កម្មករសេរី ភាគទី៣ ដោយ​ប៉ិច សង្វាវ៉ាន

ភាគបញ្ចប់

រក្សាសិទ្ធិគ្រប់យ៉ាង

តាមការតឿនរំអុករបស់សេរី ខ្ញុំនិងស្វាមីខ្ញុំបានចូលស្តីដណ្តឹងនាងជាត្តា។

មាតាបិតារបស់នាងបានយល់ព្រមដោយអំណររីករាយ។ គាត់គ្មានបង្គាប់

បណ្តាការធំដុំទេ សុំធ្វើយ៉ាងណាឲ្យបានសមរម្យពេញភ្នែកញាតិមិត្តតែ

ប៉ុណ្ណោះ។

ចំពោះខ្ញុំជាមាតារបស់សេរី ពាក្យថា«សមរម្យ»គឺពេញមុខពេញមាត់ទៅ

តាមលទ្ធភាពធនធាន និងសមត្ថភាពរបស់សេរី។ ខ្ញុំពេញចិត្ត នឹងយោបល់

អាធ្យាស្រ័យរបស់គ្រួសារខាងស្រីណាស់ ពីព្រោះគាត់មិនអនុវត្តទម្លាប់

ចាស់គំរិលពីដើមដែលតែងតែបង្គាប់ប្រាក់កាស ឬមាសពេជ្រ ដែលជួន

កាលការបង្គាប់ទារថ្លៃទឹកដោះនេះវាធ្ងន់ធ្ងរពេកសម្រាប់ខាងប្រុស។នៅ

ប្រទេសបារាំង ជនជាតិគេដែលសាម៉ីខ្លួនប្រុសស្រីសន្សំប្រាក់សម្រាប់

រៀបអាពាហ៍ពិពាហ៍ខ្លួនឯង។ ឪពុកម្តាយទាំងសងខាងជួយចេញប្រាក់

រៀបការកូនពាក់កណ្តាលម្នាក់ទៅតាមសមត្ថភាពរបស់គេ។ គ្រួសារខាង

ស្រីមិនដែលបង្គាប់ទារថ្លៃទឹកដោះខាងប្រុសដូចទម្លាប់ខ្មែរយើងទេ។ ខ្ញុំ

ស្រឡាញ់របៀបបារាំងក្នុងការរៀបចំអពាហ៍ពិពាហ៍កូនចៅណាស់។នេះ

ខ្ញុំយល់ថាប្រសើរមែនរបៀបនេះ។ ទម្លាប់ខ្មែរយើង គ្រួសារខាងស្រីតែង

តែបង្គាប់កូនកម្លោះដែលបច្ចប្បន្នកាលនេះគេហៅថាថ្លៃទឹកដោះ ដោយ

មិនបានគិតថាខាងប្រុសមានសមត្ថភាព ឬ គ្មានទេ។ ខ្ញុំមិននិយមទម្លាប់

ខ្មែរយើងដែលបង្គាប់លុយថ្លៃទឹកដោះដូច្នេះទេ។ ខ្ញុំយល់ថា ថ្លៃទឹកដោះ

នេះហាក់ដូចជាវាយតម្លៃ ឬកាត់ថ្លៃកូនស្រីរបស់យើងត្រឹមតែទឹកប្រាក់

ប៉ុណ្ណោះ។ នារីម្នាក់ៗទោះស ឬខ្មៅ ទោះមានវិជ្ជាក្តី អវិជ្ជាក្តី ពុំមែនមាន

តម្លៃត្រឹមថ្លៃទឹកដោះពីរម៉ឺងហ្វ្រង់-ប្រាំម៉ឺន ឬដប់ម៉ឺនទេ។ មនុស្សម្នាក់ៗ

មានតម្លៃឥតកាត់ថ្លៃបាន។ មាតានារីខ្លះបញ្ចេញយោបល់ថា គេខំចិញ្ចឹម

កូនពិបាកណាស់ លើកកូនស្រីឲ្យគេទទេម្តេចកើតវាដូចមិនសមទេ។

ចុះហេតុអ្វីក៏មាតាខាងស្រីខ្លះមិនគិតផងថា ខាងប្រុសគេក៏ខំចិញ្ចឹមកូន

ដូចគ្នាដែរ? អ្នកខ្លះខំតស៊ូលំបាកវេទនាណាស់ ដើម្បីជួយផ្គត់ផ្គង់ឲ្យកូន

ប្រុសរបស់ខ្លួនរៀនសូត្រមានតម្រេះវិជ្ជាខ្ពងខ្ពស់ មានអនាគតល្អ មាន

ប្រាក់ខែច្រើន។ លុះដល់ចេញធ្វើការមិនបានប៉ុន្មានឆ្នាំផង កូនប្រុស

ការប្រពន្ធចេញពីគ្រួសារទៅចិញ្ចឹមប្រពន្ធបាត់ មិនទាន់បានសងគុណ

ម្តាយឪពុករបស់ខ្លួនឲ្យអ្នកមានគុណបានស៊ីពោះលោះកម្លាំងដោយ

សារកូនប្រុសខ្លួននៅឡើយ។  ខាងស្រីម៉េចក៏មិនប្រៀបធៀបខ្លះផង។

និយាយដូច្នេះ គេអាចគិតថាខ្ញុំបន្ថោកនារីភេទ។ ផ្ទុយទៅវិញ អ្នកខ្លះ

យល់ថា ការបង្កាប់ប្រាក់ទារថ្លៃទឹកដោះ និងមាសពេជ្រពីខាងប្រុសទេ

តើដែលជាការបន្ថោកតម្លៃនារី ហាក់ដូចជាវាយតម្លៃនារីទៅតាមទឹក

ប្រាក់ប៉ុន្មានម៉ឺនប៉ុណ្ណឹងដែលខាងស្រីបានបង្គាប់។  ការបង្គាប់ប្រាក់

និងមាសពេជ្រសម្រាប់ថ្លៃទឹកដោះអាចបណ្តាលឲ្នកាយមារមិនចុះ

សម្រុងគ្នារហូតដល់បែបបាក់មិនបានរៀបការក៏មានដែរ។ សួរថា

តើគេគិតពីរឿងមុខមាត់នៅថ្ងៃការដើម្បីចង់សំញ៉ែងគេ ឬគិតអាណិត

ចិត្តក្មេងៗដែលស្រឡាញ់គ្នាចង់រួមជីវិតជាមួយគ្នា? ។


នៅមុនថ្ងៃលើកជំនួនភ្ជាប់ពាក្យប៉ុន្មានថ្ងៃ គ្រួសារខាងនាងជាត្តាគូ

ដណ្តឹងរបស់សេរីកូនប្រុសខ្ញុំ នាំគ្នាមកជួបខ្ញុំរួមទាំងទាំងសេរី និងនាង

ជាត្តាផងដែរ។ មាតានាងជាត្តាមានយោបល់មកកាន់ខ្ញុំថា៖

-អ្នកអូន! នៅថ្ងៃលើកជំនួន ខ្ញុំសូមអ្នកអូនជួយបំពេញកិត្តិយសខ្ញុំផង

សូមដាក់មាសពីរតម្លឹង និងប្រាក់ពីរម៉ឺនហ្វ្រង់[ ស្មើនឹងបីពាន់ហាសិបបីអ៊ឺរ៉ូ

សាបសិបបួនសេន]ផង។ ខ្ញុំស្រឡាំងកាំង ស្ទើរធ្លាក់ពីកៅអី។ ខ្ញុំខំប្រមូល

ស្មារតីឆ្លើយតបទៅអនាគតដន្លងខ្ញុំវិញ៖

-ច៎ាៈ! ច៎ាៈ! ចាំខ្ញុំពីគ្រោះជាមួយសេរី។ សេរីដឹងអំពីបំណងថ្មីនេះឬនៅ?

-សេរី! ឯងឮទេ។ ម៉ាក់ និងប៉ាមិនអាចអារកាត់ទេ ព្រោះនេះជារឿងរបស់

ឯង។ បើឯងយល់ព្រមតាមក៏ធ្វើទៅចុះ។ តាមពិត បញ្ហានេះ ឯងមិនបាច់

សួរពិគ្រោះម៉ាក់ផង ព្រោះម៉ាក់មិនបានកាន់លុយឯងទុកមួយសេនទេ។

ម៉ាក់មិនដឹង ឯងមានលុយកាក់ប៉ុន្មានសម្រាប់រៀបការដែរ។ ម៉ាក់បញ្ជាក់

ប្រាប់ឯងថា ម៉ាក់ និងប៉ាគ្មានប្រាក់ និងគ្មានមាសតាមការទាមទារសបស់

ម្តាយនាងជាត្តាទេ។

ខ្ញុំសម្លឹងមុខកូនប្រុសខ្ញុំ។ កូនខ្ញុំធ្លាក់ទឹកមុខ។មាតាបិតារបស់នាងជាត្តាក៏

ធ្លាក់ទឹកមុនមិនស្រួលប៉ុន្មានដែរ។ នាងជាត្តាមុខស្រពោនដូចបុប្ជារញម

ក្រោមកម្តៅព្រះសុរិយា។ ក្នុងឱរ៉ាខ្ញុំជាមាតារបស់សេរី ខ្ញុំហាក់ដូចជាដឹង

ថា ឈាមកំពុងតែរត់ចេញចូលក្នុងបេះដូងខ្ញុំលឿនខុសធម្មតា ធ្វើឲ្យ

សង្វាក់បេះដូងខ្ញុំដើរញាប់។ ខ្ញុំនឹកក្នុងចិត្តថា ចុះហេតុអ្វីថ្ងៃមុននិយាយ

ផ្សេង។ ថ្ងៃនេះប្រែប្រួលនិយាយផ្សឹង? សេរីមិនបញ្ចេញយោបល់អ្វី

ទាំងអស់។ គេនៅស្ងៀមទ្រឹងហើយដើរចេញទៅទម្រេតខ្លួនលើគ្រែ

ក្នុងបន្ទប់ធ្វើព្រងើយ។ នាងជាត្តាបាត់សង្សារក៏ដើរតាមរក។ នាង

ឃើញសេរីស្ងៀមស្ងាត់ទឹកមុខស្ងួត។ ខ្ញុំដើរចេញទៅខាងក្រៅវិញ។

ស្រាប់តែខ្ញុំឮនាងជាត្តាសួរសេរីកូនប្រុសខ្ញុំ។

-បងសេរី! បងស្រឡាញ់អូនទេ? ជាត្តាស្រឡាញ់បងណាស់។

-បងក៏ស្រឡាញ់អូនណាស់ដែរ តែជាត្តាអូនអើយ! យើងទាំងពីរ

ប្រហែលជួបគ្នាត្រឹមនេះ។ យើងមិអាចរៀបការជាភរិយាស្វាមីទេ!

-ម៉េចអីចឹងបង?

-ព្រោះបងគ្មានលទ្ធភាព។ ឪពុកម្តាយបងក៏គ្មានលទ្ធភាពដែរ។

ម្តាយអូនបង្គាប់ធ្ងន់ណាស់ អូនឮស្រាប់ហើយ។

-បងសេរី! បងកុំនិយាយអីចឹង។ ពាក្យបង្គាប់ប៉ុណ្ណឹងមិនច្រើនទេ។ បងគិត

មើល អូនជាស្រី។ ម៉ាក់ប៉ាអូនលើកអូនឲ្យបងទទេមិនកើតទេ សូមបង

អាណិតអូនផង ជួយជាត្តាឲ្យបំពេញបំណងប៉ាម៉ាក់ផងណា។ ក្នុងមួយ

ជាតិនេះ អូនរៀបការតែម្តងទេ។

-ជាត្តា យើងធ្លាប់និយាយរឿងនេះអស់ហើយទេតើ។ ហេតុអ្វីបានជាប្រែ

ប្រួលទៅវិញ? អូនធ្លាប់សន្យាអះអាងប្រាប់បងថា អូនស្រឡាញ់បងមិន

យកប្រាក់ជាធំ។ ចុះហេតុអ្វី ពេលនេះម៉ាក់ប៉ាអូនយកប្រាក់ និងមាសជា

ឧបសគ្គ?

-សូមបងកុំខឹងប៉ាម៉ាក់អូនអីណ៎ា។ អូននិងអង្វរករគាត់ សូមបងកុំព្រួយ

ចិត្តពេក។



មាតារបស់នាងជាត្តា នៅតែប្រកាន់ខ្ជាប់គំនិតគាត់ដដែល។ គាត់បញ្ជាក់ថា

បើសេរីកូនប្រុសខ្ញុំស្រឡាញ់កូនស្រីគាត់ សេរីត្រូវខំពុះពារសម្របតាមទម្លាប់

ខ្មែរយើង។ បើពុំដូច្នេះទេ គាត់និងលើកជាត្តាឲ្យបុរសផ្សេង ដែលកំពុងរង់ចាំ

សេចក្តីសម្រេចចិត្តរបស់គាត់។ គេសុខចិត្តបំពេញបំណងគាត់ទាំងស្រុង

ក្រោយពីសេរីផ្តាច់ពាក្យពីកូនស្រីគាត់ភ្លាម។

ឮពាក្យនេះថែមទៀត សេរីដែលមានសេចក្តីស្នេហាដ៏លើសលប់លើជាត្តា

ក៏សម្រេចចិត្តស្វះស្វែងរត់រកប្រាក់គ្រប់ទីកន្លែងឲ្យតែបាននាងជាត្តាជាគូ

ជីវិតក្នុងជាតិនេះ។

មួយរយៈពេលក្រោយមក សេរីអួតប្រាប់ខ្ញុំថា ខ្លួនគេខ្ចីប្រាក់ធនាគារបាន

ហើយ។គេនឹងរៀបចំមង្គលការរបស់គេជាមួយនាងជាត្តាយ៉ាងអឹកកធឹក

ឲ្យសមតាមចិត្តរបស់គ្រួសារខាងស្រី។ ក្រោយពិធីមង្គលការដែលគេមើល

ឃើញសំបកក្រៅថាមានសភាពឧឡារិកអឹកអធឹកនោះ សេរីធ្វើមុខក្រៀម

ផ្អេះញញឹមលែងសម បន្ទាប់ពីបានគិតគូរប្រាក់ចំណងដែរួច ឃើញថាខ្វះ

ប្រាក់ថ្លៃម្ហូបភោជនីយដ្ថាន។ ដូច្នះ សេរីត្រូវសរសេរមូលប្បទានប័ត្រសង

ថ្លៃម្ហូបតុចិនបន្ថែមទៀត។

ខ្ញុំនឹកអាណិតកូនខ្លោចចិត្ត។ខ្ញុំតូចចិត្តណាស់ដែលមិនអាចជួយកូនបាន។

ខ្ញុំក៏មិនបានដឹងថា តើខាងស្រីគេយល់ឃើញយ៉ាងណាដែរ? ឬមួយសេរី

លាក់រឿងនេះមិនឲ្យមាតាបិតាក្មេកដឹង ដើម្បីជាមោទនភាពផ្ទាល់ខ្លួន។

ថ្ងៃមង្គលការដែលជាថ្ងៃសុភមង្គលនោះត្រូវជំនួសវិញដោយការក្រៀម

ក្រំ។ ផលវិបាកនេះធ្លាក់លើស្វាមីភរិយាថ្មីថ្មោងដែលត្រូវកសាងទ្រនំ

គ្រួសារ។ បន្ទុកទាំងប៉ុន្មាននេះ គ្មានធ្លាក់លើនរណាធ្ងន់ក្រៅពីសេរីកូន

ប្រុសខ្ញុំទេ ព្រោះនាងជាត្តាភរិយារបស់សេរីពុំទាន់មានការធ្វើនៅឡើយ។

នាងត្រូវរំពឹងលើសេរីជាស្វាមីទាំងស្រុង។ សេរីធ្វើមុខជួរហួញដំណើរ

ល្ហិតល្ហៃម្ហេតៗបាក់កម្លាំងចិត្ត ដូចមនុស្សកើតអេដស៍ ពីព្រោះទម្ងន់ប្រាក់

បំណុលធ្លាក់លើខ្លួនទាំងស្រុង។ ថ្ងៃនេះ ខ្ញុំឭសេរីពោលប្រាប់ភរិយាថា៖

-ឪពុកម្តាយរបស់អូន ស្មានថាបងនៅស្រុកបារាំងយូរឆ្នាំសម្បូរណ៍ធូរធារ

សល់ប្រាក់សន្ធឹកណាស់ហើយមើលទៅ។អូនដឹងទេ យើងបានខ្ចីប្រាក់

ធនាគារដើម្បីរៀបការ។ យើងត្រូវកាត់ប្រាក់សងធនាគាររាល់ខែ។ បង

ត្រូវបង់ប្រាក់កាត់សងថ្លៃទិញរថយន្តទៀត។ ខែនេះ យើងត្រូវសងភោជ

នីយដ្ឋានថ្លៃជំពាក់ម្ហូបការយើងទៀត យើងច្បាស់ជាខ្វះមុខខ្វះក្រោយ

មិនខាន។

-ទ្រាំសិនទៅបង។ នេះមកពីយើងធ្វើអ្វីៗហួសសមត្ថភាពរបស់យើង។

ម៉ាក់ខ្ញុំ គាត់មិនទាន់យល់ជីវភាពស្រុកបារាំងទេ។ គាត់ចេះតែផ្អើលតាម

គេជឿគេដែលខំអួតអាងបញ្ចេញសំញែងឫកឲ្យគាត់កោត។ ឥឡូវនេះ

ទុក្ខលំបាកមិនមែនធ្លាក់លើម៉ាក់ឯណា គឺធ្លាក់លើខ្ញុំជាកូនស្រីគាត់ និង

បងជាកូនប្រសារ។ អូនយល់ច្បាស់ហើយពេលនេះ។ ណ្ហើយចុះបង

យើងទ្រាំលំបាកបន្តិចសិនចុះ ទម្រាំយើងដោះបំណុលគេផុតអស់។ កាល

ណាយើងខ្វះខាតខ្លាំង ចាំអូនសុំខ្ចីលុយម៉ាក់ចាយ។ អូនជឿថា ប្រាក់ពីរ

ម៉ឺនដែលគាត់បង្គាប់បងនោះ ប្រហែលជាគាត់មិនទាន់ចាយទេ។

-ជាត្តា បងមិនលាក់អូនទៀតទេ។ កាលបងតាមស្រឡាញ់អូន បងឮម៉ាក់

អូននិយាយអួតពីប្រុសៗមានលុយ មានឡានតាមស្រឡាញ់អូនគ្រប់គ្នា។

បងយល់ថា ម៉ាក់អូនសម្លឹងឃើញតែអ្នកមាន ទើបបានជាកុហកគាត់មិន

ហ៊ាននិយាយថា បងគ្មានលុយការប្រពន្ធ។ បងក៏បានភរម៉ាក់ថាបងមាន

ភារៈចិញ្ចឹមឪពុកម្តាយរបស់បងដែលគ្មានការងារធ្វើ និងជួយផ្គត់ផ្គង់ប្អូនៗ

របស់បងដែលកំពុងរៀន។ តាមពិតបងអាណិតប៉ាម៉ាក់បងណាស់។ គាត់

មិនដែលទាមទារ ឬក៏ប៉ះពាល់លុយកាក់បងម្តងណាទេ តាំងពីបងចេញ

ធ្វើការមក។ កាលបងនៅជាមួយគាត់ បងចាយលុយហ៊ឺហាជាមួយអ្នក

ដទៃ។ បងពុំដែលបានជូយលុយ និងជូនប្រាក់គាត់ឲ្យគាត់សប្បាយចិត្ត

ម្តងណាទេ ។ បងជាកូនម្នាក់ខុសពីកូនឯទៀត ដែលតែងនាំកង្វល់ជូន

គាត់ឥតល្ហែ ព្រោះបងមានចរិតរឹងរូសមានៈ។ ឥឡូវនេះ បើសិនជាម៉ាក់

បងដឹងថា យើងយ៉ាបយ៉ឺនដល់ម្លឹង គាត់មុខជាពិបាកចិត្តមួយជាន់ទៀត

ហើយ។

សេរីកូនប្រុសខ្ញុំ និយាយពីគ្រោះជាមួយភរិយានៅពេលដែលគេនាំគ្នា

មកលេងសាកសួរសុខទុក្ខយើងជាមាតាបិតា។ ខ្ញុំឮវាចាកូនប្រុសខ្ញុំ

ដែលនិយាយត្អួញត្អែរប្រាប់ភរិយា ខ្ញុំអាណិតកូនខ្លោចចិត្ត។ ទឹកភ្នែក

ពីរតំណក់រមៀលធ្លាក់ពីនេត្រាខ្ញុំ។ ចិត្តជាមាតាពិតជាមិនខុសពីចិត្ត

ម្តាយទូទៅក្នុងលោកយើងនេះទេ។ ទោះបីជាកូនធ្លាប់បានធ្វើឲ្យម្តាយ

ពិបាកចិត្តកំរឹតណា ព្រហ្មវិហារធម៌របស់មាតានៅតែមានជានិច្ចចំពោះ

កូន។ ការដែលសេរីបានភ្ញាក់រលឹកដឹងខ្លួនថា ធ្លាប់ប្រព្រឹត្តអំពើដែលធ្វើ

ឲ្យខ្ញុំមិនសប្បាយចិត្តប៉ុណ្ណេះ វាគ្រប់គ្រាន់ពេកណាស់ទៅហើយចំពោះ

ខ្ញុំ។ មនុស្សយើងសំខាន់ណាស់ការទទួលកំហុស ឬសារភាពថាខ្លួនខុស

ព្រោះជាអំពើដ៏សែនថ្លៃថ្លាមួយដែលដឹកនាំរូបគេឲ្យលះបង់ចោលអ្វីដែល

មិនល្អកន្លងទៅ។ ពីមុន ខ្ញុំតែងតែគិតថា សេរីមិនងាយយល់ចិត្តខ្ញុំឡើយ

ក្នុងមួយជីវិតនេះ ព្រោះសេរីមានភេទជាប្រុស។ គេមានតែឈ្មោះជាប្តីនិង

ជាបិតា។ គេមិនអាចយល់ចិត្តភរិយា ជាពិសេសចិត្តមាតាបានទេ។ តើ

សេចក្តីស្នេហារបស់មាតា នរណាវាស់បានស្មានត្រូវ? គឺពិតជាជ្រៅជាង

ជម្រៅមហាសាគរ។

ខ្ញុំបួងសួងអធិដ្ឋានព្រះជាម្ចាស់សូមថែរក្សាកូនប្រុសខ្ញុំនិងភរិយារបស់គេ

ឲ្យបានសេចក្តីសុខ ពោរពេញទៅដោយសុភមង្គល និងសម្បូរណ៌

សប្បាយ។ នេះហើយជាបំណងរបស់ម្តាយគ្រប់រូប។ រាល់ម្តាយមិនចង់

ឃើញ មិនចង់ដឹងឮសេចក្តីទុក្ខវេទនារបស់បុត្រធីតាណាម្នាក់ឡើយ៕

ចប់បរិបូណ៍

សរសេរចប់នៅស្រ្តាស់បួរ ខែសីហា ឆ្នាំ១៩៨៣

កែសម្រួលឡើងវិញ នៅម៉ុងទីញី ប្រទេសបារាំង ថ្ងៃទី២០ ខែមេសា ២០១២។

Advertisements

One response to “កម្មករសេរី ភាគទី៣ ដោយ​ប៉ិច សង្វាវ៉ាន

  1. ថ្មីៗ​នេះ​ខ្ញុំ​បាន​អាន «រឿងម្ដាយក្មេកទំនើប» ឃើញ​អ្នក​និពន្ធ​មាន​ចិត្ដ​ខ្វល់​ខ្វាយ​ពី​រឿង​សីល​ធម៌​សង្គម​បែប​ម្យ៉ាង​
    ទៅ​ហើយថ្ងៃ​នេះ​អាន​​រឿង​កម្មករ​សេរីទៀត ឃើញ​ទឹក​ចិត្ដ អ្នក​និពន្ធ​ រិត​តែ​ខ្វល់​ខ្វាយ​ពីសីល​ធម៌​សង្គម​យ៉ាង​ខ្លាំង
    ​ទៀត​។ ក្នុង​សាច់​រឿង​ អ្នក​និពន្ធ​បាន​ទាញ​មក​បង្ហាយ​ នូវ​អំពី​ការ​រៀប​ចំ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ​ស្រករដូច​គ្នា​
    នៅ​ក្នុង​សង្គម​សម័យ​កាល​មួយ​ដែល​អ្នក​និពន្ធ​ខ្លួន​ឯងបាន​ហែល​ឆ្លង​កាត់ ហើយ​គឺ​ជា​គំនិត​មួយ ដែល​មាន
    ​ក្នុង​សន្ដា​ន​ចិត្ដ​ប្រជា​រាស្រ្ដ​ខ្មែរ​គ្រប់ៗសម័យ​កាល​ គឺ​គំនិត​ទំនើប​ហួស​ខ្នាត​នៅ​ក្នុង «រឿង​ម្ដាយ​ក្មេក​ទំ​នើប»
    ហើយ​គំនិត​បែប​ចាស់​គំរិលហួស​សម័យ ក្នុង រឿង​កម្មករ​សេរី។

    បាត់​សេរី​យូរ​ខែ ម្ដាយ​សេរីមាន​កង្វល់​ក្នុង​ចិត្ដ​ជា​ខ្លាំង​។ សេរី​ទៅ​ធ្វើការ​នៅ​រោង​ចក្រ ហើយ​បាន​លប​ទៅ​ទាក់
    ​ទង​នារី​ក្រមុំ​ម្នាក់​ឈ្មោះ សម្ជស្ស​ភួង ដែល​ទើប​​មក​​ដល់ ហ្វ័រ​យេ​ថ្មី​ នៅ​ស្រ្តាស់​បួរ ប្រទេស​​បារាំង។ សម្ជស្ស​ភួង
    ​ជា​នារី​ខ្មែរ​ម្នាក់​ឈ្លក់​ទឹក​ព្រិល​ថ្មី មិន​ខ្ចី​រវី​រវល់ ហើយ​ថែម​ទាំង​មើល​ងាយ មើល​ថោក​ទឹក​ចិត្ដ​ស្នេហា​របស់​កំលោះ
    ​សេរី​យ៉ាង​ខ្លាំង​ទៀត​ផង។ មិន​យូរ​ប៉ុន្មាន សេរី​បាន​យល់​ដឹង អំពី​អំពើ​ប្រទូស្ដរាយ​របស់​គ្រួសារ​ នាង​សម្ផស្ស​ភួង
    ចំពោះ​រូបគេ ហើយ​ក៏​បាន​ផ្ដាច់​ចំណង​ស្នេហ៍​ជា​មួយ​នាង​បាន។ សេរី​បាន​ទៅ​ទាក់​ទង​ស្នេហា​ជា​មួយ​នាង ជាត្ដា
    ហើយ​បាន​នាំ​សង្សារ​មក​បង្ហាញ​ឲ្យ​ប៉ា ម៉ាក់​បង​ប្អូន​បាន​ជ្រាប គឺ​ជា​សេចក្ដី​ស្នេហា​មួយ ដែល​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​សេរី
    និង ក្រុម​គ្រួសារ​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង​ណាស់​ដែរ។ ប៉ុន្ដែ អ្វីៗ​ហាក់​ដូច​ជា​ប្រទាំង​ប្រទើស​យ៉ាង​ខ្លាំង សេចក្ដី
    ​ស្នេហា​របស់​សេរី បាន​ត្រូវ​ល្អក់​កករ​ ព្រោះ​គ្រួសារ​ខាង​ស្រី​ទារ​តំលៃ​ទឹក​ដោះ រហូត​ដល់​ ពីរ​ម៉ឺន​ហ្វ្រង់​ឯណោះ។
    សេរី​ជា​កម្មករ​រោង​ចក្រ បាន​ប្រាក់​ខែ​បន្ដិច​បន្ដួច ត្រូវ​ចំណាយ​ទៅ​លើ​ការ​បង់ ថ្លៃ​ផ្ទះ ទឹក​ភ្លើង ទូរ​ស័ព្ទ​ និង
    សារ​ពើ​គ្រប់​យ៉ាងទៀត តែ​ទី​បំផុត​សេរី​បាន​រៀប​ការ​ជា​មួយ នាង​ជាត្ដា​ដោយ​ត្រដាប​ត្រដួស រស់​នៅ​ក្នុង​ភាព
    ​ក្រីក្រ ជំពាក់​បំណុល​គេ​វាន់​ក។

    នៅ​ក្នុង​រឿង​នេះ អ្នក​និពន្ធ​បាន​បង្ហាញ​នូវ​ទឹក​ចិត្ដ​ពិត​ៗ ក្នុង​​គោល​​ដៅ បង្រៀន​​មនុស្សឲ្យ​​​​មើល​​ឃើញ​វិបត្តិ​ក្នុង
    ​សង្គម ឲ្យ​ជៀសឲ្យ​ផុត​អំពី​អំពើ​ខុស​ឆ្គង​ ដូច​ក្នុង​រឿង​ម្ដាយ​ក្មេក​ទំនើប​​ ក៏​ដូច​គ្នា​ក្នុង​រឿង​កម្មករ​សេរី​ផង​ដែរ
    ហើយ​បែរ​មក​ខំ​ប្រឹង​តាំង​ខ្លួន ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន រឹង​ប៉ឹង​ក្នុង​ឋានៈ​ព្យាយាម​លើ​ឋានៈរបស់​ខ្លួន​ឲ្យ
    ​រស់​នៅ​ក្នុងកំរិត​ខ្ពស់ ប្រកប​ដោយ​ការ​ខិត​ខំ​តស៊ូ​យ៉ាង​មោះ​មុត។ បង្រៀន​ឲ្យ​ស្គាល់​ការ​កំចាត់​បង់ ឬ​បន្ថយ
    ​សេចក្ដី​ត្រូវ​ការ ដែល​មានកម្លាំង​ខ្លាំង​ក្លា​ពេក ដែល​អាច​ក្លាយ​ទៅ​ជា​តណ្ហា​ដ៏​ទូលំ​ទូលាយ​ គ្មាន​កំណត់
    ​ព្រំដែន​ ត្រឡប់​ផ្ដល់​ឲ្យ​នូវ​សេចក្ដី​ទុក្ខ​វិញ ដូច​ការ​កសាង​គ្រួសារ សេរី និង នាង​ជាត្ដា​ដូច្នោះ​ដែរ។

    គំនិត​អ្នក​និពន្ធ​មាន សន្ទុះ​ធំធេង​ប៉ុណ្ណា អ្នក​អាន​ជា​ច្រើន គង់​មាន​សន្ទុះ​យ៉ាង​សន្ធោ​សន្ធៅ​ដូចនោះ​ដែរ
    នៅ​ក្នុង​សីល​ធម៌​សង្គម និង​ការ​ជួយ​រិះ​រក​មធ្យោ​បាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាប់​ចិត្ដ​ស្រលាញ់​យុត្ដិធម៌​
    នៃ​សង្គម និយម​គុណ​ធម៌​ល្អ ទាំង​ក្នុង​ទី​ស្ងាត់​កំបាំង ទាំង​ក្នុង​ទី​ប្រជុំ​ជន ដើម្បី​សន្ដិសុខ​នៃ​ជីវិត​មនុស្ស
    ​ក្នុង​សង្គម និង​សន្ដិភាព​សកលក្នុង​លោក មនុស្ស​ត្រូវ​តែ​រស់​នៅ​ដោយ​អាស្រ័យ​សង្គម ឬមាន​សង្គម​ល្អ
    ទើប​រស់​នៅ​បាន។

    កែវ ឈុន
    អ្នកអានម្នាក់នៅប្រទេសស្វីស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s