កម្មករសេរី ភាគទី២​ និពន្ធ ដោយ​ ប៉ិច​ សង្វាវ៉ាន

មិនយូរប៉ុន្មានក្រោយមក សេរីចាប់សង្កេតមើលឥរិយាបថក្រុមគ្រួសារ

នាងសម្ជស្សភួង។ នៅទីបំផុត គ្រួសារនេះបញ្ចេញកាឡាសាប្រទូស្តរាយ

សេរីកូនខ្ញុំ។ សេរីដកខ្លួនចេញឆ្ងាយរួចចាក់ទុកអំពើដែលសេរីបានប្រព្រឹត្ត

ចំពោះគ្រួសារនេះ ជាកុសលធម៌មួយ និងជាបទពិសោធន៍មួយក្នុងយុវវ័យ។

 នៅពេលនេះ ទើបសេរីភ្ញាក់ខ្លួននឹកថា ពាក្យអប់រំណែនាំទាំងប៉ុន្មានរបស់ខ្ញុំ

ជាមាតាគឺជាមេរៀនជីវិតពិតៗ។ ខ្ញុំតែងតែបន់ស្រន់ព្រះ សូមឲ្យលោកជួយ

តម្រែតម្រង់មាគ៌ាជីវិតរបស់សេរីកូនប្រុសខ្ញុំ។ កូនម្នាក់នេះធ្វើឲ្យទ្រូងខ្ញុំជា

មាតាពិបាកជាងកូនណាៗទាំងអស់។ ខ្ញុំមានវិប្បដិសារីមិនអស់មិនហើយ។

ក្នុងពេលចេញផុតពីការផ្គត់ផ្គង់របស់រដ្ឋាភិបាលបារាំង គ្រួសារយើងមិនបាន

តស៊ូរកមធ្យោបាយចិញ្ចឹមកូនឲ្យរៀនបានវែងឆ្ងាយទេ។ កាលណោះ សេរីរៀន

មិនពូកែ ជួនចំពេល ដែលគេត្រូវការជ្រើសរើសបុគ្គលិកជាច្រើន ក្នុងរោងចក្រធ្វើ

គ្រឿងបន្លាស់រថយន្ត។ យើងគិតថា នេះជាឱកាសល្អសម្រាប់យើងជាជនភៀស

ខ្លួនហើយ។ បើយើងមិនឆក់យកឱកាសល្អដែលហុចមកឲ្យក្នុងពេលនេះទេ

យើងក៏ពុំដឹងថា តើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៅមុខទៀត យើងជួបប្រទះស្ថានភាពល្អ

បែបនេះដែរ។ ជាពិសេស កាលនោះ យើងជិតផុតកំណត់នៃការផ្គត់ផ្គង់របស់

រដ្ឋបារាំង ហើយត្រូវចេញពីហ្វ័រយេ និងត្រូវខ្នះខ្នែងរកផ្ទះ។ នៅប្រទេសបារាំង

ការជួលផ្ទះតម្រូវឲ្យមាន៖

-សំបុត្របញ្ជាក់បៀវត្ស៍បីខែចុងក្រោយ។

-សំបុត្របញ្ជាក់ថ្លៃឈ្នួលផ្ទះបីខែចុងក្រោយ បើយើងធ្លាប់ជួលផ្ទះនៅពីមុខ។

-សំបុត្របញ្ជាក់ថា យើងជាបុគ្គលិកធ្វើការ នៅកន្លែងណាមួយជាប់លាប់។

-សំបុត្របង់ពន្ធដារឆ្នាំកន្លងមក។

-ប័ណ្ណសម្គាល់ខ្លួន។

អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវមានប្រាក់ខែបីដងច្រើនជាងថ្លៃឈ្នួលផ្ទះ

មួយខែ និងមានការងារជាប់លាប់ទើបយើងអាចមានសង្ឃឹមជួលផ្ទះបាន។

កត្តាទាំងប៉ុន្មាននេះតម្រូវឱ្យសេរី និងកូនខ្ញុំពីរនាក់ទៀតក្លាយទៅជាមនុស្ស

សកម្ម មានការងារ មានមុខរបរចិញ្ចឹមជីវិតដូចគេដូចឯង ហើយឈប់មាន

ឈ្មោះជាមនុស្សទទួលប្រាក់ជំនួយពីរដ្ឋ។ តាមរពិត សេរី និងកូនរបស់ខ្ញុំទាំង

អស់មិនធ្លាប់ពិបាកទេ កាលគ្រាយើងរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ឥឡូវ

នេះ យើងជាជនភៀសខ្លួន ជីវភាពយើងផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះ ទោះបីជា

យើងមិនធ្លាប់ពិបាកក៏ដោយ ចាំបាច់យើងត្រូវតែខំពុះពារកសាងជីវភាពថ្មីលើ

ទឹកដីបារាំងដោយចាប់ផ្តើមពីសូន្យឡើងទៅ។ សំណាងណាស់ យើងបានចេញ

ផុតពីនរកខ្មែរក្រហម មករស់នៅក្នុងប្រទេសបារាំងដែលមានមនុស្សធម៌ជួយ

ស្រោចស្រង់ទទួលយើងគ្រប់គ្នាជាជនភៀសខ្លួន និងជួយផ្គត់ផ្គង់យើងមួយរយៈ

កាល ដើម្បីអាចឲ្យយើងរៀបចំសម្របខ្លួនចូលក្នុងសង្គមបារាំង និងចេះរស់នៅ

ចុះសម្រុងក្នុងជីវភាពថ្មីលើទឹកដីប្រទេសនេះ។

សេរីធ្លាប់ដំណាលប្រាប់ខ្ញុំជាមាតារឿយៗថា ការងារក្នុងរោងចក្រធ្ងន់ណាស់ដែរ។

ជាពិសេស សម្លេងម៉ាស៊ីនរោងចក្រធ្វើឲ្យសង្កៀរក្បាល និងសង្កៀរត្រច្រៀកតែម្តង។

ប្រហែលជាសេរីមានការតូចចិត្តច្រើន គួបផ្សំនិស្ស័យជាមនុស្សគិតច្រើន ទើបបាន

ជាសេរីប្រែចរិតខុសពីដើម។ អ្នកធ្វើការជាមួយសេរីតែងតែចំអកឲ្យសេរីថា ជាមនុស្ស

ឡប់។ តាមពិតទៅ សេរីពុំមែនជាមនុស្សឡប់ដូចគេថាទេ។ សេរីជាមនុស្សមានប្រាជ្ញា

វៀងវៃ តែគុណវិបត្តិមួយធំរបស់សេរី គឺមិនគោរពពាក្យសម្តីដែលខ្លួនបានសន្យា។

សេរីមានគំនិតឆ្វេងតែម្នាក់ឯងខុសគេ ហើយចូលចិត្តភាពឯករាជ្យផ្តាច់ខ្លួនតែម្នាក់ឯង។

ក្នុងការចំណាយ សេរីតឹងណាស់ មិនងាយរបេះមួយសេនទេសម្រាប់គ្រួសារ

តែចំពោះអ្នកដទៃវិញ សេរីធូរណាស់។ សេរីយកអ្នកដទៃជាញាតិ ចូលចិត្តផ្គាប់

ចិត្តអ្នកដទៃ ជាពិសេសអ្នកដែលមានកូនក្រមុំ។ ថ្ងៃមួយ សេរីទូរស័ព្ទប្រាប់ខ្ញុំថា

គេរកប្រពន្ធបានហើយ។ ក្នុងគ្រួសាយើងទាំងមូល គ្មាននរណាម្នាក់ជឿសេរី

ឡើយ។ ម្នាក់ៗសើចចំអកសេរី ពីព្រោះមកពីសេរីមានទម្លាប់កុហកភូតភរ

មិនចេះចប់។ ប៉ុន្តែ គេក៏ចង់ដឹងនិងរង់ចាំមើលមុខអនាគតភរិយារបស់សេរី

គ្រប់គ្នា។

ថ្ងៃអាទិត្យនេះជាថ្ងៃបុណ្យខួបកំណើតស្វាមីខ្ញុំ។ ម្តងនេះ សេរីមិនកុហកដូច

លើកមុនទៀតទេ។ គេបណ្តើរសង្សារគេមកបង្ហាញគ្រួសារមែន។ នាងជា

នារីខ្មែរយើង សម្បុរជ្វាស្រអែម តែមិនមែននារីអឹមអៀនទេ។ សេរីចាប់ផ្តើម

ណែនាំបង្ហាញគូសង្សារឲ្យក្រុមគ្រួសារបានស្គាល់។

-ម៉ាក់ប៉ា! បងប្អូនទាំងអស់គ្នា អូនជាត្តា សង្សារ និងជាអនាគតភរិយា

របស់ខ្ញុំ។

-ជម្រាបសួរ លោកពូ លោកមីង បងៗប្អូនៗ ច៎ាស ! (នាងជាត្តាលើក

ដៃប្រណម្យជម្រាបសួរទាំងអស់គ្នា)។

-លើកដៃថ្វាយព្រះ នាងអាយុប៉ុន្មានហើយ?

-ចាស់២០ឆ្នាំ។

-អង្គុយទៅនាង។ កុំខ្មាស់អៀនអីណ៎ា សុទ្ធតែគ្រួសារទាំងអស់ហ្នឹង។

សេរីចាក់ទឹកឲ្យនាងផង។

សេរីមិនប្រព្រឹត្តតាមពាក្យខ្ញុំបង្គាប់ទេ។ គេកេះខ្ញុំ ខ្សឹបហៅខ្ញុំឲ្យចូលទៅ

ក្នុងផ្ទះបាយមួយភ្នែត ហើយសួរខ្ញុំថា៖

-ម៉ាក់ជឿឬនៅ  ខ្ញុំមិនកុហកទេ។  ពេញចិត្តទេម៉ាក់?

-មិនសម្រេចលើចិត្តម៉ាក់ទេ ស្រេចតែឯងចុះ។ កូនឯងស្គាល់ចិត្តម៉ាក់

ស្រាប់ហើយ។ ម៉ាក់ផ្តល់សេរីភាពឲ្យកូនៗគ្រប់គ្នាក្នុងការរើសគូស្រករ។

ម៉ាក់មិនបំបែកបំបាក់គូរបស់កូនណាទេ។ ម៉ាក់គ្មានគំនិតដូចដូនផាន់

ម្តាយនាងទាវក្នុងរឿងទុំទាវ ឬដូចមីងនួន ម្តាយនាងវិធាវីក្នុងរឿងផ្កា

ស្រពោនទេ។ ម៉ាក់ត្រូវសួរចិត្តឯងទៅវិញទេតើ។ ឯងពិតជាប្តូរផ្តាច់មែន

ទែនហើយឬ?

-ម៉ាក់! នាងមិនសូវស្អាតមែន តែខ្ញុំមិនរើសរកតែរូបដូចពីមុនទៀតទេ។

ខ្ញុំស្រឡាញ់អូនជាត្តាទុកជាអនាគតប្រពន្ធខ្ញុំមែនណ៎ាម៉ាក់។

-ឲ្យពិតដូចសម្តីទៅចុះ។ តោះយើង ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។

យើងទុកឲ្យជាត្តានៅតែម្នាក់ឯងយូរហើយ។ គ្នាទើបតែមកជួបស្គាល់

គ្រួសារយើងលើកដំបូងផង។

ក្នុងបន្ទប់ទទួលភ្ញៀវ សេរីចាក់ទឹកក្រូចហុចឲ្យនាងជាត្តា ហើយនិយាយ៖

-អូនជាត្តា ម៉ាក់ចង់បញ្ជាក់សួរអូនបន្តិច។

-ច៎ាស លោកមីង!

-ឪពុកម្តាយនាងនៅរស់ទាំងអស់គ្នាឬ? គាត់មានយោបល់យ៉ាងណាដែរ?

-ច៎ាស! ឪពុកម្តាយខ្ញុំនៅរស់ទាំងអស់គ្នា។ គាត់មិនជំទាស់ទេ លោកមីង។

-ល្អហើយអីចឹង គួរតែរៀបចំការឆាប់ៗទៅ កុំឲ្យសៅហ្មង។

យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ យើងយល់ឃើញថា បើសេរី

មានគ្រួសារ ប្រហែលជាសេរីអាចប្តូរគំនិតចាស់ចោលខ្លះមិនខានឡើយ។

បរិយាកាសបុណ្យខួបកំណើតរបស់ស្វាមីខ្ញុំគម្រប់ហាសិបឆ្នាំ ប្រព្រឹត្តទៅក្នុង

បរិយាកាសរីករាយខុសពីការស្មានទុក ដោយលើកនេះ យើងមានមនុស្ស

ចំណូលថ្មីមួយរូបទៀត គឺនាងជាត្តាដែលអនាគតភរិយារបស់សេរីកូនប្រុស

របស់យើង។

សូមរង់ចាំអានភាគទី៣

Advertisements

One response to “កម្មករសេរី ភាគទី២​ និពន្ធ ដោយ​ ប៉ិច​ សង្វាវ៉ាន

  1. ជុំរាបជូនអ្នកស្រី ប៉ិច សង្វាវ៉ាន
    ខ្ញុំបាទជាអ្នកអានថ្មី ហើយបានសាកល្បងផ្ញើរឿងប្រលោមលោកមួយឈ្មោះថា ‹‹ បន្តោងសសាង្ក ››
    តាមអ៊ីមែល donotreply@worpress.com ដើម្បីឱ្យអ្នកស្រីជួយផ្ដល់យោបល់។ ប៉ុន្តែ ជាច្រើនថ្ងៃមកហើយ ខ្ញុំពុំបានទទួលដំណឹងតបសោះ។ ខ្ញុំក៏គិតថា ប្រហែលជាមិនអាចទៅដល់គោលដៅទេ។
    ដើម្បីផ្ញើសំណេរអ្វីមួយជូនដល់អ្នកស្រី តើខ្ញុំបាទត្រូវធ្វើដូចម្ដេច ?
    សូមអរគុណទុកជាមុន
    ពីខ្ញុំ ប្រេម ម៉ាកសែល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s