កំណាព្យ ៖ ម៉ែ ដោយស្វាយ លីម៉េង
(បទពាក្យប្រាំពីរ)
រក្សាសិទ្ធិ
ម៉ែខំក្រោមថ្ងៃចាំងសូរ្យសែង
ម៉ែខំមិនលែងពីហត្ថា
ម៉ែខំប្រឹងណាស់កាប់គាស់ឆ្ការ
ម៉ែខំរក្សាផ្លែថែដើម។
ម៉ែខំសន្យំផ្សំប្រមូល
ម៉ែខំទិញចូលយកផ្ចុងផ្តើម
ម៉ែខំស្ទើរកាយខ្យល់បក់ប៉ើង
ម៉ែខំរំល៉ើងទោះភ្លៀងផ្គរ
ម៉ែខំស៊ូអត់ចំណីនំ
ម៉ែមិនទម្រន់ទោះច្រើនគរ
ម៉ែខំដោយទឹកចិត្តស្មោះសរ
ម៉ែខំត្រាច់ចរគ្រប់ភូមិស្រុក។
ម៉ែខំប្រឹងទប់ទឹកនេត្រា
ម៉ែក្លែងកាយាថាគ្មានទុក្ខ
ម៉ែតែងរៀបចំផ្តល់គ្រប់មុខ
ម៉ែជាទំនប់ទប់ទុក្ខា។
ម៉ែឈឺមិនហ៊ានប្រាប់ថាធ្ងន់
ម៉ែតែងបន់ស្រន់កូនសុខា
ម៉ែភ្លេចខ្លួនឯងឈឺកាយា
ម៉ែចាស់វស្សាណាស់ទៅហើយ ។
សូមម៉ែបានសុខគ្រប់វេលា
សូមឲ្យរោគាកុំក្បែរឡើយ
បាននៅជុំកូនឲ្យផុតត្រើយ
សូមម៉ែបានកើយលើទ្រូងកូន។
Like this:
ចូលចិត្ត កំពុងផ្ទុក...
ដែលទាក់ទង