដោលសួរចុះឡើងច្រើនទៀតផង ទើបសេរីបញ្ចេញពាក្យ

យ៉ាងខ្លីកំបុតថា៖

-ជម្រាបតាមត្រង់ ខ្ញុំជាកូនចិញ្ចឹមរបស់គាត់។

-បងជាកូនចិញ្ចឹម! ពុទ្ធោ ខ្មុំស្មានតែកូនបង្កើត។

នាងស៊ីច័ន្ទឧទានឡើងដោយភ្ញាក់ឡើង។ ចំណែកឯមាតានាងវិញនិយាយ

បន្ថែម៖

-ឃើញទេ! ម៉ាក់គិតមិនខុសមែន។ ណ្ហើយស៊ីច័ន្ទ និងសេរីកុំតូចចិត្តអីកូន។ ម៉ាក់

និងប៉ានឹងចាត់ចែងរៀបការកូនទាំងពីរមិនឲ្យខ្មាសញាតិទេ។ ជ្រុលជ្រួសទៅ

ហើយ ត្រូវតែទៅមុខ មិនថយក្រោយជាដាច់ខាត កុំឲ្យខ្មាសអ្នកទម្លាប់។ គាត់ឌឺ

ដងឲ្យម៉ាក់មិនស្វាងរាល់ថ្ងៃ…

ឮមាតានិយាយឈ្មោះ អ្នកទម្លាប់។ នាងស៊ីច័ន្ទពោលបញ្ជាក់ថា៖

-មែនណ៎ា! នាងស្រីកូលាប កូនមីងទម្លាប់ក៏អីចឹងដែរ។  ថ្ងៃមុន វាដើរជួបមុខ

ខ្ញុំនៅមុខផ្ទះបាយ  ស្រាប់តែនាងកូលាបស្តោះទឹកមាត់ដាក់ខ្ញុំ ហើយនិយាយ

ចំអកបញ្ឈឺខ្ញុំថា៖

«អ្នកណាយកអាម្សៀសេរីសុទ្ធតែអ្នកខ្វះប្តី    ជួលវាឲ្យយកអាម្សៀសេរីក៏វា

មិនយកផង សុខចិត្តយកប្តីបារាំងវិញ គ្រាន់បើជាង»…។

អ្នកកំលោះសេរី ឮពាក្យសង្សាររំឮកពាក្យតិះដៀលរូបខ្លួនដូច្នេះ ស្រាប់តែ

ច្រឡោតតោតតូង លោតដូចសត្វកញ្ចាញ់ចេកហើយស្រដីឡើង ៖

-យី! មីកូលាប វាហ៊ានប្រមាថបងដល់ម្លឹងផង ។ មីសំគិះ! បងមិនត្រូវការវា

សមមុខវាមែន។ មីនេះអាក្រក់ណាស់ទេតើ។ ពេលវាត្រូវការបងអំពីរឿង

សំបុត្រស្នាម វានិយាយសំដីផ្អែម បោកឯងប្រើ និងឲ្យជូនឡានវា ខាតពេល

មិនតិច… ហ៊ឺ! អញចង់ទៅដាក់មួយដៃចំកញ្ចប់មាត់ឲ្យស្គាល់ចិត្តម្តង។

-បានហើយៗ! នេះមកពីបងឯងឆោត។ កាលណោះ ស្រួលមិនស្រួលឃើញ

គេស្អាត រាងខ្ពស់ស្រឡះ បែបលង់សម្រស់គេមួយពេលដែរក៏មិនដឹង បាន

ជារត់បម្រើគេឲ្យត្រង់កន្ទុយ…

នាងស៊ីច័ន្ទនិយាយលេងចំអន់សង្សារ។ យាយសានីតខ្លាចវាចានាងស៊ីច័ន្ទ

ដុតបញ្ឆេះកំហឹងសេរីក៏ស្រដីកាត់ភ្លាមមួយរំពេច។

-ណ្ហើយ! ប៉ុណ្ណឹងហើយច័ន្ទ កុំនាំវែងឆ្ងាយឥតប្រយោជន៍ទេ កុំខ្វល់រឿងគេ វា

គ្មានបានការ ទេ គិតរឿងយើងវិញ  ប្រសើរជាង។

យាយសានីតនិយាយបន្លប់មិនចង់ឲ្យសេរីអាក់អន់ចិត្តមួយជាន់ទៀត។ សេរីបាន

ត្រូវក្រុមគ្រួសារនាងស៊ីច័ន្ទលើកទំយើដូចស្តេច។ ក្រុមគ្រួសារនេះយល់ឃើញថា

សេរីមានការចេះដឹងជាងបុរសនានាដែលចេញចូលហ្វ័រយេរកប្រពន្ធ។ សេរីចេះ

និយាយភាសាបារាំងរូ។ សេរីចេះរត់ការបំពេញសំបុត្រស្នាមសព្វសារពើប្រកប

ដោយប្រសិទ្ធិភាព។ នេះជាបង្អែកយ៉ាងមាំ អាចឲ្យក្រុមគ្រួសាររបស់គាត់ដែល

គ្មានការចេះដឹង  រំពឹងលើសេរីទាំងស្រុងគ្រប់ពេលវេលា។ ជាពិសេសទៅទៀត

សេរីមានរថយន្តមួយអាចបញ្ជិះគ្រួសារនេះ ទៅណាមកណាមិនបាច់ឈរចាំ

រថយន្តក្រុងរងាញ័រតត្រុនក្រោមទឹកកកធ្លាក់រពុយហើយរហ័សទាន់ចិត្តផង។

យាយសានីតដែលទើបមកដល់ស្រុកបារាំងថ្មីៗ យល់ថាការមានរថយន្តជិះ

ជាការមួយអស្ចារ្យណាស់។នេះព្រោះតែការមានរថយន្តជាការធម្មតាគ្មានអ្វី

គួរឲ្យអស្ចារ្យសោះ។ នៅស្រុកបារាំង បើគេមានការធ្វើ ហើយមានប្រាក់ខែ

ល្មមគ្រប់គ្រាន់ គេអាចទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះបានដូចបំណង។ អ្នក

ដែលគ្មានសមត្ថភាពទិញឲ្យលុយទាំងអស់ អាចទិញបណ្តាក់កាត់ខែទៅ

តាមលទ្ធភាពដែលម្ចាស់ហាង ឬធនាគារឃើញថា អាចសងបំណុលបាន។

ម្ល៉ោះហើយ អ្នកខ្លះមានឋានៈត្រឹមតែជាកម្មករមែន តែបើអ្នកនោះមានប្រាក់

បៀវត្តន៍រាល់ខែ គេអាចទិញវត្ថុសម្ភារៈប្រើប្រាស់ផ្សេងៗទៅតាមរបៀប

បណ្តាក់កាត់សងរាល់ខែទាល់តែផុតកំណត់បំណុល។ កម្មកររោងចក្រនៅ

ប្រទេសបារាំងជាច្រើនគ្រួសារ ដែលធ្វើការទាំងពីរនាក់ប្តីប្រពន្ធក្នុងទីក្រុង

ស្រ្តាស់បួរអាចទិញផ្ទះ ឬ ភូមិគ្រឹះមធ្យមដែលមានបីបួនបន្ទប់នៅយ៉ាង

មោទនៈ។ មិនតែប៉ុណ្ណោះ  គេអាចដើរកម្សាន្តវិស្សមកាលរាល់ៗឆ្នាំ។

គេបរិភោគគ្រប់គ្រាន់។ គេស្លៀកពាក់ស្អាតបាត។ ក្នុងផ្ទះក៏មានសម្ភារៈ

ប្រើប្រាស់ដូចគេដូចឯង។ ក្នុងការកសាងជីវភាពថ្មីលើទឹកប្រទេសបារាំង

រយៈពេល៥ឆ្នាំទៅ១០ឆ្នាំដំបូង គេមានការពិបាកខ្លះមែន។

ប៉ុន្តែ ក្រោយពីគេខំកសាងជីវភាពរបស់គេឲ្យនឹងន៎រ គេអាចរស់នៅមិនចាញ់

ជនជាតិបារាំងទេ។ អ្នកខ្លះទិញអាប់ប៉ាតឺម៉ង់ ខ្លះទិញភូមិគ្រឹះធំ ឬតូចទៅតាម

លទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។ គឺបានសេចក្តីថា ដរាបណាគេនៅមាន

ជីវិត គេអាចស្តារជីវភាព ឬរៀបចំសាងអនាគតវាសនារបស់គេបានជានិច្ចក្នុង

អារ្យប្រទេស ជាអាទិ៍ក្នុងប្រទេសបារាំងនេះ។

គ្រួសាររបស់យាយសានីតមិនទាន់ស្គាល់ជីវភាពថ្មីក្នុងប្រទេសបារាំងនៅឡើយទេ។

ក៏ប៉ុន្តែ ការជួបសេរី ដែលនឹងក្លាយជាកូនប្រសារបស់គាត់ក្នុងពេលឆាប់ៗនេះបានធ្វើ

ឲ្យគាត់សប្បាយចិត្តរីកថ្លើមប្រមាត់មិនតិចឡើយ។ គាត់ដើរអួតអាងប្រាប់គេឯងថា

កូនប្រសាគាត់ឆ្លាតណាស់ រៀនសូត្របានជ្រៅជ្រះ ចេះគោរពកោតខ្លាចចាស់ទុំ ចិត្ត

បានពេលណាបានពេលហ្នឹង។ គាត់ថាឆ្វេង គឺទៅឆ្វេង។  គាត់ថាស្តាំ គឺទៅស្តាំ បង្កាប់

បញ្ជាបានដូចចិត្តឥតខុសបំណងឡើយ។ ហេតុនេះហើយ បានជាយាយសានីត

ស្រឡាញ់សេរីណាស់។ ជួបអ្នកណាក៏ដោយ គាត់តែងអួតអាងប្រាប់គេមិនដាច់

ពីមាត់ទេ។

-ស៊ីច័ន្ទកូនពៅរបស់ខ្ញុំមានសំណាងខ្ពស់ណាស់។ មកនៅស្រុកបារាំងមិនដល់

ពីរខែផង ជិតរៀបការប្តី ដែលមានរូបសម្បត្តិស្អាតបាត មានឡានបញ្ជិះកូនស្រី

គាត់ និងគ្រួសារគាត់ដើរលេង…។ ថ្ងៃ កំណត់រៀបអាពាហ៍ពិពាហ៍រវាងនាងស៊ី

ច័ន្ទ និងសេរីនៅបាំងតែមួយខែទៀតប៉ុណ្ណោះ។

ថ្ងៃមួយ សេរីនាំនាងស៊ីច័ន្ទទៅលេងសាកសួរសុខទុក្ខមាតាបិតារបស់ខ្លួន។ នាង

ស៊ី ច័ន្ទស្ទង់ចិត្តអនាគតបិតាក្មេកថា៖

-ប៉ាថ្ងៃរៀបការខ្ញុំ ប៉ាចងដៃអ្វីខ្ញុំដែរ?

លោកយស្សាឆ្លើយយ៉ាងហីថា៖

-ប៉ាចងដៃ «រូបសេរី» ម្នាក់ឲ្យកូនគ្រប់គ្រាន់ហើយទេតើ។

រីឯកំលោះវណ្ណៈ និងនាងស៊ីណាចជាបងស្រីមេម៉ាយរបស់ស៊ីច័ន្ទក៏ត្រូវ

រៀបការក្នុងពេលឆាប់ៗនេះដែរ គឺត្រូវរៀបការក្រោយនាងស៊ីច័ន្ទជាប្អូន

មួយខែ។ ប្រាកដណាស់ថា អាពាហ៍ពិពាហ៍របស់កូនស្រីទាំងពីររបស់

តាផន និងយាយសានីត ត្រូវរៀបចំប្រព្រឹត្តនៅក្នុងបន្ទប់បរិភោគបាយ

នៅហ្វ័រយេ ព្រោះគាត់ពុំទាន់ចេញពីបន្ទុកហ្វ័រយេនៅឡើយ។ បងប្អូន

រួមជាតិខ្មែរ ក្នុងហ្វ័រយេសូណាកូត្រានៅណឺដូហ្វទាំងប៉ុន្មានដឹងរឿងរ៉ាវ

គ្រួសាររបស់យាយសានីតគ្រប់ៗគ្នា។ គេតែងហៅយាយសានីតស្ងាត់

ៗថា «ម្តាយក្មេកទំនើប»៕

*- ចប់ -*

សរសេរចប់នៅក្នុងមន្ទីរពេទ្យអាដាសានៃទីក្រុងស្រ្តាស់បួរ ខែធ្នូ ឆ្នាំ១៩៨៥

កែសម្រួលជាថ្មី នៅម៉ុងទីញី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០០៣

 

 

 

Advertisements

2 responses to “រឿងខ្លី​ ៖ ម្តាយក្មេកទំនើប​ ភាគបញ្ចប់ ដោយ ​ប៉ិច​ សង្វាវ៉ាន

  1. ឃើញ ក្រប​សៀវ​ភៅ «រឿងម្ដាយក្មេកទំនើប» ចុះ​ផ្សាយ​​ក្នុង​ទំព័​វេប​សៃ នឹក​ប៉ង​ប្រាថ្នា​ចង់​អាន
    ជា​យូរ​មក​ហើយ សំណាង​ល្អ​ដល់​ហើយ!.. សប្បាយ​ចិត្ដ​មែន​ទែន!.. ដោយ​បាន​អាន​រឿង
    ​ដូច​សេចក្ដី​ប៉ង​ប្រាថ្នា​មែន!…

    «រឿងម្ដាយក្មេកទំនើប» គឺ​ជា​រឿង​មួយ​ដែល​អ្នកនិពន្ធ បាន​ចង​ក្រង និយាយ​រៀប​រាប់ អំពី​ការ​
    ជ្រួល​ជ្រើម​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ទើប​ឈាន​ជើង​មក​ជាន់​លើក​ទឹក​ដី​បារាំង ​ហើយ​ក៏​នឹក​គិត
    ​ក្នុង​ចិត្ដ​ថា ដូច​បាន​ឡើង​ស្ថាន​សួគ៌​ស្រស់ៗ តែ​ម្ដង។ ទំនើប គឺ​អ្វីៗ​ដែល​ទើប​នឹង​កើត ទើប​នឹង
    ​មាន របស់​ទំនើប រឿង​ទំនើប​ជា​ដើម។

    ម្ដាយ​ក្មេក​ទំនើប គឺ​ជា​យាយ​សានីត ទំនើប ពូកែ កាច ផ្អែម​រលួយ ខ្វល់​ខ្វាយ​អំពី​មាស​ប្រាក់
    រហូត​ចេះ​ប្រចុប​ប្រចែង ទាក់​ទាញ​ស្នេហា ​រក​ប្ដី​អោយ​កូន​ក្រមុំ​ទៀត​ឯណោះ​។ ក្នុង​រឿង​នេះ
    យាយ​សានីត​ពូកែ​អស្ចារ្យ សូម្បី​តែ​ តាសំផន ប្ដី​របស់​គាត់ ដែល​អួត​អាង​ថា​ជា​គ្រូ​ចេះ​មន្ដស្នេហ៍
    ក៏​នៅ​តែ​សុំ​ខ្មាស​គាត់​ដែរ​។ កំលោះ​សេរី ដែល​ចេះងក់​ងរ​ មើល​ឃើញ​ហាក់​ដូចជា​បុរស​មួយ​រូប
    គ្រាន់តែ​ចង់​​ស្វែង​​រក​សេចក្ដី​ស្នេហា ដើម្បី​បំបាត់​ការ​ស្រេក​ឃ្លាន​តណ្ហា​ម្ដង​មួយ​គ្រា​ប៉ុណ្ណោះ ឬ
    ក្នុង​​ន័យ​​ម្យ៉ាង​ទៀត​ គេ​​អាច​​និយាយ​ថា​ គ្រាន់​តែ​ជិះ​ក្របី​ចម្លង​ភុក​ប៉ុណ្ណោះ។ កំលោះ​សេរី​ក៏​ធ្លាក់
    ​ចូល​ក្នុង​មន្ដ​ស្នេហ៍ យាយ​សានីត​ ស្រលាញ់​នាង​ក្រមុំ ស៊ីច្ទ័ន ដក​ចិត្ដ​មិន​រួច​។

    រឿង​ម្ដាយ​ក្មេក​ទំនើប មាន​អត្ថ​រស់​យ៉ាង​ធំធេង ព្រោះរឿងនេះ បង្ហាញ​អោយ​ឃើញ អំពី​ស្នេហា
    មិន​មែន​កើត​ឡើង​ដោយ​ការ​សូត្រ​​មន្ដ​អាគម​ផ្លុំ​ស្នេហ៍​ឯណា​ គឺ​វា​កើត​ឡើង​ដោយ​ការ​ប្រចុប្រ​ច្ចែង
    ​ស្និទ្ធ​ស្នាល​ ឯណោះ​ទៅ​វិញ​ទេ។ សេចក្ដី​ស្លាប់​របស់​មនុស្ស​ម្នាក់ៗ វា​មាន​ទម្ងន់​ធ្ងន់​សែន​ធ្ងន់​
    ទាល់​តែ​យក​សេចក្ដី​ស្នេហា​ទៅ​ថ្លឹង​ជាមួយ​ទើប​ជីវិត​វា​មិន​ក្រឡាប់​ចាក់​បាន ហើយ​តើ​យើង​ត្រូវ​
    ថ្កោល​ទោស​យ៉ាងណា ចំពោះ​សេចក្ដី​ស្នេហា​ខុស​តម្រា ខុស​និយមរបស់​គ្រួសារ​យាយ​សានីត
    តាសំផន កំលោះ​សេរី នាង​ក្រមុំ​ស៊ីច័ន្ទ វណ្ណៈ ​និង អ្នកមេម៉ាយស៊ីណាច។ ត្រី​ហែល​ក្នុង​ទឹក
    ពុំ​ដែល​វង្វេង​ផ្លូវ​ម្ដង​ណា​ឡើយ តើ​វា​មាន​ន័យ​អ្វី​ បើ​សេចក្ដី​ស្នេហា​វា​មាន​តំលៃ​ត្រឹម​តែ​ទឹក​លុយ
    មាស​ប្រាក់ យក​ទៅ​ទិញ​ដូរនោះ។

    • លើកនេះក៏ដូចជាលើកមុនដែរ ខ្ញុំសូមអរគុណលោកកែវ ឈុនដែលបានបញ្ចេញមតិវិភាគរឿង
      ម្តាយក្មេកទំនើបត្រូវចិត្តខ្ញុំ​ពីព្រោះ អ្នកអានរឿងនេះមួយចំនួន មិនបានយល់ពីគោលគំនិតធំៗរបស់
      ខ្ញុំដែលចង់បង្ហាញក្នុងរឿងនេះឡើយ។​ គេគ្រាន់តែយល់ថា វាជារឿងកំប្លែងអស់សំណើចមួយទៅវិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s