រក្សាសិទ្ធិ
លោកស្រីស៊ិម ចាន់យ៉ាយល់ថា ក្នុងសង្គមទំនាក់ទំនង
រវាងមនុស្សម្នាក់ និង មនុស្សម្នាក់អាចប្រព្រឹត្តទៅល្អបាន
លុះត្រាតែគិតដល់សុជីវធម៌។ សុជីវធម៌មាននៅលើគ្រប់
ផ្នែក ដូចជាទឹកមុខ កាយវិការនិងពាក្យសំដី។
គួរឲ្យស្តាយណាស់ មនុស្សមួយចំនួន ក្នុងពេលបច្ចុប្បន្ន
នេះ ដោយចេតនាក្តី អចេតនាក្តីមិនបានគិតដល់សុជីវធម៌
ទេ។ លោកស្រី ស៊ិម ចាន់យ៉ា ទាក់ទាញចំណាប់អារម្មណ៍
បងប្អូនរួមជាតិទាំងឡាយឲ្យគិតដល់បញ្ហាសុជីវធម៌តាម
រយៈរឿងខ្លី<ឆាកកំប្លែងកញ្ញាសោភ័ណ> ដែលខ្ញុំមាន
សេចក្តីផ្សាយជូនខាងក្រោមនេះ៕
ថ្ងៃនេះ គ្រួសារម៉ានិតរៀបចំធ្វើបុណ្យកំណើត។ គេបានអញ្ជើញបងប្អូននិងមិត្តភក្តិ
ជាច្រើន ក្នុងនោះមានសោភ័ណនិងប្អូនៗរបស់នាងផងដែរ។ បន្ទាប់ពីផ្លុំទៀន និង
កាត់នំរួចមក ម៉ានិតម្ចាស់កម្មវិធីបុណ្យឡើងប្រកាសថា ៖
– នៅពេលបន្តិចទៀតនេះ កញ្ញាសោភ័ណជាមិត្តរបស់ខ្ញុំនិងប្អូនៗរបស់នាងនឹងសម្តែង
ឆាកកំប្លែងមួយ។
ភ្ញៀវទាំងអស់នាំគ្នាស្ងាត់ស្ងៀម ងាកអារម្មណ៍មករង់ចាំទទួលសប្បាយរីករាយពីឆាក
កំប្លែង។ ភ្លាមនោះ សោភឹមជាប្អូនប្រុស និងសោភាជាប្អូនស្រីរបស់កញ្ញាសោភ័ណ
ឡើងលើឆាកហើយចាប់ផ្តើមច្រៀងចម្រៀងឆ្លើយឆ្លងគ្នាយ៉ាងពិរោះរណ្តំ។ ច្រៀងចប់
អ្នកទាំងអស់គ្នាទះដៃអបអរសាទរ។ ភ្ញៀវពីរនាក់យកបាច់ផ្កាមកជូនយុវជនយុវនារី។
សោភឹមជាបងទទួលផ្ការួចនិយាយថា៖
_ សូមអរគុណម្ចាស់កម្មវិធីគឹបងម៉ានិត ដែលបានអញ្ជើញខ្ញុំមកក្នុងពីធីនេះ ហើយ
អរគុណ មិត្តៗដែលបានជូនបាច់ផ្កាដ៏ស្រស់ស្អាតនេះដល់ខ្ញុំ។
សម្លេងទះដៃលាន់ឮប្រាវៗម្តងទៀត។ បន្ទាប់មក បរិយាកាសប្រែជាស្ងប់ស្ងៀម។
ភ្ញៀវម្នាក់ៗផ្ចង់អារម្មណ៍រង់ចាំមើលម្តងឆាកកំប្លែង តែបងប្អូនពីរនាក់នៅលើឆាក
នោះនៅតែឈរស្ងៀមឥតនិយាយអ្វីសោះ។ ភ្ញៀវទាំងអស់សួរគ្នារអ៊ូៗសម្តែងការ
ងឿងឆ្ងល់។ ភ្ញៀវម្នាក់ប្រហែលជាទ្រាំមិនបានក៏ស្រែកពីក្រោមឆាកមកថា៖
– សោភឹម¡ សោភា¡ឯណាទៅឆាកកំប្លែងនោះ¡ ពួកយើងកំពុងតែរង់ចាំ ផ្សាភ្នែក
អស់ទៅហើយ!
សោភាញញឹមស្រស់លើកមីក្រូឆ្លើយតប៖
– អរគុណចំពោះខ្ញុំមិត្ត ដែលបានជម្រាបខ្ញុំពីរឿងនេះ ដើម្បីដាស់តឿនរឿងឆាក
កំប្លែងនេះ។ ប៉ុន្តែ សូមមិត្តអត់ទោសជូនខ្ញុំផង ខ្ញុំអត់បានជ្រាបរឿងនេះទេ។ បង
ម៉ានិតគាត់បានប្រកាសខុស។ ខ្ញុំសូមប្រាប់ថា ឆាកកំប្លែងនឹងសម្តែងក្រោយពីពេល
ពួកខ្ញុំពិសារអាហាររួច។
សោភានិយាយបន្តថា៖
– សូមប្រាប់ថា ដោយពួកខ្ញុំនៅក្មេងៗខ្លាចសម្តែងពុំសម:។ ពួកខ្ញុំសម្រាន្តមិនលក់
សោះយប់មិញ។ ហេតុនេះបើខុសឆ្គងយ៉ាងណា សូមអភ័យទោសជូនយើងខ្ញុំផង។
ម៉្យាងទៀត សូមអរគុណដល់បងសោភ័ណដែលបានតុបតែងខ្លួនជូននាងខ្ញុំ។
ភ្ញៀវទាំងអស់ស្ងាត់ស្ងៀមស្រឡាំងកាំងនឹងវោហារដ៏ចម្លែកនេះ។ មួយសន្ទុះក្រោយ
មកទើបផ្ទុះសំណើចគិលដូចគេណាត់ទុក។ ភ្លាមនោះស្រាប់តែកញ្ញាសោភ័ណជាបង
ស្រីស្ទុះឡើងលើឆាកដែរ។ នាងធ្វើមុខក្រញូវ។
– សោភា¡ ហេតុអីប្រើសំដីលើកកំពស់ខ្លួនឯងអ៊ីចឹង? អ្នកមានសុជីវធម៌តោងប្រើសំដី
ណាដែលបន្ទាបខ្លួនឯង ហើយលើកដំកើងអ្នកដទៃ ជាពិសេស អ្នកដែលខ្លួនកំពុងតែ
និយាយរក។
សោភាប្រែទឹកមុខមួហ្មង។
– បងសោភ័ណស្រឡាញ់ប្អូនមិនស្មើគ្នាទេ។ អំបាញ់មិញ បងសោភឹមប្រើសំដីលើកខ្លួន
ដែរតើ ¡ ម៉េចក៏មិនបន្ទោសផង¡
សោភឹមសួរភ្លាម៖
– ស្អីគេ¡ បងមានលើកខ្លួនឯណា?
– ពាក្យថាបងម៉ានិតអញ្ជើញខ្ញុំ ជូនបាច់ផ្កាខ្ញុំ ហ្នឹងមិនលើកខ្លួនទេឬអី?
– ខ្ញុំឮបងនិយាយអ៊ីចឹង ហើយគ្មាននរណាភ្ញាក់ផ្អើល ក៏និយាយអ៊ីចឹងដែរទៅ ស្មានថាល្អ¡
ភ្ញៀវទាំងអស់ស្ងាត់មាត់ច្រៀប ចាំស្តាប់រឿងបន្ត តែពួកគេមិនដឹងថា បងប្អូនបីនាក់
កំពុងជជែកគ្នាមែនទែន ឬកំពុងសម្តែងឆាកល្ខោនទេ។
– បងចង់បន្ទោសប្អូនទាំងពីរហ្នឹងណា តែមិនទាន់និយាយដល់។
ប្អូនទាំងពីររបស់កញ្ញាសោភ័ណរីករាយឡើងវិញ។ សោភឹមនិយាយឡើង៖
– អ៊ីចឹងឥឡូវនេះ ខ្ញុំសូមកែសំដីឲ្យមានសុជីវធម៌ឡើងវិញ<សូមអរគុណម្ចាស់
កម្មវិធីគឺបងម៉ានិតដែលបានអនុញ្ញាតឲ្យខ្ញុំបាន> អូថាអញ្ចេះវិញល្អជាង (សោភឹម
យកដៃខ្ទប់មាត់រួចនិយាយបន្ត) ដែលផ្តល់ឱកាស ផ្តល់កិត្តិយសឲ្យខ្ញុំបានមកចូល
រួមក្នុងពិធីនេះហើយសូមអរគុណដល់មិត្តៗដែលបានឲ្យបាច់ផ្កាដ៏ស្រស់ស្អាត
ដល់ខ្ញុំ។
ភ្ញៀវទំាងអស់ទះដៃប្រាវ សើចសប្បាយគ្រប់គ្នា។ បន្ទាប់មក សោភាទាញមីក្រូមក
និយាយបន្ត៖
–ខ្ញុំក៏សុំកែដែរ <អរគុណមិត្តសនដែលបានប្រាប់ខ្ញុំពីរឿងនេះ សូមអត់ទោសឲ្យខ្ញុំផង !
ឆាកកំប្លែងនឹងសំដែង ក្រោយពីពេលពួកខ្ញុំទទួលទានបាយរួច ខ្ញុំសូមជំរាបថា ពួកខ្ញុំ
យប់មិញទទួលទានដំណេកមិនលក់សោះ ព្រោះភ័យខ្លាចសំដែងពុំសម ហេតុនេះ
បើមានការខុសឆ្គង សូមមេត្តាអភ័យទោសឲ្យយើងខ្ញុំផង>។
ភ្លាមនោះ ម៉ានិតម្ចាស់កម្មវិធី ឡើងលើឆាកដែរ។
សូមអរគុណមិត្តខ្ញុំ គឺកញ្ញាសោភ័ណដែលបានរៀបចំឆាកកំប្លែងកញ្ញាសោភ័ណនេះ
ឡើង។
ភ្ញៀវទាំងអស់ទះដៃជាថ្មី ខ្លាំងជាងមុន៕
ខ្ញុំនឹងផ្សាយ បទសម្ភាសន៍ជាមួយអ្នកនិពន្ធ ស៊ិម ចាន់យ៉ា ក្នុងពេលឆាប់ៗនេះ។
Pingback: ជ្រុងមួយនៃសុជីវធម៌ក្នុងការនិយាយស្តី ដោយ លោកស្រី ស៊ឹម ចាន់យ៉ា « អ្នកនិពន្ធ ប៉ិច សង្វ
Pingback: ជ្រុងមួយនៃសុជីវធម៌ក្នុងការនិយាយស្តី ដោយ លោកស្រី ស៊ឹម ចាន់យ៉ា « អ្នកនិពន្ធ ប៉ិច សង្វ
Pingback: ជ្រុងមួយនៃសុជីវធម៌ក្នុងការនិយាយស្តី ដោយ លោកស្រី ស៊ឹម ចាន់យ៉ា « អ្នកនិពន្ធ ប៉ិច សង្វ