កម្មករសេរី ភាគទី១ និពន្ធដោយ ប៉ិច សង្វាវ៉ាន

រក្សាសិទ្ធិគ្រប់យ៉ាង

រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សេរីកូនប្រុសខ្ញុំតែងតែមកជួបជុំគ្រួសារជានិច្ច។ ប៉ុន្តែប្រហែលជាងបីខែនេះ សេរីបាត់មុខឈឹងគ្មានបញ្ជាក់មូលហេតុ ឬគោលបំណងឲ្យខ្ញុំដឹងបន្តិចសោះ។ ម្ល៉ោះហើយ ការបាត់វត្តមានរបស់កូនប្រុសខ្ញុំនេះ បណ្តាលឲ្យខ្ញុំខ្វាយខ្វល់ជាពន់ពេក។ ខ្ញុំព្រួយបារម្ភខ្លាចក្រែងមានគេស្អប់ព្រួតគ្នាបៀតបៀនសេរី ពីព្រោះសេរីមានឫកពាក្រអឺតក្រទម និងមានចិត្តឆេវឆាវ។ សេរីមាត់ឆៅ ពេលហានិយាយស្តីម្តងៗឥតខ្លាចទើសត្រចៀកនិងមិនខ្លាចចិត្តគេ ឬខ្លាចគេខឹងឡើយ។

ចរិតឫកពារបស់សេរី ដែលខុសប្លែកពីបងប្អូនឯទៀត នេះសុទ្ធសឹងជាកត្តាគ្រប់គ្រាន់បណ្តាលឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើង។ កាលណា ខ្ញុំកាន់តែគិតពិចារណា សេចក្តីទុក្ខក៏ទន្ទ្រានឱរាខ្ញុំឲ្យកាន់តែក្រៀមក្រំឡើងកាលនោះដែរ។ ម្យ៉ាងទៀត ខ្ញុំនៅចាំសម្តីរបស់សេរីកូនខ្ញុំដែលបានដំណាលប្រាប់ខ្ញុំថា ខ្មែរៗដែលធ្វើការជាមួយសេរីពីរបីនាក់សុទ្ធតែជាជនកម្រោលអាងតែប្រើកម្លាំងបាយវាយតប់។

ថ្ងៃមួយ នៅអៀលគៀលក្រាលហ្វិនស្តាដិន (Illkirch Graffenstaden) ចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពីក្រុងស្រ្តាស់បួរក្នុងពេលដែលខ្ញុំកំពុងតែឈរបន្តបន្ទុយចាំគេគិតលុយទំនិញ ខ្ញុំឮស្រ្តីខ្មែរយើងពីរបីនាក់ដែលឈរនៅពីក្រោយខ្ញុំនិយាយ

ដើមសេរីកូនប្រុសខ្ញុំ និងនាងសម្ជស្សភួង។ ខ្ញុំមិនហ៊ានងាកមើលមុខអ្នកនិយាយរឿងសេរីកូនខ្ញុំទេ ព្រោះខ្ញុំក៏មិនចង់ឲ្យគេស្គាល់មុខខ្ញុំដែរ តែខ្ញុំបានស្តាប់រឿងសេរីកូនប្រុសខ្ញុំល្មមដឹងរឿងហេតុខ្លះៗដើម្បីបំបាត់ចម្ងល់ដែលដក់ក្នុងអារម្មណ៍ខ្ញុំប៉ុន្មានខែនេះ។

ថ្ងៃនេះ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំទ្រាំមិនបានក៏ដាច់ចិត្តហៅទូរស័ព្ទទៅសេរី ដើម្បីសួរដំណើរដើមទងឲ្យច្បាស់លាស់។ ទូរស័ព្ទរោទិ៍ច្រើនដងយ៉ាងយូរធ្វើឲ្យខ្ញុំខកចិត្តជាពន់ពេក ព្រោះប៉ុន្មានខែនេះ ខ្ញុំមិនដែលបានជួប បាននិយាយទូរស័ព្ទជាមួយនឹងសេរីសោះ។ ខ្ញុំតាំងចិត្តថា កាលណាជួបសេរីខ្ញុំនឹងស្តីបន្ទោសឱ្យអស់ចិត្ត ឲ្យបានធូរទ្រូងម្តង។កំពុងតែអង្គុយគិតបែបនេះ ស្រាប់តែកណ្តឹងក្នុងផ្ទះរោទិ៍ឡើង។

ខ្ញុំបើកទ្វារខ្វាក លេចមុខសេរីក្រឡឹមៗញញឹមញញែមលួងលោមចិត្តខ្ញុំ ហាក់បីដូចជាញាណដឹងថា ខ្ញុំកំពុងខឹងទោមនស្ស។ សេរីបញ្ចេញវាចាសួរខ្ញុំយ៉ាងរួសរាយជាមួយស្នាមញញឹម៖

-ជម្រាបសួរម៉ាក់! ម៉ាក់សុខសប្បាយជាទេ?

-អើ! ម៉ាក់សុខដែរ តែមិនសូវសប្បាយប៉ុន្មានទេ។

សេរីឥតខ្វល់នឹងចម្លើយកំបុតកំបុយរបស់ខ្ញុំទេ។ គេបែរជាសើចក្អាកក្អាយ ហើយចូលទៅអង្គុយលើកៅអីវែងទម្រេតខ្លួនប្រាណបែបរាងរវើយធ្វើព្រងើយ។ ខ្ញុំសម្លឹងមើលកាយវិការកូនប្រុសខ្ញុំទាំងឃ្នាន់ខ្នាញ់។ ខ្ញុំសួរសេរីចុងមាត់ចុងករ។

-ម៉េចបានជាបាត់មុខយូរម្ល៉េះលោក?

ខ្ញុំប្រើពាក្យលោក សម្រាប់បញ្ជោះបន្សោក។

-សូមទោសណ៎ាម៉ាក់ ខ្ញុំរវល់ពេក។ កិច្ចការក្នុងរោងចក្រច្រើនហួស។ គេបង្ខំកម្មករឲ្យបញ្ចេញផលច្រើន តែគេដកកម្មករចេញខ្លះ។ ខ្ញុំនឿយហត់ពេកឡើងបាក់កម្លាំង។ ធ្វើការរបៀបនេះ បែបរស់មិនបានយូរទេ។ ម៉ាក់អើយ! នេះហើយជីវិតកម្មកររោងចក្រ។ ខ្ញុំនឿយណាស់ម៉ាក់! ម៉ាក់មិនអាណិតកូនទេឬ?

-បើហត់នឿយម្លឹងៗ ម៉េចក៏ឯងមិនព្រមនៅផ្ទះសម្រាកយកកម្លាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្លះទៅ បែរជារវល់តែចេញចូលត្រុកៗក្នុងហ្វ័រយេឲ្យគេនិយាយដើម គេមើលងាយម្លឹងៗ។

-ម៉ាក់មានប្រសាសន៍រឿងអីហ្នឹង ខ្ញុំមិនយល់ទេ?

-អ្នកណាគេ ឈ្មោះសម្ជស្សភួង?

-អូហ៍ សម្ជស្សភួង! នាងហ្នឹងទើបតែមកដល់ស្រ្តាស់បួរប្រហែលជាបីខែប្លាយនេះណាម៉ាក់។

-ឯងស្រឡាញ់គេឬ? បានជា? ឱ! អីចឹងទេតើបានជាបាត់ដំណឹងឈឹងប៉ុន្មានខែនេះ។ ស្អាតល្អប៉ុណ្ណាទៅបានជាធ្វើឲ្យឯងងប់ងុលដល់ម្លឹង។ ឃើញស្រីមិនបានទេ ឯងស្រឡាញ់ទាំងអស់។ មិនដែលឃើញប្រុសណាអីចឹងទេ។ តើឯងកាត់រកអ្នកណា បានជាមានចិត្តខុសគេឆ្កុយតែម្នាក់ឯងអ៊ីចឹង?

-ម៉ាក់! ខ្ញុំជម្រាបម៉ាក់តាមត្រង់ នាងសម្ជស្សភួង និងគ្រួសារនាងនៅហ្វ័រយេសូណាកូត្រា។ គ្រួសាររបស់នាងគ្មានអ្នកណាម្នាក់ចេះបារាំងទេ។ ខ្ញុំអាណិតក៏ជួយរត់សំបុត្រស្នាមផ្សេង និងជួនគ្រួសារនាងទៅបើកប្រាក់ជំនួយ…

-ក្រែងនៅហ្វ័រយេ មានលេខាធិការដែរឬ? ជឿម៉ាក់ចុះ ល្មមឈប់ខាតពេលទៀតទៅ។ ថ្ងៃមុន នៅផ្សារ ម៉ាក់ឮស្រ្តីខ្មែរពីរបីនាក់និយាយដើមឯងថា នាងសម្ជស្សភួងមិនត្រូវការឯងទេ តែឯងចេះតែត្រុកៗមុខក្រាស់ទៅរកនាង។ គេថានាងសម្ជស្សភួងហ្នឹង ឃើញមុខឯងម្តងៗ ចង់តែដេញទម្លាក់ដីហើយជះបាយលើក្បាលឯងទៀត ម៉ាក់ឮច្បាស់។ នឹកសម្តីនេះឡើង ម៉ាក់ខឹងញ័រសាច់ មិននឹងស្មានថា ឯងថោកទាបដល់ម្លឹងធ្វើឱ្យស្រីៗ ដែលមិនទាន់ស្គាល់ទិសតំបន់ស្រុកបារាំងផង មើលងាយមើលថោករបៀបនេះ។

-ម៉ាក់! អ្នកណាជាអ្នកនិយាយរឿងនេះ?

-មិនដឹងអ្នកណាទេ។ បើក្រៅពីសាមីខ្លួន តើនរណាគេអាចដឹងរឿងនេះ?

-មិនពិតទេម៉ាក់! ខ្ញុំទៅហ្វ័រយេម្តងៗ ក្រុមគ្រួសារគេរាក់ទាក់អបអរទទួលខ្ញុំកក់ក្តៅណាស់។ គេរៀបបាយទឹកឲ្យខ្ញុំញ៉ាំ។ គេអរណាស់ថា បានខ្ញុំជួយគេឡានទៅលិចទៅកើត កុំអីគេមិនដឹងទិសតំបន់ឯណាទេ។ គេថា ខ្ញុំជួយសម្រួលកិច្ចការសព្វសារពើ។ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំបានធ្វើអំពើល្អ។

-អំពើល្អ ដែលបានទទួលពាក្យរមិលគុណត្រឡប់មកវិញអីចឹងឬ?

-ក្រែងមិនមែនពាក្យរបស់សាមីខ្លួន! គេចាក់រុកឲ្យម៉ាក់ខឹងខ្ញុំទេដឹង?

-ថាគេចាក់រុកអុជអាលម៉ាក់? វាហាក់ដូចជាមិនទំនង។ ម៉ាក់ធ្លាប់ប្រាប់ឯងឲ្យបានដឹងញយដងហើយថា គ្រួសារយើងទាំងមូលតាំងពីនៅស្រុកខ្មែររហូតមករស់នៅស្រុកបារាំង យើងមិនដែលមើលងាយថោកជនណាម្នាក់ទេ។ ដូច្នេះយើងក៏មិនអាចទ្រាំទ្រការប្រមាថរបស់អ្នកផងដែរ។ ម្យ៉ាងទៀត ឯងមិនត្រូវភ្លេចទេថា គ្រួសារយើងធ្លាប់មានមុខ មានមាត់ មានកិត្តិយសកិត្តិនាម ត្រូវឯងចេះរក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលកុំឲ្យគេបន្ទាបបន្ថោកងាយៗពេក។ សុខចិត្តក្រទ្រព្យចុះកុំក្រកេរ្តិ៍ឈ្មោះកិត្តិយស។ ចូរចាំបណ្តាំម៉ាក់ណ៎ាសេរី។

-ខ្ញុំទៅវិញហើយម៉ាក់។

-ទៅណាទៀតហើយ?

-ខ្ញុំទៅហ្វ័រយេទៅរកសខ្មៅ រកខុសត្រូវ ទើបខ្ញុំសុខចិត្ត។

-តាំងចិត្តឲ្យធ្ងន់កុំឆេវឆាវពេក។ អំពើល្អមិនសាបសូន្យទេកូន។ មនុស្សអាក្រក់គង់តែត្រូវព្រះបរាមុខថ្ងៃណាមួយមិនខាន។

-ខ្ញុំមិនយល់ទេ។ ខ្ញុំស្មានមិនដល់សោះ។ បើពាក្យដែលម៉ាក់បានឮពិតជាចេញពីបបូរមាត់ក្រុមគ្រួសារសម្ជស្សភួងមែននោះ ខ្ញុំយល់ថា គ្រួសារនេះមានចិត្តសាមាន្យជួរជាតិ គ្មានដឹងខុសត្រូវអាក្រក់ល្អសខ្មៅបន្តិចសោះ។ នេះពិតជាអំពើរមិលគុណមួយគួរឲ្យឈឺចិត្តមែន។

-កុំឈឺចិត្ត។ ឯងគង់បានទទួលអំពើល្អពីអ្នកដទៃក្រៅពីអ្នកដែលឯងធ្លាប់ជួយធុរៈ។ ឯអ្នកដែលរមិលគុណឯងនោះ គេគង់តែបានទទួលអំពើបែបនេះពីអ្នកណាម្នាក់ផ្សេងទៀតមិនខាននៅក្នុងជាតិនេះតែម្តង ។ ឯងចាំសម្គាល់មើលចុះ ពីថ្ងៃនេះទៅ។

**********

សូមរង់ចាំអានភាគទី២

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s